VOA News: ព័ត៌មាន: “សហគមន៍បុរីកីឡាស្វែងរកជំនួយពីប្រទេសផ្តល់ជំនួយ” plus 5 more |
- សហគមន៍បុរីកីឡាស្វែងរកជំនួយពីប្រទេសផ្តល់ជំនួយ
- តុលាការកាត់ទោសអតីតមន្ត្រីប្រឆាំងគ្រឿងញៀនឲ្យជាប់គុកមួយជីវិត
- អ្នកជំនាញបារម្ភដោយសារចិននិងភូមានៅតែមិនព្រមចូលជាសមាជិកគណៈកម្មការទន្លេមេគង្គ
- ហេឡូវីអូអេ៖ បញ្ហាប្រឈមរបស់កម្ពុជានិងដំណោះស្រាយក្នុងភាពជាប្រធានអាស៊ាន
- ព័ត៌មានអន្តរជាតិវីអូអេ ៥ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ៥ មករា ព្រឹក
សហគមន៍បុរីកីឡាស្វែងរកជំនួយពីប្រទេសផ្តល់ជំនួយ Posted: 05 Jan 2012 07:46 AM PST ប្រជាពលរដ្ឋសហគមន៍បុរីកីឡាប្រមាណ៥០នាក់ ដែលត្រូវបណ្ដេញចេញដោយបង្ខំ នៅថ្ងៃព្រហស្បតិ៍នេះ បានស្វែងរកជំនួយអន្តរាគមន៍ពីស្ថានទូតសំខាន់ៗចំនួនបួន នៅក្នុងក្រុងភ្នំពេញ ស្របពេលដែលអ្នកភូមិរបស់ពួកគេដែលត្រូវចាប់ខ្លួនចំនួនប្រាំបីនាក់ ត្រូវបញ្ជូនទៅឃុំឃាំងជាបណ្ដោះអាសន្ន។ តំណាងបួននាក់នៃសហគមន៍បុរីកីឡាបានកាន់ញ្ញត្តិរបស់ពួកគេទៅប្រគល់បន្តបន្ទាប់គ្នាឲ្យស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតបារាំង អាល្លឺម៉ង់ និងស្ថានទូតអង់គ្លេស ដោយស្នើឲ្យស្ថានទូតទាំងនោះ«ជួយស្វែងរកដំណោះស្រាយ» ដើម្បីឲ្យពួកគេទទួលបានផ្ទះសម្បែងដែលត្រូវឈូសកម្ទេចចោលកាលពីថ្ងៃអង្គារ ហើយស្នើឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួនទាំងប្រាំបីនាក់ និងផ្ដល់ការផ្គត់ផ្គង់សម្ភារៈ និងជម្រកបណ្ដោះអាសន្នដល់ពួកគេ។ នេះទំនងជាការប្រឹងប្រែងតស៊ូចុងក្រោយរបស់សហគមន៍ដ៏ក្រីក្រកណ្ដាលទីក្រុងភ្នំពេញនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានបង្ខំបណ្ដេញពួកគេចេញពីលំនៅដ្ឋានកាលពីរថ្ងៃមុន។ ពេលបណ្ដេញចេញនោះមានការក្រាញតវ៉ា និងបង្កបានជាអំពើហិង្សាដាក់គ្នាទៅវិញទៅមករវាងក្រុមប្រជាជនដែលអះអាងថា ខ្លួនគឺជាជនរងគ្រោះ និងក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាល។ ក្រោយពីប្រគល់ញ្ញត្តិជូនតំណាងពីស្ថានទូតសហរដ្ឋអាមេរិក អ្នកស្រីខេង ថា តំណាងម្នាក់នៅក្នុងចំណោមអ្នកតំណាងទាំងបួននាក់ មានប្រសាសន៍ថា ពួកគាត់ពឹងពាក់ស្ថានទូតបរទេស ដោយសារតែ ពុំមានអន្តរាគមន៍ណាមួយពីមន្ដ្រីរដ្ឋាភិបាល។ «មករើ មកកកាយអញ្ចឹង! ឲ្យខ្ញុំទៅសង្ឃឹមខ្មែរយើងយ៉ាងម៉េចបានទៀត? បើខ្មែរយើងធ្វើបាបខ្មែរយើងម្លឹងហើយហ្នឹង! បើគ្មានអ្នកណាដោះស្រាយ ឬអ្នកធំណាជួយខ្ញុំបានផងហ្នឹង» ម្ល៉ោះហើយខ្ញុំត្រូវតែមកពឹងស្ថានទូតហ្នឹង ឲ្យគេមកជួយខ្ញុំម្តង»។ មន្រ្តីអ្នកនាំពាក្យស្ថានទូតនានាបានអះអាងថា ខ្លួនបានទទួលញ្ញត្តិរបស់ក្រុមប្រជាពលរដ្ឋសហគមន៍បុរីកីឡារួចហើយនៅថ្ងៃនេះ។ លោកសន ម៉ាកគិនតូស្ស (Sean J. McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក មានប្រសាសន៍តាមសារអេឡិចត្រូនិកថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភពីសក្ដានុពលនៃជម្លោះដីធ្លីដែលមិនមានការដោះស្រាយ ហើយដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា។ មន្ដ្រីអ្នកនាំពាក្យដដែលបានលើកឡើងថា ការប៉ះទង្គិច «ដ៏គួរឲ្យសោកស្ដាយ» នៅសហគមន៍បុរីកីឡាគឺជាការក្រើនរំឭកមួយចំពោះសារៈសំខាន់ នៃការពិនិត្យមើលទៅលើសិទ្ធិកាន់កាប់កម្មសិទ្ធិ និងប្រព័ន្ធដោះស្រាយទំនាស់ ដោយឯករាជ្យ មានតម្លាភាព និងប្រកបដោយការយល់ដឹងពីសារធារណជន។ ហើយប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចាត់ទុកថា មានសិទ្ធិស្មើៗគ្នា។ លោកសន ម៉ាកគិនតូស្សមានប្រសាសន៍បន្ថែមថា សហរដ្ឋអាមេរិកស្នើឲ្យក្រុមអ្នកតវ៉ាបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ហើយសហរដ្ឋអាមេរិកអំពាវនាវដល់ក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រកាន់នូវភាពអត់ធ្មត់ជាអតិបរមា។ លោកហូ វ៉ាន់ តំណាងរាស្ដ្រមកពីគណបក្សសម រង្ស៊ី ដែលមានវត្តមានដើម្បីជួយសម្រួលញ្ញត្តិរបស់ក្រុមប្រជាជនមានប្រសាសន៍ថា ប្រជាជនទ័លច្រកទើបស្វែងរកជំនួយពីស្ថានទូតបរទេស។ «គាត់មានការលំបាក មានការស្មុគស្មាញ។ ឥឡូវប្រជាជនគាត់ឥតដឹងទៅណាទេគឺតែលតោលៗ។ តើនរណាមួយដែលទទួលខុសត្រូវ ជួយគាត់ទៅ! វាឥតមានទេ។ គាត់ត្រូវតែដង្ហើយហៅថ្នាក់ស្ថានទូត ឬអន្តរជាតិនានាដើម្បីជួយគាត់ផង ពីព្រោះគាត់ដល់ពេលអស់ទីពឹងរលីងហើយ»។ ទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡាបានអូលបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនផាន អ៊ីម៉ិចបានសន្យាសាងសង់អគារចំនួនដប់ដើម្បីផ្ដល់ទីជម្រកដល់ប្រជាពលរដ្ឋក្រីក្រនៅទីនេះជាថ្នូរទៅនឹងការយកដីក្នុងសហគមន៍មកអភិវឌ្ឍ។ ក៏ប៉ុន្ដែនៅទីបំផុត ក្រុមហ៊ុនបានសាងសង់ត្រឹមតែប្រាំបីអគារហើយធ្វើឲ្យមានការតវ៉ាជាច្រើន។ លោកស្រីស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនធ្លាប់បានមានប្រសាសន៍ថា អគារទាំងប្រាំបីនេះបានឆ្លើយតបគ្រប់គ្រាន់ទៅនឹងចំនួនប្រជាពលរដ្ឋដែលត្រូវសា្នក់នៅរួចទៅហើយ ក៏ប៉ុន្ដែក្រុមប្រជាជនបានច្រានចោលសេចក្ដីលើកឡើងនេះ។ លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចាត់ទុកថា ការបណ្ដេញចេញបែបនេះនឹងធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះជួបប្រទះភាពក្រីក្រថែមមួយកម្រិតទៀត។ «ធ្វើអញ្ចឹងទៅគឺវាផ្ទុយទៅនឹងគោលនយោបាយចតុកោណរបស់រដ្ឋាភិបាល ក្នុងស្នូលមួយ ដែលនិយាយអំពីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែបើសិនអភិវឌ្ឍទៅ វាធ្វើឲ្យប្រជាពលរដ្ឋ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋអញ្ចឹង! តើប៉ុន្មានឆ្នាំទៅមុខទៀត ដែលគាត់អាចកសាងជីវភាពបានប្រហែលដែលគាត់រស់នៅបុរីកីឡា»។ ប្រជាពលរដ្ឋ ដែលត្រូវបណ្ដេញចេញ ត្រូវបានដឹកជញ្ជូនចេញភ្លាមៗទៅកាន់តំបន់ដាច់ស្រយាលមួយក្នុងខេត្តកំពង់ស្ពឺ។ ដោយឡែក ប្រជាពលរដ្ឋសហគមន៍បុរីកីឡាចំនួនប្រាំបីនាក់ នៅថ្ងៃនេះ ត្រូវតុលាការសម្រេចឃុំខ្លួន ក្នុងនោះប្រាំពីរនាក់ត្រូវឃុំឃាំងនៅពន្ធនាគារព្រៃស និងម្នាក់ទៀតនៅពន្ធនាគារប៉េហ្ស៊ី(ប៉ូលិស) កណ្ដាលក្រុងភ្នំពេញ។ អ្នកភូមិទាំងប្រាំនាក់ត្រូវចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សា និងការប្រឆាំងមន្ដ្រីសាធារណៈ៕ This posting includes an audio/video/photo media file: Download Now |
តុលាការកាត់ទោសអតីតមន្ត្រីប្រឆាំងគ្រឿងញៀនឲ្យជាប់គុកមួយជីវិត Posted: 05 Jan 2012 08:06 AM PST នៅថៃ្ងព្រហស្បតិ៍នេះ តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសលោកមឹក តារា អតីតប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់ប្រទេសកម្ពុជា ឲ្យជាប់ពន្ធនាគារមួយជីវិតអំពីបទពុករលួយទាក់ទងនឹងការជួញដូរគ្រឿងញៀន។ លោកមឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនត្រូវបានចាប់ខ្លួនជាមួយលោកជា ឡេង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនៅខែមករា ឆ្នាំ២០១១។ លោកអ៊ិត សម្ភស ប្រធានចៅក្រមជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រមនៅចំពោះមុខជនជាប់ចោទថា ជនជាប់ចោទឈ្មោះមឹក តារា និងជា ឡេងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ហើយឈ្មោះម៉ម ឌឿន ដែលបានរត់គេចខ្លួន ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន២៥ឆ្នាំ។ នៅក្នុងសាលក្រមនេះ តុលាការបានបញ្ជាឲ្យលោកមឹក តារាបង់សំណងរដ្ឋប្បវេណីចំនួន២២៥៤០០ដុល្លារអាមេរិក ហើយរឹបអូសប្រាក់ចំនួន៨៧៣៨៨ដុល្លារអាមេរិកនៅក្នុងធនាគារកាណាឌីយ៉ា ប្រាក់ពុករលួយចំនួន១០០០០០ដុល្លារអាមេរិក និងដីធ្លីមួយចំនួនទៀត។ លោកជា ឡេងបង់សំណងរដ្ឋប្បវេណីជាង២០០០០ដុល្លារអាមេរិក និងត្រូវរឹបអូសដី និងលំនៅដ្ឋានក្នុងខណ្ឌដង្កោ ទីក្រុងភ្នំពេញ។ លោកម៉ម ឌឿនត្រូវបង់សំណងរដ្ឋប្បវេណីចំនួន៣៤០០០ដុល្លារអាមេរិក និងរឹបអូសដីនៅខេត្តកំពង់ចាម។ លោករ៉ាយ ប៊ុនធឿន មេធាវីការពារលោកមឹក តារា បានថែ្លងថា៖ «ខ្ញុំថា វាអយុតិ្តធម៌ហួសហេតុ ហាក់ដូចជាមានការគាបបង្ខំមកពីលើ ឬក៏មានការមិនហ៊ានរបស់ចៅក្រម។ សំខាន់វាមិនមានភស្តុតាងណាឲ្យជាក់លាក់។ ខ្ញុំនឹងប្តឹងឧទ្ធរណ៍តាមផ្លូវច្បាប់ ហើយខ្ញុំនឹងរៀបចំជាស៊ីឌីដាក់ផ្សាយទៅតាមអង្គការនានា ដែលពាក់ព័ន្ធនឹងច្បាប់នេះ ឲ្យគេជ្រាប ហើយនឹងអាចដាក់លក់ជាសាធារណៈ ដើម្បីឲ្យគេបានពិចារណាទាំងអស់គ្នា»។ លោកវ៉ាន់ បូរ៉ាត់ មេធាវីការពារលោកជា ឡេង បានបញ្ជាក់ថា កូនក្តីរបស់លោកនឹងប្តឹងឧទ្ធរណ៍ ដោយសារគាត់មិនសុខចិត្តនឹងសេចក្តីសម្រេចនេះ ព្រោះគាត់សង្ឃឹមថា គាត់នឹងទទួលបានយុត្តិធម៌ខ្លះពីតុលាការ។ «ព្រឹកមិញនេះ ខ្ញុំគិតថា ការសម្រេចសេចក្តីរបស់តុលាការហាក់ដូចជាមិនមានយុតិ្តធម៌ចំពោះកូនក្តីខ្ញុំ ពីព្រោះយើងពិនិត្យទៅលើអង្គហេតុទាំងឡាយដែលយកមកជំនុំជម្រះ ហើយយើងបានលើកយកភស្តុតាង និងសាក្សីអី្វៗយកមកបកស្រាយជូនតុលាការដែលគាត់ថា ជាភស្តុតាងសម្រាប់ដាក់បន្ទុកលើកូនក្តីយើង។ យើងយកភស្តុតាងទាំងអស់មកបកស្រាយជូនគាត់អំពីចម្លើយសាក្សីក្តី ភស្តុតាងក្តី តុលាការអត់ពិចារណាលើអី្វដែលយើងផ្តល់ជូនគាត់ហ្នឹងទេ។ គាត់ច្រានចោលបញ្ហាហ្នឹង ធើ្វឲ្យយើងអស់មានអី្វអំណះអំណាងសម្រាប់ការពារពួកគាត់»។ លោកស៊ុំ ចាន់គា មន្រ្តីសម្របសម្រួលនៃសមាគមសិទិ្ធមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានថែ្លងថា សេចក្តីសម្រេចនេះគឺជាសញ្ញាព្រមានដ៏ខ្លាំងមួយដល់ជនប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនថា គេមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។ លោកស៊ុំ ចាន់គាបានលើកឡើងថា ការកាត់សេចក្តីនេះ ដូចជាការកាត់ក្តីរបស់សាលាក្តីខែ្មរក្រហម ដោយសារជនផ្សំគំនិតមិនត្រូវបាននាំយកមកជំនុំជម្រះទោសទេ។ លោកស៊ុំ ចាន់គាបានបន្ថែមថា សាលាក្តីខ្មែរក្រហមបានកាត់ទោសឌុច អតីតប្រធានគុកទួលស្លែងរបស់របបខ្មែរក្រហមឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ អំពីបទសម្លាប់មនុស្សជាង១២០០០នាក់នៅចុងទសវត្យរ៍១៩៧០។ «ការកាត់សេចក្តីនេះ យើងឃើញថា វាធ្ងន់ធ្ងរជាងសាលាក្តីខែ្មរក្រហម។ យើងឃើញថា សេចក្តីសម្រេចនេះធ្ងន់ធ្ងរខ្លាំងពេក។ បើសេចក្តីសម្រេចនេះប្រៀបធៀបទៅសាលាក្តីខែ្មរក្រហម គេផ្តន្ទាទោសអត់មានមួយជីវិតទេ»។ នៅក្នុងខែវិច្ឆិកា តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសលោកហ៊ុន ហ៊ាន អតីតប្រធាននគរបាលខេត្តឲ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យជិត៣២០០០០ដុល្លារអាមេរិកអំពីការទទួលសំណូកពីពួកអ្នកជួញដូរគ្រឿងញៀន ហើយលោកឈាង សុន អនុប្រធាននគរបាលខេត្តឲ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យជាប្រាក់ជាង១០០០០ដុល្លារអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
អ្នកជំនាញបារម្ភដោយសារចិននិងភូមានៅតែមិនព្រមចូលជាសមាជិកគណៈកម្មការទន្លេមេគង្គ Posted: 05 Jan 2012 11:28 AM PST ប្រទេសចិន និងភូមា រហូតមកដល់ពេលនេះ នៅតែមិនព្រមចូលជាសមាជិកគណៈកម្មការទន្លេមេគង្គដដែល។ ក្រុមមន្ត្រី និងអ្នកសិក្សាស្រាវជ្រាវតំបន់អាងទន្លេមេគង្គ អះអាងថា មូលហេតុគឺដោយសារប្រទេសទាំងពីរ ជាពិសេសគឺចិន បារម្ភខ្លាចជាប់ផុងនៅក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលតម្រូវឲ្យមានការព្រមព្រៀងរវាងប្រទេសជាសមាជិកដទៃទៀត មុននឹងអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ។ នៅឆ្នាំ១៩៩៦ គឺមួយឆ្នាំក្រោយពីកំណើតនៃកិច្ចព្រមព្រៀងមេគង្គ ប្រទេសចិននិងភូមាបានក្លាយជាដៃគូសន្ទនាជាមួយបណ្តាប្រទេសបួនទៀតដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម។ ប៉ុន្តែចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរគឺចិននិងភូមានៅតែមិនព្រមចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គនេះដដែល។ <!--AV--> លោកវ៉ាត់ បុត្តកុសល អគ្គលេខាធិការរងនៃគណៈកម្មការទន្លេមេគង្គកម្ពុជា សាកល្បងពន្យល់ពីមូលហេតុនេះ៖ «ជាការយល់ឃើញរបស់ខ្ញុំ ទី១គឺស្ថានភាពនៃការអភិវឌ្ឍប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាងទន្លេមេគង្គគឺខុសគ្នា។ ស្ថានភាពរបស់ប្រទេសចិន គាត់ចង់អភិវឌ្ឍបណ្តាទំនប់វារីអគ្គិសនីរបស់គាត់ ហើយបើសិនជាអភិវឌ្ឍដោយមានការចូលរួមរបស់គាត់នៅដំណាក់កាលនេះ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យមានការពិគ្រោះយោបល់ ដូចទំនប់សាយ៉ាបូរីអញ្ចឹង។ អញ្ចឹងធ្វើឲ្យបង្អាក់ដំណើរការសាងសង់ទំនប់នៅចិន»។ ក្រោមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គត្រូវពិគ្រោះយោបល់គ្នាសិន មុននឹងឈានទៅសម្រេចចិត្តលើការអភិវឌ្ឍទំនប់វារីអគ្គិសនីណាមួយនៅលើដងទន្លេមេគង្គ។ កាលពីដើមខែធ្នូ ឆ្នាំ២០១១ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គបច្ចុប្បន្នគឺកម្ពុជា ថៃ ឡាវនិងវៀតណាមបានសម្រេចផ្អាកគម្រោងសាងសង់ទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវ ដើម្បីបើកផ្លូវឲ្យមានការសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់នៃទំនប់ដ៏ចម្រូងចម្រាស់នោះ។ សម្រាប់ប្រទេសភូមាវិញ ការចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គហាក់ដូចជាមិនមែនជាអាទិភាពចម្បងសម្រាប់ប្រទេសនេះឡើយ។ លោកពេជ្រ សុខេមគឺជាប្រធានកម្មវិធីមេគង្គស្តីពីទឹក បរិស្ថាននិងការចិញ្ចឹមជីវិត ហៅកាត់ថា M-POWER។ «ចំពោះភូមា ច្បាស់ហើយថា ១%នៃប្រទេសភូមាស្ថិតនៅក្នុងទន្លេមេគង្គ ដូច្នេះ មិនមែនជាអាទិភាពធំអីទេសម្រាប់ភូមា ហើយតំបន់នៅភូមានោះ ពីដើមនៅមានពួកឧទ្ទាម ពួកបះបោរនៅ ដូច្នេះហើយមិនមែនជាអាទិភាពសម្រាប់ភូមាទេ»។ លោកពូ សុធារៈគឺជាអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។ លោកនិយាយថា សមាជិកភាពរបស់ចិននិងភូមានៅក្នុងគណៈកម្មការទន្លេមេគង្គនឹងអាចជួយធានាស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាងទន្លេមេគង្គទាំងមូល។ «ប្រសិនបើគាត់ចូលរួមនៅក្នុងនេះ វាមានអត្ថប្រយោជន៍ខ្លាំងណាស់គឺថា ទី១ កិច្ចសហប្រតិបត្តិការតំបន់ វារឹតតែរីកចម្រើន។ រីកចម្រើនហ្នឹងគឺថា រាល់ការងារដែលប៉ះពាល់នឹងទន្លេមេគង្គហ្នឹងគឺថា មានការពិគ្រោះយោបល់គ្នា ប្តូរយោបល់គ្នា មានការគាំទ្រគ្នាទៅវិញទៅមក មុននឹងធ្វើអ្វីមួយនោះ»។ ពុំទាន់មានប្រតិកម្មណាមួយពីខាងតំណាងប្រទេសភូមានៅឡើយទេទាក់ទងនឹងការចូលជាសមាជិករបស់ខ្លួនទៅក្នុងគណៈកម្មការទន្លេមេគង្គនេះ។ ប៉ុន្តែលោកសាស្ត្រាចារ្យលូ ហ្ស៊ីង (Lu Xing) នាយកមជ្ឈមណ្ឌលសិក្សាមហាអនុតំបន់ទន្លេមេគង្គនៃសាកលវិទ្យាល័យ Yunnan របស់ចិន និយាយថា គ្មានហេតុផលអ្វីដែលចិនត្រូវចូលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គទៀតទេ នៅពេលដែលចិនបានចូលរួមនៅក្នុងវេទិការមហាអនុតំបន់ទន្លេមេគង្គដែលមានប្រទេសទាំង៦ជាសមាជិករួចទៅហើយនោះគឺចិន ភូមា ថៃ ឡាវ កម្ពុជានិងវៀតណាម។ «នៅក្នុងឆ្នាំ១៩៩២ យើងមានវេទិការមហាអនុតំបន់ទន្លេមេគង្គ ហើយបានប្រើវេទិការនេះសម្រាប់ការពិភាក្សា ការអភិវឌ្ឍ ឬក៏ការសហការគ្នា។ ប៉ុន្តែ គណៈកម្មការទន្លេមេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥។ ដូច្នេះ ព្រឹត្តិការណ៍ទាំងពីរនេះគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់ខ្ញុំក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ។ ហេតុអ្វីបានជាអ្នកមិនប្រើប្រាស់វេទិការមហាអនុតំបន់ទន្លេមេគង្គ? មានប្រទេសទាំង៦នៅក្នុងវេទិការនេះរួចស្រេចទៅហើយ។ ហេតុអ្វីបានជាចាំបាច់ជ្រើសរើសអង្គការមួយផ្សេងទៀត ដែលផ្តោតទៅលើគណៈកម្មការទន្លេមេគង្គនោះ? តើអ្នកអាចឆ្លើយសំណួររបស់ខ្ញុំនេះបានទេ?» ប៉ុន្តែសម្រាប់លោកពេជ្រ សុខេម ការផ្តល់ហេតុផលរបស់លោកសាស្ត្រាចារ្យចិន គឺគ្រាន់តែជាការដោះសារមួយប៉ុណ្ណោះ។ «នៅក្នុងឆ្នាំ១៩៩២-១៩៩៣ នៅពេលដែលយើងចរចាកិច្ចព្រមព្រៀងទន្លេមេគង្គថ្មី យើងហៅចិននិងភូមាចូលរួម ប៉ុន្តែពេលនោះ ចិនមានគម្រោងធ្វើទំនប់១៥នៅលើទន្លេរបស់គាត់ហើយ។ អញ្ចឹងនៅពេលដែលលូ ហ្ស៊ីងនិយាយពីGMSហ្នឹង វាគ្រាន់តែជាលេសមួយទេ។ តាមពិតទៅ ការដែលចិនមិនចូលសំខាន់បំផុតគឺគាត់នៅលើគេ។ គាត់មានគម្រោងធ្វើទំនប់របស់គាត់ហើយ។ បើសិនគាត់ចូល កិច្ចព្រមព្រៀងនឹងទាមទារឲ្យមានការចរចា និងការឯកភាពគ្នា។ ដូច្នេះ គាត់ថា វាអត់ចំណេញសម្រាប់គាត់។ គាត់ថា អ្នកឯងចរចាតែគ្នាឯងនៅខាងក្រោមហ្នឹងសិនទៅ ខ្ញុំមិនចាំបាច់ចូលរួមទេ ចាំដល់ពេលណាមួយសមរម្យ បានគាត់ពិចារណា»។ សម្រាប់លោក Larry Harrington នាយកផ្នែកស្រាវជ្រាវកម្មវិធីជំនះលើបញ្ហាទឹកនិងស្បៀងអាហារ (Challenge Program on Water and Food) ពេលវេលាដ៏សមរម្យសម្រាប់ចិនចូលជាសមាជិកគណៈកម្មការទន្លេមេគង្គបានមកដល់ហើយ ប្រសិនបើចិនចង់បង្ហាញថា ខ្លួនជាមេដឹកនាំពិភពលោកមួយ ប្រកបដោយការទទួលខុសត្រូវនោះ។ «ប្រទេសចិនកំពុងប្រែក្លាយទៅជាមេដឹកនាំពិភពលោកមួយដែរ ហើយក្នុងនាម ជាមេដឹកនាំពិភពលោក ប្រទេសនេះនឹងផ្តល់ភាពជាអ្នកដឹកនាំនៅក្នុងបញ្ហាក្រមសីលធម៌ សុជីវធម៌ ព្រមទាំងក្នុងបញ្ហាបច្ចេកទេស វិទ្យាសាស្ត្រ និងនយោបាយផងដែរ»។ ក្រុមអ្នកសិក្សាស្រាវជ្រាវទាំងនេះរំពឹងថា ចិនប្រហែលជានឹងធ្វើខ្លួនជាបងធំដ៏ល្អនៅក្នុងឆ្នាំថ្មីនេះ នៅពេលដែលគម្រោងសាងសង់ទំនប់របស់ចិននៅលើដងទន្លេមេគង្គផ្នែកខាងលើជិតចប់សព្វគ្រប់ទៅហើយនោះ៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ បញ្ហាប្រឈមរបស់កម្ពុជានិងដំណោះស្រាយក្នុងភាពជាប្រធានអាស៊ាន Posted: 05 Jan 2012 12:46 PM PST វាគ្មិនក្នុងប្រទេសកម្ពុជាពីររូបអះអាងថា កម្ពុជានឹងដើរតួនាទីជាអព្យាក្រឹត្យនិងប្រើវិធីសាស្ត្រពន្យារពេលក្នុងការស្វះស្វែងរកដំណោះស្រាយលើបញ្ហារសើបមួយចំនួនក្នុងតំបន់ដូចជាជម្លោះសមុទ្រចិនខាងត្បូង និងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាដើម។ បញ្ហាមួយចំនួនទៀតរួមមានដូចជា ការប្រកួតប្រជែងផ្នែកធនធានមនុស្ស និងបញ្ហាគោរពសិទ្ធិមនុស្ស។ លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក ប៉ែន សុមុនី នាយកប្រតិបត្តិអង្គការស្ម័គ្រចិត្តដើម្បីសង្គមបានថ្លែងដូច្នេះ ក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១១ ពិភាក្សាអំពីបញ្ហាប្រឈមមុខនានារបស់កម្ពុជា និងដំណោះស្រាយក្នុងភាពជាម្ចាស់ផ្ទះនៃសមាគមអាស៊ាន។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៥ មករា យប់ Posted: 05 Jan 2012 07:13 AM PST អ៊ីរ៉ាក់៖ មន្ដ្រីអ៊ីរ៉ាក់និយាយថាគ្រាប់បែកមួយចំនួនបានផ្ទុះនៅក្នុងតំបន់ស៊ីអ៊ីត (Shi'ite) នៃរដ្ឋធានីបាកដាដ (Baghdad)។ ការផ្ទុះនេះបណ្ដាលឲ្យមនុស្សយ៉ាងតិច២៧នាក់ស្លាប់ ហើយនឹងរបួសជាង៦០នាក់ទៀត។ កាតា៖ នាយករដ្ឋមន្ដ្រីនៃប្រទេសកាតា (Qatar) និយាយថា មានកំហុសកើតមានឡើងនៅក្នុងបេសកកម្មនៃសម្ព័ន្ធអារ៉ាប់ក្នុងប្រទេសស៊ីរី។ ស.រ.អ.៖ លោក រិក សាន់តូរ៉ុំ (Rick Santorum) បេក្ខជនតំណែងប្រធានាធិបតី ស.រ.អ. ពីខាងគណបក្សសាធារណ:រដ្ឋ បានប្តូរការយកចិត្តទុកដាក់របស់លោកទៅលើរដ្ឋនូហាំហ្ស៊ែរ (New Hampshire) ដែលជាទីកន្លែងនៃការប្រកួតប្រជែងយកការតែងតាំងរបស់គណបក្ស ក្រោយពីបានទទួលជោគជ័យយ៉ាងខ្លាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងរដ្ឋអាយយ៉ូវ៉ា (Iowa) ដែលបានជួយឲ្យលោកនាំមុខគេក្នុងការប្រកួតនេះ។ ស.រ.អ.៖ គេរំពឹងថាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា នឹងលាតត្រដាងផែនការការពារជាតិថ្មីមួយនៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងបង្ហាញឲ្យឃើញការកាត់ថវិការាប់ពាន់លានដុល្លារ ហើយនឹងបញ្ចប់យុទ្ធសាស្ដ្រមានចំណាស់រាប់ទសវត្សន៍ក្នុងការត្រៀមខ្លួនធ្វើសង្គ្រាមពីរក្នុងពេលតែមួយ។ បាគីស្ថាន៖ ពួកតាលីបាន (Taliban) នៃប្រទេសបាគីស្ថានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់ទាហានប៉ារ៉ា១៥នាក់ ដែលត្រូវបានចាប់ពង្រត់កាលពីខែមុន នៅតាមបណ្ដោយព្រំដែនជ្រួលច្របល់ជាមួយប្រទេសអាហ្វហ្គានីស្ថាន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៥ មករា ព្រឹក Posted: 04 Jan 2012 07:28 PM PST ចិន៖ កាលពីថ្ងៃពុធ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗនេះប្រឆាំងប្រទេសអ៊ីរ៉ង់លើកម្មវិធីចម្រូងចម្រាសនុយក្លេអ៊ែរបស់ប្រទេសនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន ហុង ឡី បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងទីក្រុងប៉េកាំងថា ការសន្ទនានិងការចរចា មិនមានការដាក់ទណ្ឌកម្ម ជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការតានតឹងនិងដោះស្រាយជម្លោះ។ ស.រ.អា៖ អ្នកតំណាងរាស្រ្តមីស៊ែល បាចមេននៃរដ្ឋមីនីសូតាបានបញ្ចប់យុទ្ធនាការប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោកស្រី ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីបានជាប់លេខប្រាំមួយនៅក្នុងការប្រជុំសន្និបាត Caucus របស់គណបក្សសាធារណរដ្ឋនៅរដ្ឋអាយអូវ៉ា។ ស.រ.អា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើយុទ្ធនាការដើម្បីជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតនៅរដ្ឋអូហាយ៉ូ ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ជាទីកន្លែងដែលលោកប្រធានាធិបតីត្រូវគេរំពឹងនឹងថ្លែងតតាំងនឹងការរិះគន់យ៉ាងខ្លាំងលើនយោបាយសេដ្ឋកិច្ចរបស់លោកនៅពេលដែលការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ ក្តៅគគុក។ ស.រ.អា៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ឡេអុន ប៉េណាតា ត្រូវគេរំពឹងថានឹងប្រកាសផែនការមួយដែលនឹងបញ្ចប់យុទ្ធសាស្រ្តនៃការថែរក្សាកងទ័ពដែលមានសមត្ថភាពប្រយុទ្ធសង្គ្រាមពីរនៅពេលតែមួយរបស់ក្រសួងការពារប្រទេស។ កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ឃឺត ខាំបេល បានធ្វើការចរចាជាមួយមន្រ្តីជាន់ខ្ពស់ចិន កាលពីថ្ងៃពុធនៅក្រុង ប៉េកាំងស្តីពីស្ថេរភាពនៅក្នុងប្រទេស កូរ៉េខាងជើង ក្រោយមរណភាពរបស់អតីតមេដឹកនាំគីម ជុងអ៊ីល។ តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគី អាមេត ដាវូតុគ្លូ នឹងអញ្ជើញទៅអ៊ីរ៉ង់ ដើម្បីធ្វើការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីហាមីដ កាហ្សាយ បានស្វាគមន៍កិច្ចចរចារវាងពួក តាលីបានអាហ្វហ្គានីស្ថាន និងអាមេរិក និងផែនការរបស់ក្រុមបះបោរ អ៊ីស្លាមនេះ ដែលចង់បើកការិយាល័យមួយនៅក្នុងប្រទេសកាតា នៅឈូងសមុទ្រពែក្សផង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |