VOA News: ព័ត៌មាន |
គណបក្សធំៗបីឃោសនាទ្រង់ទ្រាយធំក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ថ្ងៃដំបូង Posted: 20 May 2012 12:00 AM PDT គណបក្សនយោបាយនៅកម្ពុជានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាលើកដំបូងរបស់ខ្លួនរយៈពេល១៥ថ្ងៃសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៣ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។ មានគណបក្សនយោបាយធំៗចំនួនបីតែប៉ុណ្ណោះ ដែលបានធ្វើយុទ្ធការលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃដំបូងនេះ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណបក្សប្រឆាំងរបស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។ ចំណែកឯគណបក្សមួយចំនួនផ្សេងទៀតមិនបានធ្វើជាលក្ខណៈទ្រង់ទ្រាយធំនោះទេ។ គណបក្សទាំងនោះបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមទីស្នាក់ការរបស់ខ្លួន និងបានដើរចែកខិតបណ្ណគោលការណ៍របស់គណបក្សនៅតាមក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនតែប៉ុណ្ណោះ។ មិនមានរបាយការណ៍ឯករាជ្យណាមួយដែលបានបង្ហាញអំពីសកម្មភាពហិង្សា ឬក៏មានការប៉ះទង្គិចគ្នានៅថ្ងៃឃោសនាជាលើកដំបូងនោះទេ។ គណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នានៅឯមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ គណបក្សសម រង្ស៊ី បានជួបប្រជុំគ្នានៅសួនច្បារពីមុខវត្តបុទុមវត្តី។ ចំណែកឯគណបក្សសិទ្ធិមនុស្សបានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាលរបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់រថយន្តទំនើបៗសម្រាប់យកទៅឃោសនា។ ចំណែកឯគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានប្រើប្រាស់ម៉ូតូ ដោយថ្មើរជើង និងរថយន្តកាំម៉ីញ៉ុងចាស់ៗតែប៉ុណ្ណោះ។ សមាជិកគាំទ្រគណបក្សនីមួយៗបានពាក់អាវ និងរូបសញ្ញាគណបក្ស ដោយបានដើរដង្ហែជុំវិញវិមានឯករាជ្យរួចហើយឆ្ពោះទៅទីក្រុងតាខ្មៅ និងឆ្ពោះទៅទីកន្លែងផ្សេងៗទៀត ពាសពេញទីក្រុងភ្នំពេញ។ គណបក្សសម រង្ស៊ី បានចាក់សារនយោបាយដែលអានដោយលោកសម រង្ស៊ី តាមឧគ្ឃោសនសព្ទបំពងសំឡេង និងបានស្រែកពាក្យស្លោកថា «ផ្លាស់ប្តូរទៅៗ» នៅពេលដែលពួកគេបានដើរទៅដល់មុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាវិមានឯករាជ្យដោយលោកស្រីជូឡុង ស៊ូមូរ៉ា ភរិយាលោកសម រង្ស៊ី ជាអ្នកដើរពីមុខក្បួន។ «ប្តូរ...!!! ប្រទេសខ្មែររុងរឿង បងប្អូន។ សម រង្ស៊ី...!!!» គណបក្សប្រជាជនកម្ពុជាបានចាក់សារនយោបាយ ដែលបានបង្ហាញពីខ្លឹមសារនៃការអភិវឌ្ឍបន្ទាប់ពីគណបក្សនេះបានកាន់អំណាចរយៈពេលជិត៣០ឆ្នាំ។ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជយោ!!! ជយោ គណបក្សប្រជាជនកម្ពុជា!» មានកម្លាំងសមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយនៅតាមទីសាធារណៈនានា និងនៅតាមមហាវិថីសំខាន់ៗ ដែលគណបក្សនយោបាយបានធ្វើដំណើរឆ្លងកាត់។ ចំណែកឯគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា បានដើរដង្ហែក្បួននៅភាគខាងលិចទីក្រុងភ្នំពេញ។ សមាជិកគណបក្សនេះបន្ទាប់ពីបានដើរដង្ហែបានមកប្រារព្ធពិធីស្បថមួយនៅវត្តភ្នំ នៅខណៈពេលដែលគណបក្សប្រជាជនកម្ពុជាកំពុងតែប្រគុំតន្ត្រីនៅឯខាងក្រោម។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងប្រាប់ក្រុមអ្នកកាសែតថាពិធីសម្បថនេះ ដើម្បីបញ្ជាក់ប្រាប់សាធារណជនថា គណបក្សសិទ្ធិមនុស្សរបស់លោកមិនមែនជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជាទេ។ «រស់នៅដើម្បីបម្រើខ្មែរ។ ស្លាប់ទៅជាខ្មោច ក៏ដើម្បីខ្មែរ មិនធ្វើឆ្កែបម្រើយួនជាដាច់ខាត។ ជយោ គណបក្សសិទ្ធិមនុស្ស!» មានគណបក្សនយោបាយចំនួន១០ ដែលបានចុះបញ្ជីក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ដណ្តើមអសនៈក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន១.៦៣៣ឃុំសង្កាត់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |