VOA News: ព័ត៌មាន: “ប្រទេសកម្ពុជាសម្លឹងមើលការបង្កើនថាមពលអគ្គិសនី” plus 1 more |
ប្រទេសកម្ពុជាសម្លឹងមើលការបង្កើនថាមពលអគ្គិសនី Posted: 16 Mar 2011 03:27 PM PDT ប្រទេសកម្ពុជាត្រូវការវិនិយោគលើការបង្កើតថាមពលអគ្គិសនីនិងការតភ្ជាប់បណ្តាញពីប្រទេសជិតខាងដើម្បីបំពេញសេចក្តីត្រូវការកើនឡើងនៅក្នុងប្រទេស។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានបង្កើតគោលនយោបាយថាមពលដើម្បីធ្វើឱ្យតម្លៃអគ្គិសនីចុះថោកដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិរីកលូតលាស់និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ប៉ុន្តែអ្នកជំនួញបានផ្តល់យោបល់ថាគោលនយោបាយថាមពលតែមួយមុខមិនអាចសម្រេចទៅបានទេលុះត្រាតែរដ្ឋាភិបាលមានគោលនយោបាយឧបត្ថម្ភទុនសម្រាប់វិស័យកសិកម្ម។ ក្រុមមន្ត្រីកម្ពុជាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជានឹងវិនិយោគទឹកប្រាក់៥០០លានដុល្លារអាមេរិកសម្រាប់តភ្ជាប់បណ្តាញអគ្គិសនី ពីប្រទេសថៃ វៀតណាម និងឡាវដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេស។ អ្នកចូលរួមប្រមាណ៣០០នាក់មកពីរដ្ឋាភិបាល ផ្នែកវិនិយោគទុន សហគមន៍ស្រាវជ្រាវ អង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍អន្តរជាតិបានចូលរួមនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី៥។ លោក ហង់ ជួនណារ៉ុន ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជានិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងបទបង្ហាញនៅសន្និសីទក្នុងសណ្ឋាគារភ្នំពេញថាប្រទេសកម្ពុជាបានវិនិយោគទៅលើថាមពលអគ្គិសនីព្រោះវាជាបញ្ហាគន្លឹះសម្រាប់ជំរុញកំណើនខ្ពស់និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លោកសុខ ស៊ីផាន់ណា ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «តម្លៃភ្លើងអគ្គិសនីធ្លាក់ចុះ។ ខ្សែសង្វាក់សេដ្ឋកិច្ចមានការរីកចម្រើន ពីព្រោះសព្វថ្ងៃ យើងទទួលរងនូវតម្លៃភ្លើងអគ្គិសនីខ្ពស់។ អញ្ចឹង យើងមានបណ្តាញអគ្គិសនីមក។ តម្លៃភ្លើងអគ្គិសនីធ្លាក់ចុះ។ សូម្បីតែអ្នកកិនស្រូវក៏បន្ធូរតម្លៃដែរ ពីព្រោះតម្លៃកិនស្រូវថ្លៃលើអគ្គិសនី»។ គោលនយោបាយថាមពលអគ្គិសនីរបស់រដ្ឋាភិបាល គឺផ្តល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេសដោយតម្លៃសមហេតុផល និងសមល្មមនឹងចំណាយបាន ធានាការផ្គត់ផ្គង់ដែលអាចពឹងពាក់បាននិងដែលមានការធានាដោយតម្លៃសមហេតុផលដែលសម្រួលដល់ការវិនិយោគនៅកម្ពុជានិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើកទឹកចិត្តដល់ការរុករកនិងការអភិវឌ្ឍធនធានថាមពលដែលអាចទទួលយកបានតាមបែបសង្គមនិងបរិស្ថាន តម្រូវការសម្រាប់ផ្គត់ផ្គង់ដល់គ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចកម្ពុជា និងលើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលឱ្យបានផលល្អនិងធ្វើឱ្យផលប៉ះពាល់បរិស្ថានខូចខាតតិចបំផុត ដែលបានកើតចេញពីការប្រើប្រាស់និងការផ្គត់ផ្គង់ថាមពល។ លោកលី វណ្ណតារា អ្នកជំនួញស្រូវបាននិយាយថាលោកស្វាគមន៍គោលនយោបាយថាមពលរបស់រដ្ឋាភិបាលប៉ុន្តែគោលនយោបាយថាមពលតែមួយមុខមិនអាចសម្រេចដល់កំណើនខ្ពស់និងការអភិវឌ្ឍប្រកបដោយចីរភាពបានទេ។ រដ្ឋាភិបាលគួរតែមានគោលនយោបាយឧបត្ថម្ភទុនដល់វិស័យកសិកម្មដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកវិកទ័រ ហ្យូណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានបញ្ជាក់នៅក្នុងបទបង្ហាញថា គោលនយោបាយគោលដៅអគ្គិសនីសម្រាប់គ្រួសារនៅជនបទ៧០ភាគរយទទួលបានសេវាអគ្គិសនីប្រកបដោយគុណភាពប្រើនៅឆ្នាំ២០៣០ និង ១០០ភាគរយនៃភូមិទាំងអស់នៅឆ្នាំ២០២០។ លោកវិកទ័រ ហ្យូណា បានបន្តថាអត្រាកំណើនតម្រូវការអគ្គិសនីប្រចាំឆ្នាំនៅក្នុងប្រទេសមាន១៩ភាគរយខណៈដែលនៅក្នុងទីក្រុងភ្នំពេញអត្រាកំណើនតម្រូវការឡើងខ្ពស់ដល់២៥ភាគរយ។ មនុស្សម្នាក់ៗតម្រូវការអគ្គិសនីប្រចាំឆ្នាំបានកើនឡើង ពីជាង១៣៨គីឡូវ៉ាត់ម៉ោងនៅក្នុងឆ្នាំ២០០៩ដល់ជាង១៥៩គីឡូវ៉ាត់ម៉ោងនៅក្នុងឆ្នាំ២០១០។ លោក វិកទ័រ ហ្យូណា បានបញ្ជាក់ថាប្រទេសកម្ពុជាបាននាំចូលអគ្គិសនីពីប្រទេសឡាវ ថៃ និងវៀតណាមដោយមានកម្លាំងសរុប២២៥មេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០១០ដែលបានកើនឡើងប្រមាណ៤៨ភាគរយពីឆ្នាំ២០០៩៕ This posting includes an audio/video/photo media file: Download Now |
សភាកម្ពុជាបញ្ចប់អាណត្តិរបស់លោកសម រង្ស៊ី Posted: 16 Mar 2011 02:45 PM PDT រដ្ឋសភារបស់ប្រទេសកម្ពុជាបានប្រកាសថាលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏ធំមួយ បានបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមនីតិកាលទី៤នេះ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីតុលាការកំពូលបានប្រកាសសាលដីកាព្រហ្មទណ្ឌមួយឱ្យលោកសម រង្ស៊ី ជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងវៀតណាម។ ការប្រកាសលុបចោលសមាជិកសភាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី នេះ បានបង្កឲ្យមានការរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងធាក់ថយក្រោយ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍បានឲ្យដឹងថាដោយយោងទៅលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្រ្ត និងសាលដីកាព្រហ្មទណ្ឌលេខ៣២ ចុះនៅថ្ងៃទី០១ខែមិនា របស់តុលាការកំពូលលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានបាត់បង់ទាំងស្រុងនៅសិទ្ធិ បុព្វសិទ្ធិនិង សមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមនីតិកាលទី៤នេះ។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថាវិធានការនេះ នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះ។ លោកយឹម សុវណ្ណ បានមានប្រសាសន៍ទៀតថា រដ្ឋសភាកម្ពុជាទទួលឥទ្ធិពលពីប្រទេសជិតខាង។ លោកសុវណ្ណមានប្រសាសន៍បន្ថែមថា៖ «ជាទង្វើមួយ ដែលមានការមន្ទិលសង្ស័យហើយជាកំហុសឆ្គងមួយ ដែលយើងជាខ្មែរដូចគ្នា គួរណាមានឯកភាព សាមគ្គីក្នុងកាលៈទេសៈ ដែលប្រទេសយើងកំពុងទទួលរងការគំរាមកំហែងឈ្លានពានពីបណ្តាប្រទេសជិតខាង។ នេះមិនមែនជាគំរូល្អសម្រាប់ដាស់ស្មារតីស្នេហាជាតិបណ្តុះស្មារតីស្នេហាជាតិចំពោះយុវជនជំនាន់ក្រោយទេ»។ លោកស្រីឃួន សុដារី ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាបានមានប្រសាសន៍ថាតាមច្បាប់ស្តីពីលក្ខន្តិកៈរបស់រដ្ឋសភា លោកសម រង្ស៊ី ត្រូវដកហូត ពីសមាជិកភាពជាអ្នកតំណាងរាស្រ្តដោយស្វ័យប្រវត្តិ។ លោកស្រី បានមានប្រសាសន៍ទៀតថា រដ្ឋសភាកម្ពុជាមិនទទួលឥទ្ធិពលពីបរទេសទេ។ «ខ្ញុំអត់ដឹងដែរពីព្រោះចម្លែកអ្វីនៅក្នុងស្រុកខ្មែរយើងអនុវត្តច្បាប់ស្រុកខ្មែរមានទទួលឥទ្ធិពលពីអ្នកណា។ ឥឡូវយើងនៅក្នុងស្រុកខ្មែរយើងមិននៅក្នុងការអនុវត្តច្បាប់នៅស្រុកខ្មែរ។ ប្រទេសណាក៏ដូចគ្នាដែរ មានអ្វីចម្លែកទេ។ យើងប្រជាពលរដ្ឋខ្មែរ ទៅអនុវត្តច្បាប់អាមេរិកម៉េច?» តុលាការកំពូលកាលពីថ្ងៃទី០១ខែមីនាកន្លងទៅនេះបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលបានកាត់ទោសលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។ លោកកុល បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ដែលមានឈ្មោះថា Comfrel បានមានប្រសាសន៍ថាការបាត់បង់សមាជិកភាពសភាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី នេះអាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅមិនល្អមើលទេ។ លោកបានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី មិនបានប្រព្រឹត្តទោសកំហុសឧក្រិដ្ឋធ្ងន់ធ្ងរទេដែលករណីនេះគួរតែទុកឲ្យអ្នកបោះឆ្នោតជាអ្នកកាត់ក្តីល្អជាជាងតុលាការ។ «វាមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងររហូតដល់មានការធ្វើឲ្យមានមនុស្សស្លាប់អីណា។ នេះគ្រាន់តែជាការបញ្ចេញមតិខាងនយោបាយនៅពេលធ្វើសកម្មភាពបញ្ចេញមតិវាជ្រុលជ្រោះខ្លះអញ្ចឹង។ អាហ្នឹងទុកឲ្យអ្នកបោះឆ្នោតសម្រេចវិញ ថាតើបញ្ហាហ្នឹងមួយ អ្នកបោះឆ្នោតគេកាត់សេចក្តីយ៉ាងម៉េចពីព្រោះរឿងហ្នឹងយើងអាចយកមកជជែកគ្នាឃោសនាបោះឆ្នោត»។ លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូប បានយល់ឃើញថានៅក្នុងរយៈពេលខ្លីជីវិតនយោបាយរបស់លោកសម រង្ស៊ី នឹងមានការលំបាក។ ក៏ប៉ុន្តែលោកស្រីមានជំនឿថា នៅថ្ងៃអនាគតករណីរបស់លោកសម រង្ស៊ីអាចនឹងមានការសម្របសម្រួលផ្នែកនយោបាយ។ «នៅពេលខ្លីឬអនាគតវែង ប្រសិនណាបើមានការសម្របសម្រួលផ្នែកនយោបាយណាមួយរវាងតួអង្គឯកឧត្តមសម រង្ស៊ី ហើយនឹងអ្នកដឹកនាំគណបក្សប្រជាជនអាចប្រែស្ថានភាពមកឲ្យបានធូរស្រាលវិញ»។ លោកសម រង្ស៊ី បច្ចុប្បន្ននេះកំពុងស្នាក់នៅឯប្រទេសបារាំងត្រូវបានតុលាការនៃប្រទេសកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំនៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម និងក្លែងឯកសារសាធារណៈ។ ការកាត់ទោសលោកសម រង្ស៊ី ឲ្យជាប់ពន្ធនាគារត្រូវបានលោកកុល បញ្ញា មើលឃើញថាអាចនឹងធ្វើឲ្យជីវិតនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងនេះទទួលរងនូវផលប៉ះពាល់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |