Koh Santipheap Daily |
- មានឧប្បត្តិហេតុថ្មីៗទៀតនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា
- នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន៤នាក់
- សមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅទួលសង្កែ ចាប់មនុស្ស៣នាក់ ដកហូតបានម៉ាទឹកកក១០កញ្ចប់
- រថយន្តដឹកអំបិលបែកកង់រេចង្កូតបុកម៉ូតូអ្នកដឹកត្រីស្លាប់ម្នាក់
- កងទ័ពលីប៊ីប្រកាសពីការវាយលុកក្នុងពេលភ្លាមៗលើទីក្រុងបង្អែកចុងក្រោយរបស់ពួកបះបោរ
- ប្រទេសបារ៉ែនប្រកាសស្ថានភាពអាសន្ន និងដាក់បំរាមគោចរក្រោយពីការបាញ់ស្លាប់បាតុករ២នាក់ទៀត
- អាល្លឺម៉ង់បិទម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ7ជាបណ្តោះអាសន្ន
- ជិះម៉ូតូបុកអ្នកដើរម្នាក់ស្លាប់រត់គេចខ្លួនបាត់ សមត្ថកិច្ចឃាត់បានម៉ូតូ
- តុល្យការថ្មីនៃគ្រោះរញ្ជួយដីនិងស៊ូណាមីនៅជប៉ុនចំនួនអ្នកស្លាប់ឡើង៣.៣៧៣នាក់
- ផ្ទៃដីដែលដកហូតពីពលរដ្ឋកាលពីឆ្នាំ២០០៦ ពេលវាស់វែងសាងសង់មន្ទីរពេទ្យស្រាប់តែក្លាយជាដីឈ្មួញ
- បញ្ហាប្រាសាទព្រះវិហារ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាប្រធានក្រុមការងាររៀបចំពាក្យបណ្តឹង
- អគ្គីភ័យឆាបឆេះឃ្លាំងស្តុកកំទេចក្រណាត់ធំមួយក្បែរបន្ទាយសុវត្ថិភាពទួលក្រសាំង ផ្អើលអ្នកក្រុងតាខ្មៅ
- កញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយកូនស្រីគ្រូល្ខោន
- ជំនួបជាមួយឯកអគ្គរាជទូតថៃចប់អាណត្តិជំរុញការយោគយល់គ្នាថែមទៀត
- ម៉ែឪជាប់គុកបន្សល់ទុកកូនរញង់រស់នៅកណ្តោចកណ្តែង
- រថយន្តពោងដឹកស៊ីម៉ង់ត៍បុកបាក់ដើមត្នោត
- កម្ពុជាបង្ហាញជំហរថា បញ្ហាព្រំដែនកម្ពុជា-ថៃ ងាយដោះស្រាយ បើគោរពឯកសារនានា
- បុរស៣នាក់ចង.កធ្វើអត្តឃាត ម្នាក់នៅភ្នំពេញ ២នាក់នៅពោធិ៍សាត់
- ក្មេងប្រុសអាយុ១៧ឆ្នាំជាប់ចោទរំលោភក្មេងស្រីអាយុ១៣ឆ្នាំ
មានឧប្បត្តិហេតុថ្មីៗទៀតនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា Posted: 15 Mar 2011 09:10 PM PDT នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី សភាពការណ៍នៅតែគ្រោះថ្នាក់បំផុត។ រេអាក់ទ័រទី៤ក៏រងការផ្ទុះដែរ ក្រោយមានភ្លើងឆាបឆេះ។ ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនេះគ្រោងទម្លាក់ទឹកតាមឧទ្ធម្ភាគចក្រក្នុងអាងទឹកមួយនៃរេអាក់ទ័រទី៤នោះដើម្បីធ្វើឱ្យត្រជាក់ដក់គ្រឿងឆេះនុយក្លេអ៊ែរដែលប្រើប្រាស់។ |
នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន៤នាក់ Posted: 15 Mar 2011 09:05 PM PDT រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន៤នាក់ ក្នុងនោះមានស្រីម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ឃាត់ខ្លួននៅចំណុចផ្ទះលេខ២១៤០ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ មីនា ២០១១ ខណៈពេលពួកគេប្រមូលផ្តុំគ្នាធ្វើសកម្មភាព។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានមនុស្សប្រុស-ស្រីនាំគ្នាប្រមូលផ្តុំសង្ស័យលួចប្រើប្រាស់ និងជួញដូរថ្នាំញៀន នៅក្នុងផ្ទះលេខ២១៤០ ផ្លូវជាតិលេខ៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានឆ្មក់ចូលផ្ទះខាងលើ ហើយឃាត់ខ្លួនមនុស្ស៤នាក់ គឺ១-ឈ្មោះទូច សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៦ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ២-ឈ្មោះអន សំនៀង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជនទាំង២នាក់នេះត្រូវសមត្ថកិច្ចចោទពីបទជួញដូរថ្នាំញៀន) ៣-ឈ្មោះទិត្យ វត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៩ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ប្រើប្រាស់ថ្នាំញៀន) និង៤-ឈ្មោះឃុន សំណាង ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៤០ ផ្លូវលេខ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ផ្តល់ទីតាំង)។ ក្នុងយុទ្ធនាការបង្ក្រាបក្រុមប្រើប្រាស់ និងជួញដូរថ្នាំញៀននៅចំណុចខាងលើ សមត្ថកិច្ចមិនបានរកឃើញថ្នាំញៀននោះទេ ហើយគ្រាន់តែដកហូតសម្ភារពាក់ព័ន្ធក្នុងការប្រើប្រាស់ថ្នាំញៀនប៉ុណ្ណោះ ការចោទប្រកាន់ទៅលើបុរស២នាក់ដែលមានម្នាក់ឈ្មោះទូច សុជាតិ និងម្នាក់ទៀតឈ្មោះអន សំនៀង ពីបទជួញដូរ គេក៏មិនដឹងថា សមត្ថកិច្ចសំអាងទៅលើអ្វីនោះដែរ...សូមកុំឱ្យធ្វើជ្រុលដូចយុទ្ធនាការបង្ក្រាបក្មេងទំនើងដើរលេងយប់កាលពីកន្លះឆ្នាំមុន...ដែលកាលណោះសូម្បីតែអ្នករត់ម៉ូតូឌុបទៅអង្គុយចាំម៉ូយក៏ចាប់ខ្លួនដែរ...ឬអ្នកធ្វើការយប់នៅតាមក្រុមហ៊ុនឯកជនទៅអង្គុយយកខ្យល់អាកាសជាមួយមិត្តភក្តិក៏ចាប់គេដែរ... ៕ |
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅទួលសង្កែ ចាប់មនុស្ស៣នាក់ ដកហូតបានម៉ាទឹកកក១០កញ្ចប់ Posted: 15 Mar 2011 08:51 PM PDT រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីវេលាម៉ោង៧និង៤៥នាទីយប់នៅថ្ងៃទី១៥ មីនា ២០១១ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងឈានទៅឆែកឆេរលំនៅឋានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះលី ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ ២-ឈ្មោះលីម ណងអាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ៣-ឈ្មោះឈីវ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។ ដោយមានការស្រាវជ្រាវពីប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ហើយទៅឆែកឆេរលំនៅឋានចាប់ខ្លួនបានបក្សពួកម្នាក់ទៀត ៕ |
រថយន្តដឹកអំបិលបែកកង់រេចង្កូតបុកម៉ូតូអ្នកដឹកត្រីស្លាប់ម្នាក់ Posted: 15 Mar 2011 08:48 PM PDT រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដឹកអំបិលមួយគ្រឿង បានបែកកង់ ហើយរេចង្កូតទៅបុកម៉ូតូដឹកត្រីក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ មីនា ២០១១ នៅតាមផ្លូវជាតិលេខ៦A ត្រង់ស្ពានទី១១ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ ។ បុរសរងគ្រោះស្លាប់ក្នុងគ្រោះថ្នាក់នេះ ត្រូវប៉ូលិសឱ្យដឹងថា ឈ្មោះលឹម យ៉ាងអៀង អាយុ៣៧ឆ្នាំ ជាអាជីវករលក់ត្រី នៅផ្សារបាក់ខែង មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។ តាមព័ត៌មាននៅកន្លែងកើតហតុឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ C100 កូរ៉េ ពណ៌ខៀវ សណ្តោងរ៉ឺម៉កទៅដឹកត្រីនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។ ពេលទិញត្រីបានត្រឡប់មកវិញដល់កន្លែងកើតហេតុស្ពានទី១១ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដឹកអំបិល ពាក់ស្លាកលេខ ច-៦៦៣៦ ភព២ បើកក្នុងទិសដៅបញ្ច្រាសគ្នាបានបែកកង់ហើយរេចង្កូតទៅខាងឆ្វេងដៃ បុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ៕ |
កងទ័ពលីប៊ីប្រកាសពីការវាយលុកក្នុងពេលភ្លាមៗលើទីក្រុងបង្អែកចុងក្រោយរបស់ពួកបះបោរ Posted: 15 Mar 2011 08:46 PM PDT ខណៈដែលកងទ័ពលីប៊ីប្រកាសកាលពីយប់ថ្ងៃទី១៥ មីនា ពីការបើកធ្វើការវាយលុកភ្លាមៗប្រឆាំងទីក្រុងបេនហ្គាហ្ស៊ីជាទីក្រុងធំទី២របស់ប្រទេសជាទីតាំងរបស់ស្ថាប័នដឹកនាំរបស់ពួកប្រឆាំង ការបាញ់កាំភ្លើងការពារអាកាស និងកាំភ្លើងធំធុនធ្ងន់ត្រូវបានស្តាប់ឮក្នុងទីក្រុងនេះក្រោយម៉ោង២២ម៉ោងក្នុងស្រុក។ ថ្លែងទៅកាន់ប្រជាជនទីក្រុងនោះកងទ័ពអះអាងថា កងទ័ពលើកមកដើម្បីធានាសន្តិសុខឱ្យលោកអ្នក លុបចោលអំពើអយុត្តិធម៌ដែលគេធ្វើចំពោះលោកអ្នក ការពារលោកអ្នក និងនាំមកវិញនូវភាពស្ងប់ស្ងាត់ និងជីវភាពជាធម្មតាឡើងវិញ។ នេះជាប្រតិបត្តិការមនុស្សធម៌មួយធ្វើឡើងក្នុងផលប្រយោជន៍របស់លោកអ្នក ហើយពុំមែនដើម្បីជាការសងសឹកចំពោះអ្នកណាម្នាក់ឡើយ។ |
ប្រទេសបារ៉ែនប្រកាសស្ថានភាពអាសន្ន និងដាក់បំរាមគោចរក្រោយពីការបាញ់ស្លាប់បាតុករ២នាក់ទៀត Posted: 15 Mar 2011 08:38 PM PDT ទីភ្នាក់ងារព័ត៌មានបារ៉ែនរាយការណ៍ឱ្យដឹងថា កងកម្លាំងការពារជាតិបារ៉ែននឹងទទួលបន្ទុកសន្តិសុខជាតិ ហើយដាក់បំរាមគោចរនៅកន្លែងមួយចំនួន ដែលស្ថិតក្រោមច្បាប់គ្រាអាសន្ន ។ ការដាក់បំរាមគោចរនេះគឺក្រោយពីការស្លាប់បាតុករ២នាក់ទៀត និង១៥០នាក់ទៀតរងរបួសកាលពីថ្ងៃទី១៥ មីនា កន្លងមក ដោយសារការបាញ់រះដោយកាំភ្លើងប្រើគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងទីក្រុងស៊ីត្រាភាគខាងត្បូងប្រទេស ។ កាលពីថ្ងៃទី១៥ មីនា កន្លងមក ព្រះមហាក្សត្របារ៉ែន ព្រះចៅ Hamad bin Isa Al Khalifa ទ្រង់បានប្រកាសពីស្ថានភាពគ្រាអាសន្នរយៈពេល៣ខែ ដែលចូលជាធរមានភ្លាមៗ ។ ដោយឡែក នៅថ្ងៃនោះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត និងអេមីរ៉ាត អារ៉ាប់រួម បានបញ្ជូនកងទ័ពទៅកាន់ប្រទេសបារ៉ែន ហើយត្រៀមធ្វើអន្តរាគមន៍ដើម្បីការពារជនស៊ីវិល ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងប្រទេសបារ៉ែន ។ លោកស្រីសម្តែងពីការព្រួយបារម្ភនោះក្នុងអំឡុងពេលនៃការសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអូឌីត ។ លោកស្រីគ្លីនតុន ថ្លែងថា វាមានសារសំខាន់ណាស់ ប្រសិនបើភាគីទាំងអស់ជម្រុញឱ្យមានការចរចាជាជាងការបង្កអំពើហិង្សា ។ ព្រះចៅ Hamad បានប្រកាសច្បាប់គ្រាអាសន្នរយៈពេល៣ខែ នៅក្នុងប្រទេសចំពេលមានការមិនប្រាកដប្រជាក្រោយពីកងទ័ពបរទេសបានលើកចូលដល់ប្រទេសបារ៉ែន ដើម្បីជួយរដ្ឋាភិបាលបង្ក្រាបបាតុករដែលធ្វើបាតុកម្មរយៈពេលជាច្រើនសប្តាហ៍មកហើយ ៕ |
អាល្លឺម៉ង់បិទម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ7ជាបណ្តោះអាសន្ន Posted: 15 Mar 2011 08:37 PM PDT អធិការបតីអាល្លឺម៉ង់ លោកស្រីអេនចឺឡា ម័រកែល កាលពីថ្ងៃទី១៥ មីនា បានប្រកាសពីការបិទបណ្តោះអាសន្នរយៈពេល៣ខែនូវម៉ាស៊ីនរេអាក់ទ័រ នុយក្លេអ៊ែរ៧ ដែលចាស់ទៅហើយ រង់ចាំការពិនិត្យមើលឡើងវិញនូវបញ្ហាសុវត្ថិភាពទាក់ទិនទៅនឹងគ្រោះមហន្តរាយដោយការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសជប៉ុន ។ លោកស្រីម័រកែល ថ្លែងថា «យើងកំពុងចាប់ផ្តើមពិនិត្យមើលឡើងវិញនូវបញ្ហាសុវត្ថិភាពនៃម៉ាស៊ីនរេអាក់ទ័រទាំងអស់ ដែលត្រូវដាក់ឱ្យដំណើរការចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០មក ដោយផ្អាកដំណើរការបណ្តោះអាសន្នរយៈពេល៣ខែសិន ។ ក្រោយពីការផ្អាករហូតដល់ថ្ងៃទី១៥ មិថុនា ខាងមុខ យើងនឹងបន្តដំណើរការទៀត» ។ |
ជិះម៉ូតូបុកអ្នកដើរម្នាក់ស្លាប់រត់គេចខ្លួនបាត់ សមត្ថកិច្ចឃាត់បានម៉ូតូ Posted: 15 Mar 2011 08:36 PM PDT រាជធានីភ្នំពេញ ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ដោយសារតែជនប្រមឹកម្នាក់ជិះម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ មួយគ្រឿង បើកបុកទាំងកំរោល ខណៈពេលដែលនារីរងគ្រោះកំពុងដឹកដៃកូនក្មេងរត់លេងនៅលើដងផ្លូវលេខ៤៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ មីនា ២០១១ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នារីរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះងិន យឿន អាយុ២៧ឆ្នាំ ជាអ្នកបម្រើការងារតាមផ្ទះ នៅក្បែរចំណុចកើតហេតុខាងលើ ។ មុនពេលគ្រោះថ្នាក់ នាងងិន យឿន បានដឹកដៃកូនក្មេងម្នាក់ជាកូនម្ចាស់ផ្ទះដែលនាងនាំដើរលេងតាមផ្លូវកុំឱ្យធ្វើទុក្ខឪពុកម្តាយរបស់គេ ។ ខណៈពេលនោះស្រាប់តែមានមនុស្សប្រុសជំទង់ម្នាក់ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ បើកយ៉ាងលឿនរេចង្កូតពេញផ្លូវ ហើយជ្រុលទៅបុកនារីរងគ្រោះចំពីក្រោយពេញទំហឹងបណ្តាលឱ្យនាងដួលបោកក្បាលទៅលើផ្លូវបេតុងហូរឈាមស្លាប់ភ្លាមៗមួយរំពេច។ ឃាតកជិះម៉ូតូផ្តាច់ជីវិតនាងអ្នកបម្រើនេះក៏ភ័យរត់គេចខ្លួនចោលម៉ូតូបាត់ទៅ ។ ដូច្នេះករណីគ្រោះថ្នាក់នេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ឃាត់បានតែម៉ូតូអ្នកបង្កគ្រោះថ្នាក់មួយគ្រឿងប៉ុណ្ណោះយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕ |
តុល្យការថ្មីនៃគ្រោះរញ្ជួយដីនិងស៊ូណាមីនៅជប៉ុនចំនួនអ្នកស្លាប់ឡើង៣.៣៧៣នាក់ Posted: 15 Mar 2011 08:32 PM PDT ប៉ូលិសជាតិជប៉ុនថ្លែងកាលពីថ្ងៃទី១៥ មីនា ថា ការរញ្ជួយដី និងស៊ូណាមីដែលកើតមានកាលពីថ្ងៃទី១១ មីនា កន្លងមកនេះនៅជប៉ុនគិតមកដល់វេលាម៉ោង២០ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ឡើងដល់៣.៣៧៣នាក់ ហើយមនុស្ស៦.៧៤៦ នាក់បាត់ខ្លួន ។ ប៉ូលិសជាតិជប៉ុនបន្តថា សរុបមនុស្ស១.៦២៩នាក់ ត្រូវបានអះអាងថា ស្លាប់នៅក្រុងដែលរងការប៉ះពាល់ខ្លាំងជាងគេគឺក្រុងមីយ៉ាហ្ស៊ី ហើយមនុស្ស១.១៩៣នាក់ស្លាប់ក្នុងតំបន់អ៊ីវ៉ាត និង៥០៦នាក់ ស្លាប់ក្នុងតំបន់ហ្វូគូស៊ីម៉ា ។ មនុសុ្សមិនតិចជាង៦.៧៣៧នាក់ ឡើយ ដែលត្រូវបាត់ខ្លួនក្នុងទីក្រុង៣ ។ យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា មនុស្សប្រមាណជា៥៣០.០០០នាក់ ត្រូវបានជម្លៀសនាពេលនេះ ទៅកាន់ជម្រកជាង២.៦០០កន្លែង ក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី និងស៊ូណាមី។ ការខ្វះខាតស្បៀង ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ធនៈចោទជារួមបញ្ហារួមក្នុងបណ្តាតំបន់ដែលរងការប៉ះពាល់ដោយការរញ្ជួយដី និងស៊ូណាមី ដែលនៅទីនោះការផ្គត់ផ្គង់របស់របរចាំបាច់ទាំងឡាយបានត្រូវបំផ្លាញ ហើយហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវដាច់ ។ រដ្ឋាភិបាលជប៉ុនបានបង្កើនការខិតខំប្រឹងប្រែងដើម្បីបញ្ជូនសំភារសង្គ្រោះទាំងឡាយដល់ពួកអ្នករងគ្រោះ ។ ការរញ្ជួយដីកម្លាំង៩រីស្ទ័រកើតមានក្នុងតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគឦសាន និងភាគខាងកើតប្រទេសជប៉ុនញ៉ាំងឱ្យមានរលកយក្សស៊ូណាមី។ ការខូចខាត និងបាត់បង់យ៉ាងធំធេងបំផុតកើតមានដោយសារគ្រោះមហន្តរាយនេះ ៕ |
ផ្ទៃដីដែលដកហូតពីពលរដ្ឋកាលពីឆ្នាំ២០០៦ ពេលវាស់វែងសាងសង់មន្ទីរពេទ្យស្រាប់តែក្លាយជាដីឈ្មួញ Posted: 15 Mar 2011 07:14 PM PDT ខេត្តព្រះវិហារ ៖ អតីតដីព្រៃនៅតាមដងផ្លូវជាតិលេខ៦២ ពីចំណុចផ្លូវបំបែកស្រុកជាំក្សាន្ត ចូលទៅកាន់ភូមិស្រឯម ឃុំកន្ទួត មានចម្ងាយប្រមាណ៨គីឡូម៉ែត្រ កាលពីឆ្នាំ២០០៦ កន្លងទៅនេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ជាមួយអាជ្ញាធរខេត្ត បានចេញដីកាលេខ៣២ ដើម្បីរុះរើលំនៅឋានអនាធិបតេយ្យដែលបានសាងសង់នៅលើដីព្រៃឈើដែលរដ្ឋាភិបាលបានហាមឃាត់នៅតាមដងផ្លូវក្នុងតំបន់នោះ ដោយបានបណ្តេញប្រជាពលរដ្ឋឱ្យចាកចេញ ដោយគ្មានលក្ខខណ្ឌ។ ផ្ទុយទៅវិញពេលនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរាជរដ្ឋាភិបាលបានតម្រូវឱ្យអាជ្ញាធរខេត្តរៀបចំដីទំនេរនៅតាមដងផ្លូវជាតិលេខ៦២ ដែលមានទំហំក្បាលដីជាង២០០ម៉ែត្រ និងបណ្តោយជាង១០០ម៉ែត្រ ឱ្យទៅអគ្គភស្តុភារ ដើម្បីសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ភូមិស្រឯម តាមបណ្តោយផ្លូវជាតិលេខ៦២ ស្រាប់តែត្រូវបានគេឱ្យដឹងថា មានជនដែលអះអាងថា ជាម្ចាស់ដីមកបញ្ជាក់ថាពួកគេជាម្ចាស់ដីនៅក្នុងតំបន់នោះទៅវិញ ។ ពួកគេបានអះអាងទៀតថា ដីពួកគេបានទិញពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត និងថែមទាំងមានការចេញប័ណ្ណសំគាល់កាន់កាប់ដីធ្លីដែលភូមិបាលស្រុកជាអ្នកវាស់វែងនិងរត់ការចេញប័ណ្ណឱ្យទៀតផង ។ ជុំវិញការទាមទារ និងតវ៉ាពីបណ្តាឈ្មួញម្ចាស់ដីទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បដិសេធចោលមិនទទួលដោះស្រាយដោយសម្រេចយកដីទាំងអស់ខាងលើប្រគល់ឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុប្រចាំសមរភូមិ ធ្វើការឈូសឆាយជាបន្ទាន់ តាមចំណារដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យធំមួយដើម្បីបម្រើដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនេះ និងបម្រើដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារបូរណភាពទឹកដីតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងតំបន់នោះផង ដោយមិនបារម្ភក្នុងការដឹកជញ្ជូនទៅព្យាបាលនៅក្រុងសៀមរាប ឬក្រុងព្រះវិហារក្នុងពេលជួបបញ្ហាម្តងៗ ។ សូមបញ្ជាក់ថា មន្ទីរពេទ្យដែលគ្រោង សាងសង់តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិស្រឯម នេះ តាមការបញ្ជាក់ពីលោក ស ថាវី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ ស៊ិន ស៊ីណាត តំណាងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុឱ្យដឹងថា មន្ទីរពេទ្យភូមិស្រឯមខាងលើនេះគឺទំហំធំ មានកម្ពស់បីជាន់ បើគិតជាទឹកប្រាក់មានតម្លៃដល់ទៅរាប់លានដុល្លារអាមេរិក ។ ឯចំណែកមន្ត្រីជាអ្នកអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលដែលមានមន្ត្រីព្រៃឈើស្រុកជាំក្សាន្ត និងមន្ត្រីសុរិយាដីស្រុកជាំក្សាន្តវិញ ដែលតួនាទីខ្លួនជាអ្នកការពារសម្បត្តិរដ្ឋពេលនេះបានបែកពាងប្រហុកហើយ ធ្វើឱ្យមជ្ឈដ្ឋានក្នុងតំបន់នោះចោទថា បែរជានាំគ្នាឃុបឃិតយកដីទៅលក់ និងធ្វើប័ណ្ណឱ្យឈ្មួញកាន់កាប់ដីរដ្ឋខុសច្បាប់ទៅវិញ ។ លោកវង្ស ពិសិដ្ឋ មន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្ត បានមានប្រតិកម្មយ៉ាងខ្លាំង ដោយប្រើពាក្យម្តងថា ជាដីរក្សាទុកធ្វើស្នាក់ការផ្នែកព្រៃឈើ ម្តងឆ្លើយថា ជាដីរបស់បងប្អូនដែលបានកាន់កាប់ជាយូរណាស់មកហើយ ។ លោកវង្ស ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានដីទេ ចង់រដ្ឋយកអីក៏យកចុះ។ ចំណែកលោកប៉ុល ខាំណារ៉េ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បន្ទាប់ពីបានដឹងថា ដីដែលបានដកហូតតាមដីកាលេខ៣២ ទុកជាសម្បត្តិរដ្ឋនេះត្រូវកូនចៅរបស់លោកយកទៅចាត់ចែងនិងលក់ដូរឱ្យឈ្មួញនោះ លោកបានបញ្ជាក់ថា ក្បាលអាណា គឺសក់អាហ្នឹង ដោយរូបលោកមិនទទួលដឹងទេ ។ លោកគង់ សោភ័ណ្ឌ ប្រធានមន្ទីររៀបចំដែនដីខេត្ត ក៏បានបញ្ជាក់ឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីកន្លងទៅ លោកពិតជាបានចុះហត្ថលេខាលើប័ណ្ណសំគាល់កាន់កាប់កម្មសិទ្ធិដីធ្លីជាច្រើនប្រាកដមែននៅក្នុងស្រុកជាំក្សាន្ត ប៉ុន្តែការចុះហត្ថលេខាលើប័ណ្ណសំគាល់កម្មសិទ្ធិដីធ្លីនៅក្នុងស្រុកជាំក្សាន្តទាំងអស់កន្លងទៅ គឺដោយសារផ្អែកទៅលើការស្នើសុំពីលោកវុធ តារា ប្រធានការិយាល័យភូមិបាលស្រុកជាំក្សាន្ត ដែលមានលិខិតស្នាមក្នុងការត្រួតពិនិត្យវាស់វែងគ្រប់គ្រាន់ និងមានដាក់ពាក្យស្នើសុំទើបចេញប័ណ្ណឱ្យ។ ប៉ុន្តែបើរកទៅឃើញថា មានផ្ទុយពីភាពសុចរិតទៅវិញដោយបែរជាយកដីព្រៃឈើ ដីហាមឃាត់ ឬដីរបស់រដ្ឋទៅឱ្យលោកចុះហត្ថលេខាវិញនោះ លោកជាប្រធាននឹងប្តឹងឱ្យចាប់ខ្លួនប្រធានការិយាល័យភូមិបាលស្រុកទៅតុលាការធ្វើការផ្តន្ទាទោសតាមច្បាប់ ។ លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តមានប្រសាសន៍ថា ចំពោះដីធ្លីដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៦២ និងស្ថិតនៅក្នុងដីកាលេខ៣២ ដែលបានដកទុកជាសម្បត្តិរដ្ឋ នៅថ្ងៃខាងមុខនេះ បើអាជ្ញាធរខេត្តរកឃើញថា ជនណា ឬមន្ត្រីណាម្នាក់បានយកដីតំបន់នោះទៅប្រើប្រាស់ដោយខុសច្បាប់ ឬលក់ដូរ នឹងត្រូវដកហូតដាក់ជាសម្បត្តិរដ្ឋវិញ ហើយនិងនាំខ្លួនជនទាំងនោះទៅផ្តន្ទាទោសតាមច្បាប់ ។ មហាជនកំពុងរង់ចាំមើលថា តើវាសនាមន្ត្រីដែលយកដីដណ្តើមពីប្រជាជនទៅលក់បែបនេះ មានបាបកម្មដែរឬអត់? ចាំមើលមើល៍! តើគេនាំគ្នាលេងបិទពួនបែបណា? |
បញ្ហាប្រាសាទព្រះវិហារ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាប្រធានក្រុមការងាររៀបចំពាក្យបណ្តឹង Posted: 15 Mar 2011 07:07 PM PDT រាជធានីភ្នំពេញ ៖ ក្រុមការងាររៀបចំពាក្យបណ្តឹងបញ្ហាប្រាសាទព្រះវិហារទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេត្រូវបានបង្កើតឡើង ហើយក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ មីនា ដើមខែនេះ ដោយមានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជាប្រធាន និងមានសមាជិកចំនួន៤រូប ។ នៅក្នុងខ្លឹមសារសេចក្តីសម្រេចបានកំណត់ភារកិច្ចក្រុមការងាររៀបចំពាក្យបណ្តឹង និងឯកសារយោងទៅតុលាការយុតិ្តធម៌អន្តរជាតិទីក្រុង ឡាអេ ដើម្បីធ្វើការបកស្រាយសាលក្រមថ្ងៃទី១៥ មិថុនា ១៩៦២ ។ ការជ្រើសរើស ឬជួលអ្នកច្បាប់បរទេស ព្រមទាំងចាត់វិធានការចាំបាច់នានាដើម្បីធានាជោគជ័យ ។ ក្រុមការងារនេះក៏អាចបន្តទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ស្របតាមនីតិវិធីរបស់តុលាការរហូតដល់ទទួលបានលទ្ធផលបញ្ចប់នៃការបកស្រាយសាលក្រម ។ សេចក្តីសម្រេចនេះក៏បានផ្តល់ឱ្យក្រុមការងារអាចជ្រើសរើសមន្ត្រីមានសមត្ថភាពផ្សេងៗទៀតដើម្បីជួយដល់ក្រុមការងារ ។ សមាសភាពសមាជិកទាំង៤រូបនៃក្រុមការងារនេះមាន១-លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ២-លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអូន ព័ន្ធមុន្នីរ័ត្ន ៣-លោករដ្ឋលេខាធិការឡុង វិសាលោ និង៤-លោកអ៊ុច គឹមអន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំប្រទេសបារាំង ។ ការសំរេចដោយភាគីកម្ពុជាឱ្យតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបកស្រាយសាលក្រមស្តីពីបញ្ហាប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ គឺជាការចាំបាច់ណាស់ដោយសារតែការឈ្លានពានរបស់សៀមមកលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា បន្ទាប់ពីប្រាង្គប្រាសាទដ៏អស្ចារ្យនេះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។ បញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែកើតមានដោយការប្រទាំងប្រទើសគ្នាដូចទឹកនិងប្រេងនោះ ដោយសារតែភាគីថៃបានប្រកាន់យកផែនទីឯកតោភាគីដែលជាផែនទីសម្ងាត់របស់ខ្លួននិងជាផែនទីដែលមិនមានការទទួលស្គាល់ជាអន្តរជាតិ ។ ផ្ទុយទៅវិញផែនទីឧបសម្ព័ន្ធ១ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ទទួលស្គាល់ក្នុងការចេញសាលដីការបស់ខ្លួនកាលពីឆ្នាំ១៩៦២ ប្រគល់ប្រាសាទព្រះវិហារឱ្យមកកម្ពុជាវិញ បន្ទាប់ពីសៀមចូលលុកលុយនិងកាន់កាន់តំបន់ប្រាសាទព្រះវិហារភ្លាមៗ បន្ទាប់ពីអាណានិគមនិយមបារាំងបានដកនឹមអាណានិគម និងប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជា ។ ផែនទីដែលកម្ពុជាប្រកាន់យកនោះមិនបានរំលោភទៅលើទឹកដីប្រទេសជិតខាងនោះទេ ហើយផែនទីឧបសម្ព័ន្ធ១នេះ ក៏មិនបានកើតចេញពីខ្មែរផ្ទាល់ដែរ តែជាកិច្ចការរបស់បារាំងជាម្ចាស់អាណានិគម និងរដ្ឋាភិបាលសៀមដែលបានធ្វើសន្ធិសញ្ញាបន្តបន្ទាប់តាំងពីឆ្នាំ១៩០៤មក ។ ប្រសិនបើគេមើលឱ្យបានឆ្ងាយបន្តិច បញ្ហាប្រកាន់យកផែនទីឯកតោភាគីរបស់សៀមនេះមិនមែនរំលោភឈ្លានពានតែតំបន់ប្រាសាទព្រះវិហារប៉ុណ្ណោះទេ តែតាមជួរភ្នំដងរែកក៏មានការរំលោភមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាច្រើនកន្លែងទៀតដែរ ។ ជាក់ស្តែងការបោះទីតាំងនៅច្រកព្រំដែនជាំ-សាង៉ាំដែលចូលក្នុងទឹកដីកម្ពុជារាប់រយម៉ែត្រក៏ភាគីសៀមនៅបានអះអាងថា ចំណុចប៉ុស្តិ៍កម្ពុជាឈរជើងជាទឹកដីរបស់គេដែរ ។ បន្ថែមលើនេះ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីក៏សៀមប្រកាន់ថាជារបស់ខ្លួនដែរ ។ បើនិយាយឱ្យចំទៅ ដីខ្មែរដែលសៀមកំណត់នោះគឺស្ថិតនៅជើងភ្នំដងរែក។ សួរថា តើកម្ពុជាដែលទទួលរងការរំលោភឈ្លានពានបែបនេះអាចទទួលយកបានទេ ?
ចំណុចដែលខ្ញុំចង់លើកឡើងត្រង់នេះ គឺជាការខុសគ្នាជាចម្បងរវាងផែនទីកម្ពុជា និងផែនទីរបស់ថៃ ដែលអាប់ភីស៊ីត និងកាស៊ីតលើកឡើងក្នុងជំនួបជាមួយលោក ម៉ាត់ស៊ូរ៉ា បេសកជនពិសេសនៃអង្គការយូណេស្កូ ក្នុងបរិបទនៃហេតុការណ៍អន្ដរជាតិ ប្រវត្ដិសាស្ដ្រ ច្បាប់ និងការពិត។ ដូច្នេះ វាមិនអាចមានការប្រៀបធៀបបានឡើយរវាងផែនទីកម្ពុជាជាការពិត និងផែនទីថៃជាការប្រឌិត ។ សកម្មភាពរបស់កងទ័ពថៃផ្អែកលើផែនទីឯកតោភាគី និងសម្ងាត់ បានបង្កើតឱ្យមានមនុស្សស្លាប់ និងរបួសច្រើនរយនាក់ ការបំផ្លាញទ្រព្យសម្បត្ដិ ការផ្លាស់ទីជម្រកដោយបង្ខំរបស់ប្រជាជនរាប់ពាន់នាក់ និងការខូចខាតទ្រព្យសម្បត្ដិវប្បធម៌កម្ពុជា និងជាបេតិកភណ្ឌពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៨មក កងទ័ពថៃបានបើកការវាយលុកបួនលើកចូលក្នុងទឹកដីកម្ពុជា និងចូលបោះទីតាំងយោធាក្នុងទឹកដីកម្ពុជា ជាដំបូងក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទី២ ថ្ងៃទី១៥ តុលា ឆ្នាំ២០០៨ ទី៣ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩ និងលើកទី៤ ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១។ ដូច្នេះ វាត្រឹមត្រូវនិងសមរម្យដែលត្រូវនិយាយថា ផែនទីថៃ ជាផែនទីប្រឌិតសុទ្ធសាធរបស់ថៃ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្ដបទឧក្រិដ្ឋប្រឆាំងនឹងកម្ពុជា និងមនុស្សជាតិទាំងមូល។
ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាថ្នាចង់រស់ក្នុងសន្ដិភាព តស៊ូដើម្បីអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រមួយជំហានម្ដងៗ ធានាឱ្យបាននូវស្ថិរភាព និងសុខដុមរមនាក្នុងប្រទេស ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ ទ្រទ្រង់គោលការណ៍យុត្ដិធម៌រវាងជាតិ និងប្រទេសជិតខាង គោរពគ្នាទៅវិញទៅមក និងសន្ដិសហវិជ្ជមាន ឈរលើសន្ធិសញ្ញាទ្វេភាគី និងមធ្យោបាយតាមផ្លូវច្បាប់ដែលខ្លួនមាន ប៉ុន្ដែប្ដេជ្ញាការពារប្រទេសនិងប្រជាជន ប្រឆាំងនឹងរាល់ទម្រង់នៃការឈ្លានពានខាងយោធាដោយប្រទេសថៃ និងអ្នកឈ្លានពានបរទេសទាំងអស់ដោយមិនរើសអើងឡើយ។ ដូច្នេះ វិធានការជាក់ស្ដែងត្រូវបានដាក់ចេញ ។ កងទ័ពកម្ពុជា នឹងមិនប្រយុទ្ធនៅក្នុងទឹកដីថៃឡើយ ប៉ុន្ដែនឹងបាញ់សម្លាប់នៅពេលដែលកងទ័ពថៃបើកការវាយ លុកមកលើទីតាំងខ្សែត្រៀមជួរមុខរបស់កម្ពុជា ក្នុងការប៉ុនប៉ងរបស់ពួកគេចង់ចូលមក និងកាន់កាប់ទឹកដីដែលស្ថិតនៅ ក្រោមអធិបតេយ្យរបស់កម្ពុជា ៕ |
Posted: 15 Mar 2011 06:55 PM PDT ក្រុងតាខ្មៅ ៖ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកកំទេចក្រណាត់ធំមួយជះអណ្តាតភ្លើងសន្ធោសន្ធៅផ្សែងខ្មួលខ្មាញ់ពណ៌ខ្មៅ ហុយឡើងទៅលើលំហអាកាសបង្កឱ្យអ្នកក្រុងតាខ្មៅភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិគ្រឹះទួលក្រសាំងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ ឃ្លាំងស្តុកកំទេចក្រណាត់នេះមានទំហំ១៧ម៉ែត្រគុណ៤៥ម៉ែត្រ បុរសម្ចាស់ឃ្លាំងឈ្មោះឌុក ចាន់សាយិន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះឈន មួយហួយ អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកដាវ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានមកជួលឃ្លាំងខាងលើដើម្បីស្តុកកំទេចក្រណាត់ ។ អ្នកទាំង២បានឱ្យដឹងថា មូលហេតុនៃការឆេះពិតប្រាកដមិនទាន់ដឹងនៅឡើយទេ...ប៉ុន្តែខណៈពេលភ្លើងចាប់ផ្តើមឆាបឆេះដំបូង មានគេមកគោះទ្វារ ស្រែកប្រាប់ថា ភ្លើងឆេះឃ្លាំងហើយៗ! គឺឆេះចេញពីចំណុចកណ្តាលឃ្លាំងតែម្តង ។ ទោះជាយ៉ាងណា មិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ និងរងរបួសទេ ។ ឃ្លាំងស្តុកកំទេចក្រណាត់នេះជាអតីតរោងម៉ាស៊ីនកិនស្រូវស្តុកអង្ករ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ចំណែកអីវ៉ាន់ និងទ្រព្យសម្បត្តិផ្សេងៗក៏ត្រូវអណ្តាតភ្លើងលេបត្របាក់អស់ផងដែរ...ពោលគឺរត់ចេញរួចតែខ្លួនប៉ុណ្ណោះ ។ មកដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែល អគ្គីភ័យដ៏ឃោរឃៅនេះត្រូវបានពន្លត់ឱ្យសាបសូន្យជាស្ថាពរ ដោយកម្លាំងសមត្ថកិច្ចខេត្តកណ្តាលប្រើរថយន្តពន្លត់អគ្គីភ័យ៧គ្រឿង បាញ់ទឹកជិត២០ជើង...ពេលនេះសមត្ថកិច្ចកំពុងចាត់ចែងសណ្តាប់ធ្នាប់ និងស្រាវជ្រាវរកមូលហេតុនៃការឆេះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕ |
កញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយកូនស្រីគ្រូល្ខោន Posted: 15 Mar 2011 06:54 PM PDT រាជធានីភ្នំពេញ ៖ អ្នកដែលមានឈាមជ័រសិល្បៈនៅតែជាប់និស្ស័យជាមួយសិល្បៈតពូជពង្សវង្សត្រកូលដែលអាចនិយាយបានថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ យ៉ាងណាមិញកញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ ជាអ្នកកំប្លែងថ្មីក្នុងក្រុមនាយកុយ គឺជាកូនស្រីរបស់លោកគ្រូម៉ក់ ដែលជាគ្រូល្ខោនបាសាក់មានឈ្មោះល្បីតាមរយៈការសម្តែងល្ខោនកាត់ក។ កញ្ញាម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ អាយុ២១ឆ្នាំ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់ ចំណែកនាងជាកូនស្រីពៅ ។ ក្រុមគ្រួសារនាងសុទ្ធតែជាអ្នកសិល្បៈទាំងអស់គ្នា ។ នាងចេះសម្តែងល្ខោនបាសាក់តាំងពីអាយុ៧ឆ្នាំ ហើយធ្លាប់ចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេសជាមួយឪពុកម្តាយបងប្អូនបន្តរហូតដល់សព្វថ្ងៃ។ ក្រៅពីសម្តែងល្ខោនបាសាក់នាងក៏ចេះច្រៀងសម័យ និងចេះកំប្លែងមានពាក្យពេចន៍វោហាកំប្លុកកំប្លែងគួរឱ្យចង់សើច។ មិនត្រឹមតែប៉ុណ្ណោះនាងមានទេពកោសល្យសម្តែងល្អរស់រវើក មានទឹកដមសម្លែងពីរោះរណ្តំចិត្ត មានក្បាច់រាំញ័រញាក់កន្ទ្រាក់អារម្មណ៍យ៉ាងល្អ។ ក្នុងជីវិតសិល្បៈតាំងពីកុមារភាពមករហូតដល់ពេលនេះប្រិមប្រិយហាក់បីដូចជាពុំមានការនឿយណាយទេ ផ្ទុយទៅវិញនាងកាន់តែចង់ពង្រឹងអាជីពសិល្បៈឱ្យកាន់តែច្រើនថែមទៀត ព្រោះសិល្បៈជាដង្ហើមរបស់នាង និងក្រុមគ្រួសារ៕ |
ជំនួបជាមួយឯកអគ្គរាជទូតថៃចប់អាណត្តិជំរុញការយោគយល់គ្នាថែមទៀត Posted: 15 Mar 2011 06:38 PM PDT រាជធានីភ្នំពេញ ៖ ក្នុងឱកាសជំរាបលាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១៥ មីនា នៅទីស្តីការក្រសួង លោក Prasas PRASASVINITCHAI ឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានពិភាក្សាគ្នាដោយឯកភាពថា នឹងខិតខំដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំង២ក៏បានបញ្ជាក់ផងដែរថា យើងធ្វើយ៉ាងណាមិនឱ្យបញ្ហារាលដាលទៅលើវិស័យផ្សេងៗទៀតទេ ដូចប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់រួចហើយ គឺខិតខំបង្រួញបញ្ហា ពង្រីកដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ភាគីទាំង២ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីកិច្ចប្រជុំនៅពេលខាងមុខដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ លោកឯកអគ្គរាជទូតថៃបានបញ្ជាក់ថា នៅថ្ងៃទី១៦ មីនា នៅឯប្រទេសថៃក៏មានការប្រជុំផ្ទៃក្នុងអំពីបញ្ហាបើកកិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីខាងមុខដែរ ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង សង្ឃឹមថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីពេលខាងមុខនេះនឹងប្រកបដោយជោគជ័យ ហើយអាចដោះស្រាយបញ្ហាបាន ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា ភាគីថៃនឹងទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅពេលឆាប់ៗខាងមុខ ដើម្បីធ្វើយ៉ាងណាបញ្ចៀសនូវការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីម្តងទៀត ។ លោកឯកអគ្គរាជទូតថៃ ក៏បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការបរទេសកម្ពុជា ដែលបានសម្រួលដល់បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ៕ |
ម៉ែឪជាប់គុកបន្សល់ទុកកូនរញង់រស់នៅកណ្តោចកណ្តែង Posted: 15 Mar 2011 05:12 AM PDT រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រី៥នាក់បងប្អូនបង្កើតដែលក្នុងនោះមានទាំងកូនភ្លោះ២នាក់ផងកំពុងរស់នៅកណ្តោចកណ្តែងអត់មានមេបាគ្រប់គ្រងឱ្យកក់ក្តៅដូចអ្នកដទៃ ពោលគឺឪពុកម្តាយកំពុងរស់នៅក្នុងពន្ធនាគារជិត១ឆ្នាំមកហើយ លើសំណុំរឿងបាញ់សម្លាប់ថៅកែលក់នំប៉័ងនៅជិតក្រសួងការពារជាតិ ។ តាមពិតទៅ ថ្វីបើឪពុកម្តាយមានកំហុស ឬមានទោសសម្រាប់ពួកគេទាំង៥នាក់មិនមានកំហុសទេ តែបែរជាត្រូវរស់នៅទាំងវេទនាដោយព្រាត់មេ ក្មេងប្រុស-ស្រី៥នាក់បងប្អូននោះឈ្មោះម៉ុន សុក បញ្ញាលីន ភេទស្រី អាយុ១០ឆ្នាំ ២-ឈ្មោះម៉ុន សុកជាត្តា ភេទស្រី អាយុ៧ឆ្នាំ ៣-ឈ្មោះម៉ុន សុកបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ ៤-ឈ្មោះម៉ុន សុកបញ្ញារាជ្យ ភេទប្រុស អាយុ៣ឆ្នាំ និង៥-ឈ្មោះម៉ុន សុកបញ្ញារ៉ុង ភេទប្រុស អាយុ៣ឆ្នាំ ២នាក់ចុងក្រោយនេះជាកូនភ្លោះ ។ គួរបញ្ជាក់ថា កុមារទាំង៥នាក់នេះ ជាកូនជនដែលត្រូវចោទក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនពាក់ព័ន្ធក្នុងការបាញ់សម្លាប់ថៅកែហាងលក់នំប័ុងនៅផ្សារចោមចៅឈ្មោះរដ្ឋា អន្តរជាតិ។ ឪពុករបស់ពួកគេឈ្មោះម៉ុន សុកខា និងម្តាយឈ្មោះសន សោភា បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួននៅថ្ងៃទី៦ វិច្ឆិកា ២០១០ ជាមួយប្អូនប្រុសឈ្មោះសន សាវឿន ហៅកុក ដែលប្អូនប្រុសនេះ និងមិត្តភក្តិម្នាក់ទៀតបានបាញ់សម្លាប់ឈ្មោះស៊ឹម រដ្ឋា ថៅកែហាងលក់នំប៉័ងយីហោរដ្ឋាអន្តរជាតិ រួចយកសពទៅទំលាក់ចោលនៅក្បែររបងក្រសួងការពារជាតិក្នុងទឹកដីខណ្ឌ៧មករា បន្ទាប់មកប្អូនប្រុសនោះបានយករថយន្តឡិចស៊ីស៤៧០ ពណ៌ទឹកមាសទៅប្លុងចោលនៅក្បែរបុរីកីឡាក្រោយអំពើឃាតកម្មដែលបានកើតឡើងនៅវេលារសៀលថ្ងៃទី១៥ តុលា ២០១០ ។ ក្រោយពីកើតមានអំពើបាញ់សម្លាប់ទម្លាក់សពថៅកែហាងលក់នំប៉័ងនោះ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់២នាក់ គឺឈ្មោះសន សាវឿនហៅកុក និងគូកនម្នាក់ទៀត ព្រមជាមួយអ្នកលក់កាំភ្លើងរួមទាំងឪពុកម្តាយក្មេងទាំង៥នាក់ផង ។ ក្នុងសំណុំរឿងនោះឈ្មោះម៉ុន សុកខា និងឈ្មោះសន សោភា ជាប្តីប្រពន្ធពាក់ព័ន្ធរឿងទំនាស់ជាមួយជនរងគ្រោះពីបញ្ហាជួលផ្ទះឬទីតាំងឱ្យលោកស៊ឹម រដ្ឋា បើកធ្វើហាងលក់នំប៉័ង ទើបត្រូវបានចាប់ខ្លួនជាមួយប្អូនបង្កើតជាជនដៃដល់ដាក់ពន្ធនាគាររហូតមក ។ ទោះបីជាយ៉ាងណា រឿងក្តីនេះតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចាត់តាំងចៅក្រមស៊ើបអង្កេតអស់រយៈពេលជិត១ឆ្នាំហើយ ហើយឆាប់ៗខាងមុខនេះ តុលាការនឹងលើកយករឿងនេះទៅបើកសវនាការផ្តន្ទាទោស ។ អ្វីដែលបន្សល់ទុក្ខសោកយ៉ាងធំធេងនោះ គឺកូនតូច៥នាក់របស់បុរស-ស្ត្រីជាប់ឃុំ កំពុងរស់នៅស្នាក់អាស្រ័យបាយទឹកជាមួយញាតិជិតខាង ។ ពួកគេនៅក្មេងវ័យពុំទាន់ដឹងពីអ្វីទាំងអស់ក្រៅពីសួររកឪពុក និងម្តាយឡើយ ។ ពិតណាស់ជនដែលប្រព្រឹត្តល្មើសនឹងច្បាប់ ច្បាប់តម្រូវផ្តន្ទាទោសតាមអំពើដែលគេបានធ្វើ ។ ប៉ុន្តែបើអាចរកវិធីណាមួយឱ្យម្តាយបាននៅក្រៅឃុំមើលក្មេងទាំង៥នាក់នោះ គឺជាការល្អ ដើម្បីឱ្យគ្នាមានអនាគតល្អទៅមុខផង ។ តាមប្រភពព័ត៌មានពីមេធាវីការពារសិទ្ធិឱ្យជនដែលត្រូវចោទបានឱ្យដឹងថា ពេលនេះញាតិជិតខាងដែលទទួលមើលថែទាំក្មេងទាំងនោះអស់លទ្ធភាពហើយ ព្រោះគាត់ជាមនុស្សចាស់ជរា ដូច្នេះជីវិតក្មេងទាំង៥នាក់នោះមិនដឹងជាយ៉ាងណាទេ ទៅថ្ងៃមុខទៀត ៕ |
រថយន្តពោងដឹកស៊ីម៉ង់ត៍បុកបាក់ដើមត្នោត Posted: 15 Mar 2011 03:57 AM PDT ខេត្តកំពត ៖ រថយន្តពោងសម្រាប់ដឹកស៊ីម៉ង់ត៍ចេញពីរោងចក្រផលិតស៊ីម៉ង់ត៍ភ្នំទទុងទូកមាស បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ដោយខ្លួនឯងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា នៅលើផ្លូវក្នុង ភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ តាមប្រភពព័ត៌មាននិយាយថា រថយន្តបើកចេញពីរោងចក្រទាំងយប់អធ្រាត្រ បែបនេះទំនងជាអ្នកបើកបរអាចស្រវឹងស្រាឬងងុយដេកព្រោះបើកចេញពីរោងចក្រក្នុងចម្ងាយតែ១គីឡូម៉ែត្រប៉ុណ្ណោះ ខណៈមកដល់ផ្លូវចុះចំណោត ហើយកោងផង ស្រាប់តែរថយន្តទៅបុករះបង្គោលសុវត្ថិភាពអមផ្លូវ ហើយបោកក្រឡាប់ធ្លាក់ពោងចេញពីលើតួរថយន្ត ។ បន្ទាប់មកក៏បានទៅបុកដើមត្នោតមួយដើមប្រវែងប្រហែល១១ម៉ែត្រ បណ្តាលឱ្យបាក់ដួលរលំហើយមនុស្សច្រើននាក់បានរងរបួស ។ យោងតាមទាហានការពាររោងចក្រនិយាយថា គ្រោះថ្នាក់នេះមិនមាននរណាម្នាក់ស្លាប់ទេ ហើយក៏មិនដឹងពីមូលហេតុដែរ ។ នៅព្រឹកថ្ងៃទី១៣ មីនា អ្នកទទួលខុសត្រូវខាងរថយន្តបានមកពិនិត្យមើលរថយន្តរបស់ខ្លួនដែលខូចខាត និងនិយាយថា អ្នកបើកបរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយអ្នករបួសផ្សេងពីនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗទៀត ។ អ្នកទទួលខុសត្រូវរូបនោះនិយាយថា រថយន្តមិនទាន់បានដឹកស៊ីម៉ង់ត៍ទេ តែពួកគេបើករថយន្តចេញពេលយប់ដែលទំនងជាស្រវឹង ទើបបណ្តាលឱ្យរថយន្តជួបហេតុការណ៍ខូចខាតស្ទើរតែទាំងស្រុង ។ មន្ត្រីនគរបាលចរាចរស្រុកបន្ទាយមាសក៏មិនបានដឹងពីចំនួនអ្នករបួសដែរ តែអ្នកបើកបរត្រូវបានគេដឹងច្បាស់ថា ឈ្មោះឧត្តម ហើយមិនដឹងថា ពួកគេបបួលគ្នាទៅណាទេ តែតាមការសន្និដ្ឋានភាគច្រើនគឺបើកមកច្រៀងខារ៉ាអូខេ ។ គេបានកត់សំគាល់ឃើញថា ថ្មីៗនេះរថយន្តពោងមូលសម្រាប់ដឹកស៊ីម៉ង់ត៍តែងជួបគ្រោះថ្នាក់ជាញឹកញាប់ដូចជាបុកគ្រូម្នាក់ស្លាប់ និងក្រឡាប់នៅរមណីយដ្ឋានទឹកឈូជាដើម ៕ |
កម្ពុជាបង្ហាញជំហរថា បញ្ហាព្រំដែនកម្ពុជា-ថៃ ងាយដោះស្រាយ បើគោរពឯកសារនានា Posted: 15 Mar 2011 03:49 AM PDT រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៤ ខែមីនា នៅទីស្តីការក្រសួង លោកជំទាវ Katja Christina Nordgaard ឯកអគ្គរាជទូតន័រវែស ប្រចាំនៅកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក មានប្រសាសន៍សម្តែងនូវការរីករាយ ដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរាជទូតន័រវែសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវជំរាបលោកឧបនាយករដ្ឋមន្ត្រីថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូត លោកជំទាវនឹងខិតខំធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើននិងរឹងមាំបន្ថែមទៀត ។ លោកជំទាវបានបញ្ជាក់ទៀតថា ន័រវែសនឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យដែលន័រវែសបានសន្យាជួយដល់កម្ពុជាកន្លងមក ជាពិសេសលើវិស័យដោះមីន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍជនបទ សង្គមកិច្ច និងសុខាភិបាល ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្វាគមន៍និងអបអរសាទរដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកនឹងសហការធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា ។ ថ្វិដ្បិតតែលោកជំទាវមាននិវេសនដ្ឋាននៅក្រុងបាងកកក្តី តែលោកឧបនាយករដ្ឋមន្ត្រីសូមឱ្យលោកជំទាវឧស្សាហ៍មកប្រទេសកម្ពុជាឱ្យមើលឃើញសភាពការណ៍ជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អកាន់តែខ្លាំងក្លាថែមទៀត ។ ទាក់ទងទៅនឹងបញ្ហាជម្លោះរវាងកម្ពុជា-ថៃ លោកជំទាវឯកអគ្គរាជទូតន័រវែស ក៏ចង់ដឹងអំពីបញ្ហានេះដែរ ។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានជម្រាបជូនលោកជំទាវឯកអគ្គរាជទូតថា តាមពិតបញ្ហាព្រំដែនកម្ពុជា-ថៃ មានលក្ខណៈងាយស្រួលជាងបញ្ហាព្រំដែនជាមួយឡាវ ជាមួយវៀតណាមទៅទៀត ព្រោះព្រំដែនកម្ពុជា-ថៃមានលក្ខណៈងាយស្រួល មានឯកសារគ្រប់គ្រាន់តាំងពីអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញា១៩០៧ ព្រមទាំងមានផែនទីច្បាស់លាស់ ។ អ្វីដែលលំបាកគឺថៃយកផែនទីឯកតោភាគី ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់ទៀតថា កម្ពុជា ក្រោយពីខ្លួនទទួលបានឯករាជ្យ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៥៤ ប្រទេសថៃបានលើកទ័ពមកឈ្លានពានកម្ពុជាតែម្តង ។ នៅពេលនោះកម្ពុជាបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ហើយនៅឆ្នាំ១៩៦២ តុលាការអន្តរជាតិបានកាត់ក្តីឱ្យកម្ពុជាឈ្នះដោយផ្អែកលើផែនទីបារាំង-សៀមធ្វើ ប៉ុន្តែថៃនៅតែចចេសប្រើផែនទីឯកតោភាគីរបស់ខ្លួន បញ្ហានេះមានភាពស្មុគស្មាញរហូតមកដល់បច្ចុប្បន្ននេះ ។ កម្ពុជាគឺជាជនរងគ្រោះ ដោយសារនយោបាយផ្ទៃក្នុងរបស់ថៃ ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសន័រវែស ជួយគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៣-២០១៤ដែលនឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០១២ ខាងមុខនេះ ។ មូលហេតុដែលសុំឱ្យមានការគាំទ្រចំពោះបេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍នោះ ដោយសារកម្ពុជាជាសមាជិកអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៥៥ ប៉ុន្តែកម្ពុជាមិនដែលបានទទួលតំណែងអ្វីឡើយ ។ ហេតុដែលកម្ពុជាចង់បានជាសមាជិកមិនអចិន្ត្រៃយ៍នោះ ដោយសារកម្ពុជាឆ្លងកាត់បទពិសោធន៍កន្លងមកហើយ គឺឆ្លងកាត់នៅសម័យអ៊ុនតាក់ សម័យបោះឆ្នោត ក្រោយមក ដោយសារនយោបាយឈ្នះ=ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមជាស្ថាពរនៅឆ្នាំ១៩៩៨។ ដូច្នេះកម្ពុជាចង់រំលែកបទពិសោធន៍ទាំងនោះ ហើយចូលរួមសហការជាមួយឧត្តមក្រុមប្រឹក្សាសន្តិសុខក៏ដូចជាក្របខណ្ឌសហប្រជាជាតិ ដើម្បីបញ្ចប់ទំនាស់នានានៅលើសាកលលោក ។ លោកជំទាវឯកអគ្គរាជទូតន័រវែសមានប្រសាសន៍ថា កម្ពុជាពិតជាស័ក្តិសមទៅនឹងតំណែងនេះ ដូច្នេះលោកជំទាវនឹងពាំនាំសំណើនេះទៅប្រាប់រដ្ឋាភិបាលន័រវែសដើម្បីធ្វើការពិចារណាគាំទ្រដល់ប្រទេសកម្ពុជា ។ នៅល្ងាចថ្ងៃដដែលនោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធី Cocktail ពីម៉ោង៧ដល់ម៉ោង៩ យប់នៅសណ្ឋាគារសូហ្វីតែល ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Christian Connan ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា និងមានការចូលរួមពីឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុល នៃបណ្តាប្រទេសនិយាយភាសាបារាំង និងស្ថាប័នជាតិ និងអន្តរជាតិ មួយចំនួននៅកម្ពុជា។ ពិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកខួបលើកទី៤១ នៃការបង្កើតអង្គការអន្តរជាតិ នៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅថា ហ្វ្រង់កូហ្វូនី ដែលបច្ចុប្បន្ន មានសមាជិកទាំងអស់ចំនួន៧៥ប្រទេស ក្នុងនោះសមាជិកពេញសិទ្ធិ៥៦ប្រទេស និងសមាជិកសង្កេតការណ៍១៩ប្រទេស ។ គួររំលឹកថា អង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ក្រោមគំនិតផ្តួចផ្តើមរបស់ឥស្សរជនចំនួន៤រូប មកពីប្រទេសនិយាយភាសាបារាំង ក្នុងនោះ ក៏មានព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរផងដែរ ។ អង្គការហ្វ្រង់កូហ្វូនី ជាអង្គការអន្តររដ្ឋាភិបាល ដែលប្រើប្រាស់ភាសាបារាំង ជាឧបករណ៍ជំរុញសាមគ្គីភាពនៃបណ្តារដ្ឋជាសមាជិក លើកកម្ពស់វិស័យអប់រំ សិក្សាធិការ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រស្រាវជ្រាវ ដោយឈរលើតម្លៃជាសាកល មានជាអាទិ៍ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។ នៅក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពចំពោះការវិវត្តជាវិជ្ជមាននៃភាសាបារាំងនៅក្នុងចំណោមយុវជនកម្ពុជា តាមរយៈការបង្កើតថ្នាក់ពីរភាសា និងកម្មវិធីបង្រៀនភាសាបារាំង នៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពតំបន់ដែលផ្តល់អំណោយផលចំពោះភាសាអង់គ្លេសក៏ដោយ ។ ភាសាបារាំងគឺជាការបំពេញបន្ថែមសម្រាប់កម្ពុជា ៕ |
បុរស៣នាក់ចង.កធ្វើអត្តឃាត ម្នាក់នៅភ្នំពេញ ២នាក់នៅពោធិ៍សាត់ Posted: 15 Mar 2011 03:45 AM PDT រាជធានីភ្នំពេញ ៖ បុគ្គលិកមន្ទីរពេទ្យសម្តេចឪម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាត នៅក្នុងលំនៅឋានរបស់ខ្លួនលេខ៣ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីព្រលប់ថ្ងៃទី១៤ មីនា ឆ្នាំ២០១១ បណ្តាលមកពីមានវិបត្តិនៅកន្លែងធ្វើការ ។ បុគ្គលិកពេទ្យដែលគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតខាងលើនេះ ឈ្មោះជឹង គឹមហួយ ភេទស្រី អាយុ៣០ឆ្នាំ ។ តាមប្រភពព័ត៌មានទាក់ទិននឹងការស្លាប់របស់នាងជឹង គឹមហួយ បានឱ្យដឹងថា មុនពេលនាងសម្រេចចិត្តចង.កធ្វើអត្តឃាត គឺរូបនាងបានសរសេរលិខិតបណ្តាំដែលបញ្ជាក់ថា រូបនាងតូចចិត្តចំពោះអង្គភាពការងារនៅមន្ទីរពេទ្យដែលបានបញ្ឈប់ការងារនាងរយៈពេល១០ថ្ងៃ កន្លងមកហើយ ។ នៅក្នុងលិខិតបណ្តាំនោះបានសរសេរថា កុំទុកចិត្តអ្នកដទៃជាងទុកចិត្តខ្លួនឯង និយាយយប់ខ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ។ ឃ្លាខ្លះទៀតបញ្ជាក់ថា បងសុំទោសប្អូនៗដែលបងបានសម្រេចចិត្តលាចាកលោកទៅហើយ ព្រោះបងតូចចិត្តដោយសារគេបញ្ឈប់ការងារបងអស់រយៈពេល១០ថ្ងៃ មកហើយ។ នេះបើតាមការដកស្រង់ព័ត៌មានពីមន្ត្រីមូលដ្ឋាន ។ តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដដែលបានឱ្យដឹងថា នាងជឹង គឹមហួយ ចង.កសម្លាប់ខ្លួនដោយយកសាច់កំណាត់ចងភ្ជាប់ជាមួយបង្កាន់ដៃជណ្តើរ ហើយទំលាក់ខ្លួនសម្លាប់ក្នុងផ្ទះតែម្នាក់ឯង គ្មាននរណាជួយកើតទេ។ ដោយសារមុនពេលនាងធ្វើសកម្មភាព គឺនាងបានជិះម៉ូតូធ្វើដំណើរមកដល់ក្នុងលំនៅឋាន ហើយចាក់គន្លឹះទ្វារពីក្នុងជាប់ គ្មាននរណាចូលបានឡើយ។ ប្រភពព័ត៌មានដដែលបានបន្តថា មូលហេតុដែលបងប្អូនដឹងថា ជឹង គឹមហួយ ចង.កសម្លាប់ខ្លួន គឺដោយសារទូរស័ព្ទចូលនាងញឹកញាប់ ដោយនាងមិនលើកទូរស័ព្ទក៏នាំគ្នាមកមើលឃើញនាងចង.កសម្លាប់ខ្លួនស្តោកទៅហើយ ទើបភ្ញាក់ផ្អើលឆោឡោរកសមត្ថកិច្ចជួយពិនិត្យឃើញថា នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ខេត្តពោធិ៍សាត់ ៖ នៅស្រុកក្រគរមានករណីស្លាប់២នាក់ដោយចង.កដែលម្នាក់មានបំណងធ្វើអត្តឃាតពិតប្រាកដ ម្នាក់ទៀតគ្រាន់តែធ្វើលេងៗ ដើម្បីបន្លាចគ្នាតែប៉ុណ្ណោះ ក៏ជ្រុលខ្លួនរហូតដល់ស្លាប់តែម្តង ។ តាមសេចក្តីរាយការណ៍ពីប៉ូលិសមូលដ្ឋានឱ្យដឹងថា ករណីចង.កលើកទី១ បានកើតឡើងកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១១ វេលាម៉ោង៣រសៀល ។ ជនរងគ្រោះឈ្មោះមោក រិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ។ ដោយសារខឹងបងស្រីស្តីបន្ទោសថា មួយថ្ងៃៗគិតតែដើរលេងបាត់ៗមិនជួយធ្វើការងារផ្ទះ រកអុសដុតរំងាស់ទឹកត្នោតទេ ។ គ្រាន់តែប៉ុណ្ណឹងសោះស្រាប់តែជនរងគ្រោះខឹងយកខ្សែនីឡុងទៅលួចចង.កធ្វើអត្តឃាតលើដើមស្តៅក្រោយផ្ទះបណ្តាលឱ្យស្លាប់តែម្តង ។ ដោយឡែកនៅថ្ងៃទី១៤ មីនា ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹក នៅភូមិត្រាញ់ឆ្មារ ឃុំបឹងកន្ទួត ស្រុកក្រគរ នោះដែរ យុវជនម្នាក់ឈ្មោះខ្លូត វិចិត្រ ហៅក្រាញ់ ភេទប្រុស អាយុ១៨ឆ្នាំ បានយកក្រមាចង.កនឹងរោងទ្រុងជ្រូកដើម្បីបន្លាចក្មេងៗក្នុងភូមិលេង ស្រាប់តែភ្លាត់ស្នៀតធ្លាក់សំយ៉ុងចុះក្រោម ផុតជើងធ្វើឱ្យក្រមានោះរឹត.កស្លាប់តែម្តង ។ អ្នកស្រុកនិយាយថា យុវជនទី១ ជាក្មេងឈាមរាវខ្វះការពិចារណា គឺមានបំណងចង.កធ្វើអត្តឃាតពិតប្រាកដ ព្រោះតែខិងនឹងបងស្រីស្តីបន្ទោស ។ ឯយុវជនទី២ គ្មានបំណងទេ គ្រាន់តែចងបន្លាចគ្នាលេងដើម្បីសប្បាយប៉ុណ្ណោះ ប៉ុន្តែភ្លាត់ស្នៀតដោយសារពុំមានអ្នកណាចាប់អារម្មណ៍ជួយផងនោះ ទើបបណ្តាលឱ្យស្លាប់បែបនេះ ។ អ្នកស្រុកនិយាយទៀតថា យុវជនទី២ នេះ កន្លងមក គេធ្លាប់តែលេងចង.កលៀនអណ្តាតធ្វើខ្មោចលេងបើកភ្នែកធំៗ ដើម្បីបន្លាចអ្នកទៅដងទឹកអណ្តូង ឬក្មេងៗឃ្វាលគោ ឃ្វាលក្របីជាមួយគ្នាសើចសប្បាយ។ លុះពេលនេះ សប្បាយក្លាយជាទុក្ខដល់ឪពុកម្តាយតែម្តង៕ |
ក្មេងប្រុសអាយុ១៧ឆ្នាំជាប់ចោទរំលោភក្មេងស្រីអាយុ១៣ឆ្នាំ Posted: 15 Mar 2011 03:27 AM PDT ក្រុងប៉ោយប៉ែត ៖ ក្មេងប្រុសអាយុ១៧ឆ្នាំ ម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយចោទពីបទរំលោភសេពសន្ថវៈដែលហេតុការណ៍ចាប់រំលោភនោះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ មីនា នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមការបំភ្លឺពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កូនស្រីគាត់ឈ្មោះស.ឆ.យ អាយុ១៣ឆ្នាំ ។ មុនពេលកើតហេតុកូនស្រីអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះជាមួយរូបគាត់ ។ បន្ទាប់មកកូនស្រីសុំទៅបត់ជើងតូច ហើយក៏បានបើកទ្វារក្រោយចេញបានបន្តិចស្រាប់តែឮសូរសំរែកកូនស្រែកយំ និងឱ្យជួយដោយមានគេចាប់រំលោភសេពសន្ថវៈ។ ពេលនោះពួកគាត់ក៏បានចេញទៅជួយកូន និងទាក់ទងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ បុរសជាឪពុកក្មេងស្រីរងគ្រោះបានរៀបរាប់ថា កូនស្រីរបស់គាត់ដែលរងគ្រោះនោះ នៅព្រឹកថ្ងៃទី១៥ មីនា កំពុងតែសម្រាកព្យាបាលមុខរបួសប្រដាប់ភេទនៅឯមន្ទីរពេទ្យបង្អែកអូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ដោយសុំឱ្យគ្រូពេទ្យបញ្ជាក់ការធ្វើកោសល្យវិច័យស្នាមរបួសផងដែរ ប៉ុន្តែដោយពួកគាត់ជាជនក្រីក្រមិនទាន់មានលុយបង់ថ្លៃគ្រែសម្រាកព្យាបាលចំនួន៥មឺុនរៀល និងថ្លៃបង់ការធ្វើកោសល្យវិច័យចំនួន១០មឺុនរៀលនោះទេ ទើបក្រុមគ្រូពេទ្យមិនទាន់ចេញលទ្ធផលឱ្យមកពួកគាត់ ។ លោកពិន ភិរម្យ បុគ្គលិកអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិប្រចាំការក្រុងប៉ោយប៉ែតបានឱ្យដឹងថា ចំពោះបញ្ហាក្រុមគ្រួសារជនរងគ្រោះក្រីក្រនោះ គឺត្រូវសមាគមភូមិជួយជនក្រីក្រចេញ បង់ថ្លៃសេវាព្យាបាលផ្សេងៗនៅក្នុងមន្ទីរពេទ្យបង្អែក ហើយចំពោះអង្គការរបស់លោកក៏មានចំណែកជួយក្នុងបញ្ហាទាំងអស់នេះដែរ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារដែលរងគ្រោះ។ តាមប្រភពពីសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យក្នុងករណីចាប់រំលោភនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗក្រោយពេលដែលគេប្រព្រឹត្តល្មើស ហើយបានយកមកសួរនាំ ។ ក្មេងប្រុសរូបនេះមានឈ្មោះផន ឡៃ អាយុ១៧ឆ្នាំ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះមែន ប៉ុន្តែរូបគេមិនបានចាប់ក្មេងស្រីអាយុ១៣ឆ្នាំ នេះរំលោភទេ គឺក្មេងស្រីរូបនោះបានព្រមព្រៀងគ្នា ។ លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឱ្យដឹងថា ចំពោះរឿងរំលោភសេពសន្ថវៈលើរូបរាងកាយក្មេងស្រីជាអនីតិជនមិនទាន់គ្រប់អាយុនេះលោកបានបញ្ជាឱ្យកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |