VOA News: ព័ត៌មាន: “ទាហានអាមេរិកដែលសម្លាប់រង្គាលពលរដ្ឋអាហ្វហ្គានីស្ថានមកដល់គុកនៅអាមេរិកហើយ” plus 1 more |
ទាហានអាមេរិកដែលសម្លាប់រង្គាលពលរដ្ឋអាហ្វហ្គានីស្ថានមកដល់គុកនៅអាមេរិកហើយ Posted: 17 Mar 2012 09:18 AM PDT យោធាអាមេរិកនិយាយថាទាហានអាមេរិកាំងដែលសង្ស័យថាបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថានកាលពីដើមសប្តាហ៍នេះត្រូវបានបញ្ជូនមកដល់គុកយោធានៅភាគកណ្តាលសហរដ្ឋអាមេរិកហើយ។ ជនសង្ស័យម្នាក់ដែលមានឈ្មោះ រូប៊ឺត បេល (Robert Bales) ត្រូវបានគេបញ្ជាក់ថាជាពលបាល ហើយនឹងត្រូវឃុំឃាំងឱ្យនៅតែម្នាក់ឯងក្នុងបន្ទប់មួយនៃពន្ធនាគារដែលមានការការពារសន្តិសុខយ៉ាងខ្លាំងក្នុងបន្ទាយ ហ្វត លីវវ៉ត (Fort Leavenworth) ក្នុងរដ្ឋកាន់សាស។ តុលាការនៅមិនទាន់បានចោទប្រកាន់លោក បេល ដែលមានអាយុ៣៨ឆ្នាំនេះនៅឡើយទេ។ ជនជាតិអាហ្វហ្គានីស្ថានបានអំពាវនាវសុំឱ្យយកខ្លួនបុរសនេះមកកាត់ទោសក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃសុក្រនេះ មេធាវីស៊ីវិលរបស់លោកបាននិយាយថាកូនក្តីរបស់គាត់ទំនងជាមានអាការៈតានតឹងក្នុងចិត្តក្រោយពីបានឃើញយុទ្ធមិត្តរបស់គេម្នាក់ផ្ទុះមីនដាច់ជើងកាលពីមួយថ្ងៃមុនមានការបាញ់សម្លាប់រង្គាលមនុស្សនៅក្នុងខេត្ត កាន់ ដាហា។ ស.រ.អា៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានធ្វើការអំពាវនាវជាថ្មីម្តងទៀតឱ្យសភាជាតិបញ្ឈប់ការឧបត្ថម្ភពន្ធដល់ក្រុមហ៊ុនប្រេងក្នុងខណៈពេលដែលតម្លៃសាំងនៅតែបន្តឡើងថ្លៃ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->ស.រ.អា៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា កំពុងផ្តោតលើយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញកាលពីថ្ងៃសុក្រដោយបានជួបជាមួយនឹងក្រុមអ្នករៃអង្គាសប្រាក់ដែលអាចនឹងឧបត្ថម្ភលោកក្នុងទឹកប្រាក់ដ៏ច្រើន។ ក្នុងខណៈពេលនេះដែរក្រុមសាធារណរដ្ឋដែលសង្ឃឹមថានឹងផ្តួលលោកប្រធានាធិបតីកំពុងសម្លឹងឆ្ពោះទៅការប្រកួតប្រជែងជាច្រើនទៀតដើម្បីទទួលបានការតែងតាំងពីគណបក្ស។ ទីម័រខាងកើត៖ ប្រទេសទីម័រខាងកើតបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទីពីរហើយនៅថ្ងៃសៅរ៍នេះ ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី កាលពីខែឧសភាឆ្នាំ២០០២។ ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបាននិយាយកាលពីថ្ងៃសៅរ៍ថាខ្លួននឹងដាក់លក់ដេញថ្លៃវិមានពីររបស់អតីតមេដឹកនាំផ្តាច់ការ លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ក្នុងតម្លៃយ៉ាងតិចណាស់ក៏៧,៣លានដុល្លារដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។ ចិន៖ របាយការណ៍របស់ក្រុមទីបេត៍ដែលកំពុងរស់នៅនិរទេសខ្លួនបានឱ្យដឹងថាមានព្រះសង្ឃមួយអង្គទៀតបានដុតខ្លួនតវ៉ា នៅភាគខាងកើតតំបន់ទីបេត៍ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់ប្រទេសចិននៅតំបន់នេះដែលមានប្រជាពលរដ្ឋរស់នៅច្រើន។ តៃវ៉ាន់៖ ភ្នាក់ងារស៊ើបអង្កេតរបស់តៃវ៉ាន់ម្នាក់ដែលបានចូលនិវត្តន៍ត្រូវបានចាប់ខ្លួនឃុំនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសក្រោមបទចោទប្រកាន់ថាបានលួងលោមអតីតអ្នកធ្លាប់ធ្វើការជាមួយទៅលេងប្រទេសចិនហើយបង្ខំពួកគេយកព័ត៌មានសម្ងាត់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារបារាំងAFP។ ម៉ាលី៖ អង្គការកាកបាទក្រហមអន្តរជាតិបានព្រមានថាស្ថានភាពនៅភាគខាងជើងប្រទេសម៉ាលីកាន់តែអាក្រក់ឡើងៗ សម្រាប់ជនស៊ីវិលរាប់ម៉ឺននាក់ដែលកំពុងព្យាយាមរត់គេចចេញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាម ទួររ៉េក។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ហ៊ុន សែនបង្ហាញមោទនភាពដែលអ្នកតវ៉ាកាន់រូបគាត់និងភរិយា Posted: 17 Mar 2012 08:40 AM PDT លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសកាលពីថ្ងៃអង្គារទី ២៨ ខែកុម្ភៈ នៅក្នុងពិធីចែកសញ្ញាប័ត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងក្រុងភ្នំពេញថា៖ «អ្នកណាត្រូវការតវ៉ាអី ត្រូវការលើករូបថតខ្ញុំ និងប្រពន្ធខ្ញុំជានិច្ច» ។ លោកនាយករដ្ឋមន្ដ្រីបានបង្ហាញពីការចាប់អារម្មណ៍ដូចនេះជាលើកដំបូងបំផុតទៅដល់ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាតាមរយៈការប្រើប្រាស់រូបថតរបស់លោកនិងភរិយា។ ការកត់សម្គាល់របស់ប្រមុខរដ្ឋាភិបាលខ្មែរគឺនៅពេលដែលការតវ៉ានៅទូទាំងប្រទេសបានផុលផុស និងអូសបន្លាយ ហើយជួនកាលក្រុមអ្នកតវ៉ាទទួលរងការបង្រា្កបយ៉ាងហិង្សាទៀតផង។ ហាក់បីដូចជាបង្ហាញនូវមោទនភាពមួយ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រៀបប្រដូច ឧត្តមភាពរបស់លោកទៅនឹងគូប្រជែងនយោបាយ និងព្រះមហាក្សត្រ ដែលសោយរាជ្យ និងមិនកាន់អំណាច។ «គេមិនដែលលើករូបថតមេបក្សប្រឆាំងអីទេ។ ភាគច្រើនលើករូបថតខ្ញុំ នឹងប្រពន្ធខ្ញុំ។ ឬក៏អាចថែមរូបថតព្រះមហាក្សត្រ។ ប៉ុន្ដែជាទូទៅឃើញតែរូបថតតែពីរនាក់ (ខ្ញុំ និងប្រពន្ធ)។ ព្រោះគាត់ត្រូវការទាមទារសំណូមពរនេះ សំណូមពរនោះ គាត់លើករូបថតខ្ញុំ នឹងប្រពន្ធខ្ញុំអញ្ចឹងហ្មង»។ យ៉ាងណាក៏ដោយលោក ហ៊ុន សែន មិនបានបង្ហាញថា តើដំណោះស្រាយចំពោះការទាមទាររបស់ក្រុមប្រជាពលរដ្ឋយ៉ាងណានោះទេ។ មន្ដ្រីរដ្ឋាភិបាល មន្ដ្រីសង្គមស៊ីវិលនិងមន្ដ្រីគណបក្សជំទាស់ហាក់ដូចជាមានការបកស្រាយស៊ីសង្វាក់គ្នាទៅលើទំនោររបស់ប្រជាពលរដ្ឋនេះ។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបកស្រាយថានិន្នាការរបៀបនេះដោយសារតែអំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្របដណ្ដប់លើស្ថាប័នផ្សេងៗទៀតដូចជាស្ថាប័នតុលាការជាដើម។ «គេយករូបគាត់ដោយសារតែគេដឹងថា គាត់មានអំណាចនៅក្នុងប្រទេសកម្ពុជា ហើយទាក់ទងនឹងរឿងនេសាទក៏ដោយរឿងអ្វីក៏ដោយ ការសម្រេចចិត្តរបស់គាត់ គឺតុលាការត្រូវតែធ្វើតាមតែម្ដង។ ដូច្នេះឥឡូវគេ មិនរកតុលាការទេ គឺគេរកគាត់វិញ»។ របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុកបង្ហាញថាការតវ៉ារបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៅឆ្នាំ២០១១ មានចំនួនជាង ៥០០ ករណី នៅក្នុងនោះក្រុមអាជ្ញាធរបង្រ្កាបចំនួន ១៨៦ ករណី។ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការអាដហុកមានប្រសាសន៍ថា ការតវ៉ាជាច្រើនទាក់ទងនឹងទំនាស់ដីធ្លី ដីសម្បទានសេដ្ឋកិច្ច ហើយដែលនាំឲ្យឈានទៅដល់ការបិទផ្លូវទៀតផង ដោយសារតែបញ្ហាមួយចំនួន ក្រុមប្រជាពលរដ្ឋត្រូវរង់ចាំដំណោះស្រាយយ៉ាងរ៉ាំរ៉ៃ។ លោក នី ចរិយា មានប្រសាសន៍ដូចគ្នាទៅនឹងលោក អ៊ូ វីរៈ ថា ប្រជាពលរដ្ឋអ្នកតវ៉ាប្រើប្រាស់រូបថតលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសារការរំពឹងពីឥទ្ធិពលនៃអំណាចរបស់លោក។ ដោយឡែក លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សជំទាស់សិទ្ធិមនុស្សយល់ឃើញដូចគ្នានេះដែរ។ «កិច្ចការហ្នឹង គ្រាន់តែបញ្ជាក់ឲ្យឃើញថា ស្រុកខ្មែរយើង អំណាចហ្នឹងនៅលើដៃបុគ្គលហ្នឹងច្រើនជាងនៅលើស្ថាប័នរដ្ឋ។ ពិនិត្យមើលទៅ ចំណាត់ការយ៉ាងណាក៏ដោយ បើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវស្រែកទៅមិនសូវមានប្រសិទ្ធភាពទេ។ ហើយប្រសិទ្ធភាពហ្នឹងទៅបើតាមការមើលឃើញរបស់ខ្ញុំ វាមានតែរយៈពេលខ្លីនោះទេ គ្មានជានិរន្តរភាពនោះទេ»។ ការប្រើប្រាស់រូបថតរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងភរិយារបស់លោក រួមទាំងព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រនៅក្នុងចំណោមអ្នកតវ៉ា ត្រូវគេសម្គាល់ប្រៀបដូចជាការប្រើយ័ន្តការពារខ្លួន ទល់នឹងការបង្រ្កាបដោយហិង្សាជាយថាហេតុណាមួយ ពីក្រុមអាជ្ញាធរ ឬម្យ៉ាងទៀត អាចជារលកបញ្ជូនសារជាប្រយោលសំដៅទៅរកអន្ដរាគម៍ ឬការឈឺឆ្អាលពីប្រមុខដឹកនាំរដ្ឋ នៅក្នុងខណៈពេល ដែលក្រុមអ្នកតវ៉ាសំឡឹងឃើញថាយន្ដការនៃដំណោះស្រាយជាក់លាក់សម្រាប់ពួកគាត់ ប្រកបទៅដោយក្ដីអស់សង្ឃឹមឬជួនកាលដំណោះស្រាយពុំមានយុត្តិធម៌។ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ការនិយមរបស់ប្រជាពលរដ្ឋមានប្រសិទ្ធភាពតែពីដំបូងទីតែប៉ុណ្ណោះថ្វីបើក្រុមប្រជាពលរដ្ឋបានព្យាយាមស្វែងរកដំណោះដោយផ្ទាល់ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រីក៏ដោយ។ «ប៉ុន្តែនិន្នាការហ្នឹងដល់ពេលក្រោយៗមក ដូចជាមិនសូវមានការខ្លាចរអែង ឃើញតែមានការបង្រ្កាបដោយទាំងរូបថត ដោយទាំងអីទៀត។ ជាបញ្ហាអាជ្ញាធរមូលដ្ឋានហ្នឹងច្រើនតែធ្វើតាមបញ្ជាបង្រ្កាបឬក៏ទប់ស្កាត់ទៅលើប្រជាពលរដ្ឋដែលតវ៉ាហ្នឹងទៅ។ ប្រជាជនដែលតវ៉ាហ្នឹងសុទ្ធតែបានដាក់ជូនទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។ ពេលខ្លះបីដង បួនដងក៏មានដែរ។ ប៉ុន្តែមិនដែលឃើញមានដំណោះស្រាយណាមួយ ជាវិជ្ជមានមកប្រជាពលរដ្ឋវិញទេ»។ អ្នកស្រីជុំ ង៉ាន់ គឺជាអ្នកតវ៉ាយ៉ាងស្វិតស្វាញម្នាក់នៅក្នុងសហគមន៍បុរីកីឡា។ សហគមន៍បុរីកីឡាដោយទទួលរងនូវការបណ្តេញចេញដោយបង្ខំនៅក្នុងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ។ គាត់គឺជាអ្នកកាន់រូបថតរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយគាត់ក៏ត្រូវក្រុមសមត្ថកិច្ចវាយសំពងជាច្រើនផងដែរ។ «ខ្ញុំនឹកឃើញថា បើកាលណាមានរូបសម្តេចទៅមិនអាចគេធ្វើបាបអី។ ប៉ុន្តែការណ៍ពិតទៅ បើទោះបីជាស្តេចនៅពីមុខគេនៅតែវាយខ្ញុំអញ្ចឹង។ ចំក្បាល ចំសៀតផ្កា ចំឆ្អឹងជំនីហើយឲ្យធ្លាក់ពីដៃខ្ញុំអីញ្ចឹងទៅ ដល់ពេលហ្នឹងទៅ គេជាន់បន្ថែមពីលើទៀត។ ហើយអ្នកកាន់រូបថតហ្នឹង ត្រូវច្រើនជាងគេ។ បើរូប ប៊ុនរ៉ានី នៅខាងក្រោមម្នាក់ឯង ដែលថាស្គមនៅតែឆ្អឹងហ្នឹង គាត់ខាងក្រោមទ្រូងហ្នឹង។ គេវាយឡើងចេញឈាមក្បាល ដេរបួនថ្នេរ។ ប៉ូលិសវាយនៅថ្ងៃ១ មករា»។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានបង្ហាញជំហរផ្ទាល់ខ្លួនថា ការធ្វេសប្រហែសក្នុងការគោរពលើឥស្សរភាពនៃប្រមុខដឹកនាំតាមរយៈការប្រើប្រាស់រូបថតនេះបានធ្វើឲ្យបរិយាកាសនៃការតវ៉ារបស់ពួកគាត់រីករាលដាលទៅជាធ្ងន់ធ្ងរ។ លោក ផៃ ស៊ីផាន បានទទួលស្គាល់ដោយឥតលាក់លៀមថា នេះពិតជាកំហុសរបស់ក្រុមអាជ្ញាធរ។ «ខ្ញុំឃើញថានៅពេលដែលប្រជាពលរដ្ឋគាត់លើករូបសម្តេច ឬ រូបលោកជំទាវ ដើម្បីបង្ហាញភាពស្មោះត្រង់របស់ប្រជាពលរដ្ឋ នៅតែមានដដែល។ ដោយសារមន្ត្រី ឬ ក្រុមអាជ្ញាធរ ឬ អ្នកដទៃទៀតហ្នឹង មិនស្តាប់គាត់ យកចិត្តទុកដាក់គាត់ មិនគោរពគាត់។ អាបញ្ហាដូច្នេះហើយ បានជាគាត់លើករូបហ្នឹងមក។ អាហ្នឹងគឺជាកំហុសឆ្គង ឬ ភាពអសកម្ម នៃមន្ត្រី ឬក៏ អ្នកដទៃទៀត ដែលធ្វើឲ្យមានរឿងហ្នឹងកើតឡើង»។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាព្រមានថា កាលណាការតវ៉ារបៀបនេះបន្ដមានតទៅទៀតគឺជារឿងគួរឲ្យព្រួយបារម្ភ សម្រាប់រដ្ឋាភិបាលពីអស្ថិរភាពរបស់សង្គមដោយសារតែប្រជាពលរដ្ឋពុំមានលំនឹងផ្លូវចិត្តនិងក្ដីអស់សង្ឃឹមហើយបាត់បង់ជំនឿលើដំណោះសា្រយរបស់ស្ថាប័នរដ្ឋ និងរបស់នាយករដ្ឋមន្ដ្រីហើយការប្រមូលផ្ដុំតវ៉ាច្រើនគឺនឹងប៉ះពាល់ដល់ប្រជាប្រិយ៍ភាព និងការគាំទ្ររបស់គណបក្សកាន់អំណាចដោយសារអ្នកដែលទទួលរងផលប៉ះពាល់នៃសង្គមហើយធ្វើការតវ៉ាមួយចំនួនគឺជាមន្ដ្រីនៅក្នុងជួររដ្ឋាភិបាលតែម្ដង។ យ៉ាងណាក៏ដោយ ផៃ ស៊ីផាន បញ្ជាក់ថា មានយន្ដការសម្រាប់បញ្ជូនព័ត៌មាននៃការតវ៉ាទាំងនោះទៅកាន់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |