VOA News: ព័ត៌មាន: “កម្ពុជាសុំឲ្យអាមេរិកបន្ថយចំនួនបំណុលសម័យលន់ណុល” plus 1 more |
កម្ពុជាសុំឲ្យអាមេរិកបន្ថយចំនួនបំណុលសម័យលន់ណុល Posted: 17 Mar 2011 01:59 PM PDT ប្រទេសកម្ពុជាបានស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ចុះតម្លៃអត្រាការប្រាក់នៃបំណុលនិងសងត្រឹមមួយភាគនៃបំណុលសរុបនៅក្នុងអំឡុងពេលពិភាក្សារវាងមន្ត្រីសហរដ្ឋអាមេរិកនិងកម្ពុជាអំពីបញ្ហាបំណុលសល់ពីសម័យសង្គ្រាម។ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកម្ពុជាបានស្នើសុំឱ្យសហរដ្ឋអាមេរិកកាត់បន្ថយតម្លៃអត្រាការប្រាក់មកនៅត្រឹមមួយភាគរយ(១%)ក្នុងមួយឆ្នាំ និងសង៣០%នៃបំណុលសរុប៤៤៥លានដុល្លារអាមេរិក ដែលរបបយោធារបស់លោកសេនាប្រមុខលន់ ណុល បានជំពាក់សហរដ្ឋអាមេរិកនៅដើមទសវត្សឆ្នាំ១៩៧០។ នៅចុងឆ្នាំ២០០៩ បំណុលសរុបរបស់ប្រទេសកម្ពុជាជំពាក់សហរដ្ឋអាមេរិកមានចំនួនសរុប ៤៤៥លាន ដុល្លារអាមេរិក។ បំណុលនេះដែលត្រូវបានប្រទេសកម្ពុជាខ្ចីនៅក្នុងអំឡុងរបបរបស់លោកសេនាប្រមុខលន់ ណុល គឺជាបញ្ហាទ្វេភាគីដែលមានជាយូរណាស់មកហើយ។ ក្រោមច្បាប់អន្តរជាតិ គ្រប់រដ្ឋាភិបាលទាំងអស់ជាទូទៅត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ចទាំងឡាយ របស់មេដឹកនាំជំនាន់មុនរបស់ខ្លួន នេះបើតាមការអះអាងរបស់មន្ត្រីស្ថានទូតអាមេរិក។ លោក ម៉ាក វ៉េនីក (Mark Wenig) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា ការពិភាក្សារវាងលោក Joseph Yun ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង តំណាងឱ្យការអនុវត្តការសន្យា ដែលលោកស្រី ហ៊ីល្លារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជានៅក្នុងខែវិច្ឆិកាឆ្នាំ២០១០។ លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នករាយ ការណ៍ព័ត៌មានក្រោយពីជំនួបថា លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានលើកសំណើសុំឱ្យ សហរដ្ឋអាមេរិកបញ្ចុះតម្លៃអត្រាការប្រាក់នៃបំណុលពី៣%មកនៅត្រឹម១%វិញ និងសុំបង្វែរបំណុល៧០%នៃបំណុលសរុបទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា និងសុំសងតែ៣០%នៃបំណុលសរុបទៅសហរដ្ឋអាមេរិកវិញ។ «យើងបានស្នើឱ្យអាមេរិកបន្ថយការប្រាក់ពីបីភាគរយមកនៅត្រឹមមួយភាគរយវិញ។ សំណើបស់ភាគី កម្ពុជាយើងសុំឱ្យកាត់ពីការប្រាក់បីភាគរយមកមួយភាគរយសិន ហើយយើងគិតមើលថាតើចំនួនបំណុល នៅសល់ប៉ុន្មាន ហើយបើយើងឃើញចំនួនបំណុលនៅសល់ហើយ ៧០ភាគរយនៃបំណុលសរុប យើងសុំ ឱ្យទៅជាជំនួយអភិវឌ្ឍន៍ទៅវិញនៅកម្ពុជា ហើយនៅសល់៣០ភាគរយ យើងនឹងធ្វើការចរចារំលោះសង ឱ្យសហរដ្ឋអាមេរិកវិញ»។ លោក Mark Wenig បានបញ្ជាក់ថា សហរដ្ឋអាមេរិកសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចនៅពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងបន្ថែមការជំពាក់បាននិងសមត្ថភាពចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យអត់ឱនឱ្យអ្វីដែលលោកបាន ហៅថាជា«បំណុលកខ្វក់» បានខ្ចីដោយរដ្ឋាភិបាលយោធារបស់លោកសេនាប្រមុខលន់ ណុល ដែលបាន ឡើងមកកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ១៩៧០ បានគាំទ្រដោយសហរដ្ឋអាមេរិក។ លោកកុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆន្ទៈរបស់យើងពិតប្រាកដដូចសម្តេច(តេជោ)មានប្រសាសន៍អញ្ចឹង។ យើងចង់(ស្នើសុំឱ្យសហរដ្ឋអាមេរិកលប់បំណុលនេះចោល)តែម្តង។ ប៉ុន្តែសំណើនេះយើងងាកទៅរកចំណុចរួមមួយដែលយើងអាចឯកភាពគ្នាទៅវិញទៅមក។ កាលណាយើងទៅយកចំណុចមួយដែលគេ(សហរដ្ឋងាមេរិក)មិនឯកភាពសោះ ក៏យើងដោះស្រាយអត់ចេញដែរ។ ដូច្នេះយើងបង្វែរចំណុចនេះឱ្យបង្រួមទៅរកចំណុចមួយដែលយើងអាចយល់ព្រមទាំងអស់គ្នាចំណុចនេះ គឺជាចំណុចមួយកាន់តែខិតជិតគ្នាហើយ។ លោកឧបការីរងយល់ថា ការចរចាបន្តបន្ទាប់នេះធ្វើរំកិលកាន់តែខិតជិតគ្នាទៅលើចំណុចមួយដែលយើងអាចព្រមព្រៀងទាំងអស់គ្នា»។ រដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ ណុល ត្រូវបានទម្លាក់នៅក្នុងឆ្នាំ១៩៧៥ ដោយរបបវាលពិឃាដ ខ្មែរក្រហម ដែលបានសម្លាប់មនុស្សចំនួន១.៧០០.០០០នាក់ក្នុងរយៈពេលជិត៤ឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជានិងថៃឈានជិតដល់ការយល់ស្របលើចំណុចលម្អិតនៃការដាក់អ្នកសង្កេតការណ៍ Posted: 16 Mar 2011 03:58 PM PDT ប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកដើរតួសម្របសម្រួលរវាងកម្ពុជានិងថៃក្នុងក្របខណ្ឌអាស៊ាន បាននិយាយថាបែបបទការងារសម្រាប់បញ្ជូនក្រុមអ្នកសង្កេតការណ៍ ទៅកាន់តំបន់ជម្លោះនៃប្រទេសកម្ពុជានិងថៃជិតឈានដល់ការព្រមព្រៀងគ្នាហើយ ដោយសារប្រទេសទាំងពីរបានយល់ព្រមជាគោលការណ៍សឹងតែគ្រប់ចំណុច។ នេះជាការអះអាងរបស់លោក ម៉ៃខល ធែននេ ( Michael Tene ) អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ីដែលបានថ្លែងប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ «យើងកំពុងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទាំងពីរ។ យើងមានសង្ឃឹមអំពីបញ្ហានោះ។ ហើយយើងមានជំនឿមុតមាំថាបែបបទកាងារអាចនឹងត្រូវបញ្ចប់បាននៅថ្ងៃអនាគតដ៏ឆាប់បំផុត»។ លោក ធែននេ បានបន្តថា៖ «ជាការណ៍ពិត ការបញ្ជូនក្រុមអ្នកសង្កេតការណ៍នឹងពឹងផ្អែកទៅលើពេលវេលាណា ដែលបែបបទការងារទាំងឡាយត្រូវព្រមព្រៀងដោយភាគីទាំងអស់»។ លោក ធែននេ ថ្លែងដូច្នេះដោយបញ្ជាក់ពីសុទិដ្ឋិនិយមថា ក្នុងចំណោមចំណុច ទាំងអស់ នៅសល់តែមួយចំណុចទេដែលភាគីទាំងពីរគឺថៃនិងកម្ពុជានៅមិនទាន់ព្រមព្រៀង។ តែអ្នកនាំពាក្យរូបនេះបដិសេធផ្តល់ព័ត៌មានលម្អិតអំពីបែបបទការងារនោះដោយអះអាងថា ជាបញ្ហាដែលកំពុងធ្វើបន្ត។
ក៏ប៉ុន្តែបើតាមការអះអាងឲ្យដឹងពីមន្ត្រីកម្ពុជានិងថៃវិញគឺថាបែបបទការងារ សម្រាប់ក្រុមអ្នកសង្កេតការណ៍ដែលកម្ពុជានិងថៃ និងឥណ្ឌូនេស៊ីត្រូវគិតគូររួមមានទាំងទីតាំង រយៈពេល មុខនាទី សមត្ថកិច្ច កិច្ចការផ្សេងៗ ទាក់ទងនឹងការសង្កេតការណ៍រឿងស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែន និងការធានាបទឈប់បាញ់គ្នាជាស្ថាពរដែលភាគីថៃនិងកម្ពុជាបានយល់ព្រមជាមួយគ្នាក្នុងពេលកិច្ចប្រជុំអាស៊ានកាលពីខែមុន។ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាពីទីក្រុងបាងកកនៅថ្ងៃនេះលោក ថានី ថោង ភក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃបានអះអាងថា ចំណុចមួយ ដែលស្ថិត នៅក្រោមកិច្ចពិភាក្សាគ្នាគឺបញ្ហាថាតើកន្លែងណា ទំហំប៉ុណ្ណា ដែលត្រូវគេដាក់ ពង្រាយក្រុមអ្នកសង្កេតការណ៍។ លោក ថោង ភក្តី ដែល អះអាងថាថៃនឹងចូលរួមប្រជុំនៅឥណ្ឌូនេស៊ីនោះ បានបន្តថាបញ្ហាបែបបទ ការងារផ្សេងៗទៀតជុំវិញបញ្ហាអ្នកសង្កេតការណ៍ គឺស្ថិតនៅក្រោមការពិភាក្សាគ្នា ជាពិសេស នៅពេលដែលមានកិច្ចប្រជុំ គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងជាហូរហែរថាប្រទេសកម្ពុជា តាំងពីដំបូងបានយល់ព្រមតាមសំណើរបស់ឥណ្ឌូនេស៊ីដោយឥតលក្ខខណ្ឌទាក់ទងនឹង បែបបទការងារ។ ហើយនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចប្រជុំជាមួយថៃ។ តាមការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាថានឹងជួបប្រជុំនៅទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូនេស៊ី ក្នុងលំដាប់គណៈកម្មាធិការព្រំដែន ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបញ្ហាក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីជាង៣០នាក់ ម្ខាងពាក់កណ្តាល។ ក៏ប៉ុន្តែទាំងភាគីឥណ្ឌូនេស៊ីដែលធ្លាប់បានស្នើជាបឋមឲ្យមានជំនួបប្រជុំនៅថ្ងៃទី២៤ ដល់ទី២៥ខែមិនានេះ អះអាងជាចុងក្រោយថាថ្ងៃខែជាក់លាក់សម្រាប់កិច្ចប្រជុំ រវាងថៃនិងកម្ពុជា ដែលឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះនោះមិនត្រូវគេកំណត់ច្បាស់ លាស់នៅឡើយទេ។ លោក ម៉ៃខល ធែននេកាលពីថ្ងៃអង្គាបានអះអាងថា កាលបរិច្ឆេទនៅតែបន្ត ពិភាក្សាជាមួយ នឹងភាគីពាក់ព័ន្ធនៅឡើយ។ តែលោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាអះអាងកាលពីថ្ងៃអង្គារថាលោកពុំទាន់បានទទួលព័ត៌មានពីការផ្លាស់ប្តូរថ្ងៃប្រជុំនោះទេ។ «គឺព័ត៌មានដែលយើងបានទទួលកន្លងមកៗដល់ពេលនេះគឺកិច្ចប្រជុំនេះនឹងធ្វើ នៅថ្ងៃទី២៤ទី២៥ខែមិនាខាងមុខនេះ ហើយមកដល់ពេលនេះ យើងអត់ទាន់ មានទទួលព័ត៌មានអីឲ្យប្លែកពីហ្នឹង»។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសថៃ ថានី ថោង ភក្តីបានអះអាងថា ថ្ងៃខែនៃកិច្ចប្រជុំទំនងជានឹងត្រូវពន្យារពេលទៅថ្ងៃទី៧ ថ្ងៃទី៨ខែមេសា ដោយសារតែកម្មវិធីមិនត្រូវគ្នារវាងមន្ត្រីកម្ពុជានិងថៃ។ លោកបានបន្តថាមន្ត្រីថៃបានបើក កិច្ចប្រជុំត្រៀមរៀបចំរួចហើយថ្ងៃនេះ ដើម្បីចូលរួមប្រជុំជាមួយកម្ពុជានៅឯប្រទេសឥណ្ឌូនេស៊ី។ កងទ័ពនៃប្រទេសកម្ពុជានិងថៃដែលកំពុងតានតឹងតាមបណ្តោយព្រំដែនបានវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈនៅក្បែរតំបន់ប្រាសាទព្រះវិហារ ដោយសារការចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានព្រំដែន បូរណភាព ទឹកដី។ ការវាយប្រយុទ្ធគ្នាដែលរងគ្រោះដល់កងទ័ព និងប្រជាពលរដ្ឋទាំងពីរប្រទេស ហើយនិងខូចខាតដល់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ តម្រូវឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កោះប្រជុំជាបន្ទាន់កាលពីពាក់កណ្តាល ខែកុម្ភៈ ដើម្បីឲ្យមានកិច្ចឈប់បាញ់គ្នាជាស្ថាពរ ហើយនឹងបន្តដោះស្រាយបញ្ហាជម្លោះនេះ ក្នុងក្របខណ្ឌសមាគមអាស៊ាន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |