VOA News: ព័ត៌មាន: “អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​ទន្ទឹង​ចង់ចាំ​យុត្តិធម៌​ពី​ការ​កាត់ទោស​ខ្មែរក្រហម” plus 4 more

VOA News: ព័ត៌មាន: “អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​ទន្ទឹង​ចង់ចាំ​យុត្តិធម៌​ពី​ការ​កាត់ទោស​ខ្មែរក្រហម” plus 4 more


អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​ទន្ទឹង​ចង់ចាំ​យុត្តិធម៌​ពី​ការ​កាត់ទោស​ខ្មែរក្រហម

Posted: 15 Mar 2011 02:12 PM PDT

អ្នក​រួចជីវិត​ពីការ​កាប់​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង​ដែល​កាន់តែ​មាន​វ័យ​ចំណាស់​កំពុង​ទន្ទឹង​រក​យុត្តិធម៌​ចុងក្រោយ​ពី​ការ​កាត់ទោស​ឌុច​ នៅចុង​ខែមិនា​នេះ។

ការ​ចង់​ឃើញ​ឌុច​ត្រូវនាំ​ខ្លួន​យក​មក​កាត់ទោស​ជាចុង​ក្រោយ​ ការ​រង់ចាំ​លទ្ធផល​នៃ​សេចក្ដី​សម្រេច​​ផ្ដន្ទាទោស​ឌុច ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដាក់ទោស​ឌុច​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត​ កំពុងតែ​ដក់​ជាប់​​ក្នុង​អារម្មរណ៍​របស់​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ដែល​នៅ​រស់រាន​មាន​ជីវិត​ទាំងបី​នាក់ ​គឺ​លោក​វ៉ាន់ ណាត ​លោក​ ប៊ូ ម៉េង​និង​លោកជុំ ម៉ី។

អស់​រយៈពេល​ជាង​៣១​ឆ្នាំ​មក​ហើយ​ ដែល​អតីត​អ្នកទោស​របស់​អង្គការ​ខ្មែរក្រហម​ទាំងបី​នាក់​ បាន​រង់ចាំ​ថ្ងៃនេះ​ គឺ​ថ្ងៃ​កាំង ហ្គិច​អ៊ាវ​ ដែល​មាន​ឈ្មោះ​យ៉ាង​ល្បីល្បាញ​ជា​ ឌុច ​ត្រូវ​ផ្តន្ទាទោស​ជាចុង​ក្រោយ​ដោយ​ពុំ​អាច​តវ៉ា​បាន។ ​នោះ​គឺ​ជា​ការ​សម្រេចក្ដី​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល។ ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​ និង​ភាគី​ជាប់​ពាក់ព័ន្ធ​ នៅ​ថ្ងៃទី ២៨ ​ខែមិនា​ រហូត​ដល់​ថ្ងៃទី​៣០ ​ឬ៣១​ខែ​មិនា​នេះ។

លោក​ប៊ូ ម៉េង ​ដែល​ប្រពន្ធ​របស់​គាត់​ត្រូវ​សម្លាប់​ក្នុង​គុក​ទួលស្លែងដែរ​ មាន​ប្រសាសន៍​ថា​ ការ​ផ្ដន្ទា​ទោស​ឌុច​ឲ្យ​ជាប់​គុក​អស់​មួយជីវិត​​គឺ​ជា​ថ្នាំ​ដែល​នឹង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​លោក​បាន​មួយ​ផ្នែក។

«ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសារ។​ ខ្ញុំ​ចង់​ចូលរួម​ដោយផ្ទាល់ ​ចង់ស្ដាប់​សាលក្រម​ជា​ចុងក្រោយ​បង្អស់​នេះ​ ថា​តើ​នឹង​យ៉ាង​ម៉េច?​ ប៉ុន្ដែ​ខ្ញុំ​សំណូមពរ​ថា​ កំហុស​របស់​ឌុច​ហ្នឹង​ធ្ងន់ណាស់។​ បើ​ឲ្យខ្ញុំ​ធូរ​ស្បើយ​ លុះ​ណា​តែ​ឌុច​ជាប់​គុក​មួយ​ជីវិត ​ដូច​ខ្ញុំ​សំណូមពរ»។

ជាមួយគ្នា​នេះ​ លោក​ជុំ ម៉ី ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ក្សេមក្សាន្ត ​(Victims Association of Ksemksan )​និង​ជា​អតីត​អ្នក​ទោស​គុកទួល​ស្លែង​ម្នាក់​ទៀត​ ក៏​យល់​ដូចគ្នា​ដែរ​ថា​ តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​គួរតែ​ដាក់​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

«ការ​ដាក់​ទោស​អស់​មួយ​ជីវិត​គឺ​ទុក​ជា​គម្រូ​សម្រាប់​ប្រវត្តិសាស្ដ្រ ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។ ​យើង​ខ្លាច​ក្មេង​ដើរ​តាម​របប​បីឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ​នេះ​ទៀត។​ យើង​គិត​មើល​ ​សម្លាប់​គេ​អស់​រាប់​ម៉ឺន​ រាប់​ពាន់​ មាន​ទោស​តែ​១៩ឆ្នាំ​ តើ​សម ​ឬ​មិនសម?​ ហើយ​យើង​ប្រកាស​ថា ​តុលាការ​នេះ​ជា​តុលាការ​គម្រូ​សម្រាប់​ពិភព​លោក។ ​ចុះ​គម្រូ​យ៉ាងម៉េច​បើ​ឌុច​ជាប់​គុក​តែ១៩ឆ្នាំហ្នឹង?»

សម្រាប់​លោក​វ៉ាន់ ណាត ​បើទោះ​បី​ជា​ឌុច​ត្រូវ​ទទួលទោស​តិច​ ឬ​ក៏ច្រើន​ ក៏​លោក​នៅ​តែ​ចាត់​ទុក​ថា ​នោះ​គឺ​ជា​យុត្តិធម៌​ដែល​លោក​បាន​រង់ចាំ​សម្រាប់​ការ​កាត់ទោស​ចុង​ក្រោយ​នេះ។

«ក្នុង​ចិត្ត​ខ្ញុំ​រាល់ថ្ងៃ ​ខ្ញុំ​រំពឹង​ថា​ ក្នុង​ប្រវត្តិសាស្ដ្រ​ គឺឌុច​ត្រូវតែ​មាន​ទោស​ ទោះបី​តិច​ ឬ​ច្រើន។ ​ខ្ញុំ​នឹង​ឯក​ភាព​យក​លទ្ធផល​នោះ​ទាំងអស់​ដោយ​យល់​ឃើញ​ថា ​នេះ​ជា​យុត្តិធម៌​សម្រាប់​ខ្ញុំ​ជា​ជន​រងគ្រោះ។ ​សព្វ​ថ្ងៃ​ខ្ញុំ​រង់​ចាំ​លទ្ធផល​នេះ​ដើម្បី​ឲ្យដឹង​ច្បាស់ថា​ តើ​គាត់​មាន​ទោស​កម្រិត​ណា។ ​ដូច្នេះ​ខ្ញុំ​រង់​ចាំតែ​ពេល​នោះ​ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត»។

មាន​អ្នកទោស​យ៉ាងតិច​ចំនួន​១២៣៨០​នាក់​ត្រូវ​បាន​សម្លាប់​បន្ទាប់ពី​ការ​ធ្វើ​ទារុណ​កម្ម​ក្នុង​គុក​ទួលស្លែង​ ឬមន្ទីរ​ស២១។​ មាន​តែ​អ្នកទោស​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត។​ ក្នុង​នោះ​អតីត​អ្នកទោស​មួយ​ចំនួន​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ក្នុងពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​មិនទាន់​លេច​រូបរាង​នៅ​ឡើយ។​ ឌុច​ ដែល​ឆ្នាំ​នេះ​មាន​អាយុ​៦៨​ឆ្នាំ​ហើយ​នោះ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​នៃ​ការ​ធ្វើ​ទារុណ​កម្ម ​និង​មនុស្ស​ឃាត​ បន្ទាប់​ពី​ការ​កាត់​ទោស​ចន្លោះ​ពីខែ​មិនា​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០០៩។ ​អង្គជំនុំជម្រះ​សាលាដំបូង​បាន​​សម្រេច​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​៣៥ឆ្នាំ ​ក៏​ប៉ុន្ដែ​ទោស​នេះ​ត្រូវ​កាត់​កង​នៅ​សល់​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។

សហ​ព្រះរាជ​អាជ្ញា ​ជន​រងគ្រោះ​ និង​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ជំទាស់​ទៅនឹង​ការ​ដាក់​ទោស​នេះ​ ដោយ​លើក​ឡើង​ថា​ គឺ​ជា​កម្រិត​ទោស​ដែល​មិន​សម​ល្មម​នឹង​បទ​ឧក្រិដ្ឋ​របស់​ឌុច​នោះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រក​វិធី​សាស្ដ្រ​ផ្សេង​សម្រាប់​ការពារ​ប្រយោជន៍​អតីត​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

លោក​ហុង គឹមសួន ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​ក្រុម​២​ បាន​លើក​ឡើង​ថា​ ក្រុម​មេធាវី​នឹង​សង្កត់​ធ្ងន់​លើ​ការ​ទាមទារ​សំណង​ រួមទាំង​ការ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ទាត់ចោល​ពី​បញ្ជី​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី។

«ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ទាំងឡាយ​ ដែល​ចៅក្រម​បដិសេធ​នោះ ​បានត្រៀម​និយាយ​ឡើង​វិញ​ ព្រមទាំង​ត្រៀម​និយាយ​អំពី​សំណង​ផ្លូវចិត្ត ​និង​សំណង​សមូហ​ភាព​ឡើង​វិញ»។

លោក​ជុំ ម៉ី​លើក​ឡើង​ថា ​គួរតែ​មាន​ការ​សម្រេច​ធ្វើ​ស្ដូប​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​ដែល​ជា​អតីត​គុក​ទួលស្លែង​ ដើម្បី​ចារឹក​ឈ្មោះ​ជន​រងគ្រោះ​ទាំងអស់​នៅ​លើ​នោះ។

ឌុច​ត្រូវ​ចាប់​ខ្លួន​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ ហើយ​ក្រោយមក​ត្រូវ​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​បណ្ដោះ​អាសន្ន​ក្រោម​ការ​គ្រប់គ្រង​របស់​សាលាក្ដី​ខ្មែរក្រហម​វិញ។ ​ជន​ជាប់​ចោទ​រូប​នេះ​មាន​តួនាទី​គ្រប់គ្រង​គុក​ទួលស្លែង​មន្ទីរ​ស​២៤​ ឬ​គុក​ព្រៃ​ស​និង​បឹង​ជើង​ឯក​ដែល​ជា​ទីលាន​ពិឃាត​អ្នក​ទោស។

ទំរាំ​មក​ដល់​ថ្ងៃនេះ ​អតីត​ជន​រងគ្រោះ​ដោយ​ផ្ទាល់​ក្នុង​គុក​ទួលស្លែង​ទាំងបី​នាក់​មាន​វ័យ​កាន់តែ​ចាស់​ជរា​ទៅហើយ។​ លោក​ជុំ ម៉ី​បាន​ឈាន​ដល់​វ័យ​៨០​ឆ្នាំ​នៅ​ឆ្នាំ​នេះ។​ ដោយឡែក​លោក​វ៉ាន់ ណាត​មាន​អាយុ​៦៦​ឆ្នាំ ​ប៉ុន្ដែ​លោក​មាន​សភាព​ទ្រុឌ​ទ្រោម​ដោយ​សារតែ​លោក​មាន​ជំងឺ​ប្រចាំ​កាយ។

រីឯ​លោក​ប៊ូ ម៉េង​ក៏​មាន​វ័យ​ជាង​៦០​ឆ្នាំ​ទៅ​ហើយ​ដែរ។ ​ទោះជា​យ៉ាងណា​ ពួក​គាត់​អះអាង​ថា​ ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​កាត់ទោស​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដោយ​ផ្ទាល់។

ក្រុម​មេធាវី ​និង​ជន​រងគ្រោះ​បាន​លើកឡើង​ដូច​គ្នា​ថា​ សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​គឺ​ជា​តម្លៃ​យុត្តិធម៌​របស់​ជន​រងគ្រោះ​នៅ​ទួលស្លែង​ ហើយ​គឺ​ជា​គម្រូ​នៃ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម ​ជាពិសេស​សម្រាប់​សំណុំ​រឿង​០០២ ​ដែល​គ្រោង​នឹង​បើក​សវនាការ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ។​ ម្យ៉ាង​វិញទៀត​ វា​ក៏​អាច​ជាគម្រូ​យុត្តិធម៌​សម្រាប់​សំណុំ​រឿង​០០៣ ​និង​០០៤ ​ប្រសិន​បើ​អាច ​កើត​មាន​ក្នុង​ពេល​ខាង​មុខ​នេះ៕

សូម​លោក​ អ្នក​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ភាគទី​បី​ដែល​ជា​ភាគបញ្ចប់​របស់​លោក​ គង់ សុឋានរិទ្ធ​ នៅថ្ងៃ​ស្អែក។ ​លោក​ គង់ សុឋានរិទ្ធ ​នឹង​ធ្វើ​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​កង ឫទ្ធារី ​សហ​មេធាវី​ការពារក្ដី​ឲ្យ​ឌុច ​និង​ការ​រៀបចំ​ការ​ការពារក្ដី​របស់​មេធាវី​ចុង​ចោទ។ សូមអគុណ!

This posting includes an audio/video/photo media file: Download Now

កម្ពុជា​ធ្វើ​ច្បាប់ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​សហជីព​កម្មករ

Posted: 15 Mar 2011 01:21 PM PDT

ប្រទេស​កម្ពុជា​កំពុង​តាក់តែង​ច្បាប់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​សហជីព​កម្មករ។ ​ក្រុម​មេ​ដឹកនាំ​សហជីព​បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា​ ជា​ឧបករណ៍​ច្បាប់​សម្រាប់​រារាំង​សិទ្ធិ​សេរីភាព​នៃ​ការ​បង្កើត​សហជីព ​ការ​ចូលរួម​សហជីព ​និង​ការ​ធ្វើ​សកម្មភាព​របស់​សហជីព។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​បញ្ជាក់​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​បំណង​ធ្វើឱ្យ​មាន​ភាព​សុខដុម​នៅ​ក្នុង​សង្គម។

ក្រសួង​ការងារ​កំពុង​តែ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​កម្មករ​ដើម្បី​គ្រប់គ្រង​លើ​សហជីព​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុម​មេដឹកនាំ​សហជីព​កម្មករ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​សេចក្តី​ព្រាងច្បាប់​នេះ​ដើម្បី​ប្រឆាំង​នឹង​សហជីព​ណា​ដែល​មិនធ្វើ​តាម​បន្ទាត់​នយោបាយ​របស់​រដ្ឋាភិបាល។

សេចក្តី​ព្រាងច្បាប់​ស្តីពី​សហ​ជីព​ដែល​មាន​៩២​មាត្រា​បាន​ចែង​ថា ​ចំពោះ​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ស្នើសុំ​ចុះ​បញ្ជី​ ​បញ្ជី​រាយ​នាម​នៃ​សមាជិក​ដែល​បាន​បង់​ភាគទាន​យ៉ាង​ហោច​ណាស់​២០​ភាគរយ​ ឬ​សមាជិក​ចំនួន​២០​ភាគរយ​ដែល​បាន​អនុញ្ញាត​ឱ្យ​កាត់ប្រាក់​ឈ្នួល​ ដើម្បី​បង់​ភាគទាន។ ​សហជីព​ត្រូវ​រាយ​ការណ៍​ពី​សកម្មភាព​ការងារ​ទៅ​ក្រសួង​ការងារ​ជាទៀងទាត់ ​បើមិន​ដូច្នេះ​ទេ​ ក្រសួង​ការងារ​នឹង​មាន​សិទ្ធិព្យួរ ​ឬ​បញ្ចប់​សកម្ម​ភាព​របស់​សហជីព។ ​សហជីព​នឹង​ត្រូវ​បាន​រំលាយ​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ​ នៅពេល​មាន​ពាក្យ​បណ្តឹង​ពី​ជន​ពាក់ព័ន្ធ​ទីបី​ ឬ​ក្រសួង​ការងារ។ ​មេ​ដឹកនាំ​សហជីព​ ដែល​បាន​រក​ឃើញ​ថា​ មាន​ការ​រំលោភ​លើ​លក្ខខណ្ឌ​ដែល​បានចែង​នៅ​ក្នុង​មាត្រា​ច្បាប់​នេះ​នឹង​ត្រូវ​ពិន័យ​រហូត​ដល់​២៥០០​ដុល្លារ​អាមេរិក​ និង​ជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ។

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វ៉េ​ថា​ ច្បាប់​នេះ​មាន​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព ​ការ​ចូលរួម​សហជីព​ និង​ការ​ធ្វើ​សកម្មភាព​សហជីព។

«ខ្ញុំ​គិត​ថា​ បើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​បញ្ចូល​អនុសាសន៍​របស់​សហជីព​ទេ ​សហជីព​កម្មករ​មិន​មាន​វត្តមាន​នៅ​កម្ពុជា​ នាពេល​អនាគត​ ប៉ុន្តែ​មាន​តែ​សហជីព​ដែល​គាំទ្រ​ដោយ​ថៅកែ​រោងចក្រ​ប៉ុណ្ណោះ។​ ការ​តវ៉ា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ ល័ក្ខខ័ណ្ឌ​ការងារ ​សុខភាព​ និង​សេរីភាព​សហជីព​នឹង​មិន​មាន​ទៀត​ទេ»។

លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​បញ្ជាក់​ថា​ ច្បាប់នេះ​នឹង​បិទ​មាត់​មេ​ដឹកនាំ​សហជីព​ មិន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បើ​ច្បាប់​នេះ​មិន​បាន​ធ្វើ​ការ​កែ​លំអរ​នោះ។

«មាត្រា​១២​ ១៩ ២០ ​២១ ​២៧ ​២៩ ​៣០ ​និង​៣៩​បាន​រឹតបន្តឹង​សិទ្ធិ​សេរីភាព​សហជីព ​ធ្ងន់ធ្ងរ​ណាស់ ​ដែល​ផ្ទុយ​ពី​អនុសញ្ញា​ពលកម្ម​អន្តរជាតិ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»។

លោក​មឿន តុលា​ មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​បាន​ថ្លែង​ថា​សេចក្តី​ព្រាងច្បាប់​នេះ​ជា​ប្រព័ន្ធ​នៃ​ចំណង​ច្បាប់​ ដើម្បី​បង្កើត​សហជីព ​និង​បាន​ផ្តល់​អំណាច​យ៉ាង​ធំធេង​ដល់​ក្រសួង​ការងារ​ ក្នុង​ការ​ចុះ ​ឬ​មិន​ចុះ​បញ្ជីការ។

«ក្រសួង​មាន​សិទ្ធិ​បដិសេធ​ការ​សុំ​បញ្ជីការ​របស់​សហជីព​ និង​ព្យួរ​បញ្ជីការ​របស់​សហជីព ​និង​ដក​ហូត​បញ្ជីការ​របស់​សហជីព​ និង​ប្តឹង​ទៅតុលាការ ​ដើម្បី​លុប​ចោល​បញ្ជីការ​របស់​សហជីព ​និង​គាបសង្កត់​ថ្នាក់​ដឹកនាំ​សហជីព​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ»។

លោក​ហួយ ហានសុង ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ ​បាន​ថ្លែង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​បំណង​ធ្វើ​ឱ្យ​មាន​ភាព​សុខដុម​នៅ​ក្នុង​សង្គម​ និង​មិន​មាន​បំណង​គាប​សង្កត់​លើ​ភាគី​ណាមួយ​ទេ ​ហើយ​សេចក្តី​ព្រាងច្បាប់​កំពុងតែ​ដំណើរ​ការ​តាក់តែង​នៅ​ក្នុង​ដៃ​របស់​ក្រសួង​ការងារ។

ប្រទេស​កម្ពុជា​មាន​សហជីព​កម្មករ​ចំនួន​៦២។​ សហជីព​ខ្លះ​មាន​ជំហរ​ទៅ​រក​រដ្ឋា​ភិបាល​ និង​ថៅកែ​រោងចក្រ ​នេះ​បើ​យោង​តាម​ក្រុម​មេ​ដឹកនាំ​សហជីព៕

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ជន​សង្ស័យ​រកស៊ី​ថ្នាំញៀន

Posted: 15 Mar 2011 01:03 PM PDT

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​៥រូប​ និង​ជនជាតិ​លាវ​មួយ​រូប ​ពីបទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់ ​រួច​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។​ ក្រុម​មន្ត្រី​ប៉ូលិស​ និង​មន្ត្រី​បង្ក្រាប​គ្រឿង​ញៀន​បាន​និយាយ​ថា​នឹង​បន្ត​ស្វែងរក​ជនសង្ស័យ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃអង្គារ​នេះ​ បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅលើ​ជនជាតិ​វៀតណាម​ចំនួន​ប្រាំរូប ​និង​ជនជាតិ​លាវ​ចំនួន​មួយរូប​ ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុស​ច្បាប់​ រួច​ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃំាង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​ ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស​ក្រោយពី​បាន​ធ្វើការ​សាកសួរ​អស់​រយៈ​ពេល​ចំនួន​ពីរ​ថ្ងៃ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ។

លោក​​ ហ៊ីង ប៊ុនជា ​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​ ជន​បរទេស​ទាំង​ប្រាំមួយ​រូបនេះ​ត្រូវចោទ​ប្រកាន់​ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ដូចៗ​គ្នា​ទៅ​តាម​មាត្រា​ទី​៣៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី។ ​ដោយឡែក​ជនជាតិ​ឡាវ​មួយ​រូប​ ដែល​ជា​មេខ្លោង​ក្នុង​ការ​ជួញដូរ​ថ្នាំញៀន​ស្រវឹង​នេះ​ ត្រូវ​ចោទ​ប្រកាន់​មួយ​ករណី​ទៀត​ពីបទ​មិន​រាងចាល​ ហើយ​បាន​ប្រពឹ្រត្ត​បទ​ឧក្រិដ្ឋ​ជាថ្មី។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​កំហុស​​ពួក​គេ​អាច​ប្រឈម​មុខ​ការ​ជាប់​ទោស​រយៈ​ពេល​ពី​២០​ឆ្នាំ​រហូត​ដល់​មួយ​ជីវិត​ អាស្រ័យ​ទៅ​លើ​បរិមាណ​សារធាតុ​គ្រឿង​ញៀន​ទាំង​នោះ។

«កោសលវិច្ច័យ​យើង​អត់ទាន់​ចេញ។ ក៏​ប៉ុន្តែ​បរិមាណ​វា​ច្រើន​ ហើយ​បរិមាណ​គ្រឿង​ញៀន​មាន​រហូត​ដល់​ជាង​១១​គីឡូ​ក្រាម។​ បើ​សិន​ជា​គិត​ភាគរយ​ក្នុង​មួយ​ក្រាម​នោះ​ វា​មាន​ភាព​សុទ្ធ​ប៉ុន្មាន​ភាគ​រយ ​ហើយ​គុណតាម​ហ្នឹងទៅ។ ​បើ​ចំនួន​វាកាន់​តែច្រើន​ អាហ្នឹង​ទោស​កាន់តែ​ធ្ងន់។ ​កម្រិត​អតិប្បរមា​នៃទោស​វា​មាន​២០ ​ដល់​៣០ឆ្នាំ​និង​ដល់​អស់​មួយ​ជីវិត»។

កាលពី​សប្តាហ៍​មុន​អាជ្ញាធរ​ប៉ូលិស​របស់​ក្រសួង​មហាផ្ទៃ​បាន​ចាប់ខ្លួន​ជន​បរទេស​ចំនួន​ប្រាំមួយ​រូប ​ក្នុងនោះ​រួមមាន​ជនជាតិ​ឡាវ​មួយរូប​និង​ជនជាតិ​វៀតណាម​ចំនួន​ប្រាំរូប​ពី​បទ​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំញៀន​ខុសច្បាប់។

អាជ្ញាធរ​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេតាំហ្វេតាមីន​ចំនួន​ជាង​១០​គីឡូក្រាម ​គឺ​ប្រមាណ​ជាង​៨​ម៉ឺន​គ្រាប់​ និង​មេតាំហ្វេតាមីន​ទឹកកក​ចំនួន​ជាង​៣​គីឡូ​ក្រាម។

លោក​ឧត្តម​សេនីយ៍ឯក​កង សុខន ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បាន​និយាយ​ថា​ យើង​កំពុង​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន​ទាំង​នេះ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ កាលពី​ថ្ងៃច័ន្ទ ​បាន​ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ ទាំងអស់​ឲ្យ​ចាត់វិធានការ​ ដើម្បី​បង្រ្គាប​ថ្នាំញៀន​ស្រវឹង។

លោក​បាន​មានប្រសាសន៍​ទៀតថា ​ប៉ុន្មានថ្ងៃ​នេះ​ការបង្ក្រាប​គ្រឿងញៀន ​គឺបាន​វាយ​ចំ​គោលដៅ​មួយចំនួន​ធំ ​ហើយ​លោក​បាន​ព្រមាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​កុំ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ ក្រែង​ជាប់គុក​ មុនចូល​ឆ្នាំ​ខ្មែរ។

លោក​ឧត្តម​សេនីយ៍​ឯក​កង សុខន​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​គឺជា​ប្រទេស​ឆ្លងកាត់​ដោយ​សារ​ការ​រត់ពន្ធ​ថ្នាំញៀន​ពី​បរទេស។

«បាទ​ វា​ពិតប្រាកដ​ហើយ​ ប្រទេស​យើង​នេះ​ជា​ប្រទេស​រងគ្រោះ​ ជា​ប្រទេស​ឆ្លងកាត់​ភាគ​ច្រើន។ អាហ្នឹង​សូម​ដឹង​ប៉ុណ្ណឹង​សិនចុះ»។

កាលពី​អំឡុង​ខែមករា​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ឧត្តម​សេនីយ៍ត្រី​ហ៊ុន ហ៊ាន ​អតីត​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ ​និង​លោក​ឧត្តមសេនីយ៍​ឯក​មឹក តារា ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​ ពីបទ​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំញៀន​ខុសច្បាប់​ផង​ដែរ។

កាលពី​ដើម​ឆ្នាំ​២០១០​ យោង​តាម​ស្ថិតិ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​បាន​ចេញ​ផ្សាយ​នៅ​តាម​បណ្តា​សារព័ត៌មាន​មួយ​ចំនួន​បា​នឲ្យ​ដឹង​ថា​ យ៉ាងតិច​មាន​ចំនួន​៣០០​ករណី​ត្រូវ​បាន​បង្រ្កាប​ដោយ​ប៉ូលិស​ និង​មាន​ជនសង្ស័យ​ចំនួន​៩០០​នាក់​បាន​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ៕

This posting includes an audio/video/photo media file: Download Now

រលក​យក្ស​​ស៊ូណាមី​អាច​បន្ថយ​ជំនួយ​ជប៉ុន​សម្រាប់​អន្តរជាតិ

Posted: 15 Mar 2011 12:23 PM PDT

ប្រទេស​ជប៉ុន​កំពុងតែ​វា​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ធំធេង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ ​ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ការ​ខូចខាត។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា​ ការ​រញ្ជួយ​ដី ​និង​រលក​យក្ស​ Tsunami​ ដ៏​ខ្លាំងក្លា​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេដ្ឋ​កិច្ច​ជប៉ុន​ និង​ប៉ះពាល់​ដល់​ជំនួយ​ជប៉ុន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​បរទេស​ ដែល​រួមមាន​ប្រទេស​កម្ពុជា។

នៅពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​បន្ត​វាយ​តម្លៃ​ការ​ខូចខាត​ដោយ​មហន្តរាយ​រញ្ជួយដី ​និង​រលក​យក្យ​ Tsunami ​យ៉ាង​អាក្រក់​បំផុត​ នៅថ្ងៃ​ច័ន្ទនេះ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បាន​គិត​ពិចារណា​នូវ​ភាព​មិនច្បាស់​លាស់​នៃ​ជំនួយ​ ដែល​ប្រទេស​ជប៉ុន​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ថា​ វិនាស​កម្ម​ដោយ​ការ​រញ្ជួយ​ដី​ និង​រលកយក្ស​ Tsunami ​នៅក្នុង​ប្រទេស​ជប៉ុន​គឺធ្ងន់ធ្ងរ​ណាស់​ ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការ​បាត់បង់​ធំធេង​ណាស់​ ទាំង​ជីវិត​មនុស្ស ​និង​ទ្រព្យ​សម្បត្តិ។

«ការ​ខូចខាត​នេះ​មាន​ទ្រង់ទ្រាយ​ធំ ​ហើយ​វា​ជះ​ឥទ្ធិពល​ទៅដល់​សេដ្ឋ​កិច្ច​ជប៉ុន​ ហើយ​ក៏​អាច​ជះ​ឥទ្ធិពល​ទៅលើ​ការ​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់​ជប៉ុន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ​រាប់​ទាំង​យើង»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ថា​​ នៅ​ថ្ងៃ​អង្គារ​ស្អែក ​លោក​ Masafumi Kuroki ​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​៩៤​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ការពារ​ទឹក​ជំនន់​ និង​ចែកចាយ​ទឹក​និង​សកម្ម​ភាព​បោស​សម្អាត​មីន។

លោក​ Masafumi Kuroki ​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា ​ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ​បើទោះ​បី​ជា​ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏អាក្រក់​ក៏​ដោយ។

ប្រជា​ពលរដ្ឋ​ជប៉ុន​ចំនួន​១.៥៩៨​នាក់​ត្រូវ​បាន​សម្លាប់​ និង​១.៧២០​នាក់​ផ្សេង​ទៀត​បាន​បាត់ខ្លួន​ដោយ​ការ​រញ្ជួយ​ដី​ និង​រលក​យក្ស ​Tsunami​ ដ៏​មហន្តរាយ​នេះ។

លោក​យ៉ង់ សាំងកុមារ ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (CEDAC) បាន​ថ្លែង​ថា​ អង្គការ​របស់​លោក​ទទួល​បាន​មូលនិធិ​ប្រមាណ​៨០០០០០​ដុល្លារ​អាមេរិក​ពី​សម្បុរសជន​ជប៉ុន​រយៈ​ពេល​ពីរ​ឆ្នាំ ​(២០១១-២០១២)​ សម្រាប់​គម្រោង​ជំរុញ​ជំនាញ​កសិកម្ម ​និង​ការ​យល់ដឹង​ពី​តម្លៃ​នៃ​ការ​សិក្សា​របស់​កូន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ហើយ​កំពុង​រៀបចំ​សំណើ​គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​៤០.០០០​ដុល្លារ​អាមេរិក​សម្រាប់​បណ្តុះ​បណ្តាល​កសិករ​ទូទៅ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

«យើង​យល់​ឃើញ​ថា ​បញ្ហា​រញ្ជួញ​ផែនដី​និង​រលក​យក្ស ​Tsunami ​ដែល​ប្រទេស​ជប៉ុន​កំពុង​ជួប​ប្រទះ​នេះ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​អាច​ប៉ះពាល់​ដែល​អាច​បញ្ឈប់​ ឬ​ក៏​ផ្អាក​ជំនួយ»។

លោក​ជាម​ ច័ន្ទសោភ័ណ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​អំពី​លទ្ធភាព​ទទួល​បាន​ថវិកា​បន្ត​ទៀត​ពី​ប្រទេស​ជប៉ុន ​ដោយសារ​ប្រទេស​ជប៉ុន​បាន​ជួប​ប្រទះ​នឹង​គ្រោះ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ ​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ និង​ដោយសារ​ឆ្នាំ​សារពើពន្ធ​របស់​ប្រទេស​ជប៉ុន​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ។

«វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា។ ​យើង​មិន​អាច​ទស្សទាយ​បាន​មុន​ទេ ​ប៉ុន្តែ​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ដែល​វា​អាច​ប៉ះពាល់​បច្ច័យ​អាក្រក់​មកលើ​គម្រោង​របស់​យើង»។

លោក​ហ៊ឹម សុផល ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង​ បាន​ថ្លែង​ថា ​លោក​បាន​លើក​សំណើ​គម្រាង​កសាង​សាលារៀន​បី​ដែល​មាន​ទឹកប្រាក់​ជាង​១៥០.០០០​ដុល្លារ​អាមេរិក​ ហើយ​ប្រទេស​ជប៉ុន​ បាន​សន្យា​ផ្តល់​ថវិកា​ និង​បាន​មក​សិក្សា​រួច​ហើយ។

«ខ្ញុំ​គ្រាន់តែ​មើល​ឃើញ​ព្រឹត្តិ​ការណ៍​រលក​យក្ស ​Tsunami ​នេះ ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ម្ចាស់​ជំនួយ​របស់​យើង​កំពុងតែ​ជួប​មហន្តរាយ​នៅ​ក្នុង​ប្រទេស​គាត់។ ​អញ្ចឹង​មាន​ការព្រួយ​បារម្ភ​ខ្លះ​ ដែល​ថា ​វា​អាច​មិនបាន​សម្រេច​តាម​បំណង​របស់​យើង»។

យោងតាម​តួលេខ​របស់​រដ្ឋាភិ​បាល​បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​រវាង​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០០៩​ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏ធំ​ជាង​គេ​តែមួយ​គត់​របស់​ប្រទេស​កម្ពុជា​ ដោយ​​បាន​ផ្តល់​ជំនួយ​ជាង​១៨​ភាគរយ​នៃ​ជំនួយអ​ភិវឌ្ឍន៍​នៅ​បរទេស​ ឬ​ប្រមាណ​១.៨៣០​លាន​ដុល្លារ​អាមេរិក៕

This posting includes an audio/video/photo media file: Download Now

សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​គ្រោង​ធ្វើ​រយៈ​ពេល​បីថ្ងៃ

Posted: 15 Mar 2011 07:39 AM PDT

នៅ​ថ្ងៃទី​២៨​ ខែមិនា​នេះ ​អង្គ​ជំនុំ​ជម្រះ​​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​រយៈ​ពេល​បី​ថ្ងៃ។​ អតីត​ប្រធាន​គុក​ទួលស្លែង​រូប​នេះ​ត្រូវ​កាត់ទោស​អស់​រយៈ​ពេល​ប្រាំមួយ​ខែ​កាលពី​ឆ្នាំ​២០០៩។

ការ​កាត់ក្ដី​ក្នុង​សំណុំ​រឿង​០០១​ដើម្បី​សម្រេច​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ឌុច​នៅ​​​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​មាន​រយៈ​ពេល​ដ៏ខ្លី​បំផុត​ត្រឹមតែ​បីថ្ងៃ​ប៉ុណ្ណោះ។​ រីឯ​ការ​កាត់ក្ដី​អតីត​ប្រធាន​គុក​ទួលស្លែង​ដ៏​ទារុណកម្ម​រូប​នេះ​ក្នុង​ដំណាក់​កាល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​វិញ គឺ​មាន​រយៈ​ពេល​រហូត​ដល់​ប្រាំមួយ​ខែ​ ពោល​គឺ​ការ​កាត់ក្ដី​បាន​ដំណើរ​ការ​រយៈ​ពេល​៧៧​ថ្ងៃ។

សាលាក្ដី​ខ្មែរក្រហម​បាន​កំណត់​បើក​ការ​ជំនុំ​ជម្រះ​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​ឌុច​ ពី​ថ្ងៃ​ទី​២៨​រហូត​ដល់​ថ្ងៃ​ទី៣០​ ខែ​មិនា​នេះ ​ឬ​យ៉ាងយូរ​បំផុត​នឹង​បន្ដ​រហូត​ដល់​ថ្ងៃ​ទី៣១ ​មិនា​​ ប្រសិន​បើ​មាន​ភាព​ចាំបាច់។

លោក​ឡាស់ អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ ការ​កាត់ក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​នេះ​មាន​កម្រិត​មែនទែន​ ហើយ​នឹង​ពុំមាន​ការ​ចូលរួម​របស់​សាក្សី​ និង​អ្នក​ជំនាញ​ដោយ​ផ្ទាល់​នោះ​ទេ។

«មាន​ចំណោទ​មួយ​ចំនួន​ក្នុង​ការកាត់ក្ដី​ស្ដីពី​បណ្ដឹង​ឧទ្ធរណ៍នេះ។​ យើង​មិនចាំ​បាច់​ស្ដាប់​ចម្លើយ​របស់​គ្រប់​សាក្សី និង​អ្នក​ជំនាញ​ការ​ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​កាត់ក្ដី​កាល​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នោះ​ ទេ។​ ជាង​នេះ​ទៀត​ ភាគី​នានា​បាន​ដាក់​សារណា​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ ​កំពូល​ រួច​ហើយ»។

មាន​អ្នក​ទោស​យ៉ាង​តិច​ចំនួន​១២.៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណ​កម្ម ​និង​សម្លាប់​ចោល​នៅ​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស ២១​ ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច​ជាង​បី​ឆ្នាំ ​ពីឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

សាលា​ដំបូង​បាន​ផ្ដន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៥​ឆ្នាំ ​ក្រោម​បទ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ធ្វើ​ទារុណកម្ម​ និង​មនុស្សឃាត។ ​ប៉ុន្ដែ​ឌុច​ត្រូវ​សម្រាល​ទោស​ ហើយ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ជាប់ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។​ សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​បាន​ជំទាស់​​ការ​ផ្តន្ទា​ទោស​នេះ​ដោយ​ទាមទារ​ឲ្យ​តុលាការ​កំពូល​ផ្តន្ទា​ទោស​ឌុច​អស់​មួយ​ជីវិត ​ឬ​យ៉ាង​ហោច​ណាស់​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤៥​ឆ្នាំ​ ដោយ​មិន​មាន​ការ​បន្ធូរ​បន្ថយ​ទោស​ឡើយ។​ ដំណាល​គ្នា​នោះ​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ប្ដឹង​ទាមទារ​សំណង​ផង​ដែរ។

លោក​ឡាស អលសិន​បញ្ជាក់​ថា ​តុលាការ​កំពូល​នឹង​ធ្វើការ​សើររើ​ចំណុច​ទាំងនេះ​ឡើង​វិញ។

«ជា​គោល​ការណ៍​ក្រុម​ចៅក្រម​នឹង​ពិនិត្យ​ឡើងវិញ​ ថា​តើ​ឌុច​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ដែរ​ ឬ​យ៉ាងណា ​ហើយ​នឹង​ពិនិត្យ​តួនាទី​របស់​ឌុច។ ​ហើយ​បន្ទាប់មក​ ក្រុម​ចៅក្រម​នឹង​ពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដន្ទា​ទោស​ឌុច​ និង​ការ​សម្រេច​លើ​ភាព​អាច​ទទួល​យក​បាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​និង​សំណង​ជំងឺ​ចិត្ត»។

យោងតាម​កម្មវិធី​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​បង្ហាញ​ថា​ ការ​កាត់ក្ដី​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៨​ មិនា​ ដែល​ជា​ថ្ងៃទី​មួយ​នឹង​ត្រូវ​ផ្តោត​ទៅ​លើ​យុត្តាធិការ​រូបវន្ដ​ មាន​ន័យ​ថា ​ការស្ដាប់​របាយ​ការណ៍​ពី​ភាគី​សហ​ព្រះរាជ​អាជ្ញា​ ​ការស្ដាប់​ឌុច​និយាយ​ដោយ​ផ្ទាល់​ របាយការណ៍​របស់​សហ​មេធាវី​ការពារក្ដី​ និង​របាយ​ការណ៍​ពី​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។​ រីឯ​ថ្ងៃ​ទី​ពីរ​​គឺ​ជា​ការ​កាត់ក្ដី​ផ្ដោត​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ពិនិត្យ​ឡើង​វិញ​លើ​ការ​ផ្ដន្ទា​ទោស​ឌុច​ រីឯ​ថ្ងៃ​ទីបី​ ការ​កាត់ក្ដី​នឹង​ត្រូវ​ផ្តោត​លើ​បណ្ដឹង​ដែល​ភាគី​នីមួយៗ​ទាមទារ។

គួរ​រំឭក​ថា ​នៅ​ក្នុង​បណ្ដឹ​ង​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​នៅ​តុលាការ​កំពូល ​សហព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា​ ការ​ផ្តន្ទា​ទោស​ឌុច​ត្រឹមតែ​៣៥​ឆ្នាំ​មិន​យុត្តិធម៌​ទេ​ ហើយ​មាន​កំហុស​ផ្លូវ​ច្បាប់​ក្នុង​ការ​សម្រេច​ទោស​ឌុច។ ​សហ​មេធាវី​ការពារក្ដី​ឲ្យ​ឌុច​បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ធ្វើការ​ដោះ​លែង​កូនក្ដី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ដោយ​ឡែក​ខាង​ភាគី​ ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​បាន​ស្នើ​លទ្ធភាព​ដាក់​ឯកសារ​បន្ថែម​ប្រឆាំង​ឌុច ​រួមទាំង​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ឡើង​វិញ​នូវ​បណ្តឹង​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ទាត់ចោល​ពី​បញ្ជី​ឈ្មោះ​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដោយ​សាលា​ដំបូង។

យោង​តាម​លោក​ឌឹម សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មានតែ​ចំនួន​បី​ក្រុម​ប៉ុណ្ណោះ​ នៅ​ក្នុង​សវនាការ​ក្នុង​តុលាការ​កំពូល​នេះ​ មូលហេតុ​ដោយសារ​ថា ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្រុម​ទីមួយ​មិន​បាន​ប្តឹង​ឧទ្ធរណ៍​នោះ​ឡើយ៕

សូម​លោកអ្នក​រង់ចាំ​ស្ដាប់​សេចក្ដី​រាយ​ការណ៍​ភាគ​ទីពីរ​ជា​បន្ដ​ទៀត។​ លោក​គង់ សុឋានរិទ្ធ​ នឹង​ធ្វើ​សេចក្ដី​រាយ​ការណ៍​អំពី​សេចក្ដី​ប្រាថ្នា​របស់​អតីត​អ្នកទោស​គុកទួលស្លែង​ចំពោះ​ការ​ផ្តន្ទា​ទោស​ឌុច ​និង​ការ​រៀបចំ​របស់​ក្រុមមេធាវី​សម្រាប់​ប្រយោជន៍​ជន​រងគ្រោះ។​ សូមអរគុណ!

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!