VOA News: ព័ត៌មាន: “ក្រុមអ្នកវិភាគ​និយាយថា​គណបក្ស​កាន់អំណាច​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១២” plus 2 more

VOA News: ព័ត៌មាន: “ក្រុមអ្នកវិភាគ​និយាយថា​គណបក្ស​កាន់អំណាច​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១២” plus 2 more


ក្រុមអ្នកវិភាគ​និយាយថា​គណបក្ស​កាន់អំណាច​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១២

Posted: 08 Jun 2011 01:51 PM PDT

ក្រុម​អ្នកវិភាគ​ បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បន្ត​ការ​វាយ​ប្រហារ​បន្តុះ​បង្អាប់​​គូរសត្រូវ​នយោបាយ​របស់​លោក​មុនការ​បោះឆ្នោត​មកដល់​ បន្ទាប់​ពី​សុន្ទរកថា​ ដែល លោក​បាន​លើកឡើង​ពី​កិត្តិយស​ក្នុង​ការជួយ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម រង្សី កន្លង មក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ័​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ កាលពី​ ថ្ងៃ​ច័ន្ទថា​ លោក​បាន​ណែនាំ​ និង​ជួយ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា​នៅក្នុង​ឆ្នាំ២០០៧​ និង​បាន​ណែនាំ​លោក សម រង្សី ​ដាក់​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ផ្លាស់ប្តូរ​រូបមន្ត សម្រាប់​បង្កើត​រាជរដ្ឋាភិបាល​ពី​សំឡេង​សមាជិក​រដ្ឋសភា​ពីរ​ភាគបី មក​សំឡេង​៥០​ភាគរយ​បូក​មួយ ហើយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​សុទ្ធតែ​សុំ​យោបល់​របស់​លោក​ រួមទាំង​គណបក្ស​ សម រង្សី ។

ក្រុម​អ្នកវិភាគ​បាន​ចាត់ទុក​ការទម្លាយ​រឿង​សម្ងាត់​នយោបាយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ជាមួយ​ នឹង​ គូ​សត្រូវ​នយោបាយ​របស់​លោក ​គឺ​លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​និង​លោក​ សម រង្សី ​ប្រធាន​គណបក្ស​សម រង្សី ​ថា​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​ក្នុង​ការធ្វើ​ឱ្យ​ទន់ខ្សោយ ដល់​ប្រជា​ប្រិយភាព ​និង​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

លោក​ឡាវ ម៉ុងហៃ​ អតីត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​អាស៊ី ​បាន​ថ្លែង​ថា​ការ​ទម្លាយ​ រឿង​សម្ងាត់​នេះ អាច​ធ្វើឱ្យ​អ្នក​បោះឆ្នោត​លែ​ងជឿ​ទុកចិត្ត​លើ​គណបក្ស​សម រង្សី ​និង​គណបក្ស​សិទ្ធិមនុស្ស​ ហើយ​បែរ​ជា​មក​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

លោក ឡាវ ម៉ុងហៃ ​បាន​បន្ថែម​ថា​យុទ្ធសាស្ត្រ​នេះ​អាច​ធ្វើជា​ការសាកល្បង​លើ​ការគាំទ្រ​ ឬ​ប្រជាប្រិយ​ភាព​ របស់​គណបក្ស​កាន់​អំណាច​នៅតែ​រឹងមាំ​ដដែល​ ឬ ​កាន់តែ​រឹងមាំ​ថែមទៀត​ ឬ ​ចុះ​អន់ថយ។

«ការទម្លាយ​រឿង​សម្ងាត់​នៅក្នុង​កាលៈ​ទេសៈ​សព្វថ្ងៃ​ គឺ​ប្រហែល​ជា​ប្រយោជន៍​ទៅដល់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ ហើយ​ការ​ផ្សព្វ​ផ្សាយ​រឿង​សម្ងាត់​នេះ​ប្រហែល​ជា​ធ្វើឱ្យ​មាន​ការច្រឡូក​ច្រឡំ​ ឬ ​បង្កើត ការមិន​ទុកចិត្ត​ពី​សាធារណៈ​ទៅលើ​គណបក្ស។ យុទ្ធសាស្ត្​នេះ​មិនមាន​អ្វី​ថ្មីទេ​​ ក្នុង​ការស្វែង​រក​អំណាច យកមក​កាន់​កាប់​ ឬ ​ប្រមូល​ការគាំទ្រ​អំណាច​ដែល​មាន​ស្រាប់»។

លោក​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​បោះឆ្នោត​អព្យាក្រិត្យ ​និង​មិន​លំអៀង​ (និចហ្វិក) បាន​ថ្លែងថា​ការទម្លាយ​រឿង​សម្ងាត់​នេះ​អាច​ធ្វើឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស សម រង្សី ​បាត់បង់​ សេចក្តី​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​ ហើយ​ប្រជាពលរដ្ឋ​បែរ​ជា​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​វិញ។

«នេះ​អាច​ជា​ហេតុផល​មួយ ​ដើម្បី​ឱ្យ​ការទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មាន​ការពិនិត្យ​ឡើងវិញ​នូវ​អ្វីដែល​ជា​ការសម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ ។ខ្ញុំ​គិតថា​ការទម្លាយ​រឿង​សម្ងាត់​នេះ​គឺជា​យុទ្ធសាស្ត្រ​ដណ្តើម​សន្លឹក​ឆ្នោត»។

លោក​ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា ​ដើម្បី​កិច្ច​សហប្រតិបត្តិការ ​និង​សន្តិភាព​បាន ថ្លែង​ថា​ការបោះឆ្នោត​ឃុំ ​សង្កាត់​ឆ្នាំ២០១២​ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ​គឺជា​វេទិកា​នយោបាយ​មួយ ដ៏​សំខាន់ ​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។

«អ្វី​ទាំងអស់​ដែល​គណបក្ស​នយោបាយ​កំពុង​តែធ្វើ ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ដល់​គណបក្ស​របស់​ខ្លួន និង​ដើម្បី​កាត់បន្ថយ​ប្រជាប្រិយភាព​របស់​គណបក្ស​នយោបាយ​ដទៃ។ នេះ​គឺជា​នយោបាយ​មួយ ដែល​ខ្ញុំ​គិត​ថា​គណបក្ស​នយោបាយ​ទាំងអស់​កំពុង​តែ​ប្រើ​នៅ​កម្ពុជា​នេះ ដើម្បី​ឈាន​ទៅរក​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ២០១២ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ វាអាច​ចូល​ទៅក្នុង​ទ្រឹស្តី Divide and Conquerដើម្បី​បំបែក​បំបាក់​គណបក្ស​ដែល​ប្រឆាំង​ជាមួយ​នឹង​គណបក្ស​របស់​ខ្លួន»។

លោក​ប៉ុល ហំម ​អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​ បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ប្រើ ល្បិចចាស់​ ដើម្បី​បន្តុះបង្អាប់ ​គណបក្ស​សិទ្ធិ​មនុស្ស។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស សម រង្សី​ បាន​បញ្ជាក់​ថាគ​ណបក្ស សម រង្សី គ្មាន​រឿង​សម្ងាត់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ក្នុង​ឆ្នាំ​២០០៦ ​លោក សម រង្សី ​ធ្លាប់បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​គេហដ្ឋាន​របស់​លោក ហើយ​ក៏អាច​និយាយ​គ្នា​តាម​ទូរស័ព្ទ៕

This posting includes an audio/video/photo media file: Download Now

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវការ​ព័ត៌មាន​បន្ថែម​អំពី​សាក្សីនិង​អ្នក​ជំនាញ​សម្រាប់​ករណី​០០២

Posted: 08 Jun 2011 01:37 PM PDT

លោក​និល ណុន​ ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​​ផ្តល់ព័ត៌មាន​​បន្ថែម​ទៀត​ចំពោះ​សាក្សី​និង​អ្នក​ជំនាញ​ដែល​ត្រូវដាក់​បញ្ចូល​នៅក្នុង​សំណុំរឿង​០០២​ ឲ្យ​បាន​ត្រឹមថ្ងៃ​ទី២០​ ខែ​មិថុនា​ ខាងមុខ​នេះ។

សាលាក្តី​សម្រាប់​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​ជា​បឋម​ចំពោះ​សំណុំរឿង​០០២ ​ដែល​មាន​ជន​ជាប់ចោទ​ចំនួន​បួនរូប ​គឺ​លោក​ខៀវ សំផន ​លោក​នួន ជា​ លោក​អៀង សារី​ និង​អ្នកស្រី​អៀង ធីរិទ្ធ ​នៅ​ថ្ងៃទី​២៧ ​រហូត​ដល់ថ្ងៃ​ទី​៣០ ​ខែ​មិថុនា។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បង្គាប់​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ធ្វើការ​ពន្យល់បន្ថែម​ និង​សង្ខេប​ឲ្យ​បាន​ខ្លីៗ ​តាម​ដែល​អាច​ធ្វើទៅ​បាន​ ចំពោះ​សាក្សី ​និង​អ្នក​ជំនាញ។

ចំពោះ​បញ្ជី​ឈ្មោះ​ បុគ្គល​ដែល​ជាសាក្សី​និង​អ្នកជំនាញ​ ដែល​ត្រូវ​ដាក់​ពិចារណា​មា​នបួន​ចំណុច​ ដែល រួមមាន​រចនា​សម្ព័ន្ធ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ តួនាទី​របស់​ជនជាប់ចោទ​ម្នាក់​នៅ​ក្នុងអំឡុង​ពេល​មុនការបង្កើត​កម្ពុជា​ប្រជាធិបតេយ្យ​ រួមទាំ​ងពេល​ដែល​ជនជាប់ចោទ​ បាន​ទទួល​តួនាទី​នោះ​ តួនាទី​ជា​ជន​ជាប់ចោទ​ ម្នាក់ៗក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ ការទទួលខុស​ត្រូវ​របស់​ជនជាប់ចោទ​ តាមការ​ចាត់តាំង​ និង​គោលនយោបាយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ស្តីពី​បញ្ហា​នានា​ ដែល​បាន​លើកឡើង​នៅក្នុង​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

លោក​ឌឹម សុវណ្ណារុំ ​មន្រ្តី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​ បាន​មានប្រសាសន៍​ថា​សាលាក្តី​ខ្មែរក្រហម​បាន​ទទួល​សាក្សី ​អ្នកជំនាញ​និង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ដែល​បាន​ដាក់​គ្រប់​ភាគី​មាន​ចំនួន​១.០៩២នាក់។

លោក​បាន​មាន​ប្រសាសន៍​ថា ​យើង​មិនទាន់​សម្រេច​ចុងក្រោយ​ថាតើ​នឹង​ត្រូវ​ជ្រើសរើស​សាក្សី ​និង​ អ្នក ជំនាញ​ប៉ុន្មាន​នាក់​ទេ​ ដែល​ត្រូវ ​នឹង​ដាក់​បញ្ចូល​នៅក្នុង​សំណុំរឿង​០០២​នោះ។

«តើ​ចុងក្រោយ​និង​សម្រេច​ប៉ុន្មាន​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ដោយសារ​តែ​អង្គជំនុំជម្រះ​សាលាក្តី​ ដំបូង​ នឹង​ពិភាក្សា​នៅលើ​ចំណុច​ហ្នឹង ​​ក្នុងពេល​ដែល​មាន​សវនាការ​ជា​បឋម ​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​២៧ ខែ​មិថុនា​ឆ្នាំ២០១១​នេះ​តទៅ។ អញ្ចឹង​សវនាការ​បឋម​ នឹង​ពិភាក្សា​ជុំវិញ​បញ្ជី​ឈ្មោះ​របស់​សាក្សី ​អ្នកជំនាញ​ និង ​ដើមបណ្តឹង​រដ្ឋប្បវេណី​ ដែល​មាន​ចំនួន​ច្រើន​ ហើយ​យើង​ជឿជាក់​ថា​ ចំពោះ​(ចំនួន) ដ៏​ច្រើន​លើសលប់​នេះ​មិន អាច​អង្គជំនុំជម្រះ​សាលាដំបូង ​និង​សម្រេច​យក​ទាំងអស់​បាន​ទេ»។

លោក​ហុង គឹមសួន ​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី ​បាន​មាន​ប្រសាសន៍​ថា​ នាពេល​ឆាប់ៗ​ខាងមុខ​នេះ​ក្រុម​មេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​ទាំងអស់​នឹង​បើក​កិច្ចប្រជុំ​គ្នា​មួយ​ដើម្បី​ប្រមូល​មតិ​រៀងៗ​ខ្លួន​ ចំពោះ​សាក្សី និង​អ្នក​ជំនាញ ​ដែល​ត្រូវដាក់​បញ្ចូល​ធ្វើ​សក្ខីកម្ម។

«ប្រភេទ​នៃ​ការទាមទារ​សំណង ​គឺជា​រឿង​ចម្បង​សម្រាប់​ដើមបណ្តឹង​រដ្ឋប្បវេណី ​ប៉ុន្តែ​វា​មិនទាន់​ដល់​ថ្នាក់​លម្អិត​ ដូច​នៅ​បញ្ចប់ទេ។ តុលាការ​នឹង​សួរថា​យើង ​មាន​ប្រភេទ​យ៉ាងម៉េច​ដាក់​ឲ្យ​គេ។ ទីពីរ​ទៀត ​យើង បង្ហាញ​អំពី​ថាតើ​យើង​មាន​ដើម​បណ្តឹង​ប៉ុន្មាន​នាក់​ឡើង​ធ្វើ​សក្ខី​កម្ម ​ដែល​ទាក់ទិន​ទៅ​ជាមួយ​អង្គហេតុ​នីមួយៗ តើ​យើង​មាន​សាក្សី​ប៉ុន្មាន ​ដែល​បង្ហាញ​គាំទ្រ​អង្គហេតុ​យើង​ និង​អ្នកជំនាញ​ថែមទៀត»។

លោក​ឡាត់ គី ​អ្នកសម្រប​សម្រួល​សាលាក្តី​ខ្មែរ​ក្រហម​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​មាន ប្រសាសន៍​ថា សាក្សី​ និង​អ្នកជំនាញ​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅក្នុង​សំណុំរឿង​០០២។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អ្នកជំនាញ​ គួតែ​ទៅដាក់​ឲ្យបាន​ច្រើន ​ដើម្បី​លាតត្រដាង​ពី​ការណ៍ពិត។

«ដោយសារ​តែ​សំណុំរឿង​នេះ​ គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​សំណុំរឿង​របស់​មេដឹកនាំ​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ជា​សំណុំរឿង​មួយ ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។ បើសិន​ណា​ជំនាញ​អាច​យក​បាន​ច្រើន កាល​ណា​ គឺល្អ​កាលហ្នឹង ​ដើម្បី​ធ្វើ​យ៉ាងម៉េច​គឺ​លាតត្រដាង​ការណ៍ពិត​ បង្ហាញ​នូវ​ការណ៍ពិត​ឲ្យ​ជន​ជាប់ចោទ​គាត់​អាច​ទទួល​យក​នូវ​ទឡ្ហីករណ៍​ ឬក៏​ហេតុការណ៍​ដែល​កើតឡើង​នៅ​កាល​ហ្នឹង»។

This posting includes an audio/video/photo media file: Download Now

សាលាក្តី​ខ្មែរក្រហម​ជួយ​ដល់​ការ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម

Posted: 08 Jun 2011 01:16 PM PDT

សាលាក្ដី​ខ្មែរក្រហម​នឹង​ជួយ​នាំ​មក​នូវ​យុត្តិធម៌​ ការផ្សះផ្សា​របួស​ផ្លូវចិត្ត​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិប​តេយ្យ។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការស្ទង់​មតិ​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌ​ល​សិទ្ធិ​មនុស្ស​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ ប៊ើគលី របស់​សហរដ្ឋអាមេរិក។ របាយការណ៍​ដែល​ត្រូវបាន​ បង្ហាញ​ជាសា​ធា​រណៈក្នុង​សិក្ខាសិលា​មួយ​នៅព្រឹក​ថ្ងៃពុធ​នេះ ​ក្នុង​ទីក្រុង​ភ្នំពេញ។

ការស្ទង់​មតិ​ដែល​មាន​ចំណង​ជើងថា​ «ក្រោយពី​ការជំនុំជម្រះ​សំណុំរឿង​ទី១» គឺ​សវនាការ​កាំង​ ហ្គិច​អ៊ាវ ហៅ ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​បាន​បញ្ចប់​កាលពី​ខែ កញ្ញា​ ឆ្នាំ ២០១០​ បង្ហាញថា ​ប្រជាពលរដ្ឋ​ ជាង​​បីភាគបួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១០០០ ​នាក់ ដែល​ត្រូវបាន​ចោទ​សួរ​ក្នុង​ខេត្ត​ក្រុង​ទាំង ២៤​របស់​ប្រទេស​កម្ពុជា​មាន​ជំនឿ​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជះ​ផល​វិជ្ជមាន​ដល់​ជន​រងគ្រោះ ​ឬ​ដល់​ក្រុម គ្រួសារ​របស់​ពួកគេ។ តួលេខ​នេះ​បង្ហាញ​អំពី​សន្ទុះ​កើនឡើង​បើធៀប​នឹង​លទ្ធ​ផល​នៃ​ការស្ទង់​មតិ​របស់ មជ្ឈ​មណ្ឌល​ដដែល​នេះ កាលពី​ឆ្នាំ២០០៨ ដែល​កាល​នោះ​ប្រជា​ពល​រដ្ឋ​ដែល​គិត​ពី​ផល​វិជ្ជមាន របស់​សាលាក្ដី​នោះ​មាន​ត្រឹមតែ​ ៦៨ភាគរយ​តែប៉ុណ្ណោះ។

ការស្ទង់មតិ​ដែល​បាន​បញ្ចប់​កាលពី​ខែធ្នូ​ ឆ្នាំ​កន្លង​ទៅ​បង្ហាញ​បន្ថែម​ថា​ ៣៧ ​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​យល់​ថា សាលាក្ដី​នឹង​នាំមក​នូវ​យុត្តិធម៌។ រីឯ​២៥​ភាគរយ​ទៀត​ យល់​ថា​​​ដំណើរការ​ក្ដី​បាន​ជួយ ជន​រងគ្រោះ​ឲ្យមាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​កំហឹង ឬក៏​ជួយ​ពួកគេ​ឲ្យបញ្ចេញ​នូវ​ការ​ឈឺចាប់​ទាំង​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ ដែល​ពួកគេ​ទទួល​រង​នៅក្នុង​អំឡុង​របបខ្មែរ​ក្រហម។

ថ្វីបើ​អ្នក​ដែលត្រូវ​បាន​សម្ភាសន៍​ភាគច្រើន​ប្រកប​ទៅដោយ​ផល​វិជ្ជមាន ក៏ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នកដែល​ត្រូវបាន​សម្ភាសន៍​ចំនួន​៩​ភាគរយ បាន​និយាយ​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជះឥទ្ធិពល​អាក្រក់​ ដូចជា​​ការ​រំលឹក​ឡើងវិញ​នូវ​អតីត​កាលច្រើន​ពេក​ដល់​ជនរងគ្រោះ​ ឬក៏​ការ​ផ្ដន្ទាទោស​មិនត្រូវ​បាន​គេដឹង​ទូលំទូលាយ​នោះ​ទេ។

ការអង្កេត​ដដែល​បា​នបាន​បង្ហាញ​ថា​ វិទ្យុ ​និង​ទូរទស្សន៍ ​ដើរ​តួនាទី​យ៉ាង​សំខាន់​ដូចគ្នា​នៅ​ក្នុង​ការជួយ​ផ្ដល់​​ពត៌មាន​ទៅ​ដល់​ជនរងគ្រោះ​អំពី​សាលាក្ដី​ខ្មែរ​ក្រហម​ និង​ការកាត់ទោស​អតីត​ពួក​មេ​ដឹកនាំ​ជាន់ខ្ពស់ និង អ្នក​ទទួល​ខុស​ត្រូវត្រូវ​ខ្ពស់​បំផុត​ក្នុង​សម័យ​ខ្មែរក្រហម​គឺ៧៣​ភាគរយ​នៃ​ប្រជាជន​ដឹង​អំពី​ដំណើការ​កាត់ ទោស​ខ្មែរ​ក្រ​ហម​តាមវិទ្យុ​ និង​៧២ ភាគរយ​ដឹង​តាមរយៈ​ទូរទស្សន៍។

សូម​បញ្ជាក់ថា ​ការស្ទង់​មតិមជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា ​ប៊ើគលី​ ធ្វើ​លើ​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ ១៨​ ឆ្នាំឡើង ​ហើយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឃុំ​ចំនួន​១២៥ ​នៃ​ខេត្ត ក្រុង​ទាំង២៤។

លោក​ Patrick Vinck ​នាយក​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស របស់​សកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា ប៊ើគលី ​បាន​ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៃ​ការអង្កេត ​កាល​ពី​ព្រឹកមិញ​ថា ឆ្លងតាម​របាយការណ៍​នេះ​បង្ហាញ​ថា​ ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សាលាក្ដី​ខ្មែរ​មាន​ការ កើនឡើង។

«ខ្ញុំគិត​ថា ​សំណួរ​ទាំងនោះ​បាន​បង្ហាញ​នោះ​ គឺ​ការ​ជឿ​ទុកចិត្ត​លើ​តុលាការ​ហាក់​ដូចជា​មាន​ការកើន​ឡើង ប៉ុន្ដែ​វា​នៅតែ​មាន​ការរួញ​រា ដោយ​មាន​ការគិត​ដល់​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី។ ប៉ុន្ដែបើ​និយាយ​ពី​និន្នាការ​ នោះ គឺ​មាន​និន្នា​ការជា​វិជ្ជមាន។ សាលាក្ដី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​កបឋម​ទៅលើ​សំណុំរឿង ​០០២ ​ដែលមាន​ជន​ជាប់​សង្ស័យ សរុប​ចំនួន​បួននាក់​ នៅថ្ងៃ​ទី ២៧ ​រហូត​ទៅដល់​ថ្ងៃទី​ ៣០​ ខែ​មិថុនា​នេះ។ ជន​ជាប់ចោទទាំង​នេះ ត្រូវ​ស្ដី បន្ទោស​ចំពោះ​ការទទួលខុស​ត្រូវ​ចំពោះ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​ចំនួន​១,៧​លាន​នាក់។

ក្រុម​មន្ដ្រី​អង្គការ​សង្គមស៊ីវិល ​កត់​សម្គាល់​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​ថា ការយល់​ដឹង​កើនឡើង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ដែល​របាយការណ៍​បាន​លើ​កឡើង ក៏ប៉ុន្ដែ​ជន​រងគ្រោះ ដែល​ជាជន​ជាតិ​ភាគតិច​អាច​មាន​ចរន្ដ​ខុសពីនេះ។ ដោយឡែក​ក៏មាន​ការ​លើក​ឡើង​ផង​ដែរ​អំពី​កង្វះ​ផ្នែក​ជែនឌើ​ ក្នុង​ការ​ស្រាវជ្រាវ​នេះ​ដែរ។

លោក ឌឹម សុវណ្ណារុំ ​ប្រធាន​ស្ដីទី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហមមាន​ ប្រសាសន៍​ថា​នេះ ជា​របាយការណ៍​គួរឲ្យ​ចាប់​អារម្មណ៍។

«យើង​មិនអាច​វាស់វែង​ថា តើ​របាយការណ៍​នេះ​សុក្រិត​ប៉ុណ្ណា​នោះទេ។ ប៉ុន្ដែ​វាជា​ការចង្អុល​បង្ហាញ​មួយ​ហើយ​អាច​រក​ជាគន្លឺះ​ធ្វើការ​កែលំអរ​ក្នុង​ការខិតខំ​ទៅតាម​ផ្នែក​ការងារ​របស់​ក្រុម​នីមួយៗ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ ប៊ើគលី ​គ្រោងនឹង​ធ្វើការ​ស្ទង់​មតិជា​ថ្មី​នៅ ក្នុង​ឃុំ​ទាំង​១២៥​ នៅឆ្នាំ​ក្រោយ​នេះ​ទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!