VOA News: ព័ត៌មាន: “ការបង្ក្រាបលើក្រុងហូមស៍របស់កងទ័ពស៊ីរីនៅតែបន្ត” plus 4 more |
- ការបង្ក្រាបលើក្រុងហូមស៍របស់កងទ័ពស៊ីរីនៅតែបន្ត
- ភូមា៖ សំណើឲ្យតំឡើងប្រាក់ខែដល់មន្រ្តីស៊ីវិល
- អ្នកវិភាគឯករាជ្យថាកម្ពុជាអាចប្រឈមនឹងការបះបោរពីជនរងគ្រោះនៃការជម្លោះដីធ្លី
- អ្នកនេសាទកម្ពុជាប្រាំពីរនាក់ត្រូវបានសង្គ្រោះ
- លោកស្រីប៊េកខឺ៖ មេដឹកនាំខ្មែរក្រហមបានខកខានបំភ្លឺការណ៍ពិតពីរបបរបស់ខ្លួនក្នុងពេលកន្លងមក
ការបង្ក្រាបលើក្រុងហូមស៍របស់កងទ័ពស៊ីរីនៅតែបន្ត Posted: 08 Feb 2012 09:00 AM PST ស៊ីរី៖ សកម្មជនក្នុងប្រទេសស៊ីរីនិយាយថា ទាហានរដ្ឋាភិបាលបានសម្លាប់ជនស៊ីវិលជាច្រើននាក់នៅក្រុងហូម (Homs) ដោយជាច្រើនខែមកហើយបន្តវាយបង្រ្កាបមកលើក្រុងហូម ដែលជាតំបន់ប្រជុំនៃការប្រឆាំងប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar Al Assad)។ អង្គការអង្កេតសិទ្ធិមនុស្សរបស់ស៊ីរីនៅក្នុងប្រទេសអង់គ្លេសនិយាយថា ការបាញ់ផ្លោងនៅថ្ងៃពុធបានបំផ្លាញអគារ២០ខ្នងនៅក្នុងមណ្ឌល បាបា អាម (Baba amr)។ ការរាយការណ៍ឯករាជ្យទាំងឡាយអំពីចំនួនជនរងគ្រោះត្រូវបានរារំាងដោយរដ្ឋាភិបាលស៊ីរី។ រដ្ឋមន្ដ្រីការបរទេសរុស្សី លោក សឺហ្គេ ឡាវរ៉ូវ (Sergei lavrov) ថ្លែងនៅថ្ងៃពុធថា ដំណោះស្រាយចំពោះវិបត្ដិនេះអាចធ្វើឡើងបានតាមរយៈការចរចាឧបតោភាគីរវាងជនជាតិស៊ីរីខ្លួនឯង ហើយមិនមែនតាមរយៈសហគមន៍អន្ដរជាតិដែលត្រូវសម្រេចទេ។ ក្នុងកិច្ចប្រជុំក្រុងដាម៉ាស (Damascus) លោក អាសាដ ថ្លែងថាលោកចង់ឲ្យអនុប្រធានាធិបតី ហ្វារ៉ូក ស្សារ៉ា (Farouk Sharaa) ដឹកនាំការចរចាជាមួយក្រុមប្រឆាំង។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ ចិន៖ បណ្ដាញព័ត៌មានចិននិយាយថា អ្នកប្រើប្រាស់បណ្ដាញអ៊ិនធឺណិតនៅក្នុងទីក្រុងប៉េកាំងមិនអាចផ្សព្វផ្សាយសេចក្តីអត្ថាធិប្បាយរបស់ខ្លួនដោយមិនចេញឈ្មោះក្នុងបណ្ដាញប្លកខ្នាតតូច (microblogs) បានទេ ចាប់តាំងពីពាក់កណ្ដាលខែមិនានេះទៅ។ ចិន៖ អាជ្ញាធរចិនកំពុងដោះស្រាយបញ្ហាបរិស្ថានកខ្វក់ក្នុងទឹក ដែលនាំឲ្យមានការភ័យខ្លាចជាលើកទីពីរ មួយខែក្រោយពីអាជ្ញាធរនៅតំបន់ភាគខាងកើតប្រទេសចិននិយាយថា ជាតិអាស៊ីដបានធ្វើឲ្យពល់ដល់ប្រភពផ្គត់ផ្គង់ទឹកក្នុងតំបន់។ ហ្វីលីពីន៖ កាលពីថ្ងៃអង្គារអ្នករស់រានមានជីវិតពីការរញ្ជួយផែនដីនៅក្នុងប្រទេសហ្វីលីពីនបានអង្វរសុំឲ្យក្រុមជួយសង្រ្គោះ បន្ដការរុករកជនបាត់ខ្លួនជាង១២នាក់ ដែលកប់នៅក្នុងដីបាក់។ តែមន្ដ្រីហ្វីលីពីននិយាយថា សេចក្ដីសង្ឃឹមនៃការរកឃើញមានតិចណាស់។ <!--IMAGE-RIGHT--> ស.រ.អ.៖ យុទ្ធនាការរបស់បេក្ខជនគណបក្សសាធារណរដ្ឋ លោក រីកសង់តូរ៉ូម (Rick Santorum) បានទទួលការគាំទ្រខ្លាំង ដែលធ្វើឲ្យលោកទទួលជោគជ័យក្នុងការប្រកួតតាំងតែងដោយគណបក្ស នៅរដ្ឋមីនីសូតា (Minnesota) មីសួរី (Missouri) និងកូឡូរ៉ាដូ (Colorado)។ បាគីស្ថាន៖ មន្ដ្រីបាគីស្ថាននិយាយថា ការវាយប្រហារតាមអាកាសដែលសង្ស័យថាជាសកម្មភាពស.រ.អ.បានសម្លាប់មនុស្ស១០នាក់ នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយ័ព្យ ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ កោះម៉ាល់ឌីវ៖ ប្រធានាធិបតីថ្មីនៃ កោះម៉ាល់ឌីវ (Maldives) បានអំពាវនាវឲ្យមានការបង្កើតរដ្ឋាភិបាលរួបរួមជាតិ។ អេហ្ស៊ីប៖ ព្រឹទ្ធសមាជិកស.រ.អ.បីនាក់កំពុងដាស់តឿនអំពីការបែកបាក់ទំនាក់ទំនងជាមួយប្រទេសអេហ្ស៊ីប បើសិនករណីជនជាតិអាមេរិកំាង១៩នាក់ ដែលត្រូវចោទប្រកាន់ពីបទផ្ដល់ថវិកាខុសច្បាប់ឲ្យក្រុមនិយមលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអេហ្ស៊ីប មិនបានដោះស្រាយរួចទេ។ ចិន៖ លោក អៃ វ៉ៃវៃ (Ai Weiwei) ជនប្រឆាំងដែលជាសិល្បករចិន បានប្រើប្រព័ន្ធ ស្កែប (Skype) ដើម្បីជួយតាក់តែងវិមានអគារអូឡាំពិក (Olympics) នៅក្នុងទីក្រុងឡុង ឆ្នាំ២០១២។ ស៊ូដង់៖ អ.ស.ប. និយាយថា សង្រ្គាមមិនឈប់ឈរ ព្រមទាំងការប្រមូលផលកសិកម្មបានតិចតួច នៅតំបន់ភាគខាងត្បូងប្រទេសស៊ូដង់ បានបណ្ដាលឲ្យមនុស្សច្រើនលាននាក់ ខិតចូលជិតទៅរកភាពអត់ឃ្លានធ្ងន់ធ្ងរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ភូមា៖ សំណើឲ្យតំឡើងប្រាក់ខែដល់មន្រ្តីស៊ីវិល Posted: 07 Feb 2012 10:47 PM PST ភូមា៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃអង្គារមន្ត្រីភូមាជាន់ខ្ពស់ម្នាក់បានស្នើឲ្យតម្លើងប្រាក់បៀវត្សសម្រាប់ពួកបុគ្គលិកនៃសេវាកម្មស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងចំណាត់វិធានការមួយដែលមានប្រជាប្រិយភាព នៅពេលដែលប្រទេសធ្វើចលនាឆ្ពោះទៅកាន់ការបោះឆ្នោតដ៏សំខាន់មួយ។ លោក ស្វេ ម៉ាន Shwe Mann ប្រធានសភាជាន់ទាបដែលជាសមាជិកទីបីនៃអតីតក្រុមប្រឹក្សាយោធាដែលបានត្រូវចាត់ទុកថាជាអ្នកកែទម្រង់សំខាន់ម្នាក់របស់ប្រទេសបាននិយាយថាប្រាក់បៀវត្សរបស់មន្រ្តីរាជការមិនទាន់គ្រប់គ្រាន់សម្រាប់«ចំណាយជាមូលដ្ឋានប្រចាំថ្ងៃទេ»។ ចិន៖ លោកអនុប្រធានាធិបតីចិនស៊ី ជីងពីង Xi Jinping មានគំរោងនឹងមកធ្វើទស្សនកិច្ចរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។ បុគ្គលដែលគេជឿជាក់ថានឹងក្លាយទៅជាមេដឹកនាំប្រទេសចិននឹងអញ្ជើញមកដល់សហរដ្ឋអាមេរិក នៅពេលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីប្រទេសស៊ីរីនិងដែនដីទីបេត៍។ ភូមា៖ លោកស្រីអងសាន ស៊ូជី មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យភូមាបានធ្វើដំណើរទៅកាន់តំបន់ដីសណ្តទន្លេឥរ៉ាវ៉ាឌី ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៩មក ដោយមានមហាជនប្រកបដោយក្តីសោមនស្សរីករាយអបអរសាទរទទួលលោកស្រី នៅពេលលោកស្រីប៉ុនប៉ងប្រមែប្រមូលការគាំទ្រសម្រាប់គណបក្សលោកស្រីនៅក្នុងការបោះឆ្នោតខាងមុខនេះ។ ស៊ីរី៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបាននិយាយថាប្រធានាធិបតីស៊ីរីបាសារ អាល់ អាសាដ Bashar al-Assad នឹងជំរុញឲ្យមានការកែទម្រង់តាមការសន្យាហើយក្នុងពេលឆាប់ៗនេះលោកនឹងកំណត់កាលបរិច្ឆេទសម្រាប់ធ្វើការបោះឆ្នោតប្រជាមតិអំពីរដ្ឋធម្មនុញ្ញថ្មីមួយដែលមានគោលដៅពង្រីកការចូលរួមខាងនយោបាយ។ ក្រិក៖ កាលពីថ្ងៃអង្គារពួកប៉ូលីសក្រិកបានប៉ះទង្គិចជាមួយពួកកម្មករមួយចំនូនក្នុងចំណោមក្រុមកម្មកររាប់ពាន់នាក់ដែលធ្វើបាតុកម្មនៅក្នុងក្រុងអាថែន ដែលតវ៉ាអំពីវិធានការត្បិតត្បៀតកាលពីពេលថ្មីៗបំផុតនេះដោយរដ្ឋាភិបាលបានស្វះស្វែងដាក់កំហិតដើម្បីបំពេញតាមបំណងរបស់ពួកម្ចាស់ឥណទានរបស់ប្រទេស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគឯករាជ្យថាកម្ពុជាអាចប្រឈមនឹងការបះបោរពីជនរងគ្រោះនៃការជម្លោះដីធ្លី Posted: 07 Feb 2012 05:04 PM PST ក្នុងរយៈពេលមួយខែកន្លងទៅនេះ មានករណីបណ្តេញចេញលេចធ្លោចំនួនពីរ បានកើតមានឡើងនៅកម្ពុជា គឺការបណ្តេញចេញប្រជាពលរដ្ឋតំបន់បុរីកីឡា និងការប៉ះទង្គិចដោយបង្ហូរឈាមរវាងក្រុមហ៊ុនចម្ការកៅស៊ូ TTY នៅស្រុកស្នួល ខេត្តក្រចេះ។ ការប៉ះទង្គិចគ្នានៅសហគមន៍បុរីកីឡា អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំបីនាក់ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ថា បានប្រើអំពើហិង្សាប្រឆាំងនឹងអ្នករាជការសាធារណៈ។ ចំណែកឯនៅស្រុកស្នួល ខេត្តក្រចេះវិញ សន្តិសុខចម្ការកៅស៊ូ TTY របស់ឧកញ៉ា ណា ម៉ារ៉ាឌី បានបាញ់ប្រជាពលរដ្ឋចំនួនបួននាក់ឲ្យទទួលរងរបួស រួចហើយទើបចាប់ខ្លួនជនសង្ស័យពីរនាក់បញ្ជូនទៅកាន់តុលាការ។ ព្រឹត្តិការណ៍វិវាទដ៏លេចធ្លោដែលបានកើតមានឡើងនៅក្នុងខែមករាកន្លងទៅនេះ សុទ្ធតែបង្ហាញឲ្យឃើញថា ក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានរំលោភសិទ្ធិលើប្រជាពលរដ្ឋ។ អ្នកវិភាគនយោបាយឯករាជ្យ និងមន្ត្រីអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលការរំលោភដីធ្លីបានព្រមានថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់ដីធ្លី និងផ្ទះសម្បែងអាចនឹងងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលប្រសិនបើបណ្តោយឲ្យក្រុមហ៊ុនឯកជនបន្តរំលោភសិទ្ធិមនុស្សដូចបច្ចុប្បន្ននេះទៀត។ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានលើកយកឧទាហរណ៍លោកនួន ជា អតីតប្រធានរដ្ឋសភានៅក្នុងរបបខ្មែរក្រហមដែលបានថ្លែងប្រាប់សាលាក្តីខ្មែរក្រហមថាការចូលរួមបដិវត្តន៍ប្រឆាំងនឹងអ្នកដឹកនាំ គឺកើតចេញពីការជិះជាន់។ លោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់ថាកម្ពុជាគួរតែយកមេរៀនប្រវត្តិសាស្ត្រ ដើម្បីជៀសវាងការងើបតវ៉ាប្រឆាំងដែលបង្កឲ្យមានអស្ថិរភាពក្នុងសង្គម។ «នៅក្នុងចំណោមអ្នករងគ្រោះហ្នឹង វាមានយុវជន យុវនារី ក្មេងៗ។ ក្រែងពេលតែវាឃើញអញ្ចឹង វាឈឺចាប់។ ម្លោះហើយអ្នកនោះ ថ្ងៃក្រោយវាមានទុក្ខ ហើយវាមិនដឹងទៅធ្វើអ្វី។ មិនដឹងថាវាដក់ចិត្ត ឬមួយយ៉ាងម៉េច។ ខ្ញុំថាអ្នកខ្លះវាដក់ចិត្ត។ ដូចជានួន ជា ដក់ចិត្តរឿងការជិះជាន់ហ្នឹងជាដើម»។ ដើម្បីស្តារប្រជាប្រិយភាពរដ្ឋាភិបាលឡើងវិញបន្ទាប់ពីមានការរិះគន់ពីការបណ្តេញចេញដោយបង្ខំរឿងវិវាទដីធ្លី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍មុនបានចេញបញ្ជាថានឹងដកហូតដីសម្បទានសេដ្ឋកិច្ចចេញពីក្រុមហ៊ុនឯកជនណាដែលរំលោភសិទ្ធិប្រជាពលរដ្ឋ និងរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។ លោកហ៊ុន សែន ក៏បានចេញបញ្ជាឲ្យក្រុមហ៊ុនចម្ការកៅស៊ូ TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី ប្រគល់ខ្លួនជនបាញ់ប្រជាពលរដ្ឋ។ រយៈពេលប្រាំថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញបញ្ជា អាជ្ញាធរបានចាប់ខ្លួនសន្តិសុខក្រុមហ៊ុនTTY ចំនួនពីរនាក់ ដាក់ពន្ធនាគារពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់ប្រហារប្រជាពលរដ្ឋ។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា នេះគឺជាការបរាជ័យមួយនៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាដោយសារតែអភិបាលខេត្ត អាជ្ញាធរ និងព្រះរាជអាជ្ញាធរខេត្តក្រចេះ មិនហ៊ានចេញមុខចាប់ជនដៃដល់មកផ្តន្ទាទោស។ លោកបានបញ្ជាក់ថា នៅក្នុងប្រទេសមួយមានករណីបទល្មើសច្រើនរាប់ពាន់ករណីទៀត ប្រសិនណាបើយើងរង់ចាំបទបញ្ជាលោកនាយករដ្ឋមន្ត្រី។ «ខ្ញុំថាឲ្យមានការស៊ើបអង្គេតឡើងវិញ សើររើឡើងវិញ។ ដីសម្បទានណាដែលមានអំពើបែបហ្នឹងគឺត្រូវតែលុបចោល។ ពីព្រោះអីដីសម្បទានបានមកដោយប្រព្រឹត្តអំពើខុសច្បាប់។ បើនិយាយឲ្យសាមញ្ញគេហៅថាការយកដីដោយលួចគេ។ ដូចរបស់ចោរ ហើយរបស់ចោរ អ្នកយករបស់ចោរគឺខុសហើយ»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះ។ ក៏ប៉ុន្តែលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានលើឡើងថា ការងើបឡើងតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសារតែរឿងវិវាទដីធ្លី មិនអាចកើតមានឡើងទេ។ «បឹងកក់ក៏ដោយ ឬក៏បុរីកីឡាក៏ដោយ ឬក៏កន្លែងត្រង់ណាក៏ដោយ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ អញ្ចឹងខ្ញុំមើលឃើញថា វាមិនកើតមានឡើងដោយសារតែដំណឹងនេះវិជ្ជមាន លើមួយលាននាក់អវិជ្ជមាន»។ យ៉ាងតិចមានក្រុមហ៊ុនឯកជនជាង២០០ ទទួលបានដីសម្បទានសេដ្ឋកិច្ចនៅលើទំហំផ្ទៃដីប្រមាណជាងពីរលានហិកតាពីរដ្ឋាភិបាល។ លោក អ៊ូច ឡេង មន្ត្រីដីធ្លីរបស់សមាគមន៍សិទ្ធិមនុស្សអាដហុកបានប្រាប់វីអូអេថាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនោះមិនបានគោរពច្បាប់ និងគោលការណ៍របស់រដ្ឋាភិបាលទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកនេសាទកម្ពុជាប្រាំពីរនាក់ត្រូវបានសង្គ្រោះ Posted: 07 Feb 2012 06:11 PM PST អ្នកនេសាទខុសច្បាប់កម្ពុជាចំនួនប្រាំពីរនាក់ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីវិញនៅព្រឹកថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃការជួយសង្រ្គោះពលករកម្ពុជារងគ្រោះដោយឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងដែន។ មន្ដ្រីអង្គការសង្គមស៊ីវិល និងមន្ដ្រីរដ្ឋាភិបាលអះអាងថា ពួកគេត្រូវបានយកទៅលក់ឲ្យថៅកែថៃសម្រាប់ធ្វើការងារដោយខុសច្បាប់។ ចុះពីលើយន្ដហោះ ពួកគេគ្មានបង្វិចខោអាវ និងប្រាក់ទេ។ ពួកគេគ្មានប្រាក់ខែនៅពេលដែលពួកគេបានស្ថិតនៅលើទូកនេសាទរបស់ថៃអស់រយៈពេលពីរឆ្នាំកន្លះ មុនពេលដែលពួកគេមានឱកាសលួចរត់បន្ទាប់ពីទូកនេសាទរបស់ពួកគេចូលចតក្នុងផែមួយនៅឥណ្ឌូណេស៊ី។ «យ៉ាប់ពេកក៏សម្រេចមកវិញ។ មករកស្រែចម្ការវិញទៅ។ បើនៅគឺត្រូវធ្វើការទាំងយប់ទាំងថ្ងៃគ្មានបានដេកពួនទេ»។ វន ភក្រ្ដ័ កម្មករនេសាទម្នាក់ទៀត អាយុ២០ឆ្នាំ និយាយដូចគ្នានេះដែរ។ «លំបាក។ ធ្វើការទាំងយប់ ទាំងថ្ងៃ។ មួយថ្ងៃដេកបានតែពីរម៉ោងយ៉ាងច្រើន»។ អតីតកម្មករនេសាទខ្មែរទាំងនេះមកពីខេត្តកំពង់ចាម សៀមរាប កំពត និងបាត់ដំបង។ ពួកគេត្រូវមេខ្យល់ទាក់ទងតាមភូមិដែលពួកគេរស់នៅដោយសន្យាជួយរកការងារដែលមានប្រាក់ខែខ្ពស់នៅប្រទេសថៃ។ ក៏ប៉ុន្ដែពួកគេស្ថិតក្នុងប្រព័ន្ធការងារខុសច្បាប់។ យោងតាមលោក អំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្កការការពារសិទ្ធិមនុស្ស លីកាដូបានឲ្យដឹងថា មេខ្យល់សន្យាផ្ដល់ប្រាក់ខែដល់ពលករដែលគេប្រមូលបានពី៤,០០០ ទៅ ៦,០០០ បាត ឬស្មើនឹងប្រមាណ ១៣០ ទៅ១៩០ ដុល្លារក្នុងមួយខែ។ អង្គការអន្ដរជាតិសម្រាប់ទេសន្ដន៍ប្រវេស (IOM) សហការជាមួយអង្គការជំនួយផ្លូវច្បាប់សម្រាប់កុមារនិងស្ដី្រ រួមជាមួយនឹងស្ថានទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ីបានជ្រោមជ្រែងក្នុងការធ្វើមាតុភូមិនិវត្តន៍កម្មករនេសាទកម្ពុជាទាំងប្រាំពីរនាក់នេះ។ ដោយឡែកមន្ដ្រីប៉ូលីសក្រសួងមហាផ្ទៃនិងមន្ដ្រីក្រសួងការងារដែលមានវត្តមានក្នុងពេលទទួលកម្មករនេសាទទាំងប្រាំពីនាក់បដិសេធផ្ដល់សេចក្ដីអត្ថាធិប្បាយណាមួយពីបញ្ហានេះ។ លោក ប្រ៊ុណូ ម៉ាលទីនី (Bruno Maltini) មន្ដ្រីកម្មវិធីរបស់អង្គការ IOM មិនអាចទក់ទងដើម្បីស្នើសុំសេចក្ដីអត្ថាធិប្បាយនោះទេ។ លោក មុំ សុខចា មន្ដ្រីកម្មវិធីនៃអង្គការជំនួយផ្លូវច្បាប់សម្រាប់កុមារនិងស្ដី្រ អះអាងថានៅមានកម្មករនេសាទខ្មែរជាច្រើនទៀតកំពុងធ្វើការខុសច្បាប់លើទូកនេសាទថៃ។ពួកគេចាកចេញពីកម្ពុជាដោយសម្ពាធនៃភាពក្រីក្រ។ «ដោយសារតែភាពក្រីក្រ និងការអត់ការងារធ្វើជាកត្តាជម្រុញមួយដែលធ្វើឲ្យពួកគាត់ធ្វើចំណាកស្រុក»។ លោក មុំ សុខចា បញ្ជាក់ថា កម្មករនេសាទខុសច្បាប់លើទូកនេសាទថៃចំនួនប្រាំពីរនាក់ផ្សេងទៀតនឹងត្រូវបញ្ជូនមកកាន់កម្ពុជានៅសប្ដាហ៍ក្រោយ។ ពួកគេមានស្ថានភាពដូចអ្នកទាំងប្រាំពីរនាក់នេះដែរ។ អ្នកស្រី ជា មួន មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាត់ដំណឹងកូនរបស់គាត់ជាងដប់ឆ្នាំហើយបន្ទាប់ពីកូនរបស់គាត់ត្រូវមេខ្យល់អូសទាញឲ្យទៅធ្វើជាកម្មករនេសាទនៅថៃ។ ហើយបន្ទាប់មកកូនរបស់គាត់បានរត់គេចទៅកាន់ឥណ្ឌូណេស៊ីដែរ មុននឹងបាត់ដំណឹង។ គាត់បានធ្វើដំណើរមកភ្នំពេញដើម្បីស្វែងរកកូនរបស់គាត់បន្ទាប់ពីឮដំណឹងថា មានការបញ្ជូនអតីតកម្មករនេសាទកម្ពុជាមកស្រុកកំណើតវិញ។ ប៉ុន្ដែគាត់មិនបានឃើញកូនគាត់នោះទេ។ «កាលពីទៅនៅឥណ្ឌូណេស៊ី ខ្ញុំបានទូរសព្ទ័ជួប។ វានិយាយជាមួយខ្ញុំថា វាស្ទូចត្រី។ បន្ទាប់មកដាច់ការទាក់ទងគ្នារហូតមិនអាចទូរស័ព្ទចូលអស់រយៈពេល១១ឆ្នាំហើយ»។ ពលករខុសច្បាប់កម្ពុជាទៅក្រៅប្រទេសមួយចំនួនត្រូវគេរាយការណ៍ថា បានស្លាប់ក្នុងពេលកំពុងការងារយ៉ាងលំបាកធ្ងន់ធ្ងរ។ មួយចំនួនបានរត់គេចខ្លួនស្វែងរកការជួយសង្រ្គោះ។ លោក កុយ គួង ដែលជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលបានជួយសង្គ្រោះជនចំណាកស្រុកខុសច្បាប់កម្ពុជាជិត២០០នាក់ក្នុងឆ្នាំ២០១១ក្នុងនោះភាគច្រើនមកពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ូរីស និងឥណ្ឌា៕ This posting includes an audio/video/photo media file: Download Now |
Posted: 07 Feb 2012 05:28 PM PST ពេលវេលាហាក់ដូចជាទុំជោរទៅហើយសម្រាប់មេដឹកនាំខ្មែរក្រហមមួយចំនួនដែលនៅរស់រានមានជីវិតក្នុងការតវ៉ាប្រឆាំងនឹងអ្វីជាការណ៍ពិតដែលបានកើតមានឡើង ក្រោមការគ្រប់គ្រងនៃរបបរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់ អ្នកឯកទេសពីរបបខ្មែរក្រហមម្នាក់។ អ្នកកាសែតអាមេរិកាំងជើងចាស់និងជាអ្នកនិពន្ធល្បីឈ្មោះពីរបបខ្មែរក្រហមគឺលោកស្រីអេលីហ្សាបែត ប៊េកខឺយល់ថា ឯកសារបោះពុម្ពដែលលោកស្រីបានស្រាវជ្រាវពីរបបខ្មែរក្រហមគួរតែគ្រប់គ្រាន់បញ្ជាក់ពីអ្វីដែលគាត់បានឃើញថាបានកើតមានឡើងក្នុងរបបវាលពិឃាតនោះហើយ។ លោកស្រីបញ្ជាក់ថា ស្នាដៃរបស់លោកស្រីត្រូវបានបោះពុម្ពជាច្រើនទសវត្សរ៍មកហើយ គឺមានដូចជាសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ» ត្រូវបានបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ១៩៨៦ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព និងបោះពុម្ពឡើងវិញក្នុងឆ្នាំ១៩៩៩។ មានអត្ថបទសារព័ត៌មានជាច្រើនរបស់លោកស្រីត្រូវបានបោះពុម្ព ជាបន្តបន្ទាប់ ក្រោយពីបានជួបសម្ភាសជាមួយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលមានដូចជាប៉ុល ពត និងអៀង សារី នៅចុងឆ្នាំ១៩៧៨ នៅពេលដែលលោកស្រីបានទៅប្រទេសកម្ពុជាក្នុងនាមជាអ្នកកាសែតដែលរបបកម្ពុជាប្រជាធិបតេយ្យបានអញ្ជើញ។ «មិនមានអ្នកណាម្នាក់ដែលនិយាយអ្វីម្តងសោះថា អ្វីដែលខ្ញុំផ្សាយមានការខុសឆ្គង ហើយប្រកែកថា ពួកគេមិនដែលនិយាយដូចដែលខ្ញុំបានផ្សាយទេ គឺមិនដែលមានទាល់តែសោះ។ មិនគ្រាន់តែប៉ុណ្ណោះទេ ពួកគេក៏មិនដែលសរសេររឿងរ៉ាវផ្សេងរបស់ពួកគេដែរ។ តើពួកគេចង់និយាយការពារខ្លួនយ៉ាងម៉េច? តើពួកគេនៅអង្គុយក្នុងទូរឱបដៃឬ? គឺអត់ទាល់តែសោះ ចុះហេតុអ្វីបានជាយើងមិនបានឮ ឬអានអ្វីសោះពីពួកគេណាម្នាក់ដែលបញ្ជាក់ថា រឿងនោះកើតមិនឡើងដូច្នោះទេ ហើយហេតុអ្វីបានជាពួកគេមិនតវ៉ាអំពីអ្វីដែលយើងសរសេរអំពីពួកគេតាំងពីពេលមុនមក?» នៅក្នុងសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ» លោកស្រីអេលីហ្សាបែត ប៊េកខឺបានសរសេររៀបរាប់ថា ក្នុងដំណើរទៅប្រទេសកម្ពុជាក្នុងខែធ្នូឆ្នាំ១៩៧៨ ដែលក្រុមខ្មែរក្រហមបានរៀបចំឱ្យនោះ លោកស្រីនិងអ្នកកាសែតបរទេសម្នាក់ទៀតត្រូវបានផ្តល់សិទ្ធិពិសេសជួបសម្ភាសជាមួយប៉ុល ពត មេដឹកនាំរបបនេះពីស្ថានភាពប្រទេសកម្ពុជា។ ជំនួសឱ្យការទុកពេលឱ្យអ្នកកាសែតសួរគាត់ ប៉ុល ពតបែរជាទៅនិយាយបូរបាច់តែម្នាក់ឯងពីការធ្វើសង្គ្រាមជាមួយនឹងវៀតណាមដោយបានទាញអង្គការអន្តរជាតិ ដូចជាអង្គការអូតង់ សមាគមអាស៊ាន និងបក្សសម្ព័ន្ធវ៉ាសូវីចូលរួមជាដើម។ ក្រុមលោកស្រីក៏បានពិសារបាយល្ងាចជាមួយនឹងអៀង សារី ដែលកាលនោះជារដ្ឋមន្ត្រីការបរទេស។ ដូចគ្នានឹងប៉ុល ពតដែរ អៀង សារីផ្តោតការសន្ទនាសំខាន់លើការចូលឈ្លានពានរបស់ប្រទេសវៀតណាមមកកម្ពុជា។ លោកស្រីក៏បានរៀបរាប់ដែរថា អៀង សារីបានគេចមិនឆ្លើយនឹងសំណួរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងស្ថានភាពរស់នៅរបស់ប្រជាជន។ នៅពេលនោះ អៀង សារីអះអាងថា នៅកម្ពុជាគ្មានពន្ធនាគារ ហើយបង្វែរការសន្ទនាទៅជាការចង់ដឹងពីការសង្កេតរបស់ក្រុមអ្នកកាសែតទៅលើអ្វីដែលរបបនេះបានរៀបចំបង្ហាញ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនលោកស្រីអេលីហ្សាបែត ប៊េកខឺបានបញ្ជាក់ប្រាប់ថា អ្វីៗដែលពួកគេរៀបឱ្យបានឃើញគឺគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះ។ «អ្វីដែលពួកគេបង្ហាញយើងគឺពួកគេនាំយើងទៅមើលភូមិគំរូតូចមួយ ហើយពួកគេឱ្យកម្មាភិបាលជាន់ខ្ពស់របស់ពួកគេស្លៀកពាក់តែងខ្លួនជាកសិករ។ ដូច្នេះអ្វីៗត្រូវបានគេរៀបចំទុកជាមុន។ ដូច្នេះហើយអ្នកដែលយើងបានឃើញគឺជាកម្មាភិបាល។ ខ្ញុំមិនដឹងថា ពួកគេធ្វើយ៉ាងម៉េចទេ ប៉ុន្តែវាច្បាស់ណាស់ បើសិនជាអ្នកធ្លាប់ទៅមើលផ្ទះគេសង់ទុកជាគំរូអ្វីមួយនោះ។ អ្វីៗល្អឥតខ្ចោះពេកដែលអ្នកដឹងជាស្រេចថា វាមិនមែនជាការណ៍ពិតទេ»។ ឯកសាររបស់លោកស្រីដែលបានមកពីដំណើរទៅប្រទេសកម្ពុជាដែលមានដូចជា សៀវភៅនិងខ្សែអាត់សំឡេង ត្រូវបានតុលាការយកមកធ្វើជាឯកសារយោងខ្លះសម្រាប់ការកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២។ លោកស្រីនិយាយថា គាត់សុខចិត្តផ្តល់សក្ខីកម្មនៅតុលាការខ្មែរក្រហមអំពីអ្វីដែលគាត់បានឃើញនិងយល់ដឹងពីរបបនេះនិងមេដឹកនាំរបស់ពួកគេ។ តាមប្រភពនានាបញ្ជាក់ប្រាប់វីអូអេឱ្យដឹងថា តុលាការមានបំណងអញ្ជើញលោកស្រីអេលីហ្សាបែត ប៊េកខឺចូលផ្តល់សក្ខីកម្មក្នុងពេលដែលលោកស្រីធ្វើដំណើរទៅប្រទេសកម្ពុជានៅសប្តាហ៍ទីពីរក្នុងខែកុម្ភៈ ដើម្បីចូលរួមសម្ពោធពិព័រណ៍រូបថតនិងខ្សែអាត់សំឡេងដែលលោកស្រីបានសម្ភាសមេដឹកនាំខ្មែរក្រហមក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសកម្ពុជានៅចុងសម័យគ្រប់គ្រងនៃរបបវាលពិឃាតនេះ។ លោកអាង ឧត្តម មេធាវីការពារអៀង សារីបានបញ្ជាក់ថា លោកក៏មានបំណងចង់សាកសួរលោកស្រីអេលីហ្សាបែត ប៊េកខឺពីការយល់ដឹងរបស់លោកស្រីពីរបបខ្មែរក្រហមដែរ ប៉ុន្តែនៅមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ ពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានទាក់ទងកាលពីថ្ងៃអង្គារ ព្រោះក្រុមមេធាវីការពារត្រូវការពេលវេលាយូរដើម្បីសិក្សាពីអ្វីដែលលោកស្រីបានបោះពុម្ពផ្សាយ។ «សៀវភៅរបស់គាត់សរសេរច្រើនៗទំព័រពេក ខ្ញុំមើលអត់អស់ទេ។ ប៉ុន្តែខ្លឹមសារហ្នឹងហើយនេះជាសាក្សីរបស់តុលាការ។ យើងក៏ត្រៀមនឹងសាកសួរគាត់ដែរពី ការដឹងឮរបស់គាត់ ការសរសេរសៀវភៅរបស់គាត់ ប៉ុន្តែយើងភ្ញាក់ផ្អើលដែរដោយសារតុលាការគាត់បញ្ជាក់ថា អ្នកស្រីនោះនឹងឡើងមកផ្តល់សក្ខីកម្មដែលក្នុងបញ្ជីឈ្មោះសម្រាប់វគ្គនេះ គាត់អត់មានសោះ។ ហើយយើងអត់បានត្រៀមសួរគាត់សោះ។ ដល់តុលាការដាក់មកអញ្ចឹងទៅជាប្រថុចញ៉ុច ទៅជាស្រឡាំងកាំងគ្រប់គ្នា»។ លោកហ៊ុយ វណ្ណៈ អ្នកនាំពាក្យមួយរូបនៃសាលាក្តីខ្មែរក្រហមពុំបានបញ្ជាក់ឱ្យដឹងថា តើលោកស្រីអេលីហ្សាបែតនឹងត្រូវឡើងផ្តល់សក្ខីកម្មឬទេ ឬក៏នៅពេលណានោះឡើយ។ លោកគ្រាន់តែបញ្ជាក់ថា តុលាការប្រើប្រាស់ទាំងសាក្សីជាតិនិងអន្តរជាតិយកមកផ្តល់សក្ខីកម្មដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការកាត់ក្តី។ «កន្លងមកយើងបានឮជនរងគ្រោះគាត់និយាយពីរឿងរបស់គាត់នេះ ជាផ្នែកម្ខាងរបស់ជនរងគ្រោះ។ ហើយជនជាប់ចោទក៏គាត់និយាយរឿងរបស់គាត់ក្នុងន័យការពាររឿងរបស់គាត់ ដូច្នេះហើយដែលតុលាការត្រូវស្តាប់អ្នកម្ខាងទៀតដែលជាអ្នកទីបី ជាសាក្សីជាអ្នកជំនាញដើម្បីធ្វើឱ្យអង្គហេតុនោះកាន់តែច្បាស់ឡើងកាន់តែភ្លឺឡើងសម្រាប់ភាគីទាំងសងខាង មានន័យថា ទាំងជនរងគ្រោះ ក៏ដូចជាជនជាប់ចោទ បានឃើញនិងបានឮអំពីព្រឹត្តិការណ៍ដែលបានកើតឡើងជៀសវាងថា ការសម្រេចរបស់ចៅក្រមលម្អៀងទៅខាងជនរងគ្រោះ ឬក៏ខាងជនជាប់ចោទ»។ មានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់កំពុងត្រូវតុលាការកាត់ទោសក្នុងសំណុំរឿង០០២ ក្នុងនោះមាននួន ជា អតីតមេមនោគមវិជ្ជា ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |