VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ​ពិសេស ២៥ ឧសភា ២០១២៖ ដំណើរការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​និង​ភាព​មិន​ប្រក្រតី​” plus 5 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ​ពិសេស ២៥ ឧសភា ២០១២៖ ដំណើរការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​និង​ភាព​មិន​ប្រក្រតី​” plus 5 more


ហេឡូ​វីអូអេ​ពិសេស ២៥ ឧសភា ២០១២៖ ដំណើរការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​និង​ភាព​មិន​ប្រក្រតី​

Posted: 25 May 2012 11:39 AM PDT

<!--AV-->

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប)​ ព្រមាន​ថា​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ និង​ពិន័យ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ កែវ ផល្លា ​ប្រធាន​នាយកដ្ឋាន​ច្បាប់​និង​វិវាទកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​២៥​ ខែ​ឧសភា ឆ្នាំ​២០១២។

«បើ​សិន​ជា​យើង​ស្រាវជ្រាវ​ឃើញ​ថា​ គាត់​ជា​មន្ត្រី​រាជការ​ឬ​ក៏​កងកម្លាំង​ប្រដាប់​ អាវុធ​ហើយ​ចូលរួម​សកម្មភាព​សកម្ម​ក្នុង​នយោបាយ​ ឬ​ក៏​ឃោសនា​ហ្នឹង​គឺ​ថា​ គ.ជ.ប.​មាន​សមត្ថកិច្ច​ក្នុង​ការ​ផាក​ពិន័យ។​ ហើយ​យើង​អាច​ជូន​ឈ្មោះ​ទៅ​ស្ថាប័ន​របស់​គាត់​ដើម្បី​ដាក់​ពិន័យ​ទណ្ឌកម្ម​បន្ត។ ពីព្រោះ​យើង​មាន​សមត្ថកិច្ច​តាម​ច្បាប់។ ហើយ​បើ​សិន​គាត់​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​បណ្តឹង​អាជ្ញា​ដូច​ជា​ព្រហ្មទណ្ឌ​អី​ អាហ្នឹង​ទៅ​តុលាការ​យោធា​ បើ​សិន​ជា​កង​កម្លាំង​ឬ​តុលាការ​ធម្មតា​អញ្ចឹង​ទៅ​ បើ​សិន​ជា​មន្ត្រី​រាជការ»។

តែ​លោក​ គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ ខុមហ្រែល​ បាន​ថ្លែង​ថា​ បញ្ហា​គឺ​រឿង​អនុវត្ត​កិច្ចការ​ទប់ស្តាត់​និង​វិធានការ​ ផ្សេងៗ​ប្រឆាំង​នឹង​មន្ត្រីរាជការ​ដែល​មិន​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ​ជា​រឿង​ពិបាក។​លោក​អះអាង​ថា​នៅ​មាន​មន្ត្រី​ខ្លះ​ចូលរួម​ក្នុង​យុទ្ធនាការ​បោះឆ្នោត​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​បក្ស​មួយ​ទៀត។

«ហើយ​ដូច​មន្ត្រី​រាជការ​ រឿង​ការ​រំលោភ​ច្បាប់​បោះឆ្នោត​ ច្បាប់​គណបក្ស​ ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ ច្បាប់​សហលក្ខខន្តិក:​កង​យោធពល​ខេមរភូមិន្ទ​ នៅ​តែ​មាន​ការ​រំលោភ​អញ្ចឹង។ ​តែ​យើង​រក​ឃើញ​ថា ​អត់​មាន​អ្នក​ចាត់​វិធានការ​លើ​មន្ត្រី​នគរបាល​ កងយោធពល​ខេមរភូមិន្ទ​ដែល​ចេញ​ ទៅ​ឃោសនា​ប្រឆាំង​នឹង​គណបក្ស​ផ្សេង​ទេ។​ វា​អត់​អាច​ឃើញ​មាន​ការ​ដោះស្រាយ។ ទាំង​ហ្នឹង​ដែល​ ជា​បញ្ហា​នៅ​ជា​ទំនាស់​នៅ​មាន​ជា​បណ្តឹង។​ ហើយ​វា​ប៉ះពាល់​ដល់​ភាព​ស្មើ​ភាព​គ្នា​និង​ យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​ បើ​អត់​មាន​ការ​ដោះស្រាយ​រឿង​ហ្នឹង​ទេ»។

មាន​៣៥​បណ្តឹង​ដែល​កើត​ឡើង​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។ ៨​បណ្តឹង​ជា​ បណ្តឹង​ទាក់ទង​នឹង​ការ​គំរាមកំហែង​ដែល​បាន​ដោះស្រាយ​ចប់៕

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ស្ថានភាព​សិទ្ធិ​មនុស្សចុះ​ថយ​​នៅ​អាស៊ី

Posted: 25 May 2012 01:58 AM PDT

ក្រសួង​ការបរទេស​ស.រ.អ. ឲ្យ​ដឹង​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ចុះ​ថយ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ថា​ប្រទេស​វៀតណាម​ក៏​បន្ដដាក់​កម្រិត​យ៉ាង​តឹង​រឹង​ទៅ​លើ​សិទ្ធិ​ផ្នែក​នយោបាយ​ហើយនឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែរ។ ទន្ទឹម​នឹង​នេះ ក្រសួង​កាឋរ​បរទេស​កោត​សរសើរ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា​ដែល​ល្អ​ជាង​មុន​នៅ​ក្នុង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ហើយ​នឹង​ការ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ របស់​អតីត​ស្ថ្រី​ជាប់​ឃុំឃាំង​ ដ៏​មាន​ឈ្មោះ​ល្បី​លោក​ស្រីអង់ សាន​សូជី​ដែល​ជា​មេ​ដឹក​នាំ​ប្រជាធិបតេយ្យ។

ស.រ.អ៖ លោក​ស្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ស.រ.អ. ហ៊ីល្លីរី គ្លីនតុន និយាយ​ថា​​ឆ្នាំ​២០១១​ជា​ឆ្នាំ​ជ្រួល​ច្របល់​និង​សំខាន់​​សម្រាប់​ជន​ណា​ដែល​សិទ្ធិ​មនុស្ស​មាន​ហានិភ័យ​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​នឹង​សម្រាប់​ជន​ណា​ដែល​ខិតខំ​ប្រឹង​ប្រែង​រ៉ាប់រង​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ដោយមាន​​ព្រិត្ដិការណ៍​ជា​ច្រើន​បាន​កើត​ឡើង​ពី​ការ​បដិវត្ដន៍​នៅ​មជ្ឈឹម​បូព៌ា​ទៅ​ដល់​កា​កែ​ទម្រង់​នៅ​ប្រទេស​ភូមា​ចាប់​ផ្ដើម​ដោយ​សិទ្ធិ​មនុស្ស។

ចិន៖ គេ​រាយការណ៍​មក​ថា​បង​ប្រុស​របស់​លោក​ឆិន កុងឆិន (Cheng Guangcheng) សកម្មជន​ចិន​ពិការ​ភ្នែកបាន​រត់​ចេញ​ពី​ភូមិ​ដែល​មាន​ការ​យាម​រឹង​មាំ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​ហើយ​ ដើម្បី​ស្ថែង​រក​យបល់​ផ្នែក​ច្បាប់​អំពី​វិធី​ការពារ​កូន​ប្រុស​របស់​លោក​ពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​ការ​ចៅទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ដើម្បី​សងសឹក។

ភូមា៖ ក្រោយ​ពី​បាន​ថ្កោល​ទោសការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា​ជា​ច្រើន​ឆ្នាំ​មក​ ក្រសួង​ការ​បរទេស​ស.រ.អ.បាន​យក​ការ​កែ​ទម្រង់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ប្រជាពលរដ្ឋ​បះ​បោរ កែ​ទម្រង់​ប្រទេស​ភូមា​គួរ​ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​ដល់​សង្គម​បិទជិត​ដូច​ជា​ប្រទេស​កូរ៉េខាង​ជើង​។ល។

អ៊ូរ៉ង់៖ ប្រទេស​មាន​អំណាច​ប្រាំ​មួយ​ធ្វើ​ការ​ចរចា​គ្នា​ជា​មួយ​ប្រទេស​អ៊ូរ៉ង់​នៅ​ទី​ក្រុង​បាកហាត (Baghdad)ហើយ​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ចរចា​គ្នា​មួយ​លើក​ទៀត​នៅ​ទី​ក្រុង​ម៉ូស្គូ​នៅ​ខែ​ក្រោយ​ដើម្បី​ខិតខំ​ប្រឹង​ប្រែង​ដោះស្រាយ​កង្វល់​របស់​អន្ដរជាតិ​អំពី​កម្មវិធី​នុយគ្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

ស.រ.អ.៖ និយាយ​ថា​ក្រុម​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ធ៊ិនធឺណិត ខិតខំ​ប្រឹង​ប្រែងទប់​ស្កាត់​ការ​ឃោសនា​អកុសល​របស់​ពួក​អាល់​កៃដា​តាម​ប្រព័ន្ធ​អ៊ិនធឺណិតដែល​ដាក់​ផ្សាយ​តាម​គេហទំព័រ​របស់​កុលសម្ព័ន្ធ​យេមែន​។

បូសនៀ៖ អតីត​ស្នងការ​ប៉ូលិស​សឺប បូសនៀ (Serbe Bosnia)ម្នាក់​ដែល​ត្រូវ​ជាប់​ចោទ​ក្នុង​បទ​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​សម្លាប់​ក្រុម​ជនជាតិ បូសនៀ អ៊ីស្លាម (Bosnie Islam)នៅ​ឆ្នាំ​១៩៩៥​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ប្រទេស​កំណោះត​របស់​គាត់​វិញ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

បក្ស​រាជា​និយម​ពីរ​រួម​គ្នា​វិញ​មុន​ការបោះ​ឆ្នោត

Posted: 24 May 2012 09:42 PM PDT

គណបក្ស​រាជា​និយម​ចំនួន​ពីរ​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចុះកិច្ច​ព្រមព្រៀង​ចង​សម្ព័ន្ធភាព​គ្នា​ឡើងវិញ​បន្ទាប់​ពី​បាន​ខ្វែង​គំនិត​ខាង​ផ្លូវ​នយោបាយ​អស់រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ។

ការ​សម្រេច​ចង​សម្ព័ន្ធ​គ្នា​ឡើងវិញ​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង​នៅឯ​វិមាន​សន្តិភាព​ដែល​ជា​អគារ​របស់​រដ្ឋាភិបាល​ក្រោម​ការសម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

<!--IMAGE-RIGHT-->

ការសម្រប​សម្រួល​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​បាន​ពាក់កណ្តាល​ផ្លូវ​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ខាង​មុន​នេះ។​បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ដែល​ធ្វើឡើង​ដោយ​គណបក្ស​នរោត្តម ​រណឫទ្ធិ​ដែល​តំណាង​ដោយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​និង​លោក​ញ៉ឹក ​ប៊ុនឆៃ ​ខាង​ភាគី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រួច​មក​ ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯអគារ​វិមាន​សន្តិភាព​ថា​ គណបក្ស​ទាំងពីរ​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​នឹង​ឈាន​ទៅ​ដល់​ការបង្កើត​គណបក្ស​ថ្មី​មួយ​ខាង​មុខ​នេះ​ ដោយ​ដាក់​ឈ្មោះ​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី ​នឹង​ត្រូវ​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ សម្រាប់​ការ​ចូលរួម​ការ​បោះឆ្នោត​ជា​សកល​នៅ​ក្នុង​ឆ្នាំ​២០១៣។

ព្រះអង្គ​បាន​បញ្ជាក់​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​ គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ពេល​ខាង​មុខ​ ដោយ​សម្រេច​គាំទ្រ​ព្រះអង្គ​ជា​ប្រធាន​គណបក្ស ​ហើយ​លោក​ញឹក ​ប៊ុនឆៃ ​ជា​អនុប្រធាន​គណបក្ស។

«ដែល​មាន​ការបង្រួប​បង្រួម​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជា​កម្លាំង​ជាតិ​ជា​មុន​សិន។​ ក៏​ប៉ុន្តែ​សូម​រំលឹក​ជូន​ ដោយសារ​តែ​រឿង​យើង​បែក​បាក់​គ្នា​ហ្នឹង​ហើយ​ បាន​មាន​ឈាម​រាជានិយម​ខ្លះ ​អញ្ជើញ​ទៅ​គណបក្ស​ប្រជាជន ​អញ្ជើញ​ទៅ​គណបក្ស​សម ​រង្ស៊ី ​អញ្ជើញ​ទៅ​គណបក្ស​កឹម ​សុខា។​ ដូច្នេះ​ទិសដៅ​របស់​ខ្ញុំ​ មិនមែន​ទៅ​ធ្វើ​ឲ្យ​គណបក្ស​ណា​ខ្សោយ​ទេ។​ ទិសដៅ​របស់​ខ្ញុំ​ថ្ងៃ​នេះ​ ដែល​ជា​ប្រវត្តិសាស្ត្រ​ គឺ​ធ្វើ​ម៉េច​ពង្រឹង​ឡើងវិញ​នូវ​កម្លាំង​រាជា​និយម»។

បន្ទាប់​ពី​មាន​បក្ស​ប្រហារ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០០៦ ​ព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ បាន​ភៀស​ព្រះកាយ​ចេញ​ពី​ប្រទេស​កម្ពុជា​ រហូត​ឈាន​ទៅ​ដល់​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​ព្រះអង្គ​ផ្ទាល់​ខ្លួន​ឯង ​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ។

លោក​ញ៉ឹក ​ប៊ុនឆៃ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​មាន​ប្រសាសន៍​ថា​លោក​មាន​ការ​សប្បាយ​រីករាយ ​ដោយ​បាន​ឃើញ​គណបក្ស​រាជានិយម​ទាំង​ពីរ​បាន​រួបរួម​គ្នា​នៅ​ក្នុង​រង្វង់​គ្រួសារ​តែ​មួយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំង​ពីរ ​នឹង​មិន​បែក​គ្នា​ទេ​ នៅ​ពេល​អនាគត។

«ការ​បែក​បាក់​ហ្នឹង ​យើង​វា​ឃើញ​គ្នា​ហើយ​ថា​ជូរចត់​ណាស់។ ​ហើយ​រាជា​និយម​ វា​ចុះខ្សោយ។​ យើង​ខ្ញុំ​រីករាយ​ណាស់ ​ដែល​ថ្ងៃ​នេះ​អ្នក​រាជា​និយម​បាន​រួបរួម​គ្នា​ជា​កម្លាំង​មួយ​ធំ។​ ជា​ចំណែក​រួបរួម​នៅ​ក្នុង​សង្គម​ជាតិ ​ដើម្បី​យើង​ធ្វើ​យ៉ាងណា​ឲ្យ​ឱកាស​នៅ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចម្រើន»។

លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​យល់​ឃើញ​ថា​ ការ​រួបរួម​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឃើញ​គណបក្ស​ទាំង​ពីរ​រស់នៅ​ក្រោម​ដំបូល​ឆ័ត្រ​របស់​ខ្លួន។ ​លោក​បាន​បញ្ជាក់​ថា​គណបក្ស​ទាំងពីរ​ នឹង​មិន​ទទួល​បាន​សំឡេង​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ទេ ​បើ​ទោះ​បី​ជា​មាន​ការ​រួបរួម​គ្នា​ក៏ដោយ។

«បើ​តាម​ប្រវត្តិ​ពី​មុនៗ ​មក​ហ្នឹង​បក្ស​ហ្នឹង​ ដូច​ជា​វាសនា​ក៏​មិន​ជា​ល្អ​ ដូច​ហែក​មេឃ​ឡើងវិញ​ដែរ។​ ព្រោះ​អាច​ប្រជាជន​គាត់​យល់​ថា ​វា​ដដែល​ៗ ​ហើយ​គាត់​ថា​បោះឆ្នោត​ខាត​តែ​សំឡេង។​ ដូច្នេះ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ម្តង​ទៅ»។

លោក​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​កលល្បិច​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ត្រូវ​ការ​គណបក្ស​រាជានិមយ​ទាំង​ពីរ​ ឲ្យ​ជួយ​បំបែក​សំឡេង​នៅ​ក្នុង​មូលដ្ឋាន។

«ជម្រើស​របស់​គាត់​គឺ​មាន​តែ​មួយ​ទេ ​រវាង​ហ៊្វុនស៊ិនប៉ិច ​ហើយ​រណឫទ្ធិ​ មាន​តែ​ថយ​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មក​រួម​ជាមួយ​អ្នក​ដែល​ប្រឆាំង​និង​អ្នក​ដែល​ប្រជា​ធិបតេយ្យ​ទាំង​អស់​គ្នា​នេះ។ ​អាហ្នឹង​ទើប​គាត់​មាន​វាសនា​អនាគត​នយោបាយ​ទៅ​មុខ​ទៀត។​ ហើយ​បើ​សិន​ជា​គាត់​ទៅ​ជ្រក​ក្រោម​ដំបូល​គេ ​ត្រឹម​បម្រើ​យុទ្ធសាស្ត្រ​គេ ​គឺ​អត់​មាន​អី​ដែល​ត្រូវ​ជីវិត​នយោបាយ​តទៅ​ទៀត​ទេ»។

គណបក្ស​នរោត្តម រណឫទ្ធិ​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​កើត​ចេញ​ពី​រាជានិយម​តែ​មួយ​បាន​ថយចុះ​សំឡេង​ពី​ ៥៨​អាសនៈ​ កាល​ពី​ឆ្នាំ​១៩៩៣ ​មក​នៅ​ត្រឹម​តែ​ ២​អាសនៈ​ដូចគ្នា​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០០៨ ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ពុះបំបែក​ចេញ​ជា​ពីរ៕

This posting includes an audio/video/photo media file: Download Now

អ្នក​បឹងកក់​១៣​នាក់​ជាប់​ទោស​រហូត​ដល់​ពីរ​ឆ្នាំ​កន្លះ​ក្នុង​ការ​តវ៉ា​ដីធ្លី​

Posted: 24 May 2012 07:49 PM PDT

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​អ្នក​តវ៉ា​នៅ​សហគមន៍​បឹងកក់​ចំនួន​ ១៣​នាក់​ នៅ​ក្នុង​ការ​កាត់ទោស​មួយ​យ៉ាង​តក់ក្រហល់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ ចំនួន​ពីរ​ឆ្នាំ​៦​ខែ។ ​ហើយ​បន្ទាប់​មក​ពួកគេ​ត្រូវ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​ ព្រម​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត​និង​ចាប់​ខ្លួន​ព្រះតេជគុណ​លួន ​សាវ៉ាត់ ​ដែល​បាន​ថត​ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ខាង​មុខ​តុលាការ។

ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់​នៅ​ក្នុង​នោះ​មាន​អ្នកស្រី​ទេព ​វន្នី ​និង​សកម្មជន​អ្នក​តវ៉ា​ទំនាស់​ដីធ្លី​យ៉ាង​ខ្លាំងក្លា​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​លើ​អចលន​វត្ថុ​នៃ​នីតិ​សាធារណៈ​តាម​ច្បាប់​ភូមិបាល​និង​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ​តាម​ក្រម​ព្រហ្មទណ្ឌ។

ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ពួក​គេ​បាន​ជួយ​សង់​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ម្នាក់​ដែល​ផ្ទះនោះ​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​គ្មាន​ដំណោះស្រាយ។

អ្នក​ភូមិ​បឹងកក់​ម្នាក់​បាន​ដួល​សន្លប់​បន្ទាប់​ពី​បាន​ឃើញ​ប្រជា​ពលរដ្ឋ​ទាំង​ ១៣​នាក់​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង។

លោក​អំ ​សំអាត ​ប្រធាន​គ្រប់គ្រង​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការកាត់ទោស​នៅ​រសៀល​នេះ​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​តុលាការ​នៅ​ក្នុង​សវនាការ។

«ជន​រងគ្រោះ​ទាំង​១៣​នាក់ ​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​។ ​ហើយ​មួយទៀត ​យើង​ក៏​ឃើញ​វីដេអូ​ខ្លីប​ដែល​បង្ហាញ ​គេ​អះអាង​ថា​មាន​រូប​ទាំង​ ៧​នាក់។​ ប៉ុន្តែ​វីដេអូ​នេះ​បាន​ចាក់​តែ​បន្តិច​ទេ។ ​យើង​ឥត​បាន​ទាន់​ដឹង​ជា​នរណា​ ប៉ុន្តែ​យើង​មិនទាន់​បាន​ឃើញ​វត្តមាន​នៃ​អ្នក​ទាំង​ ១៣​នាក់​ទេ​នៅ​ក្នុង​ខ្សែ​វីដេអូ​ទេ»។

លោក​អំ ​សំអាត​ យល់​ឃើញ​ថា​ ការផ្តន្ទាទោស​នេះ​មិន​អាច​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​សហគមន៍​បឹងកក់​នោះ​ទេ។

ដោយឡែក​លោក​អ៊ូ ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ឃើញ​ថា​ អ្នក​ភូមិ​បឹងកក់​បាន​ទទួល​រងគ្រោះ​ពីរ​ជាន់​ គឺ​ការ​រងគ្រោះ​ទី​១ ​ដោយសារ​ការ​យក​ដីធ្លី​របស់​ពួក​គេ​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគទុន ​ស៊ូកាគូអ៊ីន ​របស់​ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​រងគ្រោះ​មួយ​ទៀត​ ដោយសារ​តែ​ការ​ផ្តន្ទាទោស​ដោយ​តុលាការ​មិន​មាន​ហេតុផល​សមស្រប។

ស្ត្រីម្នាក់​និង​បុរស​ម្នាក់​នៃ​សហគមន៍​បឹងកក់​ ដែល​ត្រូវ​ចាប់​ខ្លួន​បន្ថែម​នៅ​រសៀល​នេះ​ ទំនង​ជា​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ស្អែក។ រីឯ​ព្រះតេជគុណ​លួន ​សាវ៉ាត ​ជ័យលាភី​ពាន​រង្វាន់​សិទ្ធិមនុស្ស​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​វត្ត​បុទុមវតី ​ក្នុង​ទីក្រុង​ភ្នំពេញ ​ហើយ​មិន​ទាន់​ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​ឡើយ​មក​ទល់​នឹង​យប់​នេះ។

នាយក​ប្រចាំ​អង្គការ ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​លោក Phil Robertson បានអំពាវនាវ​ឲ្យ​ រដ្ឋាភិបាល​ខ្មែរ​បញ្ឈប់​ការវាយ​សំពង​​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​សម្តែង​មតិ​របស់​ពួក​គេ៕

This posting includes an audio/video/photo media file: Download Now

ព្រះសង្ឃ​ជា​សកម្មជន​សិទ្ធិមនុស្ស​រង​ការ​បង្ខំ​ឲ្យបញ្ឈប់​សកម្មភាព​របស់​ខ្លួន

Posted: 24 May 2012 07:07 PM PDT

ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ មនុស្ស​មួយ​អង្គ មាន​សង្ឃ​ដិកា​ថា ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​យល់​ព្រម​លើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​តទៅ​ទៀត​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ចំពោះ​ការ​រំលោភ​ដី​ធ្លី​និង​សិទ្ធិ​រស់រាន​របស់​ពួក​គេ។ ​

ភិក្ខុ ​លួន សាវ៉ាត​មាន​សង្ឃ​ដិកា​ថា ​ព្រះអង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​បញ្ឈប់​សកម្ម​ភាព​របស់​ព្រះអង្គ​ជាមួយ​ក្រុម​អ្នក​ភូមិ​ដែល​តវ៉ា​រឿង​ដី​ធ្លី​របស់​ពួកគេ​តទៅ​ទៀត។​

«កិច្ច​សន្យា​ហ្នឹង​ជា​រឿង​ធ្ងន់​ធ្ងរ​ ព្រោះ​វា​មិន​មែន​ប៉ះ​ពាល់​ត្រឹម​អាត្មា​ទេ វា​ប៉ះពាល់​ទាំង​អស់​គ្នា​ហ្នឹង»។​

<!--AV-->

ភិក្ខុលួន សាវ៉ាត ដែល​ជា​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ប៉ូលិស​និង​មន្រ្តី​សង្ឃ​ចាប់​ព្រះកាយ​ទាំង​បង្ខំ ​បន្ទាប់​ពី​ព្រះអង្គ​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នកភូមិ​បឹង​កក់​និង​ថតរូប​ការ​តវ៉ា​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​​ចាប់​ខ្លួន​អ្នក​ភូមិ​នេះ​ចំនួន​១៣នាក់​យក​មក​ជំនុំ​ជម្រះ​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ម៉ិញ។​

អាជ្ញាធរ​បាន​បិទ​គ្រប់​ច្រក​ចេញ​ចូល​នៅ​ក្នុង​វត្ត​បុទុម​វតី​នេះ ​ចាប់​តាំង​ពី​ពេល​នាំ​ខ្លួន​ភិក្ខុ​លួន សាវ៉ាត​មក​ដល់​ទី​នេះ។​ ភិក្ខុ​លួន សាវ៉ាត​មាន​សង្ឃ​ដិកា​ថា ពុំ​មាន​ការ​បង្ខំ​ផ្សឹក​ព្រះ​អង្គ​ទេ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្តែ​ព្រះ​អង្គ​បាន​ហៅ​ការ​ចាប់​ខ្លួន​របស់​ព្រះ​អង្គ​ថា​ ទង្វើ​មួយ​ដែល​ហួស​ពី​ពណ៌នា​បាន។​

«ទង្វើ​ហ្នឹង​វា​គួរ​ឲ្យ​អស់​សំណើច​ផង ​គួរ​ឲ្យ​លើស​ពីការ​និយាយ»។​

ជា​សកម្មជន​មក​ពី​ខេត្ត​សៀមរាប​ដែល​ទទួល​បាន​ពាន​រង្វាន់​ការពារ​សិទ្ធិ​មនុស្ស​ផង​នោះ​ ភិក្ខុ​លួន សាវ៉ាត​តែង​តែ​ចូល​រួម​ក្នុង​សកម្មភាព​ថត​និង​ចង​ក្រង​ឯកសារ​ជា​វីដេអូ​ស្តី​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​និង​សហគមន៍​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លីនិង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។​

កាល​ពី​ឆ្នាំ​មុន ​ភិក្ខុលួន សាវ៉ាត​ត្រូវ​បាន​សម្តេច​សង្ឃ​នៅ​កម្ពុជា​ហាម​ប្រាម​មិន​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​នានា​ក្នុង​ប្រទេស​ឡើយ​ ដោយ​សារ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ព្រះអង្គ​ក្នុង​សកម្ម​ភាព​តវ៉ា​រឿង​ដី​ធ្លី។ ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​កម្ពុជា​បាន​លើក​ឡើង​ថា​ ទង្វើ​របស់​ព្រះអង្គ​គឺ​ប្រាសចាក​ពី​គោលការណ៍​របស់​ព្រះពុទ្ធ​សាសនា។ ​

ប៉ុន្តែ​ភិក្ខុលួន សាវ៉ាត​អះអាង​ថា សកម្មភាព​របស់​ព្រះអង្គ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​ប្រឆាំង​ការ​រំលោភ​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​គឺ​ត្រឹម​ត្រូវ​តាម​ការ​​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ​ហើយ​ព្រះអង្គ​នៅ​តែ​ប្តេជ្ញា​បន្ត​សកម្ម​ភាព​នេះ​តទៅទៀត៕​

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ២៤ ឧសភា ២០១២៖ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន

Posted: 24 May 2012 03:13 PM PDT

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​អះអាង​ថា ​មាន​បរិយាកាស​ល្អ​ចំពោះ​ការ​ចាប់​ផ្តើម​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ពុទ្ធា ហង្ស​ នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច)។​

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ ដែល​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ការ​ឃោសនា​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នោះ​ លោក ​ពុទ្ធា ហង្ស អះអាង​ថា ​ទោះ​ជា​គ្មាន​អំពើ​ហិង្សា​និង​ភាព​មិន​ប្រក្រតី​កើត​ឡើង​ពេល​នេះ​មែន​ តែ​តាម​ការ​កត់​សម្គាល់​របស់​លោក​គឺ​ថា ​ភាព​តានតឹង​និង​បញ្ហា​នានា​ច្រើន​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​ឃោសនា​រយៈពេល​១៥​ថ្ងៃ​គឺ​មុន​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៣​ខែ​មិថុនា​ ឆ្នាំ​២០១២។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​២១​ ខែ​ឧសភា ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!