VOA News: ព័ត៌មាន: “អ្នកស្រុកអះអាងថាការអភិវឌ្ឍព្រៃឡង់ជាការបាត់បង់សម្រាប់សហគមន៍មូលដ្ឋាន” plus 5 more |
- អ្នកស្រុកអះអាងថាការអភិវឌ្ឍព្រៃឡង់ជាការបាត់បង់សម្រាប់សហគមន៍មូលដ្ឋាន
- រដ្ឋាភិបាលចាប់ផ្តើមបង្រៀនពីយេនឌ័រឱ្យទៅដល់ជនបទ
- និស្សិតអាមេរិកស្វែងយល់ពីការស្វែងរកយុត្តិធម៌ក្នុងរឿងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម
- ក្រុមសិទ្ធិមនុស្សថ្កោលទោសការបង្រ្កាបហិង្សាក្នុងទំនាស់ដីធ្លីនៅកំពង់ស្ពឺ
- លោកហ៊ុន សែនតាំងចិត្តខ្ពស់ដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរ
- កម្ពុជាគ្រោងនឹងដេញចេញជនជាតិចិនសង្ស័យថាជាក្រុមម៉ាហ្វីយ៉ា
អ្នកស្រុកអះអាងថាការអភិវឌ្ឍព្រៃឡង់ជាការបាត់បង់សម្រាប់សហគមន៍មូលដ្ឋាន Posted: 10 Jun 2011 02:41 PM PDT ការផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងតំបន់ព្រៃឡង់ទៅឲ្យក្រុមហ៊ុនឯកជន មានន័យថាជាការអភិវឌ្ឍសម្រាប់រដ្ឋាភិបាល ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ព្រៃនេះការធ្វើបែបនេះ មានន័យប្រៀបដូចជាការដកហូតជីវិតរបស់ពួកគេដូច្នោះដែរដោយសារអ្នកស្រុកនៅទីនេះ ពឹងអាស្រ័យទៅលើផលនិងអនុផលពីព្រៃឈើនេះ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេជាច្រើនតំណមកហើយ។ លោក ជួន ឡុង វ័យ២៤ឆ្នាំគឺជាកសិករម្នាក់នៅក្នុងភូមិត្បូងទឹក នៃស្រុកសណ្តាន់ ដែលស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ មានសម្បុរខ្មៅ លោក ជួនឡុងដែលប្រកបរបរដើររើសជ័រចុងនិងដងជ័រទឹកនៅក្នុងព្រៃឡង់នេះ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះ បានមានប្រសាសន៍នៅអែបនឹងដើមឈើធំៗដែលគេកាប់គរពង្រាយជាជួរតាមដងផ្លូវដីក្រហមមួយខ្សែក្នុងតំបន់ព្រៃឡង់នេះថា ការបាត់បង់ឈើទាំងនេះ គឺជាការបាត់បង់ប្រភពចំណូលសម្រាប់គ្រួសាររបស់លោក។ «សង្គមយើងប្រហែលជាអស់ហើយព្រៃឈើ ហើយការបាត់បង់ព្រៃឈើហ្នឹងវាឲ្យមានគ្រោះរាំងស្ងួតនិងប៉ះពាល់បរិស្ថានផង ជាពិសេសជ័រ ជ័រទឹកយើងដែលធ្លាប់តែដងរាល់ថ្ងៃ ដល់ពេលកាប់អស់អញ្ចឹងទៅ វាធ្វើឲ្យពិបាកក្នុងការប្រកបមុខរបរ»។ ប្រជាពលរដ្ឋប្រមាណ២៥០.០០០នាក់ ត្រូវគេរាយការណ៍ថា កំពុងរស់នៅក្នុងនិងជុំវិញបរិវេណព្រៃឡង់ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង៥.០០០គីឡូម៉ែត្រក្រឡា ជាប់ព្រំប្រទល់ខេត្តចំនួន៤គឺ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងនិងខេត្តកំពង់ធំ។ <!--AV--> ប្រជាជនទាំងនេះ ពឹងផ្អែកទៅលើការរុករកផលនិងអនុផលព្រៃឈើ ដូចជាជ័រចុង ជ័រទឹកនិង វល្លិ៍ផ្តៅជាដើម សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ អ្នកស្រី បាក់ គីមសុខ វ័យ៥៧ឆ្នាំ តំណាងប្រជាពលរដ្ឋម្នាក់មកពីភូមិមួយទៀតរបស់ស្រុកសណ្តាន់ដែលបានតវ៉ាប្រឆាំងនឹងការកាប់ព្រៃឈើក្នុងតំបន់នេះ នៅចំពោះមុខអ្នកតំណាងរាស្ត្រក្នុងវេទិកាសាធារណៈមួយកាលពីពេលថ្មីៗនេះ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរថា ការបាត់បង់ព្រៃឡង់នេះ គឺស្មើនឹងការបាត់បង់ជីវិតរបស់ប្រជាសហគមន៍របស់អ្នកស្រីដែរ។ «ពួកខ្ញុំសព្វថ្ងៃតវ៉ា មិនឲ្យមានក្រុមហ៊ុនណាទៅឈូសឆាយ ដើម្បីខ្ញុំទុកព្រៃនោះ។ បើពួកខ្ញុំរស់ដោយសារប៉ុណ្ណឹង បើគេយកអស់ប៉ុណ្ណឹងទៅ តើមានអីរស់ទៀត»។ យ៉ាងតិចមានក្រុមហ៊ុនវៀតណាមចំនួន២គឺក្រុមហ៊ុន PNT Co., Ltd និងC.R.C.K Rubber Development Co., Ltd បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១០ ដើម្បីដាំដំណាំកៅស៊ូ។ ក្នុងនោះ ក្រុមហ៊ុន PNT Co., Ltd ទទួលបានដីសម្បទានចំនួន ៧.៩០០ហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុន C.R.C.K ទទួលបានដីចំនួន៦.១៥៥ហិកតានៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ នេះបើផ្អែកតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា។ លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ ខ្មែរថា ការផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុននេះ គឺដើម្បីជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ «យើងចង់កែផ្នត់គំនិត ទម្លាប់ប្រជាពលរដ្ឋដែលរុករកអនុផលព្រៃឈើដោយគ្មាននិរន្តរភាពឲ្យមកធ្វើជាកម្មករនៅកៅស៊ូនេះវិញ។ ទី១វាហាក់ដូចជាបង្កើនការងារឲ្យគាត់ ដើម្បីឲ្យគាត់មាននិរន្តរភាពក្នុងជីវភាពរស់នៅ។ ទី២ ជាឱកាសល្អសម្រាប់ពួកគាត់ គឺពួកគាត់មិនចាំបាច់ទៅពលកម្មនៅក្រៅស្រុកដូចជានៅថៃនៅអីហ្នឹង ដែលលំបាកវេទនា អញ្ចឹងគឺមាននៅក្នុងស្រុកស្រាប់ហើយ»។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅទីនេះ បានលើកឡើងថា ពួកគេមិនចង់ធ្វើជាកម្មករចម្ការកៅស៊ូរបស់ក្រុមហ៊ុនទាំងនោះទេ។ កាលពីខែមុន ពួកគេបានធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនិងទាមទារឲ្យរដ្ឋាភិបាលរក្សាព្រៃឡង់នេះទុក សម្រាប់ឲ្យពួកគេអាចដកហូតផលនិងអនុផលពីព្រៃនេះ ដើម្បីការរស់នៅជាលក្ខណៈប្រពៃណីរបស់ពួកគេតទៅទៀត។ ក្រុមអ្នកតំណាងរាស្ត្រចំនួន១០រូបខាងគណបក្សសម រង្ស៊ី ក៏បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងខែឧសភានេះ ដោយស្នើឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគក្នុងតំបន់ព្រៃឡង់ និងបញ្ឈប់ការផ្តល់ដីសម្បទាននៅក្នុងតំបន់នោះតទៅទៀត។ ក្រុមអ្នកតំណាងរាស្ត្រលើកឡើងថា ព្រៃឡង់នេះមានសារៈសំខាន់ដល់ផ្នែកវប្បធម៌ ជំនឿនិងការរស់នៅរបស់ជនជាតិដើមភាគតិច ហើយក៏ជាទីជម្រករបស់ប្រភេទពូជសត្វដ៏កម្រជាច្រើនដូចជា ដំរី គោព្រៃ ខ្លានិងខ្លាឃ្មុំខ្មៅអាស៊ីជាដើម។ ប៉ុន្តែ មន្ត្រីបរិស្ថានរបស់រដ្ឋាភិបាលបានអះអាងថា ព្រៃឡង់នេះ មិនមែនស្ថិតក្នុងតំបន់ដែលត្រូវអភិរក្សនោះទេ។ លោក ហេង ហួត ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានថ្លែងនៅក្នុងវេទិកាសាធារណៈនៅក្នុងស្រុកសណ្តាន់ថា ឈើនៅក្នុងព្រៃឡង់នេះ បានឈានដល់វ័យចាស់ដែលតាមលក្ខណៈបច្ចេកទេសត្រូវតែដកហូតចេញ ហើយការដកហូតនេះ គឺដើម្បីផ្លាស់ប្តូរគម្របព្រៃឈើឡើងវិញ ពោលគឺប្តូរពីគម្របព្រៃធម្មជាតិមកជាព្រៃកៅស៊ូវិញ។ «ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍតំបន់នោះឡើងវិញ គឺប្តូរគម្រប បៃតងដូចគ្នា។ នៅពេលប្តូរគម្របមកជាវិនិយោគបែបនេះ គឺវាផ្តល់ផលប្រយោជន៍ដល់ជាតិ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹង មុនគេហើយ។ បងប្អូននឹងទទួលបានផលប្រយោជន៍ សេវាកម្មពីវិនិយោគិននៅកន្លែងហ្នឹង»។ ក៏ប៉ុន្តែ ការពន្យល់បែបនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ព្រៃឡង់នេះ ជឿជាក់នោះទេ។ តួយ៉ាង ដូចជាលោក សំ ផាង ដែលជាកសិករ វ័យ៤៧ឆ្នាំ នៅក្នុងភូមិកែរ៉ង ឃុំឈើទាល នៃស្រុកសណ្តាន់នេះជាដើម៖ «ដឹងហើយថាបានចំណូលជាតិ ប៉ុន្តែមានតែសម្រាប់បុគ្គលឯងទេ ចំពោះប្រជាពលរដ្ឋទូទៅ វាអត់ហ្នឹងឯង។ បើយើងទៅស៊ីឈ្នួលគេ ឧទាហរណ៍បើយើងឈឺទៅ យើងអាចទៅធ្វើបានទេ? គេនឹងកាត់ប្រាក់ខែយើង ហើយបើយើងធ្វើខ្លួនយើង យើងអាចរស់បានដោយមិនចាំបាច់អ្នកដទៃណាមកកាត់ភាពក្រីក្រយើងបានទេ យើងកាត់ដោយខ្លួនយើងដោយសន្តិវិធី»។ យ៉ាងណាក៏ដោយ លោក ឡាយ ឃីម ប្រធានផ្នែកបរិស្ថាននិងថាមពលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា UNDP បានមានប្រសាសន៍នៅឯសិក្ខាសាលាមួយស្តីពីគម្រោងបង្កើនគម្របព្រៃឈើនៅកម្ពុជា ដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញនៅកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលគួរតែពិចារណាថែរក្សាព្រៃឡង់នេះ ដើម្បីធានាភាពគង់វង្សនៃព្រៃឈើដ៏កម្រមាននៅក្នុងតំបន់អាស៊ីមួយនេះ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលចាប់ផ្តើមបង្រៀនពីយេនឌ័រឱ្យទៅដល់ជនបទ Posted: 10 Jun 2011 01:56 PM PDT ក្រសួងកិច្ចការនារីនិងក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃសុក្របានអំពាវនាវឱ្យក្រុមនិសិ្សត ដែលអនាគតនឹងក្លាយជាគ្រូបង្រៀននៅតាមវិទ្យាល័យនានាឱ្យជួយពង្រឹងការអប់រំផ្នែកយេនឌ័រដល់ សិស្សានុសិស្សជាបន្ថែមទៀត។ លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍នៅក្នុងវេទិកានេះថាគរុនិស្សិតប្រមាណជា២០០នាក់ដែលនឹងត្រូវបញ្ចប់ការសិក្សានាពេលដ៏ខ្លីខាងមុខនេះហើយនឹងក្លាយជាគ្រូបង្រៀនត្រូវធ្វើការអប់រំផ្នែកយេនឌ័រដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានា ដែលខ្លួនបានបង្រៀន ដើម្បីលើកកម្ពស់ដល់សមភាពយេនឌ័រក្នុងប្រទេសកម្ពុជា។ លោកស្រីឃឹម ចំរើន បានបញ្ជាក់ផងដែរថាសមភាពយេនឌ័រក្នុងស្រទាប់យុវវ័យនៅមានកម្រិតនៅឡើយ ដូច្នេះការផ្សព្វផ្សាយចំណេះដឹងនេះដល់គរុនិស្សិតគឺដើម្បីឱ្យអ្នកទាំងនោះយកចំណេះដឹងនិងបទពិសោធទាំងនេះបន្តដល់ក្រុមគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូល។ «វេទិកានេះ ក្នុងន័យដើម្បីឲ្យយុវវ័យ ក៏ដូចជាប្រជាពលរដ្ឋយើងលោកយល់អំពីតួនាទីយេនឌ័រ។ ហើយកាលណាបានយល់ដឹងហើយគឺគ្រួសារនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារគ្មានអំពើហិង្សា គ្មានការរើសអើងលើស្រ្តី។ ជាពិសេសទៅទៀត អ្វីដែលយើងចង់បាននោះ គឺផ្តោតទៅលើយុវវ័យ ពីព្រោះ យុវវ័យជាអ្នកបន្តវេនទៅថ្ងៃអនាគត។ កាលណាគាត់យល់ច្បាស់ ហើយជាពិសេសទាក់ទងទៅ នឹង គរុកោសល្យថ្ងៃអនាគត លោកក្លាយទៅជាគ្រួ លោកនឹងអប់រំសិស្សបន្តទៀតឲ្យយល់បញ្ហាយេនឌ័រនេះ»។ រដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០១៥ មន្រ្តីជាប់ឆ្នោតជាស្រ្តីនៅថ្នាក់ជាតិយ៉ាងតិច៣០ភាគរយ និង ថ្នាក់ឃុំសង្កាត់២៥ភាគរយ។ ក៏ប៉ុន្តែយោងតាមរបាយការណ៍របស់ខុមហ្រ្វែល បានឱ្យដឹងដែរថា កម្ពុជា មិនទាន់មានសមភាពយេនឌ័រនៃការផ្តល់អំណាចខាងនយោបាយ ពិសេសភាពជាអ្នកតំណាងអ្នកបោះឆ្នោតជាប់ឆ្នោត ថ្វីបើអ្នកចុះឈ្មោះបោះឆ្នោតជាស្ត្រីមាន៥៣ភាគរយក៏ដោយ ជាក់ស្ដែងតំណាងរាស្រ្តស្រ្តី មានចំនួនតែ២២ភាគរយសម្រាប់អាណត្តិទី៤ ក្នុងចំណោមតំណាងរាស្ដ្រសរុបចំនួន១២៣រូប។ រីឯស្រ្តី ដែលកំពុងតែបម្រើការក្នុងក្រុមបឹ្រក្សាឃុំ-សង្កាត់មាន ចំនួន២០ភាគរយសម្រាប់អាណត្តិទី២។ លោកអ៊ិន ថេរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានឱ្យដឹងនៅក្នុងវេទិកានោះផងដែរថាចំណេះដឹងផ្នែកសមភាពយេនឌ័រក្នុងស្រទាប់យុវវ័យសម្រាប់អ្នកដែលបានបញ្ចប់មធ្យមសិក្សាមានកម្រិតខ្ពស់ក៏ប៉ុន្តែនៅមិនទាន់បានឆ្លើយតបទៅនឹងតម្រូការសង្គមនៅឡើយ ដូច្នេះចំបាច់ត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀត។ «បញ្ហាយេនឌ័រនៅក្នុងយុវវ័យនេះ វាជាបញ្ហាសំខាន់ណាស់ ពីព្រោះយើងដឹងហើយថាកម្លាំង ចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ក៏ដូចជាគ្រួសារទាំងមូលវាមិនមែនទៅពឹងផ្អែកតែលើកម្លាំង បុរសទេ គឺស្រ្តីក៏ជាកម្លាំងទាំងពីរនេះរួបរួមគ្នាទើបវាអភិវឌ្ឍសង្គមជាតិបាន។ ដូច្នេះបើគេយល់ច្បាស់អំពី យេនឌ័រនេះទៅយើងឃើញថា វាអត់មានបញ្ហាប្រឈមក្នុងការចាត់ចែងការងាររៀនសូត្រ ក៏ដូចជា បញ្ហា បំពេញការងារផ្សេងៗ ទៀតរបស់យុវវ័យយើង»។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំបានបញ្ជាក់ថាក្នុងឆ្នាំសិក្សា២០០៩-២០១០ សិស្សនារីក្នុងមធ្យមសិក្សាទុតិយភូមិមានប្រមាណជាង៤៧ភាគរយក្នុងចំណោមសិស្សសរុប៣៣៤.៧៣៤នាក់ បរិញ្ញាប័ត្រមានប្រមាណជា៤០ភាគរយក្នុងចំណោមសិស្ស១៧១.២៦៤នាក់ ហើយការអប់រំកាន់តែខ្ពស់ចំនួនស្រ្តីកាន់តែមានការថយចុះ។ ជាក់ស្តែង បរិញ្ញាប័ត្រជាន់ខ្ពស់មានស្រ្តីតែ១៨ភាគរយ ក្នុងចំណោម១២០.៨៨៧នាក់ និង ថ្នាក់បណ្ឌិតមានស្រ្តីប្រមាណជា៥ភាគរយក្នុងចំណោម៩៨១នាក់។ របាយការណ៍របស់ខុមហ្រ្វែលក៏បានបញ្ជាក់ផងដែរថា អ្នកនយោបាយកម្ពុជាភាគច្រើនគឺជាបុរសរីឯស្រ្តីវិញមានឱកាសតិចតួចក្នុងការចូលរួមក្នុងឆាកនយោបាយ។ផ្នែកខ្លះនៃបញ្ហានេះកើតឡើងដោយសារទំនៀមទម្លាប់អភិរក្សនិយម និងវប្បធម៌ ដែលត្រូវបានគេសន្មត់និងផ្តល់តម្លៃស្រ្តីទាបជាងបុរសនៅគ្រប់វិស័យក្នុងសង្គម។ ជាងនេះទៅទៀតភាពក្រីក្រ អវិជ្ជា ការរើសអើងខ្វះការលើកទឹកចិត្ត និងឱកាស និងអវត្តមាននូវគោលនយោបាយជាក់លាក់ក្នុងការលើកកម្ពស់ និងការផ្តល់ឱកាសដល់ស្រ្តីគឺជាបច្ច័យ ដែលក្លាយ ជាឧបសគ្គសម្រាប់ស្រ្តីក្នុងការទទួលបាននូវសមភាពនិង ផលចំណាយពីការចូលរួមក្នុងវិស័យនយោបាយ និងកិច្ចការសង្គម។ ទោះបីជាយ៉ាងណាក៏ដោយគរុនិស្សិត មាស ពុទ្ធី បរិញ្ញាប័ត្រផ្នែកគណិតវិទ្យាមកពីខេត្តតាកែវ ដែល បានចូលរួមក្នុងវេទិកានេះបានឱ្យដឹងដែរថាការបញ្ជៀប យេនឌ័រនេះនៅមានការយឺតយ៉ាវនៅឡើយជា ពិសេសតំបន់ដាច់ស្រយ៉ាលនារីភាគច្រើន បានបោះបង់ការសិក្សាជាហេតុធ្វើឱ្យយេនឌ័រនៅតែជាបញ្ហា សម្រាប់សង្គមដែលភាគច្រើនស្រ្តីមិនបានចូលរួមនិងបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស។ «ជាពិសេសនារី ដូចថាយល់ដឹងពីបញ្ហាយេនឌ័រតិចតូច ដូចថាខ្លួនឯងគ្មានសមត្ថភាពការងារ ធំដំមួយចំនួនប្រគល់ឲ្យបុរសអ្នកធ្វើប៉ះពាល់ធ្វើឲ្យស្រ្តី និងគឺអសមត្ថភាព គឺគេអត់សូវមានចំណេះដឹង។ អញ្ចឹងស្រេចតែបុរសធ្វើអ្វី គឺធ្វើហ្នឹង។ ទោះបីបុរសប្រាប់ឲ្យទៅធ្វើខុសក៏គេអត់ដឹងថាធ្វើខុសដែរ ។ ខ្ញុំគិតថា នៅយឺតយ៉ាវនៅឡើយ ពីព្រោះតំបន់ដាច់ស្រយាលមួយចំនួន គឺថាគឺអត់ទាន់យល់ពីបញ្ហាហ្នឹង។ ជាពិសេស ដូចនៅខាងម្តុំភូមិខ្ញុំ មួយចំនួនគេគិតថា កូនស្រីមិនបាច់មករៀនខ្ពស់ដូចពួកខ្ញុំទេ ឲ្យរៀនល្មមៗបានហើយ ដល់ពេលគេមានគ្រួសារទៅ គ្រួសារគេរីកចម្រើនជាងពួកខ្ញុំអ្នករៀនទៀត។ គេគិតថា អញ្ចឹងគេអត់ទាន់យល់ ដឹងច្បាស់នៅឡើយទេ»។ និស្សិត ផេង មាសសក្តិ និស្សិតឆ្នាំទី៣ផ្នែកសេដ្ឋកិច្ចក៏បានឱ្យដឹងដែរថាយុវវ័យ គួរតែយកចិត្តទុក ដាក់អំពីបញ្ហាយេនឌ័រជាពិសេសការសិក្សាអប់រំ ពីព្រោះកាលណាស្រ្តីមានឱកាសទទួលបានការអប់រំដូចជា បុរស ដូច្នេះស្រ្តីអាចទទួលបានការងារក្នុងរដ្ឋាភិបាលក៏ដូចជាកិច្ចការសាធារណៈផ្សេងៗដូចជាបុរសដែរ៕ This posting includes an audio/video/photo media file: Download Now |
និស្សិតអាមេរិកស្វែងយល់ពីការស្វែងរកយុត្តិធម៌ក្នុងរឿងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម Posted: 10 Jun 2011 01:10 PM PDT សាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សហការជាមួយវិទ្យាស្ថានមូលនិធិស្សូអា (Shoa) បានរៀបចំទស្សនកិច្ចសិក្សាមួយនៅកម្ពុជាដល់និស្សិតមួយក្រុមដែលមានគា្នចំនួន១០នាក់ដើម្បីស្វែងយល់អំពីឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយរបបកម្ពុជាប្រជាធិបតេយ្យ។ យុត្តិធម៌នឹងមិនអាចកើតមានឲ្យបានពេញលេញសម្រាប់អំពើឧក្រិដ្ឋដ៏ឃោរឃៅប្រកបដោយអមនុស្សធម៌ហួសនិស្ស័យដែលត្រូវបានប្រព្រឹត្តដោយខ្មែរក្រហមនោះទេទោះបីជាមានសាលាក្តីខ្មែរក្រហមនេះក៏ដោយ។ នេះបើតាមសម្តីរបស់និស្សិតមួយក្រុមនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង (University of Southern California) ដែលកំពុងធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា។ នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយសាលាសិក្សាទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និងវិទ្យាសា្ថនមូលនិធិស្សូអា (Shoa Institute) ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ ក្រុមនេះត្រូវបានដឹកនាំដោយបណ្ឌិត ផាត់ កុសល បង្រៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និងលោកស្រីការ៉ិន ឌ្យុងប៊្លុត (Karen Jungblut) នាយកស្រាវជ្រាវ និងឯកសារនៃវិទ្យាស្ថានមូលនិធិស្សូអា។ បណ្ឌិតផាត់ កុសលបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា មុនធ្វើដំណើរទៅកម្ពុជា និស្សិតទាំងនេះបានចំណាយពេលពីរសប្តាហ៍សិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងអំពីប្រវត្តិសាស្ត្រកម្ពុជា ពីនយោបាយ និងមូលហេតុដែលនាំឲ្យកើតមានអំពីដ៏ឧក្រិដ្ឋដែលជាលទ្ធផលនៃការកាន់អំណាចរបស់ខ្មែរក្រហម។ បន្ទាប់មកគេមកធ្វើទស្សនសិក្សាដោយផ្ទាល់នៅកម្ពុជាចំនួនពីរសប្តាហ៍ទៀត។ «គេមកធ្វើកម្មសិក្សាពីរអាទិត្យ ហើយគេមកជួបសម្ភាសជាមួយនឹងឯកអគ្គរដ្ឋទូត ជាមួយ(មន្ត្រីនៃ)បណ្តាទូតផ្សេងៗ ជាមួយអង្គការNGO ដូចជាDC-Cam ជាដើម ដូចជាCenter for Khmer Justice ជួបជាមួយនិស្សិតសាកលវិទ្យាល័យ និស្សិតនៅតាមខេត្ត ជនដៃដល់ ជនរងគ្រោះផ្សេងៗ ដើម្បីស្វែងយល់ថាតើ តាមភូមិតាមឃុំហ្នឹង ប្រជាជនគាត់យល់យ៉ាងណា។ មានយោបល់ផ្សេងៗគ្នាទាក់ទងនឹងតុលាការខ្មែរក្រហមហ្នឹងពីព្រោះតុលាការខ្មែរក្រហមមានកម្រិត មានការខ្វះខាតច្រើន។ ដូច្នេះគេចង់ដឹងថាតើ យុត្តិធម៌ក្នុងសង្គមហ្នឹងខុសគ្នាពីយុត្តិធម៌ដែលពួកអន្តរជាតិរំពឹងគិតទៅលើតុលាការនោះយ៉ាងណា និងថាតើតុលាការហ្នឹងខ្វះខាតកន្លែងណាខ្លះ»។ នាងដ្យេនី្នហ្វឺរ៍ ផាដីយ៉ា (Jennifer Padilla) និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ បានប្រាប់វីអូអេថា នាងសិក្សាបានច្រើនអំពីកម្ពុជាតាមរយៈទស្សនកិច្ចសិក្សានេះ។ «ជិតពីរសប្តាហ៍កន្លងមកនេះ វាពិតជាប្រទីបបំភ្លឺខ្ញុំអំពីប្រវត្តិសាស្រ្តកម្ពុជា ប្រជាពលរដ្ឋកម្ពុជា និងវប្បធម៌កម្ពុជា ពីព្រោះខ្ញុំបានមកឃើញដោយផ្ទាល់ ប្រាស្រ័យជាមួយប្រជាពលរដ្ឋដោយផ្ទាល់តាមរយៈសម្ភាសន៍ និងតាមរយៈដំណើរទស្សនកិច្ចនៅតាមខេត្តនានា។ គឺមិនត្រឹមតែរៀនតាមសៀវភៅ និងPower Point ទេ។ យើងពិតជាបានចូលខ្លួនមកជួបជាមួយប្រជាពលរដ្ឋ។ ខ្ញុំគិតថា នេះជាវិធីរៀនដ៏ល្អបំផុត»។ តាមរយៈទស្សនកិច្ចសិក្សានេះដែរនាងឃេថឺរិន ប្រៃស៍ (Catherine Price) និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងនយោបាយ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង និយាយថា ទោះបីជាសាលាក្តីគឺជារឿងសំខាន់សម្រាប់ការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ និងជាប្រយោជន៍សំខាន់សម្រាប់ពិភពលោកក្តី ការគិតគូអភិវឌ្ឍសម្រាប់អនាគតជារឿងសំខាន់ជាង។ «ខណៈដែលតុលាការជាគំរូដែលអាចផ្តល់យុត្តិធម៌ក្នុងថ្នាក់ពិភពលោក ហើយជាគំរូរបស់រឿងក្តីដូចគ្នានេះនៅពេលអនាគត ទីបំផុតអ្នកដែលទទួលរងពីអំពើប្រល័យពូជសាសន៍សំខាន់បំផុត។ ខ្ញុំគិតថា ពួកគេជាច្រើនគិតអំពីអ្វីដែលបានកើតឡើង ហើយអត់ឱន និងបំភ្លេច។ មនុស្សជាច្រើនដែលយើងបាននិយាយជាមួយ ជាពិសេសយុវជន យុវតី ចង់មើលទៅអនាគត។ គេចង់ផ្តោតទៅលើអនាគត។ យុវជន និងយុវតីជាច្រើនដែលយើងបាននិយាយជាមួយនិយាយថា "អ្នកដឹងទេ បរទេសទាំងអស់មកនិយាយអំពីអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម។ គេមិនដឹងថា មានរឿងច្រើនទៀតសម្រាប់កម្ពុជា ជាជាងរឿងប្រល័យពូជសាសន៍តែមួយនោះ»។ ចំណែកនាង ម៉រហ្កិន ហ្វ៊័រឡង (Morgan Furlong) និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា ជាដំបូងនាងយល់ថា កិច្ចខិតខំប្រឹងប្រែងរបស់តុលាការក្នុងការផ្សព្វផ្សាយពន្យល់ដល់ជនរងគ្រោះអំពីដំណើរការតុលាការ និងការស្វែងរកយុត្តិធម៌មានភាពអស្ចារ្យណាស់។ ប៉ុន្តែនាងនិយាយថា អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅពេលដែលនាងធ្វើដំណើរទៅជួបជនរងគ្រោះនៅតាមខេត្ត ពួកគេហាក់មិនសូវយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់តុលាការនេះទេ។ «អ្នកដែលដឹងអំពីតុលាការអស់សង្ឃឹមនឹងការកាត់ទោសរបស់ឌុច ពី៣៥ ទៅ១៩ឆ្នាំ ថាតើពីព្រោះតែគេមិនយល់ ឬពីព្រោះតែអ្វីដែលគេបានឆ្លងកាត់។ វាជាការណ៍ពិបាកសម្រាប់ខ្ញុំដែលបានឮគេនិយាយថា "យើងបាត់ជំនឿលើតុលាការ" ពីព្រោះយើងដឹងអំពីការខិតខំប្រឹងប្រែង ពេលវេលា និងបំណងល្អរបស់តុលាការ។ ដូច្នេះ វាជាការណ៍ពិបាកសម្រាប់ខ្ញុំ នឹងឆ្លើយថា តើតុលាការផ្តល់យុត្តិធម៌ ឬមិនផ្តល់ពីព្រោះតែខ្ញុំមិនធ្លាប់បានឆ្លងកាត់ ដែលខ្ញុំមិនអាចដឹងអំពីក្តីឈឺចាប់របស់ពួកគេទេ។ ដូច្នេះខ្ញុំគិតថា តុលាការធ្វើការបានយ៉ាងល្អ ហើយខ្ញុំសង្ឃឹមថា ក្រោយពីរឿងក្តី០០២ និងអាចមាន០០៣ និង០០៤ ប្រជាពលរដ្ឋកម្ពុជានឹងឃើញ និងមានអារម្មណ៍ថា ទទួលបាននូវភាពផ្សះផ្សាពីតុលាការ»។ នាង អាប៊ីហ្គែល ហ្ក្រេហ្ក (Abigal Gregg) និស្សិតឆ្នាំទី៣ ផ្នែកនរវិទ្យានៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូងនិយាយថា យុត្តិធម៌កំពុងអាចត្រូវបានរំខានដោយការជ្រៀតជ្រែកនយោបាយ និងប្រយោជន៍បុគ្គល។ «ខ្ញុំមានអារម្មណ៍ថា ជាគោលការណ៍វាជាការណ៍ល្អ ប៉ុន្តែរបៀបដំណើរការមួយចំនួនមិនសូវជាល្អប៉ុន្មានទេ។ វាហាក់ដូចជា មានពាក់ព័ន្ធនឹងនយោបាយ និងប្រយោជន៍បុគ្គលដែលប្រឆាំងនឹងគោលបំណងជាទូទៅនៃយុត្តិធម៌។ អ្នកដឹងទេ ប្រហែលត្រូវសម្របសម្រួលខ្លះរវាងសហគមន៍ និងសាលាក្តី។ ហើយខ្ញុំដឹងថាមានបណ្តឹងរដ្ឋប្បវេណី។ មានរឿងនេះមួយចំនួន ប៉ុន្តែខ្ញុំគិតថា រឿងនេះគឺតែជាអ្វីដែលត្រូវផ្តោតចម្បង។ រឿងនេះគួរត្រូវជាអាទិភាព»។ ក្រុមនិស្សិតក៏បានដែរថា ក្រុមរបស់ខ្លួនមានការភ្ញាក់ផ្អើលដែលចៅក្រមស៊ើបអង្កេតបដិសេធការស៊ើបអង្កេតបន្ថែមទៅលើរឿងក្តី០០៣ ហើយពួកគេគាំទ្រឲ្យមានការបន្តការស៊ើបអង្កេត៕ This posting includes an audio/video/photo media file: Download Now |
ក្រុមសិទ្ធិមនុស្សថ្កោលទោសការបង្រ្កាបហិង្សាក្នុងទំនាស់ដីធ្លីនៅកំពង់ស្ពឺ Posted: 10 Jun 2011 10:40 AM PDT នៅថ្ងៃសុក្រនេះ អង្គការសិទ្ធិមនុស្សលីកាដូបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នា រវាងកងកម្លាំងនគរបាលនិងអ្នកភូមិក្នុងរឿងជម្លោះដីធ្លីមួយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់រងរបួសជាទម្ងន់ទាំងសង្ខាង។ ការប៉ះទង្គិចគ្នានេះគឺជាការឡើងដល់កម្រិតកំពូលបំផុតនៃជម្លោះជាយូរមកហើយលើដីទំហំ៦៥ហិកតា។ ប្រជាពលរដ្ឋចំនួន៨៨គ្រួសារបានអះអាងថាពួកគាត់បានរស់នៅលើដីនេះតាំងពីដើមទសវត្សរ៍១៩៨០។ ជម្លោះដីនេះបានចាប់ផ្តើមបន្ទាប់ពីមន្ត្រីយោធាបានលក់ដីនេះទៅឱ្យក្រុមហ៊ុនតៃវ៉ាន់មេងកេតដែលឥឡូវនេះបានអះអាងថាខ្លួនមានកម្មសិទ្ធិលើដីនេះ។ ជម្លោះដីនេះបានដោះស្រាយតាមផ្លូវតុលាការតាំងពីឆ្នាំ២០០៤ រហូតដល់តុលាការកំពូលបានកាត់ក្តីប្រឆាំងនឹងអ្នកភូមិនៅក្នុងខែធ្នូ ឆ្នាំ២០០៩។ ការប៉ះទង្គិចដោយអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើង បន្ទាប់ពីកងកម្លាំងនគរបាល និងកងតម្រួតយោធាច្រើនរាប់រយនាក់ប៉ុនប៉ងអនុវត្តសាលដីការបស់តុលាការកំពូល។ លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថាលោកស្រីថ្កោលទោសអំពើហិង្សាលើភាគីជម្លោះទាំងពីរ និងសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សានេះដែលអាជ្ញាធរមានកាតព្វកិច្ចខាងច្បាប់ និងសីលធម៌ ដើម្បីបញ្ចៀសអំពើហិង្សានេះ។ លោកស្រី ពុង ឈីវកេក បានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរបានជួបប្រទះអំពើហិង្សាគ្រប់គ្រាន់ហើយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយឥឡូវនេះ វាជាពេលវេលាសម្រាប់រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងសង្គមស៊ីវិល ធ្វើការរួមគ្នាដោយគ្មានអំពើហិង្សា ហើយគោលបំណងរបស់រដ្ឋាភិបាលត្រូវតែធ្វើការអភិវឌ្ឍប្រកបដោយសុខដុមសម្រាប់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែនសម្រាប់ក្រុមតូចមួយនោះទេ។ «ខ្ញុំមានការសោកស្តាយ ហើយក្រៀមក្រំបំផុត ដោយសារឃើញអំពើហិង្សា ហើយឃើញមានរបួសទាំងសង្ខាងទាំងអាជ្ញាធរផង និងទាំងប្រជាពលរដ្ឋផង។ ខ្ញុំចង់ឃើញថាឥឡូវ ភាគីជម្លោះគួរចរចាគ្នាឡើងវិញ ហើយសុំសំណូមពរដ៏ទទូចកុំឱ្យមានអំពើហិង្សាអញ្ចឹងទៀត»។ លោកកែវ អឿន អធិការនគរបាលស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានថ្លែងថាលោកបានដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងពួកអ្នកបង្ករបួសមកលើនគរបាល និងកងរាជអាវុធហត្ថអំពីបទបង្ករបួសស្នាម។ «ឥឡូវ ខ្ញុំកំពុងដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងអ្នកបង្ករបួសស្នាមទៅលើសមត្ថកិច្ច។ អ្នកដែលបានកាប់នគរបាលផង កាប់កងរាជអាវុធហត្ថដោយពូថៅអ្នកដែលធ្វើសកម្មភាព មកដេញកាប់ ដេញវាយ សាហាវណាស់ បើមិនឱ្យសមត្ថកិច្ចគំរាមខ្លះ វាមិនកើត ពួកវាកាប់យកមែនទែន វាយយកមែនទែន ធ្វើម៉េច»។ លោកសាន នៀន អាយុ៤០ឆ្នាំ នៅភូមិពោ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បាននិយាយថាប្រជាពលរដ្ឋមិនអាចទទួលយកការចោទប្រកាន់អំពីការបង្ករបួសស្នាមរបស់អាជ្ញាធរនេះបានទេ ពីព្រោះអាជ្ញាធរបានប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋមុន ទើបប្រជាពលរដ្ឋតបតទៅវិញ។ «សមត្ថកិច្ចជាអ្នកបង្កហេតុមុន ហើយបែរជាមកដាក់ពាក្យបណ្តឹងប្តឹងពីប្រជាពលរដ្ឋទៀត ធ្វើឱ្យពួកខ្ញុំទទួលរងនូវភាពអយុត្តិធម៌ថែមពីលើភាពអយុត្តិធម៌រឿងដីធ្លីហើយ។ គេចោទប្រជាពលរដ្ឋថាប្រជាពលរដ្ឋជាអ្នកបង្ករបួសស្នាមទៀត»។ អង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវដល់អាជ្ញាធរកុំឱ្យមានការប៉ុនប៉ងបន្ថែមទៀតសំដៅដោះស្រាយជម្លោះដីធ្លីនេះតាមរយៈអំពើ ហិង្សា និងអំពាវនាវដល់អាជ្ញាធរឱ្យធ្វើការចរចាដោយសន្តិវិធីជាមួយប្រជាពលរដ្ឋចំនួន៨៨គ្រួសារនេះ៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុន សែនតាំងចិត្តខ្ពស់ដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរ Posted: 10 Jun 2011 09:06 AM PDT អត្ថាធិប្បាយជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងនឹងការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរ ទំនងជានាំឲ្យមានការសម្របសម្រួលនយោបាយចំពោះករណីលោកសម រង្ស៊ី។ នៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងជាសារធារណៈថា ទំនាស់នយោបាយរវាងខ្មែរ និងខ្មែរអាចដោះស្រាយជាមួយគ្នាបាននោះ មន្ត្រីផ្លូវការរបស់គណបក្សសម រង្ស៊ីបង្ហាញជំហរស្របគ្នា ដោយបានទទូចថា ដល់ពេលវេលាក្នុងការដោះស្រាយឲ្យលោកសម រង្ស៉ីបានចូលមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងក្នុងពេលបោះឆ្នោតខាងមុខនេះហើយ។ នេះបើតាមការអះអាង របស់លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីដែលបានថ្លែងប្រាប់VOA តាមទូរស័ព្ទកាលព្រហស្បតិ៍។ «យើងគាំទ្រចំពោះអ្នកនយោបាយដែលមានឆន្ទៈនយោបាយបង្រួមបង្រួមគ្នា សាមគ្គីភាពគ្នា ឯកភាពគ្នា ក្នុងចំណុចដែលបម្រើផលប្រយោជន៍ជាតិរបស់យើង ពីព្រោះយើងមិនចង់បង្កឲ្យមានភាពតានតឹងអ្វីទាំងអស់។ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នាគណបក្សសម រង្ស៊ី គឺមិនចាត់ទុកខ្មែរណាម្នាក់ជាសត្រូវទេ គឺយើង ទាំងអស់គ្នាជាខ្មែរ។ យើងមានទស្សនៈនយោបាយខុសគ្នា ក៏ប៉ុន្តែយើងត្រូវធ្វើអ្វីដើម្បីបម្រើផលប្រយោជន៍ជាតិទាំងអស់គ្នា។ ដូច្នេះក្នុងគោលបំណងគោលការណ៍ ឯកភាពគ្នា សាមគ្គីភាពគ្នា អាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកហ្នឹងគឺជាគោលការណ៍ដើមរបស់គណបក្សសម រង្ស៊ីតាំងតែពីដើមមក»។ លោកយឹម សុវណ្ណថ្លែងយ៉ាងដូច្នេះ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងកាលពីថ្ងៃច័ន្ទ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់មន្ត្រីរាជការនៅសាលាភូមិន្ទ រដ្ឋបាល។ ពេលនោះលោក ហ៊ុន សែនបានលើកយកបញ្ហាលោកសម រង្ស៊ីដែលធ្លាប់មានដំណោះស្រាយតាមនយោបាយ ហើយនិងបានបញ្ជាក់ពីជំហរជាធំ របស់លោកគឺការដោះស្រាយដោយអហិង្សារវាងខ្មែរនិងខ្មែរដើម្បីកុំឲ្យខ្មែរបែក បាក់ ដូចក្នុងប្រវត្តិសាស្ត្រទៀត។ លោកបានថ្លែងដូច្នេះក្នុងពេលលោកផ្តាំផ្ញើ ដល់មន្ត្រីរាជការទាំងឡាយ ដែលត្រូវចេញទៅធ្វើការតាមក្រសួងមន្ទីរថ្នាក់ជាតិនិងមូលដ្នាន។ «ប៉ុន្តែអាហ្នឹងខ្ញុំចង់និយាយថា ការស្អីក៏ដោយ យើងមិនពេញចិត្តជាមួយគ្នាអ្វី ក៏ដោយ តែយើងត្រូវនិយាយគ្នា ល្អជាងកាប់ចាក់។ ល្អជាងការកាប់ចាក់។ អញ្ចឹងបានជាប្រទេសមួយៗត្រូវមានប្រជាធិបតេយ្យ ត្រូវមានសេរីពហុបក្ស ត្រូវផ្តល់ឲ្យគេបង្កើតគណបក្សនយោបាយ ត្រូវផ្តល់ឱកាសឲ្យគេបង្កើតអង្គការក្រៅរដ្ឋាភិបាលត្រូវផ្តល់ឲ្យគេមានសេរីភាពសារព័ត៌មាន វាជាការចាំបាច់»។ លោកសម រង្ស៉ីកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសដែលអន្តរជាតិនិងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ការរារាំងប្រធានគណបក្សជំទាស់ដ៏ធំជាងគេមិនឲ្យចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិជ្រើសរើសសមាជិកសភានៅក្នុងឆ្នាំ២០១២និង២០១៣ នឹងនាំឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ ប្រធានគណបក្សជំទាស់នេះបាននិរទេសខ្លួន បន្ទាប់ពីលោកដកបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០០៩ ដែលនាំឲ្យមានការកាត់ទោសលោកជាប់គុក១២ឆ្នាំ។ លោកយឹម សុវណ្ណបានចាត់ទុកថា ទង្វើរបស់លោកសម រង្ស៊ីជាទង្វើស្នេហាជាតិរារាំងកុំឲ្យបរទេសរំលោភបំពានទឹកដី។ ហើយគណបក្សសម រង្ស៊ី ក្នុងលិខិតជាផ្លូវការថ្មីៗនេះ បានស្នើសុំឲ្យមេដឹកនាំគណបក្សគ្រប់គ្រងប្រទេសពិចារណា។ ក៏ប៉ុន្តែ លោកសុវណ្ណបានអះអាងថា មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសមានសកម្មភាពផ្ទុយពីការនិយាយទាក់ទងនឹងករណីលោកសម រង្ស៊ី ដែលគួរត្រូវមានការដោះស្រាយជាមួយគ្នា។ «នេះសឲ្យឃើញថា ពាក្យសំដីដែលសម្តេចលោកលើកឡើង ហើយនឹងទង្វើជាក់ស្តែងវាខុសគ្នា។ បើសិនជាគណបក្សប្រជាជនចង់សម្តែងនូវឆន្ទៈដោះស្រាយបញ្ហា ខ្ញុំថា វាសមល្មមនឹងដោះស្រាយហើយ។ ហើយម៉្យាងទៀត ការបោះឆ្នោត វាខិតជិតមកដល់»។ លោកជាម យៀប ដែលជាសមាជិកសភានិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងជាលក្ខណៈផ្ទាល់ខ្លួនថា អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអាចនិយាយយោងទៅដល់ការដោះស្រាយរឿងករណីលោកសម រង្ស៊ី ដែលបានប្រព្រឹត្តរឿងដកបង្គោលព្រំដែន។ លោកជាម យៀបអះអាងថា ការសម្របសម្រួលគឺផ្អែកលើលោកសម រង្ស៊ីខ្លួនលោកទេ។ «លោកសម រង្ស៊ីត្រូវជាប់គុកមិនដឹងប៉ុន្មានដងទេ។ ហើយគាត់ត្រូវព្យួរអភ័យ ឯកសិទ្ធិមិនដឹងប៉ុន្នានដងហើយទេ។ កន្លងទៅមានការអត់ឱនទោសដោយសារ សម្តេចនាយករដ្ឋមន្ត្រី លោកមានមនោសញ្ចេតនាក្នុងនាមជាខ្មែរហ្នុងហើយ ដែលគាត់បានមកកម្ពុជាវិញនោះ។ តែយើងខ្ញុំសុំជម្រាបថា គាត់ហ្នឹងរពិះដៃចង្រៃ ខ្លួន រពិះអណ្តាតចង្រៃខ្លួនឯង។ គាត់ប្រព្រឹត្តបទល្មើស ហើយគាត់ត្រូវទទួល ទោសទណ្ឌតាមហ្នុង តែគាត់មិនព្រមធ្វើឲ្យគេអាណិតអាសូរទេ។ បើគាត់ទោ ទន់ខ្លះទៅមានស្អី»។ លោកជាម យៀបបានខឹងសម្បារនឹងការប៉ុនប៉ងដាក់ពាក្យបណ្តឹងរបស់លោកសម រង្ស៊ីនៅឯតុលាការបរទេសរឿងកេណ្ឌពលរដ្ឋធ្វើទាហាន ក៥ក្នុងទសវត្ស ៨០។ លោកបានចាត់ទុកថា ពាក្យបណ្តឹងរបស់លោកសម រង្ស៊ីមិនត្រឹមត្រូវទេ។ លោកយឹម សុវណ្ណស្វាគមន៍ចំពោះការគំរាមបញ្ចេញឯកសារសម្ងាត់ផ្សេងទៀតទាក់ទងនឹងគណបក្សសម រង្ស៊ី ដូចករណីលោកកឹម សុខា។ លោកយឹម សុវណ្ណជំរុញឲ្យមានការបញ្ចេញឲ្យកាន់តែឆាប់ ដោយអះអាងថា ដើម្បីបញ្ចប់បញ្ហាឲ្យបានឆាប់។ លោកបានអះអាងថា លោកសម រង្ស៊ីបានដាក់ពាក្យបណ្តឹងនៅបរទេសប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែប្រធានរបស់លោកមិនទាន់បានប្រកាសជាផ្លូវការថា លោកបានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទល្មើសអ្វី ហើយនៅប្រទេសណាទេ។ ពេលនេះលោកសម រង្ស៊ីកំពុងស្ថិតនៅស.រ.អា. ដែលលោកបានអះអាងថា លោកបានដាក់ពាក្យប្តឹងលោកហ៊ុន សែនពីបទឧក្រិដ្ឋមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះ ឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែលបានចាត់ទុកថា អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចនឹងនាំឲ្យមានដំណោះស្រាយផ្នែកនយោបាយ។ លោកបង្ហាញក្តីសង្ឃឹមថា បញ្ហាលោកសម រង្ស៊ីនឹងអាចដោះស្រាយបាន ដោយ សារថា អ្នកនយោបាយក្នុងប្រទេសកម្ពុជានឹងបង្ហាញពីភាពចាស់ទុំថែមទៀត ចំពោះសិទ្ធិបញ្ចេញមតិខាងនយោបាយស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ «អាហ្នឹងជាដំណើរការនៃវប្បធម៌ ឬក៏ទម្លាប់មួយល្អសម្រាប់អ្នកនយោបាយក្នុងការស្រុះស្រួលគ្នា ហើយនឹងអត់ឱនឲ្យគ្នាខាងនយោបាយហ្នឹង»។ លោកគល់ បញ្ញាបានបន្ថែមថា បទពិសោធន៍កន្លងមកមានបញ្ហាធ្ងន់ធ្ងរជាង ពេលនេះផង តែអ្នកនយោបាយកម្ពុជានៅតែអាចដោះស្រាយបាន។ លោកបញ្ញាបានអះអាងថា ករណីលោកសម រង្ស៊ីជាករណីបញ្ចេញមតិខាងនយោបាយ មិនមែនជាករណីឧក្រិដ្ឋកម្មទេ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាគ្រោងនឹងដេញចេញជនជាតិចិនសង្ស័យថាជាក្រុមម៉ាហ្វីយ៉ា Posted: 10 Jun 2011 08:47 AM PDT រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានសម្រេចនៅថ្ងៃសុក្រនេះបញ្ជូនជនជាតិចិនសរុបចំនួន១៨៧នាក់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដោយពុំចាំបាច់ធ្វើការកាត់ទោសដោយតុលាការនៅកម្ពុជានោះទេ។ ជនជាតិចិនទាំងនេះ ត្រូវក្រុមសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបជាលក្ខណៈអន្ដរជាតិព្រមគ្នាចំនួនប្រាំប្រទេសនៅថ្ងៃតែមួយគឺនៅក្នុងប្រទេសកម្ពុជា ថៃ តៃវ៉ាន់ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលសរុបមានជនដែលត្រូវចាប់ខ្លួនបានក្នុងប្រទេសទាំងប្រាំមានចំនួន៥០០នាក់។ ពួកគេត្រូវចោទប្រកាន់ថា គឺជាក្រុមឧក្រិដ្ឋជនឆ្លងដែន ហើយបានយកប្រទេសកម្ពុជាធ្វើជា ទីតាំង ដើម្បីធ្វើការគំរាមជំរិតទារប្រាក់ដល់ជនរងគ្រោះនៅក្រៅប្រទេស។ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលចែកចាយដល់បណ្ដាញផ្សព្វផ្សាយនៅថ្ងៃនេះបញ្ជាក់ថា "ក្រសួងមហាផ្ទៃនឹងអនុវត្តទៅតាមច្បាប់ស្ដីពីអន្ដោប្រវេសន៍ ដោយធ្វើការបណ្ដេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា"។ ទោះជាយ៉ាងណាសេចក្ដីប្រកាសព័ត៌មានដដែលមិនបានបញ្ជាក់ថាតើការបណ្ដេញជនជាតិចិនទាំងនេះនឹងធ្វើឡើងនៅពេលណានោះទេ។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការបណ្ដេញចេញនឹងធ្វើ ឡើងក្នុងពេលដ៏ខ្លីបំផុត។ «យើងនឹងធ្វើឲ្យបានឆាប់ ព្រោះអីស្ថានការណ៍អត់ច្បាស់ថ្ងៃ ខែទៀត ប៉ុន្តែយើងខំប្រឹងធ្វើឲ្យបានឆាប់»។ ជនជាតិចិនភាគច្រើនក្នុងចំណោមអ្នកជាប់សង្ស័យទាំង១៨៧ នៅក្នុងប្រទេសកម្ពុជាត្រូវឃាត់ខ្លួននៅខណ្ឌផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញក្រៅពីនោះត្រូវចាប់ខ្លួននៅខេត្តព្រះសីហនុ និងនៅក្រុងបាវិត ខេត្តស្វាយរៀង។ មានស្ដ្រីសរុបចំនួន៤៩ នាក់ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងអស់។ យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបង្ហាញថា ក្រុមសមត្ថកិច្ចបានរឹបអូសបានពីជនសង្ស័យនៅក្នុងខេត្ត ក្រុងនីមួយៗនូវឧបករណ៍ប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ VoIP។ ប្រព័ន្ធនេះ ដែលក្រុមមន្ដ្រីអះអាងថា ក្រុមជនជាតិ ចិនទាំងនេះប្រើសម្រាប់ធ្វើការទាក់ទងនិងធ្វើការគំរាមនានា។ ក្រៅពីនោះសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនមួយក្រុមធំនេះ ដោយមានការសហការពីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន។ លោកឧត្តមសេនីយ៍គាត ច័ន្ទថារិទ្ធ បញ្ជាក់ថា មាន ការសហការល្អជាមួយស្ថានទូតចិននៅក្នុងបញ្ហានេះ។ មិនមានការបង្ហាញប្រតិកម្មណាមួយពីស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញទេរហូតមកទល់ល្ងាចថ្ងៃសុក្រនេះ។ កាលពីឆ្នាំ ១៩៩៩ ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សអាជ្ញាធរខ្មែរបានចាប់ប្រមូលបានជនជាតិចិនដីគោកយ៉ាងតិចបាន៤០០នាក់នៅក្នុងទីកន្លែងផ្សេងៗ ក្នុងរាជធានីភ្នំពេញ និងនៅស្រុកកៀន ស្វាយខេត្តកណ្ដាល។ ជនជាតិចិនទាំងនោះបានឆ្លងកាត់ប្រទេសវៀតណាម រួចចូលមកស្នាក់នៅប្រទេសកម្ពុជាដោយត្រៀមចេញទៅកាន់ប្រទេសទីបី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |