VOA News: ព័ត៌មាន: “ប៉ូលិស​ប្រើ​ធម៌ក្តៅ​ចាប់​ក្រុម​ម៉ាហ្វីយ៉ា​ចិននៅ​ស្រុកខ្មែរ” plus 1 more

VOA News: ព័ត៌មាន: “ប៉ូលិស​ប្រើ​ធម៌ក្តៅ​ចាប់​ក្រុម​ម៉ាហ្វីយ៉ា​ចិននៅ​ស្រុកខ្មែរ” plus 1 more


ប៉ូលិស​ប្រើ​ធម៌ក្តៅ​ចាប់​ក្រុម​ម៉ាហ្វីយ៉ា​ចិននៅ​ស្រុកខ្មែរ

Posted: 09 Jun 2011 02:02 PM PDT

ជនជាតិ​ចិន​ដីគោក​ចំនួន​១៦៦នាក់​ និង​ស្រ្ដី​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចាប់ទ្រង់​ទ្រាយ​ធំ​មួយ​របស់​ក្រុម​នគរបាល​ក្រសួង​មហាផ្ទៃ​នៅថ្ងៃ​ព្រហស្បតិ៍នេះ។

លោក​ឧត្តមសេនីយ៍​គាត ចន្ទ័ថារិទ្ធ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ជនជាតិ​ចិន​ទាំង​នោះ​គឺ ជា​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ហើយ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជាទី​តាំង​ ដើម្បី​ធ្វើការ​គំរាម​ដល់​ជនរងគ្រោះ​នៅ​ក្រៅ​ប្រទេស។

«ពួកនេះ​ធ្វើ​សកម្មភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ​VOIP ​ដើម្បី​ទាក់ទង​គំរាម​ទៅស្រុក​ក្រៅ​គំរាម​ជំរិត​ទារប្រាក់​ជារបៀប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជារបៀប​អង្គការ​ចាត់តាំង»។

នៅក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​ ៦៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ខណ្ឌផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ ៣៨​នា​ក់ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ក្រុម​នគរបាលឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន​៦១​នាក់។ មាន​ស្ដ្រី​សរុប​ចំនួន​៤៩នាក់​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន។

មន្ដ្រី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ដដែល​បាន​បញ្ជាក់​ថា ​នេះ​គឺ​ប្រតិបតិ្ដការ​មាន​លក្ខណៈ​អន្ដរជាតិ​ ​ហើយ​ត្រូវបាន​ធ្វើឡើង​ព្រមគ្នា​នៅថ្ងៃ​តែមួយ​ក្នុង​ប្រទេស​ថៃ កោះតៃវ៉ាន់​​ឥណ្ឌូណេស៊ី ​និង​ ម៉ា​ឡេស៊ី ​បន្ទាប់ពី​មាន​បណ្ដឹង​ពី​ជនរងគ្រោះ។​លោក​ឧត្តមសេនីយ៍គាត ចន្ទ័ថារិទ្ធ ​បញ្ជាក់​ថា ក្រុម​ជនទាំង​នេះ​ បាន​ចូលមក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​អ្នកទេសចរ​ ហើយ​បាន​សម្ងំ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នៅ​ក្នុង​ផ្ទះ​សម្រាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។

«ក្នុងថ្ងៃ​តែមួយ​ នៅ​តៃវ៉ាន់​ គឺ​ឃាត់​១៤១​នាក់​ នៅ​ថៃ​៥នាក់ ​ឥណ្ឌូនេស៊ី​១៣០​នាក់ ​ម៉ាឡេស៊ី​៣៧នាក់»។

នេះ​គឺជា​ប្រតិបត្តិការ​ដ៏ធំ​បំផុត​មួយ​ ដែល​ក្រុម​មន្ដ្រី​កម្ពុជា​អះអាង​ថា​ ដើម្បី​ចាប់​ក្រុម​ជន​សង្ស័យនៅ​​ក្នុង​បណ្ដាញ​ឧ​ក្រិដ្ឋកម្ម​ឆ្លងដែន​នោះ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុនក្រុម​អាជ្ញាធរ​កម្ពុជា​បាន​រកឃើញ​ជនជាតិ​ចិន ដែល ត្រូវ​គេ​លាក់ខ្លួន​នៅ​កន្លែង​ផ្សេងៗ​គ្នានៅ​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​នាំ​ទៅ​ប្រទេស​ទីបី។

លោក​ឧត្តមសេនីយ៍​ គាត ចន្ទ័ថារិទ្ធ ​បញ្ជាក់​បន្ថែមថា​ ជន​ដែល​ត្រូវចាប់​ខ្លួន​កំពុង​ស្ថិត​នៅក្រោម​ការគ្រប់​គ្រង​និង​សួរចម្លើយ​របស់​ប៉ូលិស​អន្ដោប្រវេសន៍​នៅ​ក្បែរ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ក្រុង​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា​វា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​ជនជាតិចិន​ទាំងនេះ​ នឹង​ត្រូវ​បញ្ជូនចេញ​ពីប្រទេស​កម្ពុជា​ភ្លាមៗ​ ឬក៏​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បន្ថែម​ដើម្បីកាត់ទោស​មុន​នឹង​បណ្ដេញចេញ​ពីប្រទេស​កម្ពុជា។

នៅ​មិនទាន់​មាន​ការបង្ហាញ​ប្រតិកម្ម​ណាមួយ​ពី​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ។

ក្រុម​មន្ដ្រី​សិទ្ធិមនុស្ស​មិនបាន​តាម​ឃ្លាំមើល​ការចាប់ខ្លួន​ជនជាតិ​ចិន​ខាងលើ​នោះ​ឡើយ។

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​ដែល​ជា​គណបក្ស​ជំទាស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​បង្រ្កាប​បទឧក្រិដ្ឋ​​ ក៏​ប៉ុន្ដែ​លោក​ហាក់ដូច​ជា​មាន​ការសង្ស័យ​អំពី​ការគោរព​សិទ្ធិ​មនុស្ស។

«បើសិន​ហ្នឹង​ជា​ជន​ទុច្ចរិត​មែន​ គេ​គាំទ្រ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ ប៉ុន្តែសុំ​ធ្វើ​យ៉ាងម៉េច​ឲ្យតាម​មាន​ការគោរព​សិទ្ធិមនុស្ស​តាម​ច្បាប់​ត្រឹមត្រូវ»។

លោក​កុយ គួង​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ លោក មិនទាន់បាន​ទទួល​ដំណឹង​ពីការ​ចាប់ខ្លួន​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

ប៉ូលិស​និង​ប្រជាពលរដ្ឋ​ប៉ះទង្គិច​គ្នា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤

Posted: 09 Jun 2011 09:31 AM PDT

អ្នកភូមិ​ច្រើន​រាប់រយ​នាក់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ​និង​ខេត្ត​កណ្តាល​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​នគរបាល​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ ដើម្បី​ការពារ​ដីស្រែ​របស់​ពួកគាត់​ពី​ការរំលោភ​យក​ដោយ​ក្រុមហ៊ុន​ឯកជនតាមរយៈ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល។

ជម្លោះ​ដីធ្លី​ចំនួន​៦៥​ហិចតា​នេះ​ បាន​កើតឡើង​តាំងពី​ឆ្នាំ២០០៤​រវាង​ក្រុមហ៊ុន​ឯកជន ​និង​ប្រជាពលរដ្ឋ​ចំនួន៨៨​គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​ប្រាំ​ ដូចជា​ភូមិ​ស្តុកស្លាប​ក្នុង​ឃុំ​ភ្នំតូច​ ភូមិ​ពោ​ក្នុង​ឃុំ​ដំណាក់​រាំង ​ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ ​និង​ភូមិ​ចំនួន​បី​ក្នុង​ឃុំ​ទួលព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​តាំងពី​ឆ្នាំ២០០៤​ ហើយ​តុលាការ​ កំពូល​បាន​សម្រេច​ប្រគល់​ដី​ជម្លោះ​នេះ​ទៅឱ្យ​ក្រុមហ៊ុន​នៅថ្ងៃ​ទី៣១​ ខែ​ធ្នូ ឆ្នាំ២០០៩។

កង​កម្លាំង​នគរបាល​ប្រមាណ​៣០០នាក់​ប្រដាប់​ដោយ​កាំភ្លើង​ ដំបង​ឆក់​ ខែល​ បាន​ចុះ​អនុវត្ត​សាលដីកា​របស់ តុលាការ​កំពូល​ចុះ​នៅ​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ២០០៩ ​ប៉ុន្តែ​អ្នកភូមិ​ប្រមាណ​៥០០នាក់​ប្រដាប់​ដោយ​ដំបង​ កាំបិត ពូថៅ ​និង​ជំពាម​កៅស៊ូ​បាន​រារាំង​អាជ្ញាធរ​មិន​ឱ្យ​អនុវត្ត​សាលដីកា​នេះ​រហូត​ដល់​មាន​ការស៊ើបអង្កេត​ច្បាស់លាស់​សិន ​នេះ​បើយោង​តាម​សាក្សី​ឃើញ​ផ្ទាល់ភ្នែក។

ក្នុង​ការប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​នេះ អ្នកភូមិ​ចំនួន​ប្រាំពីរ​នាក់​ បាន​ទទួល​រងរបួស​ធ្ងន់​ដោយ​ការវាយ​ នឹង ​ដំបង​ឆក់​ និង​គ្រាប់​កាំភ្លើង​របស់​នគរបាល​ដែល​បាន​បាញ់​ឡើង​ទៅ​លើ​មេឃ ​ហើយ​នគរបាល​បីនាក់​ក៏​បាន ទទួល​រង​របួស​ជាទម្ងន់​ដោយ​ការវាយ​នឹង​ដំបង​និង​កាប់​នឹង​ពូថៅ។ ដោយ​ឃើញ​មាន​អំពើ​ហិង្សា​បែបនេះ​ នគរបាល​បាន​ដកថយ​ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សិទ្ធិមនុស្ស​ និង​នគរបាល។

លោក​សាន នៀន​ អាយុ​៤០ឆ្នាំ​ នៅភូមិ​ពោ​ ឃុំ​ដំណាក់​រាំង ​ស្រុក​ឧត្តុង្គ ​ខេត្ត​កំពង់​ស្ពឺ​ បាន​និយាយ​ថា​អាជ្ញាធរ​ បាន​ប្រើ​អំពើ​ហិង្សា​មកលើ​អ្នកភូមិ ​ហើយ​អ្នកភូមិ​បាន​នាំគ្នា​តប​នឹង​អាជ្ញាធរ​វិញ។

«ជា​អំពើ​មួយ​ដ៏ឃោរឃៅ​ ហើយ​ព្រៃផ្សៃ​បំផុត​ ខ្ញុំ​មិនដែល​ជួបប្រទះ។ ដីនេះ​ប្រជាពលរដ្ឋ​អត់ឱ្យ​ដាច់​ខាត។ ទោះបី​ជា​ដំណាក់កាល​ស្លាប់​ទាំងអស់​គ្នា ក៏​ប្រជាពលរដ្ឋ​សុខចិត្ត​ស្លាប់​នៅលើ​ដី​របស់​គាត់។ គាត់​មិនសុខ​ចិត្ត​ឱ្យ​ទៅ​គេ។ ប្រជាពលរដ្ឋ​សុខចិត្ត​ស្លាប់​នៅ​លើ​ដីស្រែ​នៅក្នុង​ខ្ទម​កំសត់​របស់​គាត់​នៅលើ​ដី​នេះ»។

លោក​កែវ អឿន​ អធិការ​នគរបាល​ស្រុក​ឧត្តុង្គ ​ខេត្ត​កំពង់ស្ពឺ ​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​បាន​វាយ​មក​លើ​សមត្ថកិច្ច ​ដែល​បាន​ធ្វើ​របួស​ធ្ងន់​ដល់​នគរបាល​ពីរនាក់​ និង​កង​រាជអាវុធហត្ថ​ម្នាក់​ នៅពេល​ដែល​កងកម្លាំង​ នគរបាល​ កំពុង​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល។

«ប្រជាពលរដ្ឋ​មក​វាយ​មក​លើ​សមត្ថកិច្ច​របស់​ខ្ញុំ​តែម្តង។ ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ដំបង​ ដាវ ​កាំបិត ​ជំពាម បាញ់​មក​លើ​សមត្ថកិច្ច»។

លោក​អ៊ំ សំអាត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចុះ​ទៅ​ឃ្លាំមើល​នៅ​កន្លែង កើតហេតុ​ បាន​ថ្លែងថា​វា​ជា​អំពើ​ហិង្សា​ដែល​មិនគួរ​កើត​មាន។

«ការអនុវត្ត​សាលដីកា​នេះ​មិនបាន​ពិចារណា​ឱ្យ​ដិតដល់​ទៅលើ​ទស្សនកម្ម​ដែល​កើត​ឡើង ​ទើប​បង្ក​ឱ្យ​មាន អំពើ​ហិង្សា​ និង​របួស​ទាំង​សងខាង​នេះ។ ទង្វើ​នេះ​ជាការ​សោកស្តាយ​ជាទី​បំផុត​ដែល​យើង​អាច​បញ្ចៀស បាន​ ប៉ុន្តែ​យើង​មិន​បញ្ចៀស​ យើង​នៅតែ​ព្យាយាម​ក្នុង​ការអនុវត្ត​ដែល​បង្កឱ្យ​មាន​អំពើហិង្សា​ និង​របួស​ទាំង សងខាង​នេះ»។

លោក​យី សុខសាន្ត ​អនុ​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​សមាគម​សិទ្ធិមនុស្ស អាដ ហុក ដែល​បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ ​«ការដោះស្រាយ​ដោយ​ប្រើ​អំពើ​ហិង្សា​នេះ​មិនមាន​លទ្ធផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ទេ។ អញ្ចឹង​មើលទៅ​ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការគោរព​សិទ្ធិមនុស្ស។ ប្រជាពលរដ្ឋ​ ប្រើប្រាស់​ប្រដាប់​អាវុធ​របស់​គាត់ ​ដូចជា ​ព្រនង់ ​កាំបិត​ ពូថៅ​ ដើម្បី​ទប់ទល់​ជាមួយ​អាជ្ញាធរ​ដែល​មាន កាំភ្លើង​ ហើយ​ករណីនេះ​ ខ្ញុំ​យល់ថា​អាជ្ញាធរ​គួរ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី​ល្អជាង​ការប្រើ​អំពើ​ហិង្សា»។

របាយការណ៍​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គិត​ពី​ដើម​ឆ្នាំ ២០១១រហូត​ដល់​បច្ចុប្បន្ន​ សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​រកឃើញ​ថា​យ៉ាងហោចណាស់​ ក៏មាន​ប្រជាពលរដ្ឋ​ក្រីក្រក្នុង​ទំនាស់​ដីធ្លី​ចំនួន​១២៤​នាក់​ត្រូវ​បានតុលាការ​ចេញដីកា​កោះ ​និង​ចោទប្រកាន់​ពី​បទព្រហ្មទណ្ឌ​ក្នុង​នោះ​ មាន​៣៦នាក់​ត្រូវបាន​ចាប់ខ្លួន ​១៨នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ​និង​៨៨​នាក់​កំពុង​រត់គេចខ្លួន​ពីការ​តាមចាប់​របស់​តុលាការ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!