VOA News: ព័ត៌មាន: “អង្គការសិទ្ធិមនុស្សសុំឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់អង្គការ” plus 6 more |
- អង្គការសិទ្ធិមនុស្សសុំឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់អង្គការ
- បណ្តាប្រទេសតំបន់ទន្លេមេគង្គឈានទៅធ្វើសមាហរណកម្ម
- ជំនួយរបស់សហរដ្ឋអាមេរិកចំពោះតំបន់មេគង្គមានបំណងបង្ការជម្លោះឆ្លងព្រំដែន
- រាជធានីនៃប្រទេសកម្ពុជាមានភាពទំនើបយ៉ាងឆាប់រហ័ស
- អ្នកស្រាវជ្រាវថាការស៊ើបអង្កេតត្រូវតែបន្តធ្វើឡើងចំពោះអ្នកទទួលខុសត្រូវខ្មែរក្រហម
- ជំងឺផ្តាសាយបក្សីកើតមាននៅខេត្តទិសពាយ័ព្យ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៤ សីហា
អង្គការសិទ្ធិមនុស្សសុំឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់អង្គការ Posted: 04 Aug 2011 02:46 PM PDT មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឲ្យមានការធ្វើអន្ដរាគមថ្នាក់ខ្ពស់មួយដើម្បីជម្រុញឲ្យមានការកែប្រែបន្ថែមទៀតទៅលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ការអំពាវនាវដែលធ្វើឡើងនៅពេលដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រីដើម្បីធ្វើការត្រួតពិនិត្យកាលពីសប្ដាហ៍មុន។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះថា វានឹងមានការពិបាកនៅក្នុងការធ្វើការកែប្រែនៅពេលដែលសេចក្ដីព្រាងច្បាប់បានធ្លាក់ទៅដល់ដៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅហើយនោះ។ ដូច្នេះវាទាមទារឲ្យមានការចាត់វិធានការកម្រិតខ្ពស់បំផុតដើម្បីធានាថាច្បាប់នេះមិនត្រូវបានអនុម័តនៅក្នុងសណ្ឋានបច្ចុប្បន្ននេះ។ «មានប្រភពបីដែលអាចជំរុញឲ្យរដ្ឋាភិបាល គណៈរដ្ឋមន្រ្ដីដូរចិត្តបាន។ ប្រភពមួយគឺពីប្រជាពលរដ្ឋ ខ្មែរយើង ប្រភពមួយទៀតគឺទាក់ទងនឹងម្ចាស់ជំនួយ ប្រភពមួយទៀតគឺអ្នករកស៊ី»។ នៅក្នុងការវិភាគលម្អិតមួយភ្ជាប់ជាមួយនឹងសេចក្ដីថ្លែងការណ៍នេះ លោក អ៊ូ វីរៈ បានសម្លឹងឃើញពីអន្ដរាគមរបស់រដ្ឋាភិបាល ពីរដ្ឋសភា អន្ដរាគមពីសហគមអន្ដរជាតិ ព្រមទាំងអន្តរាគមពីក្រុមអ្នកវិនិយោគទុនផងដែរ។ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែល បានលើកហេតុផលថា ប្រសិនបើសេចក្ដីព្រាងច្បាប់នឹងត្រូវអនុម័តនៅក្នុងទម្រង់បច្ចុប្បន្ននេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់អង្គការសង្គមស៊ីវិល វាគឺជាអាវុធសម្រាប់បង្រ្កាបលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបញ្ចេញមតិផងដែរ។ សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន១១ជំពូកនិង៥៨មាត្រា។ គឺជាសេចក្ដីព្រាងច្បាប់ដែលទទួលរងការរិះគន់យ៉ាងខ្លាំងក្លា។ សេចក្ដីព្រាងច្បាប់នេះបានចែងតម្រូវឲ្យអង្គការសង្គមស៊ីវិលនានាធ្វើរបាយការណ៍ស្ដីពីសកម្មភាពរបស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុជូនរដ្ឋាភិបាលជាកំហិត។ ក្រុមអង្គការសង្គមស៊ីវិលជាច្រើនបានជជែកតវ៉ានិងបានផ្ដល់អនុសាសន៍ជាបន្ដបន្ទាប់ដើម្បីឲ្យច្បាប់នេះមានភាពល្អប្រសើរ។ ហើយសេចក្ដីព្រាងច្បាប់នេះត្រូវបានលើកជាពង្រាងជាលើកទីបីមុននឹងបញ្ជូនទៅកាន់ទីស្ដីការគណរដ្ឋមន្រ្ដី។ អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃអង្គារ បានធ្វើការវិភាគលម្អិតទៅលើសេចក្ដីព្រាងច្បាប់នេះផងដែរថា សេចក្ដីព្រាងច្បាប់នេះ បានរំលោភទៅលើសិទ្ធិបញ្ចេញមតិ សេរីភាពបង្កើតសមាគមរបស់ក្រុមប្រជាពលរដ្ឋដោយសារតែមានភាពស្មុគ្រស្មាញនៅក្នុងការបង្កើតសមាគមជាដើម។ លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកថាប្រសិនបើមានការស្នើសុំឲ្យមានការកែប្រែច្បាប់នេះបែបណានោះ ត្រូវបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ទីស្ដីការគណៈរដ្ឋមន្ត្រីមានសិទ្ធិជួយសម្រួលជាពិសេសជារយៈបែបបទរដ្ឋបាលជាពិសេសទាក់ទងទៅនឹងទម្រង់នៃច្បាប់។ ហើយនៅទីនោះក្រសួងសម៉ីដែលជាអ្នកផ្ដួចផ្ដើមបង្កើតនូវសេចក្ដីព្រាងច្បាប់នេះ នៅតែអាចរក្សាទម្រង់ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះដដែល។ «ទាំងអង្គការក្រៅរដ្ឋាភិបាល ទាំងអង្គការបរទេសយ៉ាងណាក៏ដោយអាចមានសិទ្ធិសុំបន្ថែមយោបល់បន្ថយយោបល់តាមសាម៉ីក្រសួងដែលជាអ្នកផ្ដួចផ្ដើមច្បាប់ រីឯទីស្ដីការគណៈរដ្ឋមន្ត្រីមិនមានសិទ្ធិទេ»។ អង្គការធំៗបំផុតនៅក្នុងពិភពលោកចំនួនប្រាំមួយនៅក្នុងនោះមានអង្គការ Human Rights Watch អង្គការ Amnesty International និងអង្គការ Global Witness ជាដើម កាលពីខែមេសាបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ចោលសេចក្ដីព្រាងច្បាប់នេះ ដោយចាត់ទុកថា វាគឺជាឧបករណ៍គំរាមកំហែងដល់អង្គការសង្គមស៊ីវិលដែលកំពុងតែប្រតិបត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការតវ៉ាផ្សេងៗទៀតទាក់ទងទៅនឹងសេចក្ដីព្រាងច្បាប់នេះអាចធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភា និងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញជាដើម៕ This posting includes an audio/video/photo media file: Download Now |
បណ្តាប្រទេសតំបន់ទន្លេមេគង្គឈានទៅធ្វើសមាហរណកម្ម Posted: 04 Aug 2011 02:20 PM PDT ក្រុមរដ្ឋមន្ត្រីនៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តបន្តកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គទៅកាន់ដំណាក់កាលទីពីរសម្រាប់រយៈពេល១០ឆ្នាំខាងមុខសំដៅស្វែងរកទុនវិនិយោគសម្រាប់ការអភិវឌ្ឍគម្រោងនានាក្នុងតំបន់។ កម្មវិធីដំណាក់កាលទីពីរនេះ បានផ្តោតគោលដៅជាសំខាន់ទៅលើការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ ដាក់បញ្ចូលការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធពហុវិស័យដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍក្នុងតំបន់ទីក្រុងនិងជនបទ ហើយផ្តោតខ្លាំងជាងមុខលើទុនដែលចាំបាច់សម្រាប់បង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពនៃ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋារចនាសម្ព័ន្ធដែលនឹងបង្កើតឡើងនាពេលអនាគត ក៏ដូចជាសម្រាប់ដោះស្រាយក្តីកង្វល់រួមផ្នែកសង្គម និងបរិស្ថាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ លោកចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់សន្និសីទកាសែតថាការប្រជុំនេះសម្រេចបានលទ្ធផលល្អ ហើយប្រទេសមហាអនុតំបន់ទន្លេមេគង្គបានសម្រេចយកក្របខណ្ឌយុទ្ធសាស្រ្តដំណាក់កាលទីពីរសម្រាប់ការអភិវឌ្ឍមហាអនុតំបន់ទន្លេមេគង្គចាប់ពីឆ្នាំ២០១២ទៅដល់ឆ្នាំ២០២២។ ប្រទេសមហាអនុតំបន់ទន្លេមេគង្គរួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសភូមា និងប្រទេសចិន។ លោកចម ប្រសិទ្ធិ បានបញ្ជាក់ថាកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គដំណាក់កាលទីពីរនេះគ្រាន់តែជាការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនិងទិសដៅសម្រាប់អនុវត្តប៉ុណ្ណោះប៉ុន្តែមិនទាន់កំណត់ទឹកប្រាក់ដែលនឹងត្រូវប្រើប្រាស់នៅឡើយទេ។ លោកចម ប្រសិទ្ធិ បានថ្លែងថាកាលណាប្រទេសកម្ពុជាមានក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបៀបនេះ គឺនឹងអាចទាក់ទាញបាននូវជំនួយឧបត្ថម្ភមកពីប្រទេសជាដៃគូរអភិវឌ្ឍន៍និងស្ថាប័នអន្តរជាតិផ្សេងៗសម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ទាំងឡាយដែលប្រទេសកម្ពុជាកំណត់នៅក្នុងយុទ្ធសាស្ត្រនេះ។ «ធម្មតាទេ កម្ពុជាយើង ការប្រឈមមុខគឺនៅត្រង់ យើងមានធនធានអត់គ្រប់ទេ ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ការប្រឈមមុខ យើងទាមទារនូវការចាយប្រាក់ច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែរឿងមួយទៀត ការប្រឈមមុខធំគឺកង្វះខាងផ្នែកធនធានមនុស្ស»។ លោកចម ប្រសិទ្ធិ បានបន្តថាការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាងបានជំរុញវិស័យពាណិជ្ជកម្មកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែលឿន។ លោកចម ប្រសិទ្ធិ បានថ្លែងថាការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គដំណាក់កាលទីពីរនេះ គឺដើម្បីទាក់ទាញជំនួយពីសហគមន៍អន្តរជាតិ ហើយប្រទេសចិនដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើជាដៃគូអភិវឌ្ឍន៍ផង និងជាអ្នកឱ្យខ្ចីប្រាក់ផង។ លោកប៊ីនដូ ឡូហានី (Bindu Lohani) អនុប្រធានទទួលបន្ទុកក្រុមប្រតិបត្តិការទី២នៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃមហាអនុតំបន់ទន្លេមេគង្គថាកម្មវិធីមហាអនុតំបន់ទន្លេមេគង្គបានរីកចម្រើនដល់កម្រិតចាស់ទុំនៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ កម្មវិធីនេះបានរីកចម្រើនយ៉ាងរលូន ដោយបានសម្រេចនូវសមិទ្ធិផល និងមានបទពិសោធជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ជាការណ៍ពិត កម្មវិធីនេះបានបង្កើតនូវមូលដ្ឋានសម្រាប់បង្កើនសន្ទុះកម្មវិធីសហប្រតិបត្តិការថ្នាក់តំបន់ស្រដៀគ្នាដទៃទៀត។ ប៉ុន្តែ ក្នុងនាមជាកម្មវិធីនីមួយៗ នៅពេលដែលកម្មវិធីថ្នាក់តំបន់មួយរីកចម្រើនដល់កម្រិតចាស់ទុំ ភាពចាំបាច់ និងបំណងប្រាថ្នារបស់កម្មវិធីនោះ ក៏មានការផ្លាស់ប្តូរផងដែរ។ ក្រុមរដ្ឋមន្ត្រីមហាអនុតំបន់ទន្លេមេគង្គក៏បានស្វែងរកវិធីលើកកម្ពស់ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រថ្មីនេះដោយផ្តួចផ្តើមគំនិតឱ្យមានដំណើរការមួយសម្រាប់រៀបចំផែនការមេថ្នាក់តំបន់ ហើយក្របខណ្ឌយុទ្ធសាស្ត្រថ្មីនេះនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិក អនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលនៃមហាអនុតំបន់ទន្លេមេគង្គនៅក្នុងខែធ្នូខាងមុខនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍៕ This posting includes an audio/video/photo media file: Download Now |
ជំនួយរបស់សហរដ្ឋអាមេរិកចំពោះតំបន់មេគង្គមានបំណងបង្ការជម្លោះឆ្លងព្រំដែន Posted: 04 Aug 2011 01:04 PM PDT ទោះជាជម្លោះអំពីការទាមទារលើការគ្រប់គ្រងសមុទ្រចិនខាងត្បូងជាប្រធានបទចម្បងនៅក្នុងកិច្ចប្រជុំសន្តិសុខអាស៊ានកាលពីពេលថ្មីៗនេះក៏ដោយ ក្រុមមន្រ្តីសហរដ្ឋអាមេរិកក៏ផ្តោតលើការដោះស្រាយជម្លោះដែលអាចកើតមានផ្សេងទៀតទាក់ទងនឹងការកើនឡើងតម្រូវការថាមពលនៅអាស៊ីផងដែរ។ ទន្លេមេគង្គនិងដៃរបស់ទន្លេនេះផ្គត់ផ្គង់ប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ចំនួន១០លាននាក់ ក៏ប៉ុន្តែទន្លេនេះក៏ជាទីតាំងគម្រោងការសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាស់ថ្មីៗជាច្រើន។ ក្នុងពេលចូលរួមកាលពីពេលថ្មីៗនេះក្នុងវេទិកាសន្តិសុខសមាគមន៍សហប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងបាលី លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែមានបំណងចូលរួមក្នុងការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់នេះ។ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងនេះ លោកស្រីមានប្រសាសន៍ពីអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវលើគម្រោងទន្លេមេគង្គភាគខាងក្រោមដោយផ្តល់ជំនួយជាទឹកប្រាក់២២១លានដុល្លារសហរដ្ឋអាមេរិក។ ប្រាក់ជំនួយនេះនឹងផ្តល់ទៅលើកម្មវិធីអប់រំ បរិស្ថាន សុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់មិនសូវមានការអភិវឌ្ឍនានា ក្នុងប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម។ លោក David Carden អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ានមានប្រសាសន៍ថា សហរដ្ឋអាមេរិកព្រួយបារម្ភពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីជាច្រើនដែលក្រុមអ្នកបរិស្ថានខ្លះបានធ្វើការព្រមានថា វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវទឹកសំខាន់ៗជាច្រើននៅក្នុងតំបន់នេះ។ «ទាំងទំនប់ដែលកំពុងស្នើសាងសង់ទាំងនេះនិងទំនប់ខ្លះដែលបានសាងសង់រួចរាល់ហើយ មិនបានត្រូវគេត្រួតពិនិត្យឲ្យបានពេញលេញដើម្បីដឹងពីការប៉ះពាល់ខាងវិទ្យាសាស្រ្តទេ។ ហើយវាមិនមែនជាប្រយោជន៍តែក្នុងតំបន់នេះទេ ក៏ប៉ុន្តែជាការពិតណាស់វាជាប្រយោជន៍របស់ពិភពលោកទាំងមូល សម្រាប់គោលបំណងសន្តិសុខស្បៀង បរិស្ថាន សន្តិភាព និងសន្តិសុខ សម្រាប់ការអភិវឌ្ឍតំបន់អាងទន្លេមេគង្គភាគខាងក្រោមប្រកបដោយភាពឆ្លាតវៃ និងស្របតាមចំណេះដឹងវិទ្យាសាស្រ្តដ៏ប្រសើរបំផុតដែលអាចយកមកប្រើមកលើទន្លេនេះ»។ ប្រជាពលរដ្ឋជាង៦០លាននាក់រស់នៅភាគខាងក្រោមនៃទន្លេនេះ ដែលជាតំបន់មានផ្ទៃដី៦០០.០០០គីឡូម៉ែត្រការ៉េ។ អាងទន្លេនេះជាតំបន់នេសាទទឹកសាបធំជាងគេក្នុងពិភពលោក។ កសិករដំាដុះស្រូវក៏ពឹងផ្អែកលើទឹកនិងដីល្បាប់ពីទន្លេនេះ មកស្រោចស្រព និងជាជីសម្រាប់ដំណាំរបស់ពួកគេផងដែរ។ ក៏ប៉ុន្តែការព្រួយបារម្ភកំពុងតែកើនឡើងដែលថា ការសាងសង់ទំនប់វារីអគ្គីសនីជាច្រើននៅប្រទេសចិននិងគម្រោងសម្រាប់ទំនប់ជាច្រើនទៀតនៅប្រទេសឡាវនិងកម្ពុជា អាចនឹងធ្វើឲ្យមានការបំផ្លាញបរិស្ថាននិងសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសនានាដែលនៅខ្សែទឹកខាងក្រោមដូចជាប្រទេសវៀតណាម។ អគ្គរដ្ឋទូត Carden មានប្រសាសន៍ថា ជំនួយរបស់សហរដ្ឋអាមេរិកគឺផ្តោតជាទូទៅលើការជួយរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ដែលអាចជាហេតុឲ្យមានបញ្ហាជម្លោះឆ្លងព្រំដែន។ «ខ្ញុំគិតថា ការពិតជាក់ស្តែងនោះគឺថា ទោះជាមានការយល់ឃើញថាកិច្ចខិតខំប្រឹងប្រែងនានានេះមានមូលហេតុអ្វីក៏ដោយ ខ្ញុំគិតថា វាជាការពិតច្បាស់ណាស់ថា ករណីនេះជាបញ្ហារបស់ពិភពលោកទាំងមូល មិនមែនតែជាបញ្ហាក្នុងតំបន់ប៉ុណ្ណោះទេ។ ពិភពលោកដឹងពីតម្រូវការរបស់យើងទាំងអស់គ្នាក្នុងការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាអត់ព្រំដែនទាំងនេះ»។ ក៏ប៉ុន្តែលោក Milton Obsborne អ្នកវិភាគពីតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាននយោបាយអន្តរជាតិ ឡូវី (Lowy Institute)នៅប្រទេសអូស្រ្តាលីមានប្រសាសន៍ថា សកម្មភាពយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិកក្នុងទ្វីបអាស៊ីគឺដោយសារការព្រួយបារម្ភពីការកើនឡើងនៃឥទ្ធិពលរបស់ចិន។ «ការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចចិនគឺយ៉ាងពិតណាស់ធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ហើយលើកនេះ គម្រោងគំនិតផ្តួចផ្តើមពីបញ្ហាទន្លេមេគង្គគឺជាចំណុចមួយក្នុងចំណោមចំណុចនានាដែលសហរដ្ឋអាមេរិកកំពុងតែបង្ហាញឲ្យឃើញច្បាស់ថាខ្លួនកំពុងតែបន្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងតំបន់នេះ»។ លោក Osborne និយាយថា ការផ្តល់ជំនួយនេះមិនអាចអនុញ្ញាតឲ្យមន្ត្រីសហរដ្ឋអាមេរិកនានាចូលក្នុងកិច្ចចរចាអភិវឌ្ឍន៍តំបន់ដីសណ្តទន្លេមេគង្គទេ ក៏ប៉ុន្តែនេះបង្ហាញថា សហរដ្ឋអាមេរិកបេ្តជ្ញាចិត្តដើរតួនាទីយ៉ាងវិជ្ជមានក្នុងអនាគតរបស់ទ្វីបអាស៊ី៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
រាជធានីនៃប្រទេសកម្ពុជាមានភាពទំនើបយ៉ាងឆាប់រហ័ស Posted: 04 Aug 2011 12:49 PM PDT កាលពី១០ឆ្នាំមុន ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពទុគ៌ត។ ការដាច់ចរន្តអគ្គីសនីបានកើតឡើងជាញឹកញាប់។ ភ្លៀងធ្លាក់ខ្លាំងនិងបណ្តាញទូរគមនាគមន៍អន់ថយ បានពន្យឺតដំណើរការពាណិជ្ជកម្ម និងកំណត់ព្រំដែនដល់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ។ ប៉ុន្តែ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ផ្លូវថ្មីៗនិងអគារខ្ពស់ៗបានផ្លាស់ប្តូរទេសភាពនៃទីក្រុងនេះ។ ហើយនៅក្នុងខែនេះ ទីផ្សារមូលប័ត្រឬទីផ្សារលក់ប័ណ្ណភាគហ៊ុន (stock exchange) ដំបូងបង្អស់របស់ប្រទេសនេះ និងរោងកុនដ៏ធំមួយដែលមានច្រើនបន្ទប់ បានចាប់ដំណើរការ។ ទំនើបភាវូបនីយកម្មបែបនេះ កំពុងតែផ្លាស់ប្តូរមុខមាត់របស់រាជធានីរបស់កម្ពុជា។ រាជធានីភ្នំពេញមានរោងកុនដែលមានដំណើរការជាច្រើនកន្លែង ដែលមានប្រវត្តិតាំងពីទសវត្សរ៍១៩៥០មក ប៉ុន្តែ រោងកុនទាំងនោះច្រើនតែបញ្ចាំងខ្សែភាពយន្តមួយចំនួនតូចដែលផលិតក្នុងស្រុក ឬភាពយន្តបកប្រែភាសាដែលនាំចូលមកពីប្រទេសថៃ។ ឌីវីឌី (DVD) ដែលលួចចម្លង បានកាត់បន្ថយអាជីវកម្មរបស់ពួកគេ ដោយសារប្រជាពលរដ្ឋអាចមើលកុននៅឯផ្ទះបាន។ រហូតមកដល់ខែកក្កដានេះ វិធីតែមួយគត់ដែលអាចមើលភាពយន្តហូលីវូដ (Hollywood) ដ៏ល្បីល្បាញនិងដែលផលិតថ្មីៗបំផុតនៅក្នុងរោងកុនមួយ គឺត្រូវជិះយន្តហោះទៅប្រទេសថៃឬប្រទេសវៀតណាម។ ប៉ុន្តែ ឥឡូវនេះ ដោយចំណាយតែ៦ដុល្លារសហរដ្ឋអាមេរិក គេអាចធ្វើដំណើរទៅកាន់រោងកុនថ្មី ឈ្មោះលីជិនដ៍ (Legend) ដែលមានម៉ាស៊ីនត្រជាក់និងផ្ទាំងបញ្ចាំងបី ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ចាប់យកពោតលីងមួយកញ្ចប់ ហើយអង្គុយមើលរឿង 'កុងហ៊្វូ ផាន់ដា ទី២' (Kung-Fu Panda 2) នៅលើផ្ទាំងបញ្ចាំងប្រភេទ ទ្រីឌី (3-D)។ ម៉ៃឃើល ចៃ (Michael Chai) ដែលជានាយកនៃបណ្តាញ វែសតិក (WesTec) ដែលបានសង់រោងកុននេះ មានបំណងចាប់យកទីផ្សារយុវជនកម្ពុជាវ័យក្មេង ដែលមានការយល់ដឹងអំពីអ៊ីនធឺណិត។ «ឧទាហរណ៍ ប្រសិនបើខ្ញុំពិនិត្យមើលគេហទំព័រហ្វេសប៊ុគ (Facebook) ខ្ញុំបានពិនិត្យមើលទៅលើតួរលេខ៖ នៅក្នុងខែឧសភា ឆ្នាំ២០១០ មានមនុស្សប្រមាណតែ៥ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងគេហទំព័រ ហ្វេសប៊ុគ។ នៅខែឧសភា ឆ្នាំ២០១១ យើងមានស្ទើរតែ៤សែននាក់។ ដូច្នេះ គ្រាន់តែតួរលេខនេះតែមួយ ប្រភេទនៃការរីកចំរើនបែបនេះ បានបង្ហាញយ៉ាងច្រើនរួចទៅហើយ។ ហើយភាគច្រើននៃពួកគេនៅលើគេហទំព័រ ហ្វេសប៊ុគ ធ្វើទំនាក់ទំនងជាមួយគ្នាជាភាសាអង់គ្លេស»។ <!--IMAGE--> ទោះបីជាប្រជាពលរដ្ឋកម្ពុជាភាគច្រើន ត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីសន្សំលុយសម្រាប់ទិញសំបុត្រដែលមានតម្លៃ៦ដុល្លារក៏ដោយ ក៏ម្ចាស់រោងកុនបានអះអាងថា ប្រជាពលរដ្ឋវណ្ណៈកណ្តាលដែលកំពុងតែកើនឡើង នឹងក្លាយទៅជាអតិថិជនជាទៀងទាត់។ ព្រហ្ម សីលា (Prum Seila) អ្នកធ្វើការនៅក្នុងការិល័យម្នាក់ដែលមានវ័យ២៤ឆ្នាំ គឺស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋគោលដៅរបស់លោក ចៃ (Chai)។ ទើបតែពីរបីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរោងកុនបានបើកទ្វារ សីលា (Seila) បានមកទស្សនាចំនួនពីរដងរួចទៅហើយ។ «ខ្ញុំទៅទីនោះ ដើម្បីទៅមើលរឿង 'ទ្រែនស្វ៊មម័រទី៣ (Transformer 3)។ ហើយខ្ញុំមិនដែលឃើញភាពយន្តប្រភេទ (3-D) ទេ នៅក្នុងមួយជីវិតរបស់ខ្ញុំ។ ខ្ញុំទើបតែបានឃើញរឿង 'ទ្រែនស្វ៊មម័រទី៣' ហើយខ្ញុំដឹងថា នៅក្នុងរឿង 'ទ្រែនស្វ៊មម័រទី៣' មានឈុតមួយដែលបានថតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ យើងគួរតែទៅមើលរឿងនេះ។ ហើយនេះគឺជារបៀបមួយនៃការគាំទ្របែបនេះ នៅក្នុងប្រទេសកម្ពុជា»។ ការរីកលូតលាស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានជម្រុញមួយផ្នែកដោយសាររោងចក្រសម្លៀកបំពាក់ ដែលជាសសរសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ រោងចក្រទាំងនេះមានទីតាំងនៅជុំវិញរាជធានី ដែលបានទាក់ទាញកម្មករវ័យក្មេងជាច្រើនមកកាន់ទីក្រុង។ ការងារទាំងនេះនិងបច្ចេកវិជ្ជាថ្មី បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការស្ទង់មិតថ្មីៗមួយបានបង្ហាញថា ជាង៩០ភាគរយនៃយុវជនវ័យក្មេងកម្ពុជា មានលទ្ធភាពប្រើប្រាស់ទូរស័ព្ទចល័ត។ ការប្រើប្រាស់អ៊ីនធឺណិត ទោះបីជានៅទាបយ៉ាងណាក្តី បានកើនឡើងទ្វេដងនៅក្នុងមួយឆ្នាំ ទៅ៦ភាគរយ។ ព្រហ្ម សីលា (Prum Seila) អ្នកចូលចិត្តមើលកុនជាញឹកញយ បានធំដឹងក្តីនៅក្នុងរាជធានី។ គេនិយាយថា គេនិងមិត្តភក្តិរបស់គេឥឡូវនេះ បានចំណាយពេលទំនេររបស់ពួកគេ នៅក្នុងទីកន្លែងហូបអាហារ ហាងកាហ្វេថ្មីៗនិងស្អាតៗជាច្រើន និងកន្លែងកម្សាន្តដែលមានឈ្មោះដូចជា កោះពេជ្យ (Diamond Island) និងដែនដីសុបិន្ត (Dreamland) ដែលនៅទីនោះអ្នកអាចច្រៀងខារ៉ាអូខេបាន។ សីលា និយាយថា ការដើរទិញទំនិញគឺកំពុងពេញនិយម។ «ប្រជាពលរដ្ឋដូចជារូបខ្ញុំ ពួកគេមានការងារធ្វើ ពួកគេមានលុយ។ ពួកគេសន្សំលុយដើម្បីទិញរបស់របរដែលមានកេរ្តិ៍ឈ្មោះនិងថ្លៃៗ ដូចជាទូរស័ព្ទម៉ាក អាពពុល (Apple) និង អាយហ្វូន (iPhone)។ ក្មេងស្រីមួយចំនួនបានព្យាយាមទិញសម្លៀកបំពាក់តាមអ៊ីនធឺណិតនិងពីគេហទំព័រ ហ្វេសប៊ុគ»។ នៅក្នុងខែកក្កដា ក្រុមមន្រ្តីរដ្ឋាភិបាលបានបើកទីផ្សារមូលបត្រដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ទោះបីជាមិនទាន់មានក្រុមហ៊ុនណាបានចុះបញ្ជីនៅឡើយក៏ដោយ ក៏រដ្ឋាភិបាលនិយាយថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋចំនួនបី នឹងធ្វើការចុះបញ្ជីនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនផ្សេងៗទៀតត្រូវបានរំពឹងថា នឹងអនុវត្តតាម។ ស្វីវវិន ហិកហ្គិនស៍ (Stephen Higgins) ជាអ្នកដឹកនាំធនាគារ អេ-អិន-ហ្សិត រ៉ូយ៉ាល់ (ANZ Royal) ដែលជាសហការអាជីវកម្មរួមមួយ រវាងធនាគារដ៏ធំនៅក្នុងប្រទេស អូស្ត្រាលី (Australia) និងក្រុមហ៊ុនកម្ពុជាមួយ។ <!--IMAGE--> «នៅក្នុងគោលដៅយូរអង្វែង ទីផ្សារមូលបត្រនឹងជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា។ វានឹងជួយរៃអង្គាសថវិកាសម្រាប់ការអភិវឌ្ឍន៍។ វាផ្តល់មធ្យោបាយសម្រាប់ក្រុមហ៊ុនវិនិយោគឯកជន ដើម្បីដកការវិនិយោគទាំងឡាយរបស់ខ្លួនចេញ ដែលមានសារៈសំខាន់ណាស់សម្រាប់ពួកគេ នៅពេលដែលពួកគេបានសម្រេចចិត្តធ្វើការវិនិយោគពីដំបូង។ ប៉ុន្តែ រឿងទាំងនេះនឹងត្រូវការពេលវេលា។ អ្នកទាំងឡាយណាដែលមានការប្រមើលមើលរយៈពេលខ្លីជាមួយទីផ្សារមូលបត្រ ពួកគេនឹងមានការខកចិត្ត»។ កាលពី១០ឆ្នាំមុន មានធនាគារតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានលទ្ធភាពនៅក្នុងការបង្វិលសាច់ប្រាក់នៅកន្លែងប្តូរលុយ។ ឥឡូវនេះ មានម៉ាស៊ីនដកលុយចំនួនរាប់រយពីធនាគារក្នុងស្រុកប្រហែល៣០ ហើយធនាគារមួយចំនួនផ្តល់ការបង់ប្រាក់ទៅលើវិក័យប័ត្រទឹកភ្លើង តាមប្រព័ន្ធអេឡិចត្រូនិក។ «ប្រទេសកម្ពុជាចេញធ្វើដំណើរដ៏វែងឆ្ងាយមួយ ទាក់ទងទៅនឹងការអភិវឌ្ឍន៍ជាទូទៅ រួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុទៀតផង។ ប្រទេសនេះកំពុងធ្វើការអភិវឌ្ឍន៍តាមឲ្យទាន់ប្រទេសដទៃយ៉ាងឆាប់រហ័ស»។ ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងរាជធានីក្តី អ្វីដែលកើតឡើងនៅទីនេះជាទូទៅ មិនមានផលប៉ះពាល់ទៅលើប្រជាពលរដ្ឋកម្ពុជា៨០ភាគរយ ដែលរស់នៅទីជនបទនោះទេ។ ភាពមិនស្មើគ្នានៃប្រាក់ចំណូល បានរីកកាន់តែធំឡើង នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលដែលកំណើនសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់អ្នកមានច្រើនជាងអ្នកក្រ។ មន្ទីរពេទ្យនិងគ្លីនិកថែរក្សាសុខភាពទាំងឡាយរបស់ប្រទេសនេះ នៅតែផ្តល់សេវាថែរក្សាសុខភាពដែលមានគុណភាពទាប។ អំពើពុករលួយនៅតែបន្តកើនឡើង ហើយប្រព័ន្ធតុលាការនៅមានការខ្វះខាតយ៉ាងខ្លាំង។ ភាពក្រីក្រនៅមានប្រមាណ៣០ភាគរយ។ ប៉ុន្តែ ការផ្លាស់ប្តូរមួយចំនួនពិតជាបានជួយដល់ប្រទេសនេះ។ ឧទាហរណ៍ ផ្លូវថ្នល់ល្អជាងមុន និងលទ្ធភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងមួយសម្រាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ដែលពឹងផ្អែកលើកសិកម្មសម្រាប់ការរស់នៅរបស់ពួកគេ។ ហើយរដ្ឋាភិបាលសង្ឃឹមថា ការរីកចំរើនទាំងឡាយដែលបានមកដល់រាជធានីភ្នំពេញ ជាចុងក្រោយ នឹងរីករាលដាលទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេសកម្ពុជាទាំងមូល៕ ប្រែសម្រួលដោយ ឌី ខាំបូលី This posting includes an audio/video/photo media file: Download Now |
អ្នកស្រាវជ្រាវថាការស៊ើបអង្កេតត្រូវតែបន្តធ្វើឡើងចំពោះអ្នកទទួលខុសត្រូវខ្មែរក្រហម Posted: 04 Aug 2011 11:55 AM PDT លោក ស្ទីវ ហិឌ័រ (Steve Heder) អតីតអ្នកស៊ើបអង្កេតមួយរូបនៃការិយាល័យសហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម បានស្នើឲ្យមានការស៊ើបអង្កេតស្វែងរកជនសង្ស័យស្ដីពីអំពើព្រៃផ្សៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រកបទៅដោយឯករាជ្យភាព និងផ្អែកទៅលើភស្ដុតាង។ សំណើនេះ ត្រូវបានមន្រ្ដីឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមជឿថា លោក ស្ទីវ ហិឌ័រ ចង់និយាយផ្តោតទៅលើការស៊ើបអង្កេតនៅក្នុងសំណុំរឿង០០៣និង០០៤ ដែលមានភាពចម្រូងចម្រាសរវាងភាគីកម្ពុជានិងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្ដីខ្មែរក្រហម។ លោក ស្ទីវ ហិឌ័រ គឺជាអ្នកស៊ើបអង្កេតម្នាក់ក្នុងចំណោមអ្នកស៊ើបអង្កេតចំនួនប្រាំនាក់របស់ការិយាល័យសហចៅក្រមស៊ើបអង្កេតដែលបានលាឈប់ពីការងារនៅក្នុងពេលដែលសំណុំរឿងបន្ថែមទាំងពីរខាងលើនោះទទួលរងការរិះគន់ពីការជ្រៀតជ្រែកខាងនយោបាយនិងបន្ទាប់ពីមានការព្រួយបារម្ភថា សំណុំរឿងទាំងពីរនេះអាចត្រូវបោះបង់ចោល។ សំណុំរឿងទាំងនេះត្រូវគេដឹងថា ជាប់ទាក់ទិននឹងជនសង្ស័យដែលជាអតីតអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យសរុបចំនួនប្រាំនាក់។ នៅក្នុងឯកសារមួយដែលផ្សាយជាសាធារណៈនៅថ្ងៃនេះដែលមានកម្រាស់៦០ទំព័រក្រោមចំណងជើងថា «ការពិនិត្យឡើងវិញអំពីការចរចាឆ្ពោះទៅរកការបង្កើតអង្គយុត្តាធិការនៃសាលាក្ដីខ្មែរក្រហម» លោក ស្ទីវ ហិឌ័រ បានលើកពីការកំណត់នៅក្នុងយុត្តាធិការសម្រាប់ធ្វើការស៊ើបអង្កេតទៅលើជនសង្ស័យដែលជាអតីតមេដឹកនាំខ្ពស់បំផុតខ្មែរក្រហម និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងចំណោមកម្មាភិបាលខ្មែរក្រហម។ ក៏ប៉ុន្ដែលោក ស្ទីវ ហិឌ័រ បានលើកយកមកពិភាក្សានូវចំណោទក្នុងការកំណត់អត្តសញ្ញាណជាក់លាក់ក្នុងចំណោមអតីតអ្នកទទួលខុសត្រូវខ្ពស់បំផុត។ លោកបានបង្ហាញថា ប្រសិនបើមានជនជាប់សង្ស័យចំនួនបួននាក់ ឬក៏ច្រើនជាងនេះបន្ថែមទៀត ពួកគេអាចស្ថិតក្នុងចំណោមគណមជ្ឈឹម ក្នុងជួរគណៈរដ្ឋមន្ដ្រី និងក្នុងជួរថ្នាក់កណ្ដាលនៃគណបក្សកុម្មុយនិស្ដកម្ពុជា។ អតីតអ្នកស្រាវជ្រាវ និងជាអតីតអ្នកស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមរូបនេះបាននិយាយដោយប្រយ័ត្នប្រយែងថា «បញ្ហាធ្ងន់ធ្ងរបែបនេះ អាចត្រូវធ្វើការសម្រេចដោយមានភស្ដុតាងសំអាងតាមរយៈភាពត្រឹមត្រូវ ភាពមិនសំអៀង និងប្រសិទ្ធិភាពនៅក្នុងការស៊ើបអង្កេតសម្រាប់បង្ហាញការពិត»។ ក៏ប៉ុន្ដែលោក ស្ទីវ ហិឌ័រ មិនបានបញ្ជាក់ចំៗអំពីគោលជំហររបស់លោកលើសំណុំរឿងបន្ថែមឬយ៉ាងណានោះទេ។ នៅក្នុងថ្ងៃដដែលនេះលោក ស្ទីវ ហិឌ័រ បានបដិសេធឆ្លើយតបទៅនឹងសំណួររបស់វីអូអេខ្មែរតាមសារអេឡិចត្រូនិក។ ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានអានឯកសារលោក ស្ទីវ ហិឌ័រ ដែរនោះ និងជាអ្នកតាមឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមមួយរូប យល់ឃើញថា អតីតអ្នកស៊ើបអង្កេតរូបនេះចង់និយាយដាស់តឿនទៅដល់ការស៊ើបអង្កេតទៅដល់សំណុំរឿង០០៣ និងសំណុំរឿង០០៤។ លោកពោលថា «ការណ៍ពិតគាត់ចង់មានប្រសាសន៍ទៅលើសំណុំរឿង០០៣ និង00៤ទាំងស្រុង»។ ការលើកឡើងរបស់លោក ស្ទីវ ហិឌ័រ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចៅក្រមអន្ដរជាតិលោកស្រីស៊ីលវា ខាតរ៉ៃត៍ (Sylvia Cartwright) បានដាស់តឿនពីឯករាជ្យភាពរបស់ចៅក្រមនៅក្នុងសាលាក្ដីខ្មែរក្រហម។ លោកស្រីចៅក្រម ខាតរ៉ៃត៍ ក៏បាននិយាយយោងផងដែរដល់សំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាស៕ This posting includes an audio/video/photo media file: Download Now |
ជំងឺផ្តាសាយបក្សីកើតមាននៅខេត្តទិសពាយ័ព្យ Posted: 04 Aug 2011 10:30 AM PDT យ៉ាងតិចមានសត្វទាចំនួនបីក្បាលត្រូវបានរកឃើញថាមានផ្ទុកមេរោគផ្តាសាយបក្សី H5N1 បន្ទាប់ពីកុមារីម្នាក់បានស្លាប់ដោយសារជំងឺនេះកាលពីថ្ងៃទី២០កន្លងទៅនេះ។ នេះបើតាមការបញ្ចាក់របស់មន្រ្តីជំនាញបសុព្យាបាល។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា មន្ត្រីបសុព្យាបាលបានធ្វើសំណាកវិភាគលើសត្វទានៅក្នុងភូមិកុមារីរងគ្រោះហើយបានរកឃើញថាសត្វទាចំនួនបីក្បាលមានផ្ទុកជំងឺគ្រុនផ្តាសាយបក្សី។ លោកបានបញ្ជាក់ថា យ៉ាងតិចមានសត្វមាន់ទាចំនួនជិត៥០០ក្បាលនៅក្នុងភូមិដូនមូល និងភូមិព្រែកសំរោង ឃុំរហាត់ទឹក ត្រូវបានសម្លាប់ ប៉ុន្តែពុំមានសំណងដល់កសិករទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ក្រុមការងារយើងនៅតែបន្តសង្កេតតាមដានឃ្លាំមើលក្នុងរយៈពេលមួយខែប្រសិនបើមានមាន់នៅក្នុងភូមិនោះមានចរាចរណ៍សត្វគឺយើងនៅអនុវត្តវិធានការណ៍ច្បាប់ដដែល»។ កាលពីថ្ងៃទី២០ខែកក្កដាកន្លងទៅនេះកុមារីម្នាក់អាយុ៤ឆ្នាំនៅស្រុកមង្គលបុរីបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 រយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ។ ការស្លាប់បាត់បង់ជីវិតរបស់កុមារីនេះបានធ្វើឲ្យករណីជំងឺគ្រុនផ្តាសាយបក្សីបានកើនឡើងដល់១៧ករណីដែលក្នុងនោះមានអ្នកស្លាប់ចំនួន១៥នាក់ចាប់តាំងពីជំងឺនេះបានផ្ទុះកាលពីខែមករាឆ្នាំ២០០៥។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបាននិយាយថា ក្រសួងបានធ្វើតេស្តឈាមលើមនុស្សចំនួនជិត២០នៅក្នុងភូមិដែលកុមារីរងគ្រោះរស់នៅក៏ប៉ុន្តែពុំបានរកឃើញថាមានមេរោគនៃជំងឺនេះឆ្លងទៅមនុស្សទេ។ ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ថា ក្រសួងនៅបន្តតាមដានជំងឺគ្រុនផ្តាសាយបក្សីនេះតទៅទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖ «គ្រាន់តែដើមឆ្នាំពីខែមករារហូតដល់ខែកក្កដា យើងមានប្រាំពីរករណី ហើយភាគច្រើនជាកុមារានិងកុមារី។ ដូច្នេះក្រសួងសុខាភិបាលបានធ្វើការបណ្តុះបណ្តាលឡើងវិញដល់អ្នកស្ម័គ្រចិត្តភូមិ គ្រូពេទ្យទាំងអស់ទូទាំងប្រទេសឲ្យស្គាល់ពីរោគសញ្ញានិងករណីសង្ស័យជំងឺផ្តាសាយបក្សី»។ លោកលី សុវណ្ណ បានមានប្រសាន៍ទៀតថា សម្រាប់គ្រូពេទ្យទាំងសេវាឯកជន និងរដ្ឋ នៅពេលណាមានអ្នកជំងឺផ្លូវដង្ហើម សុំឲ្យសាកសួរពីប្រវត្តិនៃការប៉ះពាល់ជាមួយសត្វបក្សី ហើយសម្រាប់ពលរដ្ឋពេលណាមានកម្តៅលើសពី៣៨អង្សា ឈឺក ឬក៏ហត់ សូមទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ អង្កការសុខភាពពិភពលោកបានឲ្យដឹងថា ចាប់តាំងពីជំងឺគ្រុនផ្តាសាយបក្សីបានផ្ទុះឡើងកាលពីឆ្នាំ២០០៣ ជំងឺនេះបានសម្លាប់មនុស្សចំនួន៣២០នាក់ក្រុងចំណោម១២ប្រទេស៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៤ សីហា Posted: 03 Aug 2011 08:06 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ មន្ដ្រីជាន់ខ្ពស់កងទ័ពជើងទឹកស.រ.អ. ធ្វើការចរចាគ្នាជាមួយមន្ដ្រីយោធាខ្មែរក្នុងគោលបំណងលើកកម្ពស់សហប្រតិបត្ដិការជើងទឹករវាងប្រទេសទាំងពីរ។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិយាយថា កងកម្លាំងស៊ីរីបានសម្លាប់អ្នកតវ៉ាយ៉ាងតិចបួននាក់ ក្រោយពិធីសូត្រធម៌ពេលយប់ ជាការបង្ក្រាបជាបន្ដទៀត ដែលក្រុមប្រឹក្សានៃអ.ស.ប.ថ្កោលទោស។ អេហ្ស៊ីប៖ អតីតរដ្ឋមន្ដ្រីមហាផ្ទៃនៃប្រទេសអេហ្ស៊ីប និងស្នងការប៉ូលីសវិលត្រឡប់ទៅតុលាការវិញនៅថ្ងៃព្រហស្បតិ៍ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថាបានបញ្ជាឲ្យបាញ់បាតុករមួយថ្ងៃក្រោយពីពួកគេបានបង្ហាញមុខជាមួយលោកប្រធានាធិបតី Hosni Mubarack ដែលធ្លាក់ពីតំណែង។ ជប៉ុន៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ខ្លួនបានដកហូតមន្ដ្រីថ្នាក់ខ្ពស់បីនាក់ដែលជាប់ពាក់ព័ន្ធនឹងកិច្ចចាត់ចែងការណ៍នៅក្នុងវិបត្ដិនៅរោងចក្រនុយក្លេអ៊ែរ Fukushima Daichi។ លីប៊ី៖ រដ្ឋាភិបាលនៃប្រទេសលីប៊ីកំពុងតែប្រកែកចំពោះការអះអាងរបស់ពួកបះបោរថា ក្រុមប្រយុទ្ធប្រឆាំងរដ្ឋាភិបាលដណ្ដើមយកបានស្រុក Zlitan ស្ថិតនៅភាគខាងលិចហើយ។ អាហ្វហ្គានីស្ថាន៖ កងកម្លាំងដឹកនាំដោយអង្គការអូតង់ (NATO) នៅក្នុងប្រទេស អាហ្វហ្គានីស្ថានឲ្យដឹងថា បុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានប៉ូលីស អាហ្វហ្គានីស្ថានបានបាញ់សម្លាប់យុទ្ធជននៃអង្គការអូតង់ម្នាក់។ ចិន៖ ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្ដនឹងសេចក្ដីរាយការណ៍របស់រដ្ឋាភិបាលជប៉ុនដែលរិះគន់អំពីការបង្កើនកងទ័ពរបស់ប្រទេសចិន។ កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងឲ្យដឹងថា គេបានចាប់មនុស្សប្រាំនាក់ជាប់សង្ស័យក្នុងបទធ្វើការជាមួយជនជាតិកូរ៉េខាងជើងដែលលួចចូលមើលក្នុងកុំព្យូទ័រហើយដែលលួចប្រាក់រាប់លានដុល្លារពីគេហទំព័រលេងល្បែងតាមប្រព័ន្ធអ៊ិនធឺណិតរបស់ប្រទេសកូរ៉េខាងត្បូង។ អូស្ត្រាលី៖ នៅថ្ងៃព្រហស្បតិ៍ នារីជំទង់ជាតិអូស្ដ្រាលីម្នាក់ឈឺខ្លួនប៉ុន្ដែគ្មានគ្រោះថ្នាក់ទេក្រោយពីត្រូវទ្រាំទ្រការដែលមានគ្រាប់បែកមួយគ្រាប់ចងនៅករបស់នាង។ ចិន/កូរ៉េខាងត្បូង៖ កងនាវាចិនពីរគ្រឿងបានចូលចតនៅប្រទេសកូរ៉េខាងជើង ដែលជាការចូលចតទស្សនកិច្ចសុឆន្ទ:ដ៏កម្រមួយ ដើម្បីកំណត់ខួបឆ្នាំទី៥០នៃមិត្ដភាពរវាងប្រទេសទាំងពីរនេះ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា សុំឲ្យសភាជាតិអនុម័តមូលធនសម្រាប់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដើម្បីបញ្ចប់ការបិទផ្នែកខ្លះៗនៃរដ្ឋបាលនេះ ដែលត្រួតត្រាយន្ដហោះរបស់ស.រ.អ.និងសុវត្ថិភាពយន្ដហោះ។ ចិន៖ ប្រទេសចិនទទួលស្វាគមន៍លោក Gary Locke ឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំប្រទេសចិន នៅក្នុងបទអត្ថាធិប្បាយមួយនៅក្នុងកាសែតរបស់គណបក្សកាន់អំណាច។ សហរដ្ឋអាមេរិក៖ ក្រុមមន្ដ្រីសេតវិមាននិយាយថា ពួក Al-Qaida នៅតែជាការគំរាមភេរវកម្មដដែលចំពោះស.រ.អ. ក៏ប៉ុន្ដែថាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកម្ចាត់ពួកនិយមជ្រុលយ៉ាងហឹង្សានេះមិនគួរផ្ដោតទៅលើតែពួកនិយមជ្រុលអ៊ីស្លាមទេ។ ចិន៖ ខ្យល់ព្យុះតំបន់ត្រូពិកទីហ្វុង(typhoon) កំពុងតែបោកបក់ទៅលើសមុទ្រចិនខាងត្បូង ឆ្ពោះទៅរកទីក្រុង Shanghai មានខ្យល់មានល្បឿនដល់ទៅ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥណ្ឌា៖ កងទ័ពជើងទឹកនៃប្រទេសឥណ្ឌានិងឧទ្ធម្ភាគចក្រកងឆ្មាំសមុទ្របានជួយសង្គ្រោះយានិក៣០នាក់ពីនាវាដឹកអីវ៉ាន់ដែលលិចនៅឆ្នេរសមុទ្រទីក្រុង Mumbai។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-->អេហ្ស៊ីប៖ អតីតប្រធានាធិបតី Hosni Mubarak នៃប្រទេសអេហ្ស៊ីបបានត្រូវគេរុញលើគ្រែពេទ្យចូលក្នុងបន្ទប់តុលាការក្នុងរដ្ឋធានីឡឺគែ។ គាត់មិនបានសារភាពទទួលកំហុសលើបទចោទប្រកាន់ថាលោកបានបញ្ជាឲ្យសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ទេ។ បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃពុធ ចៅក្រមក្នុងរឿងក្តីនោះបានផ្អាកការកាត់ទោសរហូតដល់ថ្ងៃទី១៥ ខែសីហា។ ស៊ីរី៖ រថក្រោះស៊ីរីបានបើកចូលទីក្រុងហាម៉ាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែរីកធំឡើងរបស់រដ្ឋាភិបាលទៅលើពួកប្រឆាំង។ ការវាយប្រហារនេះបានកើតមានឡើងនៅពេលដែលអង្គការសហប្រជាជាតិ ចាត់វិធានការណ៍ខិតចូលកាន់តែជិតដល់ការព្រមព្រៀងគ្នាមួយលើសេចក្តីថ្លែងការណ៍ដែលថ្កោលទោសអំពើហិង្សានៅក្នុងប្រទេសនោះ។ ស្រីលង្កា៖ អង្គការសិទ្ធមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូយ៉កបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថាការបរាជ័យរបស់រដ្ឋាភិបាលស្រីលង្កាដើម្បីយកពួកឃាតករមកកាត់ទោសបានបញ្ជាក់ពីអ្វីដែលខ្លួនហៅថាការខ្វះឆន្ទៈយ៉ាងខ្លាំងដើម្បីកាត់ទោសពួកទាហាន និងប៉ូលីសដែលរំលោភសិទ្ធិមនុស្ស។ សូម៉ាលី៖ អង្គការសហប្រជាជាតិនិយាយថាការអត់បាយបានរាលដាលដល់ផ្នែកថ្មីៗ៣ទៀតនៃប្រទេសសូម៉ាលីភាគខាងត្បូង រួមមានតំបន់មួយចំនួនក្នុងរដ្ឋធានី Mogadishu ផង។ អ៊ីតាលី៖ អត្រាការខ្ចីប្រាក់ក្នុងប្រទេសអ៊ីតាលី មានកម្រិតខ្ពស់ម្តងទៀតនៅក្នុងស័ករាជ Euro កាលពីថ្ងៃពុធ ដែលកំពុងបង្កើនការព្រួយកង្វល់របស់តំបន់ដែលមានសេដ្ឋកិច្ចធំទីបីរបស់ពិភពលោក ដែលអាចនឹងហៀបឲ្យមានវិបត្តិហិរញ្ញវត្ថុដូចជាប្រទេសក្រិកទៀត។ តាហ្ស៊ីគីស្ថាន៖ លោក Emomali Rakhmon ប្រធានាធិបតីនៃប្រទេស តាហ្ស៊ីគីស្ថាន បានអនុម័តច្បាប់មួយដែលរារាំងក្មេងក្រោមអាយុមិនឲ្យសូត្រធម៌ក្នុងព្រះវិហារអ៊ីស្លាម នៅពេលដែលរដ្ឋាភិបាលដែលមិនទាក់ទងនឹងសាសនារបស់លោកនេះស្វះស្វែងធ្វើឲ្យមានតិចបំផុតនៃការកើនឡើងនូវឥទ្ធិពលសាសនាអ៊ីស្លាមនៅក្នុងប្រទេសជាតិតំបន់អាស៊ីកណ្តាលនេះ។ រុស្ស៊ី៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាកំពុងជម្រុញឲ្យប្រទេសរុស្ស៊ីចរចាជាមួយសមាជិកផ្សេងៗទៀតរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដែលកំពុងរារាំងប្រទេសនេះឲ្យក្លាយជាសមាជិកទី១៥៤របស់អង្គការនេះ។ លីប៊ី៖ រដ្ឋាភិបាលលីប៊ី កំពុងបដិសេធការអះអាងរបស់ពួកឧទ្ទាមថាពួកអ្នកប្រយុទ្ធឧទ្ទាមបានបង្កើនការត្រួតត្រាទីក្រុង Zlitan ភាគខាងលិច។ អ្នកនាំពាក្យមេដឹកនាំ Moammar Gadhafi បាននិយាយកាលពីថ្ងៃពុធថាទីក្រុងនោះស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលយ៉ាងពេញទំហឹង។ សហរដ្ឋអាមេរិក៖ លោក Timothy Geithner រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងការពារការសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយការចំណាយហើយនឹងបង្កើនការកម្រិតប្រាក់កម្ចី ដោយលោកមានប្រសាសន៍ថាកិច្ចព្រមព្រៀងនឹងផ្តល់ឲ្យមន្រ្តីរដ្ឋាភិបាលនូវឱកាសដើម្បីជួសជុលប្រព័ន្ធដួលរលំនោះ។ ប៉ាគីស្ថាន៖ លោក Marc Grossman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្គានីស្ថាននិងប៉ាគីស្ថានបានចរចារបន្ថែមទៀតក្នុងទីក្រុងអ៊ីស្លាម៉ាបាតជាមួយមន្រ្តីប៉ាគីស្ថាន ដែលមានគោលបំណងបន្ធូបន្ថយការតានតឹងខាងការទូតរវាងសម្ព័ន្ធមិត្តទាំងពីរក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |