VOA News: ព័ត៌មាន: “អ៊ឺរ៉ុប​ចង់​ឲ្យ​ក្រិច​បន្ត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​” plus 2 more

VOA News: ព័ត៌មាន: “អ៊ឺរ៉ុប​ចង់​ឲ្យ​ក្រិច​បន្ត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​” plus 2 more


អ៊ឺរ៉ុប​ចង់​ឲ្យ​ក្រិច​បន្ត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​

Posted: 21 May 2012 02:20 AM PDT

ពួក​ប្រមុខ​នៃ​ក្រុម​ប្រទេស​ G-8 ​ដែល​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​បាន​និយាយ​ថា​ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ការ​លូត​លាស់​និង​ការ​ងារ​ជា​"ការ​ចាំ​បាច់"​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ស្វះស្វែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ពួក​គេ​លូតលាស់​ជា​ថ្មី​ទ្បើង​វិញ​នៅ​ក្នុង​ការប្រឈម​មុខ​នឹង​វិបត្តិ​ជំពាក់​បំណុល​ក្នុង​​ទ្វីប​អឺរ៉ុប។កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G-8 ​ក៏​បានសម្តែង​បំណង​របស់​ពួក​គេ​ចង់ឱ្យ​ប្រទេស​ក្រិក​ឋិត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូនិង​ធ្វើ​តាម​ការ​សន្យា​របស់​ផង​ខ្លួន។

លោកស្រី​ អែនជឺឡា ម៉ាក់ខែល (Angela Merkel) អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ប្រទេស​ជាតិ​របស់​លោក​ស្រី​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​ចំណាយ​ត្បិតត្បៀត​សម្រាប់​ប្រទេស​មាន​ប្រាក់​បំណុល​ច្រើន​ដូច​ជា​ប្រទេស​ក្រិក​ជា​ដើម​ បាន​មាន​ប្រសាសន៍​ថា​ពួក​មេដឹកនាំ​ទាំង​អស់​បាន​យល់​ស្រប​គ្នា​ថា​វិន័យ​ខាង​សារពើ​ពន្ធ​ត្រូវ​តែ​មាន​តុល្យភាព​ជា​មួយ​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​លើក​ទឹក​ចិត្ត​ការ​លូត​លាស់។

ចិន៖ សកម្មជន​ចិន​ ឆិន កុងឆិន (Chen Guangcheng) និង​ភរិយា​និង​កូន​ពីរ​នាក់​របស់​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ចិន​ហើយ​តាម​យន្តហោះ​មួយ​គ្រឿង​ដែល​ហោះ​មក​កាន់​ស.រ.អ.។​ការ​ចាក​ចេញ​របស់​សកម្មជន​ពិការ​ភ្នែក​​រូប​នេះ​កំណត់​ការ​បញ្ចប់​ជម្លោះ​ខាង​ការ​ទូត​មួយ​ខែ​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ដែល​បាន​កើត​មាន​ទ្បើង​ក្រោយ​ការ​រត់​គេច​ខ្លួន​របស់​លោក​ ឆិន ពី​ការ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ។

សហរដ្ឋអាមេរិក៖ បាតុករ​បី​នាក់ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​មាន​កិច្ច​ការពារ​សន្តិសុខ​តឹង​រ៉ឹង​នៅ​មុន​ការ​ប្រជុំ​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​ក្នុង​ក្រុង​ Chicago ​បានត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម​ពី​ព្រោះ​មាន​គ្រឿង​ផ្ទុះ។

ស៊ីរី៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ទ្បើង​នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ទៀត​ដែល​យក​ពួក​យោធា​របស់​រដ្ឋាភិបាល​ស៊ីរី​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។នៅ​ពេល​នេះ​មាន​មនុស្ស​៩​នាក់​បាន​បាត់បង់ជីវិត​ហើយ​ជាង​១០០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្រោយ​អ្នក​វាយ​ប្រហារ​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង ដែរ អឺល សូ (Deir el-Zour) នា​ផ្នែក​ខាង​កើត​នៃ​ប្រទេស​​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍។

ថៃ៖ ក្រុមបាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​ពីរ​នៃ​ការ​ប៉ះទង្កិច​គ្នា​ដ៏​ប្រល័យ​រវាង​ក្រុម​យោធា​ថៃ​និង​អ្វី​ដែល​ហៅ​ថា​ពួក​បាតុករ​អាវ​ក្រហម។

អាហ្វហ្គានីស្ថាន៖ អាជ្ញាធរ​នៃ​ប្រទេស​​អាហ្វហ្កានិស្ថាន​បាន​និយាយ​ថា​​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ឯ​កន្លែង​ប៉ូលីស​ឆែកឆេរ​មួយ​ក្នុង​ខែត្រ​ Khost ​នា​ប៉ែក​ខាង​កើត​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​នាំ​ឱ្យ​មនុស្ស​១៣​នាក់​ស្លាប់​ហើយ​ធ្វើឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦​នាក់់​ទៀត​ត្រូវ​របួស។

This posting includes an audio/video/photo media file: Download Now

​សកម្មជន​ព្រៃ​ឈើ​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់ទាញ​ការគាំទ្រ​

Posted: 21 May 2012 01:48 AM PDT

សកម្មជន​ព្រៃ​ឈើ​ក្នុង​សហគមន៍​ព្រៃ​ឡង់​និង​ជន​ជាតិ​ភាគតិច​កម្ពុជា​បាន​នាំ​យក​ក្តី​កង្វល់​របស់​ពួកគេ​មក​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេ​សកម្ពុជានិង​ផល​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​ភាគ​ឥសាន្ត​ប្រទេស។

លោកស្រី​ផូគ ហុង​​​ជន​ជាតិ​កួយ​ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​នោះ​​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​សកម្មភាព​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​​ដី​សម្បទាន​ពី​រដ្ឋាភិបាល​មាន​ទំហំ​ធំ​និង​បាន​​ប៉ះពាល់​​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​និង​វប្បធម៌​របស់​ជន​ជាតិ​ដើម។

«វា​ប៉ះពាល់​ច្រើន​មែនទែន​ហើយ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាក់​ស្តែង​វា​បាត់​មុខ​របរ​របស់​គាត់​ប្រចាំថ្ងៃ​គឺ​ទីមួយ​ជ័រ​ដែល​ចម្បង​បំផុត​និង​រុក​រក​អនុផល​ពី​ព្រៃ​ឈើ​របស់​ពួកគាត់​ដូច​ជា​ការ​បោច​ផ្តៅ​រើស​ជ័រ​បោច​វល្លិ​អី​អញ្ចឹង​​ដែល​ជា​មុខ​របរ​របស់​ពួកគាត់​ប្រចាំ​ថ្ងៃ។​ ជា​ពិសេស​ជន​ជាតិ​ដើម​ភាគតិច»។

សម្រាប់​លោក​ សាមឿន វុទ្ធី ​ជន​ជាតិ​ព្រៅ​នៅ​ខេត្ត​ស្ទឹងត្រែង​យល់​ថា​​ដំណើរ​​​មក​សហរដ្ឋ​អាមេរិក​​គឺ​ជា​ការតស៊ូ​នឹង​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ដែល​បាន​ប៉ះពាល់​បរិស្ថាន​ដ៏​ល្អ​របស់​អ្នក​ស្រុក​ដើម​និង​ដើម្បី​​​រក្សា​តម្លៃ​ពលរដ្ឋ​​សហគមន៍​របស់​លោក​ដែល​មិនព្រម​ធ្វើ​ជា​កម្មករ​ក្រុម​ហ៊ុន​ដែល​មក​អភិវឌ្ឍ​ហើយ​សន្យា​ផ្តល់​ការ​ងារ​ឱ្យ​នោះ​ទេ។

«ជន​ជាតិ​ដើម​ភាគតិច​បាន​មើល​ឃើញ​ថា​ការផ្តល់​សម្បទាន​ដី​ធ្វើ​វិនិយោគ​ហ្នឹង​មិនបម្រើ​ដល់​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ​ភាគតិច​នៅ​តំបន់​នោះ​ទេ​ព្រោះ ​ជា​ប្រពៃណី​គាត់​មិន​ចូលចិត្ត​នៅ​របៀប​នៃ​ការស៊ីឈ្នួល​គេ​ទេ​ដោយ​សារ​ជា​ប្រពៃណី​គាត់​ចង់មាន​សិទ្ធិសេរី​ភាព​រុក​រក​ផល​អនុផល​ព្រៃ​ឈើ​មក​ចិញ្ចឹម​ជីវិត។ គាត់​ចង់​ទៅ​ធ្វើថ្ងៃ​ណា​ចង់​ទៅ​ថ្ងៃ​ណា​បាន​ថ្ងៃ​នោះ​ជន​ជាតិ​ភាគតិច​របស់​ខ្ញុំ​មិន​ត្រូវ​ការ​ការត្រួត​ត្រា​និង​បញ្ជា​ធ្វើ​នេះ​ធ្វើនោះ​ទេ»។

​ជា​ការ​ផ្តល់​កិត្តិយស​ដល់​សកម្ម​ជន​ទាំង​នោះ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​រៀបចំ​ពិធី​សំណេះ​សំណាល​មួយ​ក្នុង​ការិយាល័យ​របស់​ពួកគេ​ដល់​សមាជិក​និង​អ្នក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​នៅ​​រដ្ឋ​ធានី​​វ៉ាស៊ីនតោន។

កម្មវិធី​ដូច​ដែលមាន​នៅ​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​នេះ​គឺ​ជា​ឱកាស​មួយ​ផ្តល់​ឱ្យ​សកម្មជន​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​ពួក​គេដោយ​ផ្ទាល់​​ទៅ​ដល់​ឆាក​អន្តរជាតិ​ឱ្យ​បាន​ដឹង​ឮ។ ​

សកម្មជន​ទាំង​នោះ ​បញ្ជាក់​ប្រាប់​អ្នក​ចូលរួម​ស្តាប់​ថា​ការដោះស្រាយ​នៅ​ថ្នាក់​ជាតិ​ហាក់​មិន​ទទួល​លទ្ធផល​អ្វី​ដែល​ជា​ទី​សង្ឃឹម​ទេ​ដោយ​សារ​មន្ត្រី​ពាក់​ព័ន្ធ​នានា​​មិន​ចាត់​ទុក​ថា​វា​ជា​បញ្ហា​សំខាន់​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ។ ពួកគេ​ស្នើ​​ឡើង​ថា​មធ្យោបាយ​ល្អ​គឺ​នៅមុន​រាល់​មាន​ការ​ផ្តល់​ដី​សម្បទាន​ម្តងៗ​រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ពិគ្រោះ​ពិភាក្សា​​ជាមួយ​សហគមន៍​មូល​ដ្ឋាន​ពី​កន្លែង​ដែល​អាច​អភិវឌ្ឍ​បាន​ជៀស​វាង​ការ​បំផ្លាញ​ព្រៃ​និង​តំបន់​សក្តិសិទ្ធិ​របស់​ពួកគាត់។​

លោក ព្រហ្ម​ ស៊ុនណូរ៉ា សកម្ម​ជន​នៃ​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​​មួយ​នៅ​សហរដ្ឋ​អាមេរិក​​ដែល​បានមក​ចូលរួម​ស្តាប់​បទបង្ហាញ​របស់​​សកម្ម​ជន​ព្រៃ​ឈើ​ទាំងនោះ​បាន​​​លើក​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​​ពួកគេ​ ក្នុង​ការ​ហ៊ាន​មកលើក​យក​ក្តី​កង្វល់​​មក​ដល់​ឆាក​អន្តរជាតិ​ហើយ​លោក​បាន​ស្នើ​សុំ​ថា​សហគមន៍​អន្តរជាតិ​មិន​ត្រូវ​នៅ​ធ្វើ​គ​ថ្លង់​ទៀត​ទេ។

«យើង​កំពុង​តែ​អំពាវ​នាវ​សព្វ​ថ្ងៃ​នេះ​គឺ​ថា​ជំរុញ​ខាង​រដ្ឋាភិបាល​អាមេរិកាំង​ហើយ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​។ មាន​តែ​ពីរ​អង្គការ​ហ្នឹង​ទេ​ដែល​ធំ​ដែល​អាច​យើង​ជំរុញ​ទៅឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការដែល​ខំ​ប្រឹង​ប្រែង​រក្សា​ព្រៃឡង់​ ថែ​រក្សា​សិទ្ធិ​មនុស្ស​ ពីព្រោះ​នេះ​គឺ​ជា​រឿង​សិទ្ធិ​មនុស្ស​មួយ​ដែរ​ គឺ​ថា​អ្នក​ដែល​នៅ​កន្លែង​ព្រៃ​ឡង់​ហ្នឹង​គឺ​ថា​គ្នា​ខំ​ការពារ​របស់​គ្នា​ហើយ​អ្នក​ដែល​ទៅ​អភិវឌ្ឍ​ហ្នឹង​គឺ​រំលោភ​សិទ្ធិមនុស្ស​អ្នក​កាន់​កាប់​ព្រៃ​ឡង់​ហ្នឹង​គឺ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស»។

អង្គការ​ការរស់​រាន​នៃ​វប្បធម៌​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​អ្នក​ភូមិ​​ប្រហែល​ជា​២០០.០០០​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិកួយ​កំពុង​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ការបំផ្លាញ​ព្រៃ​ឡង់​ដែល​ជា​ព្រៃ​ដ៏​ធំ​មួយ​នៅ​ជ្រោយ​ឥណ្ឌូចិន។

លោកស្រី​ ក្លៅឌៀ វ៉ាន់​ដឺម៉េដ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​វិធី​ល្អ​ក្នុង​ការ​ជួយ​ដល់​សកម្មភាព​ពួកគេ​ជាជាង​បង្រ្កាប។

«អង្គការ​លើក​លែង​ទោស​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​មាន​បញ្ហា​បណ្តេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​និង​បញ្ហា​ដទៃ​ផ្សេង​ទៀត​ ប៉ុន្តែ​ការ​បណ្តេញ​មនុស្ស​ចេញ​ដោយ​បង្ខំ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​មួយ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហើយ​ជា​លទ្ធផល​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​យល់​ឃើញ​ថា​នោះ ​ជា​បញ្ហា​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​ហើយ​លោក​ស្រី ហុង​គឺ​ជាផ្នែក​មួយ​ដែល​រង​បញ្ហា​ទាំង​អស់​នោះ»។ ​​​

ជា​ឱកាស​ដោយ​កម្រ​ក្រុម​សកម្មជន​ទាំង​នោះ​បាន​​​នាំយក​ក្តី​កង្វល់​របស់​ពួកគេ​មក​ឱ្យ​ស្ថាន​ទូត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​បាន​ដឹង​ផង​ដែរ។​

លោក​ហែម ហេង​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ប្រាប់​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ថា​លោក​គាំទ្រ​ចំពោះ​សហគមន៍​នានា​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើ​​ហើយ​លោក​បាន​ថ្លែង​ការពារ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ថា​កំពុង​មាន​វិធានការ​ទប់​ស្កាត់​ជនល្មើស​បំផ្លាញ​ព្រៃ​ឈើ​ទាំង​ឡាយ។

«ខ្ញុំ​ជម្រាប​បងប្អូន​ថា​មក​ទីនេះ​បើ​បាន​ជា​មក​ហើយ​យើង​ដើរ​ជួប​ជាមួយ​នឹង​អ្នក​នេះ​អ្នក​នោះ​ដូច្នេះ​សូម​រក្សា​សូម​និយាយ​នូវ​ការណ៍​ពិត​ គឺ​មិនមែន​រាជ​រដ្ឋាភិបាល​មិន​ការពារ​ព្រៃ​ឈើ​ទេ​ រាជ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បទដ្ឋាន​នានា​ជាច្រើន​ដើម្បី​ការពារ​ព្រៃ​ឈើ​ដូច្នេះ​ការដែល​បំផ្លាញ​ព្រៃ​ឈើ​នោះ​គឺ​ជា​បុគ្គល​ជា​ឯកជន​ហើយ​រាជ​រដ្ឋាភិបាល​កំពុង​តែ​មាន​វិធាន​ការ​ដើម្បី​នឹង​ពិនិត្យ​មើល​នូវ​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ​ដែល​មិន​អនុវត្ត​ទៅ​តាម​លក្ខន្តិកៈ ​ដែល​បាន​ចុះ ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល»។

សកម្មជន​ទាំង​នោះ ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នៅ​បូរី​ញ៉ីវយ៉ក​ហើយ​មាន​គម្រោង​ជួប​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ៕

This posting includes an audio/video/photo media file: Download Now

អង្គការ​មួយ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា

Posted: 21 May 2012 01:47 AM PDT

អង្គការ​អប់រំ​ស៊ីប៉ា​គ្រោង​នឹង​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​ប្រាំពីរ​នៅ​ឆ្នាំ​២០១២​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ចំណេះដឹង​ដល់​ពិរុទ្ធជន។ នេះ​បើ​ផ្អែក​ទៅតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ​និង​អ្នក​ទទួលខុស​ត្រូវ​របស់​អង្គការ​បារាំង​មួយ​នេះ​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ចំណោម​ពន្ធនាគារ​ទាំង​ប្រាំពីរ​មាន​មណ្ឌល​អប់រំ​កែប្រែ​ទី៣​ ក្រុង​ភ្នំពេញ ​ពន្ធនាគារ​ខេត្ត​កណ្តាល ​ខេត្ត​ព្រៃវែង ​កំពង់ចាម ​កំពង់ធំ ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​និង​ពន្ធនាគារ​ខេត្ត​កោះកុង។

លោក ហុក សុទ្ធិ ​នាយក​អង្គការ​អប់រំស៊ីប៉ា​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​នេះ​គឺ​ជា​ជំនួយ​ទៅ​ដល់​អ្នក​ទោស​ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​វិញ។

«ដោយសារ​តែ​បណ្ណាល័យ​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តល់​ការអប់រំ​ទៅ​ដល់​មនុស្ស។​ ហើយ​យើង​គិត​ថា អ្នក​ដែល​នៅ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ​គាត់​មាន​ឱកាស​តិច​ជាង​យើង​ដែល​នៅ​ខាងក្រៅ​ដែល​ទទួល​បាន​ការអប់រំ​។ ​អញ្ចឹង​ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​កត្តា​សំខាន់​ គឺ​យើង​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ដែល​ជាប់​ឃុំ​ហ្នឹង ​គាត់​ទួលបាន​ការ​អប់រំ​បន្ថែម។ ហើយ​ការ​អប់រំ​នោះ​នឹង​ចូលរួម​ចំណែក​ធ្វើ​យ៉ាងណា​ នៅ​ពេល​ដែល​គាត់​ចេញ​ត្រឡប់​មកវិញ​​គឺ​គាត់​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ដោយ​ចូល​ទៅ​រស់នៅ​ធម្មតា​វិញ​នៅ​ក្នុង​សង្គមជាតិ»។

អង្គការ​ស៊ីប៉ា​កាល​ពី​ឆ្នាំ​២០១០​ បាន​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី១​ ឬ​ គុក​ព្រៃស ​ដែល​ជា​ជំហាន​សាកល្បង។ មួយ​ឆ្នាំ​ក្រោយ​មក​ ក្រោម​ការ​ជួយ​គាំទ្រ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អង្គការ​នេះ​ បាន​ពង្រីក​បណ្ណាល័យ​ចំនួន​បី​ទៀត​នៅ​មណ្ឌល​កែប្រែ​ទី​២ ​ឬ​ម៉២ ​នៅ​ព្រៃស​ដដែល ​នៅ​ពន្ធនាគារ​នៅ​ខេត្ត​បាត់ដំបង ​និង​ខេត្ត​សៀមរាប។

លោក ​ហុក ​សុទ្ធិ ​មាន​ប្រសាសន៍​ថា សៀវភៅ​ជាង​២​ម៉ឺន​ក្បាល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​ក្នុង​បណ្ណាល័យ​ទាំង​បួន​នេះ។

«មាន​ច្រើន​ផ្នែក ​មាន​ផ្នែក​អប់រំ​ទូទៅ ​មាន​ផ្នែក​អក្សរសិល្បិ៍ ​រឿង​ជា​រឿង​ប្រលោមលោក។​ មាន​សៀវភៅ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​កសិកម្ម ​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិមនុស្ស​ ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​អី​ផ្សេង​ៗ​ច្រើន​ ដើម្បី​ផ្តល់​ជា​ចំណេះដឹង​ទូទៅ​មួយ។ ​ ពិត​ជា​មាន​វិទ្យាសាស្ត្រ​  អំពី​របៀប​ជួសជុល​កុំព្យូទ័រ​ ឬក៏​ របៀប​ធ្វើ​ទូរស័ព្ទដៃ​អី ​មាន​ច្រើន​ដែរ»។

យោង​តាម​កិច្ចព្រម​ព្រៀង​ជាមួយ​ក្រសួង​មហាផ្ទៃ​អង្គការ​អប់រំស៊ីប៉ា​នឹង​ត្រូវ​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​ទាំង​២៦ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចាប់​ពីពេល​នេះ​ រហូត​ទៅ​ដល់​ឆ្នាំ​២០១៤។ គម្រោង​បី​ឆ្នាំ​ទៅ​មុន​ទៀត​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​មួយ​ផ្នែក​ធំ​នឹង​ត្រូវ​គាំទ្រ​ជំនួយ​ពី​សហភាពអ៊ឺរ៉ុប។

លោក គ្រីស្ទៀន ប្រូវូស្ត (Christian Provoost) តំណាង​ប្រតិភូរ​សហភាព​អ៊ឺរ៉ុប​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ទៅ​ដល់​សិទ្ធិ​មនុស្ស។

«យើង​ចាត់​ទុក​ថា ​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​នីតិរដ្ឋ​ហើយ​ពិត​ហើយ​សហភាព​អឺរ៉ុប​គាំទ្រ​ជា​ខ្លាំង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ​យើង​គិត​ថា ​គេ​ត្រូវ​យល់​ពី​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ ដែល​នៅ​ទីនោះ​នីតិរដ្ឋ​ និង​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ​ ហើយ​នោះ​វា​ទាក់ទង​នឹង​ពន្ធនាគារ​ទាំង​២៦​របស់​ប្រទេស​កម្ពុជា»។

នាយឧត្តមសេនីយ៍ ​សំ ​សួគា ​អគ្គនាយករង​នៃ​នាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​អភិវឌ្ឍ​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​ឧសភា​ ថា​បណ្ណាល័យ​នេះ​បាន​ជួយ​ទៅ​ដល់​ការអប់រំ​ទណ្ឌឌិត​ជា​ច្រើន។

«សាវាកម្ម​បណ្ណាល័យ​ពន្ធនាគារ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​កែប្រែ​ និង​ស្តារនីតិ​សម្បទា​ដែល​ជា​កិច្ចការ​សំខាន់ ​និង​រួមចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការអភិវឌ្ឍ​ក្របខណ្ឌ​គោលនយោបាយ​កំណែ​ទម្រង់​ពន្ធនាគារ។ ​ការអនុវត្ត​ជាក់ស្តែង​កន្លង​មក​ បាន​ធ្វើ​ឲ្យ​សេវា​អប់រំ​កែប្រែ​នៅ​ពន្ធនាគារ​មាន​ការ​រីកចម្រើន ​នឹង​កែលម្អ​ជា​បន្ត​បន្ទាប់»។

អនុប្រធាន​ពន្ធនាគារ​ម្នាក់​មក​ពី​ខេត្តពោធិ៍សាត់​ក៏​បាន​ផ្តោត​ពី​សារៈសំខាន់​ដូច​គ្នា​នេះ​ដែរ។

«មាន​បណ្ណាល័យ​ អាច​ជួយ​កាត់​បន្ថយ​ហិង្សា​របស់​អ្នកទោស​ហ្នឹង ​ឲ្យ​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ ​ឲ្យ​ជា​មនុស្ស​នៅ​ក្នុង​សង្គម​ដូច​គេ​វិញ។ ​មាន​ចំណុច​វិជ្ជាមាន​ច្រើន​ជាង​អវិជ្ជមាន។ ​វា​ជួយ​បាន​ច្រើន​នៅ​ក្នុង​ការ​កែប្រែ​មនុស្ស ​ព្រោះ​មនុស្ស​ខ្លះ​ច្រើន​នៅ​ជនបទ​អវិជ្ជា​មិន​សូវ​មាន​ចំណេះដឹង​ទេ»។

នៅ​ក្នុង​ពន្ធនាគារ​ទាំង​២៦​នៅ​កម្ពុជា​មាន​អ្នក​ទោស​ជាង​ ១៥.០០០​នាក់។ ទណ្ឌឌិត​ត្រូវ​គេ​កំណត់​សេរីភាព​តាម​ទម្ងន់​បទល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត។

លោក ហុក សុទ្ធិ នាយក​អង្គការ​អប់រំស៊ីប៉ា​ មាន​ប្រសាសន៍​ថា នៅ​តាម​ពន្ធនាគារ​អ្នកទោស​ស្រាល​អាច​ចេញចូល​ទៅ​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​បាន​ច្រើន​ជាង​អ្នក​ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។​ ប៉ុន្តែ​អ្នក​ទោស​ធ្ងន់​អាច​ខ្ចី​សៀវភៅ​ចល័ត ​នៅ​ក្នុង​អគារ​ឃុំឃាំ ​ខណៈពេល​ដែល​អ្នកទោស​ធ្ងន់​ទាំង​នោះ​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញចូល​នៅ​ក្នុង​បណ្ណាល័យ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!