VOA News: ព័ត៌មាន: “អ្នករិះគន់ថាបទបញ្ជាលោកហ៊ុន សែនឲ្យលុបចោលកម្មសិទ្ធិដីខុសច្បាប់អាចបង្កឲ្យមានភាពច្របូកច្របល់” plus 7 more |
- អ្នករិះគន់ថាបទបញ្ជាលោកហ៊ុន សែនឲ្យលុបចោលកម្មសិទ្ធិដីខុសច្បាប់អាចបង្កឲ្យមានភាពច្របូកច្របល់
- ហេឡូវីអូអេ៖ តុល្យការនៃដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងឆ្នាំ២០១១
- កន្លែងជីករ៉ែមាសរបស់ក្រុមហ៊ុនចិនដែលមានកម្មករស្លាប់មានការយាមតឹងតែង
- តុលាការខ្មែរក្រហមនឹងបន្តសវនាការសំណុំរឿង០០២នៅសប្តាហ៍ក្រោយ
- កម្ពុជាបានស្វះសែ្វងបំពេញបែបបទធ្វើឲ្យពលករខែ្មរនៅប្រទេសថៃស្របច្បាប់
- តុលាការកោះហៅមេធាវីគណបក្សប្រឆាំង
- ព័ត៌មានអន្តរជាតិវីអូអេ ២ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ២ មករា
Posted: 02 Jan 2012 01:13 PM PST មន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល បានរិះគន់បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការលុបចោលលិខិតកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយនិយាយថា ចំណាត់ការនោះជាការបង្ហាញឲ្យឃើញពីការរង់ចាំតែបញ្ជារបស់បុគ្គលម្នាក់។ ក្រុមមេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៉ីបានអះអាងថាការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីធ្វើមោឃភាពប័ណ្ណកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិដែលចេញឲ្យដោយមន្ត្រីមូលដ្ឋាននានា នឹងធ្វើឲ្យមានភាពច្របូកច្របល់ និងបង្ហាញពីការដឹកនាំប្រទេសពឹងអាងលើអំណាចបុគ្គលម្នាក់ជាជាងច្បាប់។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថា បញ្ហាដីធ្លីនៅកម្ពុជាឈានដល់អនាធិបតេយ្យហើយ។ ប្រជាពលរដ្ឋតិចតួចណាស់ដែលមានលុយធ្វើប្លង់កម្មសិទ្ធិរឹងក្រោយពីសង្រ្គាម។ លោកបន្ថែមថា ការប្រកាសរបស់ លោក ហ៊ុន សែន ជាជាងដោះស្រាយតាមច្បាប់នឹងក្លាយជាឧបសគ្គនៅថ្នាក់ក្រោមឬមូលដ្នាន។ «កាដឹកនាំសព្វថ្ងៃ វាធ្វើឲ្យសង្គមយើងវាអានាធិបតេយ្យ វាច្របូកច្របល់។ វាមិនដឹងចាប់ក្បាលចាប់កន្ទុយទេ បើសិនធ្វើតាមតែបញ្ជា តាមតែមាត់របស់នាយករដ្ឋមន្ត្រីភ្ញាក់រលឹកនឹកឃើញម្តងធ្វើ ហើយស្រែកទៅ ហើយបាត់ចោលទៅវិញ ហើយទុកឲ្យអ្នកខាងក្រោមរត់តាម។ គេរត់មិនទាន់ដែរ»។ លោកអះអាងថាលោកមិនជឿថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនអាចដោះស្រាយបញ្ហាដីធ្លីបានទេ ព្រោះបញ្ហាដែលអាជ្ញាធរថ្នាក់មូលដ្នានផ្តល់កម្មសិទ្ធិជាថ្នូរនឹងសំណូកមិនត្រឹមត្រូវឬមិនផ្តល់ឲ្យពេលគ្មានសំណូកហ្នឹងវាកើតជាហូរហែយូរមកហើយ ឈានដល់អនាធិបតេយ្យ។ លោក កឹម សុខា បានអះអាងថា ភាពចន្លោះប្រហោងនៃច្បាប់ភូមិបាលនិងការបែងចែកអំណាចដល់ថ្នាក់មូលដ្នានមិនច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានច្របូកច្របល់ស្រឡាំងកាំង មិនដឹងនិយាយឬធ្វើការដោះស្រាយយ៉ាងម៉េចពេលនាយករដ្ឋមន្ត្រីប្រកាសលុបចោលកម្មសិទ្ធិដីធ្លីដែលខុសច្បាប់ ដែលបានចេញដោយអាជ្ញាធរមូលដ្នានកន្លងមកហើយនោះ។ «ម្នាក់ៗគាំងហើយ។ ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងដោយសារអាជ្ញាធរជាអាជ្ញាធរខ្សែបក្ស ជាងអាជ្ញាធររដ្ឋ អញ្ចឹងគាត់ខ្លាចរអាមេបក្ស ថ្នាក់ដឹកនាំខាងលើហ្នឹង ថ្នាក់ដឹកនាំគណបក្សកាន់អំណាចហ្នឹង អញ្ចឹងគាត់អត់ហ៊ានប្រកែកទេ។ គេប្រាប់ឆ្វេងទៅឆ្វេង គេប្រាប់ស្តាំទៅស្តាំទោះជាខុស ទោះជាត្រូវក៏ដោយ។ អញ្ចឹងហើយប្រជាពលរដ្ឋក៏លោកខ្វល់ដែរខ្ញុំមើលទៅ។ បញ្ហាម្នាក់ៗដេកចាំមើលគេអនុវត្តរបៀបម៉េច?» ក្នុងពេលលោកចុះត្រួតពិនិត្យការដ្ឋានវារីអគ្គសនីតាតៃ ខេត្តពោធិ៍សាត់ កាលពីដើមសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈពីបទបញ្ជារបស់លោកចំពោះការលុបចោលលិខិតកម្មសិទ្ធិដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយសារតែលោកមើលឃើញថាមានអ្នកមានអំណាចនិងអ្នកមានមិនមែនប្រជាជន បានដើរចាប់ដីយ៉ាងច្រើន ដែលអាចអន្តរាយដល់តំបន់ការពារធម្មជាតិឬក្លាយជាទីរហោឋាន។ «មោឃភាពទៅ។ នរណាជួនកាលលេងកាន់កាប់ម្ភៃ សាមសិបហិកតា។ មើល! ដកចោល! គ្រវាត់ចោលទៅ! អ្នកដែលនេះហ្នឹង(អ្នកប្រព្រឹត្ត) កុំទៅប្តឹងតវ៉ាអី។ យកល្អទៅដុតចោលទៅ កុំឲ្យលោកហ៊ុន សែនដឹង។ គាត់ដឹងក្រែងលោអាចអស់ផ្កាយទៀត»។ លោកពុំបានបញ្ចេញឈ្មោះមន្ត្រីណាខ្លះដែលបានប្រព្រឹត្តទេ តែថ្លែងថាលោកបានចេញសារាចរនិងបានប្រាប់យូរហើយ។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី និងជាអ្នកនាំពាក្យបាន អះអាងថា ការយកសម្តីរបស់បុគ្គលហើយមិនអនុវត្តច្បាប់ នឹងនាំឲ្យប៉ះទង្គិចដល់ពលរដ្ឋផងនិងអ្នកវិនិយោគផង។ លោក យឹម សុវណ្ណ បន្ថែមថា ចំណាត់ការលើ បញ្ហាដីធ្លីនេះគួរផ្តល់ការជឿជាក់ដល់ប្រជាពលរដ្ឋ។ «ហើយបើសិនជាគេមានប័ណ្ណកម្មសិទ្ធិហើយ ដែលយើងទទួលស្គាល់ដោយរដ្ឋាភិបាលហើយយើងមិនអាចយកពាក្យសម្តីមួយម៉ាត់ពីរម៉ាត់ទៅថា អ្ហេ!ត្រូវតែរំលាយកម្មសិទ្ធិចោលអញ្ចឹង អាហ្នឹងវាធ្វើឲ្យមានអស្ថេរភាព វាធ្វើឲ្យបាត់ការជឿទុកចិត្ត បាត់ភាពកក់ក្តៅទៅលើប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នហ្នឹងហើយ។ ហើយជាពិសេសគឺទឹកចិត្តអ្នកវិនិយោគទុនតែម្តង»។ លោក យឹម សុវណ្ណ បានអះអាងថាមានដីជាង៧លានហិកតាដែលរដ្ឋាភិបាល អនុញ្ញាតឲ្យក្លាយជាដីសម្បទានឯកជន ដោយរកចំណូលបានប្រមាណ១០លាន ដុល្លារតែប៉ុណ្ណោះ ដែលលោកចាត់ទុកថាគួរបានច្រើនជាងនេះ ហើយធ្វើឲ្យមានការរីកចម្រើនដល់ប្រទេស។ «ចំណូលនេះតិចតួចណាស់បើប្រៀបធៀបទៅនឹងផលវិបាកនៃការរំលោភសិទ្ធិមនុស្សនៃប្រជាពលរដ្ឋដែលបាត់បង់ដីធ្លី។ គួរណាស់តែទុកដីទាំងអស់ហ្នឹង ដីកសិកម្មដែលអាចធ្វើស្រែចម្ការហ្នឹងទុកជូនប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការទៅក៏វាបាន ជាជាងឲ្យក្រុមហ៊ុនឯកជនហើយបានផលចូលក្នុងថវិកាជាតិតែបន្តិចបន្តួច»។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថាការប្រកាស មោឃភាពលិខិតកាន់កាប់ដីធ្លីដែលគេចាត់ទុកថាខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដែលលិខិតស្នាមនោះចេញឲ្យដោយអាជ្ញាធរនោះជារឿងដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពខ្វះខាតក្នុងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។ «តែម្នាក់ៗរាល់ថ្ងៃនេះអត់យកចិត្តទុកដាក់លើច្បាប់ទេ គឺចាំស្តាប់តែនាយករដ្ឋមន្ត្រី។ អាហ្នឹងខ្ញុំមើលទៅប្រទេសយើងអត់មាននីតិរដ្ឋទេបែបហ្នឹង។ ហើយប្រទេសដែលអត់មាននីតិរដ្ឋច្របូកច្របល់ដូចរាល់ថ្ងៃអញ្ចឹង។ ហើយអាជ្ញាធរគាត់អត់ដឹងពេលណាត្រូវធ្វើអីទេ គាត់មានច្បាប់ក៏ដោយគាត់អត់ដឹងពេលណាត្រូវអនុវត្តច្បាប់ ពេលណាត្រូវអត់ ត្រូវស្តាប់តាមច្បាប់ទេបាទ»។ លោកថ្លែងថាបញ្ហាដីធ្លីនៅទូទាំងប្រទេស បញ្ហាបិទខារ៉ាអូខេ បញ្ហាឡូតិ៍នេសាទ និងបញ្ហាផ្សេងៗជាច្រើនទៀតគឺស្ងប់ស្ងាត់តែមួយភ្លែតពេលចេញសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី។ «យើងគ្រប់គ្រងប្រទេសបែបហ្នឹងមិនមែនជាការគ្រប់គ្រងប្រទេសដ៏រីកចម្រើនទេ។មិនអាចរីកចម្រើនធំដុំទេព្រោះអីវាអត់មានជាប្រព័ន្ធ អត់មានជានីតិរដ្ឋ ហើយមនុស្សអត់ស្មើភាពគ្នាទេ។ អ្នកជិតស្និទ្ធទៅអ្នកដែលមានអំណាច អ្នកហ្នឹងហាក់ដូចជាមានផលប្រយោជន៍ក្នុងសង្គមបែបហ្នឹងបាទ»។ លោក អ៊ូ វីរៈ អះអាងបន្ថែមទៀតថា ការធ្វើច្បាប់ ឬមានច្បាប់ដើម្បីឲ្យមន្ត្រីទាំងអស់អនុវត្ត ប្រសើរជាជាងរង់ចាំស្តាប់បទបញ្ជាឬសេចក្តីប្រកាសឬបញ្ជាពីនាយករដ្ឋមន្ត្រី៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ តុល្យការនៃដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងឆ្នាំ២០១១ Posted: 02 Jan 2012 11:23 AM PST មន្ដ្រីសាលាក្ដីខ្មែរក្រហមចាត់ទុកថា ឆ្នាំ២០១១គឺជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ លោក ហ៊ុយ វណ្ណៈ មន្រ្ដីផ្នែកកិច្ចការសាធារណៈមានប្រសាសន៍ក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃចន្ទ័ទី២៦ខែធ្នូឆ្នាំ២០១១ថា ការជំនុំជម្រះលើសំណុំរឿង០០២ ដែលមានអតីតមេដឹកនាំកំពូលខ្មែរក្រហមសរុបចំនួនបីនាក់បានដំណើរការទៅមុខ។ ហើយសំណុំរឿង ០០១ដែលមានឌុចជាជនជាប់ចោទ ត្រូវបានកាត់ទោសបញ្ចប់ដោយអង្គជំនុំជម្រះតុលាការកំពូលនិងកំពុងរង់ចាំការប្រកាសសាលដីកានៅខែកុម្ភៈ ឆ្នាំ២០១២។ «យើងបានធ្វើកិច្ចការមួយដែលលឿន និងមានប្រសិទ្ធភាព» លោក ហ៊ុយ វណ្ណៈ បញ្ជាក់យ៉ាងដូច្នេះបន្ទាប់ពីលោកស៊ុន ធន់ អ្នកស្តាប់ពីខេត្តកំពង់ធំចោទសួរពីដំណើរការកាត់ទោស និងចំណោទដែលជនជាប់ចោទ នួន ជា បានលើកឡើង។ មន្ដ្រីតុលាការដដែលបានភ្ជាប់ការចូលរួមនៃជនរងគ្រោះក្នុងការទស្សនាការកាត់ទោសដោយផ្ទាល់រហូតដល់ចំនួនជាង ១១០.០០០នាក់ថា គឺជាជោគជ័យមួយសម្រាប់សាលាក្ដីពិសេសផងដែរ។ ថ្វីបើដូច្នេះក្ដី សំណុំរឿង០០៣ និង០០៤បានស្ដែងចេញនូវភាពចម្រូងចម្រាស់បន្ថែមទៀតរវាងភាគីកម្ពុជានិងភាគីអន្ដរជាតិក្នុងសាលាក្ដីខ្មែរក្រហម។ លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា៖ «រឿងនីមួយៗស្ថិតនៅក្នុងក្របខ័ណ្ឌខុសគ្នា ហើយបច្ចុប្បន្ននេះ ០០១ ត្រៀមប្រកាសនៅកំពូល ០០២ ស្ថិតក្នុងដៃសាលាដំបូង និង ០០៣ ស្ថិតក្នុងអង្គបុរេជំនុំជម្រះ និង ០០៤ កំពុងបន្ដនីតិវិធីស៊ើប។ ដរាបណាសាច់រឿងនោះត្រូវបញ្ជូនទៅជំនុំជម្រះទើបអាចលាតត្រដាងជាសាធារណៈ»។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
កន្លែងជីករ៉ែមាសរបស់ក្រុមហ៊ុនចិនដែលមានកម្មករស្លាប់មានការយាមតឹងតែង Posted: 02 Jan 2012 07:55 AM PST ការដ្ឋានរបស់ក្រុមហ៊ុនចិន ដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កាលពីចុងឆ្នាំ២០១១សម្រាប់ធ្វើអាជីវកម្មរ៉ែមាស នៅក្នុងស្រុកសម្បូរ គឺឋិតនៅក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែតពីទីរួមក្រុងក្រចេះ។ ផ្លូវគមនាគមន៍មានការលំបាកបន្ទាប់ពីចុះចេញពីផ្លូវជាតិ ទៅកាន់ការដ្ឋានចម្ងាយប្រមាណជាង១៣គីឡូម៉ែត។ នៅពេលដែលធ្វើដំណើរប្រមាណ៧គីឡូម៉ែតពីផ្លូវលំ ទៅដល់ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសម្បូរ មានចំណុចឆែកឆេរមួយកន្លែងរបស់ក្រុមហ៊ុនចិន ដែលមានការយាមយ៉ាងតឹងរឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ។ នៅចំណុចឆែកឆេរនេះ គេមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានឆ្លងកាត់ទេ ក្រោយពីហេតុការណ៍ដែលបណ្តាលឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែ ក៏ប៉ុន្តែអ្នកសារព័ត៌មានមួយក្រុមត្រូវបានអនុញ្ញាតឲ្យចូល ដោយសារតែមន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះធ្លាប់ស្គាល់គ្នាជាមួយអ្នកកាសែត។ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងបរិវេណអាជីវកម្មអណ្តូងរ៉ែរបស់ក្រុមហ៊ុនចិនXing Yuan Kanng Yeak មានការរៀបចំពិធីសូត្រមន្តដើម្បីរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់បាត់បង់ជីវិតគំរប់៧ថ្ងៃ។ នៅក្នុងបរិវេណអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនចិននេះ ពុំមានកម្មករច្រើនធ្វើការដូចមុនទេ គឺមានកម្មករធ្វើការប្រមាណតែ៤ឬ៥នាក់តែប៉ុណ្ណោះ។ ក្រុមកម្មករបានធ្វើបទសម្ភាស៍ជាមួយនឹងវីអូអេសម្លេងសហរដ្ឋអាមេរិកថា មានកម្មករខ្មែរប្រមាណជាង៩០ភាគរយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញហើយ បន្ទាប់ពីមិត្តរួមការងាររបស់ពួកគេបានស្លាប់។ កាលពីសប្តាហ៍មុន មានកម្មករខ្មែរប្រមាណ៨នាក់បានស្លាប់បាត់បង់ជីវិត និងមានកម្មករពីរនាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងអណ្តូងរ៉ែមាសមួយដែលមានជម្រៅប្រមាណជាង៣០០ម៉ែត ដោយសារតែកម្មករជនជាតិចិនបំផ្ទុះថ្មដើម្បីយករ៉ែ ហើយប៉ះចំដង្ហើមទឹកក្រោមដី បណ្តាលឲ្យទឹកបាញ់ចេញយ៉ាងគំហុកលាយឡំជាមួយនឹងកម្ទេចថ្ម ដែលធ្វើឲ្យកម្មករស្លាប់ដោយសារការឆ្លក់ទឹក។ លោកពុំ អឿន អាយុ២៨ កម្មករនៅក្នុងអណ្តូងរ៉ែ មកពីខេត្តកំពង់ចាម ដែលបានធ្វើការងារជាកម្មករអណ្តូងរ៉ែអស់រយៈពេលជាងមួយខែ បាននិយាយថា ការចូលបម្រើជាកម្មករនៅទីនេះ ក្រុមហ៊ុនមិនបានបង្រៀនអំពីវិធីសាស្ត្រជម្លៀសចេញ នៅក្នុងគ្រាមានអាសន្នទេ។ លោកពុំ អឿនបាននិយាយថា ខាងក្រុមហ៊ុនបានឲ្យកម្មករពាក់មួកសុវត្ថិភាពនិងមានពាក់ពិលនៅលើក្បាល ព្រមទាំងឧបករណ៍វាយថ្មតែប៉ុណ្ណោះ។ ចំណែកឯបច្ចេកទេសផ្សេងទៀត ក្រុមហ៊ុនមិនបានបង្ហាត់បង្រៀនដល់ពួកគេទេ។ «អត់មានដឹងផង ព្រោះអីកម្មករនៅទីហ្នឹង បើចុះធ្វើនៅហ្នឹង បើថាដាច់ភ្លើង ដាច់អីនៅហ្នឹង គឺងងឹតសូន្យ ងងឹតសូន្យតែម្តង នៅក្នុងហ្នឹង»។ កន្លែងធ្វើអាជីវកម្មរុករករ៉ែរបស់ក្រុមហ៊ុនចិនមានចំនួនពីរអណ្តូងគឺនៅប៉ែកខាងកើត និងប៉ែកខាងលិច ក៏ប៉ុន្តែមានតែមួយអណ្តូងតែប៉ុណ្ណោះ ដែលធ្វើឲ្យកម្មករខ្មែរស្លាប់បាត់បង់ជីវិត។ ប្អូនប្រុសម៉ៅ សិលា អាយុ១៩ មកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននិយាយថា ជារៀងរាល់លើក នៅពេលដែលក្រុមហ៊ុនដាក់គ្រាប់គីប ដើម្បីកម្ទេចថ្មតែងតែចុចកណ្តឹងប្រកាសអាសន្ន ក៏ប៉ុន្តែនៅថ្ងៃកើតហេតុនេះ ក្រុមហ៊ុនមិនបានប្រកាសអាសន្នដល់ពួកគេទេ។ ប្អូនប្រុសបាននិយាយថា ប្រសិនណាបើក្រុមហ៊ុនបានបង្រៀនវិធីគេចចេញពីគ្រោះថ្នាក់ ឬក៏ប្រាប់ឲ្យដឹងជាមុន ប្រហែលជាពួកគេមិនបានស្លាប់បាត់បង់ជីវិតទាំងប្រាំបីនាក់នោះទេ។ «ខ្ញុំចង់ថា មានសំណូមពរឲ្យជួយពិនិត្យមើលកម្មករគ្រប់រូប ដើម្បីមុននឹងចុះទៅធ្វើការឲ្យមានសុវត្ថិភាព។ ការពារអាយុជីវិត អាយុកម្ពុជាខ្មែរយើង»។ កម្មករខ្មែរ ដែលបានធ្វើការងារនៅក្នុងអណ្តូងរ៉ែ មិនបានទទួលប្រាក់បៀវត្សរ៍ប្រចាំខែទេ។ ក្រុមកម្មករទទួលបាន៩០០០រៀល គឺស្មើនឹងជាងពីរដុល្លារ ប្រសិនណាបើកម្មករយករ៉ែមួយធុងពីក្រោមដីយកមកលើបាន។ ប្អូនប្រុសកាយ បុរី អាយុ២៧ បាននិយាយយ៉ាងដូច្នេះថា៖ «គេគិតជាធុង មួយធុង។ ក្រុមរណ្តៅខ្ញុំខាងនោះធ្វើបានមួយធុងប្រាំបួនពាន់ អាជាន់ក្រោម។ ចំណែកអាជាន់លើបានមួយម៉ឺន ឬមួយម៉ឺនមួយពាន់។ ជួបដែររ៉ែហ្នឹង ប៉ុន្តែយើងមិនដឹងថា រ៉ែហ្នឹងមាសទេ។ ទាល់តែយើងយកទៅកិនបានយើងឃើញ»។ តំណាងក្រុមហ៊ុនចិនបានបដិសេធមិនផ្តល់អត្ថាធិប្បាយណាមួយប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកទេ នៅពេលដែលព្យាយាមសួរតាមរយៈអ្នកបកប្រែ។ បន្ទាប់ពីព្រឹត្តិការណ៍បណ្តាលឲ្យក្រុមកម្មករខ្មែរ៨នាក់បានស្លាប់ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បាននិយាយថា ក្រសួងនឹងកោះប្រជុំជាបន្ទាន់ជាមួយនឹងក្រុមហ៊ុន ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យនេះ លទ្ធផលនៃជំនួបនេះមិនទាន់បានប្រកាសនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
តុលាការខ្មែរក្រហមនឹងបន្តសវនាការសំណុំរឿង០០២នៅសប្តាហ៍ក្រោយ Posted: 02 Jan 2012 07:16 AM PST សាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនឹងចាប់ផ្ដើមសវនាការរយៈពេលមួយខែក្នុងសំណុំរឿង០០២ ចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយនេះតទៅ ដើម្បីបន្ដពិនិត្យលើភស្ដុតាងនានាទាក់ទងនឹងការចោទប្រកាន់ជនជាប់សង្ស័យចំនួនបីនាក់ក្នុងសំណុំរឿងនេះ។ នោះគឺនួន ជា អតីតប្រធានសភា អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកកុម្មុយនិស្ដខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ស្លាប់បាត់បង់ជីវិត។ លោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា តុលាការនឹងធ្វើការសួរដេញដោលពីការជាប់ទាក់ទងគ្នានៃការដឹកនាំអំណាចនៅក្នុងរបបនេះ។ «គេនឹងបន្ដចោទសួរទៅលើរចនាសម្ព័ន្ធរដ្ឋបាល និងរចនាសម្ព័ន្ធនៃការប្រាស្រ័យទាក់ទងគ្នាផ្នែកការងារក្នុងរបបខ្មែរក្រហម»។ អង្គជំនុំជម្រះសាលាដំបូងបានចាប់ផ្ដើមបើកសវនាការដែលផ្តោតលើភស្ដុតាងលើសំណុំរឿង០០២ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១១។ សវនាការនោះផ្តោតលើការជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋានដោយបង្ខំ បន្ទាប់ពីពួកកងទ័ពឯកសណ្ឋានខ្មៅខ្មែរក្រហមបានឡើងកាន់អំណាចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួមទាំងឧក្រិដ្ឋកម្មនានា ដែលបានកើតឡើងក្នុងពេលនោះ។ ក្នុងអំឡុងពេលសវនាការនោះ នួន ជា និងខៀវ សំផនបានច្រានចោលការទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ រីឯអៀង សារី បានបដិសេធមិនព្រមឆ្លើយនឹងសំណួរផ្សេងៗទេ ក្នុងពេលសវនាការ។ មួយវិញទៀត នួន ជា ដែលមានវ័យ៨៥ឆ្នាំនៅឆ្នាំនេះ បានស្ដីបន្ទោសលើការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាមក្នុងការស្លាប់របស់ជនរងគ្រោះ។ សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនបីនាក់ត្រូវបានកោះហៅឲ្យចូលបំភ្លឺ ក្នុងនោះមានដើមបណ្ដឹងរដ្ឋប្បវេណីជនជាតិដើមភាគតិចចំនួនពីររូបមកពីខេត្តរតនគិរី។ លោកនេត្រ ភក្ដ្រាបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណីទាំងពីររូបនេះនឹងត្រូវកោះហៅឲ្យចូលសវនាការម្ដងទៀតក្នុងការកាត់ក្ដីលើកនេះ ។ សូមបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងបានបែងចែកការជម្លៀសចេញរបស់ពួកខ្មែរក្រហមជាពីរដំណាក់កាល។ គឺដំណាក់កាលទីមួយ ការបណ្ដេញប្រជាជនក្រុងភ្នំពេញ និងបណ្ដាខេត្តនានាភា្លមៗ បន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច និងដំណាក់កាលទីពីរ គឺជាការជម្លៀសប្រជាជនចេញពីកន្លែងពួកគេរស់នៅទៅកាន់តំបន់ពាយព្យប្រទេស ក្នុងអំឡុងពេលដែលពួកខ្មែរក្រហមកាន់អំណាចពេញដៃ។ សាលាក្ដីខ្មែរក្រហមបានបែងចែកថា ការជម្លៀសដែលបង្កឲ្យមានការស្លាប់ប្រជាពលរដ្ឋខ្មែរក្នុងពេលនោះស្ថិតក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោកនេត្រ ភក្ដ្រាបញ្ជាក់ថាមានសាក្សី និងអ្នកជំនាញសរុបចំនួន២០រូបនឹងចូលរួមក្នុងសវនាការរយៈពេលមួយខែនេះ។ «គឺនឹងមានសាក្សី មានដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកជំនាញប្រមាណ២០រូប នឹងឡើងផ្ដល់សក្ខីកម្ម ធ្វើសេចក្ដីថ្លែងការណ៍ និងការពន្យល់ទាក់ទងនឹងបទចោទប្រកាន់ និងប្រវត្តិនៃបក្សកុម្មុយនិស្ដកម្ពុជា ដែលទាក់ទងនឹងការជម្លៀសប្រជាជនដំណាក់កាលទីមួយ និងទីពីរ និងបទចោទទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ យោងតាមកម្មវិធីរបស់អង្គជំនុំជម្រះសាលាដំបូង ការកាត់ក្ដីលើសំណុំរឿង០០២ ទាក់ទងនឹងការជម្លៀសប្រជាជនកម្ពុជាដោយបង្ខំនេះ នឹងបន្ដឡើងវិញនៅថ្ងៃទី១២ ខែមិនា បន្ទាប់ពីការកាត់ទោសនឹងត្រូវផ្អាកនៅក្នុងខែកុម្ភៈ។ លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបន្ថែមថា បន្ទាប់ពីការកាត់ទោសលើផ្នែកនេះ អង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមមួយដើម្បីកំណត់ទោសជនជាប់ចោទដំណាក់កាលទីមួយ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាបានស្វះសែ្វងបំពេញបែបបទធ្វើឲ្យពលករខែ្មរនៅប្រទេសថៃស្របច្បាប់ Posted: 02 Jan 2012 07:37 AM PST ប្រទេសកម្ពុជាបានស្វះសែ្វងរកភាពស្របច្បាប់ដល់ពលករខែ្មរប្រមាណ១៦០០០០នាក់ ដែលកំពុងធើ្វការខុសច្បាប់នៅក្នុងប្រទេសថៃ។ ប្រជាពលរដ្ឋខែ្មរច្រើនរាប់សិបម៉ឺននាក់ ដែលគ្មានការងារធើ្វនៅក្នុងស្រុក បានហូរចូលទៅរកការងារធើ្វដោយខុសច្បាប់នៅក្នុងប្រទេសថៃ ហើយត្រូវបានគេជួញដូរធើ្វជាស្រីបម្រើនៅតាមផ្ទះបន និងធ្វើជាអ្នកនេសាទ ឬ កម្មករសំណង់ ដោយគ្មានប្រាក់ឈ្នួល ព្រមទាំងជួបប្រទះនឹងការបាញ់សម្លាប់ពីទាហ៊ានព្រំដែនថៃ នៅពេលឆ្លងកាត់ព្រំដែនចូលទៅរកការងារធើ្វក្នុងប្រទេសថៃ។ ការស្វះសែ្វងរកភាពស្របច្បាប់សម្រាប់ពលករខែ្មរនៅថៃនេះបានធើ្វឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃកាលពីសបា្តហ៍មុន ខណៈដែលប្រទេសទាំងពីរខំប្រឹងប្រែងស្តារទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការទេ្វភាគីដែលមានការប្រេះឆាកន្លងមកនេះ។ លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថែ្លងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ពលករខែ្មរខុសច្បាប់ទាំងអស់នឹងទទួលបានប័ណ្ណអនុញ្ញាតឲ្យធើ្វការស្របច្បាប់នៅថៃ។ «សព្វថៃ្ង មានពលករយើងធ្វើការនៅថៃ ដែលមិនស្របច្បាប់ប្រហែល ២៥០០០០នាក់។ ខ្ញុំបានថែ្លងអំណរគុណរដ្ឋាភិបាលថៃ ដែលបានអនុញ្ញាតឲ្យក្រុមការងារយើងទៅធើ្វអត្តសញ្ញាណប័ណ្ណដល់ពលករមិនស្របច្បាប់នេះ ដើម្បីធើ្វប័ណ្ណធើ្វការងារស្របច្បាប់នៅថៃបានជាង៩០០០០នាក់ហើយ។ អ្នកនៅសេសសល់ប៉ុន្មាន រដ្ឋាភិបាលថៃនឹងអនុញ្ញាតឲ្យធ្វើអត្តសញ្ញាណប័ណ្ណរហូតដល់ខែកុម្ភៈឆ្នាំ២០១២។ ខ្ញុំក៏បានសើ្នឯកឧត្តមស៊ូរ៉ាពង្សថា បើសិនជាដល់ខែកុម្ភៈ អត្តសញ្ញាណប័ណ្ណនេះធើ្វមិនចប់ ខ្ញុំសុំស្នើធើ្វប័ណ្ណនេះបន្តពេលថែមទៀត ដើម្បីធើ្វឲ្យចប់នូវចំនួនពលករខែ្មរមិនស្របច្បាប់ នៅថៃនេះឲ្យបានចប់សព្វគ្រប់បន្តទៀត»។ លោករដ្ឋមន្រ្តីការបរទេសថៃបានថែ្លងថា លោកសន្យានឹងយកសំណើរបស់ភាគីកម្ពុជាទៅពិភាក្សាជាមួយរដ្ឋមន្រ្តីការងារថៃ ហើយនឹងដាក់ជូនគណៈរដ្ឋមន្រ្តីថៃសម្រេច។ លោកស្រីឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសុំចតនៃក្រសួងការងារប្រចាំខេត្តបន្ទាយមានជ័យ បានថែ្លងថា អាជ្ញាធរថៃបានចាប់បញ្ជូនប្រជាពលរដ្ឋខែ្មរខុសច្បាប់ជាង១០០០០០នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១១។ លោកចាន់ សូរ៉េត ប្រធានផែ្នកត្រួតពិនិត្យស្ថានភាពសិទិ្ធមនុស្សនៃសមាគមសិទិ្ធមនុស្សអាដហុក បានថ្លែងថា ប្រជាពលរដ្ឋខែ្មរ ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធើ្វនៅថៃ បានទទួលរងនូវការរំលោភបំពានផ្នែកសិទិ្ធមនុស្សពីសំណាក់អាជ្ញាធរថៃ ដូចជាការបាញ់សម្លាប់ និងការរើសអើង។ «ប្រជាពលរដ្ឋខែ្មរនៅតែលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីចូលទៅក្នុងទឹកដីថៃរកការងារធើ្វ។ អ្នកខ្លះចូលតាមរយៈគេជួល។ អ្នកខ្លះចូលតាមរយៈមិត្តភក្តិ។ អ្នកខ្លះក៏លួចចូលទៅក្នុងប្រទេសថៃដើម្បីទៅរកការងារធើ្វក្នុងប្រទេសថៃ»។ លោកស្រី ឈា ម៉ានិត បានបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភអំពីពលករខែ្មររាប់សែននាក់ដែលធើ្វការដោយខុសច្បាប់នៅថៃដែលងាយនឹងរងគ្រោះដោយការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស៕ This posting includes an audio/video/photo media file: Download Now |
តុលាការកោះហៅមេធាវីគណបក្សប្រឆាំង Posted: 02 Jan 2012 07:47 AM PST លោកស៊ិន វីរៈ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាល បានថ្លែងប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះថា តុលាការបានចេញដីកាកោះហៅលោកជូង ជូងី មេធាវីការពារក្តីគណបក្សប្រឆាំង ឲ្យចូលមកបំភ្លឺនៅតុលាការថ្ងៃទី១៨ ខែមករា ខាងមុខនេះ ពីបទចោទប្រកាន់ថា បានផ្តល់មធ្យោបាយឲ្យជនជាប់ចោទលោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខាងគណបក្សសម រង្ស៊ី រត់គេចខ្លួន។ លោកស៊ិន វីរៈមិនបានធ្វើអត្ថាធិប្បាយណាមួយបន្ថែមទៀតទេ ដោយលោកបានអះអាងថា ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ។ «ក្នុងនាមជាចៅក្រមស៊ើបសួរ ខ្ញុំធ្វើអ្វីទៅតាមក្រមនីតិវិធីដែលកំណត់ជាសំណាញ់ ដែលខ្ញុំត្រូវធ្វើ»។ លោកជូង ជូងី មេធាវីការពារក្តីខាងគណបក្សប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង រហូតដល់មានព័ត៌មានជាច្រើនអះអាងថា លោកត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីបដិសេធភ្លាមៗ។ បន្ទាប់ពីបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពេញមួយថ្ងៃ លោកជូង ជូងីបានលេចមុននៅក្នុងសន្និសីទកាសែតមួយក្នុងទីស្នាក់ការគណបក្សប្រឆាំង។ លោកបានអះអាងថា លោកបានទទួលរងនូវការប៉ុនប៉ងចាប់ខ្លួន ក៏ប៉ុន្តែលោកបានគេចខ្លួនរួច។ លោកជូង ជូងីបានមានប្រសាសន៍ទៀតថា លោកបានទទួលរងនូវគំនាប ដែលមិនអនុញ្ញាតឲ្យលោកផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតទេ អំពីការបាត់ខ្លួននោះ។ លោកបានមានប្រសាសន៍ទៀតថា លោកនឹងកោរសក់ ស្លៀកសម្លៀកបំពាក់ពណ៌សរយៈពេល១២ថ្ងៃ ដើម្បីស្វែងរកយុត្តិធម៌នៅក្នុងសង្គម។ វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកជូង ជូងី នៅថ្ងៃច័ន្ទនេះ តែមិនអាចធ្វើទំនាក់ទំនងបានទេ។ មន្ត្រីគណបក្សប្រឆាំងមួយរូប ដែលស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នៅថ្ងៃទី៥ មករាខាងមុខនេះ លោកជូង ជូងីនឹងនិមន្តព្រះសង្ឃមួយអង្គ ធ្វើពិធីកោរសក់ រួចហើយស្លៀកសម្លៀកបំពាក់ពណ៌ស ដើម្បីធ្វើវិបស្សនា ឬស្មឹងស្មាធនៅក្នុងគណបក្សប្រឆាំងចំនួនពីរថ្ងៃ។ មន្ត្រីដដែលនោះបាននិយាយថា នៅថ្ងៃបន្ទាប់មក លោកជូង ជូងីនឹងធ្វើពិធីស្មឹងស្មាធដូចគ្នានេះ នៅមុខតុលាការខេត្តកណ្តាល មុខសាលាឧទ្ធរណ៍ តុលាការកំពូល ក្រសួងយុត្តិធម៌ និងចុងក្រោយគេ នៅមុខគណៈមេធាវី។ នៅក្នុងកម្មវិធីនីមួយៗ លោកជូង ជូងីនឹងកាន់ពាក្យស្លោកដែលមានអត្តន័យថា សុំឲ្យចៅក្រម និងតំណាងអយ្យការមានមនសិការ និងសតិសម្បជញ្ញៈរកយុត្តិធម៌ជូនសង្គមជាតិ។ លោកសុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថាករណីលោកជូង ជូងីពាក់ព័ន្ធទៅនឹងបច្ចេកទេស និងការបកស្រាយតាមប្រព័ន្ធផ្លូវច្បាប់របស់តុលាការ។ «តុលាការស្រុកយើងបកស្រាយចង្អៀត គឺមានន័យថា ចង់ឲ្យប្រជាពលរដ្ឋហ្នឹង ជាប់ឃុំច្រើនជាងនៅក្រៅឃុំ។ ហើយបើយើងរក្សាការបកស្រាយបែបហ្នឹង និយាយរួមទៅ អ្នកទោសអាចហ្នឹងកើនច្រើនជាងការបកស្រាយបែបទូលាយ»។ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ តុលាការខេត្តកណ្តាលបានចេញដីកាឲ្យឃុំខ្លួនបណ្តោះអាសន្ន សម្រាប់លោកមាស ប៉េង ជំទប់ទី២ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខាងគណបក្សប្រឆាំង ក្រោមបទចោទប្រកាន់ ថាបានផ្តួចផ្តើមគំនិតឲ្យប្រព្រឹត្តអំពើហិង្សានៅក្នុងជម្លោះដីធ្លីមួយជាមួយលោកប្រាក់ សាវុធ មន្ត្រីជាន់ខ្ពស់ខាងគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកតុលាការបាននាំខ្លួនលោកមាស ប៉េង ទៅឃុំឃាំងបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ នៅក្នុងខណៈពេលនោះ លោកជូង ជូងីបានឲ្យលោកចាន់ ចេង អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី នាំលោកយកមាស ប៉េងទៅផ្ទះដោយសារតែការឃុំខ្លួនកូនក្តីរបស់លោកគ្មានដីកាសម្រេចឲ្យឃុំខ្លួនត្រឹមត្រូវ។ លោកចាន់ ចេងត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិកាលពីខែធ្នូ ឆ្នាំ២០១១ ហើយបច្ចុប្បន្ននេះលោកកំពុងគេចខ្លួននៅឯក្រៅប្រទេស បន្ទាប់ពីតុលាការបានចោទប្រកាន់លោកពីបទផ្តល់មធ្យោបាយឲ្យលោកមាស ប៉េងជ នជាប់ចោទគេចខ្លួន៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២ មករា យប់ Posted: 02 Jan 2012 07:40 AM PST អ៊ីរ៉ង់៖ប្រទេសអ៊ីរ៉ង់បាននិយាយថាខ្លួនបានពិសោធបាញ់កាំជ្រួចមីសស៊ីលធុនគ្រូស (cruise missile) មួយគ្រឿងដោយជោគជ័យមួយថ្ងៃក្រោយពីបានប្រកាសអំពីការបាញ់ពិសោធកាំជ្រួច missile មួយគ្រឿងទៀត និងអំពីការអភិវឌ្ឍន៍ថ្មីមួយនៅក្នុងកម្មវិធីបរមាណូរបស់ខ្លួន។ ស៊ីរី៖គេបាននិយាយថាកងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់បាតុករយ៉ាងតិចណាស់៧នាក់ថែមទៀតកាលពីថ្ងៃអាទិត្យ នៅពេលដែលអង្គការផ្តល់ការណែនាំមួយរបស់សម្ព័ន្ធអារ៉ាប់បានអំពាវនាវឱ្យមានការដកពួកអ្នកសង្កេតការជាបន្ទាន់ពីប្រទេសស៊ីរី។ អង្គការនេះនិយាយថាកងឯកភាពនេះបរាជ័យក្នុងការរារាំងពួកទាហានរដ្ឋាភិបាលមិនឱ្យសម្លាប់ពួកជនស៊ីវិល។ កូរ៉េខាងត្បូង៖លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ (Lee Myung Bak) បាននិយាយថាទំនាក់ទំនងអន្តរកូរ៉េសម័យថ្មីមួយអាចត្រូវបើកចំហរបាន ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញសេចក្តីស្មោះត្រង់។ ស.រ.អ.៖ពួកបេក្ខជនគណបក្សសាធារណរដ្ឋដែលសង្ឃឹមថានឹងឈ្នះឆ្នោតទទួលតំណែងជាន់ខ្ពស់ក្នុងសេតវិមានក្នុងខែវិច្ឆិកា មានពេលមួយថ្ងៃទៀតដើម្បីធ្វើការឃោសនាបោះឆ្នោត មុនការប្រជុំសហគមន៍គណបក្សក្នុងរដ្ឋអាយអូវ៉ា (Iowa) នៅថ្ងៃអង្គារ។ ការប្រជុំសហគមន៍នេះជាការធ្វើតេស៍សាកល្បងធំទីមួយនៃការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២ មករា Posted: 01 Jan 2012 07:11 PM PST ឥណ្ឌា៖ នឹងបើកឲ្យអ្នកវិនិយោគទុនជាបុគ្គលបរទេសធ្វើការជួញដូរក្នុងផ្សារភាគហ៊ុនជាលើកដំបូង នៅក្នុងការចាត់វិធានការមួយដើម្បីទាក់ទាញប្រាក់បរទេសថែមទៀត។ រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងអនុញ្ញាតឱ្យពួកអ្នកបណ្តាក់ទុនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់វិនិយោគដោយផ្ទាល់ក្នុងផ្សារលក់ដូរហ៊ុនដើម្បី «ពង្រីកក្រុមអ្នកបណ្តាក់ទុន ទាក់ទាញមូលនិធិបរទេសថែមទៀតនិងកាត់បន្ថយភាពប្រែប្រួលនៃផ្សារលក់ដូរហ៊ុន។» បទបញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី ១៥ខែមករា។ សកលលោក៖ មានការអុជកាំជ្រួចភ្លឺចិញ្ចាចចាប់តាំងពីក្រុងស៊ីដនីដល់ញូវយ៉ក និងរដ្ឋធានីនៅទូទាំងពិភពលោក នៅខណៈដែលមនុស្សរាប់សិបលាននាក់បានស្វាគមន៍ការឈានចូលឆ្នាំ២០១២ ជាមួយការប្រារព្ធដ៏អធឹកអធម ការសូត្រធម៌បួងសួងនិងសេចក្តីសង្ឃឹមសម្រាប់អនាគតល្អប្រសើរជាងមុន។ សហរដ្ឋអាមេរិក៖ នៅពេលដែលឆ្នាំថ្មីបានឈានចូលដល់ក្នុងរដ្ឋអាយអូវ៉ា ដែលមានធាតុអាកាសត្រជាក់ ពួកបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមានសកម្មភាពមមាញឹកដោយពួកគេជាប់រវល់ក្នុងការទាក់ទាញទឹកចិត្តក្រុមអ្នកបោះឆ្នោតក្នុង២ថ្ងៃមុនការធ្វើសាកល្បងដ៏ធំលើកទីមួយនៅក្នុងដំណើរការតែងតាំងបេក្ខជនរបស់គណបក្ស។ អ៊ីរ៉ង់៖ បាននិយាយថាខ្លួនបានធ្វើការពិសោធន៍ដោយជោគជ័យនិងបានផលិតបំពង់ឥន្ធនៈបរមាណូសម្រាប់ប្រើប្រាស់ក្នុងរោងចក្របរមាណូ។ អ៊ីរ៉ង់ក៏បាននិយាយដែរថាខ្លួនបានសាកល្បងបាញ់កាំជ្រួចមីស៊ីលតម្រង់ទៅលើអាកាសមានរយៈចម្ងាយមធ្យមមួយនៅជិតច្រកសមុទ្រយុទ្ធសាស្ត្រហរមុស។ បារ៉ែន៖ សាក្សីឃើញហេតុការណ៍ដោយផ្ទាល់និយាយថាប៉ូលីសទប់ទល់នឹងកុបករនៅក្នុងប្រទេសបារ៉ែនដែលគ្រប់គ្រងដោយនិកាយស៊ូនី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបោះគ្រាប់បែកបញ្ឈប់សកម្មភាព នៅក្នុងការប៉ះទង្គិចកាលពី ថ្ងៃអាទិត្យជាមួយក្រុមអ្នកគាំទ្រការប្រឆាំងនិកាយស្ហ៊ីអ៊ីត នៅក្រោយពិធីបុណ្យសពបាតុករម្នាក់អាយុ១៥ឆ្នាំដែលបានត្រូវសម្លាប់មួយថ្ងៃមុននោះ។ រុស្ស៊ី៖ ក្រុមសកម្មជនប្រឆាំងដែលស្រែកបន្ទរពាក្យស្លោកថា «ប្រទេសរុស្ស៊ីនឹងមានសេរីភាព» បានធ្វើបាតុកម្មនៅក្នុងទីលានជ័យជំនះក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាទាមទារសិទ្ធិរបស់ពួកគេក្នុងការប្រមូលផ្តុំគ្នាដែលត្រូវបានធានាដោយមាត្រា៣១នៃរដ្ឋធម្មនុញ្ញរុស្ស៊ី។ នីហ្សេរីយ៉ា៖ កងរថក្រោះនិងក្រុមទាហានយាមល្បាតនៅក្នុងផ្នែកនានានៃភាគខាងជើងរបស់នីហ្សេរីយ៉ា ក្រោយពីប្រធានាធិបតីនៃប្រទេសនេះបានប្រកាសស្ថានភាពគ្រាមានអាសន្ននៅក្នុងតំបន់ទាំងទ្បាយដែលមានការវាយប្រហារកាលពីពេលថ្មីៗនេះដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយម។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |