VOA News: ព័ត៌មាន: “សហ​ព្រះរាជ​អាជ្ញា​សាលាក្ដី​ខ្មែរក្រហម​ជំរុញ​ឲ្យ​ចៅក្រម​​បញ្ចេញ​ព័ត៌មាន​​សំណុំ​រឿង​០០៤” plus 3 more

VOA News: ព័ត៌មាន: “សហ​ព្រះរាជ​អាជ្ញា​សាលាក្ដី​ខ្មែរក្រហម​ជំរុញ​ឲ្យ​ចៅក្រម​​បញ្ចេញ​ព័ត៌មាន​​សំណុំ​រឿង​០០៤” plus 3 more


សហ​ព្រះរាជ​អាជ្ញា​សាលាក្ដី​ខ្មែរក្រហម​ជំរុញ​ឲ្យ​ចៅក្រម​​បញ្ចេញ​ព័ត៌មាន​​សំណុំ​រឿង​០០៤

Posted: 05 Aug 2011 01:32 PM PDT

សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ ​លោក​ Andrew​ Cayley ​បាន​ជំរុញ​​បន្ថែម​ទៀត​​នៅ​​ថ្ងៃ​សុក្រ​​នេះ​​ ឲ្យ​​សហ​​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរក្រហម​បញ្ចេញ​​ព័ត៌មាន​​ស្ដីពី​​ការ​ស៊ើប​អង្កេត​​ក្នុង​​សំណុំ​​រឿង​​០០៤។ ​​លោក​ Andrew​ Cayley ​ចាត់ទុក​ថា​ ការ​ស្នើសុំ​នេះ​នឹង​ផ្ដល់​ផល​​ប្រយោជន៍​យ៉ាង​សំខាន់​​សម្រាប់​​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ចង់​ចូលរួម​​ក្នុង​ដំណើរការ​ក្ដី​​ចុង​ក្រោយ​​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​ លោក​សហ​ព្រះរាជអាជ្ញា​សញ្ជាតិ​អង់គ្លេស​បញ្ជាក់​ថា​ សាធារណជន​ត្រូវការ​ព័ត៌មាន​អំពី​សំណុំ​រឿង​​នេះ​ដែល​​ជា​ប្រយោជន៍​ដល់​ជន​រងគ្រោះ​ និង​សាក្សី​ និង​​ជន​សង្ស័យ។

លោក​ Andrew ​Cayley​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ​ការ​ជូន​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​ដល់​ជន​រងគ្រោះ​គឺ​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ចែង​​នៅ​​ក្នុង​ច្បាប់​ ហើយ​អង្គ​បុរេ​ជំនុំជម្រះ​ក៏​បាន​សម្រេច​ដូចគ្នា​នេះ​ដែរ​ថា​ សហ​ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​និង​ទាន់​ពេលវេលា​ដល់​ជន​រងគ្រោះ​ក្នុង​ដំណាក់កាល​មុន​សវនាការ។

«អង្គ​បុរេ​ជំនុំជម្រះ​បាន​ថ្លែង​ថា ​សហ​ចៅក្រម​ស៊ើបអង្កេត​មាន​កាតព្វកិច្ច​ជម្រាប​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ។ ​ដូច្នេះ ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ដាក់ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិនអាច​ដាក់ពាក្យ​សុំតាំងខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បានទេ​ ក្នុង​ពេល​នេះ​ ពី​ព្រោះ​ប្រសិន​បើ​អ្នក​មិន​ដឹង​អំពី​អ្វី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នោះទេ ​អ្នក​មិន​អាច​ដាក់​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បានទេ។​ ជា​ការណ៍​ពិត​ នៅ​ពេល​ដែល​អ្នក​ដឹង​តិចតួច​ពី​ឧក្រិដ្ឋ​កម្ម​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​​ អ្នក​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​ថា ​អ្នក​អាច​​ក្លាយ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឬក៏​អត់​នោះ​ទេ»។

សេចក្ដី​ថ្លែង​ការណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺជា​ការ​ប្រឹងប្រែង​មួយ​​ទៀត​ដើម្បី​ទម្លុះភាព​ស្ងប់ស្ងៀម​នៃ​សំណុំរឿង​០០៣​ និង​សំណុំ​រឿង​០០៤​​ដែល​ក្រុម​មន្ដ្រី​អង្គការ​សង្គម​​ស៊ីវិល​តែងតែ​លើក​ជា​កង្វល់​ថា ​សំណុំ​រឿង​ទាំងពីរ​នឹង​ត្រូវ​បោះបង់​ចោល​ ខណៈ​ដែល​មាន​ព័ត៌មាន​​តិចតួច​បំផុត​បាន​ត្រូវ​គេដឹង​ ឮ​ជា​សាធារណៈ។ ​លោក​ Andrew​ Cayley​ ធ្លាប់​បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​​ស៊ើប​អង្កេត​ ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​០០៣ ​ដែល​​សហ​ចៅក្រម​បិទ​បញ្ចប់​កាលពី​​ខែ​​មេសា​ ក៏ប៉ុន្តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ទាត់​ចោល​សំណើ​នោះ។​ លោក​ Andrew​ Cayley​ កំពុង​បន្ដ​បណ្ដឹង​ឧទ្ធរណ៍​លើ​សំណុំ​រឿង​០០៣​នេះ ​ដែល​លោក​​អះអាង​ថា ​ដើម្បី​ជា​ប្រយោជន៍​តំណាង​ឲ្យ​ជន​រងគ្រោះ។

លោក​ឡាស​ អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​ មាន​ប្រសាសន៍​​ថា ​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​បាន​ដាក់​សំណើ​របស់​ខ្លួន​ទាក់ទង​នឹង​សំណុំ​រឿង​​០០៤​នេះ​​ជូន​ទៅ​​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​​រួច​ហើយ​ ប៉ុន្ដែ​លោក​មិន​ដឹង​ថា ​តើ​សហ​ចៅក្រម​ស៊ើប​អង្កេត​​នឹង​ចាត់​វិធាន​យ៉ាងណា​នោះទេ​ ចំពោះ​សំណើ​នោះ។

ជាមួយ​គ្នា​នេះ ​លោកស្រី ​Silke Stuzensky​ មេធាវី​មួយរូប​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​ បាន​លើក​​ឡើងថា​ កង្វះ​ព័ត៌មាន​ជាក់លាក់​អំពី​ការ​ស៊ើប​​អង្កេត​ក្នុង​សំណុំរឿង​០០៤​ រួមទាំង​សំណុំ​រឿង​០០៣​ផងដែរ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដាក់​ពាក្យ​ស្នើសុំ​​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​ជន​រងគ្រោះ។​ លោកស្រី​បញ្ជាក់​ថា ​លោកស្រី​គាំទ្រ​ការ​ជំរុញ​របស់​លោក​ Andrew ​Cayley។

«ខ្ញុំយល់​ស្រប​យ៉ាងពេញ​ទំហឹង​ថា​ វា​គឺជា​ការ​ចាំបាច់​ដែល​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ត្រូវ​បង្ហាញ​នូវ​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

សំណុំ​រឿង​០០៤ ​ត្រូវ​គេ​ដឹង​ក្រៅផ្លូវការ​ថា ​មាន​ជន​ជាប់​សង្ស័យ​ចំនួន​បីនាក់​ដែល​ជា​អតីត​កម្មាភិបាល​​ខ្មែរក្រហម​ថ្នាក់​កណ្ដាល​ដែល​មាន​ឥទ្ធិពល​ក្នុង​ឧក្រិដ្ឋកម្ម។​របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និយាយ​ពី​ភារកិច្ច​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជា​​សាធារណៈ​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​នៅ​ថ្ងៃនេះ​ កញ្ញា ​Tessa ​Bialek ​និស្សិត​កម្មសិក្សា​មក​ពី​សាកលវិទ្យាល័យ​យែល​ សហរដ្ឋ​អាមេរិក ​ចាត់​ទុក​ថា​ ការ​ខកខាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​ក្នុង​សំណុំ​រឿង​០០៣ ​កន្លង​ទៅ​នេះ​​​គឺជា​ការ​រំលោភ​សិទ្ធិ​ចូលរួម​របស់​ពួកគេ​ក្នុង​ការ​ទាមទារ​សំណង​និង​ការ​គាំទ្រ​ការ​​ស៊ើប​អង្កេត។​ ហើយ​សហ​ចៅក្រម​ស៊ើបអង្កេត​ត្រូវតែ​ផ្ដល់​ព័ត៌មាន​ចាំបាច់​អំពី​សំណុំ​រឿង​០០៤​ដល់​ជនរង​គ្រោះ​ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី៕

This posting includes an audio/video/photo media file: Download Now

សាលា​រាជធានី​ភ្នំពេញ​មិន​ឲ្យ​កម្មករ​ដង្ហែរ​ក្បួន​តវ៉ា

Posted: 05 Aug 2011 01:07 PM PDT

សាលារាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ហាម​ឃាត់​ការ​ដើរ​ដង្ហែរ​ក្បួន​របស់​សហជីព​កម្មករ​ ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​ និង​ទំនិញ​គ្រប់​ប្រភេទ​ ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សហជីព​បាន​ហៅ​ការ​ហាមឃាត់​នេះ​ថា ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​ ដែល​ជា​សហជីព​កម្មករ​មួយ​ទើប​បង្កើត​ថ្មី​ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ ធ្វើ​ការ​ដង្ហែរ​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ម្ហូប​អាហារ​ តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​ ជា​ពិសេស​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ដែល​កំពុង​តែ​ឡើង​ថ្លៃ។

លោក​កើត​ ឆែ​ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​នៅ​ក្នុង​កំណត់​ហេតុ​ប្រជុំ​រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​សហជីព​ថា​ សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ត្រឹម​ចំនួន​២០០​នាក់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ដើរ​ដង្ហែរ​ក្បួន​ឡើយ។

លោក​ជ័យ​ សុវណ្ណ​ អនុប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​ បាន​ទទូច​ធ្វើ​ការ​ជួប​ប្រជុំ​ដោយ​មាន​អ្នក​ចូល​រួម​ចំនួន​១.៥០០​នាក់​ តែ​មិន​ធ្វើ​ការ​ដើរ​ដង្ហែរ​ក្បួន​ទេ។​ តាម​សេចក្តី​ថ្លែង​ការណ៍​ ការ​ដង្ហែរ​ក្បួន​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​របស់​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​ ឆ្លង​កាត់​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ជា​ពិសេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ម្ហូប​អាហារ​ និង​ទំនិញ​គ្រប់ប្រភេទ​ ឱ្យ​បាន​លឿន​ជា​ទី​បំផុត​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​លំបាក​នា​ពេល​បច្ចុប្បន្ន​នេះ។

តាម​សេចក្តី​ថ្លែងការណ៍​នេះ​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​ដាក់​សំណើ​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដើម្បី​សុំ​ឱ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ឆ្លើយ​តប ​ឬ​អន្តរាគមន៍​ណា​មួយ​ពី​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ។​ ការណ៍​នេះ​បាន​បង្ខំ​ឱ្យ​សហជីព​សម្រេច​រៀបចំ​ការ​ដើរ​ដង្ហែរ​ក្បួន​ ​ដោយ​មាន​ការ​ចូល​រួម​ពី​កម្មករ​ កម្មការិនី​ សិស្ស​ និស្សិត​ គ្រូបង្រៀន​ អ្នក​រត់ម៉ូតូឌុប​ ម៉ូតូ​កង់​បី​ អ្នក​រត់​តាក់​ស៊ី​ និង​ប្រជាពលរដ្ឋ​ចំនួន​១៥០០​នាក់។

លោក​កើត​ ឆែ​បាន​និយាយ​នៅ​ក្នុង​កំណត់​ហេតុ​ប្រជុំនេះ​​ថា​ អ្នក​រៀបចំការ​តវ៉ា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ហ្វូង​មនុស្ស​ទាំងមូល​ ហើយ​ការ​បព្ចេញ​មតិ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ ឥស្សរជន​ជាន់ខ្ពស់​ និង​មិន​ត្រូវ​យក​វេទិកា​នេះ​បម្រើ​ឱ្យ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។​ ក្នុង​ករណី​មិន​គោរព​តាម​ការ​សន្យា​ អ្នក​រៀបចំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក​ជ័យ​ សុវណ្ណ​ អនុប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​ បាន​ថ្លែង​ថា៖

«ការ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែរ​ក្បួន​នេះ​គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​កម្មករ។ ​ខ្ញុំ​យល់​ឃើញ​ថា​ ការ​មិន​ឱ្យ​ហែរ​នេះ​គឺ​បិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ​ កម្មការិនី​ ដែល​គាត់​ចង់​បញ្ចេញ​មតិ​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ គាត់ ​ចង់​ឲ្យ​ទំនិញ​គ្រប់​កន្លែង​ ជាពិសេស​ថ្លៃ​ប្រេងសាំង​ ឱ្យ​ចុះ​ថោក។​ ខ្ញុំ​ចង់​និយាយថា​ បិទ​សិទ្ធិ​សេរីភាព​របស់​គាត់​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ»។

លោក​ចាន់​ សាវ៉េត​ ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា ​«ការ​ហាមឃាត់​ការ​ដើរ​ដង្ហែរ​ក្បួន​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ខ្ញុំ​គិត​ថា​ ពួក​គាត់​ធ្វើ​នេះ​គឺ​គាត់​មាន​សិទ្ធិ​ត្រឹម​ត្រូវ។​ គាត់​អនុវត្ត​តួនាទី​សិទ្ធិ​សេរីភាព​ ដើម្បី​បង្ហាញ​មតិ ​យោបល់​ជូន​ដល់​រាជ​រដ្ឋាភិបាល​ តែ​បើ​រាជរដ្ឋាភិបាល​ទប់ស្កាត់​គាត់​មិន​ឱ្យ​គាត់​ដើរ​ជា​ក្បួន​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ វា​អាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​នេះ​អាច​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ពួក​គាត់​ និង​អាច​ជា​ការ​ដាក់​សម្ពាធ​មិន​ឱ្យ​គាត់​អនុវត្ត​សិទ្ធិ​សេរីភាព»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ ដើម្បី​សម្តែង​មតិ​របស់​ខ្លួន​នៅ​តាម​ផ្លូវ​សាធារណៈ​ទេ​ លើក​លែង​តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

និស្សិត​អាមេរិក​ស្ម័គ្រ​ចិត្ត​ជួយ​សាងសង់​ផ្ទះ​នៅ​កម្ពុជា

Posted: 05 Aug 2011 02:49 PM PDT

សិស្ស​វិទ្យាល័យ​អាមេរិក​មួយ​ក្រុម​បាន​ចុះ​ទៅ​ជួយ​សាង់​សង់​លំនៅដ្ឋាន​ដល់​គ្រួសារ​សិស្ស​ក្រីក្រ​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ ​ការ​សាងសង់​ផ្ទះ​នោះ​ស្ថិត​ក្នុង​គម្រោង​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដើម្បី​ជួយ​កុមារ​ឲ្យ​បាន​ចូល​សាលារៀននិង​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។

តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច​ នៅពេល​បាន​ជួយ​សាងសង់​ផ្ទះ​ឲ្យ​​អ្នក​ដទៃ​នោះ?

សិស្ស​វិទ្យាល័យ​អាមេរិកាំង​ចំនួន​១១​នាក់​ដឹង​ពី​អារម្មណ៍​នេះ​ច្បាស់​ណាស់​ នៅ​ពេល​ដែល​ពួកគេ​បាន​មក​ជួយ​សាងសង់​ផ្ទះ​ឲ្យ​គ្រួសារ​ក្រីក្រ​មួយ​នៅក្នុង​ខេត្ត​សៀមរាប​នេះ​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

កញ្ញា​អ៊ីសាប៊ែល ឃីង (Isabelle King )​​ វ័យ​១៦​ឆ្នាំ​ ដែល​កំពុង​ដំ​ដែកគោល​ចូល​ក្នុង​បន្ទះ​ឫស្សី​​សម្រាប់​ធ្វើ​ជា​ជញ្ជាំង​ផ្ទះ​នេះ​គឺ​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​នេះ​ដែល​​មក​ពី​សាលា​ប៊ូលីស​ (Bullis School)​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី ​សហរដ្ឋ​អាមេរិក។

កញ្ញា​ Isabelle ​និយាយ​ថា​ «ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ខ្លាំង​ជាង​គេ។ ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចង់​ធ្វើ​គម្រោង​បែប​នេះ​ដែរ ​នៅ​ពេល​អនាគត​គឺ​សាងសង់​ផ្ទះ​និង​ជួយ​អ្នក​ដទៃ។​ ខ្ញុំ​មាន​អារម្មណ៍​ថា​ វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ជា​ទី​ពេញ​ចិត្ត​មួយ»។

<!--AV-->

លោក​ជែគ ហ្វាដឺរី ​(Jack Fatheree)​ វ័យ​១៧​ឆ្នាំ ​ក៏​ជា​សិស្ស​ម្នាក់​ដែរ។ ​លោក បាន​និយាយ​បន្ទាប់​ពី​ជួយ​លើក​ធ្នឹម​ផ្ទះ​ដាក់​បញ្ចូល​ក្នុង​សសរ​ផ្ទះ​ថា​ «វា​ពិត​ជា​អ្វី​មួយ​ដ៏​មាន​សារៈ​សំខាន់​ដែល​យើង​បាន​ជួយ​គេ​ ពីព្រោះ​យើង​មាន​អ្វីៗ​យ៉ាង​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ប្រជាជន​ជាច្រើន​នៅ​ទីនេះ​គ្មាន។ ​ដូច្នេះ​ វា​មាន​​សារៈ​សំខាន់​ដែល​យើង​ផ្តល់​និង​បរិច្ចាគ​អ្វីៗ​ ដែល​យើង​អាច​ធ្វើ​បាន​ទៅ​ដល់​ប្រជាជន​ដែល​គ្មាន​អ្វីៗ​ ដូចដែល​យើងមាន»។

ក្រុម​សិស្ស​ទាំង​នេះ​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​គម្រោង​សាងសង់ផ្ទះ​នេះ​សម្រាប់​​រយៈ​ពេល​បីថ្ងៃ​ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ Caring for Cambodia​ ឬ​«ថែរក្សា​ដើម្បី​កម្ពុជា» ​ដោយ​ចំណាយ​ថវិកា​របស់​គ្រួសារ​ពួក​គេ​ផ្ទាល់​ សរុប​ចំនួន​ប្រមាណ​២.៥០០​ដុល្លារ​អាមេរិក។

កញ្ញា​ដូរូហ្ស៊ី យេន (Dorothy Yen) គឺ​ជា​គ្រូបង្រៀន​ម្នាក់នៅ​សាលា​ប៊ូលីស​និង​ជា​អ្នក​ដឹកនាំ​ក្រុម​សិស្ស​ស្ម័គ្រ​ចិត្ត​ទាំងនេះ។ ​កញ្ញា​ដូរូហ្ស៊ី​និយាយ​ថា​ ក្រុម​សិស្ស​​ទាំង​នេះ​រៀន​សូត្រ​និង​ទទួល​បាន​បទ​ពិសោធន៍​ជាច្រើន​ពី​សកម្មភាព​ស្ម័គ្រចិត្ត​របស់​ពួក​គេ​នេះ។

កញ្ញា ​Dorothy​ និយាយ​ «គ្រាន់​តែ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេលបី​ថ្ងៃ​កន្លង​មក​នេះ ​ពួក​គេ​បាន​រៀនសូត្រ​ជា​ច្រើន​រួច​ទៅ​ហើយ​អំពី​ភាព​ខុសគ្នា​រវាង​ជីវិត​របស់​ពួកគេ​ និង​ជីវិត​របស់​អ្នក​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក។​ ខ្ញុំ​សង្ឃឹម​ថា​ ការ​ជួយ​សាងសង់​ផ្ទះ​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ដឹង​កាន់​តែ​ច្រើនថែម​ទៀត​ថា​ តើ​ពួកគេ​និង​ពួកយើង​មាន​សំណាង​ប៉ុណ្ណា​ ហើយ​នឹងធ្វើឲ្យ​ពួកគេ​​មាន​ឆន្ទៈ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ផ្តល់​អ្វី​មួយ​ត្រឡប់​ទៅ​ឲ្យ​សហគមន៍​និង​ពិភព​លោក​វិញ។​ ពួកគេ​​នឹង​គិត​អំពី​ទង្វើ​របស់​ខ្លួន​និង​ព្យាយាម​ធ្វើ​ឲ្យ​​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ពិភពលោក​ មិន​ថា ​ពួកគេ​ចង់​ធ្វើអ្វី​នៅ​ពេល​អនាគត​នោះ​ទេ»។

អង្គការ​«ថែរក្សា​ដើម្បី​កម្ពុជា» ​ដែល​ធ្វើ​ការ​ងារ​ខាង​ការ​អប់រំ​កុមារ​និង​ជួយ​គ្រួសារ​ក្រីក្រ​របស់​ពួកគេ ​បាន​អះអាង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ​ខ្លួន​បាន​អនុវត្ត​គម្រោង​សាងសង់​ផ្ទះ​សម្រាប់​គ្រួសារ​សិស្ស​​ក្រីក្រ​កម្ពុជា​​បាន​ចំនួន​២៥​ផ្ទះ​ហើយ​នៅក្នុង​ខេត្ត​សៀមរាប​នេះ​ តាម​រយៈ​សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​សប្បុរស​ជន​ដូច​ជា​ក្រុម​សិស្ស​សាលា​ប៊ូលីស​នេះ​ជាដើម។

កញ្ញា​មេហ្គិន ស្មីដ ​(Megan Smith)​ គឺ​ជា​នាយក​រង​នៃ​អង្គការ​«ថែ​រក្សា​ដើម្បី​កម្ពុជា» ​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Megan​ និយាយ​ថា​ «ប្រជាជន​នៅ​ក្នុង​សហគមន៍​ផ្ទាល់​ជា​អ្នក​កំណត់​នូវ​តម្រូវការ​របស់​ពួកគេ។​ ដូចជា​នៅក្នុង​ករណី​នេះ​អញ្ចឹង ​គ្រួសារ​របស់​នាង​ត្រូវការ​ផ្ទះ​មួយ​ ហើយ​ពួកគេ​មក​រក​យើង​ ហើយ​និយាយ​ថា ​នេះ​ជា​អ្វី​ដែល​គេ​ចង់​បាន។ ​យើង​មាន​អ្នក​ស្ម័គ្រចិត្ត ​ដូច្នេះ​នៅក្នុង​ស្ថានភាព​នេះ​ វាហាក់​​ដូចជា​ការ​ភ្ជាប់​ធនធាន​ដែល​យើង​មានស្រាប់​ហើយ​អញ្ចឹង។ ​បន្ថែម​ពី​នេះ ​វា​ក៏​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​ស្ម័គ្រចិត្ត​ដែរ​ក្នុង​ការ​មក​ឃើញ​ដោយ​ផ្ទាល់​និង​រៀន​សូត្រ​នូវ​ជំនាញ​ជា​ច្រើន»។

អ្នក​ស្រី​ចាន់​ វណ្ឌី​គឺ​ជា​បុគ្គលិក​ផ្នែក​បណ្ណាល័យ​ម្នាក់​របស់​អង្គការ​«ថែរក្សា​ដើម្បី​កម្ពុជា» ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប។ ​អ្នក​ស្រី​គឺ​ជា​អ្នក​ទទួល​ផល​នៃ​សកម្មភាព​ប្រកប​ដោយ​​ទឹក​ចិត្ត​សប្បុរស​ធម៌​ពី​ក្រុម​សិស្ស​ស្ម័គ្រចិត្ត​អាមេរិកាំង​ទាំង​នេះ។

អ្នកស្រី​ចាន់ វណ្ឌី​និយាយ​ថា​ «វា​ជា​ភ័ព្វសំណាង​មួយ​សម្រាប់​ខ្ញុំ។ ​ទី​១​គឺ​ខាង​អង្គការ​បាន​ផ្តល់​ជា​លំនៅដ្ឋាន​ដល់​ខ្ញុំ​ ហើយ​មិន​តែ​ប៉ុណ្ណោះ ​គឺ​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​ សិស្ស​ដែល​គាត់​បា​ន​ពាំនាំ​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​របស់​គាត់​ ហើរ​ឆ្លងកាត់​ទ្វីប​មក​ដល់​ទីនេះ​ គឺ​ខ្ញុំ​រំភើប​មែន​ទែន​ ដោយ​ឃើញ​គាត់​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ ជួយ​យើង​ពេញ​ដៃ​ពេញ​ជើង​ ដោយ​កម្លាំង​ចិត្ត​របស់​គាត់​ផ្ទាល់​តែ​ម្តង»។

អ្នក​ស្រីចាន់ វណ្ឌី​ត្រូវ​បាន​អង្គការ​ «ថែរក្សា​ដើម្បីកម្ពុជា» ​ចាត់​ទុក​ថា ​ជា​បុគ្គល​ដែល​បាន​ចូលរួម​ចំណែក​​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កុមារ​ឲ្យ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ តាម​រយៈ​ការ​ងារ​ជា​បណ្ណារក្ស​របស់​អ្នក​ស្រី។ ​កូន​ប្រុស​របស់​អ្នក​ស្រី​ក៏​ជា​សិស្ស​ម្នាក់​​រៀន​នៅ​ក្នុង​សាលា​មួយ​​ដែល​អង្គការ​«ថែរក្សា​ដើម្បី​កម្ពុជា»​គាំទ្រ​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កុមារ​ជា​ច្រើន​ដែល​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ឬ​មិន​បាន​ទទួល​ការ​អប់រំ​ ប្រកប​ដោយ​គុណភាព​ ដោយ​សារ​តែ​គ្រួសារ​​របស់​ពួកគេ​មាន​ជីវភាព​ក្រីក្រ។

លោក​អ៊ុង សាហ្វី ​ដែល​ជា​​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ថែ​រក្សា​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​អាហារ​​និង​សម្លៀក​បំពាក់​ដល់​កុមារ​ពិត​ជា​មាន​សារៈ​សំខាន់ ​ប៉ុន្តែអ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​គឺ​ការ​ផ្តល់​ទី​ជម្រក​ដ៏​សមរម្យ​សម្រាប់​ពួកគេ​ ដើម្បី​ធានា​ថា​ ពួកគេ​នឹង​​ស្ថិត​នៅ​ក្នុង​សាលា​បាន​យូរ ​និង​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។

លោក​អ៊ុង សាហ្វី​និយាយថា​ «យើង​ឃើញ​មាន​អង្គការ​យ៉ាង​ច្រើន ​មាន​សាងសង់​ផ្ទះ​ហ្នឹង​ទៅ​ហើយ។​ ប៉ុន្តែ​នៅពេល​ដែល​យើង​ជួប​នឹង​ស្ថានភាព​ជាក់​ស្តែង​នៅក្នុង​សាលា​របស់យើង​ ជាពិសេស​គឺ​កុមារ​ដែល​ក្រីក្រ​ហ្នឹង​ ហើយ​យើង​បាន​តាម​ដាន​កុមារ​ហ្នឹង​រហូត​ដល់​ផ្ទះ​របស់​គេ​ ដល់​ភូមិ​របស់​គេ ទើប​យើង​ឃើញ​ថា​ ការ​លំបាក​មួយ​ចំនួន​គឺ​ជម្រក​ក្នុង​ការ​ស្នាក់​នៅ​របស់​កុមារ​ហ្នឹង។​ អញ្ចឹង​ហើយ​បាន​ជំរុញ​ឲ្យ​យើ់ង​ត្រូវ​តែ​បង្កើត​កម្មវិធី​សាងសង់​ផ្ទះ​នេះ​ ដើម្បី​ជួយ​កុមារ​ដែល​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​ ជាពិសេស​គឺ​អត់​មាន​ជម្រក​ក្នុង​ការ​ស្នាក់​នៅ​ហ្នឹង​តែ​ម្តង»។

លោកស្រី​ Jamie Amelio ​គឺ​ជា​អគ្គនាយក​ប្រតិបត្តិ​ និង​ជា​អ្នក​បង្កើត​អង្គការ​«ថែរក្សា​ដើម្បី​កម្ពុជា» ​ដែល​បាន​ចុះ​បញ្ជី​នៅក្នុង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។​ លោក​ស្រី​មាន​ប្រសាសន៍​ថា ​ការ​ជួយ​គ្រួសារ​ក្រីក្រ​មួយ​​ឲ្យ​មាន​ជីវិត​រីករាយ​គឺ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ​ដោយសារ​គ្រួសារ​នោះ​​នឹង​ផ្តល់​អ្វីមួយ​ត្រឡប់​​ទៅ​ឲ្យ​​សហគមន៍​ដែល​ពួកគេ​រស់នៅ​វិញ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៥ សីហា

Posted: 04 Aug 2011 08:30 PM PDT

ព័តមាន​ចុង​ក្រោយ​បំផុត៖

សេដ្ឋកិច្ច​ពិភពលោក៖ ផ្សារ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ពិភពលោក​នឹង​ឈាន​ទៅ​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ​ទៀត។

ថៃ៖ នៅថ្ងៃ​សុក្រ​នេះ​សភា​ប្រទេស​ថៃ​បាន​ជ្រើស​តាំង​លោកស្រី​ Yingluck Shinawatra​ ជា​នាយករដ្ឋមន្រ្តី​ស្រ្តី​ទីមួយ​របស់​ប្រទេស​នេះ​ គឺ​មាន​រយៈពេល​មួយ​ខែ​ក្រោយ​ពី​គណបក្ស​របស់​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ដោយ​ជ័យជម្នះ​យ៉ាង​ធំ​សន្ធឹកសន្ធាប់​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា។

លីប៊ី៖ កងកម្លាំង​បះបោរ​នៅ​ប្រទេស​លីប៊ី​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​យន្តហោះ​របស់​កងកម្លាំង​អង្គការ​ណាតូ​ (NATO)​ បាន​សម្លាប់​កូនប្រុស​ម្នាក់​របស់​មេដឹកនាំ​ Moammar Gadhafi​ ឈ្មោះ​ខាមីស​និង​បាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត។

ស៊ីរី៖ លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីលឡារី​ ក្លីនតុន​ មាន​ប្រសាសន៍​ថា​ មន្រ្តី​សហរដ្ឋ​អាមេរិក​ជឿ​ថា​មាន​មនុស្ស​ជាង​២.០០០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រឆាំង។

ហ្វីលីពីន៖ មន្រ្តី​របស់​ប្រទេស​ហ្វីលីពីន​និយាយ​ថា​ លោក​ប្រធានាធិបតី​ Benigno Aquino បាន​ជួបគ្នា​ជា​សម្ងាត់​ជាមួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​មូស្លីម​ដ៏​ធំ​ជាង​គេ​បំផុត​កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បាន​​ព្រមព្រៀង​នឹង​គ្នា​ថា​នឹង​ពន្លឿន​ការ​ចរចា​ស្វែងរក​សន្តិភាព។

ចិន៖ កាសែត​បក្ស​កុម្មុយនីស្ត​របស់​ប្រទេស​ចិន​បាន​បដិសេធ​ការ​លើកឡើង​ថា​ប្រទេស​ចិន​អាចជា​អ្នក​ទទួល​ខុសត្រូវ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ប្រឆាំង​នឹង​អង្គភាព​រដ្ឋ​ អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​នានា។

អេត្យូពី៖ ប្រធាន​កម្មវិធី​ស្បៀង​ពិភពលោក​ប្រចាំ​ប្រទេស​អេត្យូពី​បាន​មាន​ប្រសាសន៍​ថា ​ស្បៀង​ទុក​បម្រុង​គ្រា​មាន​អាសន្ន​របស់​ប្រទេស​នេះ​ជិត​អស់​ពី​ឃ្លាំង​ហើយ។ នេះ​ជា​បញ្ហា​ចុងក្រោយ​បំផុត​ដែល​បាន​បង្កឡើង​ដោយ​គ្រោះ​រាំងស្ងូត​នៅ​ក្នុង​តំបន់​អាហ្រ្វិក​ភាគខាងកើត។

ម៉ាឡេស៊ី៖ ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទទូច​កាល​ពី​ថ្ងៃ​សុក្រ​សុំ​កុំ​ឱ្យ​ប្រទេស​អូស្ត្រាលី​បញ្ជូន​កុមារ​គ្មាន​ក្រុមគ្រួសារ​ចំនួន​១៤​នាក់​ត្រឡប់​ទៅប្រទេស​ម៉ាឡេស៊ី​វិញ​តាម​កិច្ច​ព្រមព្រៀង​ដោះដូរ​ជនភៀសខ្លួន​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មុន។

សហរដ្ឋ​អាមេរិក៖ ក្រុម​មេដឹកនាំ​សភាជាតិ​សហរដ្ឋ​អាមេរិក​សម្រេច​បាន​នូវ​ការ​ធ្វើ​សម្បទាន​មួយ​ដើម្បី​បញ្ចប់​ការ​បិទ​ភាគខ្លះ​នៃ​អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ​អាមេរិក។

សហរដ្ឋ​អាមេរិក៖ នៅ​ថ្ងៃ​សុក្រ​នេះ​ទី​ភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា​ណាសា​គ្រោង​នឹង​បាញ់​បង្ហោះ​យាន​អវកាស​មួយ​ដែល​ដើរ​ដោយ​ឋាមពល​ព្រះអាទិត្យ​ទៅ​ផ្កាយ​ព្រហស្បតិ៍​ ដែល​ជា​ភព​មួយ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

ឈីលី៖ មន្រ្តី​ឈីលី​និយាយ​ថា​ មាន​និស្សិត​ជាង​៥០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​១៤​នាក់​ផ្សេង​ទៀត​ទទួល​រងរបួស​ក្នុង​អំឡុង​ពេល​តវ៉ា​ឱ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​ឈីលី។

ក្រិក៖ នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ប្រទេស​ក្រិក​បាន​ទទូច​ដល់​សមភាគី​អឺរ៉ុប​ឱ្យ​ចាត់​វិធានការណ៍​ជា​បន្ទាន់​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​ប្រាក់​ជំនួយ​សង្គ្រោះ​ជំហាន​ទី​ពីរ​សម្រាប់​ប្រទេស​ក្រិក។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE--> ចិន៖ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden​ គ្រោង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ម៉ុងហ្គោលី​ និង​ជប៉ុន​នៅ​ខែ​នេះ​។ នៅ​ប្រទេស​ចិន​ លោក​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Hu Jintao លោក​នាយករដ្ឋ​មន្ដ្រី​ Wen Jiabao និង​មេដឹកនាំ​ថ្នាក់​ខ្ពស់​ដទៃ​ទៀត។​ លោក ​Biden គ្រោង​នឹង​អញ្ជើញ​ទៅមើលទីក្រុង Chengdu ដែរ។

ភូមា៖ សភាជាតិនៃ​សរអ​ បា​បញ្ជាក់​អំពី​ការ​តែងតាំងប្រេសិទ​ពិសេស​ទីមួយ​ទៅ​កាន់​ប្រទេស​ភូមា​ នៅ​ក្នុង​ការ​សម្រេច​មួយរបស់​រដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ ដើម្បី​សម្របសម្រួល​ជា​មួយ​សម្ព័ន្ធមិត្ដ​របស់​សរអ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ។

ស៊ីរី៖ លោក​ប្រធានាធិបតី​ Bashar al-Assad​ នៃ​ប្រទេស​ស៊ីរី​ បាន​ចេញ​ក្រិត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បង្កើត​គណបក្ស​នោយបាយ។​ ក្រិត​នេះ​ចេញ​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​ជំទាស់​នយោបាយ។

លីប៊ី៖ រដ្ឋាភិបាល​នៃ​ប្រទេស​លីប៊ី​ បាន​ចោទ​អង្គការ​អូតង់​ថា​បាន​ទម្លាក់​គ្រាប់​បែក​លើកំណត់​ទីដៅ​ជន​ស៊ីវីល​នៅ​ទីក្រុង​Zlitan​ ស្ថិត​នៅ​ភាគ​ខាង​លិច​ដែល​ជា​កន្លែង​នៃ​ការ​ពើប​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ទាំទ្រ​រដ្ឋាភិបាល​និង​ក្រុម​បះបោរ។

អ៊ីរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ម្នាក់​និយាយថា​ អ្នក​ដើរ​តាម​ព្រៃ​កំសាន្ដ​ជនជាតិ​អាមេរិក​ដែល​ត្រូវ​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់​ពីរ​ឆ្នាំ​មក​ហើយ​ក្នុង​បទ​ចារកម្ម អាច​ត្រូវ​បាន​ដោះលែង​វិញ​ឆាប់ៗ​នេះ។

ឥណ្ឌា៖ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទ័យ​នៃ​ប្រទេស​ឥណ្ឌា​និយាយ​ថា​គ្រាប់​បែក​ផ្ទុះ​បី​គ្រាប់​នៅ​ទី​ក្រុង​មុមបៃ​ កាល​ពី​ខែ​មុន​ អាច​ជាការ​ប្រព្រឹត្ដ​របស់​ពួក​ភេរវជន​ឥណ្ឌា។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!