VOA News: ព័ត៌មាន: “ច្រករបៀង​សេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​និង​ក្តីកង្វល់” plus 3 more

VOA News: ព័ត៌មាន: “ច្រករបៀង​សេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​និង​ក្តីកង្វល់” plus 3 more


ច្រករបៀង​សេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​និង​ក្តីកង្វល់

Posted: 18 Mar 2011 02:00 PM PDT

ប្រទេស​កម្ពុជា​កំពុង​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​មួយ​ទៅ​តាម​គំនិត​ផ្តួច​ផ្តើម​របស់​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ប្រយោជន៍​គឺ​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង។ ប៉ុន្តែ ការធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ឆ្លង​កាត់​ព្រំដែន​នេះ​បាន​នាំ​មកនូវ​ទាំង​ការ​អភិវឌ្ឍ​ផង​ទាំង​ការព្រួយ​បារម្ភ​ផងសម្រាប់ប្រជា​សហគមន៍​ជនបទ​នៃ​ប្រទេស​នេះ។

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​បន្ថែម​ទៀត​ជាពិសេស​គឺ​បណ្តាញ​ផ្លូវ​ថ្នល់​នៅ​តាម​ជនបទ​ ដើម្បី​ភ្ជាប់​ខ្លួន​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​រួម​មាន​ថៃ ឡាវ​ និង​វៀត​ណាម​​ជាដើម។

ការភ្ជាប់​ខ្លួនទៅ​​ក្នុង​តំបន់​នេះគឺ​​ដើម្បី​បង្កើត​ច្រក​របៀង​សេដ្ឋ​កិច្ច​ដ៏​ធំ​មួយ​ប្រយោជន៍​គឺ​​​ទាញ​យក​ផល​ចំណេញ​ពីវិស័យ​ទេសចរណ៍ ​ពាណិជ្ជកម្ម​និងការ​វិនិយោគ​ឆ្លងកាត់​ព្រំដែននៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​នេះ។

តួយ៉ាង ប្រជា​ពលរដ្ឋ​មួ​យ​ចំនួន​ដែល​រស់​នៅ​ក្នុង​ស្រុកប្រាសាទ​សំបូរ​ក្នុង​ខេត្ត​កំពង់ធំ​នេះ កំពុង​ទទួល​បាន​ផល​ចំណេញ​នេះជា​បណ្តើរៗ​ហើយ​ បន្ទាប់​ពី​ផ្លូវ​មួយ​ខ្សែ​ចូល​មក​កាន់​តំបន់​រម្មណីយ៍​ដ្ឋាន​ទេសចរណ៍​នេះ ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​នៅ​ពេល​ថ្មី​ៗ​នេះ។

អ្នកស្រី គង់ សុភី គឺ​ជា​ម្ចាស់ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​នេះ។

«កាល​ពី​ផ្លូវ​លំបាក ភ្ញៀវ​អត់​សូវ​មក ដល់​ឥឡូវ​ផ្លូវ​គេ​ធ្វើ​ស្រួល​អញ្ចេះ​ទៅ ភ្ញៀវ​គេ​មក​ច្រើន មក​ច្រើន​ទៅ ខ្ញុំ​លក់​ដូរ​ក៏​ដាច់​ដែរ»។

ផលប្រយោជន៍​នៃ​ការកសាង​ឬ​​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្លូវ​ថ្នល់​ជនបទ​នេះ ក៏​ត្រូវ​បាន​បន្ទរ​ផង​ដែរ​ដោយ​លោក តែម​ ប៊ុន​តេង​ ជា​អ្នក​នាំ​ភ្ញៀវ​នៅ​ក្នុង​តំបន់​ទេសចរណ៍​នេះ។

«ប្រជា​ជន​នៅ​ទីនេះ គំនិតនីមួយៗ​គឺ​នៅ​សហគមន៍​ខ្ញុំ​ផ្ទាល់​ គាត់​ចង់​ឲ្យ​​ផ្លូវ​ហ្នឹង​ល្អ ពី​ព្រោះ​បើ​ផ្លូវ​ហ្នឹង​គ្រលុក វា​ធ្វើ​ឲ្យ​ភ្ញៀវ​ជួនកាល​គាត់​ចង់​មកអត់​បាន​មក ហើយ​ទី​២​ អ្នក​ដែល​មក​ទីនេះ ជិះឡាន​មក វា​កោស​ឡាន​គាត់​​ឬ​ក្រុមហ៊ុន​ឡាន​ធំៗ កោស​ឡាន​គាត់​ក្រពិត​អស់​អី​ទៅ គាត់​ត្រូវ​ការ​បក​ត្រឡប់​ទៅ​វិញ ម្ល៉ោះ​ហើយ​បើ​ផ្លូវ​កាន់​តែ​ល្អ ភ្ញៀវ​មក​កាន់​តែ​ច្រើន​ សហគមន៍​របស់​ខ្ញុំ​ក៏​ទទួល​ផល​បាន​ច្រើន»។

អ្នក​ស្រី អ៊ីនហ្គ្រីដ អូវស្តេហ្គិន(​Ingrid Overstegen) គឺជា​អ្នក​ទេសចរណ៍​មក​ពី​ប្រទេស​ហុល្លង់ មាន​ប្រសាសន៍​ថា៖

«វា​មាន​សារៈ​សំខាន់​ណាស់ ដោយ​សារ​ទី​នេះ​គឺ​ជា​កន្លែង​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ទេសចរណ៍​ចង់​មក​មើល​ទីនេះ ហើយ​ពួកគេ​នាំយក​​លុយ​ចូល​មក​ប្រទេស​របស់​អ្នក ។ អញ្ចឹង​ វា​ជា​ការ​ប្រសើរ​ណាស់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​របស់​អ្នក»។

ក្រុម​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​ភ្ជាប់​បណ្តាញ​ផ្លូវជន​បទ​ទៅ​ទី​ក្រុង​និង​ឆ្លង​កាត់​ព្រំ​ដែននេះ នឹង​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជន​​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​នេះ។ ជាលទ្ធផល ចលនានេះ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ឋ​របស់​ប្រទេស​នៅ​ក្នុង​តំបន់នេះ​ទាំងមួល។

លោក អាជុន ហ្គោសស្វាមី(Arjun Goswami) នាយក​ផ្នែក​សហការ​និង​​ប្រតិបត្តិការ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​VOA ផ្នែក​ខេមរភាសា​នៅ​ឯ​សន្និសីទ​មហា​អនុ​តំបន់​ទន្លេមេគង្គ​សម្រាប់​ការអភិវឌ្ឍ​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​ត្បូងដែល​ធ្វើ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន។

«មាន​សក្តានុពល​យ៉ាង​ធំ​ធេង​ខាង​វិស័យ​ទេសចរណ៍​និង​កសិកម្ម។ ឥឡូវ​​វិស័យ​ទាំង​ពីរ​នេះ​ទាក់​ទង​នឹង​បម្លាស់ទី​​​របស់​ប្រជា​ជនឬ​បម្លាស់ទីនៃ​ទំនិញ​និង​ផលិតផល​កសិកម្ម​​ឆ្លង​កាត់​ព្រំដែនពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិឲ្យ​បាន​ល្អ​ប្រសើរ»។

ប៉ុន្តែ ទន្ទឹម​នឹង​ផល​វិជ្ជមាន​ទាំង​នេះ ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ឆ្លងកាត់​​ព្រំដែន​​ក្នុង​ច្រក​របៀង​សេដ្ឋ​កិច្ច​របស់​មហាអនុតំបន់​ទន្លេមេគង្គនេះ ក៏​នាំ​មក​នូវ​ទុក្ខកង្វល់​សម្រាប់​ប្រជា​សហ​គមន៍​មូល​ដ្ឋានមួយ​ចំនួន​​ផងដែរ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​រំលោភ​យក​​ដីធ្លី​និង​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជនដើម្បី​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ជាដើម។

ជាក់​ស្តែង​ ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់​មក​ពី​ខេត្ត​ចំនួន​៤​​ដែល​ព័ទ្ធ​ជុំវិញ​តំបន់​ព្រៃ​ឡង់​រួមមាន​​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ធំ​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយក្នុង​ស្រុក​សណ្តាន់​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ដើម្បី​សម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​ដែល​​ពួកគេ​ពឹង​អាស្រ័យ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ។

លោក រស់ សៀនវ័យ​៧៧​ឆ្នាំ គឺ​ជា​អ្នក​ភូមិ​ម្នាក់​នៅ​ទី​នេះ មាន​ប្រសាសន៍​ថា៖

«នៅ​សល់​២០​ក្រុង​ខេត្ត​ទៀត ក៏ស្គាល់​ច្បាស់​ដែរ​​ថា​ដី​នេះ​ចុះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​នៅ​ស្រុក​ខ្មែរ​គ្មាន​ព្រៃ​ឯណា​ទៀត​ទេ មាន​តែ​ព្រៃ​ឡង់​ហ្នឹង​ហើយ​ដែល​សេសសល់​បន្តិច​ តើ​អ្នក​លោក​ចង់​បំផ្លាញ​ឲ្យ​អស់​ឬអី ហើយ​ឲ្យ​រាស្ត្រ​នៅ​ឯណា? យក​ទៅ​ឲ្យ​ក្រុមហ៊ុន​សុទ្ធ​តែ​រាប់លាន​ហិកតា ប្រជារាស្ត្រ​ជាម្ចាស់ និ​ង​កូន​ចៅ​របស់​ឯង​អត់ៗ​ចុះ ឲ្យ​បាន​គេ​ពី​ក្រៅ​មក​អភិវឌ្ឍ អភិវឌ្ឍ​យក​ទៅ​ណា​ទៀត​ បើ​រាស្ត្រ​យំ​ថ្ងូរ​ដូច​នៅ​បឹង​កក់​ អា​៤.២០០​គ្រួសារ​​កំពុង​ហូរ​ទឹក​ភ្នែក​នេះ»។

យ៉ាង​តិច​មាន​ក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀតណាម​ចំនួន​២​ដែល​ទទួល​បាន​សម្បទាន​ព្រៃ​ឡង់​នេះ​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​យក​ដី​ដាំ​ដំណាំ​កៅស៊ូ។

លោក Arjun Goswami នៃ​ធនាគារ​អភិវធ្ឍន៍​អាស៊ី​មាន​ប្រសាសន៍​ថា៖

«ជា​ការណ៍​ពិតណាស់​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​តែង​តែ​ចង់​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​ដើម្បី​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន ហើយ​ប្រទេស​ដទៃ​ទៀត​ក៏​ចង់​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះដែរ។ បញ្ហា​គឺ​មិន​មែន​ជា​ការព្យាយាម​បញ្ឈប់​ប្រទេស​ទាំង​នោះ​ទេ តែ​ជា​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​ហានិភ័យ​ទាំង​ឡាយ​ត្រូវ​បាន​កាត់​បន្ថយឲ្យ​បាន​ល្អ​បំផុត»។

ជា​ការណ៍​ពិតណាស់​​ ប្រសិន​បើ​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ជន​ត្រូវ​បាន​ដោះ​ស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ​នោះច្រក​របៀង​សេដ្ឋកិច្ច​ក្នុង​មហាអនុតំបន់​ទន្លេមេគង្គ​នឹង​ក្លាយ​ជា​ពរ​ជ័យ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​នេះ។ តែ​ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​កង្វល់​របស់​ពួកគេ​ត្រូវ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ការភ្ជាប់​បណ្តាញ​ផ្លូវ​ដើម្បី​ជំរុញ​វិនិយោគ​ឆ្លង​ព្រំដែន​នេះ នឹងប្រែ​ក្លាយ​ទៅ​ជា​បណ្តាសា​សម្រាប់​សហគមន៍​មូលដ្ឋាន​ជាក់​ជា​ពុំខាន៕

This posting includes an audio/video/photo media file: Download Now

ក្រុម​អ្នក​តាម​ដាន​ទទូច​ឲ្យ​ប្រើ​ប្រាស់​សម្បទាន​នយោបាយ​ដោះ​ស្រាយ​រឿង​បណ្តេញ​លោក ​សម រង្ស៉ី​ពី​សភា

Posted: 18 Mar 2011 01:43 PM PDT

ភ្លាមៗ​បន្ទាប់​ពី​លោក ​សម រង្ស៉ី ​ត្រូវ​​បានសភា​​បញ្ចប់​បុព្វសិទ្ធិ​របស់​លោក​ជា អ្នក​តំណាង​រាស្ត្រ​ទាក់​ទិន​នឹង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ មន្ត្រី​គណបក្ស​នយោបាយ​ និង​អ្នក​វិភាគ​បាន​អះអាង​ថា​ ការ​បំពេញ​ចិត្ត​នយោបាយ​គណបក្ស​កាន់អំណាច ការសុំទោស​ និង​សម្បទាន​នយោ​បាយ​ គឺជា​ដំណោះ​ស្រាយ​នយោបាយ​ចុង​ក្រោយ​មួយ​សម្រាប់​មេដឹក​នាំ​គណបក្ស​ជំទាស់​ លោក​សម រង្សី​ក្នុង​ការទទួល​បាន​មក​វិញ​នូវ​បុព្វសិទ្ធ​តំណាង​រាស្រ្ត​ ហើយ​នឹង​ការ​វិល​ត្រឡប់​ចូល​មក ប្រឡូក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​វិញ។ ក៏​ប៉ុន្តែ​គេ​ពុំ​បាន​បញ្ជាក់​ចំៗ​ថា​ សម្បទាន​នយោ​បាយ​ ឬ​ការ​បំពេញ​ចិត្ត​គណបក្ស​កាន់​អំណាច​ ឬ​ការ​សុំ​ទោស​នោះ​ធ្វើ​ដោយ​របៀប​ណា​ទេ​ ក្នុង​ករណី​លោក​ សម រង្ស៉ី។

លោក​ កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​បាន​អះអាង​ថា៖

«ឱកាស​កន្លង​មក​គឺ​ទាល់​តែ​ទៅ​សុំ​ទោស​គេ​ ឬ​ក៏​ទៅ​ធ្វើ​បំពេញ​បំណង​អី​ឲ្យ​ផល ប្រយោជន៍​ទៅ​គណបក្ស​កាន់​អំណាច​ អាហ្នឹង​បាន​អាច​មក​បាន​ បើ​តាម​យើង​ឃើញ​កន្លង​មក​នេះ​ ការសម្រប​សម្រួល​នយោបាយ»។

លោក ​កឹម សុខា​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ អតីត​នាយក​រដ្ឋ​មន្ត្រី​ទី១​ និង​លោក​ សម រង្ស៉ី​ផ្ទាល់​ ដែល​ត្រូវ​ជាប់​ចោទ​ក្រោយ​តុលាការ​កាត់ទោស​រួច​ហើយ​ត្រូវ​បាន​លើក​លែង​ទោស​ដោយ​ ព្រះ​មហា​ក្សត្រ​ក្រោយពី​មាន​ការបំភ្លឺ​ជា​លិខិត​ឬ​សុំ​ទោស​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ទោះបី​ជា​លោក​ កឹម សុខា​ មិន​បាន​បញ្ជាក់​ពី​បញ្ហា​អ្វី​ដែល​នាំ​ទៅ​ដល់​ការលើកលែង​ទោស​សម្រាប់​អ្នក​នយោបាយ​ទាំងពីរ​មែន​តែ​គេ​នៅ​ចាំ​បាន​ថា​សម្បទាន​រឿង​បែង​ចែក​អំណាច​ក្រោយ​ការបោះឆ្នោត​ និង​ ការ​កែ​ប្រែច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ដល់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ជា​ការ​សម្របសម្រួល​នយោបាយ​ ហើយ​បាន​នាំ​ឲ្យ​ឥស្សរជន​នយោបាយ​បាន​រួច​ខ្លួន​ដែរ។

មេដឹក​នាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ សម រង្ស៊ី​កំពុង និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រូវ​សភា​បញ្ចប់​បុព្វសិទ្ធិ​សមាជិក​សភា​ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​លោក​ ក្រោយ​ដែល​តុលាការ​កំពូល​កាល​ពី​ដើម​ខែ មិនា​ បាន​កាត់​ទោស​លោក​កំបាំង​មុខ​ឲ្យ​ជាប់​គុក​ ២​ឆ្នាំ​បន្ថែម​ពី​លើ​ទោស ​១០ ឆ្នាំ​ ដែល​តុលាការ​ក្រុង​បាន​កាត់​ទោស​លោក​ទាក់​ទង​នឹង​រឿង​ដក​បង្គោល​ព្រំដែន​ និង​ផ្សព្វ​ផ្សាយ​​ឯកសារ​ក្លែង​ក្លាយ។​ អ្នក​វិភាគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពីក្តី​បារម្ភ​អំពី​ការអនុវត្ត​ប្រជា​ធិបតេយ្យ​ និង​របប​សេរី​និយម​ ពហុបក្ស​ លាយ​ឡំ ជា​មួយ​នឹង​ការរំពឹង​ទុក​ថា​នឹង​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ក្តី​ក្តាំ​នេះ។

លោក​ស្រី ​ជា ​វណ្ណាត​អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អតីត​នាយិកា​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សង្គម​ បាន​អះអាង​ដោយ​ក្តី​សង្ឃឹម​ថា​ដំណោះ​ស្រាយ​នយោបាយ​ និង​ត្រូវកើត​មាន​នៅ​ ក្នុង​លក្ខខណ្ឌ​នៃ​វិធី​យ៉ាងម៉េច​ដែល​ត្រូវ​ដោះ​ស្រាយ​ និង​លក្ខខណ្ឌ​នៃ ពេល​វេលា​ផង​ដែរ។

«ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ បញ្ហា​មាន​មក​ដោះ​ស្រាយ​មាន​ហើយ​ គ្រាន់​តែ​ថា​តើ រក​ដំណោះ​ស្រាយ​ឲ្យ​ត្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​គូភាគី​ទាំង​សង​ខាង​ហ្នឹង​របៀប​យ៉ាង​ណា​ ហើយ​នៅ​ពេល​ណា?»។

លោកស្រី​បាន​បន្ថែម​ជាមួយ​នឹង​ការលើក​យក​ឧទាហរណ៍​ មួយ​នៃ​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​នេះ​គឺ​ពឹង​ផ្អែក​លើ​សម្បទាន​ផ្នែក​នយោបាយ​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​ជំទាស់​និង​គណបក្ស​កាន់​អំណាច។

«ឧទាហរណ៍​មាន​តែ​ការធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​ ដាក់​លក្ខខណ្ឌ​ទៅ លក្ខខណ្ឌ​អញ្ចេះៗ​ បើ​ថា​ចង់​រួប​រួម​គ្នា​មក​វិញ។​ ហើយ​ទទួល​យក​ បាន​ទេ​លក្ខខណ្ឌ​ហ្នឹង​ តើ​ទទួល​យក​ បាន​ទេ​លក្ខខណ្ឌ​ហ្នឹង។ ​បើ​ទទួល​យក​បាន​ ហ្នឹង​ក៏​ជានា​នឹង​គ្នា​វិញ​ទៅ​ ហើយ​បើ​ទទួល​យក​មិន​បាន​ទេ​ ក៏​បន្ត​បញ្ហា​របៀប​អញ្ចឹង​តទៅ​មុខ​ទៀត​ទៅ»។

លោក ​ញ៉ឹក​ ប៊ុនឆៃ​ អគ្គ​លេខា​ធិការ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បាន​យល់​ស្រប​ដែរ ថា​ដំណោះ​ស្រាយ​នយោបាយ​ជា​ជម្រើស​សម្រាប់​លោក​ សម រង្ស៊ី​ដូច​ករណី​ពី​មុន ដែរ​ ក្រោយ​ពី​ដំណើរការ​ផ្លូវ​ច្បាប់​បាន​បញ្ចប់​នោះ។

«ពី​លើក​មុន​គាត់​ធ្លាប់​មាន​ហើយ​តើ​ មាន​ការ​សុំ​ទោស​ស្អីៗ​អញ្ចឹង​ទៅ​ គាត់​ធ្លាប់ មាន​បញ្ហា​នោះ​ម្តង​ហើយ​ មាន​ការសម្រប​សម្រួល​ទៅ​ គាត់​អាច​ត្រឡប់​មក​ធ្វើ ការងារ​បាន​វិញ»។

លោក ​សម រង្ស៉ី​ធ្លាប់​បាន​បញ្ជាក់​ថា​លោក​មិន​សុំ​ទោស​ទេ​ ព្រោះ​លោក​គ្រាន់​តែ បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ។​ តែ​លោក​អះអាង​ថា​លោក​នឹង​ខិតខំ​រកដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ព្រោះ​លោក​ សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា​អ្វី​ដែល​លោក​បាន​ធ្វើ​ទាក់​ទង​នឹង​ការ​ដក​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​ ២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​វៀត ណាម​គឺ​ ក្រោយ​ពេល​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ខ្លាច​បាត់​បង់​កម្ម​សិទ្ធ​ មក​ប្តឹង​រូប​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ ពី​ការដែល​ឃើញ​តម្រុយ​បង្គោល​ពំ្រដែន​ បោះ​ចូល​ដល់​ដី​ស្រែ​របស់​ពួក​គាត់។

«រឿង​ដែល​ខ្ញុំ​បាន​ចូល​រួម​នេះ​គឺ​ជា​រឿង​ជាតិ​ គឺ​ជា​ទឹកដី​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ គឺ​ជា ទឹកដី​របស់​ប្រទេស​កម្ពុជា​ ខ្ញុំ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជាតិ​ដូច្នេះ​រឿង​ជាតិ គឺ​ជា​រឿង​នយោបាយ​ ដើម្បី​រក​ដំណោះ​ស្រាយ​នយោ​បាយ​ទាល់​តែ​មាន​ការ​ស្រុះ ស្រួល​គ្នា​មិន​ត្រឹម​តែ​ថ្នាក់​ជាតិ​ទេ​ ថ្នាក់​អន្តរជាតិ​ថែម​ទៀត​ពី​ព្រោះ​រឿង​នេះ​គឺ​វា​ប៉ះ​ពាល់​ប្រទេស​ជិត​ខាង​ មាន​ប្រទេស​វៀត ណាម ​គាត់​ បាន​បង្ខិត​ព្រំដែន​ ចូល​មក​ប្រទេស​កម្ពុជា​ ខ្ញុំ​បាន​ចេញ​មុខ​ប្រឆាំង​យួន​ឈ្លាន​ពាន»។

ប្រទេស​វៀត ណាម​ធ្លាប់​បដិសេធ​ថា​មិន​បាន​បង្ខិត​ព្រំដែន​និង​ឈ្លាន​ពាន​ទឹក​ដី កម្ពុជា​ទេ​ដោយ​បាន​អះអាង​ថា​គណៈ​កម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​កិច្ចការ​វាស់​វែង។​ មន្ត្រី​វៀត​ ណាម​ធ្លាប់​បាន​រិះគន់​លោក ​សម រង្ស៉ី​ថា​និយាយ មួល​បង្កាច់។

លោក​ ជៀម យាប​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​គ្រប់ គ្រង​ប្រទេស​បាន​អះអាង​ថា​ លោក​មិន​ដឹង​ពី​ការណ៍​ដែល​ត្រូវ​ដោះ​ស្រាយ​រឿង ករណី​លោក​ សម រង្ស៉ី​នេះ​តាម​រយៈ​នយោ​បាយ​ឬ​យ៉ាង​ណា​ទេ​ ព្រោះ​លោក​ថ្លែង​ថា​ការដក​បង្គោល​ព្រំដែន​ ការផ្សព្វ​ផ្សាយ​ឯកសារ​ព្រំដែន​មិន​មែន​ជា​រឿង​នយោបាយ​ទេ។​ លោក​ធ្លាប់​អះអាង​ថា​ការសម្រប​សម្រួល​ផ្នែក​នយោ​បាយ​ ធ្វើ​ទៅ​បាន​គឺ​អាស្រ័យ​លើ​លោក​ សម រង្ស៉ី​ខ្លួន​លោក​ក្នុង​ការធ្វើ​ទំនាក់​ទំនង​ ជា​មួយ​និង​លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ជា​អ្នក​មាន​សិទ្ធិ​ធ្វើ​ឲ្យ​មាន​ការលើក​លែង​ទោស ពី​ព្រះ​មហាក្សត្រ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក ​សម រង្ស៉ី​បាន​ចាត់​ទុក​ថា​ការបញ្ចប់​អភ័យ​ឯក សិទ្ធិ​សភា​របស់​លោក​ឬ​ បណ្តេញ​តំណាង​រាស្ត្រ​ដោយ​សារ​រឿង​ព្រំដែន​នេះ​គឺ​ជា​រឿង​ខុស​ច្បាប់​ធ្ងន់​ធ្ងរ​ដែល​ ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ។​ លោក ​សម រង្ស៉ី​ចាត់​ទុក​ថា​ជា​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដែល​នឹង​ត្រូវ​មាន​ប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ហើយ​គណបក្ស​របស់​លោក​នឹង​កាន់​តែ​រឹង​មាំ។

«រដ្ឋា​ភិបាល​សព្វ​ថ្ងៃ​គណបក្ស​ប្រជាជន​ឃើញ​ថា​ចេញ​ក្រឡា​សារ​ ជា​មនុស្ស​អត់ យល់​ច្បាប់​ អត់​យល់​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ជាន់​ឈ្លី​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា ច្បាប់​កំពូល​នៃ​ប្រទេស​ជាតិ។​ វា​ចូល​ដល់​ដំណាក់​កាល​ហ្នឹង​ខ្ញុំ​ជឿ​ថា​នឹង​មាន ប្រតិកម្ម​ខ្លាំង​ ដូច​កាល​គេ​ដេញ​ខ្ញុំ​ចេញ​ពី​រដ្ឋសភា​កាល​ពី​ឆ្នាំ​១៩៩៥​ ទី​បញ្ចប់​ខ្ញុំ​វិល ទៅ​រដ្ឋសភា​ដដែល​ ហើយ​វិល​ទៅ​ខ្លាំង​ជាង​មុន​ទៀត។​ ដេញ​ម្នាក់​ចូល​ទៅ​វិញ ១៥​នាក់។ ​លើក​នេះ​ដេញ​ម្នាក់​ចូល​ទៅ​វិញ​៥០​នាក់។​ ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ឆ្នាំ​២០១៣ នេះ​គឺ​នឹង​មាន​ការប្រែប្រួល​ ហើយ​គណបក្ស​សម រង្ស៉ី​គឺ​កាន់​តែ​ខ្លាំង​ឡើង​ថែម ទៀត​បាទ»។

លោក​ ថ្លែង​ពី​កំណើន​នៃ​សំឡេង​ឆ្នោត​ដែល​គណបក្ស​លោក​បាន​ទទួល​អាសនៈ ក្នុង​រដ្ឋ​សភា។​ សមាជិក​សភា​គណ​បក្ស​សម រង្ស៉ី​មាន​ចំនួន​២៦​រូប​ ក្នុង​រដ្ឋ​សភា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ ដែល​គេ​ចាត់​ទុក​ថា​ជា​ដៃគូ​ប្រជែង​ផ្នែក​នយោ បាយ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ទទួល​បាន​ចំនួន​៩០​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣។

ប្រតិកម្ម​ដោយ​ផ្ទុះ​សំណើច​តិចៗ​ចំពោះ​អត្ថា​ធិប្បាយ​របស់​លោក ​សម រង្ស៉ី​ លោក ជៀម យាប​អ្នក​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​គណបក្ស​គ្រប់ គ្រង​ប្រទេស​បាន​អះអាង​ថា​អ្វី​ដែល​សភា​បាន​បញ្ចប់​បុព្វសិទ្ធិ​តំណាង​រាស្រ្ត​របស់​លោក ​សម រង្ស៉ី​គឺ​ជា​ការធ្វើ​ទៅ​តាម​ច្បាប់​ មិន​មែន​បារម្ភ​ពី​ប្រជា​ប្រិយ៍ភាព​គណបក្ស​ សម រង្ស៉ី​ទេ។

ដោយ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​មិន​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទាក់​ទង​ករណី​ក្តីក្តាំ​មេដឹក​នាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៉ី​ ដែល​ឈាន​ដល់​ការបញ្ចប់​ បុព្វសិទ្ធិ សភា​នេះ​ បាន​បង្កឱ្យមាន​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​ វត្តមាន​របស់​លោក​ សម រង្ស៉ី​ដែល មាន​កម្លាំង​ប្រហាក់​ប្រហែល​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ឆ្នាំ​២០១២​ និង​ ការបោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣។ តាម​ច្បាប់​បោះ​ឆ្នោត​ជន​ដែល​មាន​ពិរុទ្ធភាព​ដូច​លោក ​សម រង្ស៉ី​ពេល​នេះ​ពុំ​អាច​ចូល​រួម​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ទេ៕

This posting includes an audio/video/photo media file: Download Now

សហរដ្ឋ​អាមេរិក​នៅ​បន្ត​ហាម​ការសុំ​កូនចិញ្ចឹម​ពី​កម្ពុជា

Posted: 18 Mar 2011 09:57 AM PDT

ប្រទេស​កម្ពុជា​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះថា​នឹង​អនុវត្ត​ច្បាប់​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស​ចាប់ពី​ថ្ងៃទី១ ​ខែ​មេសា​ខាងមុខ​នេះ​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មិនទាន់​បាន​កំណត់​ថ្ងៃខែ​ដើម្បី​បន្ត​ឡើងវិញ​នូវ​ការសុំ​កូន​ចិញ្ចឹម​ពីប្រទេស​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ច្បាប់​នេះ​មាន​គោលដៅ​ទប់ស្កាត់​ការជួញដូរ​មនុស្ស​និង​ការរត់ពន្ធ​កុមារ។

លោក​ស្រី​ឯកអគ្គរដ្ឋទូត​ស៊ូសាន​ ហ្សាកុប​ (Susan Jacobs) ​ទីប្រឹក្សា​ពិសេស​សម្រាប់​បញ្ហា​កុមារ​បាន​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី១៧​ដល់​ថ្ងៃទី១៨​ខែ​មិនា​នេះ​ដើម្បី​ចូលរួម​ប្រជុំ​ស្វែងរក​ការណ៍​ពិត​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស។

លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​តំណាង​អង្គទូត​នានា​ដើម្បី​ពិភាក្សា​ការអនុវត្ត​ប្រកាស​និង​កម្រិត​នៃ​ការគោរព​តាមអនុសញ្ញា​ក្រុងឡាអេ​ស្តីពី​ការសុំ​កូនចិញ្ចឹម។

លោក​កុយ គួង​ អនុរដ្ឋ​លេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងថា​លោក​ឡុង​ វិសាលោ​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ជម្រាប​លោកស្រី ស៊ូសាន ហ្សាកុប​អំពី​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី​ការស្មុំកូន​អន្តរប្រទេស​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី១ ​ខែ​មេសា​ខាងមុខនេះ។

ច្បាប់​ស្មុំកូន​អន្តរប្រទេស​នេះ​បាន​បញ្ជាក់ថា​ប្រទេស​ជា​ភាគី​អនុសញ្ញា​ក្រុងឡាអេ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការសុំកូន​ចិញ្ចឹម​ជាមួយ​ក្រសួង​សង្គមកិច្ច​ហើយ​ប្រទេស​មិនមែន​ជាភាគី​អនុសញ្ញា​ក្រុងឡាអេ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា។

ច្បាប់​នេះ​បាន​ចែងថា​អ្នកសុំកូន​ជាប្តី​ប្រពន្ធ​ត្រូវមាន​អាយុ​យ៉ាងតិច​៣០ឆ្នាំ​និង​យ៉ាងច្រើន​បំផុត​៤៥ឆ្នាំ​ហើយ​កុមារ​ដែល​ត្រូវ​សុំយក​ទៅ​ចិញ្ចឹម​ត្រូវមាន​អាយុ​ក្រោ​មប្រាំបីឆ្នាំ។ ប៉ុន្តែ​ការសុំកូន​ចិញ្ចឹម​ដោយ​សាច់ញាតិក្មេង​នោះ​អាច​មាន​អាយុ​ក្រោម​១៨ឆ្នាំ។

ច្បាប់នេះ​បាន​បញ្ជាក់ថា​អ្នកសុំ​កូន​ចិញ្ចឹម​ត្រូវជា​មនុស្ស​មិនធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ឬ​កំពុង​ត្រូវបាន​ប្តឹង​អំពី​កំហុស​ទាក់ទង​នឹង​កិរិយា​មារយាទ​ ឬ ​ការប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​ឬ​មជ្ឈិម​ណាមួយ​នៅក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ឬ​ប្រទេស​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឬ​ប្រទេស​ដែលខ្លួន​ស្នាក់នៅ​ចុង​ក្រោយ។

ច្បាប់​ស្មុំកូន​អន្តរប្រទេស​នេះ​បាន​បន្ត​ថា​អ្នកសុំកូន​ចិញ្ចឹម​ត្រូវតែ​ជាអ្នកមាន​សមត្ថភាព​ផ្តល់​ការថែរក្សា​សមស្រប​និង​ការគាំទ្រ​ចាំបាច់​ដល់​កូនសុំ​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សុំបាន​លុះត្រាតែ​ពួកគេ​គ្មាន​កូន​ឬ​មាន​កូន​តែម្នាក់​នៅក្នុង​បន្ទុក។ អ្នក​សុំកូន​អាចសុំ​បានតែ​ម្នាក់​ប៉ុណ្ណោះ​លើកលែង​តែ​កុមារ​ដែល​មាន​បងប្អូន​បង្កើត​អាច​អនុញ្ញាត​ឱ្យ​សុំ​ច្រើន​នាក់​បាន។

លោក​កុយ គួង ​បាន​បញ្ជាក់ថា​ជនបរទេស​ដែល​ប្រទេស​របស់​ខ្លួន​បានចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​និង​មាន​ទីភ្នាក់ងារ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ជន​នោះ​ត្រូវតែ​ដាក់ពាក្យ​សុំ​កូនចិញ្ចឹម​តាមរយៈ​ទីភ្នាក់ងារ​បស់​ប្រទេស​ខ្លួន។

«យើង​ទប់ស្កាត់​សំខាន់​ការជួញដូរ​មនុស្ស​និង​ការរត់ពន្ធ​ក្មេង​ហើយ​យើងធ្វើ​យ៉ាងណា​ឱ្យក្មេង​ដែល​ទៅរស់នៅ​ម្តាយចិញ្ចឹម​នៅ​បរទេស​ នោះ​មាន​ជីវភាព​រស់នៅ​សមរម្យ ​ពិតជា​បាន​រស់នៅ​ក្នុង​លក្ខណៈ​ថ្លៃថ្នូរ​និង​មាន​សុភមង្គល​ពិតប្រាកដ»។

លោកស្រី​ឯក​អគ្គរដ្ឋទូត​ស៊ូសាន ហ្សាកុប ​បានបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃសុក្រ​នេះ​ថា​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​នឹង​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅពេល​ដែល​ប្រទេស​កម្ពុជា​បង្កើត​ប្រព័ន្ធ​សុខុមាលភាព​កុមារ​ហើយនឹ​ងធ្វើការ​ពិនិត្យ​យ៉ាងហ្មត់ចត់​លើ​បទបញ្ញត្តិ​សម្រាប់​អនុវត្ត​ទាក់ទង​នឹង​ច្បាប់​ថ្មី​ស្តីពី​ការសុំកូន​ចិញ្ចឹម​ទៅ​បរទេស​នៅ​ពេល​បទបញ្ញាត្តិ​ទាំងនេះ​ចេញ។

លោកស្រី​ឯកអគ្គ​រដ្ឋទូត​បាន​ថ្លែង​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ជោគជ័យ​សម្រេច​បាន​កន្លង​មក​ក្នុងការ​បង្កើន​ការការពារ​ដល់​កុមារ​ងាយ​រងគ្រោះ។

រដ្ឋសភាកម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ការសុំ​កូន​ចិញ្ចឹម​ដែល​មា​ន៥៨មាត្រា​នៅចុង​ឆ្នាំ២០០៩៕

This posting includes an audio/video/photo media file: Download Now

អ្នក​វិភាគ​ថា​ការ​ជំទាស់​របស់​វៀតណាម​អាច​ប៉ះពាល់​ផែនការ​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ

Posted: 18 Mar 2011 08:06 AM PDT

ពួកមន្រ្តី​វៀតណាម​កំពុង​រិះគន់​ផែនការ​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​ទឹក​នៅ​ទន្លេ​មេគង្គ។ ពួក​អ្នក​វិភាគ​និយាយ​ថា​ការ​ជំទាស់​ពី​ប្រទេស​វៀតណាម​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​អាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​កាត់​បន្ថយ​ការ​ប្រាថ្នា​ដ៏​លើស​លប់​នៃ​វារីអគ្គិសនី​របស់​ខ្លួន។

ទំនប់​វារី​អគ្គិសនី​ សាយ៉ាប៊ូរី (Xayaburi) ​ដែល​មាន​តម្លៃ​ជា​ប្រាក់​៣.៥០០​លាន​ដុល្លារ​ជា​ទំនប់​ទឹក​ទីមួយ​នៃ​ទំនប់​ទឹក​១២​ដែល​គេ​គ្រោង​សាងសង់​នៅ​ទន្លេ​មេគង្គ​ក្រោម។ ក្រុមហ៊ុន​មួយ​របស់​ថៃ​នឹង​ស្ថាបនា​ទំនប់​ទឹក​នោះ ​ហើយ​ថៃ​នឹង​ទិញ​អគ្គិសនី​ស្ទើរ​តែ​ទាំងអស់​នៃ​អគ្គិសនី​១.២៦០​មេហ្គាវ៉ាត់​ដែល​​នឹង​ផលិត​ដោយ​ទំនប់​វារី​អគ្គិសនី​នោះ។

ពួក​មន្រ្តី​ឡាវ​និយាយ​ថា​ទំនប់​ទឹក​មេគង្គ​ដែល​បាន​ស្នើ​នោះ​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​ហើយ​នឹង​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ឥត​មាន​ជាប់​សមុទ្រ​នេះ។

ក៏​ប៉ុន្តែ​មន្រ្តី​វៀតណាម​និយាយ​ថា​ទំនប់​ទឹក​នោះ​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​និង​គំរាម​កំហែង​ការ​នេសាទ​ត្រី​នៅ​ចរន្ត​ទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។ អត្ថាធិប្បាយ​កាល​ពីពេល​ថ្មីៗ​នេះ​របស់​ពួក​មន្រ្តី​វៀតណាម​បាន​បន្ទរ​ការ​ព្រមាន​ពី​ពួក​អ្នក​បរិស្ថាន​ថា​ទន្លេ​មេគង្គ​នឹង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​គំរាម​កំហែង​ការចិញ្ចឹម​ជីវិត​របស់​មនុស្ស​ដែល​រស់នៅ​ជិត​ទន្លេ​នោះ។

ពួក​អ្នកវិភាគ​ និយាយ​ថា​សម្ពាធ​នយោបាយ​ពី​វៀតណាម​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ទន្លេ​មេគង្គ​ខាងក្រោម​ដូច​ជា​ប្រទេស​ថៃ​និង​កម្ពុជា​ អាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​ពន្យាពេល​ឬ​កែប្រែ​ផែនការ​របស់​ខ្លួន​ដល់​ការ​ប្រើប្រាស់​លំហូរ​របស់​ទន្លេ​មេគង្គ។

លោក​ ហ្វ៊ីលី្លព​ ហឺស្ហ (Philip Hirsch)​ ជា​សាស្រ្តាចារ្យ​មុខវិជ្ជា​បរិស្ថានវិទ្យា​នៅ​សាកលវិទ្យាល័យ​ក្រុង​ស៊ីដនី ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​ទាំង​អស់ ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​បាន​រិះគន់​ជា​សាធារណៈ​ខ្លាំង​ជាង​គេ​ពី​ការ​ប្រាថ្នា​វារី​អគ្គិសនី​ដ៏​លើសលប់​របស់​ឡាវ។

«សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​ខ្ញុំ​គិត​ថា​ជា​ការ​ពិបាក​បំផុត​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​ឆ្លើយ​នោះ​ គឺ​ថា​តើ​ប្រទេស​ទាំង​ពីរ​នោះ​គឺ​វៀតណាម​និង​ឡាវ​ ដែល​មាន​ការ​ជិតស្និទ្ធ​គ្នា​បំផុត​ នឹង​ដកខ្លួន​ចេញ​ពី​អ្វី​ដែល​នៅ​ពេលនេះ​ហាក់​ដូច​​ជាមាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​លើ​ជំហរ​អំពី​ទំនប់​ទឹក​សាយ៉ាប៊ូរី​នោះ»។

វៀតណាម​និង​ឡាវ​ជា​រដ្ឋ​មាន​គណបក្ស​តែមួយ​ ហើយ​លោក​ ហឺស្ហ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ វៀតណាម​ជា​ធម្មតា​មាន​ឥទ្ធិពល​លើ​នយោបាយ​របស់​ឡាវ​នៅ​ខាង​ក្រោយ​ឆាក។ ក៏​ប៉ុន្តែ​លោក​ហឺស្ហ​ និយាយ​ទៀត​ថា​ ការ​រិះគន់​សំណើ​ទំនប់​ទឹក​សាយាបូរី​ ដោយ​ពួក​មន្រ្តី​ជាន់​ខ្ពស់​វៀតណាម​នា​ពេលថ្មីៗ​នេះ ​បានធ្វើ​ឡើង​ជា​សាធារណៈ។

ប្រទេស​ទាំងអស់​៤​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​នឹង​មើល​យ៉ាង​ដិតដល់​ពី​អនុសាសន៍​ស្តីពី​ទំនប់​ទឹក​នោះ​ដែល​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ខែ​នេះ​ដោយ​គណៈកម្មាធិការ​រួមគ្នា​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​ដែល​ជា​អង្គការ​ សម្រាប់​ឲ្យ​យោបល់​ដែល​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​១៩៩៥​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មួយ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង​៤.៩០០​គីឡូម៉ែត្រ។

ក៏ប៉ុន្តែ​ លោក​ហឺស្ហ​ ចង្អុល​បង្ហាញ​ថា​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​មិន​មាន​អំណាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​បោះបង់​ចោល​ផែនការ​របស់​ខ្លួន​សម្រាប់​សាងសង់​ទំនប់​ទឹក​សាយាបូរី ​និង​ទំនប់​ទឹក​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ទេ។

«គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​មិន​មែន​ជា​ស្ថាប័ន​និយ័តកម្ម​ទេ។ វា​មិនមែន​ជា​ទីភ្នាក់ងារ​ខ្លាំង​ទេ​ វា​ជា​គណៈកម្មការ​មួយ​ដែល​ជានិច្ចកាល​ធ្វើ​ការងារ​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​ការ​មូលមតិ​គ្នា​ហើយ​ប្រសិនបើ​យើង​ពិនិត្យ​រកមើល​បទបញ្ញត្តិ​ពី​គណៈកម្មការ ​MRC ​ខ្ញុំ​គិត​ថា​យើង​កំពុង​មើល​ទិសដៅ​ខុស»។

លោក​ហឺស្ហ​និយាយ​ទៀត​ថា​ប្រទេស​ថៃ​ បាន​ប្តេជ្ញា​នៅ​ជា​អព្យាក្រឹត្យ​នៅក្នុង​ការ​ចរចា​របស់​គណៈកម្មការ​ MRC​ ដែល​ដាក់​ការ​ទទួល​ខុសត្រូវ​លើ​ពួក​មន្រ្តី​វៀតណាម​និង​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ដល់​សំណើ​ទំនប់​ទឹក​សាយាបូរី​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​សមភាគី​ឡាវ​របស់​ពួកគេ។

លោក​ ទ្រិញ ឡេ ង្វៀន (Trinh ​Le ​Nguyen) ​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ PanNature ​របស់​វៀតណាម។​ លោក​ប្រាប់​ VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ទោះបី​ប្រទេស​ឡាវ​បាន​សម្រេច​ចិត្ត​ចុងក្រោយ​លើ​ទំនប់​ទឹក​សាយាបូរី​និង​ទំនប់​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ក៏ដោយ​ វៀតណាម​អាច​គាប​សង្កត់​ឡាវ​ដោយ​ការ​គម្រាម​កំហែង​មិន​ធ្វើ​ការ​វិនិយោគទុន​ក្នុង​គម្រោង​វារី​អគ្គិសនី​នានា​នៅ​ពេល​អនាគត។

«វៀតណាម​អាច​សម្រេច​មិន​វិនិយោគទុន​ឬ​ទិញ​អ្វី​ពី​ប្រទេស​ឡាវ។ វា​ជា​មធ្យោបាយ​មួយ​ដែល​ពួកគេ​អាច​មាន​អំណាច​ខ្លះ»។

នៅ​ខែ​តុលា​ ការ​សិក្សា​ឯករាជ្យ​មួយ​ដែល​ឧបត្ថម្ភ​ឡើង​ដោយ​គណៈកម្មការ​ MRC​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​នានា​នៅ​ទន្លេ​មេគង្គ​ខាងក្រោម​ឲ្យ​ពន្យា​ពេល​ការ​សម្រេច​ចិត្ត​លើ​គម្រោង​វារី​អគ្គិសនី​សម្រាប់​រយៈពេល​១០​ឆ្នាំ ​ដោយ​ព្រមាន​ថា​ទំនប់​វារី​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​អសន្តិសុខ​ម្ហូប​អាហារ​និង​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ហើយ​នឹង​ពុំ​អាច​ទប់ទល់​បាន​ដល់​បរិស្ថាន។

ចិន​ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​នៅ​ភាគ​ខាង​ជើង​ ប្រតិបត្តិការ​ទំនប់​ទឹក​រួច​ទៅហើយ​ចំនួន​៤​នៅ​ទន្លេ​មេគង្គ​ខាងលើ៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!