VOA News: ព័ត៌មាន: “ចៅក្រមនិងព្រះរាជអាជ្ញាជួបគ្នាក្នុងកិច្ចប្រជុំពេញអង្គមុនសវនការនៃសំណុំរឿង០០២” plus 2 more |
- ចៅក្រមនិងព្រះរាជអាជ្ញាជួបគ្នាក្នុងកិច្ចប្រជុំពេញអង្គមុនសវនការនៃសំណុំរឿង០០២
- ការទំនិញនាំចេញពីកម្ពុជាទៅទ្វីបអឺរ៉ុបកើនឡើង
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១ សីហា
ចៅក្រមនិងព្រះរាជអាជ្ញាជួបគ្នាក្នុងកិច្ចប្រជុំពេញអង្គមុនសវនការនៃសំណុំរឿង០០២ Posted: 01 Aug 2011 02:58 PM PDT ចៅក្រមអន្ដរជាតិក្នុងសាលាក្ដីខ្មែរក្រហមបានរំឭកនៅថ្ងៃច័ន្ទនេះអំពីតួនាទីមិនលម្អៀងរបស់ក្រុមចៅក្រមសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា ខណៈដែលចៅក្រមរូបនោះបាននិយាយយោងដល់សំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាស់។ និយាយនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១០របស់ចៅក្រម និងព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមដែលនឹងដំណើរការក្នុងរយៈពេលបីថ្ងៃដើម្បីធ្វើវិសោធនកម្មវិធានផ្ទៃក្នុងចាំបាច់មួយចំនួន លោកស្រី ស៊ីលវៀ ខាតរ៉ៃត៍ (Sylvia Cartwright) អនុប្រធានកិច្ចប្រជុំពេញអង្គនេះ មានប្រសាសន៍ថាក្រុមចៅក្រមត្រូវតែឃ្លាតឆ្ងាយពីការជ្រៀតជ្រែកនានា ក្នុងដំណើរការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះកម្ពុជា។ «យើងសង្ឃឹមថា យើងនឹងទទួលបានជោគជ័យក្នុងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា។ ការណ៍នេះត្រូវការសេចក្ដីក្លាហាន និងការសម្រេចចិត្តដែលក្រុមចៅក្រមនឹងពិនិត្យយ៉ាងពេញលេញនូវភស្ដុតាង និងការប្រតិបត្តិតាមផ្លូវច្បាប់ ហើយនឹងធ្វើសេចក្ដីសម្រេចដែលមិនចំណុះឲ្យឥទ្ធិពលខាងក្រៅ ឬចំណុះឲ្យភាពលម្អៀងជាលក្ខណៈបុគ្គលនោះ»។ សាលាក្ដីខ្មែរក្រហមបានចាប់ដាក់ឃុំឃាំង និងចោទប្រកាន់ជនសង្ស័យដែលជាអតីតមេដឹកនាំខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបនេះសរុបចំនួនប្រាំនាក់ ដែលក្នុងនោះមាន ឌុច អៀង សារី ខៀវ សំផន នួន ជា និងអៀង ធីរិទ្ធ។ ពួកគេត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ជិត២លាននាក់នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ទាំងលោកស្រី ស៊ីលវៀ ខាតរ៉ៃត៍ និងទាំងលោកចៅក្រមគង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូល និងជាប្រធានកិច្ចប្រជុំពេញអង្គសុទ្ធតែបានបង្ហាញថា ការកាត់ទោសសំណុំរឿង០០២ នឹងមកដល់នៅក្នុងអំឡុងចុងឆ្នាំនេះ។ មន្ដ្រីផ្លូវការនៅក្នុងសាលាក្ដីខ្មែរក្រហមឲ្យដឹងថា ការកាត់ទោសនៅក្នុងសំណុំរឿងនេះអាចនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១១នេះ។ ក៏ប៉ុន្ដែមានការលើកឡើងអំពីកង្វល់ជាច្រើន ដែលខ្លាចថាសំណុំរឿង០០៣ និងសំណុំរឿង០០៤ ត្រូវបានបោះបង់ចោល។ លោកសហចៅក្រមស៊ើបអង្កេតអន្ដរជាតិ ស៊ីហ្គហ្វ៊ិដ ប៊្លុង្គ (Siegfried Blunk) បានប្រាប់វីអូអេខ្មែរកាលពីខែមុនថា សំណុំរឿងនេះនឹងមិនត្រូវបានបោះបង់ចោលនោះទេ។ មានការរិះគន់អំពីការជ្រៀតជ្រែកនយោបាយពីរដ្ឋាភិបាលលើសំណុំរឿង០០៣ និងសំណុំរឿង០០៤នេះ ហើយក៏មានការចោទប្រកាន់ជាច្រើនទៀតទាក់ទងនឹងភាពលម្អៀងផ្នែកនយោបាយ ជាពិសេសសំដៅលើភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហម។ លោកស្រី ស៊ីលវៀ ខាតរ៉ៃត៍ មានប្រសាសន៍ថា ការអធិប្បាយជាសាធារណៈទាក់ទងទៅនឹងការងាររបស់សាលាក្ដីខ្មែរក្រហមមិនមែនជាទម្លាប់នៅក្នុងប្រទេសជាច្រើននោះទេ។ ក្រុមចៅក្រម និងសហព្រះរាជអាជ្ញានឹងត្រូវធ្វើវិសោធនកម្មសំខាន់ៗជាច្រើននៅក្នុងរយៈពេលបីថ្ងៃនេះ ជាពិសេសទាក់ទងទៅនឹងការផ្ដល់និតិវិធីដែលមានប្រសិទ្ធិភាពនៅក្នុងការធ្វើបណ្ដឹងឧទ្ធរណ៍ភ្លាមៗចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។ នេះបើផ្អែកតាមលោកចៅក្រម គង់ ស្រ៊ីម។ តែបើផ្អែកតាមលោកស្រីចៅក្រម ស៊ីលវៀ ខាតរ៉ៃត៍ វិញ ការធ្វើវិសោធនកម្មវិធានផ្ទៃក្នុងនេះនឹងធានាដល់តុល្យភាពដល់សិទ្ធិនៃភាគីនានា ជាពិសេសសិទ្ធិរបស់ជនជាប់ចោទ៕ This posting includes an audio/video/photo media file: Download Now |
ការទំនិញនាំចេញពីកម្ពុជាទៅទ្វីបអឺរ៉ុបកើនឡើង Posted: 01 Aug 2011 02:31 PM PDT មន្ត្រីផ្លូវការសហភាពអឺរ៉ុបបានព្យាករណ៍នៅថ្ងៃច័ន្ទនេះថាការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបគ្រោងនឹងកើនឡើងរហូតដល់១.៦០០លានដុល្លារអាមេរិកនៅបំណាច់ឆ្នាំ២០១១ ខណៈដែលការនាំចេញនៅក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះមានការកើនឡើងដល់៩៣០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបឲ្យដឹងថា ការកើនឡើងនេះបានបណ្តាលមកពីបទប្បញ្ញត្តិកាន់តែបន្ធូរបន្ថយ និងកាន់តែងាយស្រួលក្រោយប្រព័ន្ធអនុគ្រោះពន្ធនាំចូលដែលត្រូវបានចាប់ផ្តើមអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១មក។ អ្នកផលិត និងអ្នកនាំចេញកម្ពុជាជាង១០០នាក់មកពីវិស័យផ្សេងៗ ដូចជាវិស័យកាត់ដេរ ស្បែកជើង កសិកម្ម និងសិល្បកម្ម បានចូលរួមក្នុងសិក្ខាសាលាស្តីពីបទប្បញ្ញត្តិថ្មីសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ដែលមានគុណប្រយោជន៍ថ្មី និងមានប្រយោជន៍បំផុតសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុប ដោយសារបទប្បញ្ញត្តិថ្មីក្រោមប្រព័ន្ធអនុគ្រោះពន្ធ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា សហភាពអឺរ៉ុបបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនាំចូល និងគ្មានការកំណត់កូតានាំចូលរបស់កម្ពុជាតាំងពីឆ្នាំ២០០១ដែលហៅថា ផលិតផលគ្រប់ប្រភេទ លើកលែងតែអាវុធ ដែលមានន័យថា ផ្តល់ការមិនបង់ពន្ធនាំចូល និងការមិនកំណត់កូតានាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប សម្រាប់ផលិតផលទាំងអស់ លើកលែងតែអាវុធ និងគ្រាប់រំសេវ សំដៅរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ លោក រ៉ាហ្វាអែល ដូឆៅ ម៉ូរ៉ែណូ (Rafael Dochoa Moreno) ធារភាវីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលាថាការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបបានកើនឡើងដល់៩៣០លានដុល្លារអាមេរិកនៅប្រាំមួយខែដើមឆ្នាំ២០១១នេះ ហើយផលិតផលកម្ពុជាកំពុងបន្តកើនឡើងនៅក្នុងអនាគត។ «កម្ពុជាមិនទាន់មានផលិតផលច្រើនណាស់ណានៅឡើយទេ។ កម្ពុជាមានសក្តានុពលនាំចេញផលិតផលធុនស្រាលជាច្រើន ដូចជា ស្ករ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀតដែលកម្ពុជាមានសក្តានុពលយ៉ាងធំធេងសម្រាប់ការនាំចេញ»។ លោក រ៉ាហ្វាអែល ដូឆៅ ម៉ូរ៉ែណូ បានថ្លែងថា សហភាពអឺរ៉ុបគឺជាអ្នកជំរុញការបើកចំហរពាណិជ្ជកម្មដ៏សំខាន់មួយ ជាកម្លាំងជួយជំរុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប បានកើនឡើងចំនួន៥៣ភាគរយនៅក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១១ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១០។ លោក ម៉ៅ ធូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសិក្ខាសាលាថា លោកបានទទូចដល់អ្នកផលិត អ្នកនាំចេញ កម្មករ និងសហជីពជួយការពារការនាំចេញផលិតផលគ្រប់ប្រភេទ លើកលែងតែអាវុធ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១ សីហា Posted: 31 Jul 2011 08:44 PM PDT ស៊ីរី៖ ពួកសកម្មជនស៊ីរីនិយាយ ថាពួកទាហានរដ្ឋាភិបាលគាំទ្រដោយកងរថក្រោះបានបាញ់ទៅលើក្រុមពលរដ្ឋក្នុងការឆ្មក់ វាយប្រហារមួយនៅក្រុងហាម៉ា បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់។ ស៊ីរី៖ ប្រធានាធិបតីស.រ.អ. បារ៉ាក់អូបាម៉ា បានមានប្រសាសន៍ថា លោក «មានការរន្ធត់» ដោយអាជ្ញាធរស៊ីរីបានប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងប្រជារាស្ត្ររបស់ផងខ្លួនផ្ទាល់ ក្រោយពួកសកម្មជនសិទ្ធិមនុស្សបាននិយាយថា ការវាយប្រហារមួយដោយកងយោធាទៅលើទីក្រុងហាម៉ាបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់។ អ៊ីរ៉ង់៖ មេធាវីរបស់អ្នកដើរលេងក្នុងតំបន់ភ្នំជនជាតិអាមេរិកាំងដែលជាប់គុកក្នុងប្រទេសអ៊ីរ៉ង់ពីបទចោទប្រកាន់ថាធ្វើចារកម្មនិយាយថា តុលាការនឹងប្រកាសអំពីសាលក្រមមិនឱ្យហួសពីសប្តាហ៍ក្រោយទេ។ អាហ្វហ្គានីស្ថាន៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទ្បានមួយគ្រឿងក្នុងខេត្ត Helmand នៃប្រទេសអាហ្វហ្គានីស្ថានបានបណ្តាលឱ្យប៉ូលីស១២នាក់ និងកុមារម្នាក់ស្លាប់ ដែលជាការវាយប្រហារធំបែបនេះលើកដំបូងនៅតំបន់មួយ ដែលនៅទីនោះកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកាន់កាប់ការទទួលខុសត្រូវខាងសន្តិសុខទាំងស្រុងពីក្រុមទាហានដឹកនាំដោយអង្គការអូតង់។ អាហ្វ្រិក៖ ពួកអ្នកឃើញហេតុការដោយផ្ទាល់និយាយថា សមាជិកម្នាក់នៃសភាប្រទេសសូម៉ាលីក្នុងទ្វីបអាហ្វ្រិកបានត្រូវបាញ់ស្លាប់ក្នុងរដ្ឋធានី Mogadishu។ លោក Khalif Jire Warfaa បានត្រូវសម្លាប់កាលពីថ្ងៃអាទិត្យនៅសង្កាត់ Hamar Weyne នៃក្រុង Mogadishu។ ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានដាក់កំហិតការរឹតត្បិតខាងការធ្វើដំណើរថ្មីៗលើពួកអ្នកការទូតស.រ.អ. ដែលរស់នៅក្នុងប្រទេសនេះដែលជាសញ្ញាថ្មីបំផុតនៃចំណងទាក់ទងគ្នាដែលអាក្រក់ខ្លាំងទ្បើងៗរវាងសម្ព័ន្ធមិត្តដែលមានវិបត្តិទាំងពីរនេះ ចាប់តាំងពីប្រទេសអាមេរិកបានធ្វើការឆ្មក់វាយប្រហារដែលបានសម្លាប់ អូសាម៉ា ប៊ីនឡាដេន ជាមេដឹកនាំពួកអាល់កៃដាកាលពីដើមឆ្នាំនេះ។ សហរដ្ឋអាមេរិក៖ ពួកមេដឹកនាំព្រឹទ្ធសភាស.រ.អ.បានផ្តល់សេចក្តីរាយការណ៍ផ្ទុយគ្នាអំពីថាតើសភានិងសេតវិមានជិតសម្រេចកិច្ចព្រមព្រៀងមួយបែបណាដើម្បីឱ្យរដ្ឋាភិបាលមានប្រាក់សងបំណុលចំនួន១៤,៣លានលានដុល្លារ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |