VOA News: ព័ត៌មាន: “តុលាការក្រុងភ្នំពេញសាកសួរជនសង្ស័យ៦និងរឹបអូសថ្នាំញៀន” plus 2 more |
- តុលាការក្រុងភ្នំពេញសាកសួរជនសង្ស័យ៦និងរឹបអូសថ្នាំញៀន
- អូស្ត្រាលីប្រគល់វត្ថុបុរាណដែលបាត់បង់មកកម្ពុជាវិញ
- ការចរចាលើការអភិវឌ្ឍតំបន់បឹងកក់បានបរាជ័យ
តុលាការក្រុងភ្នំពេញសាកសួរជនសង្ស័យ៦និងរឹបអូសថ្នាំញៀន Posted: 14 Mar 2011 12:22 PM PDT តុលាការក្រុងភ្នំពេញចាប់ផ្ដើមសាកសួរជនសង្ស័យចំនួន៦រូប ក្នុងនោះមានជនជាតិវៀតណាម៤នាក់ និងជនជាតិលាវ២នាក់ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់។ កាលពីសប្តាហ៍ មុនអាជ្ញាធរប៉ូលិសបានចាប់ខ្លួនជនបរទេសចំនួន៦នាក់ដោយរឹបអូសបានថ្នាំញៀនជាង១០គឺឡូក្រាមតម្លៃជិត១លានដុល្លារ។ តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមធ្វើការសាកសួរជនបរទេសចំនួនប្រាំមួយនាក់ ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់។ កាលពីសប្តាហ៍មុន អាជ្ញាធរប៉ូលិសរបស់ក្រសួងមហាផ្ទៃបានចាប់ខ្លួនជនបរទេសចំនួនប្រាំមួយនាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួនបួននាក់ រួមទាំងឪពុកម្តាយ និងកូន ព្រមទាំងជនជាតិលាវចំនួនពីរនាក់ ដែលជាមេខ្លោងរត់ពន្ឋថ្នាំញៀនពីក្រៅប្រទេសចូលមកកម្ពុជា។ បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យទាំងប្រាំមួយនាក់ ប៉ូលិសបានរឹបអូសយកថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង៨ម៉ឺនគ្រាប់ និងមេតំហ្វេតាមីនទឹកកកជិតបីគីឡូក្រាម ដែលសរុបជាទឹក ប្រមាណជិត១លានដុល្លារសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ឯក កង សុខន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះថា ប៉ូលិសទើបតែបានបញ្ជូនជនសង្ស័យទាំងប្រាំមួយរូបទៅកាន់តុលាការដើម្បីសាកសួរនៅថ្ងៃច័ន្ទនេះ។ ក៏ប៉ុន្តែដោយពុំទាន់បានបញ្ចប់ការសាកសួរ តុលាការបានបញ្ជូនជនសង្ស័យទាំងប្រាំមួយនាក់នេះមកឃុំខ្លួនបណ្តោះអាសន្ននៅអគ្គស្នងការប៉ូលិសជាតិវិញ។ លោកបានមានប្រសាសន៍ទៀតថា នៅថ្ងៃស្អែកនេះ តុលាការនឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត។លោកបានបញ្ជាក់ទៀតថា នេះគឺជាការបង្រ្កាបលក្ខណៈទ្រង់ទ្រាយធំ បើប្រៀបធៀបនឹងការបង្រ្កាបកាលពីឆ្នាំមុខ។ «បើគិត ជាការបង្ក្រាបធំដែលយើងមិនដែលធ្លាប់បង្ក្រាបបានច្រើនបែបហ្នឹងទេ»។ នៅថ្ងៃច័ន្ទនេះ វីអូអេបានធ្វើទំនាក់ទំនងដើម្បីអត្ថាធិប្បាយពីលោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ តែពុំអាចទាក់ទងបាន ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុង ភ្នំពេញនៅថ្ងៃច័ន្ទនេះ ដោយបានហៅវិធានការបង្ក្រាបគ្រឿងញៀនគឺជាវិធានការក្តៅ ដែលកម្ពុជាកំពុងតែប្រឹងប្រែងលុបបំបាត់។ កាលពីអំឡុងខែមករា ប៉ូលិសបានចាប់ខ្លួននាយឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួនពីរនាក់គឺលោកហ៊ុន ហ៊ាន អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងលោកមឹក តារា អគ្គនាយកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនស្រវឹង។ តុលាការបានចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់បណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោស ហើយប្រសិនបើតុលាការរកឃើញថា មានកំហុស ជនសង្ស័យទាំងពីររូបនេះនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត។ លោកឧត្តមសេនីយ៍ឯកកង សុខន អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០១១នេះ ការរត់ពន្ធថ្នាំញៀនស្រវឹងមានការថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោកបានមានប្រសាសន៍ថា ការថយចុះនេះ គឺដោយសារតែអាជ្ញាធរបានបើកយុទ្ធនាការបង្រ្កាបជាបន្តបន្ទាប់៕ This posting includes an audio/video/photo media file: Download Now |
អូស្ត្រាលីប្រគល់វត្ថុបុរាណដែលបាត់បង់មកកម្ពុជាវិញ Posted: 14 Mar 2011 11:34 AM PDT រដ្ឋាភិបាលប្រទេសអូស្រ្ដាលីទើបតែបានប្រគល់គ្រឿងអលង្ការសម័យបុរាណដ៏កម្រមួយចំនួនដល់ប្រទេសកម្ពុជា។ ការប្រគល់នេះត្រូវមន្ដ្រីនៃប្រទេសទាំងពីរចាត់ទុកថាជាកិច្ចសហការមួយសម្រាប់ការទប់ស្កាត់ការជួញដូរវត្ថុបុរាណឆ្លងកាត់ប្រទេស។ វត្ថុបុរាណទាំងនោះរួមមានគ្រឿងអលង្ការសម្រាប់ការតុបតែងខ្លួន និងអដិ្ឋធាតុនៃប្រជាពលរដ្ឋសម័យបុរាណរបស់ប្រទេសកម្ពុជាសរុបចំនួន៣០បំណែកត្រូវរដ្ឋាភិបាលប្រទេសអូស្ដ្រាលីប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ទី១០ខែកុម្ភៈ) តាមរយៈស្ថានទូតប្រទេសកម្ពុជាប្រចាំទីក្រុងកង់ប៊ែរ៉ា (Canberra)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសិល្បៈរបស់ប្រទេសអូស្ដ្រាលីនិងតាមការឲ្យដឹងរបស់មន្ដី្រកម្ពុជា។ លោកស្រី Merran Aguilera មន្ដ្រីផ្នែកទំនាក់ទំនងសាធារណៈនៃការិយាល័យសិល្បៈរបស់ខុទ្ធកាល័យនាយករដ្ឋមន្ដ្រីអូស្ដ្រាលីបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិកនៅថ្ងៃសុក្រនេះថា ក្នុងចំណោមគ្រឿងអលង្ការទាំងនោះរួមមានក្រវិលកងដៃនិងកងជើងអំពីសំរឹទ្ធិ រួមទាំងអដ្ឋិធាតុមនុស្សមួយចំនួនរួមមានឆ្អឹងដៃនិងឆ្អឹងជើង។ លោក ស៊ីម៉ុន គ្រីន (Simon Crean) រដ្ឋមន្ដ្រីក្រសួងសិល្បៈប្រទេសអូស្ដ្រាលី មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការជួញដូរអដ្ឋិធាតុមនុស្សជាតិនិងវត្ថុវប្បធម៌ដោយខុសច្បាប់«បានដកហូតបុព្វបុរស និងប្រវត្តិសាស្រ្ដ»ពីប្រទេសដែលជាប់ពាក់ព័ន្ធទាំងនោះ។ គ្រឿងអលង្ការបុរាណ និងអដ្ឋិធាតុទាំងនេះទំនងជាត្រូវគេលួចចេញពីតំបន់ផ្នូរបុរាណនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាពិសេសផ្នូរបុរាណមួយចំនួនដែលទទួលរងការគាស់កកាយយ៉ាងខ្លាំងប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងខេត្តបន្ទាយមានជ័យ។ លោក ឌូហ្គាល អូរីលី (Dougald O'Reilly) នាយករបស់អង្គការ Heritage Watch ដែលជាអង្គការឃ្លាំមើលបេតិកភណ្ឌរបស់ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា គ្រឿងតុបតែងខ្លួនទាំងនេះមានចំណាស់ប្រហែលជា១០០ទៅ៣០០ឆ្នាំក្រោយគ្រិស្ដសករាជ ពោលគឺនៅចន្លោះពីសតវត្សរ៍ទី១និងសតវត្សរ៍ទី៣។ ប្រទេសកម្ពុជាដែលទទួលរងសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ បានបាត់បង់នូវសម្បតិ្តបេតិកភណ្ឌជាច្រើនដូចជារូបចម្លាក់នៅប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យនិងរូបសំណាកឬរូបចម្លាក់នៅតាមប្រាង្គប្រាសាទជាច្រើនមួយចំនួនទៀត។ ការបាត់បង់ដោយសារការលួចនិងប្លន់ដោយឧក្រិដ្ឋជនឈ្មួញវត្ថុបុរាណសម្រាប់លក់ទៅក្រៅប្រទេស។ គ្រឿងអលង្ការនិងអដ្ឋិធាតុបុព្វបុរសខ្មែរត្រូវគេដាក់លក់តាមប្រព័ន្ធអ៊ីនធឺណែត មុននឹងត្រូវចាប់រឹបអូសដោយគយប្រទេសអូស្ដ្រាលី។ លោកជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ដា្រលីមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានរួមថា ការប្រគល់វត្ថុបុរាណពីសំណាក់រដ្ឋាភិបាលប្រទេសអូស្ដ្រាលីដល់ប្រទេសកម្ពុជានេះ «បង្ហាញពីកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសអូស្ដ្រាលីក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌និងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។ លោក ហាប់ ទូច អគ្គនាយកនៃនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាមានប្រសាសន៍ថាវត្ថុបុរាណទាំងនេះនឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ «ខ្ញុំបានទាក់ទងជាមួយនឹងស្ថានទូតខ្មែរនៅអូស្ដ្រាលីហើយ ដើម្បីយើងចាត់ចែងយកវត្ថុទាំងនោះត្រឡប់មកវិញ។ ខ្ញុំត្រូវធ្វើលិខិតទៅរដ្ឋាភិបាលអូស្ដ្រាលីទៀតដើម្បីសុំជួយអន្ដរាគមន៍ក្នុងការយកវត្ថុនោះត្រឡប់មកវិញ»។ ទោះជាយ៉ាងណាលោក ហាប់ ទូច មិនទាន់អាចបញ្ជាក់ថា វត្ថុទាំងនេះនឹងត្រូវមកដល់ប្រទេសកម្ពុជានៅពេលណានោះទេ៕ This posting includes an audio/video/photo media file: Download Now |
ការចរចាលើការអភិវឌ្ឍតំបន់បឹងកក់បានបរាជ័យ Posted: 14 Mar 2011 11:05 AM PDT ការខ្វែងគំនិតគ្នារវាងអាជ្ញាធរនិងអ្នកភូមិបឹងកក់ទៅលើគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងនៅតែមានជាបន្តខណៈដែលការពិភាក្សាគ្នារវាងភាគីជម្លោះមិនបានឈានដល់ការសម្រុះសម្រួលគ្នា។ ការពិភាក្សាគ្នាមួយឈុតលើកដំបូងរវាងក្រុមមន្ត្រីសាលាក្រុងភ្នំពេញនិងតំណាងអ្នកភូមិបឹងកក់នៅថ្ងៃសុក្រនេះ មិនបានសម្រេចដល់ការសម្របសម្រួលគ្នាណាមួយឆ្ពោះទៅរកគម្រោងអភិវឌ្ឍន៍ប្រកបដោយសន្តិវិធីនោះទេ។ មន្ត្រីសាលារាជធានីភ្នំពេញប្រាំពីរនាក់ដឹកនាំដោយលោកនួន សុមេធ អភិបាលរងសាលារាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយតំណាងអ្នកភូមិបឹងកក់ចំនួន៣៥នាក់ ដើម្បីរកវិធីដោះស្រាយសំណើសុំដីទំហំ១៥ហិកតាដើម្បីអភិវឌ្ឍនៅនឹងកន្លែង។ លោកអភិបាលរងបានថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយតំណាងអ្នកភូមិបឹងកក់ថា គោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងរបស់រាជរដ្ឋាភិបាលត្រូវធ្វើឡើងតាមរបៀបនៃការអភិវឌ្ឍនៅនឹងកន្លែងដូចសហគមន៍បូរីកីឡា។ ការអភិវឌ្ឍនៅនឹងកន្លែងរបស់សហគមន៍បូរីកីឡាបានតម្រូវឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែងហើយក្រុមហ៊ុនអភិវឌ្ឍន៍បានចាប់ផ្តើមកសាងផ្ទះសម្បែងស្របតាមគម្រោង។ នៅពេលដែលផ្ទះ និងរចនាសម្ព័ន្ធ ត្រូវបានកសាងរួច ប្រជាពលរដ្ឋបានវិលត្រឡប់មករស់នៅក្នុងផ្ទះសង់ថ្មីនេះវិញ។ អ្នកស្រីទេព វណ្ណី តំណាងសហគមន៍បឹងកក់បាននិយាយថាអ្នកភូមិបឹងកក់មិនទទួលយកគំរូអភិវឌ្ឍន៍នៅនឹងកន្លែងដូចបូរីកីឡាទេ។ «គម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងរបស់សាលាក្រុងភ្នំពេញដូចគ្នានឹងសហគមន៍បូរីកីឡា។ ខ្ញុំនិយាយថា អញ្ចឹងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាមិនអាចទទួលយកបានទេ។ តាមគម្រោងថ្មី ដែលយើងបានជូនគាត់លើសំណើដីទំហំ១៥ហិកតាអភិវឌ្ឍន៍នៅនឹងកន្លែងដដែលនឹងគម្រោងរបស់យើង»។ អ្នកស្រីលី ស្រីមុំ តំណាងសហគមន៍បឹងកក់ម្នាក់ទៀតបានថ្លែងថាការពិភាក្សារបស់ភាគីទាំងពីរមិនទាន់អាចសម្រេចដល់ការសម្របសម្រួលឬកិច្ចព្រមព្រៀងអ្វីទេចំពោះសំណើសុំដីទំហំ១៥ហិកតាអភិវឌ្ឍន៍នៅនឹងកន្លែងនេះ។ អ្នកស្រីទេព វណ្ណី បានបន្ថែមថាបើរដ្ឋាភិបាលយល់ព្រមតាមសំណើសុំដីអភិវឌ្ឍន៍នៅ នឹងកន្លែងអ្នកភូមិនឹងមិនចាកចេញពីផ្ទះសម្បែងបច្ចុប្បន្ននេះទេ។ នៅពេលដែលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាងរួចរាល់ហើយអ្នកភូមិនឹងរើចេញពីផ្ទះចាស់មកនៅផ្ទះថ្មី។ គណៈកម្មាធិការស៊ើបអង្កេតមួយរបស់ធនាគារពិភពលោកបានរកឃើញថាការិយាល័យប្រចាំនៅកម្ពុជារបស់ខ្លួន មិនបានការពារកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ មុនពេលការបណ្តេញចេញប្រជាពលរដ្ឋច្រើនពាន់គ្រួសារទេ។ អ្នកស្រីទេព វណ្ណី បានថ្លែងថាគណៈកម្មាធិការនាយករបស់ធនាគារពិភពលោកបានទទួលស្គាល់ថាគម្រោងអភិវឌ្ឍន៍បឹងកក់បានរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋបឹងកក់ ហើយវាជាការណ៍ល្អដែលធនាគារនេះបានរកឃើញកំហុសរបស់ការិយាល័យប្រចាំនៅកម្ពុជារបស់ខ្លួន។ «ការយល់ឃើញលើគម្រោងរបស់គាត់ (ធនាគារពិភពលោក) ដែលគាត់ដាក់មកហើយ បែរជាគាត់មិនបានតាមដានរាល់គម្រោងហ្នឹង ធ្វើឱ្យគាត់មានកំហុសហើយគាត់ទទួលស្គាល់កំហុសរបស់គាត់។ នេះជាភាពយុត្តិធម៌ និងតម្លាភាពជាទីបំផុតចំពោះប្រជាពលរដ្ឋបឹងកក់»។ លោកស្រីទន់ ភានី អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាក្រសួងមិនអាចផ្តល់កម្មសិទ្ធិដីធ្លីដែលមានទំនាស់ ដូចជាដីជម្លោះនៅក្នុងតំបន់បឹងកក់ទេ។ «ក្រសួងដែនដីអត់ចុះបញ្ចីដីមានទំនាស់នោះ។ អញ្ចឹង អ្នកដែលដោះទំនាស់ គឺអាជ្ញាធរដែនដី។ យើងអ្នកបច្ចេកទេសទៅរកចុះបញ្ចីដី មានទំនាស់ទៅរកម្ចាស់ណាមួយពិតឱ្យបាន។ ទាល់តែយើងរកម្ចាស់ពិតឃើញសិន ទើបយើងចុះបញ្ចីដីឱ្យបាន»។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាជម្លោះដីនៅតំបន់បឹងកក់នេះ គឺពាក់ព័ន្ធទៅនឹងស្ថានភាពដីសាធារណៈរបស់រដ្ឋ។ បើតំបន់ដែលបានពិភាក្សាខាងលើនេះមិនមែនជាតំបន់ចុះបញ្ជីជាផ្លូវការទេនោះការតវ៉ាទាំងឡាយពាក់ព័ន្ធនឹងតំបន់នេះក៏មិនអាចពាក់ព័ន្ធនឹងគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីថ្មី ហៅកាត់ថា LMAP ទេ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាគម្រោងរៀបចំដែនដី និងរដ្ឋបាលដីថ្មីដែលអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពុំមានអ្វីពាក់ព័ន្ធនឹងតំបន់បឹងកក់ទាល់តែសោះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |