VOA News: ព័ត៌មាន: “ប្រជារាស្រ្តខ្មែរធ្វើការបោះឆ្នោតជ្រើសរើសមន្រ្តីឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ” plus 4 more |
- ប្រជារាស្រ្តខ្មែរធ្វើការបោះឆ្នោតជ្រើសរើសមន្រ្តីឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ
- អ្នកតាមដានព្រួយបារម្ភពីការស្លាប់បាត់បង់សកម្មជននិងអ្នកស្នេហាជាតិដោយសារការសម្លាប់ហិង្សា
- បក្សនយោបាយត្រៀមកម្លាំងសម្រាប់ថ្ងៃយុទ្ធនាការចុងក្រោយ
- អ្នកបឹងកក់បន្តយុទ្ធនាការតវ៉ា
- អតីតបុគ្គលិកសិទ្ធិមនុស្សជាប់ពន្ធនាការចប់អាជ្ញាយុកាល ហើយតាំងចិត្តបន្តការពារសិទ្ធិមនុស្ស
ប្រជារាស្រ្តខ្មែរធ្វើការបោះឆ្នោតជ្រើសរើសមន្រ្តីឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ Posted: 01 Jun 2012 01:57 AM PDT កម្ពុជា៖ ប្រជារាស្រ្តនៃប្រទេសកម្ពុជានឹងចេញទៅបោះឆ្នោតនៅថ្ងៃទី ៣ ខែមិថុនានេះ ដើម្បីជ្រើសរើស មន្រ្តីក្នុងតំបន់ ដែលជាសញ្ញាបង្ហាញឲ្យឃើញជាមុននូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ ២០១៣។ លោក សមរង្ស៊ី (Sam Rainsy) អ្នកដឹកនាំគណបក្សប្រឆាំង មិនអាចធ្វើយុទ្ធនាការឃោសនាក្នុងប្រទេសបានទេ ព្រោះមានការផ្តន្ទាទោសមួយ ដែលលោកនិយាយថាមានមូលហេតុតនយោបាយ។ លោក រីកវ៉ាឡែនសូឡា (Rick Valenzuela) បានរាយការឲ្យ វីអូអេបានប្រាប់ថា លោក សមរង្ស៊ីកំពុងស្ថិតនៅក្នុងទ្វីប អឺរ៉ុប ដើម្បីចរចាជាមួយមន្រ្តី អឺរ៉ុប និងជនជាតិខ្មែរនៅបរទេស។លោកថ្លែងថា ទោះជាលោកមិនស្ថិតនៅក្នុងប្រទេសក៏ដោយ ក៏គណបក្សរបស់លោក កំពុងធ្វើយុទ្ធនាការដ៏សកម្មជាទីបំផុត។ ក្រុមអ្នកសង្កេតការណ៍និយាយថាលទ្ធផលនៃការបោះឆ្នោតខែមិថុនានេះ ជាសញ្ញាមួយសម្រាប់ ការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០១៣៕ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្ស និយាយថា កងកម្លាំងប្រទេស ស៊ីរី បានធ្វើការវាយប្រហារ ជាថ្មីទៀតលើតំបន់កណ្តាលក្រុង ហួឡា (Houla) ដែលមានការសម្លាប់រង្គាលលើមនុស្សជាង ១០០ នាក់កាលពីសប្តាហ៍មុន ថាកាលពីថ្ងៃព្រហស្បត៍ថា មនុស្ស ៣ នាក់បានស្លាប់នៅក្នុងការបាញ់កាំភ្លើងធំ ដោយកងទ័ពរដ្ឋាភិបាល នៅពេលយប់។ ស.រ.អ៖ បន្ទប់បើកបរនៃយានអវកាសផ្ទុកសម្ភារៈឈ្មោះ SpaceX Dragon បានបញ្ចប់ដំណើរប្រវត្តិសាស្រ្តមួយទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដោយបានទម្លាក់ខ្លួនទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វីក នៅពេលបានត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃព្រហស្បត៍ នៅក្រោយការហោះហើរបង្ហាញគំរូ បានប្រកបទៅដោយជោគជ័យ។ ទីបេ៖ក្រុមនិរទេសជាតិ ទីបេ ដ៏ធំមួយ បានរាយការថា មានការបង្ក្រាបខាងសន្តិសុខដ៏សន្ធឹកសន្ធាប់នៅក្នុងរដ្ឋធានី ឡាសា (Lhasa) នៃដែនដី ទីបេ ខណៈដែលកងកម្លាំងសន្តិសុខចិន ជមរុញចូលទៅត្រួតត្រាលើជីវិតសហគមន៍ បន្ទាប់ពីមានជនជាតិ ទីបេ ពីរនាក់បានដុតសម្លាប់ខ្លួន កាលពីថ្ងៃអាទិត្យ។ អាស៊ី៖ នាយកអង្គការពាណិជ្ជកម្មពិភពលោក និយាយថា នយោបាយការពារពាណិជ្ជកម្មក្នុងស្រុក របស់ អាស៊ី ជាការគំរាមធំបំផុតទៅលើការលូតលាស់សេដ្ឋកិច្ចដែលមាននិរន្តរភាពនៅក្នុងតំបន់។ ការរួមបញ្ចូលពាណិជ្ជកម្មធំឡើងទៀតរវាងប្រទេស អាស៊ី ជាកូនសោសម្រាប់ធ្វើឲ្យតំបន់នេះអាចទប់ទល់បាននឹងសេដ្ឋកិច្ចមិនជឿនលឿននៅជុំវិញពិភពលោក។ ប៉ាគិស្ថាន ៖កងយោធា ប៉ាគិស្ថាន បានបដិសេធថា គ្រូបង្ហាត់ទាហានអាមេរិកាំងមិនបានត្រឡប់ទៅប្រទេសប៉ាគិស្ថានវិញទេ ក្រោយការទម្លាក់គ្រាប់បែករបស់កងទ័ពចម្រុះដោយភ័ន្តច្រឡំមួយ បានសម្លាប់ទាហានប៉ាគិស្ថាន ២៤ នាក់កាលពីខែវិច្ឆិកាមុន។ ស.រ.អ៖ មេធាវីរបស់អតីតប្រធានបណ្តាញផ្សាយព័ត៌មានរបស់នាយករដ្ឋមន្រ្តី ដេវិតខេមរន (David Cameron) និយាយថា កូនក្តីរបស់លោក នឹងជំទាស់តវ៉ាយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីការភូតកុហកប្រឆាំងនឹងរូបលោក និង បានត្រូវចាប់ខ្លួនកាលពីថ្ងៃពុធហើយរងការចោទប្រកាន់ពីការភូតកុហកប៉ូលីស រដ្ឋ អ៊ីកូស (Ecosse)។ សូម៉ាលី៖ កងទ័ពរដ្ឋាភិបាល សូម៉ាលី និង កេនយ៉ា បានដណ្តើមយកទីក្រុង អហ្វម៉ាដូវ (Afmadow) ពីពួកសកម្មប្រយុទ្ធ អាលសាបាប (al-Shabab) មកវិញ ជំរុញបន្ទាត់វាយប្រយុទ្ធគ្នាឲ្យខិតកាន់តែជិតទៅទីតាំងមាំបំផុតដែលនៅសល់របស់ពួកឧទ្ទាម នៅក្នុងប្រទេស Somalie ភាគខាងត្បូង។ អ៊ីរ៉ង់៖ រូបភាពតាមផ្កាយវិទ្យាសាស្រ្ត ដែលអង្គការស្រាវជ្រាវមួយរបស់ស.រ.អ.ទទួលបាន ស្នើថា ប្រទេស អ៊ីរ៉ង់ កំពុងព្យាយាមលប់ចោលស្នាមនៃការសាកល្បងអាវុធនុយគ្លេអ៊ែរ នៅក្នុងកន្លែងយោធាដ៏សំខាន់មួយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 31 May 2012 09:31 PM PDT ដោយសារពលរដ្ឋកម្ពុជាដ៏ឆ្នើមនិងជនរងគ្រោះជាអ្នកសេ្នហាជាតិយ៉ាងច្រើននាក់ត្រូវគេបាញ់សម្លាប់ជាបន្តបន្ទាប់នោះព្រះសង្ឃកម្ពុជាមួយចំនួនមានសង្ឃដីការថាការបាញ់សម្លាប់ពលរដ្ឋស្នេហាជាតិល្អៗនឹងបង្កជាអន្តរាយដល់ប្រទេស។ ការបាញ់សម្លាប់ ការបង្កឲ្យរបួសដោយសារការទាមទារសេរីភាពនិងបញ្ហាផ្សេងៗចន្លោះជាងមួយទសវត្សរ៍ចុងក្រោយលើអ្នកសេ្នហាជាតិដែលមានជំនាញខ្ពស់ៗជាច្រើនក្នុងប្រទេសកម្ពុជារួមទាំងលោក ជា វិជ្ជាមេដឹកនាំកម្មករដ៏ឆ្នើមព្រះតេជគុណសំ ប៊ុនធឿន លោក ឱម រ៉ាដសាឌីអ្នកនយោបាយ អ្នកសារព័ត៌មាន តារាល្បីៗគឺ អ្នកស្រីពិសិដ្ឋ ពិលីកា កញ្ញា ទូច ស្រីនិច កញ្ញា ពៅ បញ្ញាពេជ្រ កម្មកររោងចក្រ ជនរងគ្រោះដីធ្លីនិងចុងក្រោយគឺលោក ឈុត វុទ្ធីជើងឯក ខាងការពារធនធានធម្មជាតិ ព្រៃឈើជាដើម។ មានសង្ឃដីការប្រាប់វីអូអេតាមទូរស័ព្ទព្រះតេជគុណ ហុក សុវណ្ណ ព្រះចៅ អធិការវត្តខ្មែរមួយក្នុងទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាបញ្ជាក់ថា ធនធានមនុស្ស មានចំណេះដឹងសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទោះបុគ្គលទាំងនោះស្ថិតក្នុងបក្សណាពួកណាក៏ដោយ។ «ទោះបីគណបក្សខុសគ្នាក៏ដោយ បក្សពួកខុសគ្នាកុំឲ្យប្រកាន់ថាបក្សអញ បក្សគេ។អាហ្នឹងហើយដែលច្រើនសម្លាប់គ្នា។ទោះបីមនុស្សហ្នឹងមានចំណេះវិជ្ជាខ្ពស់ ស្នេហាជាតិយ៉ាងណាក៏ដោយត្រូវគេចាត់ទុកថាជាសត្រូវ។ អាហ្នឹងហើយដែលគ្រោះថ្នាក់ដល់ជាតិ»។ ក្រៅពីបង្ហាញថាការសម្លាប់ដែលកើតមានក្នុងប្រទេសកម្ពុជាបង្ហាញពីការមិនអនុវត្តច្បាប់ មានសីលធម៌ទាបប្រទេសទន់ខ្សោយ មានសន្តិភាពមិនពេញលេញ រស់នៅដោយការភ័យខ្លាចផងនោះ ព្រះតេជគុណ ហុក សុវណ្ណបានលើកយកធម៌ព្រះពុទ្ធមកទូន្មានឲ្យដឹងថាអ្នកសម្លាប់ និងអ្នកបញ្ជាឲ្យគេសម្លាប់មានទោសធ្ងន់ធ្លាក់នរកដូចគ្នាក្នុងសិក្ខាបទទីមួយនៃសីលប្រាំតែម្តង។ «អំពើបាបកម្មនេះតាមព្រះពុទ្ធសាសនាទោះបីក្នុងបច្ចុប្បន្នគេតាមចាប់មិនបានក៏ត្រូវតែមានទោសតាមច្បាប់ធម្មជាតិគឺត្រូវទៅសោយទុក្ខក្នុងនរកអស់ពេលដ៏យូរ។ លុះសេសសល់ផលកម្មបានកើតមកជាមនុស្សឬសត្វវិញត្រូវគេសម្លាប់ប្រាំរយជាតិទៀត»។ ព្រះតេជគុណ លួន សុវ៉ាត ដែលសកម្មខាងការការពារសិទ្ធិមានសង្ឃដីការថាអំពើហិង្សា ការសម្លាប់នានាបានបង្កឲ្យមានវិនាសកម្មជាច្រើន រាប់ទាំងគ្រួសារ សហគមន៍ និងសង្គមកម្ពុជាផង។ អ្នកប្រើអំពើហិង្សាច្រើនតែអ្នកដែលមានអំណាចដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតហើយបានប្រគល់ជូនសម្រាប់ការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ «បើអ្នកទាំងនោះមិនមានសីលនៅក្នុងខ្លួន មិនមានខន្តីនៅក្នុងខ្លួន មិនមាន អហិង្សា និងសន្តិភាពនៅក្នុងខ្លួនទេ បុគ្គលទាំងនោះតែងតែប្រើប្រាស់អំណាចនៃកម្លាំងហិង្សាដោយការបាញ់ប្រហារវាយដំផ្សេងៗទៅលើជនទាំងឡាយនៅក្នុងសង្គមហ្នឹងនឹងបង្កឲ្យមានការវិនាសអន្តរាយ»។ ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបនៃរដ្ឋាភិបាលបានអះអាងថាការបាញ់សម្លាប់ដែលកើតឡើងនិងបញ្ហាផ្សេងៗទៀតនោះគឺជាឧប្បត្តិហេតុ។ ហើយអាជ្ញាធរកម្ពុជានឹងនាំខ្លួនជនល្មើសមកកាត់ទោសនៅថ្ងៃណាមួយ ។ «ក៏ប៉ុន្តែឧប្បត្តិហេតុដែលកើតឡើងជារឿងគួរឲ្យសោកស្តាយ។ តែគេត្រូវបែងចែក ថាឧប្បត្តិហេតុដែលបានកើតឡើងមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាល»។ លោកផៃ ស៊ីផានបានអះអាងថាបញ្ហាដែលគួរឲ្យពិចារណាគឺមានចលនាមហាជនយ៉ាងច្រើនតាមរយៈសកម្មភាពផ្សេងរួមទាំងរឿងដីធ្លីផងក្នុងពេលដែល កម្ពុជាកំពុងមានដំណើរការបោះឆ្នោតនិងជាប្រធានអាស៊ានផងនោះ។ លោកចាត់ទុកថានេះជាការឆ្លៀតឱកាសទាញយកការចាប់អារម្មណ៍។ របាយការណ៍ប្រចាំឆ្នាំរបស់សរអាបានចាត់ទុកថារដ្ឋាភិបាលប្រទេសកម្ពុជាខកខានក្នុងការបំពេញការគោរពសិទ្ធិមនុស្សឲ្យគ្រប់តាមស្តង់ដាអន្តរជាតិ។ ក្នុងរបាយការណ៍ឆ្នាំ២០១១ក្រសួងការបរទេសសរអាបានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួននោះដោយយោងទៅលើប្រព័ន្ធតុលាការទន់ជ្រាយមិនអាចផ្តល់ការកាត់ទោសតាមច្បាប់ និងយុត្តិធម៌។ អំពើពុករលួយ អំពើហិង្សា ប្រើប្រាស់ បណ្តឹងបរិហារកេរ្តិ៍ព្រហ្មទណ្ឌ និងការផ្តល់ព័ត៌មានមិនពិតនិងការសម្លាប់ក្រៅច្បាប់ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរបស់ រដ្ឋាភិបាលជាដើម។ កញ្ញា ទូច ស៊ុននិចជាតារាចម្រៀងដ៏ល្បីល្បាញនិងមានទឹកដមសំឡេងពិរោះជាពិសេសហើយជាជនរងគ្រោះដោយការបាញ់ប្រហារម្នាក់ដែលមាននៅមានជីវិត។ កញ្ញាត្រូវឃាតករ បាញ់ប្រហារឲ្យពិការខ្លួន ហើយម្តាយត្រូវស្លាប់ភ្លាមៗកាលពីខែតុលាឆ្នាំ២០០៣ក្នុងរាជធានីភ្នំពេញ។ កញ្ញាបានថ្លែងប្រាប់ វីអូអេតាមទូរស័ព្ទពីរដ្ឋកាលីហ្វ័រញ៉ាមកពីជីវិតទុក្ខលំបាកវេទនាក្រោយពីការបាញ់ប្រហារក្រៅពីបញ្ជាក់ថា អំពើបាញ់សម្លាប់មិនគួរកើតមានទេ។ «បើសិនជាអំពើបែបហ្នឹងកើតមានគឺនាងខ្ញុំសំណូមពរតែម្យ៉ាងថាសុំឲ្យមានយុត្តិធម៌កើតមានឡើង»។ គ្មានជនសង្ស័យណាម្នាក់ត្រូវនាំយកមកជំនុំជម្រះទោសនៅឡើយទេទាក់ទិននឹងការបាញ់ប្រហារកញ្ញាទូច ស៊ុននិចនិងឥស្សរជន និងសកម្មជនល្បីល្បាញជាច្រើនទៀត។ លោក ស៊ាន ទូចឳពុករបស់កញ្ញា ទូច ស៊ុននិច បានថ្លែងប្រាប់វីអូអេថាប្រទេសកម្ពុជានឹងជួបបញ្ហាធ្ងន់ធ្ងរបើសិនជាមានការសម្លាប់ជនជាតិខ្មែរល្អៗរបស់ខ្លួនក្រៅច្បាប់ដូច្នេះ។ «បើប្រទេសនៅតែបណ្តោយអនាធិបតេយ្យរបៀបនេះថ្ងៃណាមួយយើងនឹងស្លាប់ទាំងអស់គ្នា មានន័យថាអ្នកដឹកនាំហ្នឹងក៏ស្លាប់ដែរ។ ស្លាប់ទាំងអស់គ្នា»។ លោក ស៊ាន ទូចបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកុំឲ្យបណ្តែតបណ្តោយចំពោះការកាប់សម្លាប់ធនធានមនុស្សល្អៗដោយអះអាងថារដ្ឋាភិបាលត្រូវគិតពិចារណាឡើងវិញ៕ This posting includes an audio/video/photo media file: Download Now |
បក្សនយោបាយត្រៀមកម្លាំងសម្រាប់ថ្ងៃយុទ្ធនាការចុងក្រោយ Posted: 31 May 2012 09:15 PM PDT គណបក្សនយោបាយទាំង១០ បានប្រុងប្រៀបធ្វើការឃោសនាទ្រង់ទ្រាយធំ និងមធ្យមនាទឹកផ្តាច់ព្រាត់នៅថ្ងៃសុក្រនេះដើម្បីស្រូបយកការគាំទ្របន្ថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា។ ការឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែឧសភា នេះ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះនៅម៉ោង ១២យប់។ លោកគួយ ប៊ុនរឿន តំណាងរាស្ត្រនិងជាអ្នកទទួលបន្ទុកការរៀបចំការបោះឆ្នោតរបស់គណបក្សជំទាស់សម រង្ស៊ី មានប្រសាសន៍ថាគណបក្សរបស់លោកបានចាប់ផ្តើមធ្វើការឃោសនាទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងខេត្តកំពង់ចាមដោយមានអ្នកចូលរួមប្រមាណជាង២.០០០នាក់។ ហើយការឃោសនាទ្រង់ទ្រាយធំនិងធ្វើបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀតនៅថ្ងៃនេះ។ «ចំពោះគណបក្សសម រង្ស៊ី ដែលធ្វើឲ្យមានចរន្តនៃការផ្លាស់ប្តូរហ្នឹងយើងសង្ឃឹមថានឹងមានការកើនឡើងខ្ពស់ពីការដែលយើងចាប់ផ្តើមនៃការឃោសនាដំបូង។ ចំពោះទីក្រុងភ្នំពេញ ជាការរៀបចំហែរក្បួនធំមួយដើម្បីបញ្ចប់ការឃោសនានិងខេត្តមួយចំនួនក៏បានរៀបចំធំដែរ»។ មន្ត្រីគណបក្សជំទាស់សម រង្ស៊ី ដដែលបានបញ្ជាក់ថា ថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតគឺជាថ្ងៃដ៏សំខាន់សម្រាប់ទប់ទល់នៃការទិញសន្លឹកឆ្នោតផងដែរ។ ការទិញដូរសន្លឹកឆ្នោតដែលគណបក្សសម រង្ស៊ី បានចង្អុលទៅរកគណបក្សប្រជាជនដែលកំពុងកាន់អំណាច។ ជាមួយគ្នានេះដែរលោក ប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិមានប្រសាសន៍ថាគណបក្សរបស់លោក នឹងធ្វើការឃោសនាទ្រង់ទ្រាយមធ្យម ដែលនឹងងាយចល័តនៅក្នុងការឃោសនា ហើយគណបក្សរបស់លោកនឹងសង្កត់ទៅលើកម្មវិធីនយោបាយជាលើកចុងក្រោយ។ «និយាយករណីនៅភ្នំពេញ ករណីមនុស្សប្រហែលជា១០០នាក់។ ខណ្ឌដង្កោ និងពោធិ៍សែនជ័យ គេហែរក្បួនប្រហែលជា ១០០នាក់។ ហើយនៅតាមស្រុកក្នុងខេត្តកំពង់ចាម គេហែរជាមធ្យមប្រហែលជាង ៥០ទៅ ៦០នាក់ក្នុងមួយស្រុកៗ។ ប៉ុន្តែខេត្តផ្សេងៗ គេធ្វើទម្រង់ប្រហាក់ប្រហែលគ្នាដែរ ហើយសារនយោបាយដែលសំខាន់គឺ គណបក្សនរោត្តមរណឫទ្ធិប្រកាន់នយោបាយកណ្តាល គឺកម្លាំងជាតិ បូកនឹងកម្លាំងជាតិ ដើម្បីអភិវឌ្ឍន៍ជាតិឃុំ-សង្កាត់នេះឯង»។ ប្រទេសកម្ពុជាមានឃុំ-សង្កាត់សរុបចំនួន ១.៦៣៣ និងមានអសនៈចំនួន ១១.៥៥៩ សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណបក្សចូលប្រកួតប្រជែងទាំងអស់បានលើកឡើងប្រឆាំងទៅនឹងអំពើពុករលួយរួមគ្នា។ អំពើពុករលួយល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ រីឯគណបក្សប្រជែងនឹងគណបក្សកាន់អំណាចបានលើកពីវិបត្តិដីធ្លីដ៏រីករាលដាលនិងការកាប់បំផ្លាញព្រៃឈើជាដើម។ លោកយ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សបញ្ជាក់ថាការឃោសនានៅថ្ងៃចុងក្រោយ នឹងធ្វើទៅតាមរូបភាពខុសៗគ្នាបន្តិចរវាងទីប្រជុំជន និងនៅតាមបណ្តាឃុំ-សង្កាត់។ «ឃុំនីមួយៗគាត់ធ្វើជាលក្ខណៈមធ្យម ស្រុកធ្វើជាលក្ខណៈប្រមូលផ្តុំគ្រប់ឃុំទាំងអស់ ដើម្បីឆ្លងកាត់ពីឃុំមួយទៅឃុំមួយ។ វាអាចមានសារនយោបាយមួយថ្មី ដែលយើងផ្សព្វផ្សាយ។ សុខចិត្តឲ្យប្រជាពលរដ្ឋគាត់មើលឃើញការពិតជាក់ស្តែងដែលគាត់ជួបប្រទះ ហើយការផ្លាស់ប្តូរជាអ្វីដែលគាត់សង្ឃឹម។ បើថាមិនដូរ គឺពុករលួយ នៅតែពុករលួយដដែល បើថាយកដីរាស្ត្រ គឺយកដីរាស្ត្រដដែល»។ គណបក្សតូចៗ ក៏បានប្រកាសដូចគ្នាថានឹងបង្កើតកម្លាំងឃោសនារបស់ខ្លួនដែរនៅថ្ងៃសុក្រនេះ។ ពុំមានមន្ត្រីផ្លូវការណាមួយរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចអាចទាក់ទងបាននោះទេ។ ប៉ុន្តែមន្ត្រីមួយរូបនៃទីស្នាក់ការកណ្តាលនៃគណបក្សនេះ បានបញ្ជាក់តាមទូរស័ព្ទថាការឃោសនារបស់គណបក្សកាន់អំណាច នឹងធ្វើជាទ្រង់ទ្រាយធំដូចគ្នានៅតាមបណ្តាលខេត្តក្រុង និងរាជធានី។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មានប្រសាសន៍ថានៅតាមបណ្តាខេត្តក្រុងមួយចំនួន ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នា នៅពេលដែលគណបក្សនីមួយៗបង្កើតកម្លាំងឃោសនារបស់ខ្លួន។ អង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល និងគជបគ្រោងនឹងធ្វើសន្និសីទកាសែតរៀងៗខ្លួនសម្រាប់បូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតនៅថ្ងៃសុក្រនេះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកបឹងកក់បន្តយុទ្ធនាការតវ៉ា Posted: 31 May 2012 08:45 PM PDT បន្ទាប់ពីអស់សង្ឃឹមក្រោយពីបាត់បង់ផ្ទះសម្បែងប្រជាពលរដ្ឋម្នាក់រស់នៅតំបន់បឹងកក់មានបំណងធ្វើអត្តឃាតនិងអំពាវនាវឲ្យមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជាទទួលយកកូនរបស់លោកអាយុ៦ឆ្នាំទៅចិញ្ចឹម។ លោក ដួង ឆើត អាយុ៤៥ឆ្នាំរស់នៅភូមិ១ដែលផ្ទះរបស់លោកត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡៅ ម៉េងឃីន បានបូមពន្លិចកាលពីឆ្នាំ២០១០ ជាមួយនឹងប្រជាពលរដ្ឋចំនួន១៨គ្រួសារផ្សេងទៀតបាននិយាយថាជីវិតរបស់លោកចុងក្រោយគ្មានន័យទេក្រោយពីបានបាត់បង់ផ្ទះសម្បែង។ លោកបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទដោយសំឡេងក្តុកក្តួលថាលោកចង់ធ្វើអត្តឃាតដោយចង់ឲ្យរដ្ឋាភិបាលកែខ្លួនពីព្រោះបច្ចុប្បន្ននេះ គ្មានយុត្តិធម៌ទេសម្រាប់ប្រជាពលរដ្ឋតំបន់បឹងកក់។ «ខ្ញុំឲ្យកូនតូចហ្នឹងទៅឲ្យស្ថានទូតហ្នឹងជួយរកម្តាយធម៌ឲ្យកូនខ្ញុំហ្នឹង។ ខ្ញុំប្រហែលជាមិនរស់ទេព្រោះរស់នៅក្នុងសង្គមដែលគ្មានយុត្តិធម៌អញ្ចឹង។ ខ្ញុំនឹងធ្វើអត្តឃាតឲ្យរដ្ឋាភិបាលកែខ្លួនដើម្បីឲ្យប្រជាជនយើងហ្នឹងរស់នៅក្នុងសង្គមមួយមានយុត្តិធម៌»។ ក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ពីតំបន់បឹងកក់នៅថ្ងៃព្រហស្បតិ៍នេះបានប្រមូលផ្តុំគ្នាតវ៉ាជាលើកទី៣ នៅពីមុខក្រសួងយុត្តិធម៌ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋចំនួន ១៥នាក់ ដែលកំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសរឿងវិវាទដីធ្លី។ ក្រុមអ្នកតវ៉ាភាគច្រើនជាស្ត្រី កុមារ ភរិយា និងស្វាមីរបស់ជនរងគ្រោះដែលកំពុងតែជាប់ឃុំឃាំងនៅពន្ធនាគារបានស្រែកច្រៀងបទចម្រៀងយំសោក និងមានចងបូរពណ៌សដើម្បីទាមទារឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមទៅតុលាការក្រុងភ្នំពេញឲ្យដោះលែងជនជាប់ចោទដែលកំពុងតែជាប់ឃុំឃាំង។ បន្ទាប់ពីបានតវ៉ានៅពីមុខក្រសួងយុត្តិធម៌ ប្រជាពលរដ្ឋបានដើរជាក្បួនដង្ហែឆ្ពោះទៅកាន់ព្រះអង្គដងកើរ ដើម្បីបួងសួងសុំបារមីរបស់ព្រះអង្គនៅពីមុខព្រះបរមរាជវាំងឲ្យជួយប្រជាពលរដ្ឋទាំងនោះឲ្យផុតពីទុក្ខទោស។ លោកប៊ុន យៃណារិទ្ធ នាយខុទ្ទការល័យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាលោកបានទទួលញត្តិពីប្រជាពលរដ្ឋរួចហើយ។ ហើយលោកសន្យាថាក្រសួងនឹងបញ្ជូនញត្តិនេះទៅស្ថាប័នជំនាញៗ នៅសប្តាហ៍ក្រោយនេះ។ «ខ្ញុំមិនទាន់ហ៊ាននិយាយយ៉ាងម៉េចដែរ ព្រោះខាងជំនាញគេនឹងលើកទៅតាមគោលការណ៍ច្បាប់ហ្នឹង។ គេមើល និងសម្របទៅតាមនីតិវិធីច្បាប់ផង»។ ក្នុងខណៈពេលដែលអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ បានចាប់ខ្លួនប្រជាពលរដ្ឋបឹងកក់ចំនួន ១៥នាក់យកទៅឃុំឃាំង និងការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏លេចធ្លោមួយគឺលោកឈុត វុទ្ធី ការបាញ់កម្មការិនីឲ្យរបួសនៅខេត្តស្វាយរៀង និងការបាញ់សម្លាប់កុមារីហេង ចន្ថា នៅក្នុងខេត្តក្រចេះ បានជំរុញឲ្យមានការថ្កោលទោសជាបន្តបន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស។ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះមានអង្គការសង្គមស៊ីវិលយ៉ាងតិច ១៣៩ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបានថ្កោលទោសទង្វើរដ្ឋាភិបាលក្រុងភ្នំពេញត្រូវតែបញ្ឈប់វប្បធម៌និទណ្ឌភាព និងអំពើហិង្សា។ អង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថាការប្រើប្រាស់អំពើហិង្សាទៅលើជនស៊ីវិល ពួកគេមិនអាចទទួលយកបានទេ និងបានសច្ចាថានឹងតាមឃ្លាំមើលសកម្មភាពទាំងនេះ ជាពិសេសពាក់ព័ន្ធនឹងដីធ្លី សិទ្ធិធនធានធម្មជាតិ និងការងារ។ លោកចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា អំពើហិង្សាទាំងនេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។ «អីចឹងបានជារដ្ឋាភិបាលព្យាយាមដើម្បីធ្វើកិច្ចការងារហ្នឹងដោយមិនបានគិតគូរអំពើសន្តិភាពនៃការបោះឆ្នោត នៅពេលខាងមុខនោះទេ។ វាអាចជះឥទ្ធិពលមិនល្អដល់ដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនាខាងមុននេះ»។ យោងតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថាយ៉ាងតិចមានប្រជាពលរដ្ឋចំនួន៤៩នាក់ ត្រូវបានចាប់ខ្លួនដោយសារតែរឿងវិវាទដីធ្លី ក្នុងនោះបានដោះលែងចំនួន១៦នាក់ ហើយនៅសល់ ៣៣នាក់ផ្សេងទៀត កំពុងឃុំខ្លួននៅពន្ធនាគារនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
អតីតបុគ្គលិកសិទ្ធិមនុស្សជាប់ពន្ធនាការចប់អាជ្ញាយុកាល ហើយតាំងចិត្តបន្តការពារសិទ្ធិមនុស្ស Posted: 31 May 2012 08:37 PM PDT លោកលាង សុខជឿន បុគ្គលិកអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំក្រុងភ្នំពេញត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្ដែមន្ដ្រីអង្គការនេះចាត់ទុកថា ការឃុំខ្លួនរយៈពេលពីរឆ្នាំលើបុគ្គលិករបស់ខ្លួនគឺជារឿងយ៉ាងអយុត្តិធម៌។ លោកលាង សុខជឿន អាយុ៣០ឆ្នាំ ត្រូវដឹកចេញពីពន្ធនាគារខេត្តកណ្ដាលតាមរថយន្តដោយមានក្រុមមន្ដ្រីអង្គការលីកាដូមកពីបណ្ដាខេត្ត និងរាជធានីរង់ចាំទទួលនៅមុខខ្លោងទ្វារមន្ទីរឃុំឃាំង។ លោកសុខ ជឿន ពាក់កម្រងភួងផ្កាម្លិះ និងដៃកាន់បាច់ផ្កាស្រស់ស្អាតមួយបាច់ ពោលដោយសោកស្តាយ។ «ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយបានរួចចេញពីពន្ធនាគារវិញ។ ប៉ុន្ដែខ្ញុំតូចចិត្ត ដោយសារខ្ញុំមិនបានប្រព្រឹត្តទោសកំហុសអ្វីសោះ តែត្រូវតុលាការចាប់ខ្ញុំដាក់គុកដោយអយុត្តិធម៌បំផុត»។ លាង សុខជឿន ធ្លាប់ធ្វើជាបុគ្គលិករត់សំបុត្រឲ្យអង្គការលីកាដូ មុនពេលចាប់ខ្លួន។ គាត់ត្រូវចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតដោយតុលាការខេត្តតាកែវ ដោយសំអាងថា បុគ្គលិកស្ថាប័នសិទ្ធិមនុស្សរូបនេះបានចូលរួមបាចខិត្តបណ្ណប្រឆាំងថ្ងៃ៧ មករា។ ហើយលោកត្រូវចាប់ខ្លួនកាលពីឧសភា ឆ្នាំ២០០៩ និងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ជាមួយនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ផ្សេងទៀតគឺលោកថាច់ ឡេ និងថាច់ វណ្ណៈ។ ខិតបណ្ណនោះបានចាត់ទុកថា ថ្ងៃ៧មករាជាថ្ងៃដែលប្រទេសវៀតណាមចូលឈ្លានពានប្រទេសកម្ពុជា និងជាថ្ងៃដែលវៀតណាមចូលលេបទឹកដីកម្ពុជាជាដើម។ ក្នុងនោះដែរខិត្តបណ្ណក៏បានវាយប្រហារលើមេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងបីនាក់ គឺលោកហ៊ុន សែន លោកជា ស៊ីម និងលោកហេង សំរិន។ ហើយក្រោយមក សាលាឧទ្ធរណ៍បានចោទប្រកាន់លោកលាង សុខជឿនពីបទញុះញង់ដល់អំពើក្រិដ្ឋ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការកំពូលបានតម្កល់សេចក្ដីសម្រេចទោសរបស់សាលាដំបូងខេត្តតាកែវ ហើយបង្គាប់ឲ្យលោកលាង សុខជឿនបង់ប្រាក់ចូលថវិការដ្ឋចំនួនពីរលានរៀល ឬស្មើនឹង៥០០ដុល្លារអាមេរិក។ យោងតាមលោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានឲ្យដឹងថា លោកលាង សុខជឿនបានស្គាល់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាមថាច់ កុងភួង ហើយព្រះសង្ឃអង្គនេះ បានពឹងឲ្យរូបគាត់ទៅទទួល ពេលលោកនិមន្តត្រឡប់ពីប្រទេសថៃវិញ។ ព្រះសង្ឃនេះត្រូវអាជ្ញាធរចោទថា ជាមេដឹកនាំបះបោរបាចខិត្តបណ្ណជាច្រើនដងក្នុងខេត្តតាកែវ និងត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ។ លោកលាង សុខជឿនបានប្តេជ្ញាថា មិនបោះបង់ការងាររបស់គាត់ជាមួយអង្គការលីកាដូនោះទេ នៅពេលដែលម្តាយរបស់គាត់អ្នកស្រីតាំង ឆេង ដែលបានទៅកាន់ពន្ធនាគារខេត្តកណ្តាលដែរនោះ ចង់ឲ្យកូនរបស់គាត់សម្រាកមួយរយៈ។ លោកស្រីពង្ស ឈីវកេក ប្រធានអង្គការលីកាដូសម្តែងការរីករាយ ប៉ុន្ដែបានឆ្លៀតនិយាយបញ្ឆិតបញ្ឆៀងដល់ការផ្តន្ទាទោសបុគ្គលិករបស់ខ្លួន។ «ខ្ញុំនៅតែតូចចិត្តណាស់ ដោយសារជឿនអត់បានធ្វើខុសអ្វី ហើយជឿន ជាប់ទោសពីរឆ្នាំដោយអយុត្តិធម៌បំផុត។ ហើយខ្ញុំសង្ឃឹមថា ចាប់ពីថ្ងៃនេះទៅ យើងនឹងមិនសូវឃើញមានអយុត្តិធម៌ដូច្នេះទៀតទេ»។ កាលពីឆ្នាំ១៩៩៩ បុគ្គលិកអង្គការលីកាដូចំនួនពីរនាក់ក្នុងខេត្តព្រះសីហនុ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួនមួយខែ ដោយចោទប្រកាន់ថា បានជួយរៀបចំក្រុមប្រជាពលរដ្ឋអ្នកតវ៉ាប្រឆាំងនឹងការនាំនូវកាកសំណល់ពីបរទេសមកទម្លាក់ចោលក្នុងទីរួមខេត្ត។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីរនាក់ខាងលើក៏ត្រូវបានដោះលែងក្នុងថ្ងៃជាមួយគ្នានេះដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |