VOA News: ព័ត៌មាន: “ការបោះឆ្នោតអសកលជាការបោះឆ្នោតអត់ន័យ” plus 4 more |
- ការបោះឆ្នោតអសកលជាការបោះឆ្នោតអត់ន័យ
- ក្រុមប្រឹក្សាគណៈមេធារីយកករណីលោកមេធាវីគណបក្សជំទាស់ ជួង ជូងីមកពិភាក្សា
- ក្រុមសិទ្ធិមនុស្សបារម្ភសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបន្ថយស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ
- ព័ត៌មានអន្តរជាតិវីអូអេ ៦ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ៦ មករា ព្រឹក
ការបោះឆ្នោតអសកលជាការបោះឆ្នោតអត់ន័យ Posted: 06 Jan 2012 01:53 PM PST ការស្នើសុំឲ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងការចោទប្រកាន់អំពីការ កៀបសង្កត់សមាជិកគណបក្សជំទាស់ បានកើតឡើងមុនការបោះឆ្នោតព្រឹទ្ធសភា ដែលមានតែគណបក្សចំនួនពីរ ចូលរួមប្រកួតប្រជែងនៅចុងខែមករា។ គណបក្សនយោបាយប្រមាណ៣០ទៀតពុំមានឱកាសចូលរួមទេ ដោយសារតែពុំមានអង្គបោះឆ្នោត ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិកសភាបោះឆ្នោតជូន។ គណបក្សខ្លះមានអង្គបោះឆ្នោតដែរ តែមិនគ្រប់គ្រាន់នឹងអាចឈ្នះអាសនៈបាន។ ច្បាប់បោះឆ្នោតចែងថា ក្នុងការបោះឆ្នោតព្រឹទ្ធសភា គឺមានតែសមាជិកសភា និងក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះមានសិទ្ធិបោះឆ្នោត ដែលគេហៅថា អង្គបោះឆ្នោត។ ការបោះឆ្នោតព្រឹទ្ធសភាតែមួយថ្ងៃតាមរយៈប្រព័ន្ធអសកលត្រូវគេរៀបចំធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ខែមករាឆ្នាំ២០១២។ ការបោះឆ្នោតនេះត្រូវគេគណនាដឹងជាមុន នូវសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសម រង្ស៉ីទទួលបានគឺផ្នែកទៅលើអង្គបោះឆ្នោតនៃគណបក្សនីមួយៗ។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំពឹងថា នឹងទទួលបាន៤៦អាសនៈ ហើយគណបក្សសម រង្ស៉ីរំពឹងថា នឹងទទួលបាន១១អាសនៈក្នុងចំណោមអាសនៈ សមាជិកព្រឹទ្ធសភាទាំង៥៧រូប។ ព្រឹទ្ធសភាតម្រូវឲ្យមានសមាជិក៦១រូប។ ស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នសភានឹងជ្រើសតាំងឥស្សរៈជន២នាក់ដូចគ្នា ដើម្បីបំពេញមុខនាទីជាសមាជិកព្រឹទ្ធសភា។ លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា (ខុមហ្វ្រែល) បានចាត់ទុកថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតដែលឥតន័យ ហើយថា ប្រព័ន្ធបោះឆ្នោតនេះត្រូវតែកែទម្រង់។ លោកថ្លែងថា គណបក្សច្រើនទៀតក៏ក្លាយជាឥតន័យដែរ ដោយសារមិនអាចចូលរួមប្រកួតប្រជែង។ «គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សនរោត្តម រណឫទ្ធិ អាហ្នឹងជាក់ស្តែង។ អញ្ចឹង គណបក្សហ្នឹងវាឥតន័យ ព្រោះឥឡូវមើលឃើញប្រកួតតែគណបក្សពីរ។ អញ្ចឹង បន្តិចទៀត បើសិនគណបក្សណា អត់មានកៅអីនៅក្រុមប្រឹក្សាឃុំ សង្កាត់គឺអត់អាចចូលរួមប្រកួតបានទេ។ ឧទាហរណ៍ស្រាប់តែចៃដន្យទៅខាងមុខទៅ គណបក្សនៅសល់តែមួយដែលមានអ្នកត្រួតត្រាលើក្រុមប្រឹក្សាឃុំទាំងអស់ គឺថា មានតែគណបក្សហ្នឹងឯងនឹងប្រកួតខ្លួនឯងទៅហើយ ឲ្យក្រុមប្រឹក្សាឃុំសង្កាត់បោះឲ្យបក្សខ្លួនឯង វាអត់ន័យទេ»។ លោកគល់ បញ្ញា អះអាងថា អាចមានន័យខ្លះ ប្រសិនបើយ៉ាងហោចណាស់គេ ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងជ្រើសរើសបេក្ខជនណានៅក្នុងបក្សហ្នឹងដែល ខ្លួនស្រឡាញ់ជាជាងបក្សជ្រើសតាំង ឬក៏ពង្រីកអង្គបោះឆ្នោត ដោយស្ថាប័នឯករាជ្យនានា ដូចជាសហជីព កសិករមកបោះឆ្នោតជាបុគ្គល បើទោះបីប្រើប្រាស់ប្រព័ន្ធបោះឆ្នោតអសកលក៏ដោយ។ ម្យ៉ាងទៀតគេគួរធ្វើការបោះឆ្នោតព្រឹទ្ធសភា ព្រមគ្នាជាមួយនឹងការបោះឆ្នោតឃុំសង្កាត់ ដោយមានសន្លឹកឆ្នោត ម្ខាងពណ៌លឿង គឺការបោះឆ្នោតឃុំ និងម្ខាងពណ៌ក្រហមជាសន្លឹកបោះឆ្នោតព្រឹទ្ធសភា។ ការធ្វើដូច្នេះអាចកាត់បន្ថយការចំណាយលុយកាក់ច្រើនផងដែរ។ លោក គល់ បញ្ញា បានអះអាងថា យើងបានស្នើសុំឲ្យមានការកែទម្រង់ច្រើន តែពុំបានជោគជ័យទេ។ «ប៉ុន្តែខាងអ្នកដែលមានអំណាចនៅក្នុងសភា ក្នុងរដ្ឋាភិបាល គេនៅតែយកប្រព័ន្ធហ្នឹងដដែល។ គេគិតថា ប្រព័ន្ធហ្នឹងវារក្សានូវការត្រួតត្រាអំណាចបាន ម្ល៉ោះហើយគេនៅតែយកប្រព័ន្ធហ្នឹងដដែល»។ លោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិនៃគណបក្សហ៊្វុនស៊ីនប៉ិច អះអាងថា លទ្ធផលនៃការបោះឆ្នោតការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺពឹងទៅលើអង្គបោះឆ្នោតតិច ឬច្រើន។ គណបក្សរបស់លោកមានអង្គបោះឆ្នោតជិត៣០០នាក់។ ដូច្នេះមិនអាចរកសំឡេងបានទេ។ លោកចង់ឃើញឲ្យមានការបោះឆ្នោតជាសកលវិញ ដែលគណបក្សលោកមានសំឡេងពីអង្គបោះឆ្នោតទូទៅយ៉ាងច្រើន អាចឈ្នះអាសនៈខ្លះ។ «បោះឆ្នោតអសកលអញ្ចឹងទៅវាពិបាក ដោយសារអង្គបោះឆ្នោតគឺជាក្រុមប្រឹក្សាឃុំសង្កាត់។ បោះឆ្នោតជាសកលទៅវាដូចជាបោះឆ្នោតតំណាងរាស្ត្រដែរ។ អញ្ចឹងវាងាយស្រួលជាង»។ លោកនរ៉ាណាឫទ្ធិ អានន្នដាយ៉ាត នាយកខុទ្ទកាល័យនៃគណបក្សនរោត្តម រណឫទ្ធិ សម្តែងការគាំទ្រឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតដើម្បីឲ្យគណបក្សរបស់លោកបានចូលរួមនៅពេលក្រោយៗទៀត។ លោកថ្លែងអះអាងថា ដោយសារការបោះឆ្នោតព្រឹទ្ធសភាអនុញ្ញាតឲ្យ តែក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិកសភាជាអ្នកបោះឆ្នោត ដូច្នេះគណបក្សនរោត្តម រណឫទ្ធិ ដែលមានអង្គបោះឆ្នោតតែជាង៤០០ គឺមិនអាចរកសំឡេងបានទេ។ «ហេតុដូច្នេះហើយ បានជាគណបក្ស នរោត្តម រណឫទ្ធិ នេះអត់ប្រកួតប្រជែង។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលក្រោយទៀតយើងនឹងមានលទ្ធភាពចូលរួមប្រកួតប្រជែង»។ ក៏ប៉ុន្តែលោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានអះអាងថា គណបក្សនីមួយៗដឹងពីមូលដ្ឋានរបស់ខ្លួនថា ជាប់ឆ្នោត ឬយ៉ាងណា មុនសម្រេចចិត្តចូលរួមប្រកួតប្រជែង ឬមិនចូល។ លោកបន្ថែមថា នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គណបក្សនីមួយៗ។ លោកទេព នីថាអះអាងថា ការតវ៉ា នានាពេលនេះគ្រាន់តែជាការឲ្យឮជាសំឡេង។ លោកបញ្ជាក់ថា ការស្នើសុំឲ្យផ្លាស់ប្តូរ គេគួរធ្វើឲ្យបានយូរមុនការបោះឆ្នោត ហើយគេត្រូវស្នើទៅកាន់ស្ថាប័ននយោបាយជាអ្នកសម្រេចការកែទម្រង់។ «គជបគ្រាន់តែជាអ្នកអនុវត្តច្បាប់ ហើយការសម្រេចច្បាប់ជាការសម្រេចខាង នយោបាយ។ ជាទូទៅវាអាស្រ័យទៅលើស្ថានភាពនៃប្រទេសនីមួយៗ។ ហើយ នៅប្រទេសរបស់យើង ការបោះឆ្នោតសកលហ្នឹងយើងមានពីរហើយគឺថ្នាក់សភាជាថ្នាក់កំពូល ហើយថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ ជាថ្នាក់នៅឯមូលដ្ឋាន»។ លោកទេព នីថាអះអាងថា ប្រទេសប្រមាណ៦០នៅលើសកលលោករៀបចំការបោះឆ្នោតជាអសកលដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា។ អង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជាមានចំនួន៧.៩៩៣នាក់ ដោយឡែក អង្គបោះឆ្នោតគណបក្សសម រង្ស៉ីមានចំនួន២.៦៦០នាក់ ដែលគណបក្សទាំងនេះទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០០៧។ ការបោះឆ្នោតព្រឹទ្ធសភាអាណតិ្តទី២ចែកជា៨ភូមិភាគ។ ក្នុងភូមិភាគនីមួយៗមានខេត្តមួយ និងខេត្តច្រើនរួមបញ្ចូលគ្នា។ ការបោះឆ្នោតនេះនឹងចាប់ផ្តើមឃោសនាពីនៅថ្ងៃ៧មករាដល់ថ្ងៃ២៧មករា។ សកម្មជនមួយចំនួនជាអង្គបោះឆ្នោតរបស់គណបក្សប្រឆាំង រួមមានតំណាងរាស្ត្រ គឺលោកចាន់ ចេង និងក្រុមប្រឹក្សាឃុំយ៉ាងតិចពីររូប ត្រូវជាប់ក្នុងបញ្ហាក្តីក្តាំក្នុងតុលាការ ហើយបានរត់គេចខ្លួន ឬជាប់គុគ។ ក្រៅពីនេះមានការចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសប្រើប្រាស់លុយកាក់ទិញទឹកចិត្តមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់គណបក្សជំទាស់ច្រើន។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ី និងជាអ្នកនាំពាក្យគណបក្សប្រឆាំនេះ បានចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសប្រើប្រាស់តុលាការជាប្រព័ន្ធមួយដើម្បីបំភិតបំភ័យគណបក្សជំទាស់ និងធ្វើឲ្យបាត់សំឡេងឆ្នោតរបស់គណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដែលរំខានដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ ដោយប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ ពង្វាងការយកចិត្តទុកដាក់របស់គណបក្សសម រង្ស៉ីចំពោះការបោះឆ្នោត។ លោកបានបន្ថែមសេចក្តីថា គណបក្សលោកនិងសមាជិករបស់គណបក្សលោក នៅតាមមូលដ្ឋានបានដឹងហើយ ហើយក៏បានត្រៀមលក្ខណៈទប់ទល់រួចហើយដែរ។ លោកព្រមានថា ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញ គណបក្សសម រង្ស៉ីទៀត គណបក្សសម រង្ស៉ីនឹងប្រើមធ្យោបាយចុងក្រោយមួយ របស់ខ្លួន រួមជាមួយពលរដ្ឋរងគ្រោះដោយសារការចាប់ខ្លួន ការបណ្តេញចេញពីលំនៅដ្ឋាន ការរំលោភដីធ្លី ហើយនឹងអ្នកស្នេហាជាតិប្រឆាំងនឹងការរំលោភទឹកដី ប្រឆាំងនឹងការបោះបង្គោលព្រំដែន ដើម្បីងើបតវ៉ាតាមដងផ្លូវ ដើម្បីដោះស្រាយបញ្ហា ហើយប្រឆាំងនឹងការធ្វើតាមតែអំពើចិត្តរបស់គណបក្សប្រជាជន។ «យើងត្រូវតែដោះស្រាយ ធ្វើការតាមចញ្ចើមថ្នល់ តាមផ្លូវ។ យើងនឹងរៀបចំធ្វើ មហាបាតុកម្មដ៏ធំមួយដើម្បីធ្វើយ៉ាងម៉េចឲ្យមានការដោះស្រាយបញ្ហាហ្នឹង។ តែបើមិនមានការដោះស្រាយទេគឺបាតុកម្មទូទាំងប្រទេសនឹងកើតឡើង»។ លោកយឹម សុវណ្ណបានអះអាងថា ការបោះឆ្នោតព្រឹទ្ធសភានេះមិនអាចជាការបោះឆ្នោតដោយសេរី យុត្តិធម៌ទេ ព្រោះជាការបោះឆ្នោតដែលមានការគម្រាមកំហែង ទិញទឹកចិត្តដ៏ខ្លាំង។ លោកថា ទោះជាការទិញទឹកចិត្ត ដោយផ្តល់លុយ ពី៥០០រយដុល្លាររ ១០០០ដុល្លាររ ហើយឡើងដល់១៥០០ និង២០០០ដុល្លាររយ៉ាងណាក៏ ដោយលោកយឹម សុវណ្ណ អះអាងថា ក្រុមប្រឹក្សាឃុំសង្កាត់របស់ គណបក្សសម រង្ស៉ីមិនបានលក់ឧត្តមគតិទេ ដោយបានស្បថថា ស្មោះត្រង់នឹងជាតិ ប្រជារាស្ត្រ និងភាពយុត្តិធម៌។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាធ្លាប់បានបដិសេធថា ខ្លួនមិនបានប្រើប្រាស់តុលាការ និងការគម្រាមកំហែងដើម្បីយកឈ្នះគណបក្សដទៃ នៅពេលបោះឆ្នោតទេ ហើយបានអះអាងទៀតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមានប្រព្រឹត្តមិនសមរម្យ នោះពលរដ្ឋមិនបោះឆ្នោតជូនជាច្រើនអាណត្តិនោះទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃ២៨ធ្នូ បានប្រៀបធៀបគណបក្សសម រង្ស៉ីទៅនឹងរបបឃោរឃៅប៉ុល ពត ដោយលោកបានអះអាងថា គណបក្ស សម រង្ស៉ីកៀបសង្កត់សមាជិករបស់ខ្លួន ឲ្យស្បថ និងដកទូរស័ព្ទមុនថ្ងៃបោះឆ្នោត។ លោកចាត់ទុកថា នេះជាទង្វើរំលោភសិទ្ធិមនុស្ស។ «ខ្ញុំសូមផ្តាំទៅអស់លោក។ សមាជិក សមាជិកាគណបក្សសម រង្ស៉ីគឺជាមនុស្ស មិនមែនជាទំនិញសម្រាប់ការលក់ដូរទេ។ សូមគោរពភាពថ្លៃថ្នូរនៃសមាជិកខ្លួនឯង មិនមែនជាទំនិញទេ។ ខ្ញុំអាណិតអស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ជាសមាជិក សមាជិកាគណបក្សសម រង្ស៉ី ដែលត្រូវគេលាភពណ៌»។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់អំណាច៣០ឆ្នាំហើយ។ ឯកសារសម្ងាត់របស់គណបក្សនេះដែលចែកជូនដល់ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៦ កាលពីថ្ងៃ២០ ដល់២១ ខែកក្កដា ឆ្នាំ២០១១ ដែលវីអូអេទទួលបានពីប្រភពមិនបញ្ចេញឈ្មោះ ហើយដែលស្និតនឹងគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាមានចំណុចខ្លាំងរបស់ខ្លួន ដែលអាចនាំឲ្យមានជ័យជម្នះគឺដោយផ្នែកលើបរិមាណ សមាជិក និងអំពើល្អរបស់មន្ត្រីគណបក្ស។ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាបង្ហាញឲ្យឃើញពីចំណុចខ្សោយរបស់ខ្លួនជាច្រើនដែរ ដូចជាការមិនចុះសម្រុងគ្នារវាងមន្ត្រីក្នុងស្ថាប័នការងារ ទាំងមន្ត្រីនយោបាយ និងមន្ត្រីជំនាញ។ ឯកសារដដែលបានបង្ហាញផងដែរថា អង្គការចាត់តាំងបក្សមួយចំនួនមិនសូវយកចិត្តទុកដាក់ដល់ការពង្រឹងតួនាទីដឹកនាំរបស់គណបក្ស ទាំងនយោបាយ សតិអារម្មណ៍ ហើយមានការចាត់តាំង គ្រប់គ្រង ធូរលុង និងមានអាកប្បកិរិយាខុសឆ្គងមួយចំនួន។ ហើយថ្នាក់មូលដ្ឋាន បក្សស្រុក ឃុំ មួយចំនួនពឹងទៅលើតែមន្ត្រីថ្នាក់កណ្តាល មិនទាន់ម្ចាស់ការខ្លួនឯង។ ឯកសារនេះនិយាយអំពីការបោះឆ្នោតព្រឹទ្ធសភា និយាយអំពីឃុំសង្កាត់ និយាយអំពីយុទ្ធសាស្ត្រ ទិសដៅ ការណែនាំផ្សេងៗដែលជាវិធីនាំទៅដល់ជ័យជំនះ។ ឯកសារនេះបានបញ្ជាក់ឲ្យដឹងថា៖ «ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាង រាស្ត្រ ជាពេលវេលាដ៏សំខាន់ណាស់»។ ឯកសារដដែលបានបញ្ជាក់ទៀតថា៖ «បក្សប្រឆាំងនិងបណ្តាមជ្ឈដ្ឋាន អគតិផ្សេងទៀតក៏មិនបោះបង់ចោលបំណង ផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែរ»។ លោកបណ្ឌិត ពុទ្ធា ហង្ស នាយកឃ្លាំមើលការបោះឆ្នោតមួយទៀតក្នុងប្រទេសកម្ពុជាហៅថា Nicfec បានថ្លែងថា ក្នុងការបោះឆ្នោតព្រឹទ្ធសភាមានពាក្យបណ្តឹងអំពីភាពមិនប្រក្រតីច្រើន ទោះជាមានអង្គបោះឆ្នោតតិចក្តី។ «ប៉ុន្តែនៅក្នុងនេះ យើងឃើញថា នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅតែមានពាក្យ បណ្តឹងរហូតដល់ជាង៧០ពាក្យបណ្តឹង។ អញ្ចឹងខ្ញុំគិតថា នេះជាបទពិសោធន៍មួយក្នុងការរៀបចំលើកក្រោយទៀត ដើម្បីឲ្យដំណើរការបោះឆ្នោតនៅកម្ពុជាហ្នឹងគឺត្រូវតែពិនិត្យពិច័យឲ្យបានហ្មត់ចត់មែនទែន»។ លោកពុទ្ធា ហង្សបានអះអាងថា អង្គការរបស់លោកមិនចូលរួមសង្កេតការណ៍ទេព្រោះការបោះឆ្នោតនេះជាការបោះឆ្នោតប្រយោល ហើយគេអាចដឹងលទ្ធផលជាមុនរួចស្រេចទៅហើយ គ្រាន់តែល្អៀងបន្តិចបន្តួច។ ការបោះឆ្នោតព្រឹទ្ធសភាមានបេក្ខជន១១៤នាក់ ដែលត្រូវប្រកាសឲ្យដឹងកាលពីចុងខែធ្នូ។ គ.ជ.ប.គ្រោងនឹងចំណាយថវិកាតែជាង៥០ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់ការបោះឆ្នោតនេះ ដែលមានការិយាល័យបោះឆ្នោតតែជាង៣០ប៉ុណ្ណោះ៕ This posting includes an audio/video/photo media file: Download Now |
ក្រុមប្រឹក្សាគណៈមេធារីយកករណីលោកមេធាវីគណបក្សជំទាស់ ជួង ជូងីមកពិភាក្សា Posted: 06 Jan 2012 09:57 AM PST ក្រុមប្រឹក្សាគណៈមេធារីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រនេះ បានយកករណីលោកមេធាវីគណបក្សជំទាស់ ជួង ជូងី មកពិនិត្យ ក៏ប៉ុន្តែមិនធ្វើការដាក់ពិន័យណាមួយនោះទេ។ លោកជួង ជូងីត្រូវសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទផ្តល់មធ្យោបាយឲ្យជំទប់ឃុំគណបក្សសម រង្ស៊ីគឺលោកមាស ប៉េងលួចរត់ បន្ទាប់ពីរូបលោកបានប្រឆាំងទៅនឹងការឃុំខ្លួនលោកមាស ប៉េង ដោយពុំមានដីកាពីតុលាការ។ លោកមេធាវី ពុធ ធាវី សមាជិកក្រុមប្រឹក្សានៃគណៈមេធាវី និងជាប្រធានក្រុមការងារការពារករណីលោកមេធាវីលោកជួង ជូងី បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនៅថ្ងៃនេះថា គណៈមេធាវីបានសម្រេចកាលពីព្រឹកថ្ងៃសុក្រ ដោយធ្វើការការពារលោកជួង ជូងីនៅក្នុងការចោទប្រកាន់ដោយតុលាការខេត្តកណ្តាល ហើយនឹងត្រូវយកមកពិចារណា នូវការដាក់ពិន័យនៅលើកក្រោយ។ «ខ្ញុំពីព្រឹកមិញ យើងបានសម្រេចឲ្យក្រុមការងាររបស់ខ្ញុំ ដែលនៅក្នុងការងារការពារមេធាវីហ្នឹង បន្តការងារការពារក្តីនៅខេត្តកណ្តាលបន្តទៅទៀត។ មិនទាន់សម្រេចទេរឿងខាងផ្នែកវិជ្ជាជីវៈ។ អញ្ចឹងពួកខ្ញុំ ធ្វើការបន្តរឿងហ្នឹងសិន បានគិតពីរឿងពិន័យជាក្រោយ»។ មេធាវី ដែលជាសមាជិកក្រុមប្រឹក្សានៃគណៈមេធាវីជាច្រើន បានបដិសេធមិនផ្តល់ព័ត៌មានស្តីពីការប្រជុំ កាលពីព្រឹកមិញនេះ ឬទូរស័ព្ទមិនអាចទាក់ទងបាន។ ប្រភពព័ត៌មានដោយឡែកមួយទៀតបានបង្ហាញថា ក្រុមប្រឹក្សារបស់គណៈមេធាវីបានលើកយកមកពិចារណាអំពីការអនុវត្តនៅក្រមសីលធម៌វិជ្ជាជីវៈរបស់លោកជួង ជូងី នៅត្រង់មាត្រាទី១៥ ដែលនិយាយយោងទៅដល់ការមិនអនុញ្ញាតឲ្យមេធាវីណាម្នាក់ផ្តល់ព័ត៌មានដោយគ្មានការអនុញ្ញាតពីគណៈមេធាវីនោះទេ ជាពិសេសការលើកឡើងអំពីការវិវត្តថ្មីៗ នៅជុំវិញករណីលោកជួង ជូងី ទាក់ទងទៅនឹងការធ្វើសន្និសីទកាសែត និងការកោរសក់ ស្លៀកស ពាក់ស ធ្វើសមាធិ ដើម្បីទាមទារយុត្តិធម៌ដោយលោកជួង ជូងី។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកជួង ជូងីបានស្លៀកស ពាក់ស ធ្វើសមាធិរយៈពេល១២ថ្ងៃ ដើម្បីធ្វើការទាមទារការគោរពនូវគោលការណ៍យុត្តិធម៌។ មេធាវីរូបនេះនឹងធ្វើការស្មឹងស្មាធ នៅគណបក្សសម រង្ស៊ី នៅពីមុខសាលាដំបូងខេត្តកណ្តាល ក្រសួងយុត្តិធម៌ តុលាការកំពូល និងនៅពីមុខគណៈមេធាវី។ លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា គណៈមេធាវីកម្ពុជានៅតែបង្ហាញជំហរគាំទ្រលោកមេធាវីជំទាស់នៅឡើយ។ «ខ្ញុំមើលឃើញថា គណៈមេធាវីមិនទាន់ចាត់ទុកសកម្មភាពរបស់មេធាវីជួង ជូងីដើម្បីដោះលែងកូនក្តីគាត់នោះថា ជាការខុសច្បាប់ទេ»។ កាលពីថ្ងៃទី២៩ ខែធ្នូគឺបន្ទាប់ពីមានការចោទប្រកាន់ពីសាលាដំបូងខេត្តកណ្តាលលោកជួង ជូងីបានបាត់ខ្លួនប្រកបទៅដោយភាពឆោឡោ ខណៈពេលដែលគាត់កំពុងធ្វើដំណើរនៅក្នុងខេត្តកំពង់ឆ្នាំ ហើយត្រូវគេអះអាងថា គាត់ត្រូវបានចាប់ខ្លួនមួយរយៈ ក៏ប៉ុន្តែនៅក្នុងសន្និសីទកាសែត មួយថ្ងៃក្រោយមក លោកជួង ជូងីបានបកស្រាយថា លោកបានរត់គេចខ្លួនដោយសុវត្ថិភាពពីការតាមចាប់ខ្លួន៕ This posting includes an audio/video/photo media file: Download Now |
ក្រុមសិទ្ធិមនុស្សបារម្ភសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបន្ថយស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ Posted: 06 Jan 2012 08:02 AM PST នៅថ្ងៃសុក្រនេះ សកម្មជនសិទិ្ធមនុស្សបានជំរុញឲ្យគណៈកម្មការសិទិ្ធមនុស្សអាស៊ានពង្រឹងការគោរពសិទិ្ធមនុស្សយ៉ាងខ្លាំងមួយនៅក្នុងតំបន់។ ការកត់សម្គាល់នេះបានធើ្វឡើងពីរថ្ងៃ មុខនឹងគណៈកម្មការអន្តររដ្ឋាភិបាលសិទិ្ធមនុស្សអាស៊ាននឹងចាប់ផើ្តមពិភាក្សាគ្នាលើសេចក្តីព្រាងសេចក្តីថែ្លងការណ៍ស្តីពីសិទិ្ធមនុស្សអាស៊ាន នៅខេត្តសៀមរាប នាថៃ្ងអាទិត្យខាងមុខនេះ។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះត្រូវតែមានខ្លឹមសារស្របតាមស្តង់ដារអន្តរជាតិ និងមានលក្ខណៈល្អប្រសើរជាងសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សជាសាកល ដើម្បីជួយជំរុញការគោរពសិទិ្ធមនុស្សនៅក្នុងតំបន់អាស៊ាន។ «បើសិនជាអាស៊ានចង់បង្កើតសេចក្តីប្រកាសមួយថ្មីទៀត ទាល់តែវាល្អជាងសេចក្តីប្រកាសជាសកល។ សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះមិនអាចមានស្តង់ដារទាបជាងសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សជាសកលទេ»។ លោកធន សារ៉ាយ ប្រធានសមាគមសិទិ្ធមនុស្សអាដហុក បានថែ្លងថា អង្គការសិទិ្ធមនុស្សមានការព្រួយបារម្ភអំពីកង្វះគុណភាព និងស្តង់ដារអន្តរជាតិចំពោះសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះ។ «ការធើ្វសេចក្តីថែ្លងការណ៍នេះបន្ទាបតម្លៃសិទិ្ធមនុស្សពិភពលោកមិនឲ្យមានកម្រិតដូចនៅក្នុងស្តង់ដារពិភពលោក។ នេះជាបញ្ហាដែលយើងខ្វល់ខ្លាំង។ អញ្ចឹងហើយយើងចង់ឲ្យរក្សាកម្រិតឲ្យបានខ្ពស់ក្នុងការធើ្វសេចក្តីថែ្លងការណ៍ស្តីពីសិទិ្ធមនុស្សរបស់អាស៊ាននេះ។ «យើងមានការព្រួយបារម្ភអំពីសេចក្តីព្រាងថា ប្រាកដជាមិនសូវបានល្អទេ ហើយយើងនឹងធើ្វប្រតិកម្មចំពោះបញ្ហានេះ នៅពេលយើងបានឃើញសេចក្តីព្រាង»។ លោកឡាវ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា សេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាននេះនឹងជួបឧបសគ្គស្មុគស្មាញ និងការខែ្វងគំនិតគ្នារវាងសមាជិកអាស៊ានប្រកាន់របបនយោបាយសេរី និងកុម្មុយនិស្ត។ «ដំណើរការអាស៊ានប្រហែលជាមិនដូចយើងគ្រោងទេ ដោយសារគេរកការព្រមព្រៀងមិនចង់ឲ្យប៉ះទង្គិចផ្លូវចិត្តរបស់ប្រទេសជាសមាជិកនោះទេ។ សេចក្តីថែ្លងការណ៍ចេញជាសកម្មភាពវិជ្ជមានជាក់ស្តែងភ្លាមៗ។ ខ្ញុំមិនសង្ឃឹមប៉ុន្មានទេ»។ លោកឡាវ ម៉ុងហៃបានលើកឡើងថា ប្រទេសកាន់លទិ្ធប្រជាធិបតេយ្យក្នុងអាស៊ានត្រូវតែពង្រឹងជំហរការពារសិទិ្ធមនុស្សដ៏មាំទាំ ហើយជួយណែនាំប្រទេសកុម្មុយនិស្តឲ្យដើរឆ្ពោះទៅរកការគោពរសិទិ្ធមនុស្ស។ ប្រទេសអាស៊ាន រួមមានកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពិន ប្រ៊ុយណេ ភូមា និងប្រទេសឥណ្ឌូនេស៊ី ជាសហគមន៍មួយដែលមាននិន្នាការនយោបាយពីរផ្ទុយគ្នា គឺរបបប្រជាធិបតេយ្យ និងរបបកុម្មុយនិស្ត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៦ មករា យប់ Posted: 06 Jan 2012 06:35 AM PST ស៊ីរី៖ បណ្តាញផ្សាយព័ត៌មានរដ្ឋនៃប្រទេសស៊ីរីបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតទ្បើងនៅកណ្តាលក្រុងដាម៉ាស (Damascus) បណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស។ ស.រ.អ.៖ លោក ចន ហាន់ម៉ាន់ (John Huntsman) អ្នកស្វះស្វែងឱ្យបានជាប់ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានទទួលការគាំទ្រដ៏ធំពីកាសែត ស.រ.អ. សំខាន់មួយ នៅពេលដែលពួកបេក្ខជនទាំងអស់ប្រុងប្រៀបសម្រាប់ការបោះឆ្នោតប្រធានាធិបតីដំបូងនៅសប្តាហ៍ក្រោយក្នុងរដ្ឋនូហាំហ្ស៊ែរ (New Hampshire) នាប៉ែកឦសាន ស.រ.អ.។ តួកគី៖ អតីតអគ្គមេបញ្ជាការកងទ័ពជើងគោកតួកគីត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ដោយលោកមានជាប់ទាក់ទងនឹងគម្រោងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីទម្លាក់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីតួកគី រីសឹព តាយយីព អឺដូហ្គាន (Recep Tayyip Erdogan)។ ភូមា៖ លោក វីលៀម ហេក (William Hague) រដ្ឋមន្ត្រីការបរទេសអង់គ្លេសមានប្រសាសន៍នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលភូមាត្រូវការធ្វើកំណែទម្រង់ថែមទៀត មុនពេលទ័ណ្ឌកម្មលើប្រទេសនេះអាចត្រូវបានលប់ចោល។ <!--AV-->
This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៦ មករា ព្រឹក Posted: 05 Jan 2012 08:42 PM PST ភូមា៖ ពួកមេដឹកនាំគណបក្សប្រឆាំងភូមានិយាយថារដ្ឋាភិបាល បានយល់ព្រមឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អង់សានសូជី ចូលរួមការប្រកួតប្រជែងការបោះឆ្នោតពិសេសនៅខែមេសា។ តែគេមឹនទាំន់ដឹងច្បាស់នៅឡើយទេថាតើលោកស្រី អង់សានសូជី នឹងប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី១ ខែមេសាឬទេ។ សហរដ្ឋអាមេរិក៖ កាលពីថ្ងៃព្រហស្បត៍ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា រដ្ឋមន្រ្តីក្រសួងការពារប្រទេស លីអន ផានិតតា និងឧត្តមសេនីយ ម៉ាទីន ដេមស៊ី នាយអគ្គសេនាធិការចម្រុះ បានរួមគ្នាពិនិត្យឡើងវិញនូវយុទ្វសាស្រ្តនិងបានបញ្ចេញផែនការវិស័យការពារប្រទេសថ្មីដែលឆ្លុះបញ្ចាំងនូវការកាត់បន្ថយថវិការាប់ពាន់លានដុល្លារ និងអ្វីដែលលោកប្រធានាធិបតីពិពណ៌នាថាជា «អន្តរកាល» ដ៏សំខាន់មួយបន្ទាប់ពីសង្គ្រាមរយៈពេល១ទសវត្សរ៍។ អ៊ីរ៉ាក់៖ អាជ្ញាធរអ៊ីរ៉ាក់និយាយថាការផ្ទុះគ្រាប់ជាបន្តបន្ទាប់ដែលសំដៅលើពួកនិកាយស៊ីអ៊ីតក្នុងតំបន់ខាងត្បូងនិងរដ្ឋធានី បានសម្លាប់មនុស្សយ៉ាងហោចណស់ក៏៧២នាក់និងធ្វើឲ្យមនុស្សជាង១រយនាក់រងរបួស។ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើក្រុមធម្មយាត្រានិកាយស៊ីអ៊ីតនៅជិតទីក្រុង ណាស៊ីរីយ៉ា ខាងត្បូងកាលពីថ្ងៃព្រហស្បត៍បានសម្លាប់មនុស្ស៤៥នាក់និងធ្វើឲ្យមនុស្ស៧០នាក់ផ្សេងទៀតរងរបួស។ អេហ្ស៊ីប៖ រដ្ឋអាជ្ញាក្នុងតុលាការកាត់ទោសរបស់អតីតប្រធានាធិបតី ហូសនី ម៉ូប៉ារ៉ាក់ ថានឹងស្វះស្វែងរកការកាត់ទោសប្រហារជីវិតលោក ហើយយ៉ាងហោចណាស់ក៏ពួកមន្រ្តីសន្តិសុខ៥នាក់ទៀតដែរសិ្ថតនៅក្រោមការចោទប្រកាន់យ៉ាងច្រើនលើអំពើពុករលួយនិងការទាក់ទិនក្នុងការសម្លាប់ពួកបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ក្នុងពេលបះបោរកាលពីឆ្នាំទៅដែលបានបង្ខំឲ្យលោកចុះចេញពីអំណាច។ ស៊ីរី៖ បានដោះលេងពួកអ្នកទោសជាង៥រយនាក់ដែលបានចាប់ខ្លួននៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅខណៈពេលដែលក្រុមប្រឆាំងបានចោទប្រកាន់របបនោះពីការធ្វើទារុណកម្មរហូតដល់ស្លាប់មនុស្សចំនួន៦១៧នាក់ដែលចាប់ដាក់គុកចាប់តាំងពីការបះបោរបានចាប់ផ្តើមកាលពីខែមិនាឆ្នាំទៅ។ ប៉ាគីស្ថាន៖ ពួកតាលីបានប៉ាគីស្ថាន និយាយថាខ្លួនបានសម្លាប់ទាហានកងអាវុធជាតិ១៥នាក់បន្ទាប់ពីចាប់ពង្រត់ពួកគេកាលពីចុងខែមុននៅតាមបណ្តោយព្រំដែនដែលមានភាពវឹកវរជាមួយប្រទេសអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ហាមីត កាហ្សាយកំពុងទាមទារថាមជ្ឈមណ្ឌលឃុំឃាំងសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស ប៉ាក្រាម ត្រូវតែផ្ទេរទាំងស្រុងឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រួតត្រាក្នុងរយៈពេលមួយខែទៀត។ សហរដ្ឋអាមេរិក៖ រីក សានតូរ៉ាម បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានបង្វែការផ្តោតការយកចិត្តទុកដាក់របស់លោកលើរដ្ឋ ញូវ ហេមសៀ ជាទីតាំងនៃការប្រកួតប្រជែងសម្រាប់ការតែងតាំងបន្ទាប់ បន្ទាប់ពីការប្រកួតប្រជែងខ្លាំងដ៏គួរឲ្យភ្ញាក់ផ្អើលនៅរដ្ឋអាយអូវ៉ា ដែលធ្វើឲ្យលោកស្ថិតនៅជួរមុខនៃការប្រកួតប្រជែង។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |