VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៨ ឧសភា ២០១២៖តើ​ការ​មិន​ទទួល​បាន​ការផ្សព្វផ្សាយ​ស្មើ​គ្នា​មាន​ឥទ្ធិពល​ដូចម្តេច​ចំពោះ​ការបោះឆ្នោត?” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ២៨ ឧសភា ២០១២៖តើ​ការ​មិន​ទទួល​បាន​ការផ្សព្វផ្សាយ​ស្មើ​គ្នា​មាន​ឥទ្ធិពល​ដូចម្តេច​ចំពោះ​ការបោះឆ្នោត?” plus 2 more


ហេឡូ​វីអូអេ ២៨ ឧសភា ២០១២៖តើ​ការ​មិន​ទទួល​បាន​ការផ្សព្វផ្សាយ​ស្មើ​គ្នា​មាន​ឥទ្ធិពល​ដូចម្តេច​ចំពោះ​ការបោះឆ្នោត?

Posted: 28 May 2012 10:41 AM PDT

<!--AV-->

នៅ​ថ្ងៃ​អាទិត្យ​ទី៣ ​ខែ​មិថុនា​នេះ​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ត្រូវ​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​របស់​ខ្លួន​នៅ​ថ្នាក់​ឃុំ​សង្កាត់។ ការបោះឆ្នោត​នេះ​មាន​សារៈ​សំខាន់​ណាស់​ព្រោះ​វា​ជា​កត្តា​កំណត់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​និមួយៗ​មាន​សំឡេង​នៅ​ក្នុង​ព្រឹទ្ធ​សភា​ជាតិ​ទៀត​ ព្រោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ ហើយ​វា​ជា​ឱកាស​មួយ​ដែល​ថ្នាក់​ដឹកនាំ​នយោបាយ​អាច​ដឹង​ថា​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ការ​អ្វី។

ដូច្នេះ​ការ​បង្ហាញ​ពី​គោល​នយោបាយ​របស់​បក្ស​និមួយៗ​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​គឺ​ជា​​កត្តា​កំណត់​មួយ​ដែរ​សម្រាប់​អ្នក​បោះឆ្នោត​យល់ដឹង​និង​សម្រេច​ចិត្ត​ត្រូវ​បោះ​ឆ្នោត​ជូន​គណបក្ស​ណាមួយ។​

នៅ​ថ្ងៃ​នេះ​លោក​ប៉ា ងួន​ទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ចូល​មក​ពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ដើម្បី​ផ្តល់​ការសង្កេត​លើ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​នានា​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​អាណត្តិ​នេះ។

ក្នុង​កម្ម​វិធី​នោះ​ដែរ​ លោក​ ស៊ឹន វណ្ណរិទ្ធ ​អគ្គលេខា​ធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​បញ្ជាក់​ថា​ម៉ោង​ផ្សាយ​ដែល​រៀប​ចំដោយ​គណៈ​កម្មការធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​មិន​គ្រប់​គ្រាន់​ទេ។ ហើយ​លោក​ថា ​រូបភាព​នៃ​ការ​ឃោសនា​មាន​ការ​បង្ហាញ​របៀប​សម្ងែង​ពី​ទំហំ​នៃ​គណបក្ស​ជាជាង​ខ្លឹម​សារ​នយោបាយ។

រី​ឯ​លោក ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​បញ្ជាក់​ថា​នៅ​មាន​ការរើស​អើង​ក្នុង​ការ​លក់​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ដែល​មិន​កាន់​អំណាច​ហើយ​ម៉ោង​ផ្សាយ​ដោយ​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់​ទេ។ លោក​ថា​បើ​សិន​ជា​ទទួល​ម៉ោង​ផ្សាយ​បាន​គ្រប់​គ្រាន់​លទ្ធផល​ឆ្នោត​នឹងមាន​ការ​ប្រែប្រួល​ច្រើន។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ២៨ ខែឧសភា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​ស៊ីរី​បដិសេធ​ការ​ចោទប្រកាន់​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ខេត្ត​ហ៊ូឡា​

Posted: 28 May 2012 02:29 AM PDT

រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​ថា​ពួក​ទាហាន​ខ្លួន​មិន​បាន​សម្លាប់​រង្គាល​មនុស្ស​យ៉ាង​តិច​ណាស់​៩២​នាក់​ដែល​មួយ​ភាគ​បីជា​ពួក​កុមារ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ហ៊ូឡា​ Houla ​ទេ។​

លោកជីហាដ​ ម៉ាកឌីស៊ី​ Jihad Makdissi ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស៊ីរី​បាន​ហៅ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ថា​ជា​«​រលក​សមុទ្រ​ស៊ូណាមី​ tsunami ​នៃ​ការ​ភូត​កុហក»។​លោក​បាន​បន្ទោស​«ពួក​ភេរវជន»ប្រដាប់​អាវុធ​ធុនធ្ងន់​​ដោយ​លោក​បាន​អះអាង​ថា​ពួក​គេ​បាន​វាយ​ប្រហារ​ក្រុម​ទាហាន។​

ពួក​អ្នក​សង្កេតការណ៍​អ.ស.ប.​បាននិយាយ​ថា​កាំភ្លើង​ធំ​និង​កង​រថក្រោះ​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​បាញ់​ផ្តក់​លើ​​ក្រុង​ហ៊ូឡា​​ Houla ​ដែល​ឋិត​នៅ​ទិស​ពាយ័ព្យ​ក្រុង​ ហូម​Homs​ នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ីរី។​

លោក​ ម៉ាកឌីស៊ី​Makdissi បាន​និយាយ​ថា​ពួក​ទាហាន​បាន​តប​ត​​ដើម្បី​ការពារ​ទី​តាំង​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​បាន​បដិសេធ​ថា​ពួក​គេមិន​បាន​ប្រើកាំភ្លើង​ធំ​និង​រថ​ក្រោះ​នោះ​ទេ។​

ការ​សម្លាប់​រង្គាល​នៅ​ ហ៊ូឡា​Houla ​ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​ចាប់​តាំង​ពី​ការ​បះបោរប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​ចាប់​ផ្តើម​ប្រមាណ​១៥​ខែ​មុន​នេះ។

អង់គ្លេស៖ ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​ផ្សាយ​​ពី​ក្រុង​ ឡុងដ៍​Londres ​ថា​លោក​ វិល្លៀម ហេគ​William Hague ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​កោះ​ហៅ​អ្នក​ការទូត​ជាន់​ខ្ពស់​បំផុត​របស់​ស៊ីរី​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឱ្យ​ទៅ​កាន់​ក្រសួង​ការបរទេស​ដើម្បី​តវ៉ា​អំពី​ការវាយប្រហារ​លើ​ភូមិ​មួយ​ចំនួន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់។

អាហ្វហ្កានិស្ថាន៖ លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​​ហាមីដ កាហ្សាយ​Hamid Karzai​​ បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​របស់​ក្រុម​ចម្រុះ​ដែល​ពួក​មន្ត្រី​បាន​និយាយ​ថា​បាន​បណ្តាល​ឱ្យ​គ្រួសារ​មួយ​មាន​សមាជិក​៨​នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​ប៉ាទិកា​Paktia ​នៅ​ភាគ​ខាង​កើត​ប្រទេស​ដែល​នៅ​ទី​នោះ​ក្រុម​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានិស្ថាន​និង​ពួក​ទាហាន​អន្តរជាតិ​ខិត​ខំ​ព្យាយាម​បង្ក្រាប​ការ​បះបោរ​ដោយ​ពួក​តាលីបាន។​

ម៉ាលី៖ ពួក​ឧទ្ទាម​​ ទួរេគ​Tuareg ​និង​និកាយ​អ៊ីស្លាម​សកម្មប្រយុទ្ធ​មួយ​ក្នុង​ប្រទេស​ម៉ាលី​បាន​និយាយ​ថា​ពួក​គេ​បាន​រួម​កម្លាំង​គ្នា​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​អ៊ីស្លាម​មួយ​នៅ​ផ្នែក​ខាង​ជើង​ប្រទេស។​

ចរជី៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ក្នុង​រដ្ឋធានី​តៈប៊ីលីស៊ី​Tbilisi ​នៃ​ប្រទេស​ ចរជី​Georgie ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពួក​ប្រឆាំង​ដើម្បី​ដក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ប្រធានាធិបតី​​ មីខេល សាកាស្វ៊ីលី​Mikhail Saakashvili​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ។​

ស៊ុយអែដ៖ អ្នក​ចម្រៀង​ស្រី​ជនជាតិ​ស៊ុយអែដ​Suede ​ឈ្មោះ​ Loreen ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ចម្រៀង​ Eurovision​ឆ្នាំ​២០១២​ក្នុង​ក្រុង​បាគូ Baku ​ប្រទេស​អាហ្សេ​បៃហ្សង់​Azerbaijan។​

ប៉ាគិស្ថាន៖ ពួក​មន្ត្រី​ប៉ាគិស្ថាន​បាន​និយាយ​ថា​គ្រាប់​បែក​មួយ​គ្រាប់់​ដែល​បាន​ត្រូវ​បញ្ជា​ពី​ចម្ងាយ​បាន​ផ្ទុះ​នៅ​ជិត​រថយន្ត​១២​កៅអីមួយ​គ្រឿង​របស់​ប៉ូលីស​​នៅ​ភាគ​និរតី​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​អ្នក​នៅ​ជិត​ទី​នោះ​បីនាក់​ស្លាប់​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ម្នាក់​ទៀត​ត្រូវ​របួស។​​

This posting includes an audio/video/photo media file: Download Now

អាជ្ញាធរ​អប្សរា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួលជុល​ផ្ទះ​ អំឡុង​ពេល​បោះឆ្នោត​

Posted: 27 May 2012 08:28 PM PDT

ទីតាំង​តំបន់១ ​និង​ទីតាំង​តំបន់២ ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នៃ​ខេត្តសៀមរាប​ នៅ​រដូវ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អណត្តិ​ទី​៣​នេះ​ ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ​​ចាប់ផ្តើម​ជួសជុល​ផ្ទះ​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តល់​បទសម្ភាស៍​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។​

ការអនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​១ ​និង​តំបន់២​ ធ្វើ​ការជួសជុល​ផ្ទះ​របស់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​បន្ទាប់​ពី​ការ​បញ្ចប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​ដោយ​ចាប់​ផ្តើម​ថ្ងៃ​​៣ ​ខែ​មិថុនា​ទៅ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ផ្ទះ​សម្បែង​របស់​ពួក​ខ្លួន​ទេ។​

លោក​អន ​ជ័យ ​រស់នៅ​ភូមិវាល ​សង្កាត់គោកចក​ ដែល​កំពុង​ចាក់​បេតុង​នៅ​ខាង​មុន​ផ្ទះ​ បាន​មាន​ប្រសាសន៍​ថា ​ពី​មុន​អាជ្ញាធរ​អប្សរា​បាន​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​របស់​ខ្លួន​ទេ​ ដោយ​បាន​អះអាង​ថា​ ជា​តំបន់​ហាមឃាត់។​ លោក​បាន​បញ្ជាក់​ថា​ ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​សុំច្បាប់​ជួសជុល​ពី​អាជ្ញាធរ​ភូមិឃុំ ​ក៏មាន​លក្ខណៈ​ងាយស្រួល​ជាង​ធម្មតា​ដែរ។​

«អារម្មណ៍​របស់​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ផ្ទះ​នៅ​ ដើម្បី​មាន​បន្ទប់​ឲ្យ​កូន​ស្នាក់នៅ។​ ដល់​ពេល​លើក​មុន​ ឥតមាន​បន្ទប់​នៅ ​ភ្លៀង​ក៏​វា​សាច​ចូល​ក្នុង​ផ្ទះ​សម្បែង»។​

កំពុង​តែ​ប្រក់​ស័ង្កសី​នៅ​ខាង​ក្រោយ​ផ្ទះ​ នៅ​ភូមិ​ត្រពាំងស្រែ ​សង្កាត់​គោកចក ​អ្នកស្រី​សេង ​សុធី ​បាន​និយាយ​ថា ​ពី​មុន​សូម្បី​តែ​ប្រក់​ស័ង្កសី​មួយ​សន្លឹក​ក៏​អាជ្ញាធរ​អប្សរា​ហាមឃាត់​ដែរ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ផ្ទះ​របស់​ស្រី​ទើបតែ​បាន​ជួសជុល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ការ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​តាម​ដំណឹង​តៗ​គា្ន​ថា​ អាជ្ញាធរ​អប្សរា​ឲ្យ​ពួកគេ​ជួសជុល​ផ្ទះ​នៅ​ពេល​បោះឆ្នោត។​

«ជិត​បោះឆ្នោត​ហ្នឹង​ គេ​ឲ្យ​យើង​ធ្វើ​ទៅ។ ​បើ​ឥត​បោះឆ្នោត ​គេ​ឥត​ឲ្យ​ដែរ​ហ្នឹង។​ និយាយ​ឲ្យ​ត្រង់ៗ​អញ្ចឹង​ម្តង។ ​ពីមុនៗ​មក​ឥត​ឲ្យ​ធ្វើ​ទេ ​សូម្បីតែ​ដាក់​ស័ង្កសី​តែ​មួយ​សន្លឹក​ក៏​ឥត​បាន​ដែរ»។​

មិនត្រឹម​តែ​ផ្ទះ​របស់​លោក​អន ​ជ័យ ​និង​អ្នកស្រី​សេង ​សុធី​ទេ​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេងទៀត​ដែល​រស់​នៅ​តំបន់១ ​និង​តំបន់២ ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​ក៏​បាន​នាំគ្នា​ជួសជុល​ផ្ទះ​គ្រប់​ៗ​គ្នា​ផងដែរ។​

លោក​សេង ​សុទ្ធ​ ចៅសង្កាត់​គោកចក​ បាន​និយាយ​ថា​ ការ​សម្រេច​ឲ្យ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ​កន្លង​ទៅ​នេះ។​ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ឲ្យ​បាន​ចប់​សព្វ​គ្រប់​មុន​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​តែ​ប៉ុណ្ណោះ។​

«ឲ្យ​ធ្វើ​តែ​មុន​ថ្ងៃ​៣ ​ហើយ​ទើប​ឈប់ ​ដល់​ពេលក្រោយ​ថ្ងៃ​ហ្នឹង​នណារ​ធ្វើ​មិន​បាន»។​

លោក​ស៊ូ ​ភីរិន្ធ​ អភិបាល​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា ​តាម​គោលការណ៍​ ​អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អំឡុង​តាំង​ពី​ឆ្នាំ​២០០០​ អាច​ជួសជុល​ផ្ទះ​របស់​ពួក​គេ​បាន។​ ក៏ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្ទះ​ថ្មី​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​នេះ​មិនមែន​ធ្វើ​ឡើង​ដើម្បី​សន្លឹកឆ្នោត​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទេ។​

លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គឺគណបក្សសម រង្ស៊ី​​បាន​បាត់បង់​ដីធ្លី​ប្រមាណ​ជាង​ ៣​ហិចតា ​ដោយសារ​តែ​ដី​នេះ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ។ ​លោក​បាន​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​បាត់បង់​សន្លឹក​ឆ្នោត​ ដោយសារ​តែ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អាជ្ញាធរ​អប្សរា​បាន​ខឹង​សម្បា​ជាមួយ​អាជ្ញាធរ​នេះ​ ដោយសារ​តែ​ពួក​គេ​មិន​អាច​សាងសង់​អ្វី​បាន​ទាំង​អស់។​

«ជឿជាក់​ថា ​នេះ​គឺ​ជា​ល្បិចកល់​សម្រាប់​ប្រើ​ដើម្បី​រក​ចំណេញ​សន្លឹកឆ្នោត​តែ​ក្នុង​រយៈកាល​បោះ​ឆ្នោត។ ​រួច​ទៅ​ គេ​អាច​ហ្នឹង​ធ្វើ​ការ​រុះរើ​បំបែក​ពលរដ្ឋ​វិញ​បាន»។​

នៅ​ពី​មុន​ការ​បោះឆ្នោត​​អាជ្ញាធរ​​អប្សរា ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួសជុល​ផ្ទះ​នៅ​តំបន់១ ​និង​តំបន់២​ ដែល​ខ្លួន​​គ្រប់គ្រង​ទេ​ សូម្បី​តែ​មាន​ដំបូល​លិច​ទឹក​នៅ​រដូវ​ភ្លៀងធ្លាក់​ក៏​មិន​អនុញ្ញាត​ឲ្យ​ជួស​ជុល​ដែរ។​

លោក​សុន ​ឆ័យ​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលដ្ឋ​មិន​អនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​ទេ។​ ក៏ប៉ុន្តែ​មាន​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន​អាច​សាងសង់​ភូមិគ្រឹះ ​និង​ផ្ទះ​សម្បែង​របស់​ខ្លួន​យ៉ាង​ធំ​ស្កឹមស្កៃ​នៅ​ក្នុង​តំបន់​ហាមឃាត់​របស់​អាជ្ញាធរ​អប្សរា​ក្នុង​ខេត្ត​សៀមរាប៕​​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!