Koh Santipheap Daily

Koh Santipheap Daily


ជនជាតិអ៊ីស្រាអែល​៥នាក់ស្លាប់​​ក្នុង​តំបន់​​​និគម​ជន​​មួយ​​នៅ​ស៊ីស​ហ្ស៊ក​ដានី

Posted: 12 Mar 2011 11:30 PM PST

បុរស​ប៉ាឡេស្ទីន​ម្នាក់ កាលពីព្រឹកថ្ងៃទី​​១២ មីនា ​បានសម្លាប់​​ជនជាតិ​​អ៊ីស្រាអែល​​​៥​នាក់ ក្នុង​នោះ​មាន​​​កុមារ​​៣នាក់ ដោយសារ​កាំបិត​ក្នុង​​តំបន់​​និគម​ជន​ជ្វីហ្វ​នៅ​​ស៊ី​ស​ហ្ស៊ក​ដានី ។ នេះជា​ការ​​អះអាង​​របស់កង​ទ័ពអ៊ី​ស្រាអែល ។​
អ្នកនាំពាក្យ​​អ៊ីស្រាអែល​​​ម្នាក់​និយាយ​ថា ​នា​វេលា​រំលង​អធ្រាត្រ​ថ្ងៃទី​១២ មីនា នោះ ​​ភេរវករ​ម្នាក់​បាន​ចូលក្នុង​​ផ្ទះមួយនៅ​តំបន់​​និគម​ជន​​អ៊ីតា​ម៉ារ ​ហើយ​បាន​​សម្លាប់​​មនុស្ស​​​៥នាក់ ក្នុងនោះ​មានកុមារ​​៣នាក់ និង​ឪពុកម្តាយ​រប​ស់ពួកគេ ។​

លោក​​អេហ៊ូដ ​បារ៉ាក់ ​រដ្ឋមន្ត្រី​​ការពារ​ប្រទេស​​អ៊ីស្រាអែល​​បានសន្យា​​ពីការប្រើ​​រាល់​​មធ្យោ​បាយ​ចាំ​បាច់​​ដើម្បី​​តាម​ចាប់​ពួកអ្នក​​ទទួល​ខុសត្រូវ​​លើការ​​សម្លាប់​មនុស្ស​​នេះ ។ នាយករដ្ឋ​មន្ត្រី​​អ៊ីស្រាអែល​​លោក​​បេន​ចាមីន នេ​តាន់​យ៉ា​ហ៊ូ ​បានធ្វើ​​អត្ថាធិប្បាយ​​ថា នេះជា​​អំពើ​​យ៉ាង​​កំសាក​មួយដែលវាយ​​ប្រហារ​លើ​​គ្រួសារ​​ស្លូតត្រង់​​មួយ ឪពុក​ម្តាយ​​ និង​ពួក​​កូនៗ​​ដែល​​កំពុងដេក​​​លង់​លក់​ក្នុងផ្ទះ ។ លោក​បន្ត​ថា អ៊ីស្រាអែល​​នឹង​ពុំ​អាច​​​នៅ​ស្ងៀម​បាន ចំពោះ​​អំពើ​​មនុស្សឃាតដ៏គួរ​​ឱ្យស្អប់​ខ្ពើម​នេះ​ ហើយ​នឹង​បញ្ចេញ​​សកម្មភាព​ម៉ឺង​ម៉ាត់​នានា ដើម្បី​​​ធានា​សន្តិសុខ​​ដល់​​ប្រជា​ជន​ស៊ី​វិល ហើយ​ដាក់​​ទោស​​ពួកឃាតក។ ​អាជ្ញាធរ​ប៉ា​ឡេស្ទីន​​​បាន​ជួយ​ស្វែង​​រក​​ពួកអ្នក​ទទួល​ខុស​ត្រូវ ៕

ក្រោយ​ឈ្លោះ​​ជាមួយ​ប្តី​បន្តិច​បន្តួច ស្ត្រីម្នាក់​​ដុត​ខ្លួន​ឯង​ស្លាប់​​ចោល​កូន​​៤នាក់

Posted: 12 Mar 2011 11:12 PM PST

សពស្ត្រីម្នាក់​​ដុត​ខ្លួន​ឯង
​កន្លែងដែលស្ត្រី​ច្រប លួត បាន​​យកកណ្តាប់​​ចំបើង​​មក​គរ​ដុត​សម្លាប់ខ្លួនឯង
​​​ផ្ទះ​​ស្ត្រី​​​រង​គ្រោះ

​ខេត្តបាត់ដំបង​ ៖ ​ស្ត្រីម្នាក់​បាន​​យកកណ្តាប់​​ចំបើង​​មក​គរ​ដុត​សម្លាប់ខ្លួនឯង បណ្តាល​ឱ្យ​​​ស្លាប់​ដូចបំណង ផ្អើល​អ្នក​ភូមិ​​​ទៅចោមរោម​មើល​ ដើម្បី​​ចង់ដឹង​​ពីមូលហេតុ កាលពីវេលាម៉ោង​​៩​និង​​១៥នាទី​​ព្រឹកថ្ងៃទី​​​១៣ មីនា ២០១១ នៅ​ក្រុម​​​៥ ​​ភូមិ​​ដំបូកខ្ពស់ ​ឃុំអូរ​ដំបង​២ ស្រុក​សង្កែ។

ស្ត្រី​ម្នាក់នេះ​ឈ្មោះ​​ច្រប លួត អាយុ​​​៤៩​ឆ្នាំ រស់​នៅ​ភូមិ​​-ឃុំកើតហេតុខាងលើ ​មានប្តី​ឈ្មោះ​ចាន់ ណែម អាយុ​​៥២​ឆ្នាំ ​កូន​​៤នាក់ ក្នុងនោះ​​ប្រុស​​៣នាក់​...​ស្ត្រីរងគ្រោះ​​បានយកកណ្តាប់​ចំបើង​ទៅគរ​លើ​ដង​ខ្លួន​​នៅ​ឯក្រោយ​ផ្ទះ ដោយ​​ពុំ​មាន​​នរណា​​ឃើញ​ហេតុការណ៍​​នេះឡើយ ​រួច​ហើយ​​​កេះ​ដែកកេះ​​ដុត បណ្តាល​ឱ្យ​​គំនរ​​​ចំបើង​​ឆាប​ឆេះ​​​វឹប​ឡើង​​សន្ធោសន្ធៅ ស្ត្រី​រូបនេះ​​ក៏ស្លាប់​​​ដោយ​ត្រូវឆេះ​​​រួញ​ក្រញង់​​តែម្តង ​សំណាង​​ហើយ​ដែល​​​ភ្លើង​ចំបើង​​​មិនរាល​ដាល​ឆេះ​​ដល់​ផ្ទះ​​តទៅ​ទៀត ​។ ប៉ុន្តែ​​​​ប៉ុន្មាន​នាទីក្រោយ​មក ក៏មានក្មេង​​ប្រុស​​​ក្បែរ​ខាង​ម្នាក់ បានដើរ​ទៅ​​កន្លែង​ឆេះ​ហុយៗ​នោះ ដោយ​​​ឆ្ងល់​ថា តើ​គេ​ដុតអ្វី?​...​​ពេល​នោះក៏ឃើញ​សពស្ត្រី​​​ច្រប លួត ឆេះ​​ស្លាប់​​រួញ​ក្រញង់​​​ទៅហើយ ​ក្មេង​នោះ​ក៏​រត់​​ទៅប្រាប់​​ឪពុក​ម្តាយ​​​ ទើប​ផ្អើល​តៗ​គ្នា​​​ដល់​អ្នក​​ភូមិ​​មកចោមរោម​​មើល​​យ៉ាងអ៊ូអរ ។​

យោង​តាម​​លោក​ចាន់ ណែម ​ប្តីស្ត្រី​​​រង​គ្រោះ​​​បាន​ឱ្យ​​ដឹង​ថា ​ខណៈ​ពេល​ដែលប្រពន្ធ​​របស់​គាត់​​​ដុត​ខ្លួន​ឯង ​រូបគាត់​​មិន​នៅ​​ផ្ទះទេ គឺ​​ជាប់រវល់​​ទៅ​ផ្សារ​​ទិញ​ម្ហូប​...​។​​ មុនពេលកើតហេតុដុត​ខ្លួន​នេះ ប្រពន្ធ​​របស់​គាត់​​ និង​រូបគាត់​​មានរឿង​ឈ្លោះ​​ទាស់​​ទែង​​គ្នា​ខ្លះៗដែរ ប៉ុន្តែមិន​​ជា​ធំដុំ​ប៉ុន្មាន ហើយ​ក៏​​មិននឹក​​ស្មាន​​​ថា ប្រពន្ធរបស់គាត់​​ឈាន​ដល់​ការ​ប្រព្រឹត្ត​​​បែបនេះដែរ​...​មួយរយៈ​នេះ​ប្រពន្ធ​​​របស់គាត់​ហាក់​​មានអារម្មណ៍​​មិន​នឹង​ន៎​ សតិ​មិន​គ្រប់​គ្រាន់... ។ ព័ត៌​មាន​លម្អិតនឹងផ្សាយជូននៅពេ​ល​ក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព .

កម្ពុជា​ចូល​រួម​រំ​លែក​ទុក្ខ​ និងផ្តល់​វិភាគ​ទាន​១០ម៉ឺន​ដុល្លារ​ដល់​មហា​សោក​នាដកម្ម​និង​មហន្តរាយរញ្ជួយដីនៅជប៉ុន

Posted: 12 Mar 2011 08:20 PM PST

ទិដ្ឋភាពនៃរលកយក្សស៊ូណាមីនៅជប៉ុន
ទិដ្ឋភាពក្រោយការរញ្ជួយដីនៅជប៉ុន

សារ​រំលែក​ទុក្ខ​របស់​រាជ​ដ្ឋាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​ទី១២ មីនា ២០១១​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​​ បាន​សម្តែង​ភាព​ក្តុក​ក្តួល​ក្រៃ​លែង​ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀម​ក្រំ​ដល់​រាជ​រដ្ឋាភិបាល​ជប៉ុន​ ក៏ដូច​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ជួប​ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​រញ្ជួយដី-រលកយក្ស​ស៊ូណាមី បង្កឱ្យ​មនុស្ស​ស្លាប់​-របួស​​ច្រើន​នាក់​ ខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធ​ និងទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់...ជាមួយ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ផ្តល់​វិភាគទាន១០ម៉ឺន​ដុល្លារ​ដល់​សោកនាដកម្ម​ និងមហន្តរាយរញ្ជួយដី-រលក​យក្ស​ស៊ូណាមីនៃប្រទេសជប៉ុនផងដែរ ។
សូម​បញ្ជាក់​ថា​ ការរញ្ជួយ​ដី​យ៉ាងខ្លាំង​​បំផុត​មួយ​មាន​កម្លាំង​​​ដល់​ទៅ​៨,៩​​រីស្ទ័រ កើត​មាន​នាថ្ងៃទី១១ មីនា ​នៅភាគ​ឦសាន​ ប្រទេស​​ជប៉ុន​បង្កឱ្យ​​មានស៊ូ​ណា​មី​យ៉ាងសាហាវ​កំពស់​ដល់​ទៅ​១០ម៉ែត្រ ដែល​កំទេច​រាល់អ្វីៗ​ទាំង​អស់​​តាមផ្លូវ​វាយ​ប្រហារ​របស់​​រលក​​យក្ស​ទាំង​នេះ ដែលមាន​ទាំង​ផ្ទះ អគារ​​ទាំង​ឡាយ​ រថ​យន្ត​​ កសិដ្ឋាន​​ និងនាវា... ។
ទូរ​ទស្សន៍​​រដ្ឋ​ជប៉ុន​ NHK និយាយ​ពី​មនុស្ស​ ស្លាប់​ និង​របួស​ជាច្រើន​នាក់ពិសេស​​ដោយ​សារ​ការបាក់ដី​នៅភាគ​ខាង​ជើង​​ប្រទេស ។ ការ​រញ្ជួយ​ដី​​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​​ក្នុង​នោះ​មានអគារស្តុក​ប្រេងមួយ​នៃរោង​ចក្រ​​ចំរាញ់​ប្រេង​កាតនៅ CHIBA ជិតក្រុង​តូក្យូ ។ ទូរទស្សន៍​​បង្ហាញ​​ពី​រូប​ភាព​​នានា​នៃ​ស្ពានក្រុង​សេនដៃ​ជាទី​ក្រុង​មួយ​​មាន​ប្រជាជន​​១​លាននាក់​ស្ថិត​នៅ​ភាគ​​ខាង​ជើង
ត្រូវ​​​រង​ការ​វាយ​​ប្រហារ​ដោយ​រលក​យក្ស​​មាន​កំពស់១០​ម៉ែត្រ ។ ​រលក​យក្ស​មួយ​ទៀត​មាន​កំពស់៧ម៉ែត្រ កើត​មាន​បន្ទាប់ពី​រលក​យក្ស​កំពស់​១០​ម៉ែត្រនោះ ។
ការ​ប្រកាស​អាសន្ន​ស៊ូណាមី​ត្រូវ​បាន​​ធ្វើ​​ក្នុង​​ផ្នែក​មួ​​យ​យ៉ាង​ធំ​នៃ​ឆ្នេរ​សមុទ្រ​​ប៉ា​ស៊ី​ហ្វិក​​នៅ​កោះ ហុនស៊ូ​ជា​កោះ​សំខាន់​មួយ​របស់​ជប៉ុន ។ នៅ​តៃ​វ៉ាន់​ និងនៅ​ឥណ្ឌូ​ណេ​ស៊ី​ក៏​មាន​ការ​ប្រកាសអាសន្ន​ស៊ូណាមី​ដែរ ។ សាលា​ក្រុង​វ៉ា​កា​យ៉ា​ម៉ា បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​២០.០០០​នាក់ ជា​ការ​​បង្ការ​ចំពោះ​​រលក​ស៊ូណាមី​ថ្មីៗ​ទៀត ។ ​ការ​រញ្ជួយ​ដីនេះ​កើត​មាន​នាវេលាម៉ោង​៥ និង​៤៦​នាទី​ម៉ោង​សាកល​នៅចម្ងាយ​១៣០​គ​.ម ​ខាង​កើត​​ទីក្រុង​​សេន​ដៃក្នុង​ដែន​ទឹក​នៃ​កោះ​ហុន​ស៊ូ ​ក្នុងជម្រៅ​២៤គ.ម​ក្រោម​សមុទ្រ ។ ​នៅ​ទី​ក្រុង​តូក្យូ​អគារ​ទាំង​ឡាយ​ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង​ ។
ទូរទស្សន៍​ NHK បង្ហាញ​រ​ូប​ភាព​ទាំង​ឡាយ​នៃ​ពពក​ផ្សែង​ខ្មៅ​​ហុយ​ចេញ​ពី​អគារ​មួយ​នៅ ODAIBA ​ជាយ​ក្រុង​តូក្យូ ហើយ​ចរាចរណ៍​ផ្លូវ​ដែក​​របស់​រថ​ភ្លើង​លឿន​​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ត្រូវ​កាត់ផ្តាច់​។ ព្រ​លាន​យន្ត​​ហោះ​ក្រុង​តូក្យូ ណារីតា បាន​ត្រូវ​បិទទ្វារ ។ ផ្សែងខ្មៅ​ក៏​ហុយ​ចេញ​​ផង​ដែរ ពីតំបន់​ឧស្សា​ហកម្ម​មួយ​ក្នុង​​សង្កាត់​ ISOGO នៅ​ជាយក្រុង​យូកូ​ហាម៉ា ។
ក្រសួង​ការ​ពារ​ប្រទេស​​ជប៉ុន​បាន​បញ្ជា​ឱ្យ​យន្តហោះ​យោធា​៨គ្រឿង​​ហោះឡើង​ ដើម្បី​ ពិនិត្យ​ការខូចខាត ។ មជ្ឈ​មណ្ឌល​នុយ​ក្លេអែ៊រ ​​និងរោងចក្រ​​ចំរាញ់​ប្រេង​កាតជា​ច្រើន​ត្រូវបិទ​​ ហើយ​​រោងចក្រ​​ស្ល​ដែក​មួយ​កំពុង​ត្រូវ​ភ្លើង​ឆេះ។
ធនាគារ​ជប៉ុន​សន្យា​ពីជំនួយ​ ដើម្បី​ធានា​ដល់​ស្ថេរភាព​នៃទីផ្សារ  ៕

រញ្ជួយដី និង​ស៊ូណាមី នៅជប៉ុន​ប្រតិបត្តិការ​​ជួយសង្គ្រោះ​​យ៉ាង​ធំ​ និង​មាន​​ការ​គំរាម​កំហែង​​នុយក្លេអ៊ែរ

Posted: 12 Mar 2011 08:04 PM PST

ការ​រញ្ជួយដី​​យ៉ាង​ខ្លាំង​​បំផុត​​ពុំធ្លាប់​ដែលមាន​​នៅជប៉ុន
ការ​រញ្ជួយដី​​យ៉ាង​ខ្លាំង​​បំផុត​​ពុំធ្លាប់​ដែលមាន​​នៅជប៉ុន
ការ​រញ្ជួយដី​​យ៉ាង​ខ្លាំង​​បំផុត​​ពុំធ្លាប់​ដែលមាន​​នៅជប៉ុន

បន្ទាប់ពី​​​ការ​រញ្ជួយដី​​យ៉ាង​ខ្លាំង​​បំផុត​​ពុំធ្លាប់​ដែលមាន​​នៅជប៉ុន ការព្រួយបារម្ភ​​យ៉ាង​ខ្លាំង​​ក្លា​​បំផុត​គឺ​ចំពោះ​​សភាពការណ៍​ក្នុងមជ្ឈ​មណ្ឌល​​នុយ​ក្លេអ៊ែរ ​២​នៅ​​ហ្វូគូស៊ីម៉ា ​ចម្ងាយ​​​២៥០គីឡូ​ម៉ែត្រ ​​ខាង​ជើង​ក្រុង​​តូក្យូ ។​ ការ​ផ្ទុះ​​មួយកើតមាន​នៅមជ្ឈមណ្ឌល​​នុយ​ក្លេ​អ៊ែរ ​ហ្វូ​គូស៊ីម៉ា ​ទីមួយ ។ ដំបូល និង​ជញ្ជាំង​របស់​អគារ​​រេអាក់ទ័រ ​នៅទីនោះ​បានបាក់ ។ វិទ្យុស​កម្ម​​មានខ្ពស់​ជាង​​កម្រិត​​មធ្យម​​​នៅ​ទីតាំងនោះ ។ អាជ្ញា​ធរ​​អះអាង​ថា ​គ្រោះថ្នាក់​​វិទ្យុ​​សកម្ម​​មាន​កម្រិត​​៤ ក្នុង​ចំណោម​​កម្រិត​​​​៧ ។ ចំណែក​​​រេ​អាក់ទ័រ​​ទី​២ ​មាន​សញ្ញា​​នៃ​បញ្ហា​​ជា​មួយ​​គ្រោះ​​ថ្នាក់​នៃ​ការ​ផ្ទុះ ។ ​គ្រាប់ស្ករ​​អ៊ីយ៉ូត​ត្រូវ​បាន​​ចែក​ចាយ​ដល់ប្រជាជន​ទាំង​ឡាយ ។ ពួកអ្នក​​រស់នៅ ក្នុង​​រង្វង់​​​២០គីឡូម៉ែត្រ ​​ជុំវិញ​​ទីតាំង​នុយ​ក្លេអ៊ែរ ​នោះ​ត្រូវ​ជម្លៀស​​​ចេញ ។ ​មនុស្ស​​​៣នាក់ ដែល​ទទួល​ការធ្វើ​តេស្តរកឃើញ​​វិទ្យុស​កម្ម ។​

តុល្យ​ការ​​បណ្តោះអាសន្ន​​នៃគ្រោះ​រញ្ជួយដី​​នេះ​អ្នកស្លាប់ និង​បាត់ខ្លួន​ឡើងដល់​​​​១.៨០០​នាក់ ។ ​សាកសព​មនុស្ស​​​រវាង​ពី​​​៣០០ទៅ​​​៤០០​នាក់ ត្រូវបានរកឃើញ​ក្នុង​កំពង់​ផែ​មួយនា​ភាគ​ឦសាន​​​ជប៉ុន ។ ​ហើយអាជ្ញាធរ​​​បានបាត់​​ដំណឹង​ពី​ប្រជាជន​ប្រមាណ​ជា​​១០.០០០​នាក់​​នៅមី​ណា​មីសាន់​រីកូ ​​ជា​ទីក្រុង​​កំពង់ផែមួយ​នៅ​ភាគ​ឦសាន​​ ដែលរង​ការ​ប៉ះពាល់​ខ្លាំងជាង​គេ​​​ដោយ​​​ការរញ្ជួយដី​​ និង​រលក​យក្ស​ស៊ូណាមី ។ រដ្ឋាភីបាល​ជប៉ុន​និយាយ​ថា នេះជា​ការ​រញ្ជួយ​ខ្លាំង​បំផុត​​​នៅជប៉ុន​ចាប់តាំង​ពី​​​សករាជ​ MEIJI (ឆ្នាំ​​១៨៦៨ ដល់ឆ្នាំ​​១៩១២) ​មក ​ហើយ ​គេ​គិតថា មនុស្ស​ជា​ច្រើន​​ពាន់នាក់ត្រូវ​ស្លាប់ ។​ កងទ័ព​​ជប៉ុន​បានរកឃើញ​​សាកសពមនុស្ស​​​ពី​​​៣០០​ទៅ​​៤០០នាក់ នៅ​កំពង់ផែរីគូ ​​ហ្សេន​​តា​​កាតា ។ លើសពីនេះទៀត ​សាកសព​មនុស្ស​រវាង​ពី​​​២០០​ទៅ​៣០០នាក់​​ត្រូវបាន​រកឃើញ​នៅ​កន្លែង​​កំសាន្ត​​មាត់សមុទ្រសេនដាយ (ក្រុង​​មី​យ៉ា​ហ្ស៊ី) ​ក្រោយ​​រលក​​យក្ស​ស៊ូណាមី ​កម្ពស់​​​​១០​​ម៉ែត្រ​​​នៅទីនោះ ។​

គ្រោះ​ថ្នាក់​​នុយក្លេអ៊ែរ​​​​ចំបង​នៅ​មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​​ហ្វូគូ​ស៊ីម៉ា​លេខ​១ ស្ថិតនៅ​​ភាគ​ឦ​សាន​​​ជប៉ុន​ដែរ គឺការ​ផ្ទុះ​កើត​​ឡើងនា​ថ្ងៃទី​​​១២ មីនា វេលាម៉ោង​​​១៥​និង​​៣៦នាទី​ម៉ោងក្នុងស្រុក ​​ដែលតាម​ទូរទស្សន៍​​រដ្ឋ NHK ថា បណ្តា​​​ល​ឱ្យ​មនុស្ស​របួស​​ជាច្រើន​​នាក់ក្នុង​ចំណោម​​និយោ​​ជិត។ ក្នុងករណី​មានពពក​វិទ្យុស​កម្ម​​​ វិទ្យុ​សកម្ម​នេះ នឹង​​អា​ចប៉ះពាល់​​ដល់​​ឧបទ្វីប​​កាំឆាត់ការ របស់​រុស្ស៊ី ​យ៉ាងហោចណាស់​ក៏​រយៈ​ពេល​​១៤ម៉ោង​​ដែរ ។​ ​ក្រុង​មីណា​មី ​សាន់​រីគូ ​​មានប្រជា​ជន​​១៧.០០០​​នាក់ អាជ្ញាធរ​និយាយ​ថា បាត់ដំណឹង​ពីមនុស្ស​​ប្រមាណ​​ជា​១០.០០០​នាក់ ​។ ក្នុង​​ទីក្រុង​នេះ​​ ហាក់​ដូច​ជា​នៅសល់អគារ​​តែ​​៣ប៉ុណ្ណោះ ​​​មន្ទីរពេទ្យមួយ និងទីតាំង​​រៀបការ​មួយ​កន្លែង ព្រម​ទាំង​​អគារ​មួយ​ទៀត ​​ក្រៅពីនោះ​​ត្រូវបំផ្លាញ​​​ខ្ទេច ៕​​

គ្រោះថ្នាក់​​ក្រឡាប់​រថយន្តបឺស​​នៅក្រុង​ញូវយ៉ក​ស្លាប់​១៥នាក់

Posted: 12 Mar 2011 07:59 PM PST

គ្រោះថ្នាក់​​ក្រឡាប់​រថយន្តបឺស​​នៅក្រុង​ញូវយ៉ក​ស្លាប់​១៥នាក់​

មនុស្សយ៉ាងហោចណាស់​​​១៥នាក់ បាន​ស្លាប់​​បាត់បង់ជីវិត និងច្រើននាក់ទៀត​​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​​រថយន្តបឺស​​មួយ​ក្នុង​ទីក្រុង​ញូវ​យ៉ក​​​​ សហរដ្ឋអាមេរិក​​កាលពីល្ងាច​ថ្ងៃទី​​១២ មីនា កន្លង​មក ។​ រថយន្ត​​បឺស​នេះដឹកមនុស្ស​​​៣០​នាក់ ​ទៅកាន់​ផ្ទះ​វិញ​​ពីកាស៊ីណូ​មួយ ហើយ​បានក្រឡាប់​​ទៅ​បុក​បង្គោល​​​​ស្លាកសញ្ញា​​ធំមួយ​ដែល​ដាក់នៅ​​ចិញ្ចើម​ថ្នល់ ។​

​អ្នកបើកបរ​​​​រថយន្ត​​បឺស​​​នេះ​ដែល​​នៅ​រស់​ពី​ឧប្បត្តិហេតុ​​​គួរ​ឱ្យ​រន្ធត់នេះ និយាយប្រាប់​ប៉ូលិស​​​ថា ខ្លួន​​​បានបាត់បង់​​ម្ចាស់ការ​​នៅពេល​ព្យាយាម​​​គេច​ចេញពី​​រថយន្ត​​កាំមីញ៉ុង​​ដឹក​សម្លៀក​បំពាក់​មួយគ្រឿង​​ដែល​បើ​កក្នុង​​​ទិស​ដៅ​​ផ្ទុយគ្នា ៕​

លោក​យាយ​​អាមេរិកម្នាក់​អាយុ​១១៤ឆ្នាំ​​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​​ជា​ស្ត្រី​​អាយុ​វែង​ជា​ងគេ

Posted: 12 Mar 2011 07:57 PM PST

លោក​យាយ​​អាមេរិកម្នាក់​អាយុ​១១៤ឆ្នាំ​​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​​ជា​ស្ត្រី​​អាយុ​វែង​ជា​ងគេ​

លោកយាយ Besse Cooper អាយុ​​១១៤​ឆ្នាំ ត្រូវ​​បានផ្តល់​​តំណែងឯត​ទគ្គ​កម្ម​ជា​ស្ត្រី​​​​មាន​អាយុ​​ច្រើនបំផុត​​នៅលើ​​ពិភពលោក ហើយ​ទទួលបានការទទួល​ស្គាល់​ជាផ្លូវការ​​ដោយ​អង្គ​ការ​​​កំណត់ហេតុ​​ឯតទគ្គ​កម្មពិភពលោក​​ (ហ្គី
ណេ​ស​ប៊ុក) កាលពីពេលថ្មីៗ​កន្លងមក ។ លោក​យាយ​​​ជា​ជនជាតិ​​អាមេរិក​​ កើត​នៅ​ក្នុង​រដ្ឋ​​តេន​​ណេស៊ី នៅឆ្នាំ​​១៨៩៦ ហើយ​​ទទួលបាន​​តំណែង​​ឯតទគ្គ​កម្ម​ពិភពលោក​ជា​​​ស្ត្រី​​អាយុ​ច្រើនបំផុត ក្រោយពី​​អ្នក​ជាប់​ឯតទគ្គ​កម្ម​​​ចាស់​​លោកយាយ​ Eunice Sanborn ទទួលមរណ​ភាព​កាលពីដើម​​ឆ្នាំ​នេះ​ក្នុង​ជន្មាយុ​​​១១៤​ឆ្នាំមក​ ៕​

កងទ័ព​​​លោកកាដាហ្វី​វាយដណ្តើម​យក​​​បាន​ជា​បន្ត​បន្ទាប់​នូវ​ទីក្រុង​​​ដែល​ពួកបះបោរ​កាន់កាប់

Posted: 12 Mar 2011 07:51 PM PST

កងទ័ព​​​លោកកាដាហ្វី​វាយដណ្តើម​យក​​​បាន​ជា​បន្ត​បន្ទាប់​នូវ​ទីក្រុង​​​ដែល​ពួកបះបោរ​កាន់កាប់​

កងទ័ពរបស់​មេដឹកនាំ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ​​វាយដណ្តើម​យក​​​បាន​ទីក្រុង​​ជា​ប្រវត្តិ​សាស្ត្រ​​មួយ​​​ដែលកាន់​កាប់​ដោយ​ពួកឧទ្ទាម​​ ហើយ​ឡោម​ព័ទ្ធ​​វាយ​ដណ្តើម​យកទីក្រុង​មួយ​ទៀត​​ រហូតធ្វើ​ឱ្យ​មេ​ដឹកនាំ​ការ​បះបោរ​នៅក្នុង​ទីក្រុងបេនហ្គា​ហ្ស៊ី​ អំពាវ​នាវ​​ដល់​​យោធា​​​បរទេស​​ឱ្យ​ជួយទប់ស្កាត់​​នូវអ្វី​ដែល​ខ្លួន​និយាយ​​​ថា នឹង​បណ្តាល​ឱ្យ​​មនុស្សជា​ច្រើន​​ម៉ឺន​នាក់ត្រូវស្លាប់​​ ប្រសិនបើ​​ពួកបះបោរ​​​​ប្រឆាំង​លោក​កា​ដាហ្វី​​ចាញ់ ។​ ពួក​​ឧទ្ទាម​​កាលពីថ្ងៃទី​​១២ មីនា ​បានអះ​អាង​ពី​ការ​​ដកថយចេញ​​ពីទីក្រុង​​ប្រេង Ras Lanuf ដែល​ខ្លួន​​​កាន់កាប់​​​កាលពី​​២សប្តាហ៍​​​មុន ចំណែក​កង​ទ័ព​​បដិវត្ត​​ន៍​ដែល​មួយផ្នែក​​មានតែ​យុវជន​ស្ម័គ្រ​ចិត្ត​​ពុំ​​​មាន​បទពិសោធន៍​​បាន​បង្ខំ​ចិត្ត​​​ដក​ថយ​​ដោយ​​សារ​​ការ​បាញ់​​កាំភ្លើង​ធំ និង​ការ​ទម្លាក់​​គ្រាប់បែក​ពី​​​យន្តហោះ ។​

ប្រធានក្រុមប្រឹក្សា​​​បដិវត្តន៍​​លីប៊ី លោក Mustafa bdel Jalil អះអាងថា​ ប្រសិនបើ​​កង​កម្លាំង​​របស់លោក​កា​ដាហ្វី វាយ​ដណ្តើម​បាន​ទីក្រុង​ធំ​បំផុត​​ទី​២ គឺក្រុង​បេនហ្គា​ហ្ស៊ី​របស់លីប៊ី​​នេះ មនុស្ស​​​កន្លះ​លាន​នាក់នឹង​ត្រូវ​ស្លាប់​​។​
សម្ព័ន្ធ​​​អារ៉ាប់​​ ដែល​ជួប​ប្រជុំ​​​នៅក្នុងទីក្រុង​គែរ ​បានអំពាវ​នាវ​ដល់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​​សហប្រជាជាតិ​ដាក់​កា​រ​ហាម​​ហោះហើរ​​នៅប្រទេស​លីប៊ី ​នៅពេល​​កង​កម្លាំង​​របស់​លោក​​​កា​ដាហ្វី ​វាយរុលទៅ​កាន់ទីក្រុង ​Misrata ដែល​មាន​ពលរដ្ឋ​​​៣០០.០០០​នាក់​​ ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​​​១៥០ម៉ាយ​​ ពីទីក្រុង​​ទ្រីប៉ូលី ​រដ្ឋ​ធានី​​របស់លីប៊ី ។​ ទន្ទឹម​ពេលគ្នានេះ ក្រុមប្រឹក្សា​​បដិវត្តន៍​​លីប៊ី​បានអំពា​វនាវ​​ដល់​បណ្តា​ប្រទេស​នៅអឺរ៉ុប ​បើក​ការ​វាយប្រហារ​​​ពីលើ​​អាកាស​​ប្រឆាំង​​កង​ទ័ព​របស់​​លោក​កាដា​ហ្វី ៕​

រញ្ជួយដី​ដ៏ខ្លាំង​​នៅជប៉ុន​​អ្នកស្លាប់​ និង​បាត់ខ្លួន​មាន​ចំនួនជាង​1.800នាក់

Posted: 12 Mar 2011 07:16 PM PST

ទីតាំង​នុយ​ក្លែ​អ៊ែរដែល​ផ្ទុះ​ឆេះ​ដោយ​ការ​រញ្ជួយដីនៅជប៉ុន

ការរញ្ជួយដី​​ដ៏ខ្លាំង​មួយកម្រិត​​៨,៩​រីស្ទ័រ ដែលកើតឡើង​នៅ​ប្រទេសជប៉ុន​កាល​​​ពីថ្ងៃទី​១១ មីនា កន្លងមក អ្នកស្លាប់​ និងបាត់ខ្លួន​មាន​ចំនួន​ជាង​១.៨​០០​នាក់​ ។ បាតុ​ភូត​​រញ្ជួយ​ដី​​​នេះញ៉ាំង​ឱ្យ​​មាន​រលក​​ស៊ូ​ណាមី​កម្ពស់​​ដល់​១០ម៉ែត្រ ។​
គ្រោះ​​មហន្តរាយ​​ធម្មជាតិ​នេះមិន​​ត្រឹមតែ​​​បណ្តាល​​ឱ្យបាត់បង់ជីវិត​មនុស្ស​ច្រើន​នាក់​​ប៉ុណ្ណោះ​​ តែ​ថែម​​ទាំង​បង្ក​ការ​ខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ​​​ទៀត​ផង ​ពិសេស​​បណ្តាល​​ឱ្យ​​​ផ្ទុះ​ឆេះ​​រោង​ចក្រ​​​ថាម​ពល​នុយ​ក្លេអ៊ែរមួយ​ ​នៅ​សង្កាត់ Fukushima បញ្ចេញ​វិទ្យុ​​សកម្ម​ពី​ម៉ាស៊ីន​​រេ​អាក់​ទ័រ មានផល​ប៉ះពាល់​​​យ៉ាង​ខ្លាំង​​សម្រាប់​មនុស្ស ។​
ក្រុម​អ្នកឃ្លាំមើល​​បរិមាណូ​អង្គការ​​សហ​ប្រជា​ជាតិ​និយាយ​ថា មនុស្ស​​១៧០.០០០​នាក់ ត្រូវបាន​​ជម្លៀស​​ចេញពី​​តំបន់នៅជុំវិញ​​រោងចក្រ​​នុយ​ក្លេអ៊ែរ​​នោះ ស្ថិត​នៅ​​ភាគ​ឦសាន​​ប្រទេស​ជប៉ុន ។
ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន​​ស៊ីន​ហួ​​រាយការណ៍​ថា ​នាយករដ្ឋ​មន្ត្រី​​​ជប៉ុន លោក​​ណាអូតូ កាន ​កាល​ពីថ្ងៃទី​១២ មីនា ​បានអញ្ជើញ​​ទៅកាន់​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ ​ដែលរង​ផលប៉ះ​ពាល់​ដោយ​​ការ​រញ្ជួយដី​​​នោះ ហើយ​លោកថ្លែង​ថា វិទ្យុ​​​​សកម្ម​ត្រូវ​បានបញ្ចេញ​​ពីម៉ាស៊ីន​រេអាក់​ទ័រមួយ​ ។​
លោក​​ណា​អូ​តូ កាន ថ្លែង​​ក្នុងសន្និសីទ​​កាសែត​មួយ​​ក្រោយពី​​​អញ្ជើញ​​​ទៅពិនិត្យ​​តំបន់​រង​គ្រោះ​​ដោយការ​រញ្ជួយដី​​ថា រូបលោក​ជឿ​ថា ​កម្រិត​​នៃការ​ខូចខាត​​ដោយការរ​ញ្ជួយដី​បង្ក​ឱ្យ​​មានរលក​ស៊ូណាមី នេះពិតជា​​មានទំហំធំ​ធេង​ណាស់ ៕

ពិធី​ចែក​អំណោយ​​និងប្រគល់​ផ្ទះ២ខ្នង​ជូនជនពិការ​ឈ្នះ​ចលនា៣ល្អ

Posted: 12 Mar 2011 07:11 PM PST

ពិធី​ចែក​អំណោយ​​និងប្រគល់​ផ្ទះ២ខ្នង​ជូនជនពិការ​ឈ្នះ​ចលនា៣ល្អ
ពិធី​ចែក​អំណោយ​​និងប្រគល់​ផ្ទះ២ខ្នង​ជូនជនពិការ​ឈ្នះ​ចលនា៣ល្អ

ខេត្ត​ពោធិ៍​សាត់ ៖ ព្រឹក​ថ្ងៃទី១០ មីនា ​ឆ្នាំ ២០១១ លោក​អោត មុន្នី អភិបាល​រង​ខេត្ត​​ពោធិ៍សាត់​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​ចែក​​អំណោយ​ដល់​ជន​ចាស់​ជរា​ក្រីក្រ ជនពិការ​​គ្រួសារ​​ពលី​ចំនួន២០០នាក់ នៅស្រុក​ភ្នំក្រវាញ និងពិធីប្រគល់​ផ្ទះ​ទំហំ​​៥​ម៉ែត្រ×៦ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​២​ខ្នង ដល់​ជនពិការ​២​នាក់ ដែល​មាន​ស្នា​ដៃ​​ឆ្នើម​ក្នុង​ចលនា​ប្រឡង​​ប្រណាំង ៣​ល្អរបស់​សមាគមអតីតយុទ្ធជន​កម្ពុជា ។

លោកញ៉ឹក សារ៉េត ប្រធាន​មន្ទីរ​​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន​ និង​យុវនីតិ​​សម្បទា​ខេត្ត​មាន​ប្រសាសន៍​ថា សម្តេច​តេជោ ហ៊ុន សែន និង​ លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ​បាន​លើក​ស្ទួយ​អតីត​​យុទ្ធ​ជន ព្រម​ទាំង​បាន​ផ្តល់អំណោយ​​សប្បុរស​ធម៌ជា​ច្រើន ដូច​ជា​សាង​សង់​​តំបន់អភិវឌ្ឍន៍​​ជន​ពិការ​តា​កែន កោះ​ស្លា នៅ​ខេត្ត​កំពត កំពង់ស្ពឺ ​និង​ខេត្តសៀម​រាប ។ ​ផ្តល់​ផ្ទះ​ដល់​អតីត​​យុទ្ធ​ជន​​បាន​ចំនួន​៦៧​ខ្នង គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១០ ​ដែល​មួយ​ខ្នង​មាន​តម្លៃ​ពី៣០០០​ដុល្លារ​ទៅ​៥០០០ដុល្លារ និង​ផ្តល់​កញ្ចប់​ទស្សន​កិច្ច​ទៅបរ​ទេស​ចំនួន​៥០​នាក់​ទៀត​ផង ។ ដោយ​ឡែក​នៅ​​ពោធិ៍សាត់​រយៈ​ពេល​៣​ឆ្នាំ​នេះ សមាគម អតីត​យុទ្ធ​ជន​ដែលមានស្នា​ដៃ​ឆ្នើម​​ចំណាត់ថ្នាក់​លេខ​១ចំនួន៣​នាក់ លេខ២​ចំនួន​២នាក់ លេខ៣ ​ចំនួន​២៥​នាក់ ​និង​លេខ៤ ចំនួន​៣៥​នាក់ ។

អ្នក​លេខ​១​ ទទួល​បាន​មេ​ដាយ​មាស​ការ​ងារ​ និងផ្ទះ​១ខ្នង, លេខ​២ ​មេ​ដាយ​ប្រាក់​ការ​ងារ​ និង​កញ្ចប់​ទស្ស​នកិច្ច​ទៅ​ក្រៅ​ប្រទេស​១០០០​ដុល្លារ ​លេខ​៣ ទទួល​បាន​ប័ណ្ណ​សរ​សើរ​​របស់​សមាគម និង​ក្រសួង​អម​ដោយ​ទឹក​ប្រាក់២០០.០០០​រៀល និងលេខ៤ទទួល​បាន​លិខិត​សរ​សើរ​​របស់​សមា​គម និង​ក្រសួង​អម​ដោយ​​ទឹក​ប្រាក់​១០០.០០០​​រៀល។

ស្រប​ជាមួយ​នឹង​ដំណើរ​ការ​ចលនាល្អ នេះ យើង​​បាន​អនុវត្ត​​យ៉ាង​ប្រុង​ប្រយ័ត្នតាម​លក្ខន្តិកៈ ​​​បេឡា​មរណៈ​សង្គ្រោះ​របស់​អតីតយុទ្ធ​ជន​រហូត​មក​ដល់ដំណាច់​ឆ្នាំ​​២០១០នេះ សមា​ជិក​សមា គម​​ខេត្ត​បាន​ទទួលមរណភាពចំនួន​៦៧​នាក់​ហើយ​។ សមា​គម​បាន​​ប្រគល់​ថវិកា​​តាម​ការ​កំណត់​ក្នុង​លក្ខ​ន្តិ​កៈ គឺសព​ម្នាក់​៤.០០០.​០០០​រៀល ។ សរុប​សព​ដែល​បាន​ប្រគល់​ថវិកា​មាន​ចំនួន​៣៦​សព ស្មើ​និង​ទឹក​ប្រាក់​១៤៤.០០០.​០០០រៀល ។

​លោក​អោក មុន្នី មាន​ប្រសាសន៍​ថា កា​រ​ងារ​សង្គម​កិច្ច​​មាន​ភាព​ស្មុគ​ស្មាញ​​ច្រើន និងជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​​របស់​រាជ​រដ្ឋាភិបាល​ ។ មុខ​សញ្ញា​អតីត​យុទ្ធ​​ជន​ជា​មុខ​សញ្ញា​ងាយ​រងគ្រោះ​​ដែល​ក្រសួង សង្គម​កិច្ច​បាន​យកចិត្ត​​ទុ​កដាក់​បង្កើត​​ជា​សមា​គម​​នៅ​ឆ្នាំ​២០០៧ ​ដែលមានសម្តេច​​តេជោ ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​ជា​ប្រធាន លោកឧប​នាយក​រដ្ឋ​មន្ត្រី​ទៀ បាញ់ ​អនុ​ប្រធាន​ និង​លោកអ៊ិត ​​សំហេង ជា​អគ្គ​លេខាធិការ​ ។ ការបង្កើត​ឡើង​​នូវ​សមាគម​​អតីត​យុទ្ធ​ជន​កម្ពុជា​ គឺជាព្រឹត្តិ​ការណ៍ ​ជា​ប្រវត្តិ​​សាស្ត្រ​មួយ​​ថ្មី​របស់​អតីតយុទ្ធ​ជន​​ដែល​ពុំ​ធ្លាប់​មាននៅកម្ពុជា ។ ​គោល​បំណង​នៃ​ការ​​បង្កើត​​សមាគម​​នេះ គឺ​ដើម្បី​លើក​កម្ពស់​​​​តួ​នាទី​​អតីត​យុទ្ធ​ជន​​នៅ​​ក្នុង​សង្គម ​បំផុស​​​ស្មារតី​សាមគ្គី ភាពជួយគ្នា​ទៅ​វិញ​ទៅ​មក ពេល​ជួប​ការ​ខ្វះ​ខាត ​​ឬទទួល​គ្រោះ​ថ្នាក់​ផ្សេងៗ​ ព្រម​ទាំង​​បំផុស​​ចលនា​៣​ល្អ សំដៅ​​​អភិវឌ្ឍន៍​​ជីវភាព​របស់អតីត​​យុទ្ធ​ជន​​ និងគ្រួសារ​ក្នុង​ការ​​អភិវឌ្ឍន៍​​ប្រទេស​​ជាតិ​ការ​ពារ​បូរណ​ភាព​ទឹកដី ។

​គណៈ​អធិបតី​​បាន​ចែក​អំណោយ​​ដល់​ចាស់​ជរា​ក្រីក្រ ​​ជន​ពិការ​​​ និងគ្រួសារ​​ពលី​ចំនួន២០០​នាក់ ​ក្នុងម្នាក់ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម ​​សារុង១ ក្រមា១ និងថវិកា​១០.០០០​រៀល ។ បន្ទាប់​មក​​បាន​ធ្វើពិធី​ប្រគល់​​កូនសោ​​ផ្ទះ​​ចំនួន២​ខ្នង ​ជូន​ជនពិការ​២នាក់​​ គឺ​ឈ្មោះឡាំ លាង រស់​នៅ​ភូមិ​ប៉ែន ​ឃុំលាច ស្រុក​ភ្នំ​ក្រវាញ ​និង​លោក​​ឱ តាំង រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​​ដែលទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុងការ​ចូលរួម​ប្រឡង​ប្រណាំង​ចលនា​៣ល្អរបស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ៕

បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល២ ម្នាក់​កាង​ ម្នាក់កាក់​អ្នក​ដឹកឈើ ក្លាយជា​ការ​ប្រទូស្តរ៉ាយ​ របួសម្នាក់

Posted: 12 Mar 2011 06:34 PM PST

ខេត្ត​កំពង់​ស្ពឺ ៖ ការ​ប្រទូស្ត​រ៉ាយ​គ្នា​មួយ​បាន​បង្ក​ឱ្យ​ភាគី​ម្ខាង​រង​របួស។ អ្វី​ដែល​គួរ​កត់​សំគាល់​នោះ​ ភាគី​ជម្លោះ​គ្នា​នេះ​គឺ​ជា​ក្រុម​បុគ្គ​លិក​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​២ ដែល​ធ្វើ​សកម្ម​ភាព​នៅ​ស្រុក​ឱរ៉ាល់ គឺ​អង្គ​ការ​ឃ្លាំ​មើល​ធន​ធាន​ធម្ម​ជាតិ និង​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន និង​ធម្ម​ជាតិ។ ទោះ​បី​ជា​បែប​ណាក្តី ប្រភព​នៃ​ជម្លោះ​គ្នា​នេះ​ត្រូវ​​សមត្ថ​កិច្ច​ស្រុក​ឱរ៉ាល់​ឱ្យ​ដឹង​ថា ផ្តើម​ចេញ​ពី​ការ​ចាប់​ឈើ​ដោយ​ម្ខាង​កាង ម្ខាង​ចាប់។ គេ​មិន​ដឹង​ថា សកម្ម​ភាព​បែប​នេះ​ជា​ការ​អនុ​វត្ត​ហួសតួនាទី​របស់​ខ្លួន ឬ​ក៏​បែប​ណា​នោះ​ទេ​សម្រាប់​ក្រុម​បុគ្គ​លិក​អង្គ​ការ​ទាំង​២​នេះ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ស្រុក​ឱរ៉ាល់ មាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​២​ដែល​បាន​​ការ​អនុ​ញ្ញាត​ពី​អាជ្ញា​ធរ​ដែន​ដី​ស្រុក​ឱ្យ​បោះ​ទីតាំង​នៅ​ឃុំ​ត្រពាំង​ជោរ គឺ​អង្គ​ការ​ឃ្លាំ​មើល​ធន​ធាន​ធម្ម​ជាតិ ដែល​មាន​លោក​ឡុង ហៃ ជា​ប្រធាន និង​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន និង​ធម្ម​ជាតិ ដែល​មាន​លោក​ខាត់ សុខជា ជា​ប្រធាន។

អាជ្ញា​ធរ​ស្រុក​ឱរ៉ាល់​បាន​រិះ​គន់​អង្គ​ការ​ទាំង​២​នេះ​ថា ពុំ​មាន​លទ្ធ​ភាព​អ្វី​ធ្វើ​ការ​ទប់​ស្កាត់ និង​​ការ​ពារ​តាម​ការ​ងារ​ស្នូល​របស់​ខ្លួន​ទេ ប៉ុន្តែ​តែង​បង្ក​ជា​ភាព​ចម្រូង​ចម្រាស់​ក្នុង​រឿង​កាង​ឈើដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​ទៅ​វិញ។ មិន​ត្រឹម​ប៉ុណ្ណោះ អង្គ​ការ​​ទាំង​នេះ​តែង​មាន​ជម្លោះ​ញឹក​ញាប់​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី ឬ​ជា​មួយ​អង្គ​ការ​ដូច​គ្នា​ក្នុង​ការ​កាង​ឈ្មួញ​ដឹក​ឈើ​ ដឹក​អុស​ចេញ​ពី​ព្រៃ​ ដែល​ផ្ទុយ​នឹង​ពាក្យ​ស្លោក​របស់​ខ្លួន​ដែល​ដាក់​ឈ្មោះ​ថា «អង្គ​ការ​ឃ្លាំ​មើល​ធន​ធាន​ធម្ម​ជាតិ ​និង​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន និង​ធម្ម​ជាតិ»។

មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់​ លោក​អនុ​សេនីយ៍ឯក សោម ពុទ្ធ​តារា បាន​រៀប​រាប់​ពី​សកម្ម​ភាព​ការ​ងារ​របស់​អង្គ​ការ​ទាំង​២​ថា ជា​អង្គ​ការ​ធ្វើ​ស្នាក់​ការ​គ្រាន់​តែ​ចាំ​កាង​ឈ្មួញ​ ឬ​ចាំ​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​ដឹក​ឈើ ដឹក​អុស​ប៉ុណ្ណោះ។ ជាក់​ស្តែង​អង្គ​ការ​ទាំង​២​នោះ​​ម្ខាង​កាង​​រថយន្ត​​២​គ្រឿង​ដឹក​ឈើ ម្ខាង​កាក់​ឈើ​ ហើយ​ក៏​មាន​ទំនាស់​​នឹង​គ្នា​រហូត​មាន​ការ​ប្រទូស្ត​រ៉ាយ​វាយ​តប់​គ្នា​បណ្តាល​ឱ្យ​ភាគី​ម្ខាង​​រង​របួស​។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា នៅ​​ភូមិ​ចាន់​ពីរ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់។

លោក​សោម ពុទ្ធ​តារា បន្ត​ថា ភាគី​អង្គ​ការ​ឃ្លាំ​មើល​ធន​ធាន​ធម្ម​ជាតិ បាន​កាង និង​​នាំ​គោ​យន្ត​ដឹក​ឈើ​ឱ្យ​ឈ្មួញ​ ហើយ​ត្រូវ​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​ និង​ធម្ម​ជាតិ​ចាប់​។ ពេល​នេះ​អ្នក​របួស​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញា​ធរ​ស្រុក​ឱរ៉ាល់ ដើម្បី​ដោះ​ស្រាយ​។ ទាំង​អាជ្ញា​ធរ​ដែន​ដី មន្ត្រី​រាជ​ការ​ក្នុង​ស្រុក​ឱរ៉ាល់ បាន​រិះ​គន់​អង្គ​ការ​ទាំង​២​នេះ​ថា ពុំ​មាន​ការ​ងារ​ធ្វើ​អ្វី​ក្រៅ​ពី​ដាក់​កុង​ត្រូល​យក​លុយ​ពី​រថយន្ត ឬ​អ្នក​បរ​រទេះ ឬ​គោ​យន្ត​​ដឹក​ឈើ​នោះ​ទេ។ តាម​ព័ត៌​មាន​ថា ខាង​អង្គ​ការ​ឃ្លាំ​មើល​ធន​ធាន​ធម្ម​ជាតិ បាន​វាយ​បុគ្គ​លិក​អង្គ​ការ​ពារ​បរិ​ស្ថាន និង​​ធម្ម​ជាតិម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់៕

សូម​​ជួយណែនាំម្ចាស់​កុំ​​ដាក់ទណ្ឌកម្ម​ខ្ញុំធ្ងន់​​ធ្ងរបែបនេះ​ពេក

Posted: 12 Mar 2011 06:27 PM PST

មើលចុះ​គេ​ដឹក​បែប​នេះ​ពិតជា​មិនធម្មតា​ទេ

​ខេត្ត​កំពត​ ៖ ​រថយន្ត​ដឹក​អីវ៉ាន់​​គ្រឿង​ទេស​​មួយ​គ្រឿង​​ចេញពី​ច្រកទ្វារ​​ព្រំដែន​​វៀតណាម ទៅកាន់​​​​រាជធានី​​​​ភ្នំពេញ ​តាមបណ្តោយ​ផ្លូវ​ជាតិ​​លេខ​​​៣៣ បាន​ផ្ទុកទំនិញ​​​​​យ៉ាងសំពីង​​សំពោង​​មើល​​ទៅឃើញ​​​តែ​​អីវ៉ាន់ រីឯ​រថ​យន្ត​គេ​​ឃើញ​តែ​ក្បាល​​បន្តិច​ប៉ុណ្ណោះ ។ ចំណែក​​សមត្ថ​កិច្ច​​ប៉ូលិស​ចរា​ចរ​ដែល​យាម​ត្រួត​ពិនិត្យ​​​សណ្តាប់​ធ្នាប់​​​​តាម​ផ្លូវ​វិញ ​ពុំបាន​ណែ​នាំ​​ដល់​ម្ចាស់​រថយន្ត​ទេ ​ដឹង​តែ​ពី​​​ឃាត់​​រថយន្ត​យកលុយ​ពីអ្នកដឹក​​ទៅ​វិញ ដែល​ការ​ដឹក​ទំនិញ​​​សំពីង​សំពោង​​​យ៉ាង​នេះ ​អាច​បង្ក​គ្រោះ​ថ្នាក់​​​ដល់​​អ្នកធ្វើ​ដំណើរ​​តាមផ្លូវ​​ដូច​គ្នា​ជា​​ញឹកញាប់​​ ដោយ​​សារ​បាំងនឹង​ទំនិញ​នេះ ។​

បើ​​ពិនិត្យ​​ទៅ​លើ​អីវ៉ាន់​​ដែលផ្ទុក​​សំពីង​សំពោង​​នៅលើ​​រថយន្តនេះ ​​មិនមែន​​​ទំនិញ​​ដែល​មាន​​​ទម្ងន់​​​ធ្ងន់​ទេ ​គឺសុទ្ធ​តែ​​នំធុង​ស្រាលៗ ​ទើប​ម្ចាស់​​​រថយន្ត​​ហ៊ាន​ដឹក​ដល់​ថ្នាក់នេះ ។ ប៉ុន្តែ​​​​ករណី​ដែល​​មហាជន​​ទូទៅ​​មានការ​ចាប់​អារម្មណ៍​​​នោះ គឺ​​សុវត្ថិ​ភាព​តាមផ្លូវ​​ដោយបាំង​​នឹង​ទំនិញ​​សំពីង​សំពោង​​​នេះ​តែប៉ុណ្ណោះ ។ ​​ប្រជា​ពលរដ្ឋ​​ជាច្រើន​ដែល​ធ្វើ​ដំណើរ​​នៅ​តាម​​ដងផ្លូវ​​ ​និយាយគ្រប់​ៗ​មាត់​ថា រថយន្ត​​ដឹក​បែបនេះ ត្រូវប៉ាន់​​ប៉ូលិ​សចរា​ចរ​ដែល​​យាម​តាម​ផ្លូវ​​ ។​ ប្រជាពលរដ្ឋ​​និយាយ​ថា ការផ្ទុក​ទំនិញ​សំពីង​សំពោង​​ហួស​ចំណុះ​បែបនេះ​ បើ​ទោះបី​រថយន្ត​វា​មិន​​ថ្ងូរ​​ដាក់​ម្ចាស់​​មែន ក៏​គួរ​ខ្មាស​​ភ្ញៀវ​​អន្តរជាតិ​​ដែលគេ​មក​​លេង​​នៅ​​ស្រុកខ្មែរ​ដែរ ៕

លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ សង់​ប៉ុស្តិ៍​យាម​ដល់​ស​មត្ថ​កិច្ច​ការ​ពារ​សុវត្ថិ​ភាព

Posted: 12 Mar 2011 05:20 PM PST

ប៉ុស្តិ៍​យាម​គោល​ដៅ​២៤​ម៉ោង​​១​កន្លែង​ត្រូវបាន​សម្ពោធ
លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ សង់​ប៉ុស្តិ៍​យាម​ដល់​ស​មត្ថ​កិច្ច​ការ​ពារ​សុវត្ថិ​ភាព

រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍​យាម​គោល​ដៅ​២៤​ម៉ោង​​១​កន្លែង​ត្រូវបាន​សម្ពោធ​ប្រគល់​ឱ្យ​​ប៉ូលិស​​នៃ អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដង្កោ ​ដើម្បី​ប្រើ​ប្រាស់​​សម្រាប់​ជា​កន្លែង​ការ​ពារ​សុវត្ថិ​ភាព​​ជូន​ប្រជា​ពល​រដ្ឋ​តាមដង​ផ្លូវ ។ ពិធី​សម្ពោធ​​កាត់​ខ្សែ​បូ​​ប្រគល់​ប៉ុស្តិ៍​យាម​ដល់​​​ប៉ូលិស​​នោះ​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១​ ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ ភូមិ​ចែង​ម៉ែង ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

ប៉ុស្តិ៍​​យាម​នោះ ​គឺ​ជា​អំណោយ​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ហើយ​នៅ​ក្នុង​​ពិធី​​​នោះ​លោក​រដ្ឋ​មន្ត្រី​​ និង​ភរិយា​​បាន​អញ្ជើញ​ទៅ​កាត់​ខ្សែ​បូ​​សម្ពោធ​​ដោយ​ផ្ទាល់ ។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​លោក ​សេង គន្ធ ​អភិ​បាល​រង​ខណ្ឌ​ដ​ង្កោ ​លោក​ភួង ម៉ាឡៃ ​ស្នង​ការរង​​ប៉ូលិស​​រាជ​ធានី​ភ្នំពេញ ​លោក​ប៊ន សំអាត អធិការ​ប៉ូលិស​ខណ្ឌ ​ព្រម​ទាំង​លោក​​នាយ​ នាយ​រង​ប៉ូលិស​ប៉ុស្តិ៍​ជា​ច្រើន​​រូប​ទៀត ។ ​

លោក​ទេស​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​បាន​​​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ការ​ងារ​ការ​ពារ​សុវត្ថិ​ភាព​ជា​មួយ​នគរ​បាល​ជាតិ ព្រោះ​​ពេល​នេះ​​ទោះ​បី ជា​ប្រទេស​​ជាតិ​យើង​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​​ ហើយ​ក្តី ប៉ុន្តែ​​នៅ​មាន​សកម្ម​ភាព​ក្រុម​ក្មេង​ទំនើង​​ និង​ក្រុម​ចោរ​ប្លន់​​តែង​តែ​ធ្វើ​​សកម្ម​ភាព​នៅ​ឡើយ ​ដូច្នេះ​​​​ទើប​លោក​​កសាង​ប៉ុស្តិ៍​នោះ​ឡើង ដើម្បី​​ឱ្យ​កម្លាំង​នគរ​បាល​ឈរ​ជើង​​ការ​ពារ​ល្បាត​ពួន​ស្ទាក់​​រក្សា​សន្តិ​សុខ​​សុវត្ថិ​ភាព​​ជូន​ប្រជា​ពល​រដ្ឋ ។

លោក​អធិ​ការ​ ប៊ន ​សំអាត ​​បាន​ថ្លែង​​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ចំពោះ​​​លោក​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ និង​ភរិយា​ដែល​បាន​គិត​គូ​រ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ទី​ជំរក​សម្រាប់​កង​កម្លាំង​​ប៉ូលិស​​ ជា​គោល​ដៅ​ការ​ពារ​សុវត្ថិ​​ភាព​ ហើយ​លោក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ដាក់​​កម្លាំង​ឈរ​ជើង​ជាប់ជា​ប្រចាំ​រង់​ចាំ​ចេញ​អន្តរា​គមន៍​​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង ៕

អស់ឈើ​ក្រាក់​កាប់​ឈើ​អុស​រស់​រាប់​ពាន់​ម៉ែត្រ​គូប​ធ្វើ​អាជីវ​កម្ម

Posted: 12 Mar 2011 05:08 PM PST

ឈើ​អុស​​រស់​ត្រូវ​បាន​គេ​នាំ​គ្នា​​កាប់​ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិប​តេយ្យ​

ខេត្ត​កំពង់​ស្ពឺ ៖ ឈើ​អុស​​រស់​ត្រូវ​បាន​គេ​នាំ​គ្នា​​កាប់​ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិប​តេយ្យ​ និង​ដឹក​ជញ្ជូន​តាម​រថយន្ត​យ៉ាង​គគ្រឹង​គគ្រេង​ជា​រៀង​រាល់​ថ្ងៃ​​ដូច​រដូវ​ហែ​បុណ្យ​កឋិន ចេញ​ពី​ស្រុក​ឱរ៉ាល់ ​តាម​ផ្លូវ​លេខ​៤២ និង​លេខ​៥២។
​ប្រភព​ពី​ស្ត្រី​ម្នាក់​​បាន​និយាយ​​ថា រថយន្ត​​​កូរ៉េ​របស់​គាត់​​ចំណុះ​១​តោន​កន្លះ​ ​​ផ្ទុក​បាន​ឈើ​អុស​ពី​៦​ទៅ​៧​ម៉ែត្រ​គូប ហើយ​ក្នុង​អុស​​មួយ​ម៉ែត្រ​​គូប ទិញ​គេ​ជាង​២​ម៉ឺន​រៀល លក់​ចេញ​​បាន​​៧​ម៉ឺន​រៀល​​ទៅ​៨​ម៉ឺន​រៀល ។ ​ការ​ដឹក​ជញ្ជូន​អុស​នេះ​​​ចំណាយ​​ទៅ​លើ​​ការ​​បង់​​តាម​ដង​ផ្លូវ​មួយ​កន្លែងៗ​​​មាន​​ពី​១​ម៉ឺន​រៀល​ទៅ​២ម៉ឺន​​​​រៀល ជា​ហូរ​ហែ​តាំង​ពី​​លើក​អុស​​នៅ​ឯ​​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ​ទម្រាំ​ដល់​គោល​ដៅ​​គឺ​​ស្ទើ​​រ​​អស់​ចំណេញ​ទៅ​ហើយ គឺ​កាប់​ឈើ​មែន តែ​ដូច​រក​ស៊ី​ចិញ្ចឹម​តែ​មេ​ព្រៃ ។ ​ចំណែក​បុរស​ម្ចាស់​រថយន្ត​ទួរីស​ម្នាក់​ដែល​​​រកស៊ី​ដឹក​ជញ្ជួន​ឈើ​អុស​រស់ តាម​ផ្លូវ​លេខ​៤២ ចេញ​ពី​​ស្រុក​ឱរ៉ាល់​ ​យក​មក​លក់​នៅ​ទី​រួម​​ខេត្ត​កំពង់​ស្ពឺ ក៏​បាន​និយាយ​​​ដូច​​គ្នា​នេះ​ដែរ ។ គាត់​និយាយ​ថា កាល​ពី​​៣​ទៅ​៤​ឆ្នាំ​មុន ​​កាប់​តែ​ឈើ​អុស​​ងាប់​ហៅ​អុស​ក្រាក់​​ទេ តែ​បច្ចុ​ប្បន្ន​គឺ​ដឹក​តែ​ឈើ​អុស​រស់​ប៉ុណ្ណោះ ព្រោះ​អស់​ឈើ​គ្រាក់​ងាប់​ហើយ​ ។

​ប្រជា​ពល​រដ្ឋ​​នៅ​ភូមិ​អូរ​ផ្តៅ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱរ៉ាល់​ ​បាន​ឱ្យ​ដឹង​ថា ​ពួក​​គាត់​នាំ​គ្នា​កាប់​ឈើ​រស់​ដឹក​ជញ្ជូន​ពី​ព្រៃ​ជិត​ៗ​ភូមិ​តាម​គោ​​​​យន្ត ឬ​រទេះ​គោ​ មក​កាត់​តំរៀប​ដាក់​​​តាម​ផ្លូវ​ថ្នល់​​មុខ​ផ្ទះ​សម្រាប់​​​លក់​​យក​ប្រាក់​ដោះ​ស្រាយ​​ជីវ​ភាព​គ្រួសារ ។ ក្នុង​មួយ​ថ្ងៃ​បើ​​មាន​គ្នា​ពី​២​​ទៅ​៣​នាក់ អាច​កាប់​​​ និង​ដឹក​បាន​ប្រហែល​៣​ម៉ែត្រ​គូប។ ​បើ​គិត​ទៅ​អាច​បាន​ប្រាក់​​ប្រហែល​​៦​ម៉ឺន​រៀល​ដែរ ​តែ​ក៏​មាន​អ្នក​ខ្លះ​ដែល​​​យក​ប្រាក់​គេ​មុន​ គឺ​បាន​តែ​ត្រឹម​១​ម៉ែត្រ​គូប ១៥.០០០​រៀល​​ទៅ​១៧.០០០​​រៀល​ប៉ុណ្ណោះ ។

លោក​វ៉ែន​ លី មេ​ភូមិ​អូរ​ផ្តៅ ​និយាយ​ថា ពល​រដ្ឋ​ក្នុង​ភូមិ​ប្រហែល​​​ជាង​១០០​គ្រួសារ បាន​ចាប់​​យក​របរ​កាប់​​អុស​​ស្ទើរ​តែ​ទាំង​អស់​​ ដោយ​សារ​ឃើញ​គេ​រក​បាន​ក៏​ចេះ​តែ​នាំ​គ្នា​ទៅ​រក​តាម​ដែរ​ទៅ។ ​កាល​ពី​កន្លង​​ទៅ​ថ្មីៗ​នេះ ​មន្ត្រី​​សាលា​ខេត្ត​ បាន​ចុះ​មក​ប្រកាស​ជា​សាធារណៈ​​​ជូន​ដល់​​ប្រជាពល​រដ្ឋ​ឱ្យ​បាន​ដឹង​ថា គោល​ការណ៍​​​​ជា​យុទ្ធ​សាស្ត្រ​របស់​​សាលា​ខេត្ត​​នា​ពេល​ខាង​មុខ​នេះ នឹង​​បង្កើត​​​ដី​តំបន់​​សម្រាប់​រស់​នៅ ​​ដី​តំបន់​​សម្រាប់​វិនិ​យោគ​​ ដី​តំបន់​សម្រាប់​ព្រៃ​ឈើ​​សហ​គមន៍​ ។ 

លោក​ថោង ភាព មន្ត្រី​អង្គ​ការ​ការ​ពារ​​បរិ​ស្ថាន​​និង​ធន​ធាន​ធម្ម​ជាតិ​ ដែល​បំពេញ​​បេសក​កម្ម​​​ក្នុង​ភូមិ​សាស្ត្រ​​ស្រុក​ឱរ៉ាល់​​ឱ្យ​ដឹង​ថា ខាង​​​អង្គ ការ​របស់​លោក​​ក៏​ធ្លាប់​ចុះ​ណែ​នាំ​ប្រជា​ពល​​រដ្ឋ​​អ្នក​ប្រកប​របរ​កាប់​អុស​នេះ​ឱ្យ​ផ្លាស់​ប្តូរ​ទៅ​រក​មុខ​របរ​ផ្សេង​​ដែរ ហើយ​លោក​នឹង​បន្ត​ប្រឹង​ប្រែង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​​ ព្រ​មទាំង​មន្ត្រី​​ជំនាញ​ ដើម្បី​ចុះ​ទៅ​​អប់រំ​​ដល់​ប្រជា​ពល​រដ្ឋ​​​​ឱ្យ​យល់​​ច្បាស់​ពី​ផល​ប្រយោជន៍​​ព្រៃ​ឈើ​ កុំ​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​យ៉ាង​អនាធិប​តេយ្យ​បន្ត​ទៀត ។ ​​កោះ​ស​ន្តិ​ភាព ​​មិន​អាចសុំ​​ការ​បំភ្លឺ​​ពី​មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​​ផ្នែក​រដ្ឋ​​បាល​​ព្រៃ​ឈើ​ប្រចាំ​ស្រុក​ឱរ៉ាល់​បាន​ទេ ​ជុំ​វិញ​ការ​កាប់​ព្រៃ​ឈើ​​យ៉ាង​អនាធិប​តេយ្យ​នេះ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!