VOA News: ព័ត៌មាន: “នៅ​ទិវា​កាន់​ទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​រំពឹង​យុត្តិធម៌​ពី​សាលក្តី​ខ្មែរ​ក្រហម” plus 3 more

VOA News: ព័ត៌មាន: “នៅ​ទិវា​កាន់​ទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​រំពឹង​យុត្តិធម៌​ពី​សាលក្តី​ខ្មែរ​ក្រហម” plus 3 more


នៅ​ទិវា​កាន់​ទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​រំពឹង​យុត្តិធម៌​ពី​សាលក្តី​ខ្មែរ​ក្រហម

Posted: 20 May 2011 01:07 PM PDT

អ្នក​ក្រុង​ភ្នំ​ពេញ​ដែល​អះ​អាង​ថា បាន​ទទួល​រង​​ការ​ឈឺ​ចាប់​ដោយ​របប​ខ្មែរ​ក្រហម​បាន​លើក​​ឡើង​​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពួក​គេ​កំពង់​តែ​រង់​ចាំ​​យុត្តិធម៌​ពី​ការ​កាត់​ទោស​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​បំផុត​ខ្មែរ​ក្រហម​​ចំនួន​បួន​នាក់​នៅ​ក្នុង​សំណុំ​រឿង​០០២។

សាលាក្ដី​ខ្មែរ​ក្រហម​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​គ្រោង​នឹង​បើក​សវនាការ​បឋម​ចំនួន​បួន​ថ្ងៃ​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នៅ​ថ្ងៃ​ទី​២៧​រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ខាង​មុខ។ ការ​កាត់​ទោស​ពេញ​អង្គ​ចំពោះ​ពួក​គេ​អាច​នឹង​ប្រ​ព្រឹត្តិ​ទៅ​ក្នុង​អំឡុង​ខែ​សីហា​ឆ្នាំ​២០១១​នេះ។

ជន​សង្ស័យ​ទាំង​បួន​នាក់​រួម​មាន​ខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​ នួន ជា​អតីត​ប្រធាន​សភា​កម្ពុជា​ប្រជាធិបតេយ្យ ​អៀង​ សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​ និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​​​សង្គមកិច្ច​កម្ពុជា​ប្រជាធិបតេយ្យ។

ថ្លែង​នៅ​ក្នុង​ពិធី​កាន់​ទុក្ខ​នៃ​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សារមន្ទីរ​បឹង​ជើង​ឯក​ជាយ​ក្រុង​ភ្នំពេញ​ តំណាង​ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រមាណ​ជា​៣.០០០​នាក់​ បាន​ប្រកាស​ថា ​ការ​​កាត់​ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​ប្រវត្តិសាស្រ្ដ​សម្រាប់​ជន​រង​គ្រោះ។

«ក្នុង​សំណុំ​រឿង​០០២​ពិត​ជា​ផ្ដល់​នូវ​ឱកាស​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ដ្រ​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់ខ្លៅ​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​​របស់​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​បី​លាន​នាក់»។

ទិវា​កាន់​ទុក្ខ​នៃ​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​​២០​ឧសភា​នេះ​​ត្រូវ​បាន​ស្គាល់​ថា​ ជា​ទិវា​ចង​​កំហឹង​ដែល​ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។

អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្សជាតិ​និង​ប្រល័យ​ពូជសាសន៍។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោក​ ទឹម ​ហូ ​អាយុ​ ៧៥ ​ឆ្នាំ ​គឺ​ជា​អ្នក​ក្រុង​ភ្នំពេញ​ម្នាក់​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ចាម។​ លោក​មាន​ប្រសាសន៍​ថា ​លោក​ចង់​ឃើញ​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​បួន​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត។

«បង​ប្អូន​ខ្ញុំ​ស្លាប់​អស់​១៥​គ្រួសារ។​ ការ​ឈឺ​ចាប់​ជា​មួយ​ពួក​អា​ខ្មែរ​ក្រហម​នេះ​រក​អ្វី​ប្រៀប​មិន​បាន​ទេ។ ​ចង់​តែ​ឲ្យ​ដាក់​ទោស​ពួក​វា​ឲ្យ​បាន​ច្រើន​ឆ្នាំ ​បើ​ដាក់​ទោស​តិច​ឆ្នាំ​មិន​សូវ​សប្បាយ​ចិត្ត​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ ឡាស​ អលសិន (Lars Olsen) មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលា​ក្ដី​​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ដាក់​ទោស​ទៅ​លើ​ជន​សង្ស័យ ​គឺ​ជា​ឆន្ទានុសិទ្ធ​របស់​ក្រុម​​ចៅក្រម​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ភស្ដុតាង​និង​អំណះ​អំណាង​ក្នុង​ការ​កាត់​ក្ដី។ ក៏​ប៉ុន្ដែ​នៅ​ក្នុង​ពេល​នេះ​ ជន​សង្ស័យ​នៅ​តែ​មាន​សិទ្ធិ​ដែល​ត្រូវ​សន្មត​ថា​ មិន​ទាន់​មាន​ទោស​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

អាមេរិក​បង្ហាត់​ប៉ូលីស​កម្ពុជា​អំពី​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម

Posted: 20 May 2011 12:16 PM PDT

នៅ​ថ្ងៃ​សុក្រ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជាតិ​កម្ពុជា​ និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អេហ្វប៊ីអាយ​ (FBI)​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា។

លោក​ ភែទ្រិក​ ហ្គិប្បុនស៍ (Patrick​ Gibbons) តំណាង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​អេហ្វប៊ីអាយ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ថា​ អាមេរិក​នឹង​បន្ត​ធ្វើ​ការ​ប្រកប​ដោយ​ន័យ​ស្ថាបនា​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​គ្រប់​រូបភាព​នៅ​កម្ពុជា។ លោក​ ភែទ្រិក ហ្គិប្បុនស៍ បាន​ថ្លែង​ថា​ ខ្លួន​បាន​ធ្វើ​ករណី​ជា​ច្រើន​ទាក់ទង​នឹង​អនាគត​នៃ​បទ​ឧក្រិដ្ឋកម្ម​នានា​ ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​ និង​ការ​ជួញដូរ​គ្រឿងញៀន។ កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាច្រើន​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ រួម​មាន​ទំនាក់ទំនង​ប្រកប​ដោយ​តម្លាភាព​ និង​បើក​ចំហ​ដូចជា​ការ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម។

មន្ត្រី​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អេហ្វប៊ីអាយ​ទើប​តែ​បានបញ្ចប់​ការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ​ស្តីពី​ការ​សម្ភាសន៍ និង​ការ​សួរ​ចម្លើយ​ដល់​មន្ត្រី​នគរបាល ​និង​កងរាជអាវុធហស្ថ​ជាតិ​កម្ពុជា​ចំនួន​៤០​នាក់។

លោក​ ភែទ្រិក ហ្គិប្បុនស៍​ សង្ឃឹម​ថា​ ការ​បណ្តុះ​បណ្តាល​មុខជំនាញ​ដែល​អេហ្វប៊ីអាយ​បាន​ផ្តល់​ជូន​នេះ​នឹង​បន្ត​ទៅ​អនាគត​ទៀត។

«យើង​សង្ឃឹម​ថា​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ខណៈ​ដែល​យើង​ដើរ​ឆ្ពោះ​ទៅ​រក​ទំនាក់​ទំនង​ដ៏​ធំធេង​ក្នុង​ពេល​អនាគត។​ សំខាន់​ជាង​នេះ​ ការ​បណ្តុះ​បណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ថ្មីៗ​នេះ​នៅ​ទីនេះ​ ស្តីពី​ជំនាញ​បច្ចេកទេស​សម្ភាសន៍​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​នគរបាល​ជាតិ​កម្ពុជា ​និង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​​អេហ្វប៊ីអាយ​ ហើយ​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ទីនេះ​នៅ​កម្ពុជា»។

លោក​​ឯក​ សុខ​ ផល​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ​បច្ចេកទេស​ស្តីពី​ការ​សម្ភាសន៍​ និង​ការ​សួរ​ចម្លើយ​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បង្កើន​សមត្ថភាព​ដល់​សមត្ថកិច្ច​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន។​ លោក​ថ្លែង​ថា៖

«មក​ដល់​ថ្ងៃ​នេះ​​និង​ថ្ងៃ​មុខ​​ នគរបាល​ជាតិ​កម្ពុជា​នៅ​តែ​មាន​ទិសដៅ​ធ្វើ​កិច្ច​សហការ​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​អេហ្វប៊ីអាយ​ដើម្បី​បង្ក្រាប​បទល្មើស​​និង​បទ​ឧក្រិដ្ឋ​ឆ្លងដែន​ទាំងអស់។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ឆ្លងដែន​ ទាមទារ​ឱ្យ​មាន​ការ​យល់ដឹង​ និង​សមត្ថភាព​របស់​នគរបាល​ជាតិ​ និង​កង​រាជអាវុធហស្ថ​របស់​យើង»។

លោក​ឧត្តមសេនីយ៍​ឯក​ សុខ​ ផល​ បានបញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​បទបញ្ជា​ឱ្យ​គ្រប់​អង្គភាព​ទាំងអស់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត ​​អេហ្វប៊ីអាយ​ ក្នុង​ការ​បង្ក្រាប​គ្រប់​បទល្មើស។ លោក​ សុខ ​ផល បាន​បន្ត​ថា​ នគរបាល​ជាតិ​កម្ពុជា​បាន​សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​អេហ្វប៊ីអាយ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ចំនួន​ប្រាំពីរ​ករណី​ រួមមាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​ករណី​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ចំនួន​ប្រាំមួយ​ករណី​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០១​ដល់​បច្ចុប្បន្ន៕

This posting includes an audio/video/photo media file: Download Now

អ្នក​តាំង​ទីលំនៅ​បឹងកក់​ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​បញ្ហា​ដីធ្លី

Posted: 19 May 2011 04:53 PM PDT

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រជាពលរដ្ឋ​តំបន់​បឹងកក់​បាន​ស្នើ​សុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ពិភាក្សា​វិធី​វាស់វែង​ក្បាល​ដី​របស់​ពួកគេ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​ជំរុញ​ឱ្យ​កម្ពុជា​ដោះស្រាយ​ការ​ប្រឈម​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ពួកគេ​ដោយ​បង្ខំ។

អ្នកស្រី ទេព​ វណ្ណី ​តំណាង​សហគមន៍​បឹងកក់​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«នៅ​រសៀល​នេះ​ ប្រជា​សហគមន៍​បឹងកក់​របស់​ខ្ញុំ​ទាំងអស់​គ្នា​ ពិភាក្សា​រៀបចំ​ឯកសារ​មួយ​ដាក់​ទៅ​សាលា​ក្រុង​នៅ​ថ្ងៃ​ស្អែក។ ឯកសារ​នេះ​មាន​អត្ថន័យ​ថា សុំ​ឱ្យ​សាលា​ក្រុង​ គណៈកម្មការ​សុរិយោដី​ និង​​អាជ្ញាធរ​ចុះ​មក​វាស់វែង​ដី​លម្អិត​ឱ្យ​ប្រជាពលរដ្ឋ​ជាក់​ស្តែង​ដើម្បី​ឱ្យ​ដំណើរការ​អភិវឌ្ឍ​ឱ្យ​បាន​ឆាប់​រហ័ស»។

អ្នកស្រី​ លី​ ស្រីមុំ​ តំណាង​សហគមន៍​បឹងកក់​ម្នាក់​ទៀត​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​បឹងកក់​កំពុង​ស្វែងរក​ការ​ជួប​ជាមួយ​អាជ្ញាធរ​ក្រុង​ដើម្បី​ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នេះ។

«យើង​បាន​លម្អិត​ឯកសារ​ចំនួន​៧៤៤​ក្បាល​ដី​ ស្មើ​នឹង​ផ្ទៃ​ដី​១០​ហិកតា ស្មើ​នឹង​ប្រជាពលរដ្ឋ​១.៥០០​គ្រួសារ។ យើង​លម្អិត​ក្បាល​ដី​ឱ្យ​គាត់​(សាលា​ក្រុងភ្នំពេញ)​ហើយ។ យើង​ចង់​បើក​ការ​ចរចា​បញ្ចប់​វិវាទ​ដីធ្លី​ ដែល​បាន​កន្លង​មក​បួន​ឆ្នាំ​ហើយ​ ដែល​មិន​ទាន់​មាន​ការ​ដោះស្រាយ​នេះ»។

សហគមន៍​បឹងកក់​បាន​ដាក់​សំណើ​សុំ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​សាលា​ក្រុង​នៅ​ឡើយ​ទេ។

សេចក្តីថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក​កាលពីថ្ងៃច័ន្ទ​បាន​បញ្ជាក់​ថា ម្ចាស់​ដី​ទាំងនោះ​នៅ​តែ​ព្យាយាម​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​អំពី​ដី​ដ៏​មាន​តម្លៃ​នៅ​ជុំវិញ​តំបន់​បឹងកក់។ ធនាគារ​ពិភពលោក​បាន​កត់​សម្គាល់​ថា ធនាគារ​កំពុង​លើក​ទឹក​ចិត្ត​ឱ្យ​ភាគី​ទាំងអស់​សម្រេច​ដោះស្រាយ​ និង​ក្នុង​រយៈពេល​អន្តរកាល​នេះ​នឹង​តាម​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​រីកចម្រើន​នៃ​ការ​ចរចា​នេះ។

ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ កម្មវិធី​ធនាគារ​ពិភពលោក​ដែល​មាន​ទឹកប្រាក់​ចំនួន​២៤​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​នៃ​ម្ចាស់​ដី​នៅ​បឹងកក់​ ដែល​ជា​កន្លែង​ដែល​រដ្ឋាភិបាល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​គ្មាន​សំណង​គ្រប់គ្រាន់។ ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ប្រាប់​ធនាគារ​ថា​ រដ្ឋាភិបាល​កំពុង​តែ​ចាត់​វិធានការណ៍​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​តាំង​ទីលំនៅ​ជា​ថ្មី​នៅ​កម្ពុជា​ប្រសើរ​ឡើង។

លោក​កែប​ ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​នៅ​ក្នុង​ការ​ជួប​ជាមួយ​តំណាង​បឹងកក់​ថ្មីៗ​នេះ​ថា​ អាជ្ញាធរ​នឹង​ចុះ​ទៅ​ធ្វើការ​វាស់វែង​ក្បាល​ដី​របស់​អ្នក​ភូមិ​បឹងកក់។ ក្នុង​ខែ​មិនា​ អធិការកិច្ច​ផ្ទៃ​ក្នុង​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា​ កម្មវិធី​ដីធ្លី​បាន​ធ្វើ​ឱ្យ​មាន​គុណវិបត្តិ​ និង​បាន​រំលោភ​គោល​នយោបាយ​ធនាគារ។

អ្នកស្រី​ លី ស្រីមុំ​ បាន​និយាយ​ថា​ ការ​លើក​ឡើង​របស់​ធនាគារ​ពិភពលោក​នេះ​គឺ​ជា​រឿង​ល្អ​ ព្រោះ​គម្រោង​ដីធ្លី​របស់​ធនាគារ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ធ្វើឱ្យ​បាត់បង់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ ធ្វើ​ឱ្យ​មាន​កំហុស​ចំពោះ​ប្រជាពលរដ្ឋ​បឹងកក់។

«គាត់ (ធនាគារ​ពិភពលោក)​ ត្រូវ​មាន​កាតព្វកិច្ច​តាមដាន​ពី​សកម្មភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ក្នុង​ការ​ចរចា​ជាមួយ​សាលា​រាជធានី​ ឱ្យ​ប្រាកដ​ប្រជា​ថា​ សាលា​រាជធានី​ផ្តល់​ការ​អភិវឌ្ឍ​ឱ្យ​ប្រជាពលរដ្ឋ​​​នៅ​តំបន់​បឹងកក់​នូវ​ជម្រើស​ថ្មី​នេះ​ពិតប្រាកដ​ ឬមិន​ពិតប្រាកដ។ ខ្ញុំ​សុំ​ឱ្យ​គាត់​ធ្វើ​ការ​បន្ត​ការ​គាំទ្រ​នេះ​ រហូត​ដល់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​មាន​លំនៅដ្ឋាន​សមរម្យ។ ការ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​នេះ​មាន​តម្លាភាព​ និង​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ។

ក្នុង​ឆ្នាំ​២០០៧​ រដ្ឋាភិបាល​បាន​ជួលដី​តំបន់​បឹងកក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ Sukaku Inc.​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​តម្លៃ​៧៩​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​៩៩​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

អង្គការ​សង្គម​ស៊ីវិល​បារម្ភ​អំពី​រឿង​ក្តី​០០៣​និង​០០៤

Posted: 19 May 2011 04:15 PM PDT

ក្រុម​សង្គម​ស៊ីវិល​សរុប​ចំនួន​២៤​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​​នៃ​សំណុំ​​​រឿង​​០០៣​ និង​០០៤ ​ដ៏​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ទទូច​​ឲ្យ​​សាលា​​ក្ដី​​ខ្មែរ​​ក្រហម​​បញ្ចេញ​ព័ត៌មាន​​ទាក់​​ទង​នឹង​សំណុំ​រឿង​ទាំង​នេះ​ជា​សាធារណៈ​​ឲ្យ​បានឆាប់​​រហ័ស​ និង​​ពេញ​​លេញ​ដើម្បី​ជា​ប្រយោជន៍​​សម្រាប់​ជន​រង​គ្រោះ។ កង្វល់​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​​អាច​នឹង​បោះ​បង់​ចោល​រឿង​ក្ដី​ទាំង​ពីរ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​អង្គ​ការ​អាដហុក​ អង្គការ​​ក្រុម​អ្នក​ច្បាប់​ការ​ពារ​​សិទ្ធិ​កម្ពុជា​ និង​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​ដើម​បាន​កត់​​សម្គាល់​ថា ​ការ​វិវត្តន៍​​របស់​សំណុំ​រឿង​០០៣ ​និង​សំណុំ​រឿង​០០៤​ ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​​សង្ស័យ​​អំពី​​ឯករាជ្យភាព​របស់​​ចៅក្រម។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​​បាន​​បញ្ជា​ឲ្យ​សហ​​ព្រះ​រាជអជ្ញា​អន្ដរជាតិ​លោក​ អ៊ែនឌ្រូ​ ខេលី​ (Andrew​ Caley) ​ដក​ព័ត៌​មាន​សំ​ខាន់ៗ​ទាក់​ទង​ទៅ​នឹង​​ឧក្រិដ្ឋ​កម្ម​ និង​តំបន់​ឧក្រិដ្ឋ​កម្ម​​ក្នុង​សំណុំ​រឿង​០០៣​ ដែល​លោក​បាន​លើក​ឡើង​​ក្នុង​​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ជា​​សាធារណៈ​​កាល​ពី​ថ្ងៃ​ទី​៩ ​ឧសភា។​ សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ​បាន​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​ដល់​​ភាព​សម្ងាត់​​ក្នុង​ការ​ស៊ើប​អង្កេត។

លោក​ អ៊ែនឌ្រូ​ ខេ​លី​ គឺ​ជា​ប្រភព​តែ​មួយ​គត់​ដែល​បាន​បង្ហើប​ព័ត៌មាន​ជាក់​ស្ដែង​ខ្លះៗ​ទាក់​ទង​​នឹង​​សំណុំ​រឿង​០០៣​​នេះ។ ក៏​ប៉ុន្ដែ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ ព័ត៌​មាន​ដែល​សហ​ព្រះរាជអាជ្ញា​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​​ទម្លាយ​ចេញ​នោះ​មិន​ទាន់​​គ្រប់​គ្រាន់​ និង​ចំ​ពេល​វេលា​សម្រាប់​ជួយ​ដល់​សង្គម​ស៊ីវិល​ឲ្យ​បំពេញ​មុខ​ងារ​​របស់​ខ្លួន​​ក្នុង​ការ​ជួយ​សម្រួល​​ដល់​​ការ​ចូល​រួម​របស់​ជន​រង​គ្រោះ​ក្នុង​ដំណើរការ​ក្ដី​នៅ​ឡើយ។ ​ហេតុ​ដូច្នេះ​ពួក​ខ្លួន​ស្នើ​ឲ្យ​មាន​ ការ​ផ្ដល់​​ព័ត៌មាន​កាន់​តែ​ឆាប់​​រហ័ស និង​ពេញ​លេញ​ជា​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ពួក​ខ្លួន​ចូល​រួម​ចំណែក​ការពារ​ និង​តំណាង​ផលប្រយោជន៍​របស់​ជន​រង​គ្រោះ​ក្នុង​សំណុំ​រឿង​០០៣​និង​​០០៤ ​ប្រកប​ដោយ​​ប្រសិទ្ធិភាព​បាន។

អង្គការ​ទាំង​​នោះ​បាន​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​ដឹង​ឮ​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​​អតីត​កាល​​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ពួក​គេ​ក៏​មាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ ដែល​បង្ហាញ​​ចេញ​ជា​​ពិសេស​តាមរយៈ​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​របស់​​ពួក​គេ​ក្នុង​ដំណើរការ​​នីតិវិធី​នៃ​សាលាក្ដី​​ខ្មែរ​ក្រ​ហម។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល​បាន​អំពាវ​នាវ​ឲ្យ​សហគម​អន្ដរជាតិ​ចេញ​អន្ដរាគមន៍​ក្នុង​ករណី​នេះ។

លោក ​ឌឹម​ សុវណ្ណារុំ​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​សាលាក្ដី​ខ្មែរ​​ក្រហម​បាន​ឈរ​លើ​គោលការណ៍​ឯករាជ្យ​របស់​ខ្លួន​ ហើយ​ចៅ​ក្រម​ស៊ើប​អង្កេត​មិន​អាច​ផ្ដល់​ព័ត៌មាន​ណា​​មួយ​ជា​សាធារណៈ​​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នោះ​ឡើយ។

«សហ​ចៅ​ក្រម​ស៊ើប​អង្កេត​យល់​អំពី​កង្វល់ និង​តម្រូវ​ការ​ផ្នែក​ព័ត៌​មាន​ ក៏​ប៉ុន្ដែ​លោក​ក៏​ត្រូវ​គោរព​នូវ​តួនាទី​ឯករាជ្យ ​និង​ភាព​ស្ងាត់​នៃ​ការងារ​ស៊ើប​អង្កេត​របស់​លោក​ដែរ»។

រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​យ៉ាង​ខ្លាំង និង​ជា​ចំហ​ដោយ​ខ្លួន​មិន​ចង់​ឲ្យ​សំណុំ​រឿង​០០៣ ​និង​​០០៤ ​លេច​ចេញ​ជា​រូបរាង​នោះ។ សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ហើយ​ដែល​​​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា ​ពួក​គេ​ជាប់​ពាក់​ពន្ធ័​នឹង​ការ​ស្លាប់​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​តិច​ចំនួន​ ១សែន​នាក់​។

កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មេសា ​សហ​ចៅក្រម​ស៊ើបអង្កេត​ទើប​តែ​បាន​ប្រកាស​ថា​ ខ្លួន​បាន​បញ្ចប់​ការ​​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​ប៉ុន្ដែ​មិន​បាន​បង្ហាញ​ព័ត៌មាន​ពិស្ដារ ឬ​ការ​បោះ​ជំហាន​សម្រាប់​សំណុំ​​រឿង ​០០៤​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!