VOA News: ព័ត៌មាន: “តុលាការ​ខ្មែរ​ក្រហម​ប្រកាស​កាលបរិច្ឆេទ​សវនាការ​បឋម​សំណុំរឿង​០០២” plus 1 more

VOA News: ព័ត៌មាន: “តុលាការ​ខ្មែរ​ក្រហម​ប្រកាស​កាលបរិច្ឆេទ​សវនាការ​បឋម​សំណុំរឿង​០០២” plus 1 more


តុលាការ​ខ្មែរ​ក្រហម​ប្រកាស​កាលបរិច្ឆេទ​សវនាការ​បឋម​សំណុំរឿង​០០២

Posted: 16 May 2011 12:51 PM PDT

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃច័ន្ទ​នេះ​ បា​នជូន​ដំណឹង​ជាផ្លូវការ​ថា​ខ្លួន​នឹង​បើក​សវនាការ​បឋម​សំណុំរឿង​០០២​ ដ៏​មាន​សារៈ​សំខាន់​នៅ​ថ្ងៃទី​២៧​​រហូត​ដល់​ថ្ងៃទី​​៣០​ខែ​មិថុនា ​ខាង​មុខនេះ ​ដើម្បី​កំណត់​របៀបវារៈ​បើក​សវនាការ​ពេញអង្គ​ ដែល​មន្ដ្រី​សង្គមស៊ីវិល​ចាត់​ទុកថា​​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការកាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម។ របប​នេះ​ដែល​បាន​បង្កឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ប្រមាណ​១លាន​៧​សែន​នាក់​ ចន្លោះ​ពីឆ្នាំ​​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

នៅក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន ​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង ​លោក​ចៅក្រម ​និល ណុន ​បាន​បញ្ជាក់​ថា ក្នុង​អំឡុងសវ​នាការ​រយៈពេល​បួនថ្ងៃ​នេះ​ សាលាដំបូង​នឹង​ពិនិត្យ​ទៅ​លើ​ចំនួន​សាក្សី​អ្នក​ជំនាញ​ និង​ចំនួន​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​មាន​ចំនួន​សរុប​១.០៩៤នាក់។ សាលាដំបូង​ក៏​នឹង ពិនិត្យ​ផងដែរ​លើ​អញ្ញត្រកម្ម​ទាក់ទង​ទៅនឹង​វិធាន​ទី​៨៩​ នៃ​វិធាន​ផ្ទៃក្នុង​ដែល​រួមមាន​ការ​ទាក់ទង​ទៅ​នឹង​យុត្តធិការ​និង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ជាដើម។​ មួយវិញ​ទៀត​អង្គជំនុំជម្រះ​សាលា​ដំបូង​​ក៏​នឹង​ធ្វើការ​បញ្ជាក់​ជា​បឋម​អំពី​ការទាមទារ​សំណង​ដែល​រួម​មាន​សំណង​ជា​សមូហភាព​ និង​សំណង​ផ្លូវ​ចិត្ត។

លោក​ចៅក្រម​និល ណុន ​បាន​បញ្ជាក់​បន្ថែម​ថា ​សវនាការ​ពេញអង្គ​សេចក្ដី​នៃ​សំណុំរឿង​​០០២​អាច​នឹង​ប្រព្រឹត្តិទៅនៅ​ក្នុង​អំឡុង​ខែ​សីហា​ឆ្នាំ​២០១១​នេះ។

សំណុំរឿង​០០២ ​មាន​ជន​ជាប់ចោទ​ចំនួន​បួននាក់​ ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូលៗ​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ។ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ដ្រី ​និ​ងជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​និង​ប្រពន្ធ​របស់​គាត់​ អៀង ធីរិទ្ធ ​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សង្គមកិច្ច​ ត្រូវ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​នៃ​បទ​ប្រល័យ​ពូជសាសន៍។

លោក ​ឌឹម សុវណ្ណារុំ​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​ការកាត់ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំងបួន​រូប​នឹង​ក្លាយ​ជា​ការ​បកស្រាយ​នូវ​អាថ៌កំបាំង​នានា​ក្នុង​សម័យ​ដែល​ពួកគេ​គ្រប់​គ្រង​អំណាច។

«ប្រជាពលរដ្ឋ​ដែល​កន្លង​មក​ឆ្ងល់ថា​ ហេតុអ្វី​បាន​ជា​របប​ហ្នឹង​ មាន​ការសម្លាប់​មនុស្ស​ មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ សំណួរ​ដែល​ពួកគាត់​តែងតែ​សួរនោះ​ ចម្លើយ​អាចនឹង​ត្រូវ​បង្ហាញ​តាមរយៈ​សវនាការ​ជា​សាធារណៈ​ដែលនឹង​ចាប់ផ្ដើម​ជាផ្លូវការ​នៅខែ​សីហា​ ឬ​ខែ​កញ្ញា​ឆ្នាំ​២០១១​តទៅ»។

ដោយឡែក​លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អធិប្បាយ​ថា​ ការបើកសវនាការ​បឋម​នៅខែ​ក្រោយនេះ​ប្រៀប​ដូចជា​ការចាប់ផ្ដើម​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែរ។

«និយាយ​ឲ្យខ្លី​ទៅ​ករណី​សំណុំរឿង​០០២ ​បាន​ចាប់ផ្តើម​ដំណើរការ​ហើយ ​នៅក្នុង​ខែ​ក្រោយនេះ​ជា​ ការ​កាត់ក្តី​ដ៏សំខាន់​មួយ ​ជាប្រវត្តិសាស្រ្ត​មួយ ​ជា​លក្ខណៈ​នយោបាយ​ស៊ីជម្រៅ​មួយ​ ហើយ​ប្រជាជន​ ទាំងអស់​នៅតែ​បន្ត​ការឃ្លាំ​មើល​ ជា​ដំណើរការ​មួយ​ដែល​បង្ហាញ​អំពី​សមត្ថភាពរ​បស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​រៀបចំ​ដំណើរការ​នេះ»។

ជាមួយ​គ្នានេះ ​លោកផៃ​ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទី​ស្ដីការ​គណរដ្ឋមន្ដ្រី​យល់ថា​នេះ ជា​ដំណាក់កាល​ដ៏មាន​សារៈសំខាន់​ និង​ប្រវត្តិសាស្ដ្រ។

«គឺជា​ករណី​មួយ​ដ៏មាន​សារៈសំខាន់​ ហើយ​ជា​ប្រវត្តិសាស្រ្ត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​រាជ​រដ្ឋាភិបាល​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​សាលាក្តី​ខ្មែរក្រហម​នេះ​ឯង​ដើម្បី​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ចំពោះ​របប​ដែល​ហៅ​ថា​ប្រល័យ​ពូជសាសន៍»។

សូម​បញ្ជាក់​ថា ​មាន​ដើមបណ្ដឹង​រដ្ឋប្បវេណី​សរុប​ចំនួន​ជាង​២.០០០​នាក់​ដែល​ត្រូវ​ទទួលស្គាល់​ ដោយ​សហចៅក្រម​ស៊ើប​អង្កេត។ ក៏ប៉ុន្ដែ​មានតែ​ដើមបណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ដែល ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅកាន់​អង្គជំនុំជម្រះ​សាលាដំបូង​ ដើម្បី​ធ្វើការ​សម្រេច​ដោយ​យោង​ទៅលើ លទ្ធភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​ចូលរួម​ដំណើរការ​ផ្ទាល់​ក្នុង​សវនាការ៕

This posting includes an audio/video/photo media file: Download Now

សមយុទ្ធ​រវាង​កម្ពុជា​​ស.រ.អា.​និង​ប្រទេស​ផ្សេង​ទៀត​ចាប់​ផ្តើម

Posted: 16 May 2011 12:24 PM PDT

មន្ត្រី​យោធា​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បុគ្គលិក​យោធា​ជាង​៤០០​នាក់​ពី​សហរដ្ឋ​អាមេរិក ​ប្រទេស​​កម្ពុជា ​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ម៉ុងហ្គោលី ​បាន​ចាប់​ផ្តើម​រៀបចំ​កិច្ចការ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រាប់​ការ​បើក​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

លំហាត់​យោធា​សម្រាប់​បណ្តុះ​បណ្តាល​ការ​ថែ​រក្សា​សន្តិភាព​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ ​ចាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៧​ខែ​ឧសភា​​នេះ។

លោក​ឧត្តមសេនីយ៍​ត្រី ​កែន សូសាវឿន​ នាយករង​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​នៅ​មជ្ឈមណ្ឌល​​ជាតិ​សម្រាប់​ថែរក្សា​សន្តិភាព ​បានថ្លែង​ប្រាប់​ វីអូអេ​ ខ្មែរ​ ថា​ បុគ្គលិក​យោធា​សហរដ្ឋ​អាមេរិក​ចំនួន​១៣៩​នាក់​ កងទ័ព​កម្ពុជា​ចំនួន​៣៧៣​នាក់ និង​កងទ័ព​ប្រមាណ​៣០​នាក់​ទៀត​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ម៉ុងហ្គោលី​ និង​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​ចូលរួម​នៅក្នុង​លំហាត់​នេះ។

«ខ្ញុំ​រើ​អីវ៉ាន់​ចូល​ផ្ទះ​ហើ​យ ​រៀបចំ​ទុកដាក់​ហើយ​ ដល់​ថ្ងៃទី​១៨​ យើ​ង​ធ្វើការ​បើក​ការ​ហ្វឹកហាត់​ជា​ផ្លូវការ»។

លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ប្រាប់​ វីអូអេ​ ខ្មែរ ​យ៉ាង​ដូច្នេះ​ថា៖

«សមយុទ្ធ​អំពី​ការ​បណ្តុះ​បណ្តាល​ថែរក្សា​សន្តិភាព ​និង​មនុស្ស។​ សំខាន់​យើង​ប្រមូល​ផ្តុំ​បញ្ហា​គ្រប់គ្រង​ ​សន្តិភាព ​និង​មនុស្សធម៌។​ យើង​ប្រឹងប្រែង​អស់​លទ្ធភាព​របស់​យើង​ ហើយ​យើង​មាន​សមត្ថភាព​ធ្វើ​បាន​ប៉ុណ្ណឹង។ វា​ជា​មោទនភាព​ណាស់»។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា​ កងទ័ព​ទាំងអស់​នឹង​ត្រូវ​ហ្វឹកហាត់​រួមគ្នា ​ដើម្បី​ត្រៀម​​រៀបចំ​សម្រាប់​បេសក​កម្ម​ថែរក្សា​សន្តិភាព​នាពេល​អនាគត​ ហើយ​សមយុទ្ធ​ហ្វឹកហាត់​នេះ​ត្រូវ​ផ្តោត​ទៅ លើ​មុខ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ គឺ​ការ​បញ្ជាការ​សមរភូមិន្ទ​ វិស្វកម្ម​ទាក់ទង​នឹង​ការ​ជួសជុល​មន្ទីរពេទ្យ​ ផ្ទះ​សម្បែង​ សាលារៀន ​និង​ការ​សង្គ្រោះ​ទាក់ទង​នឹង​មនុស្ស​ធម៌។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​បាន​ថ្លែង​ថា​ សមយុទ្ធ​ថែរក្សា​សន្តិភាព​នេះ ​គឺជា​បទពិសោធន៍​មួយ​ល្អ​​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​សមយុទ្ធ​នេះ​បង្ហាញ​នូវ​ការ​រីកចម្រើន​របស់​រដ្ឋាភិបាល​និង ​កង​យោធពល​ខេមរភូមិន្ទ​ និង​បង្ហាញ​នូវ​សន្តិសុខ ​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា ​ការធ្វើ​សមយុទ្ធ​នេះ​សំខាន់​បំផុត​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​សហ​រដ្ឋអា​មេរិក ​និង​កង​យោពល​ខេមរ​ភូមិន្ទ។ ​នេះ​បញ្ហា​សំខាន់​ណាស់​គឺ​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា​ ហើយ​យើង​បានផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​ទៅវិញ​ទៅមក»។

ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​ ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​ លើក​ទីពីរ​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​ សមយុទ្ធ​បែបនេះ​នៅ​ក្នុង​ឆ្នាំ​២០១០​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​គំនិត​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ ពិភពលោក​ ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​ សំដៅ​អភិវឌ្ឍ​សមត្ថភាព​នានា​ផ្នែក​ថែរក្សា​សន្តិភាព​របស់​ប្រទេស​កំពុង​អភិវឌ្ឍ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!