VOA News: ព័ត៌មាន: “អង្គការដោះមីនកម្ពុជារកឃើញគ្រាប់មីនមិនទាន់ផ្ទុះច្រើនតោននៅបាតទន្លេសាប” plus 4 more |
- អង្គការដោះមីនកម្ពុជារកឃើញគ្រាប់មីនមិនទាន់ផ្ទុះច្រើនតោននៅបាតទន្លេសាប
- ព្រះសង្ឃមួយអង្គត្រូវហាមមិនឲ្យស្នាក់នៅក្នុងវត្តនៅភ្នំពេញព្រោះបានចូលរួមក្នុងរឿងទំនាស់ដីធ្លី
- អ្នកនិពន្ធអាមេរិកចងក្រងល្ខោនស្តីអំពីសាលាក្តីខ្មែរក្រហម
- កម្ពុជាបដិសេធមិនដកសំណើទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតាមយោបល់របស់ថៃទេ
- ភាពយន្តឯកសារអាពាហ៍ពិពាហ៍ក្រហមត្រូវបានដាក់បញ្ចាំង
អង្គការដោះមីនកម្ពុជារកឃើញគ្រាប់មីនមិនទាន់ផ្ទុះច្រើនតោននៅបាតទន្លេសាប Posted: 06 Jun 2011 01:29 PM PDT ក្រុមអ្នកដោះមីនកម្ពុជា បានរកឃើញទូកដឹកសព្វាវុធធ្វើអំពីឈើមួយគ្រឿងនៅបាតទន្លេសាបក្នុង ខេត្តកំពង់ឆ្នាំង។ ហើយក្រុមអ្នកដោះមីន បាននិងកំពុងស្រង់យកគ្រាប់មិនទាន់ផ្ទុះបានចំនួន ៤៧៩ គ្រាប់ ឬស្មើនឹងជាង២,៣៧តោន នេះបើផ្អែកតាមរបាយការណ៍ពីមន្ដ្រីទទួលខុសត្រូវនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដែលបានឲ្យដឹងនៅថ្ងៃចន្ទ័នេះ។ ការរកឃើញនេះធ្វើឡើងក្នុងប្រតិបត្តិការណ៍ចាប់តាំងពីថ្ងៃទី៣ខែមិថុនាមកម្លេះ នៅក្នុងទន្លេសាបក្បែរភ្នំ នាងកងរីដ៏ល្បីល្បាញក្នុងស្រុកកំពង់លែង បន្ទាប់ពីក្រុមប្រជានេសាទបានរកឃើញគ្រាប់កាំភ្លើងនៅក្នុងទន្លេ ដែលពួកគេបានធ្វើការនេសាទហើយក្រុមប្រជានេសាទ ក៏បានជូនដំណឹងនេះដល់មន្ដ្រីដោះមីន។ លោក ហេង រតនា អគ្គនាយក CMAC បានប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា ទូកដែលបានរកឃើញនេះ គឺជាប្រភេទទូកឈើរបស់កងទព័លោកសេនាប្រមុខលន់ ណុល ហើយត្រូវបានបាញ់ពន្លិចដោយកងទព័កុម្មុយនិស្ដខ្មែរក្រហមនៅក្នុងអំឡុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥។ «យើងឃើញហើយ យើងច្បាស់ហើយ ជាទូកឈើ ទូកប្រហែលពី៨ទៅ១០ម៉ែត្រទទឹង បណ្តោយ ប្រហែល២៥ ទៅ៣០ម៉ែត្រ។ ទូកហ្នឹងតាមព័ត៌មានជាទូករបស់ខាងទាហានលន់ ណុល បានដឹកជញ្ជូនគ្រាប់ ហើយតាមប្រភេទក្រាប់ដែលយើងរកឃើញនេះ ជាគ្រាប់សម័យ លន់ ណុល»។ នៅប្រទេសកម្ពុជា ទទួលរងគ្រោះដោយសង្រ្កាមស៊ីវិលយ៉ាងហែកហួរអស់រយៈពេលបីទសវត្ស។ មានជនរងគ្រោះស្លាប់បាត់បង់ជីវិតចន្លោះពី៤០ទៅ៥០នាក់ជារៀងរាល់ឆ្នាំដោយសារគ្រាប់ និងសព្វាវុធមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្រ្គាម។ នេះបើយោងតាមលោក ហេង រតនា។ លោកបញ្ជាក់ថា នៅក្នុងចំណោមគ្រាប់ដែលបានរកឃើញក្នុងនៅបាតទន្លេនៅខេត្តកំពង់ឆ្នាំងនេះ មានគ្រាប់ប្រភេទ១០៥មម ចំនួន ៦៧ គ្រាប់ គ្រាប់ធុន៨១មម ចំនួន១៩១គ្រាប់ គ្រាប់ធុន៧៥មម ចំនួនបីគ្រាប់ និងគ្រាប់ធុន៦០មម ចំនួនជាង ២០០គ្រាប់។ លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហេង រតនា ប៉ាន់ប្រមាណថា គ្រាប់ដែលបានរកឃើញក្នុងនាវាឈើនោះនឹងកើនដល់ច្រើនតោនថែមទៀត។ «យើងកំពុងរកឃើញជាង៥០គ្រាប់ទៀត១០៥មមថ្ងៃនេះ។ យើងគិតថា គ្រាប់អាចមានច្រើនតោនបន្តទៅទៀត ហើយយើងនឹងបន្តធ្វើ ហើយទៅតាមការប៉ាន់ស្មានប្រហែលជាក្នុងរយៈពេលជាមួយខែ ប្រហែលជាអាចធ្វើហើយ។ » យោងតាមតួលេខរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា មានគ្រាប់មីនចង្កោមដែល ប្រមាណជា៥ទៅ៦លានគ្រាប់នៅរាយប៉ាយនៅតំបន់មួយចំនួននៅកម្ពុជាដោយសារការទម្លាក់គ្រាប់ របស់យន្ដហោះបេ៥២ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ហើយគ្រាប់ និងសព្វាវុធមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ទៀត កំពុងតែនៅសេសសល់នៅក្នុងប្រទេសកម្ពុជា។ មានផ្ទៃដីដែលគ្របទៅដោយសារគ្រាប់មីនជាង៤៥០០គីឡូម៉ែត្រការ៉េក្នុងផ្ទៃប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣០០នាក់ ទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់ និងសព្វាវុធមិនទាន់ ផ្ទុះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩ មក។ ស្របពេលជាមួយគ្នានេះដែរ កងទ័ពនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្រ្គាម បានរកឃើញគ្រាប់ចំនួន២១៩គ្រាប់ នៅតាមច្រាំងទន្លេ និងក្នុងបាតទន្លេសាបក្នុងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ផល សាមន អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលនេះ។ ការរកឃើញក្នុងប្រតិបត្តិការបោសសំអាតសម្រាប់ធ្វើការដ្ឋានសាងសង់ស្ពានមួយឆ្លងកាត់ទន្លេសាបចេញពីទីរួមខេត្តកណ្ដាលចាប់តាំងពីខែមិនា រហូតដល់ខែឧសភា។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថាមជ្ឈមណ្ឌលរបស់ លោកបានរកឃើញគ្រាប់និងសព្វាវុធមិនទាន់ផ្ទុះក្នុងអាងទន្លេ និងបឹងក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង ចំនួនសរុបប្រមាណជា ៥០០០ គ្រាប់ចាប់តាំងពីឆ្នាំ២០១០ មក៕ This posting includes an audio/video/photo media file: Download Now |
Posted: 06 Jun 2011 12:02 PM PDT សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត និងជាសម្តេចព្រះសង្ឃរាជ្យនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតមួយច្បាប់ជូនព្រះចៅអធិការ និងប្រធានគណៈកម្មាការអាចារ្យគ្រប់វត្តក្នុងរាជធានីភ្នំពេញទាំងអស់ ហាមទទួលយកការស្នាក់នៅរបស់បុព្វជិតលួន សាវ៉ាត បន្ទាប់ពីព្រះអង្គបានចូលរួមសកម្មភាពកូដកម្ម បាតុកម្ម និងកុបកម្មក្នុងរឿងទំនាស់ដីធ្លី ។ ការចេញលិខិតរបស់សម្តេចព្រះសង្ឃរាជ្យនន្ទ ង៉ែត នេះ មិនមែនធ្វើឡើងជាលើកទីមួយទេ លិខិតនេះ បានធ្វើឡើងចំនួនបីលើករួចមកហើយ បន្ទាប់ពីព្រះតេជគុណលួន សាវ៉ាត ធ្លាប់បានចេញលិខិតចាប់ផ្សឹក និងចេញលិខិតចាប់ខ្លួនជាបន្តបន្ទាប់ ។ នៅក្នុងលិខិតរបស់សម្តេចព្រះសង្ឃរាជ្យ នន្ទ ង៉ែត កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះបានឲ្យដឹងថា រូបភាពរបស់បុព្វជិតលន់ សាវ៉ាត បានប្រព្រឹត្តិ ក្នុងពេលកន្លងទៅនេះមិនមែនជាទស្សនៈរបស់ព្រះសង្ឃទេ ពីព្រោះបុព្វជិតអង្គនេះបានចូលរួមសកម្មភាពតែមួយអង្គឯងតែប៉ុណ្ណោះ។ លិខិតនេះ បានបញ្ជាក់ទៀតថា សកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនាដោយយករូបភាពសាសនាធ្វើជាសកម្មភាពជាលក្ខណៈបុគ្គល ធ្វើឲ្យសាសនាមានភាពសៅហ្មង។ សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត បានមានសង្ឃដីកាថាការចេញលិខិតហាមឃាត់នេះ ដោយសារ តែបុព្វជិត លួន សាវ៉ាត បានចួលរួមសកម្មភាពនយោបាយដែលផ្ទុយ និងវិន័យរបស់ព្រះសង្ឃ ។ «បើលោកធ្វើនយោបាយ ដើរថតជាមួយសិទ្ឋិមនុស្ស ដឹកដើរចុះដើរឡើង។ យើងធ្វើអញ្ចឹងមិនមែន ច្បាប់លោកសង្ឃទេ។ វាខុសក្រិតក្រមច្បាប់ព្រះធម៌របស់ជាតិ។ សិទ្ឋិ បើសិនជាចង់ធ្វើនយោយបាយនាំគ្នា ចបកាប់ទៅជីកប្រឡាយសម្រាប់ប្រជាជន អាហ្នឹងបានថា សិទ្ឋិនាំគ្នាទៅធ្វើទៅ»។ ព្រះតេជគុណលួន សាវ៉ាត ព្រះជន្ម៣០ព្រះវស្សានិមន្តមកពីស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួម សកម្មភាពគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងរឿងវិវាទដីធ្លីដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសកម្ពុជា។ ព្រះតេជគុណធ្លាប់បានគង់នៅវត្តឧណ្ណាឡោមក្នុងទីក្រុងភ្នំពេញ ហើយព្រះអង្គក៏បានចូលរួមសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ និងតំបន់ព្រៃឡង់ផងដែរ។ ព្រះតេជគុណ លួន សាវ៉ាត បានមានសង្ឃដីកាប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា លិខិតហាមឃាត់របស់សម្តេចព្រះសង្ឃរាជ្យនេះ មានទំនោរទៅខាងនយោបាយ។ ព្រះតេជគុណ ដែលសព្វថ្ងៃនេះកំពុងស្នាក់ភូមិភ្នាស ឃុំជុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានមានសង្ឃដីកាថា សកម្មភាពរបស់ព្រះអង្គបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ឋសាសនាទេ។ «ហាមប្រាមមិនឲ្យព្រះសង្ឃជួយពុទ្ឋបរិស័ទចូលរួមកិច្ចការសង្គម គឺវាខុសក្នុងផ្លូវព្រះពុទ្ឋសាសនា មិនត្រឹមតែខុសព្រះពុទ្ឋសាសនាទេ ក្នុងច្បាប់ជាតិ ច្បាប់អន្តរជាតិ ក៏វាខុសដែរដូចជាច្បាប់សិទ្ឋិមនុស្ស ច្បាប់ប្រជាធិបតេយ្យ គឺវាខុសដែរ។អញ្ចឹងអ្វីដែលអត្មាធ្វើ ធ្វើក្នុងនាមព្រះពុទ្ឋសាសនាផង ក្នុងនាមប្រជាពលរដ្ឋ ម្នាក់ដែលមានសិទ្ឋិគ្រប់គ្រាន់ក្នុងកិច្ចការសង្គម»។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ព្រះពុទ្ឋសាសនាបច្ចុប្បន្ន នេះ ត្រូវបានប្រើបា្រស់ជាឧបករណ៍នយោបាយ ដែលប្រការនេះ គឺជាការគួឲ្យសោកស្តាយមួយ។ លោកបានមានប្រសាសន៍ទៀតថា ព្រះសង្ឃមានសិទ្ឋិចួលរួមក្នុងសង្គម ក៏ប៉ុន្តែបើមានការហាមឃាត់ ព្រះសង្ឃមិនឲ្យចួលរួមក្នុងសង្គម គឺជាការខុសទៅ និងវិន័យរបស់ព្រះសង្ឃ។ «ចំពោះខ្ញុំ គឺធ្វើការរំលោភទៅលើសិទ្ឋិសាសនារបស់ប្រជាពលរដ្ឋទាំងស្រុង។ ហើយការគោរព ប្រណិធានរបស់សង្ឃជារឿងមួយដ៏សំខាន់មែនទែនដែលត្រូវបានរំលោភ។ ដោយសារបញ្ហានេះ យើងឃើញ រឿងកាលពីព្រះសង្ឃ ទឹម សុខន ជារឿងមួយធំដែរ។ ហើយរឿងនេះអត់ប្លែកទេ វាឆ្លុះបញ្ជាំងពីការដែលយើង ត្រូវមើលពីបញ្ហាព្រះពុទ្ឋសាសនាយើង។ ខ្ញុំឃើញថា បញ្ហាព្រះពុទ្ឋសាសនាយើងរាល់ថ្ងៃនេះ ជាឧបករណ៍នយោបាយ»។ លោកសាស្រ្តចារ្យ សុរិយា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន មុននិងលោកបញ្ជប់បេសសកម្មលើកទីប្រាំរបស់លោក ក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថាស្ថានភាពសិទ្ឋិមនុស្សជាទូទៅបានល្អប្រសើរមួយចំនួន ក៏ប៉ុន្តែនៅវិស័យមួយចំនួនទៀតមិនទាន់បានល្អប្រសើនៅឡើយទេ។ លោកសុរិយា ប្រសាដស៊ូប៊ិឌី បានមានប្រសាសន៍ថា សិទ្ឋិខាងដីធ្លីការបណ្តេញចេញ សេរីភាពខាងបញ្ចេញមតិ សកម្មជននយោបាយ ព្រមទាំងបុគ្គលឯកជន វាហាក់បីដូចជារិតត្បិតការបញ្ចេញមតិខ្លួនឯង៕ This posting includes an audio/video/photo media file: Download Now |
អ្នកនិពន្ធអាមេរិកចងក្រងល្ខោនស្តីអំពីសាលាក្តីខ្មែរក្រហម Posted: 06 Jun 2011 11:31 AM PDT បន្ទាប់ពីទៅធ្វើដំណើរកំសាន្តនៅកម្ពុជា និងបានស្វែងយល់អំពីបទពិសោធន៍ និងរឿងរ៉ាវសម័យខ្មែរក្រហម លោក ដេវីឌ វិនណឺរ៍ (David Wiener) បាននិពន្ធរឿងល្ខោនដែលមានចំណងជើងថា «អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានសម្តែងជាលើកដំបូងកាលពីថ្ងៃពុធ ទី១ ខែមិថុនា កន្លងទៅនេះ។ ឈ្មោះថា «អង្គជំនុំជំរះវិសាមញ្ញ» គឺបានមកពីឈ្មោះរបស់សាលាក្តីខ្មែរក្រហម ដែលគេហៅថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោក វិនណឺរ៍ ក៏បានឲ្យដឹងពីមូលហេតុដែលលោកជ្រើសរើសយកឈ្មោះនេះយ៉ាងដូច្នេះថា៖ «ល្ខោននេះនិយាយពីជនជាតិអាមេរិកទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា រួមនឹងភាពចម្រូងចម្រាសជុំវិញអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលជាសាលាក្តីពិសេសរបស់អង្គការសហប្រជាជាតិ ហើយឥឡូវកំពុងត្រៀមកាត់ក្តីមេដឹកនាំរបបខ្មែរក្រហមបួនរូប។ មិនតែប៉ុណ្ណោះ ចំណងជើងនេះក៏មានអត្ថន័យបង្កប់ប្រៀបធៀបទៅនឹងបេះដូងរបស់តួអង្គនៅក្នុងសាច់រឿង។ បេះដូងគឺជាបេះដូងរបស់មនុស្សដែលមានលក្ខណះពិសេស»។ <!--IMAGE-->
នៅពេលធ្វើដំណើរទៅកម្ពុជា លោក វិនណឺរ៍ បានជួបជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយធ្លាប់ធ្វើជាគ្រូផ្នែករូបវិទ្យាកាលពីមុនរបបប្រល័យពូជសាសន៍។ ក្រោយមកមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះបាននិយាយរឿងរ៉ាវរបស់គាត់កាលពីរបបខ្មែរក្រហមប្រាប់ដល់លោក វិនណឺរ៍។ រឿងរ៉ាវទាំងនោះធ្វើឲ្យលោកវិនណឺរ៍ ចាប់អារម្មណ៍ ហើយចងក្រងជាសាច់រឿងល្ខោននេះឡើង។ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រំជួលចិត្តនឹងរឿងរ៉ាវរបស់គាត់។ ខ្ញុំមានអារម្មណ៍ស្ញប់ស្ញែងចំពោះការតស៊ូរស់របស់គាត់ដែលជាគ្រូបង្រៀនអាចរស់ឆ្លងកាត់របបប៉ុលពតដែលជារបបស្អប់អ្នកចេះដឹង។ ខ្ញុំគិតថា គំនិតសំខាន់របស់រឿងគឺមនុស្សទាំងអស់គ្នាគ្មានអ្វីខុសគ្នានោះទេ។ អ្នកខ្លះអាចយល់ថា វាមានភាពងាយស្រួលសម្រាប់អ្នកដែលរស់នៅក្នុងប្រទេសរីកចម្រើន ឬប្រទេសលោកខាងលិច ដោយក្រឡេកមើលទៅប្រវត្តិសាស្រ្តខ្មែរ ហើយនិយាយថា រឿងហ្នឹងមិនមានថ្ងៃនឹងកើតឡើងនៅប្រទេសរបស់គេ ឬពួកគេនឹងមិនមានថ្ងៃធ្វើដូចកម្ពុជាទេ។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។ អ្វីដែលតួអង្គក្នុងរឿងខ្ញុំបានបង្ហាញ និងអ្វីដែលខ្ញុំគិតថា ជាការពិតគឺកាលៈទេសៈទេដែលជាអ្នកកំណត់ចុងក្រោយថាតើមនុស្សហ៊ានធ្វើកម្រិតណាដើម្បីការពារជីវិតរបស់ខ្លួន និងជីវិតរបស់គ្រួសាររបស់ខ្លួន។ ល្ខោនអង្គជំនុំជម្រះវិសាមញ្ញរំលឹកឡើងវិញនូវរឿងរ៉ាវដ៏ជូរចត់ក្នុងរបបខ្មែរក្រហម និងឆ្លុះបញ្ចាំងស្លាកស្នាមដែលបន្សល់ទុកមកទល់ពេលបច្ចុបន្ប ហើយបង្ហាញក្តីអាណិតដល់តូអង្គសម្តែងទាំងអស់នៅក្នុងសាច់រឿងជាជាងធ្វើការបន្ទោសដល់តួអង្គឩក្រិតជន។ ល្ខោននេះនិទានពីរឿងរបស់ស្វាមីភរិយាជនជាតិអាមេរិកដែលធ្វើដំណើរទៅកម្ពុជាក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ហើយមានបំណងសុំកូនខ្មែរមកចិញ្ចឹម។ ប៉ុន្តែអ្នកទាំងពីរបានជួបប្រទះឧបសគ្គមួយចំនួនដែលទាក់ទងនឹងផ្លូវច្បាប់ និងសាលាក្តីខ្មែរក្រហម។ <!--IMAGE--> តួអង្គសម្តែងជនជាតិខ្មែរអាមេរិកគឺលោកហ្វ្រង់ស្វ័រ ចៅ (Francois Chau) បានបង្ហាញការរីករាយដែលលោកបានចូលរួមសម្តែងនៅក្នុងល្ខោននេះ។ ទោះបីជាលោកមិនបានឆ្លងកាត់សម័យខ្មែរក្រហមក្តីក៏លោកសង្ឈឹមថា រឿងរ៉ាវសម័យខ្មែរក្រហមហ្នឹងត្រូវបានគេបន្តនិយាយតៗគ្នាគ្រប់ជំនាន់និងមិនត្រូវបានគេបំភ្លេចចោលឡើយ។ លោកបានថ្លែងថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលបានចូលរួមសម្តែង ហើយសង្ឈឹមថានឹងអាចចូលរួមធ្វើឲ្យមានការដឹងជាសារធារណនូវរឿងរ៉ាវរបបប្រល័យពូជសាសន៍។ ទោះបីជាមានការដឹងបន្ថែមម្នាក់រឺពីរអ្នកវាក៏ជាការប្រសើរ។ ខ្ញុំសង្ឈឹមថានឹងមានអ្នកមកទស្សនាច្រើនហើយនឹងនិយាយបន្តទៀតពីរឿងរបបខ្មែរក្រហម»។ អ្នកគ្រប់គ្រងផ្នែកដឹកនាំរឿង លោក ខិន ណូវិស (Ken Novice) បានឲ្យដឹងថា វាមានសារៈសំខាន់ ណាស់សម្រាប់ជនជាតិអាមេរិក ក្នុងការស្វែងយល់ពីរឿងរ៉ាវខ្មែរក្រហម។ លោកមានប្រសាសន៏ថា៖ «រឿងរ៉ាវដែលកើតមាននៅកម្ពុជា ក៏ដូចជាប្រទេសដ៏ទៃ នៅតែបន្តកើតមានឡើង។ វាមានសារៈសំខាន់សម្រាប់កម្ពុជារួមទាំងប្រជាពលរដ្ឋអាមេរិកក្នុងការចងចាំទុកជាពិសេសរឿងដែលកើតឡើងនៅកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ មូលហេតុអ្វីបានជារឿងនេះកើតឡើង។ ម៉េចបានជាវាកើតឡើងម្តងទៀត និងរឿងនេះប្រហែលជាកំពុងកើតឡើង»។ នេះជាល្ខោនដែលប្រកបដោយឆុតឆាកគ្រប់រសជាតិដែលមានតាំងពីការកំប្លែង កំសត់ហើយបំផុសការគិតវែកញែករកសខ្មៅខុសត្រូវ។ ល្ខោននេះនឹងលេងជូនទស្សនាជាផ្លូវការចាប់ពីថ្ងៃទី២ខែមិថុនារហូតដល់ថ្ងៃទី៣ខែកក្កដា នៅឯរោងល្ខោន Geffen Playhouse ទីក្រុងទីក្រុងឡស អានដ្យឡិស រដ្ធ កាលីហ្វញ៉ា ដែលតម្លៃសំបុត្រមានចាប់ពី២៧ដុល្លារអាមេរិក តម្លៃពិសេសសម្រាប់សិស្ស និស្សិត រហូតដល់ ៧៦ដុល្លារអាមេរិកអាស្រយ័លើពេលវេលាថ្ងៃនៃការសម្តែង។ ល្ខោនអង្គជំនុំជំរះវិសាមញ្ញ សង្ឈឹមថានឹងទទួលបានការចូលរួមពីសំណាក់ទស្សនិកជនយ៉ាងច្រើនជាពិសេស ទស្សនិកជនខ្មែរអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាបដិសេធមិនដកសំណើទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតាមយោបល់របស់ថៃទេ Posted: 06 Jun 2011 10:43 AM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជានឹងមិនដកសំណើរបស់ខ្លួន ចេញពីការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះសេចក្តីសម្រេចឆ្នាំ១៩៦២ ស្តីពីករណីពាក់ព័ន្ធនឹងប្រាសាទព្រះវិហារទេ។ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះបានធ្វើឡើង បន្ទាប់ពីកាសែតបាងកកប៉ុស្តិ៏ បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកម្ពុជាគួរដកករណីជម្លោះព្រំដែនទាំងអស់ចេញពីអង្គការអន្តរជាតិនានា ហើយវិលត្រឡប់មកធ្វើការចរចាជាមួយប្រទេសថៃវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅសាលាភូមិន្ទរដ្ឋបាលថាចំពោះ ករណីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ ប្រទេសកម្ពុជានឹងមិនដកពាក្យបណ្តឹងរបស់ខ្លួនទេ ហើយទោះជារដ្ឋាភិបាលអណត្តិនេះ ឬអណត្តិក្រោយ ប្រទសកម្ពុជាទុកឱ្យតុលាការយុត្តិធម៌អន្តរជាតិដំណើរការរឿងបណ្តឹងនេះ។ «រឿងនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ គឺអត់ដកទេ។ កម្ពុជាអត់ដកពាក្យបណ្តឹង។ មិនថារដ្ឋាភិបាលនេះ ឬរដ្ឋាភិបាលណាក៏ដោយដោះស្រាយបញ្ហាជម្លោះនេះទាល់តែចេញ»។ លោកនាយករដ្ឋមន្ត្រី Abhisit បានថ្លែងថា ប្រទេសកម្ពុជាជាដំបូងគួរតែបង្ហាញពីឆន្ទៈល្អ ដោយដកសំណើកម្ពុជារបស់លោកដែលឱ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសេចក្តីសម្រេចឆ្នាំ១៩៦២ ស្តីពីបញ្ហាប្រាសាទព្រះវិហារ។ លោក Abhisit បានទទូចថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាចង់ពិភាក្សាបញ្ហាព្រំដែន លោកគួរតែលើកវានៅកិច្ចប្រជុំគណៈកម្មការព្រំដែនរួម ដែលជាយន្តការទ្វេភាគីរវាងប្រទេសទាំងពីរសម្រាប់ដោះស្រាយជម្លោះនានា។ លោក Abhisit បានបន្ថែមថា ផែនការគ្រប់គ្រងរួមគ្នាសម្រាប់តំបន់ជម្លោះទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរ ប្រាសាទព្រះវិហារត្រូវបានធ្វើឡើង ហើយកម្ពុជាក៏ត្រូវតែដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា វាមិនអាចទៅរួចទេចំពោះផែនការគ្រប់គ្រងរួមគ្នានៅតំបន់ប្រាសាទព្រះវិហារជាមួយប្រទេសថៃ។ «កម្ពុជាមិនដែលស្គាល់ មិនដែលដឹង មិនដែលឮថា មានតំបន់ត្រួតស៊ីគ្នានៅតំបន់ដីគោកទេ។ កម្ពុជា និងថៃ គ្មានតំបន់ត្រួតស៊ីគ្នាលើដែនគោកទេ។ តំបន់៤,៦គីឡូម៉ែក្រការ៉េ កម្ពុជាអត់ដឹងថានៅទីកន្លែងណាទេ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាបាននាំយកករណីជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ អង្គការយូនេស្កូ និងអាស៊ាន ហើយការចរចាទ្វេភាគីមិនអាចកើតឡើងបានទេ។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃចាប់ពីថ្ងៃទី២២ ខែមេសាដល់ថ្ងៃទី៣ ខែឧសភា នៅប្រាសាទ តាមាន់ និងប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ បានសម្លាប់មនុស្ស១៩នាក់នៃភាគីទាំងសងខាង និង អ្នកភូមិច្រើនរាប់ពាន់បានរត់គេចចេញពីផ្ទះសម្បែងទៅរកទីកន្លែងសុវត្ថិភាព៕ This posting includes an audio/video/photo media file: Download Now |
ភាពយន្តឯកសារអាពាហ៍ពិពាហ៍ក្រហមត្រូវបានដាក់បញ្ចាំង Posted: 06 Jun 2011 08:39 AM PDT
រឿង «អាពាហ៍ពិពាហ៍ក្រហម» ត្រូវបានដាក់បញ្ចាំងជាសាធារណៈជាលើកដំបូងនៅឯមហោស្រពចេនឡាក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា។ ខ្សែភាពយន្តឯកសារដែលមានរយៈពេល៥៨នាទីនេះ រៀបរាប់អំពីរឿងរ៉ាវជីវិតរបស់ស្ត្រីខ្មែរម្នាក់ដែលត្រូវបានពួកកម្មាភិបាលខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយទាហានរបស់ពួកគេម្នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នកស្រី ប៉ែន សុខចាន់ដែលទើបមានអាយុ១៦ឆ្នាំនៅពេលនោះ បានទទួលរងការរំលោភផ្លូវភេទពីសំណាក់ប្តីដែលអ្នកស្រីមិនស្រឡាញ់ក្រោមបទបញ្ជាដាច់ខាតរបស់មេដឹកនាំខ្មែរក្រហម។ ការឈឺចាប់ និងការបៀមទុក្ខដោយការខ្មាសអៀនបានស្ថិតនៅជាមួយអ្នកស្រី សុខចាន់ ចាប់តាំងពីពេលនោះមក។ អ្នកទស្សនាខ្លះមិនអាចទប់ទឹកភ្នែកបាននៅពេលបានឃើញផ្ទាល់ភ្នែក និងលឺផ្ទាល់ត្រចៀកនូវការរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងចំពោះអ្នកស្រីសុខចាន់ នៅពេលនោះ។ ជាក់ស្តែង អ្នកស្រី សន ថាន់ វ័យ៥៨ឆ្នាំមកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអារម្មណ៍រំជួលចិត្ត បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះចប់ដោយសារអ្នកស្រីអះអាងទាំងទឹកភ្នែករលីងរលោងថា ខ្លួនអ្នកស្រីផ្ទាល់ក៏បានជួបប្រទះរឿងរ៉ាវស្រដៀងគ្នានេះដែរនៅក្នុងរបបខ្មែរក្រហមនោះ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖ «ដូចគ្នាអញ្ចឹង ម៉ោង៥ ម៉ោង៦ ខ្ញុំនិយាយអត់កើត ចង់យំតែម្តង។ វាឆ្អែតចិត្ត គេដេញវាយដូចចាប់បង្ខំ ដូចយើងអត់ដឹងខ្លួន គេហៅយើងមកភ្លឺស្រែមក ស្រាប់គេថាឲ្យទៅនោះមួយភ្លែត យើងខ្លាចគេវាយចោល ចេះតែដើរតាមគេទៅ។ ដល់ខ្ញុំមើលរឿងហ្នឹងទៅដូចជាសាច់រឿងខ្ញុំដែរ»។ បើយោងតាមអ្នកផលិតខ្សែភាពយន្តនេះ មានស្រ្តីខ្មែរប្រមាណ២៥ម៉ឺននាក់ បានទទួលរងគ្រោះដោយសារការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់៧៩នោះ។ <!--AV--> កញ្ញា ចាន់ លីដា ផលិតករនៃខ្សែភាពយន្តឯកសាររឿង«អាពាហ៍ពិពាហ៍ក្រហម»នេះ ពន្យល់ពីគោលបំណងនៃការផលិតខ្សែភាពយន្តនេះ៖ «ខ្សែភាពយន្តហ្នឹងជាការបំបែកភាពស្ងៀមស្ងាត់មួយ ដែលនៅក្នុងភូមិរបស់គាត់មិនដែលមានអ្នកណាលើកឡើងយកមកនិយាយទេ ដោយវាជាប្រធានបទមួយដែលមានការខ្មាសអៀនច្រើនសម្រាប់ស្ត្រីបើនិយាយរឿងនេះឡើង។ ហើយការនិយាយរឿងហ្នឹង ខ្ញុំយល់ថា ជាគំរូមួយសម្រាប់ជនរងគ្រោះផ្សេងទៀតនៅក្នុងការលើកឡើងពីប្រធានបទហ្នឹងកុំឲ្យមានការខ្មាសអៀនតទៅទៀត»។ ក្រុមផលិតករបានចំណាយពេលអស់៨ខែនៅក្នុងឆ្នាំ២០១០ ដើម្បីផលិតខ្សែភាពយន្តនេះដោយបានធ្វើការស្រាវជ្រាវ និងស្វែងរករហូតទាល់តែជួបអ្នកស្រី ប៉ែន សុខចាន់ នៅភូមិបឹងឈូក ខេត្តពោធិ៍សាត់។ អ្នកស្រី ប៉ែន សុខចាន់ បច្ចុប្បន្នវ័យ៤៨ឆ្នាំ ជាម្តាយមេម៉ាយកូនចំនួន៦នាក់ មានប្រសាសន៍ប្រាប់វីអូអេខ្មែរថា អ្នកស្រីសុខចិត្តលាតត្រដាងតាមរយៈខ្សែភាពយន្តនេះនូវរឿងរ៉ាវដែលអ្នកស្រីបានលាក់ទុកអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ គឺដើម្បីចង់ដឹងការពិតថាហេតុអ្វីបានជាក្រុមខ្មែរក្រហមបង្ខំប្រជាជនដូចជាអ្នកស្រីឲ្យរៀបការជាមួយមនុស្សដែលខ្លួនមិនស្រលាញ់។ អ្នកស្រីបន្តថា៖ «យើងចង់ទាមទារឲ្យតុលាការឲ្យពួកខ្មែរក្រហមសារភាពពីការសម្លាប់មនុស្ស ការធ្វើបាបមនុស្ស ការរៀបការដែលបង្ខំហ្នឹង ដើម្បីអ្វី ព្រោះយើងចង់ដឹងការពិតពីពួកគាត់ហ្នឹងណាស់។» សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការជំនុំជម្រះទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៤រូបគឺ ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ នៅចុងខែមិថុនានេះ ពីបទធ្វើឲ្យប្រជាពលរដ្ឋស្លាប់ប្រមាណ១លាន៧សែននាក់នៅក្នុងរបបដែលពួកគេគ្រប់គ្រងនោះ។ កញ្ញា ចាន់ លីដា រំពឹងថា ខ្សែភាពយន្តឯកសាររបស់កញ្ញានេះនឹងទាក់ទាញឲ្យមានការពិចារណាលើអំពើឧក្រិដ្ឋនៃការចាប់បង្ខំប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហមឲ្យរៀបការផ្ទុយពីឆន្ទៈ ឬការព្រមព្រៀងរបស់ពួកគេ។ កញ្ញាបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈខ្សែភាពយន្តហ្នឹង សាលាក្តីខ្មែរក្រហមដែលទទួលបន្ទុកកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមនឹងយកប្រធានបទទាក់ទងនឹងអំពើហឹង្សាផ្លូវភេទ ជាពិសេសទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំហ្នឹងយកទៅពិចារណានឹងមានការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមដើម្បីឲ្យពួកគេឆ្លើយបំភ្លឺការពិតឲ្យជនរងគ្រោះបានដឹងទាំងអស់គ្នា»។ លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានមានប្រសាសន៍បន្ទាប់ពីបានទស្សនាខ្សែភាពយន្តឯកសារនេះថា គេមិនទាន់អាចនិយាយបានទេនៅពេលនេះ ថាតើអំពើបង្ខំមនុស្សឲ្យរៀបការនៅក្នុងសម័យខ្មែរក្រហមនោះ អាចនឹងត្រូវបានលើកយកមកពិចារណានៅក្នុងសវនាការដែរឬយ៉ាងណាទេ។លោកបានប្រាប់វីអូអេខ្មែរថា៖ «សួរថាតើការរៀបការដោយបង្ខំហ្នឹងអាចនឹងត្រូវលើកយកមកពិភាក្សានៅពេលនោះទេ អាហ្នឹងយើងមិនទាន់អាចជម្រាបបាននៅពេលនេះទេ ហើយខ្ញុំគិតថា ព័ត៌មានហ្នឹងនឹងបញ្ជាក់ជូនដោយសាលាដំបូងនៅពេលឆាប់ៗខាងមុខនេះ»។ ដូច្នេះ សម្រាប់ពេលនេះ ទាំងអ្នកស្រីប៉ែន សុខចាន់ ទាំងផលិតករភាពយន្តនេះ ត្រូវរង់ចាំរហូតដល់ចុងខែនេះសិន ដើម្បីដឹងថាតើជនរងគ្រោះក្នុងចំណងអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងសម័យខ្មែរក្រហមនោះនឹងទទួលបានយុត្តិធម៌ និងការផ្សះផ្សាផ្លូវចិត្តបានដែរឬយ៉ាងណានោះ។ លោកអ្នកក៏អាចទស្សនារឿងនេះជាវីដេអូនៅក្នុងគេហទំព័រwww.voanews.com/khmer ឬyoutube.com/voakhmerservice៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |