VOA News: ព័ត៌មាន: “ចិន៖ កិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជិតខាងបញ្ឈប់អំពើចោរកម្មតាមដងទន្លេមេគង្គ” plus 3 more |
- ចិន៖ កិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជិតខាងបញ្ឈប់អំពើចោរកម្មតាមដងទន្លេមេគង្គ
- សង្គ្រាមនៅអាហ្វហ្កានីស្ថានមិនសមនឹងការចំណាយ
- សាលាក្តីខ្មែរក្រហមបង្ហាញថានួន ជាមានអំណាចយោធា
- អ្នកបុរីកីឡាសុំឱ្យតុលាការពន្លឿនពាក្យប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច
ចិន៖ កិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជិតខាងបញ្ឈប់អំពើចោរកម្មតាមដងទន្លេមេគង្គ Posted: 13 Mar 2012 07:57 AM PDT ក្រុមមន្រ្តីចិននិយាយថាសន្តិសុខតាមទន្លេមេគង្គមានភាពប្រសើរឡើងយ៉ាងខ្លាំងដោយសារកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង៣នៅតំបន់អាស៊ីអាគ្នេយ៍។ កាសែត China Daily នៅថ្ងៃអង្គារនេះបានដកស្រង់សម្តីលោក ម៉េង សូទី (Meng Sutie) នាយកមន្ទីរសន្តិសុខសាធារណៈនៅក្នុងខេត្ត យុនណាន (Yunnan) មកចុះផ្សាយថាចោរប្លន់តាមទន្លេអាចវាយប្រហារម្តងម្កាលហើយនឹងវាយប្រហារដាច់ដោយឡែកចាប់តាំងពីកិច្ចសហប្រតិបត្តិការបានចាប់ផ្តើមកាលពីចុងឆ្នាំទៅមក។ លោក ម៉េង និយាយថាប្រទេសចិន ឡាវ ភូមានិងប្រទេសថៃកំពុងធ្វើការយាមល្បាតរួមគ្នាអមកប៉ាល់ដោយប្រដាប់អាវុធហើយនឹងចែកព័ត៌មានស៊ើបការណ៍សម្ងាត់នៅតាមទន្លេ។ លោកនិយាយបន្តទៀតថាប្រទេសនានាក៏កំពុងធ្វើសហប្រតិបត្តិការគ្នាដើម្បីវាយប្រហារចោរប្រដាប់អាវុធហើយនឹងពួកអន្តពាលជួញដូរគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាសនៃទន្លេនេះ។ ការដឹកជញ្ជូនតាមទន្លេបានត្រូវបញ្ឈប់អស់រយៈពេល២ខែបន្ទាប់ពីការវាយប្រហារកាលពីខែតុលាដែលធ្វើឡើងដោយពួកជនសង្ស័យជាអ្នកជួញដូរថ្នាំញៀន។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->ស.រ.អា៖ ពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama) និង ម៊ីស៊ីស៊ីពី (Mississippi) ភាគខាងត្បូងប្រទេស កំពុងធ្វើការបោះឆ្នោតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបឋមបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារនេះ ដែលការបោះឆ្នោតស្ទង់មតិបង្ហាញថាអ្នកប្រកួតប្រជែងកំពូល៣នាក់បានស្ថិតនៅក្នុងការប្រណាំងប្រជែងប្រកៀកគ្នា។ លោក មីត រ៉ូមនី (Mitt Romney), រីក សានធ្រូម (Rick Santrum) និងលោក ញូត ហ្គីងរីច (Newt Gingrich) បានធ្វើយុទ្ធនាការដើម្បីស្វែងរកការគាំទ្រនៅក្នុងរដ្ឋអភិរក្សនិយមទាំងនោះកាលពីថ្ងៃច័ន្ទ។ អាស៊ី៖ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងព្រមានថាអាកាសធាតុដ៏អាក្រក់ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឲ្យមនុស្សរាប់លាននាក់ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគ្មានកន្លែងរស់នៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។ អាហ្វហ្គានីស្ថាន៖ ពួកជនប្រដាប់អាវុធបានបាញ់ប្រហារលើគណៈប្រតិភូរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលចុះទៅបំពេញទស្សនកិច្ចក្នុងភូមិមួយដែលទាហានអាមេរិកាំងម្នាក់បានរងការចោទប្រកាន់ពីការសម្លាប់ជនស៊ីវិល១៦នាក់។ អេហ្ស៊ីប/ប៉ាឡេស្ទីន៖ អេហ្ស៊ីបប្រាប់ឲ្យដឹងថាខ្លួនបានចរចាបទឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែលនិងកងជីវពលប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ត្រាប (Gaza Strip) បន្ទាប់ពីការបាញ់ប្រហារគ្នាអស់រយៈពេល៤ថ្ងៃដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏២៥នាក់ដែរ។ ស៊ីរី៖ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសរុស្ស៊ីបានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសស៊ីរី ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅតែបែកបាក់គ្នាលើរបៀបដោះស្រាយវិបត្តិនៅក្នុងប្រទេសនោះ។ ស.រ.អា/ចិន៖ ពួកមន្រ្តីរបស់រដ្ឋបាលលោកអូបាម៉ា និយាយថាសហរដ្ឋអាមេរិក នឹងដាក់ពាក្យបណ្តឹងនៅក្នុងរឿងក្តីពាណិជ្ជកម្មថ្មីមួយប្រឆាំងនឹងចិនលើបញ្ហាការកម្រិតរបស់ខ្លួនលើការនាំចេញនូវអ្វីដែលហៅថារ៉ែកម្រ។ ស.រ.អា/ចិន៖ សហរដ្ឋអាមេរិក និយាយថាខ្លួនចង់ធ្វើការងារជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីពង្រឹងស្ថាប័នតំបន់នានានៅក្នុងទ្វីបអាស៊ី។ អេស្ប៉ាញ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុតំបន់ចាយប្រាក់អ៊ឺរ៉ូ (Euro) បានផ្តល់ពេលវេលាបន្ថែមទៀតដល់ប្រទេសអេស្ប៉ាញនៅពេលដែលប្រទេសនោះតស៊ូដើម្បីបញ្ចុះឱនភាពថវិកាដ៏ធំសម្បើមរបស់ខ្លួន។ បារាំង៖ លោកស្រី ម៉ារីន ឡឺ ប៉ង់ (Marine Le Pen) មេដឹកនាំនយោបាយស្តាំនិយមបារាំង និយាយថាលោកស្រីទទួលបានការគាំទ្រល្មមគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
សង្គ្រាមនៅអាហ្វហ្កានីស្ថានមិនសមនឹងការចំណាយ Posted: 12 Mar 2012 10:15 PM PDT ការស្ទង់មតិមួយរបស់ទូរទស្សន៍ ABC News និងកាសែត Washington Post បង្ហាញថា៦០ភាគរយនៃពលរដ្ឋអាមេរិកាំងមានជំនឿថាសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថានមិនសមនឹងការលះបង់និងចំណាយទេ។ ការស្ទង់មតិនេះបានរកឃើញថាមានតែប្រជារាស្ត្រអាមេរិកាំង៣៥ភាគរយទេដែលមានជំនឿថាកិច្ចខិតខំប្រឹងប្រែងមួយទសវត្សរ៍មកហើយនេះបង្ហាញថាមានភាពសមស្របចំពោះចំណាយនិងការបាត់បង់ជីវិត។ ជាលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំមកនេះដែលពួកសាធារណរដ្ឋដែលបានត្រូវសួរមតិមានចំនួនស្មើគ្នាអំពីថាតើសង្គ្រាមនេះបានបញ្ជាក់ថាសមនឹងការចំណាយរបស់វា។ ការស្ទង់មតិនេះបញ្ជាក់ថា៥៤ភាគរយនៃពលរដ្ឋអាមេរិកាំងទាំងអស់ចង់ឱ្យអាមេរិកដកក្រុមទាហានខ្លួនចេញពីអាហ្វហ្គានីស្ថាន ទោះបីជាកងទ័ពអាហ្វហ្គានីស្ថានគ្មានការហ្វឹកហ្វឺនឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើការប្រយុទ្ធក៏ដោយ។ តែការស្ទង់មតិនេះបានរកឃើញថាមនុស្សប្រមាណ៦នាក់ក្នុងបណ្តាពួកប្រជាធិបតេយ្យ១០នាក់និងពួកឯករាជ្យគាំទ្រគោលជំហរនេះ ចំណែកឯមនុស្ស៤នាក់ក្នុងបណ្តាពួកសាធារណរដ្ឋ១០នាក់ទ្រទ្រង់គោលជំហរនេះ។ <!--IMAGE-LEFT--> ពិភពលោក៖ ក្រុមឃ្លាំមើលបណ្តាញផ្សាយព័ត៌មានសាកលមួយបានចេញផ្សាយបញ្ជីនៃ«សត្រូវរបស់អ៊ីនធឺណេត»របស់ពួកគេសម្រាប់ឆ្នាំ២០១២ ដោយនិយាយយោងដល់ប្រទេសនានាដែលរារាំងសេរីភាពនៃការនិយាយស្តីបញ្ចេញមតិ ឬការប្រើប្រាស់អ៊ីនធឺណេត។ នៅក្នុងសេចក្តីរាយការណ៍ដែលបានត្រូវចេញផ្សាយកាលពីថ្ងៃច័ន្ទ អង្គការអ្នកកាសែតគ្មានព្រំដែនបាននិយាយថាចលនាបះបោរនៅអារ៉ាប់ដែលភាសាអង់គ្លេសហៅថា Arab Spring បានកែប្រែមុខមាត់នៃសេរីភាពអ៊ីនធឺណេត Internet ដោយកត់សម្គាល់ថាប្រទេសនានាដូចជាប្រទេសបារ៉ែន ជាដើមបានរារាំងមិនផ្សាយព័ត៌មាននិងប្រើវិធានការសង្កត់សង្កិនមួយចំនួនដើម្បីរារាំងការធ្វើបាតុកម្ម។ សេចក្តីរាយការណ៍នេះក៏បាននិយាយដែរថាចលនាបះបោរនៅអារ៉ាប់ Arab Spring ក៏បាននាំឱ្យមានការបើកចំហនៃរដ្ឋាភិបាលមួយចំនួនដូចជារដ្ឋាភិបាលលីប៊ីជាដើម។ អាហ្វហ្គានីស្ថាន៖ ពួកតាលីបាន់បានសន្យាថានឹងសងសឹកប្រឆាំងនឹងអ្វីដែលពួកគេហៅថា«ពួកអាមេរិកាំងដ៏សាហាវ» ក្រោយពីពលបាលកងទ័ពជើងគោកអាមេរិកម្នាក់បានបាញ់កាំភ្លើងនៅក្នុងផ្នែកខាងត្បូងនៃប្រទេសបណ្តាលឱ្យអ្នកស្រុក ១៦នាក់ស្លាប់ដោយជាច្រើននាក់ជាពួកកុមារ។ ស៊ីរី៖ រដ្ឋាភិបាលស៊ីរីនិងពួកសកម្មជនបាននិយាយថាជនស៊ីវិលរាប់សិបនាក់បានត្រូវសម្លាប់នៅក្នុងក្រុងហូម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ទោះណាជាភាគីទាំងពីរឈ្លោះប្រកែកគ្នាអំពីការទទួលខុសត្រូវដល់មរណភាពនៃពួកជនទាំងនេះ។ អ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសដោយប្រទេសអ៊ីស្រាអែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន៤នាក់ស្លាប់ក្នុងតំបន់កាហ្សា ហើយពួកជនសកម្មប្រយុទ្ធ ប៉ាឡេស្ទីនបានបាញ់កាំជ្រួចរ៉ុកកែតថែមទៀតចូលក្នុងប៉ែកខាងត្បូងអ៊ីស្រាអែល ក្នុងថ្ងៃទីបួននៃអំពើហិង្សាដែលនាំឱ្យមានកង្វល់ពីសហគមន៍អន្តរជាតិ។ អឺរ៉ុប៖ ពួករដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសទាំង១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូមានគម្រោងនឹងយល់ព្រមដល់ការផ្តល់ប្រាក់ជំនួយថ្មីៗឱ្យដល់ប្រទេសក្រិកដែលមានទឹកប្រាក់១៧២ពាន់លានដុល្លារ ទោះបីជាពួកគេកំពុងមានកង្វល់អំពីអេស៉្បាញ ដែលមិនមានជោគជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួនក្នុងការធ្វើមិនឱ្យមានឱនភាពនៅឆ្នាំនេះ។ ឥណ្ឌា៖ សេដ្ឋកិច្ចឥណ្ឌាបានបង្ហាញសញ្ញានៃការរើបទ្បើងវិញនៅក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១២ ដោយផលិតកម្មឧស្សាហកម្មក្នុងខែមករាបានលូតលាស់ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៧ខែ ហើយការលក់រថយន្តក៏បានកើនទ្បើងដល់ចំនួនច្រើនបំផុតក្នុងខែកុម្ភៈ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
សាលាក្តីខ្មែរក្រហមបង្ហាញថានួន ជាមានអំណាចយោធា Posted: 12 Mar 2012 09:50 PM PDT អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទនេះ បានបង្ហាញថា ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងបីក្នុងសំណុំរឿង០០២ មានតួនាទីជាក់លាក់ព្រមទាំងមានការប្រាស្រ័យទាក់ទងការងារគ្នាជាប្រព័ន្ធច្បាស់លាស់ទៀតផង។ ការបង្ហាញបែបនេះខណៈដែល នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសនិងខៀវ សំផន អតីតប្រមុខរដ្ឋសុទ្ធតែធ្លាប់បានច្រានចោលការទទួលខុសត្រូវពីការជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាជាង ១,៧ លាននាក់ ក្នុងពេលដែលពួកគេកាន់អំណាចក្នុងដៃចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ នៅក្នុងសវនាការផ្តោតលើរចនាសម្ព័ន្ធ ប្រព័ន្ធការងារ តួនាទី និងមុខងាររបស់ជនជាប់ចោទ ក្រឡាបញ្ជីលោក ដាវ វ៉ាន់សាន បានអានរបាយការណ៍ក្នុងដីកាដំណោះស្រាយឬដីកាបញ្ជូនជនជាប់ចោទទៅកាត់ទោសថា នួន ជា អៀង សារី និង ខៀវ សំផន មានការពិភាក្សាគ្នាផ្នែកនយោបាយជាប្រចាំ។ លោក វ៉ាន់សាន បានបន្តថា៖ «សាក្សីម្នាក់ ដែលជាអ្នកបើកបររថយន្តឲ្យខៀវ សំផន ពីឆ្នាំ១៩៧៨ បានបញ្ជាក់ថា គាត់បានបើករថយន្តដឹកខៀវ សំផន ពីមន្ទីរ ក ៣ នៅកាន់មន្ទីរ ក ១ ចំនួនពីរ ឬបីលើក នៅក្នុងមួយសប្តាហ៍។ ហើយនួន ជា និង អៀង សារី ក៏ត្រូវបានដឹកតាមរថយន្តទៅកាន់មន្ទី ក ១ នៅក្នុងពេលជាមួយគ្នានោះដែរ។ សាក្សីម្នាក់ទៀត បានអះអាងថា ខៀវ សំផន អៀង សារី និង នួន ជា បានចូលរួមប្រជុំសម្ងាត់នៅមន្ទីរ ក ១»។ ជនជាប់ចោទទាំងបីរូប បានបង្ហាញវត្តមានក្នុងបន្ទប់ជំនុំជម្រះ ក៏ប៉ុន្ដែ នួន ជា និង អៀង សារី បានស្នើសុំចូលរួមសវនាការតាមប្រព័ន្ធសោតទស្សន៍វិញ នាពេលរសៀល។ ដីកាដំណោះស្រាយ ដែលអានដោយក្រឡាបញ្ជីចំនួនបីនាក់ ដែលចែកចេញជាវគ្គផ្សេងៗគ្នាបង្ហាញថាគណបក្សកុម្មុយនិស្ដកម្ពុជារបស់ពួកខ្មែរក្រហមស្ថិតក្រោមការដឹកនាំរបស់គណៈកម្មការមជ្ឈិមបក្ស និងត្រូវអនុលោមតាមការសម្រេចជាសមូហភាព។ ដីកាដំណោះស្រាយបញ្ជាក់ថា នួន ជា ជាសមាជិកគណៈកម្មការយោធា គឺផ្ទុយនឹងអ្វីដែលជនជាប់ចោទរូបនេះ ធ្លាប់បានប្រកែកនាពេលកាត់ទោសថ្មីៗនេះថា គាត់មិនជាប់ពាក់ព័ន្ធនឹងអំណាចយោធា។ នៅក្នុងនោះដែលកងទ័ពដែលត្រូវចាត់ទុកថា «ជាឧបករណ៍ដាច់ថ្លៃ» របស់បក្សកុម្មុយនិស្ដកម្ពុជារបស់ពួកខ្មែរក្រហម។ ដីកាដំណោះស្រាយបង្ហាញទៀតថា មានស្ថាប័នចំនួនពីរ ដែលមានតួនាទីសំខាន់បំផុតក្នុងរបបខ្មែរក្រហម នោះគឺ មន្ទីរនយោបាយ៨៧០ ដែលទទួលបន្ទុកកិច្ចការនយោបាយនិងមន្ទីរដ្ឋបាល ស ៧១ ឬក្រសួង ស ៧១ ដែលទទួលខុសត្រូវផ្នែករដ្ឋបាល។ ស្ថាប័នទាំងពីរនេះ គឺជាមន្ទីររបស់អង្គការហើយ មន្ទីរ ស ៧១ មានសិទ្ធិសម្រេច ស៊ើបអង្កេត និងតាមចាប់ខ្លួនជនដែលត្រូវចោទថា ជាខ្មាំងរបស់អង្គការ រួចបញ្ជូនទៅមន្ទីរ ស ២១ គឺគុកទួលស្លែង។ លោកក្រឡាបញ្ជី បានអានរបាយការណ៍ដែលបញ្ជាក់ថា អៀងសារី បានជាប់ពាក់ព័ន្ធនឹងការធ្វើបទឧទ្ទេសនាមបែបនយោបាយនានា ពាណិជ្ជកម្ម ឧស្សាហកម្ម ជំនួយបរទេស ជម្លោះជាមួយវៀតណាម ទំនាក់ទំនងការទូត និងអំពាវនាវឲ្យបញ្ញាជនកម្ពុជាវិលត្រឡប់មកកាន់ប្រទេសវិញ។ បញ្ញាជនទាំងនោះភាគច្រើនត្រូវយកមកឃុំខ្លួន។ មួយវិញទៀត អៀង សារី គឺជាអ្នកទទួលខុសត្រូវម្នាក់នៃមន្ទីរនយោបាយ ៨៧០ និងមន្ទីរ ស ៧១។ ក្រៅពីអៀង សារី ជនជាប់ចោទខៀវ សំផន ក៏ត្រូវបានបញ្ជាក់ថា គឺជាអ្នកអំពាវនាវបញ្ជាជនពីបរទេសឲ្យត្រឡប់មកស្រុកកំណើតវិញដែរ ហើយជនទាំងនោះត្រូវបានអប់រំឲ្យលត់ដំធ្វើស្រែ និងភាគច្រើនត្រូវបញ្ជូនទៅកាន់គុកទួលស្លែង។ សូមបញ្ជាក់ថា អៀង ធីរិទ្ធ ក៏ជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង ០០២ ដែរប៉ុន្ដែមិនត្រូវបាននាំខ្លួនយកមកកាត់ទោសទេ ក្នុងពេលនេះដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងររបស់គាត់។ យោងតាមដីកាដំណោះស្រាយ ដែលអានដោយក្រុមក្រឡាបញ្ជីបង្ហាញថា អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហមរូបនេះបានរាយការណ៍ឲ្យ នួន ជា ម្ដងឬពីរដងក្នុងមួយខែពីការងាររបស់ខ្លួន ហើយនួន ជាបានផ្ដល់យោបល់ត្រឡប់ទៅវិញ សម្រាប់ការអនុវត្តនូវផែនការផ្សេងៗ។ រហូតមកទល់នឹងរសៀលថ្ងៃច័ន្ទនេះ ក្រុមមេធាវីរបស់ នួន ជា និង អៀង សារី បានច្រានចោលជាថ្មីនូវឯកសារមួយចំនួន ដែលបង្ហាញនៅក្នុងតុលាការនៅក្នុងពេលនេះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកបុរីកីឡាសុំឱ្យតុលាការពន្លឿនពាក្យប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច Posted: 12 Mar 2012 06:59 PM PDT ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា ដែលពុំទាន់បានទទួលផ្ទះសម្បែងប្រមាណជិត៥០នាក់ នៅថ្ងៃច័ន្ទនេះបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខតុលាការក្រុងភ្នំពេញដើម្បីឲ្យតុលាការពន្លឿនពាក្យបណ្តឹងរបស់ពួកគេប្រឆាំងជំទាស់ទៅនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រីស៊ុយ ស៊ីផាន។ ក្រុមអ្នកតវ៉ាបានឈរកាន់បដា ព្រមទាំងស្រែកតាមឧគ្ឃោសនស័ព្ទបំពងសំឡេងនៅពីមុខតុលាការ។ ក៏ប៉ុន្តែរយៈពេលពីរម៉ោងក្រោយមក ក្រុមប្រជាពលរដ្ឋបានសម្រេចរំសាយទៅវិញ បន្ទាប់ពីមានកម្លាំងមន្ត្រីប៉ូលិសមកហាមឃាត់។ អ្នកស្រី ជុំ ងាន់ អាយុ៣៩ឆ្នាំ តំណាងក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីចង់ឲ្យតុលាការពន្លឿនពាក្យបណ្តឹងប្រជាពលរដ្ឋ។ អ្នកស្រីបាននិយាយថាប្រជាពលរដ្ឋ ដែលនៅសេសសល់ពីការបណ្តេញចេញ បានជំទាស់ទៅនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលតម្រូវឲ្យពួកគេទៅរស់នៅតំបន់ភ្នំបាត និងតំបន់ទួលសម្បូរណ៍។ «ពួកខ្ញុំឥតព្រមទេ អារឿងភ្នំបាត ទួលសម្បូរណ៍។ បើពួកខ្ញុំព្រម ខ្ញុំទៅតាំងពីយូរ មិនដល់ថ្នាក់ជាប់នៅព្រៃស្ពឺ ជាប់នៅស្នងការ ឬជាប់នៅព្រៃស ជាដើម»។ ក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា ដែលពុំទទួលបានផ្ទះសម្បែង បានដាក់ពាក្យបណ្តឹងពីរដាច់ដោយឡែកៗ ពីគ្នាទៅកាន់តុលាការភ្នំពេញ ដោយប្តឹងពីបទរដ្ឋប្បវេណី និងពីបទព្រហ្មទណ្ឌ។ ចំពោះបណ្តឹងរដ្ឋប្បវេណីប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ ដើម្បីប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ថាមិនបានគោរពតាមសន្យា និងទាមទារសំណងក្នុងមួយគ្រួសារចំនួនបួនលានរៀល និងបណ្តឹងទី២ ពីបទព្រហ្មទណ្ឌ ប្រជាពលរដ្ឋបានប្តឹងកាលពីថ្ងៃទី៦ ខែមិនា ប្តឹងអ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ថាបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមករុះរើលំនៅដ្ឋានប្រជាពលរដ្ឋ កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ។ អ្នកស្រី ព្រំ ពេជ អាយុ៧០ឆ្នាំ កំពុងអង្គុយបទជើងទ្រហ៊ោយំ នៅកណ្តាលហ្វូងក្រុមបាតុករបាននិយាយថា អ្នកស្រីគ្មានទីជម្រកទេ បន្ទាប់ពីផ្ទះសម្បែងបានបាត់បង់។ «បើសិនជាភ្លើងឆេះផ្ទះ ក៏នៅសល់ដីដែរ តែឥឡូវនេះស្អីក៏គ្មាន។ ឥឡូវហ្នឹងឥវ៉ាន់បន្តិចបន្តួចរើយកទៅផ្ញើគេអស់ហើយពេលនេះ។ ខ្ញុំស៊ូទ្រាំជាងពីរខែមកហើយ»។ លោក ឌុច គឹមសន ចៅក្រមនៃតុលាការក្រុងភ្នំពេញបាននិយាយថា លោកពុំទាន់បានពិនិត្យសំណុំរឿងនេះនៅឡើយ។ «ឥតដឹង ខ្ញុំឥតបានដឹងផង។ ចាំមើលខ្ញុំសួរទៅខាងរដ្ឋបាល ខ្ញុំសួរសិន»។ លោក យិន សាវ៉ាត មេធាវីការពារក្តីប្រជាពលរដ្ឋបាននិយាយថា តាមក្រមនីតិវិធីរបស់តុលាការបានកំណត់ថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងមួយខែ តុលាការត្រូវតែចេញដីកា ដើម្បីកោះហៅភាគីទាំងសងខាង ធ្វើនីតិវិធីត្រៀមការពារក្តី។ ក៏ប៉ុន្តែរយៈពេលជិតមួយខែមកហើយ លោកមិនទាន់បានទទួលដីកាកោះហៅពីតុលាការនៅឡើយទេ។ «ខ្ញុំគិតថា ប្រហែលជាគេមិនខ្លាចទេ។ ព្រោះអីតុលាការជាស្ថាប័នឯករាជ្យ គាត់ដោះស្រាយ គឺគាត់ឈរនៅលើផ្លូវច្បាប់។ អញ្ចឹង ខ្ញុំគិតថាឥតមានអីគួរឲ្យខ្លាចទេ»។ អ្នកស្រី ស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចមិនអាចសុំទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនផានអ៊ីម៉ិច បានចាប់ផ្តើមសាងសង់អគារពីរបន្ថែមតាមកិច្ចសន្យា។ ក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡា នៅតែចោទប្រកាន់ថា ការសាងសង់អគារពីរបន្ថែមរបស់ក្រុមហ៊ុនផានអ៊ីម៉ិចនេះ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានឈ្មោះស្នាក់នៅអគារថ្មីនេះនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |