|
- ចៅ ផលឌឿន ចង់ស្គាល់កណ្តាប់ដៃស្វាយ រដ្ឋា
- ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជារៀបចំការប្រណាំងម៉ូតូហោះជើងឯកអន្តរជាតិ២០១១
- ឆ្នាំ២០១៥ខាងមុខកម្ពុជារំពឹងនាំអង្ករចេញក្រៅប្រទេសបាន១លានតោន
- សម្តេចតេជោហ៊ុន សែន និងលោកប្រមុខការទូតដឹកនាំឥស្សរជនសម្តែងមរណទុក្ខ និងគោរពដល់វិញ្ញាណក្ខន្ធដល់ពលរដ្ឋជប៉ុនដែលរងគ្រោះ
- ក្រុមប្រឹក្សាខណ្ឌទួលគោកពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍
- កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនចាប់មេខ្លោងពីរនាក់
- តណ្ហាដល់កឡើងផ្ទះអ្នកមេម៉ាយ ទាំងកាយអាក្រាត ត្រូវ២កំផ្លៀង និង១ជើងធ្លាក់ដីរត់ចោលខោ
- កាមរីបុករថយន្តដឹកឥដ្ឋពីក្រោយ បង្កជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅ របួសធ្ងន់៣នាក់និងស្រាលម្នាក់
- ផ្សារព្រែកព្នៅ រដ្ឋ និងឯកជន ជំទាស់គ្នាទៅវិញទៅមក រង់ចាំសាលារាជធានីភ្នំពេញសម្រេ0
- ស្រី្តពិការក៏មានសិទ្ធិដូចជាស្ត្រីទូទៅដែរនៅក្នុងសង្គម
- នាំខ្លួនមេខ្លោងផលិតគ្រឿងញៀន២នាក់បងប្អូនឡើងតុលាការសួររកអ្នកនៅពីក្រោយ
- តារាហូលីវូដ សាន់ដ្រា ប៊ូឡុក បរិច្ចាគប្រាក់១លានដុល្លារដល់ជប៉ុន
- មន្ត្រីអាមេរិកទទួលបន្ទុកកិច្ចការសុំកូនចិញ្ចឹមមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មីនា ២០១១
- យុវសិស្សទំនើងវិទ្យាល័យវត្តភ្នំ៤នាក់ប្រឈមមុខនឹងតុលាការ
- អាស៊ានគ្រោងប្រើប្រាស់ទិដ្ឋាការរួមគ្នាសម្រាប់អ្នកទេសចរណ៍នាពេលឆាប់ៗនេះ
- ត្រៀមរៀបចំអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀតនៅតំបន់ព្រែកលៀប
- វាយគេរបួសពេលបុណ្យដារលានត្រូវប៉ូលិសឃាត់ខ្លួន
- សម្តេចតេជោហ៊ុន សែន ៖ ស្ថាប័នពាក់ព័ន្ធត្រូវបើកប្រាក់ខែប្រាក់ឧបត្ថម្ភដល់ជនពិការ-និវត្តជនឱ្យបានទៀងទាត់
ចៅ ផលឌឿន ចង់ស្គាល់កណ្តាប់ដៃស្វាយ រដ្ឋា Posted: 18 Mar 2011 11:40 PM PDT រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ចៅ ផលឌឿន មកពីក្លឹបប្រដាល់ខេត្តក្រចេះ ប្រកាសជួបប្រកួតជាមួយស្វាយ រដ្ឋា មកពីក្លឹបប៉េអឹមរាជធានីភ្នំពេញ នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន នារសៀលថ្ងៃអាទិត្យទី២០ មីនា ឆ្នាំ២០១១ ។ ផលឌឿននិងរដ្ឋាមិនធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេ ។ ផលឌឿជាអ្នកប្រដាល់ចិត្តធំម្នាក់ ទោះបីប៉ះ ចំដៃគូខ្លាំងយ៉ាងណា គេមិនសូវចុះញ៉មដែរ ។ បច្ចេកទេសនឹងកម្លាំងរបស់ផលឌឿអាចដើរស្របគ្នា គេមិនដែលប្រើកម្លាំងដោយមិនខ្វល់ពីបច្ចេកទេសនោះឡើយ ។ ផលឌឿមានជំនាញប្រើជើងទាត់ហើយកណ្តាប់ដៃរបស់គេក៏ធ្ងន់ដែរ តែអ្នកប្រដាល់រូបនេះមិនសូវចេះការពារឡើយ។ ចំណែករដ្ឋាវិញ ពីដើមមកគេជាអ្នកប្រដាល់សាកល ដូចនេះរដ្ឋាពិតជាពូកែកណ្តាប់ដៃ ។ រដ្ឋាឈានចូលមកប្រកួតបែបសេរីបាន៣ប្រកួតហើយ ក្នុងនោះមិនទាន់ស្គាល់ចាញ់ម្តងណា ឡើយ ។ កណ្តាប់ដៃរបស់រដ្ឋាពិតជាអស្ចារ្យហើយនៅពេលងាកមកប្រកួតសេរីនេះ មិនមែនគេមិនចេះកែង ឬជង្គង់នោះទេ ។ ផលឌឿទំនងមិនស្រួលខ្លួនទេ នៅពេលជួបជាមួយរដ្ឋានោះ ។ សុខ វិស័យ មកពីក្លឹបប្រដាល់ខេត្តក្រចេះ ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយឈឿន ឆៃដែន មកពីក្លឹបនិរោធមានជ័យ ។ វិស័យនិងឆៃដែន ក៏ជាអ្នកប្រដាល់ដែលស្ថិតក្នុងចំណោមអ្នកខ្លាំងដែរ ។ គូនេះអាចប្រកួត៥ទឹកដោយមិនពិបាក ហើយអ្នកណាឈ្នះមិនប្រាកដថាមិនឈឺសាច់ទេ ។ ប្រកួតចុងក្រោយកាលពីថ្ងៃទី៦ មីនា កន្លងមក សុខ វិស័យ ចាញ់ពិន្ទុនួន សេតសង់ មកពីក្លឹបក្រសួងការពារជាតិ រីឯការប្រកួតចុងក្រោយរបស់ឆៃដែន កាលពីថ្ងៃទី៦ កុម្ភៈ កន្លងមក គេបានយកឈ្នះពិន្ទុសួង បញ្ញា មកពីក្លឹបក្រសួងការពារជាតិ ។ ទោះបីជាយ៉ាងណា រវាងវិស័យនិងឆៃដែនដែលជួបគ្នានាពេលនេះ មិនអាចទស្សន៍ទាយលទ្ធផលទុកជាមុនបានឡើយ ។ រ៉ាក់ វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០ ត្រូវប្រកួតជាមួយពុទ្ធ ឆាយកុសល មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន ។ រ៉ាក់ វិឆ័យ មានប្រវត្តិប្រកួតចាស់វស្សាជាងឆាយកុសល ដូច្នេះបើនិយាយពីបច្ចេកទេសវិឆ័យអាចល្អជាងតែបញ្ហាកម្លាំងមិនអាចធានាបានទេ ។ អ៊ី តុងហ៊ី មកពីក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយហុត គឹមហេង មកពីក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ។ រីឯអ៊ិត ចាន់ថន មកពីក្លឹបកងទ័ពជើងគោក ត្រូវប្រកួតជាមួយស្រស់ សុផាត មកពីក្លឹបប្រដាល់ខេត្តរតនគិរី ៕ |
ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជារៀបចំការប្រណាំងម៉ូតូហោះជើងឯកអន្តរជាតិ២០១១ Posted: 18 Mar 2011 08:36 PM PDT រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់កម្ពុជា ជាក្រុមហ៊ុនប្រេងសាំងជាប់លំដាប់ថ្នាក់លេខ៥លើពិភពលោក ហើយដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈប្រកបដោយគុណភាពខ្ពស់ បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យជាថ្មីម្តងទៀត ដោយនាំមកនូវប្រភេទកីឡាលំដាប់អន្តរជាតិមកប្រទេសកម្ពុជា ។ នេះជាលើកទី៦ហើយសម្រាប់ការប្រណាំងជើងឯកម៉ូតូហោះអន្តរជាតិតូតាល់ឆ្នាំ២០១១ ។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ក្នុងសន្និសីទកាសែតមួយដោយមានវត្តមានអ្នកឧបត្ថម្ភកម្មវិធីជាច្រើន ហើយកីឡាករប្រណាំងម៉ូតូជាតិ និងអន្តរជាតិជាច្រើនរូប នឹងចូលរួមប្រកួតដណ្តើមយកពានរង្វាន់ម៉ូតូហោះតូតាល់ឆ្នាំ២០១១នេះ ។ ការប្រណាំងម៉ូតូដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៧ ខែមីនា នាពេលខាងមុខនេះ នៅទីលានប្រណាំងម៉ូតូហោះព្រែកលៀប ទល់មុខសាលាកសិកម្មព្រែកលៀបផ្លូវជាតិលេខ៦A ។ យ៉ាងណាមិញ ការប្រកួតជើងឯកម៉ូតូហោះតូតាល់ឆ្នាំ២០១១ នេះនឹងមានសភាពកាន់តែរំជើបរំជួល រំភើប និងជក់ចិត្តដិតអារម្មណ៍ ជាងឆ្នាំមុនៗថែមទៀត ព្រោះថាកីឡាករជាតិ និងអន្តរជាតិដែលចូលរួមមានចំនួនរហូតដល់ជាង៥០នាក់ ក្នុងនោះមាន៨ជាតិសាសន៍ដែលសុទ្ធតែជាកីឡាករជំនាញមកពីជុំវិញពិភពលោក ដើម្បីធ្វើការប្រណាំងនៅលើទីលានប្រកបដោយផ្លូវកោង បត់បែន និងទីទួលខ្ពស់ៗជាច្រើន ។ កីឡាករទាំងនោះនឹងបញ្ចេញសមត្ថភាពព្រមទាំងទេពកោសល្យរៀងៗខ្លួននៅលើទីលានប្រណាំង ដោយក្នុងនោះមានចែកជាបួនវិញ្ញាសា គឺ A: ក្រុមជំនាញលើការបញ្ជាទោចក្រយានយន្តប្រណាំង B: ក្រុមថ្មីក្នុងការបញ្ជាទោចក្រយានយន្តប្រណាំង C: ក្រុមជំនាញលើការបញ្ជាទោចក្រយានយន្តប្រភេទម៉ូតូត្រៃ D: ក្រុមថ្មីលើការបញ្ជាទោចក្រយានយន្តប្រភេទម៉ូតូត្រៃ ។ ជាការពិតណាស់ថា ដើម្បីដណ្តើមជ័យជំនះលើការប្រកួតយានយន្ត មិនថាកីឡាប្រណាំងម៉ូតូ ឬរថយន្តនោះទេ សុទ្ធតែទាមទារប្រេងម៉ាស៊ូត និងប្រេងសាំងដែលមានគុណភាពខ្ពស់ និងកម្រិតស្តង់ដាអន្តរជាតិ ។ អស់រយៈពេលជាង៤ទសវត្សមកហើយ ដែលក្រុមហ៊ុនតូតាល់បានផ្គត់ផ្គង់ជូននូវប្រេងឥន្ធនៈ ដ៏មានគុណភាពដល់ការប្រណាំងយានយន្តលំដាប់អន្តរជាតិនៅលើពិភពលោក ។ តួយ៉ាងដូចជាការប្រណាំងរថយន្ត World Rally Championship ជាមួយនឹងកីឡាករជើងឯកឈ្នះពានរង្វាន់៦ឆ្នាំជាប់គ្នា គឺលោក Sebastien Loeb មានកីឡាករប្រណាំងជាច្រើនដែលទទួលបានជ័យជំនះ និងកិត្តិនាមដូចជាក្រុម Renault ជាមួយនឹងក្រុម Citroen បានដណ្តើមយកជ័យជំនះ ដែលក្រុមពួកគេបានជ្រើសប្រើប្រេងឥន្ធនៈតូតាល់។ រួមជាមួយគ្នានេះដែរក្រុម Kawasaki បានទទួលជ័យជំនះពីការប្រកួតប្រណាំងម៉ូតូ ហើយពួកគេក៏ជ្រើសប្រើប្រេងឥន្ធនៈតូតាល់ផងដែរ ។ ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអន្តរជាតិម៉ូតូហោះតូតាល់ ២០១១នេះ ត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនរថយន្ត Ford, The Pizza Company, ធនាគារ ANZ Royal, Infinity Insurance, ភេសជ្ជៈ Bacchus, ទឹកបរិសុទ្ធអេរ៉ូតិច, Coca Cola និងកាសែត Phnom Penh Post ហើយក្រុមហ៊ុន Comin Khmere សហការរៀបចំក្នុងព្រឹត្តិការណ៍នេះ ៕ |
ឆ្នាំ២០១៥ខាងមុខកម្ពុជារំពឹងនាំអង្ករចេញក្រៅប្រទេសបាន១លានតោន Posted: 18 Mar 2011 07:28 PM PDT ខេត្តកំពង់ចាម ៖ បណ្តាញកសិករនិងធម្មជាតិសហការឧបត្ថម្ភដោយRED មូលនិធិហ្វ្រីឌ្រីច ណៅម៉ាន់នៅកម្ពុជា និងអង្គការសេដាក បានប្រារព្ធសមាជជាតិបណ្តាញកសិករនិងធម្មជាតិ លើកទី៨ កាលពីថ្ងៃទី១៦-១៧មីនា ២០១១ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោកអ៊ិត ណូឌី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានកសិករមកពីខេត្តចំនួន១៣គឺកំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបងពោធិ៍សាត់ សៀមរាប និងកំពង់ស្ពឺ សរុបរាប់រយនាក់បានមកចូលរួមក្នុងសមាជនេះ ។ លោកអួន សុផល ប្រធានបណ្តាញកសិករនិងធម្មជាតិបានថ្លែងថា ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ បណ្តាញកសិករនិងធម្មជាតិតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសេដាកនិងស្ថាប័នផ្តល់ជំនួយនានាធ្វើការរៀបចំសមាជជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីឆ្លុះបញ្ចាំងនិងបង្ហាញពីសកម្មភាពនិងលទ្ធផលដែលសម្រេចបាននិងលើកផែនការយុទ្ធសាស្រ្តសំរាប់ឆ្នាំបន្ទាប់។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០១០ កន្លងទៅបណ្តាញកសិករនិងធម្មជាតិសំរេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សំគាល់ក្នុងនោះរួមមាន សហគមន៍ចំនួន១.១០៧ ដែលមានសមាជិកចំនួន៤០.២៩២នាក់(ស្រ្តី២៣.៥៩១នាក់) នៅក្នុងភូមិចំនួន១.១០៤ ក្នុង៥១ស្រុក ១៣ខេត្ត ហើយទុនសរុបមានចំនួនជាង៣លានដុល្លារសហរដ្ឋអាមេរិក ។ អ្នកស្រី សម កញ្ញា សមាជិកាក្រុមប្រឹក្សាភិបាលនិងជាប្រធានបណ្តាញស្ត្រីថ្នាក់ជាតិបានគូសបញ្ជាក់ថា បណ្តាញស្រ្តីថ្នាក់ជាតិនឹងត្រូវរៀបចំឱ្យមានបណ្តាញនៅថ្នាក់ស្រុកទៀត ហើយសព្វថ្ងៃស្ត្រីកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងនិរន្តរភាពសន្តិសុខស្បៀង ។ ស្រ្តីបានក្លាយជាអ្នកដឹកនាំនៅតាមបណ្តាខេត្ត ក្រុង ស្ត្រីក្លាយជាមេឃុំ និងមានតំណែងនៅក្នុងរាជរដ្ឋភិបាលផងដែរ ហើយសកម្មភាពកន្លងមកនិងក្នុងពេលបច្ចុប្បន្ន កំពុងតែមានបំរែបំរួលជាវិជ្ជមានច្រើនគួរឱ្យកត់សំគាល់ និងបានបង្កើតឱ្យមានរហូតដល់ទៅ៧១១ក្រុម នៅតាមបណ្តាឃុំ-ស្រុក ។ លោកបណ្ឌិតយ៉ង សាំងកុមារ ប្រធានអង្គការសេដាក និងជាទីប្រឹក្សារបស់បណ្តាញបាន ថ្លែងថា អង្គការសេដាកបានចាប់ផ្តើមកកើតនៅឆ្នាំ១៩៩៧ ដោយមានចក្ខុវិស័យអភិវឌ្ឍន៍លើគ្រួសារកសិករធ្វើយ៉ាងណាឱ្យកសិករចេះជួយគ្នាទៅវិញទៅមក មានសិទ្ធិគ្រប់គ្រាន់ក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ ផ្តល់ការផលិតស្បៀងអាហារប្រកបដោយសុវត្ថិភាពដើម្បីជួយដល់សង្គមជាតិទាំងមូល ។ ម្យ៉ាងទៀត ដើម្បីឱ្យកសិកម្មមានលក្ខណៈល្អប្រសើរទៅបាននោះ គ្រួសារកសិករមួយត្រូវមានការរីកចម្រើន។ ការអភិវឌ្ឍវិស័យកសិកម្មជាលក្ខណៈគ្រួសារនៅកម្ពុជា ត្រូវផ្សារភ្ជាប់នឹងការកសាងសមត្ថភាពគ្រួសារកសិករ ។ ចាប់តាំងពីដើមទីមក អង្គការសេដាបានយកចិត្តទុកដាក់ចងក្រងជា ក្រុមសហគមន៍ដំបូងនៅឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល នាឆ្នាំ១៩៩៧ បន្ទាប់មកក៏ចេះតែមានការអភិវឌ្ឍជាបន្តបន្ទាប់ ។ នៅឆ្នាំ២០០៨ បានរៀបចំឱ្យមានបណ្តាញកសិករនិងធម្មជាតិនៅថ្នាក់ជាតិ ដោយបានផ្សារភ្ជាប់សហគមន៍ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយ និងមានការគាំទ្រពីមូលនិធិហ្រ្វីឌ្រីចណៅម៉ាន់នៅកម្ពុជា ។ លោក អ៊ិត ណូឌី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងរយៈពេលជិត៩ឆ្នាំកន្លងទៅនេះ បណ្តាញកសិករនិងធម្មជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសេដាក ក្រសួង-មន្ទីរកសិកម្ម ស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិនានា ធ្វើសកម្មភាពការងារជាច្រើនប្រកបដោយជោគជ័យគួរឱ្យកត់សំគាល់។ បណ្តាញកសិករ បានចងក្រង ដឹកនាំ គាំទ្រនិងសម្របសម្រួលសមាគម អង្គការកសិករនៅថ្នាក់មូលដ្ឋានទាំងអស់ឱ្យក្លាយជាកម្លាំងអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដ មានភាពឯករាជ្យម្ចាស់ការ ចេះសហការនិងចេះចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរនូវទម្លាប់ចាស់បែបអវិជ្ជមានឱ្យប្រែទៅជាការផ្តួចផ្តើមនិងការអនុវត្តនូវគំនិតថ្មីបែបវិជ្ជមាន តាមរយៈការងារពិសោធន៍និងទស្សនកិច្ចសិក្សានានាទាំងក្នុងនិងក្រៅប្រទេស ។ លោកអ៊ិត ណូឌី បានបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញព្រះរាជក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់និងការអនុវត្តសហគមន៍អភិវឌ្ឍន៍កសិកម្ម ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសាមីក្រសួងទទួលខុសត្រូវដោយផ្ទាល់ ។ ដោយមានការសហការល្អនិងមានការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម អង្គការសេដាកនិងដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងនោះ បណ្តាញកសិករនិងធម្មជាតិមកទល់ពេលនេះ បង្កើតបានសហគមន៍ជំនួញស្រូវចំនួន២៥សហគមន៍(៨សហគមន៍បានចុះឈ្មោះជាផ្លូវការនៅមន្ទីរ-ក្រសួងកសិកម្ម) នៅក្នុង៨ខេត្ត ១៨ស្រុក មានសមាជិកសរុបចំនួន១.៨៨១នាក់ មានទុនភាគហ៊ុនសរុបចំនួន៧៧.២៥៨ដុល្លារ ។ |
Posted: 18 Mar 2011 06:27 PM PDT រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ មីនា បន្ទាប់ពីបិទអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំឥស្សរជនជាន់ខ្ពស់នៃអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអញ្ជើញទៅកាន់ស្ថានទូតជប៉ុន ដើម្បីប្រារព្ធពិធីរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនទាំងមូល ជាពិសេសសមាជិកនៃក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ និងរងរបួសដោយគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតនៃការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមី ដែលបោកបក់មកលើប្រទេសជប៉ុនកាលពីរសៀលថ្ងៃទី១១ ខែមីនា កន្លងមកនេះ។ ពិធីរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបណ្តាឥស្សរជនក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្រងផ្កា និងបានចារលើសៀវភៅរំលែកទុក្ខដោយទឹកចិត្តវិយោគគ្រប់ៗគ្នា និងបានបួងសួងឱ្យប្រទេសជប៉ុន និងប្រជាជនជប៉ុនទាំងមូលបានឆ្លងផុតផលលំបាកនេះឱ្យឆាប់រហ័សបំផុត។ ដោយឡែកកាលពីព្រឹកថ្ងៃដដែល ប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអញ្ជើញទៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីចូលរួមមរណទុក្ខ និងគោរពដល់វិញ្ញាណក្ខន្ធពលរដ្ឋជប៉ុនដែលរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមី។ ក្រៅពីប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គេឃើញវត្តមានសិស្ស និស្សិតតាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក៏បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ ដែលបង្ហាញឱ្យឃើញសមានចិត្តគោរពស្រឡាញ់និងចូលរួមមរណទុក្ខ រំលែកទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជាចំពោះប្រជាពលរដ្ឋជប៉ុន ជាបងប្អូន ។ ស្ថានទូតជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១ ដោយបញ្ជាក់ថា គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ បានបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ។ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពនេះ ស្ថានទូតជប៉ុនអនុញ្ញាតឱ្យសាធារណជនចូលរួមសរសេរក្នុងសៀវភៅរំលែកទុក្ខនៅស្ថានទូតជប៉ុន ដែលមានអាសយដ្ឋានលេខ១៩៤ មហាវិថីព្រះនរោត្តម ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ ។ ទន្ទឹមនោះ ស្ថានទូតជប៉ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមមរណទុក្ខ និងសន្តានចិត្តក្នុងការផ្តល់ការបរិច្ចាគថវិកានិងផ្កាសម្រាប់ជនរងគ្រោះដោយគ្រោះមហន្តរាយនេះ ។ |
ក្រុមប្រឹក្សាខណ្ឌទួលគោកពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍ Posted: 18 Mar 2011 05:11 PM PDT រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី១ កាលពីព្រឹកថ្ងៃទី១៨ មីនា បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខណ្ឌទួលគោករយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ។ លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកឱ្យដឹងថា ការជួបប្រជុំវិសាមញ្ញលើកទី១ នៅពេលនេះ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន២ គឺរបៀបវារៈទី១ ពិភាក្សា និងអនុម័តសេចក្តីព្រាងគោលការណ៍ណែនាំគោលនយោបាយសម្រាប់កសាង ផែនការអភិវឌ្ឍន៍ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ខណ្ឌទួលគោក និងរបៀបវារៈទី២ សេចក្តីថ្លែងហេតុ និងបទបង្ហាញអំពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខណ្ឌ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខណ្ឌទួលគោក ។ លោកសេង រតនៈ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌទួលគោក បានអានសេចក្តីថ្លែងហេតុ និងបទបង្ហាញអំពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខណ្ឌទួលគោករយៈពេល៥ឆ្នាំឱ្យដឹងថា ផែនការអភិវឌ្ឍន៍ខណ្ឌដែលបានរៀបចំឡើងនេះ គឺដើម្បីកំណត់ចក្ខុវិស័យ គោលដៅ គោលបំណងសូចនាករ និងយុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសរដ្ឋបាលខណ្ឌក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងសុខុមាលភាពជូនប្រជាជននៅមូលដ្ឋាន និងក៏ជាមូលដ្ឋានដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តអំពីការអភិវឌ្ឍន៍ខណ្ឌ ។ ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្របខណ្ឌចំណាយរយៈពេលមធ្យម និងថវិកាប្រចាំឆ្នាំរបស់ខណ្ឌ ។ លោកសេង រតនៈ ឱ្យដឹងទៀតថា ផែនការអភិវឌ្ឍន៍ខណ្ឌក៏ជាគន្លឹះ និងជាឧបករណ៍សម្រាប់ជួយដល់ក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌ ដើម្បីក្តាប់ពីស្ថានភាពខណ្ឌ ក្នុងការវិភាគរកបញ្ហា មូលហេតុនៃបញ្ហា បញ្ហាប្រឈម និងដំណោះស្រាយទៅតាមស្ថានភាព ជាក់ស្តែងរបស់ខណ្ឌលើកត្តាសេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងផ្នែករដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។ លោកសេង រតនៈ អភិបាលខណ្ឌទួលគោក ថ្លែងថា ការរៀបចំផែនការអភិវឌ្ឍន៍ ខណ្ឌតម្រូវឱ្យមានការចូលរួម និងពិគ្រោះយោបល់ពីការិយាល័យចំណុះរបស់សាលាខណ្ឌ ការិយាល័យជំនាញរបស់សាលាខណ្ឌ អង្គភាព នានា ក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានាដែលមានភារកិច្ចនិងសកម្មភាពនៅក្នុងផែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ ។ ជាមួយគ្នានេះ ការរៀបចំផែនការភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ខណ្ឌត្រូវផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ។ លោកសេង រតនៈ បន្តទៀតថា ផែនការអភិវឌ្ឍន៍ខណ្ឌគឺជាឯកសារមូលដ្ឋានគ្រឹះក្នុងការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌ ។ ដូចនេះក្នុងកិច្ចដំណើរការៃនការរៀបចំកសាងផែនការអភិវឌ្ឍន៍ខណ្ឌនេះត្រូវបានចែកចេញជាពីរផ្នែក គឺផ្នែកផែនការអភិវឌ្ឍន៍ដែលត្រូវរៀបចំជា៤ជំហាន និងផ្នែកកម្មវិធីវិនិយោគ ត្រូវរៀបចំជា៣ជំហាន តាមសកម្មភាពជាក់ស្តែង នៅក្នុងជំហានកែច្នៃផ្នែកនីមួយៗ ។ លោកសេង រតនៈ បានស្នើសុំដល់អង្គប្រជុំ ឱ្យផ្តល់យោបល់បន្ថែមចំពោះផែនការអភិវឌ្ឍន៍ ខណ្ឌ និងធ្វើការពិភាក្សា និងអនុម័ត ៕ |
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនចាប់មេខ្លោងពីរនាក់ Posted: 18 Mar 2011 04:40 AM PDT រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ មីនា ឆ្នាំ២០១១ បញ្ហាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀន២នាក់ គ្រឿងញៀនជាង១គីឡូក្រាម អាវុធខ្លី១ដើម និងរថយន្តទំនើបចំនួន២គ្រឿង ។ លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងសន្និសីទកាសែតបានចង្អុលបង្ហាញមេខ្លោងជួញដូរគ្រឿងញៀន និងគ្រឿងញៀន ព្រមទាំងសម្ភារជាច្រើនទៀតដាក់នៅលើតុ ហើយលោកឧត្តមសេនីយ៍មិនបានមានប្រសាសន៍លំអិតប្រាប់អ្នកកាសែតនោះទេ ដោយសំអាងទៅលើរបាយការណ៍ដែលបានចែកជូនអ្នកកាសែតគ្រប់ជ្រុងជ្រោយអស់ទៅហើយ អំពីសកម្មភាពការបង្ក្រាបគ្រឿងញៀននេះ ។ យោងតាមអង្គហេតុក្នុងរបាយការណ៍បានសរសេរថា កម្លាំងការិយាល័យព័ត៌មានទូទៅនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានការផ្តល់ព័ត៌មានពីម្ចាស់ផ្ទះសំណាក់មួយ ហើយបានសហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ និងខណ្ឌមានជ័យ កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១១ វេលាម៉ោង២២និង៣០នាទី បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន៥នាក់ ។ ក្នុងនោះមាន១-ឈ្មោះលឹម ចន្ថា ២-ឈ្មោះទូច វាសនា ៣-ឈ្មោះឌួង សុខគីម ៤-ឈ្មោះខឹម ដាណេ ហៅស្រីស្រួច និង៥-ឈ្មោះស៊ីសុវត្ថិ ជាតិសុទ្ធិនូ ហៅណុច ពីបទសង្ស័យជួញដូរ ប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់នៅផ្ទះសំណាក់មួយ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្រុមទី៣ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងរបាយការណ៍បានឱ្យដឹងបន្តថា សមត្ថកិច្ចបានធ្វើការដកហូតជាក់ស្តែងនូវថ្នាំញៀនប្រភេទម្សៅពណ៌ស ចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូចមានទម្ងន់១.២១៦ក្រាម ។ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១.៦០០គ្រាប់ ទម្ងន់១៣០,៨ក្រាម អាភៀនទម្ងន់២០,៣ក្រាម អាវុធខ្លី១ដើមម៉ាកប្រាហា បង់១មាន៣គ្រាប់ រថយន្តចំនួន២គ្រឿង ម៉ាកសេលីកា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-8339 និងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G-2817 ប្រាក់ដុល្លារចំនួន២៤.០៩៤ដុល្លារ និង១.៨១៧.០០០រៀល ព្រមទាំងសំភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។ តាមចម្លើយរបស់ឈ្មោះលឹម ចន្ថា ដែលជាជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាអ្នកទទួលគ្រឿងញៀនសម្រាប់ធ្វើការជួញដូរមែន ដែលគ្រឿងញៀនទាំងនេះខ្លួនទទួលបានពីឈ្មោះខ្លា ដែលជាគូកនរបស់ខ្លួន ។ ឈ្មោះលឹម ចន្ថា បានបន្តថា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១១ វេលាម៉ោងប្រមាណ៨យប់ មុនពេលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះខ្លាណាត់ជួបតាមទូរស័ព្ទថា ឱ្យទៅជួបគ្នានៅស្ថានីយប្រេងក្បែរផ្ទះសំណាក់យីហោសម្បត្តិទិព្វ ។ ក្រោយពេលណាត់គ្នារួច ខ្លួនក៏ជិះម៉ូតូឌុបតែម្នាក់ឯងទៅចាំឈ្មោះខ្លា នៅទីដែលបានណាត់ លុះក្រោយមកប្រហែលមួយម៉ោង ឈ្មោះខ្លាបានជិះរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ មិនចាំស្លាកលេខ ព្រមទាំងមានមនុស្សប្រុសម្នាក់ទៀតជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម បិទគូទមកជួបខ្លួន ព្រមទាំងប្រគល់កញ្ចប់ថ្នាំញៀន និងរថយន្តឱ្យមកខ្លួនយកទៅផ្ទះសំណាក់សម្បត្តិទិព្វ ។ ក្រោយពេលជួបគ្នាពួកខ្លួនបានធ្វើដំណើរទៅផ្ទះសំណាក់តាមការណែនាំរបស់ឈ្មោះខ្លា ខ្លួនបានទៅជួបគ្នានៅក្នុងបន្ទប់លេខ៤០៨ ក្នុងផ្ទះសំណាក់សម្បត្តិទិព្វ ។ ខណៈពេលអង្គុយបានប្រហែល១០នាទី ឈ្មោះស្នា (ទូច វាសនា) បានមកដល់ហើយបានប្រគល់លុយចំនួន២២.០០០ដុល្លារឱ្យមកខ្លួន តែលុយនោះខ្លួនមិនបានរាប់ចំនួនទេ ។ ព្រមជាមួយគ្នានោះ ខ្លួនក៏ប្រគល់ថ្នាំញៀនប្រភេទម៉ាទឹកកក ពណ៌ស ចំនួន៥កញ្ចប់ធំឱ្យទៅឈ្មោះស្នា បន្ទាប់ពីទទួលបានថ្នាំញៀនហើយឈ្មោះស្នា ក៏ចុះទៅបាត់ទៅ ។ ឈ្មោះលឹម ចន្ថា បានបញ្ជាក់បន្ថែមទៀតថា ចំពោះអាវុធ គ្រឿងញៀន និងរថយន្តជារបស់ឈ្មោះខ្លាទាំងអស់ ដោយឈ្មោះនោះបានប្រាប់ខ្លួនថា យកមកពីខេត្តស្ទឹងត្រែង ៕ |
តណ្ហាដល់កឡើងផ្ទះអ្នកមេម៉ាយ ទាំងកាយអាក្រាត ត្រូវ២កំផ្លៀង និង១ជើងធ្លាក់ដីរត់ចោលខោ Posted: 18 Mar 2011 04:37 AM PDT ខេត្តកណ្តាល ៖ បុរសកំហូចម្នាក់បានលបឡើងលើផ្ទះស្ត្រីមេម៉ាយទាំងកាយអាក្រាត រួចចូលទៅបើកមុងធ្វើសកម្មភាពស្ទាបអង្អែលលើរូបរាងកាយប៉ុនប៉ងរំលោភ ប៉ុន្តែត្រូវស្ត្រីមេម៉ាយរូបនេះភ្ញាក់ដឹងខ្លួនទាន់ក៏បានទះ២កំផ្លៀង និងធាក់មួយជើងទៀត បណ្តាលឱ្យបុរសរូបនេះភ័យរត់ចោលខោខ្លីរបស់ខ្លួន ហើយស្ត្រីមេម៉ាយក៏បានទៅប្តឹងប៉ូលិសឱ្យចាប់ខ្លួនបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីរសៀលថ្ងៃទី១៧ មីនា ។ ហេតុការណ៍ប៉ុនប៉ងរំលោភនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ មីនា នៅលើផ្ទះស្ត្រីមេម៉ាយអាយុ៤២ឆ្នាំ ស្ថិតក្នុងភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ។ បុរសកំហូចដែលត្រូវបានចាប់ខ្លួនឈ្មោះហ៊ឹង ពែក អាយុ២៨ឆ្នាំ មានទីលំនៅក្បែរផ្ទះស្ត្រីមេម៉ាយខាងលើ ។ ទាក់ទិននឹងហេតុការណ៍ប៉ុនប៉ងចាប់រំលោភនេះ មន្ត្រីប៉ូលិសបានឱ្យដឹងដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីមេម៉ាយរូបនោះថា នៅយប់ថ្ងៃទី១៥ មីនា គាត់បានចូលដេកក្នុងមុងលើផ្ទះជាមួយកូនៗ ដោយភ្លេចដាក់គន្លឹះទ្វារ ខណៈពេលកំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានមនុស្សមករាវស្ទាបអង្អែលលើខ្លួនប្រាណគាត់ធ្វើឱ្យគាត់ភ្ញាក់ពីដំណេកទាំងភិតភ័យ ។ ភ្លាមនោះគាត់ក៏ស្ទុះទៅបើកភ្លើងបំភ្លឺមើលស្រាប់តែឃើញមុខច្បាស់អ្នកដែលស្ទាបខ្លួនប្រាណគាត់នោះ គឺឈ្មោះហ៊ឹង ពែក ជាអ្នកភូមិរស់នៅក្បែរគ្នាដោយជននេះស្រាតននលគក ។ ដោយខឹងពេកគាត់ក៏បានទះកំផ្លៀងជននោះពីរដៃ ហើយជននោះក៏បានវាយគាត់មួយដៃវិញដែរ ខណៈនោះគាត់ក៏បានធាក់សងវិញមួយជើងទៀត ទើបជននោះរត់ចោលខោខ្លី និងអាវនៅលើផ្ទះគាត់ ហើយគាត់ក៏បានទៅប្តឹងប៉ូលិសឱ្យចាប់ខ្លួនគេតែម្តង ។ ក្រោយពីត្រូវចាប់ខ្លួន ឈ្មោះហ៊ឹង ពែក បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។ មុនពេលកើតហេតុខ្លួនបានផឹកស្រាសជាមួយមិត្តភក្តិអស់ចំនួន៣លីត្រ ក៏ស្រវឹង ពេលបែកវង់ផឹកក៏នឹកចង់រួមភេទទើបបែកគំនិតលបឡើងលើផ្ទះស្ត្រីមេម៉ាយនោះ តែពេលខ្លួនស្ទាបអង្អែលរាងកាយស្ត្រីនោះដឹងខ្លួនក៏ស្រែកឆោឡោឡើង និងទះខ្លួនពីរកំផ្លៀង ថែមទាំងធាក់ខ្លួន១ជើងទៀត ធ្វើឱ្យខ្លួនភ័យក៏រត់ចេញពីទីនោះ បន្ទាប់មកក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមច្បាប់ ៕ |
កាមរីបុករថយន្តដឹកឥដ្ឋពីក្រោយ បង្កជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅ របួសធ្ងន់៣នាក់និងស្រាលម្នាក់ Posted: 18 Mar 2011 03:58 AM PDT ខេត្តសៀមរាប ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងត្រូវភ្លើងឆេះអស់នៅសល់តែគ្រោងតួ បន្ទាប់ពីបានបើកក្នុងល្បឿនលឿនដូចព្រួញ ហើយអ្នកបើកបរបាត់បង់ម្ចាស់ការជ្រុលចង្កូតទៅបុករថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋមួយគ្រឿងពីក្រោយ ខណៈពេលកំពុងបើកស្របទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ មីនា នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រភូមិគោករុន ឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប។ ទោះបីជាយ៉ាងណា ពុំមានសេចក្តីរាយការណ៍អំពីការស្លាប់បាត់បង់ជីវិតមនុស្សនោះទេ គ្រាន់តែដឹងថា មនុស្ស៤នាក់ជិះនៅក្នុងរថយន្តកាមរីឆ្លាមនោះបានរងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់។ លោកអនុសេនីយ៍ឯក តុង លក្ខិណា អធិការរងស្រុកពួកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ឱ្យដឹងថា យើងមិនទាន់បានដឹងជាក់លាក់អំពីមូលហេតុដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុនោះនៅឡើយទេ ព្រោះនៅមិនទាន់បានហៅភាគីជិះនៅក្នុងរថយន្តកាមរីដែលបុកឆេះនោះមកធ្វើការសាកសួរ។ គ្រាន់តែដឹងថា រថយន្តកាមរី និងរថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋនោះបានបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ លុះទៅដល់ចំណុចកើតហេតុ រថយន្តកាមរីឆ្លាមទំនងជាបើកលឿនពេកធ្វើឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តកាម៉ាស្សពីក្រោយ បណ្តាលឱ្យដាច់កង់មួយជួរ បែកផ្កាភ្លើងឆាបឆេះតែម្តង។ ក្រុមសមត្ថកិច្ចថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រស្រុកពួកនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលបណ្តាលឱ្យមានរបួស និងស្លាប់បាត់បង់ជីវិតមនុស្សអស់ជាច្រើននាក់ ក៏ប៉ុន្តែករណីគ្រោះថ្នាក់រហូតដល់ឆេះរថយន្តបែបនេះកម្រឃើញណាស់។ លោកអនុសេនីយ៍ឯក តុង លក្ខិណា បន្ថែមថា រថយន្តដែលរងការឆាបឆេះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺជារថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-0561 បានឆេះអស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ អ្នករងគ្រោះទាំង៤នាក់សុទ្ធសឹងតែអ្នកជិះនៅក្នុងរថយន្តកាមរីឆ្លាម ក្នុងនោះមាន ១-ឈ្មោះហុង ម៉ាង ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរ, ២-ឈ្មោះសុវ៉ាន រុង ភេទប្រុស អាយុ២៦ឆ្នាំ, ៣-ឈ្មោះចាន់ យី ភេទស្រី អាយុ២៦ឆ្នាំ និង៤-ឈ្មោះរ័ត្ន ភេទស្រី មិនស្គាល់ត្រកូល។ ពួកគេទាំង៤នាក់រស់នៅក្នុងភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែករថយន្តម្ខាងទៀតជារថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋ ពាក់ស្លាកលេខ ផ០០៦៦ ភព៣ បើកបរដោយឈ្មោះកែវ វាសនា ភេទប្រុស។ សាក្សីដែលជាកម្មកររថយន្តកាម៉ាស្សសណ្តោងដឹកឥដ្ឋបានប្រាប់សមត្ថកិច្ចនគរបាលស្រុកពួកថា ពេលកើតហេតុនោះគ្មានអ្នកណាដឹងថា មានរថយន្តបុកពីក្រោយទេ គ្រាន់តែឮសំឡេងស្មានតែផ្ទុះកង់រថយន្ត ប៉ុន្តែពេលមើលទៅក្រោយស្រាប់តែឃើញមានភ្លើងឆេះរថយន្តយ៉ាងសន្ធៅសន្ធៅ ពេលនោះអ្នកបើកបរក៏បានគេចខ្លួនបាត់៕ |
ផ្សារព្រែកព្នៅ រដ្ឋ និងឯកជន ជំទាស់គ្នាទៅវិញទៅមក រង់ចាំសាលារាជធានីភ្នំពេញសម្រេ0 Posted: 18 Mar 2011 03:40 AM PDT រាជធានីភ្នំពេញ ៖ តាមបទបញ្ជាសាលារាជធានីភ្នំពេញ សាលាខណ្ឌសែនសុខបានកោះហៅអាជីវករផ្សារព្រែកព្នៅ រដ្ឋ និងម្ចាស់ដីឡូត៍ បើកផ្សារឯកជន ឱ្យមកចូលរួមប្រជុំពិភាក្សាផ្សះផ្សាគ្នាអំពីទំនាស់ដ៏រ៉ាំរ៉ៃនាពេលកន្លងមក ។ ចំពោះតំណាងផ្សារឯកជនវិញ សុំឱ្យអាជ្ញាធររក្សាការលក់ដូចដើមដដែល ព្រោះអាចជួយបំពេញកង្វះខាតជីវភាពរបស់ពួកគេ (អាជីវករ) ។ ចំណែកអភិបាលរងខណ្ឌ លោកចេង មុន្នីរ៉ា ទាមទារឱ្យផ្សារឯកជនធ្វើច្បាប់អាជីវកម្ម និងគោរពច្បាប់សាធារណៈផងដែរ ។ ការដោះស្រាយមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ ដោយរង់ចាំអភិបាលរងខណ្ឌធ្វើរបាយការណ៍ទៅសាលារាជធានីភ្នំពេញ សម្រេចយ៉ាងម៉េចយ៉ាងម៉ាសិន ៕ |
ស្រី្តពិការក៏មានសិទ្ធិដូចជាស្ត្រីទូទៅដែរនៅក្នុងសង្គម Posted: 18 Mar 2011 03:24 AM PDT រាជធានីភ្នំពេញ ៖ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Smart Mobile ក្រុមហ៊ុនមិត្តហ្វូននិងក្រុមហ៊ុនអឹមហ្វូន អង្គការជនពិការកម្ពុជា បានរៀបចំទិវាអន្តរជាតិនារីខួបលើកទី១០០ ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិស្ត្រីពិការដើម្បីចូលរួមក្នុងសង្គមជាតិ» កាលពីថ្ងៃទី១៨ មីនា នៅទីស្នាក់ការអង្គការជនពិការកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តថាន់ ក្រោមអធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។ លោកជំទាវឃឹម ចំរើន បានលើកឡើងអំពីប្រវត្តិតស៊ូរបស់នារីកាលពី១០០ឆ្នាំមុន ដែលការតស៊ូនោះត្រូវបានពិភពលោកគោរពនិងលើកតម្កើងរហូតរៀបចំឱ្យមានជាទិវានេះឡើង ។ លោកជំទាវបន្តថា នារីពិការក៏មិនខុសពីនារីទូទៅដែរ គេត្រូវតែមានសិទ្ធិស្មើគ្នាទាំងអស់នៅចំពោះមុខច្បាប់ ។ លោកងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាបានថ្លែងថា អង្គការជនពិការកម្ពុជា មានបេសកកម្មនិងទិសដៅជំរុញការកែប្រែទស្សនៈអវិជ្ជមានរបស់សង្គមចំពោះជនពិការគ្រប់ប្រភេទ និងគ្រប់វ័យ ។ ចូលរួមជួយលើកស្ទួយគាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការដោយការខិតខំជំរុញឱ្យមានការបង្កើតជាសមាគម ឬអង្គការនៃជនពិការផ្សេងៗដើម្បីឱ្យពួកគេមានលទ្ធភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមនៅក្នុងចំណោមសមាជិករបស់ពួកគេ ។ ដោយមើលឃើញថា បញ្ហាស្ត្រីពិការនៅតែប្រឈមមុខនឹងអំពើរំលោភបំពានផ្លូវភេទពីសំណាក់ជនខិលខូចមួយចំនួនធំ ដែលជាហេតុធ្វើឱ្យស្ត្រីពិការបាត់បង់នូវអនាគតនិងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិទាំងមូល ហេតុដូច្នេះហើយ បានជាអង្គការជនពិការកម្ពុជា បានរៀបចំទិវាអន្តរជាតិនារីនេះឡើងក្នុងគោលបំណង ១-លើកកម្ពស់ការយល់ដឹង តួនាទី និងសារសំខាន់របស់ស្ត្រីពិការ ។ ២-ជំរុញឱ្យមានការដាក់បញ្ចូលបញ្ហាស្ត្រីពិការទៅក្នុងវិស័យយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកិច្ចការនារី ។ នៅក្នុងប្រទេសកម្ពុជាយើង ជនពិការមានច្បាប់ពិសេសសម្រាប់ការពារពួកគេហើយ គឺច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជារបស់យើងបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០៧ ប៉ុន្តែប្រទេសរបស់យើងមិនទាន់បានផ្តល់សច្ចាប័នទៅលើអនុសញ្ញានេះទេ ។ អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅត្រង់មាត្រា៦ បានលើកពីសិទ្ធិស្ត្រីពិការដែលបានចែងថា ១-រដ្ឋភាគីទទួលស្គាល់ថា ស្ត្រីនិងកុមារីពិការ ងាយរងការរើសអើងច្រើនបែបយ៉ាង ចំពោះបញ្ហានេះ ត្រូវចាត់វិធានការនានា ដើម្បីធានាឱ្យពួកគេទទួលបានភាពស្មើគ្នា និងពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តទាំងអស់ ។ ២-រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្រប ដើម្បីធានាឱ្យស្ត្រីទទួលបានការអភិវឌ្ឍនិងការផ្តល់សិទ្ធិអំណាចឱ្យបានពេញលេញក្នុងគោលបំណងដើម្បីធានាពួកគេឱ្យអនុវត្ត និងទទួលបានសិទ្ធិមនុស្សនិងសេរីភាពជាសារវន្តដូចមានចែងក្នុងអនុសញ្ញានេះ៕ |
នាំខ្លួនមេខ្លោងផលិតគ្រឿងញៀន២នាក់បងប្អូនឡើងតុលាការសួររកអ្នកនៅពីក្រោយ Posted: 18 Mar 2011 03:16 AM PDT រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ មីនា បានអនុញ្ញាតឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនជនជាមេខ្លោង២នាក់បងប្អូនដែលពាក់ព័ន្ធនឹងការលួចលាក់ផលិតគ្រឿងញៀនមកធ្វើការសាកសួរបន្ថែមដើម្បីរកជននៅពីក្រោយ។ ជនទាំង២នាក់នេះម្នាក់ឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ និងម្នាក់ទៀតឈ្មោះហុង រស្មី ភេទប្រុស អាយុ៣២ឆ្នាំ។ ការនាំខ្លួនជនជាប់ពាក់ព័ន្ធនឹងការផលិតនិងជួញដូរគ្រឿងញៀននេះ គឺតាមការបង្គាប់ពីលោកអឿង សៀង ចៅក្រមស៊ើបរបស់សាលាដំបូងរាជធានីភ្នំពេញ តែក្រោយពីសាកសួរពុំមានប្រភពផ្លូវការណាមួយបញ្ជាក់ថា មានលទ្ធផលយ៉ាងណានោះទេ។ ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មានឱ្យដឹងថា ករណីនេះគឺលោកចៅក្រមសាកសួរជនត្រូវចោទដើម្បីរកឱ្យឃើញអ្នកនៅពីក្រោយខ្នង។ ការចាត់ការយ៉ាងដូច្នេះ ពីព្រោះគេមិនជឿថា ឈ្មោះហុង អេនឌី និងហុង រស្មី អាចលួចផលិត ឬជួញដូរយ៉ាងធំសម្បើមដោយគ្មានអ្នកនៅពីក្រោយខ្នងនោះទេ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ មីនា កន្លងទៅនេះ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាប់ចោទពាក់ព័ន្ធនឹងការលួចផលិតគ្រឿងញៀនជាទ្រង់ទ្រាយធំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។ ក្នុងពេលភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ គឺ១-ឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ, ២-ឈ្មោះណៃ ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ និង៣-ឈ្មោះណៃ វ៉ាន់ណែត ភេទប្រុស អាយុ១៦ឆ្នាំ ព្រមទាំងរឹបអូសវត្ថុតាងគ្រឿងញៀនប្រមាណជាង៦គីឡូក្រាម រថយន្តទំនើប៤គ្រឿង សម្ភារ និងឧបករណ៍ផលិតមួយចំនួនទៀត។ ក្រោយពីឃាត់ខ្លួនជនជាប់សង្ស័យខាងលើ សមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃក៏បានឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់ទៀត ហើយពួកគេត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីស៊ើបអង្កេតបន្ត និងធ្វើការស្រាវជ្រាវរកជនដែលនៅពីក្រោយខ្នងមុននឹងឈានទៅបើកសវនាការផ្តន្ទាទោសជនដែលត្រូវចោទ។ ក្រោយពីសាកសួររួច ជនដែលត្រូវចោទត្រូវបានអនុរក្សពន្ធនាគារនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសវិញ៕ |
តារាហូលីវូដ សាន់ដ្រា ប៊ូឡុក បរិច្ចាគប្រាក់១លានដុល្លារដល់ជប៉ុន Posted: 18 Mar 2011 03:05 AM PDT នាងសាន់ដ្រា ប៊ូឡុក ជាតារាភាពយន្តហូលីវូដល្បីឈ្មោះបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់នាងចំនួន១លានដុល្លារអាមេរិកដល់កាកបាទក្រហមអាមេរិក ដើម្បីយកទៅជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារការរញ្ជួយដីនៅប្រទេសជប៉ុន ។ នេះបើតាមការឱ្យដឹងដោយកាកបាទក្រហមអាមេរិក កាលពីថ្ងៃទី១៧ មីនា កន្លងមក ។ នាងសាន់ដ្រា ប៊ូឡុក ជាតារាសម្តែងដែលបរិច្ចាគប្រាក់ផ្ទាល់ខ្លួនច្រើនបំផុត សម្រាប់ប្រទេសជប៉ុនចាប់តាំងពីប្រទេសជប៉ុនរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក ។ តាមប្រភពព័ត៌មានថា តារាភាពយន្តបរទេសល្បីៗជាច្រើននាក់បានប្រើប្រាស់គេហទំព័រ Twitter ដើម្បីទទូចដល់អ្នកគាំទ្រពួកគេឱ្យគាំទ្រកាកបាទក្រហមដោយការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនតាមការដែលអាចធ្វើទៅបាន ។ |
Posted: 18 Mar 2011 02:56 AM PDT រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ មីនា ២០១១ តាមរយៈអ៊ីម៉ែលថា លោកស្រីឯកអគ្គរដ្ឋទូតស៊ូសាន ឆេខប (Susan Jacob) ទីប្រឹក្សាពិសេសសម្រាប់កុមារបានធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ទី១៨ មីនា ២០១១ ដើម្បីចូលរួមកិច្ចប្រជុំស្វែងរកការពិតស្តីពីការសុំកូនចិញ្ចឹមទៅបរទេស ។ ស្ថានទូតអាមេរិកបន្តថា លោកស្រីឯកអគ្គរដ្ឋទូត Susan Jacob បានជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល និងតំណាងមកពីស្ថាប័នដទៃទៀត ដើម្បីពិភាក្សាពីស្ថានភាពនៃការអនុវត្តការគោរពតាមអនុសញ្ញាក្រុងឡាអេ ស្តីពីការសុំកូន ស្ថានទូតបន្តទៀតថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងបានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាបង្កើតប្រព័ន្ធសុខុមាលភាពកុមារ ហើយនឹងធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបទប្បញ្ញត្តិ សម្រាប់អនុវត្តទាក់ទងនឹងច្បាប់ថ្មីស្តីពីការសុំកូនទៅបរទេសពេលបទប្បញ្ញត្តិទាំងនោះចេញ ។ ស្ថានទូតអាមេរិកបន្តថា «យើងសុំសរសើរដល់រាជរដ្ឋាភិបាលចំពោះជោគជ័យដែលទទួលបានកន្លងមក ក្នុងការបង្កើនការការពារដល់កុមារងាយរងគ្រោះ ។ សហរដ្ឋអាមេរិកមិនទាន់កំណត់ថ្ងៃខែសម្រាប់ការបន្តឡើងវិញនូវការសុំកូនចិញ្ចឹមទៅបរទេសពីប្រទេសកម្ពុជានៅឡើយទេ៕ |
យុវសិស្សទំនើងវិទ្យាល័យវត្តភ្នំ៤នាក់ប្រឈមមុខនឹងតុលាការ Posted: 18 Mar 2011 02:50 AM PDT រាជធានីភ្នំពេញ ៖ នគរបាលផ្នែកនីតិវិធីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាននិយាយថា យុវសិស្សទំនើង៤នាក់ដែលវាយតប់គ្នាបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងភ្ញាក់ផ្អើលពេញវិទ្យាល័យវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៧ មីនា ២០១១ រួមទាំងនគរបាលមហាផ្ទៃ២នាក់ទៀតនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី១៧ មីនា២០១១ វេលាម៉ោង២និង២០នាទីរសៀល មានយុវសិស្ស២ក្រុមបានដេញវាយតប់គ្នានៅកន្លែងលក់ទឹកអំពៅក្នុងវិទ្យាល័យវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានយកកៅអីជ័រគប់គ្នាបង្កភាពអនាធិបតេយ្យដោយពុំខ្លាចរអានាយកសាលាបន្តិចណាឡើយ ។ មិនអស់ចិត្តភាគីម្ខាងៗបានទូរស័ព្ទហៅបក្សពួក ខ្លះហៅបងប្អូនជានគរបាលទៅសងសឹកគ្នានៅចំណុចខាងជើងសាលាផ្លូវលេខ៧៤ ប៉ុន្តែត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួន២ភាគីចំនួន៦នាក់ ក្នុងនោះ មាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ២នាក់ ដែលទទួលរងការចោទប្រកាន់ដកកាំភ្លើងគំរាមគូបដិបក្ស ។ យុវសិស្សទំនើងដែលបង្កភាពអនាធិបតេយ្យក្នុងវិទ្យាល័យវត្តភ្នំ ហើយសមត្ថកិច្ចឃាត់ខ្លួនក្រុមទី១ មានឈ្មោះកែវ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៦៣ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងឈ្មោះស៊ឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនទាំងពីរនេះជាសិស្សវិទ្យាល័យវត្តភ្នំ រីឯក្រុមទី២ មាន១-ឈ្មោះហ៊ត ឆៃឡង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ២-ឈ្មោះគង់ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២៣ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជនទាំង២ជាសិស្សវិទ្យាល័យវត្តភ្នំ) ៣-ឈ្មោះហ៊ត ហះរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ និង៤-ឈ្មោះឃន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ (ជនទាំង២នេះជានគរបាលក្រសួងមហាផ្ទៃ)៕ |
អាស៊ានគ្រោងប្រើប្រាស់ទិដ្ឋាការរួមគ្នាសម្រាប់អ្នកទេសចរណ៍នាពេលឆាប់ៗនេះ Posted: 18 Mar 2011 02:46 AM PDT រាជធានីភ្នំពេញ ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ជាភាសាអង់គ្លេសថា អាស៊ាន មានផែនការប្រើប្រាស់ទិដ្ឋាការតែមួយរួមគ្នាសម្រាប់អ្នកទេសចរណ៍ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានវៀតណាមញូវស៍ ដែលស្រង់សម្តីលោកអែតឌី គ្រីសណៃឌី មន្ត្រីនៃអគ្គលេខាធិការដ្ឋានអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចេញផ្សាយកាលពីវេលាម៉ោង១២និង១៩នាទីថ្ងៃសុក្រ ទី១៨ មីនា នេះ ។ លោកអែតឌី គ្រីសណៃឌី បានបញ្ជាក់ថា ទិដ្ឋាការគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រទេសចរណ៍របស់អាស៊ានសម្រាប់រយៈពេល៥ឆ្នាំ ហើយថា តាមរយៈគម្រោងការថ្មីនេះ អ្នកធ្វើដំណើរអាចបំពេញទិដ្ឋាការនៅក្នុងប្រទេសណាមួយក៏បានក្នុងចំណោមសមាជិកអាស៊ាន ហើយក៏នឹងអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់គ្រប់ប្រទេសទាំងអស់ក្នុងតំបន់ ។ កាលពីឆ្នាំ២០១០កន្លងមកនេះ ភ្ញៀវទេសចរប្រមាណ៦៥លាននាក់ បានមកកំសាន្តនៅតាមបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ក្នុងនោះប្រទេសម៉ាឡេស៊ី នាំមុខគេ បន្ទាប់មកប្រទេសថៃ សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន កម្ពុជា ឡាវ ភូមា និងប្រទេសប្រ៊ុយណេ ។ គេរំពឹងថា តាមរយៈប្រើប្រាស់ទិដ្ឋាការតែមួយរួមគ្នានេះ នឹងធ្វើឱ្យអ្នកទេសចរមកកំសាន្តក្នុងតំបន់អាស៊ានកាន់តែមានចំនួនកើនឡើងថែមទៀត ៕ |
ត្រៀមរៀបចំអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀតនៅតំបន់ព្រែកលៀប Posted: 18 Mar 2011 02:23 AM PDT រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជនដ៏ធំក្នុងស្រុកមួយ បាននិងកំពុងត្រៀមរៀបចំដំណើរការអភិវឌ្ឍជាទីក្រុងរណបថ្មីមួយទៀត មានលក្ខណៈទំនើបមិនធ្លាប់មាននៅតំបន់ព្រែកលៀប ។ ក្រុមហ៊ុនដែលត្រៀមធ្វើការវិនិយោគជាទីក្រុងរណបនោះមានឈ្មោះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OEIC) ដែលមានលោកឧកញ៉ាពុង ឃាវសែ ជាប្រធាន និងជាក្រុមហ៊ុនកំពុងដំណើរការអភិវឌ្ឍទីក្រុងកោះពេជ្រ ។ យោងតាមវ៉េបសាយសាលារាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ មីនា ២០១១ សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុនក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពង្រាងគម្រោងនៃការបង្កើតទីក្រុងរណបថ្មីមួយទៀត នៅត្រើយខាងកើតស្ពានជ្រោយចង្វា ឬខាងលិចផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ព្រែកតាសេក និងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ លើផ្ទៃដីចំនួន៣៨៧ហិកតា ។ ព័ត៌មានតាមវ៉េបសាយបានបន្តថា គម្រោងអភិវឌ្ឍទីក្រុងរណបនេះមានលក្ខណៈទំនើប លើផ្ទៃដី៣៨៧ហិកតា ត្រូវបានបែងចែកជា៤ផ្នែកគឺ ទី១ជាតំបន់សួនច្បាររុក្ខជាតិសាធារណៈប្រមាណ៦០ហិកតា ទី២-ពហុកីឡដ្ឋានថ្នាក់ជាតិ៤០ហិកតា ទី៣-ជាតំបន់អាស៊ានបូក៣ប្រមាណ៤៥ហិកតា ជាទីតាំងដែលត្រៀមសម្រាប់ប្រទេសអាស៊ានបូកបី សម្រាប់ការងាររៀបចំក្នុងក្របខណ្ឌអាស៊ាន និងទី៤-ចំនួន១៦២ហិកតា ជាទីតាំងអភិវឌ្ឍដែលក្នុងនោះមានតំបន់លំនៅឋាន ពាណិជ្ជកម្ម ធនាគារ សាលារៀន និងសាលមហោស្រពជាដើម ហើយផ្ទៃដីមួយផ្នែកទៀតសម្រាប់អភិវឌ្ឍផ្សេងៗ ។ នៅក្នុងកិច្ចប្រជុំនោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីជំនាញក្រោមឱវាទសាលារាជធានីភ្នំពេញ ឱ្យរៀបចំគណៈកម្មាធិការមួយដោយមានការចូលរួមពីក្រុមហ៊ុនដើម្បីជំរុញការអនុវត្តការងារនេះឱ្យបានលឿន ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ពិតជាមានការអភិវឌ្ឍខ្លាំងក្លាគួរឱ្យមោទនៈ ជាពិសេសពេលនេះយើងមានទីក្រុងរណបថ្មីៗនៃរាជធានីភ្នំពេញ ជាច្រើនដូចជា ទីក្រុងរណបកាំកូស៊ីធី ទីក្រុងកោះពេជ្រ និងហ្គ្រែនភ្នំពេញ ។ ពេលឆាប់ៗខាងមុខនេះ នឹងមានការរៀបចំទីក្រុងរណបនៅតំបន់ជ្រោយចង្វា ព្រែកលៀប ដែលកំពុងត្រៀមរៀបចំ។ នេះមិនទាន់គិតពីការអភិវឌ្ឍជាសំណង់អគារធំ ហើយខ្ពស់ៗ និងការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម ឬសំណង់លំនៅឋានផ្សេងៗនោះទេ ៕ |
វាយគេរបួសពេលបុណ្យដារលានត្រូវប៉ូលិសឃាត់ខ្លួន Posted: 18 Mar 2011 02:02 AM PDT ខេត្តតាកែវ ៖ ក្មេងទំនើងម្នាក់ត្រូវប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ខណៈដែលជននេះបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះឱ្យដេកដួលសន្លប់ និងរងរបួសជា តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសស្រុកគិរីវង់បានឱ្យដឹងថា ក្មេងទំនើងដែលវាយគេឱ្យរបួសពេលបុណ្យដារលាននោះឈ្មោះវ៉ាត វួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានយក ដំបងប្ញស្សីប្រវែង១ម៉ែត្រកន្លះវាយទៅលើឈ្មោះសាញ់ វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជាមួយគ្នាចំកញ្ចឹង.ក និងកណ្តាលក្បាល បណ្តាលឱ្យដួលសន្លប់នៅលើដីរងរបួសធ្ងន់។ លុះព្រឹកឡើងថ្ងៃទី១៦ មីនា ប៉ូលិសបានទៅឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងកសាងសំណុំរឿង ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះរួមជាមួយអ្នកភូមិដទៃទៀត បាននាំគ្នាលេងពេលបុណ្យដារលានយ៉ាងសប្បាយតែជនសង្ស័យបានអង្គុយលេងបៀនៅក្នុងរោងបុណ្យ ពេលនោះ មិត្តភក្តិបានហៅជនសង្ស័យមកផឹកស្រា តែត្រូវជនរងគ្រោះស្ទុះទៅវាយអ្នកដែលហៅជនសង្ស័យ ទើបមានការវាយតបគ្នាកើតឡើង ។ នៅចំពោះប៉ូលិស ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះប្រាកដមែនមូលហេតុដោយសារជនរងគ្រោះបានវាយរូបគេមុន ។ លោកយ៉ុង ញីវ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ប៉ូលិសធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយ ក្នុងករណីផឹកស៊ីវាយតបគេឱ្យរបួសហើយពេលនេះវាយគេឱ្យរបួសម្តងទៀត នៅ ព្រឹកថ្ងៃទី១៨ មីនា យើងបានសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ |
Posted: 18 Mar 2011 01:59 AM PDT រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់គិតគូរពីការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទាន់ពេលវេលា ចៀសវាងការបង្កផលលំបាកដល់ពួកគាត់ ។ ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចូលរួមអង្កេតមើលចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងឡាយណា ដែលមានការកេងប្រវ័ញ្ចប្រាក់ខែ ឬប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនទាំងនោះ គឺត្រូវចាត់ការតាមនីតិវិធីច្បាប់ ។ ការណែនាំរបស់សម្តេចតេជោហ៊ុន សែន យ៉ាងដូច្នេះគឺបានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គប្រចាំសប្តាហ៍គណៈរដ្ឋមន្ត្រីដែលបានប្រារព្ធធ្វើនៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៨ មីនា ២០១១ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |