VOA News: ព័ត៌មាន: “ហេឡូវីអូអេ ១៥ មិនា ២០១២៖ វិធីសមាទានធុតង្គ អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ” plus 4 more |
- ហេឡូវីអូអេ ១៥ មិនា ២០១២៖ វិធីសមាទានធុតង្គ អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ
- ចិន៖ ប៉ាស៊ីហ្វ៊ិកធំល្មមសម្រាប់យើងរាល់គ្នា
- កម្ពុជា-សហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធា«ឆ្មាំអង្គរ» ២០១២
- ព្រះរាជអាជ្ញាស្នើឱ្យកោះហៅសាក្សីបន្ថែមដើម្បីបញ្ជាក់ពីយថាភាពឯកសារខ្មែរក្រហម
- អតីតព្រះរាជអាជ្ញាពោធិ៍សាត់ចាញ់ក្តីនៅសាលាឧទ្ធរណ៍
Posted: 15 Mar 2012 11:06 AM PDT កាលពីដើមខែកុម្ភៈកន្លងទៅនេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈបានបើកវគ្គវិបស្សនានៅព្រៃឪរ៉ាល់ខេត្តកំពង់ស្ពឺ ដោយប្រតិបត្តិតឹងរឹងក្នុងការអប់រំទូន្មានខ្លួនឲ្យបានល្អ ឈានទៅរកការកំចាត់បង់នូវកិលេស ឬហៅថាការប្រតិបត្តិតាមបែបធុតង្គ។ អស់លោកអ្នកខ្លះធ្លាប់បានឮ ឬក៏ធ្លាប់បានប្រតិបត្តិសមាធិនិងវិបស្សនាខ្លះៗដែរ។ សព្វថ្ងៃនេះកិច្ចប្រតិបត្តិសមាធិនិងវិបស្សនាកំពុងមានប្រជាប្រិយភាពខ្លាំងនៅខាងប៉ែកបស្ចិមប្រទេស។ ជាពិសេសពួកជនជាតិអាមេរិកាំង គេរកឃើញថា វិធីប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា អាចជួយពួកគេបានច្រើនប្រការ មានតាំងពីការធ្វើឲ្យស្ងប់ចិត្ត រហូតដល់ការអប់រំក្នុងសង្គមគ្រួសារ។ ប៉ុន្តែថ្ងៃនេះយើងខ្ញុំនឹងជំរាបលោកអ្នកអំពីការប្រតិបត្តិតឹងតែងរបស់ព្រះសម្មាសម្ពុទ្ធ គឺធុតង្គ។ ព្រះតេជគុណ សួន សុខសាន ព្រះគ្រូធម្មាចារ្យនៅ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និង ឧបាសិកា គិម ស៊ីមឿន ដែលជាគណៈកម្មការផ្នែកខាងទំនាក់ទំនងកិច្ចការក្នុងប្រទេសនិងក្រៅប្រទេស នៃពុទ្ធមណ្ឌលវិបស្សនាធុរៈរបស់ព្រះរាជាណាចក្រកម្ពុជា នឹងបំភ្លឺអំពីការសមាទានធុតង្គ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
This posting includes an audio/video/photo media file: Download Now |
ចិន៖ ប៉ាស៊ីហ្វ៊ិកធំល្មមសម្រាប់យើងរាល់គ្នា Posted: 15 Mar 2012 09:02 AM PDT ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីនបានចាត់វិធានការមួយដើម្បីរំងាប់ការភ័យខ្លាចអំពីលទ្ធភាពនៃការប្រឈមមុខយោធានៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រទេសទាំងពីរពើបប្រទះនឹងភាពតានតឹងក្នុងការដណ្ដើមដែនទឹក។ ហ្វីលីពីនបានឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបំពានដោយប្រទេសចិនហើយបានអំពាវនាវឲ្យមានការទាក់ទងយោធាជាមួយស.រ.អ.។ ហ្វីលីពីននឹងបើកឲ្យមានការធ្វើសមយុទ្ធយោធាជាមួយស.រ.អនៅសប្ដាហ៍ក្រោយ នៅលើកោះធំគឺកោះលូស្សន (Luzon) និង កោះប៉ាឡាវ៉ាន (Palawan) ភាគនីរតីនៃប្រទេស ដែលស្ថិតនៅទល់មុខសមុទ្រចិនខាងត្បូង។ ឯកអគ្គរដ្ឋចិន លោក ម៉ា កេហ្គិញ (Ma Keqing) ថ្លែងថា ទំនាក់ទំនងយោធារបស់ហ្វីលីពិន ជារឿងផ្ទៃក្នុង ហើយពេលនេះចិនមានបំណងចង់អភិវឌ្ឍរួមនៅតំបន់ជម្លោះលើដែនទឹកសមុទ្រចិនភាគខាងត្បូង។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ថ្ងៃព្រហស្បតិ៍នេះ កត់សម្គាល់ខួបទីមួយនៃការបះបោរប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ដែលប្រើកងកម្លាំងយោធា មិនបានបង្ហាញការបង្អង់ដៃ វាយបង្រ្កាបមកលើទីក្រុងសំខាន់ៗរបស់ក្រុមប្រឆាំង។ ឥណ្ឌូនេស៊ី៖ ភេរវជនជាតិឥណ្ឌូនេស៊ីដែលមានពិរុទ្ធភាពម្នាក់ ថ្លែងថាជនសង្ស័យដាក់គ្រាប់បែកនៅលើកោះបាលី លោក អ៊ូម៉ា ប៉ាតិក (Umar Patek) ក៏បានរៀបចំគ្រាប់បែកផ្ទុះ ដែលបានត្រូវយកទៅប្រើប្រាស់ដើម្បីវាយប្រហារមកលើវិហារកាតូលិកនានា ក្នុងទីក្រុងហ្សាការតា (Jakarta) ចាប់តាំងពីឆ្នាំ២០០០មក។ នេះបើយោងទៅតាមសវនាការតុលាការកាលពីថ្ងៃព្រហស្បតិ៍នេះ។ ស.រ.អា/អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ដ្រីការពារជាតិស.រ.អា លោក ឡេអុន ផានេតា (Leon Panetta) បានបើកកិច្ចចរចា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមិឌ កាសៃ (Hamid Karzai) កាលពីថ្ងៃព្រហស្បតិ៍នេះ អំពីសេចក្ដីសម្រេចចិត្ដរបស់ស.រ.អដើម្បីដកទាហានអាមេរិកាំងចេញពីប្រទេសអាហ្វហ្គានីស្ថានដែលបានវាយប្រហារឥតរើសមុខ។ បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសថ្លែងថា តុលាការអ.ស.បមួយ បានចេញសេចក្ដីសម្រេចដែលគាំទ្រខ្លួនក្នុងជម្លោះព្រំដែនសមុទ្រដ៏យូរអង្វែងជាមួយប្រទេសភូមា។ ចិន៖ លោក បូ ស្សីឡៃ (Bo Xilai) មេដឹកនាំគណបក្សកុម្មុយនីស្ដចិនដ៏មានប្រជាប្រិយភាពនៅក្នុងក្រុង ចុងគិញ (Chongqing) បានត្រូវដកចេញពីដំណែងក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតអ្នកជំនួយការរបស់លោក។ ស.រ.អា/កូរ៉េខាងត្បូង៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង សមភាគីរបស់លោកពីប្រទេសកូរ៉េខាងត្បូងបានចេញសេចក្ដីសរសើរដល់ការសម្ពោធពិធីនៃកិច្ចព្រមព្រៀងមួយ ខាងពាណិជ្ជកម្មសេរី ដែលបានត្រូវជាប់គាំងជាយូរមកហើយ កាលពីថ្ងៃព្រហស្បតិ៍នេះ។ ស.រ.អា/កូរ៉េខាងជើង៖ ការសម្របសម្រួលរបស់កូរ៉េខាងជើង មកលើកម្មវិធីនុយក្លេអ៊ែរ ប្រហែលជាលទ្ធផលនៃការបដិសេធរបស់រដ្ឋបាលលោកអូបាម៉ា មិនយល់ស្របទៅតាមការទាមទាររបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការឱ្យដឹងរបស់អតីតជំនួយការរបស់សេតវិមានអំពីនយោបាយស.រ.អទៅកាន់អាស៊ី។ ភូមា៖ អង្គការការពារសិទ្ធិមនុស្សនាំមុខគេមួយនិយាយថា ច្បាប់ថ្មីរបស់ប្រទេសភូមាអំពីការជួបជុំគ្នាដោយសន្ដិវិធីមិនគ្រប់គ្រាន់ស្មើនឹងបទដ្ឋានអន្ដរជាតិទេ។ ពិភពលោក៖ នាយករបស់អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក (FAO) កំពុងអំពាវនាវឲ្យតំឡើងផលិតកម្មកសិកម្ម ដើម្បីជួយទប់ទល់នឹងអាហារឡើងថ្លៃ និងប្រយុទ្ធនឹងទុរភិក្សសកល។ ចិន៖ សហនាយករបស់គណកម្មការការពារសិទ្ធិមនុស្សរបស់សភាស.រ.អា ថ្លែងថាប្រទេសចិន បានបំពានធ្ងន់ធ្ងរមកលើសិទ្ធិមនុស្សរបស់ជនរត់ចោលប្រទេសកូរ៉េខាងជើង ដោយបញ្ជូនជនទាំងនោះ ឲ្យវិលត្រឡប់ទៅកូរ៉េខាងជើងវិញ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
កម្ពុជា-សហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធា«ឆ្មាំអង្គរ» ២០១២ Posted: 14 Mar 2012 09:01 PM PDT សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាកំពុងធ្វើសមយុទ្ធយោធារួមគ្នាមួយដែលមានឈ្មោះថា «ឆ្មាំអង្គរ»។ សមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃទី២២ខែមិនាខាងមុខនេះហើយមានសមាជិកចំនួន១០០នាក់មកពី កងកម្លាំងកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកចូលរួមជាមួយកងយោធាកម្ពុជា។ ការធ្វើសមយុទ្ធយោធាទ្វេភាគីនៅក្នុងឆ្នាំនេះ នឹងធ្វើការផ្តោតលើប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និងថែរក្សាសន្តិភាពរួមទាំងលំហាត់សមយុទ្ធនៃអង្គទ័ពទាំងមូល លំហាត់សមយុទ្ធប្រឆាំងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។ ឆ្មាំអង្គរឆ្នាំ២០១២ ត្រូវបានសា្ថនទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានិយាយថាគឺជាលំហាត់សមយុទ្ធមួយដែលជាការបន្តកិច្ចខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំរបស់កងទ័ពសហរដ្ឋអាមេរិកនិងបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកដើម្បីចូលរួមឱ្យបានសកម្មជាមួយកងយោធាកម្ពុជាហើយបង្កើនសមត្ថភាពក្នុងប្រតិបត្តិការរក្សាស្ថិរភាពនិងសន្តិភាព។ <!--IMAGE-LEFT--> ឥណ្ឌា៖ ទិន្នន័យជំរឿនប្រជាជនឥណ្ឌាបង្ហាញថា នៅក្នុងប្រទេសដែលមានពលរដ្ឋចំនួន១ ពាន់ ២រយលាននាក់ មានទូរស័ព្ទ ច្រើនជាងបង្គន់នៅក្នុងផ្ទះ។ ចំនួនដែលបានទទួលក្នុងការធ្វើជំរឿនប្រជាជនឆ្នាំ២០១១ បង្ហាញឲ្យឃើញថា បដិវត្តន៍គមនាគមន៍បានរីករាលដាលដ៏ឆាប់រហ័សនៅក្នុងសង្គមរបស់ឥណ្ឌា តែបង្គន់ដ៏ចាំបាច់នៅមានការខ្វះខាតយ៉ាងច្រើន។ ទិន្នន័យបង្ហាញថា ៤៧% នៃផ្ទះចំនួន ៣៣០ លានខ្នងមានបង្គន់ ហើយ ៦៣% មានទូរស័ព្ទ ភាគច្រើនជាទូរស័ព្ទចល័ត។ កម្ពុជា៖ ការវិនិយោគរបស់ជប៉ុននៅកម្ពុជាបានកើនឡើងដប់ដង ចាប់តាំងពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ ដោយបានកើនឡើងពីក្នុងទឹកប្រាក់១២លានរហូតដល់១២០លានដុល្លារ ដោយមានការវិនិយោគទៅលើគម្រោងចំនួន២៤ ក្នុងនោះមានលើផ្នែកគ្រឿងចក្រ សម្លៀកបំពាក់ និងស្បែកសត្វ។ <!--IMAGE-RIGHT--> កម្ពុជា៖ ក្រុមហ៊ុនដឹកជញ្ជូនរបស់អូស្រ្តាលីមួយដែលមានឈ្មោះថា ថូល គ្រុប (Toll Group) មាន គម្រោងនឹងបោះបង់ចោលគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្នុងប្រទេសកម្ពុជា ដោយសារតែមានទំនាស់ដោះស្រាយមិនចេញជាមួយពលរដ្ឋក្រីក្រ រាប់ពាន់គ្រួសារ ដែលថវិការមួយផ្នែកដែលផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អូស្រ្តាលី បានស្ថិតនៅចំណុចកណ្តាលនៃការអះអាងថាមិនបានសងប្រាក់គ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់១៤៥ លានដុល្លារនេះទេ។ ចិន៖ នៅក្នុងសេចក្តីថ្លែងដ៏សំខាន់មួយ នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយ មុនលាចេញពីតំណែងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធនេះ លោក វិន ជាបាវ បានព្រមានថាចិនអាចជួបប្រទះនឹងភាពវឹកវរដ៏ឃោឃៅនៃការបដិវត្តវប្បធម៌ជាថ្មីម្តងទៀត បើគ្មានកំណែទម្រង់នយោបាយ«ឲ្យបានឆាប់រហ័ស»ទេ។ សហរដ្ឋអាមេរិក៖ នៅក្នុងពិធីស្វាគមន៍ទទួលលោក នាយករដ្ឋមន្រ្តីអង់គ្លេស ដេវីឌ កាម៉េរ៉ូន ដ៏ឳឡារឹក មេដឹកនាំទាំងពីរបានបង្ហាញនូវចំណងមិត្តភាពដ៏រឹងមំារបស់ប្រទេសទាំងពីរ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូបាម៉ា បានពោលថា «យើងឈរអមគ្នា ធ្វើការជាមួយគ្នា បង្ហូរឈាមជាមួយគ្នា ស្ថាបនាជាមួយគ្នា ក្នុងពេលរីករាយ ពេលមានទុក្ខ ពីព្រោះកាលយើងធ្វើដូច្នេះ ប្រទេសយើងមានសន្តិសុខ និងពលរដ្ឋយើងបានរុងរឿង»។ ស៊ីរី៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីមួយរូបនៃប្រទេសកម្ពុជានិងជាប្រធាននៃសន្និសីទអន្តរជាតិហាមឃាត់គ្រាប់មីនប្រឆាំងនឹងមនុស្ស បានអំពាវនាវឱ្យស៊ីរីដែលកំពុងតែមានវិបត្តិផ្ទៃក្នុងបញ្ឈប់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្សតទៅទៀត ដោយថ្លែងថាការដាក់គ្រាប់មីនជាអំពើអមនុស្សធម៌ និងអាចធ្វើឲ្យប៉ះពាល់ស៊ីរីជាច្រើនឆ្នាំទៀត»។ ស៊ីរី៖ នៅពេលដែលកិច្ចប្រឹងប្រែងផ្លូវទូត ដើម្បីបញ្ចប់ការបង្ក្រាបរបស់ស៊ីរីនៅកំពុងធ្វើបន្ត អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ និយាយថា ជនជាតិ ស៊ីរី ដែលជាប់ឃុំនៅក្នុងការបះបោរប្រឆាំងនឹងលោកប្រធានាធិបតី បាសារ អាល អាសាទ បានទទួលទារុណកម្ម ដែលមានទម្ងន់ស្មើគ្នានឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ភូមា៖ តុលាការកំពូលរបស់សហភាពអឺរ៉ុបបានកាត់សេចក្តីថា ទណ្ឌកម្មសេដ្ឋកិច្ចនិងការធ្វើដំណើរគួរលប់ចោលប្រឆាំងនឹងពាណិជ្ជករសំខាន់ម្នាក់នៃប្រទេសភូមា នៅពេលដែលគ្មានភស្តុតាងបង្ហាញថាមហាសេដ្ឋី Pye Phyo Tay Za ដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាលយោធានៃប្រទេសនេះ បានទទួលផលប្រយោជន៍ពីនយោបាយសេដ្ឋកិច្ចរបស់របបគ្រប់គ្រងយោធានោះ។ វៀតណាម៖ តុលាការមួយក្នុងប្រទេសវៀតណាមភាគពាយ័ព្យបានកាត់ទោសពួកកុលសម្ព័ន្ធ ហ្មង៨នាក់ឲ្យជាប់គុកដល់ទៅ៣០ខែ អំពីបទដែលរដ្ឋាភិបាលហៅថា ការរំខានសណ្តាប់ធ្នាប់សង្គម និងពន្យុះឲ្យមានការបះបោរមួយកាលពីឆ្នាំមុន។ ថៃ៖ អ្នកនាំពាក្យនគរបាលថៃ លោក ភីយ៉ា យូថេយូ បានប្រាប់អ្នកសារព័ត៌មានថា គេហទំព័រ ជាង៥ពាន់ ដែលមានអត្ថបទ ហាក់ដូចជាចង់រិះគន់ព្រះរាជវង្សានុវង្គ ធ្វើកាតប្រមាថព្រះមហាក្រត្ស ត្រូវអជ្ញាធរបិទ ពីខែធ្នូដល់ខែមិនា។ សូម៉ាលី៖ និយាយថា អតីតមន្រ្តីរដ្ឋាភិបាលម្នាក់បានធ្វើការវាយប្រហារអត្តឃាត នៅខាងក្រៅវិមានប្រធានាធិបតី នៅទីក្រុង ម៉ូហ្គាឌីស្យូ ដែលបានសម្លាប់អ្នកបំផ្ទុះគ្រាប់បែកនិងមនុស្ស ២ នាក់ទៀត។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញាស្នើឱ្យកោះហៅសាក្សីបន្ថែមដើម្បីបញ្ជាក់ពីយថាភាពឯកសារខ្មែរក្រហម Posted: 14 Mar 2012 07:08 PM PDT សហព្រះរាជអាជ្ញារងកម្ពុជានៅថ្ងៃពុធនេះបានជំរុញឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមកោះអញ្ជើញសាក្សីបន្ថែមទៀតស្របពេលដែលសហព្រះរាជអាជ្ញារងបរទេសបានគូសបញ្ជាក់ពីឯកសារដែលបង្ហាញពីការងារជាប្រព័ន្ធរបស់ពួកអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់។ លោក ច័ន្ទ តារារស្មី ធ្វើសំណើយ៉ាងដូច្នេះដើម្បីបញ្ជាក់ទៅលើភាពអាចទទួលយកបាននៃឯកសារដែលដាក់ជូនអង្គជំនុំជម្រះដោយការិយាល័យសហព្រះរាជអាជ្ញា។ លោក ច័ន្ទ តារារស្មី បានការពារឯកសារភស្ដុតាងរបស់ការិយាល័យសហព្រះរាជអាជ្ញាទល់នឹងការច្រានចោលរបស់ក្រុមមេធាវីការពារជនជាប់ចោទ ដោយលើកពីកំណត់ហេតុស្ដីពីការធ្វើទារុណកម្មនៅស្រុកត្រាំកក់ខេត្តតាកែវដែលនៅក្នុងនោះសហព្រះរាជអាជ្ញារងកម្ពុជាបានស្រង់សាក្សីមួយម្ដងៗ ដោយរួមទាំងឯកសារភស្ដុតាងដែលចុះហត្ថលេខាដោយឈ្មោះ អាន ប្រធានមន្ទីរ សន្ដិសុខក្រាំងតាចាន់។ មន្ទីរសន្ដិសុខក្រាំងតាចាន់ គឺគុកក្រាំងតាចាន់ ដែលមានជនរងគ្រោះជាច្រើនត្រូវបានសម្លាប់នៅទីនោះ។ លោកព្រះរាជអាជ្ញារង ច័ន្ទ តារារស្មី បានបង្ហាញពីខ្សែសង្វាក់ទំនាក់ទំនងការងារនៅក្នុងស្រុកត្រាំកក់រវាងសហករណ៍និងសហករណ៍។ ខ្សែសង្វាក់ដឹកនាំការងារពីថ្នាក់តំបន់ ថ្នាក់ស្រុក រហូតដល់ថា្នក់ឃុំ និងសហករណ៍។ ហើយលោកលើកឡើងថា សាក្សីទាំងនោះបានផ្ដល់សារៈសំខាន់ក្នុងការបំភ្លឺតបទៅនឹងការជំទាស់ពីសំណាក់ក្រុមមេធាវីចុងចោទ។ «អង្គជំនុំជម្រះអាចនឹងកោះហៅសាក្សីខ្លះ ក្នុងចំណោមសាក្សីទាំងនេះ មកផ្ដល់សក្ខីកម្មសម្រាប់គោលបំណងនៃសវនាការដំណាក់កាលដំបូង។ ដូច្នេះលោក លោកស្រីចៅក្រម អាចកោះហៅសាក្សីមួយចំនួនដែលមានសារៈសំខាន់ដើម្បីបំភ្លឺបន្ថែមទៀតទាក់ទិននឹងការបញ្ជាក់ពីភាពអាចជឿទុកចិត្តបាននៃឯកសារ»។ ក្រុមមេធាវីការពារក្ដីរបស់ នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានប្រឆាំងជំទាស់ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ ចំពោះឯកសារជាច្រើនរបស់ការិយាល័យសហព្រះរាជអាជ្ញា ដោយសំអាងថា ឯកសារទាំងនោះមិនអាចជឿជាក់បាន និងមិនត្រូវនឹងបរិបទនៃការកាត់ទោសដំណាក់កាលដំបូងនេះទេ។ ការកាត់ទោសដំណាក់កាលដំបូងដែលផ្ដោតទៅលើការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងរបស់ពួកខ្មែរក្រហម។ ហើយចាប់តាំងពីថ្ងៃច័ន្ទសប្ដាហ៍នេះ មកអង្គជំនុំជម្រះសាលាដំបូងបានកាត់សេចក្ដីដោយផ្តោតលើរចនាសម្ព័ន្ធរដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ តួនាទី មុខងារ និងទំនាក់ទំនងការងាររបស់ជនជាប់ចោទនាសម័យនោះ។ ឆ្លើយតបទៅនឹងការប្រឆាំងជំទាស់របស់ក្រុមមេធាវីការពារជនជាប់ចោទ លោកព្រះរាជអាជ្ញារង ច័ន្ទ តារារស្មី ទទួលស្គាល់ថា ឯកសារដែលស្នើដោយការិយាល័យសហព្រះរាជអាជ្ញា មិនមែនជាឯកសារដើមទេ ក៏ប៉ុន្ដែឯកសារទាំងនោះមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការជឿជាក់។ ដោយឡែកសហព្រះរាជអាជ្ញារងអាមេរិកាំង លោក ដែល លីហ្ស៊ាក់ (Dale Lysak) បានបង្ហាញជា ពិសេសពីរចនាសម្ព័ន្ធនៅមន្ទីរ ស-២១ ឬ គុកទួលស្លែងដែលចម្លើយសារភាពនៃអ្នកទោសត្រូវផ្ញើឲ្យ នួន ជា និង សុន សេន អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិខ្មែរក្រហម។ រីឯលោក Vincent de Wilde សហព្រះរាជអាជ្ញារងបារាំងបានស្រង់នូវឯកសារតាមសារព័ត៌មានបរទេសជាច្រើនមកការពារទល់នឹងការទាត់ចោលរបស់ក្រុមមេធាវីជនជាប់ចោទ។ ជាមួយគ្នានេះ លោក ដែល លីហ្ស៊ាក់ និងលោក ពេជ្រ អង់ សហមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានស្វាគមន៍ និងរង់ចាំការចូលផ្ដល់សក្ខីកម្មរបស់ ឌុច ដើម្បីបញ្ជាក់ពីរចនាសម្ព័ន្ធដឹកនាំ និងមុខនាទី និងការទទួលខុសត្រូវរបស់អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបីនាក់ខាងលើ។ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតត្រូវកោះហៅឲ្យចូលផ្ដល់សក្ខីកម្ម នៅរសៀលថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ នេះបើយោងតាម លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
អតីតព្រះរាជអាជ្ញាពោធិ៍សាត់ចាញ់ក្តីនៅសាលាឧទ្ធរណ៍ Posted: 14 Mar 2012 06:47 PM PDT សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះបានសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ដោយសម្រេចផ្តន្ទាទោស លោក តុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ ពីបទចាប់ជំរិត បង្ខាំងមនុស្សខុសច្បាប់ និងស៊ីសំណូក។ សាលាឧទ្ធរណ៍បានបើកការជំនុំជម្រះចំពោះករណីនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ។ ក៏ប៉ុន្តែមិនបានប្រកាសសាលដីកាភ្លាមៗទេ។ លោក ប៉ុល សំអឿន ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានប្រកាសសាលក្រមកំបាំងមុខ លោក តុប ច័ន្ធសេរីវុឌ្ឍ និងអង្គរក្សរបស់លោក ដោយសម្រេចដម្កល់សាលដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ឲ្យនៅដដែល។ សាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចផ្តន្ទាទោសលោក តុប ច័ន្ទសេរីវុឌ្ឍ អតីតព្រះរាជអាជ្ញាឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ។ តុលាការក៏បានសម្រេចផ្តន្ទាទោសអង្គរក្សរបស់លោកចំនួនពីរនាក់ផ្សេងទៀត គឺលោក ឈិត វុទ្ធី ឲ្យជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ និងលោក រស់ សំណាង ឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក្រោមបទចោទប្រកាន់ដូចលោក តុប ច័ន្ទសេរីវុឌ្ឍដែរ។ ចំណែកលោក ពេជ កុងយូ ប្អូនថ្លៃលោក តុប ច័ន្ទសេរីវុឌ្ឍ ដែលពេលនេះកំពុងរត់គេចខ្លួនត្រូវតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ លោក គា ឆាយ មេធាវីការពារក្តីជនជាប់ចោទបាននិយាយថា តុលាការមិនបានផ្តល់យុត្តិធម៌ជូនកូនក្តីរបស់គាត់ទេ ដោយសារតែតុលាការបានចោទប្រកាន់កូនក្តីរបស់លោករហូតដល់ពីរបទល្មើស។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើមានការអនុញ្ញាតពីកូនក្តីរបស់លោក លោកនឹងប្តឹងសារទុកទៅតុលាការកំពូល។ «សម្រាប់ខ្ញុំ បើកូនក្តីគាត់ផ្ទេរសិទ្ធិឲ្យខ្ញុំប្តឹងជំនួសគាត់ក៏បាន ឬក៏គាត់ប្តឹងខ្លួនគាត់ក៏បានដែរ ដោយសារតែគាត់ពាក់ព័ន្ធទៅនឹងព្រហ្មទណ្ឌលុះត្រាតែមានលិខិតផ្ទេរសិទ្ធិពីគាត់ឲ្យខ្ញុំប្តឹងជំនួស ទើបខ្ញុំអាចប្តឹងបាន»។ លោក ឃាង សេង អនុប្រធានប្រឆាំងអំពើពុករលួយ បាននិយាយថាសាលាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវទៅតាមទម្រង់ច្បាប់។ «ខ្ញុំមិនអាចសម្តែងមតិថា គាត់ហ្នឹងសម្រេចត្រឹមត្រូវហ្នឹងដោយហេតុអីទេ។ ប៉ុន្តែតុលាការឥតមានចម្លើយអីថែមទៀតទេ ហើយការវិនិច្ឆ័យរបស់តុលាការ គឺគាត់ពិនិត្យទៅលើអង្គហេតុ និងទៅលើសំណុំរឿងទាំងមូល។ ហើយជនជាប់ចោទគាត់ឥតមានអីដោះបន្ទុក។ អញ្ចឹងករណីនេះគឺការសម្រេចរបស់តុលាការគឺជាការត្រឹមត្រូវ»។ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានឃាត់ចាប់រថយន្តសម្តែងសិល្បៈល្ខោនមួយ ដែលធ្វើដំណើរពីខេត្តកំពង់ចាម ដោយមានលួចបង្កប់ដាក់ឈើក្រញូងខុសច្បាប់ ហើយរដ្ឋបាលព្រៃឈើបានចាប់ខ្លួនជនសង្ស័យពីររូប។ ក៏ប៉ុន្តែក្រោយមកជនសង្ស័យបានបង់ប្រាក់ចំនួន ៣.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការដោះលែង។ ថ្លែងប្រាប់អង្គសវនាកាកាលពីថ្ងៃទី២២ ខែកុម្ភៈ លោក តុប ច័ន្ទសេរីវុឌ្ឍ បានបដិសេធថា លោកមិនបានទទួលសំណូកទាំងនោះទេ។ លោកបានមានប្រសាសន៍ថា នៅថ្ងៃកើតហេតុនោះ លោក និង ភរិយារបស់លោកនៅក្នុងទីក្រុងភ្នំពេញ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |