VOA News: ព័ត៌មាន: “អាជ្ញាធរ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើន​ឡើង​បណ្តា​ល​មកពី​កត្តា​មនុស្ស​និង​ថ្នល់” plus 3 more

VOA News: ព័ត៌មាន: “អាជ្ញាធរ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើន​ឡើង​បណ្តា​ល​មកពី​កត្តា​មនុស្ស​និង​ថ្នល់” plus 3 more


អាជ្ញាធរ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើន​ឡើង​បណ្តា​ល​មកពី​កត្តា​មនុស្ស​និង​ថ្នល់

Posted: 07 Jun 2011 02:15 PM PDT

នៅ​ដើមឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​២០០១ករណី ​គឺ​បាន​កើន​ឡើង​បើ​ប្រៀប​ធៀប​ទៅ​ និង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ។​ នេះ​បើ​តាម​សម្តី​របស់​លោក ​ពៅ ម៉ាលី​ អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ ដែល​បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្តី​អំពី​យុទ្ឋនាការ​អប់រំ​សាធារណៈ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅថ្ងៃ​អង្គារនេះ។ លោក​ថ្លែង​ថា​ នៅក្នុង​រយៈពេល​ប្រាំខែ​ដើម​ឆ្នាំ២០១១​នេះ​ យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៨០១​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖

«យើង​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ ​វា​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​មនុស្ស​ផង ​កត្តា​ផ្លូវ​ថ្នល់​ផង​ ដោយសារ​គាត់​មាន​ការ​ធ្វេស​ប្រហែស ។ អញ្ចឹង​ទៅ វា​នាំឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០​របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នា​ក់ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា​ មាន​ជន​រងគ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១.៨១៦​នាក់​ និង​អ្នក​រង​របួស​ធ្ងន់​ចំនួន​៦.៧១៨នាក់។ ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​កើន​ឡើង​ពីរ​ដង នៅ​ក្នុង​រយៈពេល​ប្រាំឆ្នាំ​កន្លង​ទៅ​នេះ។

អាត្រា​ស្លាប់​ចំនួន​១១​នាក់​ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​យានយន្ត​ ដែល​បាន​ចុះបញ្ជី​ចំនួន ១០.០០០​គ្រឿង​ ដែល​កត្តានេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ ដែល​មាន​អត្រា​មរណៈ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​នៅ​ក្នុង​តំបន់​អាស៊ី។

នៅ​ក្នុង​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ចម្បង​ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​កត្តា​មនុស្ស ដែល​បើកបរ​ដោយ​មាន​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​ប្រជែង​គ្នា។ អ្នក​ប្រើ​ប្រាស់​ម៉ូតូ​ជា​យុវជន​វ័យ​ក្មេង។ អ្នក​ថ្មើរ​ជើង​គឺជា​អ្នក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ។

លោក ពៅ ម៉ាលី ​បាន​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ ក៏ប៉ុន្តែ​បាន​កើនឡើង​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ដូចជា​ខេត្ត​ព្រះស៊ីហនុ ​និង​នៅ​ខេត្ត​កំពង់ធំ​ជាដើម។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖

«វា​លក្ខណៈ​ជា​គ្រួសារ។ ឧទាហរណ៍​ ដូចជា​នៅ​កំពង់សោម​ នៅ​ពេជ្រនិល ​នៅ​កំពង់ធំ។ វា​ម្តងៗ អស់​ច្រើន​ ក៏​ប៉ុន្តែ​ចំនួន​គ្រោះថ្នាក់​វា​នៅ​តិច​ទេ ​ដោយសារ​ដូចជា​គាត់​ទៅ​ការ​ថ្ងៃ​មុន​អស់​២២នាក់ ​នៅ​កំពង់ សោម​ ជ្រោះ​ពេជ្រនិល​មួយ​គ្រួសារ​ ហើយ​នៅ​ខាង​កំពង់ធំ​ជាង​១០​នាក់​ដែរ»។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​បាន​ឲ្យដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាន​ខាត​បង់​ថវិកា​ចំនួន​២៧៩​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១០​កន្លង​ទៅ​នេះ៕

This posting includes an audio/video/photo media file: Download Now

ធម្មយាត្រា​ទៅ​បូជនីយដ្ឋាន​ជើងឯក​បួងសួង​សុំ​យុត្តិធម៌សម្រាប់​ជនរងគ្រោះ

Posted: 07 Jun 2011 02:12 PM PDT

ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា ​និង​ពុទ្ធបរិស័ទ​ប្រមាណ​២៥០នាក់​ បាន​ដង្ហែ​ធម្មយាត្រា​ទៅ​កាន់​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​បួងសួង​សុំ​យុត្តិធម៌​ និង​សន្តិភាព​សម្រាប់​ជនរងគ្រោះ ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​របប​ខ្មែរ​ក្រហម។

ព្រះសង្ឃ​ប្រមាណ​២០០​អង្គ​ មកពី​ប្រទេស​ជប៉ុន ភូមា ថៃ និង​ពុទ្ធ​បរិស័ទ​ ប្រមាណ​៥០នាក់​បាន​ដង្ហែ​ធម្មយាត្រា​ចេញពីម​ជ្ឈមណ្ឌល​ចតុទិស​សង្គហ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៣គីឡូ​ម៉ែត្រ ​ពី​មជ្ឈមណ្ឌល​​ប្រល័យ​ពូជសាសន៍​ជើង​ឯក។

វាល​ពិឃាត​ជើងឯក​គឺជា​សារមន្ទីរ​ដ៏​ធំ​មួយ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ភ្នំពេញ។ វាល​ពិឃាតនោះ​ជា​ទី​តាំង​សម្លាប់​បុរស​ ស្ត្រី​ និង​កុមារ​ប្រមាណ១៧.០០០នាក់​ ដែល​ត្រូវបាន​បញ្ចូន​ចេញ​ពី​មន្ទីរ​ស-២១ ដោយ​ពួក​ខ្មែរ​ក្រហម។ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​គឺ​នៅ​តែ​ជា​កន្លែង​គួរ​ឱ្យ​ស្អប់ខ្ពើម និង​ទុក្ខសោក​ដោយ​មាន​ស្តូប​តម្កល់​​លលាដ៍​ក្បាល​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ជាង​៨.០០០​នាក់ ដែល​ដាក់​តម្រៀប​តាម​អាយុ និង​ភេទ។ នៅ​ជុំវិញ​ស្តូប​ដែល​ត្រូវ​បាន​សង់​សម្រាប់​សម្តែង​ទុក្ខ​​ចំពោះ​អ្នកស្លាប់ ​និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំងនោះ ក៏​មាន​រណ្តៅ​សាសព​ជា​ច្រើន​ផង​ដែរ។

ធម្មយាត្រា​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​បឋម​លើ​សំណុំ​រឿង​លេខ​០០២ ដែល​ពាក់ព័ន្ធ​នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​ខ្មែរ​ក្រហម​ ខៀវ ​សំផន ​អតីត​ប្រធាន​រដ្ឋ​ខ្មែរ​ក្រហម អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម ​និង​អៀង ធីរី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​នៅចុង​ខែ​មិថុនា​នេះ។

លោក​សឹង គា​ ប្រធាន​ចតុទិស​សង្គហ​កម្ពុជា​ បាន​ថ្លែង​ថា ធម្មយាត្រា​មក​កាន់បូជនីយដ្ឋាន​ជើង​ឯក​នេះ​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​ គ្រោះ​ធម្មជាតិ​ ការ​សម្លាប់​នៅ​ជុំវិញ​ពិភពលោក។ លោក​សឹង គា​ បាន​បញ្ជាក់ថា ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​បាន​ធ្វើ​សមាធិ​ សូត្រ​ធម៌​ និង​បួងសួង​ ដើម្បី​យុត្តិធម៌ ​និង​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​ធ្វើតាម​ការ​សម្តែង​ព្រះធម៌​ ធ្វើ​យ៉ាង​ណា​ឱ្យ​យើង​មាន​យុត្តិធម៌​ ដើម្បី​ឱ្យ​មាន​ភាព​ស្ងាប់​ស្ងាត់​ ទាំង​អ្នក​រស់​នៅ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​កា​រកាត់ក្តី​ខ្មែរក្រហម និង​សូម​ឱ្យ​អ្នក​ដែល​ស្លាប់​ទៅ​បាន​ស្ងប់​ចិត្ត​ពីការ​កាត់​ទោស​ខ្មែរ​ក្រហម»។

ព្រះតេជ​គុណ ​ប្រាក់ សារ៉េត ​គង់​នៅ​វត្តឧណ្ណា​លោម ​បាន​មាន​សង្ឃដីកា​ថា ការធ្វើ​ធម្មយាត្រា​នេះ​ មាន​គោល​បំណ​ងឧទ្ទិស​ផល្លា​និសង្ឃ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម។

ព្រះតេជ​គុណ​ ប្រាក់ សារ៉េត ​បាន​បញ្ជាក់ថា ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ តាមរយៈ​តុលាការ​ដែល កំពុង​តែ​ធ្វើ​ការ​វិនិច្ឆ័យ ​ដើម្បី​រក​ឱ្យ​ឃើញ​ស​ ខ្មៅ​ ឬ​ដើម្បី​បញ្ជាក់​ថា​ អ្នក​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​ហើយ មិន​អាច​គេច​រួច​អំពី​ចំណង​នៃ​ច្បាប់​បាន​ឡើយ។

«សម័យ​នោះមនុស្ស​ប្រមាណ​២០.០០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​វាល​ពិឃាត​ជើង​ឯក។ ចំណុច​សំខាន់ ​ដែល​ព្រះសង្ឃ​ធ្វើ​ធម្មយាត្រា​មក​កាន់​កន្លែង​វាល​ជើងឯក​នេះ​សំខាន់​ណាស់​ក្នុង​គោលបំណង​ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ជូន​ដល់​អ្នក ដែល​បាន​ស្លាប់​ទៅ​ក្នុង​ជំនាន់​ប៉ុល ពត ​ទូទាំង​ប្រទេស​កម្ពុជា ​ក៏ដូចជា​ទូទាំង​ពិភពលោក​ដែរ»។

របប​ខ្មែរក្រហម​ ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត២.០០០.០០០​នាក់​ រវាង​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ១៩៧៩ ​ដោយ​វិធី​បង្អត់​ចំណី​អាហារ​ ការ​បង្ខំ​ឱ្យ​ធ្វើ​ធ្ងន់​ហួស​កម្លាំង ​ការប្រហារ​ជីវិត​ ដោយ​គ្មាន​ការជំនុំជម្រះ​ និង​ជំងឺ​ជាដើម៕

This posting includes an audio/video/photo media file: Download Now

អ្នកច្បាប់​សុំ​ឱ្យ​មាន​យុត្តិធម៌​ក្នុង​ពេល​ផ្លាស់​ប្តូរ​ចៅក្រម​ពេល​ខាងមុខ

Posted: 07 Jun 2011 02:12 PM PDT

រយៈពេល​នៃ​ការផ្លាស់ប្តូរ​តំណែង​​និង​ការ​ដាក់ឲ្យ​មន្ត្រី​យុត្តិធម៌​ចូល​និវត្តន៍​បាន​ឈានមកដល់​ហើយ។​ តាម​សេចក្តី​រាយការណ៍​ខ្លះ​ឲ្យដឹង​ថា​ មាន​មន្ត្រី​មួយចំនួន​នឹង​មិនត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ទេ​ បើទោះបី​ជា​ពេលវេលា​ផ្លាស់ប្តូរ​បានមក​ដល់​តាម​កំណត់​ច្បាប់​ក៏ដោយ។

មុនពេល​កិច្ចប្រជុំ​ ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ដែល​ត្រូវគេ​គ្រោងនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃពុធ​នេះ​ ក្រុមអ្នក​ច្បាប់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​សុំឲ្យ​មាន តម្លាភាព​ និង​ យុត្តិធម៌​ចំពោះ​ការសម្រេច​ផ្លាស់​តំណែង​​ធ្វើការ​និង​ការដាក់​ឲ្យចូល និវត្តន៍​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ទូទាំង​ប្រទេស។

ការផ្លាស់​ទីកន្លែង​រៀងរាល់​បួនឆ្នាំ​ម្តង​តាម​គោលការណ៍​សម្រេច​ដំបូង​ត្រូវ​គេរាយ ការណ៍​មកថា​ បាន​អនុវត្ត​យ៉ាងតិច​ពីរដង​ហើយមក​ទល់ពេល​នេះ។ ​សម្រាប់​ការផ្លាស់ប្តូរ​ជុំ​ទី៣​ នូវ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ជាថ្មី​ រួមនឹង​ការសម្រេច​ដាក់ឲ្យ​ ចូល​និវត្តន៍​ផង​ គឺត្រូវ​រង់ចាំ​ការសម្រេច​របស់​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ​ដែល​បាន​ពន្យាពេល​ប្រជុំ​ជាច្រើន​ខែមក​ហើយ​នោះ។​ អ្នកច្បាប់​និង​មន្ត្រី​យុត្តិធម៌ ​ខ្លះ​បាន​អះអាង​ថា​ ចៅក្រម​និង​ព្រះរាជអាជ្ញា​ជាច្រើន​នាក់​ធ្វើការ​នៅ​តុលាការ ​ខេត្ត​ ក្រុង​សំខាន់ៗ​មួយចំនួន​នឹងមិនត្រូវ​គេផ្លាស់​ទេ។​ ហើយការ​ចូលនិវត្តន៍​ក៏មិនអាចកើត​មានដែរ​ចំពោះ​មន្ត្រី​តុលាការ​ជាច្រើន​ ទោះបី​ដល់អាយុ​កំណត់ក្តី។

លោក​ សុខ សំអឿន​ នាយក​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា​បាន​អះអាង​ថា​ជា​ទូទៅ លោក​សង្កេត​ឃើញ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ផ្លាស់ទៅ​កន្លែង​ផ្សេង​តែក្រោយមក​អ្នកខ្លះ​ក៏វិល​ចូល​ដល់​កន្លែង​ដើមវិញ​ ជាពិសេស​កន្លែង​ដែលគេ​ចង់បាន​ជាងគេ​គឺ​តុលាការ​ក្រុងភ្នំពេញ។

«ហេតុដូច្នេះ​បើសិន​ចង់ឲ្យ​រក្សា​ការផ្លាស់ប្តូរ​ហ្នឹងជួយ​ការពារ​ដល់​ឯករាជ្យភាព​របស់​ចៅក្រម​ សំខាន់​បំផុត​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ត្រូវ​រឹងមាំ​មិនអាច រក្សាទុក​អ្ហេរ​ អ្នកនេះ​ល្អ​សម្រាប់​បក្ស​ ឬក៏​អ្ហេអ្នកនេះ​ល្អ​សម្រាប់​រដ្ឋអីហ្នឹង​គឺថា មិនអាច​ធ្វើអញ្ចឹង​បានទេ​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ជាទៀង​ទាត់តែ​ម្តង។​ហើយ​កន្លងមក​វាអាច​មានបញ្ហា​ថាចុះ​បើប្រធាន​តុលាការ​ផ្លាស់ទៅ​យ៉ាងម៉េច? បើសិន​ជាអញ្ចឹង​ ប្រធាន​តុលាការ​យើងអាច​ផ្លាស់តាម​ប្រធាន​តុលាការ​ទៅ​មិនមែន​មាន ន័យថា​ ប្រធាន​តុលាការ​ក្រុងភ្នំពេញ​ហ្នឹង​ពូកែជាង​គេ​ល្អជាង​គេ ​មិនមែន​អញ្ចឹង ទេ​គឺថា​ប្រធាន​តុលាការ​គឺឋានៈ​ស្មើគ្នា​ គឺមាន​ការផ្លាស់ប្តូរ​គ្រប់ខេត្ត​គ្រប់អី​អញ្ចឹង ទៅ។ ហើយធ្វើ​ឲ្យមាន​ការទៀងទាត់​ កុំឲ្យ​មក​កន្លែង​ដដែល»។

លោក ​សុខ​ សំអឿន​បាន​អះអាងថា​លោកមិន​សូវ​ខ្វល់បារម្ភ​នឹង​ការចូល​និវត្តន៍ ប៉ុន្មាន​ទេ​ ដោយ​លោក​មើល​ឃើញ​ពីសារៈ​សំខាន់​នៃ​ចៅក្រម​ចាស់ៗ​ មានបទ ពិសោធ​ខ្ពស់​ មិនកោត​ខ្លាច​និង​សម្ពាធ​ណា​មួយ។

«ដូច្នេះ​ចំពោះរឿង​ការចូល​និវត្តន៍​ចៅក្រម​ ខ្ញុំដូចជា​មិនសូវ​ជាបញ្ហា​សំខាន់ទេ។​តែបើ​យើងដាក់​លក្ខខណ្ឌ​ថា​ បើអ្នកឯង​មិន​ចូលនិវត្តន៍​ទេ​ គឺថា​បាន​ត្រឹមធ្វើ​ចៅ ក្រម​កាត់ក្តី​ ហើយ​មិនអាច​ធ្វើ​ជា​ប្រធាន​បានទេ។​បើសិន​ជាអញ្ចឹង​ខ្ញុំ​ថាល្អ​ដែរ ព្រោះយើង​ក៏យើង​ត្រូវការ​ពួកគាត់​ដែលមាន​បទពិសោធ ​ហើយដែល​កាន់តែ​ចាស់ទុំ​ ហើយ​ដូចថា​កាន់តែ​យុត្តិធម៌​ហ្នឹង​ នៅជួយ​រកយុត្តិធម៌​ ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជា​ពលរដ្ឋ​ក៏បាន​ដែរ​តែប្រការ​សំខាន់​គឺ​ត្រូវមាន​លក្ខខណ្ឌ​ខ្លះ​កុំឲ្យ​នៅតែ​ធ្វើធំ រហូត។​ហើយ​យកល្អ​គឺថា​ អ្នកឯង​ចៅក្រម​តុលាការ​កំពូល​ក៏ដោយ​ បើសិន​ជា ចូល​និវត្តន៍​ហើយ​ មក​ចៅក្រម​ថ្នាក់ក្រោម​ ព្រោះ​បើគាត់​នៅ​ស្រឡាញ់​វិជ្ជាជីវៈ អាហ្នឹង​ អូខេ​ គាត់​ប្រាកដ​ជាខំប្រឹង​ធ្វើឲ្យ​សេចក្តី​សម្រេច​របស់គាត់​ល្អប្រសើរ»។

ដោយសារ​គេគិត​ថាជា​កន្លែងល្អ​ជាងគេផង​នោះ​ តុលាការ​ក្រុងភ្នំពេញ​ជាកន្លែង​ដែល​ក្រុមព្រះរាជ​អាជ្ញា​និង​ចៅក្រម​ និង​មន្ត្រី​យុត្តិធម៌​ទូទាំង​ប្រទេស​សំឡឹង មើលមិន​ដាក់ភ្នែក​ពីការផ្លាស់ប្តូរ​ ពីការចូល​និវត្តន៍​ ពីការដាក់​ចៅក្រម​ និង​ព្រះរាជ អាជ្ញាថ្មី​ឲ្យ​បម្រើការ។

ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ក្រុងភ្នំពេញ​មួយចំនួន​ត្រូវគេ​មើល​ឃើញ​ថា​នៅតែ​បន្ត បំពេញ​មុខនាទី​កន្លែង​ដដែល​ទោះដល់​ពេលផ្លាស់​តំណែង​​ នឹងដល់​អាយុ​ចូល និវត្តន៍​ក្តី។​ ដោយឡែក​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​នៅខាង​ភាគឦសាន​វិញ​ត្រូវ គេរាយការណ៍​មកថា​ ត្រូវគេ​ផ្លាស់ប្តូរទៅកាន់​តែតំបន់​ភាគឦសាន​ដដែលៗ ដូចគ្នា​នឹងខេត្ត​ដាច់​ស្រយាល​មួយចំនួន​ដែរ។

លោក​ កៅ សុផា​ មេធាវី​មួយរូប​បាន​អះអាង​ថា​ការផ្លាស់​តំណែង​​តុលាការ​សម្រាប់ ចៅក្រម​ និង​ព្រះរាជអាជ្ញា​មាន​ការរើសអើង។ លោកបាន​ថ្លែងថា​ស្ថាប័ន​តុលាការ​គួរត្រូវ​ធ្វើ​យ៉ាងណា​ឲ្យមាន​គំរូ​ផ្នែក​យុត្តិធម៌​ដើម្បី​ពលរដ្ឋ​មាន​ការជឿ​ទុកចិត្ត។ លោក​បានចោទ​សួរ​ ថាបើ​តុលាការ​ខ្លួនឯង​មិនយុត្តិធម៌​ផង​តើឲ្យ​ប្រជា​ពលរដ្ឋ ជាង​១០​លាននាក់​ជឿ​យ៉ាងម៉េច​បាន?

«សួរថា​ឲ្យ​ប្រជា​ពលរដ្ឋ​គិត​យ៉ាងម៉េច​នៅពេល​ដែល «ច្បាប់»​ ពួកខាង​តុលាការ​ធ្វើ​ខ្លួន​ឯងថា​ អាយុ​៦០ឆ្នាំ​ចូល​និវត្តន៍​ ហើយថា​បួនឆ្នាំ​ឲ្យមាន​ការផ្លាស់​ប្តូរ​ពី​កន្លែង មួយ​ទៅ​កន្លែង​មួយ។​ហើយ​ស្រាប់តែ​ពេលនេះ​ឃើញថា​អ្នកខ្លះ​ក៏ផ្លាស់​ទៅអ្នកខ្លះ​ក៏​មិនបាន​ផ្លាស់ទៅ។​ អញ្ចឹង​ធ្វើឡើង​ ឃើញថា​វាអត់​ស្មើភាព។​បើអត់​ស្មើភាព យើង​ឃើញថា​វាអត់​មាន​យុត្តិធម៌​ក្នុងសង្គម»។

ថ្លែងក្នុង​លក្ខខណ្ឌ​ពុំឲ្យ​ប្រាប់ឈ្មោះ​ដោយ​ខ្លាច​ការស្តីបន្ទោស​ មន្ត្រី​យុត្តិធម៌​និង មន្ត្រី​តុលាការ​បាន​ អះអាងថា​ក្រសួង​យុត្តិធម៌​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន គណៈ​រដ្ឋមន្ត្រី​អំពី​ឈ្មោះ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែលត្រូវ​ផ្លាស់ប្តូរ​កន្លែង​ធើ្វការ នោះ​ជាច្រើន​ខែហើយ​ ដោយស្នើ​ឈ្មោះ​ចៅក្រម​និង​ព្រះរាជ្ញអាជ្ញា​ជាច្រើន​ដែល​ត្រូវផ្លាស់​ប្តូរ។​ មន្ត្រី​ដដែល​បាន​អះអាង​ថា​ ការសម្រេច​គឺ​ស្ថិតនៅ​លើ​គណៈរដ្ឋ​មន្ត្រី​ថា​ត្រូវបន្ថែម​ប៉ុន្មាន​ ផ្លាស់ប្តូរ​ប៉ុន្មាន​ ផ្លាស់​នរណា​ ទុកនរណា​ ផ្លាស់ទៅ ទីណា​ជាដើម​ មុនពេល​ធ្វើ​បញ្ជី​ឈ្មោះ​ចុងក្រោយ​ស្នើ​ទៅកាន់​កិច្ចប្រជុំ​ឧត្តម ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។​ មន្ត្រី​ដដែល​ពុំបាន​បញ្ជាក់ពី​បញ្ជី​ឈ្មោះ​ចូល​និវត្តន៍ នៃ​មន្ត្រី​តុលាការ​នោះទេ។

ទោះជា​យ៉ាងណា​ក៏ដោយ​ ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ដ៏មាន​ឥទ្ធិពល​ត្រូវគេ​រាយ​ការណ៍​មកថា​គ្រោងនឹង​បើកកិច្ច​ប្រជុំ​សម្ងាត់​នៅថ្ងៃ​៨ ខែមិថុនា​ដើម្បី​សម្រេច កិច្ចការ​ ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ចៅក្រម​និង​ព្រះរាជអាជ្ញា ​ឬអាច​ជជែក​ពី​ការចូល និវត្តន៍​ផងដែរ។​ ការដាក់​ពិន័យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​មួយចំនួន​ដែល​ប្រព្រឹត្ត​ល្មើស​ ក៏ត្រូវ​គេរំពឹង​ថានឹង​ពិភាក្សា​សម្រេច​ផងដែរ​ក្នុងកិច្ចប្រជុំ​ពេញអង្គ​ ដែលគេ​ចាត់ទុក​ថា​ចាំតែ​សម្រេច​តាមអ្វី​ដែល​ក្រុមប្រឹក្សា​វិន័យ​បាន​សម្រេច​ជាមុន​នោះ។

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​មាន៩រូប​ ភាគច្រើន​មកពី​តុលាការ​ទាំង​៣ថ្នាក់​របស់ ប្រទេស។​ ព្រះមហាក្សត្រ​ជាព្រះរាជ​ប្រធាន​ស្ថាប័ននេះ​ដែលមាន​សិទ្ធិ​ដាក់ ទោសទណ្ឌ​ ពិន័យ​លើ​មន្ត្រីយុត្តិធម៌​ទូទាំង​ប្រទេស​និង​ផ្លាស់ប្តូរ។

អ្នកច្បាប់​ និង​ ក្រុមមន្ត្រី​តុលាការ​មួយចំនួន​បាន​និយាយថា​ព្រះរាជអាជ្ញា​និង​ចៅ ក្រមនៃ​តុលាការ​ក្រុងភ្នំពេញ​មួយចំនួន​ដែល​ធ្វើការ​លើសពី​៦ឆ្នាំ​ទៅ​១១ឆ្នាំ​មិន ត្រូវគេ​ផ្លាស់ប្តូរ​ទេ​ តែ​អ្នកទើប​ធ្វើការ​បានបួន​ឆ្នាំ​យ៉ាងតិច​ពីរនាក់​ត្រូវគេ​គ្រោង​នឹង ធ្វើការ​ផ្លាស់ប្តូរ​ក្នុងកិច្ច​ប្រជុំ​នៅថ្ងៃ​ពុធ​នេះ។​ នៅ​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ ចៅក្រម​ក៏ដូចគ្នា​ដែរ​ មាន​សមាជិក​មួយចំនួន​ដែលដល់​អាយុចូល​និវត្តន៍​ហើយ តែនៅ​បន្ត​ការងារ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ផង​និងជា​មន្ត្រី​តុលាការ​ជាន់​ខ្ពស់ផង។​ ក្រុម​អ្នកច្បាប់​បាន​ចោទសួរ​ផងដែរ​ថា​ ចុះបើ​ពួកគេ​កាត់ក្តី​ខុស​តើនរណា​ជាអ្នក​ដាក់ទោស​ និង​ពិន័យ​រូបគាត់​ ដោយឡែក​បើ​ឧត្តមក្រុម​ប្រឹក្សាចង់​កោះប្រជុំ​ ដើម្បី​ដាក់ឲ្យ​ចូលនិវត្តន៍​ឬផ្លាស់ប្តូរ​ សមាជិក​នៃ​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ តើ​សមាជិក​នៃ​ស្ថាប័ននេះ​ត្រូវគិត​យ៉ាងណា?

«ព្រោះអី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​មួយ​ចំនួន​ក៏គាត់​ដល់អាយុ​ចូល​និវត្តន៍​ដែរ។ ហើយ​សមាជិក​ឧត្តម​មួយចំនួន​ក៏គាត់​ត្រូ​វដល់ពេល​វេលា​ដែលត្រូវ​ផ្លាស់ប្តូរដែរ។ ​អញ្ចឹង​ហើយ​វាជា​បញ្ហាមួយ​ជាចំណោទ​ដែរ​ អញ្ចឹង​បើគាត់​ធ្វើជា​ អាប៊ីត (អាជ្ញាកណ្តាល)​ ផង​អ្នកទាត់​បាល់ផង​ប្រហែលជា​គាត់មិន​អាចលើក​ដៃ ឬក៏គាត់​មិនអាច​សម្រេចថា​ឲ្យគាត់​ចូលនិវត្តន៍​ ឲ្យគាត់​ផ្លាស់ប្តូរទេ។​ នេះជា​ចំណុច​លំបាក»។

លោក​មេធាវី​កៅ សុផា​ ដែល​និយាយ​ពីការណ៍​ដែលមាន​កិច្ចប្រជុំ​តិចតួច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បានទទូច​ថា​ការធ្វើ​ច្បាប់​សហ​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ និងការ​កែប្រែ​ច្បាប់​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ជារឿង​ចាំបាច់​ក្នុង​ការកែ​ទម្រង់​ប្រព័ន្ធ​តុលាការ។​ លោក​សុផា​ និង​អ្នកច្បាប់​ដទៃ​ទៀត​ស្តី​បន្ទោស​រដ្ឋាភិបាល​ពី​ការខកខាន​ចំពោះ​ការមិន​រៀបចំ​ការបោះឆ្នោត ​ដែល​ចូលរួម​ដោយ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ទូទាំង​ប្រទេស​ដើម្បី​ជ្រើសរើស ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​បីនាក់​ក្នុងចំណោម​៩នាក់។​ ក្រុមអ្នកច្បាប់​ក៏បាន​ស្តីបន្ទោស​ផងដែរ​ថា​រដ្ឋាភិបាល​មិនកាត់​ផ្តាច់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ផ្សេង ​ទៀតពី​ប្រធាន​ និង​ព្រះរាជអាជ្ញា​នៅតុលាការ​ទាំងបីថ្នាក់។​ ហើយមិន​បានធ្វើ ច្បាប់​សហ​លក្ខន្តិកៈ​សម្រាប់​ចៅក្រម​ព្រះរាជអាជ្ញា​ដែលមាន​សេចក្តី​ព្រាង​ឡើង ​ជាង១០​ឆ្នាំមក​ហើយនោះ​ដែរ។

លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​អតីត​អ្នកសា្រវជ្រាវ​ជាន់ខ្ពស់​នៃ​គណៈ​កម្មការ​សិទ្ធិ មនុស្ស​អាស៊ី​បានថ្លែង​ថា​ ការពន្យា​ការធ្វើ​ច្បាប់​សហលក្ខន្តិកៈ​ចៅក្រម​និងព្រះ រាជអាជ្ញា​នាំឲ្យ​មាន​ការសង្ស័យ​លើ​ការអនុវត្តន៍​ច្បាប់​ នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​ការកាត់ក្តី​ប្រកប​ដោយ​យុត្តិធម៌។

«ដូច្នេះ​ការពន្យា​អញ្ចឹងទៅ​ខ្ញុំថា​ធ្វើឲ្យ​មាន​ការងឿងឆ្ងល់​អំពី​លក្ខណៈ​ច្បាប់​របស់ តុលាការ​ខ្មែរយើង​ហ្នឹង។​ រួចប្រព័ន្ធ​តុលាការ​ដឹងស្រាប់​ហើយ​ជា​ប្រព័ន្ធ​សម្រាប់ អនុវត្ត​ច្បាប់​ រកយុត្តិធម៌​ទៅតាម​ច្បាប់។​ដូច្នេះវា​មាន​ការមន្ទិល​សង្ស័យ​ ខ្ញុំមិន មែន​ថា​ខុសច្បាប់​ទេ​ ប៉ុន្តែវា​អត់ទាន់​មានលក្ខណៈ​ច្បាប់​ត្រឹមត្រូវ»។

លោក​ម៉ុង ហៃ​ ថ្លែងថា​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ត្រូវគេ​ធ្វើរួច​ហើយ។ ច្បាប់នោះ​ត្រូវគេ​យកមក​អនុវត្តន៍​តាំងពី​ទសវត្សរ៍​១៩៩០។ ហើយ​ច្បាប់​សហលក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដ៏មាន​សារៈសំខាន់​បំផុតផង​នោះ​ គួធ្វើ​ឲ្យបាន​ចប់​នៅពេល​ជាមួយ​គ្នានោះ​ដែរ។ ក្រុមមន្ត្រី​តុលាការ​មួយចំនួន​បាន​អះអាង​ថា​ ការពន្យា​ពេល​ប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ឬ​ធ្វើច្បាប់​សហលក្ខន្តិកៈ ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អាច​បង្ក​ការលំបាក​ដល់ក្រុម​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា ​រឿង​បើក​ប្រាក់ខែ​ដោយសារ​ការគ្មាន​ការសម្រេច​ និង​ព្រះរាជក្រិត។ ក្រុមមន្រ្តី ​ដដែល​និយាយ​ថាការណ៍​គ្មានកិច្ច​ប្រជុំគ្មាន​ព្រះរាជក្រិត​ចេញ​អាចនាំឲ្យ​មានការគៃបន្លំ​ប្រាក់ខែ​អ្នកដែល​ត្រូវចូល​និវត្តន៍។ មន្ត្រី​ដែលត្រូវ​ចូលនិវត្តន៍​ក៏មិនដឹង​ថា តើពួកគេ​ត្រូវធ្វើការ​បន្ត​រហូត​ដល់​ពេលណា​ គេ​បើក​ប្រាក់ខែ​ចូល​និវត្តន៍​ដោយ​របៀប​ណា។

មន្ត្រី​ទទួល​បន្ទុក​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ពុំ អាច​ទាក់ទង​បាន​ដើម្បី​អត្ថាធិប្បាយ​បំភ្លឺនោះទេ។​ អ្នកទទួល​ទូរស័ព្ទ​បាន​ប្រាប់ថា លោកមិន​បាននៅ។​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ យៃ​ ណារិន​វិញ​បានអះ អាងថា​លោកទើប​តែចូល​កាន់ការថ្មី។​ លោក​បង្វែរសំនួរ​ទៅមន្ត្រី​ផ្សេង​ និង ក្រសួង​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

ថ្លែង​ការពារ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ លោក​ ស៊ុយ ម៉ុង​លាង​ អគ្គលេខា​ធិការ​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​ បាន​អះអាង ថា​ អ្នកចូល​និវត្តន៍​គឺត្រូវ​បានការ​បើកប្រាក់​ខែ​ មិនមាន​បញ្ហាអ្វីទេ​ ព្រោះ​ក្រសួង ​យុត្តិធម៌​បាន​រៀបចំ​កិច្ចការងារ​នេះហើយ។

លោកបាន​ទទួលស្គាល់​ថា​ការអនុវត្តន៍​ខ្លះ ​មាន​ការចន្លោះ​ប្រហោង​ នោះជា​រឿង ធម្មតា។​ លោកបាន​បន្ថែមថា​កិច្ចការ​កំណែ​ទម្រង់​ច្បាប់និង​ប្រព័ន្ធ​យុត្តិធម៌​ដែល រដ្ឋាភិបាល ​កំពុង​ធ្វើបន្ត​គឺ​មិនអាច​បំពេញ​ចិត្ត​អ្នករិះគន់​បានទេ​ ក៏ប៉ុន្តែ​អះអាង​ថា នឹងមាន​ ប្រយោជន៍​សម្រាប់​រយៈពេល​វែង៕

This posting includes an audio/video/photo media file: Download Now

ចៅក្រម​ស៊ើប​អង្កេត​បដិសេធ​សំណើ​សុំ​បន្ត​ការ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣

Posted: 07 Jun 2011 02:12 PM PDT

សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្តី​ខ្មែរ​ក្រហម ​លោក​យូ ប៊ុនឡេង ​និង​លោក​ ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ (Siegfrid Blunk) នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ច្រានចោល​សំណើ​ចំនួន​ពីរ​របស់​សហ​ព្រះរាជអាជ្ញា​បរទេស​ គឺ​សំណើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​សំណើ​សុំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ក្នុង​ការ​ទទួល​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ ជាដើម​បណ្តឹង​រដ្ឋប្បវេណី​របស់​ជន​រងគ្រោះ​នៅ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​នេះ។

កាលពី​ខែ​ឧសភា​សហ​ព្រះ​រាជអាជ្ញា​បរទេស​លោ​កអ៊ែនឌ្រូ ខេលី (Andrew Cayley) បាន​ថ្លែង​ជា​សាធារណៈ​ដោយ​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំ​រឿង​០០៣​នេះ ​ដោយ​លោក​យល់​ថា សហចៅក្រម​ស៊ើបអង្កេត​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​ពេញ​លេញ​នៅ​ឡើយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​លោក​អ៊ែនឌ្រូ ខេលី ​បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​ ដែល​សាធារណៈ​ ជន​មិន​ធ្លាប់​បាន​ឮ​ពី​មុន​មក​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​០០៣​នេះ ​រួមទាំង​សើ្ន​សុំ​ឲ្យ​មាន​ការ​នាំ​ខ្លួន​ជន សង្ស័យ​មក​សួរចម្លើយ​ជាដើម។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​សហព្រះរាជអាជ្ញា​សញ្ជាតិ​អង់គ្លេស​ក៏​បាន​ស្នើ​សុំ​ឲ្យ​សហចៅក្រម​ស៊ើប​អង្កេត​​ធ្វើការ​ពន្យា​ពេល​ទទួល​ពាក្យ​ស្នើ​សុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​សម្រាប់​ជនរងគ្រោះ​បន្ថែម​ទៀត​ ដោយសារ​តែ​លោក​បង្ហាញថា​ រយៈពេល​កំណត់​ឈប់​ទទួលពាក្យ​ ស្នើ​សុំ​នោះ​ខ្លី​ពេក។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​​លើក​ឡើង​ថា សំណើ​របស់ សហព្រះរាជអាជ្ញា​បរទេស​មិន​ត្រឹម​ត្រូវ​តាម​ទំរង់​ច្បាប់​នោះ​ទេ។ សហចៅក្រម​ស៊ើប​អង្កេត​សំអាង​ថា​ វិធាន​ផ្ទៃ ក្នុង​មិន​បាន​ទុក​ចន្លោះ​ណាមួយ​សម្រាប់​សហ​ព្រះរាជអាជ្ញា​ធ្វើ​កិច្ចការ​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ លើក​លែង​តែ មាន​ការ​ផ្ទេរ​អំណាច។ ម្យ៉ាង​វិញ​ទៀត​ ពុំមាន​ការខ្វែង​គំនិត​គ្នា​រវាង​សហ​ព្រះរាជអាជ្ញា​ទាំងពីរ​នោះ​ទេ។

នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជាមួយ​វីអូអេខ្មែរ​តាម​សារអេឡិចត្រូនិច​ពី​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​នេះ ​លោក​អ៊ែនឌ្រូ ខេលី ​បាន​ប្រកាស​ថា ​លោក​នឹង​ប្តឹង​ឧទ្ឋរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សហ​ចៅ​ក្រម​ទាំងពីរ។ លោក​ខេលី​មាន​ប្រសាសន៍​ថា ​សហចៅក្រម​ស៊ើប​អង្កេត​​ធ្លាប់​បាន​ទទួល​សំណើ​របស់​លោក​ដូចគ្នា​នេះ​ពីមុន​មក​ ហើយ​សហចៅក្រម​ក៏​មិន​ដែល​លើក​មក​ចោទ​ជា​សំណួរ​នោះ​ដែរ។

លោក​ឡាស អលសិន (Lars Olsen) មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មាន​ប្រសាន៍​ថា លោក អ៊ែឌ្រូ ខេលី ​អាច​ប្តឹង​ឧទ្ឋរណ៍​បាន។

ក្រុង​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​ចំណាត់​ការ​របស់​ក្រុម​សហចៅក្រម​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​ដែល​រដ្ឋាភិបាល​ និង​ភាគី​ជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​មិនច​ង់​ឲ្យ​កើត​មាន​ ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​អំពាវ​នាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​ធ្វើ​អន្តរាគមន៍​នៅក្នុង​រឿង​នេះ។

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ឋិ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​បដិសេធ​សំណើ​របស់​សហព្រះរាជ​អាជ្ញា​អន្តរជាតិ​នៅ​ក្នុង​ការ​សុំ​ពន្យា​ពេល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង រដ្ឋប្បវេណី​គឺ​ជា​ការ​រំលោភ​ទៅ​ដល់​ជន​រងគ្រោះ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្នក​រងគ្រោះ​ធ្វើ​ម៉េច​ត្រៀម​ខ្លូន​ឯង​ដាក់​ចូល​ពាក្យ​បណ្តឹង​បាន។ ដូច្នេះ​រឿង​បញ្ហា​ដែល​មិន​ពន្យា​អ្នក​រងគ្រោះ​កំពុង​តែ​រំលោភ​សិទ្ឋិ​របស់​អ្នក​រងគ្រោះ​ក្នុង​របបខ្មែរ​ក្រហម»។

លោក​អ៊ែនឌ្រូ ខេលី ​បាន​ប្តឹង​ឧទ្ធរណ៍​រួច​ទៅ​ហើយ ​កាលពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ប្រឆាំង​នឹង​បញ្ជា​របស់ សហចៅក្រម​ស៊ើបអង្កេត​​ទាំងពីរ​រូប​ ដែល​បង្គាប់​ឲ្យ​លោក​ដក​ចេញ​ភាគ​ខ្លះ​នៃ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​របស់​លោក​ទាក់ទង​នឹង​សំណុំរឿង​០០៣៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!