VOA News: ព័ត៌មាន: “លោក សានតូរុម ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​អាឡាបាម៉ា​និង​មីស៊ីស៊ីពី” plus 3 more

VOA News: ព័ត៌មាន: “លោក សានតូរុម ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​អាឡាបាម៉ា​និង​មីស៊ីស៊ីពី” plus 3 more


លោក សានតូរុម ឈ្នះ​ការ​បោះឆ្នោត​បឋម​ក្នុង​រដ្ឋ​អាឡាបាម៉ា​និង​មីស៊ីស៊ីពី

Posted: 14 Mar 2012 09:17 AM PDT

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ លោក រីក សានតូរុម (Rick Santorum) បាន​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​អាឡាបាម៉ា (Alabama) និង មីសីសីពី (Mississippi) រដ្ឋ​ភាគ​ខាងត្បូង កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​ពង្រឹង​គោល​ជំហរ​របស់​លោក​ជា​អ្នក​អភិរក្ស​និយម​ ប្រសើរ​ជាង​លោក មិត រូមនី (Mitt Romney) ដែល​នាំ​មុខ​ការ​ប្រកួត​យក​តំណែង​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស។

<!--IMAGE-LEFT-->

លោក សានតូរុម បាន​យក​ជ័យ​ជម្នះ​ក្នុង​រដ្ឋ​អភិរក្ស​និយម​ដ៏​ខ្លំាងក្លា ហើយ លោក មិត រូមនី ជាប់​លេខ​ពីរ រួច ញូត ហ្គីងរីជ (Newt Gingrich) ជាប់​លេខ​បី។ លោក សាននតូរុម អតីត ព្រឹទ្ធសមាជិក​ពី រដ្ឋ​ផេនីសីលវ៉ានៀ (Pennsylvania) ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក ថា​ ការ​ឃោសនា​របស់​លោក ធ្វើ​ឡើង​ដោយ​ជន​សាមញ្ញ​ដែល​ធ្វើ​កិច្ចការ​វិសាមញ្ញ។

នេះ​ជា​យុទ្ធនាការ​ចេញ​ពី​សាមញ្ញជន សម្រាប់​តំណែង​ប្រធានាធិបតី។ អ្នក​ដែល​ប្រយុទ្ធ​តស៊ូ​ខ្លាំង​ នៅ​ក្នុង​យុគ​បណ្ដាញ​ព័ត៌មាន​ពេល​នេះ​ដោយ​ជន​សមញ្ញ​ទូទាំង​ប្រទេស​នេះ​អាច​ធ្វើ​អ្វី​ពិសេស​អស្ចារ្យ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

កម្ពុជា៖ ប្រទស​កម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​អន្ដរជាតិ​មក​លើ​វត្ថុ​បុរាណ​ខ្មែរ​ដោយ​មាន​ការ​គាំទ្រ​ពី​គ្រឹះស្ថាន​វត្ថុ​វិចិត្រសិល្បៈ​ដ៏​ល្បី​ឈ្មោះ​មួយ​គឺ គ្រីស្ទី (Christie)។ វត្ថុ​បុរាណ​ខ្មែរ​មាន​តម្លៃ​ខ្ពស់​ដែល គេ​តាម​ស្វែងរក​ចង់​បាន។

ស.រ.អា៖ លោកស្រី​រដ្ឋមន្ដ្រី​ការបរទេស​ ហីឡារី គ្លីនតុន ថ្លែង​ថា​ទំនាក់ទំនង​យុទ្ធសាស្រ្ដ​របស់​ស.រ.អា ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​អាទិភាព​ខ្ពស់​បំផុត​ខណៈ​ដែល​ស.រ.អា បាន​ប្រែប្រួល​ពី កិច្ចប្រឹងប្រែង​យោធា​ចេញ​ពី អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន។

ស.រ.អា/អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ដ្រី​ការបរទេស​ស.រ.អា លោក ឡេអុន ផានេតា (Leon Panetta) ថ្លែង​ថា អំពើ​ឃោរឃៅ​កាល​ពី​ពេល​ថ្មី​ៗ​នេះ រាប់​ទាំង​ការ​បាញ់​សម្លាប់​ឥត​រើស​មុខ​នៅ​ក្រៅ​ទីក្រុង កាន់ដាហារ (Kandahar) ប្រព្រឹត្ដ​ដោយ​ទាហាន​អាមេរិកាំង​ម្នាក់ នឹង​មិន​រារាំង​ស.រ.អា មិន​ឲ្យ​បន្ដ​បេសកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។

ស៊ីរី៖ អង្គការ​ Amnesty International ថ្លែង​ថា​ពលរដ្ឋ​ស៊ីរី​ដែល​បាន​ត្រូវ​ចាប់​ឃុំ​ដោយ​អាជ្ញាធរ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​បះបោរ​ប្រឆាំង​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​លោក បាស្សា អាល់ អាសដាដ (Bashar al Assad) បាន​រងគ្រោះ​ពី​ការ​ធ្វើ​ទារុណកម្ម​ដ៏​រាលដាល​ដែល​អាច​ចាត់​ជា​បទ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ។

ចិន៖ នាយរករដ្ឋមន្ដ្រី​ចិន​ បាន​ថ្លែង​សង្កត់​ធ្ងន់​លើ​សេចក្ដី​ត្រូវការ​ឲ្យ​មាន​ការ​កែ​ទម្រង់​នយោបាយ ក្នុង​គោលបំណង​នឹង​ធ្វើ​ឲ្យ​រឹងមាំ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ហើយ​ចៀសវាង​ការ​គំរាម​មក​ពី​អស្ថិរភាព​សង្គម។ សេចក្ដី​ថ្លែងការណ៍​នេះ ប្រហែល​ជា​សន្និសិទ​កាសែត​ចុង​ក្រោយ​បង្អស់ របស់​លោក​មុន​នឹង​លោក​ចូលនិវត្ដន៍​នៅ​ក្នុង​ឆ្នាំ​ក្រោយ។

ចិន៖ សភា​របស់​ប្រទេស​ចិន បាន​អនុម័ត​មក​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​មួយ ដែល​មាន​គោលដៅ​នឹង​បណ្តឹង​មក​លើ​អំណាច​ប៉ូលិស​ក្នុង​ការ​ចាប់​ឃុំ​ដោយ​សម្ងាត់​មក​លើ​ជន​សង្ស័យ។

ស.រ.អា៖ លោកស្រី​រដ្ឋមន្ដ្រី​ការបរទេស​ស.រ.អ ហ៊ីឡារី រូដាម គ្លីនតុន បាន​ថ្លែង​រំឭក​ប្រាប់​អ្នក​ការទូត​ស.រ.អា អំពី​ភាព​ចាំបាច់​ក្នុង​ការ​គាំទ្រ​សង្គម​ស៊ីវិល និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ត្រូវ​បាន​ទិតៀន​ដោយ​រដ្ឋាភិបាល​នៃ​មជ្ឈឹមបូព៌ា និង​តំបន់​អាហ្វ្រិក​ខាងជើង។

ស្វ៊ីស៖ រថយន្ដ​ក្រុង​មួយ​គ្រឿង​ដឹក​អ្នក​ទេសចរ​ជាតិ បែលហ្ស៊ិក (Belgique) មក​ផ្ទះ​វិញ​ពី​ទីកន្លែង​លេង​ស្គី បាន​ក្រឡាប់​នៅ​ក្នុង​ផ្លូវ​រូងភ្នំ​ បណ្ដាល​ឲ្យ​មនុស្ស ២៨​នាក់​ស្លាប់ រួម​ទាំង​ក្មេង ២២​នាក់ នៅ​ក្នុង​ប្រទេស​ស្វ៊ីស។

បង់ក្លាដែស៖ ចំនួន​មនុស្ស​ស្លាប់​ពី​គ្រោះថ្នាក់​លិច​សាឡាង​​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​បង់ក្លាដែស​កើន​ដល់​១០៥​នាក់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

និស្សិត​ខ្មែរ៖ មហា​គ្រោះ​ធម្មជាតិ​នៅ​ជប៉ុន​ជា​បទ​ពិសោធន៍​ដ៏​«កម្រ»​មួយ

Posted: 14 Mar 2012 08:17 AM PDT

<!--IMAGE-RIGHT-->

នៅ​ក្នុង​អំឡុង​​ព្រឹត្តិការណ៍​រញ្ជួយ​ផែនដី​និង​រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​មុន​ អ្នក​នាង ទា ស៊ាងហួង និស្សិត​ខ្មែរ​ម្នាក់​ដែល​រៀន​ជំនាញ​ភាសា​ជប៉ុន​និង​ភាសា​​ចិន​នៅ​ទី​ក្រុង​តូក្យូ បាន​បាត់​ដំណឹង​មួយ​រយៈ​ក្នុង​​ពេល​នាង​​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រុង​សេនដៃ (Sendai) ដែល​​ជា​កន្លែង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​ការ​រញ្ជួយ​ផែនដី​និង​រលក​ស៊ូណាមិ។ នៅ​ពេល​នោះ​ វីអូអេ​បាន​សម្ភាសន៍​​​អ្នក​នាង​ស៊ាងហួង​នៅ​ភ្លាមៗ​ក្រោយ​ពេល​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ដំណើរការ​វិញ។ នៅ​​ក្នុង​ឱកាស​ខួប​មួយ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គ្រោះ​មហន្តរាយ​​នៅ​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មីនា​នេះ លោក សឹង សុផាត​ នៃ​វីអូអេ​ បាន​ជួប​សម្ភាសន៍​អ្នក​នាង ទា ស៊ាងហួង ជា​ថ្មី​ដើម្បី​សាកសួរ​ពី​​​ស្ថានភាព​ប្រទេស​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ចំណាប់​អារម្មណ៍​​​របស់​អ្នក​នាង​​ស៊ាងហួង​នៅ​ពេល​ជិត​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ តទៅ​នេះ​ជា​កិច្ច​សម្ភាសន៍​​ទាំង​ស្រុង​តាម​ប្រព័ន្ធ​ Skype៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

មេធាវី​ការពារ​ខៀវ សំផន​បដិសេធ​ឯកសារ​របស់​ព្រះរាជ​អាជ្ញា

Posted: 13 Mar 2012 08:02 PM PDT

ក្រុម​មេធាវី​ការពារ​ឲ្យ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ខៀវ ​សំផន ​បាន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ឯកសារ​ជា​មូលដ្ឋាន​សម្រាប់​ការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២។

ការ​ជំទាស់​នៅ​ពេល​ដែល​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​លើក​ឡើង​ថា ​ឯកសារ​ជា​ច្រើន​ដែល​ស្នើ​ដោយ​ភាគី​សហ​ព្រះរាជអាជ្ញា​មិន​អាច​ជឿជាក់​បាន ​និង​មិន​ជាប់​ទាក់ទង​ទៅ​នឹង​បរិបទ​នៃ​ការ​កាត់ទោស​នៅ​ដំណាក់កាល​ដំបូង​នេះ​ទេ។

ដំណាក់​កាល​ដំបូង​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ប្រជាជន​កម្ពុជា ​នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ចាប់​ផ្តើម​កាន់​អំណាច។

លោក​ គង់ ​សំអុន ​សហមេធាវី​កម្ពុជា​របស់ ​ខៀវ ​សំផន ​បាន​លើក​ឡើង​ថា ​ឯកសារ​ជា​ច្រើន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ដំណាក់កាល​ក្រោយ​ហើយ​ក្រុម​ស្មាក្ដី​របស់​ជន​ជាប់ចោទ​ខៀវ ​សំផន ​នឹង​មិន​យក​មក​ពិនិត្យ​នូវ​ឯកសារ​ទាំង​នោះ​ទេ។

«ដូច​ជា​អង្គហេតុ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សហការ ​អង្គហេតុ​ពាក់ព័ន្ធ​ទៅ​នឹង​ការដ្ឋាន​ ពាក់ព័ន្ធ​ទៅ​នឹង​មន្ទីរ​សន្តិសុខ ​កន្លែង​សម្លាប់​មនុស្ស ​ឬ​អង្គហេតុ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​លំនៅ​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង​ដំណាក់​កាល​ទី​៣ ​មិន​ត្រូវ​លើក​យក​ដេញដោល​នៅ​ក្នុង​ពេល​ជំនុំ​ជម្រះ​នៅ​ពេល​ដំបូង​នេះ​ទេ»។

សហ​មេធាវី​សញ្ជាតិ​បារាំង ​លោកស្រី ​អង់តា ហ្គីសេ (Anta Guissé) បាន​ច្រានចោល​ឯកសារ​ជា​ខ្សែ​អាត់សំឡេង ​និង​ឈុត​វីដេអូ​របស់​ក្រុម​អ្នក​ជំនាញ​រួមទាំង​ឯកសារ​មួយ​ចំនួន​ទៀត ​ដែល​លោកស្រី​គិត​ថា​មិន​មាន​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ក្នុង​នោះ​មាន​ទាំង​ឯកសារ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់​លោក ​ឆាំង ​យុ ​និង​ឯកសារ​ ដែល​ផ្ដល់​ដោយ​ប្រទេស​វៀតណាម ​និង​ប្រទេស​ស៊ុយអែត។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ ​ក្រុម​មេធាវី​ការពារ​របស់​នួន ​ជា ​អតីត​ប្រធាន​សភាខ្មែរក្រហម ​និង​មេធាវី​របស់​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម​បាន​ធ្វើការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ប្រើប្រាស់​ឯកសារ​នោះ​ដែរ។

យ៉ាងណា​ក៏ដោយ​ក្រុម​សហ​ព្រះរាជ​អាជ្ញា ​បាន​ធ្វើ​ការ​ការពារ​ឯកសារ​របស់​ខ្លួន​ដោយ​បកស្រាយ​មួយ​ចំណុច​ម្ដង​មួយ​ចំណុច​ម្ដង​នូវ​ការ​ជំទាស់​របស់​ក្រុម​មេធាវី​ នៃ​ជន​ជាប់ចោទ​ទាំង​បី។

លោក ​វ៉េង ​ហួត ​សហព្រះរាជអាជ្ញា​កម្ពុជា​បាន​សំអាង​ថា ​ឯកសារ​នីមួយ​ៗ​ ដែល​ស្នើ​ដោយ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​មាន​​ភាព​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អង្គសេចក្តី​នៃ​ការ​ជំនុំជម្រះ​ នៅ​ពេល​នេះ។

«ព័ត៌មាន​ទាំង​អស់​នេះ​ វា​លើស​ពី​គ្រប់គ្រាន់​ទៅ​ទៀត ​ដើម្បី​កំណត់​ពី​ភាព​ពាក់ព័ន្ធ​ ភាព​ជឿ​ទុកចិត្ត​បាន​ និង​យថាភាព​នៃ​ឯកសារ​ទាំង​អស់ ​ដែល​យើង​ខ្ញុំ​បាន​ស្នើ​ឡើង​សម្រាប់​សវនាការ​ ក្នុង​ដំណាក់កាល​ដំបូង​នេះ»។

ជាមួយ​គ្នា​នេះ​ដែរ​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ ​លោក ​តារីក​ អាប់ឌុលឡាក់ (Tarik Abdulhak) ​បាន​ការពារ​បន្ថែម​លើ ​ឯកសារ​របស់​សហ​ព្រះរាជ​អាជ្ញា​ទាក់ទង​ទៅ​នឹង​រចនា​សម្ព័ន្ធ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​តួនាទី​របស់​ជន​ជាប់​ចោទ​ក្នុង​ការ​បង្កើត​របប​នេះ​និង​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល ​វិសាលភាព​នៃ​អំណាច​របស់​ពួកគេ​ រួម​ទាំង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​របស់​ជន​ជាប់​ចោទ។

កាល​ពី​ថ្ងៃ​ច័ន្ទ​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម ​បាន​បង្ហាញ​ថា​ ជនជាប់​ចោទ​អៀង ​សារី ​ខៀវ ​សំផន ​និង​ នួន ​ជា ​មាន​តួនាទី​ជាក់លាក់​ព្រមទាំង​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ការងារ​គ្នា​ជា​ប្រព័ន្ធ​ច្បាស់លាស់​ទៀត​ផង។

ក៏ប៉ុន្ដែ​ជា​រឿយៗ​ ខៀវ ​សំផន ​និង​ នួន ​ជា ​បាន​បញ្ជាក់​ថា ​ពួក​ខ្លួន​មាន​តួនាទី​ដាច់​ដោយឡែក​ពី​គ្នា​ហើយ​មិន​អាច​ជ្រៀតជ្រែក​ ឬ​ដឹង​ពី​ការងារ​ នៃ​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត​ទេ។ ​រីឯ​ អៀង​ សារី ​បន្ដ​រក្សា​សិទ្ធិ​មិន​ឆ្លើយតប​ទៅ​នឹង​សំណួរ​នានា​ក្នុង​ពេល​សវនាការ៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​ដាក់​ពាក្យ​ប្តឹង​លោក​ ឈូក បណ្ឌិត​ពី​បទ​មនុស្ស​ឃាត

Posted: 13 Mar 2012 06:36 PM PDT

ជន​រងគ្រោះ​ចំនួន​ពីរ​រូប ​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​បី​រូប​ ដែល​បាន​ទទួល​រងរបួស​ដោយសារ​តែ​អំពើ​ការ​បាញ់ប្រហារ​កាល​ពី​ខែ​កុម្ភៈ​ បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ​និង​ទាមទារ​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។​ នេះ​បើ​តាម​ពាក្យ​បណ្តឹង​ពីរ​ច្បាប់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ដែល​វីអូអេ​បាន​ទទួល។

កម្មការិនី​ទាំង​ពីរ​រូប ​គឺ​កញ្ញា ​ប៊ុន ​ចិន្តា ​អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃផ្តៅ ​សង្កាត់​ច្រកម្ទេស ​និង​កញ្ញា ​នុត ​សាខន ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយគុយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវការ​ទៅ​កាន់​តុលាការ​ខេត្ត​ស្វាយរៀង ​ប្តឹង​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក ​ឈូក ​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ពី​បទ​មនុស្ស​ឃាត។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​បាន​ទាមទារ​ឲ្យ​លោក ​ឈូក ​បណ្ឌិត ​ផុ្តល់​សំណង​ជំងឺចិត្ត​ពីរ​ ៤៥.០០០​ដុល្លារ​ រហូត​ដល់​ ៥០.០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។ ​ចំណែក​ឯ​អ្នកស្រី​ កែវ ​នា ​ដែល​រងរបួស​ស្រាល​ដោយ​អំពើ​បាញ់​ប្រហារ​នេះ​ មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ​​បន្ទាប់​ពី​បាន​ទទួល​ប្រាក់​ចំនួន​ ១.០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ជា​ថ្នូរ​មិន​ដាក់​ពាក្យ​ប្តឹង។

កញ្ញា ​ប៊ុន ​ចិន្តា ​ដែល​បាន​ទទួល​រងរបួស​ធ្ងន់ធ្ងរ​ជាង​គេ ​ក្នុង​ចំណោម​កម្មការិនី​ចំនួន​បី​នាក់​នោះ​ បាន​មាន​និយាយ​ថា ​លោក ​ឈូក ​បណ្ឌិត​ គឺ​ជា​ជន​សង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​មក​លើ​កញ្ញា ​និង​កម្មករ​ផ្សេងៗ​ទៀត​។ ​កញ្ញា​បាន​និយាយ​ថា ​កញ្ញា​ចង់​បាន​សំណង​នេះ​ ដើម្បី​យក​មក​ព្យាបាល​របួស ​និង​នាំខ្លួន​ជន​សង្ស័យ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។

«ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បាញ់​ខ្លួន​ខ្ញុំ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន។ បើ​គេ​ចាប់​បាន ​អស់​ចិត្ត​ហើយ​ខ្ញុំ»។

លោក ​ឈូក ​បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​វិញ។ ​លោក​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​បាញ់ប្រហារ​ដ៏​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​ដែល​បាន​តវ៉ា​កាល​ពី​ខែ​កុម្ភៈ។

កញ្ញា ​នុត ​សាខន ​កម្មការិនី​ម្នាក់​ទៀត​ដែល​បាន​ទទួល​រងរបួស​បាន​និយាយ​ថា​ មាន​ប្រធាន​ភូមិ​មក​ចរចា​មក​ឲ្យ​កញ្ញា​ចំនួន​ ១.០០០ ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​បញ្ចប់​ពាក្យ​បណ្តឹង​ ក៏​ប៉ុន្តែ​កញ្ញា​មិន​ព្រម​ទទួល​ទេ។

«ខ្ញុំ​ចង់​ឲ្យ​គាត់​ធ្វើ​ម៉េច ​ធ្វើ​ទៅ។ ​ខ្ញុំ​មិន​ហ៊ាន​ទេ ​តែ​ខ្ញុំ​សូម​តែ​លុយ​ព្យាបាល​ខ្លួន​ខ្ញុំ។​ ចង់​គាត់​រក​យុត្តិធម៌​យ៉ាង​ម៉េច​ធ្វើ​ទៅ។ ​ខ្ញុំ​សូម​តែ​លុយ»។

លោក ​ហ៊ីង ​ប៊ុនជា ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​កម្មករ​រងគ្រោះ​នោះ​ហើយ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​កំពុង​ពិនិត្យ​ពាក្យ​បណ្តឹង​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ។

«យើង​ចាត់ការ​បន្ត ​ពីព្រោះ​រឿង​នេះ​នៅ​ក្នុង​រឿង​តែ​មួយ។​ ទោះ​បី​គាត់​មិន​ប្តឹង​ ក៏​នៅ​ចាត់​ការ​តាម​នីតិ​វិធី​អយ្យការ ​ត្រូវតែ​ដំណើរការ​ទៅ។​ គ្រាន់​តែ​ថា ​គាត់​ជា​ដើម​បណ្តឹង​ គាត់​ដាក់​មក​គេ​នឹង​ពិចារណា»។

លោក ​នុត ​បូពិណ្ណារ័ត្ន ​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង​ បាន​និយាយ​ថា​ តុលាការ​ត្រូវតែ​ចាំបាច់​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«បញ្ហា​នេះ ​យើង​ថា​ទោះបី​យ៉ាង​ណា ​តុលាការ​ចាំបាច់​ត្រូវ​តែ​រកយុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។​ ហើយ​អ្វី​ដែល​យើង​ជឿជាក់​ផងនោះ ​គឺ​ជន​រងគ្រោះ​ គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ ក្នុង​នាម​គាត់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី»។

តុលាការ​ខេត្ត​ស្វាយរៀង ​គ្រោង​នឹង​កោះហៅ​លោក ​ឈូក ​បណ្ឌិត​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១៦ ​ខាង​មុខ​នេះ ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​បាញ់​កម្មករ​បី​នាក់​ឲ្យ​រងរបួស។ ​ប្រសិន​ណា​ តុលាការ​រក​ឃើញ​ថា​ មាន​ទោស​កំហុស ​លោក ​ឈូក ​បណ្ឌិត​ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ ​រហូត​ដល់​២០​ឆ្នាំ​ តាម​ក្រមព្រហ្មទណ្ឌ​ថ្មី៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!