|
- លោកកាដាហ្វីថា លោកនឹងឈ្នះ និងឱសានវាទចំពោះពួកបះបោរ
- មន្ត្រីប៉ូលិសបាញ់ក្បាលខ្លួនឯងស្លាប់ក្នុងថ្លុកឈាមនៅឯការិយាល័យរបស់ខ្លួន
- អាជ្ញាធរចុះត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុននាំពលករចេញទៅក្រៅប្រទេសថ្មីមួយទៀត
- ក្រុមហ៊ុនហាយហ្គ្រេដបើកសាខាថ្មីលក់បញ្ចុះតំលៃ10%
- ប៉េអឹមស្រុកម៉ាឡៃចាប់ខ្លួនជនម្នាក់ពីបទលក់ និងចែកចាយថ្នាំញៀន
- ព្រំដែនភាគខាងលិច ៖ ស្ថានភាពយោធាស្ងប់ស្ងាត់, អាកាសធាតុត្រជាក់, ភ្ញៀវចូលលេងកាស៊ីណូថយចុះ
- រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន នឹងចាកចេញពីតំណែងក្រោយឆ្នាំ2012
- ធ្លាក់យន្តហោះមួយគ្រឿងនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកស្លាប់5នាក់
- ជនកំហូចឃើញនាងចូលបន្ទប់ទឹកទៅអោបថើបសុំស្នេហ៍
- បញ្ជាក់ពីនិស្ស័យតាមរយៈការទទួលទានស៊ុត
- សភាពការណ៍នៅតែគ្រោះថ្នាក់ឯមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា តែវិទ្យុសកម្មចុះថយ
- ស្លាប់5នាក់ក្នុងការវាយលុកប្រឆាំងពួកបាតុករនៅក្នុងរាជធានីបារ៉ែន
- រថយន្ត TRITON បោលបុកជញ្ជាំងផ្ទះល្វែងទាំងព្រឹក
- ប្រមុខ អ.ស.ប ទទូចដល់ភាគីក្នុងជម្លោះនៅលីប៊ីទទួលយកបទឈប់បាញ់គ្នា
- អ្នកកាសែតអាមេរិក4នាក់បាត់ខ្លួននៅលីប៊ី
- ឃើញក្រមុំវៀតណាមសាច់សខ្ចីទ្រាំមិនបានឡើងចាប់រំលោភ
- ជនអន្ធពាលខឹងមេភូមិនិងមេប៉ុស្តិ៍ចាប់ខ្លួនរឿងលួចមាន់ជាប់គុកជាង១ឆ្នាំ ចេញមកវិញលួចកាំភ្លើងប្រុងបាញ់សម្លាប់សងសឹកត្រូវចាប់ខ្លួនម្តងទៀត
- ម៉ូតូបុករថយន្តវីហ្គោឆ្លងផ្លូវរបួស៣នាក់នៅសង្កាត់ស្វាយប៉ាក
- ធី វណ្ណនីដា កញ្ញាឯកលេខ2 កម្មវិធីយុវតារា2008ក្លាយជាតារា
- ការភ័យខ្លាចជុំវិញការសាយភាយវិទ្យុសកម្មនៅជប៉ុន
លោកកាដាហ្វីថា លោកនឹងឈ្នះ និងឱសានវាទចំពោះពួកបះបោរ Posted: 17 Mar 2011 12:21 AM PDT ក្នុងបទសម្ភាសន៍មួយជាមួយកាសែតបារាំង LE FIGARO មេដឹកនាំលីប៊ីបដិសេធមិនព្រមចាកចេញពីអំណាច។ ក្នុងបទសម្ភាសន៍នោះ លោកកាដាហ្វីអះអាងថា មានការរួមគំនិតមួយប្រឆាំងប្រជាជនលីប៊ី។ លោកអះអាងថា ទោះបីជាមានការរួមគំនិតបែបនេះទាំងពីចក្រពត្តិនិយមឬទាំងពីអាល់កៃដា ប្រជាជនលីប៊ីត្រូវកំទេចការរួមគំនិតនោះ។ ពេលសួរលោកថា តើត្រូវការពេលវេលាប៉ុន្មានទៀតដើម្បីដណ្តើមការត្រួតត្រាប្រទេសទាំងមូលឡើងវិញ លោកកាដាហ្វីថ្លែងថា ប្រសិនបើគេប្រើកំលាំងនោះតែមួយថ្ងៃប៉ុណ្ណោះវាគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែទិសដៅរបស់យើងគឺកំទេចបន្តិចម្តងៗនូវក្រុមប្រដាប់អាវុធដោយប្រើប្រាស់មធ្យោបាយផ្សេងៗដូចជាឡោមព័ទ្ធទីក្រុង ឬការបញ្ជូនពួកអាជ្ញាកណ្តាលជាដើម។ យើងក៏គិតផងដែរដល់បណ្តាអតីតទាហានដែលចាកចោលជួរឱ្យពួកគេវិលចូលជួរវិញ។ |
មន្ត្រីប៉ូលិសបាញ់ក្បាលខ្លួនឯងស្លាប់ក្នុងថ្លុកឈាមនៅឯការិយាល័យរបស់ខ្លួន Posted: 16 Mar 2011 11:49 PM PDT រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោម្នាក់ បានបាញ់ខ្លួនឯងធ្វើអត្តឃាតគួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី១៧ មីនា ២០១១ ។ |
អាជ្ញាធរចុះត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុននាំពលករចេញទៅក្រៅប្រទេសថ្មីមួយទៀត Posted: 16 Mar 2011 11:31 PM PDT រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោកចេង មុន្នីរ៉ា អភិបាលរង មន្ត្រីជំនាញសាលាខណ្ឌ មន្ត្រីសាលាសង្កាត់ ប៉ូលិស-ប៉េអឹមមន្ត្រីនៃមន្ទីរសុខាភិបាល មន្ត្រីនៃមន្ទីរបរិស្ថាន បានចុះត្រួតពិនិត្យក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសឈ្មោះស៊ីអ៊ីស៊ីអ៊ិច ខេមបូឌា ខូអិលធីឌី ហៅមជ្ឈមណ្ឌលខេអេច ដែលមានទីតាំងលេខ៣២៧ ផ្លូវរទេះភ្លើង ក្រុមទី៥ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ មីនា ២០០១ ដើម្បីចង់ដឹងថា តើក្រុមហ៊ុននោះរៀបចំសណ្តាប់ធ្នាប់ត្រឹមត្រូវ និងមានបរិស្ថានល្អដែរឬក៏អត់។ |
ក្រុមហ៊ុនហាយហ្គ្រេដបើកសាខាថ្មីលក់បញ្ចុះតំលៃ10% Posted: 16 Mar 2011 10:56 PM PDT រាជធានីភ្នំពេញ ៖ ហាយហ្គ្រេដជាក្រុមហ៊ុននាំចូលផលិតផលពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីប្រកបដោយគុណភាពខ្ពស់។ កាលពីថ្ងៃទី១៥ មីនា ក្រុមហ៊ុនហាយហ្គ្រេដ បានបើកសម្ពោធសាខាថ្មីមានទីតាំងស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ១៣០ ខាងកើតផ្សារធំថ្មីប្រហែល៥០ម៉ែត្រ។ ក្នុងឱកាសនោះ ក្រុមហ៊ុន បានលក់បញ្ចុះតំលៃពិសេស១០ភាគរយ។ ហាយហ្គ្រេដ មានទីតាំង២កន្លែង ទី១ ស្ថិតនៅអគារវិមានកាណាឌីយ៉ាជាន់ទី៣ និងទី២ ស្ថិតនៅខាងកើតផ្សារធំថ្មីដែលបានបើកបំរើអតិថិជននាពេលថ្មីៗនេះ។ ហាយហ្គ្រេដពិតជាមិនធ្វើឱ្យអតិថិជនខកបំណងទេ ទាំងគុណភាព និងតំលៃ។ សំរាប់ភាពស៊ីវិល័យរបស់បុរស នារីនាសម័យកាលនេះមានតែហាយហ្គ្រេដដែលបានបំពេញបំណង១០០ភាគរយ។ |
ប៉េអឹមស្រុកម៉ាឡៃចាប់ខ្លួនជនម្នាក់ពីបទលក់ និងចែកចាយថ្នាំញៀន Posted: 16 Mar 2011 08:57 PM PDT ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៥ មីនា កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជូនជនម្នាក់ដែលជាប់ចោទពីបទចែកចាយថ្នាំញៀនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។ លោកអនុសេនីយ៍ឯក គឹម ចំរើន មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ មានប្រសាសន៍ថា ជននេះឈ្មោះសេង ទូច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ មីនា ឆ្នាំ២០១១ វេលាម៉ោង១២និង៥៥នាទី នៅក្នុងផ្ទះក្នុងភូមិ-ឃុំខាងលើ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ។ នៅពេលចាប់ខ្លួននោះកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឆែកឆេររកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន៥២គ្រាប់ ក្នុងនោះ៣៤គ្រាប់ លាក់ទុកនៅនឹងខ្លួន ហើយ១៩គ្រាប់ផ្សេងទៀតលាក់ទុកក្នុងធុងអង្ករ។ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ថា ជនឈ្មោះសេង ទូច គឺជាមុខសញ្ញាចាស់ដែលរកស៊ីយូរថ្នាំញៀនមកហើយ។ ជនជាប់ចោទបានសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីឈ្មួញធំម្នាក់១គ្រាប់តម្លៃ៨០បាត ហើយយកមកលក់ចែកចាយក្នុងភូមិសម្រាប់អ្នកទិញប្រើប្រាស់ក្នុង១គ្រាប់តំម្លៃ១០០បាត។ យោងតាមចម្លើយសារភាពនិងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕ |
ព្រំដែនភាគខាងលិច ៖ ស្ថានភាពយោធាស្ងប់ស្ងាត់, អាកាសធាតុត្រជាក់, ភ្ញៀវចូលលេងកាស៊ីណូថយចុះ Posted: 16 Mar 2011 08:46 PM PDT ព្រំដែនខេត្តព្រះវិហារ ៖ ស្ថានភាពយោធានៅតំបន់ព្រំដែនប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ២០១១ នេះ មានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែបើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារបានបញ្ជាក់ឱ្យដឹងដែរថា អាកាសធាតុក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ មានសភាពចុះត្រជាក់ខ្លាំងខុសធម្មតា បណ្តាលឱ្យទាហានកម្ពុជាមួយចំនួនតូចមានជំងឺផ្តាសាយតិចតួច ។ មេបញ្ជាការកងអន្តរាគមន៍លេខ៣ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបង្វែរសំណួរឱ្យទៅសួរលោកនាយឧត្តមសេនីយ៍ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែកោះសន្តិភាពមិនអាចទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយពីលោកជា តារា បានទេនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ ចំណែកនៅឯព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ ពុំមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែតាមអ្នកយកព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ទាហានសៀមនៅតែចល័តទ័ព និងផ្លាស់ប្តូរកម្លាំងជាញឹកញាប់ក្នុងទឹកដីរបស់គេ។ ដោយឡែកពីព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯណោះវិញ នៅព្រឹកថ្ងៃទី១៧ មីនា នេះ ពលករខ្មែរដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញខុសប្រក្រតី មានន័យថា គឺគ្រាន់តែបើកទ្វារព្រំដែនភ្លាម ពលករខ្មែរចំនួន៣ឡានស្មើនឹងចំនួនមនុស្សប្រមាណ១៥០នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនមកវិញ ដែលសព្វមួយដងទាល់តែនៅវេលារសៀល ឬល្ងាចទើបមានពលករខ្មែរត្រូវអាជ្ញាធរថៃបញ្ជូនមកវិញ ដោយក្នុងមួយថ្ងៃៗ មិនក្រោម២០០នាក់ នោះទេ ។ បើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំក្រុងប៉ោយប៉ែតក៏បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនភ្ញៀវដែលចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតក៏មានការថយចុះប្រមាណ៥០ភាគរយ ។ ការថយចុះនេះបានផ្តើមឡើងតាំងពីក្រោយការប្រយុទ្ធគ្នារវាងទាហានកម្ពុជា និងថៃ កាលពីថ្ងៃទី៤ កុម្ភៈ មកម៉្លេះ ។ សេចក្តីរាយការណ៍ក៏បានបញ្ជាក់បន្ថែមថា ការថយចុះនៃចំនួនអ្នកចូលលេងកាស៊ីណូនេះ ធ្វើឱ្យកាស៊ីណូមួយចំនួនកាត់បន្ថយបុគ្គលិកផងដែរ ៕ |
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន នឹងចាកចេញពីតំណែងក្រោយឆ្នាំ2012 Posted: 16 Mar 2011 08:36 PM PDT គេហទំព័រ «តេឡេក្រាហ្វ» កាលពីថ្ងៃទី១៦ មីនា បានចេញផ្សាយព័ត៌មាន ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន ដែលថ្លែងនៅថ្ងៃទី១៦ មីនា នោះថា លោកស្រីមិនចង់បន្តតំណែងរបស់លោកស្រីទៀតឡើយ ប្រសិនទោះបើលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ឈ្នះឆ្នោតអាណត្តិទី២ នៅឆ្នាំ២០១២ ខាងមុខនេះទៀតក៏ដោយ ។ អ្នកការទូតជាន់ខ្ពស់អាេមរិកមួយរូបនិយាយថា លោកស្រីគ្លីនតុន មិនមានផែនការចង់នៅក្នុងសេតវិមាន ឬចង់បន្តតំណែងរបស់លោកស្រីទៀតឡើយ ។ |
ធ្លាក់យន្តហោះមួយគ្រឿងនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកស្លាប់5នាក់ Posted: 16 Mar 2011 08:36 PM PDT អាជ្ញាធររដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក និយាយថា យន្តហោះមួយគ្រឿងបានធ្លាក់ ហើយផ្ទុះឆេះក្រោយពីហោះចេញពីព្រលានបានប៉ុន្មាននាទី បណ្តាលឱ្យស្លាប់មនុស្ស៥នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។ នាយកព្រលានយន្តហោះរដ្ឋកាលីហ្វ័រនីញ៉ានិយាយថា យន្តហោះដែលធ្លាក់នោះម៉ាក Beechcraft King Air ជារបស់ឯកជនបានធ្លាក់កាលពីល្ងាចថ្ងៃទី១៦ មីនា កន្លងមក ក្រោយពីហោះចេញពីព្រលានភ្លាម ។ |
ជនកំហូចឃើញនាងចូលបន្ទប់ទឹកទៅអោបថើបសុំស្នេហ៍ Posted: 16 Mar 2011 08:29 PM PDT ខេត្តកណ្តាល ៖ យុវជនកំហូចម្នាក់ ត្រូវប៉ូលិសស្រុកស្អាងចាប់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីនារីជាកម្មការិនីរោងចក្រម្នាក់ បានប្តឹងចោទប្រកាន់ថា បុរសនេះបានចាប់អោបថើបនិងសុំស្នេហ៍ពីនាងខណៈដែលនាងចូលក្នុងបន្ទប់ទឹកដើម្បីលប់លាងមុខ នៅក្នុងរោងចក្រធីងវ៉េ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង កាលពីវេលាម៉ោង៤និង១៤នាទីរសៀលថ្ងៃទី១៥ ខែមីនា ។ តាមប្រភពពីមន្ត្រីប៉ូលិសបានឱ្យដឹងថា យុវជនដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាសនោះឈ្មោះម៉ៅ តូម៉ា អាយុ២៣ឆ្នាំភូមិកំណើតស្រុកជីក្រែង ខេត្តសៀមរាប មកបម្រើការងារជាជាងពិតាននៅក្នុងរោងចក្រកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះឈ្មោះឈ ឌ ជាកម្មការិនីបម្រើការងារនៅរោងចក្រធីងវ៉េ ជាមួយគ្នា អាយុ២១ឆ្នាំ ។ នារីរងគ្រោះប្រាប់ប៉ូលិសឱ្យដឹងថា នៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ មីនា នាងបានចូលក្នុងបន្ទប់ទឹករោងចក្រ ដើម្បីលប់លាងមុខមាត់ដោយសារតែពេលធ្វើការមានសភាពងងុយ ខណៈនោះស្រាប់តែឈ្មោះម៉ៅ តូម៉ា បានទៅចាប់អោបនាងពីក្រោយ ហើយស្ទាបអង្អែលលើរូបរាងកាយ ហើយនាងបានខំរើបម្រះ ស្របពេលនោះមានកម្មករម្នាក់នៅផ្នែកអនាម័យដើរមកនាងក៏ស្រែកឱ្យគេជួយទើបឈ្មោះម៉ៅ តូម៉ា ព្រមលែងក្រោយមកនាងក៏ប្តឹងប៉ូលិសតែម្តង ។ នៅចំពោះមុខប៉ូលិសជនសង្ស័យឈ្មោះម៉ៅ តូម៉ា បាននិយាយថា ខ្លួនមកបម្រើការងារនៅក្នុងរោងចក្រធីងវ៉េនេះជាង២ខែមកហើយជាជាងពិតាន នៅថ្ងៃកើតហេតុខ្លួនបានឃើញនាងដើរចូលក្នុងបន្ទប់ទឹកតែម្នាក់ឯង ពេលនោះខ្លួនកំពុងធ្វើការនៅក្បែរនោះក៏ចូលទៅអោបនាងពីក្រោយ និងបាននិយាយលួងលោមសុំស្នេហ៍នាង ក្រោយមកក៏ត្រូវនាងរើបម្រះរួចចេញពីបន្ទប់ទឹកវិញ ។ ជននេះបន្តថា ខ្លួនធ្លាប់ស្គាល់នាងយូរមកហើយ មានស្រុកកំណើតនៅឃុំជាមួយគ្នា ហើយមកស្នាក់នៅធ្វើការជួលផ្ទះនៅក្បែរគ្នាទៀត និងធ្លាប់និយាយឌឺដងស្នេហាជាមួយគ្នា ប៉ុន្តែមិនទាន់ស៊ីសង្វាក់គ្នា លុះដល់ថ្ងៃកើតហេតុខ្លួនឃើញឱកាសល្អក៏ទៅចាប់អោបថើបនាងមិននឹកស្មានថានាងប្តឹងទេ បន្តិចក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសស្រុកស្អាងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ |
បញ្ជាក់ពីនិស្ស័យតាមរយៈការទទួលទានស៊ុត Posted: 16 Mar 2011 08:23 PM PDT * ចូលចិត្តទទួលទានពងទាស្ងោរ ៖ ជាមនុស្សមានភាពអត់ធ្មត់ បើធ្វើការងារអ្វីមួយនឹងបានទទួលជោគជ័យដោយមិនឱ្យកកស្ទះ។ អ្នកជាប្រភេទមនុស្សប្រើហេតុផលក្នុងការសម្រេចិត្តធ្វើអ្វីម្យ៉ាង និងគិតគូរម៉ត់ចត់នៅមុនពេលសម្រេចចិត្ត អនុវត្តលើការងារអ្វីមួយ ។ |
សភាពការណ៍នៅតែគ្រោះថ្នាក់ឯមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា តែវិទ្យុសកម្មចុះថយ Posted: 16 Mar 2011 08:16 PM PDT ប្រឈមមុខនឹងការគ្មានលទ្ធភាពបញ្ឈប់គ្រោះមហន្តរាយដែលកំពុងកើតមាននៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរភាគខាងជើងជប៉ុន មនុស្សប្រមាណជា១៤០.០០០នាក់ ត្រូវបង្ខំចិត្តរស់នៅជាប់តែក្នុងផ្ទះ ។ ម្យ៉ាងទៀតវាជាប្រវត្តិសាស្ត្រដែលព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ទ្រង់ថ្លែងទៅកាន់ប្រជាជនជប៉ុនដែលនោះបញ្ជាក់ពីទំហំធំធេងនៃគ្រោះមហន្តរាយលើកនេះ ព្រោះព្រះអង្គកម្រធ្វើអន្តរាគមន៍បែបនេះណាស់ ។ |
ស្លាប់5នាក់ក្នុងការវាយលុកប្រឆាំងពួកបាតុករនៅក្នុងរាជធានីបារ៉ែន Posted: 16 Mar 2011 08:16 PM PDT យោងតាមសាក្សីទាំងឡាយ និងទូរទស្សន៍រដ្ឋថា កងទាហាន និងកងប៉ូលិសប្រឆាំងកុបកម្មបានធ្វើអន្តរាគមន៍កាលពីថ្ងៃទី១៦ មីនា ជាមួយនឹងការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងរថពាសដែកដើម្បីបំបែកពួកបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនរយនាក់ដែលបោះជំរំនៅឯទីលាន PERLE កណ្តាលក្រុងម៉ាណាម៉ា រាជធានីបារ៉ែន។ មនុស្សយ៉ាងតិច៥នាក់បានត្រូវស្លាប់។ |
រថយន្ត TRITON បោលបុកជញ្ជាំងផ្ទះល្វែងទាំងព្រឹក Posted: 16 Mar 2011 08:13 PM PDT រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាទ្រីតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8811 បានបើកបោលបុកជញ្ជាំងផ្ទះល្វែងលេខ១៣៩Eo ផ្លូវលេខ២០៨ ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៦ មីនា ២០១១ បណ្តាលឱ្យបែកកញ្ចក់ទ្វារដែក និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ។ សាក្សីដែលឃើញហេតុការណ៍បាននិយាយឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ាតា ទ្រីតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8811 បើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៥១ ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កែងផ្លូវលេខ២០៨ បានចាក់កួរបត់ឆ្វេងទៅទិសខាងលិច ស្រាប់តែជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវបោលបុកជញ្ជាំងផ្ទះល្វែងថ្មទាំងកម្រោលលាន់គ្រាំងទៅមុខលែងរួច ។ បន្តិចក្រោយមក បុរសឈ្មោះឃីញ ថន បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ថៅកែបានឱ្យយករថយន្តទៅលាង ហើយក្រោយពីលាងរួច រូបគេក៏បើកចេញ គោលបំណងទៅផ្ទះ លុះមកដល់ចំណុចខាងលើក៏វាក់នឹងអ្នកជិះកង់ពីមុខ ទើបយកចង្កូតមកខាងឆ្វេងដៃជ្រុលឡើងលើចិញ្ចើមបុកផ្ទះល្វែងថ្មបណ្តាលឱ្យបែកកញ្ចក់ និងទ្វារដែក រីឯរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ និងផ្ទុះពោងការពារសុវត្ថិភាពទាំងពីរ ៕ |
ប្រមុខ អ.ស.ប ទទូចដល់ភាគីក្នុងជម្លោះនៅលីប៊ីទទួលយកបទឈប់បាញ់គ្នា Posted: 16 Mar 2011 08:11 PM PDT អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន កាលពីថ្ងៃទី១៦ មីនា កន្លងមក បានអំពាវនាវដល់ភាគីទាំងអស់ក្នុងជម្លោះនៅប្រទេសលីប៊ី ទទួលយកបទឈប់បាញ់គ្នាមួយជាបន្ទាន់ ដោយលោកថ្លែងថា អ្នកដែលជាប់ពាក់ព័ន្ធជាមួយការបង្ក្រាបបាតុករដោយប្រើកម្លាំងយោធាត្រូវតែទទួលខុសត្រូវសម្រាប់តួនាទីរបស់ខ្លួន ។ |
អ្នកកាសែតអាមេរិក4នាក់បាត់ខ្លួននៅលីប៊ី Posted: 16 Mar 2011 08:11 PM PDT ប្រភពព័ត៌មានពីបរទេសឱ្យដឹងថា អ្នកយកព័ត៌មានឱ្យកាសែត The New York Times ៤នាក់បានបាត់ខ្លួននៅប្រទេសលីប៊ី ។ អ្នកនិពន្ធកាសែត The New York Times និយាយថា ខ្លួនបានទទួលព័ត៌មានថា សមាជិកអ្នកកាសែត The New York Times ៤នាក់ ដែលយកព័ត៌មាននៅក្នុងទីក្រុងកំពង់ផែ Ajdabiya របស់លីប៊ី ប្រហែលជាត្រូវចាប់ខ្លួន ដោយកងកម្លាំងរដ្ឋាភិបាលលីប៊ី ។ |
ឃើញក្រមុំវៀតណាមសាច់សខ្ចីទ្រាំមិនបានឡើងចាប់រំលោភ Posted: 16 Mar 2011 08:02 PM PDT ខេត្តកណ្តាល ៖ យុវជនម្នាក់បានត្រូវនគរបាលប៉ុស្តិ៍សំរោងធំ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ក្រោយពីរូបគេលបចូលក្នុងបន្ទប់ផ្ទះកូនក្រមុំវៀតណាមម្នាក់ ហើយធ្វើសកម្មភាពចាប់រំលោភតែមិនបានសំរេចដោយសារនាងក្រមុំនោះស្រែកឆោឡោឡើង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ តាមប្រភពព័ត៌មានពីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួននេះឈ្មោះយិន ប៉េងលាង អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនយាយលឹម ស្ថិតក្នុងភូមិ-ឃុំខាងលើ ធ្វើជាកម្មករដើរតាមរថយន្តដឹកដី រីឯនាងក្រមុំវៀតណាមនោះអាយុ១៧ឆ្នាំ។ នៅយប់ថ្ងៃទី១៥ មីនា នោះ ឈ្មោះយិន ប៉េងលាង បានលបចូលទៅក្នុងផ្ទះរបស់នាង ហើយបើកមុងចូលទៅចាប់បំណងរំលោភ ប៉ុន្តែនាងមិនព្រមក៏ស្រែកផ្អើលឆោឡោដល់ម្តាយរត់ទៅប្តឹងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាំងយប់នោះតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះយិន ប៉េងលាង បានសារភាពថា រូបគេលួចស្រឡាញ់រូបនាងយូរមកហើយ ប៉ុន្តែពុំដឹងធ្វើយ៉ាងណាបានខ្លួននាងក៏សំរេចចិត្តឡើងចាប់រំលោភ ប៉ុន្តែត្រូវក្លាយជាអ្នកទោសស្នេហាទៅវិញ។ចំពោះករណីខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ |
Posted: 16 Mar 2011 07:49 PM PDT រាជធានីភ្នំពេញ ៖ ជនអន្ធពាលម្នាក់ជាប់គុករយៈពេល១៣ខែពីបទលួចមាន់អ្នកស្រុក ទើបចេញមកវិញបានរយៈពេល១៦ថ្ងៃ ដោយសារមានគំនុំជាមួយមេភូមិ ដោយចោទថា ជាអ្នករាយការណ៍ឱ្យប៉ូលិសចាប់ខ្លួន និងខឹងលោកមេប៉ុស្តិ៍ចាប់ខ្លួនគេដាក់គុកកាលពី១ឆ្នាំមុន បានធ្វើសកម្មភាពលួចយកកាំភ្លើងចេញពីប៉ុស្តិ៍ប៉ូលិសឃុំដំណាក់អំពិល ២ដើមក្នុងគោលបំណងបាញ់សម្លាប់មេភូមិ និងមេប៉ុស្តិ៍ និងធ្វើសកម្មភាពផ្សេងៗទៀត។ តែគំនិតទុរយសនេះអស់លក្ខណ៍ត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលចាប់ខ្លួន និងរកឃើញទាំងកាំភ្លើងដែលលួច និងកាំភ្លើង១ដើមផ្សេងទៀតដែលប៉ូលិសសង្ស័យថា គេលាក់ទុកយូរមកហើយ ។ ជននោះត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិលចាប់ខ្លួនបានកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ មីនា នៅតាមផ្លូវលំក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនអន្ធពាលរូបនោះឈ្មោះស៊ឹម ជីម ហៅមាំង អាយុ២៦ឆ្នាំ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលបានឱ្យដឹងថា ជននោះមានគំនុំជាមួយមេភូមិពងទឹក ដែលកាលពីជាង១ឆ្នាំមុនជននេះបានធ្វើសកម្មភាពលួចមាន់ប្រជាពលរដ្ឋ ហើយត្រូវកម្លាំងប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសដាក់គុករយៈពេល១៣ ខែ ហើយជននោះបានចោទប្រកាន់លោកមេភូមិថា ជាអ្នករាយការណ៍ឱ្យសមត្ថកិច្ចចាប់ខ្លួន និងលោកមេប៉ុស្តិ៍ជាអ្នកចាប់រូបគេដាក់គុក និងបាននិយាយគំរាមថា ពេលរូបគេចេញមកវិញនឹងសម្លាប់ចោលហើយ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីជាប់គុកអស់ជាង១ឆ្នាំ ជននោះទើបត្រូវបានដោះលែងកាលពី១៦ថ្ងៃមុននេះប៉ុណ្ណោះ ។ លុះដល់វេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ មីនា ជននោះរួមជាមួយបក្សពួកម្នាក់ទៀតឈ្មោះម៉ន ផាន់ណា អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារថ្មី បានចូលលួចយកកាំភ្លើង AK ប៉ូលិសប៉ុស្តិ៍បានចំនួន២ដើម យកទៅលាក់ទុកក្បែរទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួន ។ ប្រភពដដែលបានបន្តថា កាំភ្លើង AK ទាំងពីរដើមនោះ ប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិល ទុកក្នុងទូ១ដើម និងទុកនៅលើធ្នើរ១ដើម ហើយជនសង្ស័យបានបើកបង្អួចចូលលួច ខណៈពេលដែលប៉ូលិសចេញល្បាតអស់ ។ ចំណែកឯប៉ូលិសក្រោយពេលល្បាតចប់ចូលមកដល់ប៉ុស្តិ៍វិញឃើញបាត់កាំភ្លើងក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ទៅថ្នាក់លើរបស់ខ្លួន ហើយលោកទិត្យ វង្ស អធិការប៉ូលិសស្រុក និងលោកមាន សំណាង អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានដឹកនាំកម្លាំងចុះទៅសហការជាមួយលោកមេប៉ុស្តិ៍ដំណាក់អំពិល ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់មុខសញ្ញាទៅលើជនឈ្មោះស៊ឹម ជីម ហៅមាំងនោះ រួចក៏ធ្វើការតាមដានជាប់រហូត ។ ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី១៦ មីនា ជននោះបានបាញ់សាកកាំភ្លើងដែលលួចបាននោះនៅខាងក្រោយផ្ទះរបស់ខ្លួន បណ្តាលឱ្យផ្ទុះលាន់កក្រើកភូមិបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៀតផង។ បន្ទាប់ពីបាញ់សាកកាំភ្លើងរួច ជននោះបានយកកាំភ្លើងទុកក្នុងបាវលាក់ក្បែរទ្រុងមាន់ បន្ទាប់មកគេបានជិះម៉ូតូចេញពីផ្ទះប្រុងគេចខ្លួន ក៏ត្រូវកម្លាំងប៉ូលិសចាប់ខ្លួនតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួន ប៉ូលិសបាននាំជននោះទៅយកកាំភ្លើងដែលលួចបាន ហើយបានប្រទះឃើញមានកាំភ្លើង១ដើមផ្សេងទៀតម៉ាក AK ដែរ ប៉ុន្តែកាត់កាណុងដែលជននោះលាក់ទុកយូរមកហើយទុកសម្រាប់ធ្វើសកម្មភាពផ្សេងៗ ។ ក្រោយពេលចាប់ខ្លួនជននោះបានសារភាពថា ខ្លួនធ្វើតាមបញ្ជាពូរបស់ខ្លួនឈ្មោះឌីសារ័ត្ន អាយុ៣១ឆ្នាំ ដែលកំពុងជាប់គុកនៅឡើយពីបទប៉ុនប៉ងមនុស្សឃាត ។ កាលពីខ្លួននៅជាប់គុក ពូរបស់ខ្លួនបានប្រាប់ឱ្យខ្លួនលួចកាំភ្លើងប៉ូលិសខាងលើយកទៅលក់ ហើយពេលចេញមកវិញខ្លួន និងបក្សពួកម្នាក់ទៀតក៏ធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះម៉ន ផាន់ណា ជាអ្នកធានាយកទៅលក់ ទោះបីជាបែបណាជននេះមិនបាននិយាយថា ប៉ុនប៉ងសម្លាប់មេភូមិ និងមេប៉ុស្តិ៍នោះឡើយ។ មន្ត្រីប៉ូលិសនិយាយថា ការចាប់ខ្លួនជននេះបានគឺជាសំណាងមួយហើយ ព្រោះជននោះមានគំនុំក្នុងខ្លួនប្រុងបាញ់សម្លាប់មេភូមិ និងមេប៉ុស្តិ៍ឃុំដំណាក់អំពិល ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវពីសំណាក់មេប៉ុស្តិ៍ និងកម្លាំងប៉ូលិសស្រុកអស់ពេញ១យប់ ទើបព្រឹកឡើងឈានដល់ការចាប់ខ្លួនតែម្តង ហើយពេលនេះជនខាងលើជាប់ចោទពីរករណី គឺចោរកម្មលួចកាំភ្លើង និងលាក់កាំភ្លើងទុកខុសច្បាប់ ៕ |
ម៉ូតូបុករថយន្តវីហ្គោឆ្លងផ្លូវរបួស៣នាក់នៅសង្កាត់ស្វាយប៉ាក Posted: 16 Mar 2011 07:42 PM PDT រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដា ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8232 មួយគ្រឿងបានបើកបោះពួយទៅបុករថយន្តម៉ាកវីហ្គោមួយគ្រឿង បត់ឆ្លងផ្លូវ បណ្តាលឱ្យមនុស្ស៣នាក់ជិះម៉ូតូរងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ មីនា ២០១១ នៅតាមផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្តម៉ាកវីហ្គោ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកគេចខ្លួនបាត់ ។ ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរត្រូវសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះម៉ឹង សុភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ២-ឈ្មោះចំរើន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ខណ្ឌសែនសុខ និង៣-ឈ្មោះអន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់សំរោង ខណ្ឌសែនសុខ ។ តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូម៉ាកហុងដា ស៊េរី២០០៨ ធ្វើដំណើរចេញពីភ្នំពេញ ក្នុងគោលបំណងទៅផ្ទះនៅសង្កាត់សំរោង ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកវីហ្គោមួយគ្រឿងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ហើយបត់ឆ្លងផ្លូវមកឆ្វេងដៃ ក៏ត្រូវម៉ូតូបើកបុកពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូដួលសន្លប់ធំទាំង៣នាក់ ។ ភ្លាមនោះ រថយន្តក៏បានបើកគេចខ្លួនបត់ចូលរាជធានីភ្នំពេញបាត់ស្រមោល បន្សល់ទុកជនរងគ្រោះទាំង៣នាក់បែកក្បាលសន្លប់នៅកណ្តាលថ្នល់ ហើយត្រូវរថយន្តគ្លីនិកទួលគោកមកដឹកបញ្ជូនទៅព្យាបាល ៕ |
ធី វណ្ណនីដា កញ្ញាឯកលេខ2 កម្មវិធីយុវតារា2008ក្លាយជាតារា Posted: 16 Mar 2011 07:30 PM PDT រាជធានីភ្នំពេញ ៖ ក្នុងវ័យ១៩ឆ្នាំ កញ្ញា ធី វណ្ណនីដា អតីតកញ្ញាឯកចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីយុវតារាឆ្នាំ២០០៨ នៃស្ថានីយទូរទស្សន៍បាយ័នបានក្លាយជាអ្នកចំរៀងក្នុងពិភពស៊ីឌី និងជាអ្នកសំដែងកាយវិការខារ៉ាអូខេផងដែរ។ កញ្ញាធី វណ្ណនីដា អ្នកចំរៀងថ្មីបានចាប់ផ្តើមនៅឆ្នាំ២០០៨ ក្រោយពីប្រឡងជាប់ក្នុងកម្មវិធីយុវតារា។ ពេលនេះនាងកំពុងតែខិតខំបញ្ចេញទេពកោសល្យសំដែង និងច្រៀងជូនប្រិយមិត្តទស្សនិកជនបានឃើញ បានស្តាប់ ទឹកដមសំលេងរបស់នាងតាមរយៈកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានា។ កន្លងមកនាងតែងតែមានឱកាសឡើងច្រៀងជាកិត្តិយសនៅលើឆាកតន្ត្រីទូរទស្សន៍ CTN ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍បាយ័ន និងថ្មីៗនេះឡើងច្រៀងក្នុងកម្មវិធីតន្ត្រីដួងតារាមាស ដោយជ្រើសរើសបទចំរៀងរបស់នាងដែលថតសំលេងចូលសីុឌីឱ្យផលិតកម្មមហាហង្សមកច្រៀង នោះគឺបទចង់បានស្នេហ៍ស្មោះ និងបទយុវវ័យមិនភ្លើតភ្លើន។ កញ្ញាធី វណ្ណនីដា និយាយថា កន្លងមកនាងធ្លាប់សំដែងក្នុងខ្សែភាពយន្តរឿង តុលាការអាទិទេព រឿងភូមិខ្ញុំស្រស់ឆើតឆាយ និងក្នុងឆ្នាំ២០១១នេះ កំពុងត្រៀមចេញសំដែងក្នុងខ្សែភាពយន្តថ្មីឱ្យផលិតកម្មមហាហង្ស។ បោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈសំដែង និងច្រៀងនេះ នីដានិយាយថា ដោយសារតែនាងមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈតាំងពីក្មេងមក ម្យ៉ាងវិញទៀតដោយសារឪពុក ម្តាយជាអ្នកជួយផ្តល់កំលាំងចិត្តនិងជំរុញនាងឱ្យដើរលើវិថីនេះ។ កញ្ញា ធី វណ្ណនីដា មានស្រុកកំណើតនៅឯស្រុកសណ្តាន់ខេត្តកំពង់ធំ តែក្រុមគ្រួសារនាងមករស់នៅភ្នំពេញតាំងពីនាងនៅកុមារភាព។ សព្វថ្ងៃក្រុមគ្រួសារនាងស្នាក់នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ នាងជាកូនច្បងក្នុងចំណោមបងប្អូនស្រី២នាក់។ |
ការភ័យខ្លាចជុំវិញការសាយភាយវិទ្យុសកម្មនៅជប៉ុន Posted: 16 Mar 2011 07:20 PM PDT ប្រភពពី AFP ផ្សាយថា ក្រុមមន្ត្រីឧតុនិយមជប៉ុនបានឱ្យដឹងពីការកើតមានរញ្ជួយដីធ្ងន់ធ្ងរ ក្នុងកម្រិត៦រិចស្ទ័រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ មីនា ស្ថិតនៅក្រៅឆ្នេរក្នុងខេត្តឈីបា ភាគខាងកើតប្រទេសជប៉ុន ដោយកម្លាំងញ័រមានសភាពខ្លាំងក្លា ធ្វើឱ្យអគារខ្ពស់ៗជាច្រើនកន្លែងក្នុងក្រុងតូក្យូរង្គើ ។ ទោះបីជាបែបណាក៏ដោយ នៅមិនទាន់មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមី ភ្លាមៗទេ ប៉ុន្តែក្រុមមន្ត្រីឧតុនិយមប្រកាសថា អាចកើតមានបម្រែបម្រួលកម្រិតទឹកសមុទ្របាន ។ គួរបញ្ជាក់ថា ជប៉ុនបានជួបនឹងគ្រោះថ្នាក់រញ្ជួយដីដ៏អាក្រក់ក្នុងកម្រតិ៨,៩រិចស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក និងបានធ្វើឱ្យមានរលកស៊ូណាមីវាយប្រហារនៅភាគឦសានប្រទេសដោយសម្លាប់ប្រជាពលរដ្ឋជាង៣.៥៧០នាក់ រងរបួសប្រមាណ១.៨៩៧នាក់ និងបាត់ខ្លួនប្រហែល៦.៧៤៦នាក់ ។ កាលពីថ្ងៃទី១៣ មីនា កន្លងទៅ លោកថា កាឈី យ៉ូកូតា នាយកផ្នែកព្យាករណ៍ និងទិន្នន័យរញ្ជួយដីរបស់ក្រុមឧតុនិយមជប៉ុនធ្លាប់បានប្រកាសថា មានតម្រុយ៧០%នៃការកើតមានគ្រោះរញ្ជួយដីក្នុងកម្រិត៧រិចស្ទ័រ ឬច្រើនជាងនេះក្នុងរយៈពេល៣ថ្ងៃខាងមុខ តែការរញ្ជួយដីថ្មីថ្ងៃទី១៦ មីនា នេះមានកម្រិតត្រឹមតែ៦រិចស្ទ័រ ។ បើសិនជាកម្លាំងរញ្ជួយមានពី៧រិចស្ទ័រឡើងទៅនោះ ទើបអាចបំផ្លាញអគារ និងបង្កឱ្យមានរលកយក្សស៊ូណាមីថ្មីបាន ។
មានមនុស្ស៥០នាក់ដែលចាត់ទុកជាវីរបុរសហ៊ានលះបង់អ្វីគ្រប់យ៉ាងរហូតដល់អាយុជីវិតក្នុងមជ្ឈមណ្ឌលនុយក្លេអែរហ្វូគូស៊ីម៉ា ដើម្បីចៀសវាងការធ្លាយវិទ្យុសកម្មចេញពីបណ្តារេអាក់ទ័រនុយក្លេអ៊ែរ ។ អ្នកទាំង៥០នាក់នោះជាវីរបុរសពួកគេដើរតួនាទីគ្រប់បែបយ៉ាងហ៊ានលះបង់ជីវិតដែលគេហៅថា ពួកអត្តឃាតនុយក្លេអ៊ែរ ខណៈ ពេលពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរយ៉ាងធំធេងបំផុតពុំធ្លាប់មានចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL កាលពីឆ្នាំ ១៩៨៦ មក ។ ពួកគេជាវិស្វករ និងជាអ្នកបច្ចេកទេសរបស់មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ស្ថិតនៅចម្ងាយ២៥០គ.ម ភាគឦសានក្រុងតូក្យូ ។ ក្នុងពេលធម្មតាក្នុងមជ្ឈមណ្ឌលនេះមានមនុស្សធ្វើការ៨០០នាក់។ ក៏ប៉ុន្តែមួយចំនួនធំត្រូវបានជម្លៀសចេញ ។ កាលពីយប់កន្លងមកនេះពួកគេបានពុះពារក្រោមធាតុអាកាសត្រជាក់ធ្លាក់ព្រិល ។ ទិសដៅរបស់ពួកគេធ្វើយ៉ាងណាចៀសវាងឱ្យបាន ទោះបីពួកគេត្រូវស្លាប់ការធ្លាយវិទ្យុសកម្មពីរេអាក់ទ័រដែលផ្ទុះនិងឆេះមានឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនរស់នៅជិតខាង។ មនុស្សទាំងនេះដែលពាក់ឧបករណ៍ការពារជាអ្នកហ៊ានធ្វើពលិកម្មពិសេសក្នុងការងារបាញ់ទឹកសមុទ្រទៅក្នុងរេអាក់ទ័រ ដើម្បីធ្វើឱ្យវាត្រជាក់កុំឱ្យផ្ទុះ ។ កាលពីថ្ងៃទី១៥ មីនា ប្រមុខអាជ្ញាធរសន្តិសុខនុយក្លេអ៊ែរបារាំង ASN បានសំដែងការគោរពចំពោះពួកគេ ។ មនុស្សទាំងនេះកំពុងស្ថិតក្នុងលក្ខខណ្ឌគ្រោះថ្នាក់បំផុត តែនៅហ៊ានពុះពារមិនរាថយ ។ នៅ TCH-ERNOBYL បណ្តាអ្នកធ្វើការបែបនេះជាច្រើនសិបនាក់បានត្រូវស្លាប់មួយចំនួនរស់បានត្រឹមតែមួយខែក្រោយគ្រោះមហន្តរាយនោះមក ។ អ្នកដែលទទួលវិទ្យុសកម្មខ្លាំងបំផុតគឺពួកអ្នកដែលធ្វើអន្តរាគមន៍ក្នុងបណ្តាថ្ងៃដំបូងនិងពួកអ្នកជិះឧទ្ធម្ភាគចក្រកាត់ពីលើរេអាក់ទ័រដែលកំពុងមានភ្លើងឆេះ ។
NHK កាលពីថ្ងៃទី១៦ មីនា ផ្សាយឱ្យដឹងថា មានផ្សែងខ្មួលខ្មាញ់ចេញពីចង្ក្រានរេអាក់ទ័រនុយក្លេអ៊ែរនៅក្នុងរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដាយអ៊ីជី ។ ផ្សែងដ៏ក្រាស់នេះអាចមើលឃើញក្នុងចំងាយប្រហែល៣០គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលជប៉ុនឱ្យដឹងថា កំពុងត្រួតពិនិត្យមើលសារធាតុវិទ្យុសកម្មក្នុងរយៈចំងាយ៣០គីឡូម៉ែត្រពី ចង្ក្រានរេអាក់ទ័រដែលមានបញ្ហា និងថែមទាំងមានភ្ជាប់ប្រព័ន្ធជួយសង្គ្រោះ។ ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញរូបភាពក្នុងប្រទេសជប៉ុនឱ្យដឹងថា ចំនួនអ្នកស្លាប់ជាផ្លូវការមានចំនួន៣.៥៧០នាក់ បាត់ខ្លួន៧.៥៥៨នាក់ ប៉ុន្តែមានការព្យាករណ៍ទុកថា តួលេខអ្នកស្លាប់មានចំនួនលើសពី១០.០០០នាក់ ភាគច្រើនស្ថិតក្នុងខេត្តមីយ៉ាងី អ៊ីវ៉ាតេ និងហ្វូគូឈីម៉ា ដោយមានផ្ទះ និងអគារផ្សេងៗជាង៥៥.៣៨០ខ្នងត្រូវខូចខាត។ ចំណែកក្រុមហ៊ុនអគ្គិសនីតូហូគូ បញ្ជាក់ឱ្យដឹងថា ផ្ទះសំបែងប្រហែល៨៥០.០០០ខ្នងនៅភាគខាងជើងមិនទាន់មានភ្លើងប្រើប្រាស់ទេ ក្រោមសម្ពាធអាកាសធាតុត្រជាក់ខ្លាំង ដោយរដ្ឋាភិបាលប្រទេសជប៉ុនឱ្យដឹងថា មានប្រជាជនយ៉ាងតិច១.៥០០.០០០គ្រួសារគ្មានភ្លើងអគ្គិសនីប្រើ។
AFP បានចុះផ្សាយដោយយោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)កាលពីថ្ងៃទី១៥ មីនា ថា រោងចក្រអគ្គិសនីនុយក្លេអ៊ែរហ្វូគូឈីម៉ា របស់ជប៉ុនអាចផ្អាកការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរនៅទូទាំងពិភពលោក និងបង្កផលពិបាកបន្ថែមក្នុងការតស៊ូនឹងស្ថានភាពកំដៅផែនដី។ លោកណាបូអ៊ូ ថាណាកា ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិរបស់ជប៉ុនបានថ្លែងថា «ខ្ញុំសូមធានាថា បច្ចុប្បន្នគ្មានក្តីកង្វល់ដល់ប្រជាជនចំពោះនុយក្លេអ៊ែរ ព្រោះតែហេតុការណ៍នៅប្រទេសជប៉ុន។ ខ្ញុំបានយល់ពីប្រតិកម្មរបស់ប្រជាជនយ៉ាងល្អ ប៉ុន្តែខ្ញុំក៏មានក្តីកង្វល់ទាក់ទងនឹងផលប៉ះពាល់ដល់បច្ចេកវិទ្យានេះដែលមានសកម្មភាពសំខាន់ចំពោះសុវត្ថិភាពផ្នែកថាមពល និងសេដ្ឋកិច្ចធ្លាក់ចុះ»។ នៅក្នុងរបាយការណ៍ IEA បានបង្ហើបឱ្យដឹងកាលពីឆ្នាំមុនពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែរមានប្រហែល៦%ក្នុងផែនការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីដ ជាងពាក់កណ្តាលនៅឆ្នាំ២០៥០ដើម្បីថែរក្សាសីតុណ្ហភាពផែនដីមិនឱ្យកើនឡើងច្រើនជាង២អង្សាសេ។ ចំណែកលោកហ្វ្រេឌ្រិក រ៉េនវ៉េល នាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសលីទុយអានី ជាប្រទេសដែលមានគោលដៅបើករោងចក្រប្រើថាមពលនុយក្លេអ៊ែរក្នុងឆ្នាំ២០២០ថា វិបត្តិនុយក្លេអ៊ែរនៅ ប្រទេសជប៉ុនមិនគួរជាចំណុចរីករាលដាល និងគួរយកធ្វើជាមេរៀនពីវិបត្តិនុយក្លេអ៊ែរក្នុងប្រទេសជប៉ុនកែលំអផ្នែកសុវត្ថិភាពនុយក្លេអ៊ែរនៅទូទាំងពិភពលោក។ រឿងសំខាន់ដែលត្រូវពិភាក្សាគឺយុទ្ធនាការផលិតថាមពលក្នុងរូបភាពអ្វីមួយសុទ្ធសឹងតែមានផលប៉ះពាល់ដល់បរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយការភ័យខ្លាចក៏នៅតែមានការកើនឡើងចំពោះគ្រោះមហន្តរាយផ្នែកនុយក្លេអ៊ែររបស់ជប៉ុន និងជាចំណុចធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបពិចារណាលើប្រព័ន្ធសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនកាលពីថ្ងៃទី ១៥ មីនា កន្លងទៅ ជាពិសេសប្រទេសអាល្លឺម៉ង់អាជ្ញាធរបានបញ្ជាឱ្យបិទចង្ក្រានរេអាក់ទ័រចំនួន៧កន្លែងជាបណ្តោះអាសន្ន។ នៅទីក្រុងម៉ូស្គូលោកវ្លាឌីមៀ ពូទីន បានបញ្ជាឱ្យពិចារណាផ្នែកថាមពលបរមាណូរបស់ប្រទេសតាមពីក្រោយរញ្ជួយដី និងស៊ូណាមីដែលវាយប្រហារប្រទេសជប៉ុន។ ចំណែកនៅអង់គ្លេសក៏ស្នើសុំឱ្យប្រធានក្រុមអ្នកស៊ើបអង្កេតនុយក្លេអ៊ែររបស់ខ្លួនរាយការណ៍ពីវត្ថុដែលពាក់ព័ន្ធនឹងវិបត្តិនុយក្លេអ៊ែររបស់ជប៉ុនសំរាប់កែទម្រង់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ប្រទេសជាបន្តទៀត ។
នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី សភាពការណ៍នៅតែគ្រោះថ្នាក់បំផុត។ រេអាក់ទ័រទី៤ក៏រងការផ្ទុះដែរ ក្រោយមានភ្លើងឆាបឆេះ។ ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនេះគ្រោងទម្លាក់ទឹកតាមឧទ្ធម្ភាគចក្រក្នុងអាងទឹកមួយនៃរេអាក់ទ័រទី៤នោះដើម្បីធ្វើឱ្យត្រជាក់ដក់គ្រឿងឆេះនុយក្លេអ៊ែរដែលប្រើប្រាស់។ នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូកាន បានពង្រីកតំបន់សន្តិសុខនៅជុំវិញមជ្ឈមណ្ឌលនេះដោយអំពាវនាវដល់មនុស្សទាំងឡាយដែលរស់នៅក្នុងរង្វង់៣០គីឡូម៉ែត្រជុំវិញមជ្ឈមណ្ឌលនោះឱ្យស្ថិតនៅក្នុងផ្ទះកុំចេញទៅក្រៅ។ នៅទីក្រុងតូក្យូអត្រាវិទ្យុសកម្មមានហួសពី អត្រាធម្មតាបន្តិចកាលពីពាក់កណ្តាលថ្ងៃទី១៥ មីនា មុនពេលឡើងខ្ពស់វិញនាពេលរសៀល។ នៅទីក្រុងព្រុចសែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានសំរេចធ្វើការត្រួតពិនិត្យមើលភាពអាចទប់ទល់នៃបណ្តាមជ្ឈមណ្ឌលនុយក្លេអ៊ែរចំពោះការរញ្ជួយដី ស៊ូណាមី និងការវាយប្រហារភេរវកម្ម។ រេអាក់ទ័រទី៤ដែលរងការប៉ះពាល់រួចហើយដោយការផ្ទុះមួយកាលពីថ្ងៃទី ១៥មីនា បានរងការផ្ទុះថ្មីមួយទៀត ហើយមានភ្លើងឆេះកាលពីព្រឹកថ្ងៃ ទី១៦ មីនា រួចការផ្ទុះមួយក៏កើតមានផងដែរកាលពីថ្ងៃទី១៥ មីនា ក្នុងរេអាក់ទ័រទី២។ អណ្តាតភ្លើងដែលពិនិត្យឃើញមានមុននេះទៅរេអាក់ទ័រទី៤នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាលែងឃើញមានទៀតហើយ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី១៦ មីនា ដោយទូរទស្សន៍ជប៉ុន NHK ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន TEPCO គ្រោងស្រោចទឹកអាស៊ីដ បូរិក BORIQUE លើរេអាក់ទ័រនោះដើម្បីកំរិតប្រតិកម្មគីមី។ នាព្រឹកថ្ងៃទី១៥ មីនា ការផ្ទុះថ្មីៗ២ក្នុងរេអាក់ទ័រទី២ និងទី៤ និងអគ្គីភ័យមួយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូកូស៊ីម៉ា ញ៉ាំងឱ្យមានការកើនឡើងនៃវិទ្យុសកម្មរហូតដល់ក្រុងតូកុ្យូដែលនៅទីនោះអារម្មណ៍ជ្រួលច្របល់ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ ក្រោយការផ្ទុះចុងក្រោយកម្មករ២នាក់ត្រូវបាត់ខ្លួន។ សភាពការណ៍ធ្ងន់ធ្ងរបំផុតទាក់ទិនដល់រេអាក់ទ័រទី៤ដែលនៅពេលមានស៊ូណាមីនៅល្អសោះ ហើយទើបកើតមានបញ្ហារហូតដល់ថ្ងៃទី១៥ មីនា។ ក្រុមហ៊ុន TEPCO ថ្លែងថា មានប្រហោងនានាដែលអាចបញ្ចេញដោយផ្ទាល់នូវវិទ្យុសកម្មចូលក្នុងបរិយាកាស។ គ្រឿងឆេះនុយក្លេអ៊ែរបន្តមានកំដៅ ហើយក្រុមហ៊ុន TEPCO ប៉ុនប៉ងស្រោចទឹកតាមឧទ្ធម្ភាគចក្រក្នុងរយៈពេល២ឬ៣ថ្ងៃទៀតដើម្បីធ្វើឱ្យវាត្រជាក់។ កំរិតវិទ្យុសកម្មមានខ្ពស់បំផុត ហើយ TEPCO បានជំលៀសនិយោជិត៧៥០នាក់ ចេញពីទីតាំងនោះដោយនៅសល់វិស្វករ និងអ្នកបច្ចេកទេសត្រឹម៥០នាក់ប៉ុណ្ណោះ។ បណ្តាម៉ាស៊ីនឃោសនាជប៉ុនក៏អំពាវនាវឱ្យបណ្តាអ្នកកាសែតពួកគេចាកចេញពីតំបន់នោះដែរខ្លាចគ្រោះថ្នាក់វិទ្យុសកម្ម ។
តាម AFP ផ្សាយថា កាលពីថ្ងៃទី១៤ មីនា កើតមានពាក្យចចាមអារ៉ាមថា សារធាតុវិទ្យុសកម្មពីរោងចក្រអគ្គិសនីក្នុងប្រទេសជប៉ុននឹងរីករាលដាលដល់ហ្វ៉ីលីពីននៅក្នុងល្ងាចថ្ងៃទី១៤ មីនា ជាហេតុបង្កឱ្យមានភាពជ្រួលច្របល់ និងធ្វើឱ្យសាលារៀនជាច្រើនកន្លែងប្រញាប់បញ្ជូនសិស្សត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ អាជ្ញាធរហ្វ៉ីលីពីនបានប្រកាសលុបចោលពាក្យចចាមអារ៉ាមនោះដោយបញ្ជូនសារជាអក្សរតាមប្រព័ន្ធទូរស័ព្ទ។ ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានព្រមានថា អ្នកដែលបង្កើតពាក្យចចាមអារ៉ាមនឹងត្រូវដំណើរការរឿងក្តី។ ស្ថាប័នស្រាវជ្រាវនុយក្លេអ៊ែរនៃប្រទេសហ្វ៉ីលីពីនឱ្យដឹងកាលពីថ្ងៃទី១៥ មីនា ថា «បច្ចុប្បន្នគ្មានទិន្នន័យផ្នែកបច្ចេកទេស និងភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា ហ្វ៉ីលីពីននឹងទទួលផលប៉ះពាល់សារធាតុវិទ្យុសកម្មពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដាយអ៊ីជី របស់ជប៉ុនទេ»។ ដំណឹងចចាមអារ៉ាមនេះត្រូវបានបញ្ជូនបន្តតាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១៤ មីនា បន្ទាប់ពីមានដំណឹងថា សារធាតុវិទ្យុសកម្មធ្លាយចេញពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដែលទទួលការខូចខាតពីការរញ្ជួយដី។ ពាក្យចចាមអារ៉ាមនោះណែនាំឱ្យប្រជាជននៅក្នុងផ្ទះ បិទទ្វារ បង្អួច និងប្រើថ្នាំសម្លាប់វីរុសឆ្លង ដោយបញ្ជាក់ថា «សារធាតុវិទ្យុសកម្មនឹងចូលទៅដល់ហ្វ៉ីលីពីននៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ មីនា»។ សាលារៀនមួយចំនួននៅភាគខាងជើងប្រទេសហ្វ៉ីលីពីន ឆ្ងាយពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ាប្រហែល២.៨០០គីឡូម៉ែត្រ បានប្រញាប់ប្រញាល់បញ្ជូនសិស្សត្រឡប់ទៅផ្ទះវិញនារសៀលថ្ងៃទី១៤ មីនា។ លោកឡេឡា ដេ លីម៉ា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញបទបញ្ជាឱ្យទីភ្នាក់ងារស៊ើបអង្កេត (NBI) ស្វែងរកអ្នកដែលបញ្ចេញពាក្យចចាមអារ៉ាមដ៏អាក្រក់នោះ ព្រោះចាត់ទុកថា ជាការបំផ្លិចបំផ្លាញភាពស្ងប់ស្ងាត់នៅក្នុងប្រទេស៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |