|
- សហចៅក្រមស៊ើបអង្កេតបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្តរជាតិដកសេចក្តីថ្លែងការណ៍របស់ខ្លួន
- ការដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០៣ដល់ទីបញ្ចប់
- លោកហ៊ុនសែនសង្ឃឹមថារដ្ឋាភិបាលថៃថ្មី នឺងអាចដោះស្រាយជម្លោះព្រំដែន ជាមួយកម្ពុជា
- ភរិយាសពលោកហូ សុខ ប្តឹងមន្ត្រីរដ្ឋាភិបាលនិងចៅក្រមមួយចំនួនពីបទលួចលក់ដីស្វាមីអ្នកស្រី
សហចៅក្រមស៊ើបអង្កេតបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្តរជាតិដកសេចក្តីថ្លែងការណ៍របស់ខ្លួន Posted: 18 May 2011 03:10 PM PDT សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃពុធនេះ បានបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្ដរជាតិ លោក អាន់ឌ្រូ ខេលី (Andrew Cayley) ដកផ្នែកសំខាន់ៗមួយចំនួនក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទាក់ទងទៅនឹងសំណុំរឿង០០៣ចេញពីគេហទំព័រជាបន្ទាន់ដោយសំអាងថា សេចក្ដីប្រកាសព័ត៌មាននោះ បានរំលោភលើគោលការណ៍រក្សាការសំងាត់របស់ចៅក្រម។ កាលពីថ្ងៃទី៩ខែឧសភានេះលោកអាន់ឌ្រូ ខេលី បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយដោយ ស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាបន្ថែមទៀតលើសំណុំរឿងដ៏ចម្រូងចម្រាស់នេះដោយបានចង្អុលបង្ហាញពីចំណុចដែលលោកចង់ឲ្យមានការស៊ើបអង្កេតបន្ថែមនោះ។ នៅក្នុងនោះដែរលោកសហព្រះរាជអាជ្ញាសញ្ញាតិអង់គ្លេសបានលើកមកបង្ហាញច្បាស់ៗអំពីទីតាំងឧក្រិដ្ឋកម្មដែលទាក់ទងនឹងសំណុំរឿងនេះ ដូចជាមន្ទីរស ២១ ការសាងសង់ព្រលានយន្ដ ហោះខេត្តកំពង់ឆ្នាំង ការបោសសំអាតនៅភូមិភាគបូព៌ា មជ្ឈឹម និងតំបន់ខាងជើង និងការចូលលុក លុយប្រទេសវៀតណាមជាដើម។សេចក្ដីថ្លែងការណ៍របស់លោក អាន់ឌ្រូ ខេលី ធ្វើឡើងបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតប្រកាស ពីការបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣នេះ បានចំនួនដប់ថ្ងៃតែប៉ុណ្ណោះ ។ នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ លោកចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោកស៊ឹគហ្វ្រីដ ប៊្លុង (Siegfried BLUNK) បានបង្គាប់ឲ្យលោកខេលី លុបចោលនូវផ្នែកដែលទាក់ទងនឹងឧក្រិដ្ឋកម្ម ទីតាំងឧក្រិដ្ឋកម្ម រួមទាំងព្រឹត្តិការណ៍នៃឧក្រិដ្ឋកម្មជាដើមដែលលោកចង់ឲ្យមានការស៊ើបអង្កេតបន្ថែមនោះ ជា មួយគ្នានេះសហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានបញ្ជាឲ្យលោកអាន់ឌ្រូ ខេលី លុបចោលខ្លឹមសារនៃសំណើរសុំឲ្យធ្វើការស៊ើបអង្កេតបន្ថែមនោះផងដែរ។ សហចៅក្រមស៊ើបអង្កេតសំអាងថា សហព្រះរាជអាជ្ញាពុំមានសិទ្ធិបង្ហាញមតិយោបល់ជាសាធារណៈទាក់ទងនឹងឧក្រិដ្ឋកម្មដែលតម្រូវឲ្យធ្វើការស៊ើបអង្កេតនោះទេ បន្ថែមពីនោះសហចៅក្រមបានបញ្ជាឲ្យសហព្រះរាជអជ្ញាអន្ដរជាតិធ្វើការប្រកាសប្រាប់សាធារណៈជនវិញអំពីការលុបនូវន័យសេចក្ដីរបស់ខ្លួនចេញពីសេចក្ដីថ្លែងការណ៍កាលពីលើកមុនក្នុងរយៈពេលត្រឹមបីថ្ងៃចាប់ពីថ្ងៃ ដែលសហចៅក្រមចេញសេចក្ដីសម្រេចរបស់ខ្លួននេះ។ លោក អាន់ឌ្រូ ខេលី មិនអាចធ្វើការទាក់ទងបានទេដោយសារតែលោកកំពង់ស្ថិតនៅក្រៅប្រទេស។ យ៉ាងណាក៏ដោយ លោកឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថាសេចក្ដីបង្គាប់របស់តុលារគឺជាបញ្ជាដែលត្រូវគោរព។ ក៏ប៉ុន្ដែប្រសិនបើលោក Cayley ជំទាស់ គឺលោកអាចដាក់បណ្ដឹងឧទ្ធរណ៍បាន។ «ប្រសិនបើគាត់មិនចង់ធ្វើតាមការបង្គាប់នេះ តាមធម្មតាគាត់ត្រូវប្ដឹងសារទុក្ខទៅកាន់អង្គបុរេជំនុំជម្រះ»។ លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការអាដហុកអធិប្បាយថាសហចៅក្រមស៊ើបអង្កេតមានការតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការចេញដីកាបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្ដរជាតិ លុបចោលផ្នែកខ្លះនៃសេចក្ដីថ្លែងការណ៍របស់ខ្លួន។ ក៏ប៉ុន្ដែលោកយល់ថា សហព្រះរាជអាជ្ញាអន្ដរជាតិបានបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ដើម្បីប្រយោជន៍ជនរងគ្រោះស្របពេលដែលពត៌មានស្ដីពីសំណុំរឿង០០៣ នេះ ត្រូវបានបិទជិតពីសាធារណជននោះ។ នៅក្នុងពេលនេះជនសង្ស័យក្នុងសំណុំរឿង០០៣ស្ថិតក្នុងភាពសំងាត់នៅឡើយ។ ក៏ប៉ុន្ដែទោះជាយ៉ាងណាប្រភពក្រៅសាលាក្ដីខ្មែរក្រហមបានបង្ហើបបន្ដបន្ទាប់គ្នាថា ជនសង្ស័យអាចជាលោកមាស មុត អតីត មេបញ្ជាការកងទព័ជើងទឹកខ្មែរក្រហម និងលោកស៊ូ ម៉េត អតីតមេបញ្ជាការកងទព័អាកាស៕ This posting includes an audio/video/photo media file: Download Now |
ការដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០៣ដល់ទីបញ្ចប់ Posted: 18 May 2011 03:44 PM PDT ថ្ងៃពុធទី១៨ខែឧសភានេះជាថ្ងៃចុងក្រោយសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០៣ដែលត្រូវបានគេរិះគន់ជាច្រើននោះ។ ក៏ប៉ុន្តែអ្នកឃ្លាំមើលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងសកម្មជនការពារសិទ្ធិជនរងគ្រោះ មានការភ័យខ្លាចថា សំណុំរឿង០០៣ស្ថិតនៅក្នុងស្ថានភាពដែលនឹងត្រូវបញ្ចប់។ កាលពីជិត៣សប្តាហ៍មុននេះ ក្រុមចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ បានប្រកាសថា ពួកគេបានបញ្ចប់សំណុំរឿង០០៣ ប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម។ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាបានបង្ហាញអត្តសញ្ញាណជនជាប់សង្ស័យក្នុងសំណុំរឿង០០៣នេះថា ជាអតីតមន្រ្តីយោធាជាន់ខ្ពស់២រូបក្នុងរបបខ្មែរក្រហម។ សាលាក្តីនេះកំពុងស៊ើបអង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដែលមនុស្សប្រមាណជា១លាន៧សែននាក់បានស្លាប់ដោយសារការស្រេកឃ្លាន ការធ្វើពលកម្មហួសកម្លាំង និងការសម្លាប់ នៅក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩។ សំណុំរឿង០០៣របស់សាលាក្តីនេះមានភាពចម្រូងចម្រាសយ៉ាងខ្លាំង មូលហេតុចម្បងគឺដោយសាររដ្ឋាភិបាលកម្ពុជាបាននិយាយជាយូរមកហើយថា ខ្លួននឹងអនុញ្ញាតឲ្យជំនុំជម្រះតែសំណុំរឿង ០០១ និង០០២ប៉ុណ្ណោះ។ ការណ៍នេះបាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋាភិបាលកម្ពុជាថា បានចូលជ្រៀតជ្រែកក្នុងដំណើរការរបស់សាលាក្តីដែលត្រូវបានបង្កើតឡើងជាដំណើរការយុត្តិធម៌ឯករាជ្យមួយ។ ភាពចម្រូងចម្រាសនេះមិនបានចប់នៅត្រឹមនេះទេ។ សេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី (Andrew Cayley) បានបង្ហាញថា កិច្ចការរបស់ចៅក្រមស៊ើបអង្កេតអំពីសំណុំរឿង០០៣ធ្វើមិនបានគ្រប់ជ្រុងជ្រោយទេ។ កាលពីសប្តាហ៍មុន លោកខេលីបានមានប្រសាសន៍ថា សំណុំរឿង០០៣ត្រូវការធ្វើការស៊ើបអង្កេតជាច្រើនទៀត។ លោកមានប្រសាសន៍ថា៖ «បើអ្នកសួរខ្ញុំថា តើត្រូវធ្វើការស៊ើបអង្កេតបន្ថែមច្រើនប៉ុន្មានទៀត ខ្ញុំសូមប្រើពាក្យថា នៅមានសេចក្តីត្រូវការធ្វើការស៊ើបអង្កេត "យ៉ាងច្រើនសន្ធឹកទៀត" នៅក្នុងករណីនោះ»។ ភាពចម្រូងចម្រាសក្នុងសំណុំរឿង០០៣ នៅមានជាបន្តទៀត។ សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមជាសាលាក្តីកូនកាត់ដំបូងបំផុតដែលបានអនុញ្ញាតឲ្យជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងបទឧក្រិដ្ឋកម្ម ចូលរួមក្នុងការកាត់ទោស។ មានដើមបណ្តឹងរដ្ឋប្បវេណីចូលរួមជិត១០០នាក់ក្នុងសំណុំរឿង ០០១ ហើយប្រមាណជា៤.០០០នាក់បានដាក់ពាក្យក្នុងសំណុំរឿង ០០២ ដែលអតីតមេដឹកនាំជាន់ខ្ពស់៤រូបក្នុងរបបខ្មែរក្រហមនឹងត្រូវជំនុំជម្រះពីបទបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ក៏ប៉ុន្តែចៅក្រមស៊ើបអង្កេតមិនបានបញ្ចេញព័ត៌មានណាមួយអំពីសំណុំរឿង០០៣ទេ ដូច្នេះមានន័យថា ប្រជាពលរដ្ឋមិនអាចដឹងបានឡើយថា តើឧក្រិដ្ឋកម្មដែលស្ថិតនៅក្រោមការស៊ើបអង្កេតនេះទាក់ទងនឹងពួកគេដែរឬយ៉ាងណាទេ។ កាលពីជាងមួយសប្តាហ៍មុន សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលីបានចេញផ្សាយព័ត៌មាននោះ ដែលជាសកម្មភាពមួយធ្វើឲ្យចៅក្រមស៊ើបអង្កេតអន្តរជាតិ លោកស៊ីកហ្វ្រីដ ប្លុង (Siegfried Blunk) ចេញបញ្ជាឲ្យលោកខេលីដកសេចក្តីថ្លែងការណ៍របស់លោកវិញ។ សេចក្តីថ្លែងការណ៍នោះបានបង្ហាញអំពីអសមត្ថភាពរបស់ចៅក្រមស៊ើបអង្កេតនៅក្នុងការបំពេញការងារ។ នៅថ្ងៃពុធនេះ លោកបានផ្តល់ពេលវេលាឲ្យលោកខេលី៣ថ្ងៃ ដើម្បីដកសេចក្តីថ្លែងការណ៍របស់លោកវិញ ក៏ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ទេថា នឹងមានអ្វីកើតឡើង បើសិនជាលោកខេលីមិនអាចធ្វើតាមកាលកំណត់នោះ។ អ្នកស្រីក្លែរ ដាហ្វី (Clair Duffy) ជាអ្នកតាមដានមើលសាលាក្តីនេះ។ អ្នកស្រីធ្វើការនៅអង្គការច្បាប់របស់អាមេរិកមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Open Society Justice Initiative (OSJI)។ អង្គការនេះត្រូវបានឧប្ថម្ភដោយមហាសេដ្ឋីអាមេរិកម្នាក់គឺលោក ចច សូរ៉ូស (George Soros)។ អ្នកស្រីក្លែរ ដាហ្វីថ្លែងថា លោកខេលីគ្រាន់តែធ្វើនូវអ្វីដែលលោកត្រូវធ្វើប៉ុណ្ណោះ។ "សហព្រះរាជអាជ្ញាអន្តរជាតិបានចាត់វិធានការដោយឯករាជ្យ ហើយបានអនុវត្តភារៈកិច្ចផ្លូវច្បាប់របស់លោក ក្នុងការចង្អុលបង្ហាញចន្លោះប្រហោងសំខាន់ៗនៅក្នុងការស៊ើបអង្កេតករណី០០៣ ហើយនឹងស្វះស្វែងឲ្យមានសកម្មភាពស៊ើបអង្កេតថែមទៀត»។ អ្នកស្រីដាហ្វីថ្លែងថា រឿងនេះអាចបំផ្លាញសាលាក្តីនេះបាន។ «ចំណាត់ការបែបនេះគឺជាសារមួយបង្ហាញថា ពួកអ្នកដែលចង់ចាត់វិធានការ ដែលឯករាជ្យពីឆន្ទៈនយោបាយ ហើយស្វែងរកយុត្តិធម៌ ប្រកបដោយភាពសុចរិតនោះ នឹងបើកចំហឲ្យឯងរងទណ្ឌកម្មផ្លូវច្បាប់»។ ថ្ងៃពុធនេះជាថ្ងៃកំណត់ចុងក្រោយសម្រាប់ការដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣។ ក៏ប៉ុន្តែភាពស្ងៀមស្ងាត់របស់ចៅក្រមស៊ើបអង្កេត មានន័យថា មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះ បានដឹងអំពីសំណុំរឿងនេះ។ មានដើមបណ្តឹងប្រមាណជា៣០០នាក់អាចដាក់ពាក្យទាន់ពេលកំណត់ គឺនៅម៉ោង៤រសៀលថ្ងៃពុធនេះ។ ការិយាល័យរបស់លោកប្លុងបានបដិសេធចោលដើមបណ្តឹងយ៉ាងតិច២នាក់ ដែលម្នាក់គឺលោក រ៉ប់ ហាមៀល (Rob Hamill) ជាអ្នកប្រកួតអុំទូកក្នុងកីឡាអូឡាពិកពីប្រទេសញូហ្សឺឡេន។ លោកខែរី ហាមៀល ដែលត្រូវជាបងប្រុសរបស់លោករ៉ប់ ហាមៀល ត្រូវបានខ្មែរក្រហមចាប់ខ្លួន ពីទូករបស់លោកក្នុងដែនសមុទ្រកម្ពុជានៅឆ្នាំ១៩៧៨ ហើយបញ្ជូនទៅគុកស-២១ នៅក្នុងទីក្រុងភ្នំពេញ។ លោកត្រូវបានគេធ្វើទារុណកម្មមុនត្រូវបានគេសម្លាប់។ លោករ៉ប់ ហាមៀលជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ ដែលអតីតមេគុកស-២១ ត្រូវបានកាត់ឲ្យមានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកក៏ត្រូវបាន សាលាក្តីទទួលយក ជាដើមបណ្តឹងក្នុងសំណុំរឿង០០២ផងដែរ។ ក៏ប៉ុន្តែ ចៅក្រមស៊ើបអង្កេតបានបដិសេធរូបលោកជាដើមបណ្តឹង នៅក្នុងសំណុំរឿង០០៣។ លោករ៉ប់ ហាមៀលបានហៅការសម្រេចនោះថាជា «ការណ៍ដែលមិនអាចយល់បាន និងជាការផ្ទុយគ្នាស្រឡះ» ដោយសារមនុស្សម្នាក់ក្នុងចំណោមជនដែលត្រូវបានគេគិតថា មានការពាក់ព័ន្ធនៅក្នុងសំណុំរឿង០០៣នេះ គឺជាមេដឹកនាំកងនាវាក្នុងរបបខ្មែរក្រហម៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុនសែនសង្ឃឹមថារដ្ឋាភិបាលថៃថ្មី នឺងអាចដោះស្រាយជម្លោះព្រំដែន ជាមួយកម្ពុជា Posted: 18 May 2011 04:15 PM PDT លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលថៃជាប់ឆ្នោតថ្មីខាងមុខនេះនឹងប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។ ប្រទេសកម្ពុជានិងប្រទេសថៃ បានវាយប្រយុទ្ធគ្នាជាច្រើនលើកនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោកកាលពីខែកក្កដា ឆ្នាំ២០០៨ ដោយសារប្រទេសថៃអះអាងថាដីទំហំ ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ ជាកម្មសិទ្ធិរបស់ថៃ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងការបើកការដ្ឋានស្តារផ្លូវនៅក្នុងខេត្តកំពង់ស្ពឺយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលក្រោយការបោះឆ្នោតថ្ងៃទី៣ ខែកក្កដានេះ នឹងអាចដោះស្រាយបានបញ្ហាផ្ទៃក្នុង របស់ខ្លួនឯងផងហើយមិននាំចេញជម្លោះទៅខាងក្រៅ ហើយដោះស្រាយជម្លោះជាមួយអ្នកជិតខាងរបស់ខ្លួន»។ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅក្បែរប្រាសាទព្រះវិហារដែលប្រទេសកម្ពុជាបានដាក់សំណើរទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យបកស្រាយសាលក្រមស្តីពីប្រាសាទព្រះវិហារនៅថ្ងៃទី២៧ខែមេសា ជាមធ្យោបាយដោះស្រាយតាមផ្លូវច្បាប់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជម្លោះនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី បើសិនដោះស្រាយមិនដាច់ស្រេច រដ្ឋាភិបាលថៃក្រោយការបោះឆ្នោត យើងអាចបបួលគ្នាឡើងទៅតុលាការទៀត។ មានតែវិធីបែបហ្នឹងទេដែលវាស្រួល»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាប្រទេសកម្ពុជាប្រាថ្នាចង់មានព្រំដែនសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃដូចប្រទេសកម្ពុជាមានជាមួយប្រទេសវៀតណាមនិងប្រទេសឡាវ។ «ខ្ញុំសុំមិត្តឡាវ មិត្តភូមាសូមកុំភាន់ច្រឡំ វ៉ៃកម្ពុជា។ បើថៃវ៉ៃកម្ពុជាបានសម្រេច អស់លោកក៏រងគ្រោះដែរ។ ខ្ញុំប្រាប់អស់លោកឱ្យហើយទៅ។ ជាសារមួយបញ្ចូនប្រាប់ថាគេបង្ក្រាបកម្ពុជាបាន។ ថ្ងៃក្រោយគេនឹងបង្ក្រាប ឡាវ និងភូមា»។ កងទ័ពនៃប្រទេសកម្ពុជា និងប្រទេសថៃនៅតាមបណ្តោយព្រំដែន និងការវាយប្រយុទ្ធគ្នារឿយៗបានកើតមានឡើង ដែលបានសម្លាប់កងទ័ព និងជនស៊ីវិលនៃភាគីទាំងពីរ។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបានផ្ទុះឡើងពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា នៅប្រាសាទតាមាន់ និង ប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យដែលបានសម្លាប់ មនុស្ស១៩នាក់នៃភាគី ទាំងពីរ និងជនស៊ីវិលប្រមាណ១០០ ០០០បានរត់គេច ចេញពីផ្ទះសម្បែងទៅរកកន្លែងសុវត្ថិភាព។ ប្រទេសកម្ពុជា និងប្រទេសថៃបានសុខចិត្តទទួលយកអ្នកសង្កេតការណ៏ឥណ្ឌូនេស៊ី មកត្រួតពិនិត្យមើលបទឈប់បាញ់គ្នានៅតំបន់ព្រំដែន នៅថ្ងៃទី២២ ខែកុម្ភៈ នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុង Jakarta។ ប៉ុន្តែភាគីថៃបានទាមទារឱ្យដកកងទ័ព និងប្រជាពលរដ្ឋកម្ពុជា ចេញពីតំបន់ជម្លោះ៤,៦ គីឡូម៉ែត្រ ការ៉េនៅក្បែរប្រាសាទព្រះវិហារ ដែលកម្ពុជាបានបដិសេធ៕ This posting includes an audio/video/photo media file: Download Now |
ភរិយាសពលោកហូ សុខ ប្តឹងមន្ត្រីរដ្ឋាភិបាលនិងចៅក្រមមួយចំនួនពីបទលួចលក់ដីស្វាមីអ្នកស្រី Posted: 18 May 2011 03:46 PM PDT អ្នកស្រីជា គីម ដែលបច្ចុប្បន្ននេះ កំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងឋានៈជាជនភៀសខ្លួនដែល បានអះអាងនៅក្នុងពាក្យបណ្តឹងថា ជាភរិយារបស់ហូ សុខ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវ បានបាញ់សម្លាប់កាលពីថ្ងៃទី០៥ ទី០៦ ខែកក្កដាឆ្នាំ១៩៩៧នោះ នៅថ្ងៃពុធនេះ បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅអង្គភាពប្រឆាំងអំពើពុករលួយចំពោះមន្រ្តីក្នុងរដ្ឋាភិបាលចំនួន២៩រូប និងចៅក្រម ចំនួន៦រូបផ្សេងទៀត ពីបទលួច និងសមគំនិតនៅក្នុងអំពើពុកលួយលក់ដីរបស់លោកហូ សុខ ចំនួនជាង ១៣ ហិកតានៅស្រុកស្អាងខេត្តកណ្តាល។ នៅក្នុងពាក្យបណ្តឹងមួយច្បាប់ ដែលវីអូអេ សំឡេងសហរដ្ឋអាមេរិកបានទទួល បានឲ្យដឹងថា មន្រ្តីរដ្ឋាភិបាលចំនួនទាំង២៩រូបនោះរួមមាន អតីតអភិបាលរងខេត្តកណ្តាល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច មន្ទីរសុរិយោដីខេត្តកណ្តាល ទេសរដ្ឋមន្រ្តី នាយកសាលាចៅក្រម និងជាអតីតអភិបាលស្រុកស្អាងជាដើម។ ចំណែកចៅក្រមចំនួន៦រូប ភាគច្រើនជាចៅក្រមជំនុំជម្រះនៅក្តីនេះ ហើយបច្ចុប្បន្នមានតួនាទីជា អនុប្រធានតុលាការកំពូល ចៅក្រមស៊ើបសួរនៅក្នុងសាលាក្តីខ្មែរក្រហម និងចៅក្រមជំនុំជម្រះនៅក្នុង តុលាការកំពូល។ មន្រ្តីប៉ូលីសមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ ហើយបានអះអាងថា តំណាងអ្នកស្រីជា គីម ភរិយារបស់លោកហូ សុខ បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយ និងវីអូអេ សំឡេងសហរដ្ឋអាមេរិក ថា ការរំលោភយកដីរបស់លោក ហូ សុខ បានធ្វើឡើងជាលក្ខណៈប្រព័ន្ធ បន្ទាប់ពីលោកហូ សុខ ត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ១៩៩៧។ លោកបានមានប្រសាសន៍ទៀតថា ដីនេះមានទីតាំងនៅក្នុងភូមិមួយ ភូមិពីរ ឃុំស្វាយរលំ ស្រុក ស្អាង ខេត្តកណ្តាល ហើយលោកហូ សុខ បានទិញមានឯកសារត្រឹមត្រូវ ក៏ប៉ុន្តែក្រោយមកតុលាការរដ្ឋប្បវេណី បានកាត់ក្តីទៅឲ្យអ្នកទទួលផលចោរកម្ម ដែលផ្ទុយពីដីកាព្រហ្មទណ្ឌរបស់តុលាការ ។ «ដីធ្លីនេះ គឺពេលដែលឯកឧត្តមហូ សុខ ស្លាប់នៅឆ្នាំ១៩៩៧ ហើយនៅឆ្នាំ១៩៩៨ លោកប្រាក់ សាវុធ ធ្វើលិខិតក្លែង ។ក្លែងថា ខ្លួនជាអភិបាលរងខេត្ត ខ្លួនដឹងច្បាស់ថាដីនេះ ជាដីរបស់ឯកឧត្តមហូ សុខ ក៏ប៉ុន្តែខ្លួននៅតែប្រព្រឹតិ្តល្មើស ក្លែង ហើយក្នុងនោះក៏មានចំណារអភិបាលខេត្ត ដើម្បីឲ្យធ្វើដីជូនទៅក្រុម គ្រួសាររបស់ឯកឧត្តមហូ សុខ ដូចជាតំណាងរាស្រ្តរបស់គណបក្សហ្វុនស៊ិនប៉ិច»។ លោកប្រាក់ សាវុធ ជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ដែលមានឈ្មោះនៅក្នុងបញ្ជីចោទប្រកាន់ ថា បានរំលោភយកដីរបស់លោកហូ សុខ មិនបានឆ្លើយទៅ និងការចោទប្រកាន់នេះទេ ។ ដោយលោកបានអះអាងថា លោកមានជម្ងឺ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យ ។ «ពាក់ព័ន្ធបញ្ហានេះ ខ្ញុំឈឺ ខ្ញុំសូមទោស ខ្ញុំអត់អាចរៀបរាប់បានទេ ពីព្រោះខ្ញុំឈឺ ខ្ញុំអត់អាច និយាយកើត ខ្ញុំនិយាយបានមួយម៉ាត់ៗ »។ ចំណែកលោកអៀង មូលី អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេសដែលមានឈ្មោះក្នុងចំណោមមន្រ្តីរដ្ឋាភិបាលចំនួន២៩រូបនោះ បានមានប្រសាសន៍ថា ដីនេះ លោកបានទិញមានឯកសារបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរដែនដី ។ លោកបានមានប្រសាសន៍ទៀតថា បច្ចុប្បន្នលោកបានលក់ដីនេះអស់ហើយ ហើយប្រសិនណា បើមានឈ្មោះលោកនៅក្នុងពាក្យបណ្តឹងនោះមិនត្រឹមត្រូវទេ ។ លោកបានមានប្រសាសន៍ទៀតថា លោកនឹងពិចារណាប្តឹងបកវិញពីបទបរិហារកេរ្ត៍ ។ «ចំណុចទីមួយ ខ្ញុំអត់ដែលដឹងឭថា លោកហូ សុខ ឬ ប្រពន្ឋគាត់មានដីនៅឯណាខ្ញុំ អត់ដែលដឹងទេ ពីព្រោះដីនេះ ខ្ញុំទិញពីគេ ខ្ញុំមានប្លង់មានអ្វីត្រឹមត្រូវ ខ្ញុំទិញតាំងពីឆ្នាំ១៩៩៩ម្លេះ។ ហើយប្រហែលជិត ១០ឆ្នាំ ខ្ញុំលក់ទៅទៀតហើយ ហើយដីនេះ វាអត់ទាន់កាត់ឈ្មោះ។ ឈ្មោះខ្ញុំ ក៏ប៉ុន្តែអ្នកផ្សេងគាត់កាន់កាប់»។ លោកយស់ សុឃឿន ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលដែលមានឈ្មោះក្នុងការចោទប្រកាន់ ក្នុងចំណោមចៅក្រមចំនួន៦រូប លោកបានមានប្រសាសន៍ថា ដីចំនួនជាង១៣ហិតានេះ តុលាការបាន កាត់ក្តីឲ្យលោកប្រាក់ សាវុធ បានឈ្នះក្តីតាំងពីឆ្នាំ១៩៩៧ ក៏ប៉ុន្តែមិនមានការអះអាងពីភរិយារបស់លោក ហូ សុខ មកតវ៉ាជំទាស់ទេ។ លោកបានមានប្រសាសន៍ទៀតថា រឿងក្តីនេះបានផ្លោះសិទ្ឋិ និងផុតអាជ្ញាយុកាលកំណត់ដែលមិនអាចប្តឹងតវ៉ាបានទេ ។ «គេកំណត់ប្រាំឆ្នាំ ហើយយើងតាំងពី១៩៩៧ រហូតមកដល់២០១១ វាប៉ុន្មានឆ្នាំហើយ ១៣ ទៅ ១៤ ឆ្នាំទៅហើយ យើងទើបមកប្តឹងអញ្ចឹងម៉េចកើត។ ហើយបើយើងមកប្តឹងថា ពុករលួយ រំលោភច្បាប់ពុករលួយត្រង់ណា។ យើងរកពុករលួយឲ្យឃើញមើល មានស្អីទៅស៊ីសំណូកឯណា ទៅកាត់ឲ្យអ្នកឯង ចាញ់ម៉េច។ បើអ្នកឯកផ្លោះសិទ្ឋិ ហើយចេះតែមកចោទគេថា ស៊ីសំណូកសូកប៉ាន់ ស៊ីសំណូកសូកប៉ាន់ ត្រង់ណា»។ លោក សៀន ប៉ូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា កំពុងជាប់រវល់។ ចំណែកលោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពនេះ ពុំបានធ្វើអត្ថាធិប្បាយទេជុំវិញពាក្យបណឹ្តងនេះទេ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |