VOA News: ព័ត៌មាន: “ភាព​មិនប្រក្រតី​នៅ​មាន​ទោះ​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​នេះ​ល្អ​ជាង​មុន” plus 1 more

VOA News: ព័ត៌មាន: “ភាព​មិនប្រក្រតី​នៅ​មាន​ទោះ​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​នេះ​ល្អ​ជាង​មុន” plus 1 more


ភាព​មិនប្រក្រតី​នៅ​មាន​ទោះ​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​នេះ​ល្អ​ជាង​មុន

Posted: 01 Jun 2012 10:48 PM PDT

អង្គការ​សង្គមស៊ីវិល​ដែល​តាម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ និង​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​បាន​សន្និដ្ឋាន​ដូចៗ​គ្នា​ថា​ ដំណើរការ​ឃោសនា​រកសំឡេងឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​ទាំង​១០ សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៣​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ បើប្រៀបធៀប​មួយ​ថ្ងៃ​ទៅ​នឹង​អាណត្តិ​មុនៗ។ ក៏ប៉ុន្តែ​នៅ​តែ​មាន​ភាព​មិនប្រក្រតី​បាន​កើត​ឡើង​លើ​គណបក្ស​នយោបាយ​ ជាពិសេស​គណបក្ស​ជំទាស់។

គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ ដែល​ហៅ​កាត់​ថា​ខាំហ្វែ្រល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ​នៅ​ក្នុង​ឆ្នាំ​២០០២ ​បាន​កើតឡើង​ចំនួន​១០​ករណី​នៅ​ក្នុង​មួយ​ថ្ងៃ។ ឆ្នាំ​២០០៧ ​បាន​កើតឡើង​ចំនួន​ ៨​ករណី​នៅ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ឆ្នាំ​២០១២​នេះ​ មាន​តែ​៦​ករណី​ប៉ុណ្ណោះ ​ដែល​បាន​កើតឡើង​នៅ​ក្នុង​មួយ​ថ្ងៃ។ ក៏​ប៉ុន្តែ​ឥទ្ធិពល​ទាំងនេះ​ពុំទាន់​បាន​វាស់វែង​ទំហំ​បាន​នៅ​ឡើយ​ទេ​ ដែល​ករណី​ទាំង​នេះ​រួមមាន​ការ​ហែក​ខិតបណ្ណ ​ការទិញ​សន្លឹកឆ្នោត​ ការរំខាន​ក្នុង​ការឃោសនា ​ការ​ទម្លាក់ស្លាក​គណបក្ស​នយោបាយ​ដែល​សរុប​ប្រមាណ​ចំនួន​ ១០០​ករណី។

អង្គការ​ខំហ្វ្រែល​បាន​សង្កេត​ឃើញ​ថា មាន​ចំនួន​អំពើហិង្សា​ចំនួន​ពីរ​ករណី ​ដែល​នៅ​ក្នុង​នោះ​មាន​មួយ​ករណី​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​វាយ​ទៅ​លើ​ស្ត្រី ​ដែល​ជា​សកម្មជន​គណបក្ស​សម ​រង្ស៊ី​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ និង​មួយ​ករណីទៀត​ ស្រ្តី​ដែល​ជា​ភរិយា​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បាន​វាយ​ទៅ​លើ​ស្ត្រី​ដែល​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ធន់ ​សារ៉ាយ ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ខំហ្វ្រែល។

លោក ធន់​ សារ៉ាយ ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ បើទោះបីជា​មាន​ការថយចុះ​នៃ​អំពើ​ហិង្សា​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​បាន​រកឃើញ​មាន​ចំនួន​ឈ្មោះ​ប្រមាណ​ ១​លាន​ ៥​សែន​នាក់​ ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត។

«នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ ​យើង​នឹង​មាន​ការបារម្មណ៍​ច្រើន​ ដល់​អ្នក​ដែល​រកឈ្មោះ​មិន​ឃើញ ​ហើយ​អ្នក​ដែល​បាត់​ឈ្មោះ។ ​អញ្ចឹង​រឿង​បញ្ជី​បោះឆ្នោត​នេះ​ គឺ​ជា​រឿង​មួយ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​នេះ»។

លោក​ទេព ​នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​បើ​គិត​ចាប់​ពី​ឆ្នាំ​២០០៨​ រហូត​មក​ដល់​ឆ្នាំ​២០១២​នេះ​គជប​ បាន​លុបឈ្មោះ​ប្រមាណ​ជាង​ ៧៦​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។

«គឺ​ឆ្នាំ​២០០៨​ យើង​លុប​ឈ្មោះ​ប្រមាណ​តែ​ ១៦​ម៉ឺន​នាក់​ទេ​ ពី​បញ្ជី​បោះឆ្នោត។ ​ឆ្នាំ​២០០៩​ យើង​លុប​ឈ្មោះ​ ១៦​ម៉ឺន​នាក់​ពី​បញ្ជី​បោះឆ្នោត។​ ឆ្នាំ​២០១០ ​យើង​លុប​ ១៧​ម៉ឺន​នាក់​ពី​បញ្ជី​បោះឆ្នោត​។​ ឆ្នាំ​២០១១​នេះ​ យើង​លុប​ពី​ ២៧​ម៉ឺន​នាក់​ពី​បញ្ជី​បោះឆ្នោត​។ ​អញ្ចឹង​បូក​ទាំង​កន្ទុយ​ៗ​ទេ​ យើង​លុប​អស់​តែ​ ៧៦​ម៉ឺន​នាក់​ទេ​។ ​ហេតុ​អី​បាន​ជា​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​រហូត​ដល់​ ១លាន​ ៥​សែន​នាក់»។

គណបក្ស​នយោបាយ​ចំនួន​១០ ​ដែល​បាន​ឃោសនា​រកសំឡេងឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៨​ រហូត​មក​ដល់​ថ្ងៃ​សុក្រ​ទី​១ ​ខែ​មិថុនា​នេះ​។ ​រយៈពេល​១៥​ថ្ងៃ​ នៃ​ដំណើរការ​បោះឆ្នោត​ បាន​បញ្ចប់។

លោក ​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិច​បាន​មាន​ប្រសាសន៍​ថា​មុន​ដំណើរការ​ឃោសនា​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​កម្មករ​នៃ​ខេត្ត​ស្វាយរៀង​ ឃាតកម្ម​ទៅ​លើ​លោក​ឈុត ​វុទ្ធី ​សកម្មជន​ការពារ​ព្រៃឈើ ​ឃាតកម្ម​ទៅ​លើ​កុមារី ​ហេង ​ចន្ថា​ នៅ​ក្នុង​ខេត្ត​ក្រចេះ ​និង​ការចាប់​ប្រជាពលរដ្ឋ​ចំនួន​ ១៥​នាក់​នៅ​ក្នុង​តំបន់​បឹងកក់​ដាក់​ពន្ធនាគារ។​ លោក​បាន​មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី​ធំ​ៗ​ ទាំង​បួន​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​នឹង​ភ័យខ្លាច​ដល់​ប្រជាជន​មុន​ការ​បោះឆ្នោត។

«មួយទៀត ​យើង​ក៏​សង្កេត​ឃើញ​ថា​មាន​ការបំភ័ន្ត​ព័ត៌មាន​ ដោយ​ប្រកាស​ថា​បក្សជំទាស់​ហ្នឹង​ថា​បាន​ចុះចូល​អស់​ហើយ។ អញ្ចឹង​នៅ​ចាំអី​ទៀត ​ត្រូវ​ចូល​ឲ្យ​អស់​តែ​ម្តងទៅ។ មួយទៀត​ការបំភ័ន្ត​ព័ត៌មាន​ថា​បើ​សិន​ជា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច​ទេ​ គឺ​ថា​សង្គម​អស្ថេរភាព»។

រយៈពេល​១៥​ថ្ងៃ ​នៃ​យុទ្ធាការ​ឃោសនា​រកសំឡេងឆ្នោត​បាន​កន្លងផុត​ទៅ​នេះ​ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ពាក្យ​បណ្តឹង​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៧៦​បណ្តឹង​ ក្នុង​នោះ​បណ្តឹង​ដែល​កំពុង​ដោះស្រាយ​មាន​ ៧​បណ្តឹង ​ការចារ​បដិសេធ​៤​បណ្តឹង ​ការដក​បណ្តឹង​៥​បណ្តឹង​ ការ​ផ្សះផ្សារ​ជា​គ្នា​ចំនួន​ ៣៦​បណ្តឹង ​ការផ្សះផ្សារ​គ្នា​មិន​ជា​គ្នា​ចំនួន​ ១៥​បណ្តឹង​ និង​ជូន​ដំណឹង​បដិសេធ​ចំនួន​៤​បណ្តឹង៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​ថា​ខ្លួន​ត្រូវ​បាន​រំខាន​ពេល​ឃោសនា​បោះឆ្នោត

Posted: 02 Jun 2012 07:11 AM PDT

មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស​មួយ​រូប​បាន​ចោទប្រកាន់​ថា ​ក្រុម​សកម្មជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​តាម​រំខាន​ជា​ច្រើន​ដល់​សកម្មភាព​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​អ៊ូ ​ប៊ុនរិទ្ធ ​តំណាងរាស្ដ្រ​របស់​គណបក្ស​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កណ្ដាល​មាន​ប្រសាសន៍​ថា​ លោក​បាន​ដឹកនាំ​ការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​មាន​សកម្មជន​សរុប​ចំនួន​៣០០​នាក់​ នៅ​ក្នុង​ស្រុក​ពញ្ញាឮ ​ខេត្ត​កណ្ដាល​។ ​លោក​អះអាង​ថា ​ក្បួនឃោសនា​នោះ​ត្រូវ​បាន​រំខាន​ដោយ​ក្រុម​អ្នក​ឃោសនា​មក​ពី​គណបក្ស​កាន់អំណាច ​ហើយ​លោក​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​យុទ្ធ​នាការ ​​ក្រោយ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​ជាង​បី​ម៉ោង។

«ពេលណា​ទៅ​កន្លែងណា ​គាត់​ទៅ​កន្លែង​ហ្នឹង​។ ​គាត់​បិទ​ផ្លូវ​យើង​។​ យើង​ហែលឆ្លង​ទៅ​ស្ពាន​ព្រែកក្តាម ​គាត់​ឆ្លង​ទៅ​ដែរ​ទៅ​។ ​ហើយ​ហួសព្រែកក្តាម ​ត្រឡប់​មក​វិញ ​គាត់​ត្រឡប់​មកដែរ​។​ គប់​ដប​គោជល់​មក​លើ​សកម្មជន​យើង​។​ កាល​ពីព្រឹកមិញ​ ក៏មាន​សកម្មជន​យើង​រាយការណ៍​មក​ថា​ គាត់​ដាក់​ម៉េក្រូ​ចេញ​មក​ពី​ផ្ទះ​ហ្នឹង​ ក៏មាន​គណបក្ស​ប្រជាជន​មក​ទាញ​ខ្សែ​ម៉េក្រូ​ផ្តាច់​មិន​ឲ្យ​ចាក់​ម៉េក្រូ​។ ​ខ្ញុំ​ក៏​ឮជេរ​មក​ខ្ញុំ​ផ្ទាល់​។ ​ខ្ញុំ​ស្តាប់​ ឮ​ក៏​មាន​ការជេរ​មក​ខ្ញុំ​អញ្ចឹង»។

លោក​អ៊ូ ​ប៊ុនរិទ្ធ ​បាន​បញ្ជាក់​ថា ​លោក​មាន​អន្ដរាគមន៍​ពី​គណៈកម្មការ​បោះឆ្នោត​ឃុំ​ និង​ស្រុក​ពញ្ញាឮ​ដែរ​ ប៉ុន្ដែ​នៅតែ​មិន​អាច​ទប់ស្កាត់​ការរារាំង​ទាំង​នោះ​ទេ។

ទោះជាយ៉ាងណា​លោក​តូច ​សត្ថា ​អនុប្រធាន​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កណ្ដាល​មាន​ប្រសាសន៍​ថា ​បាន​ហៅ​ហេតុការណ៍​ទាំង​នោះ​ថា ​ជា​ការស្ទះចរាចណ៍​ដោយ​ចៃដន្យ​ពេល​មាន​ក្បួន​ឃោសនា​នយោបាយ។

«ក្បួនហ្នឹង​វា​ទៅ​ វា​ចង្អៀត ​ស្ទះចរាចរណ៍​។ ​អញ្ចឹង​ទៅ​ពួក​ខ្ញុំ​ ទៅ​ធ្វើ​អន្តរាគមន៍​អាច​បញ្ជៀស​ឲ្យ​មួយ​ទៅ​សិន ​អញ្ចឹង​បាន​ជាមួយ​ទៅ​ទៀត​។ ​អញ្ចឹង​ទៅ​យើង​ត្រូវ​ដោះស្រាយ​ទៅ​ភ្លាម​ៗ​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​រួច»។

គណបក្ស​នយោបាយ​ចំនួន​ដប់​ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​នេះ​។ ​ការ​ឃោសនាបោះឆ្នោត​រយៈពេល​១៥​ថ្ងៃ​របស់​ពួក​គេ​នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​១២​ យប់​ថ្ងៃ​សុក្រ​នេះ។​ គណបក្ស​ទាំង​អស់​បាន​នាំគ្នា​បង្កើត​សកម្មភាព​ឃោសនា​ផ្តាច់​ព្រ័ត្ត​នៅ​ទឹក​ចុងក្រោយ​នេះ​។ ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ក្រៅ​ពី​ការដង្ហែរក្បួន​តាម​ដងផ្លូវ​ ក៏មាន​ការ​ចាក់​ភ្លេង​នៅ​តាម​ចំណុច​មួយ​ចំនួន​របស់​គណបក្ស​ធំ​ៗ​ ខ្លះ​ដែរ​។ ​ដោយឡែក​គណបក្ស​តូច​ៗ​បាន​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន ​និង​ផ្តោត​ការឃោសនា​ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត។

មន្ដ្រី​គណបក្ស​សិទ្ធិមនុស្ស​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​មាន​ក្រុម​ក្មេងស្ទាវ​ប្រមាណ​ជា​ប្រាំពីរ​ទៅ​ប្រាំបី​នាក់​បាន​ស្ទាក់​ និង​គុប​ដុំថ្ម​ទៅ​លើ​ក្បួន​ដង្ហែរ​គណបក្ស​ខ្លួន​ក្នុង​សង្កាត់​ព្រែកប្រា ​រាជធានី​ភ្នំពេញ​។ ដំណាលគ្នា​នោះ​ក្រុម​ក្មេងស្ទាវ​បាន​ធាក់​ក្រុម​អ្នក​ដង្ហែរក្បួន​ដែល​កំពុង​តែ​ជិះម៉ូតូ​ផងដែរ​។ ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​ក្នុង​នោះ​ម្នាក់​បាន​បែកក្បាល​ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​គ្លីនីក​។ ​មន្ដ្រី​ដដែល​នោះ​ជឿថា​ ក្មេងស្ទាវ​ទាំងនោះ​ទំនង​ជា​កូន​របស់​ប្រធាន​ភូមិ​នៅ​ទីនោះ។

ប៉ុន្តែ​លោក​លន់​ ឆេងកៃ ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ទទួល​ស្គាល់​ថា ​មាន​អំពើហិង្សា​បែប​នោះ​កើតឡើង​មែន​។​ ដោយឡែក​ក្មេង​ទាំង​នោះ​គឺ​ជា​ក្មេង​ស្ទាវ​ហិតកាវ​។ ​ហើយ​ពួក​គេ​បាន​រត់គេច​ខ្លួន​បាត់​អស់​ក្រោយ​ពី​បង្ក​អំពើ​ហិង្សា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!