VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ៣១ ឧសភា ២០១២៖​«ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការប្រុងប្រៀប​របស់​អ្នកបោះឆ្នោត»” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ៣១ ឧសភា ២០១២៖​«ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការប្រុងប្រៀប​របស់​អ្នកបោះឆ្នោត»” plus 2 more


ហេឡូ​វីអូអេ ៣១ ឧសភា ២០១២៖​«ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការប្រុងប្រៀប​របស់​អ្នកបោះឆ្នោត»

Posted: 31 May 2012 11:46 AM PDT

កាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី៣ មិថុនាឆ្នាំ​២០១២។​ ក្រុមអ្នក​សង្កេតការណ៍​អំពាវនាវ​ដល់​ពលរដ្ឋ​អ្នកបោះឆ្នោត​ កុំ​ឲ្យ​ភ័យបារម្ភ​ចំពោះ​ការ​សម្លុត ​គំរាមកំហែង​ និង​ការទិញ​ទឹកចិត្ត​ឡើយ​ ដោយ​និយាយ​ថា ការសម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការបោះឆ្នោត​ជូន​បក្ស​នយោបាយ​ណា មួយ​ នឹង​គ្មាន​នរណា​ដឹង​បាន​ឡើយ។​ នេះ​ជា​ការអះអាង​របស់​កញ្ញា​ គង់ រ៉ាវីន ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុម ហ្រ្វែល​ ដែល​បាន​ ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ទី៣១ខែ​ឧសភាឆ្នាំ​២០១២។

លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ និចហ្វិច ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ទី៣​មិថុនា​ឆ្នាំ២០១២។​ ដោយ​កុំភ្លេច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​បោះឆ្នោត​ ទីតាំង​បោះឆ្នោត​មុន​មួយ​ថ្ងៃ​បោះឆ្នោត​ និងយក​អត្តសញ្ញាណបណ្ណ​ ឬបណ្ណ​សំគាល់​ខ្លួន​ ដែល​អាច​ប្រើ​បាន​ទៅ​ជាមួយ។

«ក្នុង​នោះ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ទោះបី​ជា​ផុត​កំណត់​ក្តី​មិន​ទាន់​ផុត​ កំណត់​ក្តី​ គឺ​បង​ប្អូន​នៅតែ​អាច​ប្រើប្រាស់​បាន​សម្រាប់ការ​បោះឆ្នោត។ ផ្ទុយ​ទៅ​វិញ​ បើសិន​ជា​គ្មាន​ ឬ​បាត់​អត្តសញ្ញាណបណ្ណ​សូម​ទាក់ទង​ជា​បន្ទាន់​ មក​ទល់​ថ្ងៃ​នេះ​ គឺ​អត់ទាន់​ហួស​ពេល​ទេ​ ទៅ​ស្នើ​សុំ​លិខិត ​បញ្ជាក់​អត្តសញ្ញាញ​សម្រាប់​បំរើ​ឲ្យ​ការបោះឆ្នោត​នៅ​សាលា​ឃុំ​សង្កាត់។​ ប៉ុន្តែ​ សូម​កុំ​ភ្លេច​យក​រូបថត​ពីរសន្លឹក​ហើយ​នឹង​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ពីរ​នាក់​នៅ​ក្នុង​ឃុំ​ហ្នឹង​ឯង​ទៅ​ធានា​ផង»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ៣១ ខែឧសភា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

លោក​បារ៉ាក់ អូបាម៉ា ​សរសើរ​លោក​រ៉មនី​ដែល​ត្រូវ​បាន​តែង​តាំង​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ

Posted: 30 May 2012 11:53 PM PDT

ប្រធានាធិបតី​ស.រ.អ​លោក​បារ៉ាក់​ អូបាម៉ា​Barack Obama​ បាន​ថ្លែង​សរសើរ​អតីត​អភិបាល​រដ្ឋ​ ម៉ាសាឈូសេត​Massachusetts​ លោក​មិត​ រមនី​ Mitt Romney​ ចំពោះ​ជ័យជំនះ​លើ​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។​

អ្នក​នាំពាក្យ​ម្នាក់​របស់​យុទ្ធនាការ​លោក​អូបាម៉ា​ Obama​ និយាយ​ថា​ លោក​ប្រធានាធិបតី​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​គូ​ប្រជែង​របស់​លោក​បាន​ពិភាក្សា​គ្នា​បន្តិច​បន្តួច​ ក្នុង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​រមនី​ Romney​ បាន​ឈ្នះ​ការ​តែង​តាំង​ដោយសារ​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​បថម​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នងុ​រដ្ឋ​ Texas។​ លោក​ Romney​ ទទួល​បាន​សម្លេង​គាំទ្រ​ពី​ប្រតិភូ​ចំនួន​ ៨៨​ នាក់​ ពី​ចំណោម​ប្រតិភូ​ជាង​ ១៥០​ នាក់​នៃ​រដ្ឋ​នេះ​ ឲ្យ​ឡើង​លើស​ពី​ចំនួន​១១៤៤​ ដែល​លោក​ត្រូវការ​ដើម្បី​ទទួល​ការ​តែង​តាំង​នៅ​ក្នុង​សន្និបាត​គណបក្ស​នៅ​រដូវ​ក្តៅ​នេះ។​

អ្នក​នាំ​ពាក្យ​លោក​អូបាម៉ា​Obama​ ថ្លែង​ថា​ លោក​ប្រធានាធិបតី​សំឡឹងមើល​ទៅ​«ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ដ៏​សំខាន់​និង​​ការ​ស្ថាបនា​អនាគត​នៃ​ប្រទេស​អាមេរិក»។​ យុទ្ធនាការ​លោក​ រមនី​Romney​ និយាយ​ថា​ ការ​សន្ទនា​តាម​ទូរស័ព្ទ​«មាន​រយៈពេល​ខ្លី​ប្រកប​ដោយ​ភាព​ស្និទ្ធិស្នាល»។​

ក្នុង​ប្រពៃណី​នយោបាយ​របស់​ស.រ.អ​ថ្មីៗ​នេះ​ បេក្ខជន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​បី​លើក​ ក្នុង​ខែ​តុលា​ហើយ​លោក​អនុ​ប្រធានាធិបតី​ចួ បៃដេន​Joe Biden​ នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​មួយ​លើក​ជា​មួយ​បេក្ខជន​អនុ​ប្រធានាធិបតី​ណា​ដែល​លោក​ រមនី​Romney​ តែង​តាំង៕​

ចិន៖ រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ចិន​ លោក​ លាង គួង​លី​Liang​ Guanglie​ បាន​ធ្វើ​កិច្ច​ប្រជុំ​ប្តូរ​យោបល់​ដ៏​ខ្លី​មួយ​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ជា​មួយ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​សមាគម​ អាស៊ាន​ នៅ​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។​

ភាគី​ចូល​រួម​បាន​ប្តូរ​ទស្សនៈ​គ្នា​អំពី​សន្តិសុខ​ក្នុង​តំបន់​ និង​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។​

លោក​លាង​Liang​ បាន​អញ្ជើញ​ទៅ​ដល់​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​ទស្សនកិច្ច​ ៤​ ថ្ងៃ​ តាម​សេចក្តី​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ ទា​ បាញ់​ នៃ​កម្ពុជា។​ ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា​លោក​ លាង​Liang​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​យោធា​មួយ​ជា​មួយ​លោក​ ទា​ បាញ់​ ហើយ​បាន​ជួប​សន្ទនា​រាក់​ទាក់​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន។​

លោក​ លាង​Liang​ បាន​ជួប​ជា​មួយ​បាន​ជួប​ជា​មួយ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ សឹង្ហបូរី​ លោក​ ង អេង ​ហេនNg Eng Hen​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្រុង​ភ្នំពេញ​ហើយ​បាន​ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​នៃ​ផល​ប្រយោជន៍​រួម៕

ពិភពលោក៖ អង្គការ​សហប្រជាជាតិ​សម្រាប់​ស្បៀង​អាហារ​និង​កសិកម្ម​​ FAO​ប្រាប់​ឲ្យ​ដឹង​ថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​មិន​អាច​កើត​មាន​ឡើង​បាន​ទេ​ ប្រសិន​បើ​ភាព​អត់​ឃ្លាន​និង​ការ​ខ្វះ​ខាត​អាហារ​រូបត្ថម្ភ​មិន​អាច​លប់​បំបាត់​ចោល​​អស់​ទេ​នោះ។​

នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​ម៉ិញ​ លោក​ចូស ក្រាហ្ស៊ីយ៉ាណូ ដា ស៊ីលវ៉ា​Jose Graziano​ da Silva  ប្រធាន​អង្គការ​ FAO​ មាន​ប្រសាសន៍​ថា​ កាអភិវឌ្ឍ​ មិន​អាច​ចាត់​ថា​មាន​និរន្តភាព​បាន​ទេ​ ខណៈ​ពេល​ដែល​មនុស្ស​ប្រហែល​ម្នាក់​ក្នុង​មនុស្ស​៧​នាក់​នៅ​ក្នុង​ពិភពលោក​ ត្រូវ​រងគ្រោះ​ដោយ​សា​ការ​ខ្វះ​អាហារ​រូបត្ថម្ភ​នោះ។​

លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​ផលិត​ផល​កសិកម្ម​ ហើយ​នៅ​ខណៈ​នោះ​ដែរ​ មាន​ការ​ថែ​រក្សា​បរិស្ថាន​ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​រំពឹង​នឹង​មាន​ដល់​ទៅ​៩​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០។​ ដើម្បី​ចិញ្ចឹម​ប្រជា​ពល​រដ្ឋ​អង្គការ​ FAO​បង្ហាញ​ឲ្យ​ដឹង​ថា​គេចាំ​បាច់​បង្កើន​ទិន្នផល​កសិកម្ម​យ៉ាង​ហោចណាស់​ក៏​៦០​ភាគរយ​ ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ។​

សេដ្ឋវិទូ​ជាន់​ខ្ពស់​ម្នាក់​របស់​អង្គការ​ FAO​ បាន​ប្រាប់​ VOA ​ថា​ទីភ្នាក់ងារ​ម្ហូប​អាហារ​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​លប់​បំបាត់​ភាព​អត់​ឃ្លាន​នៅ​តែ​មាន​សារៈ​សំ​ខាន់​ជា​ទី​បំផុត៕

ចិន៖ ប្រទេស​ចិន​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ជប៉ុន​ ដែល​ថ្លែង​ថា​ អ្នក​ការទូត​ចិន​ម្នាក់​បាន​ធ្វើ​ចារកម្ម​លើ​ពាណិជ្ជករ​និង​អ្នក​នយោបាយ​ក្នុង​ប្រទេស​ជប៉ុន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លីវ វៃមិន​ Liu Weimin​ ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពាក្យ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ការទូត​ ដែល​លោក​សំគាល់​ឈ្មោះ​ថា​លី ជុង​គួង​ Li Chunguang​ គឺ​គ្មាន​ហេតុផល​សោះ។​

ប៉ាគីស្ថាន៖ វេជ្ជបណ្ឌិត​ប៉ាគិស្ថាន​ដែល​បាន​ជួយ​ស.រ.អ​តាម​ដាន​ អូសាម៉ា ប៊ីន ឡាដិន​Osama bin Laden​ បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ មិន​មែន​ដោយ​សារ​ធ្វើការ​ជា​មួយ​ភ្នាក់ងារ​សេអ៊ីអា​ ទេ​ តែ​ចំពោះ​ការ​ទាក់​ទង​ជា​មួយ​ជន​សកម្ម​ប្រយុទ្ធ​ទៅ​វិញ។​ កាល​ពី​សប្តាហ៍​មុន​តុលាការ​កុល​សម្ព័ន្ធ​មួយ​បាន​កាត់​សេចក្តី​ឲ្យ​លោក​សាគី អាហ្រ្វ៊ីឌី​ Shakil​ Afridi​ មាន​ទោស​ជាប់​គុក​ ៣៣​ ឆ្នាំ​ ពី​បទ​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​ក្លែង​ក្លាយ​មួយ​ដើម្បី​ជួយ​ទី​ភ្នាក់ងារ​សេអ៊ីអា​ ប្រមូល​យក​គំរូ​DNA​ ពី​មេ​ដឹកនាំ​អាល់កៃដា​al-Qaida​ និង​គ្រួសារ​សម្រាប់​បញ្ជាក់​វត្តមាន​របស់​ប៊ីន ឡាដិន​ bin Laden​ នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទី​ក្រុង​អាបុត្តាបាត​ Abbottabad​ ប្រទេស​ ប៉ាគិស្ថាន។​

អាហ្វហ្កានិស្ថាន៖ អ.ស.ប​និយាយ​ថា​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅ​ក្នុង​សង្គ្រាម​មួយ​ទសវត្យរ៍​របស់​អាហ្វហ្កានិស្ថាន​ បាន​ចុះ​ថយ​ជាង​២០%​ ក្នុង​ពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​ទៅ​និង​រយៈ​ពេល​ដដែល​កាល​ពិ​ឆ្នាំ​ ២០១១។​

ស៊ីរី៖ ជំនួយ​ការ​​របស់​ប្រេសិត​អន្តរជាតិលោក​ ខូហ្វ៊ី​ អាណាន់​Kofi​ Annan​ បាន​រាយការណ៍​ត្រួស​ៗ​​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដែល​មាន​សមាជិក​១៥​ប្រទេស​ ស្តី​អំពី​ទស្សនកិច្ច​របស់​លោក​អាណាន់​Annan​ ទៅ​កាន់​ប្រទេស​ស៊ីរី​ដែល​ធ្វើ​ឲ្យ​អ្នក​ការ​ទូត​ម្នាក់​ ហៅ​ស្ថានការណ៍​បច្ចុប្បន្ន​ថា​ជា​«ចំណុច​ដ៏​ទាប​បំផុត​នៅ​ក្នុង​ជម្លោះ»​ក្នុង​ប្រទេស​នេះ។​

លីប៊ីរី៖ តុលាការ​ពិសេស​មួយ​បាន​កាត់​សេចក្តី​ អតីត​ប្រធានាធិបតី​ ប្រទេស​ លីប៊ីរី​Liberia,​ លោក​ឆាល​ ថាយល័រ​Charles​ Taylor​ ឲ្យ​ជាប់​ពន្ធនាគារ​ ៥០​ ឆ្នាំ​អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។​

ទីបេ​៖ ក្រុម​និរទេស​ខ្លួន​និយាយ​ថា​ម្តាយ​ម្នាក់​ដែល​មាន​កូន​បី​នាក់​ នៅ​ក្នុង​តំបន់​មួយ​ក្នុង​ប្រទេស​ចិន​ភាគ​និរតី​ដែល​មាន​ជន​ជាតិ​ទីបេ​ រស់​នៅ​ច្រើន​ បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​គាត់​បាន​ដុត​ខ្លួន​ហាក់​ដូច​ជា​ក្នុង​គោល​បំណង​តវ៉ា​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ចិន។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព្រះអង្គម្ចាស់​នរោត្តមរណ​ឫរិទ្ធ​សរសើរ​លោកហ៊ុន សែន ​រិះគន់​គណបក្ស​ប្រឆាំង​ក្នុង​​យុទ្ធនាការ​បោះឆ្នោត​

Posted: 30 May 2012 06:48 PM PDT

ព្រះអង្គម្ចាស់​នរោត្តមរណ​ឫរិទ្ធ​បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​​ចូលរួម​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣ ​មិថុនា​ខាង​មុខ​នេះ​ បន្ទាប់​ពី​គណបក្ស​របស់​ព្រះអង្គ​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក​ញឹក ​ប៊ុនឆៃ។​

ក្នុង​ខណៈពេល​ដែល​ព្រះអង្គ​កំពុង​តែ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​វត្ត​ភ្នំ ​កណ្តាល​ទីក្រុង​ភ្នំពេញ ​ព្រះអង្គ​មិន​បាន​បំភ្លេច​គុណ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​គណបក្ស​រាជានិយម​ទាំង​ពីរ​ឲ្យ​រួបរួម​គ្នា​ឡើងវិញ​ បន្ទាប់​ពី​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​នេះ​ទេ។​

កាល​ពី​ថ្ងៃ​ទី​២៤ ​កន្លងទៅ​នេះ​ គណបក្ស​នរោត្តម​រណឫរិទ្ធ​របស់​សម្តេច​ក្រុងព្រះ ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក​ញឹក ​ប៊ុនឆៃ​បាន​ប្រកាស​ចងសម្ព័ន្ធភាព​ឡើងវិញ​នៅឯ​អគារ​រដ្ឋាភិបាល​ ក្រោម​ការ​សម្របសម្រួល​​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​

ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​ខណៈពេល​ដែល​សម្តេច​ក្រុង​ព្រះ​បាន​យាង​ចុះ​ទៅ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ឯវត្តភ្នំ​ ព្រះអង្គ​បាន​បញ្ជាក់​ថា​ មាន​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ទេ​ដែល​អាច​នាំ​ទៅ​រក​ការ​វិលត្រឡប់​មក​វិញ​នូវ​អ្នក​រាជានិយម។​ ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​ថា​ បើ​ចង់ដោះស្រាយ​បញ្ហា​ជាតិ ​ទាល់​តែ​អ្នក​រាជានិយម​បូក​ទាំង​អ្នក​ជាតិ​និយម​មួយ​ចំនួន​ទៀត​ ដែល​លោក​សំដៅ​ទៅ​លើ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ទើប​អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន។​

បន្ទាប់​ពី​បាន​ទទួល​ភ្លើង​ខៀវ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ឲ្យ​រូបរួម​គណបក្ស​រាជានិយម​តែ​មួយ​ សម្តេច​ក្រុងព្រះ​នរោត្តម​រណឫរិទ្ធ​ក៏បាន​ឆ្លៀត​ឱកាស​វាយប្រហារ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​គឺ​គណបក្ស​សម ​រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម ​សុខា​ថា​ គណបក្ស​នេះ​មិន​អាច​ជួយ​អ្វី​ដល់​ប្រទេស​ជាតិ​បាន​ទេ។​

«បោះឆ្នោត​ឲ្យ​សម​ រង្ស៊ី ​ទំនិញ​ចុះថ្លៃ។ ​ខ្ញុំ​ឃើញ​ថា​ គាត់​និយាយ​មក​វាបួន​អាណត្តិ​ហើយ​ មាន​ន័យ​ថា​ ២០​ឆ្នាំ​ហើយ​ សាំង​នៅ​តែ​ឡើងថ្លៃ ​អ្នក​ម៉ូតូឌុប​ក៏​នៅ​តែ​រហេម​រហាម​ ប្រជារាស្ត្រ។ ​ឯការ​ប្លន់ទឹក​ដី​​ ក៏ឃើញអ្នកមាន​នៅ​តែ​យក​ទឹក​ដី​ដដែល។​ ឃើញ​តែ​និយាយ​ ក៏ប៉ុន្តែ​ពុំមាន​ ពុំដែល​ឃើញ​គណបក្ស​សម ​រង្ស៊ី ​​ជា​ឧទាហរណ៍​មួយ​ទេ»។​

លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ ​និង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី​ បាន​បញ្ជាក់​ថា​ គណបក្ស​សម ​រង្ស៊ី ​មិនមាន​សំឡេង​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​អំណាច​ទេ ​ហើយ​គណបក្ស​សម ​រង្ស៊ី​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ មាន​មេដឹកនាំ​ខ្លះ​មាន​ឱកាស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ហើយ​តែ​ក្បត់​ឆន្ទៈ​រាស្ត្រ។​

«យើង​មាន​ការសោកស្តាយ​ណាស់ ​ដែល​គណបក្ស​មួយ​ ដែល​មាន​អត្តសញ្ញាណ​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​ក្លាយ​ទៅ​ជា​សាខា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ដើរ​តួនាទី​ជា​អ្នក​នាំពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន។ ​យើង​មិន​មាន​ការ​ចាប់​អារម្មណ៍​អ្វី​ទេ។​ សង្ឃឹម​ថា​ ​ប្រជាពលរដ្ឋ​ អ្នក​ម្ចាស់​ឆ្នោត​ទាំង​អស់​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សម ​រង្ស៊ី ​ដែល​ជា​គណបក្ស​ដែល​មាន​សក្កានុពល​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រជែង​នឹង​គណបក្ស​ប្រជាជន​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ»។​

លោក​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ទាំង​គណបក្ស​នរោត្តម​រណឫរិទ្ធ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​តែ​បង្ហាញ​ភាព​ពិត​របស់​ខ្លួន​ថា​ ពិត​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​បាន​បញ្ជាក់​ថា​ គណបក្ស​សិទ្ធិ​មនុស្ស​មិន​ដែល​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​ទេ​ មាន​តែ​ព្រះអង្គម្ចាស់​ទេ​ដែល​ធ្លាប់​ធ្វើ​ជា​មេដឹកនាំ​ហើយ​ដឹកនាំ​ប្រទេស​ខុស។​

«យើញ​ឃើញ​ថា ​ប្រជាពលរដ្ឋ​គេ​មិន​ទៅ​ជឿ​សម្តី​របស់​រណ​ឫរិទ្ធ​ទៀត​ទេ​ ព្រោះ​រណឫរិទ្ធ​ធ្លាប់​គេ​ឲ្យ​ឈ្នះ​ហើយ។ ​ដូច្នេះ​ឈ្នះ​ហើយ​ធ្វើ​ការ​មិន​កើត ​ឈ្នះហើយ​ឲ្យ​គេ​ប្រើប្រាស់​យក​កម្លាំងខ្លួន​ យក​អំណាច​ខ្លួន​ទៅ​ប្រើប្រាស់​ ដើម្បី​ប្រយោជន៍​តែ​បក្សពួក​គេ​ ហើយ​គាត់​មាន​មុខ​អី​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​គេ​ជឿ​គាត់​ទៀត»។​

គណបក្ស​នរោត្តម​រណឫរិទ្ធ​ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច​ គ្រោង​នឹង​ធ្វើ​សមាជ​មួយ ​ក្រោយ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​បញ្ចប់។ ​ហើយ​គេ​រំពឹង​ថា ​សមាជ​នេះ​នឹង​បោះឆ្នោត​តែងតាំង​ព្រះអង្គម្ចាស់​នរោត្តម​រណឫរិទ្ធ​ ជា​មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ថ្មី ​និង​លោក​ញឹក ប៊ុនឆៃ​ជា​អនុប្រធាន​គណបក្ស៕​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!