VOA News: ព័ត៌មាន: “ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ភូមា​ត្រូវ​បាន​ដោះលែង។” plus 2 more

VOA News: ព័ត៌មាន: “ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ភូមា​ត្រូវ​បាន​ដោះលែង។” plus 2 more


ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ភូមា​ត្រូវ​បាន​ដោះលែង។

Posted: 11 Feb 2012 08:33 AM PST

បើ​តាម​សេចក្ដីថ្លែងការ​របស់​ព្រះវិហារ​មូយ​នៅ​ក្នុង​ប្រទេស​ភូមា អាជ្ញាធរ​ភូមា​បាន​ដោះលែង​ព្រះសង្ឃ​មេដឹកនាំ​សកម្មជន​ពី​ការឃុំឃំាង​រយៈខ្លី ក្រោយ​ពី​មាន​សេចក្ដី​អំពាវនាវ​ពី ស.រ.អ. ឲ្យ​ដោះលែង​ព្រះសង្ឃ​នោះ។

ព្រះសង្ឃ​ព្រះនាម ហ្កាប៊ីរ៉ា (Gambira) បាន​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​កាល​ពី​ថ្ងៃសុក្រ ហើយ​ដោះលែង​នៅ​ពេល​យប់​ថ្ងៃ​ដដែល។ រឿង​នេះ​កើតឡើង​តិច​ជាង​មូយ​ខែ​ក្រោយ​ពី​ការរំដោះ​ចេញ​ពី​គុក​របស់ព្រះអង្គ ដោយសារ​មុខងារ​ក្នុង​ការ​បដិវត្ដ​ព្រះសង្ឃ កាលពីឆ្នាំ២០០៧ ដែល​បាន​ត្រូវ​កំទិច​ដោយ​អតីត​របប​គ្រប់គ្រង​យោធា។

ព្រះអង្គ​បាន​ត្រូវ​ដោះលែង​ក្នុង​ចំណោម​អ្នកទោស​នយោបាយ​កាល​ពី​ខែ​មករា ហើយរួច​ពី​ទោស​ជាប់គុក​៦៨​ឆ្នាំ។

ចាប់​តាំងពី​ពេល​នោះ ព្រះអង្គ​បាន​បំពាន​លើ​បទបញ្ជា ហើយ​ទៅ​ដឹកនាំ​បាតុកម្ម។

ព័ត៌មានអន្តរជាតិសំខាន់​ៗផ្សេងទៀត៖

ហ្វីលីពីន៖ យោង​តាម​យោធា​ហ្វីលីពីន ជនជាតិ​ហ្វីលីពីន​ម្នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃសៅរ៍​នេះ នៅ​ពេល​ដែល​ជនប្រដាប់អាវុធ​បាន​វាយ​ប្រហារ​មក​លើ​គម្រោង​កសាង​ផ្លូវ​ឧបត្ថម​ថវិកា​ដោយ ស.រ.អ. នៅ​តំបន់​ភាគ​ខាងត្បូង ដែល​ជា​ទីកន្លែង​សំបុក​របស់​ជនសកម្មប្រយុទ្ធ។

អេហ្ស៊ីប៖ សកម្មជន​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​រៀប​ចំ​គម្រោងការ​ធ្វើ​កិប្បកម្ម​មួយ​ថ្ងៃ ដើម្បី​កត់​សំគាល់​ខួប​ឆ្នាំ​ទី​មួយ នៃ​ការ​ទម្លាក់​អំណាច​របស់​ប្រធានាធិបតី ហុសនី មូបារ៉ាក់។

ស.រ.អ.៖ គេ​មិន​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់ ​ស.រ.អ. (cia.gov) បាន​ទេ​កាល​ពី​ថ្ងៃសុក្រ ហើយ​អ្នក​ពូកែ​ខាង​អ៊ីនធឺណិត​មិន​ចេញ​ឈ្មោះ​មូយ​ក្រុម (Hackers) បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ។

ជប៉ុន៖ ព្រះចៅ​រាជាធិរាជ​ជប៉ុន អាគីហ៊ីតូ បាន​ចូល​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ពិនិត្យ​មើល​បេះដូង​កាល​ពី​ថ្ងៃសៅរ៍ ក្រោយ​ពី​ព្រះអង្គ​បង្ហាញ​សញ្ញា​នៃ​ឈាម​ហូរ​យឺត​ចូល​​ទៅ​ក្នុង​​បេះដូង​ ដែល​បណ្ដាល​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​សុខភាព​របស់​ព្រះអង្គ។

ឥណ្ឌា៖ ក្រុមហ៊ុន​អចលនាវត្ថុ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​រាយការណ៍ថា ប្រាក់​ចំណេញ​របស់​ខ្លួន​បាន​ដាំក្បាល​ចុះ​រហូត​ដល់​៤៥% ដោយសារ​តែ​មិន​មាន​តម្រូវការ​ទិញ​ដូរ​ផ្ទះ និង​អាគារ​ពាណិជ្ជកម្ម​ផ្សេងៗ ខណៈ​ពេល​សេដ្ឋកិច្ច​ឥណ្ឌា​លូតលាស់​យឺតៗ។

អេស្ប៉ាញ៖ រដ្ឋាភិបាល​ប្រទស​អេស្ប៉ាញ​បាន​យល់ព្រម​លើ​ការ​កែទម្រង់​ដ៏​ធំធេង នៃ​ទីផ្សារ​ការងារ ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ចនឹងនរ ហើយ​កាត់​បន្ថយ​អត្រា​ខ្ពស់​នៃ​មនុស្ស​គ្មាន​ការងារ​ធ្វើ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

គ្រាប់បែកផ្ទុះនៅស៊ីរីសម្លាប់មនុស្ស២៨នាក់និងរបួសជាង២០០នាក់

Posted: 10 Feb 2012 10:57 PM PST

ស៊ីរី៖ ទូរទស្សន៍​រដ្ឋ​របស់ស៊ីរី​បាន​ផ្សាយ​ថា​មាន​ការ​ផ្ទុះ​ចំនួន​ពីរ​នៅ​ក្នុង​បរិវេណ​អាគារ​សន្តិសុខ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេសកាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៨​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​២៣៥​នាក់​ទៀត​ត្រូវ​របួស នៅ​ពេល​ដែល​ការ​បង្ក្រាប​​របស់​រដ្ឋាភិបាល​លើ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​បាន​កើន​ខ្លាំង​ទ្បើង​ៗ​នៅ​ទូទាំង​ប្រទេស។

​ការ​ផ្ទុះ​នេះ​បាន​ដៅ​ទៅ​លើ​អាគារ​មួយ​របស់​ក្រុម​ស៊ើបការ​សម្ងាត់​យោធា​និង​មូលដ្ឋាន​មួយ​របស់​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ក្រុង អាឡេផូ (Aleppo) នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស។

ទូរទស្សន៍​រដ្ឋ​ក៏​បាន​បន្ទោស​នូវអ្វី​ដែល​ខ្លួន​ហៅ​ថា «ពួក​ភេរវជន​ប្រដាប់​អាវុធ» ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​បង្ហាញ​រូប​សាកសព​ដាច់​ប្រកប​ដោយ​ឈាម​ពាសពេញ​នៅ​តាម​ចិញ្ចើម​ថ្នល់​ខាង​ក្រៅ​អាគារ​ដែល​មាន​ការ​ខូចខាត។

ចិន៖ ​លោក​នាយក​រដ្ឋមន្ត្រី​ វេ ជាបាវ (Wen Jiabao) បាន​សុំ​ឲ្យ​បព្វជិត​ទីបេត៍​ម្នាក់ គឺ សម្តេច ផានឆិន ឡាម៉ា(Panchen Lama) ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ព្រះអង្គ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទីបេត៍​ដើម្បី​បំពាក់​បំប៉ន​គំនិត​ស្នេហា​ជាតិនិង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ចំណោម​ជនជាតិ​ទីបេត៍​ក្នុង​ផ្នែក​និរតី​នៃ​ប្រទេស​ចិន។

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ថ្ងៃ​សុក្រ​គណៈប្រតិភូ​មួយ​នៃ​ពួក​អ្នក​តាក់តែង​ច្បាប់​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លងកាត់​ព្រំដែន​មាន​កិច្ច​ការពារ​មាំទាំ​ជាមួយ​ប្រទេស​កូរ៉េខាង​ជើងដើម្បី​បំពេញ​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​ដែល​មិន​សូវ​មាន​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល​រោង​ចក្រ កៀសុង ​(Kaesong) ដែល​ចាត់ការ​រួម​គ្នា​ដោយ​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ភូមា៖ ព្រះសង្ឃ​ព្រះពុទ្ធសាសនា​​មួយ​អង្គ​ ដែលត្រូវ​ដោះលែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី​គុក ព្រះ​នាម​ យូ ហ្កាប៊ីរ៉ា (U Gambiya) ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់​ខ្លួន​ពី​វត្ត​ឡេទី ក្នុង​ក្រុង រ៉ាងហ្គូនដោយ​មិន​បាន​ប្រាប់​ពី​សេចកី្ត​លំអិត​អំពី​ការ​ចាប់​ខ្លួន​នេះ។

ប៉ាគស្ថាន៖ តុលាការ​ជាន់​ខ្ពស់​បំផុត​នៃ​ប្រទេស​​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​មួយ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ យូសូហ្វ ហ្គីឡានី អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​តុលាការ។ លោក​ហ្គីឡានី នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​ ហើយ​និង​ប្រឈម​នឹង​ការ​ចេញ​ពី​តំណែង នឹង​ត្រូវ​ជាប់​ពន្ធនាគារ បើ​រូប​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស។

ឥណ្ឌា៖ នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​រវាង​សហភាព​អឺរ៉ុប​និង​ឥណ្ឌា​នៅ​ក្នុង​ក្រុង​ ញូវដែលី (New Delhi) សហភាព​អឺរ៉ុប​បាន​សុំ​ដល់​ប្រទេស​ឥណ្ឌា​ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​អ៊ីរ៉ង់​ធ្វើការ​ចរចា​ជាថ្មី​អំពីកម្មវិធី​បរមាណូ​របស់​ខ្លួន​ដែល​មាន​ជម្លោះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ចៅក្រម​ខ្មែរ​បន្ទោស​ចៅក្រម​បរទេស​

Posted: 10 Feb 2012 06:06 PM PST

សហចៅក្រម​ស៊ើបអង្កេត​កម្ពុជា​លោក ​យូ ​ប៊ុនឡេង ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ការ​វាយ​បក​ទៅ​លើ​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្ដរជាតិ​លោក ​ឡូរ៉ង់ ​កាស្ពែ​ អង់ស៊ែម៉េ (Laurent Kaspert-Ansermet) ដោយ​ចាត់ទុក​ថា​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​មាន «ចេតនា​បំភ័ន្ដ» មតិ​សាធារណជន និង​ធ្វើ​ការ​វាយប្រហារលើ​រូប​លោក​ពី​ខាង​ក្រោយ​ខ្នង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ​លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​បាន​ថ្លែង​ថា ​លោក​បាន​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​ការ​ស៊ើបអង្កេត​សំណុំរឿង ​០០៣ ​និង​សំណុំរឿង ​០០៤។ ជាពិសេស​ចាប់​ផ្ដើម​ស៊ើបអង្កេត​​ឡើង​វិញនូវ ​សំណុំរឿង ​០០៣។ សំណុំរឿង ​០០៣ សហចៅក្រម​ស៊ើបអង្គេត​មុន​ គឺ​លោក​ ស៊ីហ្គហ្វ្រ៊ីដ ប៊្លុង្គ(Siegfried Blunk) បាន​ប្រកាស​រួម​ជាមួយ​លោក ​យូ ​ប៊ុនឡេង ​កាល​ពី​ខែ​មេសា​ថា​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​រួច​ហើយ។ ​ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​អំពី​អត្តសញ្ញាណ​ជន​ជាប់​សង្ស័យ​ជា​ផ្លូវការ​នៅ​ឡើយ។

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​សញ្ជាតិ​ស៊្វីស​ក៏​បាន​បង្ហាញ​ផងដែរ​ថា ​អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​ប្រព្រឹត្តិ​ខុស​ដោយ​មិន​ចាត់​ការ​លើ​កំណត់​ហេតុ​ស្ដីពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​រូប​លោក​ ជាមួយ និង​លោក​យូ ​ប៊ុនឡេង ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​ទាំង​ពីរ​ខាង​លើ​ដែល​រដ្ឋាភិបាល​ប្រកាន់​ជំហ​ប្រឆាំង​ជំទាស់​នោះ។ ​លោក ​ឡូរ៉ង់ ​កាស្ពែ​ អង់ស៊ែម៉េ បាន​ស្នើរ​ឲ្យ​លោក​ចៅក្រម ​ប្រាក់ ​គឹមសាន ប្រធាន​អង្គបុរេ​ជំនុំ​ជម្រះ​លាលែង​ពី​ការងារ​របស់​ខ្លួន។

ឆ្លើយ​តប​នៅ​ល្ងាច​នេះ ​លោក​សហចៅក្រម​ស៊ើបអង្កេត​កម្ពុជា ​យូ ​ប៊ុនឡេង ​ចាត់​ទុក​ថា ​ការ​លើក​ឡើង​ខាង​លើ​នេះ​របស់​សហចៅក្រម​អន្ដរជាតិ​គឺ​ជា​ការ «បំភន្ដ័» ហើយ​ការពិត​លោក​មិន​មាន​ការ​ខ្វែង​គំនិត ​ឬ​ការ​ជជែក​ពិភាក្សា​គ្នា​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​ទាំង​នោះ​ទេ។

លោក​យូ ​ប៊ុនឡេង ​ក៏​បាន​រំលឹក​ឡើង​វិញ​ថា ​គ្មាន​វិធាន​ណាមួយ​នៃ​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម ឬ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ​ជាមួយ​អង្គការ​សហប្រជាជាតិ​ដែល​ចែង​ពី​សិទ្ធិ​របស់​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្ដរជាតិ​ នៅ​ក្នុង​ការ​បំពេញ​កិច្ចការស៊ើបអង្កេត​នៅ​ពេល​មិន​ទាន់​មាន​ការ​តែងតាំង​ជា​ចៅក្រម​ស៊ើបអង្កេត​ពេញ​សិទ្ធិ​នោះ។

ការ​បកស្រាយ​របស់​លោក​យូ ​ប៊ុនឡេង​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​ឡូរ៉ង់ ​កាស្ពែ ​អង់ស៊ែម៉េ ​បាន​លើក​ឡើងវិញ​ថា ​យោង​តាម​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០០៣​ ចៅក្រម​ស៊ើបអង្កេត​បម្រុង​មាន​សិទ្ធិ​គ្រប់គ្រាប់​ក្នុង​ការ​ចាត់​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ដែល​កៅអី​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​នៅ​ទំនេរ។

នេះ​ជា​លើក​ទី៣​ហើយ​ដែល​ភាគី​អង្គការ​សហប្រជាជាតិ​ និង​ភាគី​កម្ពុជា​នៅ​ក្នុង​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​មាន​ការ​ខ្វែង​គំនិត​ទាស់ទែង​គ្នា​យ៉ាង​តឹង​សរសៃ​ក​បែប​នេះ​លើ​សំណុំរឿង​បន្ថែម​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​នោះ។

ក៏ប៉ុន្ដែ​លោក ​នេត្រ ​ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​ បាន​ហៅ​ជម្លោះ​នេះ​ថា​ គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ជំហរ​បកស្រាយ​ច្បាប់​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

«ជា​ការ​ឆ្លើយ​តប​មួយ​ដែល​ យើង​គិត​ទៅ​គឺ​ជា​របៀប​មួយ​នៃ​ការ​បកស្រាយ​ច្បាប់​រៀងៗ​ខ្លួន​ទេ​ គឺ​វា​មិន​ប៉ះពាល់​ដល់​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ឡើយ»។

លោក ​នេត្រ​ ភត្រា ​ក៏​បាន​បញ្ជាក់​ន្ថែម​ទៀត​ថា ​លោក​ ប្រាក់ ​គឹមសាន​ ប្រធាន​អង្គ​បុរេ​ជំនុំ​ជម្រះ​បាន​ទាត់ចោល​សំណើរ​ឲ្យ​លោក​លាលែង​ពី​ការងារ​ពី​សំណាក់​ចៅក្រម​ស៊ើបអង្កេត​បម្រុង​លោក​​ឡូរ៉ង់ ​កាស្ពែ​ អង់ស៊ែម៉េ ។

ដោយឡែក​លោក ​ឡាស ​អលសិន ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ចៅក្រមនោះ​ទេ។

លោក ​ឡូរ៉ង់ ​កាស្ពែ​ អង់ស៊ែម៉េ ត្រូវ​បាន​ស្នើ​ដោយ​អង្គការ​សហប្រជាជាតិ​ដល់​ភាគី​កម្ពុជា​ដើម្បី​តែងតាំង​ជំនួស​លោក​ចៅក្រម​អាល្លឺម៉ង់ ស៊ីហ្គហ្វ្រ៊ីដ ប៊្លុង្គ ដែល​បាន​លាលែង​ពី​ដំណែង​ក្នុង​ភាព​ចម្រូង​ចម្រាស់​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​ខាង​លើ។ ក៏ប៉ុន្ដែ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​បាន​បដិសេធ​ការ​តែងតាំង​រូប​លោក​ជា​ចៅក្រម​ស៊ើបអង្កេត​ពេញ​សិទ្ធិ​ដោយ​ស្ដី​បន្ទោស​លើ​ក្រមសីលធម៌​របស់​លោក​ក្នុង​វិជ្ជាជីវៈ។ ​ក៏ប៉ុន្ដែ​មតិ​ជា​ច្រើន​បាន​ស្ដី​បន្ទោស​ស្ថាប័ន​ច្បាប់​កំពូល​មួយ​នេះ​ថា ​ទទួល​រង​ឥទ្ធិពល​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។

លោកស្រី ​គ្លែ ​ដាហ៊្វី អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរក្រហម​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សេរី (OSJI) របស់​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ​ជំហរ​ខ្វែង​គ្នា​ ទៅ​លើ​ការ​បកស្រាយ​ច្បាប់​នៃ​ភាគី​ទាំង​ពីរ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​គឺ​ជា​កង្វល់​យ៉ាង​ធំ​សម្រាប់​ដំណើរការ​ទៅ​មុខ​នៃ​សំណុំ​រឿង ​០០៣ ​និង​សំណុំរឿង ​០០៤។ លោកស្រី ​គ្លែ ​ដាហ៊្វី ​អធិប្បាយ​ថា​វា​ជា​រឿង​គួរ​ឲ្យ​លើក​ទឹកចិត្ត​ណាស់​ដែល​លោក​ចៅក្រម​កាស្ពែ អង់ស៊េម៉េ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​គួរ​ឲ្យ​ជឿជាក់​សម្រាប់​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ​នៅ​ពេល​ដែល​សាលាក្ដី​ទាំង​មូល​ទទួលរង​ការ​ប៉ះពាល់​ដោយ​បញ្ហា​ជឿជាក់​ និង​តម្លាភាព​នេះ។ ​ជាក់ស្ដែង​បុគ្គលិក​ខ្មែរ​រាប់រយ​នាក់​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​បាន​ទទួល​ប្រាក់​ខែ​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម្លេះ ​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការទាក់ទង​នឹង​ការ​ចំណាយ​របស់​ប្រទេស​ផ្តល់​ជំនួយ​លើ​តុលាការ​យុត្តិធម៌​អន្ដរជាតិ។

អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរក្រហម​ដដែល​មាន​ប្រសាសន៍​ថា ​គួរ​តែ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នៅ​ក្នុង​ពេល​នេះ។

«ខ្ញុំ​សូម​ទទូច​ដល់​រដ្ឋាភិបាល ​និង​លោក​ចៅក្រម​ យូ ​ប៊ុនឡេង ​អនុញ្ញាត​ឲ្យ​លោក​ចៅក្រម​ កាស្ពែ ​អង់ស៊ែម៉េ ​បំពេញ​ការងារ​របស់​ខ្លួន​មិន​ត្រឹម​តែ​សម្រាប់​ប្រយោជន៍​របស់​តុលាការ​ទេ​ ប៉ុន្ដែ​ក៏​ជា​ប្រយោន៍​សម្រាប់​ជន​រងគ្រោះ​ដោយ​អំពើ​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម​ផងដែរ។ ពួក​គេ​គួរ​តែ​ជា​អ្នក​ទទួល​ផល​ចំណេញ​ពី​អ្វី​ដែល​តុលាការ​កំពុង​ធ្វើ។ ​ហើយ​សូម​អំពាវនាវ​ឲ្យ​បញ្ចប់​ជម្លោះ​នយោបាយ​ ដែល​គំរាមគំហែង​ដល់​តុលាការ​ទាំង​មូល»។

សាលាក្ដី​ខ្មែរក្រហម​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ​នេះ​ ទើបតែ​បាន​ផ្ដន្ទាទោស ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ការ​សម្លាប់​អ្នកទោស​យ៉ាង​តិច​ ១២.៣៨០ នាក់។ ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា​ជាង​ ១,៧ ​លាន​នាក់​ដែល​បាន​ស្លាប់​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ខ្មែរក្រហម។ មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ទៀត​ កំពុង​តែស្ថិត​នៅ​ក្រោមការ​កាត់​ទោស​បន្ដ​ទៀត។ ក៏ប៉ុន្ដែ​រដ្ឋាភិបាល​ខ្មែរ​មិន​ចង់​ឲ្យ​មាន​ការ​តាម​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​បន្ថែម​នៅ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!