VOA News: ព័ត៌មាន: “ជនជាតិអាមេរិកាំងដែលរបួសពេលគ្រាប់បែកផ្ទុះនៅមុខសភា បានស្លាប់” plus 5 more |
- ជនជាតិអាមេរិកាំងដែលរបួសពេលគ្រាប់បែកផ្ទុះនៅមុខសភា បានស្លាប់
- តុលាការក្រុងភ្នំពេញចាប់ផ្តើមសាកសួរប្រជាពលរដ្ឋបុរីកីឡា
- របាយការណ៍សិទ្ធិមនុស្ស៖ទម្រង់ការនៅតុលាការមានការកែប្រែខ្លះៗ តែនៅមានចំណុចអវិជ្ជមានច្រើន
- គ.ជ.ប.៖គណបក្សនយោបាយមិនត្រូវបង្ខិតបង្ខំអ្នកបោះឆ្នោត
- ព័ត៌មានអន្តរជាតិវីអូអេ ៤ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ៤ មករា ព្រឹក
ជនជាតិអាមេរិកាំងដែលរបួសពេលគ្រាប់បែកផ្ទុះនៅមុខសភា បានស្លាប់ Posted: 04 Jan 2012 01:23 PM PST បុរសជនជាតិអាមេរិកាំងដែលរងគ្រោះដោយសារការបោកគ្រាប់បែកដៃនៅមុខរដ្ឋសភាកម្ពុជា បានស្លាប់ហើយ។ ក្រុមមេដឹកនាំគណបក្សជំទាស់ក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា មរណភាពនេះជាការខាតបង់សម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ។ លោករ៉ន អាប់នី (Ron Abney) ដែលរងរបួសក្នុងអំពើវាយប្រហារគ្រាប់បែកដៃ កាលពីថ្ងៃ៣០ ខែមិនាឆ្នាំ១៩៩៧ បានទទួលអនិច្ចកម្មក្នុងជន្មាយុ៧០ឆ្នាំកាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១១ នៅក្នុងរដ្ឋចរចៀ (Georgia) ស.រ.អ.។ ក្រុមមេដឹកនាំគណបក្សជំទាស់នៅកម្ពុជានិងមិត្តភក្តិហៅថា មរណភាពនេះជាការបាត់បង់សម្រាប់ក្រុមអ្នកប្រជាធិបតេយ្យនៅកម្ពុជា និងពលរដ្ឋកម្ពុជាផងដែរ។ លោករ៉ន អាប់នីធ្លាប់ធ្វើជានាយកវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់ស.រ.អ. ហៅកាត់ថា IRI ក្នុងពាក់កណ្តាលទសវត្ស១៩៩០។ លោកបានរួចផុតពីការស្លាប់ នៅពេលមានការបោកគ្រាប់បែកដៃ៤គ្រាប់នៅមុខរដ្ឋសភាចាស់ដែលមានមនុស្សយ៉ាងតិច១៦ស្លាប់ និងរបួសជាង១៥០នាក់ ក្នុងពេលមានបាតុកម្មអហិង្សាប្រឆាំងនឹងការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោករ៉ន អាប់នីបានចូលរួមសង្កេតការណ៍ពេលមានបាតុកម្មអហិង្សាដឹកនាំដោយលោក សម រង្ស៉ីនោះ។ លោករ៉ន អាប់នីជាមួយលោកសម រង្ស៉ីធ្លាប់បានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅតុលាការ New York ពីបទជាប់ទាក់ទងនឹងការគប់គ្រាប់បែកដៃនេះដែរ មុនពេលលោកបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែង។ ក្រុមគ្រួសារបាននិយាយថាលោក រ៉ន អាប់នីបានស្លាប់ក្រោយពីក្រុមគ្រូពេទ្យធ្វើការវះកាត់ បេះដូងលើកទី២នៅថ្ងៃ១៧ ខែធ្នូ។ លោកសម រង្ស៉ី មេដឹកនាំគណបក្សសម រង្ស៉ី ដែលកំពុងនិរទេសខ្លួន បានសំដែង ការសោកស្តាយចំពោះមរណភាពរបស់លោករ៉ន អាប់នី ហើយលោកបាននិយាយថា លោករ៉ន អាប់នីគឺ ជាអ្នកជួយជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ «ចំពោះរូបខ្ញុំ សម រង្ស៉ី ចំពោះខ្មែរអ្នកប្រជាធិបតេយ្យដទៃទៀតជាច្រើនក៏មាន ការឈឺចាប់ មានការអាណិតអាសូរដល់លោករ៉ន អាប់នី។ គាត់អាយុ៧០ឆ្នាំហើយ។ គាត់បានស្លាប់នៅថ្ងៃ៣១ខែធ្នូកន្លងទៅថ្មីៗនេះ»។ លោកសម រង្ស៉ីបានអធិប្បាយថា លោករ៉ន អាប់នីជាអ្នកមានទំនាក់ទំនងថ្នាក់ខ្ពស់ម្នាក់ក្នុងរដ្ឋការអាមេរិកាំង។ លោកអាប់នីត្រូវគេដឹងថា ធ្លាប់ធ្វើជាអ្នកចាត់ចែងការបោះឆ្នោតជូនលោកNelson Rockefeller អភិបាលរដ្ឋ New York ដែលជាអនុប្រធានាធិបតីស.រ.អ.។ លោកជួយគាំទ្រដល់មណ្ឌលកុមារកំព្រាមួយកន្លែងក្នុងខេត្តតាកែវ ទោះបីជាលោកចប់អាណត្តិរបស់លោកនៅកម្ពុជាជាង១០ឆ្នាំហើយក្តី។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអះអាងថា មរណភាព របស់លោករ៉ន អាប់នីជាការបាត់បង់មិត្តដ៏ល្អក្នុងការជួយជំរុញការរីកលូតលាស់ផ្នែកប្រជាធិបតេយ្យនៅកម្ពុជា។ «ក្នុងបញ្ហាប្រជាធិបតេយ្យ កាលគាត់នៅជាប្រធាន IRI គឺគាត់មានជំហរ ច្បាស់លាស់ណាស់ គឺគាត់នៅខាងអ្នកប្រជាធិបតេយ្យតែម្តង។ គាត់ប្រឆាំងដាច់ខាតជាមួយពួកផ្តាច់ការ។ គាត់ស្គាល់ចរិតរបស់ពួកផ្តាច់ការ ហើយគាត់មិនចាញ់បោក មិនចាញ់កលល្បិចរបស់ពួកផ្តាច់ការដូចបរទេសខ្លះទេ»។ លោកកឹម សុខាថ្លែងថាលោករ៉ន អាប់នីបានជួយជំរុញឲ្យស.រ.អ.យល់ពីការណ៍ពិតដែលកើតឡើងនៅកម្ពុជាយ៉ាងច្រើន ហើយលោកកឹម សុខាក៏បានអះអាងដែរថា លោកអាប់នីក៏បានជួយរៀបចំឲ្យលោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់ស.រ.អ. នៅសភា និងរដ្ឋាភិបាលផងដែរ។ លោក Rich Garella មកពីរដ្ឋ Pennsylvinia ជាមិត្តភក្តិរបស់លោកអាប់នី និងជាផលិតករម្នាក់នៃភាពយន្ត«អ្នកណាសម្លាប់ ជា វិជ្ជា?» បានថ្លែងថា មរណភាពរបស់លោករ៉ន អាប់នីជារឿងដ៏សោកសៅ។ លោកពុំបានបញ្ជាក់ថា លោក អាប់នីស្លាប់ដោយជំងឺអ្វីទេ តែលោកថា លោកអាប់នីបានឈឺយូរហើយ។ លោក Rich Garella បន្ថែមថា លោកធ្លាប់បានសង្ឃឹមថា លោករ៉ន អាប់នីអាចជាពីជំងឺហើយរស់នៅជាច្រើនឆ្នាំទៀតដើម្បីជួយផ្នែកប្រជាធិបតយ្យ ជួយមណ្ឌលកុមារកំព្រារនៅខេត្តតាកែវ។ លោក Rich Garella បានអះអាងថា ទោះបីជាការគប់គ្រាប់បែកដៃត្រូវរដ្ឋាភិបាលកម្ពុជានិងប៉ូលិស FBI របស់ស.រ.អ.ទម្លាក់ចោល ការស៊ើបអង្កេតក៏ដោយ តែលោកលោករ៉ន អាប់នីនៅតែបន្តស្វែងរកយុត្តិធម៌ហើយមិនខ្លាចនិយាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាអ្នកទទួលខុសត្រូវទោះជាមន្ត្រីកម្ពុជាបដិសេធការចោទនោះក្តី។ «លោករ៉ន អាប់នី បានគិតជានិច្ចជាកាលថា យុត្តិធម៌ជារឿងសំខាន់ណាស់ សម្រាប់មនុស្សម្នា ហើយមនុស្សទាំងឡាយគួរទទួលបានការគិតគូរពីរឿងយុត្តិធម៌នេះ ហើយបញ្ចេញសម្លេងរបស់ពួកគេ។ ដូច្នេះខ្ញុំគិតថា លោករ៉ន អាប់នីជាគំរូដ៏ល្អ និងជាការលើកទឹកចិត្តដល់មនុស្សម្នាគ្រប់ប្រភេទ»។ លោករ៉ន អាប់នីក៏ជាទីប្រឹក្សានៃខ្សែភាពយន្ត«អ្នកណាសម្លាប់ជា វិជ្ជា?»ផងដែរ។ ពិធីបុណ្យសពលោករ៉ន អាប់នីនឹងធ្វើនៅថ្ងៃទី៥មករាឆ្នាំ២០១២ នៅព្រះវិហារ Cochran Baptist Church ក្នុងរដ្ឋ Georgia។ មន្ត្រីគណបក្សសម រង្ស៉ីអះអាងថា ខ្លួននឹងបញ្ជូនប្រតិភូទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោករ៉ន អាប់នី៕ This posting includes an audio/video/photo media file: Download Now |
តុលាការក្រុងភ្នំពេញចាប់ផ្តើមសាកសួរប្រជាពលរដ្ឋបុរីកីឡា Posted: 04 Jan 2012 07:14 AM PST តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមសាកសួរប្រជាពលរដ្ឋ បន្ទាប់ពីមានការចាប់ខ្លួន ក្រោយពីមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាមួយជាមួយអាជ្ញាធរខ្មែរ កាលពីថ្ងៃអង្គារ។ សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរសមត្ថកិច្ចច្រើនរាប់រយនាក់ ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលិស ប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ បានទៅបំបែកការតវ៉ារបស់ប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា កណ្តាលទីក្រុងភ្នំពេញ។ ក្រុមប្រជាពលរដ្ឋបានតបតដោយគប់ដុំថ្មនិងសំបកដបចាស់ៗ។ ចំណែកឯសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ការប៉ះទង្គិចនេះបានធ្វើឡើងអស់រយៈពេលប្រមាណជាងបីម៉ោង។ បន្ទាប់ពីមានការប៉ះទង្គិច អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន១៣នាក់ ដោយរាប់បញ្ចូលមន្ត្រីយោធាចំនួនបីរូប ហើយក្រោយមកបានដោះលែងប្រជាពលរដ្ឋចំនួន២រូបមកវិញ ដែលមានអាយុក្រោម១៨ឆ្នាំ។ ដោយមានដៃជាប់ខ្នោះនៅក្នុងតុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ លោកពុធ សាមៀន អាយុ៣១ឆ្នាំ ដែលកំពុងតែអង្គុយជាមួយនឹងប្រជាពលរដ្ឋប្រាំបីនាក់ផ្សេងទៀត បាននិយាយថា លោកមិនបានចូលរួមបាតុកម្មទេ។ លោកបានមានប្រសាសន៍ថា នៅពេលចាប់ខ្លួនលោក កងរាជអាវុធហត្ថបានវាយដំលោករហូតដល់ហើមភ្នែកខាងឆ្វេង រួចអុកជង្គង់ចំពោះ។ លោកបានហៅទង្វើរបស់អាជ្ញាធរថា សាហាវព្រៃផ្សៃ។ ចំណែកលោកកែវ ផល្លា អាយុ៣៨ឆ្នាំ ប្រជាពលរដ្ឋម្នាក់ទៀតដែលត្រូវបានអាជ្ញាធរចាប់ខ្លួនដែរ បាននិយាយថា លោកបានរស់នៅខណ្ឌសែនសុខ ហើយក្នុងព្រឹត្តិការណ៍នៅថ្ងៃអង្គារនោះ លោកគ្រាន់តែឈរមើលពីចង្ងាយតែប៉ុណ្ណោះ។ លោកកែវ ផល្លាបានរងរបួសចំក្បាលដោយសារតែប៉ូលិសវាយគាត់នឹងដំបងឆក់។ ក្នុងពេលដែលតុលាការកំពុងតែសាកសួរប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា អាជ្ញាធរប៉ូលិស និងកងរាជអាវុធហត្ថជាច្រើនរាប់រយនាក់បានទៅបណ្តេញប្រជាពលរដ្ឋដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ កាលពីថ្ងៃអង្គារ។ ប្រជាពលរដ្ឋបានព្យាយាមចងតង់កៅស៊ូ ស្នាក់នៅបណ្តោះអាសន្ន ក៏ប៉ុន្តែត្រូវបានអាជ្ញាធរបង្ខំឲ្យរុះរើចេញ។ ក្រុមប្រជាពលរដ្ឋមួយចំនួនបានឈរស្រែកតវ៉ាថា សមត្ថកិច្ចអយុត្តិធម៌ចំពោះការបណ្តេញចេញនេះ។ «ធ្វើបាបប្រជាជនណាស់។ ឥតអាណិតប្រជាជនបន្តិចសោះ។ ប្រជាជនវេទនាខ្លាំងណាស់។ លោកពូមើលឃើញ លោកពូឃើញស្រាប់ហើយ។ សូម្បីតែនៅក្រោម [តង់] មិនបានផង លោកពូ។ វេទនាខ្លាំងណាស់។ ទៅណា ក៏គេឥតឲ្យទៅផង។ ឥឡូវលោកពូ គេព័ទ្ធរបងទៀត។ លោកពូឯងគិតមើល រុះផ្ទះអស់ហើយ គេថែមទាំងព័ទ្ធរបងទៀត»។ លោកស្រីមួរ សុខហូរ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានឈរកាន់ដៃជាមួយនឹងប្រជាពលរដ្ឋនៅបុរីកីឡាដើម្បីប្រឆាំងជំទាស់ទៅនឹងការបណ្តេញចេញនេះ។ លោកស្រីមួរ សុខហួរបាននិយាយលាយឡំជាមួយនឹងការយំខ្សឹបខ្សួលយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំពះ! ខ្ញុំសូមអង្វរ! បងប្អូនកុំ! កុំធ្វើបាប។ នេះគឺជាស្ត្រីដូចគេឯង។ ខ្ញុំសូមអង្វរ» យើងខ្មែរដូចគ្នាទេ! ត្រូវតែស្រឡាញ់ខ្មែរ។ បងប្អូន អាណិតខ្មែរ! យើងគឺជាខ្មែរដូចគ្នា។ បងប្អូនក៏ក្រដូចគ្នាដែរ! ខ្ញុំសូមអង្វរ! ក្រុមអង្គការសង្គមស៊ីវិលនៅក្រុងស្រុក រួមទាំងគណបក្សប្រឆាំងមួយចំនួន ដែលរួមមានគណបក្សសម ង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបន្តថ្គោលទោសកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋនៅតំបន់បុរីកីឡា៕ This posting includes an audio/video/photo media file: Download Now |
របាយការណ៍សិទ្ធិមនុស្ស៖ទម្រង់ការនៅតុលាការមានការកែប្រែខ្លះៗ តែនៅមានចំណុចអវិជ្ជមានច្រើន Posted: 04 Jan 2012 07:54 AM PST ឯករាជ្យភាពនិងភាពមិនលំអៀងនៃតុលាការមានការកើនឡើង ក៏ប៉ុន្ដែករណីឃុំខ្លួនជនជាប់ចោទលើសនីតិវិធីដ៏លើសលប់ ចៅក្រមប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងការកាត់ទោស រួមទាំងទារុណកម្មមួយចំនួន នៅតែជាការព្រួយបារម្ភខ្ពស់។ នេះគឺលទ្ធផល នៃការរកឃើញនៅក្នុងរបាយការណ៍ស្តីពីសិទ្ធិទទួលបានការជំណុំជម្រះដោយយុត្តិធម៌នៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ របាយការណ៍ ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។ របាយការណ៍កម្រាស់១៣៤ទំព័រ បានលើកឡើងថា មានការកើនឡើងចំនួនមេធាវីការពារក្ដីផ្នែកបទឧក្រិដ្ឋ គឺបទឧក្រិដ្ឋស្ទើរតែទាំងអស់មានមេធាវីការពារ ផ្ទុយទៅវិញសម្រាប់បទល្មើសមជ្ឈឹមមានមេធាវីតិចតួច ដែលនេះគឺជាបញ្ហាប្រឈមសម្រាប់ការផ្ដល់យុត្តិធម៌ត្រឹមត្រូវ។ ដោយឡែកការប្រើប្រាស់ទូរស័ព្ទដៃរបស់ក្រុមចៅក្រមនៅក្នុងសវនាការគឺជាការបើកឱកាសឲ្យមានការជ្រៀតជ្រែកពីឥទ្ធិពលខាងក្រៅ នៅក្នុងពេលបើកសវនាការ។ របាយការណ៍ដែលស្រង់ទិន្នន័យរយៈពេលប្រាំមួយខែ គិតពីខែកក្កដារហូតទៅដល់ខែធ្នូឆ្នាំ២០១០ បានធ្វើការអង្កេតទៅលើសវនាការសរុបចំនួន៥៨៥ នៅក្នុងតុលាការខេត្តកណ្ដាល និងតុលាការក្រុងភ្នំពេញ ដែលនៅក្នុងនោះ មានជនជាប់ចោទសរុបចំនួន១០២៩នាក់។ ក្រៅពីនោះ របាយការណ៍ដដែលក៏បានលើកឡើងផងដែរថា មានសេចក្ដីរាយការណ៍ថា ការធ្វើការគំរាមកំហែង ប្រើប្រាស់ហិង្សា និងការធ្វើទារុណកម្មលើជនជាប់ចោទពីសំណាក់កុ្រមប៉ូលិសបានជះឥទ្ធិពលទៅលើសវនាការដ៏មានសារៈសំខាន់មួយចំនួនតូច។ កញ្ញាម៉ាង ម៉ូនីកា មន្រ្ដីអង្កេតការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា មានការជូនដំណឹងអំពីការបើកសវនាការ និងទីកន្លែងបើកសវនាការតាមក្ដារខៀនព័ត៌មាន ដែលកើនឡើងពីសូន្យរហូតទៅដល់៦០ភាគរយ បើធៀបទៅនឹងរយៈពេលប្រាំមួយខែចុងឆ្នាំ២០០៩ ជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១០។ មន្រ្ដីអង្គការសិទ្ធិមនុស្សដដែលបញ្ជាក់ថា ការឃុំខ្លួនលើសរយៈពេលកំណត់បានថយចុះពី៨៨ភាគរយនៅឆ្នាំ២០០៩ មកត្រឹម៨០ភាគរយ នៅឆ្នាំ២០១០ ក៏ប៉ុន្ដែតួលេខនេះនៅតែបង្ហាញថា តុលាការមានកំហុសនៅក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។ «វានៅតែជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែការឃុំលើសហ្នឹង(អាជ្ញាយុកាល)។ វាជាការរំលោភច្បាប់។ អីញ្ចឹងបើទោះបីជាវាថយដល់កម្រិតណា វានៅតែជាការរំលោភច្បាប់ដដែល»។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្ដីណែនាំដល់ក្រុមចៅក្រម កុំឲ្យនិយាយ(ទូរស័ព្ទ)ទៅកាន់ភាគីណាមួយនៅក្នុងពេលប្រជុំសម្រេចក្ដី។ ក្រសួងយុត្តិធម៌គួរតែហាមឃាត់មិនឲ្យភាគីនានាចូលក្នុងបន្ទប់ពិភាក្សាសម្រេចក្ដី ហើយក្រសួងយុត្តិធម៌គួរចេញបញ្ជាឲ្យតុលាការទាំងអស់ឈប់ប្រើទូរស័ព្ទដៃជាដើមក្នុងសវនាការ។ លោកសម សុផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌មិនធ្វើការបកស្រាយភា្លមៗ ទៅលើរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះទេ។ ដោយឡែក លោកសម ប្រជាមានិត នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅនឹងការលើកឡើងអំពីការដែលចៅក្រមប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលសវានាការ។ លោកនិយាយថា ក្រសួងបានដាក់បម្រាមនេះរួចទៅហើយ។ «ទាក់ទងទៅនឹងការធ្វើសវនាការប្រើប្រាស់ទូរស័ព្ទដៃ ប្រើអីហ្នឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្លាប់បានធ្វើសេចក្តីជូនដំណឹងផ្លូវការណែនាំកុំឲ្យប្រើហើយ កាលពីឆ្នាំកន្លងទៅ»។ ស្របពេលជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ការធ្វើទារុណកម្មទៅលើជនជាប់សង្ស័យដោយក្រុមប៉ូលិសអាចកើតមាន ប៉ុន្ដែនោះច្បាស់ជាមិនមែនជាករណីធ្ងន់ធ្ងរនោះទេ។ «វាមិនមែនថាមួយរយភាគរយគឺសុក្រឹត្យទេ។ យើងមិនមានធ្វើទារុណកម្មរហូតទៅដល់ស្លាប់ទេ ឬធ្វើទារុណកម្មរហូតទៅដល់បាក់ជើង បាក់ដៃទេ។ វាគ្មានទេ។ ប៉ុន្តែបើយើងនិយាយថា គ្មានអំពើទារុណកម្មទាំងអស់ យើងនិយាយអញ្ចឹងមិនត្រូវទេ»។ ថ្វីបើមានការឆ្លើយតបតិចតួចពីមន្ដ្រីផ្លូវការទាក់ទងនឹងរបាយការណ៍នេះ កញ្ញា ម៉ាង ម៉ូនីកាមានប្រសាសន៍ថា នាងបានធ្វើការសាកសួរចៅក្រម និងព្រះរាជអាជ្ញាសាលាដំបូងរាជាធានីភ្នំពេញ និងតុលាការខេត្តកណ្ដាល ហើយពួកគាត់បានបកស្រាយថា ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងករណីខ្លះគឺជាការចាំបាច់សម្រាប់ពួកគាត់។ ដោយសារតែពួកគាត់កាន់រឿងក្ដីជាច្រើន ពួកគាត់ត្រូវការទាក់ទងចាត់ការងារ នៅក្នុងសំណុំរឿងផ្សេងទៀត។ រីឯការឃុំខ្លួនបណ្ដោះអាសន្នលើសនីតិវិធីគឺដើម្បីធានាទៅដល់វត្តមានរបស់ជនជាប់ចោទនៅក្នុងពេលបើកសវនាការកាត់ទោស និងដោយសារខ្វះធនធានសម្រាប់គ្រប់គ្រងជនជាប់ចោទ៕ This posting includes an audio/video/photo media file: Download Now |
គ.ជ.ប.៖គណបក្សនយោបាយមិនត្រូវបង្ខិតបង្ខំអ្នកបោះឆ្នោត Posted: 04 Jan 2012 07:42 AM PST នៅថៃ្ងពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានដល់គណបក្សនយោបាយប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភា កុំបង្ខិតបង្ខំអ្នកបោះឆ្នោតឲ្យបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន។ ការព្រមាននេះបានធើ្វឡើង បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងគណបក្សសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាអំពីការប្រព្រឹត្តខុសច្បាប់ និងបទបញ្ជានីតិវិធីបោះឆ្នោត។ ការឃោសនាបោះឆ្នោតព្រឹទ្ធសភាចាប់ផើ្តមពីថៃ្ងទី៧ ដល់ថៃ្ងទី២៧ ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថៃ្ងទី២៩ ខែមករា ដែលមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈព្រឹទ្ធសភាចំនួន៥៧។ នៅក្នុងពេលយុទ្ធនាការ ច្បាប់បានហាមមិនឲ្យគណបក្សនយោបាយបង្ខំឲ្យអ្នកបោះឆ្នោតស្បថបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ ហាមប្រើទីតាំងការិយាល័យរបស់រដ្ឋធ្វើការឃោសនា ហាមប្រើមធ្យោបាយរបស់រដ្ឋ និងហាមជនបរទេសនៅកម្ពុជាមិនឲ្យធើ្វសកម្មភាពឃោសនាគាំទ្រគណបក្សនយោបាយណាមួយទេ។ លោកឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថែ្លងប្រាប់សន្និសីទកាសែតថា៖ «ច្បាប់ និងបទបញ្ជានីតិវិធីបានហាមមិនឲ្យមានការស្បថស្បែ ឬ បង្ខំឲ្យស្បថទេ។ បើគណបក្សណាមួយធើ្វរំលោភបម្រាមនេះ វាជាអំពើខុសច្បាប់ និងខុសបទបញ្ជានីតិវិធី»។ មាត្រា១២៤ថ្មីនៃច្បាប់បោះឆ្នោតព្រឹទ្ធសភាបានចែងថា ជនណានិងគណបក្សនយោបាយណាបានធើ្វការគាបសង្កត់ ឬ គំរាមកំហែង ឬបង្ខំធើ្វសម្បថឲ្យគេបោះឆ្នោតឲ្យគណបក្សនយោបាយរបស់ខ្លួន ឬគណបក្សនយោបាយណាមួយដែលខ្លួនចូលចិត្ត ជននោះ ឬគណបក្សានយោបាយនោះនឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត លុបបេក្ខភាពរបស់សាម៉ីខ្លួន ឬលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលទៅ២៥លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផេ្សងទៀត។ លោកហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសម រង្ស៊ី បានថែ្លងថា ការស្បថរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសម រង្ស៊ីបោះឆ្នោតឲ្យគណបក្សដោយស្ម័គ្រចិត្តនេះមិនមែនជាការខុសច្បាប់ទេ។ «ក្រុមប្រឹក្សាគាត់ស្ម័គ្រចិត្ត ប្តេជ្ញាចិត្តនៅចំពោះពុទ្ធរូប ឬវត្ថុសក្តិសិទិ្ធថា គាត់បោះឆ្នោតឲ្យគណបក្សសម រង្ស៊ី»។ លោកហង្ស ពុទ្ធា នាយកប្រតិបតិ្តនៃគណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា បានបញ្ជាក់ថា៖ «ការលើកឡើងរបស់គ.ជ.ប.ការពារភាពសេរីត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ ការបោះឆ្នោតគ្មានការបង្ខិតបង្ខំគឺពិតជាត្រឹមត្រូវ។ បើគ.ជ.ប.ចែងចំណុចហ្នឹងហើយ ការស្បថស្បែហ្នឹងពិតជាការខុសច្បាប់ហើយ។ ប៉ុន្តែបើសិនជាការស្បថស្បែនោះមាននៅក្នុងលក្ខន្តិកៈ ឬក៏គោលការណ៍ផ្ទៃក្នុងរបស់គណបក្សមួយ។ ខ្ញុំគិតថា វាជារឿងមិនខុសច្បាប់ទេ»។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីបានតែងតាំងបេក្ខជនពេញសិទិ្ធ៥៧រូប និងបេក្ខជនបម្រុង៥៧រូប សម្រាប់គណបក្សនីមួយៗ ដើម្បីអាសនៈព្រឹទ្ធសភាចំនួន៦១រួមមាន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត តែងតាំងដោយរដ្ឋសភា៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៤ មករា យប់ Posted: 04 Jan 2012 07:35 AM PST ស.រ.អ.៖ លោក ម៊ីត រ៉មនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាសសាជូស៊ែត (Massachusetts) បានយកជ័យជម្នះ ដោយទទួលសំឡេងច្រើនពីអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ អៃយូវ៉ា (Iowa) ហៅ កូកិស (Caucus)។ លោកបានទទួលសំឡេងលើស លោក រ៊ីក សានតូរុម (Rick Santorum) អ្នកអភិរក្សនិយមសង្គមបន្ដិចបន្តួច នៅក្នុងការប្រកួតជម្រុះលើកទីមួយនៃការបោះឆ្នោតប្រធានាធិបតីស.រ.អ. ឆ្នាំ២០១២។ ស.រ.អ.៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកក្នុងរដ្ឋ អូហៃយ៉ូ (Ohio) នៅថ្ងៃពុធនេះ ដោយគេរំពឹងថាលោកនឹងការពារនយោបាយសេដ្ឋកិច្ចរបស់លោកដែលគេរិះគន់ជាខ្លាំង ខណៈពេលការបោះឆ្នោតប្រកួតយកតំណែងប្រធានាធិបតីនៅឆ្នាំ២០១២ មានសភាពកាន់តែខ្លាំងឡើង។ អ៊ីរ៉ង៖ លោក អាម៊េត ដាវុទូហ្គឡូ (Ahmet Davutoglu) រដ្ឋមន្ដ្រីការបរទេសប្រទេស តួកគី (Turkey) ត្រូវបានកំណត់ឲធ្វើដំណើរទៅប្រទេសអ៊ីរ៉ង ដើម្បីបើកការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អេហ្ស៊ីប៖ គណបក្សនយោបាយ Islamist Brotherhood នៅក្នុងប្រទេស អេហ្ស៊ីប និយាយថាខ្លួនមានគោលបំណងនឹងបង្កើតរដ្ឋាភិបាលរួបរួមជាតិមូយ ខណៈដែលក្រុមអ្នកបោះឆ្នោតនៅតំបន់ជនបទ កំពុងចូលទៅកាន់វគ្គទីបី និងជាវគ្គបញ្ចប់ នៃការបោះឆ្នោត ដែលបាននាំមុខដោយពួកគណៈបក្សឥស្លាម។ ភូមា៖ ភូមាបានប្រារពពិធីខួបឯករាជ្យឆ្នាំទី៦៤ ពីប្រទេសអង់គ្លេសកាលពីថ្ងៃពុធនេះ ខណៈដែលមានការទិតៀនថា កម្មវិធីលើកលែងទោសរបស់រដ្ឋាភិបាល កាលពីពេលថ្មីៗនេះមិនគ្រប់គ្រាន់ សំរាប់ដោះលែងអ្នកទោសនយោបាយ។ ជប៉ុន៖ នាយករដ្ឋមន្ដ្រីជប៉ុន លោក យ៉ុស្ស៊ិហ៊ិកុ ណុដាក់ (Yoshihiko Noda) ថ្លែងថាការកែទម្រង់ប្រព័ន្ធសន្ដិសុខសង្គម និងព័ន្ធដារ នៃបំណុល និងមហន្ដរាយដែលប្រទេសជាតិបានពើបប្រទះជារឿងសំខាន់បំផុតនៅក្នុងកម្មវីធីរបស់អង្គការនិតិរដ្ឋក្នុងឆ្នាំ២០១២។ ចិន៖ រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យក្រុមហ៊ុនទូរទស្សន៍តាម សាតេលិត (Satellite) ផ្ដូរកម្មវិធីដែលបញ្ចាំងរឿងកំសាន្ដហូសហេតុ ឲ្យយករឿងប្រពៃណីថ្លៃថ្នូរមកជំនួសវិញ។ រវ៉ាន់ដា៖ ប៉ូលិសក្នុងប្រទេស រវ៉ាន់ដា (Rwanda) និយាយថាគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះក្នុងរដ្ឋធានី គីហ្គាលី (Kigali) បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងរបួស១៨នាក់។ កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិប្រទេសកូរ៉េខាងត្បូង ថ្លែងថាក្នុងពេលឆាប់ៗនេះរដ្ឋាភិបាលនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូយជាមួយ ស.រ.អ. ដើម្បីបង្កើនការសមយុទ្ធយោធា ហើយដើម្បីតម្លើងការប្រុងប្រៀប ក្នុងករណីដែលកូរ៉េខាងជើងអាចបើកការវាយប្រហារ។ លីប៊ី៖ រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទសលីប៊ី (Libya) បានតែងតាំងអតីតមន្ដ្រីយោធាម្នាក់នៅក្រោយ មូមារ កាដាហ្វី (Moammar Gadhafi) ឲ្យឡើងកាន់តំណែងជាអគ្គមេបញ្ជាការយោធា ខណះដែលការប៉ះទង្គិចគ្នារវាងកងជីវពលទាំងឡាយនៅក្នុងរដ្ឋធានី បង្ហាញថានៅមានបញ្ហាសន្ដិសុខកំពុងបន្ត៕ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ៤ មករា ព្រឹក Posted: 03 Jan 2012 10:22 PM PST កូរ៉េខាងជើង ៖ រដ្ឋាភិបាលព្យុងយ៉ាងកំពុងរិះគន់យ៉ាងខ្លាំងដល់អាកប្បកិរិយាមេដឹកនាំជប៉ុនបន្ទាប់ពីការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងគីម យុងអ៊ីល។ ទីភ្នាក់ងារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង បានរិះគន់នាយករដ្ឋមន្រ្តីជប៉ុន យូស៊ីហ៊ីកូ ណូដាចំៗកាលពីថ្ងៃអង្គារចំពោះការមិនចូលរួមរំលែកទុក្ខ។ ទីភ្នាក់ងារព័ត៌មាននោះក៏បានរិះគន់ជប៉ុនចំពោះការបង្កើនការប្រុងប្រយ័ត្នខាងសន្តិសុខបន្ទាប់ពីការស្លាប់របស់លោកគីមមក។ សហរដ្ឋអាមេរិក៖ អ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋនៅរដ្ឋអាយអូវ៉ានឹងធ្វើការប្រជុំសមាជិកគណបក្សនៅតាមសហគមន៍ (Caucus) នៅថ្ងៃដែលជាជំហានទីមួយនៅក្នុងការជ្រើសរើសបេក្ខជនម្នាក់ដែលប្រកួតប្រជែងជាមួយប្រធានាធិបតីបារ៉ាក់ អូបាម៉ានៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ សហរដ្ឋអាមេរិក៖ សេចក្តីរាយការណ៍ខាងសេដ្ឋកិច្ចកាលពីថ្ងៃអង្គារបានបង្ហាញរូបភាពប្រសើរឡើងនូវផ្នែកសំណង់និងការផលិតផលក្នុងស្រុកសរុប GDP របស់សហរដ្ឋអាមេរិក។ អាស៊ី៖ ឧប្បការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ឃឺត ខាំប៊ែល បានស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ដែលជាដំណើរបំពេញទស្សនៈកិច្ចជាន់ខ្ពស់លើកទីមួយទៅកាន់តំបន់អាស៊ីឦសាន្តចាប់តាំងពីការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ីល។ ស៊ីរី៖ រដ្ឋមន្រ្តីរបស់សម្ព័ន្ធអារ៉ាប់នឹងជួបគ្នានៅថ្ងៃខាងមុខដើម្បីពិនិត្យមើលឡើងវិញនូវការវាយតម្លៃរបស់ក្រុមសង្កេតការណ៍ថាតើរដ្ឋាភិបាលស៊ីរី នឹងរក្សាតាមការសន្យារបស់ខ្លួនដើម្បីបញ្ចប់ការបង្ក្រាបលើពួកប្រឆាំងឬទេ។ អេហ្ស៊ីប៖ ប្រជាពលរដ្ឋអេហ្ស៊ីបបានចាប់ផ្តើមបោះឆ្នោតនៅក្នុងដំណាក់កាលចុងក្រោយបង្អស់ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាប។ អាហ្វហ្គានីស្ថាន៖ ពួកតាលីបាននៅអាហ្គានីស្ថាននិយាយថាខ្លួនបានឈោងដល់ការព្រមព្រៀងជាដំបូងមួយដើម្បីបើកការិយាល័យនយោបាយមួយនៅក្នុងរដ្ឋកាតា នៃឈូងសមុទ្រពែកជំហានទៅរកការសម្របសម្រួលការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នីហ្សេរីយ៉ា៖ ពួកបាតុករក្នុងប្រទេសនីហ្សេរីយ៉ា បានធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បីបញ្ចប់ការឧបត្ថម្ភប្រាក់ដ៏មានប្រជាប្រិយភាពដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈដែលបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងកប់ពពកនៅក្នុងប្រទេសដែលសម្បូរប្រេងនេះ។ ចិន៖ អ្នកនយោបាយជប៉ុន៤នាក់ បានទៅបំពេញទស្សនៈកិច្ចរយៈពេលខ្លីកាលពីថ្ងៃអង្គារនៅប្រជុំកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងកើត ដែលធ្វើឲ្យមានការប្រឆាំងតវ៉ាជាផ្លូវការពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ អ៊ីរ៉ង់៖ អ៊ីរ៉ង់និយាយថា នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក មិនត្រូវវិលត្រឡប់មកកាន់តំបន់ឈូងសមុទ្រពែក មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ Tehran បានបញ្ចប់ការធ្វើសមយុទ្ធនាវាចំបាំងនៅជិតច្រកសមុទ្រយុទ្ធសាស្រ្តហរមុស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |