VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៧ មករា យប់” plus 2 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៧ មករា យប់” plus 2 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៧ មករា យប់

Posted: 07 Jan 2012 07:13 AM PST

ស.រ.អ.៖ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ប្រទេស​អ៊ីរ៉ង់​បាន​ព្រមាន​កង​នាវា ស.រ.អ. កុំ​ឱ្យ​វិល​ត្រទ្បប់​ទៅ​កាន់​ឈូង​សមុទ្រ​ពឺស (Perse) វិញ នាវា​​មួយ​គ្រឿង​នៃ​កង​ទ័ព​ជើង​ទឹក ស.រ.អ. បាន​ជួយ​សង្គ្រោះ​ជនជាតិ​អ៊ីរ៉ង់​១៣​នាក់់ ដែល​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ពួក​ចោរ​សមុទ្រ​នៅ​ក្នុង​សមុទ្រ​អារ៉ាប់​ ។

ស៊ីរី៖ ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​កើត​មាន​ទ្បើង​នៅ​កន្លែង​ផ្លូវ​ប្រសព្វ​គ្នា​ដ៏​មមាញឹក​មួយ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ ​បណ្តាល​ឱ្យ​មនុស្ស​២៥​នាក់​ស្លាប់ និង​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤៦​នាក់​ទៀត​ត្រូវ​របួស។

ស.រ.អ.៖ ចៅក្រម ស.រ.អ. ម្នាក់​បាន​ពន្យា​ពេល​ការ​កាត់​ទោស​បុរស​ជនជាតិ​នីហ្សេរីយ៉ា (Nigeria) ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា «អ្នក​ដាក់​គ្រឿង​ផ្ទុះ​ក្នុង​ខោ​ទ្រនាប់» ក្នុង​គោលដំណង​ធ្វើ​ឱ្យ​ផ្ទុះ​យន្តហោះ​មួយ​គ្រឿង​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់ ស.រ.អ.។

ស.រ.អ.៖ រដ្ឋបាល​លោក​អូបាម៉ា​បាន​ពង្រីក​និយម​ន័យ​នៃ​ការ​រំលោភ​សេព​សន្ធវៈ ដោយ​មាន​រួម​បញ្ចូល​ពួក​បុរស និង​ប្រភេទ​ជា​ច្រើន​ទៀត​នៃ​សកម្មភាព​សេព​សន្ធវៈ ដើម្បី​ខិត​ខំ​ប្រឹងប្រែង​ប្រមូល​ទិន្នន័យ​ត្រឹម​ត្រូវ​ឱ្យ​បាន​ច្រើន​ជាង​មុន។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៧ មករា ព្រឹក

Posted: 07 Jan 2012 08:00 AM PST

អ៊ឺរ៉ុប៖ ដោយ​មាន​ការ​បន្តការ​ភ័យ​ខ្លាច​អំពី​វិបត្តិ​បំណុល​អឺរ៉ុប​ អង្គការ​មូល​និធិ​រូបីយវត្ថុ​អន្តរជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​​ខ្លួន​នឹង​បញ្ចុះ​ការ​ព្យាករណ៍​នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​សកល​លោក​​សម្រាប់​ឆ្នាំ​២០១២។

ស៊ីរី៖ ការ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាតុ​​នៅ​តំបន់​ពាណិជ្ជ​កម្ម​ដ៏​មមា​ញឹក​មួយ​​ក្នុង​រដ្ឋ​ធានី​ដាម៉ាស​នៃ​ប្រទេស​ស៊ីរី​​កាល​ពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​​មនុស្ស​២៥​នាក់​ ហើយនិង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៦​នាក់​ផ្សេង​ទៀត​រង​របួស។

នីហ្សេរីយ៉ា៖ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​​១៧​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​ពួក​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ក្នុង​​ស្រុក​ មូប៊ី នៃ​រដ្ឋ​ អាដាម៉ាវ៉ា ​នៅ​ជិត​ព្រំ​ដែន​ជាមួយកាមេរូន។

ហ្វាំងឡុង៖ បាន​អនុញ្ញាតិ​ឲ្យ​នាវា​អង់គ្លេស ថូរ ឡីប៊ឺធី ដែល​ផ្ទុក​ទៅ​ដោយ​កាំ​ជ្រួច​ផ្លោង​មីស៊ីល​ផាទ្រីយ៉ូត​៦៩​ដើម​ចាក​ចេញ​​ពី​កំពង់​ផែ​បន្ត​​ដំណើរ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក​​​ពី​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​កូរ៉េខាង​ត្បូង​​បន្ទាប់​ពី​សម្រេច​ថា​​គ្មាន​អ្វី​ខុស​​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​នេះ​ទេ។

តួកគី៖ លោក អ៊ីលគឺ បាសបឹក អតីត​ប្រធាន​យោធា​​របស់​ប្រទេស​តួក​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រៀប​ចំ​ផែនការ​​ផ្តួល​រំលំ​លោក​នាយក​រដ្ឋ​មន្រ្តី​ រីស្សេប តៃយីផ អ៊ឺដូកាន(Recep Tayyip Erdogan) រដ្ឋាភិបាល​​នៃ​ប្រទេស​តួគី។

​សហរដ្ឋអាមេរិក៖ អត្រា​អត់​ការងារ​ធ្វើ​ បាន​ធ្លាក់​ដល់​ត្រឹម​8,5​ភាគរយ​កម្រិត​ទាប​បំផុត​​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក នៅ​ខណៈ​ពេល​ដែល​​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ការងារ​​ចំនួន​២​សែន​នៅ​ក្នុង​ខែ​ធ្នូ។

សហរដ្ឋអាមេរិក៖ការ​ស្ទង់​មត្តិ​ការ​បោះឆ្នោត​​ថ្មី​មួយ​បង្ហាញ​ថា​លោក មីត រ៉ូមនី អតីត​អភិបាល​រដ្ឋម៉ាស្សាជូសេត្តស៍ ដែល​ទទួល​បាន​ការ​គាំទ្រ​៤០​ភាគរយ ​កំពុង​រក្សា​ការ​នាំមុខ​​ក្នុង​ចំណោម​បេក្ខ​ជន​ប្រធានាធិបតី​ខាង​គណ​បក្ស​សាធារណរដ្ឋ​​ដែល​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​រដ្ឋ​ ញូវ ហេមសៀ។

ស៊ូដង់៖ បាន​ចាប់​ផ្តើម​​កិច្ច​ប្រតិបត្តិការណ៍​ជំនួយ​មនុស្ស​ធម៌​ដ៏​ធំមួយ​​ក្នុង​រដ្ឋ​ចងឡេ ​នៃ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​​ដែល​ជាទីកន្លែង​ការ​ប្រយុទ្ធ​របស់​កុល​សម្ព័ន្ធ​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​គ្មាន​កន្លែង​រស់​នៅ។

សហរដ្ឋអាមេរិក៖ នាវា​ចំបាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ បាន​ជួយ​សង្គ្រោះ​​​ជន​ជាតិ​អ៊ីរ៉ង់​១៣​នាក់​ដែល​ត្រូវ​ពួក​ចោ​រសមុទ្រ​ចាប់​ធ្វើ​ជាចំណាប់​ខ្មាំង​​នៅ​ក្នុង​សមុទ្រ​អារ៉ាប់។

ជប៉ុន៖ អ្នកមាន​ជិវិត​៣​នាក់​ពី​ទូក​នេសាទ​ដែល​ជួប​គ្រោះ​ថ្នាក់​​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​​នៅ​ផ្ទៃ​ទឹក​​ភាគ​ខាង​លិច​ឆ្នេរ​សមុទ្រ​ជប៉ុន។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ្នក​វិភាគ​៖ ​ជម្លោះ​នយោបាយ​ខ្មែរ​គួរ​ចប់​ក្នុង​ឆ្នាំ​ថ្មី

Posted: 06 Jan 2012 03:20 PM PST

ក្រុម​អ្នក​វិភាគ​ចង់​ឃើញ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បញ្ចប់​ជម្លោះ​​នយោបាយ​នៅ​ឆ្នាំ​ថ្មី​នេះ​ ហើយ​រួមគ្នា​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស។

ដំណោះស្រាយ​នយោបាយ​មួយ​ទាក់ទង​នឹង​ពិរុទ្ធភាព​មេដឹកនាំ​គណបក្ស​ជំទាស់ លោក​សម រង្ស៉ី ​មិន​ទាន់​កើត​ឡើង​ទេ​ជុំវិញ​បញ្ហា​ដក​តម្រុយ​បង្គោល​ព្រំដែន​​​កម្ពុជា​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​នៃ​ប្រទេស​​វៀតណាម។ ក្រុម​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចាត់​ទុក​ថា​ ករណី​លោក​ សម រង្ស៉ី​ដក​តម្រុយ​បង្គោល​ព្រំដែន​ជា​រឿង​របស់​តុលាការ​​នៅ​ពេល​រដ្ឋាភិបាល​ ព្យាយាម​បោះ​បង្គោល​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។​ តែ​មេដឹកនាំ​​គណបក្ស​សម រង្ស៉ី​ចាត់ទុក​ថា​ នេះ​ជា​រឿង​នយោបាយ​ដែល​លោក​គ្រាន់​តែ​ធ្វើ​ កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ​បុណ្ណោះ។ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​អ្នក​នយោបាយ​ត្រូវ​ថ្លឹងថ្លែង​រវាង​ការ​ផាត់​ចោល​មេដឹកនាំ​ក្រុម​ជំទាស់​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ទាំង​ប្រជាធិបតេយ្យ​និង​ការ​កោត​សរសើរ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ពី​អន្តរជាតិ។​ ពួកគេ​បាន​ទទូច​ថា ​មេដឹកនាំ​នយោបាយ​គួរ​បញ្ចប់​ជម្លោះ​នយោបាយ​ហើយ​សាមគ្គី​គ្នា​ដើម្បី​ការ​រីក​ចម្រើន​របស់​ប្រទេស​និង​មុខមាត់​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ។

លោកស្រី ​ពុង ​ឈីវហ្គេច ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អះអាង​ថា ​នៅ​​ក្នុង​ឆ្នាំ​ថ្មី​នេះ​ លោកស្រី​ចង់​ឃើញ​គណបក្ស​នយោបាយ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជា​ជាង​ការ​ទាស់​គ្នា។

«ទាំង​អស់​គ្នា​ចាប់​ដៃ​គ្នា​យក​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​មក​ដាក់​ពី​មុខ​ទៅ​ ធ្វើ​ការ​ជាមួយ​គ្នា​ មាន​ការ​យោគយល់​គ្នា​ ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​គោរព​ច្បាប់​ ដើម្បី​អ្វី? ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ធំ។​ រុញ​ឲ្យ​ប្រទេស​ហ្នឹង​អភិវឌ្ឍ​ទៅ។ ដល់​អញ្ចឹង​ប្រជាពលរដ្ឋ​ក៏​មាន​ជីវភាព​ល្អ ​ខាង​រដ្ឋាភិបាល​ក៏​គេ​ ស្រឡាញ់។ ឈ្មោះ​ក៏​ល្អ​ខាង​ក្រៅ​ទៅ»។

លោកស្រី​បាន​អះអាង​ថា ​នៅ​បណ្តា​​ប្រទេស​អ៊ីរ៉ុប​មួយ​ចំនួន​ អ្នក​នយោបាយ​ទាស់ទែង​គ្នា​ខ្លាំង​ មាន​គំនិត​ខ្វែង​គ្នា​តែ​ក្នុង​ពេល​បោះឆ្នោត​ទេ ​តែ​ពេល​ចប់​ទៅ​គេ​ធ្វើការ​រួមគ្នា​ បង្កើត​ស្ថានភាព​ល្អ​ជាមួយ​គ្នា​ ពិភាក្សា​ដេញ​ដោល​គ្នា​នៅ​ក្នុង​សភា​ដើម្បី​អនាគត​ប្រទេស​ជាតិ។

លោកស្រី​ពុង ឈីវហ្កេច ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​ប្រទេស​កម្ពុជា​មាន​​វិវាទ​នយោបាយ​រវាង​អ្នក​នយោបាយ​ធ្វើ​ឲ្យ​ប្រទេស​មាន​បញ្ហា​ខាង​ស្ថេរភាព​នយោបាយ។

គណបក្ស​នយោបាយ​ធំៗ​ពីរ​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សម រង្ស៉ី​ ដែល​មាន​ទម្ងន់​ប្រកួត​ប្រជែង​គ្នា​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ជា​បន្តបន្ទាប់​នេះ។​ តែ​មេដឹកនាំ​ក្រុម​ជំទាស់​លោក​ សម រង្ស៉ី​បន្ត​នៅ​និរទេស​ខ្លួន​ជិត​៣​ឆ្នាំ​ហើយ​ ដោយសារ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ ដែល​តុលាការ​កាត់​ទោស​ឲ្យ​លោក​ជាប់គុក​ជាង​១០​ឆ្នាំ។​ អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ ​បញ្ហា​ព្រំដែន​នេះ​ពិបាក​នឹង​ត្រូវរ៉ូវ​គ្នា​ដោយសារ​ការ​ដណ្តើម​ប្រជាប្រិយភាព​លើ​បញ្ហា​ព្រំដែន​ វា​ជ្រុល​ខ្លាំង​ពេក។

លោក​ ហង្ស ឆាយា​ នាយក​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​អះ អាង​ថា ​គណបក្ស​នយោបាយ​ទាំង​អស់​រួម​គ្នា​ពេល​នោះ​អាច​នាំ​មក​នូវ​ការ​រីក​ចម្រើន​ ការ​អភិវឌ្ឍ។​ លោក​អះអាង​ថា​ កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​គេ​មើល​ឃើញ​ថា​ នៅ​តែ​ខ្សោយ​ក្នុង​រឿង​បញ្ហា​នយោបាយ​ក្នុង​ស្រុក។​ ប្រទេស​នេះ​គួរ​តែ​មាន​របប​សេរី​ពហុបក្ស​ សេរីភាព​បញ្ចេញ​មតិ​ ស្ថេរភាព​ដូច​ដែល​កម្ពុជា​បាន​ចុះ​ហត្ថេខា​ជាមួយ​អន្តរជាតិ។ ​លោក​បាន​ទទូច​ថា​នៅ​ឆ្នាំ​ថ្មី​នេះ​ កម្ពុជា​ត្រូវ​ពិនិត្យ​សម្រេច​ថា​ តើ​កម្ពុជា​ត្រូវ​ធ្វើ​ដូច​ជា​វៀតណាម​និង​ឡាវ​ដែល​ជា​ប្រទេស​ កុំម្មុយនិស្ត ​ឬ​ក៏​ត្រូវ​ធ្វើ​ទៅ​តាម​ប្រជាធិបតេយ្យ?

«ព្រោះ​ខ្ញុំ​ជឿ​ថា​ យើង​អាច​ធ្វើ​បាន​បើ​យើង​ឈប់ពាក់​មុខ​យក្ស​ដាក់​គ្នា។ មាន​ន័យ​​ថា​ គណបក្ស​ទាំង​អស់​ហ្នឹង​ធ្វើការ​ជាមួយ​គ្នា។ នេះ​ហើយ​ដែល​យើង​ចង់​បាន»។

ទាំង​លោកស្រី​ពុង ឈីវហ្កេច​ និង​លោក​ ហង្ស ឆាយា​ បាន​អះអាង​ស្រដៀង​គ្នា​ ថា​​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ ផ្ទៀងផ្ទាត់​ ហើយ​ប្រសិន​បើ​គ្មាន​គណបក្ស​ជំទាស់​ចូលរួម​ដើម្បី​ផ្តល់​យោបល់​ កែតម្រូវ​រដ្ឋាភិបាល​ទេ​ គ្មាន​សង្គម​ស៊ីវិល​ចូលរួម​ទេ​នោះ​ វា​ជា​ការ​ពិបាក​នឹង​ឲ្យ​ អន្តរជាតិ​ចូលរួម​ធ្វើ​ការ​ជាមួយ​កម្ពុជា។ ក្រុម​អ្នក​វិភាគ​បាន​អះអាង​ដែរ​ថា​ កម្ពុជា​​មាន​ការ​បែកបាក់​យ៉ាងខ្លាំង​ ហើយ​ដែល​មិន​គួរ​បន្ត​កើត​មាន​ទៀត​ទេ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ជំហរ​របស់​លោក​ខ្លះៗ​ អំពី​រឿង​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​កម្ពុជា។​ លោក​អះអាង​ជា​សាធារណៈ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​ទៅ​ថា​ ទោះ​ជា​មាន​ការ​មិន​ពេញចិត្ត​ជាមួយ​គ្នា​រឿង​អ្វី​ក៏​ដោយ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ដោះស្រាយ​ដោយ​ការ​និយាយ​គ្នា​ល្អ​ជា​ជាង​ការ​កាប់ចាក់​បង្ក​ជម្លោះ​ហឹង្សា។

«ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ចង់​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ ដោះស្រាយ​ជាមួយ​គ្នា​ក្នុង​​ឋានៈ​ជា​ជនជាតិ​ខ្មែរ​ជាមួយ​គ្នា។ ​ប្រទេស​យើង​ធ្លាប់​បែកបាក់​រ៉ាំរ៉ៃ ​មិន​មែន​រាប់​ទសវត្ស​ទេ​ បើ​និយាយ​ពី​រឿង​ចម្បាំង​វិញ​ខ្មែរ​វ៉ៃ​គ្នា»។

ទាំង​ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ចង់​ឃើញ​មេដឹកនាំ​ គណបក្ស​សម រង្ស៉ី​ គឺ​លោក​ សម រង្ស៉ី ​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ ចូលរួម​ការ​បោះឆ្នោត​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​តាម​ច្បាប់​​គតិយុត្តិ​ត្រឹមត្រូវ។

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា ​ពួក​គេ​ចង់​ឃើញ​ដំណោះស្រាយ​លើ​បញ្ហា​ទំនាស់​ដីធ្លី​ បញ្ហា​បណ្តេញ​ពី​លំនៅដ្ឋាន​ បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ និង​បញ្ហា​គោរព​ច្បាប់​​ផ្សេងៗ​ទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!