Koh Santipheap Daily

Koh Santipheap Daily


បញ្ហាព្រំដែន​កម្ពុជា​-ថៃ​​មិនមែនជា​វិវាទ​​ធម្ម​តា​នោះទេ គឺជា​សង្គ្រាម​ឈ្លាន​ពាន​​យកទឹកដី​តែម្តង

Posted: 14 Mar 2011 12:34 AM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានលើកឡើង​ថា បញ្ហា​​វិវាទ​ព្រំដែន​​រវាង​ប្រទេស​ជិត​ខាង​គ្នានៅលើសាកល​លោក​ តែង​កើតមាន​ប្រហែល​​​៥០% ​ហើយ​ការ​ដោះស្រាយ​​ត្រូវប្រើពេល​វេលា​យូរ​...​ប៉ុន្តែ​ចំពោះ​​បញ្ហាព្រំដែន​​កម្ពុជា​-ថៃ មិនមែន​ជា​វិវាទ​ធម្មតានោះទេ គឺ​ជា​ការ​ឈ្លានពាន​​សង្គ្រាម​​ឈ្លាន​ពាន​​យកទឹក​​​​ដី​កម្ពុជា ធ្វើ​ឱ្យ​ស្លាប់ ​រង​របួស ខូច​ខាត​​ទ្រព្យ​សម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ​​ និង​សម្បត្តិ​​វប្បធម៌​​បេតិ​កភណ្ឌ​ពិភពលោក ។​

សម្តេច​​តេជោ​​​ហ៊ុន​ សែន បាន​​មានប្រតិ​កម្ម​​បែបនេះ ក្នុង​​ឱកាស​អញ្ជើញ​​​ជា​អធិបតី​​ពិធី​ប្រគល់​​សញ្ញា​បត្រ​ដល់​និស្សិត​​ទទួលជ័យ​​លាភី​​នៃ​​សាកល​វិទ្យាល័យ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​​​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​​ជាតិអប់រំ ​៕

ចាប់​ខ្លួន​យុវ​ជន​ពីរ​នាក់​​ព្រួត​​គ្នា​វាយ​ដណ្តើម​​ទូរស័ព្ទ​​ដៃ

Posted: 14 Mar 2011 12:15 AM PDT

យុវ​ជន​ពីរ​នាក់​បាន​ធ្វើ​​​សកម្ម​ភាព​​​ព្រួត​វាយ​​យុវ​ជន​​ម្នាក់​​ទៀត​ដណ្តើម​យក​ទូរស័ព្ទ​ដៃត្រូវ​​​ចាប់​ខ្លួន

ខេត្ត​កណ្តាល ៖ យុវ​ជន​ពីរ​នាក់​បាន​ធ្វើ​​​សកម្ម​ភាព​​​ព្រួត​វាយ​​យុវ​ជន​​ម្នាក់​​ទៀត​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា (ចិន) ហើយ​ត្រូវ​​​ប៉ូលិស​ប៉ុស្តិ៍​​​សង្កាត់​កំពង់​សំណាញ់ ចាប់​ខ្លួន​​​ភ្លាម​ៗ​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី​​រសៀល ថ្ងៃ​ទី​១២ មីនា នៅ​លើ​ផ្លូវ​លំ ស្ថិត​​ក្នុង​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តា​ខ្មៅ ។ ​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹ​ថា យុវ​ជន​ទាំង​​ពីរ​នាក់​​នេះ​ម្នាក់​​ឈ្មោះ​សុខ កក្កដា ​អាយុ​១៩​ឆ្នាំ រស់​នៅភូមិ​កំពង់​សំណាញ់​ ជា​សិស្ស​​ និង​ម្នាក់​ទៀត​ឈ្មោះ​បាន ប៊ុន​ធឿន អាយុ​​១៧​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជា​សិស្ស​ដែរ ។ ​ចំណែក​​យុវ​ជន​រង​គ្រោះ​​ឈ្មោះ​កែវ ​ឧត្តម អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់តា​ខ្មៅ​ ​ជា​សិស្ស​ដូច​គ្នា។

​ជន​រង​គ្រោះ​​បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើត​ហេតុ​ម្តាយ​បាន​ប្រើ​ឱ្យ​ទៅ​ភូមិ​កំពង់​សំណាញ់ លុះ​​ត្រឡប់​មក​វិញ​ជិះ​កង់​ជា​​​មួយ​មិត្ត​ភក្តិ​ម្នាក់​​​អាយុ​​ស្របាល​គ្នា​តាម​ផ្លូវ​លំ​ក្នុង​ភូមិ​កំពង់​សំណាញ់ ​ដោយ​មាន​ទូរស័ព្ទ​ដៃ​មា៉ក​ណូគៀ (ចិន) ដាក់​​ក្នុង​ហោ​ប៉ៅ​អាវ​ចាក់​ចម្រៀង​​ស្តាប់​ផង។ ពេល​នោះ​ក៏​បាន​ជួប​​ពួក​ជន​​​ទាំងពីរ​នាក់​​ជិះ​ម៉ូតូ C50 គុប​មូល​ឌុប​គ្នា​មក​ដល់​ទន្ទឹម​ខ្លួន​​ ស្រាប់​តែ​ពួក​គេ​នាំ​គ្នា​ព្រួត​វាយ​​ខ្លួន​ត្រូវ​ចំនួន​៣​ដៃ ហើយ​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​។ ពេល​នោះ​ខ្លួន​បាន​ខំ​ខ្ទប់​ហោ​ប៉ៅ ហើយ​រត់​តាម​​ផ្លូវ​ ឯ​ពួក​ជន​សង្ស័យ​​បាន​ដេញ​ប្រវា​យប្រតប់​​យក​ទូរស័ព្ទ​​ ប៉ុន្តែ​យក​មិន​បាន​ទេ​ ខណៈ​នោះ​ដែរ​​ខ្លួន​ក៏​បាន​ស្រែកថា ចោរៗ​ ដើម្បី​ឱ្យ​អ្នក​ភូមិ​ជួយ​ ​ហើយ​​អ្នក​ភូម​ិ​ក៏​បាន​រាយ​ការណ៍​​ប្រាប់​ប៉ូលិស​​ប៉ុស្តិ៍​​ទៅ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​តែ​ម្តង ។

ក្រោយ​ពី​​ត្រូវ​ចាប់​ខ្លួន​​​ ជនឈ្មោះ​បាន ប៊ុន​ធឿន ឆ្លើយ​សារ​ភាពថា ខ្លួន​ពិត​ជា​​បាន​វាយ​​ឈ្មោះ​​កែវ ឧត្តម ​ប្រាកដ​មែន ចំណែក​ឈ្មោះ​សុខ កក្កដា ​មិន​បាន​វាយ​ទេ គ្រាន់​តែ​ជួយ​ដេញ ។​ ជន​សង្ស័យ​​ទាំងពីរ​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​​​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំ​រឿង​​ចាត់​ការ​បន្ត​​​តាម​ច្បាប់ ៕

សម្តេចតេជោ ៖ បើចង់​ធ្វើ​​​នាយករដ្ឋ​មន្ត្រី​​ត្រូវចេះ​​នីតិវិធី​ប្តឹង​ទៅក្រុមប្រឹក្សា​ សន្តិ​សុខ​​អង្គ​ការ​​​សហប្រជាជាតិ​​ឱ្យ​ច្បាស់លាស់

Posted: 13 Mar 2011 11:56 PM PDT

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​ បាន​​​មាន​ប្រតិ​កម្ម​តបទៅកាន់​មេគណបក្ស​​ប្រឆាំង​មួយ​​អំពី​​ការ​ប្តឹង​ទៅ​​កាន់​អង្គការ​​សហប្រជាជាតិ ដែល​មេ​គណ​បក្ស​ប្រឆាំង​នោះលើកឡើង​ថា គេ​ឱ្យ​​យោ​បល់​ប្តឹង​​បែបនេះយូរ​មកហើយ ​​​អត់ព្រម​​ធ្វើ​តាម​​​ទេ ​ទុក​ឱ្យ​​​អ្វីៗ (ជម្លោះ​​កម្ពុជា​-ថៃ) អូស​បន្លាយ​​មានបញ្ហា​​កាន់តែ​យូរ​...​ដោយ​សម្តេច​បានឆ្លើយ​តប​​ត្រឡប់ទៅវិញ​ថា សូម​ឱ្យ​ចេះ​​រៀន​អំពីនីតិ​វិធី​ខ្លះ​ផង ។​
សម្តេច​​តេជោ​​​ហ៊ុន​ សែន បាន​​មានប្រតិ​កម្ម​​បែបនេះ ក្នុង​​ឱកាស​អញ្ជើញ​​​ជា​អធិបតី​​ពិធី​ប្រគល់​​សញ្ញា​បត្រ​ដល់​និស្សិត​​ទទួលជ័យ​​លាភី​​នៃ​​សាកល​វិទ្យាល័យ​​នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​​​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​​ជាតិអប់រំ ​កាលពី​វេលា​ម៉ោង​​​​៨​និង​​​៣០នាទីព្រឹកថ្ងៃទី​​១៤ មីនា ​២០១១។ សម្តេច​តេជោ​បញ្ជាក់​ថា បើ​មិន​​ចេះ​​យល់​អំពី​​នីតិវិធី​​ទេ កុំ​​លើក​ខ្លួន​ឯង​​​ខ្លាំង​ពេក ​បើ​ចង់​ធ្វើជានាយករដ្ឋ​មន្ត្រី​​ ​ត្រូវចេះ​​អំពី​​នីតិ​វិធី​​នេះ​ឱ្យ​ច្បាស់​​...អ្វីទៅ​​​ដែលហៅ​ថា ក្រុមប្រឹក្សា​​សន្តិ​សុខ​​អង្គការ​​សហប្រជាជាតិ ។ ព័ត៌​មានលម្អិតនឹង​ផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រ​កាសែត​​កោះសន្តិភាព ៕

ភ្លើង​ឆេះ​​ផ្ទះអ្នកលក់​គ្រឿង​ទេស​ជា​​យ​ក្រុង​​លេបត្របាក់​​អស់

Posted: 13 Mar 2011 11:56 PM PDT

រាជធានីភ្នំពេញ ៖ ​ផ្ទះមួយ​​ខ្នង​​ស្ថិត​ក្នុង​​​ដី​ឡូត៍​​​ត្រូវអគ្គីភ័យ​​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​​អស់​​ទាំងស្រុង​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ និង​​តក់​​ស្លុត​យ៉ាង​ខ្លាំង ពីសំណាក់​​អ្នក​រង​គ្រោះ និង​​អ្នក​រស់​នៅ​​ក្បែង​ខាង ខណៈ​ការ​ជញ្ជូន​​​ទ្រព្យ​​សម្បត្តិ​​​គេច​ចេញ​ពី​ចំណីភ្លើង​​បានតិចតួចបំផុត ​កាលពីវេលា​ម៉ោង​​​​១២​និង​​១០នាទី​ថ្ងៃទី​​​១៤ មីនា ​២០១១ ​នៅភូមិ​​ព្រៃ​​រមាសទី​២ សង្កាត់បឹង​​ធំ ខណ្ឌ​​ដង្កោ។
បុរស​ម្ចាស់​ផ្ទះឈ្មោះ​​ចឺ រ៉ាត់ ​អាយុ​​​៤៥​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​វ៉ែន សុខុម ​អាយុ​​៤៥​ឆ្នាំ ​លក់​គ្រឿង​​ទេស​ក្នុង​ផ្ទះ​ដែលឆេះ​​នេះ​...​ទាំង​ពីរ​​អ្នក​ប្តី​-​ប្រពន្ធ​​​បាន​ឱ្យ​​ដឹង​ថា មូលហេតុ​​កើតមាន​​អគ្គីភ័យ​នេះ​គឺ​បណ្តាល​​មក​​ពី​បញ្ហា​ប្រព័ន្ធ​​ខ្សែ​ភ្លើង​​ផ្ទុះ​​បង្ក​ជា​ផ្កា​​ភ្លើង​​ឆេះ​​ឡើងតែ​ម្តង ។ ​ទ្រព្យ​សម្បត្តិ​​​ទាំង​​​​ឡាយ​ត្រូវ​​ភ្លើង​លេប​ត្របាក់​​​អស់ ​សូម្បីតែ​​​លុយ​កាក់​​លក់​គ្រឿង​ទេស និង​​គ្រឿង​ទេស​-អីវ៉ាន់​​​ទាំង​ឡាយ​​យក​ចេញ​​មិនទាន់ទេ ​ចំណែក​​ប្រាក់​អាេម​រិក​​​​៥​ពាន់​​ដុល្លារ ដែលបាន​មកពីការ​លក់ដី​​ដាក់​ទុក​​ក្នុង​ទូ ក៏​​យកចេញ​មិនទាន់ដែរ​...​ពោលគឺ​​រត់​ចេញ​​​​បានតែ​ខ្លួន​ និង​​សំបុក​​សម្បត្តិ​​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ។
អគ្គីភ័យ​នេះមិនរាលដាល​ដល់ផ្ទះ​​អ្នកជិត​ខាង​ទេ ព្រោះផ្ទះ​​​ជិត​នោះ​មួយ​​ល្វែង គឺផ្ទះ​​ថ្ម និង​​មួយ​ខ្នង​ទៀត​គឺ​ផ្ទះឈើ ប៉ុន្តែ​​ម្ចាស់ផ្ទះ​របស់គេ​ប្រើទឹក​ជះ​​ការពារ​យ៉ាង​ជាប់​លាប់​មិន​ឱ្យ​​​ភ្លើង​ឆេះ​រាល​ដាល​​បានឡើយ ។​ ​ទីបំផុត​​ផ្ទះ​រង​គ្រោះ​នេះ​ត្រូវ​អគ្គីភ័យ​​ឆាបឆេះ​​​អស់ទាំង​ស្រុង ​ទន្ទឹម​ពេលគ្នា​​នឹង​អ្នក​ភូមិ​ជួយដង​ទឹកជះ​ពន្លត់ បាន​សល់​​ត្រឹម​ជញ្ជាំង​​ធ្យូង និង​សសរធ្យូង​ប៉ុណ្ណោះ​...​​ចំណែក​​រថ​យន្ត​​ពន្លត់​​​អគ្គីភ័យ​​​២គ្រឿង ធ្វើដំណើរ​​​មក​កាន់​​កន្លែង​កើត​ហេតុ​​បានពាក់​កណ្តាល​ផ្លូវ​​​ក៏ត្រឡប់​ទៅវិញ  ខណៈ​ដឹង​ថា ភ្លើង​ឆេះ​​ចាប់​ផ្តើម​​​រលត់​​អស់ហើយ ​ដោយសារតែ​​វា​ឆេះ​ឆ្អែត​​គឺស៊ី​ផ្ទះអស់​​១ខ្នង​៕

ការរញ្ជួយដី​ និងស៊ូ​ណាមីនៅជប៉ុន​​អ្នកស្លាប់​​​អាច​កើនឡើង​​ដល់ជាង​១ម៉ឺន​នាក់

Posted: 13 Mar 2011 08:59 PM PDT

អ្នកស្លាប់ដោយការការរញ្ជួយដី​ និងស៊ូ​ណាមីនៅប្រទេសជប៉ុន
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​
​

ទូរទស្សន៍​​រដ្ឋជប៉ុន NHK រាយការណ៍​​កាល​ពីថ្ងៃទី​​១៣ មីនា ​ដោយ​ដកស្រង់​​សម្តីនាយ​ប៉ូលិស​​​​​ខេត្ត Miyagi របស់ជប៉ុន​ថា គិតត្រឹម​​​ថ្ងៃ​ទី​​​១៣ មីនា ចំនួនអ្នក​​ស្លាប់ ដោយ​សារ​​គ្រោះ​​ធម្មជាតិ​​រញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​​​៨,៩​រីស្ទ័រ បង្ក​​ឱ្យ​មាន​ស៊ូណាមី​ ដែល​កើត​ឡើង​​​នៅ​ភាគ​ឦសាន​​​ និង​ភាគខា​ងកើត​ប្រទេស​​ជប៉ុន​​កាលពី​​ថ្ងៃទី​​១១ មីនា ​កន្លង​មក ​អាច​កើនឡើង​​ដល់​​ជាង​​​១០.០០០​​​​នាក់ ហើយ​​​​ជាង​​​១០.០០០​នាក់​​​ទៀត​​បាត់ខ្លួន ។​ ការរញ្ជួយ​ដី​នេះ​ជា​បាតុ​ភូត​រញ្ជួយដី​​​ដ៏ខ្លាំង​​បំផុត​​​​ពុំ​ធ្លាប់​​កើតឡើយ​​នៅប្រទេស​ជប៉ុន ។​

ទីភ្នាក់ងារ​​​ព័ត៌​មាន​​​ក្យូដូ​​របស់ជប៉ុន​​រាយ​ការណ៍​ថា ​កាលពី​​ព្រឹកថ្ងៃទី​​១៣ មីនា នាយករដ្ឋ​មន្ត្រី​​​ជប៉ុន លោក​​ណាអូតូ កាន ​បានចេញ​​​ការ​ណែ​នាំ​​​​មួយជម្រុញ​​ឱ្យបង្កើន​​កង​កម្លាំង​​​ស្វ័យការពារ​​ទៅកាន់​​​តំបន់​ដែល​រងគ្រោះ​​ដោយ​សារ​​ការរញ្ជួយដី​​​ឱ្យ​បាន​​១០០.០០០​នាក់ ​សម្រាប់​ប្រតិបត្តិការ​​ជួយសង្គ្រោះ ។ ​ជាមួយគ្នា​នេះ កាលពីព្រឹក​​​ថ្ងៃទី​​​១៣ មីនា ​លោកនាយក​រដ្ឋ​មន្ត្រី​​​ណាអូតូ កាន ​បានកោះ​ធ្វើ​កិច្ចប្រជុំ​​បន្ទាន់​មួយ​​ដើម្បី​​វាយ​តម្លៃ​​​ពីកា​រ​​ខូចខាត​ បង្ក​ឡើង​ដោយ​​ការរញ្ជួយដី​​នេះ ។

ក្នុង​ឱកាស​នៃកិច្ចប្រជុំ​​នោះ លោកណាអូតូ កាន​ ថ្លែង​ថា ​«ខ្ញុំ​​​ស្នើ​​ឱ្យ​​មានកិច្ច​​ខិតខំ​ប្រឹង​ប្រែង​​​ដើម្បីជួយ​សង្គ្រោះ​​ជីវិត​​​អ្នក​នៅ​រស់​​ឱ្យបានច្រើន​​​តាមការ​ដែល​អាច​ធ្វើ​ទៅបាន» ។ ​ទីភ្នាក់​ងារ​​ព័ត៌​មានក្យូដូ​​​​​ឱ្យ​ដឹង​ទៀតថា ​​ការរញ្ជួយដី​​ដ៏​មាន​​ឥទ្ធិពល​​នោះ​បង្កការ​បំផ្លិច​បំផ្លាញ​​ដល់​អគារ​​ធំៗ​​ចំនួន​​​២០.៨២៨​​ផងដែរ ។

  •  ជប៉ុនបើក​ប្រតិបត្តិការ​​ជួយសង្គ្រោះ​​យ៉ាង​ធំ​ ខណៈមាន​​ការ​គំរាម​កំហែង​​នុយក្លេអ៊ែរ​

បន្ទាប់ពី​​​ការ​រញ្ជួយដី​​យ៉ាង​ខ្លាំង​​បំផុត​​ពុំធ្លាប់​ដែលមាន​​នៅជប៉ុន ការព្រួយបារម្ភ​​យ៉ាង​ខ្លាំង​​ក្លា​​បំផុត​គឺ​ចំពោះ​​សភាពការណ៍​ក្នុងមជ្ឈ​ មណ្ឌល​​នុយ​ក្លេអ៊ែរ ​២​នៅ​​ហ្វូគូស៊ីម៉ា ​ចម្ងាយ​​​២៥០គីឡូ​ម៉ែត្រ ​​ខាង​ជើង​ក្រុង​​តូក្យូ ។​ ការ​ផ្ទុះ​​មួយកើតមាន​នៅមជ្ឈមណ្ឌល​​នុយ​ក្លេ​អ៊ែរ ​ហ្វូ​គូស៊ីម៉ា ​ទីមួយ ។ ដំបូល និង​ជញ្ជាំង​របស់​អគារ​​រេអាក់ទ័រ ​នៅទីនោះ​បានបាក់ ។ វិទ្យុស​កម្ម​​មានខ្ពស់​ជាង​​កម្រិត​​មធ្យម​​​នៅ​ទីតាំងនោះ ។ អាជ្ញា​ធរ​​អះអាង​ថា ​គ្រោះថ្នាក់​​វិទ្យុ​​សកម្ម​​មាន​កម្រិត​​៤ ក្នុង​ចំណោម​​កម្រិត​​​​៧ ។ ចំណែក​​​រេ​អាក់ទ័រ​​ទី​២ ​មាន​សញ្ញា​​នៃ​បញ្ហា​​ជា​មួយ​​គ្រោះ​​ថ្នាក់​នៃ​ការ​ផ្ទុះ ។ ​គ្រាប់ស្ករ​​អ៊ីយ៉ូត​ត្រូវ​បាន​​ចែក​ចាយ​ដល់ប្រជាជន​ទាំង​ឡាយ ។ ពួកអ្នក​​រស់នៅ ក្នុង​​រង្វង់​​​២០គីឡូម៉ែត្រ ​​ជុំវិញ​​ទីតាំង​នុយ​ក្លេអ៊ែរ ​នោះ​ត្រូវ​ជម្លៀស​​​ចេញ ។ ​មនុស្ស​​​៣នាក់ ដែល​ទទួល​ការធ្វើ​តេស្តរកឃើញ​​វិទ្យុស​កម្ម ។​

តុល្យ​ការ​​បណ្តោះអាសន្ន​​នៃគ្រោះ​រញ្ជួយដី​​នេះ​អ្នកស្លាប់ និង​បាត់ខ្លួន​ឡើងដល់​​​​១.៨០០​នាក់។ ​សាកសព​មនុស្ស​​​រវាង​ពី​​​៣០០ទៅ​​​៤០០​នាក់ ត្រូវបានរកឃើញ​ក្នុង​កំពង់​ផែ​មួយនា​ភាគ​ឦសាន​​​ជប៉ុន ។ ​ហើយអាជ្ញាធរ​​​បានបាត់​​ដំណឹង​ពី​ប្រជាជន​ប្រមាណ​ជា​​១០.០០០​នាក់​​នៅមី​ណា ​មីសាន់​រីកូ ​​ជា​ទីក្រុង​​កំពង់ផែមួយ​នៅ​ភាគ​ឦសាន​​ ដែលរង​ការ​ប៉ះពាល់​ខ្លាំងជាង​គេ​​​ដោយ​​​ការរញ្ជួយដី​​ និង​រលក​យក្ស​ស៊ូណាមី ។ រដ្ឋាភីបាល​ជប៉ុន​និយាយ​ថា នេះជា​ការ​រញ្ជួយ​ខ្លាំង​បំផុត​​​នៅជប៉ុន​ចាប់តាំង​ពី​​​សករាជ​ MEIJI (ឆ្នាំ​​១៨៦៨ ដល់ឆ្នាំ​​១៩១២) ​មក ​ហើយ ​គេ​គិតថា មនុស្ស​ជា​ច្រើន​​ពាន់នាក់ត្រូវ​ស្លាប់ ។​ កងទ័ព​​ជប៉ុន​បានរកឃើញ​​សាកសពមនុស្ស​​​ពី​​​៣០០​ទៅ​​៤០០នាក់ នៅ​កំពង់ផែរីគូ ​​ហ្សេន​​តា​​កាតា ។ លើសពីនេះទៀត ​សាកសព​មនុស្ស​រវាង​ពី​​​២០០​ទៅ​៣០០នាក់​​ត្រូវបាន​រកឃើញ​នៅ​កន្លែង​​ កំសាន្ត​​មាត់សមុទ្រសេនដាយ (ក្រុង​​មី​យ៉ា​ហ្ស៊ី) ​ក្រោយ​​រលក​​យក្ស​ស៊ូណាមី ​កម្ពស់​​​​១០​​ម៉ែត្រ​​​នៅទីនោះ ។​

គ្រោះ​ថ្នាក់​​នុយក្លេអ៊ែរ​​​​ចំបង​នៅ​មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​​ហ្វូគូ​ ស៊ីម៉ា​លេខ​១ ស្ថិតនៅ​​ភាគ​ឦ​សាន​​​ជប៉ុន​ដែរ គឺការ​ផ្ទុះ​កើត​​ឡើងនា​ថ្ងៃទី​​​១២ មីនា វេលាម៉ោង​​​១៥​និង​​៣៦នាទី​ម៉ោងក្នុងស្រុក ​​ដែលតាម​ទូរទស្សន៍​​រដ្ឋ NHK ថា បណ្តា​​​ល​ឱ្យ​មនុស្ស​របួស​​ជាច្រើន​​នាក់ក្នុង​ចំណោម​​និយោ​​ជិត។ ក្នុងករណី​មានពពក​វិទ្យុស​កម្ម​​​ វិទ្យុ​សកម្ម​នេះ នឹង​​អា​ចប៉ះពាល់​​ដល់​​ឧបទ្វីប​​កាំឆាត់ការ របស់​រុស្ស៊ី ​យ៉ាងហោចណាស់​ក៏​រយៈ​ពេល​​១៤​ម៉ោង​​ដែរ ។​ ​ក្រុង​មីណា​មី ​សាន់​រីគូ ​​មានប្រជា​ជន​​១៧.០០០​​នាក់ អាជ្ញាធរ​និយាយ​ថា បាត់ដំណឹង​ពីមនុស្ស​​ប្រមាណ​​ជា​១០.០០០​នាក់ ​។ ក្នុង​​ទីក្រុង​នេះ​​ ហាក់​ដូច​ជា​នៅសល់អគារ​​តែ​​៣​ប៉ុណ្ណោះ ​​​មន្ទីរពេទ្យមួយ និងទីតាំង​​រៀបការ​មួយ​កន្លែង ព្រម​ទាំង​​អគារ​មួយ​ទៀត ​​ក្រៅពី​នោះ​​​ត្រូវបំផ្លាញ​​​ខ្ទេច ។

  • ​រដ្ឋាភិបាល​​ជប៉ុន​រង​ការ​រិះគន់​​ចំពោះ​​ភាព​យឺតយ៉ាវ​​ក្នុង​ការ​ធ្វើសកម្មភាពទប់ស្កាត់ការ​ផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរ

នាយករដ្ឋ​មន្ត្រី​​ជប៉ុន លោក​ណា​អូ​តូ​ កាន កាលពីថ្ងៃទី​​១៣ មីនា រងការ​រិះគន់​យ៉ាង​ខ្លាំង ​ចំពោះការ​​​បញ្ចេញ​ប្រតិ​កម្ម​​ដែល​គេ​យល់​ថា ​យឺត​យ៉ាវ​​ពេក​របស់​​រដ្ឋាភិបាល​​លោក​ ចំពោះ​ការ​ផ្ទុះ​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​មួយ ក្រោយ​​ការរញ្ជួយដី​​នៅ​​ភាគ​​ឦសាន​ប្រទេស​។​ ​ក្នុង​​អត្ថា​ធិប្បាយ​​​មួយ​​កាសែត​ជប៉ុន​​យ៉ូមី​អ៊ូរី ​​ជា​កាសែត​​ធំបំផុត​​វាយតម្លៃ​ថា ​​រដ្ឋាភិបាល​​​ផ្តល់​ព័ត៌​មាន​​​យឺត​ពី​បញ្ហា​ទាំង​​​ឡាយ​នៃ​ការ​ផ្ទុះ​​ ក្នុង​មជ្ឈ​មណ្ឌល​​នុយ​ក្លេអ៊ែរ​​​ ហ្វូគូ​ស៊ីម៉ា​លេខ​១ ដែល​ការ​ផ្ទុះ​​បានកម្ទេច​​ដំបូល និង​ជញ្ជាំង​​អគារ ដែល​មាន​រេអាក់ទ័រ​​ទីមួយ ក៏ប៉ុន្តែ​​ពុំ​​បណ្តាល​ឱ្យ​បែក​​​រេ​អាក់ទ័រនេះ​​ឡើយ ។ ​ការ​ធ្លាយវិទ្យុ​ស​កម្ម​កើត​មាន​​ជុំវិញ​​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​​នេះ ក៏ប៉ុន្តែ​​រដ្ឋាភិបាល​​​​ប៉ុនប៉ង​​សម្រាល​​ការភ័យ​ខ្លាច​របស់​ប្រជាជន​​ ដោយអះអាង​ថា ពុំ​មាន​​គ្រោះ​ថ្នាក់​​នៃការ​បែកធ្លាយ​​រេអាក់ទ័រ​​ឡើយ និង​ថា ​កម្រិត​​​វិទ្យុស​កម្ម​​មានការ​ថយ​ចុះ​ក្រោយ​​ការ​ផ្ទុះ។

កាសែត​​យូមីអ៊ូរី​​គូស​បញ្ជាក់​ថា ​​៥ម៉ោង​​ក្រោយ​​​​ការ​ផ្ទុះ​​ទើប​រដ្ឋាភិបាល​​ផ្តល់​​​រាល់​ព័ត៌​មាន​​ ទាក់ទិន​ដល់​ការ​ផ្ទុះ​ដែល​​បង្ក​ឱ្យមានការ​ព្រួយ​បារម្ភ​​​ខ្លាំង​ក្នុង​ ចំណោម​​ប្រជាជន​​មូលដ្ឋាន ។​ យោង​តាម​​​​ពួក​អ្នក​​​ឯកទេស​​អាមេរិក​ខាង​បរមាណូ​ថា ការប្រើប្រាស់​​ទឹកសមុទ្រ​​សម្រាប់​បាញ់​ឱ្យ​​ត្រជាក់​​ដល់​រេអាក់ទ័រ​​ នុយក្លេអ៊ែរមួយ​​ដូច​ដែល​​ជប៉ុន​​​បាន​ធ្វើ​ក្នុង​​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​ អ៊ែរ​​ហ្វូគូស៊ីម៉ា ដែល​​រង​ការ​ខូចខាត​​ឧបករណ៍​​បាញ់ទឹក​​ឱ្យ​ត្រជាក់​ដោយ​សារ​ការរញ្ជួយដី​​គឺ ​ជា​​សកម្មភាព​ដោយ​អស់សង្ឃឹម​​​មួយដែល​អាច​​បង្ក​គ្រោះ​​មហន្តរាយ​​​នុយ​ ក្លេ​អ៊ែរ​ដូច​នៅ TCHERNOBYL ។

​អ្នក​ជំនាញ​​ការ​ជា​ច្រើន​​​ព្យាករណ៍​ថា ​គ្រោះ​ថ្នាក់​​​នុយ​​ក្លេអ៊ែរ​​ដូចនៅ​ជប៉ុន​​ក្រោយការ​រញ្ជួយ​ដី​នេះ នឹង​អាច​ធ្វើ​ឱ្យប៉ះពាល់​​ដល់​ការជម្រុញ​​សាខា​​​​ថាមពលនេះ​ក្នុង​​ប្រទេស​​ ជា​ច្រើន ។ ​លោក ROBERT ALVAREZ អ្នកឯកទេស​​ខាង​រំសាយ​​គ្រឿង​​សព្វាវុធ​​​​នុយ​ក្លេអ៊ែរ ​និយាយ​ថា ​សភាពការណ៍​​ក្លាយ​​​ទៅជាគ្រោះថ្នាក់​​​​ដែល​​គេ​នឹក​​​ស្មាន​មិនដល់​​​ ព្រោះ​​ពេល​មាន​អាសន្ន​​​បែបនេះ ​គេ​ពុំ​​មានលទ្ធ ភាព​បញ្ជូន​​ទឹក​សាប​​សម្រាប់បាញ់​​​ឱ្យត្រជាក់​​​ដល់​​រេអាក់ទ័រ​​ ហើយ​ពេល​​ចង់​ធ្វើ​ឱ្យ​​មាន​ស្ថិរ​ភាព​​គេងាក​មក​ប្រើ​ដោយ​​អស់សង្ឃឹម​​នូវ​ ទឹក​សមុទ្រ​​ជំនួសវិញ ។ បន្ទាប់ពី​​មនុស្ស​​​​៣នាក់​រង​ការ​ប៉ះពាល់​ដោយ​វិទ្យុស​កម្ម​​​ កាលពីថ្ងៃទី​​​១២ មីនា មក ​មនុស្ស​​​​១៩​នាក់ទៀត​រង​ការ​​ប៉ះពាល់​ដោយវិទ្យុ​​​សកម្ម​​មកពីមជ្ឈ​មណ្ឌល​ ​នុយ​ក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ា​​ដែរ៕

ច្រក​របៀង​មួយ​នៅ​ស្រុក​ម៉ាឡៃ បើក​ចំហ​មិន​ហាម​ឃាត់

Posted: 13 Mar 2011 08:57 PM PDT

ច្រក​របៀង​​មួយ​ស្ថិត​នៅ​ក្នុងភូមិ​​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ
គេ​ឃើញ​​បើក​ចំហ​ឱ្យ​ពល​ករ​ឆ្លង​ទៅ​ទឹក​ដី​សៀម​​ដោយ​សេ​រី
​ពល​ករ​ទាំង​នោះ គឺ​មក​ពី​​​តាម​បណ្តា​ខេត្ត​​ផ្សេងៗ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ច្រក​របៀង​​មួយ​ស្ថិត​នៅ​ក្នុងភូមិ​​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ ​គេ​ឃើញ​​បើក​ចំហ​ឱ្យ​ពល​ករ​ឆ្លង​ទៅ​ទឹក​ដី​សៀម​​ដោយ​សេ​រី ហើយ​សមត្ថ​កិច្ច​​នៅ​ទី​នោះ​ដែល​មាន​២​​​អង្គ​ភាព​​ត្រូវ​បាន​ស្តី​បន្ទោស​​ថា មិន​បាន​ហាម​ឃាត់​​ផ្ទុយ​ទៅវិញ បែរ​ជា​ដាក់​កុង​ត្រូល​​អង្គុយ​ចាំ​យក​លុយ​ទៅវិញ ។ ច្រក​របៀង​ក្នុង​​ភូមិ​ចំបក់​មួយ​នេះ​នៅ​ចំណុច​ជាយ​ភូមិ​ដែល​មាន​​សមត្ថ​កិច្ច​ធ្វើ​ប៉ុស្តិ៍​ដាក់​កុង​ត្រូល​ ហើយ​ក៏​មាន​រថយន្ត​ជា​ច្រើន​​គ្រឿង​សំរាប់​រង់​ចាំ​​ស៊ីឈ្នួ​ល​​ដឹក​ពល​ករ​ដែល​ចេញ​ពី​​ដី​សៀម​មក​វិញ​​​ដែរ ​ប្រៀប​​ដូច​ជា​ចំណត​រថយន្ត​ទៅ​ហើយ ។ ​

បើ​តាម​ប្រភព​​ពី​ប្រជា​ពល​រដ្ឋ​បាន​​ឱ្យ​ដឹង​ថា ច្រក​ខាង​លើ​​នេះ គឺ មាន​ពល​ករ​ចំណាក​ស្រុក​ឆ្លង​ទៅ​មក​ទឹក​ដី​សៀម​រៀង​​រាល់​​ថ្ងៃ ហើយ​ពល​ករ​ទាំង​នោះ គឺ​មក​ពី​​​តាម​បណ្តា​ខេត្ត​​ផ្សេងៗ ។ កាល​ពី​មុន​ពល​ករ​ត្រូវ​បាន​គេ​ដឹក​តាម​​រថយន្ត​នីស្សាន់​យ៉ាង​ចំហ​ជិះ​ពេញៗ​​​ចូល​ដល់​ជាយ​​ភូមិ ប៉ុន្តែ​​បច្ចុ​ប្បន្ន​​គេ​ឈប់​ដឹក​តាម​រថយន្ត​នីស្សាន់​​ឱ្យ​​ឃើញ​គគ្រឹក​គគ្រេង​ទៀត​ហើយ គឺ​ប្តូរ​រូប​ភាព​​ដឹក​តាម​រថយន្ត​​​កាមរី​វិញ ទាំង​ទៅ​ទាំង​មក​ពីចំណុច​​ច្រក​របៀង​នោះ ។ ពល​ករ​មួយ​​ក្រុម​ដែល​ចេញពី​ទឹក​ដី​សៀម​មាន​ទាំង​កាបូប​ខោ​អាវ​មាន​ទាំង​កូន​តូច​​ផង បាន​ប្រាប់​ថា ពួក​​​គាត់ ទើប​តែ​​វិល​មក​​ពី​ស៊ី​ឈ្នួល​ដាំ​កូន​ឈើ​និង​ដំឡូង​ឱ្យ​សៀម​ តាម​ភូមិ​ក្នុង​ស្រុក​ខ្លង​ហាត ។ ​ពួក​​គាត់​​ចូល​ទៅ​ទឹក​ដី​សៀម​ក៏​​តាមច្រក​នេះ​ដែរ ហើយ​ការ​ឆ្លង​ទៅ​មក​​មិន​មាន​ការ​ហាម​ឃាត់​​ទេ គឺ​ពួក​​​គាត់​បង់​តែ​លុយ​ម្នាក់​២០​បាត​ទាំង​ទៅ​ទាំង​មក​​ជា​ការ​ស្រេច ។

ប៉ូលិស​ការ​​ពារ​ព្រំ​ដែន​​គោក​​វរ​សេនា​តូច​លេខ​៨១៥ ​ប្រចាំ​នៅ​មាត់​​ច្រក​ចេញ​ចូល​ព្រំ​ដែន​​បាន​ប្រាប់​ថា ​ពល​ករ​ដែល​ចេញ​ចូល​ទៅ​​ដី​សៀម​ភាគ​ច្រើន​ គឺ​ទៅ​ព្រឹក​វិល​ល្ងាច ។ ចំណែក​ឯ​​មន្ត្រី​​យោធា​​សឹក​រង​ស្រុក​ម៉ាឡៃ​​​មួយ​រូប​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​និយាយ​ថា ពល​ករ​​​ដែល​ឆ្លង​ទៅ​មក​​ទឹក​ដី​សៀម​គឺ​​​លំបាក​ទប់​ស្កាត់​​ណាស់ ព្រោះ​​ភូមិ​អ្ន​ក​ស្រុក​ ស្ថិត​​តាម​ព្រំ​ដែន ​នៅ​ពេល​ពល​ករ​​លួច​ចេញ​ទៅ​សៀម​​គឺ​​ងាយ​ស្រួល​ជា​ទី​បំផុត។ គេ​កត់​សំគាល់​​ថា ដោយ​សា​រ​គ្មាន​​​ការ​ទប់​ស្កាត់​​ពី​សំណាក់​​សមត្ថ​កិច្ច​តាម​​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ក្នុង​ស្រុក​ម៉ាឡៃ​ ចំពោះ​ពល​ករ​ចំណាក​ស្រុក​ដែល​ឆ្លង​​ទៅ​មក​ទឹក​ដី​សៀម​នេះ​ឯង ទើប​​ពល​ករ​ខុស​​ច្បាប់​ត្រូវ​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​សៀម​ចាប់​​បញ្ជូន​មក​វិញ ជា​រៀង​រាល់​ថ្ងៃ​​ឥត​ឈប់​ឈរ​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ដោយ​​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​២០០​នាក់​​ទេ ៕

អតីត​ប្រធានាធិបតី​​ហៃទី លោក Jeam Aristide នឹង​វិល​ត្រឡប់​​ចូលស្រុកវិញ

Posted: 13 Mar 2011 08:49 PM PDT

អតីត​ប្រធានាធិបតី​​ហៃទី លោក Jeam Aristide នឹង​វិល​ត្រឡប់​​ចូលស្រុកវិញ​

អតីត​ប្រធានាធិបតី​ហៃទី ដែលត្រូវ​បណ្តេញ​​ចេញ​ពី​តំណែង​​​ លោក Jean Bertrand Aristide នឹង​វិលត្រឡប់​ចូល​ស្រុកវិញ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខនេះ ក្រោយពី​​រស់នៅ​នីរទេស​​អស់រយៈ​ពេល​​៧​ឆ្នាំ​​មក ។ ​នេះ​បើ​តាម​​ការ​ឱ្យដឹង​​ដោយ​​មន្ត្រី​​​អាហ្វ្រិក​​ខាងត្បូង​ម្នាក់ ។ ​មន្ត្រី​ដដែល​បាន​​ឱ្យ​​ដឹង​​ទៀត​ថា ​លោក Jean Bertrand  Aristide រស់នៅ​​នីរទេស​ក្នុង​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ។​

​តាម​ប្រភពព័ត៌​មាន​​​ថា ​គោលបំណង​របស់​លោក Jean Bertrand Aristide ក្នុងការ​វិល​ត្រឡប់​​ចូលស្រុកវិញ​នេះគឺ​​ដើម្បីឈរឈ្មោះ​ជា​បេក្ខ​ជន​​សម្រាប់ការបោះឆ្នោត​​ជ្រើសរើស​​ប្រធា​នាធិបតី ។ ប៉ុន្តែ​​មន្ត្រី​ហៃទី​ និងមន្ត្រី​​​អាមេរិក​​អះអាង​ថា ​ការវិលត្រឡប់​ចូលស្រុកវិញ​របស់​លោក Aristide អាចបង្ក​​ផល​ប៉ះ​ពាល់​ដល់​ដំណើរការ​​បោះឆ្នោត ​​ដែលនឹងរៀបចំ​​ឡើង​នៅ​​ថ្ងៃទី​​២០ មីនា ខាងមុខនេះ ។​

កាលពី​​​៣សប្តាហ៍​​កន្លងទៅ​​​ អ្នកគាំទ្រ​​​លោក Aristide ជាច្រើន​​ពាន់នាក់​​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​​នៅ​ទីក្រុងព័រ​អូ​ប្រាំង ​រដ្ឋធានី​​ហៃ​ទី ដោយ​សច្ចា​ថា ​ពួកគេនឹង​​បង្កការ​អាក់​ខាន​ដល់​ដំណើរ​​ការបោះឆ្នោត​​ប្រសិន​បើ​​​លោក Aristide មិនវិលត្រឡប់​ចូលស្រុកវិញដើម្បី​ចូលរួម​ការ​បោះឆ្នោតទេ ៕​

នៅ​ជប៉ុន​ចំនួនអ្នក​ស្លាប់​ចេះ​តែ​កើន​និង​ការ​ភ័យខ្លាច​ចំពោះ​​វិទ្យុសកម្ម​នុយ​ក្លេ​អ៊ែរ​ក៏ខ្លាំង​ដែរ

Posted: 13 Mar 2011 08:41 PM PDT

​
​

កា​រ​គំរាម​កំហែង​​ដោយគ្រោះថ្នាក់​នុយ​ក្លេអ៊ែរ​​​បន្ត​​កើន​នៅ​ជប៉ុន ។ នាយករដ្ឋ​មន្ត្រី​ជប៉ុន​​​លោកណាអូ​ តូកាន ថ្លែង​កាលពីថ្ងៃទី១៣​ មីនា ​​ថា «ខ្ញុំ​ចាត់ទុក​សភាព​ការណ៍​​បច្ចុប្បន្ន​​ជាមួយ​ការ​រញ្ជួយ​ដី ស៊ូណាមី និងមជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ទាំង​ឡាយ​ថា ជា​វិបត្តិ​​យ៉ាង​ធ្ងន់ធ្ងរ​​បំផុត​ពុំ​ធ្លាប់​មាន​៦៥​ឆ្នាំ​មកហើយ​ក្រោយ​សង្គ្រាម​​លោក​លើក​ទី២ ​សម្រាប់​ប្រទេស​ជប៉ុន» ។

​ទីភ្នាក់ងារ​​ថាម​ពល​បរ​មាណូ​​អន្តរ​ជាតិ​រាយ​ការណ៍​ថា ការប្រកាស​អាសន្ន​នុយ​ក្លេ​អ៊ែរ​​ត្រូវ​បាន​ធ្វើ​ ខណៈ​​ដែល​រេ​អាក់​ទ័រ​​​នុយ​ក្លេ​អ៊ែរ​ចំនួន​១៤​​ក្នុង​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ៤​របស់​ជប៉ុន​​រង​ការ​​ប៉ះ​ពាល់​ដោយសារ​ការ​រញ្ជួយ​​ដី​​ដែលពេល​នេះ​ប្រកាសថា ​មាន​កម្រិត​ដល់​ទៅ​៩​រីស្ទ័រ​នោះ។ ទោះ​បី​​ជា​អាជ្ញា​ធរ​សន្តិ​សុខ​នុយ​ក្លេ​អ៊ែរ​​ជប៉ុន​អះ​អាង​ថា មជ្ឈ​មណ្ឌល​​​នុយ​ក្លេ​អ៊ែរ​​​ទាំងនោះ​ត្រូវ​បាន​បញ្ឈប់​ដំណើរ​​ក្តី និង​ថា ពុំ​មាន​ការ​ធ្លាយ​វិទ្យុ​​​សកម្ម​​ណាមួយ​​ទៀត ក៏​​ដោយ​ក៏​មាន​ហេតុ​​ផល​​នៃ​ការ​ព្រួយ​បារម្ភ​​នានា​ដែរ ។ អាជ្ញា​ធរ​បានស្នើ​ដល់​​មនុស្ស​​ទាំង​ឡាយ​ដែល​រស់នៅ​ជុំ​វិញ​ មជ្ឈ មណ្ឌល​​នុយ​ក្លេ​អ៊ែរ​ទាំង​នេះ​ឱ្យ​ជម្លៀស​ខ្លួន​ចេញ​ឆ្ងាយ​​យ៉ាង​តិច​១០គីឡូ​ម៉ែត្រ ពីទីតាំង​​នុយ​ក្លេ​អ៊ែរ​ទាំងនោះ ។

​TEPCO ជាក្រុម​ហ៊ុនអគ្គិសនីក្រុង​​តូ​ក្យូ​ដែល​​ធ្វើ​អាជីវកម្ម​លើមជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូគូ​ស៊ីម៉ា​បញ្ជាក់​ថា ការ​ខូច​ខាត​សំភារ​​ទាំងឡាយ​​ញ៉ាំងឱ្យ​​គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​ត្រជាក់​ដល់​រេ​អាក់ទ័រ​២​នៃ​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ​​ទីមួយ​នៅ​ហ្វូគូ​ស៊ីម៉ា ។ សហ​គ្រាស​នេះនិយាយ​ថា ​ពុំ​មាន​ភ្លើង​គ្រប់ គ្រាន់ ​សម្រាប់​ធ្វើ​​ឱ្យ​រេ​អាក់ទ័រ​​ត្រជាក់ ព្រោះ​ប្រព័ន្ធ បាញ់ទឹក​ឱ្យ​ត្រជាក់​​ត្រូវ​ឈប់​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​​ពេល​មានការរ​ញ្ជួយ​ដី ។

​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​​២​នៅ​ជប៉ុន​ញ៉ាំង​ឱ្យ​មានការព្រួយ​បារម្ព​ចំពោះ​វិទ្យុ​សកម្ម ។​​​ មនុស្ស ​២១៥​.០០០​នាក់​ត្រូវ​បាន​ជម្លៀស​​ចេញ​ក្នុង​រង្វង់​​២០គ.​ម ជុំ​វិញ​​មជ្ឈ​មណ្ឌល​​​នុយ​ក្លេ​អ៊ែររ​ទាំង​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​២៥០​គ.ម​ពីទីក្រុងតូក្យូ ដែល​​មាន​ប្រជាជន​៣៥​លាននាក់ ។ ​​រេ​អាក់ទ័រ​នុយ​ក្លេ​អ៊ែរ​របស់ជប៉ុន​សរុបដល់​ទៅ១១ក្នុង​ចំណោម​​រេ​អាក់ទ័រ​ទាំង​អស់​៥០​ត្រូវបញ្ឈប់​ចាប់​តាំង​​ពីការ​​រញ្ជួយ​ដី​មក​បណ្តាល​ឱ្យមានការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​​អគ្គិសនី ។

​កាល​ពីយប់​ថ្ងៃទី១៣ មីនា វិទ្យា​ស្ថាន​ការ​ពារ​វិទ្យុ​សកម្ម និង​សន្តិសុខ​​នុយ​ក្លេ​អ៊ែរ​​ IRSN ប្រកាស​​ថា ការ​បញ្ចេញ​​វិទ្យុសកម្ម​យ៉ាង​​ច្រើន កើត​មាន​ដំណាល​គ្នានឹងការផ្ទុះ​កាលពីថ្ងៃទី១២ ​មីនា ​នូវអគារ​​រេ​អាក់ទ័រ​​ទីមួយ​​នៃមជ្ឈ​មណ្ឌល​​នុយ​ក្លេអ៊ែរ​​ហ្វូគូ​ស៊ីម៉ា ។ ម្យ៉ាង​វិញទៀត រដ្ឋាភិ​បាល​​ជប៉ុន​​បានព្រមាន​ចំពោះ​គ្រោះថ្នាក់​ថ្មី​នៃ​ការ​ផ្ទុះ​ក្នុង​មជ្ឈ​មណ្ឌលនេះ​មកពីការ​កើនឡើង​នៃ​សម្ពាធ ​អ៊ីដ្រូ​ហ្សែនក្នុង​អគារ​រេ​អាក់ទ័រ​ទី៣ ។

នៅមជ្ឈ​មណ្ឌល​នុយ​ក្លេអ៊ែរ អូណាហ្គោ​វ៉ា ការ​​ប្រកាស​អាសន្នដំបូង​ត្រូវ​បាន​ធ្វើ​កាលពីថ្ងៃទី​១៣​ មីនា ។ ការ​កើន​ឡើង​នៃវិទ្យុ​សកម្ម​​ត្រូវ​បាន​កត់សំគាល់​ឃើញ​ក្នុង​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​នេះ។ មួយ​វិញទៀត បញ្ហា​កើត​​មានក្នុង​ប្រព័ន្ធ​​ធ្វើ​ឱ្យ​ត្រជាក់​នៃ​រេ​អាក់ទ័រ​ទី២របស់​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​តូកៃ​ដែលឧបករណ៍​បាញ់ទឹកឱ្យ​ត្រជាក់​ឈប់ដំណើរ​ការ​ ។ មជ្ឈ​មណ្ឌល​​នេះស្ថិត​នៅ​ចំងាយ​១២០គ.ម ភាគឦសាន​ក្រុង​តូក្យូ ៕

បាញ់​ប្រហា​រ​ទម្លាយ​កញ្ចក់​រថយន្ត ពេល​ម្ចាស់​កំពុង​ដេក​ របួស​ធ្ងន់ ជាការ​ប៉ង​ធ្វើ​ឃាត​ដោយ​រឿង​​គំនុំ

Posted: 13 Mar 2011 08:34 PM PDT

​រថយន្ដ​មាន​ស្នាម​ធ្លុះ​ដោយ​ក្បាល​គ្រាប់
បណ្ដាល​​ឱ្យ​រថយន្ដ​កា​មេ​រី​មួយ​គ្រឿង​ត្រូវ​បែក​កញ្ចក់
ឯ​នៅ​លើ​ពូក​រថយន្ដ​មាន​ស្នាម​ធ្លុះ​ដោយ​ក្បាល​គ្រាប់​ និង​ប្រឡាក់​​ឈាម​

ខេត្ត​ក្រចេះ ៖ ស្នូរ​កាំភ្លើង​អាកា​បាន​​ផ្ទុះ​ឡើង​ចំនួន​បី​គ្រាប់​​ផ្ទួនៗ​គ្នា​​ទាំង​កណ្ដាល​យប់​ស្ងាត់ បណ្ដាល​​ឱ្យ​រថយន្ដ​កា​មេ​រី​មួយ​គ្រឿង​ត្រូវ​បែក​កញ្ចក់ និង​បុរស​ម្នាក់​ដែល​ដេក​ក្នុង​រថយន្ដ​ត្រូវ​រង​របួសធ្ងន់ ដោយ​ការ​ផ្ទុះ​អាវុធ​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា ជា​រឿង​ប៉ុនប៉ង​មនុស្ស​​ឃា​ត​​ ដោយ​សារ​គំនុំ​។

ហេតុការណ៍​ផ្ទុះអាវុធ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១១ មីនា ទៅ​លើ​បុរស​រង​គ្រោះ​ឈ្មោះ​ខាន់ សង្ហា អាយុ​៤០​ឆ្នាំ ជាម​ន្ដ្រី​យោធា​បំរើ​ការងារ​នៅ​​វរៈ​សេនា​តូច​ការ​​ពារ​ព្រំដែន​គោក​លេខ​២០៤ ខ​ណៈ​ពេល​ដែល​ជន​រង​គ្រោះ​ដេក​ក្នុង​រថយន្ដ​ម៉ាក​កា​ម​​រី​គូថ​ស្វិត ​ពណ៌​ស ដែល​ឈប់​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​ស្ថិត​នៅ​ភូមិ​តា​សោម ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល​។

ជន​រង​គ្រោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​លប​បាញ់​ចំនួន​បី​គ្រាប់​តាម​កញ្ចក់​ក្រោយ​រថយន្ដ​ធ្លាយ​ទៅ​ដល់​កញ្ចក់​មុខ​បណ្ដាល​​ឱ្យ​​បែក​កញ្ចក់​រថយន្ដ​ខ្ទេច និង​ត្រូវ​ចំ​ជន​រង​គ្រោះ​មួយ​គ្រាប់​ពីក្រោយ​បណ្ដាល​​ឱ្យ​រង​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្នុ​ងរាជ​ធានី​​ភ្នំពេញ​។

ក្រោយ​ពេល​បង្ក​​សកម្មភាព​រួច​ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​បាត់​ភ្លាម​ដោយ​សុ​វត្ថិ​ភាព ពុំ​មាន​បន្សល់​ទុក​នូវ​​វត្ថុ​​តាង​ណាមួយ​សម្រាប់​សមត្ថ​កិច្ច​ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​នោះ​ទេ។ កំលាំង​ជំនាញ​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ដ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ គឺ​រក​ឃើញ​តែ​សំបក​គ្រាប់​កាំភ្លើង​ធុន​អាកា​​ចំនួន​បី​គ្រាប់ រីឯ​នៅ​លើ​ពូក​រថយន្ដ​មាន​ស្នាម​ធ្លុះ​ដោយ​ក្បាល​គ្រាប់​ និង​ប្រឡាក់​​ឈាម​។ ​ចំណែក​​កញ្ចក់​រថយន្ដ​ខាង​ក្រោយ​​ត្រូវ​បែក​សុះ​ខ្ទេច​។

លោក​វរ​​សេនីយ៍​ត្រី ចាន់ សុខ​គី​ម នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះអាវុធ​របស់​ខ្មាន់កាំភ្លើង​ទៅ​លើ​ជន​រង​គ្រោះ​នេះ​គឺ​សមត្ថ​កិច្ច​​​អាច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បណ្ដាល​មក​ពី​រឿង​គំនុំ។ ចំណែក​ការ​ស្រាវជ្រាវ​ស្វែ​រក​លើ​មុខ​សញ្ញា​ជន​ដៃដល់​ គឺ​កំលាំង​នគរបាល​ក៍​កំពុង​តែ​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ស្វិតស្វាញ​ផង​ដែរ​៕

រថយន្ត​កាមរី​ដឹក​ឈើ​គ្រញូង​​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​​សេដ្ឋ​កិច្ច

Posted: 13 Mar 2011 08:30 PM PDT

រថយន្ត​កាមរី​ដឹក​ឈើ​គ្រញូង​​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​​សេដ្ឋ​កិច្ច​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​កាមរី​ដឹក​ឈើ​​គ្រញូង​ចំនួន​៨​ដុំ ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​​ស្រុក​មង្គល​បុរី ដេញ​តាម​​ប្រមាញ់​​រហូត​​ម្ចាស់​ភ័យ​​ស្លន់​ស្លោរ​រត់​ចោល​រថយន្ត​​ដ៏​ទំនើប​​គេចខ្លួន​បាត់​ស្រមោល​ ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​​នៅ វេលា​ម៉ោង​​៣​រសៀល ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​ត្រាង ឃុំ​បន្ទាយ​នាង ស្រុក​​មង្គល​បុរី ។

​លោក​វរ​សេនីយ៍​ត្រី ផុន សាលីម អធិការ​នគរ​បាល​​ស្រុក​មង្គល​បុរី បាន​ឱ្យ​ដឹង​ថា ​ដោយ​ការ​ចង្អុយ​​ណែ​នាំ​​ពី​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ​​ក្នុង​ការ​ទប់​ស្កាត់​​ និង​បង្ក្រាប​​​នូវ​រាល់​បទ​ល្មើស ​ព្រម​ទាំង​​ការ​ផ្តល់​ព័ត៌​មាន​​ពី​ប្រជា​ពល​រដ្ឋ​​​បាន​ទាន់​​ពេល​ លោក​បាន​ចាត់​តាំង​​កម្លាំង​ធ្វើ​ការ​​ល្បាត​ស្រាវជ្រាវ។ ​ពេល​អ្នក​បើក​​​រថយន្ត​​ដឹក​ឈើ​គ្រញូង​ឃើញ​​កម្លាំង​សមត្ថ​កិច្ច​ល្បាត ​​​ក៏​ព្យា​យាម​បើក​រថយន្ត​​​គេច​​​ចូល​ទៅ​​​ភូមិត្រាង ឃុំ​បន្ទាយ​នាង ហើយ​រត់​គេច​ខ្លួន​បាត់​ ​ទើប​កម្លាំង​​របស់​លោក​បាន​នាំ​យក​​រថយន្ត​នោះ​​មក​កាន់​អធិ​ការ​ដ្ឋាន និង​ធ្វើការ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​​ និង​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ខេត្ត ដើម្បី​ចាត់​ការ​បន្ត ។

​លោក​វរ​សេនីយ៍​ត្រី ចាប សុផា​ឫទ្ធិ នាយ​ការិយា​ល័យ​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​និង​លោក​វរ​សេនីយ៍​​ទោ យិន ​ពិសិទ្ធ អនុ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​នៃ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ពួក​ឈ្មួញ​ទុច្ចរិត​ដែល​រក​ស៊ីលួច​ដឹក​ឈើ​គ្រញូង​ ច្រើន​តែ​​ប្រើ​ប្រាស់​រថយន្ត​ទំនើប​​ៗហើយ​​​ស្លាក​លេខ​រថយន្ត​ទៀត គឺ​ពួក​គេ​ប្រើ​ប្រាស់​មិន​តិច​ជាង​២​​ទេ ​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថ​កិច្ច​​។ ជាក់​ស្តែង​​ដូច​រថយន្ត​​​ដែល​សមត្ថ​កិច្ច​​​បង្ក្រាប​បាន​​នេះ ​ជា​ប្រភេទ​រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ដឹក​ឈើ​​គ្រញូង​ចំនួន​៨​កំណាត់ និង​មាន​​ស្លាក​លេខ​ចំនួន​២ គឺ​ស្លាក​លេខ​ទី​១ ភ្នំពេញ 2I-1653 និង​ទី២ ភ្នំពេញ 2M-6703 ។

​លោក​វរ​សេនីយ៍​ទោ យិន ​ពិសិទ្ធ បាន​បន្ត​ថា ឈើ​គ្រញូង​ទាំង​៨កំណាត់ ​និង​រថយន្ត​​បាន​ប្រគល់​ឱ្យ​​ជំនាញ​មេ​ព្រៃ​​ខេត្ត​បន្ទាយ​មាន​ជ័យ​រក្សា​ទុក។ ​ឈើ​​គ្រញូង​ទាំង​៨​កំណាត់​​​នោះ​បើ​តាម​ការ​វាស់​វែង​ក្នុង​១​កំណាត់​ស្មើ​នឹង​២​ម៉ែត្រ គិត​សរុប​គឺ​ស្មើ​០,៧៨៤​ម៉ែត្រ​គូប ៕

អ្នក​នាំពាក្យ​​ក្រសួង​ការបរទេស​អាមេរិក​​សុំ​លាលែង​ចេញពីតំណែង

Posted: 13 Mar 2011 08:26 PM PDT

​លោក Philip Crowley

អ្នកនាំពាក្យក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក Philip Crowley បានសុំ​លា​លែង​​ចេញ​ពីតំណែង​កាលពីថ្ងៃទី​១៣ មីនា ​កន្លង​មក ​ដោយសារ​​ការ​​ធ្វើ​អត្ថា​ធិប្បាយ​​​របស់លោក​ស្តី​អំពីការ​​ប្រព្រឹត្ត​​របស់​ទាហានអាមេរិក ​ដែល​ត្រូវ​សង្ស័យ​ថា ធ្វើ​ឱ្យ​​លិច​​ធ្លាយ​​ឯកសារ​​​ការទូត​សម្ងាត់​​របស់​​អាមេរិក ។​

រដ្ឋ​មន្ត្រី​ការបរទេស​​អាមេរិក ​លោកស្រី​​ហ៊ីល ឡារី គ្លីនតុន ​ថ្លែង​ថា លោកស្រី​​​មានការ​សោក​ស្តាយ​​ណាស់ ដែល​​​លោក Philip Crowley ជា​អ្នក​នាំពាក្យក្រសួង​​ការបរទេស​​ និងជា​ឧបការី​​​ទទួល​បន្ទុក​​កិច្ច​ការ​​សាធារណៈ ​សុំ​លាលែង​​ចេញ​ពីតំណែង​​ ហើយ​​ថា លោកស្រី​​ទទួល​យក​ការ​សុំ​លាលែង​នេះ​ទាំង​ការ​សោកស្តាយ​​ជា​ទីបំផុត ។​

លោក Philip Crowley ត្រូវបានដក​ស្រង់​សម្តី​​ដែលថ្លែង​​ក្នុងសេចក្តី​​​ថ្លែ​ងការណ៍​​​មួយ​ថា «​បើ​​ពិនិត្យ​​មើលពី​ផលប៉ះពាល់​​ដោយ​សារ​ការ​​​អត្ថាធិប្បាយ​​​របស់ខ្ញុំ ​គឺ​ខ្ញុំ​ត្រូវ​តែទទួល​ខុសត្រូវ​ចំពោះ​​បញ្ហា​នេះ​​ ដូច្នេះ​ខ្ញុំ​​គ្មានអ្វី​​ក្រៅ​ពី​​ដាក់ពាក្យ​​សុំ​លាលែង​​​ចេញ​​ពីតំណែង​​ដើម្បី​លុប​លាង​​​ទោស​កំហុស​​របស់ខ្ញុំ​ឡើយ​» ។​

លោក Crowley ​បាន​ថ្លែង​​នៅវិទ្យាស្ថាន​បច្ចេក​វិទ្យា​​រដ្ឋ​ម៉ាសា​ជូសេត​ថា ការប្រព្រឹត្ត​​របស់​អតីត​​​អ្នក​វិភាគ​ចារ​កម្ម​ ដែលត្រូវ​កាត់​ទោស​​ដាក់ពន្ធនាគារ​ជា​រឿង​​​ឆ្កួតៗ គួរ​ឱ្យ​អស់​សំណើច ។ ​អ្នកវិភាគ​​ចារ​កម្ម​រូបនេះ​ត្រូវ​​បាន​ចាប់​ខ្លួន​​កាលពីខែ​ឧសភា ​ឆ្នាំ​២០១០ ​កន្លងមក ​ពី​ប​ទ​ចោទ​​ប្រកាន់​​ «ដោនឡូត​» ឯកសារ​​ការទូត​សម្ងាត់​​​របស់​​អាេមរិក​ជា​ច្រើន​​​ពាន់​ឯកសារ ​ស្តី​អំពី​​​សង្គ្រាម​​នៅអ៊ីរ៉ាក់​​ និងអាហ្វ​ហ្គានីស្ថាន ហើ​យ​ផ្តល់​​​ឯកសារ​​ទាំង​នេះ​​ទៅ​ឱ្យគេ​ហទំព័រ​ Wikileaks ៕

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​ព្រមាន​ដល់​មន្ត្រី​សង្កាត់​នានា​ដែល​យក​ លុយ​ពី​ឡាន​ដឹក​ដី​ធ្វើ​ម៉ុង​ខ្មោច​ និង​យក​លុយ​ពី​ពល​រដ្ឋ​ក្រី​ក្រ​ត្រូវ​បញ្ឈប់

Posted: 13 Mar 2011 08:19 PM PDT

លោក​គិត​ សុផា អភិ​បាល​ខណ្ឌ​ដង្កោ​ បាន​ព្រមាន​ខ្លាំងៗ​ដល់​លោក​មេ​ភូមិ​ និង​អាជ្ញា​ធរ​សង្កាត់​មួយចំនូន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​គិត​ សុផា អភិ​បាល​ខណ្ឌ​ដង្កោ​ បាន​ព្រមាន​ខ្លាំងៗ​ដល់​លោក​មេ​ភូមិ​ និង​អាជ្ញា​ធរ​សង្កាត់​មួយ​ដែល​តែង​តែ​យក​លុយ​ពី​រថ​យន្ត​ដឹក​ដី​ដោយ​​គ្រាន់​តែ​ដឹក​​៤​ទៅ​៥​ឡាន​សំរាប់​ពូន​ផ្នូរ​ប៉ុណ្ណោះ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​អ្នក​ដែល​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​​ក្រី​ក្រ​ដែល​មាន​លុយ​បន្តិច​បន្តួច​សាង​សង់​របង​ផ្ទះ ឬ​សំណង់​តូច​តាច​នោះ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ ព្រោះ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ច្រឡំ​ដល់​គណៈ​អភិ​បាល​ខណ្ឌ​​ថា ជា​អ្នក​ប្រើ​ឱ្យ​ទៅ​យក​ តែ​កន្លង​មក​គណៈ​អភិ​បាល​ខណ្ឌ​​មិន​ដែល​បាន​ប្រើ​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ​។

លោក​បន្ត​ថា លោក​មេ​ភូមិ​ លោក​ចៅ​សង្កាត់​គ្រប់​រូប​ត្រូវ​ពិនិត្យ​មើ​ល​ឱ្យ​បាន​ច្បាស់​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ពិត​ប្រាកដ​ពេល​ពួក​គាត់​សាង​សង់​របង​ផ្ទះ ឬ​សំណង់​តូច​តាច​គួរ​សំរួល​ឱ្យ​ពួក​គាត់​ធ្វើ​ទៅ ឱ្យ​តែ​ពួក​គាត់​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​ដូច​ជា​ការ​ទុក​គំលាត​ ឬ​ចំណី​ផ្លូវ​តាម​ច្បាប់​កំណត់​របស់​ភូមិ​បាន​ហើយ​។ ជាង​នេះ​ទៅ​ទៀត​ចំពោះ​​ច្បាប់​សាង​សង់​លោក​មេ​ភូមិ​ត្រូវ​កាន់​​ទៅ​ជួប​លោក​ឱ្យ​តែ​អ្នក​ក្រី​ក្រ​ពិត​ប្រាកដ​លោក​​នឹង​ចុះ​ហត្ថ​លេខា​ ដោយ​មិន​​ឱ្យបង់​ប្រាក់​ឡើយ​។ ដោយ​ឡែក​ការ​ផ្ទេរ​សិទ្ធិ​ដី​ធ្លី​វិញ​ក៏​ត្រូវ​​តែ​ជួយ​សំរួល​ដល់​ប្រជា​ពល​រដ្ឋ​ក្រី ក្រ​ដែរ។​ លោក​មេ​ភូមិ​ ឬ​ចៅ​សង្កាត់​ត្រូវ​ជួយ​​ពន្យល់​​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​កុំ​ឱ្យ​ពួក​គាត់​ប្រគល់​ឯក​សារ​ដល់​អ្នក​ផ្សេង​រត់​ការ​ដែល​នាំ​ឱ្យ​គេ​ទារថ្លៃ​​រត់​ការខ្ពស់​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​បង់​ថវិកា​ច្រើន​​ ហើយ​លោក​មេ​ភូមិ​​ឬ​លោក​ចៅ​សង្កាត់​គួរ​តែ​ជួយ​កាន់​ឯក​សារ​ទៅ​សាលា​ខណ្ឌ​ជូន​ពួក​គាត់។

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពេល​​លោកសំណេះ​សំណាល​ជាមួយ​​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សង្កាត់​ កន្ទោក​ និង​សង្កាត់​បឹង​ធំ​ដែល​សង្កាត់​ទាំង​ពីរ​នេះ​ទើប​ចាត់​បញ្ចូល​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​ខណ្ឌ​ដង្កោ​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​​។ ពិធី​សំណេះ​សំណាល​នោះបាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ នៅ​ក្នុង​វត្ត​ស្ងួន​ពេជ្រ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។​
អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី នោះ​មាន​លោក​ហែម ដារិទ្ធិ លោក​សេង គន្ធ អភិ​បាល​រង​ខណ្ឌ​ សមា​ជិក​ សមា​ជិកា​គណ​បក្ស​ខណ្ឌ និង​សមា​ជិក សមា​ជិកា​គណ​បក្ស​សង្កាត់​​បឹង​ធំ​ និង​សង្កាត់​កន្ទោក​ជាង​២០០​នាក់​។

លោក​គិត សុផា ​បាន​ផ្តាំ​ផ្ញើ​ឱ្យ​សមា​ជិក​ សមា​ជិកា​ទាំង​អស់​នោះ​សាមគ្គី​ភាព​គ្នា ​ត្រូវ​មើ​ល​សមា​ជិក​ដែល​បាត់​បង់​សមត្ថ​ភាព​កុំ​បោះ​បង់​ចោល​ពួកគេ និង​មិន​ត្រូវ​រើស​អើង​ជាមួយ​​ពួក​គេ​​ទេ​។ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ចេះ​អូស​ទាញ​សមា​ជិក​​ពី​ខាង​ក្រៅ​ និង​ចេះ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​របស់​គណ​បក្ស​ ជា​ពិសេស​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​ការ​ងារ​ ការ​កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផ្សព្វ​ផ្សាយ​ពី​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​។ លោកបាន​ស្នើ​សុំ​ឱ្យ​សមា​ជិក​ទាំង​អស់​ត្រូវ​តែ​ស្មោះ​ត្រង់​នឹង​គណ​បក្ស​ និង​ត្រូវ​តែ​រាយ​ការណ៍​ជា​បន្ទាន់​ បើ​ដឹង​ថា កន្លែង​ណា​មាន​ការ​លេង​ល្បែង​ស៊ីសង​ ឬ​សេព​គ្រឿង​ញៀន​។ សមា​ជិក​ សមា​ជិកា​ទាំង​អស់​​ប្តេជ្ញា​ចិត្ត​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​​កម្ពុជា និង​គាំ​ទ្រ​សម្តេច​អគ្គ មហា​សេនា​បតី​តេជោ​ហ៊ុន សែន ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ជា​រៀង​រហូត​។ ក្នុង​ពិធី​នោះក៏​បាន​ផ្តល់​ឱ្យ​សមា​ជិក​ សមា​ជិកា​ដែល​ចូល​រួម​ក្នុង​​ម្នាក់​សារុង​១​ និង​​ប្រគល់​ថវិកា​ដល់​​​គណ​បក្ស​សង្កាត់​នីមួយៗ២០​ម៉ឺន​រៀល​ ដែល​អំណោយ​នេះ​ឧបត្ថម្ភ​ដោយ​លោក​កែប ជុតិមា​៕

ចាប់​ខ្លួន​ក្មេង​ប្រុស​​លួច​លុយ​ និង​សំភារ​ក្នុង​សមា​គម​ជន​ឥត​ទី​ពឹង

Posted: 13 Mar 2011 08:14 PM PDT

ការ​ឃាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​​ប្រុស​ជំទង់​មា្នក់​​ត្រូវ​​ប្រធាន​សមា​គម​​ជន​ឥត​ទី​ពឹង​ ឬ​ហៅ​ថា​សមា​គម​មែក​ឈើ​ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​កំបូលពី​បទ​លួច​លុយ​របស់​ជន​ជាតិ​បរទេស​ចំនួន​៤.០០០​ដុល្លារ​ ព្រម​ទាំង​​ទូរ​ស័ព្ទ​ដៃ​ និង​សំភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

ការ​ឃាត់​ខ្លួន​ក្មេង​ប្រុស​ជំទង់​នោះ​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០១១ នៅក្នុង​សមា​គម​​ស្ថិត​នៅ​ក្នុង​ភូមិ​លិច​វត្ត​ សង្កាត់​កំបូល ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ ក្មេង​ប្រុស​ជំទង់​រូប​នោះ​ឈ្មោះ​សំ​ តុលា អាយុ​១៦​ឆ្នាំ ជា​ក្មេង​កំព្រា​​ស្នាក់​នៅ​ក្នុង​សមា​គម​ជន​ឥត​ទី​ពឹង​ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​កោះ​ដាច់​ សង្កាត់​កោះ​ដាច់​ ខណ្ឌឫស្សី​កែវ រាជ​ធានីភ្នំពេញ​។ ចំណែក​ឯ​​ជន​រង​គ្រោះ​ឈ្មោះ​ជែម ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជា​ជន​ជាតិ​សិង្ហ​បុរី​បាត់​លុយ​ចំនួន​៤.០០០​ដុល្លារ​ ទូរ​ស័ព្ទ​ដៃ​៣​គ្រឿង ព្រម​ទាំង​សំភារ​​ជា​ច្រើន​ទៀត។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​សិង្ហ​បុរី​នោះ​បាន​​ស្នាក់​នៅ​ក្នុងសមា​គម​​​ដើម្បី​ត្រៀម​ធ្វើ​ផ្ទះ​​ ធ្វើ​អគារ​ឱ្យ​សមា​គម​ជន​ឥត​ទី​ពឹង ហើយ​តាម​គំរោង​គឺ​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​១០​ថ្ងៃ​ទៀត​។ ដោយ​ឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​​១២ មីនា ខណៈ​បុរស​សិង្ហ​បុរី​​ដេក​លង់​លក់​នៅ​ក្នុង​សមា​គម​ហើយ​ពុំ​ដឹង​ថា​បិទទ្វារ​​ខ្ទាស់​គន្លឹះ​ ឬ​អត់​ទេ​ក៏​ត្រូវ​ក្មេង​ប្រុស​ជំទង់​​នោះ​​ចូល​ទៅ​លួច​យក​កាបូប​លុយ និង​សំភារ​អស់​គ្មាន​សល់​។ លុះ​ព្រឹក​ឡើង​​​​ដឹង​បាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​​ពុំ​មាន​នរណា​ដឹង​ថា ក្មេង​ប្រុស​ជំទង់​នោះ​គឺ​ជា​អ្នក​លួច​ឡើយ ។ ​

ប្រធាន​សមា​គម​បាន​ប្រមូល​ក្មេងៗ​ និង​អ្នក​នៅ​ក្នុង​សមា​គម​ទាំង​អស់​ទៅ​ជួប​ជុំ​គ្នា​សួរ​នាំ និង​ពិនិត្យ​មើល​ទឹក​មុខ ។ ដោយសារ​ក្មេង​ប្រុស​ជំទង់​​នោះ​ធ្លាប់​លួច​ទូរ​ស័ព្ទ​នៅ​ក្នុង​សមា​គម​​រូប​គេ​មាន​ទឹក​មុខ​ខុស​ពី​គេ​ឯង​ ទើប​ត្រូវ​ប្រធាន​សមា​គម​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​តែ​ម្តង​។

​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់​ខ្លួន​ក្មេង​ប្រុស​នោះ​សារភាព​ពី​កំហុស​របស់​គេ​​។​ គេ​ឆ្លើយ​ថា ក្នុង​ចំណោម​លុយ​៤.០០០​ដុល្លារ​នោះ​គេ​​ចាយ​អស់​ចំនួន​១.០០០​ដុល្លារ​ហើយ​​ ឯ​លុយ​៣.០០០​ដុល្លារ​ទៀត​រូប​គេ​យក​ទៅ​លាក់​ទុក​ក្នុង​បង្គន់​។ ពេល​​ប៉ូលិស​នាំ​គេ​ទៅ​រក​លុយ​នោះ​ ​គេ​ប្រាប់​ប៉ូលិស​ថា មិន​មែន​​លាក់​ក្នុង​បង្គន់​ទេ គឺ​លាក់​នៅ​ក្នុង​គុម្ព​ឫស្សី​ជិត​សមា​គម​។ ខណៈ​ប៉ូលិស​​នាំ​គេ​ទៅ​រក​លុយ​នោះ​គេបែរ​ជា​​ប្រាប់​ប៉ូលិស​ថា មិន​មែន​នៅ​ក្នុង​គុម្ព​ឫស្សី​​ទេ គឺ​រូប​គេ​មិន​ហ៊ាន​ចាយ​ក៏​ហែក​លុយ​ចោល រួច​​បោះ​ចូល​ទៅ​ក្នុង​បង្គន់​អស់​ហើយ​។ ​ប៉ូលិស​មិន​ជឿ​​ការ​និយាយ​បែប​នោះ​ទេ ហើយ​ព្យាយាម​សួរ​ដេញ​ដោល​ទើប​គេ​​ប្រាប់​ថា លុយ​នៅ​សល់​ និង​សំភារ​ផ្សេងៗ​ រូប​គេ​​យក​ទៅ​ផ្ញើ​បង​ប្អូន​នៅ​ក្នុង​ភូមិ​សា​ឡូង សង្កាត់​កំបូល​។

ប្រភព​ដដែល​បន្ត​ថា ប៉ូលិស​តាម​ទៅ​រក​នៅ​ទី​នោះ​ទៀត ប៉ុន្តែ​ពេល​ទៅ​ដល់​​​ម្ចាស់​ផ្ទះ​​អត់​ដឹង​រឿង​អ្វី​ទាំង​អស់​គឺ​ក្មេង​ប្រុស​រូប​នោះ​និយាយ​កុហក​ និង​ធ្វើ​ចរិត​ដូច​មនុស្ស​មិន​គ្រប់​ទឹក​។ លើស​ពី​នេះ​គេ​បាន​ឆ្លើយ​ដាក់​យុវ​ជន​​២​នាក់​ទៀត​ថា ជា​អ្នក​រួម​គំនិតជាមួយ​គេ​​។ ពេល​ប៉ូលិស​នាំ​ខ្លួន​​យុវ​ជន​​២នាក់​នោះ​មក​សាក​សួរ​ ​ពួក​គេ​បដិ​សេធ​ថា អត់​បាន​ដឹង​​ឡើយ​។ ​ពេល​នេះ​​ប៉ូលិស​កំពុង​លួង​លោម​​ឱ្យ​ក្មេង​ប្រុស​នោះ​ប្រគល់​លុយ​​ឱ្យ​ម្ចាស់​ដើម​វិញ​ ប៉ុន្តែ​ពុំ​ដឹង​ថា គេ​ព្រម​ប្រគល់ ឬ​អត់​ទេ ៕

២នាក់​​លួច​ម៉ូតូ​​មកពី​​ស្រុកអូររាំងឪមកអស់​លក្ខណ៍​នៅក្រុងសួង

Posted: 13 Mar 2011 08:03 PM PDT

ជនសង្ស័យចំនួន២​នាក់​ក្នុងចំណោមបក្សពួក៣នាក់ ​ត្រូវកម្លាំង​​នគរ​បាលក្រុងសួងឃាត់​ខ្លួន

ខេត្តកំពង់​ចាម​ ៖ ជនសង្ស័យចំនួន២​នាក់​ក្នុងចំណោមបក្សពួក៣នាក់ បាន​ត្រូវកម្លាំង​​នគរ​បាលក្រុងសួងឃាត់​ខ្លួន​កាលពីវេលា​ម៉ោង១១​ព្រឹកថ្ងៃទី១២ មីនា ២០១១ នៅ​ភូមិសួងកើត​ សង្កាត់សួង ក្រុងសួង ខណៈយកម៉ូតូសេ១២៥​មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០១០ មកលក់មិន​មានឯក​សារ​អ្វីទាំងអស់ ហើយក្រោយមកទើប​ធ្លាយជា​ករណីកាច់សោ.កម៉ូតូយកមកពីស្រុក​អូរ​រាំងឪ ​និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរ​បាល​ក្រុងសួងដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី​លាង អេង អធិ​ការ​នគរ​បាលក្រុងសួង​បានប្រាប់ថា​ មានអ្នកទិញ​ម៉ូតូ​ម្នាក់​បានរាយការណ៍មកកាន់រូបលោកថា មាន​​មនុស្សចំនួន៣នាក់ជិះម៉ូតូ១គ្រឿង​ខាងលើ យកមកលក់ដោយមិនមានលិខិត​ស្នាម​ តែមិន ទាន់និយាយពីតម្លៃ​ទេ ហើយដោយ​មាន​ការ សង្ស័យក៏បានទូរស័ព្ទមក​ប្រាប់ ។ ក្រោយ​ពី ទទួលបានព័ត៌មាននេះ​ភ្លាម ​រូបលោកបានចាត់​ឱ្យកម្លាំង​​ក្រោមឱវាទចុះទៅសហការជាមួយ​នឹងប៉ុស្តិ៍​រដ្ឋ​បាលសង្កាត់សួងទៅកាន់កន្លែង​​នោះជាបន្ទាន់ ។ ពេល​សមត្ថកិច្ចទៅដល់​ ជន​ម្នាក់​ឈ្មោះឆូយ បាន​រត់​គេច​ខ្លួន​បាត់​និងឃាត់​ខ្លួន​បាន២នាក់​ គឺឈ្មោះជឿន ការូ ភេទប្រុស អាយុ​២១ឆ្នាំ រស់នៅភូមិព្រៃ ​ឃុំជាំក្រវៀន ស្រុក​មេ​មត់ និងឈ្មោះថន សុក ភេទប្រុស អាយុ២០​ឆ្នាំ រស់នៅភូមិ​បង្ហោយហួស​ ឃុំ-ស្រុកជាមួយ​គ្នា ព្រមទាំង​បានដកហូតម៉ូតូ១គ្រឿង​ធុន​សេ១២៥ បញ្ជូនមកកាន់អធិការដ្ឋានក្រុងសួង ​។ ក្រោយ​​ពី​ត្រូវ​ឃាត់​ខ្លួន​ក្រុមនេះឆ្លើយសារភាពថា ម៉ូតូនេះ​ត្រូវបាន​ឈ្មោះ​ឆូយ ជាអ្នកកាច់សោ.កយកមក​ពី​ស្រុក​អូរ​រាំងឪ ។

ចំណែក​លោកអនុសេនីយ៍ឯកញ៉ែម សុខុម អធិការ​នគរបាលស្រុកអូររាំងឪវិញបានប្រាប់ថា ម៉ូតូសេ១២៥​ នេះជាកម្មសិទ្ធិរបស់បុរសឈ្មោះ សៅ សុផា អាយុ៣២ឆ្នាំ រស់នៅភូមិលេខ២ ឃុំគង​ជ័យ ស្រុកអូររាំងឪ ត្រូវបានក្រុមសាច់​ញាតិជិះ​ចេញពីផ្ទះមកលេងផ្ទះមិត្តភក្តិនៅ​ក្នុង​ភូមិ ជាមួយគ្នា​ ​កាលពីវេលាម៉ោង៦និង៤០​នាទី​ល្ងាច​ថ្ងៃទី៥មីនា ហើយពេលឈប់​បានចាក់សោត្រឹម​ត្រូវ ប៉ុន្តែ​​គ្រាន់តែចូលទៅបានបន្តិចប៉ុណ្ណោះ ក៏ត្រូវ​ក្រុមចោរកាច់សោ.កជិះយកទៅ​បាត់​។ បន្ទាប់មកម្ចាស់ម៉ូតូ​បាន​ប្តឹងមករូប​លោក​ដើម្បី​ឱ្យ​ជួយអន្តរាគមន៍​តាមរក ហើយក្នុងប្រតិបត្តិ​ការ​តាមរកនោះបានទាក់​ទងជាមួយនឹងស្រុក៦​ដែលមានភូមិសាស្រ្ត​នៅជាប់ជាមួយស្រុក​អូររាំងឪ តែមិន​ទទូល​​បានលទ្ធផលទេ ព្រោះ​យប់ទៅហើយ​ ។ ​នារសៀលថ្ងៃទី១២ មីនា ស្រាប់តែ​លោកអធិការនគរបាលក្រុងសួងបាន​ទូរស័ព្ទមក​ប្រាប់ពីការចាប់បានជនសង្ស័យ២​នាក់ដោយដកហូត​បានម៉ូតូ១គ្រឿងដូច​ខាងលើ និងបានប្រាប់​លេខម៉ាស៊ីនម៉ូតូផងនោះ ធ្វើឱ្យ ស្គាល់ថា ​ពិតជាម៉ូតូ​ដែលបានបាត់កាលពីថ្ងៃទី​៥ មីនានោះមែន ។

លោកវរសេនីយ៍ឯក​ជឹម សេងហុង ស្នង​ការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិ​ធម៌មានប្រសាសន៍ថា ក្នុងពេលកម្លាំង​​នគរបាល​ក្រុងសួងចាប់ជន​សង្ស័យ​ទាំង២នាក់ ក្នុង​ចំណោម​បក្សពួក​៣នាក់​ដំបូងគេមិនដឹងថា​ម៉ូតូ​នោះត្រូវបានកាច់សោ.ក​យកមកពីទីណានោះទេ ។ ប៉ុន្តែតាមចម្លើយ​សារភាពនិងការប្រកាស​សួររក ក្រោយ​មក​ទើបដឹងថា ម្ចាស់ម៉ូតូដែល បាត់នោះរស់នៅ​ស្រុកអូររាំងឪ​ ហើយជន​សង្ស័យ​ទាំង២​នាក់​រួមទាំងវត្ថុតាងត្រូវបាន​ប្រគល់ឱ្យទៅ​អធិការដ្ឋាននគរបាលស្រុកអូររាំង​ឪចាត់ការទៅ​តាមច្បាប់ ៕

ជិះម៉ូតូ​បុក​រថយន្ត​គ្មាន​ប្រណី​ក្ស័យ​ខ្លួនឯង​​២នាក់​​សង្ស័យស្រវឹង

Posted: 13 Mar 2011 07:52 PM PDT

អ្នកជិះ​ម៉ូតូ​២​នាក់​​​ភេទ​ប្រុស​បាន​ស្លាប់

ខេត្ត​បាត់ដំបង​​ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​​​ចរាចរ​ដ៏រន្ធត់​មួយ​​កាលពី​វេលា​ម៉ោង​​៣​រសៀល​​​ថ្ងៃទី​១២​ មីនា ​រវាង​រថយន្ត​​​និង​ម៉ូតូ​ត្រង់​ចំណុច​​​ផ្លូវ​កោង​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​​ប៉ោយ​ស្វាយ​ ឃុំ​តាគ្រាម ស្រុក​បាណន់​ បាន​បណ្តាល​ឱ្យ​អ្នក​​ជិះ​ម៉ូតូ​​២​នាក់​ស្លាប់​ភ្លាមៗ​ នៅកន្លែង​​កើត​ហេតុ​ ដែលគេ​សង្ស័យ​ថា ភាគី​​អ្នក​​ជិះ​ម៉ូតូ​ទំនង​ជា​ស្រវឹង​​ផង។​

ក្នុង​ឧប្បត្តិ​ហេតុ​​នេះគេ​មិ​នទាន់​​ស្គាល់​អត្ត​សញ្ញាណ​អ្នក​ស្លាប់​ទាំង២​នាក់​ដែល​ជិះម៉ូតូ​នៅ​​ឡើយ​ទេ រីឯ​អ្នក​បើកបរ​​រថយន្ត​​ធុន​ធ្ងន់​​ក៏​មិន​ស្គាល់​​​ដែរ ព្រោះ​​ក្រោយ​​ពេល​ជួបគ្រោះ​ថ្នាក់​​តៃកុង​​​បាន​ដាក់​មេប្រូច​​​បាត់​ស្រមោល ។​
មន្ត្រី​នគរ​បាល​​ចរាចរ​ខេត្ត​ដែល​ចុះ​​ទៅពិនិត្យ​​​កន្លែង​​កើត​ហេតុ​​បាន​និយាយ​ថា រថយន្ត​និង​អ្នក​​ជិះ​ម៉ូតូ​បាន​បុក​​ពេល​បើក​បរ​បញ្ច្រាសទិសគ្នា​ ខណៈដែល​​ភាគី​ម៉ូតូជិះ​​ក្នុង​ល្បឿន​លឿន​បំផុត​ ​ហើយ​ពេល​ដល់​​ចំណុច​ផ្លូវ​កោង​ ក៏​​បានជ្រុល​​​បុក​​រថយន្ត​​ដែល​​បើក​បញ្ច្រាស​គ្នា​ពេញ​ទំហឹង​ តែម្តង។ មន្ត្រី​នគរ​បាល​​​និយាយ​ថា ​​អ្នកជិះ​ម៉ូតូ​២​នាក់​​​ភេទ​ប្រុស​បាន​ស្លាប់​តែ​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​​នៅឡើយ​​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​​កាប់​ស្តាំង ស៊េរី​​២០០៩​ ពាក់​ស្លាក​​លេខ​ប៉ៃលិន​ 1A-2272 ។ ដោយ​​ឡែករថយន្ត​ម៉ាក​ហ៊ីណូ ដឹក​ថ្ម ពាក់​ស្លាក​លេខ​បាត់​ដំបង​ 3A-0878  អ្នក​បើក​​រត់​បាត់ ។

តាម​​ការ​បំភ្លឺ​ពីសាក្សី​បាន​និយាយ​ដែរថា អ្នក​ជិះ​ម៉ូតូ​ទំនង​ជា​ស្រវឹង​ដោយ​​បោះពួយ​ពីទិស​ខាង​​កើត​ក្នុង​ល្បឿន​​លឿន​បំផុត លុះ​ដល់​ចំណុច​ផ្លូវ​កោង​ទៅ​ខាង​ស្តាំ​ ​អ្នក​ជិះ​បត់អត់ទាន់​ក៏ជ្រុល​​ទៅ​បុក​រថយន្ត​ដឹក​ថ្ម​​មកពី​មុខ​នៅ​ខាង​ឆ្វេង​ដៃ​ខ្លួន​ពេញ​ទំហឹង​លាន់​ដូចរន្ទះ​ ដួល​ចូល​ក្រោម​រថយន្ត​បណ្តាល​​​ឱ្យ​រថយន្ត​​​កិនខ្ទេច​​ទាំង​ម៉ូតូ​ទាំង​មនុស្ស ។​ ទោះជា​បែបណា មន្ត្រី​នគរ​បាល​បាន​បញ្ជាក់​​​ថា គេ​បាន​ដឹក​សាក​សព​បុរស​២​នាក់​ដែល​មិន​​ទាន់​ស្គាល់​ឈ្មោះ​ទៅតំកល់ទុក​ក្នុង​វត្ត​តាគ្រាម​ដើម្បី​រង់​ចាំ​​​សាច់ញាតិ​មក​​ទទួល រីឯ​​ម៉ូតូ​និង​រថយន្ត​​ សមត្ថ​កិច្ច​បាន​យកទៅ​រក្សាទុក​នៅ​​ការិយាល័យ​​ចរាចរ​ជើងគោក​ខេត្ត​​ដើម្បី​​​ដោះ​ស្រាយ ៕

បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​និង​យន្ត​ការ​ដោះ​ស្រាយ​​វិវាទ​ក្រៅ​តុលាការ

Posted: 13 Mar 2011 07:49 PM PDT

បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​និង​យន្ត​ការ​ដោះ​ស្រាយ​​វិវាទ​ក្រៅ​តុលាការ
បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​និង​យន្ត​ការ​ដោះ​ស្រាយ​​វិវាទ​ក្រៅ​តុលាការ

រាជ​ធានីភ្នំពេញ ៖ លោក​សេង សុវណ្ណារ៉ា ​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​យុតិ្ត​ធម៌​​​បានថ្លែង​​ថា ក្នុង​រយៈ​ពេល​៣​ឆ្នាំ ​គិត​ពី​ខែ​មករា២០០៧ ​ដល់​ឆ្នាំ២០១០ ​បន្ទាប់ពី​ក្រសួង​យុតិ្ត​ធម៌​​បង្កើត​មណ្ឌល​សេវា​កម្ម​​យុត្តិធម៌​សាក​ល្បង​​ថ្នាក់​ក្រុង-ស្រុកចំនួន២០​មក ​​​យើង​​​ទទួល​បានវិវាទ​ចំនួន ​៦.១០៦​ករណី ​ក្នុង​នោះ​​សម្រុះ​សម្រួល​ផ្សះ​ផ្សា​បានសម្រេច​​ចំនួន​២.៣១៩​ករណី មិន​បាន​សម្រេច​២៧០​ករណី ​បញ្ជូន​តាមនីតិ​វិធី​១៨៦​ករណី ដកពាក្យ​​បណ្តឹង​២៥​ករណី និង​ទំនាស់ កំពុង​ចាត់ការ​​ចំនួន​៣.៣០៦​ករណី ។ ​

លោក​សេង សុវណ្ណារ៉ា បាន​ថ្លែង​ឱ្យ​ដឹង​បែប​នេះក្នុង​ពេល​​​លោក​អញ្ជើញ​ចូល​រួម​ជា​អធិបតីក្នុង​​ពិធី​ផ្សព្វ​ផ្សាយ​​ពី​ការបង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិ​ធម៌ ​និងយន្ត​ការ​​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​​តុលា​​ការ​​ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី១០ មីនា ២០១០ ។ ​លោក​អនុ​រដ្ឋ​លេខា​ធិការបាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុង​ចំណោម​វិវាទ​ ឬទំនាស់​ខាងលើនោះ​មាន​ទំនាស់ដីធ្លីចំនួន​២.៤៥២ករណី បរិហារ​កេរិ៍្ត​​ ឬជេរប្រមាថ​ ​​៧៧៤​​ករណី អំពើ​ហិង្សា​ក្នុង​គ្រួសារ​១.០០១​ករណី សុំ​លែង​លះ​​៣៩៧​ករណី ​ជំពាក់​ប្រាក់​៨១១ករណី មរតក​៤៩​​ករណី​ធ្វើ​ឱ្យ​ខូច​ទ្រព្យ​សម្បត្តិ​​​១៥០​ករណី ​ទំនាស់​​បិទ​ផ្លូវ​ និង​ព្រំ​ដី​១៥៦​ករណី ទាម​ទារ​អាហារ​កិច្ច​ចិញ្ចឹម​កូន​៣៩​ករណី​ ផ្តាច់ពាក្យ​រៀបអាពាហ៍​ពិពាហ៍​​២២​ករណី​​ និង​ទំនាស់​តូច​តាច​ចំនួន​២៥៥​ករណី ។

​លោក​អនុ​រដ្ឋ​លេខា​ធិការ​សេង សុវណ្ណរ៉ា ​បាន​​បញ្ជាក់​ថា ក្រសួង​យុត្តិ​ធម៌​ និងក្រសួង​មហា​ផ្ទៃ​​ដែល​ជា​​សេនា​ធិការ​ឱ្យរាជរដ្ឋាភិបាល​​បាន​បង្កើត​​ឱ្យ​មាន​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​​ថ្នាក់​ក្រុង ស្រុក​ សាក​ល្បង​ចំនួន២០ និងគណៈ​កម្មា​ធិការ​ដោះ​ស្រាយ​​ទំនាស់​ឃុំ-សង្កាត់​​ចំនួន​៥៦​ នៅ​ក្នុង​​ខេត្ត​ចំនួន៦ មាន​​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង បាត់​ដំបង សៀម​រាប រតនគិរី​ និងខេត្ត​​មណ្ឌល​គិរី ។ ​ដោយ​ឡែក​​ក្នុង​ឆ្នាំ​២០១០ ក្រសួង​យុត្តិធម៌​​បាន​បង្កើត​​សេវា​កម្ម​យុតិ្តធម៌​បន្ថែម​ចំនួន១០ក្រុង​-ខណ្ឌ​ គឺ​ក្រុង​កំពត​នៃខេត្ត​កំពត ក្រុង​ព្រៃ​វែង នៃខេត្ត​ព្រៃ​វែង ​និង​រាជ​ធានីភ្នំពេញ​មានខណ្ឌ​ចំនួន៨ ដែល​ត្រូវ​ផ្សព្វផ្សាយ​​នាពេលនេះ ។ ​នៅក្នុងឱកាសនោះ ​លោកប៉ា សុជាតិវង្ស អភិបាល​​រង​រាជធានីភ្នំពេញ​បាន​មាន​​ប្រសាសន៍​​ថា នេះ​ជា​ការ​​​បង្ខិត​សេវាយុត្តិធម៌​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​​កាត់​បន្ថយភាព​ក្រីក្រ ជូនប្រជាពលរដ្ឋ​ ជាពិសេស​កាត់បន្ថយ​​ការ​កក​ស្ទះ​​សំណុំ​រឿង​​​តូច​តាច​នៅ​តាម​សាលាដំបូង​រាជ​ធានី-ខេត្ត និងអាជ្ញា​ធរ​មូលដ្ឋាន​ឱ្យកាន់​តែ​ប្រសើរឡើង៕

ជាងផ្សារ​ដំបូល​សំយាប​មុខ​ផ្ទះ​ត្រូវ​ចរន្ត​ឆ្លង​ឆក់ស្ទើរ​តែ​ស្លាប់

Posted: 13 Mar 2011 07:31 PM PDT

យុវជន​ជា​ជាង​ផ្សារ​ដែក​ម្នាក់នេះឈ្មោះម៉ី សម្ផស្ស អាយុ​២៥​ឆ្នាំ

ខេត្ត​កំពង់ស្ពឺ ៖ ជាង​ផ្សារ​ដែក​ម្នាក់​បាន​ត្រូវចរន្ត​អគ្គិសនី​ឆក់នៅ​ជាប់​ច្រងាង​នឹង​ជណ្ដើរ​ដូច​ទោច​យោលទោង ខណៈ​ពេល​កំពុងផ្សារ​​ដំបូល​សំយាបស័ង្ក​សី​មុខ​ផ្ទះ​នៅ​ភូមិ​ដុត​កំបោរ ឃុំ​ព្រះ​និ​ព្វា​ន ស្រុក​គងពិសី កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ និង៣០​នាទី​រសៀលថ្ងៃ​ទី​១០ មីនា កន្លងមកនេះ ។

យុវជន​ជា​ជាង​ផ្សារ​ដែក​ម្នាក់នេះឈ្មោះម៉ី សម្ផស្ស អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិត្រាស់​សាលា ឃុំ​ត្រពាំង​គ ស្រុក​សំរោង​ទង បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​សិប្ប​កម្ម​ផ្សារ​ទ្វារ​បង្អួច​ក្នុងភូមិ​ដើមប្ញស ឃុំ​ដើម​ប្ញស ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ យុវជន​រូប​នេះ​បានឱ្យ​ដឹង​ថា ខ្លួន​មក​ស្នាក់​នៅ​ស៊ីឈ្នួល​ផ្សារ​ដែក​ឱ្យថៅកែ​ដោយ​គិត​តម្លៃតាមកា​រ៉េ ។ នៅ​ថ្ងៃ​កើត​ហេតុ​ ខ្លួនបាន​ទៅ​ផ្សារ​ដំបូល​សំយាប​ផ្ទះ​ឱ្យ​គេ​ជា​មួយ​មិត្ដភក្ដិ​ម្នាក់​នៅ​ឯ​ភូមិ​ដុត​កំបោរ ឃុំ​ព្រះ​និ​ព្វា​ន ស្រុក​គងពិសី លុះ​​ផ្សារ​រួចហើយ​ក៏​ចុះ​ពី​ជណ្ដើរ​ដោយ​​មានកាន់​ដែកនៅ​នឹង​ដៃផង ប៉ុន្ដែមិនដឹង​ប៉ះ​នឹង​អ្វី​ទេ ​ស្រាប់តែ​បណ្ដាល​ឱ្យ​​ឆក់​ភ្លៅ​ខាងឆ្វេង​និង​ដៃ​ខាងឆ្វេង​ឆេះ​ខ្លោច រួច​ឆក់​ជាប់​នឹងជណ្ដើរ​នោះ ទើប​មិត្ដភក្ដិ​ស្ទុះ​ទៅ​ពន្លត់​ម៉ាស៊ីន​រួច​ជួយ​ទាញ​ចេញពី​ជណ្ដើរ​យក​ទៅ​ដាក់​លើ​ប៉ៅ​អ៊ី ។ យុវ​ជន​រងគ្រោះ​បន្ដ​ទៀត​ថា ពេល​ត្រូវឆក់​ដំបូង​នៅ​ដឹង​ខ្លួននៅឡើយ​ទេ លុះពេល​គេ​ជួយ​លើកយក​ទៅ​ដាក់​លើ​ប៉ៅ​អ៊ី​ក៏​សន្លប់​តែ​ម្ដង លុះ​ពេលដឹង​ខ្លួន​វិញ ត្រូវ​មិត្ត​ភក្តិប្រាប់ថា ភ្លាមៗនោះ​បានបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ រួច​ទើប​បញ្ជូន​​បន្ត​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈទៀត ។

តាម​មិត្ដភក្ដិ​ដែល​ទៅ​ផ្សារ​ដែក​ជាមួយ​ឈ្មោះអ៊ុ​ន ប៉ែន អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិក​ញ្ច្រ​ប់ ឃុំ​ព្រះ​និ​ព្វា​ន បានឱ្យ​ដឹង​ថា ពេល​ទៅ​ផ្សារ​ដែកនោះ ខ្លួនឈរ​ផ្សារ​នៅខាង​ក្រោម ចំណែកម៉ី សម្ផស្ស ឡើង​ផ្សា​រលើ​ជណ្ដើរ។ ខណៈ​ពេល​កំពុង​ផ្សារ​នោះមិនដឹង​មូល​ហេតុ​អ្វី​ទេ ស្រាប់តែខ្លួន​ដែល​កំពុង​ឈរ​ផ្សារ​នោះ​ក៏​ឆក់​ដែរ តែ​មិន​មាន​គ្រោះថ្នាក់​ទេ ដោយសារ​ឈរ​នៅ​ខាងក្រោម​មានកម្លាំង​អាច​រើបម្រះ​បាន ។ បើ​តាម​ការ​អះអាង​ពី​ឈ្មោះអ៊ុ​ន ប៉ែន ថា ការ​ឆក់​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី​ពី​បង្គោល​ខ្សែកាបដែល​នៅ​ជិត​សំយាប​នោះ​ប្រមាណ​២​ម៉ែត្រ​ប៉ុណ្ណោះ ។ ចំណែកតាម​ការ​សន្និដ្ឋាន​មួយទៀត​ថា ដោយសារ​ពេល​កំពុង​ផ្សារ​នោះ កម្លាំងម៉ាស៊ីន​ដែល​បញ្ឆេះ​មាន​ចរន្ដ AC&DC ប៉ះ​គ្នា​បង្កើត​ជា​កម្លាំង​ដ៏ខ្លាំង​មួយ ។

ខណៈ​ពេល​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ គ្រូពេទ្យ​បាន​វះ​សាច់​ដែល​ខ្លោច​ចេញ​ខ្លះ​ដើម្បី​បង្ហូរឈាម​ដែល​កក​ចេញ ចំណែក​ភ្លៅ​ក៏​ឆេះ​ខ្លោច​បន្ដិច​ដែរ ។ រីឯថៅកែ​សិប្បកម្ម​ធ្វើ​ទ្វារ​បង្អួច​នោះ​ក៏​បាន​មក​មើល​ជន​រង​គ្រោះ​ដល់​មន្ទីរ​ពេទ្យ​និង​ចេញថ្លៃ​ព្យាបាល​ឱ្យផង​ដែរ ។ បើ​តាម​អ្នកបច្ចេក​ទេស​ខាង​ផ្នែក​អគ្គិសនី​បានឱ្យ​ដឹង​ថា ខ្សែកាប​ដែល​រត់​កាត់​ដំបូល​នោះ​ជា​ខ្សែ​ស្រាត​មាន​កម្លាំង​ដល់ទៅ​៣៨០ ហើយ​ជា​ប្រភេទ​ខ្សែ​ហ្វា កាល​ណា​​មាន​ចរន្ដ​ខាងក្រោម​ជា​ម៉ាស់ ទើប​បង្ក​ឱ្យ​មាន​ចរន្ដ​ឆក់​គ្នា​បែប​នេះ ហេតុ​ដូច្នេះហើយ​ទើប​ពេល​ពន្លត់​ម៉ាស៊ីន​ ក៏​លែង​ឆក់​​ដែរ ៕

នាង​ក្រមុំ​​ខ្មែរ​រងគ្រោះ​​ព្រោះ​បុរស​សៀម​ចាប់រំលោភ

Posted: 13 Mar 2011 07:24 PM PDT

ឪពុក​ម្តាយ​​នាង​ក្រមុំ​រង​គ្រោះ​​បានមកប្តឹង​​ប៉ូលិសប៉ុស្តិ៍

ក្រុង​ប៉ោយ​ប៉ែត ៖ ស្ត្រីក្រមុំ​​ខ្មែ​រម្នាក់​បាន​អះ​អាង​ថា នាង​ត្រូវ​​​ឪពុកមា​ថ្លៃ​ជា​ជនជាតិ​សៀម​​ចាប់រំលោភ​បានសម្រេច កាលពី​វេលាម៉ោង​២រំលង​អធ្រាត្រ ឈាន​ចូល​​ថ្ងៃទី១៣ មីនា និង​​​រត់មក​ទឹក​ដី​ខ្មែរ​វិញ​ទាំង​យប់​ឆ្លងកាត់​បន្ទាត់ព្រំ​ដែន​ ហើយ​នៅ​ព្រឹក​​ថ្ងៃទី១៣ មីនា ឪពុក​ម្តាយ​របស់នាង​បាន​​នាំ​មកដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុសិ៍្ត​ប៉ូលិស​រដ្ឋបាល​​​អូរ​​បីជាន់​ឱ្យ​ជួយ​រកយុត្តិធម៌ ។

នាង​ក្រមុំ​រងគ្រោះ​​ដែល​មាន​អាយុ​១៧​ឆ្នាំ​បាន​ប្រាប់​​ថា នាង​ត្រូវ​ឪពុក​មាថ្លៃ​ជា​ជន​ជាតិ​សៀម​ចាប់​រំលោភ​​​​នៅក្នុងភូមិ​ណង​ចាន់ ​ឃុំ​​ណូន​ម៉ាក់មុន ​ស្រុក​គោកធ្យូង ខេត្ត​ស្រះ​កែវ ​ខណៈ​​ម្តាយ​មីង​នាង​មិន​នៅ​ផ្ទះ​​ដោយ​រវល់​មក​ទិញ​​ស្រូវ​នៅ​ឯ​ខេត្ត​បាត់​ដំបង ។ ​មុនហេតុ​ការណ៍​​កើត​ឡើង​​​ គឺ​នៅ​ម៉ោងប្រហែល​​​២​រំលង​អធ្រាត្រ ខណៈ​នាង​កំពុងដេក​ ស្រាប់​តែឪពុក​មា​ជា​​ជន​ជាតិ​សៀម​នោះ​មក​​គោះ​ទ្វារ​ផ្ទះ ដោយ​កុហកថា ​ភ្លេច​កាបូប​លុយ​ក្នុង​ផ្ទះ ហើយនាងក៏​​បើក​ទ្វារ​​ឱ្យចូល ។ បន្ទាប់ពី​បើក​ទ្វារ​ស្រាប់​តែ​ឪពុកមា​​សៀម​នោះចាប់នាង​មួល.ក ប្រាប់ថា មិនឱ្យ​ស្រែក​ ហើយដោយ​សារ​ភ័យ​ខ្លាច ព្រោះ​គ្មាន​អ្នក​​​ណាម្នាក់​នៅ​ជិត​ ក៏​ទ្រាំ​​រហូត​គេរំលោភ​​បាន​សម្រេច ។ នាង​ប្រាប់ថា ក្រោយ​ពី​ត្រូវរំលោភ​​​ហើយ​​នាង​ក៏​លួច​ចេញ​តាមបង្អួចរត់​មកដី​ខ្មែរ​​វិញ ទាំងយប់ ។ ​

ចំណែក​​ឪពុក​ម្តាយ​នាង​​ក្រមុំ​​រងគ្រោះ​បាន​ប្រាប់​ថា កូន​ស្រីគាត់​​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយ​មីង​គេ​ប្រហែល​​មួយ​សបា្តហ៍​ហើយ ដើម្បី​ជួយ​ការ​ងារ​ផ្ទះ ព្រោះ​ប្អូន​ស្រី​គាត់​រវល់​ដើរ​ទិញ​ស្រូវ​នៅ​ក្នុង​ដីខ្មែរ​យក​ទៅ​លក់​នៅ​ដីសៀម ។ ​ឪពុក​នារី​​រងគ្រោះ​បន្តថា ប្អូន​ស្រី​គាត់ឈ្មោះ ខឿត សុភាព បាន​ប្តី​ជា​ជន​ជាតិសៀម ​ឈ្មោះ​ណាយ ប៊ុន​លាង ធាង​ឡាយ ​ហើយ​ទៅរស់នៅ​​​ក្នុងទឹកដី​សៀម ក្នុង​ភូមិ​ខាងលើជាច្រើន​​ឆ្នាំ​មក​ហើយ ។ មុន​ពេលគាត់​នាំ​កូន​មកប្តឹង​​ប៉ូលិសប៉ុស្តិ៍ នៅទីនេះ​ គឺពួកគាត់​បាន​​ទៅ​ផ្ទះ​កើត​ហេតុ​​ក្នុងភូមិ​សៀមដែរ ប៉ុន្តែមិន​ឃើញ​ប្អូនថ្លៃ​អប្រិយ​​នោះ​នៅ​ផ្ទះ​ទេ ​។

តាមឪពុក​ម្តាយ​​នាង​ក្រមុំ​រង​គ្រោះ​​បានឱ្យ​ដឹង​ទៀតថា មក​ដល់​ព្រឹក​ថ្ងៃទី១៣ មីនា ប្អូន​ស្រី​គាត់​​ខឿត ​សុភាព ​ក៏ពុំ​ទាន់​​វិលត្រឡប់​ពីដើរ​ទិញស្រូវ​នៅឯ​ខេត្ត​បាត់​ដំបង​នៅឡើយដែរ ។ ចំណែក​នាង​រង​គ្រោះ​ប្រាប់​ថា ​ក្រោយ​​ពីត្រូវឪពុកមា​ជា​​ជន​​ជាតិ​សៀម​នោះ​​ចាប់​រំលោភ នាង​ក៏បាន​ដើរ​កាត់​ពី​ភូមិ​ណង់​ចាន់ ​ចេញ​តាមច្រក​​របៀងទំនប់​ដាច់ ស្ថិត​ក្នុងភូមិ​ទំនប់​ដាច់​រហូត​ដល់​​ម៉ោង៧​ព្រឹក​​ទើបមក​​ដល់ដីខ្មែរ ។ លោកខាំ យ៉ាន នាយ​រង​ប៉ុសិ៍្ត​អូរបី​ជាន់​បាន​ប្រាប់កោះសន្តិ​ភាព​ថា​ ជា​គោលការណ៍​​របស់​ថ្នាក់​លើ​ គឺក្រោយ​ពី​ធ្វើ​កំណត់​ហេតុ​រួច ត្រូវ​​ឱ្យ​លោក​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​ថ្នាក់​លើ​ ដើម្បី​​មានវិធានការ​បន្ត ព្រោះ​អ្នកប្រព្រឹត្ត​ជា​ជន​ជាតិ​សៀម ៕

បង្ក្រាប​គ្រឿង​ញៀន​ធំ​មួយនៅ​​ក្នុងសង្កាត់​ទួល​សង្កែ ឆែកលំនៅឋាន​ទាំង​យប់​ ចាប់​ខ្លួន​៦​នាក់ ដកហូត​ថ្នាំញៀនជាង១៣គ.ក្រ

Posted: 13 Mar 2011 07:18 PM PDT

រាជធានីភ្នំពេញ ៖ តាម​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ និង​ជា​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​វៀត​ណាម និង​ជន​ជាតិ​ឡាវ ចំនួន​៦​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន និង​ដក​ហូត​បាន​ថ្នាំ​ញៀន​​ប្រភេទ​យ៉ាម៉ាចំនួន​៤៤​សុង ស្មើ​នឹង​៨៨.០០០​គ្រាប់ ម៉ា​ទឹក​កក​​​​​​ចំនួន​៣​ដុំ ស្មើ​នឹង​៣​គីឡូ​ក្រាម ​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​គ្រឿង​​ញៀន​​ និង​ឆែក​ឆេរ​​លំនៅ​ឋាន​​លេខ​៦Eo ក្រុម​ទី​១២ ភូមិ​ទួល​​គោក សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫ​ស្សី​កែវ ​កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី ១១ មីនា ។

ការ​បង្ក្រាប​គ្រឿង​ញៀន​​ទ្រង់​ទ្រាយ​ធំ​មួយ​នេះ​ ធ្វើ​ឡើង​ដោយ​សមត្ថ​កិច្ច​​មន្ទីរ​ប្រឆាំងគ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ ​សហ​ការ​ជា​មួយ​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​សុខ រឿង ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។ ​ទោះ​បី​ជា​យ៉ាង​ណា​ពុំ​មាន​ព័ត៌​មាន​​ដែល​​ត្រូវ​បាន​អះ​អាង​​ជា​ផ្លូវ​ការ ទាក់​ទិន​​​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​​នៅឡើយ​ទេ ដោយ​​សារ​​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​រក​ចាប់​ខ្លួន​បក្ស​ពួក​ដែល​ពាក់​ព័ន្ធ​​បន្ត​ទៀត ។
ជន​សង្ស័យ​​ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ត្រូវ​គេ​ទំលាយ​​ឱ្យ​ដឹង​ថា ១-ឈ្មោះ​​ការី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជន​ជាតិ​​ឡាវ ២-ឈ្មោះ​កៅ ធី​មៀច​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​វឹង ធី​ហ្វីន ភេទស្រី អាយុ​៤៣​ឆ្នាំ ជន​ជាតិ​វៀត​ណាម ៤-ឈ្មោះរ៉េត ណា​រ៉ុង ​ហៅ​រ៉េត ប៊ុន​ណាក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ជន​ជាតិ​វៀត​ណាម ៥-ឈ្មោះ​យៀក វៀត​ឡាម ភេទ​​ប្រុស អាយុ​​១៨​ឆ្នាំ ជន​ជាតិ​វៀត​ណាម និង​៦-​ឈ្មោះ​​យឹង ហៃ​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជន​ជាតិ​វៀត​ណាម ។

តាម​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​​ដដែល​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ មីនា ​​សមត្ថ​កិច្ច​​ចំរុះ​របស់​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​​បាន​ចុះ​សហ​ការ​ជា​មួយ​ប៉ូលិស​ខណ្ឌ​ឫ​ស្សី​កែវ ​និង​ប៉ុស្តិ៍​ទួល​សង្កែ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​ សុខ រឿន បាន​​ឆ្មក់​ចូល​ឆែក​ឆេរ​​លំនៅ​ឋាន​​លេខ 6Eo ស្ថិត​នៅ​ក្រុម​ទី​១២ ​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ ឫ​ស្សី​កែវ ។ តាម​ព័ត៌​មាន​បន្ត​ទៀត​​​ថា មុន​ពេល​ចុះ​ឆែក​ឆេរ​លំនៅ​​ឋាន សមត្ថ​កិច្ច​បាន​ធ្វើ​ការ​​ស្រាវ​​ជ្រាវ​ចាប់​ខ្លួន​បាន​បក្ស​​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​ក៏​បាន​​នាំ​ទៅ​ឆែក​ឆេរ​​លំនៅ​ឋាន​​ខាង​លើ​​​ទាំង​យប់​តែ​ម្តង ។

តាម​ប្រភព​​ដដែល​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឆែក​ឆេរ​​នេះ​សមត្ថ​កិច្ច​ដក​ហូត​បាន​ថ្នាំញៀន​​ប្រភេទ​​យ៉ាម៉ា​និង​ម៉ា​ទឹក​កក ។ ​ក្រៅ​ពី​នោះ​សមត្ថ​កិច្ច​ដក​ហូត​រថយន្ត​ម៉ាក​មែរ​សឺ​ដេស ចំនួន​២​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ថវិកា​មួយ​ចំនួន ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ។ វត្ថុ​តាង​គ្រឿង​ញៀន​​រួម​ជា​មួយ​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ប្រឆាំងគ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ ដើម្បី​ស្រា​វ​ជ្រាវ​បន្ត​ទៀត។ ​នេះ​ជា​ការ​​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​​មួយ​ទៀត​​គួរ​​ឱ្យ​កត់​សំគាល់​​នៅ​ក្នុង​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន​​ដែល​កំពុង​តែ​​ប្រព្រឹត្ត​ទៅ​​យ៉ាង​ក្តៅ​គគុក​ទូទាំង​ប្រទេស​នេះ ៕ 

ក្រុម​អ្នក​នេសាទ​សមុទ្រ​ខ្មែរ មិន​ចេញ​នេសាទ​ខ្លាច​ស៊ូណាមី ធ្វើឱ្យ​ម្ហូប​អាហារសមុទ្រ​ឡើងថ្លៃ

Posted: 13 Mar 2011 07:04 PM PDT

បណ្តា​ទូក​នេសាទបាន​លុប​ចោល​ការ​ចេញ​ទៅ​នេសាទ​ដូច​សព្វ​មួយ​ដង ដោយ​សារ​តែ​ខ្លាច​ជួប​ហេតុ​ការណ៍​អាក្រក់

ខេត្ត​ព្រះ​សីហនុ ៖ ក្រៅ​តែ​ពី​អ្នក​នេសាទ​គ្រួសារ ឬ​ទូក​នេសាទ​តូច​ៗ​ដែល​នេសាទ​នៅ​ក្បែរ​ឆ្នេរ​ដីគោក បណ្តា​ទូក​នេសាទ​ធំ​ៗ​ដែល​ធ្លាប់​ចេញ​ទៅ​នេសាទ​ក្នុង​លំហ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​លុប​ចោល​ការ​ចេញ​ទៅ​នេសាទ​ដូច​សព្វ​មួយ​ដង ដោយ​សារ​តែ​ខ្លាច​ជួប​ហេតុ​ការណ៍​អាក្រក់​ក្រោយ​ពេល​មាន​សេចក្តី​រាយ​ការណ៍​មក​ថា នៅ​ប្រទេស​ជប៉ុន​មាន​ការ​រញ្ជួយ​ដី​ និង​រលក​យក្ស​ស៊ូណាមី ហើយ​អាច​នឹង​រាល​ដាល​មក​ដល់​ឆ្នេរ​សមុទ្រ​ក្បែរ​ខាង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទៀត​ផង។

ក្រុម​អ្នក​នេសាទ​នៅ​ទំនប់​រលកនាំ​គ្នា​និយាយ​ថា បើ​ទោះ​បី​ជា​ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម​ប្រកាស​ថា នៅ​សមុទ្រ​កម្ពុជានឹង​ពុំ​មាន​ព្យុះ​ស៊ូណាមី​កើត​ឡើង​រាល​ដាល​ពី​ប្រទេស​ជប៉ុន​​មក​ដល់​យ៉ាង​ណា​ក្តី ក៏​ការ​ព្រួយ​បារម្ភ​នៅ​តែ​កើត​មាន​ចំពោះ​អ្នក​នេសាទ​ដែល​​ធ្លាប់​ចេញ​ទៅ​នេសាទ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ មាន​ចម្ងាយ​ឆ្ងាយ​​ពី​ដី​គោក។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ឬ​ទូក​នេសាទ​តូច​ៗ​ដែល​ធ្វើ​ការ​នេសាទ​ជិត​ឆ្នេរ​ដី​គោក​នៅ​មាន​សកម្ម​ភាព​ខ្លះ​ដែរ ដែល​ប្រការទាំង​អស់​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​នេសាទ​សមុទ្រ​ថយ​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​លើ​ទីផ្សារ​ បណ្តាល​ឱ្យ​អាជីវ​ករ អ្នក​លក់​ដូរ​ម្ហូប​អាហារ​សមុទ្រ​​ដំឡើង​ថ្លៃ ពិសេស​គឺ​បង្គា ក្តាម មឹក និង​ត្រី​គ្រប់​ប្រភេទ​សុទ្ធ​តែ​ឡើង​ថ្លៃ​ដូច​គ្នា។

មន្ត្រី​ជល​ផល​ខេត្ត​ព្រះ​សីហនុ​ដែល​តាម​ដាន​ព្រឹត្តិ​ការណ៍​នេះ​ជា​ប្រចាំ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ខក​ខាន​ក្នុង​ការ​ចេញ​ទៅ​នេសាទ​ក្នុង​សមុទ្រ​ខាង​ក្រៅ​ ពី​បណ្តា​ទូក​នេសាទ​ភាគ​ច្រើន​ប្រាកដ​មែន ទើប​ធ្វើ​ឱ្យ​ទិន្ន​ផល​សមុទ្រ​ក្នុង​ទីផ្សារ​មាន​ចំនួន​តិច ហើយ​អ្វី​ៗ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សភាព​ធម្មតា​វិញ​នៅ​ពេល​ដែល​ព័ត៌​មាន​ស្តីពី​ការ​ព្រួយ​បារម្ភ​ពី​រលក​យក្ស​ស៊ូណាមី​ត្រូវ​បាន​បញ្ចប់៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!