VOA News: ព័ត៌មាន: “អ៊ីរ៉ង់​​ទាត់​​ចោល​​ទណ្ឌកម្ម​​ថ្មី​​របស់​​ស.រ.​.អ.​” plus 5 more

VOA News: ព័ត៌មាន: “អ៊ីរ៉ង់​​ទាត់​​ចោល​​ទណ្ឌកម្ម​​ថ្មី​​របស់​​ស.រ.​.អ.​” plus 5 more


អ៊ីរ៉ង់​​ទាត់​​ចោល​​ទណ្ឌកម្ម​​ថ្មី​​របស់​​ស.រ.​.អ.​

Posted: 07 Feb 2012 11:55 AM PST

អ៊ីរ៉ង់​បាន​ទាត់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ពី ស.រ.អ. ដែល​តម្រង់​ទៅ​រក​រដ្ឋាភិបាល​របស់​ខ្លួន និង​ធនាគារ​កណ្ដាល ហើយ​បាន​ហៅ​វិធានការ​ទាំងនេះ​ថា «សង្រ្គាមផ្លូវចិត្ដ»។

រ៉ាមីន មេម៉ានផារ៉ាស (Ramin Mehmanparast) អ្នកនាំពាក្យ​កាបរទេស​អ៊ីរ៉ង់ ថ្លែង​នៅថ្ងៃ​អង្គារ​នេះ​ថា អ៊ីរ៉ង​មិនមាន​ពាក់ព័ន្ធ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​ជាមួយ ស.រ.អ. ទេ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។

សេចក្ដី​​ថ្លែងការ​​របស់​​លោក​​បាន​​ធ្វើ​​ឡើង​ មូយ​ថ្ងៃ​​ក្រោយ​​ពី​​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​​បាន​​លាត​​ត្រដាង​​បទបញ្ជា​​នីតិ​ប្រតិបត្ដិ​​ឲ្យ​​ធនាគារ ​ស.រ.អ. នូវ​អំណាច​ថ្មី​ដើម្បី​បង្កក​ទ្រព្យ​សម្បត្ដិ​អ៊ីរ៉ង់​នៅក្នុង​កុង​​ធានាគារ។

ព័ត៌មានអន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ថៃ៖ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​ជនស៊ីវិល​ពីរ​នាក់ នៅ​ក្នុង​ខេត្ដ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​នេះ។ ប៉ូលិស​និយាយ​ថា រឿង​នេះ​កើត​ឡើង ខណៈ​ដែល​យោធា​បាន​ការពារ កិច្ចទប់ស្កាត់​ការបះបោរ​អស់​រយៈពេល​៨​ឆ្នាំ នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគ​ច្រើន​រស់​នៅ​មួយ​នេះ។

ស.រ.អ.៖ ក្រសួង​មហាផ្ទៃ ស.រ.អ. ថ្លែងថា នឹង​បញ្ជូន​អ្នកការទូត​ថ្នាក់​ខ្ពស់​ពីរ​នាក់​ទៅ​កាន់​តំបន់​អាស៊ី​ភាគ​ខាងត្បូង​នៅ​ចុង​ខែ​នេះ ដើម្បី​សួរ​យោបល់​ពី​មេដឹកនាំរដ្ឋាភិបាល និង​មេដឹកនាំ​សង្គម​ស៊ីវិល អំពី​រឿង​ពាក់ព័ន្ធ​នឹង​ការអប់រំ និង​ការ​ជួញដូរ​មនុស្ស​ព្រមទាំង​ដំណើរការ​នៃ​ការ​ទទួលខុសត្រូវ និង​ការ​ផ្សះផ្សា​គ្នា។

ភូមា៖ ស.រ.អ. បាន​បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ភូមា ដោយសារ​តែ​រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធា​របស់​ប្រទេស​នេះ បាន​ចាប់​ផ្ដើម​ការ​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។

ស៊ីរី៖ សកម្មជន​ស៊ីរី​និយាយ​ថា ការ​បាញ់​ទម្លាក់​គ្រាប់ផ្លោង​ដ៏​ធ្ងន់ធ្ងរ បាន​ចាប់​ផ្ដើម​ឡើង​វិញ​មក​លើ​ប្រជុំ​តំបន់​បះបោរ​នៃ​ក្រុង​ហូម (Homs) មូយ​ថ្ងៃ​ក្រោយ​ពី​ជន​ស៊ីវិល​ជិត​១០០​នាក់​នៅ​ទូទាំង​ប្រទេស​ស្លាប់ ក្នុង​ការ​វាយ​បង្រ្កាប​មក​លើ​ការ​បះបោរ​មហាជន​ប្រឆាំង​នឹង​ប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar Al Assad)។

ស.រ.អ.៖ បេក្ខជន​ប្រធានាធិបតី លោក មីត រ៉ូមនី (Mitt Romney) សង្ឃឹម​ថា លោក​នឹង​ពង្រឹង​ភាព​នាំ​មុខ​គេ ក្នុង​ការ​តែងតាំង​របស់​គណបក្ស​សាធារណរដ្ឋ ដោយសារ​មាន​ការ​គំាទ្រ​ខ្លាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​កូកិស (caucuses) នៅ​ថ្ងៃអង្គារ​ក្នុង​រដ្ឋ កូឡូរាដូ (Colorado) និង មិនីសូតា (Minnesota)។

ហ្វីលីពីន៖ ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​បន្ដ​កិច្ចការ​រុករក​មនុស្ស​បាត់​ខ្លួន​ជាង​១២​នាក់ ក្រោយ​ពី​មាន​ការ​រញ្ជួយដី ដែល​បណ្ដាល​ឲ្យ​បាក់ដី និង​រញ្ជួដី​បន្ដ​ដ៏ខ្លាំងធ្ងន់ធ្ងរ កាល​ពី​​ថ្ងៃអង្គារ។

សិង្ហបុរី៖ ក្រុមហ៊ុន​អាកាសយាន្ដ សិង្ហបុរី និយាយ​កាល​ពី​ថ្ងៃអង្គារ​នេះ​ថា តំបន់​អូស្ត្រាលី​ហៅ អូស្ត្រាលី ហ្គោល ខូស (Australia Gold Coast) ជា​ទិសដៅ​ទី​ពីរ​នៃ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ។

ស.រ.អ.៖ អ្នកបើកបរ​តាក់ស៊ី​ដើម​កំណើត​បាគីស្ថាន នៅ​ក្នុង​ទីក្រុង ឆីកាហ្គោ (Chicago) បាន​សារភាព​កំហុស ថា​បាន​បញ្ជូន​ថវិកា​ជួយ​បណ្ដាញ​ភេរវកម្ម អាលកៃដា (al-Qaeda) រ៉ាចា ឡារៀប ខាន (Raja Lahraib Khan)។

អេហ្ស៊ីប៖ មេដឹកនាំ​យោធា​ប្រទេស​អេហ្ស៊ីប បាន​ពន្លឿន​កិច្ចការ​រៀបចំ​ការ​បោះឆ្នោតជ្រើសតាំង​​ប្រធានាធិបតី ក្រោយ​ពី​មាន​ការ​តវ៉ា​ទាមទារ​ឲ្យ​ពន្លឿន​ការ​ផ្ទេរអំណាចពី​យោធា​ឲ្យ​ទៅ​មេដឹកនាំ​ស៊ីវិល។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថា​រឿងក្តី​បន្ថែម​ត្រូវ​តែ​មាន​

Posted: 07 Feb 2012 01:49 AM PST

ទោះជា​សំណុំ​រឿង​បន្ថែម​០០៣ និង​០០៤​ កំពុង​មាន​ភាពចម្រូង​ចម្រាស់​ក្តី លោក អានឌ្រូ ខាលី ​សហព្រះរាជអាជ្ញា​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​អះអាងថា សហ​ចៅក្រម​ស៊ើបអង្កេត​មានភារកិច្ច​បន្ត​នីតិវិធី​តាម​ច្បាប់​ជា​ចាំបាច់​ដើម្បីស៊ើបអង្កេត​រឿង​ក្តី​ទាំង​ពីរ​នេះ។

លោក អាន ឌ្រូ ខាលី​ថ្លែងប្រាប់​វីអូអេ​តាមរយៈ​អ៊ីម៉េល​ថា​៖

«សហចៅក្រម​ស៊ើបអង្កេត​មិនអាច​បដិសេធ ឬ​ទាត់ចោលការ​ចោទប្រកាន់​បាន​ទេ លើកលែង​តែ​ពុំមាន​បទឧក្រិដ្ឋ​ត្រូវ​បាន​ប្រព្រឹត្ត។ ជនដៃ​ដល់​មិនទាន់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ ឬ​ទី​កន្លែង​ ភស្តុតាង​គ្រប់​គ្រាន់​ក៏​ទេ​ដែរ»។

សំណុំរឿង​០០៣និង០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​កើត​មាន​នោះ​បាន ក្លាយ​ជា​រឿង​ប្រទាញប្រទង់​គ្នា​ជាថ្មី​ទៀត​រវាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង អន្តរជាតិ​ក្រោយ​ពី​សហព្រះរាជអាជ្ញា​ដាក់ជូន​ដីការបញ្ជូន​រឿង​ស៊ើប​សួរ​ទៅ​កាន់​ សហ​ចៅក្រម​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០០៨ តែ​មិន​ត្រូវ​បាន​បំពេញ​គ្រប់​លក្ខណៈ​នៃ​ការ​ស៊ើប​អង្កេត។ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​ឡរ៉ិន កាស្ព័រ អាសឺម៉េត (Laurent Kasper Ansermet) ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គី មូន (Ban Ki-Moon) តែងតាំង​ជំនួស​លោក​ ស៊ីហ្គហ្វ៊ិក ប៊្លុង្គ (Siegefried Blunk) ដែលបាន​លាលែង​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​នោះ មិន​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​តែង​តាំង​តាម​ច្បាប់​ភ្លាមៗ​ដូច​ពេល​មុន​ទេ។ លោក​ត្រូវ​បាន​សហ​ភាគី​របស់​លោក គឺ​លោក​ យូ ប៊ុនឡេង បន្ទោស​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា​ គ្មាន​និតិ​សម្បាទា​គ្រប់​គ្រាន់ ឬ​មិន​ទាន់​មានលក្ខណ​ជាចៅក្រម​ពេញ​លេញ​ នៅ​ពេល​លោក​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​សុំឲ្យ​សហចៅក្រម​ជាតិ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​អំពី​ដំណើរ​ការវិវត្តន៍​នៃ​សំណុំ​រឿង​០០៣ និង​០០៤។

លោក​ សហព្រះរាជអាជ្ញា​ អាន់ឌ្រូ ខាលី ​ថ្លែងថាទៀតថា៖​

«តុលាការនឹង​នៅតែមានការ​ជឿជាក់​ប្រសិនបើ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ និង​និតិវិធី។ បើ​ដំណើរការ​ត្រូវ​បាន​បង្អាក់​ដើម្បី​បញ្ចប់​ដោយ​របៀប​ផ្សេង​នោះ​ វា​នឹង​ប៉ះពាល់​ជា​អវិជ្ជាមាន​ដល់​កេរ​ដំណែល​របស់តុលាការ»។

អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ខ្លះ​និយាយ​ថា ​សំណុំរឿង​បន្ថែម០០៣និង​០០៤ នៅ​មាន​ឧបសគ្គ​បន្ថែម​ទៀត​ដែល​ពិបាក​នឹងដំណើរការ​ទៅ​មុខ​បាន​ហើយ អាច នឹង​ត្រូវ​បាន​ទាត់ចោល​ដោយ​ភាគី​កម្ពុជា​នៅពេល​ដែល​សហ​ចៅក្រម​ស៊ើប អង្កេត​បម្រុង​​របស់អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​បាន​តែងតាំង​ឲ្យ​ពេញ​សិទ្ធិ។

ឧបសគ្គ​ទាំងនោះ​អាច​បណ្តាល​ឲ្យអង្គ​បុរេ​ជំនុំ​ជម្រះ​ច្រានចោល​បណ្តឹង​លើ ភាព​ខ្វែង​គំនិត​គ្នា​ទាំងឡាយ​របស់លោក​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា 0និង សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​របស់​អង្គការ​សហប្រជាជាតិ​​ដោយ​ឈរ​លើ​ហេតុ​ផល​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​របស់អង្គការ​សហប្រជាជាតិ​មិន​មាន​លក្ខណៈសម្បត្តិ​ពេញលេញ​ជាចៅក្រម។ បញ្ហា​មួយ​ទៀត​អាច​ធ្វើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​មិន​អាច​ចេញ​ដីកា​នាំ​ខ្លួន​ជនសង្ស័យ ​ឬ​អនុវត្ត​នីតិវិធី​តុលាការ​រួមគ្នា​ក្នុង​សំណុំ​រឿង​បន្ថែម​បាន​ជាមួយនឹង​សហ​ចៅក្រម​បម្រុង​បាន​ទេ។ បញ្ហានេះ​គេ​គិត​ថា អាច​នឹង​មាន​ការ​ច្រានចោល​បទ​ចោទ​របស់​សហ​ព្រះរាជ​អាជ្ញា​ផង​ដែរ​ទាក់ទង​នឹង​សំណុំ​រឿង​បន្ថែម​នេះ។ តែ​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា​បញ្ហានេះ​អាចត្រូវ​បាន​ដោះស្រាយ ទាល់តែ​អង្គការ​សហ​ប្រជាជាតិ​ប្តូរ​ចៅក្រម។ មន្ត្រីអង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ហើយ​ថា​អង្គការ​សហប្រជាជាតិ​​មិន​ប្តូរ​ចៅ​ក្រមថ្មី​ទេ ក្រៅ​ពី​បញ្ជាក់​ថា​លោក​ចៅ​ក្រម​ កាស្ព័រ អាសឺមិត មានសិទ្ធិគ្រប់​គ្រាន់​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម០០៣ ​និង​០០៤។

អ្នកស្រី ​អាន ហេដេល​ អ្នកជំនាញ​ផ្នែកច្បាប់​នៃមជ្ឈមណ្ឌល​ឯកសាកម្ពុជា​បាន អះអាង​ថា​លោកស្រី​កំពុង​រង់ចាំ​មើល​ដំណើរការ​វិវត្តន៍​ទៅ​មុខ​របស់​សាលាក្តី។​ លោកស្រី​​បន្ថែម​ថា​សំណុំរឿង​០០៣​ ត្រូវ​បិទ​ ហើយ​បទ​ចោទ​ត្រូវ​បាន​បដិសេធ​តែ​សំណុំរឿង​០០៤ ​នៅបើកចំហរ។

«សំណួរ​គឺ​ថា តាម​ច្បាប់ ទោះបី​ជា​សហចៅក្រម​ស៊ើបអង្កេត​ចង់​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ក៏​ដោយ ក៏​វិធាន​ច្បាប់​មាន​លក្ខណៈ​ទន់ខ្សោយ​ក្នុងរឿង​នេះ»។

អ្នក​សង្កេត​ការណ៍​ផ្សេង​ទៀត​អះអាង​ក្នុងលក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា គេ​ពិបាក​នឹង​ស្វែងរក​ការ​សហការ​នៅ​ដំណាក់កាល​នាំ​ខ្លួន​ ចាប់​ខ្លួន​ជន​សង្ស័យ​ដើម្បី​ស៊ើប​អង្កេត​បន្ត​នៅ​ពេល​ប្រទេស​សាម៉ី​មិន​យល់ព្រម។

លោក​ ភីធ័រ ម៉ាហ្គៃអឺ (Peter Maguire) សាស្ត្រចារ្យ​អាមេរិក​ម្នាក់ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ Facing Death ​in Cambodia ​បាន​ថ្លែង​ថា​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម ​ជា​សាលាក្តី​ធ្វើ​តាម​នយោបាយ​មិនមែន​ធ្វើ​តាម​ច្បាប់​ទេ។

«ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានបញ្ជាក់​យ៉ាងច្បាស់​ជា​ឧឡារិកថា​ សំណុំ​រឿង​០០២​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម ជា​សំណុំ​រឿង​ចុង​ក្រោយ​ តែយ៉ាងណា​ក៏ដោយ ​អង្គការ​សហប្រជាជាតិ​​មិន​ទទួល​ស្គាល់​ការ​សម្រេចចិត្ត​នយោបាយ​ម្ចាស់​ប្រទេស​ទេ»។

ថ្លែង​ប្រាប់វីអូអេ​តាមទូរស័ព្ទ​កាលពី​ថ្ងៃព្រហស្បតិ៍​អ្នកស្រី​អ៊ឹម ចែម ​ជន​ជាប់ សង្ស័យ​ក្នុងសំណុំរឿង​០០៤​បាន​សាទរ​ប្រសិនបើ​មាន​ការ​ទម្លាក់​ចោល សំណុំ​រឿង​បន្ថែម០០៣​ និង​០០៤ ដែល​មាន​ជនសង្ស័យ​៥នាក់​ជាអតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

«លើក​លែង​ លែងមានឈ្មោះ​ ០០៣ /០០៤ ហ្នឹង​ ជាអារម្មណ៍​ខ្ញុំរីករាយ​ណាស់។ ហើយ​ក៏​គ្មាន​គិត​អី​ពាក់ព័ន្ធ​នឹង​នយោបាយ​ពី​មុន​កន្លង​មក​ទេ»។
ថ្លែងប្រាប់​វីអូអេតាម​ទូរស័ព្ទ​ដែរ​កាលពីថ្ងៃ​ព្រហស្បតិ៍​លោក ​មាស មុត​ ជន​ជាប់ សង្ស័យ​ក្នុង​សំណុំរឿង​០០៣​បាន​អះអាង​ថា​ល្មម​ដល់​ពេល​កម្ពុជា​ត្រូវ​មាន សន្តិភាព​ហើយ។

«ការពិត​ទាំងអស់​គ្នា​ត្រូវ​អនុវត្ត​នយោបាយ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ឲ្យ​ល្អ​ ដើម្បី សុវត្ថិភាព​ ដើម្បី​សុខ​សន្តិភាព​ក្នុង​សង្គម​កម្ពុជា​យើង​ពីព្រោះ​សុខ​សន្តិភាព របស់​យើង​គ្មាន​នរណា​ជាង​យើង​ទេ​ដែល​គិត​គូរ។​ ហើយ​បើ​ជា​មាន​ទុក្ខ​មាន លំបាក​ទៀត​ក៏​គ្មាន​នរណា​មក​ជួយ​ទទួល​យើង​ដែរ»។

សាលាក្តី​ខ្មែរក្រហម​កំពុងកាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់ចោទ​៣នាក់​គឺ​ នួន ជា​ ប្រធាន​រដ្ឋសភា ខៀវ សំផន​ ប្រមុខរដ្ឋ​ និង អៀង សារី​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ ដែល​ទាក់ ទង​នឹង​ការ​ស្លាប់​ពលរដ្ឋខ្មែរ​ប្រហែល​១លាន​៧​សែន​នាក់៕

This posting includes an audio/video/photo media file: Download Now

រញ្ជួយដី​នៅ​ហ្វីលីពីន​សម្លាប់​មនុស្ស​៤៣នាក់

Posted: 06 Feb 2012 11:36 PM PST

ហ្វីលីពីន៖ មន្ត្រី​ហ្វីលីពីននិយាយ​ថា​មាន​ការ​ររញ្ជួយ​ផែនដី​ដ៏ខ្លាំងមួយនៅភាគកណ្តាល​ ប្រទេស ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៣​នាក់​ស្លាប់ ​​ព្រម​ទាំង​នាំ​ឲ្យ​មាន​ការ​ខូចខាត​ជា​ច្រើន​​​និង​មាន​​ដាច់​ចរន្ត​អគ្គិសនី​ផង​ដែរ។ ​ក្រុម​អ្នក​ស្រាវជ្រាវ​ភូគព្ភ​សាស្ត្រសហរដ្ឋ​អាមេរិក​ឈ្មោះ​ថា Geological Survey និយាយ​ថា​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង​៦,៨​បាន​កើត​មាន​ទ្បើង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ជម្រៅ២០​គ.ម.។ ​ការ​រញ្ជួយ​ផែនដី​នេះ​មាន​ចំនុច​ស្នូល​​នៅ​ក្នុង​ច្រក​សមុទ្រ​ចង្អៀត​មួយ​នៅ​ទល់​មុខ​កោះ​នេហ្ក្រូស​។

សហរដ្ឋអាមេរិក៖ ​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​ក្នុង​​ប្រទេស​ស៊ីរី​ហើយ​បាន​ដក​ពួក​អ្នក​ការទូត​ទាំង​អស់​ដែល​នៅ​សេសសល់​ចេញ​ពី​ប្រទេស​នេះ​ដោយ​និយាយ​យោង​ដល់​ស្ថាន​ភាព​សន្តិសុខ​ដែល​កាន់​តែ​អាក្រក់​ទៅ​។​ចំណាត់ការ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​បង្កើន​ការ​បាញ់​កាំជ្រួច​rocket ​និង​កាំភ្លើង​ត្បាល់​ដាក់​ក្រុង​ ហូម ​Homs  ​ដែល​កំពុង​តែ​មាន​ចលាចល។​

ភូមា៖ គណៈកម្មការ​​រៀប​ចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​ភូមា​បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ឲ្យ​លោកស្រី​​អោង​​​​ សាន​ស៊ូជី​មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ។​ គេ​យល់​ឃើញ​ថា​វិធានការ​នេះ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ​របស់​ប្រទេស។​

កូរ៉េខាង​ជើង​៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉​ខាង​ត្បូង​រាយការណ៍​ថាកូរ៉េខាង​ជើង​កំពុង​អភិវឌ្ឍ​យន្តហោះ​វាយ​ប្រហារ​គ្មាន​មនុស្ស​បើក ​ដោយ​ប្រើ​បច្ចេកវិជ្ជា​អាមេរិកាំង​នាំ​ចូល​ពី​តំបន់​មជ្ឈឹម​បូព៌ា។​ សេចក្តិ​រាយការណ៍​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់​ Yonhap បាន​ឲ្យ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​យក​គំរូ​មូលដ្ឋាន​លើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ MQM-107D Streaker target drones ដែលគេ​មាន​ជំនឿ​ថា​បាន​ទៅ​ដល់ក្រុង​ ព្យុងយ៉ាង ​Pyongyang តាម​រយៈ​ប្រទេស​ស៊ីរី។​​

សហរដ្ឋ​អាមេរិក ការ​ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ថា​លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​ នឹង​ឈ្នះ​លោក​ មិត រ៉មនី Mitt Romney ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ជា​សម្មតិកម្ម​មួយ។​ ការ​ស្ទង់​មតិ​របស់​ទូរទស្សន៍​អាមេរិកាំង ​ABC ​News ​និងកាសែត​ Washington ​Post ​ បង្ហាញ​ថា​លោក​ប្រធានាធិបតី​ អូបាម៉ា​នាំ​មុខ​ដោយ​មាន​សម្លេង​ឆ្នោត​គាំទ្រ​៥១​ភាគរយ​ហើយ​លោក​រ៉មនី Romeny មាន​អ្នក​គាំ​ទ្រ​តែ​៤៥​ភាគ​រយ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​​ដែល​បាន​ចុះ​ឈ្មោះ​ និង​ទទួល​បាន​មាន​៥២​ភាគរយ​ទល់​នឹង​៤៣​ភាគ​រយ​ក្នុង​ចំណោម​​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់។

ទីបេត៍៖ ចិន​បាន​ព្រមាន​ដល់​ពួក​មន្ត្រី​ក្នុង​ដែនដី​ទីបេត៍​ថា​ពួក​គេ​ត្រូវ​តែ​ថែរក្សា​ស្ថិរភាព​នៅ​មុន​ខួប​ឆ្នាំ​ទី​បួន​នៃ​កុបកម្ម​ដ៏​ប្រល័យ​ក្នុង​ធានី​ ឡាសាLhasa ​នៃ​ដែនដី​ទី​បេត៍។ អាជ្ញាធរ​ចិន​បាន​បង្កើន​​កិច្ច​ការពារ​សន្តិសុខ​ក្នុង​ដែនដី​ទី​បេត៍​និង​ខេត្ត​ដែល​នៅ​ជិត​ខាង​ក្រោយ​មាន​ការ​ដុត​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់​​និង​មាន​បាតុកម្ម​មួយ​ៗ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន។

ប៉ាឡេស្ទីន៖ ពួក​មេ​ដឹកនាំ​នៃ​ចលនា​នៅ​ប៉ាលេស្ទីនPalestine ឈ្មោះ​ថា​ ហ្វាតា ​Fatah ​និង​ហាម៉ាស Hamas ​ដែល​ជា​គូ​ប្រជែង​គ្នា​បាន​ប្រកាស​ថា​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​ឯកភាព​បណ្តោះអាសន្ន​មួយ​ដឹកនាំ​ដោយ​លោក ម៉ាមូដ អាបាស​Mahmoud Abbas ​ដែល​ជា​ប្រធាន​នៃ​អាជ្ញាធរ​ ប៉ាលេស្ទីន​Palestine។

អឺរ៉ុប៖ ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង​បាន​បង្ខំ​ប្រទេស​ក្រិក​ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឲ្យ​សម្រេច​កិច្ច​ព្រមព្រៀង​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​​កាត់​បន្ថយ​បំណុល​របស់​ខ្លួន​និង​ដាក់​កំហិត​វិធានការ​​ត្បឹតត្បៀត​ចំណាយ​ដែល​គ្មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ឡើង​។​​

ស៊ូដង់៖ ពួក​ឧទ្ទាម​ស៊ូដង់​បាន​និយាយ​ថា​«ក្នង​ពេល​ឆាប់​ៗ​​នេះ"​ពួក​គេនឹង​ដោះ​លែង​ពួក​កម្មករ​ចិន​២៩​នាក់​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​ក្នុង​រដ្ឋ​ កូដូហ្វាន់Kordofan ​ខាង​ត្បូង​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​នេះ​»​។​​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ្នក​កាសែត​អាមេរិកាំង​យក​រូបថត​ពី​របប​ខ្មែរ​ក្រហម​ដាក់​តាំង​ពិព័រណ៍​នៅ​កម្ពុជាជា​លើក​ដំបូង

Posted: 06 Feb 2012 10:05 PM PST

រូបថត​ដ៏​កម្រ​អំពី​ទិដ្ឋភាព​នានា​ក្នុង​​របប​ខ្មែរ​ក្រហម​ និង​ខ្សែអាត់​សំឡេង​នៃ​បទ​សម្ភាស​ជាមួយ​មេ​ដឹកនាំ​កំពូល​របស់​របប​នេះ​ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ដល់​សាធារណជន​ខ្មែរ​ជា​លើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​នេះ​នៅ​ឯ​មជ្ឈ​មណ្ឌល​​ធនធាន​សោតទស្សន៍​បុប្ផាណា​ក្នុង​ទីក្រុង​ភ្នំពេញ។​

រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​នៅ​ចុង​ឆ្នាំ​១៩៧៨​ដោយ​អ្នក​កាសែត​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​​គឺ​លោកស្រី​អេលីហ្សាបែត​ ប៊ែកខឺ​ដែល​របប​ខ្មែរ​ក្រហម​បាន​អញ្ជើញ​​ឱ្យ​ទៅ​មើល​ពី​អ្វី​ដែល​របប​នេះ​ចាត់​ទុក​ថា ​ការរីក​ចម្រើន​តាម​ទិសដៅ​បដិវត្តន៍​របស់​គេ​ ​និង​អ្នកស្រី​ជួយ​ទប់​ស្កាត់​ការ​ចូល​ឈ្លាន​ពាន​ដោយ​កងទ័ព​វៀតណាម។​

មាន​រូប​ភាព​ជាច្រើន​ដែល​លោកស្រី​អេលីហ្សាបែត ​ប៊េកខឺ​បាន​ថត​ដោយមាន​ការរៀប​ចំ​ជាស្រេច​ពី​អ្នក​ជូន​ដំណើរ​ និង​​រូបភាព​ខ្លះ​ត្រូវ​លោកស្រី​គេច​ចេញ​ពី​ការ​តាម​ឃ្លាំ​មើល​និង​ទៅ​ថត​ដោយ​ខ្លួន​ឯង។​

​លោកស្រី ​ប៊េកខឺ​បញ្ជាក់​​ថា​ ឯកសារ​ដែល​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​គឺ​ដូចគ្នា​នឹង​ឯកសារ​​នៅ​សាកល​​វិទ្យាល័យ​​វ៉ាស៊ីនតោន​ ហើយ​​​លោកស្រី​បាន​ពន្យល់​​បន្ថែម​ពី​ការ​សម្រេច​ចិត្ត​ប្រគល់​ឯកសារ​​ឱ្យ​ទៅ​មជ្ឈ​មណ្ឌល​បុប្ជាណា​ដាក់​បង្ហាញ​នោះ។ ​លោកស្រី​ពន្យល់​ថា​ លោកស្រី​ធ្វើដូច្នេះ​ក្នុង​គោល​បំណង​ចង់​ឱ្យ​សាធារណជន​ខ្មែរ​អាច​មើល​ឃើញ​ដោយ​សេរី​ និង​ស្តាប់​អតីត​មេដឹកនាំ​និយាយ​ដោយ​ខ្លួន​ឯង៖​

«ខ្ញុំ​មិន​ចង់​ឱ្យ​ឯកសារ​នេះ​ស្ថិត​តែ​នៅ​ក្នុង​បណ្ណាល័យ​និង​តុលាការ​ទេ។​ ខ្ញុំ​ចង់​ឱ្យ​ពលរដ្ឋ​កម្ពុជា​អាច​ដើរ​មក​មើល​ដោយ​ខ្លួន​ឯង​បាន»។​

សៀវភៅ​កត់​ត្រា​ខ្សែអាត់​សំឡេង ​និង​រូបថត​ដែល​លោកស្រី​អេលីហ្សាបែត ​ប៊េកខឺ​​ប្រមូល​បាន​ក្នុង​ពេល​លោកស្រី​ធ្វើ​ការ​នៅ​កម្ពុជា​​​​​នោះ​ ត្រូវ​បាន​លោកស្រី​ប្រគល់​ជា​លើក​ដំបូង​ទៅឱ្យ​សាកល​វិទ្យាល័យ​​វ៉ាស៊ីនតោន​ក្នុង​រដ្ឋ​ស៊ីអាថល​​រក្សា​ទុក​ ព្រោះ​លោកស្រី​ធ្លាប់​សិក្សា​នៅ​ទីនោះ ​ហើយ​ដឹង​ថា​ គេ​មាន​​​បណ្ណាល័យ​ល្អ​និង​កម្មវិធី​សិក្សា​ពី​តំបន់​អាស៊ី។ ​ក្នុង​បណ្តា​ឯកសារ​ទាំង​នោះ ​ក៏​មាន​ទាំង​រូបថត​កាលពី​លោកស្រី​ធ្វើ​ជា​អ្នក​រាយ​ការណ៍​ព័ត៌មាន​អំពី​សង្គ្រាម​​នៅ​កម្ពុជា​ក្នុង​សម័យ​លន់ នល់​ផង​ដែរ។ ​មួយ​ចំណែក​ខ្លះ​នៃ​ឯកសារ​នេះ​ក៏​ត្រូវ​ប្រគល់​ទៅ​ឱ្យ​សាលាក្តី​ខ្មែរ​ក្រហម​ប្រើ​ប្រាស់​ក្នុង​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែរ។​​

លោកស្រី​​ប៊េកខឺ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ Washington Post ​និង​ The New York Times ​និង​បាន​និពន្ធ​សៀវភៅ​ស្តីពី​របប​ខ្មែរ​ក្រហម​ដែល​មាន​ចំណង​ជើង​ថា​ «នៅ​ពេល​ដែល​សង្គ្រាម​បាន​រលត់​ទៅ»​ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា​ បើ​បាន​ចូលមក​មើល​ឯកសារ​ទាំង​នេះ​ហើយ​គឺ​ពលរដ្ឋ​ខ្មែរ​មិន​ចាំ​បាច់​មើល​សៀវភៅ​របស់​លោកស្រី​​ទេ។​

«តើ​គេ​ចាំ​បាច់​រក​សៀវភៅ​ខ្ញុំ​ធ្វើ​អ្វី​? ​ពួកគេ​មិន​ចាំ​បាច់​ស្វែង​រក​សៀវភៅ​ខ្ញុំ​ទេ។ ​ខ្ញុំ​ចង់​ឱ្យ​ពួកគេ​ដើរ​ចូល​មក​ ហើយ​ស្តាប់​សំឡេង​ខ្សែអាត់​ដែល​ខ្ញុំ​រៀប​រាប់​ ហើយ​ស្តាប់​ឮ​សម្តី​ប៉ុល ពត។ គឺ​អាច​ចូល​បាន​ដោយ​សេរី»។ ​

ក្នុង​រូប​ថត​ដែល​ត្រូវ​ដាក់​តាំង​ពិព័រណ៍​ ដែល​លោក​ស្រី​ប៊េកខឺ​បង្ហាញ​ឱ្យ​វីអូអេ​បាន​ឃើញ​​មាន​រូបភាព​ស្ងាត់​ជ្រងំ​នៃ​ទីក្រុង​ភ្នំពេញ។ ​ទីធ្លា​ជុំ​វិញ​ផ្សារ​ថ្មី​ទាំង​មូល​ឃើញ​មាន​តែ​មនុស្ស​ម្នាក់​ជិះ​កង់​កញ្ចាស់​មួយ​ឆ្លង​កាត់​ ហើយ​អគារ​ធំៗ​ត្រូវ​បិទ​ទ្វារ ​លំនៅដ្ឋាន​គ្មាន​មនុស្ស​រស់​នៅ​ ហើយ​មាន​តែ​ក្រុម​កងសន្តិសុខ​ប្រដាប់​ដោយ​អាវុធ​នៅ​យាម​ការពារ។​

«វា​គឺ​ជា​កន្លែង​ចម្លែក។ ​រូបភាព​ទាំង​នេះ​មើល​ទៅ​ហាក់​ដូច​ជា​មិន​ចម្លែក​ទេ ​ប៉ុន្តែ​ពេល​នោះ ​គឺ​ជា​ប្រទេស​កម្ពុជា​មួយ​ដែល​គ្មាន​មនុស្ស។ ​កម្ពុជា​​ត្រូវ​មាន​មនុស្ស​សើច​សប្បាយ ​មនុស្ស​ទទួល​ទាន​អាហារ​ មនុស្ស​រាំលេង ​មនុស្ស​បួងសួង​សូត្រ​ធម៌។​ តែ​អត់​មាន​អញ្ចឹង​ទាល់​តែ​សោះ។​ គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ។​ គឺ​ជា​ការ​បាត់​បង់​នូវ​ជីវិត​ពិត​ប្រាកដ»។​

ក្រៅពី​នោះ​មាន​រូប​ថត​ញញឹម​ពព្រាយ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​គឺ​ប៉ុល ពត​ និង​អៀង​ សារី ​រដ្ឋ​មន្ត្រី​ការ​បរទេស​​ ក្នុង​ពេល​ជួប​សម្ភាស​ជាមួយ​នឹង​អ្នក​កាសែត។​ ក៏​មាន​រូប​ថត​ដែល​​បង្ហាញ​ពី​សកម្ម​ភាព​ធ្វើការ​នៅ​វាលស្រែ ​ចំការ ​ការដ្ឋាន​ទំនប់​ទឹក ​រោង​សិប្បកម្ម​និង​គ្រួសារ​គម្រូ​ដែល​មាន​ឪពុក ​ម្តាយ​និង​កូន​តូចៗ​ពីរ​នាក់​ឈរ​នៅ​មុខ​ផ្ទះ​ឈើប្រក់​ក្បឿង​បង្ហាញ​ទឹក​មុខ​ញញឹម។  លោកស្រី​យល់​ថា ​រូប​ទាំង​នេះ​គឺ​ជា​ការ​រៀបចំ​ជាមុន​ដោយ​របប​ខ្មែរ​ក្រហម​ ដោយ​សារ​រាល់​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គឺ​ត្រូវ​យាម​កាម​យ៉ាង​តឹង​រឹង​ជាប់​ជានិច្ច។​

ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា​ ​«ដំណើរ​ដ៏​គ្រោះ​ថ្នាក់​របស់​អ្នក​រាយការណ៍​ព័ត៌មាន ​ទៅ​កាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ» ​ហើយ​​នឹង​ត្រូវ​បើក​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ ​ដោយ​​បើក​​ឱ្យ​​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូល​ទស្សនា​ដោយ​ឥតគិត​ថ្លៃ​រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​កុម្ភៈ។​ លោកស្រី​អេលីហ្សាបែត​ ប៊េកខឺ​ក៏​នឹង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ផង​ដែរ។​

លោក​ស្តានីស្លាស ​ទូហ្សេ ​អ្នក​គ្រប់​គ្រង​គម្រោង​នៃ​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​​បុប្ផាណា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​​តាម​ទូរស័ព្ទ​​ថា​ លោក​បាន​ជ្រើស​យក​រូបភាព​ចំនួន​២៥​មក​ផ្តិត​ពង្រីក​ឱ្យ​ធំ ​សម្រាប់​ដាក់​តាំង​ក្នុង​សាល​ មាន​រូបភាព​​ប្រហែល​៤០​ទៀត​ត្រូវ​ដាក់​ជា​រូបភាព​បញ្ចាំង​លើ​អេក្រង់​កុំព្យូទ័រ​និង​ទូរទស្សន៍​ ហើយ​សំឡេង​សម្ភាស​ដាក់​ក្នុង​កំព្យូទ័រ​ដោយ​មាន​កាស​ពាក់​ត្រចៀក​ដើម្បី​ស្តាប់​ឮ​បាន។​ សំឡេង​របស់​លោកស្រី​អេលីហ្សាបែត​ ដែល​​រៀបរាប់​ពី​រូបភាព​ទាំង​នោះ​ ត្រូវ​បាន​គេ​ថត​ទុក​ដើម្បី​ឱ្យ​អ្នក​ចូល​ទស្សនា​ស្តាប់​បាន។ ​

លោក​ស្តានីស្លាស​បញ្ជាក់​បន្ថែម​ថា៖ ​

«រូបថត​ទាំង​២៥​គឺ​តំណាង​ឱ្យ​ដំណើរ​របស់​លោកស្រី​អេលីហ្សាបែត ​ដែល​យើង​ជ្រើស​រើស​ជាមួយ​លោក​ស្រី ​ហើយ​វា​មាន​ប្រធាន​បទ​ចំនួន​៥ ​គឺ​មាន​ទីក្រុង​គ្មាន​មនុស្ស​នៅ​ពីព្រោះ​ ដូច​លោក​ដឹង​ហើយ​ថា​ ពួកខ្មែរ​ក្រហម​បាន​បណ្តេញ​អ្នកក្រុង​ទាំង​អស់​ឱ្យ​ទៅ​រស់​នៅ​ជនបទ។ ​ដូច្នេះ​ទីក្រុង​ភ្នំពេញ​ទាំង​មូល​គ្មាន​ប្រជា​ពលរដ្ឋ​រស់​​នៅ។ ​ដូច្នេះ​វា​ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បង្ហាញ​រូបភាព​ទាំងនេះ​ដែល​គ្មាន​មនុស្ស​នៅ​តាម​ផ្លូវ។​ ក៏​មាន​រូបថត​ជាច្រើន​នៅ​ឯ​ជន​បទ​ដែល​យើង​អាច​មើល​ឃើញ​មនុស្ស​ដើរ​នៅ​តាម​វាល​ស្រែ​ ឬ​ក៏​នេសាទ​ត្រី​ ឬក៏​សាងសង់​ផ្លូវ​ ហើយ​ជាការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ដែល​ឃើញ​ពួកគេ​ស្លៀកពាក់​ខ្មៅ​ទាំង​អស់​ ហើយ​បង់ក​​ក្រម៉ា។​ ហើយ​មាន​រូបភាព​ដទៃ​ទៀត​ទាក់​ទង​នឹង​កងយោធា។ ​យើង​អាច​ឃើញ​ទាហាន​ខ្មែរ​ក្រហម។ ក៏​មាន​រូបថត​​មេដឹកនាំ​ខ្មែរក្រហម ​ដូច្នេះ​យើង​អាច​ឃើញ​ប៉ុល ពត ​ឬ​ក៏​អៀង សារី»។ ​

បន្ទាប់​ពី​ពិព័រណ៍​ផ្លូវ​ការ​ចប់​ទៅ​ ​រូបភាព​​ខ្សែអាត់​សំឡេង​និង​ឯកសារ​ផ្សេងៗ​ទៀត​នឹង​ត្រូវ​បន្ត​រក្សា​ទុក​​ក្នុង​បណ្ណាសារ​អចិន្រ្តៃយ៍​​របស់​មជ្ឈ​មណ្ឌល​​បុប្ផាណា​សម្រាប់​ឱ្យ​អ្នក​ចូល​ទស្សនា​អាច​ស្រាវជ្រាវ​បាន​គ្រប់​ពេល៕​

This posting includes an audio/video/photo media file: Download Now

ខ្មែរ​ជា​អ្នក​ចង​ក្រង​ឯកសារ​ខ្មែរ​ក្រហម ​មិនមែន​វៀតណាម​ទេ៖ ​ឆាំង យុ

Posted: 06 Feb 2012 05:56 PM PST

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ​ឆាំង ​យុ ​បាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា វៀតណាម​មិនមែន​ជា​អ្នក​រៀបចំ​ចងក្រង​ឯកសារ​ខ្មែរក្រហម​ទេ។​ ក៏ប៉ុន្ដែ​ការ​ប្រមូល​នូវ​ឯកសារ​ផ្សេងៗ ​តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​វៀតណាម​ ដែល​មាន​អំណាច​នៅ​កម្ពុជា​ក្រោយ​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ។

លោក ​ឆាំង ​យុ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ពេល​ដែល​លោក​បញ្ចប់​ការ​ផ្ដល់​សក្ខីកម្ម​ទៅ​លើ​ឯកសារ ​ដែល​មជ្ឈមណ្ឌល​បាន​ផ្ដល់​ឲ្យ​សាលាក្ដី​ខ្មែរក្រហម។

សហមេធាវី​ការពារក្ដី​របស់ ​នួន​ ជា​ គឺ​លោក ​សុន ​អរុណ ​និង ​លោក ចាស្ព័រ ប៉ៅ (Jasper Pauw) បាន​ចោទ​សួរ​ លោក ​ឆាំង​ យុ ​ពី​លទ្ធភាព​ថា​តើ​វៀតណាម​ដែល​បាន​ចូលរួម​ផ្ដួល​រំលំ​របប​ពួក​កុម្មុយនិស្ដ​ខ្មែរក្រហម​អាច​មាន​លទ្ធភាព​បង្កើត​ ឬក៏​ចងក្រង​ឯកសារ​​ទាក់ទង​ទៅ​នឹង​របប​ខ្មែរក្រហម​ដែរ​ឬ​ទេ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លើក​ឡើង​ថា ​លោក​បាន​ដឹងថា​ មាន​ជំនាញ​ការ​វៀតណាម​ជួយ​សហការ​ខ្លះ​នៅ​ក្នុង​ការ​ប្រមូល​នៅ​ឯកសារ​នានា ​ក៏ប៉ុន្ដែ​ភាគច្រើន​គឺ​ជា​បុគ្គលិក​ខ្មែរ​ដែល​ជា​អ្នក​ដើរ​ប្រមូល​ឯកសារ​ទាំង​អស់​នោះ។

«គឺ​ខ្មែរ​យើង​ទេ​ ដែល​ជា​អ្នក​ដើរ​ប្រមូល​ឯកសារ គឺ​មិនមែនវៀតណាមទេ។ ប៉ុន្ដែ​ដោយសារ​វៀតណាម​កាន់កាប់​កន្លែង​មួយ​ចំនួន​គឺ​យើង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​គេ»។

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ ​អៀង ​សារី ​ដែល​ជា​អតីត​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម​ នួន ​ជា ​ដែល​ជា​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ ​សំផន​ ដែល​ជា​អតីត​ប្រមុខរដ្ឋ ​បាន​ចោទ​សួរ​លោក​ឆាំង ​យុ ​ចាប់​តាំង​ពី​ថ្ងៃ​ពុធ ​សប្ដាហ៍​មុន​ស្តី​ពី​យថាភាព​ ឬ​ភាព​ជាក់​ច្បាស់​អាច​ជឿ​ទុក​ចិត្ត​បាន​នៃ​ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ឯកសារ​ចំនួន​ប្រមាណ​ជា ​៥ម៉ឺន​​ឯកសារ ​ដែល​មជ្ឈមណ្ឌល​បាន​ប្រគល់​ជូន​សាលាក្ដី​ខ្មែរក្រហម។ ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ជា​ឯកសារ​ភស្ដុតាង​ក្នុង​ការ​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​បីនាក់​នៅ​ក្នុង​សំណុំរឿង​០០២​នេះ។

លោក ​ឆាំង ​យុ ​បាន​រៀបរាប់​ថា ​លោក​បាន​ប្រមូល​ឯកសារ​ពី​បញ្ញា​ជន​ ពី​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​បរទេស ​ពី​ក្រសួង​មហាផ្ទៃ ​ពី​គុក​ទួលស្លែង ​និង​ពី​បណ្ណាសារដ្ឋាន​ជាតិ​ជា​ដើម។ ឯកសារ​ដែល​លោក​ប្រមូល​បាន​សរុប​ជិត​មួយ​លាន​ឯកសារ។ លោក​បញ្ជាក់​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​កាល​ពី​សប្ដាហ៍​មុន​ថា ​ឯកសារ​ទាំង​នោះ​គឺ​ជា​ឯកសារ​ពិត​ប្រាកដ​ដែល​អាច​ទុក​ចិត្ត​បាន។ លោក​ ឆាំង​ យុ ​រំលឹក​ថា​វៀតណាម​ប្រាកដ​ជា​មិន​មាន​ពេលវេលា ​និង​លទ្ធភាព​ប្រឌិត​ឯកសារ​ទាំង​នោះ​ទេ។

«លោក​អង្គុយ​សរសេរ​ដប់​ឆ្នាំ​ ១​លាន​ឯកសារ ​ខ្ញុំ​គិត​ថា ​ប្រទេស​វៀតណាម​គ្មាន​ពេល​ទេ ​ហើយ​ក៏​សរសេរ​មិន​ចេញ​ដែរ។ ​ជាពិសេស​ក្នុង​ភាសា​មួយ​ចំនួន​គឺ​ជា​ពាក្យ​ដែល​លំបាក​សូម្បី​តែ​ខ្មែរ​យើង​ក្មេងៗ​កម្ពុជា​ជំនាន់​ក្រោយ​ក៏​មិន​យល់​ផង»។​

សហមេធាវី​បរទេស​របស់​នួន ​ជា ​បាន​ចោទសួរ​សំណួរ​មួយ​ចំនួន​ដែល​មិន​ទាក់ទង​ទៅ​នឹង​ឯកសារ​របស់​មជ្ឈមណ្ឌល​របស់​លោក ​ឆាំង ​យុ ​ជាពិសេស​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​លោក ​ជា ​ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្តីពី​សកម្មភាព​របស់​គាត់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ​ក៏ប៉ុន្ដែ​ត្រូវ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ចាត់​ទុក​ថា ​គឺ​ជា​សំណួរ​ចាក​ប្រធាន ​ហើយ​បាន​ស្នើ​ឲ្យ​អង្គជំនុំជម្រះ​សាលា​ដំបូង​ទាត់​ចោល។

លោក ​ឆាំង ​យុ ​នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ឯកសារ​ក្នុង​សម័យ​ខ្មែរ​ក្រហម​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​ពួក​ខ្មែរក្រហម​ខ្លួន​ឯង ​ត្រូវ​បំផ្លាញ​មុន​ការ​ចូល​មក​ជួយ​រៀបចំ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ​នៅ​ដើម​ទសវត្សរ៍​១៩៩០​ ហើយ​ការ​បំផ្លាញ​ឯកសារ​ទាំង​នោះ​មួយ​ចំនួន​មាន​លក្ខណៈ «ចេតនា​នយោបាយ»៕

This posting includes an audio/video/photo media file: Download Now

ខ្មាន់​កាំភ្លើង​ពីរនាក់​នៅ​ខេត្ត​ក្រចេះ​ត្រូវ​បាន​ចាប់​ខ្លួន

Posted: 06 Feb 2012 06:06 PM PST

បួន​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​សន្តិសុខ​ចំការ​កៅស៊ូ TTYចំនួន​ពីរ​នាក់​ដែល​បាន​បាញ់​ប្រជាពលរដ្ឋ អាជ្ញាធរនគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ចេញ​ពី​ទី​កន្លែង​ក្រុមហ៊ុន​ ហើយ​បាន​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​ខេត្ត​ក្រចេះ។

លោក ​គេត ​សុជាតិ ​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ជន​សង្ស័យ​ទាំង​ពីរ​រូប​ដែល​រួម​មាន​​កែ ​សុវណ្ណា ​អាយុ​៤០​ឆ្នាំ ពិន ​គឹមឡេង ​អាយុ​២៦​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​ទី​២១៨ ​និង​ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​តាម​មាត្រា​ទី​២០​ នៃ​ច្បាប់​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ។ លោក​បាន​មាន​ប្រសាសន៍​ថា​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ​ដើម្បី​រង់ចាំ​ការ​ជម្រះ​ទោស។ ​ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​តុលាការ​នឹង​បើក​សវនាការ​កាត់​ទោស​នៅ​ពេល​ណា​ទេ។

«ដោយសារ​តែ​នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ​អីញ្ចឹង យើង​មិន​ដឹង​ថា​ត្រូវ​ចំណាយ​អស់​រយៈពេល​ប៉ុន្មាន​ទេ​ ប៉ុន្តែ​រឿង​នេះ​ប្រហែល​ជា​ត្រូវ​ឆាប់​ធ្វើ​ចប់​ទេ​ ដោយសារ​តែ​វា​មាន​សញ្ញាណ​ច្បាស់លាស់​មួយ​ចំនួន។ ​ហើយ​ដល់​ពេល​ចប់ ​យើង​នឹង​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ»។

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY របស់​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី​ ប្រគល់​ខ្លួន​សន្តិសុខ​ក្រុមហ៊ុន​ចំនួន​ពីរ​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​លើ​ការ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​​ទៅ​ឲ្យ​សមត្ថកិច្ច។ លោក ​ហ៊ុន ​សែន ​ក៏​បាន​ដាក់​បញ្ជា​ទៀត​ថា​ប្រសិន​បើ​ក្រុមហ៊ុនTTY មិន​បាន​ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នោះ​ទេ ​លោក​ឧកញ៉ា ​ណា ​ម៉ារ៉ាឌី អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន។

លោក ​ចាន់ ​សាវ៉េត​ មន្ត្រី​ផ្នែក​ស៊ើបអង្គេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ស្វាគមន៍​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។​ ក៏ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​ឲ្យ​មាន​វប្បធម៌​នេះ​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​ត្រូវ​តែ​ហ៊ាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ដែល​រំលោភ​ច្បាប់​មិន​ចាំបាច់​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ទេ។

«អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​យើង​ដូច​ជា​មិន​សូវ​មាន​ឆន្ទៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​ស៊ើបអង្គេត​ស្រាវជ្រាវ​កម្ចាត់​បទ​ល្មើស​ហ្នឹង​ទេ។ ​ពួក​គាត់​តែងតែ​ប្រើប្រាស់​រូបភាព ​ដែល​គេ​ហៅ​ថា​ធ្វើ​តាម​បញ្ជា​ ដល់​ពេល​គាត់​ឥត​យក​គោលការណ៍​ច្បាប់​មក​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ»។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ កន្លង​ទៅ​នេះ ​សន្តិសុខ​ចម្ការ​កៅស៊ូ TTY របស់​លោក​ឧកញ៉ា​ណា ម៉ារ៉ាឌី​ បាន​ធ្វើ​ការ​បាញ់​រះ​ដោយ​កាំភ្លើង​អាកា​៤៧​ ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ទាមទារ​ឲ្យ​បញ្ឈប់​​គ្រឿងចក្រ​ដែល​មក​ឈូសឆាយ​ផល​ដំឡូង​មី​របស់​ពួក​គាត់​នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ។ មាន​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​បួន​នាក់​ ដែល​រួម​មាន​អ្នកស្រី ​នេត្រ​ រតនា ​លោក​ម៉ុង ​ទូច​ ហៅ​អូ ​លោក​លី ​គ្រីយ៉ា ​និងលោក​លី ​អីសា ​បាន​ទទួល​រងរបួស​ដោយ​អំពើ​ហិង្សា​នោះ។ អ្នកស្រី​នេត្រ​ រតនា ​អាយុ​២៣​ឆ្នាំ ​ជន​រងគ្រោះ​មួយ​រូប​ ដែល​បាន​រងរបួស​ដោយសារ​ការ​បាញ់​ប្រហារ​នេះ​ បាន​និយាយ​ថា​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​មិន​ទាន់​ឲ្យ​អ្នកស្រី​បាន​ស្ងប់​ចិត្ត​ទេ។ អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ចាប់​ខ្លួន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​មក​ផ្តន្ទាទោស​តាម​ច្បាប់​បន្ថែម​ទៀត។

«អេកូម​នៅ​កន្លែង គ្នា​គាត់​ស្រែក​មក​នៅ​កន្លែង​ហ្នឹង ​ពួក​ខ្ញុំ​ស្តាប់​បាន។ ​បញ្ជា​កូន​ចៅ​គាត់​ហ្នឹង​ថា​ឲ្យ​បាញ់​ប្រជាពលរដ្ឋ​ហ្នឹង​ម្តង​ទៅ។ ​អាណា​ខ្លាំង​ជាង​គេ ​ឲ្យ​បាញ់​ឲ្យ​ងាប់​តែ​ម្តង​ទៅ។​ ទុក​ឲ្យ​គាត់​ជា​អ្នក​ដោះស្រាយ»។

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ TTY នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សម្រាប់​ដាំ​ដើម​កៅស៊ូ​នៅ​លើ​ផ្ទៃដី​ទំហំ​ជិត​មួយ​ម៉ឺន​ហិចតា ​នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ។ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ​បាន​ប៉ះពាល់​ដល់​ដី​ចម្ការ​របស់​ពួក​គេ​ប្រមាណ​ជិត​៥០០​គ្រួសារ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!