VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៦ កុម្ភៈ ២០១២៖ មរតក​នៃ​គុក​ទួលស្លែង​ហៅ​មន្ទីរ​ស​២១” plus 3 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៦ កុម្ភៈ ២០១២៖ មរតក​នៃ​គុក​ទួលស្លែង​ហៅ​មន្ទីរ​ស​២១” plus 3 more


ហេឡូ​វីអូអេ ០៦ កុម្ភៈ ២០១២៖ មរតក​នៃ​គុក​ទួលស្លែង​ហៅ​មន្ទីរ​ស​២១

Posted: 06 Feb 2012 12:32 PM PST

អតីត​មេគុក​ទួលស្លែង​ ឈ្មោះ ​កាំង​ ហ្កេក​អ៊ាវ ​ហៅ​ឌុច ​ត្រូវ​បាន​​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគា​​​អស់​មួយ​ជីវិត​ចំពោះ​​ការ​​ស្លាប់​បាត់​បង់​ជីវិត​​អ្នកទោស​ជាង​១២.០០០​នាក់។

ការសម្រេច​នេះ​ត្រូវ​បាន​អតីត​អ្នកទោស​និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​​សប្បាយ​រីករាយ​ដោយសារ​​ពួកគេ​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។

នៅ​ក្នុង​ការពិភាក្សា​នា​យប់​នេះ​យើង​ចង់​សំឡឹង​មើល​ឱ្យ​ហួស​ពី​ការដាក់​ទោស​និង​ការ​អបអរ​សាទរ​ទាំង​នោះ​ព្រម​ទាំង​ការ​រិះគន់​ខ្លះ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​សំណុំ​រឿង​មួយ​នេះ។

វីអូអេ​បាន​អញ្ចើ​ញ​លោក​ គឹមស្រូយ ​សុកវិសាល ​អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ពន្យល់​បន្ថែម​ពី​សារៈ​សំខាន់​នៃ​ការកាត់ទោស​នេះ​ចំពោះ​ការផ្សះផ្សារ​​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​និង​ដំណើរ​ការ​យុត្តិធម៌​ក្នុង​ប្រទេស​​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

 

 

 

This posting includes an audio/video/photo media file: Download Now

អូបាម៉ា​​​និយាយ​​​ថា​​​អ៊ីស្រាអែល​​​មិន​​​ទាន់​​​សម្រេច​​​ចិត្ត​​​វាយ​​​ប្រហារ​​​អ៊ីរ៉ង់

Posted: 06 Feb 2012 07:29 AM PST

ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​មាន​ប្រសាសន៍​​ថា​លោក​​មាន​​ជំនឿ​​ថា​អ៊ីស្រាអែល​មិន​​ទាន់​សម្រេច​ចិត្ដ​អ្វី​មូយ​ទេ អំពី​ថាតើ​នឹង​ចាត់​វិធានការ​យោធា​ប្រឆាំង​កម្មវិធី​នុយក្លេអែរ អ៊ីរ៉ង់ ឬទេ?

មន្ដ្រី​អាមេរិកាំង​បាន អំពាវនាវ​ដល់​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធ​មិត្ដ​សំខាន់​របស់​ខ្លួន ឲ្យ​ទុក​ពេល​វេលា​ច្រើន​ទៀត សម្រាប់​ទណ្ឌកម្ម​លោក​ខាងលិច ដើម្បី​កៀប​សង្កត់​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​ដំណើរ​ទៅ​រក​ការផលិត​​​គ្រាប់បែក​នុយក្លេអ៊ែរ។ អ៊ីរ៉ង់​នៅ​តែ​ទទូច​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន មាន​គោលដៅ​សន្ដិភាព។

ថ្លែង​ក្នុង​សេចក្ដី​សម្ភាសន៍​ជាមួយ​បណ្ដញ​ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អាទិត្យ​លោក អូបាម៉ា មាន​ប្រសាសន៍​ថា ស.រ.អ. ជាមួយ​អ៊ីស្រាអែល​នឹង​ធ្វើការ​រួមគ្នា​ក្នុង​វិធីសាស្រ្ត«ជំហានចាក់សោរ» (Lockstep) ដែល​លោក​សង្ឃឹម​ថា​ជា​ដំណោះ​ស្រាយ​តាម​រយៈ​ការទូត​ចំពោះ​បញ្ហា​អ៊ីរ៉ង់។ ចំណែក​អ៊ីស្រាអែល​មើល​ឃើង​អ៊ីរ៉ង់​ដែល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ថា ជា​ការ​គំរាមកំហែង​លើ​ភាព​រស់នៅ​របស់ខ្លួន ពីព្រោះ​ជាញឹកញាប់ មេដឹកនាំ​អ៊ីរ៉ង់​ប្រកាស​រក​ការ​កំទេច​នៃ​រដ្ឋ ជាតិជូរ (Jewish State)។

ព័ត៌មានអន្តរជាតិ​សំខាន់​ផ្សេងៗទៀត៖

ស៊ីរី៖ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​១៧​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​របួស​ដោយសារ​គ្រាប់​ផ្លោង ដោយ​កង​កម្លាំង​ស៊ីរី បាញ់​ទម្លាក់​មក​លើ​ចំណុច​ក្តៅ​នៃ​ក្រុង​ហូម (Homs)។

ប៉ាឡេស្ទីន៖ ក្រុមប្រជែង​ប៉ាឡេស្ទីន មាន​ក្រុម​ហ្វាតាហ​ (Fatah) និង​ក្រុម​ហាម៉ាស (Hamas) បាន​យល់​ស្របគ្នា​រៀបចំ​បង្កើត​រដ្ឋាភិបាល​សាមគ្គីភាព​មូយ​ដឹកនាំ​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក​ មាហមូឌ​ អាបាស (Mahmoud Abbas)។

ហ្វីលីពីន៖ មន្ដ្រី​ហ្វីលីពីន​និយាយ​ថា មាន​ការ​រញ្ជួយ​ផែនដី​មូយ​ដ៏​ខ្លាំង ដែល​ធ្វើ​ឲ្យ​កក្រើក​តំបន់​កណ្ដាល​ប្រទេស​ហ្វីលីពីន បណ្ដាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​បាត់​ខ្លួន។

អង់គ្លេស៖ ព្រះ​មហាក្សត្រី អ៊ីលីហ្សាបែត (Elizabeth) នៃ​ប្រទេស​អង់គ្លេស​បាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គម្រប់​៦០​ឆ្នាំ នៃការ​សោយរាជ្យ​របស់​ព្រះអង្គ។

បាគីស្ថាន៖ មន្ដ្រី​បាគីស្ថាន និយាយ​ថា រោងចក្រ​បី​ជាន់​មួយ បាន​ដួល​រលំ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់ រួម​ទាំង​កុមារ​ម្នាក់​អាយុ​១០​ឆ្នាំ។

រូម៉ានី៖ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​រូម៉ានី (Romania) បាន​លាលែង​ចេញពី​តំណែង ក្រោយពី​មាន​បាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​ជា​ច្រើន​សប្ដាហ៍ ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក​បាន​ចាត់​វិធានការ​តឹងរឹង​ក្នុង​ការ​ចំណាយ​ថវិកាជាតិ។

អេហ្ស៊ីប៖ ស.រ.អ. បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​អេហ្ស៊ីប ដែល​សម្រេច​នឹង​កាត់​ទោស​មនុស្ស​៤៣​នាក់ ពី​បទ​ផ្តល់​ជំនួយ​ថវិកា​ខុសច្បាប់​ឲ្យ​ទៅ​ក្រុម​និយម​លទ្ធិ​ប្រជាធិបតេយ្យ។

ចិន៖ អាជ្ញាធរ​ចិន​និយាយ​ថា ខ្លួនបាន​ទាក់ទង​ជាមូយ​កម្មករ​ចិន​២៩​នាក់ ​ដែល​បាន​ត្រូវ​ចាប់​​ខ្លួន​​ធ្វើ​​ជា​​ចំណាប់​​ខ្មាំង​​នៅ​​ក្នុង​​ប្រទេស​​ស៊ូដង់។

This posting includes an audio/video/photo media file: Download Now

តើ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូប​ណា​នឹងប្រជែង​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា?

Posted: 05 Feb 2012 07:53 PM PST

សហរដ្ឋអាមេរិក៖ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ដើម្បី​កំណត់​ថា​បេក្ខជន​រូប​ណា​ក្នុង​គណបក្ស​សាធារណរដ្ឋ​នឹង​ប្រជែង​ជាមួយ​លោក​ប្រធានាធិបតី​​ បារ៉ាក់ អូបាម៉ា ​ក្នុង​ការ​បោះឆ្នោត​សាកល​ក្នុង​ខែ​វិច្ឆិកា​នៅ​ពេល​នេះ​បាន​តម្រង់​ទៅ​ទិស​ខាង​កើត​ពី​រដ្ឋ​ នេវ៉ាដា Nevada ​ទៅ​កាន់​រដ្ឋ​កូឡូរ៉ាដូ Colorado និង​រដ្ឋ​មីនីសូតា Minnesota ​ដែល​នឹង​ធ្វើការ​ប្រជុំ​ caucuses ​នៅ​ថ្ងៃ​អង្គារ។​

លោក​ មិត រ៉មនី Mitt Romney ​បេក្ខជន​នាំ​មុខ​គេ​និង​ជា​អតីត​អភិបាល​រដ្ឋ ម៉ាសាឈូសេត​ Massachusetts បាន​ទទួល​ជ័យជំនះ​ដាច់​ណាត់​ក្នុង​ការ​ប្រជុំ​ caucuses ​ក្នុង​រដ្ឋ​នេវ៉ាដា Nevada នា​ភាគ​ខាង​លិច ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​​២​ដង​ច្រើន​ជាង​សន្លឹក​ឆ្នោត​គាំទ្រ​គូ​ប្រជែង​ប្រកៀក​បំផុត​របស់​លោកគឺ​លោកញូវ ហ្គីងរីច​ Newt Gingrich ​ដែល​ជា​អតីត​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង។

អេហ្ស៊ីប៖ ពួក​បាតុករ​​អេហ្ស៊ីប​បាន​ប៉ះទង្គិច​ជាមួយ​ពួក​ប៉ូលីស​ក្នុង​ក្រុង​ ឡឺ គែរ Le Caire ​ក្នុង​ថ្ងៃ​ទី​បួន​បន្ត​បន្ទាប់​គ្នា ​នៅ​ពេល​ពួក​គេ​ទាមទារឲ្យមាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឲ្យ​បាន​ឆាប់​រហ័ស​និង​ការ​ផ្ទេរ​អំណាច​មុន​ពេល​កំណត់​ពីក្រុម​ប្រឹក្សា​យោធា​គ្រប់​គ្រង​ប្រទេស​ទៅឲ្យ​រដ្ឋាភិបាល​ស៊ីវិល​មួយ។​

អេហ្ស៊ី​ប៖ ចៅក្រម​ស៊ើប​អង្កេត​អេហ្ស៊ីប​បាន​បញ្ជូន​មនុស្ស​៤៣​នាក់​ដោយ​មាន​រួមបញ្ចូល​ទាំង​ពលរដ្ឋ​​អាមេរិក១៩​នាក់​ផង​ទៅ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​មួយ​កាត់​ទោស​ពី​បទ​ទាក់​ទិន​នឹង​សកម្មភាព​ត្រូវ​ហាមឃាត់របស់​ក្រុម​គាំទ្រ​​លទ្ធិ​ប្រជាធិបតេយ្យ​​ដែល​បាន​ទទួល​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ ឡឺ គែរ Le Caire ​ហៅ​ថា ​«ការ​ផ្តល់​ប្រាក់​ពី​បរទេស​ដោយ​ខុស​ច្បាប់»។​

ស៊ីរី៖ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអាមេរិក​ ហ៊ីលឡារី គ្លីនតុន Hillary Clinton ​បាន​អំពាវនាវ​ដល់ ​«បក្ស​ពួក​ជា​មិត្ត​​នៃ​ប្រទេស​ស៊ីរី​ប្រជាធិបតេយ្យ​» ឲ្យ​ជំរុញ​ការ​បញ្ឈប់​អំពើ​បង្ក្រាប​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី​ Bashar al-Assad ទៅ​លើក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​គាំទ្រ​​អន្តរកាល​នយោបាយ​មួយ​ដែល​ទម្លាក់​លោក​ឲ្យ​ចុះ​ចេញ​ពី​តំណែង។​

អាហ្វហ្គានីស្ថាន៖ លោក​​ប្រធានាធិបតី​ ហាមីដ កាហ្សាយ Hamid Karzai បាន​ថ្កោល​ទោស​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​ដ៏​ប្រល័យ​ដែល​បាន​កើត​មាន​ទ្បើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​​ប៉ូលីស​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស។

ប៊ុលហ្គារី៖ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក ​​ហ៊ីលឡារី គ្លីនតុន Hillary Clinton ​បាន​អញ្ជើញ​ទៅ​ដល់ប៊ុលហ្គារី Bulgarie ​ដើម្បី​ធ្វើការ​ចរចា​ដែល​គេ​រំពឹង​ថា​នឹង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​សន្តិសុខ​ថាមពល។ ​នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក​ស្រី​កាលពី​ថ្ងៃ​អាទិត្យ​ លោក​ស្រី​ គ្លីនតុន​កំណត់​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ រ៉ូសេន ប្លេវនេឡេវ Rosen Plevneliev ​និង​លោក​នាយករដ្ឋមន្ត្រី​ប៊យកូ បូរីសូវ​ Boyko Borissov។

This posting includes an audio/video/photo media file: Download Now

សាលក្រម​តុលាការ​កំពូល​បង្កើន​ទោស​ឌុច​ពី​១៩​ឆ្នាំ​ដល់​មួយ​ជីវិត

Posted: 06 Feb 2012 10:07 AM PST

សាលក្រម​តុលាការ​កំពូល​ដែល​បង្កើន​ទោស​មេគុក​ទួលស្លែង កាំង ហ្កេកអ៊ាវ​ ហៅឌុច​ពី​១៩ឆ្នាំ​ដល់​មួយ​ជីវិត​ត្រូវ​បាន​ស្វាគមន៍​ដោយ​ជនរងគ្រោះ។ នេះជា​ការ​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​របស់សហ​ព្រះរាជ​អាជ្ញា និង​បណ្តឹង​របស់​ឌុច។

តុលាការ​កំពូលគាំទ្រ​ដោយ​អ.ស.ប.​កាត់ទោស​ខ្មែរក្រហម​បាន​សម្រេច​នៅថ្ងៃសុក្រ​ទី៣​ខែកុម្ភៈ​ថា កាំង ហ្កេកអ៊ាវ ហៅឌុច អតីត​ប្រធាន​គុកទួលស្លែង​ត្រូវ​ជាប់​ពន្ធនាគារ​មួយជីវិត ពី​បទ​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​២ពាន់​នាក់​នៅ​ទួលស្លែង និង​ជើងឯក។

<!--AV-->

នេះជា​ការ​សម្រេច​ទាក់ទង​នឹង​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​ដែលជំនាស់​នឹង​សាលក្រម​ក្នុងឆ្នាំ២០១០​របស់​សាលា​ដំបូង​ដាក់ទោស​ឌុច​៣៥ឆ្នាំ​ដែលកាត់កង​ទៅ​នៅ​សល់១៩​ឆ្នាំ។​ កាលណោះ​ ជនរង​គ្រោះ​បាន​ទាម​ទារ​ឲ្យ​ដាក់​ទោស​ឌុច​ជាប់​ពន្ធនាគារ ​«មួយជីវិត»។

លោក​គង់ ស្រ៊ីម ប្រធាន​អង្គ​ជំនុំ​ជម្រះ​បាន​ប្រកាស​នៅ​សវនាការ​នេះ​ថា៖

«ផ្តន្ទាទោស​លោក​កាំង ​ហ្កេក​ អ៊ាវ ដាក់ពន្ធនាគារ​អស់​មួយជីវិត​ ដោយ​ចាប់​គិតពី​ថ្ងៃ១០ ​ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ត​ទៅ»។

ឌុច​ អាយុ​៦៩ឆ្នាំ​ត្រូវ​កាត់ទោស​ពីបទ​ធ្វើឃាត ធ្វើ​ទារុណ​កម្ម រំលោភ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​សម្លាប់​មនុស្ស​ជាង​រវាង​ពី១លាន៧​សែន​នាក់​ទៅ​២លាន​២សែន​នាក់។

សាលក្រម​តុលាការ​សាលា​កំពូល​នេះ​ត្រូវ​ជន​រងគ្រោះ​និង​សហ​ព្រះរាជ្ញា​អបអរ​សាទរ។

លោក​Andrew Cayley សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖

«ខ្ញុំគិត​ថា ថ្ងៃនេះ យើងអាច​បង្ហាញ​ការ​ពេញចិត្ត​ជាមួយ​នឹង​ការ​សម្រេច​ចុង​ក្រោយ​នេះ។ យើង​បាន​ជោគជ័យ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​របស់យើង។​ យើង​បាន​ជោគជ័យ​ក្នុង​ការ​ធានា​ថា ការ​សម្រេច​បន្តគ្នា​អាច​ទទួល​បាន​លទ្ធផល​ល្អ»។

សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​របស់​លោក​គឺ​អ្នកស្រី​ជា លាង​បន្ថែម​ថា នេះ​ជា​ជោគជ័យ​របស់​សហ​ព្រះរាជ្ញា។

«អ្នករួច​ពីស្លាប់​ដែល​រង់ចាំ​យុត្តិធម៌​ ឥឡូវនេះ​គេ​ទទួល​បាន​យុត្តិធម៌​ហើយ។​ នេះ​ជា​ជោគ​ជ័យ​របស់​ជនរង​គ្រោះ និង​យុត្តិធម៌»។

អ្នក​រួចជីវិត​ពីគុក​ទួលស្លែង​បាន​ចូលរួម​ក្នុង​ការ​សម្រេច​ចុង​ក្រោយ​នេះ។​ លោកប៊ូ​ ម៉េង និយាយ​ថា៖

«ពេញចិត្ត​១០០% ​និង​បាន​ផ្សព្វផ្សាយ​នូវ​តុលាការ​វិសាមញ្ញ​នេះទៅក្នុង​ពិភព​លោក​ថា ​​ជា​តុលាការ​គម្រូ​មួយ​នៅក្នុង​ពិភព​លោក»។

ដៃគូរបស់លោកគឺលោកជុំ ម៉ៃ អាយុ៨១ឆ្នាំ បន្ថែមថា៖

«វាត្រឹមត្រូវ​ហើយ​ដូចចៅក្រម​សាលា​កំពូល​គាត់​សម្រេច​ហ្នឹង​គឺ​ថា​ វា​ត្រឹមត្រូវ​១០០% យុត្តិធម៌​១០០%»។

គួរឲ្យស្តាយ លោក វ៉ាន់ ណាត អតីត​អ្នករួច​ជីវិត​ពីគុក​ទួលស្លែង​ បានស្លាប់ មុន​ការ​សម្រេច​ចុងក្រោយ​កាត់ទោស​អ្នក​ធ្វើ​ទារុណកម្ម​លោក​នេះ។

កញ្ញា​សេង ធារី ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ និយាយ​ថា៖

«ខ្ញុំ​បាន​រំពឹងថា គាត់​ត្រូវ​មាន​ទោស​មួយ​ជីវិត ដូច្នេះ​មិន​មែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​តុលាការ​មិន​បាន​ពិចារណា​ពី​កិច្ច​សហការ​របស់គាត់ ដែល​គួរ​បន្ថយ​ទោស និង​ការ​ដែល​តុលាការ​យោធា​ឃុំឃាំង​គាត់​ខុស​ច្បាប់​ជាច្រើន​ឆ្នាំ​នោះ។ ខ្ញុំភ្ញាក់ផ្អើល​ដែល​ចៅក្រម​មិន​ទទួល​ស្គាល់​ការ​ឃុំឃាំង​គាត់​ខុសច្បាប់ និង​កិច្ច​សហការ​របស់​គាត់»។

លោក Stephen J. Rapp​ឯកអគ្គ​រដ្ឋទូត​​ទូតគោចរណ៍​ស.រ.អា.​អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​និយាយ​ថា​ សាលក្រម​នេះ​ជាជំហាន​ដ៏ធំ​បញ្ចប់​យុគ្គសម័យ​ខ្មៅងងឹត​នេះ។

«នេះជា​ថ្ងៃអស្ចារ្យ​ដែល​សំណុំរឿង​ទី១ ដ៏សំខាន់​នេះ​បានបញ្ចប់។ នេះជា​ជំហាន​ដ៏ធំ​ទៅរក​យុត្តិធម៌​ និង​ការ​បង្រួបបង្រួម​ង្រួម​ជនជាតិ​ខ្មែរ»។

ក្រៅពី​ឌុច នៅមាន​នួន​ ជា អតីត​ប្រធាន​សភាខ្មែរ​ក្រហម ខៀវ សំផន អតីតប្រមុខ​រដ្ឋ  ខ្មែរ​ក្រហម ​និង អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ កំពុងជាប់​នៅ​ក្នុង​ការ​ឃុំឃាំង​សម្រាប់​ការ​កាត់ទោស​សំណុំ​រឿង​០០២។

រីឯ​ប៉ុល ពត មេដឹកនាំ​កំពូល​របស់ខ្មែរក្រហម​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៩៨៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!