VOA News: ព័ត៌មាន: “ប្រទេសចិនកាត់បន្ថយពាក្យចចាមអារ៉ាមអំពីអ្នកនយោបាយជាន់ខ្ពស់” plus 4 more
VOA News: ព័ត៌មាន: “ប្រទេសចិនកាត់បន្ថយពាក្យចចាមអារ៉ាមអំពីអ្នកនយោបាយជាន់ខ្ពស់” plus 4 more |
- ប្រទេសចិនកាត់បន្ថយពាក្យចចាមអារ៉ាមអំពីអ្នកនយោបាយជាន់ខ្ពស់
- ហេឡូវីអូអេ ០៩ កុម្ភៈ ២០១២៖ សិទ្ធិទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជា
- ថៃជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធចម្រុះជាតិប្រចាំឆ្នាំដ៏ធំបំផុត
- នួន ជា ថាចិនជួយខ្មែរក្រហម
- ជនរងគ្រោះជម្លោះដីសុំអន្តរាគមន៍ពីព្រះមហាក្សត្រ
ប្រទេសចិនកាត់បន្ថយពាក្យចចាមអារ៉ាមអំពីអ្នកនយោបាយជាន់ខ្ពស់ Posted: 09 Feb 2012 09:37 AM PST នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានច្រានចោលព្រឹត្តិការណ៍ទាក់ទងនឹងអ្នកនយោបាយជាន់ខ្ពស់ម្នាក់ដែលបានទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក (U.S. consulate) បន្ទាប់ពីមានរឿងអាស្រូវនយោបាយ។ កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់អះអាងថាលោក វ៉ាង លីជុន (Wang Lijun) ចៅហ្វាយក្រុងរង និងជាអតីតស្នងការប៉ូលិសខេត្ត ចុងស៊ីង (Chongqing) បានទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង ចេងទូ (Chengdu) កាលពីដើមសប្តាហ៍មុន ប៉ុន្តែមិនបានបញ្ជាក់ថាតើការជួបប្រជុំនោះផ្តោតទៅលើរឿងអ្វីទេ។ សេចក្តី រាយការណ៍សារព័ត៌មានខ្លះទស្សន៍ទាយថា គឺជាការសុំសិទ្ធិជ្រកកោន។ នៅថ្ងៃព្រហស្បតិ៍នេះ លោក កៅ តាំងកៃ (Cui Tiankai) អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានបដិសេធចោលឧប្បទ្វហេតុនោះ ដោយនិយាយថារឿងរ៉ាវបានដោះស្រាយចប់សព្វគ្រប់ ហើយមិនប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ចិនពីង (Xi Jinping) អនុប្រធានាធិបតីចិនទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយទេ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលនៅតែបន្តការវាយប្រហារលើទីក្រុងហូម ដែលនៅភាគកណ្តាលប្រទេស ហើយបានសម្លាប់មនុស្សយ៉ាងតិច២៤នាក់។ នេះជាការបន្តប្រើអំពើហិង្សាប្រឆាំងនឹងការងើបបះបោរ ដែលមានរយៈពេល១១ខែមកហើយ។ ស៊ូដង់៖ អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា អាវុធមកពីប្រទេសរុស្ស៊ី និងចិនកំពុងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលស៊ូដង់ ក្នុងទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរប្រឆាំងនឹងជនស៊ីវិល។ ស.រ.អ.៖ ក្រុមអ្នកតាក់តែងច្បាប់ក្នុងរដ្ឋវ៉ាស៊ីនតោនបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដែលទទួលស្គាល់ផ្លូវច្បាប់ចំពោះការរៀបការមនុស្សដែលមានភេទដូចគ្នា។ ក្រិក៖ ការពិភាក្សារវាងក្រុមអ្នកនយោបាយក្រិកលើបញ្ហា ថាតើនឹងត្រូវទទួលយកតាមការទាមទាររបស់សហភាពអឺរ៉ុបសុំឱ្យកាត់បន្ថយការចំណាយទៀត ឬយ៉ាងណានោះ បានជាប់គាំងនាថ្ងៃព្រហស្បតិ៍នេះ ដោយនៅសល់តែបញ្ហាចម្បងមួយទៀតដែលត្រូវដោះស្រាយប៉ុណ្ណោះ។ ចិន៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលទីក្រុងប៉េកាំងនឹងបន្តគោលនយោបាយនាពេលថ្មីៗនេះ ដែលអនុញ្ញាតិឱ្យតម្លៃប្រាក់យ័ន (yuan) របស់ខ្លួនបន្តឡើងថ្លៃជាលំដាប់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ០៩ កុម្ភៈ ២០១២៖ សិទ្ធិទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជា Posted: 09 Feb 2012 08:26 AM PST អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ីម្នាក់ គឺលោកសុន ឆ័យកំពុងតាក់តែងសេចក្តីស្នើច្បាប់ស្តីអំពី សិទ្ធិទទួលបានព័ត៌មាន។ ការតាក់តែងច្បាប់នេះ ធ្វើឡើង គឺដើម្បីជួយឲ្យមានតម្លាភាពក្នុងការអនុវត្តច្បាប់ថាតើព័ត៌មានណាជាព័ត៌មានអាចផ្តល់ជូនសារណៈជនបាន ហើយព័ត៌មានណាខ្លះដែលមិនអាច ផ្តល់ជូនសាធារណៈជនបាន។ លោកសុន ឆ័យ អះអាងថាពលរដ្ឋមិនត្រូវបានគេផ្តល់ព័ត៌មានពិតនិងតម្លាភាពទេ ដូចជាបញ្ហាទាក់ទងនឹងការវិនិយោគ ការលក់ទ្រព្យសម្បត្តិជាតិ គម្រោងអភិវឌ្ឍន៍ជាដើម។ ហើយអ្វីៗត្រូវគេចាត់ទុកថាជាព័ត៌មានសម្ងាត់។ នៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី៩ខែកុម្ភៈ ឆ្នាំ២០១២នេះ លោកសុន ឆ័យ ជាវាគ្មិនបានពិភាក្សាអំពីប្រធានបទស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជា។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ថៃជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធចម្រុះជាតិប្រចាំឆ្នាំដ៏ធំបំផុត Posted: 08 Feb 2012 11:52 PM PST ថៃ៖ Cobra Gold ឆ្នាំ២០១២ ដែលជាសមយុទ្ធចម្រុះជាតិប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅប្រទេសថៃ។ បុគ្គលិកចំនួន១៣,១៨០នាក់ ពីប្រទេសថៃ សហរដ្ឋអាមេរិក សិង្ហបូរី ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចូលរួមក្នុងសមយុទ្ធនេះ។ ក្នុងនោះមានសមាជិកអាមេរិកាំងប្រមាណ៩០០០នាក់ និងថៃជាង៣៦០០ នាក់។ ជប៉ុន៖ មន្រ្តីជប៉ុននិងអាមេរិកនិយាយថា កងទ័ពជើងទឹកអាមេរិកាំងជាច្រើនពាន់នាក់អាចដកចេញពីកោះអូគីណាវ៉ារបស់ជប៉ុន នៅមុនការបិទមូលដ្ឋានមួយដែលមានរឿងចម្រូងចម្រាស់នៅលើកោះនេះ។ ស៊ីរី៖ កងទ័ពស៊ីរីបន្តធ្វើការវាយលុកលើកន្លែងធ្វើបាតុកម្មនៅទីក្រុងហូមHoms ដែលគេរាយការណ៍ថាបានសម្លាប់ជនស៊ីវិលរាប់សិបនាក់។ តួកគីនិយាយថាខ្លួនមានផែនការបង្កើតក្រុមអន្តរជាតិមួយសម្រាប់ស៊ីរី «ក្នុងពេលឆាប់បំផុត» ដើម្បីសម្របសម្រួលគោលនយោបាយក្នុងរវាងប្រទេសក្នុងតំបន់ និងមហាអំណាចពិភពលោក។ សហរដ្ឋអាមេរិក៖ លោកអនុប្រធានាធិបតីអាមេរិក ចូ បៃដេន Joe Biden និងលោកអនុប្រធានាធិបតីចិនស៊ី ជីងពីង Xi Jingping ដែលគេគ្រប់គ្នាប្រមើលឃើញថានឹងឡើងជាប្រធានាធិបតីចិនអណត្តិក្រោយ បានពិភាក្សាគ្នារបៀបវារៈដែលត្រូវឡើងនៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។ សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋរិក សានតូរ៉ុម Rick Santorum មានកម្លាំងចិត្តយ៉ាងខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីបានឈ្នះការប្រកួតដើម្បីការតែងតាំងនៅក្នុងរដ្ឋបី ដែលអាចប៉ះពាល់ដល់ស្ថានភាពជាអ្នកនាំមុខនៃលោកមិត រមនី Mitt Romney អតីតអភិបាលរដ្ឋ Massachusetts។ ប៉ាគីស្ថាន៖ កងយោធាប៉ាគីស្ថាននិងមន្រ្តីអង្គការ អូតង់ កំពុងធ្វើកិច្ចចរចាអំពីសន្តិសុខតាមព្រំដែន បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនមួយរបស់កងកម្លាំងចម្រុះកាលពីខែវិច្ឆិកាមុន ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់។ ប៉ាគីស្ថាន៖ លោកនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន យូស៊ូហ្វ រ៉ាហ្សា ជីឡានី Yusuf Raza Gilani បានដាក់ពាក្យបណ្តឹងឧទ្ធរប្រឆាំងនឹងដីការបស់តុលាការកំពូលដែលកោះហៅលោកឲ្យបង្ហាញខ្លួនក្នុងតុលាការ ដើម្បីប្រឈមនឹងបទចោទថាមិនស្តាប់បង្គាប់តុលាការ។ សូម៉ាលី៖ ក្រុមសកម្មប្រយុទ្ធអាល់ សាបាប់ al-Shabab នៅសូម៉ាលីបានប្រកាសទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយក្នុងរថយន្ត កាលពីថ្ងៃពុធ នៅក្រៅសណ្ឋាគារមួយនៅក្នុងរដ្ឋធានីម៉ូហ្កាដេស៊ូ Mogadishu។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 08 Feb 2012 07:41 PM PST នួន ជា អតីតមេមនោគមវិជ្ជានៃរបបកម្ពុជាប្រជាធិបតេយ្យ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានជួយគាំទ្រពួកខ្មែរក្រហមដោយឥតលក្ខខណ្ឌ។ ក៏ប៉ុន្ដែបានបដិសេធការជួយរៀបចំនយោបាយដឹកនាំពីសំណាក់ប្រទេសចិន។ អតីតប្រធានសភាខ្មែក្រហមអាយុ ៨៥ឆ្នាំរូបនេះ បានឆ្លើយសំណួររបស់លោកចៅក្រម ជីន ម៉ាក ឡាវែញ (Jean-Marc Lavèrnge) នៅក្នុងការកាត់ក្ដីរបស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមកាលពីព្រឹកមិញថា ចិនកុម្មុយនិស្ដបានផ្ដល់ជំនួយសព្វាវុធ ស្បៀងអាហារ និងផលិតផលឧស្សាហកម្មជាដើមដល់ពួកខ្មែរក្រហម។ ជំនួយគឺជាជំនួយគ្មានសំណង និងគ្មានលក្ខខណ្ឌ។ «ជំនួយអាវុធក៏ដោយ ជំនួយជាក្រណាត់ក៏ដោយដូចជាខោអាវ សម្លៀកបំពាក់ស្បៀងអាហារខាងចិនប្រជាមានិតជួយ។ ជាជំនួយឥតលក្ខខណ្ឌ គ្មានសងវិញទេ»។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម នៅក្នុងអំឡុងពេលក្ដោបក្ដាប់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតអស់យ៉ាងតិចចំនួន១,៧ លាននាក់។ អតីតប្រមុខរដ្ឋនាសម័យនោះ គឺខៀវ សំផន អៀងសារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងនួន ជា បងធំទីពីរ និងជាមេមនោគមវិជ្ជានៃរបបនេះកំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២។ ជនជាប់ចោទនួន ជា បានឆ្លើយនឹងសំណួររបស់លោកចៅក្រមសញ្ជាតិបារាំងដដែលថា របបក្រុងប៉េកាំង បានផ្គត់ផ្គង់អ្នកជំនាញបច្ចេកទេសដល់របបខ្មែរក្រហម ក៏ប៉ុន្ដែមិនបានជួយកាច់ចង្កូតនយោបាយនោះទេ។ «មានអ្នកជំនួយខាងបច្ចេកទេស ខាងរថភ្លើង។ មកជួយមើលផ្លូវរថភ្លើងពីព្រោះកាលនោះ យើងរៀបចំផ្លូវរថភ្លើងឡើងវិញ។ ប៉ុន្ដែគ្មានអ្នកជំនួយខាងនយោបាយទេ។ មានតែអ្នកបច្ចេកទេសទេ»។ សេចក្ដីអះអាងរបស់ជនជាប់ចោទរូបនេះ ធ្វើឡើងស្រដៀងគ្នាជាមួយនឹងសេចក្ដីថ្លែងការណ៍របស់អតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោកស្រី ចាង ជិន ហ្វឹង (Zhang Gin Feng)។ លោកស្រី ចាង មានប្រសាសន៍នៅវិទ្យាស្ថានខុងជឺ ក្នុងរាជបណ្ឌិតសភា ទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១០ ថា ប្រទេសចិន «មិនបានរួមចំណែក ឬអន្ដរាគមន៍» នៅក្នុងនយោបាយរបស់ពួកខ្មែរក្រហមទេ។ ក៏ប៉ុន្ដែចិនបានផ្ដល់ជំនួយស្បៀងអាហារដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបនោះដើម្បីជួយស្រោកស្រង់ប្រជាពលរដ្ឋកម្ពុជាពីគ្រោះទុរភិក្ស។ នេះគឺជាលើកទី១ហើយដែលអតីតមេដឹកនាំកំពូលខ្មែរក្រហមមួយរូបបានបង្ហាញពីការជាប់ពាក់ព័ន្ធច្រើនរបស់ចិនក្នុងការដឹកនាំរបស់ខ្លួន។ ក្នុងអំឡុងពេលចាប់ផ្ដើមសវនាការសំណុំរឿង ០០២ នួន ជា បានធ្វើការវាយប្រហារជាច្រើនលើការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាម៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះជម្លោះដីសុំអន្តរាគមន៍ពីព្រះមហាក្សត្រ Posted: 08 Feb 2012 04:37 PM PST ក្រុមអ្នកស្រុកនៅសហគមន៍បុរីកីឡា និងសហគមន៍ដែលរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំចំនួនប្រាំបីសហគមន៍ផ្សេងទៀត នៅថ្ងៃពុធនេះ បានដាក់ញត្តិរួមគ្នាមួយច្បាប់ថ្វាយព្រះមហាក្សត្រ ស្របពេលដែលប្រជាពលរដ្ឋនៅឃុំអមលាំង នៅក្នុងខេត្តកំពង់ស្ពឺប្រមាណជាង១០០នាក់ បានត្រៀមតវ៉ាប្រឆាំងនៅពីមុខតុលាការខេត្តនៅថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យដោះលែងប្រជាពលរដ្ឋម្នាក់ដែលកំពុងជាប់ឃុំឃាំង រឿងវិវាទដីជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺ Sugar របស់លោកឧកញ៉ា លី យ៉ុងផាត់។ ការដាក់ញត្តិតវ៉ារបស់អ្នកស្រុកបុរីកីឡា ដោយមានស្នាមមេដៃប្រមាណជិត៥០០ បានទាមទារឲ្យព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី ជួយធ្វើអន្តរាគមន៍ដល់តុលាការ ឲ្យដោះលែងប្រជាពលរដ្ឋចំនួនប្រាំពីរនាក់ ដែលកំពុងជាប់ឃុំឃាំងរឿងវិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនផានអ៊ីម៉ិចរបស់ក្រុមហ៊ុនអ្នកស្រីស៊ុយ ស៊ីផាន។ ញត្តិរបស់អ្នកស្រុកបុរីកីឡាក៏បានទាមទារឲ្យក្រុមហ៊ុនផ្តល់សំណងការខូចខាត ក្រោយពីបានវាយកម្ទេចផ្ទះរបស់ពួកគេកាលពីថ្ងៃទី៣ ខែមករា នឹងទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារពីរបន្ថែមទៀត។ វីអូអេមិនអាចទាក់ទងអ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច នៅថ្ងៃពុធនេះបានទេ ដោយទូរស័ព្ទរបស់អ្នកស្រីត្រូវបានបិទ។ ក៏ប៉ុន្តែអ្នកស្រីធ្លាប់បានបដិសេធសង់អគារពីបន្ថែមទៀត ដោយអ្នកស្រីបាននិយាយថា ការសាងសង់អគារប្រាំបីកន្លងមកគឺគ្រប់គ្រាន់ដើម្បីប្រជាពលរដ្ឋរស់នៅហើយ។ អ្នកស្រី ជុំ ងាន់ តំណាងប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា បាននិយាយថា ពួកគាត់លែងមានជំនឿទៅលើស្ថាប័នរដ្ឋាភិបាលហើយ។ អ្នកស្រីបាននិយាយទៀតថានៅនាទីចុងក្រោយមានតែព្រះមហាក្សត្រតែប៉ុណ្ណោះ ដែលអាចជួយពួកគេបាន។ «សូមឲ្យព្រះកូណា គាត់ជួយរកភាពយុត្តិធម៌ឲ្យពួកខ្ញុំ ដែលជាអ្នករងគ្រោះ។ ចំណុចដែលយើងទាមទារគឺត្រូវតែសាងសង់ផ្ទះឲ្យគ្រប់១០អគារឡើងវិញនឹងត្រូវដោះលែងពួកខ្ញុំទាំងប្រាំពីរនាក់ចេញពីគុកព្រៃស»។ ព្រះមហាក្សត្រសម្តេចបរមនាថ នរោត្តម សីហមុនី ទាំងព្រះមាតា ព្រះបិតារបស់ព្រះអង្គបានយាងចាកចេញពីកម្ពុជា ឆ្ពោះទៅទីក្រុងប៉េកាំងនៃចិនប្រជាមានិត កាលពីចុងខែមករា។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកស្រីជុំ ងាន់ បានឲ្យដឹងថា មានមន្ត្រីព្រះបរមរាជវាំងមួយរូបបានមកទទួលញត្តិពីប្រជាពលរដ្ឋ។ ក្រុមអ្នកស្រុកបុរីកីឡាបន្ទាប់ពីមានការបណ្តេញចេញដោយបង្ខំ លាយឡំជាមួយនឹងការបង្ហូរឈាមកាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ អាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋចំនួនប្រាំបីនាក់ រួចហើយបានដោះលែងម្នាក់មកវិញ។ ប្រជាពលរដ្ឋប្រាំពីរនាក់ ដែលត្រូវបានចាប់ខ្លួនត្រូវបានសាលាក្រុងភ្នំពេញចោទពីបទប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នករាជការសាធារណៈ ហើយត្រូវបានបញ្ជូននៅកាន់ពន្ធនាគារព្រៃស។ ក្រុមប្រជាពលរដ្ឋបានដាក់ញត្តិទៅកាន់ស្ថានទូតបណ្តាប្រទេសសំខាន់ៗ ដែលរួមមានសហរដ្ឋអាមេរិក និងបារាំង។ ពួកគេធ្លាប់បានធ្វើបាតុកម្មតាមទីសាធារណៈដើម្បីទាមទារឲ្យដោះលែងអ្នកភូមិ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន។ ក៏ប៉ុន្តែគ្មានអន្តរាគមន៍ណាមួយពីស្ថានទូតបស្ចឹមប្រទេសទាំងនោះទេ។ ការទាមទារឲ្យដោះលែងអ្នកភូមិកន្លងមកក៏ធ្លាប់ប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងអតីតប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា និងអាជ្ញាធរបន្ថែមទៀត។ អាជ្ញាធរធ្លាប់បានចាប់ខ្លួនអតីតអ្នកភូមិបុរីកីឡាប្រមាណជាង៣០នាក់ រួចហើយយកទៅឃុំនៅមជ្ឈមណ្ឌលកែប្រែព្រៃស្ពឺ ហើយកាលពីសប្តាហ៍មុន ដែលយ៉ាងតិចមានប្រជាពលរដ្ឋចំនួនប្រាំមួយនាក់ត្រូវបានចាប់ខ្លួនបន្ថែមទៀត រួចហើយបញ្ជូនទៅតុលាការ។ ក៏ប៉ុន្តែអ្នកទាំងនោះ ក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |