VOA News: ព័ត៌មាន: “សំឡេងជំនាន់ថ្មី៖ ពៅ ជីវ័ន្ត ពិភាក្សាអំពីការផ្លាស់ប្តូរសង្គមនិងយុវជនកម្ពុជា” plus 3 more |
- សំឡេងជំនាន់ថ្មី៖ ពៅ ជីវ័ន្ត ពិភាក្សាអំពីការផ្លាស់ប្តូរសង្គមនិងយុវជនកម្ពុជា
- អូតង់ចាប់អារម្មណ៍លើផែនការនៃអន្តរកាលនៅអាហ្វហ្គានីស្ថាន
- ក្រុមអ្នករងគ្រោះដីធ្លីចេញមកតវ៉ាពេលបក្សនយោបាយឃោសនាបោះឆ្នោត
- កម្មករតវ៉ាសុំដំឡើងប្រាក់ឈ្នួលនិងបិទផ្លូវក្នុងក្រុងភ្នំពេញ
សំឡេងជំនាន់ថ្មី៖ ពៅ ជីវ័ន្ត ពិភាក្សាអំពីការផ្លាស់ប្តូរសង្គមនិងយុវជនកម្ពុជា Posted: 22 May 2012 06:07 AM PDT កម្ពុជាបច្ចុប្បន្នត្រូវបានកំណត់ដោយការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រកាលពីដើមទសវត្សរ៍១៩៩០ នៅពេលដែលកម្ពុជាត្រូវបានបង្ខំដោយចលនានយោបាយផ្ទៃក្នុង និងអន្តរជាតិឲ្យធ្វើការផ្លាស់ប្តូរពីសង្គ្រាម របបផ្តាច់ការ និងសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋ ទៅជាសន្តិភាព និងទីផ្សារសេរី។ ក្រោយសង្គ្រាមស៊ីវិលពីរទសវត្សរ៍ដែលបង្កឲ្យមនុស្សពេញដោយអំពើហិង្សា និងការបំផ្លិចបំផ្លាញសង្គម ស្ថានប័ន និង វប្បធម៌ ការបង្កើតកម្ពុជាថ្មីលើផេះផង់នៃអតីតកាលផ្អែកលើកំណែទម្រង់ប្រជាធិបតេយ្យ និងសេរីភាវូបនីយកម្មនៃទីផ្សារដែលត្រូវបានដាក់ឲ្យអនុវត្តដោយសហគមន៍អន្តរជាតិ តាមរយៈនយោបាយសេដ្ឋកិច្ចនៃការស្តារឡើងវិញ និងការអភិវិឌ្ឍសង្គម។ ក្នុងបរិបទផ្លាស់ប្តូរនេះ យុវជនកម្ពុជាបច្ចុប្បន្នត្រូវរៀបចំខ្លួន និងបង្កើតសេដ្ឋកិច្ច និងនយោបាយថ្មីក្នុងបរិបទវប្បធម៌ និងស្ថាប័ននយោបាយអន្តរកាល និងមិនច្បាស់លាស់នេះ។ ទាក់ទងនឹងបញ្ហានេះ កម្មវិធីសំឡេងជំនាន់ថ្មីនៃវីអូអេលើកយកប្រធានបទ «ការផ្លាស់ប្តូរសង្គម និងយុវជនកម្ពុជា» មកពិភាក្សា ដោយមានលោក ពៅ ជីវ័ន្ត បេក្ខជនបណ្ឌិតផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យ មែលប៊ន (University of Melbourne) ប្រទេសអូស្រ្តាលី ចូលរួមជាធ្វើជាវាគ្មិន។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
អូតង់ចាប់អារម្មណ៍លើផែនការនៃអន្តរកាលនៅអាហ្វហ្គានីស្ថាន Posted: 22 May 2012 01:51 AM PDT លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានសម្តែងការទុកចិត្តដល់សមត្ថភាពរបស់ប្រទេសអាហ្វហ្កានិស្ថានក្នុងការ«នាំមុខយ៉ាងពេញលេញ»សម្រាប់សន្តិសុខរបស់ខ្លួនមិនឱ្យហួសពីឆ្នាំ២០១៤ទេ នៅពេលដែលពួកមេដឹកនាំអង្គការអូតង់បានប្រជុំគ្នាក្នុងថ្ងៃទីពីរនិងជាថ្ងៃបញ្ចប់នៃសន្និសីទកំពូលរបស់ក្រុមសម្ព័ន្ធមិត្តនេះក្នុងក្រុងស៊ីកាហ្គោ Chicago។ លោកប្រធានាធិបតីបានមានប្រសាសន៍ថាអន្តរកាលកំពុង"ត្រូវធ្វើឡើងជាបណ្តើរៗ" ប៉ុន្តែលោកបានសន្យាថាសហគមន៍អន្តរជាតិនឹងមិនបោះបង់ចោលប្រទេសអាហ្វហ្កានិស្ថានទេខណៈដែលប្រទេសនេះខិតខំត្រួតត្រាសន្តិសុខរបស់ខ្លួនផ្ទាល់។លោកអូបាម៉ាបានមានប្រសាសន៍ថា«នៅពេលដែលប្រជារាស្ត្រអាហ្វហ្កានិស្ថានក្រោកឈរ ពួកគេមិនមែនឈរតែឯងទេ។" លោក អានឌឹរ ហ្វក រាមូសេនAnders Fogh Rasmussen អគ្គលេខាធិការអង្គការអូតង់បានមានប្រសាសន៍ថានៅដំណាច់ឆ្នាំ២០១៤«ការប្រយុទ្ធដឹកនាំដោយអូតង់នឹងត្រូវបញ្ចប់»។លោកបាននិយាយថាពួកអាហ្វហ្កានិស្ថានបានដឹកនាំកិច្ចប្រតិបត្តិការសន្តិសុខរួចស្រេចហើយនៅពាក់កណ្តាលផ្ទៃប្រទេសហើយបង្កើនល្បឿនសម្រាប់សម្រេចគោលដៅនៅឆ្នាំក្រោយ។ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថានឹងមានវត្តមានដឹកនាំដោយអូតង់នៅក្នុងប្រទេសអាហ្វហ្កានិស្ថានក្រោយពីឆ្នាំ២០១៤ដើម្បីជួយណែនាំ, ហ្វឹកហ្វឺននិងជួយដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន។ អាហ្វហ្កានិស្ថាន៖ មន្ត្រីស.រ.អ.ជាន់ខ្ពស់ម្នាក់បាននិយាយថាស.រ.អ.និងប្រទេសប៉ាគិស្ថានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបើកជាថ្មីនូវផ្លូវដឹកជញ្ជូនវត្ថុផ្គត់ផ្គង់របស់អង្គការអូតង់ពីប្រទេសប៉ាគិស្ថានទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន។ យេមេន៖ ពួកមន្ត្រី យេមេនYemen បាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារការហាត់សមដើរព្យុហយាត្រាយោធាមួយក្នុងរដ្ឋធានី សាណាSana'a កាលពីថ្ងៃច័ន្ទ បណ្តាលឱ្យទាហានយ៉ាងតិចណាស់៩៦នាក់ស្លាប់និងជាង២០០នាក់ ទៀតត្រូវរបួស។ អាហ្វហ្កានិស្ថាន៖ នៅថ្ងៃចុងក្រោយបង្អស់នៃសន្និសីទកំពូលអង្គការអូតង់ក្នុងក្រុងស៊ីកាហ្គោChicago ពួកអ្នកតវ៉ាបានធ្វើបាតុកម្មថែមទៀតមួយថ្ងៃក្រោយពីបានប៉ះទង្គិចជាមួយអាជ្ញាធរ។ អ៊ីរង់៖ នាយកទីភ្នាក់ងារបរមាណូអ.ស.ប.បានបញ្ចប់កិច្ចចរចាជាមួយពួកមន្ត្រីអ៊ីរ៉ង់នៅក្នុងក្រុង តេហរ៉ង់Teheran ដោយគ្មានដំណឹងអំពីការទំលាយភាពទាល់ច្រកនៅក្នុងជម្លោះយូរមកហើយអំពីការចូលទៅពិនិត្យរោងចក្របរមាណូអ៊ីរ៉ង់ដែលជាប់សង្ស័យថាបានត្រូវប្រើប្រាស់សម្រាប់កម្មវិធីសម្ងាត់ផលិតអាវុធបរមាណូ។ បារាំង៖ ពួករដ្ឋអាជ្ញាបារាំងបាននិយាយថាពួកគេបានបើកធ្វើការស៊ើបអង្កេតដំបូងអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ធវៈប្រឆាំងនឹងលោក ដូមីនិក ស្ត្រូសខាន់Dominique Strauss-Kahn អតីតនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ក្រុមអ្នករងគ្រោះដីធ្លីចេញមកតវ៉ាពេលបក្សនយោបាយឃោសនាបោះឆ្នោត Posted: 21 May 2012 11:58 PM PDT ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់និងសហគមន៍បុរីកីឡាបានធ្វើការតវ៉ារួមគ្នានៅថ្ងៃច័ន្ទនេះ នៅក្បែរផ្នែកខាងមុខសាលារាជធានីភ្នំពេញដើម្បីទាមទារជាថ្មីម្តងទៀតឲ្យអាជ្ញាដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។ ក៏ប៉ុន្ដែនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។ សហគមន៍ក្រីក្រទាំងពីរបានទទួលរងការបណ្ដេញចេញដោយបង្ខំជាបន្តបន្ទាប់គ្នាជាច្រើនឆ្នាំកន្លងមកហើយ។ ប្រជាពលរដ្ឋសហគមន៍បឹងកក់ចំនួនជាង ៧០០គ្រួសារ មិនទាន់ត្រូវបានអាជ្ញាធរដោះស្រាយចំណែកដីដល់ពួកគេគ្រប់គ្នានៅឡើយ។ រីឯប្រជាពលរដ្ឋសហគមន៍បុរីកីឡា ចំនួនជាង ១០០គ្រួសារទៀតកំពុងរង់ចាំការដោះស្រាយសមរម្យសម្រាប់ពួកគេផងដែរ។ ការតវ៉ារបស់ពួកគេនៅថ្ងៃនេះ ធ្វើឡើងចំពេលដែលគណបក្សនយោបាយចំនួនដប់កំពុងធ្វើការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ អ្នកស្រីយ៉ោម បុប្ផា អ្នកតវ៉ាម្នាក់នៃសហគមន៍បឹងកក់បានស្ដីបន្ទោសលើគណបក្សកាន់អំណាច។ «គណបក្សប្រជាជន គាត់ចង់បានសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។ គាត់ចង់ឈ្នះឆ្នោតហើយ។ ឆ្នាំមុនក៏ពួកខ្ញុំបោះឆ្នោតឲ្យពួកគាត់ដែរគ្រប់អាណត្តិពួកខ្ញុំបោះឲ្យ។ ដល់ពេលបោះឲ្យពួកគាត់ហើយរឿងដីធ្លីហ្នឹងនៅតែចម្រូងចម្រាស់។ បញ្ហាបឹងកក់ហ្នឹងប្រាំឆ្នាំហើយអត់ចេះមានដំណោះស្រាយចប់សោះ»។ ដោយឡែកតំណាងសហគមន៍បុរីកីឡាបានចោទប្រកាន់លើអំពើពុករលួយនិងលេសរបស់ក្រុមអាជ្ញាធរដែលមិនដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។ គណបក្សនយោបាយចំនួនដប់កំពុងធ្វើការឃោសនាបោះឆ្នោត ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ដើម្បីដណ្ដើមអាសនៈនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១.៦៣៣ ដែលជាចំនួនឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា។ លោកលី សាវ៉េត នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានកោះហៅតំណាងសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ឲ្យជួបចរចាដាច់ដោយឡែកពីគ្នា។ មន្រ្តីសាលារាជធានីភ្នំពេញដដែលបានលើកពេលដោះស្រាយបញ្ហារបស់ពួកគេទៅក្រោយការបោះឆ្នោត។ តំណាងប្រជាពលរដ្ឋសហគមន៍ទាំងនេះមួយចំនួនបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកលី សាវ៉េត ដែលគេដឹងថា ជាមន្ដ្រីរបស់គណបក្សប្រជាជនកំពុងកាន់អំណាចមួយរូបបានប្រាប់ឲ្យក្រុមប្រជាពលរដ្ឋដែលមានបញ្ហាទាំងនេះបោះឆ្នោតឲ្យគណបក្សរបស់ខ្លួនជាថ្នូរជាមួយនឹងដំណោះស្រាយ។ ហើយការដោះស្រាយនឹងធ្វើនៅក្រោយពេលបោះឆ្នោត។ លោកលី សាវ៉េត មិនអាចទាក់ទងបានទេដោយសារទូរស័ព្ទរបស់លោកផ្តល់សញ្ញាជាប់រវល់រហូត។ រីឯលោកកែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ បានលើកទូរស័ព្ទ។ ក៏ប៉ុន្ដែលោកនិយាយត្រឹមតែ «អាឡូ» តែប៉ុណ្ណោះ។ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងលោកនី ចរិយាប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកបានផ្តន្ទាទោសដំណោះស្រាយខាងលើ។ លោកនី ចរិយា ចាត់ទុកថានេះជាលក្ខខណ្ឌខុសច្បាប់។ «ពេលនេះបើសិនណា ជាមានបញ្ហាហ្នឹងមែន គួរតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែមានវិធានការទៅលើអាជ្ញាធរដែនដីណា ដែលធ្វើការគាបសង្កត់យកសំឡេងឆ្នោតដោយការបង្ខំរបៀបនេះ។ ដោយយកជាថ្នូរ ទៅនឹងអ្វីដែលជាកាត្វកិច្ចរបស់ខ្លួន ក្នុងនាមខ្លួនជាមន្ត្រីសាធារណៈ»។ លោកទេព នីថា មានប្រសាសន៍ដូចគ្នាថា ប្រសិនបើនេះជាការណ៍ពិតនោះ ការប្រព្រឹត្តិរបស់មន្ដ្រីខាងលើបានបំពានលើច្បាប់បោះឆ្នោត។ ក៏ប៉ុន្ដែលោកបញ្ជាក់ថា គជប មិនទាន់មានគម្រោងធ្វើការស៊ើបអង្កេតលើបញ្ហានេះទេ៕ This posting includes an audio/video/photo media file: Download Now |
កម្មករតវ៉ាសុំដំឡើងប្រាក់ឈ្នួលនិងបិទផ្លូវក្នុងក្រុងភ្នំពេញ Posted: 21 May 2012 06:01 PM PDT ក្រុមកម្មករនៃរោងចក្របោកគក់ អេសអ៊ិល (SL) ប្រមាណជិត ១.០០០នាក់ ដែលមានទីតាំងនៅក្នុងសង្កាត់ស្ទឹងមានជ័យនៅថ្ងៃច័ន្ទនេះ បានធ្វើមហាបាតុកម្មដ៏ធំមួយដោយសន្តិវិធីនៅក្នុងខណៈពេលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឈានដល់ថ្ងៃទី៤។ ការធ្វើបាតុកម្មដោយសន្តិវិធីនេះដឹកនាំដោយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថាស៊ីខៅឌូ របស់លោកអាត់ ធន់ ហើយមិនមានការបង្រ្កាបពីក្រុមសមត្ថកិច្ចនោះទេបើទោះបីជាក្រុមកម្មករបានបិទផ្លូវព្រះមុនីវង្ស ដែលមានចរាចរណ៍ដ៏មមាញឹកមួយនៅក្នុងកណ្តាលទីក្រុងភ្នំពេញអស់រយៈពេលប្រមាណ២០នាទីក៏ដោយ។ លោកទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញបាននិយាយថាប៉ូលិសមិនបានបង្រ្កាបបាតុកម្មនេះទេ។ ក៏ប៉ុន្តែលោកស្នើសុំបាតុករកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរ។ «កម្មករគាត់ធ្វើប្រសិនណាគាត់យោគយល់និយាយគ្នាបានជាមួយយើង។ អាហ្នឹងយើងឲ្យគាត់ធ្វើចុះ បើទោះបីជាគាត់គ្មានច្បាប់ក៏ដោយ។ ក៏ប៉ុន្តែពេលនេះ គឺចាំបាច់ត្រូវដាក់ច្បាប់ហើយ»។ ក្រុមកម្មករភាគច្រើនដោយមានការចូលរួមពីយុវជនបានសរសេរបដាដែលបានទាមទារលក្ខខណ្ឌការងារ រួចហើយបានដើរក្បួនដង្ហែរចេញពីរោងចក្ររបស់ខ្លួនមកកាន់ក្រសួងសង្គមកិច្ច។ ក្រុមកម្មករបានកាច់មែកឈើដើម្បីយកមកទទូរក្បាលនិងវាយស្គនៅតាមដងផ្លូវសាធារណៈនានា ដើម្បីបង្ហាញពីការទាមទារឲ្យរោងចក្រអេសអិល ផ្តល់លក្ខខណ្ឌការងារនិងទាមទារលុយបន្ថែមសម្រាប់ធ្វើដំណើរនិងប្រាក់ឈ្នួលផ្ទះប្រចាំខែ។ «ការទាមទាររបស់យើងគឺលុយថ្លៃផ្ទះ១៥ដុល្លារ។ លុយធ្វើដំណើរ ១០ដុល្លារ ហើយលុយព្រីម ១២ដុល្លារ ហើយនឹងលុយវេនយប់ ២០០ភាគរយ។ មានអ្នកខ្លះ អ្នកចូលចាស់ ២០០ភាគរយ រីឯអ្នកចូលថ្មី ១៣០ភាគរយ។ ហើយការងារអត់ងងុយដូចតែគ្នា ហេតុម្តេចលុយក៏ខុសគ្នា?» លោកជិប អ៊ាង ប្រធានរដ្ឋបាលរោងចក្រអេសអិលបានមានប្រសាសន៍ថាការទាមទាររបស់ក្រុមកម្មករលោកមិនអាចទទួលយកបានទេ។ លោកបានចាត់ទុកថាការដឹកនាំបាតុកម្មរបស់លោកអាត់ ធន់ គឺជាអំពើខុសច្បាប់។ «យើងមិនអាចដោះស្រាយបានទេ ចំពោះអ្នកដែលធ្វើខុសច្បាប់គ្រប់ធុននេះ។ យើងមិនអាចជជែកជាមួយគាត់បានទេ។ កាលណាលើកមុនជជែកម្តងហើយហើយបាននិយាយគ្នាហើយរឿងដែលនៅសល់ យើងនឹងដោះស្រាយគ្នានៅក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមនីតិវិធីច្បាប់។ ប៉ុន្តែគាត់មិនបានធ្វើទេ គាត់នៅតែបន្តអាភាពខុសច្បាប់ហ្នឹងបន្តទៅទៀត។ មនុស្សគាត់ហ្នឹង មនុស្សព្រៃមិនដឹងថាអ្នកណានៅពីក្រោយខ្នងគាត់ទេ ដែលគាំទ្រគាត់ឲ្យគាត់ធ្វើបែបព្រៃអញ្ចឹងទៀត»។ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលហៅកាត់ថាស៊ីខៅឌូ បានបញ្ជាក់ថាដើមហេតុដែលនាំឲ្យមានការធ្វើបាតុកម្មនេះ ដោយសារតែរោងចក្រអេសអិលបានបញ្ឈប់មេដឹកនាំសហជីពរបស់ខ្លួន។ លោកបានបញ្ជាក់ថាលោកបានព្យាយាមរកដំណោះស្រាយជាមួយរោងចក្រ ក៏ប៉ុន្តែតំណាងរោងចក្រតែងតែបដិសេធ។ «កម្មករប្រមាណជាង ៦.៥០០នាក់ បើសិនជាមិនមានការជួយពន្យល់ពីពួកយើងទេ។ ចុះបើគេដុតរោងចក្រខ្ទេចទៅ តើនរណាទទួលខុសត្រូវ។ គឺយើងគ្រាន់តែជាអ្នកជួយសម្រួលទេ។ យើងឥតបានដឹកនាំកម្មករធ្វើកូដកម្មទេ។ ព្រោះរឿងហ្នឹង គាត់ទាមទារថាក្រុមហ៊ុនឥតបានដោះស្រាយឲ្យគាត់»។ បន្ទាប់ពីបានដាក់ញត្តិទាមទារចំនួន ១០ចំណុចទៅក្រសួងសង្គមកិច្ច ក្រុមកម្មករបានសម្រេចរំសាយទៅវិញ ដោយរង់ចាំដំណោះស្រាយនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់លោកអាត់ ធន់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |