VOA News: ព័ត៌មាន: “មេបញ្ជាការទ័ពជើងទឹកអាមេរិកមកធ្វើទស្សនកិច្ចកម្ពុជា” plus 2 more |
- មេបញ្ជាការទ័ពជើងទឹកអាមេរិកមកធ្វើទស្សនកិច្ចកម្ពុជា
- អ្នកបឹងកក់ត្រូវបានហាមឃាត់មិនឱ្យបញ្ចេញយោបល់
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៣ សីហា
មេបញ្ជាការទ័ពជើងទឹកអាមេរិកមកធ្វើទស្សនកិច្ចកម្ពុជា Posted: 03 Aug 2011 12:39 PM PDT មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានៅថ្ងៃពុធនេះ សំដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកឧត្តមនាវីឯកស្កុត វ៉ាន់ ប៊ូសស្កឺក (Scott Van Buskirk) មេបញ្ជាការនៃកងនាវាទី៧ សហរដ្ឋអាមេរិក បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែសីហានេះ។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារប្រទេសបានថ្លែងថាលោកឧត្តមនាវីឯក Scott Van Buskirk បានជួបជាមួយលោកឧត្តមនាវីឯក សៅ សារិនមេបញ្ជាការរងកងទ័ពជើងទឹកនិងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងកិច្ចការនយោបាយ និងការបរទេសនៃក្រសួងការពារជាតិដើម្បីពិភាក្សាបញ្ហាទ្វេភាគីនិងបញ្ហាតំបន់ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថាភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងការហ្វឹកហ្វឺន និង ការត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការលើផ្ទៃទឹក (CARAT) ក្នុងឆ្នាំនេះ ពង្រឹងចំណងទាក់ទងយោធាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដំណើរការលំហាត់ហ្វឹកហ្វឺនបន្ថែមដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកក្នុងផ្នែកសន្តិសុខដែនសមុទ្រ ការរុករក និងការជួយសង្គ្រោះ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលកើតមានដោយគ្រោះធម្មជាតិ និងជំនួយមនុស្សធម៌ ជំនាញក្នុងការគ្រប់គ្រងនាវា និងការធ្វើដំណើរលើផ្ទៃសមុទ្រជាដើម។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាការបង្ហាញឡើងនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ «ខ្ញុំគិតថាទស្សនកិច្ចនេះសំដៅបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបង្កើននូវដំណើរការសហប្រតិបត្តិការគ្នាក្នុង ការថែរក្សាសន្តិសុខក្នុងតំបន់និងពិភពលោក»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកឧត្តមនាវីឯក Scott Van Buskirk មានគម្រោងនឹងទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ដើម្បីមើលការហ្វឹកហាត់របស់កងទ័ពជើងទឹកកម្ពុជា។ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាដំណើរទស្សនកិច្ចរបស់លោកឧត្តមនាវីឯក និងគណៈប្រតិភូរបស់លោកនេះបង្កើនឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ»។ ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិកបានប្រសើរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កងទ័ពកម្ពុជា និង សហរដ្ឋអាមេរិកប្រមាណ៥០០នាក់បានចូលរួមធ្វើសមយុទ្ធលើកទីមួយនៅក្នុងតំបន់មួយចំនួន មានដូចជាមូលដ្ឋានកងទ័ពជើងទឹកនៅខេត្តព្រះសីហនុ ទីបញ្ជាការរថក្រោះ និងមូលដ្ឋានកងទ័ពជើងគោកពិចនិលពីខែកុម្ភៈដល់ខែមិនា ឆ្នាំ២០១១ ព្រមទាំងសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១០ និងឆ្នាំ២០១១។ នៅក្នុងព្រឹត្តិការណ៍មួយទៀត មានរោងដាក់រថក្រោះ រថពាសដែក រថយន្ត និងសម្ភារៈ យោធាដែលមានតម្លៃជាង២៨លានដុល្លារអាមេរិកសម្រាប់ក្រុមអង្គរក្សលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានសម្ពោធកាលពីថ្ងៃអង្គារ។ ថវិកាទាំងនេះបានមកពីសប្បុរសជនក្នុងស្រុក ប្រទេសវៀតណាម ប្រទេសចិន និងប្រទេសកូរ៉េ។ លោកឧត្តមសេនីយ៍ឯក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកហ៊ុន សែនបានបញ្ជាក់ថាទីបញ្ជាការដ្ឋានអង្គរក្សនេះមានតួនាទីសំខាន់ណាស់សម្រាប់ការពារសុវត្ថិភាព ជូនលោកនាយករដ្ឋមន្ត្រី៕ This posting includes an audio/video/photo media file: Download Now |
អ្នកបឹងកក់ត្រូវបានហាមឃាត់មិនឱ្យបញ្ចេញយោបល់ Posted: 03 Aug 2011 12:53 PM PDT តំណាងប្រជាពលរដ្ឋតំបន់បឹងកក់មួយក្រុមបានអះអាងថានឹងធ្វើការទាមទាររហូតដល់មានដំណោះស្រាយបើទោះបីជាមានការព្រមានពីអាជ្ញាធរមិនឱ្យមានការជួបប្រជុំក៏ដោយ។ កាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំមួយរវាងតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់និងចៅសង្កាត់ស្រះចកបានធ្វើឡើងរយៈពេលជិតពីរម៉ោង។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានតំណាងប្រជាពលរដ្ឋបានដកស្រង់សំដីលោក ឆាយ ធីរិទ្ធចៅសង្កាត់ស្រះចកបានព្រមានប្រជាពលរដ្ឋថារាល់សម្មភាពនៃការជួបប្រជុំឬធ្វើសន្និសីទកាសែតចាប់ពី១០នាក់ឡើងទៅត្រូវរាយការណ៍ជូនអាជ្ញាធរឬក៏សុំច្បាប់ចំណែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិព្រមទាំងអង្គការក្រៅរដ្ឋាភិបាលដែលត្រូវចូលយកព័ត៌មាននៅសហគមន៍បឹងកក់ត្រូវតែផ្តល់ដំណឹងឬដាក់ច្បាប់និងចំណុចចុងក្រោយការតវ៉ារបស់ពលរដ្ឋកុំឱ្យមានពាក់ព័ន្ធនឹងគណបក្សនយោបាយ។ អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់បានផ្តល់បទសម្ភាសដោយផ្ទាល់ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកថាអ្នកស្រីមិនខ្លាចនឹងការព្រមាននេះទេហើយជំហររបស់ពួកគាត់នៅតែទាមទាររហូតដល់មានដំណោះស្រាយ។ «ប្រជាពលរដ្ឋនិងតំណាងទាំងអស់គាត់គិតថាអាហ្នឹងវាប្រៀបដូចជាខ្សែចាប៉ីកាលណាវារឹតតឹងវាដាច់ហើយ។ ដូចពួកខ្ញុំអញ្ចឹងកាលណាវារឹតតឹងគឺកាន់តែរើអញ្ចឹងពួកខ្ញុំអត់មានរាថយទេ»។ ប្រជាពលរដ្ឋនៅតំបន់បឹងកក់មានតំណាងពីរក្រុម។ ម្ខាងទាមទារដីទំហំ៤ម៉ែត្រគុណនិង១៦ម៉ែត្រសម្រាប់ធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែងចំណែកឯមួយក្រុមទៀតទាមទារឱ្យកាត់ដីចេញពីគម្រោងអភិវឌ្ឍន៍និងផ្តល់សំណងទៅតាមតម្លៃទីផ្សារ។ ការទាមទាររបស់ពលរដ្ឋទាំងពីរក្រុមនេះសាលាក្រុងភ្នំពេញមិនទាន់បានសម្រេចនៅឡើយ។ អ្នកស្រី តុល ស្រីពៅ តំណាងប្រជាពលរដ្ឋមួយរូបផ្សេងទៀតបាននិយាយថាសាលាក្រុងភ្នំពេញគួរតែទទួលស្គាល់ដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋហើយនៅពេលណាដែលមានការទទួលស្គាល់ពួកគាត់លែងប្រមូលផ្តុំគ្នាដើម្បីតវ៉ាទៀតហើយ។ អ្នកស្រីបានបញ្ជាក់ថាការរារាំងរបស់អាជ្ញាធរមិនឱ្យតវ៉ាជាការបំបិទសិទ្ធិរបស់ពលរដ្ឋ។ «បំបិទសិទ្ធិពលរដ្ឋមិនមែនមានតែតំបន់បឹងកក់ទេ សឹងតែទូទាំងប្រទេសពីព្រោះការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះមិនមែនជាប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យទេគឺជាប្រទេសមួយដែលកុម្មុយនីស្តទៅវិញទេ»។ លោក ឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចកមិនបានធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់ពលរដ្ឋទេ។ នៅពេលដែលវីអូអេព្យាយាមទាក់ទងលោកបានអះអាងថាកំពុងជាប់រវល់។ លោក សៀ ភារម្យ នាយកក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានបញ្ចាក់ថាការរារាំងមិនឱ្យមានសិទ្ធិជួបប្រជុំគឺជាការរំលោភច្បាប់។ «ការបំពានម្សិលម៉ិញបានឆ្លុះឱ្យឃើញពីបរិបទនៅក្នុងប្រទេសរបស់យើងកាន់តែតូចចង្អៀតហើយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែលេសរបស់អាជ្ញាធរ»។ លោក ចាន់ សាវ៉េតមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថាការកោះហៅរបស់អាជ្ញាធរដើម្បីធ្វើការព្រមានទៅលើប្រជាពលរដ្ឋជាការមិនអនុវត្តទៅលើសិទ្ធិសេរីភាពរបស់មនុស្ស។ «យើងខ្ញុំទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែបើកសិទ្ធិសេរីភាពឱ្យពលរដ្ឋយើងសម្តែងមតិយោបល់ ទាក់ទងនឹងទំនាស់ផ្សេងៗហើយការទាមទារមតិយោបល់សង្គមលទ្ធិប្រជាធិបតេយ្យគេត្រូវតែធ្វើអញ្ចឹង»។ យោងតាមច្បាប់បាតុកម្មឆ្នាំ២០០៩បានបញ្ជាក់ថារាល់ការធ្វើបាតុកម្មជាសាធារណៈត្រូវតែមានការសុំច្បាប់ពីអាជ្ញាធរជាមុនសិន។ ក៏ប៉ុន្តែច្បាប់នេះមិនបានហាមការជួបប្រជុំរបស់អង្គការក្រៅរដ្ឋាភិបាលឬហាមមិនឱ្យរៀបចំធ្វើសន្និសីទកាសែតទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៣ សីហា Posted: 02 Aug 2011 08:02 PM PDT ព័ត៌មានចុងក្រោយបំផុត៖ វៀតណាម៖ សភាជាតិរបស់វៀតណាមបានយល់ព្រមចំពោះគណៈរដ្ឋមន្រ្តីថ្មី ដែលមានសមាសភាពភាគច្រើនជាអ្នកគាំទ្រនាយករដ្ឋមន្រ្តី Nguyen Tan Dung។ អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានចាប់ផ្តើមកាត់ទោសអតីតប្រធានាធិបតី Hosni Mubarak ដែលបានស្ថិតនៅក្នុងបន្ទប់តុលាការនៅថ្ងៃពុធនេះរយៈពេល៦ខែបន្ទាប់ពីលោកបានត្រូវទម្លាក់ចេញពីអំណាចនៅក្នុងបដិវត្តន៍មួយដែលមានរយៈពេល១៨ថ្ងៃដែលអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ។ ចិន/ស.រ.អ.៖ ចិនដែលជាម្ចាស់បំណុលដ៏ធំបង្អស់របស់សហរដ្ឋអាមេរិក កំពុងបញ្ជូនសញ្ញាពីការមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនៅសប្តាហ៍នេះដើម្បីដំឡើងការកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិក និងចំពោះមធ្យោបាយដែលគេបានសម្រេចកិច្ចព្រមព្រៀងនោះ។ ចិន៖ បណ្តាញផ្សាយព័ត៌មានរដ្ឋចិនរាយការណ៍ថា មនុស្សជាង២លាននាក់ក្នុងតំបន់រាំងស្ងួត កំពុងទទួលរងគ្រោះពីការខ្វះទឹកបរិភោគយ៉ាងខ្លាំង។ ស៊ីរី៖ កងកម្លាំងសន្តិសុខនៃប្រទេសស៊ីរីបានពង្រីកការឡោមព័ទ្ធប្រកបដោយការបង្ហូរឈាមរបស់ខ្លួនប្រឆាំងពួកបាតុករប្រឆាំងរដ្ឋាភិបាល ដោយធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងរយៈពេល៣ថ្ងៃមានចំនួនលើសពី១៣០នាក់នៅពេលដែលសហគមន៍អន្តរជាតិបានធ្វើឲ្យរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad កាន់តែឯកកោខ្លាំងឡើង។ លីប៊ី៖ គ្រួសាររបស់មេដឹកនាំយោធាឧទ្ទាមលីប៊ីដែលបានត្រូវគេធ្វើឃាតុកាលពីសប្តាហ៍មុននិយាយថា កុលសម្ព័ន្ធដ៏មានអំណាចមួយអាចស្វែងរកយុត្តិធម៌ដោយខ្លួនឯងប្រសិនបើពួកមេដឹកនាំប្រឆាំងខកខានមិនបានបញ្ចេញថាតើនរណាស្ថិតនៅខាងក្រោយនៃការសម្លាប់នោះទេ។ ជប៉ុន៖ សភាជប៉ុនបានអនុម័តផែនការមួយដើម្បីសងជំងឺចិត្តដល់ជនរងគ្រោះនៃមហន្តរាយរោងចក្រនុយក្លេអ៊ែរ Daiichi នៃទីក្រុង Fukushima។ អូស្ត្រាលី៖ ចៅក្រមអូស្រ្តាលីម្នាក់បានផ្អឹបទ្រព្យសម្បត្តិមកពីសៀវភៅដែលបានសរសេរដោយ David Hick អតីតអ្នកទោសច្រកសមុទ្រ Guantanamo អំពីការជាប់ក្នុងមន្ទីរឃុំឃាំងរបស់លោកនៅមជ្ឈមណ្ឌលឃុំឃាំងភេរវកម្មរបស់សហរដ្ឋអាមេរិក។ ការ៉ាអ៊ីប៖ ការព្រមាននិងការតាមដានចំពោះដំណើរខ្យល់ព្យុះតំបន់ត្រូពិក បានត្រូវប្រកាសនៅផ្នែកនានានៃតំបន់សមុទ្រការ៉ាអ៊ីប នៅពេលដែលខ្យល់ព្យុះតំបន់ត្រូពិក Emily ត្រូវគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់កោះ Hispaniola នៅយប់ថ្ងៃពុធនេះ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> ថៃ៖ របាយការណ៍ព័ត៌មានអាស៊ីនិយាយថា តុលាការឧក្រិដ្ឋកម្មមួយក្នុងប្រទេសថៃបានអនុញ្ញាតឱ្យមានការបង់ប្រាក់ធានានៅក្រៅឃុំសម្រាប់អតីតមេដឹកនាំក្រុមប្រឆាំង២នាក់ដែលជាប់គុក ដោយត្រូវចោទពីបទភេរវកម្មកាលពីឆ្នាំទៅមិញ ក្នុងការទាក់ទិនជាមួយបាតុកម្មដ៏ធំប្រឆាំងនឹងរដ្ឋាភិបាល ហើយបង្កឲ្យមនុស្សយ៉ាងតិចណាស់៩០នាក់ស្លាប់។ វៀតណាម៖ តុលាការឧទ្ធរណ៍មួយក្នុងប្រទេសវៀតណាមបានរក្សាទុកទោសជាប់គុក៧ឆ្នាំសម្រាប់អ្នកប្រឆាំងម្នាក់ដែលជាកូនប្រុសរបស់អ្នកបដិវត្តម្នាក់ក្នុងបណ្តាពួកអ្នកបដិវត្តវៀតណាម។ ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការជជែកដេញដោលគ្នាក្នុងថ្ងៃទីពីរអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តមួយថ្កោលទោសអំពើហិង្សាក្នុងប្រទេសស៊ីរី។ លីប៊ី៖ ពួកទាហានរដ្ឋាភិបាលលីប៊ី និងក្រុមឧទ្ទាមប្រយុទ្ធគ្នានៅជិតក្រុង Zlitan ខាងកើតប្រទេសលីប៊ី ដែលនៅទីនោះក្រុមយុទ្ធជនឧទ្ទាមកំពុងខិតខំព្យាយាមដណ្តើមការត្រួតត្រាតំបន់នោះពីកងកម្លាំងរដ្ឋាភិបាល។ សូម៉ាលី៖ ពួកមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកអូបាម៉ាបាននិយាយកាលពីថ្ងៃអង្គារថាពួកគេបានចេញគោលការណ៍ណែនាំថ្មីក្នុងសេចក្តីសង្ឃឹមថានឹងបង្កើនជំនួយដល់ប្រទេសសូម៉ាលីដែលមានបញ្ហារាំងស្ងួតនិងទូរភិក្ស។ អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានីស្ថាននិយាយថាពួកអ្នកដាក់គ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សយ៉ាងតិចណាស់បួននាក់ និងធ្វើឱ្យមនុស្ស១០នាក់ទៀតត្រូវរបួសក្នុងផ្នែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិក៖ ក្រុមសមាជិកព្រឹទ្ធសភាស.រ.អ.បានបោះឆ្នោត៧៤សម្លេងទល់នឹង២៦ដើម្បីគាំទ្រវិធានការសម្របសម្រួលនេះដោយបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនលោកប្រធានាធិបតីក្នុងរយៈពេលតិចជាង១២ម៉ោងមុនពេលរដ្ឋាភិបាលគ្មានប្រាក់សងបំណុល។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |