VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៩ ឧសភា ២០១២៖ «ដំណើរ​ការឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​និង​តួនាទី​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់»” plus 3 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៩ ឧសភា ២០១២៖ «ដំណើរ​ការឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​និង​តួនាទី​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់»” plus 3 more


ហេឡូ​វីអូអេ ២៩ ឧសភា ២០១២៖ «ដំណើរ​ការឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​និង​តួនាទី​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់»

Posted: 30 May 2012 06:34 AM PDT

<!--AV-->

ក្នុង​ពេល​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​នៅ​ទូទាំង​ប្រទេស​ ចំនួន​១៦៣៣​ឃុំ​ សង្កាត់​ ក្រុមអ្នក​សង្កេត​ការណ៍​បាន​អះអាង​ថា ​ការធ្វើ​វិមជ្ឃការ ឬ​ការផ្ទេរ​អំណាច​ដល់​មេ​ឃុំ​សង្កាត់​នៅ​ថ្នាក់​មូលដ្ឋាន​មាន​លក្ខណៈ​យឺតយ៉ាវ​ដែល​គេ​អធិប្បាយ​ថា ​ការ​ធ្វើ​ដូច្នេះ​មិន​អាច​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​មូលដ្ឋាន​អាច​អភិវឌ្ឃ​និង​បំរើ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព​ទេ។ នេះ​ជា​ការអះអាង​របស់​លោក ​គុល បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្រ្វែល​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាលពី​ថ្ងៃអង្គារទី​២៩​ខែឧសភា​ឆ្នាំ២០១២។

​«ការធ្វើ​វិមជ្ឈការ​ហ្នឹង​ក៏​នៅ​មាន​ការ​យឺតយ៉ាវ​ណាស់​ដែរ។​ ជា​ការពិត​រាជរដ្ឋាភិបាល​ តែងតែ​លើក​ពី​បញ្ហា​ផ្សេងៗ​ ក្នុងការ​អនុវត្តន៍​ក្នុង​កម្មវិធី​វិមជ្ឈការ​ឲ្យ​ទៅ​តាម​ផែនការ​ឲ្យ​មាន​ល្បឿន​លឿន​ទៅ​តាម​ច្បាប់​ដែល​មាន​ស្រាប់​នោះ។​ លើក​ពី​មូលហេតុ​ដែល​មាន​ពី​សមត្ថភាព​ពី​ធនធាន។ល។​ ហើយ​វិមជ្ឃការ​​ហិរញ្ញវត្ថុ​នៅ​ពុំ​ទាន់​មាន​ទាល់​តែ​សោះ»។

លោក​ សក់ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាការ​ ជាតិ​ដើម្បី​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​(គជអប)​មាន​ប្រសាសន៍​ថា​ក្រុមប្រឹក្សា​ ឃុំ​សង្កាត់​មាន​លក្ខណៈ​ប្រែប្រួល​ក្នុង​រយៈពេល​ជាង​១០ឆ្នាំ​នេះ​ដោយសារ​ ពួកគេ​ ទោះបី​ជា​មក​ពី​បក្ស​ផ្សេងៗ​ គឺ​ធ្វើការ​រួមគ្នា​មិន​គិត​ពី​និន្នាការ​នយោបាយ។

«ក្រុមប្រឹក្សា​ហ្នឹង​គេ​ធ្វើ​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ហើយ​គេ​​ខិតខំ​គៀងគរ​ការចូលរួម​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ហ្នឹង​ឲ្យ​គាត់​​ប្តូរ​ទំលាប់​ឥរិយាបទ​របស់​គាត់​ក្នុង​ការអភិវឌ្ឍន៍ ​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​មូលដ្ឋាន»។

ខុមហ្រ្វែល​បាន​ដាក់​អ្នកសង្កេតការណ៍​២៥០​នាក់​គ្រប់​ខេត្ត​ និង​រាជធានី។​

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​ថ្ងៃ​ទី៣​ មិថុនា​ឆ្នាំ​២០១២​ក្រោយ​បញ្ចប់ការ​ឃោសនា​បោះឆ្នោត​១៥ថ្ងៃ​នៅ​ថ្ងៃ​ទី១​មិថុនា។​

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

លោកស្រី​អោង​សាន​ស៊ូជី​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៥ឆ្នាំ

Posted: 30 May 2012 02:16 AM PDT

លោកស្រី​អោង​សាន​ស៊ូជី​ ដែល​ជា​ឥស្សរជន​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​មេដឹកនាំ​ប្រឆាំង​យូរយា​មក​ហើយ​ក្នុង​ប្រទេស​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ថៃ​ដោយ​នេះ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​លើក​ទី​មួយ​របស់​លោកស្រី​ក្នុង​រយៈពេល​២៤​ឆ្នាំ​ហើយ​បាន​បញ្ចប់​សម័យ​មួយ​នៃ​ការ​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​ប្រទេស​លោកស្រី។​

លោកស្រី​បាន​ទទួល​ការ​អបអរសាទរ​ស្វាគមន៍​ពី​សំណាក់​​ពួក​អ្នក​កាសែត​និង​ក្រុម​អ្នក​គាំទ្រ​ដែល​បាន​ស្រែក​បន្ទរ​ថា«អ្នក​ម្តាយ​ Suu» ​នៅ​ក្រោយ​យន្តហោះ​លោក​ស្រី​បាន​ចុះ​ចត​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ក្រុង​បាងកក​កាល​ពី​យប់​ថ្ងៃ​អង្គារ។​បន្ទាប់​មក​គេ​បាន​ដឹក​លោកស្រី​តាម​រថយន្ត​ចេញ​ពី​ទី​នោះ។​

លោកស្រី​អោងសាន​ស៊ូជី​នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បី​បួន​ថ្ងៃ​ហើយ​គេ​រំពឹង​ថា​លោកស្រី​នឹង​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ស៊ីណាវរ៉ាត្រា​Yingluck Shinawatra ​ផង​ដែរ។​លោកស្រី​អោងសាន​ស៊ូជី​​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​ទ្វីប​អាស៊ី​ខាង​កើត​នៅពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះ។

ស៊ីរី៖ ជាមួយ​កំណើន​នៃ​ចំនួន​មនុស្ស​ស្លាប់​និង​ការណ៍​ដែល​ពួក​បស្ចឹម​ប្រទេស​បាន​បណ្តេញ​ពួក​អ្នក​ការទូត​ស៊ីរី​ លោក​ខូហ្វ៊ី អាណាន់​ Kofi Annan ​ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រធានាធិបតី​ស៊ីរី​ បាសារ អាល់ អាសាដ​Bashar al-Assad ​ថា​ផែនការ​សន្តិភាព​មាន​៦​ចំណុច​របស់​អ.ស.ប.​«មិន​អាច​មាន​ជោគជ័យ​បាន​ទេ​ប្រសិន​បើ​គ្មាន​វិធានការ​មុះមុត​ដើម្បី​បញ្ឈប់​អំពើ​ឃោរឃៅ»។​

អ៊ីរ៉ង់៖ កាល​ពី​ថ្ងៃ​អង្គារ​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​បាន​ផលិត​កម្មវិធី​ប្រឆាំង​នឹង​វីរុស​មួយ​ដែល​អាច​ប្រយុទ្ធ​នឹង​អ្វី​ដែល​ពួក​អ្នក​ជំនាញការ​ខាង​កុំព្យូទ័រ ​ហៅ​ថា​«អាវុធ​តាម​អ៊ីនធឹណិត​ទំនើប​បំផុតដែល​មិន​ទាន់​បាន​បង្ហាញ​»។​ វីរុស​ដែល​លួច​យក​ទិន្នន័យ​បាន​ចូល​វាយ​លុក​កុំព្យូទ័រ​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​ផ្នែក​ឯ​ទៀតៗ​នៃ​ភូមិភាគ​មជ្ឈឹមបូព៌ា។​​

អាហ្វហ្កានិស្ថាន៖ កង​កម្លាំង​អាហ្វហ្កានិស្ថាន​និងកង​កម្លាំង​អូតង់​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​មួយ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​មាន​ឋានៈខ្ពស់​បំផុត​ទី​ពីរ​នៃ​អង្គការ​អាល់​កៃដា​ al-Qaida ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន។​

សូម៉ាលី៖ លោក​ប្រធានាធិបតី​ស្ហេខ​ ស្ហារីហ្វ ស្ហេខ អាមេដ​ Sheikh Sharif Sheikh Ahmed ​នៃ​ប្រទេស​សូម៉ាលី​ បាន​នៅ​រស់រាន​មាន​ជិវិត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ អាល់សាបាប់​ al-Shabab។​

ស៊ូដង់៖ ប្រទេស​ស៊ូដង់​និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​ចាប់ផ្តើម​ធ្វើការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​លើក​ទីមួយ​របស់​ពួក​គេ​ចាប់​ទាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ឆ្លង​កាត់​ព្រំដែន​កាល​ពី​ខែ​មុន​មក។​

អ៊ីតាលី៖ ការ​រញ្ជួយ​ផែនដី​ខ្លាំង​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី​ដែល​​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ស្លាប់​បាន​កើត​មាន​ទ្បើង​ក្រោយ​​មាន​ការ​រញ្ជួយ​​ផែនដី​ដ៏​ប្រល័យ​មួយ​ទៀត​នៅ​ក្នុង​តំបន់​ដដែល​នោះ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

គណបក្ស​សម រង្ស៊ី រកឃើញ​ករណី​មិន​ប្រក្រតី

Posted: 29 May 2012 07:59 PM PDT

នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ ​ខែ​មិថុនា ​ខាង​មុខ​នេះ។

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ គណបក្ស​ប្រឆាំង​របស់​លោក​សម​ រង្ស៊ី ​បាន​ខិតខំ​ប្រឹង​ប្រែង​រក​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​មក​លាតត្រដាង​មុន​ការ​បោះឆ្នោត​នេះ។

លោក​យឹម ​សុវណ្ណ​ អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​ព័ត៌មាន​​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​របស់​លោក​បាន​រកឃើញ​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ​និង​ការ​លុប​ឈ្មោះ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​ចំនួន​ជាង​មួយ​លាន​នាក់។ លោក​បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​ស្ទួន​ដែល​គណបក្ស​របស់​លោក​បាន​រក​ឃើញ ​គ្រាន់តែ​នៅ​ក្នុង​នាយដ្ឋាន​ផែនការ​យុទ្ធនាសាស្ត្រ ​និង​គម្រោងការណ៍​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​ចំនួន​៥០​នាក់​ ដែល​មាន​ឈ្មោះ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ឃុំ​ស្នា​អន្សោង ​ខេត្ត​ពោធិ៍សាត់​ផង ​និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង។

លោក​បាន​មាន​ប្រសាសន៍​ថា​ មន្ត្រីរាជការ​ចំនួន​៤៨​នាក់​ផ្សេង​ទៀត​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ខ្ចៅ ​ខេត្ត​កំពង់ចាម​ផង​ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង។ លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​មាន​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​របស់​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​សម្រាប់​បោះឆ្នោត។ លោក​បាន​ចោទ​ប្រកាន់​ថា​នេះ​ គឺ​ជា​ចេតនា​មួយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែល​មាន​បំណង​បម្រើ​គោលនយោបាយ​គណបក្ស​ប្រជាជនកម្ពុជា​។

«ការ​បោះឆ្នោត​ឥត​យុត្តិធម៌ ​ពីព្រោះ​នេះ​គឺ​ជា​ភស្តុតាង​មួយ​ដែល​គណបក្ស​ប្រជាជន​ប្រើប្រាស់​ទាំង​មធ្យោបាយ ​ទាំង​ឡាន​របស់​រដ្ឋ​ ទាំង​មន្ត្រីរាជការ​របស់រដ្ឋ​ទៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​គណបក្ស​នយោបាយ​របស់​ខ្លួន។ នេះ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ផង​ ហើយ​មិន​យុត្តិធម៌ផង​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ឃោសនា​បោះឆ្នោត»។

លោក ​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ពិតប្រាកដ​មែន​ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ផ្លាស់​ទីលំនៅ​ចេញ ​ហើយ​គជប ​មិន​ទាន់​លុប​ចេញ​ពី​បញ្ជី​នៅ​ឡើយ។ លោក​បាន​បញ្ជាក់​ថា​ឈ្មោះ​ស្ទួន​នេះ​ ប្រជាពលរដ្ឋ​មិន​អាច​បោះឆ្នោត​បាន​ពីរ​ដង​ទេ។

«គាត់​មិន​អាច​បោះឆ្នោត​ពីរ​ដង​បាន​ទេ​។ ​យើង​មាន​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​ដែល​ជ្រលក់​ម្រាមដៃ ​ហើយ​ទឹកខ្មៅនេះ​មិ​នអាចលា​ងជ្រះ​នៅ​ក្នុង​រង្វង់​កន្លះ​ម៉ោងក្រោយ​ ព្រោះ​ឥទ្ធិពល​នៃ​ទឹកខ្មៅ​នេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទើប​វា​ជ្រះ​ទៅ​វិញ»។

ភស្តុងតាង​មួយ​ចំនួន​ដែល​គណបក្ស​សម ​រង្ស៊ី ​បាន​រកឃើញ​នឹង​បាន​ចែក​ជូន​ដល់​អ្នក​សារព័ត៌មាន​បាន​លើក​យក​ឈ្មោះ​ស្ទួន​របស់​មន្ត្រីរាជការ​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​មាន​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ផង ​និង​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផង។

បើ​តាមសេចក្តី​ជូនដំណឹង​ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​ និង​មាន​ស្នាម​ចុះហត្ថលេខា​របស់​លោក​សុវណ្ណ​ អនុប្រធាន​ក្រុម​កាងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ប្រចាំ​អាជ្ញាធរអគ្គិសនី​បាន​ជំរុញ​ឲ្យ​នយោជិក​របស់​នាយកដ្ឋាន​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ និង​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​តែ​ចេញ​ដំណើរ​ទៅ​បោះឆ្នោត​ដោយ​មាន​រថយន្ត​ចាំ​ទទួល​រួច​ជា​ស្រេច។ សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា ​អ្នក​ដែល​មិន​បាន​មក​ទាន់​កំណត់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣ ​ត្រូវ​ដោះស្រាយ​និង​ទទួលខុសត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ដោយ​ខ្លួន​ឯង៕

This posting includes an audio/video/photo media file: Download Now

ការ​បំពាន​ច្បាប់​រងការ​រិះគន់​ពីគ្រប់​មជ្ឈដ្ឋាន

Posted: 29 May 2012 06:11 PM PDT

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​សមាជិក​ចំនួន​២៣ ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​អំពើ​ហិង្សា​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ ​ដែល​បាន​កើត​ឡើង​ជា​បន្ត​នៅ​កម្ពុជា​ ហើយ​បាន​កត់​សម្គាល់​ថា ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទាំង​នោះ​ជា​អ្នក​ការពារ​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ជា​ជាង​ការពារ​ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ។

ការថ្កោលទោស​របស់​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​មាន​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ជា​បន្តបន្ទាប់​ចំនួន​១៥​នាក់​យក​ទៅ​ឃុំឃាំង​ជា​បណ្ដោះ​អាសន្ន និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​ប្រាំមួយ​ខែ​កាល​ពី​សប្ដាហ៍​មុន​ដោយសារ​តែ​ជន​រងគ្រោះ​ទាំង​នោះ​ បាន​តវ៉ា​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​និង​បែងចែក​ដីធ្លី​សម្រាប់​ពួក​គេ​​ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​លើក​ឡើង​ថា ​រយៈពេល​ប្រាំ​ខែ​ដើម​ឆ្នាំ​២០១២​នេះ​ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន ​២៤​នាក់ ​ដោយសារ​ការ​បណ្ដេញចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ការ​បង្រ្កាប​បាតុកម្ម​ដោយ​សន្ដិវិធី​ ការ​បាញ់ប្រហារ​ក្រៅ​ច្បាប់​ជា​ដើម ​ហើយ​មិន​មាន​ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​នោះ​ទេ។

ជន​រងគ្រោះ​ដល់​ស្លាប់​មាន​ចំនួន​ពីរ​នាក់​គឺ​លោក ​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​បរិដ្ឋាន​ម្នាក់​ និង​កុមារី​ហេង ​ចន្ថា ​ក្នុង​ខេត្ត​ក្រចេះ ​ការ​បាញ់​លើ​កម្មការីនីរោងចក្រ​ដោយ​អភិបាល​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ រួមទាំង​អ្នក​ភូមិបឹង​កក់​ទាំង​១៥​នាក់​ផងដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​២៣​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្ដិវិធី ​ស្នើឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​ក្រៅ​ច្បាប់​ និង​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ភូមិ​បឹងកក់​ទាំង​ ១៥នាក់។

លោក​នី ​ចរិយា ​ប្រធាន​ផ្នែកស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​លើកឡើង​ថា មាន​ប្រជាពលរដ្ឋ​ យ៉ាងហោចណាស់​ចំនួន​៤២៧​នាក់ ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ចោទប្រកាន់​ដោយ​តុលាការ​ក្នុង​ជម្លោះ​ដីធ្លី ​និង​អំពើ​ហិង្សា​ផ្សេង​ៗ​រហូត​ដល់​ដើម​ឆ្នាំ​២០១២។

លោក​នី ​ចរិយា ​មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ទាំង​នេះ​កំពុង​ស្ថិត​ភាព​មិនប្រាកដ​ប្រជា​ពី​សុវត្ថិភាព​របស់​ខ្លួន។

«អ្នក​ដែល​ត្រូវ​ចោទប្រកាន់​នោះ​ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គ្មាន​សុវត្ថិភាព​ទាល់តែ​សោះ​ក្នុង​ការ​រស់​នៅ​ជា​អ្នក​មាន​សេរីភាព​ដូច​គេ​ដែរ»។

លោក​ទិត្យ ​សុធា ​អ្នក​នាំពាក្យ​មួយ​រូប​របស់​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្មរហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ការដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់។ ​ក៏ប៉ុន្ដែ​ឧបទេ្ទហេតុ​មួយ​ចំនួន​ជា​រឿង​ចៃដន្យ ​ហើយ​លោក​ទិត្យ ​សុធា ​បាន​ហៅ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​មួយ​ចំនួន​មាន​ការ​តាំងលំនៅ​ដោយ​ខុស​ច្បាប់។

«ការបង្រ្កាប​បទល្មើស​ដែល​មាន​ការ​តដៃគ្នា​គឺ​មាន​គ្រោះថ្នាក់​ចៃដន្យ​កើតឡើង​ ដូច្នេះ​រឿង​នេះ​មិន​អាច​ចាត់​ចូល​ជា​ចេតនា​របស់​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ ក្នុង​ការសម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ទេ​។​ បញ្ហា​បឹងកក់​ ដែល​មាន​ការចោទប្រកាន់​ទៅ​តុលាការ​នោះ​ជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទៅ​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ប្រព្រឹតិ្ត​ខុស​ច្បាប់»។

ទោះជា​យ៉ាង​ណា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ជំរុញ​បន្ថែមទៀត​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជនជាប់​សង្ស័យ​នានា​ក្នុង​ការ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ក្រៅ​ច្បាប់​យក​មក​កាត់​ទោស៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!