VOA News: ព័ត៌មាន: “ហ្វីលីពីន​ចោទ​ប្រទេស​ចិន​ថា​បញ្ជូន​នាវា​ថែម​ទៀត​ចូល​តំបន់​ជម្លោះ” plus 4 more

VOA News: ព័ត៌មាន: “ហ្វីលីពីន​ចោទ​ប្រទេស​ចិន​ថា​បញ្ជូន​នាវា​ថែម​ទៀត​ចូល​តំបន់​ជម្លោះ” plus 4 more


ហ្វីលីពីន​ចោទ​ប្រទេស​ចិន​ថា​បញ្ជូន​នាវា​ថែម​ទៀត​ចូល​តំបន់​ជម្លោះ

Posted: 23 May 2012 07:21 AM PDT

ប្រទេស​ហ្វីលីពីន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា ​កំពុង​បញ្ជូន​កងនាវា​របស់​រដ្ឋាភិបាល​និង​នាវា​នេសាទ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះ​គឺ​ជា​ចំណាត់ការ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និយាយ​ថា ​ធ្វើ​ឱ្យ​កើន​ឡើង​ការ​ប្រឈម​មុខ​គ្នា​ដែល​មាន​រយៈពេល​ពីរ​ខែ​មក​ហើយ។

លោក​ Raul Hernandez ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​មាន​នាវា​ចិន​ជិត​១០០​គ្រឿង​បាន​ចូល​មក​ក្នុង​តំបន់​ Scarborough។ លោក​បាន​បន្ថែម​ថា ​គេ​សង្កេត​ឃើញ​ថា ​នាវា​ខ្លះ​ក្នុង​ចំណោម​នោះ​មក​នេសាទ​ត្រី​បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ហាម​ឃាត់​នា​ពេល​ថ្មីៗ​នេះ​ដោយ​ប្រទេស​ទាំង​ពីរ​ក៏ដោយ។

លោក​ Hernandez បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ដក​កងនាវា​ជា​បន្ទាន់​ ដោយ​និយាយ​ថា​ ទីក្រុង​ម៉ានីល​បាន​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ​មួយ​ទៅ​ស្ថានទូត​ចិន​ចំពោះ​ការ​បង្កើន​កងទ័ព​នេះ​ហើយ។ លោក​មាន​ប្រសាសន៍​ថា​ ការ​ចរចា​កំពុង​តែ​បន្ត​មាន​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ។​

ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ដាក់​បំរាម​ដោយ​ឡែកៗ​ពី​គ្នា​កាល​ពី​សប្តាហ៍​មុន​លើ​ការ​នេសាទ​ក្នុង​តំបន់​នោះ ដើម្បី​ជា​ការ​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​លើ​តំបន់​ថ្ម​ក្រោម​ទឹក​នោះ​ ដោយ​សារ​ប្រទេស​ទាំង​ពីរ​បាន​ទាម​ទារ​កម្មសិទ្ធិ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

អេហ្ស៊ីប៖ មាន​ពលរដ្ឋ​អេហ្ស៊ីប​រាប់​លាន​នាក់​បាន​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​បោះ​ឆ្នោត​ជា​លើក​ដំបូង​ជ្រើស​រើស​ប្រធានាធិបតី​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ហ៊ូស្នី​ មូបារ៉ាក់ (Hosni Mubarak) ​បាន​លាឈប់​ពី​តំណែង​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​តែ​មាន​ការ​តវ៉ា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ស៊ីរី៖ ក្រុម​សកម្មជន​និយាយ​ថា ​កងកម្លាំង​ទ័ព​ស៊ីរី​បាន​បាញ់​ផ្លោង​ដាក់​ទីតាំង​ក្រុម​ប្រឆាំង​ក្នុង​ទីក្រុង​ Rastan ហើយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​បាន​ស្លាប់​ក្នុង​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​នៅ​កន្លែង​ជាច្រើន​ក្នុង​ផ្ទៃ​ប្រទេស។

សេដ្ឋកិច្ច​អាស៊ី៖ ធនាគារ​ពិភពលោក​និយាយ​ថា ​ការ​រីកលូតលាស់​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​បូព៌ា​នៅ​តែ​មាន​កម្រិត​ខ្លាំង​ដដែល​ ប៉ុន្តែ​បាន​ធ្វើ​ការ​ព្រមាន​ថា ​បណ្តា​ប្រទេស​ទាំង​នោះ​ត្រូវ​កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ការ​នាំ​ចេញ​ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​នៅ​បន្ត​កើតឡើង។

ប៉ាគីស្ថាន៖ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ស៊ើបការណ៍​ដ្រូន​ (drone) ​របស់​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ជន​សង្ស័យ​ជា​សកម្មជន​យោធា​បួន​នាក់​ក្នុង​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន។

អ៊ីរ៉ង់៖ ការ​ចរចា​រវាង​ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​និង​ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ហើយ​ក្នុង​ទីក្រុង​បាកដាដ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចរចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​ទាក់​ទង​នឹង​កម្មវិធី​អាវុធ​បរិមាណូ​ដ៏​ចម្រូងចម្រាស់​របស់​ប្រទេស​អ៊ីរ៉ង់។

អឺរ៉ុប៖ ក្រុម​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ចំនួន​២៧​ដែល​រួមគ្នា​បង្កើត​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល​​ប្រទេស​ប៊ែលហ្ស៊ិក​នៅ​ថ្ងៃពុធ​នេះ​ ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​មាន​គោលបំណង​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​ដែល​កំពុង​គំរាម​កំហែង​ដល់​ការ​ស្ថិតស្ថេរ​នៃ​សហភាព​អឺរ៉ុប។

ព័ត៌មាន​ចុង​ក្រោយ​អំពី​​យុទ្ធនាការ​បោះឆ្នោត​នៅ​អាមេរិក៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

ឱសថ​ក្លែងក្លាយ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ត្រូវ​បាន​ឃើញជា​ញឹក​ញាប់​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី

Posted: 23 May 2012 01:16 AM PDT

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ឲ្យ​ដឹង​ថា​​ការ​សំបូរ​ហូរ​ហៀរ​នៃ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ក្លែង​បន្លំ​ឬ​គ្មាន​គុណ​ភាព​នៅ​ទូទាំង​ទ្វី​ប​អាហ្វ្រិក​​និង​ទ្វីប​អាស៊ី​កាល​ពី​ទសវត្សរ៍​មុន​បណ្តាល​ឲ្យ​មាន​ការ​ប្រថុយ​ប្រថាន​​យ៉ាង​ខ្លាំង​ លើ​ការ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​ចម្លង​តាម​មូស​នេះ។​

របាយការណ៍​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​នៃ​ស.រ.អ.​បាន​និយាយ​ថា​ការ​វិភាគ​ទិន្នន័យ​ដែល​​ប្រមូល​ពី​២១​​ប្រទេស​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា​បង្ហាញ​​ឲ្យ​ឃើញ​ថា​៣៥​ភាគរយ​នៃ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ក្នុង​ការ​ត្រួតពិនិត្យ​សាកល្បង​ជាតិ​គីមី​ពី​ព្រោះ​ថ្នាំ​ទាំង​នេះ​ត្រូវ​បាន​គេ​ផលិត​មិន​បាន​ល្អ​​ ចំណែក​ឯ២០​ភាគរយ​ទៀត​ជា​ថ្នាំ​ក្លែង​ក្លាយ​។​

នៅ​ក្នុង​ការ​ធ្វើ​វិភាគ​ស្រដៀង​គ្នា​មួយ​នៃ​ឱសថ​គ្រុន​ចាញ់​មួយ​ចំនួន​ដែល​បាន​ត្រូវ​ប្រមូល​ពី​​៧​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​ការ​ស្ទង់​ប្រមាណ​បាន​រក​ឃើញ​ថា​ចំនួន​៣៥​ភាគរយ​បាន​ធ្លាក់​ក្នុង​ការ​ត្រួតពិនិត្យ​សាកល្បង​ជាតិ​គីមី ​ជិត​ពាក់​កណ្តាល​បាន​ត្រូវ​​វេច​ខ្ចប់​មិន​ត្រឹម​ត្រូវ​ហើយ​៣៦​ភាគរយ​​ជា​ថ្នាំ​ក្លែង​ក្លាយ។

ប៉ាគីស្ថាន​៖ ​មន្ត្រី​ប៉ាគិស្ថាន​បាន​និយាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ការ​ប្រជុំ​មហា​ជន​មួយ​ក្នុង​ក្រុង​កំពង់ផែ​ ការ៉ាជី​Karachi ​នា​ប៉ែក​ខាង​ត្បូង​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​ហើយ​នាំ​ឱ្យ​មាន​ការ​ធ្វើ​កុប្បកម្ម​ផង​ដែរ។​

អ៊ីរ៉ង់៖ នាយក​នៃ​​ទីភ្នាក់ងារ​បរមាណូ​អន្តរជាតិ​បាន​និយាយ​ថា​លោក​រំពឹង​ថា​ប្រទេស​អ៊ីរ៉ង់​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​«ក្នុង​ពេល​ឆាប់ៗ​នេះ»ដើម្បី​អនុញ្ញាត​ឱ្យ​មាន​អធិការកិច្ច​នៅ​ក្នុង​ទីតាំង​ដែល​គេ​សង្ស័យ​ថា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​សម្ងាត់​ផលិត​អាវុធ​បរមាណូ។​

..អ៖ រ៉ុក្កែត​មួយ​ដែល​បាន​ត្រូវ​រចនា​និង​កសាង​ដោយ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ត្រូវ​បង្ហោះ​ដោយ​ជោគជ័យ​ដើម្បី​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​​បញ្ជូន​យាន​ផ្ទុក​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់​ស្ថានីយ៍​​អវកាស​អន្តរជាតិ។​

ស្ថានីយ៍​ទូរទស្សន៍​បាន​ចាប់​យក​រូបភាព​ការ​បង្ហោះ​ដោយ​ឥត​ខ្ចោះ​នៃ​យាន​អវកាស​ ឈ្មោះ​ថា​ដ្រាហ្គន​Dragon​ នៅ​ពី​លើ​រ៉ុក្កែត​ ហ្វាលខន ណាញFalcon-9 ​របស់​ស្ពេស អ៊ិក​ Space X ​ពី​ជ្រោយ​ កាណាវេរ៉ាល់​Canaveral ​រដ្ឋ​​ហ្លរីដា​Florida ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​មុន​ពេល​ថ្ងៃ​រះ។​

គេ​បាន​ឃើញ​ពួក​អ្នក​ត្រួតត្រា​បេសកកម្ម​ ស្ពេស អ៊ិក​Space X ​ទះដៃ​អប​អរ​សាទរ​និង​ឱប​គ្នា​នៅ​ពេល​គេ​ដឹង​ថា​យាន​អវកាស​និង​រ៉ុក្កែត​បាន​ទៅ​ដល់​តារា​វិថី​ហើយ​បន្ទះ​ថាម ពល​ពន្លឺ​ព្រះអាទិត្យ​បាន​បើក​និង​មាន​ដំណើរ​ការ​ល្អ។

សូម៉ាលី៖ កង​កម្លាំង​គាំទ្រ​ទៅ​ខាង​រដ្ឋាភិបាល​ក្នុង​ប្រទេស​សូម៉ាលី​បាន​ប្រឹងប្រែង​វាយ​យក​មក​វិញ​នូវ​សំបុក​មួយ​របស់​ពួក​ជន​សកម្មប្រយុទ្ធ​នៅ​ជិត​ជំរុំ​ជន​ភៀស​ខ្លួន​ធំមួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី​ ម៉ូហ្កាឌីស៊ូ​Mogadishu។​

..អ៖ រ៉ុក្កែត​ SpaceX ​​ដែល​បាន​ត្រូវ​បង្ហោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​មាន​ផ្ទុក​លើស​ពី​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ វា​មាន​ផ្ទុក​ចំណែក​ធាតុ​របស់​មនុស្ស​ប្រមាណ​៣០០​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ធាតុ​របស់​តារាភាពយន្ត​ម្នាក់​ដែល​គេ​បាន​ស្គាល់​ថា​ដើរ​មុខ​នាទី​របស់​លោក​ក្នុង​ខ្សែ​កុន​ Star Trek និង​ភាពយន្ត​ភាគ​តាម​ទូរទស្សន៍។​

កូរ៉េ​ខាង​ជើង៖ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា​ខ្លួន​នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​បរមាណូ​របស់​គេ​​ប៉ុន្តែ​បាន​និយាយ​ថា​ខ្លួន​គ្មាន​បំណង​ចាត់​«វិធានការ​យោធា​មួយ​ដូច​ជា​ការ​ពិសោធន៍​បរមាណូ»នោះ​ទេ។​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

លោក ម៉ម សូណង់​ផ្អាកការ​ធ្វើដំណើរ​ទៅ​ប្រទេស​ខ្មែរ ​ក្រោយពី​មាន​ព័ត៌មាន​ថា ​រដ្ឋាភិបាល​គ្រោងចាប់​ខ្លួន​លោក​

Posted: 23 May 2012 12:52 AM PDT

ព្រះ​សង្ឃសូត្រ​មន្តជយន្តោ ​ហើយ​បាន​ប្រទាន​យ័ន្ត​រំដោះគ្រោះ​ឲ្យ​លោក​ម៉ម សូណង់ដូ ​ក្រោយពី​លោក​បាន​ប្រាប់​ពុទ្ធបរិស័ត​ខ្មែរ​នៅ​វត្តធម្មរង្សី​រដ្ឋ​Virginia​ថា ​លោកត្រូវ​ផ្អាក​ការ​ធ្វើដំណើរ​ទៅប្រទេស​កម្ពុជា​វិញ ​ក្រោយ​​ពី​មាន​ព័ត៌មាន​ថា​ រដ្ឋាភិបាល​គ្រោង​ចាប់ខ្លួន​លោក​នៅពេល​លោក​ទៅដល់​មាតុភូមិ​វិញ​នៅ​ចុងខែ​នេះ។​

លោក​ម៉ម សូណង់ដូ​និយាយ​ថា៖​

«ដំណឹង​ដែលគេ​នឹង​ចាប់ខ្ញុំ​ពេលចូល​ទៅស្រុកខ្មែរ​វិញហ្នឹង​ គឺដំណឹង​ហ្នឹង​ខ្ញុំ​មិនអាច​ថា ​ពិតបាន​ទេ ​គ្រាន់តែ​ជា​ពាក្យ​ចចាម​អារាម។​ប៉ុន្តែ​ពាក្យ​ចចាអារាម​ហ្នឹង​វា​ច្បាស់លាស់​ពេក។​ ត្រូវតែ​ខ្ញុំចាត់​វិធានការ​ទប់ស្កាត់​គឺការ​បំភ្លឺ​របស់ខ្ញុំ។ ​ការ​បំភ្លឺ​កុំឲ្យ​យល់ខុស​ កុំឲ្យ​ភ្លេច​ថា ​ខ្ញុំជា​អ្នក​សារព័ត៌មាន»។​

លោក​ម៉ម សូណង់ដូ​ពន្យល់​ពី​ហេតុផល​ដែល​លោក​លើកពេល​ធ្វើដំណើរ​នេះយ៉ាង​ដូច្នេះ​ថា៖​

«ហើយ​ដល់ពេល​ខ្ញុំឮថា គេ​ចង់ចាប់ខ្ញុំ​ ខ្ញុំផ្អាក​ដំណើរ។​ មិនមែន​ខ្ញុំខ្លាច​ចូល​គុកទេ។​បើសិន​ជាខ្ញុំទៅ​គេចាប់​ខ្ញុំ​ ​ខ្ញុំអត់​អាច​វិល​ត្រឡប់​មក​វិញ​​ធ្វើបទ​សម្ភាសន៍​ជាមួយ​លោក​សួន សេរីរដ្ឋា​ដែល​ខ្ញុំគ្រោង​ទុកទេ។​ហេតុដូច្នេះ​ ខ្ញុំផ្អាក។ ពេលណា​ដែល​ខ្ញុំធ្វើបទ​សម្ភាសន៍​រួចហើយ​ ខ្ញុំនឹង​វិល​ទៅ​ប្រទេសជាតិ​វិញ​ណា៎»។​

<!--AV-->

លោកម៉ម ​សូណង់ដូ​បន្ថែម​ថា ​លោក​ត្រូវ​យកព័ត៌មាន​ពិតថា ​តើលោក​សួន សេរីរដ្ឋា​និយាយ​ពិត​ឬ​ភូតកុហក់ ​នៅពេល​លោក​អះអាង​ថា ​តុលាការ​ឧកិ្រដ្ឋកម្ម​អន្តរជាតិ​នឹង​កោះហៅ​លោក​នៅខែ​ក្រោយ​ឲ្យទៅ​បំភ្លឺ​អំពី​ពាក្យ​បណ្តឹង​ដែល​លោកដាក់​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​មន្ត្រីហ៊ុន សែន។​

«ខ្ញុំចង់​ដឹងថា​ លោកសួន ​សេរីរដ្ឋាភរ​ឬក៏មិនភរ?​ហេតុដូច្នេះ​ការណ៍​ដែល​លោក​សួន​សេរីរដ្ឋា​ប្រកាស​ក្នុងពិភព​លោក​ហ្នឹង​ឲ្យ​ដឹង​ថា​ គាត់​នឹងប្តឹង​ ហើយ​គាត់បាន​ប្តឹង​ហើយ​គេនឹង​​កោះហៅ​គាត់នៅ​ថ្ងៃទី៦ហ្នឹង។​ ដូច្នេះ​ជា​ដំណឹង​មួយ​មាន​សារៈសំខាន់​សម្រាប់ខ្មែរ​យើង​ទាំងអស់​គ្នា»។​

លោក​ម៉ម សូណង់ដូ​ធ្លាប់ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​ការផ្សាយ​ព័ត៌មាន​អំពី​ការបះបោរ​បំផ្លាញ​ស្ថានទូត​ថៃ និង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​

លោក​ប្រកាស​ការ​តាំងចិត្ត​របស់លោក​ថា៖​

«ពេល​យើង​តាំងខ្លួន​បម្រើជាតិ​គឺត្រូវ​យើង​គ្រោង​ទុកឲ្យ​ហើយ​ថា​ ថ្ងៃណា​មួយ​ត្រូវ​គេ​ចាប់​ដាក់គុក​ឬថ្ងៃណា​មួយគេ​នឹង​សម្លាប់​យើងចោល។​ អាហ្នឹង​យើងត្រូវ​ដឹង​អញ្ចឹង​តែម្តង។​ ព្រះ​សម្មាសម្ពុទ្ធ​បាន​សម្តែង​ថា​ ជីវិត​វា​មិនទៀង​​ តែស្លាប់វា​ទៀង។ ​អ្នកណា​ក៏ត្រូវស្លាប់​ដែរ។​ហេតុដូច្នេះ​ខ្ញុំត្រូវជ្រើស​រើស​ការ​ស្លាប់​របស់​ខ្ញុំ។ ​បើខ្ញុំស្លាប់​ក្នុង​ករណី​ដែលខ្ញុំ​បម្រើជាតិ ​ការពារ​ជាតិ ​ការពារ​ទឹកដី​មាតុភូមិ ​ការពារ​អនាគត​សម្រាប់​កូនចៅ​ខ្មែរ។ ​បើសិន​ជាខ្ញុំស្លាប់​របៀប​ហ្នឹង​គឺ​ជាកិត្តិយស​របស់​ខ្ញុំមួយ​ដែល​កើតជា​កូនខ្មែរ»។​​

លោក​សួន សេរីរដ្ឋា ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពីបទ​បង្កចលនា​ហិង្សា ​ក្រោយពី​លោកចូលរួម​ជាមួយ​ចលនា​អាវលឿងថៃ​កាល​ពីឆ្នាំ​ទៅ។

លោក​ម៉ម សូណង់ដូ​និយាយ​ថា លោក​គ្រាន់តែ​ចូល​រួម​យកព័ត៌មាន​អំពី​លោកសួន សេរីរដ្ឋា​ប៉ុណ្ណោះ ​ហើយ​សង្កេត​ឃើញ​ថា​ ចលនា​អំណាច​ប្រជាជន​នេះ​មិនមែន​ជាលចនា​ប្រដាប់​អាវុធ​ទេ។

លោក​តាន់ វិបុល​ អនុប្រធាន​អង្គការខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​ ថ្លែង​ថា ​លោក​នឹង​តាម​ដាន​ពាក្យ​ចរចាម​អារាម​អំពី​គម្រោង​ចាប់លោក​ម៉ម សូណង់ដូ ​ប្រធាន​វិទ្យុសំបុក​ឃុំ​នេះ។​

លោក​សម្តែង​ក្តីសង្ឃឹម​ថា៖​

«នឹង​ធ្វើ​អ្វីដែល​យើង​អាចធ្វើ​បានដើម្បី​ការពារ​សិទ្ធិសេរីភាព​អ្នក​សារព័ត៌មាន​ជាពិសេស។ ​សង្ឃឹមថា រដ្ឋាភិបាល​មិន​ធ្វើ​ដូច្នេះទេ»។​

ពុទ្ធ​បរិស័ទ​ខ្មែរជាង​២០​នាក់ដែល​សំណេះ​សំណាល​ជាមួយ​លោកម៉ម សូណង់ដូ​បាន​ប្រមូល​បច្ច័យជូន​លោក​ ហើយ​ប្រមូល​បច្ច័យខ្លះ​ទៀតផ្ញើ​ទៅគ្រួសារ​លោក​ឈុត វុទ្ធី​សម្មជន​ព្រៃឈើ​ដែល​គេ​បាញ់​សម្លាប់​ថ្មីៗ​នេះ។ ​ពួកគាត់​សង្ឃឹម​ថា ​លុយ​សប្បុរស​នេះ​នឹង​ទៅដល់​គ្រួសារ​លោក​ឈុត​ វុទ្ធី ​ហើយ​វានឹង​មិន​ជាប់ឃុំ​ទេ​ បើលោក​ម៉ម សូណង់ដូ​ត្រូវ​រដ្ឋាភិបាល​ឃាត់ខ្លួន​ដូចពាក្យ​ចរចាម​អារាមមែន ​ក៏ដោយ៕​

This posting includes an audio/video/photo media file: Download Now

សមត្ថកិច្ច​ប្រដាប់​អាវុធ​ចូលឆែក​ផ្ទះ​សាច់ញាតិ​ជន​សង្ស័យ​ពីបទ​អបគមន៍​

Posted: 22 May 2012 08:19 PM PDT

ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​ប៉ូលិស ​និង​មន្ត្រី​យោធា​ប្រមាណ​ជិត​៥០​នាក់​ ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​គ្រប់ដៃ​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​រហូត​ឈាន​ទៅ​ដល់​​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ឡោមព័ទ្ធ​ផ្ទះ​អ្នកស្រី​ប៊ុន ​ធឿន ​បងស្រី​បង្កើត​របស់​លោក​ប៊ុន ​រដ្ឋា​ ដែល​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ពី​បទ​បង្កើត​អបគមន៍​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ។​

ការ​ឡោមព័ទ្ធ​នេះ​បាន​ធ្វើឡើង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ​ក៏ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​សម្រុក​ចូល​ភ្លាមៗ​ទេ ​ដោយ​ពុំមាន​ដីកា​ចុះ​ឆែកឆេរ។​

អ្នកស្រី​ប៊ុន ​ធឿន ​អាយុ​៣៣​ឆ្នាំ​ បងស្រី​បង្កើត​របស់​លោក​ប៊ុន ​រដ្ឋា​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​តាមរយៈ​ទូរស័ព្ទ​មក​ថា​ សមត្ថកិច្ច​បាន​ធាក់​ទ្វារ​ និង​អង្រន់​បង្អួច​ ព្រមទាំង​បញ្ចាំង​ពិល​ចូល​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ ដែល​ធ្វើ​ឲ្យ​សមាជិក​នៅ​ក្នុង​ផ្ទះ​មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង។​ អ្នកស្រី​បាន​មាន​ប្រសាសន៍ទៀត​ថា​សមត្ថកិច្ច​មិន​បាន​រកឃើញ​ភ័ស្តុងតាង​អ្វីទេ​ បន្ទាប់​ពី​បាន​ឆែកឆេរ​ផ្ទះ​របស់​អ្នកស្រី​អស់​ប្រមាណ​ជា​ជិត​មួយ​ម៉ោង។​

«គេ​មិន​បាន​សួរ​អ្វីផង ​គ្រាន់​តែ​ថា​ ពុក​ខ្ញុំ​ហ្នឹង​មាន​ទោស។ ​គេ​ថា​ ទោស​ហ្នឹង​មិន​ជា​ធំ​ប៉ុន្មាន​ទេ ​ប៉ុន្តែ​ប៊ុន ​រដ្ឋា ​ហ្នឹង​គឺ​ខ្លាំង។​ គេ​ថា​ ពុក​ខ្ញុំ​រត់​អញ្ចឹង​ អត់​ត្រូវ​ទេ ​គួរតែ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច។ ​អញ្ចឹង​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ​ ព្រោះ​ខ្ញុំ​មិន​ដែល​ទាក់ទង​គាត់​ផង»។​

លោក​ប៊ុន ​រដ្ឋា ​អតីត​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម ​សុណង់ដូ ​ព្រមទាំង​ឪពុក​រប​ស់​គាត់​ លោក​ប៊ុន ​ឆន​ និង​ប្រជាពល​រដ្ឋ​ចំនួន​បី​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ស្វែងរក​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ នៅ​ក្នុង​ខេត្ត​ក្រចេះ។​

លោក​ឧត្តមសេនីយ៍ត្រី​ឆាយ ​គឹមសុន ​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ចាម​ បាន​មាន​ប្រសាសន៍​ថា​ ជន​សង្ស័យ​ទាំង​ប្រាំ​នាក់​ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន​ រួម​មាន​លោក​ប៊ុន ​រដ្ឋា ​លោក​ប៊ុន ​ឆន ​ឪពុក​របស់​លោក​ប៊ុន​ រដ្ឋា ​សុខ ​តុង​ ឆ័ត្រ ​សារឿន ​និង​ម៉ា ​ឆាង។​ លោក​បាន​មាន​ប្រសាសន៍​ថា​មូល​ហេតុ​ដែល​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ផ្ទះ​បងស្រី​របស់​លោក​ប៊ុន ​រដ្ឋា ​នៅ​ស្រុម​មេម៉ត់​ ខេត្ត​កំពង់ចាម​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ​មាន​ជន​សង្ស័យ​មួយ​ចំនួន​ក្នុង​ចំណោម​ប្រាំ​នាក់​ ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​នោះ​ មក​សម្ងំ​លាក់​ខ្លួន​នៅ​ទីនោះ។​

«ពេល​ឥត​ឃើញ ​គឺ​កម្លាំង​សមត្ថកិច្ច​គាត់​ដក​ចេញ​ដែរ។ ​គេ​ធ្វើ​កំណត់​ហេតុ​ឆែកឆេរ​តែ​ម្តង»។​

យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ​​ចាប់​ខ្លួន​ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ដោយ​បង្ហូរឈាម​នៅ​ក្នុង​ខេត្ត​ក្រចេះ​រួច​មក។​

កាល​ពី​ថ្ងៃ​ទី​១៦​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​ចម្រុះ​ដោយ​បូករួម​ទាំង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង ​ផង​ បាន​ចុះបង្ក្រាប​ទីតាំង​ប្រជា​ពលរដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​ប្រម៉ា ​ឃុំ​កំពង់ដំរី ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ដោយ​បាន​ចោទ​ប្រកាន់​ថា ​ក្រុម​ប្រជាពលរដ្ឋ​បាន​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ ដែល​ដឹកនាំ​ដោយ​លោក​ប៊ុន ​រដ្ឋា។ ​យ៉ាងតិច​មាន​កុមារី​មា្នក់​ឈ្មោះ​ហេង ​ចន្ថា ​ អាយុ​១៤​ឆ្នាំ ​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ ខណៈពេល​ចូល​បង្ក្រាប​នោះ។​ ពុំមាន​មន្ត្រី​សមត្ថកិច្ច​ណាម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​ក៏នាំ​យក​មក​កាត់ទោស​នៅ​ឡើយ​ទេ​ ក្រោយ​ពី​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ខេត្ត​ក្រចេះ៕​

This posting includes an audio/video/photo media file: Download Now

សមត្ថកិច្ច​ចាប់អ្នកភូមិ​បឹងកក់​ក្នុង​ពេល​បង្ក្រាប​ការ​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី​

Posted: 22 May 2012 07:28 PM PDT

ក្រុម​ប៉ូលិស ​និង​កង​រាជអាវុធហត្ថ​បាន​ចាប់​ក្រៀក ​និង​ចាប់​សែង​ដៃ ​សែងជើង​ក្រុម​អ្នក​តវ៉ា​នៅ​សហគមន៍​បឹងកក់​ម្នាក់​ម្តងៗ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ រួច​រុញ​ទម្លាក់​ពួក​គេ​ចូល​ទៅ​ក្នុង​រថយន្ត​ និង​បើក​ឆ្ពោះ​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានីភ្នំពេញ។​ ​

មនុស្ស​បី​នាក់​យ៉ាងតិច​បាន​ដួល​សន្លប់​ក្នុង​ការ​បង្រ្កាប​នេះ។​ ប្រជាពលរដ្ឋ​សរុប​ចំនួន​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទាមទារ​ដោយ​សន្តិវិធី​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា ​ឡាវ ​ម៉េងឃីន ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​​អំណាច។​

មាន​ស្រ្តី​ចំនួន​ពីរ​នាក់​បាន​សន្លប់​នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​យ៉ាង​ប្រតាយប្រតប់​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​វាយដំ ​និង​ឆក់​នឹង​ដំបងឆក់។ ​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន ​មាន​អ្នកស្រី​ទេព ​វន្នី ​ហេង​ មុំ ​និង​អ្នកស្រី​តុល ​ស្រីពៅ ​ដែល​សុទ្ធ​សឹង​ជា​អ្នក​តវ៉ា​នាំមុខ​យ៉ាង​ក្លៀវក្លា​របស់​ប្រជា​សហគមន៍​បឹងកក់។​

ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​សរុប​ប្រាណ​ជា​៥០​នាក់​ កាល​ពី​ព្រឹកមិញ​នេះ​បាន​នាំគ្នា​ប៉ុនប៉ង​ជួយ​សង់ផ្ទះ​មួយ​របស់​អ្នកស្រី ​សែន ​ទូច​ឡើងវិញ។ អ្នកស្រី​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​សហគមន៍​នេះ។ ​ក្នុង​ខណៈ​នោះ​ កងប៉ូលិស ​កង​រាជអាវុធហត្ថ ​និង​កង​សណ្ដាប់ធ្នាប់​របស់​សាលារាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០០​នាក់ ​ប្រដាប់​ដោយ​ដំបងឆក់ ​ខែល​បង្រ្កាបបាតុកម្ម​ និង​គ្រាប់បែក​ផ្សែង​ បាន​ចាប់​ប្រទាញ​យក​ឈើ​សម្រាប់​ដាំសរសរ​ផ្ទះ​ ហើយ​ក្រុម​សណ្ដាប់ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​តាម​កញ្ឆក់​យក​បដារ​របស់​ក្រុម​បាតុករ។​

បុរស​ជា​ស្វាមី​របស់​ស្រ្តី​ម្ចាស់​ផ្ទះ​បាន​ដួល​សន្លប់​ភ្លាមៗ ​ពេល​មាន​ការ​បង្រ្កាប។​

អ្នកស្រី ​សែន ​ទូច​បញ្ជាក់​ថា ​ប្តី​របស់​គាត់​ដួល​សន្លប់​ដោយ​សារ​កំហឹង។​

«យើង​ជា​ម្ចាស់​ដី​ យើង​ឆ្អែត​ខ្លាំង​ពេក​ទៅ ​ក៏​រ៉ាយរ៉ាប់​ប្រាប់​គាត់​ទៅ ​គាត់​រុញ​ រុញ​ច្រាន ​ហើយ​គាត់ ​(ប្តី)​ខឹង​ខ្លាំង​ក៏​សន្លប់​ទៅ។ ​ខ្ញុំ​សម្រេច​ធ្វើ​ផ្ទះ​ឥឡូវ​យក​ឈើ​ខ្ញុំ​ទៅ​អស់»។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ឧត្តម​សេនីយ៍​ទូច ​ណារុថ ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ ​​តែ​មិនអាច​​ទំនាក់ទំនង​បាន​ទេ ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង ​ហើយ​គ្មាន​អ្នក​ទទួល។ ​ដោយឡែក​លោក​កើត​ ឆែ ​នាយក​រងរដ្ឋបាល​សាលា​រាជធានី​ ភ្នំពេញ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​នោះ​ទេ។​

ទោះជាយ៉ាងណា​ បើ​យោង​តាម​ក្រុម​មន្ដ្រីឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​បាន​ចូល​ជួប​ជន​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​ឃុំឃាំង​បណ្ដោះ​អាសន្ន​ បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ ​ហើយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ស្អែក។ ​ហើយ​ប៉ូលិស​បាន​សួរ​ចម្លើយ​ពួកគាត់​ម្តង​មួយៗ​ នៅ​រសៀល​នេះ។​

លោក​អំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ។​

«ទោះ​ជា​យើង​បង្រ្កាប ​យើង​ចាប់​បន្តទៀត​ក៏ដោយ ​ក៏​បញ្ហា​នេះ​មិន​ចប់​ទេ។ ​វា​អាច​រីករាលដាល​ទៅ​ប្រសិន​បើ​យើង​មិនដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឲ្យ​បាន​ចប់។​ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​គឺ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ហ្នឹង​ឯង»។​

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់​បាន​សម្តែង​ប្រតិកម្ម​ក្នុង​រង្វង់​ពួក​គាត់។​

រដ្ឋាភិបាល​បានជួល​​ដី​នៃ​សហគមន៍​បឹងកក់​សរុប​ចំនួន​១៣៣​ហិចតា​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ​ ឲ្យ​ដល់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​អភិវឌ្ឍ​សំណង់​ទំនើប​ និង​មណ្ឌល​ពាណិជ្ជកម្ម។​

ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០០០​គ្រួសារ​ត្រូវ​បាន​បណ្ដេញចេញ​​ប្រកប​ដោយ​ភាព​ហិង្សា។ ​ធនាគារ​ពិភពលោក​បាន​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិនេះ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ។ ​ក្រោយ​មក​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​បាន​សម្រេច​កាត់ដី​ចំនួន​ជាង​១២​ហិចតា​សម្រាប់​ធ្វើ​ការ​បែងចែក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ជាង​៧០០​គ្រួសារ។ ​ប៉ុន្ដែ​ប្រជាពលរដ្ឋ​៩៤​គ្រួសារ​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ផ្តល់​ចំណែក​ដី ​ឲ្យ​ទេ ​ដោយ​ចោទ​ថា ​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់លើ​ចំណី​ដី​របស់​ក្រុមហ៊ុន។​ ប៉ុន្ដែ​ក្រុម​ប្រជាជន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

«មាន​ដី​ខ្លួន​ឯង ​គេ​បូម​ពន្លិច​ហើយ ​ហើយគេ​មក​ចាប់ចង់​ទៀត។​ តើ​វាសាហាវ​ប៉ុណ្ណា? ​អស់​លោក​ជួយ​មើល? ​បូមពន្លិច​បំបិទ​ភ័ស្តុតាង​ ហើយ​ចោទ​ថា ​ដី​ទឹក។ ​ផ្ទះវីឡា​ធំៗ ​បូមពន្លិច​បំបិទ​ភ័ស្តុតាង​ ហើយ​ នឹង​យក​អេស្កាវទ័រ​មក​កាវ​ឲ្យ​ខ្ទេច»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​បាន​ធ្វើ​ការ​តវ៉ា​រួច​ម្តង​ហើយ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ​ហើយ​មន្ដ្រី​ទទួល​ខុស​ត្រូវ​បាន​ប្រាប់​ពួក​គេ​ថា​ នឹង​លើក​យក​បញ្ហា​ពួក​គេ​មក​ដោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​ថ្ងៃ​ទី​៣ ​មិថុនា។​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ​ការ​សន្យា​នេះ​បាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ថា​ ពួក​គេ​ត្រូវ​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា៕​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!