VOA News: ព័ត៌មាន: “មេដឹកនាំអាល្លឺម៉ង់ទទួលសម្ពាធឱ្យបន្ធូរបន្ថយគោលជំហររឹតត្បិតថវិកាលើប្រទេសក្រិក” plus 4 more |
- មេដឹកនាំអាល្លឺម៉ង់ទទួលសម្ពាធឱ្យបន្ធូរបន្ថយគោលជំហររឹតត្បិតថវិកាលើប្រទេសក្រិក
- អ៊ីរ៉ង់ និងប្រទេសមហាអំណាចប្តូរសំណើគ្នាក្នុងកិច្ចចរចានុយក្លេអ៊ែរ
- អ្នកតវ៉ាបឹងកក់ត្រូវបានបន្តឃុំខ្លួន
- ប្រជាពលរដ្ឋមួយក្រុមថាខ្លួនត្រូវបានគាបសង្កត់ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា
- សាមណេរមួយអង្គត្រូវផ្សឹកក្រោយចូលរួមវេទិកាសាធារណៈ
មេដឹកនាំអាល្លឺម៉ង់ទទួលសម្ពាធឱ្យបន្ធូរបន្ថយគោលជំហររឹតត្បិតថវិកាលើប្រទេសក្រិក Posted: 24 May 2012 10:06 AM PDT លោកស្រី អង់ហ្គេឡា មឺកេល (Angela Merkel) អធិការបតីអាល្លឺម៉ង់ប្រឈមមុខនឹងសម្ពាធនៅថ្ងៃពុធនៅទីក្រុងព្រុចស្សែល (Bruxelles) ឲ្យលោកស្រីបន្ទន់ជំហររឹតត្បិតថវិការបស់លោកស្រីដែលគម្រាមចង់ជំរុញប្រទេសក្រិកឲ្យដកខ្លួនចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ ក្រុមមេដឹកនាំនៃប្រទេស២៧ជាសមាជិកសហភាពអឺរ៉ុបពិភាក្សាអំពីវិធីជំរុញការលូតលាស់សេដ្ឋកិច្ចនៅទូទាំងតំបន់ខ្លួន ហើយដោះស្រាយវិបត្ដិរូបីយប័ណ្ណអឺរ៉ុប អំឡុងពេលមានការប្រជុំហើយនឹងពិសារអាហារពេលល្ងាចនៅរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក។ ប្រទេសបារាំងនិងអាល្លឺម៉ង់ ដែលជានិច្ចកាលមានសាមគ្គីភាពក្នុងការចាត់វិធានការតឹងរឹង បានខ្វែងគំនិតគ្នាចាប់តាំងពីលោកប្រធានាធិបតីហ្វ្រ័ងស្វ័រ ហូឡង់ (Francois Hollande) នៃប្រទេសបារាំងដែលជាអ្នកសង្គមនិយមឡើងកាន់អំណាច។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT--> អាស៊ី ប៉ាស៊ីហ្វិក៖ អង្គការសិទ្ធិមនុស្ស Amnesty International ឲ្យដឹងថា រដ្ឋាភិបាលជាច្រើននៅតំបន់អាស៊ី ប៉ាស៊ីហ្វិក បង្កើតការបង្ក្រាបរបស់ខ្លួនទៅលើក្រុមអ្នកជំទាស់នយោបាយនៅឆ្នាំ២០១១ នៅក្នុងការខិតខំប្រឹងប្រែងការពារអំណាចរបស់ខ្លួន ក្រោយពីមានការបះបោរនៅមជ្ឈឹមបូព៌ាហើយនិងប្រទេសនៅទ្វីបអាហ្វ្រិកខាងជើង។
ភូមា៖ លោកស្រី អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំគណបក្សជំទាស់នៃប្រទេសភូមានឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសនៅសប្តាហ៍ក្រោយ ដែលជាលើកទីមួយដែលមិនធ្លាប់បានធ្វើជាងពីរទសវត្សរ៍មកហើយដើម្បីចូលរួមក្នុងការប្រជុំសេដ្ឋកិច្ចនៅប្រទេសថៃ។ អេហ្ស៊ីប៖ នៅប្រទេសអេហ្ស៊ីបការបោះឆ្នោតប្រព្រឹត្ដធ្វើបន្តទៀតហើយ នៅក្នុងការបោះឆ្នោតជាប្រវត្ដិសាស្ដ្រជ្រើសរើសប្រធានាធិបតី ដែលគូប្រជែងជាបេក្ខជនអ៊ីស្លាមប្រឆាំងនឹងបេក្ខជនមិននិយមសាសនាអ្វីដែលមានឫសគល់ក្នុងកងឆ្មាំរបស់អតីតប្រធានាធិបតីលោក ហូសនី មូបារ៉ាក់។ អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់និងប្រទេសមួយចំនួនក្នុងពិភពលោកធ្វើការចរចាគ្នាដែលមិនបានគ្រោងទុកជាមុននៅថ្ងៃព្រហស្បតិ៍ ស្ដីពីសំណើពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ ស៊ីរី៖ ក្រុមមួយនៃអ.ស.បនិយាយថាទាំងរដ្ឋាភិបាលនៃប្រទេសស៊ីរីនិងក្រុមបះបោរប្រដាប់អាវុធបានរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចាប់តាំងពីខែមិនានៅឆ្នាំនេះមកទោះបីមានបទឈប់បាញ់គ្នាមួយដែលមិនរឹងមាំក៏ដោយ។ ចិន៖ គេរាយការណ៍មកថាបងប្រុសរបស់លោក ចេន ហ្គ្វាងចេង (Chen Guangcheng) សកម្មជនចិនពិការភ្នែកបានរត់ចេញពីភូមិដែលមានការយាមរឹងមាំដែលស្ថិតនៅភាគឦសានប្រទេសចិនហើយ ដើម្បីស្ថែងរកយោបល់ផ្នែកច្បាប់អំពីវិធីការពារកូនប្រុសរបស់លោកពីអ្វីដែលលោកនិយាយថាជាការចោទក្នុងបទឧក្រិដ្ឋកម្មដើម្បីសងសឹក។ ស៊ីរី៖ អង្គការសិទ្ធិមនុសុ្ស Amnesty International នៅក្នុងសេចក្ដីរាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឲ្យដឹងថាការរលំនៃថ្នាក់មេដឹកនាំក្នុងពិភពលោកបានធ្វើឲ្យខូចខាតប្រយោជន៍ដល់សេចក្ដីក្លាហានរបស់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ជាពិសេសនៅប្រទេសស៊ីរី។ This posting includes an audio/video/photo media file: Download Now |
អ៊ីរ៉ង់ និងប្រទេសមហាអំណាចប្តូរសំណើគ្នាក្នុងកិច្ចចរចានុយក្លេអ៊ែរ Posted: 23 May 2012 11:57 PM PDT អ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោក បានផ្តោះប្តូរសំណើទៅវិញទៅមក កាលពីថ្វៃពុធ នៅក្នុងកិច្ចប្រជុំមួយនៅក្រុងបាកដាដក្នុងគោលដៅដោះស្រាយការព្រួយបារម្ភរបស់អន្តរជាតិចំពោះលទ្ធភាពយោធានៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA និយាយថាក្រុមអ្នកចរចាអ៊ីរ៉ង់ បានជូនសំណើប្រាំចំណុច ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនិងមិនមែននុយក្លេអ៊ែរកាលពីថ្ងៃពុធ មិនយូរប៉ុន្មានបន្ទាប់ពីប្រទេសមហាអំណាចបានបើកកិច្ចប្រជុំដោយមានសំណើផ្ទាល់របស់ខ្លួនដែរ។ IRNA និយាយថា ភាគីទាងសងខាងបានធ្វើសំណើរបស់ខ្លួនតាមពាក្យសំដី ហើយមានផែនការនឹងធ្វើកិច្ចចរចាទីពីរនៅថ្ងៃព្រហស្បតិ៍នេះម្តងទៀត។ IRNA រិះគន់សំណើ របស់ក្រុមប្រទេសទាំង៦ ថាជាការទាមទារច្រើនពេកពីអ៊ីរ៉ង់ ដោយមិនបានផ្តល់អ្វីច្រើនជាសំណងមកវិញ។ អ្នកនាំពាក្យម្នាក់របស់សហភាពអឺរ៉ុបនិយាយថា សេចក្តីស្នើរបស់ប្រទេសទាំង៦គឺចង់ដោះស្រាយបញ្ហាការព្រួយបារម្ភរបស់ពួកគេអំពីកម្មវិធីចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមUranium របស់ប្រទេសអ៊ីរ៉ង់ឲ្យបានសុទ្ធដល់កម្រិត ២០%។ ប្រជាពលរដ្ឋ អេហ្ស៊ីប ជាច្រើនលាននាក់បានឈរបន្តកន្ទុយគ្នាយ៉ាងវែងកាលពីថ្ងៃពុធ ដើម្បីចាំចូលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជាលើកដំបូង ចាប់តាំងពីពេលលោកប្រធានាធិបតី Hosni Mubarak បានលាឈប់ពីតំណែងកាលពីឆ្នាំមុន ដោយសារមានបាតុកម្មប្រឆាំងយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ៊ឹរ៉ុប៖ ប្រទេសចំនួន១៦ នៅក្នុងសហភាពប្រើប្រាស់រូបីយប័ណ្ណ អឺរ៉ូ បានចាប់ផ្តើមពិនិត្យមើលភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុដែលអាចកើតមានឡើង ក្នុងករណីដែលប្រទេស ក្រិក ដែលមានជំពាក់ប្រាក់បំណុលយ៉ាងច្រើនសម្បើម សម្រេចដកខ្លួនចេញពីសហភាពនេះ។ អ្នកវិភាគមានសេចក្តីភ័យខ្លាចថា ការដកខ្លួនចេញរបស់ប្រទេសក្រិក ដែលខ្លះនៅក្នុងទ្វីបអឺរ៉ុបឲ្យឈ្មោះថា «Grexit»នោះ អាចធ្វើឲ្យអាក់ខានដល់ផ្សារហិរញ្ញវត្ថុអន្តរជាតិ ធ្វើឲ្យធានាគារអឺរ៉ុបខាត់បង់ប្រាក់រាប់ពាន់លានដុល្លារ បើសិនជាប្រទេស ក្រិក មិនព្រមសងប្រាក់បំណុលទាំងអស់របស់ខ្លួននោះ។ អឺរ៉ុប៖ មេដឹកនាំប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប បានបើកសន្និសីទកំពូលមួយដែលមានគោលដៅដោះស្រាយវិបត្តិប្រាក់បំណុលរបស់តំបន់នេះ។ ប៉ាគិស្ថាន៖ មន្រ្តីប៉ាគិស្ថាន និយាយថា វេជ្ជបណ្ឌិតដែលបានជួយស.រ.អតាមដាន អូសាម៉ា បិនឡាដិនOsama bin Laden បានទទួលទោសជាប់គុក៣៣ឆ្នាំអំពីបទក្បត់ជាតិ។ លោកសាឃីល អាហ្វ្រ៊ីឌី Shakeel Afridi បានទទួលការចោទប្រកាន់ពីបទធ្វើយុទ្ធនាការចាក់ថ្នាំក្លែងក្លាយមួយ ដើម្បីជួយទីភ្នាក់ងារCIAបានគំរូ DNA របស់មេដឹកនាំ អាល់កៃដាal-Qaida និងសមាជិកគ្រួសារ ដើម្បីបញ្ជាក់វត្តមានរបស់ពួកគេនៅក្នុងគេហស្ថានមួយក្នុងទីក្រុង អាបួតាបាដAbbottabad ក្នុងប៉ាគិស្ថាន។ កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់អាមេរិកាំងមួយរូបអំពាវនាវប្រទេសកូរ៉េខាងជើង កុំឲ្យធ្វើការសាកល្បងនុយក្លេអ៊ែរមួយដោយព្រមានថា ទង្វើមួយបែបនេះជា«ការបង្ករឿងហេតុដ៏ធំមួយ»។ លោកគ្លីន ដាវីស Glyn Davies ប្រេសិតពិសេសរបស់ស.រ.អសម្រាប់ប្រទេស កូរ៉េខាងជើងបានពោលដូច្នេះ កាលពីថ្ងៃពុធនៅក្រុងប៉េកាំង ក្រោយកិច្ចប្រជុំជាមួយមន្រ្តីចិនដែលលោកបានពិភាក្សាអំពីបញ្ហាមួយចំនួនរួមមានកម្មវិធីនុយក្លេអ៊ែររបស់ ព្យុងយ៉ាងPynogyang។ ភួមា៖ បាតុករភូមាជាង១០០០នាក់មិនស្តាប់ការបញ្ជារបស់ប៉ូលិស ហើយបាននាំគ្នាចេញទៅធ្វើការតវ៉ាតាមផ្លូវ នៅទីក្រុងរ៉ង់ហ្គូនRangoon កាលពីថ្ងៃពុធ ដើម្បីទាមទារឲ្យបញ្ឈប់ការកាត់ផ្តាច់អគ្គិសនីនៅក្នុងទីក្រុងធំៗរបស់ភូមា។ ការប្រជុំមហាជននៅក្នុងវត្ត ស៊ូលSule កាលពីថ្ងៃពុធ នៅកណ្តាលទីក្រុង រ៉ង់ហ្គូនRangoon ជាការប្រជុំទីពីរក្នុងពេលពីរថ្ងៃជាប់គ្នា ដែលក្រុមបាតុករបានប្រឈមមុខជាមួយប៉ូលិសក្នុងរដ្ឋធានីពាណិជ្ជកម្មដើម្បី ទាមទារឲ្យមានអគ្គិសនីប្រើប្រាស់២៤ម៉ោង(ក្នុងមួយថ្ងៃ)។ ការកាត់ផ្តាច់អគ្គិសនីបែបនេះជាការធម្មតានៅក្នុងប្រទេសក្រីក្រមួយនេះ ដែលមានពេលខ្លះផ្តាច់ដល់ទៅ ៦ ម៉ោងឬយូរជាងនេះ នៅក្នុងទីក្រុងធំៗ។ អ្នករៀបចំបាតុកម្ម បានប្រាប់ក្រុមផ្សាយភាសាភូមារបស់វីអូអេ ថា ប៉ូលិសបានចុះផ្សាយការព្រមានមិនឲ្យធ្វើបាតុកម្មកាលពីថ្ងៃពុធនៅក្នុងសារព័ត៌មានក្នុងតំបន់ហើយថា អ្នករៀបចំបានសម្រេចធ្វើបាតុកម្មអុចទៀនចុងក្រោយនេះ ប្រឆាំងនឹងការព្រមានតាមផ្លូវការ។ ប៉ូលិសបានឃុំខ្លួនសមាជិកគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យជាច្រើននាក់កាលពីថ្ងៃអង្គារ ដើម្បីសួរចម្លើយ មុននឹងដោះលែងទៅវិញ។ អាហ្វហ្កានិស្ថាន៖ វេជ្ជបណ្ឌិតក្នុងអាហ្វហ្កានិស្ថានភាគខាងជើងនិយាយថា ពួកគេបានព្យាបាលយុវនារីជាង ១២០ នាក់ ដែលប្រហែលជាពុលថ្នាំ បន្ទាប់ពីនារីទាំងនោះធ្លាក់ខ្លួនឈឺ នៅក្នុងសាលារៀន។ លោកអាប់ឌុល វ៉ាហាប់ ហ្សាវ៉ារី AbdulWahab Zafariប្រធានមន្ទីរអប់រំខេត្ត តាខារTakhar ថ្លែងថា នារីទាំងនោះបានធុំ«ក្លិនចម្លែកម្យ៉ាង»ក្នុងសាលារៀន មុននឹងពួកគេធ្លាក់ខ្លួនឈឺ កាលពីថ្ងៃពុធ។ នារីម្នាក់និយាយថានាងបានឃើញកូនសិស្សម្នាក់សន្លប់ ហើយឈឺធ្ងន់។ នាងប្រាប់ថានាងនិងនារីជាច្រើនទៀតបានបាត់បង់ស្មារតីបន្ទាប់ពីបានផឹកទឹករួច។ ខណៈដែលពុំមានអ្នកណាប្រកាសទទួលខុសត្រូវ ពួក តាលីបាន់ជាញឹកញយ ធ្វើការវាយប្រហារដោយអាស៊ីតនិងថ្នាំបំពុលសំដៅទៅលើស្រ្តី ដោយព្យាយាមដើម្បីបំបិទសិទ្ធិរបស់ពួកគេ។ ក្រោមការគ្រប់គ្រងរបស់ពួក តាលីបាន់ ស្ត្រីទទួលបំរាមមិនឲ្យធ្វើការ ឬមិនឲ្យទៅសាលារៀនក្រៅផ្ទះរបស់ខ្លួនទេ។ សូម៉ាលី៖ សហភាពអាហ្វ្រីកនិងមន្រ្តីប្រទេស សូម៉ាលីSomalie និយាយថាកងទ័ពកំពុងជាប់វាយប្រយុទ្ធយ៉ាងខ្លាំងជាមួយយុទ្ធជន អាល់ សាបាប់al-Shabab នៅខាងក្រៅរដ្ឋធានី ម៉ូហ្កាឌីស៊ូMogadishu នៅក្នុងការវាយលុកយ៉ាងលឿនមួយដើម្បីដណ្តើមយកទីតាំងដ៏មាំរបស់ពួកសកម្មប្រយុទ្ធ។ This posting includes an audio/video/photo media file: Download Now |
អ្នកតវ៉ាបឹងកក់ត្រូវបានបន្តឃុំខ្លួន Posted: 23 May 2012 08:43 PM PDT អាជ្ញាធរប៉ូលិសរាជធានីភ្នំពេញនៅបន្តឃុំខ្លួនស្រី្តអ្នកតវ៉ាទំនាស់ដីធ្លីរបស់សហគមន៍បឹងកក់ទាំង១៣នាក់នៅឡើយមកទល់នឹងយប់ថ្ងៃពុធនេះ បើទោះបីជាមានការអំពាវនាវពីក្រុមអង្គការការពារសិទ្ធិមនុស្សឯករាជ្យសំខាន់ៗ ជាច្រើនក្នុងប្រទេសក៏ដោយ។ នេះបើយោងតាមក្រុមប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ និងក្រុមមន្ដ្រីសិទ្ធិមនុស្ស។ អ្នកភូមិបឹងកក់ប្រមាណជាង៥០នាក់ បានទៅប្រមូលផ្តុំគ្នានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ចាប់តាំងពីព្រឹករហូតដល់យប់ថ្ងៃនេះដោយជឿថា អ្នកដែលត្រូវចាប់ខ្លួននឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការចោទប្រកាន់។ ក៏ប៉ុន្ដែនគរបាលមិនបានបញ្ជូនអ្នកដែលត្រូវចាប់ខ្លួនទៅកាន់តុលាការនោះទេ។ កាលពីថ្ងៃអង្គារម្សិលមិញក្រុមនគរបាល កងរាជអាវុធហត្ថ និងកងសណ្ដាប់ធ្នាប់រាជធានីភ្នំពេញជាង១០០នាក់ប្រដាប់ដោយខែល ដំបងឆក់ និងគ្រាប់បែកផ្សែង បានឡោមព័ទ្ធប្រជាពលរដ្ឋអ្នកតវ៉ានៅសហគមន៍បឹងកក់ដែលមានគ្នាសរុបប្រមាណជា ៥០នាក់ និងបានបង្រ្កាបពួកគេយ៉ាងហិង្សា។ រួចបន្ទាប់មកក្រុមសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន១៣ ដោយសែង ដៃសែងជើងពួកគេរុញបញ្ចូលទៅក្នុងរថយន្តរបស់ប៉ូលិស។ មានប្រជាពលរដ្ឋចំនួនបីនាក់បានដួលសន្លប់ក្នុងព្រឹត្តិការណ៍នោះ។ ក្នុងចំណោមអ្នកចាប់ខ្លួនមានអ្នកស្រីទេព វន្នី ហេង មុំ និងអ្នកស្រីតុល ស្រីពៅ ដែលសុទ្ធសឹងជាអ្នកតវ៉ានាំមុខយ៉ាងក្លៀវក្លារបស់ប្រជាសហគមបឹងកក់។ សមាគមការពារសិទ្ធិមនុស្ស អាហុក ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះបានហៅការចាប់ឃុំខ្លួនស្រ្តីអ្នកតវ៉ានៅសហគមន៍បឹងកក់នោះថា ក្រុមអាជ្ញាធរបានធ្វើឲ្យស្ថានភាពជំលោះដីធ្លីនៅសហគមន៍បឹងកក់កាន់តែធ្ងន់ធ្ងរ។ សមាគមអាដហុកបានរំលឹកដល់រដ្ឋាភិបាលខ្មែរថា អាជ្ញាធរកម្ពុជាត្រូវស្ថិតនៅក្រោមកាតព្វកិច្ចការពារសិទ្ធិមានលំនៅដ្ឋានសមរម្យនៃប្រជាពលរដ្ឋរបស់ខ្លួន ដែលត្រូវការពារជាលក្ខណៈអន្ដរជាតិ។ អង្គការក្រៅរដ្ឋាភិបាលចំនួនបួន បានទាមទារភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនស្ដ្រីអ្នកតវ៉ាទំនាស់ដីធ្លីទាំង១៣នាក់ ឲ្យអាជ្ញាធរក្រុងភ្នំពេញដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញដោយបានថ្កោលទោសការចាប់ខ្លួននោះ។ លោកឧត្តមសេនីត្រី ទូច ណារ៉ុថ ស្នងការប៉ូលិសរាជធានីភ្នំពេញមិនអាចធ្វើទំនាក់ទំនងដើម្បីស្នើការពន្យល់ណាមួយបានទេដោយសារតែលោកមិនលើកទូរសព្ទ។ រីឯមន្ដ្រីផ្លូវការសាលារាជធានីដទៃទៀតបដិសេធមិនផ្តល់សេចក្ដីអត្ថាធិប្បាយ។ លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុកចាត់ទុកថា អាជ្ញាធរក្រុងភ្នំពេញកំពុងបិទបាំងព័ត៌មាននូវអំពើខុសច្បាប់របស់ខ្លួន។ «អាជ្ញាធរខ្លួនឯងធ្វើខុសមិនព្រមយកច្បាប់យកមកអនុវត្តន៍ទេ បែជាប្រើប្រាស់កម្លាំងប្រដាប់អាវុធចាប់ខ្លួនពួកគាត់និងឃុំខ្លួនរហូតដល់ពេលនេះ។ កាលណាធ្វើអំពើខុសច្បាប់ពួកគេតែងតែបិទបាំងពត៌មានអញ្ចឹងហើយ»។ ជាមួយគ្នានេះលោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានជំរុញឲ្យក្រុមអាជ្ញាធរដោះស្រាយទំនាស់ជាមួយក្រុមអ្នកភូមិបឹងកក់ប្រកបដោយតម្លាភាព។ ការចាប់ខ្លួនអ្នកភូមិបឹងកក់យកមកឃុំឃាំងនេះធ្វើឡើងស្របគ្នានឹងគណបក្សនយោបាយនានាកំពុងធ្វើការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនា។ រដ្ឋាភិបាលបានផ្តល់ដីសរុបចំនួន១៣៣ហិចតានៃសហគមបឹងកក់ដល់ក្រុមហ៊ុនស៊ូកាគូ អ៊ីន របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិករបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីអភិវឌ្ឈសំណង់ទំនើប និងមណ្ឌលពាណិជ្ជកម្មសម្រាប់រយៈពេល ៩៩ឆ្នាំ។ ប្រជាពលរដ្ឋចំនួនជាង ៤,០០០គ្រួសារ ត្រូវបានបណ្ដេញចេញប្រកបដោយភាពហិង្សា។ រហូតមកទល់ពេលនេះប្រជាពលរដ្ឋជាង៧០០ គ្រួសារទៀតមិនទាន់ទទួលបានការបែងចែកដីសមរម្យតាមការបញ្ជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្រោយពីមានគំនៀបរបស់ធនាគារពិភពលោកនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ប្រជាពលរដ្ឋមួយក្រុមថាខ្លួនត្រូវបានគាបសង្កត់ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា Posted: 23 May 2012 05:44 PM PDT ប្រជាពលរដ្ឋមួយក្រុមនៅខេត្តស្ទឹងត្រែងបានចោទប្រកាន់ថាមន្ត្រីគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ខិតបង្ខំប្រជាពលរដ្ឋដែលមិនមែនជាសមាជិករបស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលគណបក្សនយោបាយចំនួន១០ កំពុងធ្វើយុទ្ធាការឃោសនារកសំឡេងឆ្នោតសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។ ប្រជាពលរដ្ឋមួយរូបនៅខេត្តស្ទឹងត្រែងបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទដោយស្នើសុំមិនបញ្ចេញឈ្មោះថា នៅក្នុងខណៈពេលដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅព្រឹកថ្ងៃពុធនេះ នៅក្នុងបរិវេណវត្តកែងញ៉ែ ដែលមានទីតាំងនៅក្នុងភូមិកែងញ៉ែ មានប្រធានភូមិ និងប្រធានឃុំបានកោះអញ្ជើញប្រជាពលរដ្ឋដែលមិនមែនជាសមាជិករបស់ខ្លួនឲ្យចូលរួមការឃោសនារបស់គណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា បន្ទាប់ពីបានចែកអាវយឺត និងមួកដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជារួចមក មន្ត្រីគណបក្សប្រជាជនកម្ពុជាបានបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានបង្ខិតបង្ខំថា នៅថ្ងៃបោះឆ្នោតគណបក្សប្រជាជនកម្ពុជានឹងបានដឹងទាំងអស់ថា មានប្រជាពលរដ្ឋណាដែលបានបោះ និងមិនបានបោះជូនគណបក្សប្រជាជនកម្ពុជានោះ។ «ពេលបានមួកហើយ ត្រូវតែបោះឆ្នោតជូនគណបក្សគាត់ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជន។ ចំណែកប្រជាជនគាត់មិនបានដឹងអី គិតតែពីអង្គុយស្តាប់រហូត ដឹងពី បាទៗ»។ លោកស៊ី សួន អភិបាលស្រុកសៀមប៉ាង បានទទួលស្គាល់ថា លោកបានបង្រៀនពីរបៀបបោះឆ្នោតជូនគណបក្សប្រជាជនពិតមែន។ ក៏ប៉ុន្តែការបង្រៀននេះធ្វើឡើងគឺសម្រាប់តែសមាជិកគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ លោកបាននិយាយថាការបង្រៀននេះមិនមែនជាទង្វើផ្ទុយទៅនឹងច្បាប់បោះឆ្នោតទេ។ «ខ្ញុំដឹងថា សុទ្ធតែប្រជាជននោះ ក៏ប៉ុន្តែអ្នកដែលចូលរួមសុទ្ធតែសមាជិករបស់គណបក្សប្រជាជន ព្រោះអីនេះជាសិទ្ធិថ្ងៃគេប្រារព្ធការឃោសនា»។ លោកពុយ ចន្ថាឡាក់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បាននិយាយថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ។ លោកបានមានប្រសាសន៍ថាប្រសិនណាបើមានមន្ត្រីគណបក្សណាមួយបានបង្ខិតបង្ខំប្រជាជន ដែលមិនមែនជាសមាជិករបស់ខ្លួននោះ ឲ្យបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួនគឺជាទង្វើផ្ទុយទៅនឹងច្បាប់។ «បើសិនជាប្រជាជនរួមវាឥតត្រូវទេ បើសិនជាគណបក្សដែលគាំទ្រគាត់គឺឥតខុសទេ។ ធ្វើយ៉ាងម៉េចចាំមើលខ្ញុំស្រាវជ្រាវសិន»។ កម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ កន្លងទៅនេះ។ រហូតមកដល់ពេលនេះដំណើរការឃោសនារបស់គណបក្សនយោបាយទាំង១០ បានឈានទៅដល់ថ្ងៃទី៦ហើយ។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថាប្រាំមួយថ្ងៃកន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន១៨ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ លោកបានបញ្ជាក់ថា បណ្តឹងទាំងនោះរួមមានបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាចំនួន បីបណ្តឹង គណបក្សសម រង្ស៊ី ចំនួន១៤បណ្តឹង និងរបស់អាជ្ញាធរមួយបណ្តឹង។ នៅក្នុងចំណោមបណ្តឹងទាំងនោះមានបណ្តឹងជាងពាក់កណ្តាល ត្រូវបានផ្សះផ្សាដោយក្រុមប្រឹក្សាឃុំសង្កាត់។ «គណបក្សសម រង្ស៊ី ចំនួន១៤បណ្តឹងដែលប្តឹង គឺថាបានផ្សះផ្សាគ្នាចំនួនប្រាំមួយបណ្តឹងហើយ កំពុងដោះស្រាយប្រាំមួយបណ្តឹង ហើយមួយបណ្តឹងការផ្សះផ្សាមិនបានត្រូវគ្នាទេ ហើយមួយបណ្តឹងទៀតត្រូវបដិសេធ»។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា គជប មិនបានដោះស្រាយពាក្យបណ្តឹងរបស់គណបក្សសម រង្ស៊ី ទេ។ លោកបានមានប្រសាសន៍ថា គណបក្សសម រង្ស៊ី បានទទួលរងការរំខានជាច្រើនពីមន្ត្រីគណបក្សគ្រប់គ្រងអំណាច និងមានការហែកខិតបណ្ណរបស់គណបក្សជាដើម។ «ខ្សែអាត់របស់គណបក្សសម រង្ស៊ី គឺមិនឲ្យមានការចាក់ផ្សាយដូចជាចង់ឲ្យមានការយល់ព្រមពី គជប ជាដើម។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះគឺសមាជិកគណបក្សសម រង្ស៊ី បានជម្នះនឹងធ្វើជាបន្តបន្ទាប់ទៀត»។ លោកជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តបានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានទទួលការណែនាំពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រួចហើយថាមិនរំខានដល់មន្ត្រីគណបក្សនយោបាយណាមួយទេ៕ This posting includes an audio/video/photo media file: Download Now |
សាមណេរមួយអង្គត្រូវផ្សឹកក្រោយចូលរួមវេទិកាសាធារណៈ Posted: 23 May 2012 09:15 PM PDT សាមណេរមួយអង្គគង់នៅវត្តសូរិយារោងគោ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្ត សៀមរាប ត្រូវព្រះគ្រូចៅអធិការវត្តសម្រេចឲ្យលាចាកសិក្ខាបទ កាលពីយប់ថ្ងៃច័ន្ទ ទី២១ ខែឧសភានេះ ក្រោយពីរងការចោទប្រកាន់ថា បានប្រព្រឹត្តខុសទៅនឹងវិន័យធម៌ ដោយការ និយាយកុហក។ ការផ្សឹកនេះធ្វើឡើង ក្រោយពេលដែលព្រះសង្ឃអង្គនោះ បានទៅចូលរួមក្នុងវេទិកាសាធារ ណៈមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងស្រុកសូទ្រនិគម រៀបចំឡើងដោយអង្គការ NDI ដែលការណ៍នេះបង្កឲ្យមានការរឹះគន់ថា ទំនងជារងសម្ពាធនយោបាយ ព្រោះលោក បាននិមន្តទៅតាមម៉ូតូរបស់សកម្មជនគណបក្សសមរង្ស៊ី តែការរឹះគន់ត្រូវបានបដិសេធដោយថ្នាក់ដឹកនាំសង្ឃនៅក្នុងស្រុកនោះ។ ព្រះសង្ឃអង្គនោះព្រះនាម អ៊ុន កាំង បានបួសកាលពីពាក់កណ្តាលខែមករាកន្លងមកនេះ ដោយផ្តើមចេញពីការបួសមុខភ្លើង ហើយបានបន្តរហូតមកដល់ពេលនេះ។ ព្រះតេជគុណ ពត ផុន ចៅអធិការវត្តសូរិយារោងគោ ដែលជាអ្នកបំបួសសាមណេរអង្គនោះ ផងដែរ មានសង្ឃដីកាថា ការផ្សឹកនេះគឺដោយសារការប្រព្រឹត្តខុសវិន័យធម៌របស់សាមណេរអង្គនោះត្រង់ការពោលពាក្យកុហក។ «សុំអត្មាទៅផ្ទះដើម្បីទៅយកថ្នាំមកឆាន់ ព្រោះថា អាពាធ។ អត្មាក៏ឲ្យទៅ ទៅហ្នឹងក៏បាត់ ទៅ។ ស្រាប់តែថ្ងៃត្រង់ឃើញមន្ត្រីសង្ឃគេដឹកម៉ូតូយកមកប្រគល់ឲ្យអត្មានៅនឹងមុខ ជណ្តើរថា លោកទៅចូលរួមស្តាប់អីហ្នឹងគេនោះ ក៏បានថា មើលលោកអត់ស្មោះត្រង់នឹងអត្មាទេ ដល់ព្រះគ្រូនៅខាងលើៗក៏ប្រាប់អត្មាថា លោកអត់មានច្បាប់មានទម្លាប់ទេ ដូច្នេះ លោកមានកំហុសគួរតែឲ្យលោកសឹកចេញទៅ»។ លោកអ៊ុន កាំងថ្លែងក្រោយពីការផ្សឹកថា លោកមិនមានបំណងចង់សឹកទេគឺចង់បួសឲ្យបានពីរឬបីវស្សាសិន ដោយសារតែលោកមានចិត្តជ្រះថ្លាក្នុងព្រះសង្ឃសាសនា។ «គេដាក់សម្ពាធរឿងចោទយើងថា ធ្វើនយោបាយ។ យើងចូលទៅស្តាប់វេទិកាសាធារណៈ វេទិកាសេរីរបស់NDI គឺដើម្បីឲ្យយើងបានបញ្ចេញមតិ ដើម្បីឲ្យយើងបានដឹងពីសិទ្ធិសេរីភាពរបស់ម្នាក់ៗដែលយើងរស់រានមានជីវិត តើសិទ្ធិយើងធំប៉ុណ្ណា?»។ លោកអ៊ុនកាំងមិនបានបដិសេធសង្ឃដីការបស់ចៅអធិការវត្តនោះទេ។ លោកអ៊ុន កាំងត្រូវបានគេរកឃើញថា គឺជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសមរង្ស៊ីនៅក្នុងឃុំខ្ចាស់ លំដាប់លេខរៀងទីបួន។ ព្រះតេជគុណ ពៅ ថេង គង់នៅវត្តប្រាសាទបន្ទាយស្រី និងជាអនុគុណស្រុកសូទ្រនិគម មានសង្ឃដីកាថា ការផ្សឹកសាមណេរអង្គនោះគឺមិនមានពាក់ព័ន្ធនឹងនិន្នាការនយោបាយទេ។ ព្រអង្គមានសង្ឃដីកាថា នេះជាបញ្ញត្តិ ដែលការបួសមុខភ្លើងគឺត្រូវតែសឹកទៅវិញក្នុងពេល ២៤ម៉ោងឬយ៉ាងយូរមួយសប្តាហ៍ ព្រោះថា ការបួសនេះមិនអាចយកជាការបានទេ។ «លោកបួសកាលដែលជីដូនស្លាប់ណា។ ពេលបំបួសហើយត្រូវតែសឹកវិញអញ្ចឹង។ បើលោកមានសទ្ធាជ្រះថ្លាចង់បួសលោកត្រូវទៅរត់ច្បាប់វិញមក។ យើងអាចបំពេញបែបបទបួសឡើងវិញទៅ អត់មានអ្នកណាបង្ខិត បង្ខំឲ្យលោកសឹកទេ»។ លោកនូ ពុទ្ធិ ប្រធានអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តសៀមរាបដែលបានចុះអង្កេត រឿងនេះ មិនទាន់សន្និដ្នានថា មានការពាក់ព័ន្ធនិន្នាការនយោបាយឬយ៉ាងណាទេ។ «យើងត្រូវការផ្តៀងផ្ទាត់និងវិភាគបន្ថែមទៀត គ្រាន់ថា ចំណុចនេះវាអាចមានពីរ ហើយ ទាំងសងខាងបកស្រាយរៀងៗខ្លួន។ យើងត្រូវការផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមទៀតក្រែងមានចំណុចណាអាចឈានទៅដល់តម្រុយឲ្យបានពិស្តារជាងនេះ»។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ដោយមានគណបក្សនយោបាយទាំងអស់១០ចូលរួមប្រកួតប្រជែងដែលបច្ចុប្បន្ន គណបក្សទាំងអស់កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឃោសនារកសំឡេងឆ្នោត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |