Koh Santipheap Daily

Koh Santipheap Daily


ធាតុអាកាស​ប្រែប្រួល​ប៉ុន្មានថ្ងៃ​នេះ មិន​ពាក់ព័ន្ធ​​នឹង​ការ​ឆេះ​មជ្ឈមណ្ឌល​​នុយក្លេ​អ៊ែរ​​នៅប្រទេស​ជប៉ុនទេ

Posted: 18 Mar 2011 12:54 AM PDT

តំបន់ដែលមានការផ្ទុះឆេះកន្លែងរេអាក់ទ័រ
តំបន់ដែលទទួលរងឥទ្ធិពលវិទ្យុសកម្មនៅជប៉ុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋកម្ពុជា​ទាំង​​ក្នុង​​រាជធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត នានា បាន​​កើត​ក្តី​​មន្ទិល និង​ព្រួយបារម្ភ​​​ពីគ្រោះ​ថ្នាក់​​សុខភាព​យ៉ាង​ខ្លាំង ខណៈ​​​បរិយាកាស​​ក្នុង​ប្រទេស​​ប៉ុន្មានថ្ងៃ​នេះ ​មានការប្រែប្រួល​ពីក្តៅ​​មក​ត្រជាក់ ព្រមទាំង​​សង្ស័យ​ថា ​ទទួលរង​​ឥទ្ធិពល​​ពីការ​ផ្ទុះ​រេ​អាក់ទ័រនៃមជ​្ឈមណ្ឌល​​​នុយក្លេ​អ៊ែរ​​បង្ក​ឱ្យ​សាយភាយ​​វិទ្យុ​សកម្ម​បំផ្លាញ​​ជីវិត​មនុស្ស ​ប៉ុន្តែ​​មន្ត្រី​ជំនាញក្រសួង​ធនធានទឹក និង​ឧតុ​និយម​ បាន​ច្រានចោល​​ចំពោះការ​​ទទួល​រង​​​នូវ​ឥទ្ធិ​ពល​​​វិទ្យុសកម្ម​នេះ ដោយលើកឡើង​ថា បើ​និយាយ​​​ពី​របប​​​ខ្យល់​​សម្រាប់​​ប្រទេស​កម្ពុជា​​វិញ ​គឺមិន​អាច​ទទួល​វិទ្យុ​សកម្ម​នេះទេ ​ហើយការ​ប្រែ​ប្រួល​អាកាស​ធាតុ​​​មកជា​ត្រជាក់​​​ និងធ្លាក់​ភ្លៀងប៉ុន្មាន​ថ្ងៃ​នេះ គឺ​​បណ្តាល​​មកពី​ជ្រលង​សម្ពាធ​​ខ្ពស់​រំកិល​មក​ប៉ះ​​​ជ្រលង​​សម្ពាធ​ទាបតែប៉ុណ្ណោះ ។​

លោក​​ចាន់ យុត្ថា នាយ​ក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​នា​ព្រឹកថ្ងៃទី​១៨ មីនា ​២០១១ ថា ​ស្ថានភាពធាតុអាកាស​​ពីថ្ងៃទី​​១៣ ដល់​​ទី​១៧ មីនា ២០១១ ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ទទួល​​​នូវចន្លោះ​ឥទ្ធិពល​​ពីជ្រល​ង​សម្ពាធ​​ខ្ពស់​ប្រទេសចិន ​និង​កម្រិត​​សម្ពាធ​​ទាប​ពីភាគ​ខាង​ក្រោម​​សមុទ្រ​​ចិន​ខាង​ត្បូង បង្ក​ឱ្យ​​ផ្ទៃមេឃ​​​ស្រទំ​នា​ពេលព្រឹក​ និង​មានភ្លៀង​ផ្គរ​​កក់ខែ​ច្រើន​​ថ្ងៃ​​នៅតាមបណ្តា​ខេត្ត​មួយចំនួន និង​រាជធានី​ភ្នំពេញ ​ក្នុងនោះ​សីតុណ្ហ​ភាព​​​អប្បបរមា​មានការ​ធ្លាក់​ចុះ​​​ជាង​​ធម្មតា​បន្តិច ។ ចាប់ពី​​ថ្ងៃទី​២០ មីនា ​ត​ទៅ​ សីតុណ្ហ​ភាព​​នឹង​កើនឡើង​​វិញ តែ​​ភ្លៀង​​​កក់​ខែ​​នឹងនៅតែ​បន្ត​មាន​​ជា​ហូរហែ​​តាមបណ្តា​ខេត្ត​​​មួយ​ចំនួន ជា​ពិសេស​​​ខេត្ត​​នៅភាគទំនាប​កណ្តាល​ និង​វាល​​​ទំនាប​ភាគ​​ពាយ័ព្យ​​ រួមនឹង​តំបន់​មាត់សមុទ្រ ទៀត​ផង ។​

កំណត់​សម្គាល់ ស្ថានភាព​​ធាតុ​អាកាស​​ខាង​លើ​ពុំ​មាន​ពាក់ព័ន្ធ​ ឬកើតឡើង​​ដោយសារ​ព្រឹត្តិ​ការណ៍​​នៃ​ការ​ផ្ទុះរោង​ចក្រ​បរមាណូ​​នៅជប៉ុន​នោះ​ទេ ។ ​ស្ថានភាព​ធាតុអាកាស​​កន្លង​​មក​​នេះវាជា​​​ការ​ប្រែប្រួល​​​តាមធម្មជាតិ​ ដោយគ្រាន់តែ​​​ថា វា​កើតឡើង​​គាប់ជួន​ទៅនឹង​ព្រឹត្តិការណ៍​​​នៅ​ប្រទេស​ជប៉ុន​​​តែប៉ុណ្ណោះ​ ។​

លោកចាន់ យុត្ថា ​បានពន្យល់​ថា ​​ប្រជា​ពល​រដ្ឋ​​មានការព្រួយបារម្ភ​​​ពីសារ​ធាតុ​​​វិទ្យុ​សកម្ម​​​សាយ​ភាយ​​តាមខ្យល់​​បក់​មក​ពី​ប្រទេសជប៉ុនចូល​កម្ពុជា​​...​​ត្រង់នេះ​​យើង​​សូមបញ្ជាក់​ថា ​ចាប់ពីខែ​មីនានេះទៅ ប្រទេស​កម្ពុជាមិនទទួល​​​របបខ្យល់​​​មូសុងភាគ​​ឦសាន​ឡើយ ​ដែល​របប​ខ្យល់​មូសុង​​ភាគ​ឦសាន​​នោះ គឺធ្វើ​​ដំណើរ​ចេញ​ពី​តំបន់​​ស៊ី​បេរី ​ប្រទេស​រុស្ស៊ី ​ចូល​មក​​តំបន់ទីបេ​ប្រទេស​ចិន ​និងបន្តចូល​​កម្ពុជា និង​ប្រទេស​ជិត​ខាង​​​...​ដូច្នេះ​ប្រសិនបើ​​អ៊ីចឹងមែន គឺ​ប្រទេស​កម្ពុជាអាច​ទទួល​​រងនូវ​ឥទ្ធិពល​​វិទ្យុស​កម្ម​​​នុយ​ក្លេអ៊ែរ​​ពីប្រទេស​​​ជប៉ុន​ខ្លះៗ​ហើយ ប៉ុន្តែ​​របបខ្យល់​​បែបនេះ ​វាកើត​​មាន​មក​ក្នុង​ប្រទេស​កម្ពុជា តែ​អំឡុង​ខែ​វិច្ឆិកា-ធ្នូ និង​មករា ប៉ុណ្ណោះ​ ។ ​ផ្ទុយ​ទៅវិញ ​​សម្រាប់​ខែ​មីនា​នេះ​ ប្រទេស​កម្ពុជា​កំពុងទទួល​របបខ្យល់​​ពី​តំបន់​ត្រូពិក​ មិនពាក់ព័ន្ធ​​ប្រទេស​ជប៉ុន​​ទេ ហើយ​​របប​ខ្យល់​ពី​តំបន់​ត្រូពិក​នេះ បាន​បក់​មក​កាន់​ប្រទេស​កម្ពុជា ​ដោយ​មិន​​បាននាំ​​យក​មក​ជាមួយ​​នូវសារធាតុ​វិទ្យុ​សកម្ម​ពីការ​​សាយ​ភាយ​រោងចក្រ​​​នុយក្លេ​អ៊ែរ​​​ហ្វូគូស៊ីម៉ា​នោះឡើយ​។​

គួរ​រំលឹក​ថា ​គ្រោះ​រញ្ជួយដី​​ដ៏ខ្លាំង​​ក្លា​មួយ​កម្រិត​​៨,៩រីស្ទ័រ បានកើតឡើង​​នៅទីក្រុង​​សេន​ដៃ ភាគឦ​សាន ​ប្រទេស​ជប៉ុន ​កាលពីថ្ងៃទី​​១១ មីនា ​២០១១ ​ចម្ងាយ​​ជាង​​២៥០​គីឡូម៉ែត្រ ​ពីទីក្រុង​​តូក្យូ​ បង្ក​ឱ្យ​មាន​​រលកយក្សស៊ូណាមី ​កម្ពស់ជាង​​១០ម៉ែត្រ ​វាយប្រហារ​​បំផ្លាញ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ ទ្រព្យ​សម្បត្តិ ​​អគារ​ទីក្រុង និង​ឆេះ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ា ​កំពុង​​សាយ​ភាយ​​​វិទ្យុ​សកម្ម​ធ្វើ​ឱ្យ​​មានការ​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង ។ ​មនុស្ស​​រាប់​ពាន់​​នាក់​បាន​ស​្លាប់ និង​​ជាង​​១ម៉ឺន​​នាក់​បានបាត់ខ្លួន ហើយ​ចំនួន​​១៤០.០០០​នាក់ ដែលរ​ស់នៅ​ក្នុង​តំបន់​ក្បែរ​​គ្រោះ​​​មហន្តរាយ​​ត្រូវអាជ្ញាធរ​​តម្រូវ​ឱ្យ​រស់​នៅ​​តែ​ក្នុងផ្ទះ ដើម្បី​ការពារ​វិទ្យុស​កម្ម​​បំផ្លាញ​ជីវិត​​...​ចំណែក​​​ទីក្រុង​តូក្យូ​​​ដែលមានពលរដ្ឋ​​​ប្រមាណ​​​៣០​លាន​​នាក់ ក៏​ត្រូវ​​អាជ្ញាធរ​​​តម្រូវ​ឱ្យ​ប្រុង​ប្រយ័ត្ន​​ផងដែរ ៕

ពល​ករ​ខ្មែរ​​ត្រូវ​​អាជ្ញា​ធរ​សៀម​ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​កើន​ឡើង

Posted: 18 Mar 2011 12:47 AM PDT

ពល​ករ​ខ្មែរ​​ត្រូវ​​អាជ្ញា​ធរ​សៀម​ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​កើន​ឡើង​

ក្រុង​ប៉ោយ​បែត ៖ ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពល​ករ​​ចំណាក​ស្រុក​ដែល​​ចូល​ទៅ​ទឹក​ដី​សៀម​ខុសច្បាប់​​តាមច្រក​​របៀង​ព្រំ​ដែន​ត្រូវ​​អាជ្ញាធរ និង​សមត្ថ​កិច្ច​សៀម​ចាប់​បញ្ជូន​ត្រឡប់​​មក​កម្ពុជា​វិញ ​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​មាន​ការ​កើន​ឡើង។ ភាព​​គ្មាន​ការ​ថម​ថយ​នេះ ត្រូវ​បាន​មតិ​ជា​ច្រើន​​រិះ​គន់​ថា ​ដោយ​សារ​​សមត្ថ​កិច្ច​តាម​បន្ទាត់​ព្រំ​ដែន​​នៃ​ច្រក​​មួយ​ចំនួន​គ្មាន​ការ​​ទប់​ស្កាត់​​ការ​ឆ្លង​ដែន ព្រោះ​​តែ​ចង់​បាន​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​។

ពល​ករ​​​ខុស​ច្បាប់​​​ដែល​ត្រូវសមត្ថកិច្ច​សៀម​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​​​ប៉េអឹម​​អន្តោ​ប្រវេសន៍​​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន​​ ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​​២០០​នាក់​នោះទេ​ ហើយ​​ថ្ងៃ​ខ្លះ​ក៏​អាច​មាន​រហូត​ដល់​ទៅ​ជិត​៤០០​នាក់​ឯណោះ ។ ​ជាក់​ស្តែង​​នៅ​ថ្ងៃ​ទី​១៦ មីនា បើ​តាម​ប្រភព​ពី​សមត្ថ​កិច្ច​បាន​បង្ហើប​​ថា ការ​ដឹក​បញ្ជូន​ពល​ករ​ខុស​ច្បាប់​​មក​ពី​ទឹក​ដី​សៀម​​មាន​រហូត​ដល់​ទៅ​៩​រថយន្ត​ ដែល​ក្នុង​មួយ​រថយន្ត​​​មិន​ក្រោម​​៥០​នាក់​នោះ​ទេ នឹងពេល​ខ្លះ​ក៏​ដឹក​មិន​សូវ​ពេញ​ត្រឹម​​៣០​ទៅ​៤០​នាក់​ក៏​មាន ហើយ​សមត្ថ​កិច្ច​បង្ហើប​ឱ្យ​ដឹង​​ថា មាន​ចំនួន​ជាង​៣០០​នាក់ សម្រាប់​ថ្ងៃ​​នោះ​។ ​រីឯ​​នៅ​ព្រឹក​​ថ្ងៃ​ទី​១៧ មីនា បើ​គិត​​ត្រឹម​ម៉ោង​៩​ព្រឹក ពល​ករ​​ខុស​ច្បាប់​​ត្រូវ​សមត្ថ​កិច្ច​​សៀម​ចាប់​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែត ​​មាន​ចំនួន​៣​រថយន្ត​បើ​គិត​ពី​ចំនួន​មនុស្ស គឺ​មិន​ក្រោម​​​១០០​​នាក់​នោះ​ទេ ។

ពល​ករ​ដែល​សៀម​ចាប់​បញ្ជូន​​មក​វិញ​ទាំង​នោះ​ ខណៈ​អ្នក​យក​ព័ត៌​មាន​ព្យា​យាម​​​សួរ​នាំ​ពួក​គេពុំ​ប្រាប់​​ពី​អត្ត​សញ្ញាណ​ទេ ប៉ុន្តែ​​ភាគច្រើន​​អះ​​អាង​ថា ពួក​ខ្លួន​ចេញ​ទៅ​តាម​ច្រក​របៀង​ទៅ​ទឹក​ដី​​សៀម​​ដើម្បី​រក​ការ​ងារ​ធ្វើ​តាម​បន្ទាត់​ព្រំដែន។ ​អ្នក​ខ្លះ​អះ​អាង​ថា ​ចូល​ទៅ​សៀម​តាម​ច្រក​របៀង​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ហើយ​មួយ​ចំនួន​ធំ​ប្រាប់​ថា ចូល​តាម​ច្រក​​របៀង​ក្នុង​ស្រុក​ម៉ាឡៃ ៕

តុលាការចេញដីកា​ឃុំខ្លួនជនសង្ស័យបីនាក់ប្រព្រឹត្តអនាចារលើអនីតិជន

Posted: 18 Mar 2011 12:42 AM PDT

តុលាការចេញដីកា​ឃុំខ្លួនជនសង្ស័យបីនាក់ប្រព្រឹត្តអនាចារលើអនីតិជន

រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិក​ម្នាក់ និងស្រ្តីជនជាតិខ្មែរពីរនាក់​ ដែលជាប់​សង្ស័យ​ប្រព្រឹត្តអនាចារលើកុមារី ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន កាលពីថ្ងៃសុក្រកន្លងមក ខណៈពេល​ដែល​ធ្វើសកម្មភាពថតរូបភាពកុមារីម្នាក់នៅ​ក្នុង​​បន្ទប់​ផ្ទះសំណាក់ អិល អេស ផ្លូវ​លេខ៥៣ ភូមិទី​៥ សង្កាត់​ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ​នោះ ត្រូវ​​តុលា​ការ​រាជធានីភ្នំពេញ ចេញដីការបង្កាប់ឱ្យ​ឃុំខ្លួន​នៅ​​ក្នុង​ពន្ធនាគារព្រៃស (ម១) កាល​ពី​ថ្ងៃ​ទី១៧ មីនា ឆ្នាំ២០១១ ។

​តាម​ព័ត៌​មាន​ពី​នគរបាលផ្នែកនីតិវិធីនៃអធិ​ការ​ដ្ឋាននគរ​បាលខណ្ឌដូនពេញបានឱ្យ​ដឹងថា សាលា​​ដំបូង​រាជ​ធានីភ្នំពេញបាន​ចេញដីកា​បង្គាប់​ឱ្យ​នគរ​បាល​ឃុំខ្លួនជនសង្ស័យឈ្មោះ MORROW JAMES ALLAN ភេទប្រុស អាយុ៤៦ឆ្នាំ ជន​ជាតិ​អាមេរិក ជាអ្នកទេសចរ​​កាន់​លិខិតឆ្លង​ដែន​លេខ៧២០១៥៦៤៣០ មុន​ចាប់ខ្លួន​ស្នាក់​នៅសណ្ឋាគារ​តារារង្សី សង្កាត់ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ជននេះត្រូវ​បានលោក​ឌុច គឹម​សន ចៅ​ក្រមស៊ើបសួរ​សាលាដំបូងរាជ​ធានី​ភ្នំពេញ ចេញ​ដីកា​លេខ៦០៣ តព្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១១ ឱ្យ​ឃុំខ្លួននៅពន្ធនាគារព្រៃ​ស (ម១) ចោទពីបទ​​ទិញពេស្យាចារកុមារ អំពើ​អាស​​អាភាស​​ប្រឆាំង​នឹងអនីតិជនអាយុក្រោម​១៥​​ឆ្នាំ នឹង​រក្សា​គ្រឿងញៀនហាម​ឃាត់ខុស​ច្បាប់។

ជនសង្ស័យ​ឈ្មោះ​សាយ សារ៉េត ភេទស្រី អាយុ២៦ឆ្នាំ ជន​ជាតិខ្មែរ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែក​ព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដីកាឃុំខ្លួនលេខ​៦០៤ តព្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១១ ចោទ​ពីបទ «អំពើអូស​ទាញពេស្យា​ចារ​កុមារ និង​បទល្មើសទាក់ទងពេស្យាចារ​កុមារ» និង​​ជន​សង្ស័យឈ្មោះ​ចំរើន ចាន់ថន ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់នៅផ្ទះ​លេខ០៤​Eo វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចោទពីបទ «អំពើអូសទាញ​ពេស្យា​​ចារ​កុមារ» ។

នគរបាលផ្នែកនីតិវិធី​បានរំលឹកថា កាល​ពី​ថ្ងៃទី១១ មីនាវេលាម៉ោង១០​ព្រឹក​ នគរបាល​ប៉ុស្តិ៍​​រដ្ឋបាលផ្សារថ្មីទី៣ បាន​ទទួល​ព័ត៌មានថា នៅ​ក្នុងផ្ទះសំណាក់ អិល អេស ដែលមានទីតាំង​លេខ​០១សេ ផ្លូវលេខ៥៣ ភូមិទី​៥ សង្កាត់ផ្សារ​ថ្មីទី៣ ខណ្ឌដូនពេញ មានជន​បរទេសនាំក្មេងស្រី​ជា​អនីតិជនចូលបន្ទប់លេខ​៣០២ ជាន់ទី៣។

យោងតាមបទបញ្ជារបស់អធិ​ការ​នគរបាល​ខណ្ឌដូនពេញ បានបង្កើតគណៈ​កម្ម​ការចំរុះ​​មួយ​ដោយមានការចូលរួមពីលោក​ឯក ឆេង​ហួត ព្រះ​រាជអាជ្ញារងអមសាលាដំបូងរាជ​ធានី​ភ្នំពេញ លោកអភិបាលខណ្ឌដូនពេញ តំណាង​ស្ថាន​​ទូត​អាមេ​រិកប្រចាំនៅកម្ពុជា ការិយាល័យ​នគរបាល​ប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន និង​សាលាសង្កាត់ផ្សារថ្មី​ទី៣ ធ្វើការ​ឆែក​ឆេរ​បន្ទប់​លេខ៣០២ ជាន់ទី៣ ក្នុងផ្ទះ​សំណាក់​អិល​អេស ឃាត់ខ្លួនបុរសជនជាតិអាមេ​រិក​ម្នាក់ និង​ស្រ្តី​ខ្មែរពីរនាក់ព្រមទាំងបានរំដោះ​កុមារី​រង​គ្រោះឈ្មោះសាយ សុខវិន អាយុ១២​ឆ្នាំ ។ ជា​មួយគ្នានោះដែរសមត្ថកិច្ចបានដក​ហូតរូប​ថត​អាស​អាភាសមួយចំនួនពាក់ព័ន្ធផលិតភាព​យន្ត​រួមទាំងគ្រឿងញៀន​មួយ​ចំនួនទៀតផង៕

ចាប់ខ្លួន​មេដឹកនាំ​​​ប្រឆាំង​7​នាក់នៅបារ៉ែន

Posted: 18 Mar 2011 12:41 AM PDT

រថក្រោះបារ៉ែននៅក្នុងរដ្ឋធានី

មេដឹកនាំ​​ប្រឆាំង​​​៧​នាក់​ត្រូវចាប់ខ្លួន​​កាលពី​ថ្ងៃទី​​​១៧ មីនា ​នៅ​បារ៉ែនក្រោយ​ការ​បង្ក្រាប​​​បាតុ​កម្មរបស់​ពួក​ស៊ីអ៊ីត ដែលមាន​ភាគច្រើន​​ញ៉ាំង​ឱ្យ​​មានការ​ភ័យខ្លាច​​ចំពោះ​ជ​ម្លោះ​តំបន់​មួយ ។​
ចលនា​​តវ៉ា​របស់​​ប្រជាជន​​ដែលផ្ទុះឡើង​​ពី​ពាក់​កណ្តាលខែ​កុម្ភៈ​មក ទាមទារ​​​លទ្ធិ​ប្រជាធិប​តេយ្យ​​ក្នុងព្រះ​​​រាជាណាចក្រ​​​នេះ ញ៉ាំង​ឱ្យ​​រជ្ជ​កាល​​ស្តេច​​ខាលីហ្វា ហៅ​កង​ទ័ព និងប៉ូលិស​​​របស់​បណ្តា​​​ប្រទេស​​គ្រប់គ្រង​​​ដោយ​ពួក​​ស៊ុន​នីត ​​ជិត​ខាង​លើក​ចូល​​ប្រទេស​នេះ ហើយ​ព្រះមហា​ក្សត្រ​​បាន​​ចេញ​​​ច្បាប់​​អាជ្ញាសឹក ។
លោក ALI SALMAN មេដឹកនាំ​​របស់​ចលនា​​​ប្រឆាំង​​​បារ៉ែន​​ដ៏​សំខាន់មួយ​​​ថ្លែង​តាម​​​ទូរទស្សន៍អាល់​ហ្សាហ្ស៊ីរ៉ា ថា ពួក​យោធា​​អារ៉ា​ប៊ី​​​សាអូឌីត ត្រូវដក​​ចេញ​​ពីបារ៉ែន ហើយ​នេះ​​ជា​ការ​​អំពាវ​នាវ​​​មួយ​​ចំពោះ​​​ព្រះមហាក្សត្រ​​​អារ៉ា​ប៊ីសា​អូ​ឌីត ​។ យើង​​ទាមទារ​ឱ្យ​​​មានការ​ស៊ើបអង្កេត​​មួយ​របស់​​​ អ.ស.ប លើ​​អ្វី​ដែល​​​កើតមានឡើង​រវាង​ថ្ងៃ​ទី​​៤ កុម្ភៈ ​រហូត​មក​ទល់ពេលនេះ ។
បាតុករ​បារ៉ែន​​៣នាក់​​បានត្រូវ​ស្លាប់​​​ក្នុងការ​​បង្ក្រាប​​កាលពីថ្ងៃទី​​​១៦ មីនា ​ហើយ​ប៉ូលិស​​​៣នាក់​​ក៏ត្រូវ​ស្លាប់ដែរ ។ ​ការបង្ក្រាប​​​ពួកបាតុ​ករ​​ស៊ីអុីត​នៅ​​បារ៉ែន​​​ញ៉ាំង​ឱ្យ​​មានបាតុកម្ម​​​សម្តែង​​​សមាន​ចិត្ត​​នានា​របស់​​បណ្តា​សហគមន៍​​ស៊ីអុីត​​​ក្នុង​តំបន់​​ ពិសេស​​នៅអីុរ៉ង់​​​​ជា​​ប្រទេស​​​ដែល​​បាន​ដាក់​ពាក្យ​​ប្តឹង​ដល់​​ អ.ស.ប ។ ក្រុង​តេ​ហេរ៉ង់​​​បានស្នើ​​ដល់​ប្រទេស​​ដទៃៗទៀតនៅក្នុង​តំបន់​​​​ឱ្យធ្វើ​​ការ​គាប​សង្កត់​លើ​​អារ៉ាប៊ី សាអូឌីត ដើម្បី​​ឱ្យ​ដក​​កង​ទ័ព​​របស់ខ្លួន​ចេញពីបារ៉ែន ៕

អ្នក​ចម្រៀង​​អង្រួន​អ្នក​ស្តាប់​តាម​រយៈ​បទ​បម្រើ​ដល់​សក្តានុ​ពល​ទេស​ចរណ៍

Posted: 18 Mar 2011 12:41 AM PDT

​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី
​​កញ្ញា​សុន ស្រី​ពេជ្រ ច្រៀងលើវេទិកាប្រគំតន្ត្រី

រាជធានីភ្នំពេញ ៖ រយៈ​ពេល​៣​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ពិត​ជា​បាន​ឃើញ​និង​បាន​ស្តាប់​បទ​ចម្រៀង​​មួយ​ចំនួន​ដែល​ក្រសួង​ទេស​ចរណ៍​ផលិត​​ ហើយ​​បាន​ចាក់​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​នានា បំពេរ​អារម្មណ៍​​ប្រិយ​មិត្ត​ឱ្យ​លន្លង់​​លន្លោច​នោះ គឺ​បទ «ទេស​ចរណ៍​ជីវៈ​ចម្រុះ» ​និង​បទ «ទេស​ចរណ៍​ដើម្បី​អ្នក អ្នក​ដើម្បី​ទេស​ចរណ៍» និង​បទ​មួយ​ចំនួន​ទៀត​​ដែល​​​បក​ស្រាយ​​ដោយ​កញ្ញា សុន ស្រី​ពេជ្រ ។

ប្រិយ​មិត្ត​​ពិត​ជា​បាន​ស្គាល់​​កញ្ញា​សុន ស្រី​ពេជ្រ ​យ៉ាង​ច្បាស់​នៅ​​ក្នុង​​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្សន៍​ ជា​ពិសេស​​​នោះ​តាម​រយៈ​បទ​ចម្រៀង​​​របស់​ក្រសួង​ទេស​ចរណ៍​​តែ​ម្តង ។ កញ្ញា​​ សុន ស្រី​ពេជ្រ ​​ឆ្នាំ​នេះ​​​មាន​អាយុ​២៦​ឆ្នាំ​ហើយ ត្រូវ​ជា​កូន​លោក​តា​ម៉ារី សុន​ ហៅ​សង់​ ស៊ីស ។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​អស់​រយៈ​​ពេល​១០​ឆ្នាំ​​មក​ហើយ គឺ​ចាប់​ផ្តើម​​ឡើង​កាល​ពី​ឆ្នាំ​២០០០ ​ដែល​ពេល​នោះ​នាង​គ្រាន់​តែ​ច្រៀង​នៅ​ក្នុង​ពិធី​មង្គល​ការ​ ឬ​ពិធី​ជប់​លៀង​​ផ្សេងៗ​​នៅ​តាម​​បណ្តា​ខេត្ត​ ក្រុង​នានា​ដែល​គេ​ជួល​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​នាង​​ច្រៀង​បទ​ចម្រៀង​​ឱ្យ​​ក្រសួង​ទេស​ចរណ៍​​ ​ចាក់​ផ្សាយ​តាម​កញ្ចក់​​ទូរទស្សន៍​នានា​កាល​ពី​អំឡុង​ឆ្នាំ​២០០៨-២០០៩ ​មក​ ក៏​មាន​ការ​ចាប់​អារម្មណ៍​​​និង​គាំទ្រ​ពី​សំណាក់​ប្រិយ​​មិត្ត​​​ជាច្រើន​​​​ ធ្វើ​ឱ្យ​​រូប​នាង​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​រហូត​មក ។

ក្រោយ​ពី​​ទទួល​បាន​ការ​គាំទ្រ​​​​នូវ​ទឹក​ដម​សំនៀង​របស់​នាង​ពី​សំណាក់​​ប្រិយ​មិត្ត​ ធ្វើ​ឱ្យ​​កញ្ញា សុន ស្រីពេជ្រ​​​ មាន​​ការ​ងារ​ច្រើន​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ក្នុង​នោះ​មាន​ការ​ងារ​​​សម្តែង​​ថត​កាយ​វិការ​ខារ៉ា​អូខេ និង​ច្រៀង​ថត​​សំឡេង​​ចូល​ស៊ី​ឌី​ឱ្យ​ផលិត​កម្ម​រស្មី​​ហង្ស​មាស​​​ជា​ដើម ហើយ​​ពេល​នេះ​​នាង​កំពុង​​ត្រៀម​​ចេញ​វ៉ុល​ថ្មី​សម្រាប់​​ចូល​រួម​អប​អរ​សាទ​រ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​​​ជាតិ​ខ្មែរ​ខាង​មុខ​​នេះ ។ ​ភាព​មមា​ញឹក​​ក្នុង​អាជីព​បាន​ធ្វើ​ឱ្យ​នាង​ភ្លេច​គិត​ពី​រឿង​ស្នេហា​​ ទោះ​បី​ជា​ពេល​នេះ​នាង​មាន​​អាយុ​កាន់​តែ​ច្រើ​ន​ហើយ​​ក្តី ។ ​ទាក់​ទិន​​នឹង​រឿង​ស្នេហា​នាង​បាន​និយាយ​ថា ទុក​ឱ្យ​ព្រហ្ម​​លិខិត​ជា​អ្នក​សម្រេច​​ទៅ​ចុះ ។

ជាចុង​ក្រោយ​កញ្ញា​សុន ស្រី​ពេជ្រ ​បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​នាង​លោក​តា​ម៉ារី សុន  ​ហៅ​សង់​ស៊ីស ដែល​បាន​ចូល​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត​​​ធ្វើ​ការ​វះ​កាត់​ពោះ​វៀន​ដុះ​ខ្នែង​កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​​ទៅ​នោះ​ ពេល​នេះ​បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​ត្រឡប់​មក​​ផ្ទះវិញ​​ហើយ​ ក៏​ប៉ុន្តែ​មុខ​របួស​​​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​​ទេ៕

អនុ​វត្ត​​សាល​ដីកា​ប្រពន្ធ​ដើម​ និង​កូន​ឈ្នះ​ក្តី​ ប្រពន្ធ​​ចុង​អស់​ទ្រព្យ​សម្បត្តិ

Posted: 18 Mar 2011 12:29 AM PDT

សម្រេច​​បង្គាប់​​ឱ្យ​ភាគី​ចាញ់​ក្តី​ឈ្មោះ​លង គឹម​អៀង ​ភេទ​ស្រី ​ប្រគល់​ដី និង​ផ្ទះ​សំណាក់​​យី​ហោ​ហេង​ ហេង
ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្តាល ចុះ​អនុ​វត្ត​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រគល់​ឱ្យ​ភាគី​ឈ្នះ​ក្តី

ខេត្ត​កណ្តាល ៖ រឿង​រ៉ាវ​ក្តី​ក្តាំ​រវាង​ប្រពន្ធ​ចុង​ជា​មួយ​ប្រពន្ធ​ដើម និង​កូនៗ​ដែល​បាន​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ ក្នុង​​ការ​ដណ្តើម​​កេរ​មរតក​មាន​ដី និង​លំនៅ​ឋាន ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ត្រូវ​​បាន​សមត្ថ​កិច្ច​ចម្រុះ​​ដឹក​នាំ​ដោយ​លោក​ជីវ ចាន់​តារា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្តាល ចុះ​អនុ​វត្ត​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រគល់​ឱ្យ​ភាគី​ឈ្នះ​ក្តី ។ ការ​អនុ​វត្ត​សាល​ដីកា​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ។

​មន្ត្រី​អាជ្ញា​ធរ​បាន​ឱ្យ​ដឹង​ថា ​ដោយ​អនុ​វត្ត​​តាម​សាល​ដីកា​របស់​​សាលា​ឧទ្ធរណ៍​​ចុះ​ថ្ងៃ​ទី​១២ ​ធ្នូ ឆ្នាំ​២០០៨ ​សម្រេច​​បង្គាប់​​ឱ្យ​ភាគី​ចាញ់​ក្តី​ឈ្មោះ​លង គឹម​អៀង ​ភេទ​ស្រី ​ប្រគល់​ដី និង​ផ្ទះ​សំណាក់​​យី​ហោ​ហេង​ ហេង ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​​លេខ ក.ណ C1 1629 ចុះ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​១៩៩២ ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ ឱ្យ​ទៅ​ដើម​ចោទ​ឈ្មោះ​​នួន គង់​, ជួន មុន្នី, ជួន​ វុទ្ធី, ជួន​ វត្ថា និង​ឈ្មោះ​ជួន​ ពិសី ដែល​មាន​ទី​លំនៅ​​ក្នុង​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ។

​ទាក់​ទិន​​រឿង​រ៉ាវ​រហូត​កើត​រឿង​ក្តី​ក្តាំ​គ្នា​នេះ ត្រូវ​បាន​លោក​ខូវ ចន្ថា ​មេធាវី​ដើម​បណ្តឹង​បាន​ឱ្យ​ដឹង​ថា ​តុលា​ការ​​​គ្រប់​ជាន់​ថ្នាក់​​ចាប់​ពី​សាលា​ដំបូង​ខេត្ត​កណ្តាល​ រហូត​ដល់​សាលា​ឧទ្ធរណ៍​​បាន​សម្រេច​​ក្តី​ឱ្យ​ភាគី​ដើម​​ចោទ​ឈ្នះ​ក្តី​ ព្រោះ​ភាគី​ដើម​ចោទ​ជា​ប្រពន្ធ​ដើម និង​កូនៗ​របស់​ឈ្មោះ​ជួន វណ្ណៈ និង​មាន​លិខិត​បណ្តាំ​របស់​ជួន វណ្ណៈ ​ជា​ប្តី និង​ជា​ឪពុក​​ប្រគល់​ផ្ទះ​ និង​ដី​ឱ្យ​ទៀត ​មុន​ពេល​ជួន វណ្ណៈ ​ស្លាប់ ។

លោក​មេធាវី​បាន​ឱ្យ​ដឹង​ទៀត​ថា ពី​ដើម​ឡើយ​ឈ្មោះ​​លង គឹម​អៀង ​ចុង​បណ្តឹង​​​ចាញ់​ក្តី​បាន​មក​បម្រើ​ការ​ងារ​ផ្ទះ​នៅ​ក្នុង​គ្រួសារ​ជួន​ វណ្ណៈ និង​ប្រពន្ធ​ឈ្មោះ​នួន​ គង់ ។ លុះ​ក្រោយ​​មក​ទៀត​ឈ្មោះ​​លង គឹម​អៀង និង​ជួន វណ្ណៈ បាន​ស្រឡាញ់​គ្នា​​ដោយ​លួច​លាក់ ហើយ​​ពេល​រឿង​​នោះ​បែក​ធ្លាយ​​​ដឹង​ដល់​ឈ្មោះ​នួន គង់​ ជា​ប្រពន្ធ​​ដើម​ ប្តី​-ប្រពន្ធ​នេះ​បាន​លែង​លះ​គ្នា​ និង​ធ្វើ​​កិច្ច​សន្យា​ប្រគល់​ផ្ទះ​ និង​ទ្រព្យ​សម្បត្តិ​​ឱ្យ​ឈ្មោះ​នួន គង់ ជា​ប្រពន្ធ​​ដើម និង​កូនៗ​៤​នាក់ យ៉ាង​ស្រប​ច្បាប់​​។ រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០០៧ ឈ្មោះ​ជួន វណ្ណៈ បាន​​ស្លាប់ ហើយ​​ឈ្មោះ​លង ​គឹម​អៀង មិន​ព្រម​​ប្រគល់​ផ្ទះ​​ និង​ដី​ឱ្យ​ទៅ​ប្រពន្ធ​ដើម និង​កូនៗ​៤​នាក់​តាម​​កិច្ច​សន្យា​​នោះ​​ទេ និង​បែក​គំនិត​​ចង់​បាន​​ទើប​កើត​ជា​ជម្លោះ​ក្តី​ក្តាំ​នេះ​ឡើង​អូស​បន្លាយ​ពេល​ជាង​៤​ឆ្នាំ​មក​ហើយ ហើយ​​រាល់​ការ​ក្តី​ក្តាំ​​ត្រូវ​បាន​កាត់​​ក្តី​ឱ្យ​​​ភាគី​​ប្រពន្ធ​ដើម និង​កូន​ៗ​ជា​អ្នក​ឈ្នះ ទើប​នៅ​ថ្ងៃ​ទី ១៧ មីនា កន្លង​ទៅ​នេះ សមត្ថ​កិច្ច​ចម្រុះ​​​បាន​ចុះ​​អនុ​វត្ត​សាល​ដីកា​របស់​​សាលា​ឧទ្ធរណ៍​​តាម​នីតិ​វិធី​ច្បាប់​​ ប្រគល់​ឱ្យ​​ភាគី​ឈ្នះ​ក្តី គឺ​ឈ្មោះ​នួន គង់ ជា​ប្រពន្ធ​ដើម និង​​កូនៗ​៤​នាក់​ទៀត ។

​មាន​ការ​​កត់​សម្គាល់​​ថា នៅ​ក្នុង​​ការ​ចុះ​អនុ​វត្ត​សាល​ដីកា​​នេះ​គេ​ឃើញ​​ភាគី​ចាញ់​ក្តី​​ឈ្មោះ​​​លង គឹម​អៀង និង​ក្រុម​គ្រួសារ​​​​បាន​នាំ​គ្នា​យំ​ស្រែក និង​ធ្វើ​ការ​រារាំង​​​សមត្ថ​កិច្ច​មិន​ឱ្យ​អនុ​វត្ត ព្រម​ទាំង​​ស្រែក​ថា អយុត្តិ​ធម៌​​ និង​បាន​គំរាម​​ប្រើ​​អំពើ​ហិង្សា​​​ទៅ​លើ​សមត្ថ​កិច្ច​ចម្រុះ​​ទៀត​ផង ។ ​ពេល​នោះ​​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​៤​នាក់ យក​ទៅ​​កាន់​ទី​បញ្ជា​កង​រាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ និង​យក​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​របស់​ភាគី​ចាញ់​​​ក្តី​ទៅ​​រក្សា​ទុក​នៅ​សាលា​សង្កាត់​​តា​ខ្មៅ។ ក្រោយ​ពី​អនុ​វត្ត​​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ចប់​សព្វ​គ្រប់​ នៅ​ថ្ងៃ​ដដែល​​អ្នក​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​សមត្ថ​កិច្ច​​បាន​ដោះ​លែង​ និង​ប្រគល់​​ទ្រព្យ​សម្បត្តិ​​​ឱ្យ​​ទៅ​ភាគី​ចាញ់​ក្តី​វិញ​​ផង​ដែរ។ ​ទោះ​បី​ជា​យ៉ាង​ណា ​ឈ្មោះ​​លង គឹម​អៀង បានស្រែក​យំ​រៀប​រាប់​ថា អយុត្តិ​ធម៌​​​ណាស់​ចំពោះ​រូប​គាត់​ ព្រោះ​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​ផ្ទះ​​ដែល​គាត់​ខំ​រក​ស៊ី​មាន​បាន​ក្រោយ​ពី​ប្តី​គាត់​ស្លាប់​ទៅ​ ត្រូវ​គេ​ដក​ហូត​យក​ទាំង​អស់ គឺ​គាត់​សល់​តែ​ខ្លួន​ទទេ​ប៉ុណ្ណោះ ។ ​គាត់​ក៏​បាន​សំណូម​ពរ​ដល់​អង្គ​ការ​សិទ្ធិ​មនុស្ស​​ក៏​​ដូច​​ក្រុម​អ្នក​ច្បាប់​​ផ្សេងៗ​​មេត្តា​ជួយ​រក​យុត្តិ​ធម៌​​ដល់​​​រូប​គាត់​ផង ៕

ឈ្មួញ​ពីរ​នាក់​​កំពុង​នាំ​ចូល​ឆ្អឹង​មាន់​ខូច​គុណ​ភាព​​ពី​សៀម​ទាំង​តោនៗ

Posted: 18 Mar 2011 12:22 AM PDT

រថយន្តរបស់​​ឈ្មោះ​ឆៃ ដែលលាក់​ក្រោយផ្ទះ​ក្រោយ​ពេល​លួចដឹក​រួច​ និង​ធុង​ក្លាស្សេ​ដែល​ទុក​ដាក់​ឆ្អឹង​​មាន់​​ខូច​​គុណ​​ភា​ព​​

ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​បាន​រាយ​ការណ៍​​ពី​តាម​បណ្តា​ច្រក​តំបន់​ក្នុង​ស្រុក​ភ្នំ​ព្រឹក ​ជាប់​ព្រំ​ដែន​​សៀម​មក​ថា​ ការ​លួច​នាំ​ចូល​ម្ហូប​អាហារ​ខូច​​គុណ​ភាព​ ពិសេស​​ឆ្អឹង​ និង​សាច់​មាន់​ពី​ប្រទេស​សៀម​​ចូល​មក​កម្ពុជា​តាម​ច្រក​ភ្នំ​ដី​ ស្រុក​ភ្នំ​ព្រឹក ​កំពុង​កើត​មាន​ពេញ​បន្ទុក​​ពីសំណាក់​​ឈ្មួញ​​ទុច្ចរិត​ដែល​គេ​សង្ស័យ​​ថា មាន​ការ​​បើក​​ភ្លើង​​ខៀវ​ពី​មន្ត្រី​ពាក់​ព័ន្ធ​ប្រចាំ​​ច្រក​នេះ ។ ​ប្រភព​ព័ត៌​មាន​​នេះ​ត្រូវ​គេ​ដឹង​ថា បាន​បែក​ធ្លាយ​​ដោយ​សារ​តែ​ការ​បង្ក្រាប​​របស់​មន្ត្រី​ជំនាញ​​នៅ​​ច្រក​​ភ្នំ​ដី ដែល​ជា​ច្រក​តំបន់​ធ្វើ​​ឡើង​តែ​​លើ​អ្នក​​រក​ស៊ី​កំប៉ិក​​កំប៉ុក​នាំ​ចូល​ម្តង​ពី​១០​ទៅ​២០​គីឡូ​​ក្រាម រីឯ​ពួក​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​​ក្នុង​ទ្រង់​ទ្រាយ​​ធំ​រាប់​តោន​បែរ​ជា​មន្ត្រី​ទាំង​នោះ​​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ​ទៅ​វិញ ។

​ស្ត្រី​រក​ស៊ីនាំ​ចូល​ឆ្អឹង​​មាន់​ខូច​​គុណ​ភាព​ពី​សៀម​​ម្នាក់​សុំ​មិន​ប្រាប់​​ឈ្មោះ​បាន​​ទំលាយ​រឿង​​អាស្រូវ​នេះ​តាម​ទូរស័ព្ទ​​ថា មន្ត្រី​កាំកុង​ត្រូល និង​មន្ត្រី​​ពាក់​ព័ន្ធ​នៅ​​ច្រក​ភ្នំ​ដី​នេះ ​មិន​ដែល​​អើ​ពើ​នឹង​រទេះ​​រុញ​របស់​ឈ្មួញ​២​នាក់​ដែល​នាំ​ចូល​ឆ្អឹង​ សាច់​មាន់​​ខូច​គុណ​ភាព​ទាំង​តោនៗ​នោះ​ទេ ប៉ុន្តែ​​ពួក​មន្ត្រី​ទាំង​នោះ​បែរ​ជា​មក​គាប​សង្កត់​តែ​អ្នក​រក​ស៊ី​តូច​តាច​ម្តង​បួន​ដប់​គីឡូ​​ក្រាម​ទៅ​វិញ ។ ​ស្ត្រី​រូប​នេះ​​បាន​និយាយ​បែប​ក្តៅ​ក្រហាយ​ថា អ្នក​រក​ស៊ីតូច​តាច​គ្មាន​ប្រាក់​បង់​ត្រូវ​គេ​​បង្ក្រាប ​​តែ​សម្រាប់​​ឈ្មួញ​រក​ស៊ីធំ​ដុំ​​មាន​ប្រាក់​សូក​ប៉ាន់​​ចង់​​​​​ដឹក​សម្ញែង​កាត់​ពី​មុខ​ប៉ុស្តិ៍​តាម​ច្រក​ភ្នំ​ដី​នេះ​ទាំង​ថ្ងៃ​ ក៏​ពួក​​មន្ត្រី​ទាំង​នោះ​មិន​យក​ភ្នែក​មើល​ដែរ ។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ថា បច្ចុ​ប្បន្ន​​ឈ្មួញ​ដែល​រក​ស៊ី​​​នាំ​ចូល​​ឆ្អឹង​មាន់​ខូច​គុណ​​ភាព​នេះ​ធំ​ជាង​គេ​មាន​២​នាក់ គឺ​ម្នាក់​​ឈ្មោះ​ឆៃ ភេទ​ប្រុស ​មាន​​រថយន្ត​កាមរី​ពណ៌​ស រស់​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ​​ស្រុក​ភ្នំ​ព្រឹក ​និង​ម្នាក់​ទៀត​ឈ្មោះ​ផល្លា​ ជា​ប្រពន្ធ​មន្ត្រី​​គយ​ម្នាក់​​ មាន​​រថយន្ត​កាមរី​​គូទ​ប៉ោង​ពណ៌​ស្ករ ។

ទាក់​ទិន​នឹង​ការ​បែក​ធ្លាយ​​រឿង​អំពើ​ពុក​រលួយ​ខាង​លើ​នេះ មន្ត្រី​កាំកុង​ត្រូល​ដែល​ទទួល​ខុស​ត្រូវ​ច្រក​​ភ្នំ​ដី​នេះ លោក​គឹម ​ប្រុស ​បាន​បំភ្លឺ​​តាម​ទូរស័ព្ទ​​ថា គ្មាន​ការ​នាំ​ចូល​សាច់​មាន់​ ឬ​ឆ្អឹង​មាន់​ខូច​គុណ​ភាព​ក្នុង​ទ្រង់​ទ្រាយ​​ធំ​ដុំ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​​ចំពោះ​ការ​លួច​នាំ​ចូល​​តិច​តួច​ដែល​បង្កប់​​តាម​រយៈ​រុញ ។ ​មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ​លោក​បាន​​ចាប់​សាច់​មាន់​​ទាំង​នេះ​ដុត​កំទេច​​ចោល​ស្ទើរ​រាល់​​ថ្ងៃ ។ ចំពោះ​​ឈ្មួញ​​ធំៗ​២​នាក់​ខាង​លើ​នេះ លោក​គឹម​ ប្រុស ​បាន​​បដិសេធ​​ថា លោក​មិន​ធ្លាប់​ស្គាល់​​ទេ ។ លោក​ប៉ែន ​សេដ្ឋា ប្រធាន​ការិយា​ល័យ​​បសុពេទ្យ​មិន​លើក​ទូរស័ព្ទ​​​ដើម្បី​បំភ្លឺ​រឿង​នេះ​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា។ ​បើ​តាម​ប្រភព​ថា ឈ្មួញ​២​នាក់​នេះ​បាន​លួច​​នាំ​ចូល​សាច់​មាន់​​ និង​ឆ្អឹង​មាន់​ខូចគុណ​​ភាព​នេះ​ក្នុង​១​សប្តាហ៍​​ម្តង ហើយ​ម្តងៗ​មិ​នតិច​ជាង​​១,៥​តោន​​នោះទេ ​ដោយ​ដឹក​យក​មក​ចែក​ចាយ​​លើ​ទីផ្សារ​​ខេត្ត​បាត់​ដំបង និង​ខេត្ត​ផ្សេងៗ៕

លីប៊ី​គំរាម​វាយប្រហារ​​យន្តហោះ​​ ព្រមទាំង​​នាវា​ស៊ីវិល និងយោធា​ បើ​មាន​​ការវាយប្រហារ​របស់អន្តរជាតិ និង​គំរាម​​​វាយលុក​បេនហ្គា​ហ្ស៊ី

Posted: 18 Mar 2011 12:19 AM PDT

លោកមូអាម៉ា កាដាហ្វី កាលពី​​ថ្ងៃទី​១៧ មីនា ​​បានថ្លែង​តាម​ទូរទស្សន៍​ថា ក្នុង​​ករណី​មាន​ប្រតិបត្តិការ​​យោធា​​របស់​បរទេស​លើ​​ដែន​ដី​លីប៊ី ​រដ្ឋអំណាច​លីប៊ីនឹង​វាយប្រហារ​​​​សង​សឹក​វិញលើ​​​បណ្តា​នាវា​ និង​​យន្តហោះ​​​ស៊ីវិល ក៏ដូចជា​យោ​ធា​ក្នុង​​តំបន់​​មេឌី​ទែរ៉ាណេ ។ ​កង​ទ័ព​ដែល​ស្មោះត្រង់​​​​រដ្ឋាភិបាល​​នឹង​ទៅ​ដល់​​ក្រុង​​បេន​ហ្គាហ្ស៊ីនា​យប់​នេះ ។​ ប៉ុន្មាន​ម៉ោង​​ក្រោយ​ការ​អនុម័ត​របស់​ អ.ស.ប សំដៅបញ្ឈប់​​ការបង្ក្រាប​​ការបះបោរ​​ប្រទេស​លីប៊ីបាន​ព្រមាន​​កាលពីថ្ងៃទី​​​១៧ មីនា ​​ប្រឆាំង​នឹង​​រាល់​ប្រតិ​បត្តិការ​​យោធា​​បរទេស​លើ​​​ដែន​ដី​ខ្លួន ។ ​ប្រទេស​នេះ​បាន​គំរាម​​កំហែង​វាយ​ប្រហារ​​លើ​​បណ្តា​​យន្តហោះ​ និងនាវា​​ស៊ីវិល​​ ព្រម​ទាំង​​​យោធា​​នៅមេឌីទែរ៉ាណេ ។​
អ្នកនាំពាក្យ​​​​ម្នាក់របស់​ក្រសួង​​ការពារ​ប្រទេស​​លីប៊ីដកស្រង់​សម្តី​​​​ដោយទីភ្នាក់ងារ​​​ព័ត៌​មាន​ផ្លូវការ​​ JANA បញ្ជាក់​ថា ​រាល់​សមាស​ភាព​​ចល័ត​​ស៊ីវិល ​ឬ​យោធា​​នឹង​ជា​គោលដៅ​​នៃការ​វាយបក​មួយរបស់លីប៊ី ។ ​​តំបន់​សមុទ្រ​​​មេឌីទែរ៉ា​ណេនឹង​ជួប​គ្រោះថ្នាក់​​​ធ្ងន់ធ្ងរ​​​ពុំ​ត្រឹមតែ​​រយៈ​ពេលខ្លី​​មួយនោះទេ ​ក៏ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​ផង​ដែរ ។​
កង​ទ័ព​​របស់​លោកកាដាហ្វី​ពេលនេះ​​ហាក់​ដូច​ជា​នៅ​ទទួល​​ជោគជ័យថ្មីៗ​​ទៀត​​លើ​ទីលាន​​ប្រយុទ្ធ ។ ​នា​ថ្ងៃទី​​១៧ មីនា ​កង​ទ័ព​នេះ​​​បានមក​​ដល់​ក្បែរ​ទីក្រុង​​បេនហ្គាហ្ស៊ី ជាទីក្រុង​​ធំ​ទី​២​របស់​​​ប្រទេស ស្ថិត​នៅ​​ភាគខាង​កើត​​នឹង​​ជា​ទីតាំង​​​បង្អែករបស់​ពួកបះបោរ​​​ចាប់តាំង​ពី​​​១ខែ​​មក​ហើយ ។ ព័ត៌មាន​​នេះ​ត្រូវបាន​​បដិសេធ​​ភ្លាមៗ​​ដោយ​ពួកបះបោរ ។​
រដ្ឋ​​មន្ត្រី​​​​ការបរទេស​បារាំង លោក ALAIN JUPPE គូសបញ្ជាក់​​កាលពីថ្ងៃទី​​​១៧ មីនា ថា ​នឹង​មាន​ការ​វាយប្រហារ​​​តាមអាកាស​​លើ​លីប៊ី ​​ភ្លាមៗ​​ក្រោយ​​ការ​អនុម័ត​​​ដំណោះស្រាយ​​​មួយ​ដោយ​​ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ។ ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​បារាំង​​អះអាង​ថា នេះជា​ប្រតិបត្តិ​ការ​​ចម្រុះ​​មួយ យើងធ្វើ​​​ជាមួយ​ប្រទេសដទៃៗ ​ទៀត ដោយ​​​យើង​ពុំមែន​​​​ធ្វើ​តែ​​​ម្នាក់​ឯង​ឡើយ ។ ​នេះពុំ​មែន​ជា​ប្រតិបត្តិការ​​មួយរបស់​​​បារាំង​​ទេ តែ​​ជា​ប្រតិបត្តិ​ការ​​​មួយរបស់អន្តរជាតិ ក្នុងនោះ​មាន​ការ​​ចូលរួម​​របស់​អាមេរិក​ផង ។​
មុននេះ កងទ័ព​លីប៊ីប្រកាស​ពីការ​បញ្ឈប់​​​ប្រតិបត្តិការ​​យោធា​​ប្រឆាំង​​ពួក​​បន​ភេរវករ​​ប្រដាប់អាវុធ ចាប់ពីថ្ងៃទី​​២០ មីនា ទៅ ដើម្បី​​ទុកពេល​​​​ឱ្យពួកបះបោរ​​ប្រគល់អាវុធ និង​ឱ្យពួក​គេ​​ទទួលបាន​​​ការ​សម្រេច​ចិត្ត​​លើកលែង​​ទោស​ជា​​ទូទៅមួយ ។​
កាលពីយប់ថ្ងៃទី​​​១៧ មក​ទី​​១៨ មីនា ​ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ​បាន​អនុម័ត​​ដំណោះ​ស្រាយ​​​មួយ​ ដែលអនុញ្ញាត​​ឱ្យ​​​ប្រើ​កម្លាំង​​​នៅលីប៊ី​​ដើម្បី​ការពារ​ប្រជាជនស៊ីវិល​​ពីការ​វាយប្រហារ​​​របស់កង​ទ័ព​​លោក​កាដាហ្វី ។ ដំណោះស្រាយ​​នេះ​​​តម្រូវ​ឱ្យ​​បង្កើត​​តំបន់​​ហាម​ហោះ​ហើរ​​អាកាស​មួយដែល​​សំដៅ​​​រាំង​ខ្ទប់​កង​ទ័ព​លោកកាដាហ្វីកុំ​ឱ្យ​​​ទម្លាក់​​គ្រាប់បែកលើ​ពួកបះបោរ​​ ពិសេស​ក្នុង​ទីក្រុង​​បេនហ្គាហ្ស៊ី ។ ​ដំណោះស្រាយ​​នេះ​ក៏​​​រួម​មាន​​ការ​ដាក់ទណ្ឌ​កម្ម​​ហិរញ្ញ​វត្ថុ​​ថ្មីៗ​​ទៀត​ដែរ ។ ​ប្រទេស​​១០​​ជា​សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​បានបោះឆ្នោត​​​គាំទ្រ​ដំណោះស្រាយ​នេះ ហើយ​សមាជិក​​​៥ទៀត​​របស់​ក្រុម​ប្រឹក្សា​​នេះ​​បាន​បោះឆ្នោត​​​អនុប្បវាទ​​ ។ ចិន និង​រុស្ស៊ី ​បាន​សម្តែង​​ការ​សោកស្តាយ​​ដែលដំណោះស្រាយ​​នេះ​​​ពុំផ្តល់​​​ការ​បញ្ជាក់​ថែមទៀត ​លើរឿង​​ភស្តុភារ ទី​បញ្ជា​ការ​ និង​​បែបបទ​​​នៃការ​អនុវត្តន៍​ ។ ​ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះក្តី ​ប្រទេសទាំង​​២នេះ ​បាន​ជ្រើស​​​រើស​​មិន​ប្រើ​​វេតូ ។ ​ប្រទេសអង់គ្លេស​​ដែល​បោះ​​​​អនុ​ប្ប​វាទ​ដូច​រុស្ស៊ី និង​​ចិនដែរ​និយាយ​ថា ​នេះគឺ​ដើម្បី​​ចៀស​វាង​​កុំ​ឱ្យ​​ឈាមហូរ​​ច្រើនទៀត ​ហើយ​អះ​អាង​ថា ​បណ្តា​​ប្រទេស​អារ៉ាប់​​​​នឹង​ចូល​រួម​ជាមួយ​កង​កម្លាំង​​​អន្តរជាតិ​​ តែ​ពុំ​បានផ្តល់​​ភាព​​​លម្អិត​​ជាង​​នេះឡើយ ។ ក៏ប៉ុន្តែ​​ដំណោះ​ស្រាយ​​​នេះបញ្ជាក់​ថា ​នឹង​ពុំ​មាន​​កង​កម្លាំង​​​កាន់​កាប់​​ណាមួយត្រូវ​បាន​ដាក់​ពង្រាយ​​ឡើយ ។ ​គេផ្តោត​​ជា​ពិសេស​​លើ​ការ​​វាយប្រហារ​​​តាម​អាកាស​​ដែលអាច​ធ្វើ​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង​ខាង​​មុខនេះ ​ដូចការ​​អំពាវ​នាវ​​​របស់បារាំង ។
យោងតាម​ទូរទស្សន៍​​កាណាដា ​​CTV NEWS ​កាណាដានឹងបញ្ជូន​​យន្តហោះ​​​ប្រដេញ​​៦​គ្រឿង ។ ចំណែក​​ប្រទេស​​​អុីតាលីនឹងផ្តល់​​ឱ្យប្រើ​​ប្រាស់​មូលដ្ឋាន​យោធាទាំង​ឡាយ ។​
ប្រទេស​លីប៊ី​​មានមីស៊ីល​​​ដី​-អាកាស​​យ៉ា​ង​ច្រើន​​សម័យ​កាល​សូវៀត តែ​ពុំ​មាននរណា​​ដឹង​ពិត​​ប្រាកដ​ពីលក្ខខណ្ឌ​​​ទាំងឡាយ​​ឡើយ ។ កាល​ពី​​២៥​ឆ្នាំ​មុននេះ សហរដ្ឋអាេមរិក​​​ធ្លាប់​​វាយ​ប្រហារ​​តាមអាកាស​ប្រឆាំង​​ប្រទេសនេះ​ តែពុំ​មាន​​​បាត់បង់​យន្តហោះ​​ណាមួយ​ឡើយ ។​
នៅទីក្រុង​​បេនហ្គាហ្ស៊ី​មនុស្ស​ទាំង​ឡាយ​​បាន​លើ​ក​គ្នា​ស្រែក​​ហ៊ោ​នៅ​កណ្តាល​ក្រុង​​​អបអរ​សា​ទរ​​ចំពោះ​​​ការ​អនុម័ត​ដំណោះស្រាយ​​​នោះ​​​របស់​ អ.ស.ប ៕

លោកអូបាម៉ា៖ វិទ្យុ​សកម្ម​​ដែលគ្រោះថ្នាក់​​​មិន​​សាយភាយ​​ដល់​អាមេរិក​ឡើយ

Posted: 17 Mar 2011 09:10 PM PDT

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​ថ្លែង​កាលពីថ្ងៃទី​​១៧ មីនា ​កន្លង​មកថា រូបលោក​​មិនរំពឹង​ថា ​វិទ្យុស​កម្ម​ដែលបង្កគ្រោះ​ថ្នាក់​​​លេច​ធ្លាយ​ចេញពីរោងចក្រ​​នុយក្លេអ៊ែរ​​ដែល​រង​ផលប៉ះពាល់​ដោយ​​ការ​រញ្ជួយដី​​របស់ជប៉ុន​នឹង​​មក​ដល់​​សហរដ្ឋអាមេរិក​​នោះទេ ។​ លោកអូបាម៉ា ថ្លែង​​​អះអាង​ដូច្នេះ​​ក្នុងសុន្ទរក​ថា​​មួយនៅ​​សេត​វិមាន ។ លោកប្រធានាធិបតី​​ថ្លែង​ទៀត​ថា ​«យើង​​មិនរំពឹង​ថា កម្រិត​​វិទ្យុ​សកម្ម​​ដែលមាន​​គ្រោះថ្នាក់​​សាយភាយ​​ដល់​អាមេ​រិក​​នោះទេ មិនថា​នៅ​​តំបន់​​ឆ្នេរ​សមុទ្រ​​ខាង​លិច​​អាមេរិក ​រដ្ឋ​ហាវ៉ៃ​ រដ្ឋ​អាឡាស្កា ឬ​ទឹកដី​​អាមេ​រិក ​នៅមហា​​សមុទ្រ​​ប៉ាស៊ីហ្វិក​» ។​

លោកអូបាម៉ា ​​ថ្លែង​ទៀត​ថា ឥឡូវនេះ​​​មជ្ឈ មណ្ឌល​​គ្រប់គ្រង​​ និងទប់ស្កាត់​​​ជំងឺ និង​អ្នក​ជំនាញ​​​​ការ​សុខភាព​សាធារណៈ​មិន​បាន​ណែនាំ​​ដល់​ពលរដ្ឋ​​អាមេរិក​ឱ្យ​ចាត់វិធានការ​​បង្ការ​​​លើស​ពី​​អ្វីដែល​​​បាន​ជូនដំណឹង​​នោះទេ ។​ ផល​​ប៉ះពាល់​​​នៅម៉ាស៊ីន​រេអាក់ទ័រ​​នៃរោង​ចក្រ​​នុយក្លេអ៊ែរ​​​ហ្វូគូ​​ស៊ីម៉ា បង្ក​​គ្រោះថ្នាក់​​​ធ្ងន់​ធ្ងរ​​ដល់​​មនុស្ស​​​ដែលរស់នៅ​​តំបន់​​ក្បែរ​​​រោង​​ចក្រ​​នេះ​​ហើយ​សហរដ្ឋ​​អាមេរិក​​​បានផ្តល់​​​ការ​ណែនាំ​​ឱ្យ​​ជម្លៀស​​ពលរដ្ឋ​របស់ខ្លួន​ ដែលរស់នៅ​ចម្ងាយ​​​៨០គីឡូ​ម៉ែត្រ​ពី​រោងចក្រនេះ ។ ជាមួយគ្នា​​នេះ លោក​អូបាម៉ា ​បានទទូច​​ដល់​ពលរដ្ឋ​​អាមេរិក ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​​​ទាំងអស់​​ឱ្យ​តាម​ដាន​​​ស្ថានការ​​ណ៍នៅ​ក្នុង​ប្រទេស​​ជប៉ុន​​ឱ្យបានដិត​ដល់​​ក្រោម​គោលការណ៍​របស់រដ្ឋាភិបាល​ជប៉ុន ៕​

ពលរដ្ឋ​កម្ពុជា​​​៦នាក់រង​របួស​ធ្ងន់-​​ស្រាល ​ខណៈ​ផ្ទុះ​មីន និង​​៩​នាក់ទៀត​​​រួចផុត​​ពី​​របួសស្នាម

Posted: 17 Mar 2011 09:09 PM PDT

ព្រំដែន​​​ខេត្ត​​​ឧត្ត​រ​មានជ័យ​ ៖ យ៉ាង​ហោច​ណាស់​​មនុស្ស​​​៤នាក់​​​បាន​រង​រ​បួសធ្ងន់ និង​​​​២​នាក់ទៀត​​រង​របួសស្រាល ​ដោយសារ​​ដើរ​ជាន់​មីន​​​ប្រភេទ​​​៦៩ ផ្ទុះ​ឡើងកក្រើក ​​កាលពីវេលា​ម៉ោង​​​​​៨​និង​​​​៤០នាទី​យប់ថ្ងៃទី​​​​១៧ មីនា ២០១១ ម្សិលមិញ​​​នេះ នៅ​ចំណុច​​ផែនទី​​​​២៥-៩៣ ​លើ​ភ្នំ​ដង​រែក ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​​​ភូមិ​អូរត្រាវ ​ឃុំ​គន្ទ្រង ​ស្រុកឃុន​ហាន ខេត្ត​ស៊ី​​សាកេត ​ប្រទេសថៃ ​​ចម្ងាយ​​​​​១៣គីឡូ​ម៉ែត្រ​ពីព្រំដែនកម្ពុជា ។

បើ​តាម​​អ្នក​យកព័ត៌មាន​​​កោះសន្តិភាព​ប្រចាំ​ខេត្ត​​ឧត្តរ​មានជ័យ​​​បាន​បញ្ជាក់​ឱ្យ​​ដឹង​ថា ​បុរស​ទាំង​​៦​នាក់​​ខាងលើ មាន​​១-ឈ្មោះ​​​​ស៊ឹម សេះ ​របួស​ដាច់ជើង​​ទាំង​​ពីរ ២-​​ឈ្មោះ​​សេះ សាយ ​អ្នក​ទាំង​​​២​​​ជា​ឪពុក​​ និង​កូន ​របួស​ដាច់ជើង​​ទាំង​​​ពីរ ​៣-​ឈ្មោះ​សាន​ លួន ​អាយុ​​១៦​ឆ្នាំ ​របួសដាច់​ជើង​​​ទាំង​សង​ខាង ​​៤-ឈ្មោះ​ហូយ កឺយ​ ​របួស​​បាក់ជើង​​​ខាង​ឆ្វេង ៥-​ឈ្មោះ​ញឹក ​របួស​ជើង​ឆ្វេង​ស្រាល ​និង​​៦-​ឈ្មោះ​​ហេង ចំរើន ​​របួស​ជើង​​​​ឆ្វេង​ស្រាល ។​​ ប្រជា​ពលរដ្ឋ​​​​ខ្មែរទាំង​​​​៦​នាក់​នេះ ​រស់​នៅក្នុងភូមិ​អភិវឌ្ឍន៍​​ ហៅភូមិ​សូន្យ​​​​៥ ​ស្ថិត​ក្នុង​​​ឃុំ​អូរស្វាយ​ ស្រុកត្រពាំង​​ប្រាសាទ ​ខេត្ត​ឧត្តរ​មានជ័យ ។

សេចក្តីរាយការណ៍​​បានបញ្ជាក់​ដែរ​ថា ​​ហេតុ​ការណ៍​​នេះ​បានកើតឡើង​​​ខណៈ​​ពេល​​​ប្រជា​ពល​រដ្ឋ​​​រងគ្រោះ​​​៦នាក់​ខាងលើនេះ​រួម​​ជាមួយ​ប្រជា​ពលរដ្ឋ​​៩​នាក់ទៀត​​​ (ទាំង​អស់​​​១៥​នាក់​) ​ចូលទៅ​ក្នុង​​​ទឹកដីថៃ ដើម្បី​​ស៊ីឈ្នួលកាប់​ឈើ​​គ្រញូង ​​និង​អូស​​ឈើ​ឱ្យឈ្មួញ​ដែលជួលពួកគេ ។ បច្ចុប្បន្ន​​អ្នក​​​របួសធ្ងន់​​​ដាច់ជើង​​ និងបាក់​​​ជើងទាំង​​​៤​នាក់​នោះ​​ មិនដឹង​​​ពីវាសនា​យ៉ាង​ណា​នោះ​ទេ ​ព្រោះ​ពួក​​គេ​​​ទៅណា​មិន​​រួច​ ហើយ​​ខណៈ​​ដែល​​របួស​មាន​​​​សភាពធ្ងន់​​ធ្ងរ ​និង​ហូរ​​ឈាម​ច្រើន​នោះ ​​អាជ្ញា​ធរ​​ថៃ​នៅ​​​មិនទាន់​ចូលទៅ​​​​យក​​ពួកគេ​​ ដើម្បី​បញ្ជូន​​ទៅ​ខេត្ត​ស៊ីសាកេត សង្គ្រោះនៅ​​​​ឡើយ ​។ ជា​មួយនេះ​​ដែរ ​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ដែល​របួស​ស្រាល​​​២នាក់នោះ ត្រូវបាន​ប្រជា​ពលរដ្ឋ​​​​ខ្មែរ​ផ្សេង​ទៀត​​បាន​​គ្រា​​ចូល​​មកដល់​​​​ដីខ្មែរ​​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​ហើយ ចំណែក​​​៩​នាក់ផ្សេង​ទៀត​​​ដែល​មិន​​មានគ្រោះថ្នាក់​​​នៅ​ក្នុង​​​ការ​ផ្ទុះ​មីននោះ​ក៏​​បាន​ចូល​​មកដល់​​ភូមិ​កំណើត​​​វិញ​អស់​ហើយដែរ​ ៕​

សម្តេច​តេជោ​ហ៊ុន សែន ​​​ដឹកនាំ​ក្រុម​​​មន្ត្រីជាន់ខ្ពស់​​​​អញ្ជើញ​​​​ដាក់​កម្រង​ផ្កា​​​គោរព​វិញ្ញា​ក្ខន្ធ​​នៅស្ថាន​ទូត​ជប៉ុន

Posted: 17 Mar 2011 09:04 PM PDT

រាជធានីភ្នំពេញ ៖ ​ក្រោយ​​​​បញ្ចប់​សម័យ​ប្រជុំ​​ពេញអង្គ​ប្រចាំ​​សប្តាហ៍​​​របស់​គណៈ​រដ្ឋ​មន្ត្រី​​​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃសុក្រ ទី​​​១៨ មីនា ​២០១១ ​​សម្តេច​​តេជោ​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​​​រាជ​រដ្ឋាភិ​បាល​​ អញ្ជើញទៅ​​​ស្ថានទូត​ជប៉ុនប្រចាំ​​ប្រទេស​កម្ពុជា ដើម្បី​ដាក់​កម្រង​ផ្កា​​គោរព​វិញ្ញា​ក្ខន្ធ​​​ដល់​ប្រជា​ពលរដ្ឋ​​​ជប៉ុន​​ដែលស្លាប់​​​ដោយសារ​​កា​ររញ្ជួយ​​ដី និង​រលក​​យក្ស​ស៊ូណាមី កាលពីថ្ងៃទី​​​១១ មីនា កន្លង​​​មក ។

​សូម​បញ្ជាក់​​ថា ស្ថាន​​ទូត​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​​​កាលពី​​ថ្ងៃ​ទី​១៦ មីនា ​​ទាក់​ទិន​នឹង​គ្រោះ​មហន្ត​រាយ​​ដោយ​ការ​រញ្ជួយដី​​ និង​​រលក​យក្ស​ស៊ូណាមី​​​​បង្ក​ឱ្យ​​ខូច​ខាត​ធ្ងន់​ធ្ងរ​​​លើ​ប្រទេស​​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ មីនា ​កន្លង​មក​នេះ  ដោយ​ក្នុង​មនោ​សញ្ចេត​នាជ្រាលជ្រៅ​​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់ គឺ​មាន​ការ​រន្ធត់​​ចិត្ត​​​ពន់​ពេក​​ណាស់​ចំពោះ​ការ​រង​គ្រោះ​​ដ៏​ធំ​ធេង​​នៅ​ប្រទេស​​ជប៉ុន​ដែល​ជា​​កល្យាណ​មិត្ត​​ដ៏​ល្អ​​របស់​កម្ពុជា ។ ​ទឹក​ភ្នែក​​ និង​ការ​ទួញ​សោក​របស់​ប្រជា​ជន​​ជប៉ុន​ ក៏​​ជាទឹក​ភ្នែក​របស់​ប្រជា​ជន​កម្ពុជា​​ដែរ ដូច្នេះ​ស្ថាន​ទូត​ជប៉ុន​​បាន​អនុ​ញ្ញាត​ឱ្យ​សាធា​រណ​ជន​ចូល​រួម​ដាក់​កម្រ​ផ្កា​ គោរព​វិញ្ញា​ណក្ខន្ធ​ និង​សរសេរ​ក្នុង​សៀវ​​ភៅ​​រំលែក​ទុក្ខ​​នៅ​ស្ថាន​ទូត​ជប៉ុន​ ដែល​មាន​អាសយ​ដ្ឋាន​​លេខ​១៩៤ មហា​វិថី​ព្រះ​នរោត្តម តាម​ពេល​វេលា​គឺ​​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​១៨ មីនា និង​ថ្ងៃ​ទី​២១ ដល់​២៣​ មីនា ​​ចាប់​ពី​ម៉ោង​១០​ដល់​ម៉ោង​១២ និង​ពី​ម៉ោង​១៤​ដល់​ម៉ោង​១៦ ។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បន្ត​ថា ​ស្ថាន​ទូត​ជប៉ុន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជា​ជន​កម្ពុជា​ដែល​បាន​ចូល​រួម​មរណៈ​ទុក្ខ​ និង​សន្តាន​ចិត្ត​​ក្នុង​ការ​ផ្តល់​​​នូវ​ការ​បរិច្ចាគ​ជា​ថវិកា​ និង​ផ្កា​​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​​​គ្រោះ​មហន្ត​រាយ​​នេះ ៕

កម្រិត​វិទ្យុ​សកម្ម​​​ដែលលេចធ្លាយ​នៅរោងចក្រ​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា​ធ្លាក់ចុះ​វិញ

Posted: 17 Mar 2011 08:43 PM PDT

សកម្មភាពពន្លត់កន្លែងឆេះ

ទីភ្នាក់ងារ​​​សារព័ត៌មាន​​ជប៉ុន​ក្យូ​ដូ ​រាយ​ការណ៍​​​ថា កម្រិតវិទ្យុ​សកម្ម​​នៅ​រោងចក្រ​នុយ​ក្លេ​អ៊ែរ​​​ហ្វូគូស៊ីម៉ា បានធ្លាក់​ចុះ​​វិញគួរ​ឱ្យ​កត់សម្គាល់​​​ចាប់តាំង​ពី​ព្រឹកថ្ងៃទី​​​១៨ មីនា ទៅ ។ កម្រិតនៃ​​ការ​សាយភាយ​​វិទ្យុ​សកម្ម​​​​នេះត្រូវ​បានវាស់ដោយ​ទីភ្នាក់ងារ​​សុវត្ថិភាព​​ឧស្សាហកម្ម​​នុយ​ក្លេអ៊ែរ​​នៅ​​​ម៉ាស៊ីនរេអាក់ទ័រ​​​លេខ​១ និង​ម៉ាស៊ីនរេអាក់ទ័រ​​លេខ​២ ។​ ទីភ្នាក់​ងារ​សុវត្ថិភាព​​ឧស្សាហ​កម្ម​​នុយ​ក្លេ​អ៊ែរ​​ឱ្យ​​ដឹង​ថា ​កម្រិត​​វិទ្យុស​កម្ម​​​បានធ្លាក់​​ចុះវិញ ក្រោយពី​​កងទ័ព​​​ស្វ័យ​ការពារជាតិ​ជប៉ុន​បាន​​ទម្លាក់​ទឹក​​​បញ្ចុះ​កំដៅ​​​ម៉ាស៊ីនរេអាក់ទ័រ​​ ដែលមាន​ការ​ផ្ទុះ​​ឆេះ​​ដែលការ​ទម្លាក់​ទឹក​នេះធ្វើ​ឡើង​ដោយ​ការប្រើ​​ឧទ្ធម្ភាគចក្រ ។​
នៅថ្ងៃ​​ទី​១៨ មីនា កង​ទ័ពស្វ័យ​​​ការពារជាតិ​ជប៉ុន​​បន្ត​​បេសក​កម្ម​​ជា​ផ្នែក​មួយ​នៃកិច្ច​​ខិតខំប្រឹង​ប្រែង​​​ដើម្បីបញ្ចៀស​​​ការ​លេច​ធ្លាយ​វិទ្យុ​សកម្ម​ទៅ​លើ​​អាកាស និង​លើ​ដី​​ ខណៈ​​កិច្ចខិតខំ​​​ប្រឹង​ប្រែង​​ស្តារ​ប្រព័ន្ធ​​ត្រជាក់​ដែល​បាត់បង់​នៅម៉ាស៊ីន​​រេ​អាក់​​ទ័រ​​ទាំង​នោះ ដោយ​​ការ​តភ្ជាប់​​ថាមពល​អគ្គិ​សនី​​​ទៅរោងចក្រ​​នុយក្លេ​អ៊ែរ​​នោះ​តាម​រយៈ​បណ្តាញ​​​ចរន្ត​អគ្គីសនី​​ពីខាងក្រៅ​​ត្រូវ​បាន​បង្កើន ។​
ក្នុង​ចំណោម​​ម៉ាស៊ីន​រេអាក់ទ័រ​​ទាំង​​៦ ​នៅ​រោង​ចក្រ​​​នុយក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ា ម៉ាស៊ីន​​រេអាក់ទ័រ​​​លេខ​១ លេខ​២ និង​លេខ​៣ ដែលកំពុងដំណើរ​ការ​ចំពេល​ការរញ្ជួយដី​​កើតឡើង​ត្រូវបញ្ឈប់​​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​​​ ហើយ​​អគារដែល​​ផ្ទុកម៉ាស៊ីន​​រេអាក់ទ័រ​​ទាំងនេះ​រង​ការ​បំផ្លិច​បំផ្លាញ​​ធ្ងន់ធ្ងរ​​ដោយការ​ផ្ទុះដែល​​កើតឡើង​​ព្រោះ​​ការ​រញ្ជួយដី ៕

វាយប្រហារ​​ដោយយន្តហោះ​​​គ្មានមនុស្សបើក​នៅប៉ាគីស្ថានស្លាប់​38នាក់

Posted: 17 Mar 2011 08:43 PM PDT

យោង​តាម​ប្រភពព័ត៌មាន​​មួយ​ថា ការ​វាយ​ប្រហារ​​ដោយ​យន្តហោះ​​​​គ្មាន​មនុស្ស​​បើក​ដែល​គេ​សង្ស័យ​​ថា ​ជា​របស់​អាេមរិក​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​​៣៨នាក់ កាលពីថ្ងៃទី​​១៧ មីនា ​កន្លង​​មក ​ក្រោយពី​បើកការ​វាយប្រហារ​​ប្រឆាំង​កិច្ច​​ប្រជុំ​​​JIRGA មួយ​នៅ​តំបន់​​កុលសម្ព័ន្ធ​​ភ្នំ​ដាច់​ស្រយាល​​មួយរបស់​ប្រទេស​ប៉ាគីស្ថាន ។​ មន្ត្រី​​ចារ​កម្ម​​២នាក់​​និយាយ​ថា ការ​វាយ​ប្រហារ​​​​ដោយយន្តហោះ​​​គ្មាន​មនុស្សបើក​​នោះ​គឺការ​​​បាញ់​​មីស៊ីល​​​២គ្រាប់​​លើ​​កិច្ច​ប្រជុំ Jirga ​នៅ​តំបន់​​ Data Khel នៃ​សង្កាត់​វ៉ា​ហ្ស៊ីរីស្ថានខាង​ជើង ជា​​តំបន់​អស្ថិរភាព​មួយរបស់​ប្រទេស​ប៉ាគី​ស្ថាន​​ស្ថិត​នៅ​ជាប់​ព្រំដែន​​ប្រទេស​​អាហ្វហ្គានី​ស្ថាន។​
មន្ត្រីមួយរូបនិយាយ​​​​ថា មនុស្ស​​​​៣៨នាក់​​បាន​ស្លាប់​​ក្នុង​ការ​វាយប្រហារ​​នេះ ចំណែក​មន្ត្រី​ម្នាក់​ទៀត​​និយាយ​ថា មាន​មនុស្ស​​​ស្លាប់តែ​​​២៤​នាក់​ប៉ុណ្ណោះ ។​
ការ​​វាយប្រហារ​​​ដោយយន្តហោះ​​​គ្មាន​មនុស្ស​​​បើកនេះ​​​ជាការ​វាយប្រហារ​​​បែបនេះ​​លើក​ទី​​១៨ ​ក្នុង​ប្រទេស​​ប៉ាគីស្ថាននា​ឆ្នាំ​​២០១១​ ៕

ប៉ូលិស​​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ​ចែកចាយ​គ្រឿងញៀន

Posted: 17 Mar 2011 08:41 PM PDT

​ជន​សង្ស័យពាក់​ព័ន្ធ​​​ក្នុងករណី​ចែកចាយ​គ្រឿង​ញៀន
ជន​សង្ស័យពាក់​ព័ន្ធ​​​ក្នុងករណី​ចែកចាយ​គ្រឿង​ញៀន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​ជន​សង្ស័យ​​​ចំនួន​​២នាក់ ពាក់​ព័ន្ធ​​​ក្នុងករណី​ចែកចាយ​គ្រឿង​ញៀន ​ត្រូវបាន​​កម្លាំង​​ប៉ូលិស​ក្រុង​សិរីសោភ័ណ​ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​​ប្រឆាំងគ្រឿង​ញៀន ​​​បើក​​ការ​​​ស៊ើប​អង្កេត​​ស្រាវជ្រាវ​ចាប់​ខ្លួន​​នៅ​វេលា​​​ម៉ោង​១១​ព្រឹក​​ថ្ងៃទី​១៥ មីនា ​នៅ​ចំណុច​​​ភូមិ​​សែសិន សង្កាត់អូរ​អំបិល ​ក្រុងសិរី​សោ​ភ័ណ ។​

លោកវរសេនីយ៍​​ទោ​​ឆេង ឈួត នាយការិ​យាល័យ​​ប្រឆាំង​គ្រឿងញៀន បាន​ឱ្យ​ដឹង​ថា ដោយអនុ​​វត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​​របស់​លោក​​ឧត្តមសេនីយ៍​​ស្នងការ​​​នគរបាល​ខេត្ត ​និង​ការ​យកចិត្តទុកដាក់​​​​ពីមន្ត្រីជំនាញ ​ជាលទ្ធ​ផល​សមត្ថកិច្ច​​ការិយាល័យ​​ជំនាញ​បាន​សហការ​ជា​មួយ​​សមត្ថកិច្ច​នគរបាល​​​ក្រុង​សិរី​សោភ័ណ​​ ​ធ្វើ​ការ​​ស៊ើបអង្កេត​​​តាម​វិធានការ​​ជំនាញ​កំណត់​មុខ​សញ្ញា​ ​​ឈាន​ដល់​ការ​ចាប់ឃាត់ខ្លួន​​​ជន​សង្ស័យ​​​ចំនួន​២នាក់ ​ដែល​ពាក់ព័ន្ធ​​នឹង​ករណី​ចែក​ចាយ​គ្រឿងញៀន​​ជាក់ស្តែង​​ ​ឈ្មោះ​ស៊ុន ​ចន្ថា ​ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​មានទី​លំនៅ​​​ភូមិ​​​​​​ចាប់​ឃាត់​ខ្លួន​​​ខាងលើ ជា​អ្នករត់​ម៉ូតូឌុប ។ ​ក្នុង​ការ​ឃាត់​​ខ្លួន​នោះ​សមត្ថ​​កិច្ច​​ដក​ហូត​បាន​ថ្នាំញៀន​​​ពណ៌​ផ្កា​ឈូក ​មានអក្សរ WY លើគ្រាប់​ថ្នាំម្ខាង ​ចំនួន​​២​គ្រាប់ និង​​មធ្យោ​បាយ​​​ជិះធ្វើសកម្ម​ភាព​ម៉ូតូម៉ាក​ហុង​ដា​ឌ្រីម​​១​គ្រឿង ពណ៌​​ខ្មៅ ពាក់ស្លាកលេខ 1B-1260 ទូរស័ព្ទ​ដៃ​​​២គ្រឿង ប្រាក់​​​១៨០.០០០​រៀល ​និង ប្រាក់​អាមេរិក​​២១ដុល្លារ ។ ​

ក្រោយពី​​​សួរ​​​នាំ​ជន​សង្ស័យ​​​ឈ្មោះ​ស៊ុន ចន្ថា ​​សមត្ថកិច្ច​​​បានឈាន​ដល់ការ​ចាប់ឃាត់​​ខ្លួនស្ត្រី​ម្នាក់ទៀត ឈ្មោះ​វ៉ាន់ ចាន់​ហេង ​អាយុ​​២៦​ឆ្នាំ​ នៅ​ភូមិ​​​ជាមួយគ្នា ​តាម​បទ​​​បញ្ជា​​របស់​លោកតន់ ​សីហតេជៈ ព្រះ​រាជ​អាជ្ញា​​នៃ សាលា​ដំបូង​​ខេត្ត​បន្ទាយមានជ័យ។ ក្នុង​ប្រតិបត្តិ​ការ​នេះ ​សមត្ថ​កិច្ច​​ដក​ហូត​បាន​ប្រាក់​ខ្មែរ​​ចំនួន​​៦៩.០០០​រៀល ។​

លោក​ឧត្តមសេនីយ៍​​ត្រី​ខេង ស៊ុម ​ស្នងការ​នគរបាល​​​ខេត្ត​​បន្ទាយមានជ័យ ​បានមាន​ប្រសាសន៍​ថា តាមការ​​សួរ​​ចម្លើយ ​​ឈ្មោះ​ស៊ុន ច​ន្ថា ​​បានសារ​ភាព​ថា ​រូបគេ​ពិត​​ជា​បាន​​ចែក​ចាយ​គ្រឿងញៀន​​​​ប្រាកដ​មែន ​​ដោយលក់​​​​ក្នុង​​១ថ្ងៃ​​​ពី​៣០ទៅ​៤០​គ្រាប់ ​ការទិញ​​ដូរ​គឺ​ទាក់ទង​​តាមរយៈ​ទូរស័ព្ទ​​​ ប៉ុន្តែ​គេ​​យកថ្នាំ​​ញៀន​​ជាប់ខ្លួន​​តែ​​២​ទៅ​៣គ្រាប់ប៉ុណ្ណោះ ​ពេល​លក់​អស់​​​រូប​គេ​ជិះម៉ូតូ​ទៅ​ទិញថ្នាំ​ញៀន​​ពីឈ្មោះ​​វ៉ាន់ ​ចាន់​ហេង ​​លក់​បន្តទៀត ។​

លោក​ឧត្តមសេនីយ៍​​ស្នងការ​​បានគូស​បញ្ជាក់​​ថា ស្ត្រីឈ្មោះ​​​វ៉ាន់ ​ចាន់ហេង ​ពុំ​ព្រម​​​សារ​ភាព​​ និង​ប្រាប់​​សមត្ថកិច្ច​​​ពីកន្លែងដែល​​​​ខ្លួន​​ទុក​​លាក់​ថ្នាំ​ញៀន​​នោះទេ ទោះបីជា​ឈ្មោះ​​​ស៊ុន​ ចន្ថា ​បាន​សារ​​ភាព​​​​ពីការ​ទិញថ្នាំ​​ញៀន​ពី​​​​រូបគេ​​ក៏ដោយ ​តែ​ទោះ​ជា​យ៉ាង​ណា​​ សមត្ថកិច្ច​​ការិយាល័យ​​ជំនាញ​​បាន​​កសាង​សំណុំរឿង​​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត ​ទាំង​ជនសង្ស័យ​​ និង​វត្ថុតាង​​​ ៕​

ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប អនុម័ត​​​តំបន់​​​ហាមហោះហើរ​នៅលីប៊ី​ និង​ឱ្យ​​​ធ្វើ​អន្តរាគមន៍​យោធា

Posted: 17 Mar 2011 08:16 PM PDT

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា អ ស ប
ពួកបះបោរលីប៊ី

ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​កាលពីថ្ងៃទី​​​​១៧ មីនា កន្លង​មក បាន​អនុម័ត​ដំណោះ​ស្រាយ​មួយ​ដែល​អនុញ្ញាត​​​ឱ្យ​មាន​​តំបន់​ហាម​ហោះហើរ​​នៅប្រទេស​លីប៊ី ហើយ​បាន​​អំពាវ​នាវ​ឱ្យ​ចាត់​វិធានការ​​ដែលចាំ​បាច់​​ដោយ​​រួម​​មាន​ទាំង​ការ​ប្រើកម្លាំង​ទ័ពផង​ ដើម្បី​ការពារ​ជន​ស៊ី​វិល ​ដែល​​កំពុង​​ស្ថិត​​ក្រោម​ការ​​គំរាម​កំហែង​វាយ​ប្រហារ​​នៅប្រទេស​​អាហ្វ្រិក​​ខាង​ជើង​មួយ​នេះ ។ ​ដំណោះស្រាយ​នេះ​​ត្រូវ​​បាន​​អនុម័ត​​ដោយ​​សំឡេង​ឆ្នោត​​គាំទ្រ​​ចំនួន​១០ ក្នុង​​​ចំណោម​​​១៥​ប្រទេស ​ជា​សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ ហើយ​ក្នុងនោះ​បោះ​អនុ​​ប្ប​វាទ​ដោយ​​​ប្រទេស​ជា​សមា​ជិក​​​ក្រុមប្រឹក្សា​​សន្តិសុខ​ចំនួន​​៥ គឺ​ប្រទេស​អង់​គ្លេស​ ចិន បារាំង រុស្ស៊ី និង​សហរដ្ឋអាមេ​រិក។
ក្រុមប្រឹក្សា​​សន្តិសុខ​​បានសម្រេច​ចិត្ត​​​​បង្កើត​​​កា​រហាម​ប្រាម​​សម្រាប់​​​ជើង​ហោះហើរ​​​ទាំង​អស់​នៅ​​​លំហ​អាកាស​របស់​ប្រទេស​លីប៊ី ដើម្បី​​ការ​ពារ​​ជន​ស៊ីវិល ។ ​ដំណោះស្រាយ​នេះ​ទាមទារ​​​ឱ្យ​​​​​បង្កើត​​បទ​ឈប់​បាញ់​គ្នា​​​បន្ទាន់មួយ ដើម្បី​បញ្ចប់​​អំពើ​ហិង្សា​​​ប្រឆាំង​ជនស៊ីវិល​។​
ដំណោះស្រាយ​ក៏​បង្កើន​ទណ្ឌ​កម្ម​ប្រឆាំង​​​ប្រទេស​លីប៊ីផងដែរ ​មានដូចជា​ការ​ផ្អិប​ទ្រព្យ​សម្បត្តិ​​​ធនាគារ​កណ្តាល​​របស់​លីប៊ី ​និង​ក្រុម​ហ៊ុន​​ប្រេង​ជាតិ​លីប៊ី ។​
អនុរដ្ឋ​មន្ត្រី​ការបរទេស​​លីប៊ី លោក Khaled Kaim ថ្លែង​ប្រាប់​​អ្នកកាសែត​​ក្នុងទីក្រុងទ្រីប៉ូលី ក្រោយ​​ពី​ការ​បោះឆ្នោត​​របស់ក្រុមប្រឹក្សា​​​ អ.ស.ប ថា ​ប្រទេស​លីប៊ី​​នឹងការពារ​​ជនស៊ី​វិល​​​ និង​​បូរណ​ភាពទឹកដី ហើយ​លោកបានអំពាវ​នាវ​​ដល់សហគមន៍​​អន្តរជាតិ​ឱ្យបញ្ជូន​​បេសក​កម្ម​ស្វែង​រក​ការ​ពិត​​ទៅកាន់​ប្រទេស​​លីប៊ី ៕

IAEA ៖ ស្ថាន​ការណ៍​នៅ​រោងចក្រ​​នុយ​ក្លេអ៊ែរហ្វូគូ​ស៊ីម៉ា​​របស់ជប៉ុន​​ពុំ​​ធ្ងន់ធ្ងរ​​​ពេក​ទេ

Posted: 17 Mar 2011 08:15 PM PDT

ទីតាំងមជ្ឈមណ្ឌលនុយក្លែអ៊ែរនៅហ្វូគូស៊ីម៉ា

ទីភ្នាក់​ងារ​​​​ថាមពល​បរមាណូ​អន្តរជាតិ IAEA និយាយ​ថា ​ស្ថានការណ៍​នៅ​រោងចក្រ​​​ថាមពល​នុយ​ក្លេ​អ៊ែរហ្វូគូ​ស៊ីម៉ា​របស់ប្រទេស​ជប៉ុននៅ​តែ​មានសភាពធ្ងន់​ធ្ងរនៅឡើយ ​ប៉ុន្តែ​​ហាក់ដូចជា​​ស្ថិត​ក្នុង​កម្រិត​​​​មាន​ស្ថិរភាព ។ ថ្លែង​នៅក្នុង​​សន្និសីទ​​កាសែត​មួយ​ស្តីអំពី​​បញ្ហា​​​នៅ​រោង​ចក្រ​​នុយក្លេអ៊ែរ​ជប៉ុន​ដែល​​រង​​ផល​ប៉ះពាល់​​ដោយ​​​សារ​ការរញ្ជួយដី​ដ៏ខ្លាំង​​កម្រិត​​​​៩​រីស្ទ័រ ​លោក Graham  Andrew ជាជំនួយ​​ការ​ជាន់​​ខ្ពស់​​របស់​ប្រធាន IAEA ថ្លែង​ថា ​ស្ថាន​ការណ៍​​​នៅ​រោងចក្រ​​​នុយ​ក្លេអ៊ែរ​​​ហ្វូគូ​ស៊ីម៉ា​​​របស់​ជប៉ុន កាលពី​​ថ្ងៃ​ម្សិល​មិញ​ពុំ​​​មាន​ភាព​ធ្ងន់​ធ្ងរ​​​នោះ​ទេ ។​
លោក Andrews ថ្លែងទៀត​ថា ម៉ាស៊ីន​រេ​អាក់ទ័រ​​លេខ​១ លេខ​២ និង​លេខ​៣ នៅ​រោង​ចក្រ​នុយក្លេអ៊ែរ​​​នោះស្ថិត​ក្នុង​​លក្ខខណ្ឌ​​​អស្ថិរ​ភាព ហើយ​គេ​កំពុង​​ចាក់ទឹក​លើ​ចង្ក្រាន​​រេអាក់ទ័រ​​ទាំង​​៣ ដើម្បីបញ្ចុះ​​កំដៅ​​​រេអាក់ទ័រ​ទាំង​នោះ ​ពីព្រោះ​​ចង្ក្រាន​​រេអាក់ទ័រ​​ទាំង​​៣​នេះមិន​មាន​ប្រព័ន្ធ​​​ត្រជាក់ទេ ។​
ប៉ុន្តែ​លោក Andrews គូសបញ្ជាក់​ថា ស្ថាន​ការណ៍​​​​នៅម៉ាស៊ីន​​​រេអាក់ទ័រ​​លេខ​៤ របស់​រោង​ចក្រ​​នោះ នៅមិនទាន់ដឹង​ច្បាស់​នៅឡើយ​​ទេ ហើយ​​លោកបាន​សម្តែង​​ការព្រួយបារម្ភ​​យ៉ាង​ខ្លាំង ៕

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​២២ប្រទេស​ដែល​មាន​ជំងឺ​របេង​ធ្ងន់​ធ្ងរ

Posted: 17 Mar 2011 08:10 PM PDT

របាយ​ការណ៍​ស្តី​ពី​ជំងឺ​របេង​ឆ្នាំ​២០១០​របស់​ក្រសួង​សុខា​ភិ​បាល​បាន​ឱ្យ​ដឹង​ថា

រាជ​ធានី​ភ្នំពេញ​ ៖ របាយ​ការណ៍​ស្តី​ពី​ជំងឺ​របេង​ឆ្នាំ​២០១០​របស់​ក្រសួង​សុខា​ភិ​បាល​បាន​ឱ្យ​ដឹង​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​២២​ដែល​មាន​ជំងឺ​របេង​ធ្ងន់​ធ្ងរ​ក្នុង​ពិភព​លោក​។ ចំនួន​ករណី​របេង​បាន​កើន​ដល់​៤១.៦២៨នាក់​ ក្នុង​ឆ្នាំ​២០១០​ ហើយ​ជំងឺ​របេង​​ អេដស៍​ក៏​នៅ​តែ​​ជា​កង្វល់​ដ៏​ធំ​ធេង​សំរាប់​ប្រទេស​កម្ពុជា​។ ទិស​ដៅ​ជា​រួម​របស់​កម្ម​វិធី​ជាតិ​សំរាប់​ឆ្នាំ​២០១១-២០១៥​ គឺ​ធានា​​នូវ​សម​ធម៌​ និង​ការ​ទទួល​យក​បាន​នូវ​សេវា​របេង​ជា​សាកល​ប្រកប​ដោយ​គុណ​ភាព​​រក្សា​អត្រា​ជា​សះ​ស្បើយ​ជំងឺ​របេង​សួត​វិជ្ជ​មាន​​បេកា​ឱ្យ​លើស​ពី​៨៥​ភាគ​រយ​ និង​កាត់​បន្ថយ​ពាក់​កណ្តាល​នូវ​អត្រា​ប្រេ​វ៉ា​ឡង់​ និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​គ្រប់​សណ្ឋា​ន​ទាំង​អស់​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​សំរេច​គោល​ដៅ​អភិវឌ្ឍ​ន៍​សហ​ស្ស​វត្ស​នៅ​ឆ្នាំ​២០១៥​។

របាយ​ការណ៍​នោះ​ត្រូវ​បាន​គេផ្សព្វ​ផ្សាយ​នៅ​ក្នុង​សន្និ​បាត​ស្តី​ពី​ការ​ងារ​កំចាត់​រោគ​របេង​ប្រចាំ​ឆ្នាំ​លើក​ទី​១៦​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ និង​១៨ មីនា ក្រោម​អធិបតី​ភាព​លោក​សាស្ត្រា​ចារ្យ​អេង ហួត រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិ​បាល​។

លោក​អេង​ ហួត បាន​ថ្លែង​ថា ឆ្នាំ​២០១០ កម្ម​វិធី​ជាតិ​កំចាត់​រោគ​របេង​សំរេច​បាន​នូវ​សមិទ្ធ​ផល​ថ្មីៗ ​គួរ​ឱ្យ​កត់​សំគាល់​ថែម​ទៀត​​ដែល​មាន​​ជា​អាទិ៍​ ការ​រក្សា​​បាន​នូវ​អត្រា​ជា​សះ​ស្បើយ​​លើស​ពី​៨៥%​ អត្រា​ស្រាវ​ជ្រាវ​ករណី​ជំងឺ​របេង​សួត​វិជ្ជ​មាន​បេកា​បាន​៦៦% អត្រា​គ្រប​ដណ្តប់​សេវា​ដូតស៍​១០០%​នៅ​ថ្នាក់​មណ្ឌល​សុខ​ភាព​ និង​ពង្រីក​ដូត​ស៍​សហ​គមន៍​បាន​ដល់​៨៧%​នៅ​ចុង​ឆ្នាំ​២០១០​ ។ ជា​លទ្ធ​ផល​​នាំ​ឱ្យ​អត្រា​ឈឺ​ និង​អត្រា​ស្លាប់​ដោយ​សារ​​ជំងឺ​របេង​​មាន​ការ​ចុះ​ថយ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់​សំគាល់។​

ទន្ទឹម​នឹង​សមិទ្ធ​ផល​​ដែល​ទទួល​បាន​គួរ​ជា​ទីមោទនៈ​នេះ​ក៏​នៅ​មាន​ការ​លំបាក​មួយ​ចំនួន​ដែល​កម្ម​វិធី​ជាតិ​ត្រូវ​ពុះ​ពារ​ដើម្បី​មាន​លទ្ធ​ភាព​សំរេច​បាន​ទិស​ដៅ​ឆ្នាំ​២០១០​ និង​ឆ្នាំ​បន្ត​ក៏​ដូច​ជា​តម្រង់​ទិស​សំដៅ​សំរេច​បាន​គោល​ដៅ​អភិវឌ្ឍ​ន៍​សហ​ស្ស​វត្ស​នៅ​ដំណាច់​ឆ្នាំ​២០១៥​។ ការ​លំបាក​ទាំង​នោះ​មាន​ជា​អាទិ៍​ ការ​ដែល​អត្រា​​ប្រេ​វ៉ា​ឡង់​ និង​អាំង​ស៊ី​ដង់​នៃ​ជំងឺ​របេង​នៅ​ខ្ពស់​នៅ​ឡើយ​ ធន​ធាន​ដើម្បី​ធានា​ដំណើរ​ការ​នៃ​សេវា​ដូតស៍​ដែល​មាន​ស្រាប់​ដ៏​ច្រើន​កន្លែង​ បញ្ហា​ធានា​គុណ​ភាព ធន​ធាន​ដើម្បី​ពង្រីក​អន្តរា​គមន៍​ថ្មីៗ​ ដូច​ជា​ការ​ព្យា​បាល​​​ករណី​ជំងឺ​របេង​ស៊ាំនឹង​ថ្នាំ​ ការ​ថែ​ទាំ​ព្យា​បាល​ជំងឺ​របេង​កុមារ ការ​ពង្រឹង​ការ​ងារ​មន្ទីរ​ពិសោធន៍​ ព្រម​ទាំង​ការ​កសាង​សមត្ថ​ភាព និង​ការ​លើក​ទឹក​ចិត្ត​បុគ្គ​លិក​ជា​ដើម​។ ដើម្បី​សំរេច​បាន​ទិស​ដៅ​នេះ​ចាំ​បាច់​​យើង​ទាំង​អស់​គ្នា​ត្រូវ​សហ​ការ​ជំនះ​ដោះ​ស្រាយ​ឱ្យ​បាន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ដ៏​ធំ​នៃ​តម្រូវ​ការ​របស់​ប្រជា​រាស្ត្រ​ពាក់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​។

លោក​អេង ហួត ផ្តាំ​ដល់​​មន្ត្រី​សុខាភិ​បាល​​ទាំង​អស់​ពេល​ត្រឡប់​ទៅ​កាន់​មូល​ដ្ឋាន​រៀងៗ​ខ្លួន​វិញ​នាំ​គ្នា​បំពេញ​ការ​ខ្វះ​ខាត​ដែល​នៅ​សេស​សល់​ និង​បន្ត​ជំរុញ​​ការ​ងារ​ថ្មី​ឆ្នាំ​២០១១ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ថែម​ទៀត​។

លោករដ្ឋ​លេខា​ធិការ​លើក​ឡើង​ថា សំរាប់​ឆ្នាំ​២០១១​ចូរ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​​រក្សា​ឱ្យ​បាន​នូវ​អត្រា​ជា​សះ​ស្បើយ​លើស​ពី​៨៥%​ និង​ពិសេស​សំរេច​ការ​ស្រាវ​ជ្រាវ​ករណី​ជំងឺ​របេង​គ្រប់​សណ្ឋា​ន​ឱ្យ​បាន​យ៉ាង​តិច​៤០.០០០​ករណី​ស្រប​តាម​ទិស​ដៅ​ថ្មី​របស់​កម្ម​វិធី​ជាតិ​ និង​អន្តរ​ជាតិ​ ពោល​គឺ​ការ​ទទួល​បាន​សេវា​ជំងឺ​របេង​ជា​សកល​។ ការ​ងារ​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ពី​អាជ្ញា​ធរ និង​សហគមន៍​មូល​ដ្ឋាន​ ស្ថាប័ន​សុខា​ភិ​បាល​ពាក់​ព័ន្ធ​ផ្សេង​ទៀ​ត​ ព្រម​ទាំង​ស្ថាប័ន​មិន​មែន​សុខា​ភិ​បាល​ផ្សេង​ទៀត​ផង​ដែរ​​។ ត្រូវ​ជំរុញ​កសម្ម​ភាព​​ចលនា​កៀង​គរ​ធន​ធាន​បន្ថែម​ឱ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​អនុវត្ត​ផែន​ការយុទ្ធ​សាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ឆ្នាំ​២០១១-២០១៥​ឱ្យ​បាន​ជោគ​ជ័យ ៕

លោក​ឧបការី​រង​រដ្ឋ​មន្ត្រី​​ការបរទេស​​អាមេរិកនឹង​ជួប​ពិភាក្សា​​​បញ្ហា​បំណុល​ជា​មួយ​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច

Posted: 17 Mar 2011 07:28 PM PDT

ជំនួប​រវាង​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ជាមួយ​​លោក Joseph Yun ឧបការី​រង​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ទី​​១៨ មីនា នេះដែរ ​ឧបការី​​​រង​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក  លោក Joseph Yun នឹងធ្វើ​​ការ​ពិភាក្សា​​ជា​មួយ​រដ្ឋ​​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ស្តីពី​បញ្ហា​ដែល​​កម្ពុជា​បាន​ជំពាក់​បំណុល​​អាមេរិក​ក្នុង​​រជ្ជ​កាល​​​របស់​លោក​​​សេនា​ប្រមុខ​​លន់ នល់ ។ នេះ​បើ​យោង​តាម​​លោក​កុយ គួង ​អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​កម្ពុជា ដែលថ្លែង​​ប្រាប់​​​ក្រុម​អ្នក​​កាសែត​​នៅក្រោយ​​​ជំនួប​រវាង​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​បរទេស​កម្ពុជា ​​ជាមួយ​​លោក Joseph Yun ឧបការី​រង​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក ​ធ្វើឡើង​​នៅទីស្តីការ​​ក្រសួង​​ការបរទេស​​កាលពី​ថ្ងៃទី​​១៧ មីនា ។​

នៅក្នុងជំនួប​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មីនា ​ម្សិល​មិញ​នេះ បើតាម​​​អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​កម្ពុជា លោក​កុយ គួង បាន​បញ្ជាក់​​ឱ្យ​​ដឹង​ថា ​លោកប្រមុខ​​ការទូត​ហោ ណាំហុង បានលើក​​សំណើ​របស់​កម្ពុជា​ឱ្យ​អាមេរិក​​​គិតគូរ​ពី រឿង​​បំណុល​ឡើងវិញ ។ ដោយភាគី​កម្ពុជា​សុំ​ឱ្យ​​អាមេរិក​គិត​ការ​​ប្រាក់លើបំណុល​ពី​​​៣%​ក្នុង​មួយ​ឆ្នាំ ​មក​នៅត្រឹម​​ការប្រាក់​​១%​វិញ និង​ស្នើ​សុំ​​ឱ្យ​អាមេរិក​​​​បង្វិល​​បំណុល​​​៧០% ទៅគម្រោង​​អភិវឌ្ឍន៍​​នៅក្នុងប្រទេស​កម្ពុជា​ ហើយនៅ​សល់​​​៣០% ​រដ្ឋាភិបាល​កម្ពុជា​​​នឹង​ធ្វើការ​​ចរចា​ដើម្បី​សង​ទៅ​អាមេរិកវិញ ។ លោកកុយ គួង ​​បានបន្ត​ថា ​បំណុល​ជាក់ស្តែង​​ដែល​កម្ពុជា​​​ជំពាក់អាមេរិក​​ក្នុងសម័យ​លន់​ នល់ គិតគូរ​ឱ្យ​​​​បានម៉ត់​ចត់​​ក្នុង​ឆ្នាំ​​២០០៥ ​​មាន​ចំនួនតែ​​​១៦២​លានដុល្លារ​ប៉ុណ្ណោះ ​​តែ​អាមេរិក​​​គិត​ពីការប្រាក់​​​៣% ក្នុងមួយឆ្នាំ ​ហើយបូក​បញ្ចូល​អ្វី​ផ្សេងៗ​ទៀត ​អាច​ឡើង​ដល់​ជាង​​៣០០លានដុល្លារ ៕​

អនាគត​កូន​កំលោះកូន​ក្រមុំ វិលត្រឡប់​ពី​សុំ​ច្បាប់​រៀប​ការ ជួប​គ្រោះ​អកុសល​ស្លាប់​និង​របួស

Posted: 17 Mar 2011 07:24 PM PDT

ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​
ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​
ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​
សពនាងជាម្តាយមីង
សពក្មេងស្រី​តូច​ជាក្មួយ​​​អាយុ​២ឆ្នាំ
ម្តាយសពក្មេងស្រី​តូច​​​​អាយុ​២ឆ្នាំ

ខេត្តសៀមរាប ៖ ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​បណ្តាល​ឱ្យ​នារី​អនាគតកូន​ក្រមុំ​ និង​ក្មួយ​​ស្រី​តូច​អាយុ​២ឆ្នាំស្លាប់ ​ចំណែក​អនា​គត​កូនកំលោះ​បានរងរបួស​ធ្ងន់ ក្នុង​ហេតុ​ការណ៍​​​ម៉ូតូ​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ ២០០៨ មួយគ្រឿង ត្រូវ​រថយន្ត​​ឈ្នួល​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ពង​មាន់​ពាក់ស្លាក​លេខ​ 2K-9801 បុក​​នៅវេលាម៉ោង​​ប្រមាណ១ និង​២០នាទី ​រសៀល​ថ្ងៃទី១៦ មីនា កន្លងទៅនេះ ។

តាម​ប្រភព​ពីកន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​ដែលស្លាប់​ឈ្មោះ​បិញ សុថា អាយុ​២២ឆ្នាំ ​ជា​អនា​គត​កូនក្រមុំ និង​ក្មេង​ស្រី​មិន​ស្គាល់​​ឈ្មោះ​អាយុ​២ឆ្នាំ ត្រូវ​ជាក្មួយ​ជា​អ្នក​រស់​នៅ​ឃុំដូនកែវ ​ស្រុកពួក ខេត្ត​សៀមរាប ។ ​គ្រោះថ្នាក់​ចរា​ចរណ៍នេះកើតឡើង​ ខណៈ​ពេល ដែលនាងក្រមុំ​​ឈ្មោះបិញ សុថា ​អាយុ​២២​ឆ្នាំ នោះ​បានជិះ​ម៉ូតូ​​ដែល​យុវ​ជនជា​គូ​ដណ្តឹង​​​ឈ្មោះ ឆែម ​ឈឿត ជាអ្នកបើកបត់ចេញ​ពីក្នុង​ផ្លូវ​​បំបែក​ក្រវាត់​ក្រុងឡើង​មក​ទ្រូងថ្នល់​ ។ ជា​អកុសល​ចៃដន្យ ​ក៏​ត្រូវរថយន្ត​តាក់ស៊ី​ធុន​ឆ្លាម​ខាងលើ ដែលមានផ្ទុក​អ្នកដំណើរ​ចំនួន​៧​នាក់ និង​បើក​​​ក្នុង​ល្បឿន​លឿន​ពីលិច​ទៅ​កើត​សំដៅ​ចូល​ក្រុង​សៀម​រាប បុក​ពេញ​ទំហឹង​ប៉ើង​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ​។ ក្នុងហេតុ​ការណ៍​ខាង​លើ​នេះ បណ្តាល​ឱ្យ​នារី​ជា​អនាគត​កូន​ក្រមុំ​ និង​ក្មួយ​ស្រី​អាយុ​២ឆ្នាំ​របស់​នាង​​ដែលជិះ​ពីក្រោយ​​ផ្លោង​ធ្លាក់បោក​ក្បាលស្លាប់ រីឯយុវជន​ជាគូ​ដណ្តឹង​​ និង​ជា​អនាគតកូនកំលោះរង​របួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូនទៅសង្គ្រោះបន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ។​

ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្ត​​បានគេចខ្លួនបាត់ បន្សល់ទុកតែ​ការ​ភ្ញាក់ផ្អើល​​នៅកន្លែងកើតហេតុ​ ។ សាកសពជន​រង​គ្រោះ​ត្រូវ​បានសមត្ថ​កិច្ច​ប៉ូលិស​ចរាចរផ្លូវគោក​ប្រគល់​​ឱ្យ​ក្រុមគ្រួសារយកទៅធ្វើ​បុណ្យ​តាម​ទំនៀម​ទំលាប់​ប្រពៃណី ឯ​រថយន្ត​និង​ម៉ូតូ​​ត្រូវ​បាន​យក​ទៅរក្សា​ទុក​បណ្តោះ​អាសន្ននៅ​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​ ក្នុងហេតុការណ៍នេះដែរ អ្នកដំណើរ​ដែលជិះ​ក្នុងរថយន្ត​ឈ្នួលនោះ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។​​ តាមប្រភពព័ត៌​មាន​បានឱ្យ​ដឹង​ថា ទាំង​អនា​គត​កូនកម្លោះ​ និងកូនក្រមុំនេះ​គឺ​ទើបតែ​វិល​ត្រឡប់​មកពី​សុំច្បាប់​រៀប​អាពាហ៍​ពិពាហ៍​ពី​សាលា​ឃុំ ៕

រំលែក​ទុក្ខ​ចំពោះ​មិត្ដ​ជប៉ុន ស្ថានទូត​ជប៉ុន​អនុញ្ញាត​ដល់​សាធារណជន​កម្ពុជា​ចូល​សំដែង​សមានចិត្ត

Posted: 17 Mar 2011 07:20 PM PDT

ឧទ្ធម្ភាគចក្រដួសយកទឹកក្នុងសមុទ្រទៅស្រោចចង្ក្រាន​រ៉េអាក់ទ័រ​កុំឱ្យក្តៅខ្លាំង​
មជ្ឈមណ្ឌលនុយក្លេអ៊ែរដែលមានបញ្ហា​ដោយការធ្លាយជាតិវិទ្យុសកម្ម​ធ្វើឱ្យមានការភ័យខ្លាច
ក្រុមអ្នករុករកធ្វើការជួយសង្គ្រោះ​អ្នកដែល​កប់ក្នុង​គំនរបាក់បែក​មុន​អាកាសធាតុ​ត្រជាក់ចូលមកដល់
នៅកន្លែងមេត្រូក្រុងតូក្យូ​ដែលធ្លាប់តែមាន​មនុស្សកុះករ​បែរជាស្ងាត់​ជ្រងំ​ព្រោះមនុស្សនៅតែក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ ស្ថាន​​ទូត​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​​នៅ​ថ្ងៃ​ទី​១៦ មីនា កន្លង​​ទៅ​នេះ ទាក់​ទិន​នឹង​គ្រោះ​មហន្ត​រាយ​​ដោយ​ការ​រញ្ជួយ​ និង​​រលក​យក្ស​ស៊ូណាមី​ដែល​បាន​បណ្តាល​​ឱ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ​មក​​លើ​ប្រទេស​​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ មីនា ​កន្លង​មក​នេះ ។ ក្នុង​មនោ​សញ្ចេត​នា​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់ គឺ​មាន​ការ​រន្ធត់​ក្នុង​ចិត្ត​ជា​ពន់​ពេក​ចំពោះ​ការ​រង​គ្រោះ​​ដ៏​ធំ​ធេង​​នៅ​ប្រទេស​​ជប៉ុន​ដែល​ជា​​កល្យាណ​មិត្ត​​ដ៏​ល្អ​គ្មាន​២​របស់​កម្ពុជា ។ ​ទឹក​ភ្នែក​​ និង​ការ​ទួញ​សោក​របស់​ប្រជា​ជន​​ជប៉ុន​ ក៏​​ជាទឹក​ភ្នែក​របស់​ប្រជា​ជន​កម្ពុជា​​ដែរ ។

យោង​​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បាន​សរសេរ​ថា ​ស្ថាន​ទូត​ជប៉ុន​​បាន​អនុ​ញ្ញាត​ឱ្យ​សាធា​រណ​ជន​ចូល​រួម​សរសេរ​ក្នុង​សៀវ​​ភៅ​​រំលែក​ទុក្ខ​​នៅ​ស្ថាន​ទូត​ជប៉ុន​ ដែល​មាន​អាសយ​ដ្ឋាន​​លេខ​១៩៤ មហា​វិថី​ព្រះ​នរោត្តម តាម​ពេល​វេលា​គឺ​​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​១៨ មីនា និង​ថ្ងៃ​ទី​២១ ដល់​២៣​ មីនា ​​ចាប់​ពី​ម៉ោង​១០​ដល់​ម៉ោង​១២ និង​ពី​ម៉ោង​១៤​ដល់​ម៉ោង​១៦ ។

សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បន្ត​ថា ​ស្ថាន​ទូត​ជប៉ុន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជា​ជន​កម្ពុជា​ដែល​បាន​ចូល​រួម​មរណៈ​ទុក្ខ​ និង​សន្តាន​ចិត្ត​​ក្នុង​ការ​ផ្តល់​​​នូវ​ការ​បរិច្ចាគ​ជា​ថវិកា​ និង​ផ្កា​​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​​​គ្រោះ​មហន្ត​រាយ​​នេះ ។ ចំនួន​នៃ​ការ​ខូច​ខាត​ ការ​ស្លាប់ និង​ការ​រង​ទុក្ខ គឺ​មិន​អាច​កាត់​ថ្លៃ​បាន ។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទឹក​ចិត្ត​ដ៏​កក់​ក្តៅ​ និង​សប្បុរស​​ធម៌​​របស់​ប្រជា​​ជន​កម្ពុជា​ក៏​ដូច​ជា​ប្រជា​ជាតិ​​ផ្សេង​ទៀត​ជា​ច្រើន​ ជា​ក​ម្លាំង​ជំរុញ​ទឹក​ចិត្ត​ប្រជាជន​​ជប៉ុន​​ឱ្យ​កសាង​ឡើង​វិញ នូវ​តំបន់​ដែល​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ ។ ជា​រួម​ សមាន​​ចិត្ត​​ប្រជា​ជន​កម្ពុជា​ គឺ​ជា​​ការ​បួង​សួង​សូម​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ទាំង​មូល ​ជួយ​ដល់​ប្រជា​​ជាតិ​ជប៉ុន​​ឱ្យ​ឆ្លង​ផុត​គ្រោះ​​អាក្រក់​​នេះ​ឱ្យ​បាន​ឆាប់​ ហើយ​សង្ឃឹម​ថា ​ការ​នាំ​គ្នា​​ជូត​ទឹក​ភ្នែក​​ចំពោះ​​ប្រជា​ជាតិ​​ជប៉ុន គឺ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​​ដ៏​​បរិ​សុទ្ធ​​មួយ​ក្នុង​នាម​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​បំផុត​នេះ ។

  • ជប៉ុនប្រើ​​ឧទ្ធម្ភាគចក្រ​​​ទម្លាក់​ទឹក​​បញ្ចុះ​​កំដៅ​ម៉ាស៊ីន​​រេអាក់ទ័រ​នៅ​រោងចក្រ​​នុយ​ក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា​

កងទ័ពជប៉ុន​​កាលពីព្រឹកថ្ងៃទី​​១៧ មីនា បាន​ប្រើ​ឧទ្ធម្ភាគចក្រ​​​​ទម្លាក់​ទឹក​​បញ្ចុះ​​កំដៅ​ចង្ក្រាន​​រេ​អាក់ទ័រ ដើម្បីបញ្ចៀស​​គ្រោះ​មហន្តរាយ​​​នុយ​ក្លេ​អ៊ែរ​​នៅរោងចក្រ​​ថាមពល​នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ​ដែល​មានការ​​ផ្ទុះឆេះ​ដោយ​សារ​ការរញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​​៩​រីស្ទ័រ ​បង្ក​ឱ្យ​កើត​​មាន​រលក​​យក្ស​ស៊ូណាមី ដែល​វាយប្រហារ​​ភាគ​ឦសាន​ប្រទេស​ជប៉ុន ​កាលពីថ្ងៃទី​​​១១ មីនា កន្លង​មក ។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ និងម្ចាស់​រោងចក្រ​​នុយ​ក្លេអ៊ែរ​​នោះនិយាយ​ថា ​ការបញ្ចុះ​​​កំដៅ​ម៉ាស៊ីន​រេ​អាក់​ទ័រទី​​​៣ និងទី​​​៤ ជា​អាទិ​ភាព​​ចំបង​មួយ ។​ ជាមួយគ្នានេះ រដ្ឋ​មន្ត្រី​​ការពារ​ប្រទេសជប៉ុន លោក Toshimi Kitazawa និង​​លោក​នាយក​រដ្ឋ​មន្ត្រី​​ណា​អូតូ កាន ថ្លែង​ថា ​​បាន​សម្រេច​ចិត្ត​​រួចហើយ​ក្នុង​ការ​ដោះស្រាយ​​វិបត្តិ បើទោះបីជា​មានការ​ព្រួយបារម្ភ​​អំពីកម្ម​ករ​​​អាច​រង​ប៉ះពាល់​​ដោយវិទ្យុ​សកម្មក៏​ដោយ ។​ លោក​ Kitazawa ថ្លែង​​ប្រាប់​អ្នក​​កាសែត​ថា ​​យើង​មិន​​​អាច​ពន្យារ​ពេល​​​បេសក​កម្ម​​​របស់​យើង​​បានទេ ។​

កងទ័ព​ជប៉ុន​បាន​​ប្រើ​ឧទ្ធម្ភាគចក្រ​​​​ជា​ច្រើន​គ្រឿង​​ទម្លាក់​ទឹក​​លើ​​ចង្ក្រាន​​រេអាក់ទ័រ​ ដើម្បី​​បញ្ចុះ​កំដៅ​​នៅម៉ាស៊ីន​រេអាក់ទ័រ​ទី​៣ ដោយ​​ហោះហើរ​​ឆ្លងកាត់​​​៤លើក ​រយៈ​ពេល​​ជិត​២០នាទី រួច​ទម្លាក់ទឹក​​សមុទ្រ​​៧,៥​តោន ក្នុង​ការហោះ​ហើរ​​​​ឆ្លង​កាត់​​មួយលើក ។​ លោក Kitazawa ថ្លែង​ថា ​រថយន្ត​កាំមីញ៉ុង​​ដែលបំពាក់​ដោយ​​កាណុង​បាញ់ទឹក​​ពិសេស​​១១​គ្រឿង ​នឹង​ត្រូវ​​បញ្ជូន​​ទៅកាន់​រោងចក្រ​​នុយក្លេ​អ៊ែរ​​នោះ ដើម្បី​បាញ់ទឹក​​ដាក់ចង្ក្រាន​​រេអាក់ទ័រ​​ទី​​៣ ។​ ដោយ​ឡែក​​កាល​​ពីថ្ងៃទី​​​១៧ មីនា ផងដែរ ​វិស្វករ​មួយក្រុម​មាន​​ផែនការ​ស្តារ​ថាមពល​​នៅ​រោងចក្រ​​នុយក្លេអ៊ែរហ្វូគូ​ស៊ីម៉ាឡើងវិញ ​ដោយ​ប្រើ​​បណ្តាញ​ថាមពល​ពីខាង​ក្រៅ ។

  • សភាពការណ៍​នៅតែ​​គ្រោះថ្នាក់​​​​ឯ​មជ្ឈ មណ្ឌលនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​​ តែបញ្ហា​វិទ្យុ​សកម្ម​​​ចុះ​ថយ​

ប្រឈមមុខនឹង​ការ​គ្មាន​​លទ្ធភាព​បញ្ឈប់​​គ្រោះ​មហន្តរាយ​​ដែលកំពុង​កើតមាននៅ​​ឯ​មជ្ឈ​មណ្ឌល​​នុយក្លេ​អ៊ែរ​​ភាគខាងជើង​ជប៉ុន មនុស្ស​ប្រមាណ​​ជា​​១៤០.០០០​នាក់ ត្រូវ​បង្ខំ​ចិត្ត​​រស់​នៅ​​ជាប់​​តែ​​ក្នុងផ្ទះ ។ ​ម្យ៉ាង​ទៀត​​វាជា​ប្រវត្តិសាស្ត្រ​​​ដែល​ព្រះចៅ​​អធិរាជ​​ជប៉ុន អាគីហ៊ី​តូ ទ្រង់​ថ្លែង​​ទៅ​កាន់​​​ប្រជាជន​​ជប៉ុន​​​ដែលនោះ​បញ្ជាក់ពី​ទំហំ​​ធំធេង​​នៃគ្រោះ​មហន្តរាយ​​លើក​នេះ ព្រោះ​ព្រះអង្គ​​​កម្រធ្វើ​​អន្តរាគមន៍​​បែបនេះណាស់ ។​ យោង​តាមទីភ្នាក់ងារ​​សន្តិសុខ​​នុយ​ក្លេអ៊ែរ​​ជប៉ុន​ថា កម្រិត​វិទ្យុ​សកម្ម​​បានថយ​ចុះ​​​បន្តិច​ម្តងៗ ​នៅ​ឯ​​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដាយអ៊ីជី។ ​កម្រិត​វិទ្យុ​​សកម្ម​​បានធ្លាក់​ចុះ​ពី​​ 752 MICROSTEVETRS ​ក្នុង​​​មួយម៉ោង​​កាលពីថ្ងៃទី​​​១៦ មីនា ​មក​នៅ​​ត្រឹម​​​​ 338 MICROSIE-VERTS ​នាព្រឹក​ថ្ងៃទី​​១៧ មីនា ។ នេះជា​កម្រិត​​​មួយខ្ពស់​​ជា​ងធម្មតា ​ក៏ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ឡើយ ។​

វិបត្តិ​នុយ​ក្លេអ៊ែរ​​​គំរាម​​កំហែង​​ដល់ការ​បាត់​បង់​​ការត្រួត​​ត្រា​នៅ​​ជប៉ុន ។ ​ភ្លើង​ឆេះ​ថ្មី​កើត​មាន​​នៅ​រេអាក់ទ័រ​ទី​​៤​នៃមជ្ឈមណ្ឌល​​​ហ្វូគូ​ស៊ីម៉ា ​ដាយ​​អ៊ីជី ​ដែលរង​ការ​​​បំផ្លាញ​​កាលពី​​៥ថ្ងៃ​​មុន ដោយ​​ការ​រញ្ជួយដី​ និងស៊ូណាមី ។ ​បុគ្គលិក​មជ្ឈមណ្ឌល​​នេះត្រូវ​ជម្លៀស​ចេញពីទីតាំង​រយៈ​ពេល​​១ម៉ោង​​នាព្រឹក​​​​ថ្ងៃទី​១៦ មីនា ​មកពី​កម្រិត​វិទ្យុស​កកម្ម​​ឡើងខ្ពស់ ។ វិទ្យុស​កម្ម​នេះ​មាន​ខ្ពស់​​បំផុត​រហូត​ដល់​​ឧទ្ធម្ភាគចក្រ​​របស់​កង​ទ័ព​​ពុំ​អាច​ហោះ​ពីលើ ដើម្បី​​ស្រោចទឹក​​លើ​​រេអាក់ទ័រ​ទី​៣ ដែលជាការ​ព្រួយបារម្ភ​​របស់អាជ្ញាធរ ។ ​ប៉ូលិស​​ចង់ប្រើ​ប្រាស់​​​កាណុង​​បាញ់ទឹក​​ ដើម្បី​​​ធ្វើ​ឱ្យ​​​ទីតាំង​​ត្រជាក់ ។ ​នាយប់ថ្ងៃទី​​​១៦ មីនា ​សភាពការណ៍​​នៅតែគ្រោះថ្នាក់​ ទឹកក្នុងអាង​ស្តុក​របស់​រេអាក់​ទ័រ​​​ទី​​៤ត្រូវ​ហួតអស់ ហើយ​​​ញ៉ាំង​ឱ្យវិទ្យុស​កម្ម​កាន់តែ​​​ឡើងខ្ពស់ ។ ​និយោជិត​​​១៨០​នាក់ ​នៅ​ធ្វើ​ការ​ក្នុង​ទីតាំង​​​មានគ្រោះ​​​មហន្តរាយ​​នៅឡើយ ។ ក្នុង​តំបន់​​​ក្បែ​រទីតាំង​​នេះ ​ប្រជាជនប្រមាណ​ជា​​​១៤០.០០០​នាក់ ត្រូវស្នើ​​ឱ្យស្ថិត​នៅ​​​តែក្នុងផ្ទះ​​កុំ​ចេញ​​ក្រៅ ។ ជាព័ត៌​មាន​​​ល្អ​មួយ​ ព្រោះ​​រហូតមក​ទល់ពេល​នេះ ខ្យល់​នៅ​ពីលើ​​​មជ្ឈមណ្ឌល​ហ្វូគូស៊ីម៉ា ​បាន​រុញ​ធូលី​​វិទ្យុ​សកម្ម​​ឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក​ ហើយ​កម្រិត​​វិទ្យុសកម្ម​​​នៅក្រុងតូក្យូ​​បាន​ធ្លាក់​​​មក​នៅស្ទើរ​​តែ​​ដល់​កម្រិត​ធម្មតា​​វិញ ។​
ក្នុងព្រះ​រាជ​​​សង្កថា​មួយតាមទូរទស្សន៍​​ ព្រះចៅ​​អធិរា​ជ​​ជប៉ុនទ្រង់​​សម្តែង​​​ព្រះ​រាជ​ហឫទ័យ​ព្រួយបារម្ភ​​​យ៉ាងខ្លាំង​​ចំពោះ​សភាពការណ៍​​ដែល​នឹកស្មានមិន​ដល់​​ ។

  • ទី​ក្រុង​មួយ​ទៀត​របស់​ជប៉ុន​រាយការណ៍​ ពី​មនុស្ស​បាត់​ខ្លួន​១ម៉ឺន​នាក់​

ទី​ក្រុង​អ៊ី​ស៊ី​ណូ​ម៉ា​គី​ មាន​ប្រជា​ជន​១៦.០០០​នាក់​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​រង​ការ​បំផ្លាញ​ខ្ទេច​ដោយ​​រលក​យក្ស​ស៊ូ​ណា​មី។ ទី​ក្រុង​នោះ​ជា​ទី​ក្រុង​​ទី​២ ដែល​រាយ​ការណ៍​ពី​មនុស្ស​បាត់​ខ្លួន​១០.០០០​នាក់​។​ បន្ទាប់​ពី​ទី​ក្រុង​មី​ណា​មី សាន់​រី​គូ​ ទីក្រុង​អ៊ីស៊ី​ណូ​ម៉ា​គី​ ជាទី​ក្រុង​ទី​២​ស្ថិត​នៅ​ជាប់​ឆ្នេរ​សមុទ្រ​​ជំរឿន​ឃើញអ្នក​​បាត់​ខ្លួន​១០.០០០​នាក់​ក្នុង​ចំណោម​ប្រជា​ជន​១៦.០០០​នាក់​របស់​ក្រុង​នេះ​មុន​ពេល​មាន​​គ្រោះ​មហន្ត​រាយ​។ ទី​ក្រុង​មី​ណា​មី​ សាន់​រី​គូ និង​ទី​ក្រុង​អ៊ីស៊ី​ណូ​ម៉ា​គី ស្ថិត​ក្នុង​តំបន់​មី​យ៉ា​ហ្ស៊ី ជា​ខេត្ត​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​ដែល​មាន​មនុស្ស​​ស្លាប់​ច្រើន​បំផុត​។

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​របស់​ប៉ូលិស​ជប៉ុន​ថា ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​បណ្តាល​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ដែល​ជំរឿន​ឃើញ​ឡើង​ដល់​៥.១៧៨នាក់ ហើយ​មនុស្ស​២​.២៨២​នាក់​រង​របួស។ អាជ្ញា​ធរ​គិត​ថា ចំនួន​អ្នក​ស្លាប់​នឹង​មាន​លើស​ពី​១០.០០០​នាក់​បើ​គិត​ពី​ចំនួន​​អ្នក​បាត់​ខ្លួន។​ នៅ​ទី​ក្រុង​តូ​ក្យូ​ដោយ​សារ​ខ្លាច​វិទ្យុ​សកម្ម​ហាង​ទំនិញ ​បារ​ឬ​ភោជនីយ​ដ្ឋាន​​ទាំង​ឡាយ​ដែល​តាម​ធម្ម​តា​មាន​មនុស្ស​ច្រើន​កុះ​ករ​បែរ​ជា​ស្ងាត់​ជ្រងំ​។ សាលា​រៀន​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ​រួច​បណ្តា​សហ​គ្រាស​​ទុក​ឱ្យ​បណ្តា​និយោ​​ជិត​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​។ ការ​គំរាម​កំហែង​ដោយ​គ្រោះ​មហន្ត​រាយ​នុយ​ក្លេ​អ៊ែរ​ដែល​ប្រភព​ស្ថិត​នៅ​ចំងាយ​២៥០​គី​ឡូ​ម៉ែត្រ​​ពី​ក្រុង​តូ​ក្យូ​ធ្វើ​ឱ្យ​សង្កាត់​​មួយ​ចំនួន​នៃ​រដ្ឋ​ធានី​ជប៉ុន​ដែល​មាន​ប្រជា​ជន​ជាង​៣០​លាន​នាក់​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ស្ងាត់​។ អ្នក​ក្រុង​តូ​ក្យូ​មួយ​ចំនួន​បាន​នាំ​គ្នា​ចាក​ចេញ​ពី​រាជ​ធានី​។ គេ​សង្កេត​ឃើញ​មនុស្ស​​បន្ត​កន្ទុយ​គ្នា​នៅ​ព្រលាន​យន្ត​ហោះ​ចាំ​ទិញ​សំបុត្រ​យន្ត​ហោះ​។ មនុស្ស​ដទៃៗ​ទៀត​ទិញ​របស់​របរ​ស្តុក​ទុក​ក្នុង​ផ្ទះ​ ហើយ​សំងំ​មិន​ចេញ​ទៅ​ណា​។​

លោក​កា​ហ្ស៊ុយ​ស៊ី អារី​សា​វ៉ា អ្នក​រត់​តាក់​ស៊ី​ម្នាក់​ដែល​នៅ​រង់​ចាំ​ម៉ូយ​ចាប់​តាំង​ពី​ជាង​មួយ​ម៉ោង​​មក​ហើយ​ក្បែរ​អគារ​ខ្ពស់​មួយ​និយាយ​ថា ចូរ​មើល​ចុះ​ពុំ​មាន​រថ​យន្ត​រត់​ចុះ​ឡើង​ច្រើន​ដូច​កាល​ពី​មុន​ឡើយ​។ ប្រទេសបារាំង​​បាន​សំរេច​ចិត្ត​ធ្វើ​មាតុ​ភូមិ​និវត្តន៍​​និស្សិត​ និង​សាស្រា​ចារ្យ ព្រម​ទាំង​អ្នក​ស្រាវ​ជ្រាវ​​ទាំង​អស់​របស់​ខ្លួន​ដែល​មាន​វត្ត​មាន​​នៅ​ប្រទេស​​ជប៉ុន​​ដែល​មាន​សរុប​ប្រមាណ​ជា​៦០០​នាក់​។ សហ​គ្រាស​អាមេរិក​ផលិត​ថ្នាំ​អ៊ី​យ៉ូ​ឌៀរ​ដឺ​​ប៉ូតា​ស៊ី​យ៉ូម​គឺ​សហ​គ្រាស ANBEX កំពុង​តែ​អស់​ថ្នាំ​នេះ​ពី​ឃ្លាំង​ស្តុក​មក​ពី​សេចក្តី​ត្រូវ​ការ​ខ្ពស់​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​។ ការ​ទិញ​ថ្នាំ​​នេះ​ខ្លាំង​បំផុត ពិសេស​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហ​រដ្ឋ​អាមេរិក​ ហើយ​ក៏​មាន​សេចក្តី​ត្រូវ​ការ​ខ្ពស់​ពី​ជប៉ុន​ កូរ៉េ និង​ជា​ទូ​ទៅ​នៅ​អាស៊ី ។

  • ចំនួន​អ្នក​ស្លាប់​​កើន​ឡើង​​ជាង​៥​ពាន់​​នាក់ និង​បាត់​ខ្លួន​​យ៉ាង​​​តិច​​​៩​ពាន់​នាក់​នៅ​ជប៉ុន​

តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​​​បរទេស​​កាល​ពី​ថ្ងៃ​ទី​១៧ មីនា បាន​​ចុះ​ផ្សាយ​​ដោយ​​យោង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ NHK របស់​ជប៉ុន​ថា ចំនួន​​អ្នក​ស្លាប់​​បាត់​បង់​ជីវិត​​ជា​ចុង​​ក្រោយ​ពី​ហេតុ​ការណ៍​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​ដ៏​ខ្លាំង​ក្លា​នៅ​ភាគ​ឦសាន​ប្រទេស​​ជប៉ុន​ បាន​កើន​ឡើង​ដល់​​​៥.១៧៨​នាក់  និង​យ៉ាង​តិច​៩.០០០​នាក់​បាត់​ខ្លួន រួម​ទាំង​រង​របួស​២.២៨៥​នាក់ ។ ដោយ​ឡែក​​ នៅ​ខេត្ត​មីយ៉ាងី តែ​មួយ​​​មាន​អ្នក​ស្លាប់​​ចំនួន​២.២៤៤​នាក់ និង​២.៣៦២​នាក់​​បាត់​ខ្លួន ។ ​ចំណែក​​នៅ​ខេត្ត​អ៊ីវ៉ា​តេ ​មាន​អ្នក​ស្លាប់​​ចំនួន​១.៥៤៥​នាក់ និង​​៣.៨១៤​នាក់ បាត់​ខ្លួន​ ។ នៅ​ខេត្ត​ហ្វូ​គូ​ឈី​ម៉ា មាន​អ្នក​ស្លាប់​ចំនួន​៥៣៣​​​នាក់ និង​បាត់​ខ្លួន​២.៩១៩​នាក់ នៅ​ក្រុង​តូក្យូ មាន​អ្នក​​ស្លាប់​​ចំនួន​​៧​នាក់ និង​​ខេត្ត​អ៊ី​បា​រ៉ា​  គឺ​មាន​១៩​នាក់​​។ ក្រៅ​ពី​​អ្នក​ស្លាប់​​បាត់​បង់​ជីវិត​​​ ​នៅ​មាន​ប្រជា​ជន​ជាង​៣៤៤.០០០​នាក់​​ទៀត​ត្រូវ​​ភៀស​ខ្លួន​ទៅ​​កាន់​កន្លែង​​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​​ដែល​មាន​ប្រហែល​២.៤០០​​កន្លែង ។ ​ចំណែក​​ប្រជា​ជន​រស់​នៅ​ក្បែរ​រោង​ចក្រ​អគ្គិ​សនី​នុយ​ក្លេ​អ៊ែរ ហ្វូ​គូ​​ឈី​ម៉ា ដាយ​អ៊ីជី ដែល​ខូច​ខាត​ដោយ​សារ​​រញ្ជួយ​ដី​ បាន​ជម្លៀស​ទៅ​​កាន់​ខេត្ត​​នីអ៊ីង៉ា​តា និង​ខេត្ត​យ៉ាម៉ា​ង៉ា​តា ដែល​នៅ​ក្បែរ​​​គ្នា​ដើម្បី​​គេ​ច​ពី​គ្រោះ​​ថ្នាក់​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ រដ្ឋា​ភិបាល​ជប៉ុន បាន​ចាប់​​ផ្តើម​​បាញ់​ទឹក​ពី​ឧទ្ធម្ភា​គ​ចក្រ​ និង​រថយន្ត​​ទៅ​លើ​​ចង្ក្រាន​​រ៉េ​អាក់​ទ័រ​​លេខ​៣​ ​និង​លេខ​៤​ ដើម្បី​កាត់​បន្ថយ​សីតុណ្ហ​ភាព ។ ​ទោះ​ជា​យ៉ាង​ណា​​​រថភ្លើង​​ដែល​ចេញ​ទៅ​​ចំណត​​យន្ត​ហោះ​​ណា​រី​តា បើក​សេវា​កម្ម​ជា​ប្រក្រតី​ ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​​ទី​១៧-២១ មីនា ។

  • សមា​គម​ដឹក​​ជញ្ជូន​តាម​ផ្លូវ​អាកាស (IATA) បញ្ជាក់​ថា ​គ្រោះ​មហន្ត​រាយ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​​ហោះ​ហើរ

IATA បាន​បញ្ជាក់​​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ថា «ភាព​ជ្រួល​ច្របល់​​នៅ​ប្រទេ​ស​ជប៉ុន លីប៊ី និង​ប្រទេស​​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ជើង នឹង​ធ្វើ​ឱ្យ​​ការ​ធ្វើ​ដំណើរ​​ក្នុង​ភូមិ​ភាគ​នេះ​ធ្លាក់​ចុះ​ក្នុង​​រវាង​ខែ​កុម្ភៈ និង​​ខែ​មីនា» ។ សមា​គម​ដឹក​ជញ្ជូន​​តាម​ផ្លូវ​អាកាស​​​អន្តរ​ជាតិ បាន​​​ក្រើន​រំលឹក​ថា ខណៈ​ពេល​ទីផ្សារ​ហោះ​ហើរ​នៅ​ជប៉ុន​ ប្រហែល​៦-៧% ​នៃ​ការ​ធ្វើ​ដំណើរ​​ដោយ​សំបុត្រ​​យន្ត​ហោះ​​មាន​តម្លៃ​ខ្ពស់ ​ព្រោះ​​មាន​ការ​​រញ្ជួយ​ដី និង​ស៊ូ​ណា​មី ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក ​អាច​បង្ក​​ឱ្យ​មាន​​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ​​ដល់​​អ្នក​ធ្វើ​​ដំណើរ​ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!