|
- សេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២ សីហា
- ការបែកបាក់ផ្ទៃក្នុងនៅសហគមន៍បឹងកក់ខណៈគម្រោងអភិវឌ្ឍចាប់ផ្តើម
សេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រី Posted: 02 Aug 2011 10:58 AM PDT អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃអង្គារនេះបានសម្តែងការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការបង្កើត និងការប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ អង្គការសង្គមស៊ីវិលឲ្យថាខ្លួនមានការព្រួយបារម្ភអំពីការច្បាប់ថ្មីនេះ ដែលជាបញ្ញត្តិរឹតបន្តឹងសេរីភាពរបស់អង្គការនិងសមាគមមិនមែនរដ្ឋាភិបាល ព្រមទាំងរារាំងដល់ការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេស។ លោកសុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថាអនុសាសន៍សំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាលមិនត្រូវបានដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលចុងក្រោយនេះទេ ហើយអនុសាសន៍ទាំងអស់របស់អង្គការក្រៅរដ្ឋាភិបាលស្ទើរតែមិនឃើញមាននៅក្នុងសេចក្តីព្រាងច្បាប់ចុងក្រោយបង្អស់នេះទេ។ លោកសុក សំអឿន បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលមិនចង់បានការចុះបញ្ជីដោយបង្ខំ ការធ្វើរបាយការណ៍សកម្មភាព និងថវិការបស់ខ្លួនទេ។ លោកថ្លែងថា៖ «យើង អង្គការក្រៅរដ្ឋាភិបាលគិតថា ចំណុចបីនេះធ្វើឱ្យសេរីភាពនៃការបង្កើតអង្គការ សមគមមានការចង្អៀត។ ខ្ញុំនៅតែមិនទាន់ពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះនៅឡើយ។ យោងតាមគោលការណ៍ប្រជាធិបតេយ្យសេរី ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើង អង្គការក្រៅរដ្ឋាភិបាលចង់ឱ្យការចុះបញ្ជីមិនមែនជាកាតព្វកិច្ច (តែ) ដោយស្ម័គ្រចិត្ត ហើយអ្នកចុះបញ្ជីទទួលបានផលប្រយោជន៍ពីច្បាប់នេះ»។ លោក ហម ស៊ុនរិទ្ធ អនុប្រធានផ្នែកគ្រប់គ្រង និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ចំណុចខ្លះមានការផ្លាស់ប្តូរ ហើយចំណុចមួយចំនួនទៀតនៅទុកដដែល បើប្រៀបធៀបទៅនឹងសេចក្តីព្រាងច្បាប់ទីពីរ។ លោកថ្លែងថា៖ «ខ្ញុំនៅតែពិនិត្យមើលជារួមឃើញថា វានៅតែជាការព្រួយបារម្ភសម្រាប់អង្គការសង្គមស៊ីវិល សមាគម និងក្រុមក្រៅប្រព័ន្ធផ្សេងៗទៀតក្នុងការធ្វើសកម្មភាពនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននៃក្រុមរបស់ខ្លួន ឬប្រយោជន៍សាធារណៈ។ ការព្រួយបារម្ភនេះដោយសារវានៅតែមានលក្ខខណ្ឌនៃការចុះបញ្ជីវែងច្រើនពេក ការធ្វើរបាយការណ៍សកម្មភាពការងារ និងការពិនិត្យមើលគណនេយ្យភាព»។ លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងថា មាត្រា៦មានការផ្លាស់ប្តូរពាក្យ ប៉ុន្តែអត្ថន័យរបស់ វាមិនមានការផ្លាស់ប្តូរទេ។ លោកប្រាប់វីអូអេខ្មែរថា៖ «(ក្នុង)មាត្រា៦ យើងឃើញថាមានការកែប្រែខ្លះដែរ ប៉ុន្តែជាទូទៅ អត្ថន័យរបស់វាមិនមានការកែប្រែទេ គឺនៅតែការចុះបញ្ជីត្រូវតែជាកាតព្វកិច្ចរបស់អង្គការ សមាគមក្រៅរដ្ឋាភិបាល។ អញ្ចឹង វាបានន័យថាទាល់តែគាត់ចុះបញ្ជីទើបគាត់ទទួលបានផលប្រយោជន៍ពីច្បាប់អង្គការ សមាគមនេះ។ អញ្ចឹងបានន័យថា បើគាត់អត់ចុះបញ្ជីទេ។ គាត់មិនអាច(ធ្វើ)ប្រតិបត្តិការក្នុងនាមអង្គការ សមាគមក្នុងព្រះរាជាណាចក្រកម្ពុជាទេ»។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា លោកស្វាគមន៍ចំណុចមួយចំនួនដែលយើងឃើញមានការរីកចម្រើន ប៉ុន្តែលោកមានការព្រួយបារម្ភចំពោះចំណុចមួយចំនួនមិនច្បាស់។ លោកវីរៈថ្លែងថា៖ «ខ្ញុំមើលទៅអត្ថន័យ (ក្នុងមាត្រាខ្លះ) អត់ច្បាស់។ អញ្ចឹងក្នុងការបកស្រាយមួយមិនច្បាស់លាស់ វាធ្វើឱ្យការបកស្រាយមួយមិនល្អសម្រាប់សិទ្ធិក្នុងការចូលរួមសមាគម និងសិទ្ធិបុគ្គលពិសេស។ នេះជាចំណុចមួយដែលយើងមានការព្រួយបារម្ភធំជាងគេបង្អស់»។ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលចុងក្រោយដល់អង្គការមិនមែនរដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថាបើអង្គការក្រៅរដ្ឋាភិបាលចង់ផ្តល់អនុសាសន៍ អាចផ្តល់ទៅកាន់គណៈរដ្ឋមន្ត្រី។ ក្រសួងកំពុងរៀបចំនីតិវិធីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈរដ្ឋមន្ត្រី៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២ សីហា Posted: 01 Aug 2011 08:19 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនិយាយថា កងកម្លំាងស៊ីរីបានសម្លាប់ជនស៊ីវិល២៤នាក់ នៅក្នុងការវាយប្រហារមកលើទីក្រុងមួយចំនួនខណៈដែលក្រុមប្រឹក្សា សន្ដិសុខរបស់អ.ស.ប. បានជួបប្រជុំដើម្បីវែកញែកការវាយបង្ក្រាបដ៏ឃោរឃៅប្រព្រឹត្ដធ្វើ ដោយប្រធានាធិបី Bashar al Assad មកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ វៀតណាម៖ ប៉ូលិសបានបិទផ្លូវនៅជុំវិញអគារតុលាការកំពូលរបស់ប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ក្នុងអំឡុងពេលមានសវនាការឧទ្ធរណ៍មួយ សម្រាប់សកម្មជនល្បីឈ្មោះម្នាក់នៅក្នុងប្រទេស។ សហរដ្ឋអាមេរិក៖ ព្រឹទ្ធសមាជិកសភាស.រ.អ.នឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ មកលើសេចក្ដីព្រៀងច្បាប់សម្រុះសម្រួលគ្នាមួយ អំពីការកាត់ចំណាយថវិការបស់រដ្ឋាភិបាលសហព័ន្ធ និងតំឡើងកម្រិតប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលនាំឲ្យបញ្ចប់ការភ័យខ្លាចជាច្រើនសប្ដាហ៍មកលើ ការខកខានមិនសងបំណុលរបស់ស.រ.អ.។ ចិន៖ បណ្ដាញព័ត៌មានដែលរដ្ឋចិនកាន់កាប់សរសេរថា ការទទួលយកកិច្ចព្រមព្រៀងនាទីចុងក្រោយ ដើម្បីតំឡើងកម្រិតប្រាក់កម្ចីរបស់ស.រ.អ. គ្រាន់តែពន្យារពេលបញ្ហាជ្រាលជ្រៅរបស់ស.រ.អ. ដែលគំរាមមកលើសេដ្ឋកិច្ចសកល។ ចិន៖ ប៉ូលីសនៅក្នុងតំបន់ខាងលិចខេត្ដស៊ិនជាងនៃប្រទេសចិននិយាយថា ពួកគេបានបាញ់សម្លាប់ជនពីរនាក់ដែលចូលរួមក្នុងការកាប់សម្លាប់ឥតរើសមុខ ហើយបានដាក់កំហុសមកលើភេរវករហាត់ហ្វឹកហ្វឺននៅក្នុងប្រទេសបាគីស្ថាន។ អាហ្វហ្គានីស្ថាន៖ មន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារដោយអត្ដឃាតជនម្នាក់បានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងធ្វើឲ្យរបួស១០នាក់ទៀតនៅតំបន់ខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ជប៉ុន៖ ប្រទេសជប៉ុននិយាយថាខ្លួនរំពឹងថា ប្រទេសចិននឹងពង្រីកសកម្មភាពកងនាវារបស់ខ្លួននៅជុំវិញទីកន្លែងជិតឆ្នេរសមុទ្រជប៉ុនដែលនឹងជំរុញឲ្យរដ្ឋាភិបាលក្រុងតូក្យូតំឡើងកងកម្លាំងជើងទឹករបស់ខ្លួននិងកិច្ចការពារ តំបន់សមុទ្ររបស់ខ្លួន។ អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលីថ្លែងថាខ្លួននឹងថតជាខ្សែវីដេអូជនស្វែងរកទីជម្រកលំនៅថ្មី ដែលបានត្រូវបញ្ជូនទៅឲ្យប្រទេសម៉ាឡេស៊ី ហើយនឹងយករូបភាពនោះចុះផ្សាយនៅក្នុងបណ្ដាញអ៊ីនធឺណិត ក្នុងគោលបំណងនឹងធ្វើឲ្យរអារដល់អ្នកស្វែងរកទីជម្រកថ្មី។ អាស៊ី៖ សៀវភៅថ្មីមួយរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា មេដឹកនាំអាស៊ីត្រូវចាត់វិធានការចំត្រង់ៗ ក្នុងការធ្វើឲ្យការលូតលាស់សេដ្ឋកិច្ចដើរលឿន បើចង់ឲ្យតំបន់នោះឡើងដល់សក្កានុពលនៅពាក់កណ្ដាលសតវត្សនេះ។ ស.រ.អ./កូរ៉េខាងជើង៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកមួយនិយាយថាខ្លួនមានសេចក្ដីសង្ឃឹមចំពោះលទ្ធភាពនៃការចរចាគ្នាបន្ដជាមួយរដ្ឋាភិបាលព្យុងយ៉ាង ក្រោយពីបានធ្វើការចរចាជាមួយគណៈប្រតិភូកូរ៉េខាងជើងនៅក្នុងទីក្រុងញូវយ៉ក។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ថៃ៖ សភាប្រទេសថៃបានបើកសម័យប្រជុំថ្មីមួយដែលនៅក្នុងនោះគេរំពឹងថា ប្អូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានាយករដ្ឋមន្ត្រីដែលបានត្រូវបណ្តេញចេញពីតំណែងនឹងបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្រោយមានចលាចលនយោបាយ៥ឆ្នាំមកហើយ។ ស៊ីរី៖ កាលពីថ្ងៃច័ន្ទសហភាពអឺរ៉ុបបានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ដោយដាក់កំហិតការហាមប្រាមមិនឱ្យធ្វើដំណើរនិងផ្អឹបធនធានរបស់មន្ត្រី៥នាក់ទៀតដែលមានទាក់ទងជាមួយការបង្ក្រាបដោយបង្ហូរឈាមទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល។ សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទផ្សារហិរញ្ញវត្ថុសាកលបានស្វាគមន៍កិច្ចព្រមព្រៀងក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ចៀសកុំឱ្យមានការគ្មានប្រាក់សងបំណុលដោយរដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក។ អេហ្ស៊ីប៖ ពួកទាហានអេហ្ស៊ីបបានប្រើកម្លាំងដើម្បីបណ្តេញពួកបាតុករពីទីលានតារៀនៅ ក្រុង Le Caire កាលពីថ្ងៃច័ន្ទនៅក្រោយមានបាតុកម្មជិត១ខែមកហើយ។ ក្រុមបាតុករបានស្វះស្វែងឱ្យមានការកែទម្រង់យ៉ាងលឿននៅក្រោយការបណ្តេញលោក Hosni Mbarak អតីតមេដឹកនាំឱ្យចេញពីតំណែងកាលពីខែកុម្ភៈ។ ទួរគី៖ លោកនាយករដ្ឋមន្ត្រី Recep Tayyip Erdogan នៃប្រទេសទួរគីបានបើកការប្រជុំសំខាន់មួយដើម្បីសម្រេចអំពីការតែងតាំងយោធាសំខាន់ៗនៅក្រោយអគ្គមេបញ្ជាការជាន់ខ្ពស់៤នាក់របស់ប្រទេសបានលាលែងចេញពីតំណែងកាលពីសប្តាហ៍មុន។ This posting includes an audio/video/photo media file: Download Now |
ការបែកបាក់ផ្ទៃក្នុងនៅសហគមន៍បឹងកក់ខណៈគម្រោងអភិវឌ្ឍចាប់ផ្តើម Posted: 01 Aug 2011 03:38 PM PDT ប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណជាង៥០នាក់បានប្រកាសបដិសេធតំណាងប្រជាពលរដ្ឋមួយក្រុមផ្សេងទៀតដែលធ្លាប់តវ៉ាអស់រយៈពេលជាងពីរឆ្នាំមកហើយ។ បន្ទាប់ពីក្រុមហ៊ុនស៊ូកាគូអ៊ីនចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ខែកក្កដាក្រោមគម្រោងអភិវឌ្ឍន៍ ក្រុមប្រជាពលរដ្ឋដែលរងគ្រោះប្រមាណជិត១.០០០គ្រួសារដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំបានពុះបំបែកចេញជាពីរក្រុម។ ខណៈដែលប្រជាពលរដ្ឋមួយក្រុមដែលសុទ្ធសឹងជាអ្នកក្រីក្របានទាមទារឲ្យសាលាក្រុងភ្នំពេញផ្តល់ដីទំហំបួនម៉ែត្រគុណនឹង១៦ម៉ែត្រសម្រាប់ធ្វើការអភិវឌ្ឍនៅនឹងកន្លែង ប្រជាពលរដ្ឋមួយក្រុមទៀតដែលភាគច្រើនជាអ្នកមានដីធំៗ និងជាអ្នកមានជីវភាពធូរធារបានទាមទារឲ្យកាត់ដីចេញពីគំរោងអភិវឌ្ឍន៍និងផ្ដល់សំណងទៅតាមតម្លៃទីផ្សារ។ ប្រជាពលរដ្ឋមួយក្រុមដែលតំណាងដោយអ្នកស្រី ទេព វន្នី មានតែពីរនាក់ប៉ុណ្ណោះបានធ្វើសន្និសីទកាសែតមួយនៅថ្ងៃច័ន្ទនេះ ដោយបានប្រកាសបដិសេធតំណាងមួយក្រុមផ្សេងទៀតដែលដឹកនាំដោយអ្នកស្រីលី មុំ។ អ្នក ស្រី ទេព វន្នី បាននិយាយប្រាប់អ្នកកាសែតថា ពួកគាត់មិនអាចទទូលយកតំណាងរបស់អ្នកស្រីលី មុំ បានទេពីព្រោះពួកយើងគ្មានទំនុកចិត្ត។ អ្នកស្រីបានបញ្ជាក់ថា យើងនឹងយកស្នាមផ្តិតមេដៃរបស់ប្រជាពលរដ្ឋចំនួនជាង៦០០គ្រួសារទៅជូនសាលាក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះដើម្បីបញ្ជាក់ប្រាប់ថា យើងនៅតែប្រកាន់ជំហរទាមទារដីទំហំបួនម៉ែត្រគុណនឹង១៦ម៉ែត្រ។ «គាត់ត្រូវតែមានការប្រុងប្រយ័ត្នឲ្យដឹងថា តំណាងពិតប្រាកដតាមភូមិគាត់នីមួយៗដែលមានប្រជាពលរដ្ឋគាំទ្រ ហើយជ្រើសតាំងយកជាផ្លូវការ។ ជំហរគាត់ទាមទារ៤ម៉ែត្រគុណ១៦ម៉ែត្រជំហរស៊ូស្លាប់ទាំងអស់គ្នា»។ លោក ជា ចាន់ណា អាយុ៣២ឆ្នាំរស់នៅផ្ទះលេខ៤៥ ភូមិទី២០បានបា្រប់អ្នកសារព័ត៌មានថាលោកធ្លាក់ខ្លួនជាអ្នកដើររើសអេតចាយដោយសារតែការអភិវឌ្ឍនៅដំបន់បឹងកក់។ លោកបានបញ្ជាក់ថា លោកគាំទ្រតំណាងរបស់អ្នកស្រីទេព វន្នី ពីព្រោះលោកចង់បានតែដី៤ម៉ែត្រគុណនឹង១៦ម៉ែត្រប៉ុណ្ណោះ។ «ផ្ទះខ្ញុំមានត្រឹមត្រូវរហូតដល់ដេកតាមសំយ៉ាបផ្ទះគេ ហើយដើររើសអេតចាយក្នុងក្រុងអញ្ចឹង។ សូមអញ្ជើញអាណិតគ្រួសារខ្ញុំ ហើយអយុត្តិធម៌ចំពោះគ្រួសារខ្ញុំខ្លាំងណាស់។ សព្វថ្ងៃវេទនាខ្លាំងណាស់»។ អ្នកស្រី លី មុំ តំណាងប្រជាពលរដ្ឋមួយក្រុមទៀតបាននិយាយថា យើងមិនអាចទាមទារដដែលៗចំពោះអ្វីដែលសាលាក្រុងធ្លាប់បានជំទាស់នោះទេ។ អ្នកស្រីបានបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋមួយចំនួនតូចមានមោទនភាពថា នឹងទាមទារឲ្យបានសម្រេចចំពោះដីបួនម៉ែត្រគុណនឹង១៦ម៉ែត្រ ក៏ប៉ុន្តែអ្នកស្រីមិនមានជំនឿថា សាលាក្រុងយល់ព្រមទេ។ «តំណាងប្រជាពលរដ្ឋមួយចំនួនតូចមានមោទភាពថា គាត់នឹងទាមទារអ្វីដែលគេមិនឲ្យហើយគាត់នឹងទាមទារឲ្យទាល់តែបាន។ អញ្ចឹងខ្ញុំជឿជាក់ថា ការទាមទាររបស់គាត់ធ្វើឲ្យគេបាក់ទឹកចិត្តធ្វើការជ្រើសរើសទៅម្តងបន្តិចៗគ្មានទិសដៅ»។ នៅថ្ងៃច័ន្ទនេះ វីអូអេខ្មែរព្យាយាមទាក់ទងមន្ត្រីសាលាក្រុងភ្នំពេញតែមិនបានទទួលផលទេ ក៏ប៉ុន្តែសាលាក្រុងធ្លាប់បានបដិសេធការទាមទារដីទំហំបួនម៉ែត្រគុណនឹង១៦ម៉ែត្រ។ លោក សៀ ភារម្យ អគ្គលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានបញ្ជាក់ថាការខ្វែងគំនិតគ្នារបស់ប្រជាពលរដ្ឋនឹងធ្វើឲ្យពួកគេបរាជ័យក្នុងការទាមទារ។ លោកមានប្រសាសន៍ថា លោកគាំទ្រមតិភាគច្រើនដោយសារតែអ្នកស្រីលី មុំមានការប្រែប្រួលច្រើន។ «នេះជាការមួយអាចឈានទៅដល់ខាងសាលារាជធានីភ្នំពេញរឺក៏ខាងរដ្ឋាភិបាល។ គេអាចយកលេសហ្នឹងដើម្បីចោទថា ប្រជាពលរដ្ឋមិនមានសណ្តាប់ធ្នាប់ (និងគ្មាន) ជំហរច្បាស់លាស់។ អញ្ចឹងអាចឈានទៅរកការបណ្តេញចេញនៅពេលណានោះ»។ ក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាបានជួលដីបឹងកក់រយៈពេល៩៩ឆ្នាំសម្រាប់សង់មជ្ឃមណ្ឌលពាណិជ្ជកម្មទំនើបៗ និងផ្ទះល្វែងក៏ប៉ុន្តែការអភិវឌ្ឍនេះបានប៉ពាល់ដល់ផ្ទះប្រជាជនជាង៤.០០០ពាន់គ្រួសារ។ ក្រុមហ៊ុននិងសាលាក្រុងភ្នំពេញបានផ្លល់ជម្រើសចំនួនបី។ ទី១ផ្តល់លុយចំនួន៨.០០០ដុល្លារ និង២លានរៀល ទី២សំណងជាផ្ទះល្វែង៤ម៉ែត្រគុណនឹង១២ម៉ែត្រនៅដំណាក់ត្រយឹងដែលមានចម្ងាយជាង២០គមពីទីក្រុងភ្នំពេញ និងទី៣អភិវឌ្ឍនៅនឹងកន្លែង៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |