VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣ មករា យប់” plus 4 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣ មករា យប់” plus 4 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣ មករា យប់

Posted: 03 Jan 2012 09:48 AM PST

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​កាន់​ការ​ប្រជុំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ​អៃយូវ៉ា (Iowa) នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​ហៅ​ កូកិស (Caucus) ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​ជា​វិធានការ​លើក​ដំបូង​ដើម្បី​ជ្រើសរើស​យក​បេក្ខជន​ដែល​អាច​តទល់​នឹង​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។

ប៉ាឡេស្ទីន ​អ៊ីស្រាអែល៖ ក្រុម​អ្នក​ចរចា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ត្រូវ​កំណត់​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ (Jordan) ក្នុង​គោល​បំណង​ចាប់​ផ្តើម​ឡើង​វិញ​នូវ​កិច្ច​ចរចា​សន្ដិភាព​ដែល​បាន​ជាប់​គាំង​កាល​ពី​លើក​មុន។

ស៊ីរី៖ ប្រទេស​បារំាង​បាន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​ស្ថានការណ៍​ក្រុម​អ្នក​តាម​ឃ្លាំមើល​របស់​សម្ព័ន្ធ​អារ៉ាប់​ (Arab League) ដែល​កំពុង​អនុវត្ដ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អេហ្ស៊ីប៖ ពលរដ្ឋ​អេហ្ស៊ីប​បាន​ចាប់ផ្ដើម​បោះឆ្នោត​ជា​ចុង​ក្រោយ​បង្អស់ ​ដើម្បី​ជ្រើស​តាំង​សមាជិក​តំណាងរាស្រ្ដ​ក្នុង​រដ្ឋសភា​ថ្នាក់​ក្រោម។

សហរដ្ឋ​អាមេរិក៖ លោកខឺត ខែមប៊ែល (Kurt Campbell) ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស ស.រ.អ. បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​នេះ​ជា​ទស្សនកិច្ច​លើក​ទី​មួយ​របស់​មន្ដ្រី​ជាន់​ខ្ពស់​អាមេរិកាំង​ចាប់តាំង​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ីល បាន​ទទួល​មរណភាព​មក។

អាហ្វហ្គានីស្ថាន៖ ការ​ដាក់​គ្រាប់​បែក​ផ្ទុះ​ដោយ​អត្ដឃាតជន​នៅ​ក្នុង​ខេត្ដ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​ រួម​មាន​កុមារ​និង​មន្ដ្រី​ប៉ូលិស។

ឥណ្ឌា៖ មន្ដ្រី​ថ្នាក់​ខ្ពស់​ឥណ្ឌា​នៃ​រដ្ឋ​កាស្មៀរ (Kashmir) នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រិះគន់​កង​កម្លាំង​សន្ដិសុខ​ ដែល​បាន​បាញ់​សម្លាប់​និស្សិត​ជំទង់​ម្នាក់​នៅ​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តាច់​ភ្លើង​នៅ​រដូវ​រងារ​ខ្លាំង។

ភូមា៖ នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រទេស​ភូមា​បាន​ចាប់​ផ្ដើម​ដោះ​លែង​អ្នក​ទោស​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើក​លែង​ទោស​តាម​បញ្ជា​របស់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​មាន​សកម្មជន​ខ្លះ​និយាយ​ថា​ អ្នក​ទោស​នយោបាយ​ខ្លះ​ មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ​ទេ។

អ៊ីរ៉ង៖ ប្រទេស​អ៊ីរ៉ង​ និយាយ​ថា​ នាវា​ផ្ទុក​យន្ដហោះ​របស់​ស.រ.អ.​មិន​គួរ​វិល​ត្រឡប់​មក​រក​តំបន់​ឈូង​សមុទ្រ​ពែកស៍ (Persian Gulf) វិញ​ទេ​ ក្នុង​ថ្ងៃ​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ តេហេរ៉ង់​បាន​បញ្ចប់​សមយុទ្ធ​លើ​ទឹក​ជិត​តំបន់​យុទ្ធសាស្រ្ដ​នៅ​ច្រក​សមុទ្រ​ហរម៊ូស (Strait of Hormuz)។

ម៉ាឡេស៊ី៖ ប៉ូលីស​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចេញ​សេចក្ដី​ព្រមាន​ដល់​សកម្មជន​មិន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពេល​ខាង​មុខ​ថ្មីៗ​នេះ​ដើម្បី​គាំទ្រ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​អង់វារ អ៊ីប្រាហ៊ិម (Anwar Ibrahim)។

នីហ្សេរីយ៉ា៖ ក្រុម​បាតុករ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​នាំ​គ្នា​ដើរ​លើ​ផ្លូវ​ដើម្បី​ធ្វើ​ការ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​បញ្ចប់​កម្មវិធី​ជំនួយ​ប្រេង​ដល់​អតិថិជន ​បណ្ដាល​ឲ្យ​តម្លៃ​ប្រេងសាំង​ឡើង​ខ្ពស់​ដល់​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រេងកាត​មួយ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ្នកភូមិ​បុរីកីឡា​ និង​ប៉ូលិស​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា

Posted: 03 Jan 2012 09:07 AM PST

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ យ៉ាង​តិច​មាន​ប្រជា​ពលរដ្ឋ​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​និង​ប្រមាណ​ជិត​២០​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​មួយ​ នៅ​សហគមន៍​បុរី​កីឡា ​កណ្តាល​ទីក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​មាន​ឡើង ​ដោយសារ​តែ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​សុផាន​​បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ច្រើន​រាប់​រយ​នាក់ ​ប្រដាប់​ដោយ​អាវុធ ​ខែល​ ដំបង​ឆក់​ និង​រថយន្ត​ពន្លត់​អង្គីភ័យ​ បាន​ទៅ​បណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​ឲ្យ​​ចេញ​ពី​សហគមន៍​បុរីកីឡា។

ក្រុម​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ខែល​ រថយន្ត​បាញ់​ទឹក​និង​បាញ់​កាំភ្លើង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដាក់​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ឈរ​កាន់​ដំបង​ ព្រម​ទាំង​ដុត​កង់ឡាន​ឆេះ​សន្ធោ​សន្ធៅ ​ក៏ប៉ុន្តែ​ក្នុង​ខណៈពេល​នោះ ​ប្រជា​ពលរដ្ឋ​បាន​តបត​មក​វិញ ​ដោយ​គប់​ដុំថ្ម​ លាយឡំ​នឹង​សំបកដប​ ដាក់​សមត្ថកិច្ច​ទៀត​ផង។

មន្ត្រីប៉ូលិស ​ដែល​សមត្ថកិច្ច​បាន​អះអាង​ថា ​ឈ្មោះ​ភួង ​ម៉ាឡៃ ​ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ​និង​លោក​សយ​ ចាន់ឌី ​មេបញ្ជាការ​ប៉េអឹម​ខណ្ឌ​៧​មករា​ បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​ ដោយសារ​តែ​ត្រូវ​ដុំថ្ម​របស់​ប្រជា​ពលរដ្ឋ។ ​ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ឈ្មោះ​រឿង​ ស្រីពៅ ​និង​ប្អូនប្រុស​ឈ្មោះ​សុខ ​ហេង ​អាយុ​១៣​ឆ្នាំ ​សិស្ស​សាលា​នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ​បាន​រង​របួស​បែក​ក្បាល​ ហើយ​បាន​ចោទ​ប្រកាន់​ថា​ សមត្ថកិច្ច​បាន​ប្រើប្រាស់​អំពើ​ហិង្សា​វាយដំ​មក​លើ​ពួក​គេ។

ប្អូនប្រុស​សុខ ​ហេង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖

«នៅ​មិន​នៅ ​គាត់​ក៏​មក​ចាប់​ខ្ញុំ។​ ខ្ញុំ​អាយុ​១៣​ឆ្នាំ។ ​ខ្ញុំ​ឈ្មោះ​សុខ ​ហេង។ ​ខ្ញុំ​រៀន​នៅ​សាលា​វត្តព្រះពុទ្ធ»។

ក្រុម​ប្រជាពលរដ្ឋ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​មួយៗ​ ចេញ​ពី​សហគមន៍​បុរី​កីឡា ​ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​ចប់។ ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ ដែល​មាន​របួស​ចំ​ផ្ទៃ​មុខ​ និង​បែក​ក្បាល​ ត្រូវ​បាន​បណ្តើរ​ចេញ​ ដោយ​មាន​សមត្ថកិច្ច​ចាប់​ក្រៀក​យ៉ាង​អែន។

«ខ្ញុំ​ឥត​ដឹង​រឿង​ផង។ ​ខ្ញុំ​មក​ឈរ​មើល​គេ។ ​បែក​មាត់​ហ្នឹង ​គេ​វ៉ៃ។ ​ប៉ូលិស​គាត់​វៃ។​ ខ្ញុំ​គិត​ថា​ សាហាវ​ណាស់។ ​ខ្ញុំ​ឥត​បាន​បាញ់​ប៉ូលិស​ផង»។

ចំណែកឯ​មន្ត្រី​យោធា​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​កង​រាជអាវុធហត្ថ​ក្រុង​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​ការិយាល័យ​របស់​ខ្លួន។

«គេ​ថា ​ទៅ​ជួប​មេ​គេ​ នៅ​សាលា​ខណ្ឌ ​នៅ​ឯ​អង្គ​រក្ស។ ​អា​ហ្នឹង ​គេ​ចង់​សួរ ​ថា​យើង​មក​ហ្នឹង​មាន​មូលហេតុ​អ្វី?»

អ្នកស្រី​ភួង ​ថាវី ​អាយុ​៣៦​ឆ្នាំ ​នៅ​ក្រុម​ទី​១២ ​សង្កាត់​វាលវង់ ​ខណ្ឌ​៧​មករា ​បាន​ស្រែក​ទ្រហោ​យំ ​នៅ​ពេល​ដែល​ផ្ទះ​របស់​អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ឲ្យ​រាប​ដល់​ដី។

«ខណ្ឌ​ និង​ប្រធាន​ភូមិ ​និង​ក្រុមហ៊ុន​គាត់​អ្នក​ដឹង។ ​គាត់​អង្វរ​ពួក​ខ្ញុំ​ឲ្យ​រើ​ចេញ​មក។ ​រើ​ចេញ​មក​ រងចាំ​ការ​ដោះស្រាយ។ ​ឥឡូវ​នេះ ​តើនេះជា​វិធី​ដោះស្រាយ​របស់​ពួក​គាត់ឬ?»

លោក​ហ៊ី ​ព្រូ ​ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ ​និង​លោក​កើត ​ឆែ ​នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​នោះ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ដល់​អ្នក​សារព័ត៌មាន​ទេ។

«ខ្ញុំ​ឥត​ដឹង​ទេ។ ​ទៅ​សួរ​មេ​បញ្ជាការ​គេ​ទៅ! ​ខ្ញុំ​វា​ក្តាប់​អត់បាន។ ​ពួក​ខ្ញុំ​អត់​និយាយ​ទេ»។

លោក​ចាន់ ​សាវ៉េត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា​ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ប៉ូលិស​នេះ​ បាន​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​រំលោភ​ទៅ​លើ​សិទ្ធិ​លំនៅដ្ឋាន។

«អ្វី​ដែល​ជា​ការ​មើល​ឃើញ​ជាក់​ស្តែង​ ​យើង​ឃើញ​ថា ​កម្លាំង​ដែល​មក​ធ្វើ​នេះ ​វា​ហាក់​បី​ដូច​ជា​មាន​ចេតនា​យក​ឈ្នះ ​យក​ចាញ់​តែ​ម្តង។ ​មិនមែន​ជា​រឿង​​ដោះស្រាយ​ទេ»។

ការ​ប៉ះទង្គិច​រហូត​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​ ក្រោយពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ​កុ្រមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​សុផាន​មិន​បាន​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​សាងសង់​១០​អគារ​នៅ​សហគមន៍​បុរី​កីឡា។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ ​នៅ​តែ​អះអាង​ថា​ ពួក​គេ​ខ្វះ​ទី​ជម្រក​ ដោយសារ​តែ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​មិន​បាន​សាងសង់​ឲ្យ​គ្រប់​ចំនួន​ទៅ​តាម​ការ​កំណត់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។ ​ចំណែកឯ​ប្រជា​ពលរដ្ឋ​៥០​គ្រួសារ​ផ្សេង​ទៀត ​ដែល​បាន​ទទួល​សំណង​ដី​១​ឡូ ​និង​ទឹក​ប្រាក់​ប្រមាណ​៥០​ម៉ឺន​រៀល​​គឺ​ស្មើ​ជាង​១០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​នោះ​ បាន​ទៅ​រស់​នៅ​ភ្នំបាត​ ​ជាង​២០​គីឡូម៉ែត​ពី​ទីក្រុង​ភ្នំពេញ។

លោកស្រី ​ស៊ុយ ​សុផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ធ្លាប់​បាន​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ថា​ ក្រុមហ៊ុន​បាន​សាងសង់​៨​អគារ​ គឺ​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​បុរី​កីឡា​នេះ​ហើយ៕

This posting includes an audio/video/photo media file: Download Now

លោកហ៊ុន សែន​យល់ព្រម​ឲ្យ​ធ្វើ​រូបសំណាក​លោក​ជា វិជ្ជា

Posted: 03 Jan 2012 08:12 AM PST

ក្រុម​កម្មករ​នឹង​ទទួល​បាន​រូបសំណាក​«វីរបុរស»​របស់​ពួកគេ​គឺ​លោក​ជា ​វិជ្ជា ​ដែល​ត្រូវ​ឃាតករ​​​​រកមុខ​មិន​ឃើញ​បាញ់​សម្លាប់​កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន។ ​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​ទើប​តែ​សម្រេច​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ចាត់ចែង​រៀបចំ​កសាង​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ឡើង​ជំនួស​បង​ប្រុស​របស់​លោក​ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ធ្វើ​ការ​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា ​សម្រាប់​រំឭក​វិញ្ញាណ​ក្ខន្ធ ​និង​សម្រាប់​រំឭក​គុណ​ ដោយសារ​តែ​ចាប់​តាំង​ពី​មរណភាព​របស់​លោក​ជា ​វិជ្ជា​មក​ មិន​ទាន់​មាន​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​រូប​គាត់​នោះ​ទេ។

លោក​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ដដែល​នោះ​ បាន​សរសេរ​ចារ​ដោយ​ផ្ទាល់​ដៃ​លើ​សំណើ​នោះ​ថា ​លោក​«យល់​ព្រម»​ ហើយ​លោក​ឲ្យ​លោក​អភិបាលក្រុង​ភ្នំពេញ ​កែប​ ជុតិមា​ជួយ​កសាង​ ដោយ​ជជែក​ពិភាក្សា​ជាមួយ​មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​លោក​ជា ​មុន្នី។

លោក​ជា ​មុន្នី​បាន​សម្ដែង​ការ​រីករាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្នើសុំ​នេះ។

«នេះ​គឺ​ជា​ការ​ស្នើសុំ​របស់​កម្មករ​កម្មការិនី​ជា​រៀងរាល់​ឆ្នាំ។ ​ដូច្នេះ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​គឺ​សម្រាប់​ខាង​សហជីព​សូម​ថ្លែង​អំណរគុណ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន»។

លោក​ជា ​វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ឃាតករ​ដើរ​ចូល​បាញ់​សម្លាប់​យ៉ាង​កៀក​បំផុត​នៅ​ជាប់​ជញ្ជាំង​វត្ត​លង្កា ​ក្បែរ​វិមាន​ឯករាជ្យ ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា ​ឆ្នាំ​២០០៤។ ​រដ្ឋាភិបាល​បាន​ខកខាន​ក្នុងការ​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ សម្រាប់​មរណភាព​នៃ​អតីត​មេដឹកនាំ​សហជីព​ដែល​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ខ្លាំងក្លា​ដើម្បី​សេរីភាព​ ការ​ដំឡើង​ប្រាក់​ខែ ​និង​ការគោរព​សិទ្ធិ​កម្មករ។ ​ក្រុម​កម្មករ​បាន​ហៅ​ការ​ស្លាប់​របស់​លោក​ជា ​វិជ្ជា​ ថា​ជា​ការ​បាត់​បង់​«វីរបុរស»​របស់​ពួក​គេ។

នៅ​ក្នុង​លិខិតផ្ញើរ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​លោក​ជា ​មុន្នី​ស្នើសុំ​ទីតាំង​ទំហំ​មួយ​ម៉ែត្រ​ក្រឡា​នៅ​លើ​សួនច្បារ​ខាង​លិច​វិមាន​ឯករាជ្យ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ទីកន្លែង​​សម្លាប់​លោក​ជា វិជ្ជា។

លោក​ជា ​មុន្នី​បញ្ជាក់​បន្ថែម​ថា ​លោក​មិន​ទាន់​ដាក់​សំណើ​ណាមួយ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពន្លឿន​ការ​សាងសង់​រូបសំណាក​បងប្រុស​របស់​លោក​នោះ​ទេ។

លោក​កើត​ ឆែ ​នាយរង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ដឹង​ពី​បញ្ហា​នេះ​ទេ។

ជាមួយ​គ្នា​នេះ​ លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ជំរុញ​ការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតករ​ពិតប្រាកដ​ដែល​បាន​សម្លាប់​លោក​ជា​ វិជ្ជា។ ​ជន​ជាប់​សង្ស័យ​ក្នុង​ឃាតកម្ម​បិទមុខ​នេះ​ចំនួន​ពីរ​នាក់​គឺ​ ប៊ន ​សំណាង ​និង​សុខ ​សំអឿន ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​មក​តុលាការ​ខ្មែរ​បាន​ដោះលែង​ពួក​គេ​ជា​បណ្ដោះអាសន្ន​ បន្ទាប់​ពី​មាន​គំនាប​ជា​ច្រើន​លើក​ឡើង​ថា ​ជន​សង្ស័យ​ទាំង​ពីរ​នេះ​គ្រាន់​តែ​ជា​ឃាតករ​ដែល​គេ​ប្រឌិត​ជា​ខែល​តែ​ប៉ុណ្ណោះ។

លោក​អំ ​សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លើក​ឡើង​ដែរ​ថា​ រដ្ឋាភិបាល​ត្រូវ​រក​ឃាតករ​ពិត​ឲ្យ​ឃើញ។

«ប៉ុន្តែ​អ្វី​ដែល​នៅ​ជា​បញ្ហា​គឺ​ទាក់ទង​នឹង​ឃាតករ​សប្បនិម្មិត​ហ្នឹង​ គឺ​​នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​ឲ្យ​បាន​ចប់​សព្វគ្រប់​ហ្នឹង​ ណា៎។ ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ស្វែង​រក​ឃាតករ​ពិតប្រាកដ​ហ្នឹង​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់»។

លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា ​ក្រុម​សមត្ថកិច្ច​កំពុង​រង់ចាំ​ដីកា​បង្គាប់​ពី​តុលាការ​ ដើម្បី​ចាត់វិធានការ​បន្ដ​លើ​សំណុំរឿង​ឃាតកម្ម​លើ​អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​នោះ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​អនុម័ត​ច្បាប់​លទ្ធកម្ម​សាធារណៈ​ ដោយ​អវត្តមាន​គណបក្ស​ប្រឆាំង

Posted: 03 Jan 2012 08:38 AM PST

ដោយ​គ្មាន​វត្តមាន​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ រដ្ឋសភា​បាន​អនុម័ត​នីតិកម្ម​ដ៏​មាន​សារៈសំខាន់​ថ្មី​មួយ​នៅ​ថៃ្ង​អង្គារ​នេះ​ សំដៅ​ធានា​ឲ្យ​មាន​តម្លាភាព ​គណនេយ្យ​ភាព​ និង​ជំនឿ​​ទុក​ចិត្ត​ក្នុង​លទ្ធកម្ម​សាធារណៈ។

ច្បាប់​លទ្ធកម្ម​សាធារណៈ​នេះ​បាន​ធើ្វ​ឡើង ​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​បាន​រអ៊ូ​រទ្រាំ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​ដេញ​ថៃ្ល​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

លោក​ជៀម ​យាប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​និង​សវនកម្ម​នៃ​រដ្ឋ​សភា​​ បាន​ថែ្លង​នៅ​ក្នុង​សម័យ​ប្រជុំ​សភាថា៖

«យើង​ជៀសវាង​ធើ្វ​យ៉ាងម៉េច​កុំ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ធើ្វ​នំ​អត់​ម្សៅ​បំបាត់ ​កេង​ប្រវ័ញ្ច​ កេង​បន្លំ​រដ្ឋ​យើង​បាន»។

សមាជិក​សភា​ចំនួន​៨៤​រូប​ ដែល​មាន​វត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំ​សភា ​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តីព្រាង​ច្បាប់​នេះ​ដោយ​គ្មាន​ការ​ពិភាក្សា​ ឬ​ការ​កែសម្រួល។

អ្នក​សម្រប​សម្រួល​សម័យ​ប្រជុំ​នេះ​ប្រកាស​ថា៖

«អង្គសភា​បាន​អនុ​ម័ត​​សេ​ចក្តីព្រាង​ច្បាប់​ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ទាំង​មូល ​ដោយ​មាន​សំឡេង​គាំទ្រ​៨៤​លើ​៨៤»។

លោក​គាត ​ឈន់ ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​ថែ្លង​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ រដ្ឋសភា​បាន​ផ្តល់​នូវ​ឧបករណ៍​ថ្មី​មួយ​ទៀត​សមស្រប​តាម​ពេលវេលា​សម្រាប់​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់​កាល​ទី​ពីរ។

លោក​គាត ​ឈន់​បាន​បន្ថែម​ថា​ ការ​អនុម័ត​ច្បាប់​នេះ​មិន​គ្រាន់​តែ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​លើ​ការ​គ្រប់គ្រង​ថវិកា​ប៉ុណ្ណោះ​ទេ ​ប៉ុនែ្ត​វា​បង្កើន​នូវ​គណនេយ្យភាព​ហិរញ្ញវត្ថុ​សាធារណៈ។

«អត្ថបទ​ច្បាប់​នេះ​នឹង​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​លទ្ធកម្ម​សាធារណៈ​ដោយ​តម្លាភាព ​គណនេយ្យភាព​ និង​ការ​ជឿ​ទុក​ចិត្ត​បាន​ដើម្បីប្រឆាំង​នឹង​អី្វ​ដែល​ជា​បាតុភូត​នាំ​ឲ្យ​មាន​ការ​ខាតបង់​ដល់​ថវិកា​របស់​រដ្ឋ។ ​រដ្ឋសភា​បាន​ផ្តល់​នូវ​សញ្ញា​មួយ​ដ៏​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​ប្រឹងប្រែង​បន្ត​កំណែ​ទម្រង់​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ​ក៏​ដូច​ជា​កំណែ​ទម្រង់​នៅ​គ្រប់​ការដ្ឋាន​ទាំងអស់ ​និង​ការដ្ឋាន​អភិវឌ្ឍន៍​ដទៃ​ទៀត»។

លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន​ថែ្លង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទុក​ផ្លូវ​សម្រាប់​ឲ្យ​មន្រ្តី​មាន​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​សារ​ដី​សម្បទាន​ធំៗ ​និង​រ៉ែ​ ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ច្បាប់​លទ្ធកម្ម​នេះ​ទេ។

«បើ​គ្មាន​គណបក្ស​ប្រឆាំង​នោះ​ទេ ​បើ​គ្មាន​មតិ​ប្រឆាំង​នោះ​ទេ​ សភា​គ្មាន​អំណាច។ ហើយ​គ្មាន​តុល្យភាព​រវាង​អំណាច​របស់​រដ្ឋាភិបាល​​និង​អំណាច​របស់​រដ្ឋសភា​នឹង​​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ​ គ្មាន​ការ​កែ​សម្រួល​ និង​គ្មាន​ការ​ត្រួត​ពិនិត្យ។ ​នៅ​ពេល​ដែល​ច្បាប់​យក​ទៅ​អនុវត្ត​គ្មាន​ប្រសិទិ្ធភាព​​ នៅ​ពេល​ដែល​ច្បាប់​ធើ្វ​គ្រាន់​តែ​ជា​ការ​បិទ​បាំង​នូវ​ទង្វើ​ពុករលួយ​របស់​អ្នក​មាន​អំណាច​ ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ។ ​យើង​នឹង​នៅ​បន្ត​ការ​បាត់បង់​ថវិកា​មួយ​ឆ្នាំៗ​ រាប់​រយ​លាន​ដុល្លារ ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ»។

លោក​កឹម​ សុខា ​ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស ​បាន​ថែ្លង​ថា​ គណបក្ស​សិទិ្ធ​មនុស្ស​គាំទ្រ​នូវ​ខ្លឹមសារ​ច្បាប់​លទ្ធកម្ម​សាធារណៈ​នេះ​ ប៉ុន្តែ​គណបក្ស​សិទិ្ធ​មនុស្ស​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នេះ​ជាក់​ស្តែង។

«ច្បាប់​ព្រឹក​មិញ​ល្អ ​ប៉ុន្តែ​យើង​បារម្ភ​ក្នុង​ការ​អនុវត្ត​ដែល​ប៉ះពាល់​ ប្រកាន់បក្ខ​ពួក ​ប្រើប្រាស់​អំណាច​បុគ្គល​ពី​លើ​មក។​ អាហ្នឹង​ហើយ​ជា​ឧបសគ្គ​នូវ​ការ​អនុវត្ត​ច្បាប់​ទៅ​វិញ​ទេ»។

លោក​គាត ​ឈន់​បាន​បញ្ជាក់​ថា​ អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​នឹង​ទទួល​ទោស​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ក្រម​ព្រហ្មទណ្ឌ​ ហើយ​ច្បាប់​នេះ​បាន​ធើ្វ​ឡើង​យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​តម្រូវ​ឲ្យ​មន្រ្តី​ប្រឆាំង​អំពើ​ពុករលួយ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​បទ​ល្មើស​ពុក​រលួយ។

លោក​គាត​ ឈន់​បាន​បន្ត​ថា​ អង្គភាព​រដ្ឋ​ផ្សេង​ទៀត ​ដែល​បាន​ដឹង​អំពី​បទល្មើស​ពុក​រលួយ​ទាំងឡាយ​ ត្រូវ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អំពី​រឿង​ហេតុ​នៃ​បទ​ល្មើស​ទាំង​នេះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៣ មករា ព្រឹក

Posted: 02 Jan 2012 09:13 PM PST

អេហ្ស៊ីប​រដ្ឋអាជ្ញា​អេហ្ស៊ីប​នឹងជជែក​វែកញែក​លើក​​ចុង​ក្រោយ​របស់​ខ្លួន​​នៅ​ក្នុង​ការ​កាត់​ទោស​អតីត​​ប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់។ ការ​កាត់​ទោស​អាច​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​អង្គារ​​នៅ​តុលាការ​ក្នុង​រដ្ឋធានី​គែរ​។

លោក​មូបារ៉ាក់ ​​ត្រូវ​រង​ការ​ចោទ​ប្រកាន់​​ពី​អំពើ​ពុក​រលួយ​និង​ការ​ពាក់​ព័ន្ធ​​ក្នុង​ការ​ស្លាប់​​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​​រាប់​រយ​​នាក់​​ក្នុង​អំឡុង​ពេល​​នៃ​បាតុកម្ម​កាល​ពី​ឆ្នាំ​ទៅ​ ដែល​បាន​ទម្លាក់​​មេ​ដឹកនាំ​ដ៏​យូរ​អង្វែង​​ចេញ​ពី​តំណែង​។ ​លោក​មិន​សារភាព​ទទួល​កំហុស​នោះ​ទេ​។

កូន​ប្រុស​២​នាក់​របស់​លោក​និង​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​និង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ជួរ​ប៉ូលីស​​ជា​ចុង​ចោទ​រួម​ដៃ​។​

កូរ៉េ​ខាង​ត្បូង៖ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លី ម្យុងបាក់ ​និយាយ​ថា​​គាត់​មាន​​​ឱកាស​ដើម្បី​ធ្វើឲ្យ​មាន​​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​​ជាមួយ​កូរ៉េ​ខាង​ជើង​ តែ​លោក​ព្រមាន​​ថា​កូរ៉េ​ខាង​ជើង​​ត្រូវ​បញ្ចៀស​ការ​បង្ក​ហេតុ​នានា​។

សហរដ្ឋអាមេរិក អ្នក​ប្រកួត​ប្រជែង​តំណែង​បេក្ខជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​ធ្វើ​យុទ្ធនាការណ៍​នៅ​នាទី​ចុង​ក្រោយ​​នៅ​ក្នុង​រដ្ឋ​ អាយអូវ៉ា​ភាគ​កណ្តាល ​​មុនពេល​ការ​ធ្វើ​ការសាកល្បង​​ការ​បោះឆ្នោត​លើក​ដំបូង​​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ជ្រើស​រើស​​បេក្ខជន​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​​ជាតិ​នៅ​ខែ​វិច្ឆិកា។

សហរដ្ឋអាមេរិក៖ ភាព​អត់​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ប្រសើរ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ តែនៅ​តែ​ខ្ពស់​ជាងកម្រិត​ធម្ម​តា ​ហើយ​បាន​ក្លាយ​ជា​បញ្ហា​នយោបាយ​​ដ៏​សំខាន់​មួយ​​មុន​ពេល​បោះ​ឆ្នោត​​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​។

អឺរ៉ុប​៖​ អេស្ប៉ាញ​បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​​​ថា​ឱនភាព​​របស់​រដ្ឋាភិបាល​​កាល​ពី​ឆ្នាំ​ទៅ​ អាច​​ច្រើន​ជាង​តួលេខ​ដែល​ខ្លួន​បាន​ព្យាករណ៍​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ប៉ាគីស្ថាន៖ អង្គការ​ណាតូសង្ឃឹម​​ថា​នឹង​ផ្សះផ្សារ​ទំនាក់​ទំនង​ជា​មួយប៉ាគីស្ថាន​​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បើកផ្លូវ​ផ្គត់​ផ្គង់​​ដ៏​សំខាន់​​សម្រាប់​​កងទ័ព​របស់​ខ្លួន​ដែល​កំពុង​ប្រយុទ្ធ​​នៅអាហ្វហ្គានីស្ថាន​​ដែល​ជា​ប្រទេស​ជិត​ខាង​​ឡើង​វិញ។

​​អ៊ីរ៉ង់៖ ​រូបិយប័ណ្ណ​​របស់​អ៊ីរ៉ង់​​​បាន​ធ្លាក់​ចុះ​​ដល់​កម្រិត​ទាប​បំផុត​​បើ​ប្រៀប​ធៀប​នឹង​ដុល្លា​អាមេរិក​​២​ថ្ងៃ​បន្ទាប់​ពី​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ថ្មី​​ដែល​អាច​មាន​ផល​ប៉ះ​ពាល់​​ធនាគារ​កណ្តាល​​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​របស់​អ៊ីរ៉ង់​។

ស៊ីរី៖ ប្រធាន​សម្ព័ន្ធ​អារ៉ាប់​ និយាយ​ថា​​ពួក​​អ្នក​លួ​ច​ឆ្មក់​បាញ់​​​​និង​ការ​បាញ់​ប្រហារ​តប​ត​គ្នា​នៅ​តែ​ជាការ​គម្រាម​កំហែង​​នៅ​ក្នុង​ទីក្រុង​នានានៅ​ស៊ីរី​​ ​ទោះ​បី​មាន​វត្ត​មាន​​ពួក​អ្នក​ឃ្លាំ​មើល​​របស់​សម្ព័ន្ធ​អារ៉ាប់​ក៏​ដោយ​។

តូកគី៖ ការ​ផ្ទុះ​គ្រាប់​បែក​​នៅ​ព្រឹក​នេះ​ក្នុង​តំបន់​ភាគ​កណ្តាល​តួកគី​បាន​សម្លាប់​កម្មករ​​នៅ​ឃ្លាំង​ផ្ទុក​គ្រាប់​រំសេវ​។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!